ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

(FN)៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងអរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើន រហូតជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទៅចូលរួមបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ គឺបានបង្ហាញពីការចូលរួមគោរព និងរក្សានូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវក្នុងការរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា៖​

* ពេលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំសភាដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រ
* ពេលល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ សមាជិកសភាស្បថចូលកាន់តំណែង
* ពេលព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បង្កើតក្បាលម៉ាស៊ីនសភា អាណត្តិទី៦ និងរាជរដ្ឋាភិបាលថ្មី
* ពេលល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈរដ្ឋមន្រ្តីថ្មីស្បថចូលកាន់តំណែង
* ពេលព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំគណៈរដ្ឋមន្រ្តីថ្មីដំបូង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានចូលគាល់ព្រះមហាក្សត្រសុំព្រះរាជទានលើកយកការប្រជុំរដ្ឋសភាលើកដំបូងមកធ្វើនៅថ្ងៃពុធ ទី០៥ ខែកញ្ញា ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ។ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា បង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល ហើយព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អាណត្តិទី៦ លើកដំបូង។

* បើតាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា សំណើសុំព្រះរាជទានលើកកាលបរិច្ឆេទក្នុងការប្រជុំលើកដំបូងនៃរដ្ឋសភា ក៏ដូចជាបង្កើតរាជរដ្ឋាភិបាល និងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ត្រូវបានព្រះមហាក្សត្ររាជានុញ្ញាតរួចរាល់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញការលើកកាលបរិច្ឆេទកោះប្រជុំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលនេះមិនខុសច្បាប់នោះទេ។ មិនខុសនោះដោយយោងលើសំអាងច្បាប់ចំនួន៣រួមមាន៖ កោះប្រជុំរដ្ឋសភាក្រោមរាជាធិបតីព្រះមហាក្សត្រ, ២. ការកោះប្រជុំនេះមិនឲ្យលើសពី ៦០ថ្ងៃក្រោយថ្ងៃបោះឆ្នោត និងទី៣. កោះប្រជុំក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបេក្ខជនជាប់ឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ កម្មការិនី មិនមែនទើបស្គាល់សម្តេចមួយថ្ងៃពីរថ្ងៃ ឬមួយខែពីរខែនេះទេ ប៉ុន្តែពួកគេបានស្គាល់តាមរយៈជីដូនជីតា ឪពុកម្តាយរបស់ពួកគេមកម្ល៉េះ ដោយសារតែជីដូនជីតា និងឪពុកម្តាយរបស់ពួកគេ បានតស៊ូជាមួយសម្តេចក្នុងការកសាងប្រទេសនេះតាំងពីគ្រាប្រទេសក្រលំបាក។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃកំណើតប្រើផ្លូវការរបស់សម្តេច (៤ មេសា) ជាការយកតាមថ្ងៃចូលព្រៃតស៊ូ តាមការអំពាវនាវរបស់សម្តេចវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៉ី មិនហ៊ានស្បថជាមួយសម្តេច ដាក់ជីវិតងាប់ទាំងពូជ ងាប់ទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធយ៉ាងតិច១០០នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទើបនឹងបានអភិវឌ្ឍន៍ពេញដៃពេញជើងរយៈពេល ២០ឆ្នាំប៉ុណ្ណោះ ពោលគឺចាប់ពីឆ្នាំ១៩៩៨មក បន្ទាប់ពីការធ្វើសមាហរណកម្ម នាំទាហានខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាមានប្រវត្តិអតីតកាលលំបាកខ្លាំងណាស់ទម្រាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ដោយបានរើបម្រាស់ចេញពីស្ថានភាពនៃភ្លើងសង្គ្រាមដ៏សែនលំបាក។ ក្នុងនោះក្រោយការផ្តួលរំលរំរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ កម្ពុជាបានប្រើដៃម្ខាងអភិវឌ្ឍន៍ប្រទេស និងដៃម្ខាងទៀត ការពារការប៉ុនប៉ងត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។

* សម្តេចតេជោ បន្ថែមថា ទន្ទឹមនឹងការអភិវឌ្ឍ ក៏ដូចជាប្រឹងប្រែងទប់ស្កាត់របបប្រល័យពូជសាសន៍ហើយនោះ សម្តេចផ្ទាល់ក៏បានប្រឹងប្រែងស្វែងរកសុខសន្តិភាព និងការបង្រួបប្រទេសរហូតបានទទួលជោគជ័យជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៨។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខេត្តកំពង់ស្ពឺមិនដែលមានការរំពឹងទុកថាមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននោះទេ ប៉ុន្តែបច្ចុប្បន្នខេត្តមានការអភិវឌ្ឍ និងប្រែប្រួលមុខមាត់ថ្មីខ្លាំងដោយមានការអភិវឌ្ឍលើវិស័យឧស្សាហកម្មយ៉ាងខ្លាំង។ សម្តេចតេជោ បានបញ្ជាក់ថា កាលពីដើមមានការបង្អាប់អ្នកខេត្តកំពង់ស្ពឺ ជាអ្នកក្រីក្រ តែបច្ចុប្បន្នអ្នកកំពង់ស្ពឺមិនមែនដូចពីអតីតកាលទៀតនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាត្រូវបាន ធ្លាក់មកនៅក្នុងរង្វង់ប្រមាណ៩ភាគរយ។

* សម្តេចតេជោ បានថ្លែងថា សម្តេចមិនយល់ទេចំពោះការលើកឡើងថាប្រទេសកម្ពុជាកាន់តែក្រទៅៗ។ សម្តេចតេជោ បានបញ្ជាក់ប្រជាពលរដ្ឋកម្ពុជាគ្មានរបបណាក្រលំបាកដូចនៅក្នុងរបបប៉ុលពតនោះទេ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបានរើខ្លួនចេញពីភាពក្រី មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងកំពុងប្រឹងប្រែងឈានទៅប្រទេសជាមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ សម្តេចតេជោ ក៏បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីចិន បានសន្យាជួយកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អ្នកខេត្តកំពង់ស្ពឺ ដែលបានបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រ និងស្នើឲ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរត់រកលោក ហ៊ុន ម៉ានី នៅពេលមានបញ្ហា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យដែលបានមកដោយការលំបាក គឺជាជោគជ័យប្រកបដោយមោទនភាព ហើយត្រូវថែរក្សាឲ្យបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រក្សាពេល៥ឆ្នាំទៅមុខទៀត គឺជាពេលត្រូវខិតខំ ដើម្បីសម្រេចឲ្យបាននូវអ្វីដែលបានដាក់ចេញ។

* សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បន្ទុកគណបក្សប្រជាជនកម្ពុជា គឺកាន់តែធ្ងន់ធ្ងរ ព្រោះពេលនេះប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ។ សម្តេចតេជោ បានថ្លែងថា អាណត្តិថ្មីជាពេលត្រូវធ្វើកំណែទម្រង់ និងខិតខំ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការដឹកជញ្ជូនកម្មករ កម្មការិនី ដោយមិនត្រូវធ្វេសប្រហែសនាំឲ្យមានគ្រោះថ្នាក់នោះទេ។

* សម្តេចនាយករដ្ឋមន្ត្រី បានឌឺដងឲ្យក្រុមចលនា «ដេកផ្ទះឈ្នះឯង» ថា មិនដែលនរណាដេកផ្ទះទទួលបានលទ្ធផល ឬទទួលបានអាហារទទួលទាននោះទេ។ សម្តេចតេជោ បានបញ្ជាក់រាល់សមិទ្ធផលទាំងឡាយកើតចេញពីការប្រឹងប្រែងដោយកម្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនាគារសម្រាប់ផ្តល់ទុនគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមជិតចេញជារូបរាងហើយ ជាមួយទុន ១០០លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើម៉ាស៊ីនកិនស្រូវ និងឡសម្ងួត ដើម្បីប្រមូលទិញស្រូវកសិករមកកែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា កម្ពុជាកំពុងដាក់ទុនវិនិយោគលើរោងចក្រកែច្នៃដំឡូងមី ដែលមានទំហំប្រមាណ ១៤លានតោនក្នុងមួយឆ្នាំផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នយោបាយឧស្សាហកម្មមិនបានបំភ្លេចវិស័យកសិកម្មនោះទេ ប៉ុន្តែកំពុងធ្វើវិស័យឧស្សាហកម្មទៅជាក្បាលម៉ាស៊ីន ដើម្បីទាញវិស័យកសិកម្មឲ្យទៅជាវិស័យកសិ-ឧស្សាហកម្ម។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការនាំចេញនៅនឹងកន្លែងលើវិស័យកសិកម្មជាទស្សនទានរបស់សម្តេច។ សម្តេចសំដៅដល់ការនាំកសិផលបន្លែបង្កា សាច់សត្វផ្សេងៗ រួមទាំងពងមាន់ពងទារបស់កសិករចូលទៅតាមសណ្ឋាគារ។

* សម្តេចតេជោ ហ៊ុន សែន ហៅការជេរប្រមាថ និងការលាបពណ៌របស់ក្រុមអតីត CNRP ដែលតែងតែជេរប្រមាថរាល់សកម្មភាពគាំទ្ររាជរដ្ឋាភិបាល និង CPP លើបណ្តាញសង្គម Facebook ជាដើមនោះ គឺជាឆ្នួនបញ្ឆេះសង្គ្រាម.

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកដែលជេរប្រមាថនៅលើ Facebook អាចរកឃើញទីតាំងឈរជើងត្រឹមតែ៨នាទីប៉ុណ្ណោះ ទោះដាក់ឈ្មោះអ្វីក៏គេអាចរកឃើញដែរ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖៤៣នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ