សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ-កម្មការិនី និងនិយោជិតជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេច​អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​បន្ត​អញ្ជើញ​ចុះជួប​សំណេះសំ​ណាល​ជាមួយកម្មករ-កម្មការិនី និងនិយោជិត​ មកពី​​​រោងចក្រ សហគ្រាសនានា នៅ​តំបន់លូ៥ ក្នុងសង្កាត់​មានជ័យ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។

កម្មករ-កម្មការនី និងនិយោជិត ដែល​បានជួប​សំណេះ​សំណាល​ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានចំនួន ១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែល​ក្នុងនោះ​មក​ពីក្រុម​ហ៊ុន​ប្រទេស​ចិន ចំនួន១៩, កូរ៉េចំនួន២, សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះ​រោង​ចក្រកាត់​ដេរ​សម្លៀក​បំពាក់ ចំនួន​២១, ផលិតស្បែក​ជើង​ចំនួន២ និង​បោក​គក់​ចំនួន១​។​ ផលិត​ផលទាំ​ង​អស់​ត្រូវ​បាន​នាំ​ចេញទៅ​កាន់ ទីផ្សារ​អន្តរជាតិ និងផ្គត់​ផ្គង់​ទៅ​លើទី​ផ្សា​ក្នុងប្រ​ទេស​។

​សម្តេចតេជោ ហ៊ុន សែន សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​អញ្ជើញ​ចុះ​ជួបសំណេះ​សំណាល​ ជាមួយ​បងប្អូន កូនក្មួយ​កម្មករ​បន្ត​ទៀតនៅ​​តំបន់​រោងច​ក្រលូ៥ ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាពេលនេះ។ សម្តេចតេ​ជោ នាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណយ៉ា​ងជ្រាល​ជ្រៅ​ផងដែរ​ចំពោះ កូនក្មួយ​ទាំងអស់ ដែលបាន​គោរព​ស្រលាញ់​សម្តេច​តេជោរ​ហូតមក។ ទន្ទឹម​នឹងនេះ សម្តេច​តេជោ ក៏បាន​អរគុណម្ចា​ស់រោ​ងចក្រ​ទាំងអស់ ដែលបានអនុញ្ញាត​ឲ្យកូន​ក្មួយ​កម្មករបាន​ឈប់​សំរាក​នៅល្ងាច​ថ្ងៃនេះ​ ដោយមានប្រាក់​ឈ្នួលពេញ​ ដែលនេះគឺបានបង្ហាញ​ពីក្តីស្រឡាញ់​ និងយកចិត្ត​ទុកដាក់​ព្រមទាំង​សាមគ្គីភាព​គ្នារ​វាង​កម្មករ និងម្ចាស់​រោងចក្រ។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ថានេះ គឺជា​ការ​ជួប​ជុំ​សំណេះ​សំណាល ដែលចាត់ទុ​ក ជាជុំទី២​ ក្រោយការ​បោះឆ្នោត ហើយនេះ​ជាកា​រអនុវត្ត​តាម​ការ​សន្យា​ របស់​សម្តេចតេជោ ហ៊ុន សែន ដែលបាន​សន្យា​ជាមួយបងប្អូន​កូន​ក្មួយ​កម្មករ-កម្មការិនីថា នៅពេល​ដែលគណ​បក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត គឺ សម្តេច​តេជោ នឹងបន្តជួប​ជាមួយ​កូនក្មួយ​ជាបន្ត​បន្ទាប់ទៀត។ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានបង្ហាញនូ​វមោទនភាព​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ប្រមាណ ៨២% ដែលបានទៅ បោះឆ្នោតចូលរួមដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​។

សម្តេច​តេជោ ហ៊ុន សែន បានថ្លែងអំណរ​គុណ​ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបាន​ទៅបោះ ឆ្នោត​ឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជាយ៉ា​ង​ច្រើន​លើស​លប់ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លង​មកនេះ។ ការបោះ​ឆ្នោត​ឲ្យគណ​បក្ស​ប្រជាជន​កម្ពុជា គឺដើម្បី​រក្សា​សន្តិភាព និងការអភិវឌ្ឍព្រោះ​​សន្តិភាព​សម្រាប់ យើង​ទាំង​អស់គ្នា ហើយទាំងអស់គ្នា​​សម្រាប់​សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយ​តម្លៃខ្ពស់​ចំពោះលទ្ធផល នៃការបោះឆ្នោតថា៖ ១) ប្រជាពល​រដ្ឋបាន​ទៅ​បោះ​ឆ្នោត គឺបានប​ង្ហាញពី​ការចូលរួម​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិ​បតេយ្យ ពិត​នៅ​កម្ពុជា។ ២) បងប្អូន​ប្រជាពល​រដ្ឋបាន​ចូលរួម​ទៅបោះ​ឆ្នោតអោ​យ​គណបក្សប្រជាជន​កម្ពុជា មានតំលៃស្មើនឹ​ងការ​ចូលរួម​ថែរក្សា​សន្តិភាព និង​ការ​អភវិឌ្ឍ។

នៅក្នុង​ឱកាសនេះ​ផងដែ​រ សម្តេចតេជោ ហ៊ុន សែន បានអរគុណអា​ជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធ​នានា ដែលបានចូល​រួមរក្សា​សុខ​សុវត្ថិភាព និងជួយសំ​រួល​ដល់​គណបក្សនានាក្នុង​កំឡុង​ពេល បោះឆ្នោត។ ទន្ទឹម​នឹង​នេះដែរ សម្តេចតេជោ បានអរគុណដ​ល់អាជ្ញាធ​តាម​ខេត្តមួយ​ចំនួន​ដែល​បាន ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែលជួបគ្រោះ​ធម្មជាតិ​ទឹកជំនន់​កន្លងទៅថ្មីៗនេះ។

ដើម្បីជំរុញ​ការអនុវត្តការងារ​អោយមាន​ប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដាក់ ចេញនូវអនុសាសន៍​សំខាន់ៗ​១០ ចំណុច​ដូច​ខាងក្រោម៖

១) ​ត្រូវអនុវត្ត​ប្រាក់​ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុន​បើក​ជូន​កម្មករ​លើសពី​​នេះ គឺរិតតែល្អប្រសើរ។

២) ត្រូវ​អនុវត្តកា​រចុះ​ពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋចំពោះ​ការ​ពិនិត្យ​សុខភាព និង​ការ​ព្យាបាល កម្មករ-កម្ម​ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបាន​អនុវត្ត​ដូចគ្នាជា​ពិសេស ​រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល និងក្រសួង​ការងារត្រូវ​ធ្វើអោយ​បាន​ម៉ត់ចត់។

៣) ត្រូវអនុវត្ត​ចំពោះ​ស្រ្តីមាន​ផ្ទៃពោះ​សំរាល​កូន​គឺនឹង​ទទួល​បាន​ពេល​វេលា​ឈប់សម្រាក ពីការ​ងារ​រយៈ ពេល៣ខែ ហើយទទួល​បាន​ប្រាក់ខែ​១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយ​បេឡាជាតិ) ក្រសួងពាក់ព័ន្ធ​ត្រូវតាម​ដាន​ការងារ​ឲ្យបានដិ​តដល់​ចំពោះការ​អនុវត្តសកម្មភាព​នេះ។

៤). ត្រូវអនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បានកូន(១) គឺទទួលថវិកា​៤០ម៉ឺនរៀ​ល និងពិនិត្យផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។ បើសម្រាល​បានកូន​ភ្លោះ (២) គឺទទួល​បាន​ថវិកា​៨០ម៉ឺនរៀល។ បើសម្រាល​បាន​កូន(៣) គឺទទួលបា​នថវិកា១​លាន២​សែនរៀល ហើយបូក​ប្រាក់ឧបត្ថម្ភចំនួន៥លាន​រៀល​ទៀត​ពីសម្តេច​តេជោ និង​សម្តេចកិត្តិ​ព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោ នាយករដ្ឋមន្រ្តីបាន​ជម្រាប​ផង​ដែរ​ថា នៅ​ពេល​ដ៏ខ្លី ខាងមុខនេះ ចំពោះ​កូន​ក្មួយ​កម្មការិនីក្រីក្រ​បំផុតនោះ​គឺនឹងទទួលបាននូវប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥) ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនី មិនចាំបាច់​បង់​ប្រាក់​ទៀត​ទេ គឺម្ចាស់​ក្រុម​ហ៊ុន​ជាអ្នក​បង់​ជំនួស ១០០%។

៦) អនុវត្តតាម​ដាន​មើល​បញ្ហា ទឹក ភ្លើង គឺត្រូវខិត​ខំបន្ត​ តទឹក តភ្លើង ដល់ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ​ឆ្ងាយ ដែលមិនទាន់​ទៅដល់​ឲ្យបាន​គ្រប់គ្រាន់ និង​តំលៃផ្ទះ​ជួល​ដល់​កម្មករ-កម្មការិនីកុំ​អោយមាន​ការ ឡើងថ្លៃក្នុង​ឆ្នាំ២០១៨ ពីព្រោះកន្លង​មកយើងបាន​កំណត់រួចរាល់ហើយ។

៧) អនុវត្តប្រាក់​សោធន​និវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ-កម្មការិនី និងទទួលបាន​ប្រាក់ ចូល​និវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះ​ក្នុងរយៈ​ពេល១​ឆ្នាំ(២០១៨) ត្រូវត្រៀមរៀបចំ​អោយ​ហើយដើម្បី​ឱ្យ​ដំណើរ​ការ​បាន​ល្អនៅក្នុ​ងឆ្នាំ២០១៩ នូវរបប​សោធននិវត្តន៍នេះ។

៨) អនុវត្ត​ចូលរួម​ បន្ត​យកចិត្តទុកដាក់​ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនព​លករទៅក្រៅ​ប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទ​ដ្ឋាន ​ផ្លូវច្បាប់នានា និងដើម្បី​ទទួល​បាន​នូវល័ក្ខខ័ណ្ឌ​ការ​ងារល្អ ប្រសើរ។

៩) ក្រសួង​ការងារ​ត្រូវចុះ​អនុវត្ត​តាមដានភ្លាមៗ ឱ្យ​បាន​ដិត​ដល់ និងចូលរួម​ដោះស្រាយ​បញ្ហាប្រឈម​នានា​ចំពោះ​កម្មករ-កម្មការិនី ​នៅពេល​ដែលម្ចាស់​រោង​ចក្ររត់​ចោល។ ក្នុងនោះ​គឺត្រូវដោះ​ស្រាយ​ផ្តល់​ប្រាក់​ឈ្នួល ជាបន្ទាន់ដល់​កម្មករ-កម្មការិនី ដែលបាន​ធ្វើការ​ក្នុងពេល​ដែលថៅកែ​រោង​ចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្តដោះ​ស្រាយបញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រដោយ​ផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវ​ជួយ​រក​ការងារ​ធ្វើដល់ក​ម្មករ-កម្មការិនីអោយ​បាន​ឆាប់បំផុត។ ក្នុងឱកាស​នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​ឲ្យ​បង្កើន ការយក​ចិត្តទុក​ដាក់ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាពកម្មក-កម្មការិនី ក្នុងពេល​ធ្វើដំណើរ​តាមរថយន្ត​ម៉ៅ​ការ​ដឹក​កម្មករ។ រថយន្ត​ស៊ីឈ្នួល ដឹកកម្មករ-កម្មការិនី ទាំងអស់​ត្រូវ​តែ​មាន​ការប្រុង​ប្រយ័ត្នខ្ពស់​ក្នុង​ការ​ធានាដល់​សុវត្ថិភាព កម្មករ-កម្មការិនី រួមដំណើរ​ក្នុង​ពេលបើកបរ។

១០) ត្រូវបន្ត​ដោះស្រាយ​ជួយ​ពលករ ដែលកំពុងធ្វើការ​ នៅក្រៅប្រទេស​ធ្វើយ៉ាង​ណា​អោយ​កម្មករ​ធ្វើការ​បាន​ស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំ ឬគិតថាខុស ក្នុងពេល​ដែលបង​ប្អូន​កូនក្មួយ​ទៅធ្វើការ​នៅ​ប្រទេស​គេ។ សូម្បីប្រទេស​ថៃក៏គេ​បញ្ជូន​កម្មករទៅ​ធ្វើការនៅ​បរទេស​ដូចជានៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯប្រទេស​ហ្វីលីពីន​ក៏បាន​បញ្ជូនព​លរដ្ឋអោយ​ទៅធ្វើការ​នៅបរទេសដូច​ជា​នៅកម្ពុជា និងនៅ​សហរដ្ឋ​អាមេរិកជាដើម។ ពលរដ្ឋ​គេបាន​នាំមក​វិញនូវ​ប្រាក់​ចំណូលជាច្រើន​សម្រាប់​ប្រទេសគេ គឺមិនមែន​ជាការ​ខ្មាសអៀន ឬអាក្រក់អ្វីទេ។

បច្ចុប្បនេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ កំពុង​បាន​ខិតខំ​ស្វែករក​ទីផ្សាកា​រងារក្រៅ​ប្រ​ទេស​ផង​ដែរ ដូចជា​កូរ៉េ ជប៉ុន និងប្រទេស​មជ្ឍឹ​មបូពា ដូចជាប្រទេសអារ៉ាប់​ជាដើម ដើម្បីផ្តល់​ការងា​រដល់​បងប្អូន​ខ្មែរ​ឥស្លាម​បាន​ទៅធ្វើការ​នៅទីនោះ។ កន្លងមក​រាជ​រដ្ឋា​ភិបាល​ក៏បាន​ជួយដោះ​ស្រាយ​ នឹងនាំយក​​មក​កាន់ប្រ​ទេសវិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​ចំនួន​ ដែលចាញ់បោក​មេខ្យល់​បោកយកទៅធ្វើការ​ងារ​ដោយខុសច្បាប់។

មុននឹងបញ្ចប់សម្តេចតេជោបានផ្តាំ​ ដល់​បងប្អូន​​កូនក្មួយ​​សូម​មាន​​ជំនឿ​ទុកចិត្ត​លើការ​ដោះស្រាយ និងការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បីបងប្អូន​កូនក្មួយ​មាន​ការ​ងារធ្វើ និង​ទទួលបាននូ​វ​ផល​ប្រយោជន៍​កាន់​តែច្រើន​ថែម​ទៀត នៅក្រោម​ការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចបាន​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និងកូនក្មួយដែលបាន​បោះឆ្នោតជូនគណបក្សប្រជាជន លេខ ២០ ដើម្បីសម្តេចតេជោ បន្តដឹកនាំកសាងកម្ពុចាអោយកាន់តែរីកចម្រើន៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ