នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងដោះស្រាយបញ្ហាប្រឈមដល់បងប្អូនកូនក្មួយកម្មករកម្មការនីប្រមាណ២១,៤៦៥នាក់ មកពីរោងចក្រ១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។រោងចក្រសហគ្រាសទាំង១៤ ដែលបានចូលរួមនាព្រឹកនេះមកមកពីរោងចក្រ ក្នុងក្រុងកំពង់ឆ្នាំងចំនួន២, រោងចក្រក្នុងស្រុកកំពង់ត្រឡាច ចំនួន៩ ,រោងចក្រក្នុងស្រុក សាមគ្គីមានជ័យចំនួន២ និងស្រុករលាប្អៀរចំនួន១។ រោងចក្រទាំង១៤នេះ មានរោងចក្រកាត់ដេរ សម្លៀកបំពាក់ចំនួន៧, រោងចក្រផលិតស្បែកជើង១,រោងចក្រផលិតកាបូប ២, រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ២ និងម៉ាស៊ីនកិនស្រូវចំនួន២។ ផលិតផលផលិតចេញ ពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជាសប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញមកជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករនៅទីនេះម្តងទៀតបន្ទាប់ពីថ្ងៃមិ្សលមិញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ កូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពរវាងកម្មករ និងម្ចាស់រោងចក្រ។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយៈគោលនយោបាយពង្រីក និងពង្រាយរោងចក្រឲ្យមាននៅតាមតំបន់គ្រប់ទីកន្លែង គឺដើម្បីផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ។ បន្ទាប់ពីជោគជ័យលើកការផលិតស្រូវនិងការនាំចេញអង្កររហូតមកដល់ពេលនេះគឺយើងមានស្រូវអង្ករទទួលទានគ្រប់គ្រាន់។ ស្របពេលជាមួយគ្នានេះ គឺយើងផ្តោតក្នុងការជំរុញគោលនយោបាយពង្រីកឧស្សាហកម្ម ដោយខិតខំពង្រាយរោកចក្រឲ្យកើតមានគ្រប់ទីតំបន់ទូទាំងប្រទេស។ ជាក់ស្តែងនៅតំបន់រោងចក្រក្នុងខេត្ត កណ្តាល, កំពង់ស្ពឺ, តាកែវ, ព្រះសីហនុ, ស្វាយរៀង, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងហូតដល់ខេត្តបន្ទាយមានជ័យ ដែលបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋបានធ្វើរាប់សែននាក់។
ស្របពេលដែលប្រាក់ខែកម្មករនៅកម្ពុជាកំពុងត្រូវបានតំឡើងទៅ $170 ក្នុងនោះគឺប្រទេសក្នុងតំបន់មួយចំនួននៅមានប្រាក់ខែទាបជាងកម្ពុជានៅឡើយដូចជា បង់ក្លាដេស($67), ស្រីលង្កា($67), បាគីស្ថាន ($134), ឥណ្ឌា ($77-$143), មីយ៉ាន់ម៉ា ($108), ឥណ្ឌូនេស៊ី ($107-$267) វៀតណាម ($122-$175) និងប្រទេសឡាវ ($133)។
វិនិយោគនៅកម្ពុជាកំពុងទទួលបានការចាប់អារម្ភពីបរទេស គឺដោយសាស្ថេរភាពនយោបាយដែលបានបង្កើតនូវការជឿជាក់សម្រាប់ការវិនិយោគរយៈពេលវែង។ ទន្ទឹមនឹងនេះដែរ គឺរាជរដ្ឋាភិបាលបានផ្តល់លក្ខខណ្ឌងាយស្រួលដល់វិនិយោគគិនបរទេសមានសិទ្ធិបើកក្រុមហ៊ុនផ្ទាល់ខ្លួន ១០០% ដោយមិនចាំបាច់ត្រូវការពឹងពាក់ឬការចូលរួមពីអ្នកវិនិយោគក្នុងស្រុកឡើយ។
ថ្ងៃបោះឆ្នោតជាតិគឺនឹងមកដល់ក្នុងខែក្រោយនេះ សម្តេចតេជោ ហ៊ុន សែន បានញ្ជាក់ថា កូនក្មួយកម្មករនឹងបានឈប់សម្រាកចំនួន៣ថ្ងៃ គឺថ្ងៃទី ២៨, ២៩ និងទី៣០ ដោយទទួលបានប្រាក់ឈ្មួលពេញ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនោះគឺសិស្សនិស្សិតក៏ត្រូវបានឈប់សម្រាកដូចគ្នាផងដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់អោយរោងចក្រទាំងអស់ដែលបានវិនិយោគនៅក្នុង ប្រទេសកម្ពុជាគឺក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះ ម្ចាស់រោងចក្រត្រូវមានការ គោរពស្រលាញ់គិតគូ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវ ខិតខំបំពេញតួនាទីការងារឲ្យបានល្អត្រលប់ទៅវិញដើម្បីបង្កើតបានជាសាមគ្គីភាពរវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះ ម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀតនូវអ្វីដែលខ្វះខាតនៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួលដល់កម្មករពេលទទួលទានអាហារ និងនៅពេលសង្រ្គោះបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។
១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។
៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវថវិកាលើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,០១២) នាក់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕