សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកល

សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល​ជួបគណៈ​ប្រតិភូ​ពាណិជ្ជករ​ចិនទាជីវ​សកល ដឹកនាំដោយលោក លី ស៊ុងជាន នៅវិមានសន្តិភាព នាព្រឹក ថ្ងៃអង្គារ៍ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់គណៈប្រតិភូ ពីភាពជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលជា​លទ្ធផល​ប្រវត្តិសាស្ត្រ ដែលគណ​បក្ស​ប្រជា​ជនទទួលបា​ន​អាសនៈ​១២៥​ លើ១២៥ នៅ​ក្នុង​រដ្ឋសភា។ សម្តេចតេជោ បាន​បន្ថែមថា ការទទួលបា​ន​ភាពជោគ​ជ័យ​នេះ ដោយសារ​តែមាន​ការកែ​ទម្រង់​សព្វ​បែប​យ៉ាង មាន​ជាអាទិ៍ គឺកំណែទម្រង់លើវិស័យដីធ្លី ដែលរាជរដ្ឋាភិបាល បានបញ្ចប់​ ដែលភាគច្រើនជាជម្លោះរវាងបុគ្គលនិងបុគ្គល មិនមែនរាជរដ្ឋាភិបាល ជាមួយប្រជាជនទេ, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុសាធារណៈ និងការយកចិត្តទុកដាក់ ទៅលើប្រជាជនជាដើម។

គណៈប្រតិភូនេះ មួយចំនួនបាន​មកវិនិយោគ នៅកម្ពុជារួច​រាល់ហើយ ហើយមួយ​ចំនួនទៀត កំពុងសំឡឹង​មើល រក​ការវិ​និយោគនៅកម្ពុជា ដូច្នេះគេចង់ដឹងពីសក្តានុពលរបស់កម្ពុជា ចង់ដឹងពីបរិយាកាសវិនិយោគ​នៅ​កម្ពុជា, ដូច្នេះ សម្តេច​តេជោ បានប្រាប់ពី​វិស័យអា​ទិភាព ដែលរាជ​រដ្ឋាភិបាល បានផ្តោត​ការយក​ចិត្ត​ទុកដា​ក់ សម្រាប់ការ​អភិវឌ្ឍប្រ​ទេស​តទៅទៀត គឺវិស័យ​អាទិភាព​ទាំង៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ដែល​កម្ពុជា នៅតែត្រូវ​ការ​រហូតដ​ល់២០ ឬ៣០ឆ្នាំ តទៅមុខទៀត ដូច្នេះអ្នកវិនិយោគ អាចស្វែងរកការ​វិនិ​យោគ​ទាំង៤នេះ ដើម្បីវិនិយោគ​នៅកម្ពុជា។

សម្តេច​តេជោបា​នស្វាគមន៍ ទៅលើការ​បើក​សាកលវិ​ទ្យាល័យ វិស័យផ្លូវថ្នល់ និងថាមពលអគ្គីសនី។ សម្តេច​បានបញ្ជាក់ថា ក្រុមហ៊ុន​ណា​មកមុន នឹងទទួលបានសិទ្ធក្នុ​ងការវិនិយោគមុន ដោយក​ម្ពុជាមិ​នរង់ចាំ ការវិនិយោគ ពីបណ្តា​ប្រទេសណា​មួយនោះទេ។

ពាក់ព័ន្ធនឹង​វិស័យទេសចរណ៍វិញ សម្តេចតេជោរំពឹងថា ភ្ញៀវទេសចរចិន នឹងកើនឡើងជាបន្តបន្ទាប់ទៀត រហូតដល់២លាននាក់ ដោយសារហេដ្ឋារចនាសម្ព័ន្ធ នៃការតភ្ជាប់ហោះហើរត្រង់ រវាងទីក្រុង និងតំបន់នានារបស់ចិន មកកាន់កម្ពុជា។

គណៈប្រតិភូចិន បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកម្ពុជា ហើយក៏បានកោតសរសើរ និងបង្ហាញពីទំនុកចិត្ត ដោយសារការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើឲ្យនយោបាយមានស្ថិរភាព មានច្បាប់ត្រឹមត្រូវ ជាពិសេសនោះ គឺចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ គណៈប្រតិភូក៏បានសម្តែងនូវការអបអរសាទរ ដែលសម្តេចតេជោ បានអនុញ្ញាតឲ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានស្តាប់នូវអនុសាសន៍ និងបទឧទ្ទេសនាម ប្រកបដោយខ្លឹមសារ ជាបទពិសោធន៍មួយ អាចជាមេរៀន ហើយក៏បានគោរពជូនពរ​ និងគាំទ្រសម្តេចតេជោ មិនត្រឹមតែបន្តដឹកនាំប្រទេស១០ឆ្នាំ ដូចសម្តេចមានប្រសាសន៍នោះទេ គឺសូមឲ្យបន្តដឹកនាំប្រទេស ​បានយូរតទៅមុខទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...