សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

CNV: 

  • ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះឯថេរានុត្ថេរៈជាទីសក្ការៈ!
  • ឯកឧត្តម ខេនអ៊ិឈិ បេសសូ ភារធារីស្ដីទី នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា!
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ កម្មករ កម្មការិនី ដែលបានចូលរួមនៅថ្ងៃនេះ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធសាជាថ្មីម្ដងទៀត នូវចំណតកំពង់ផែទំនិញរាយ ដែលមានប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៣,៥ ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្ដុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ ម៉ែត្រ ជម្រៅទឹក ៧,៥ ម៉ែត្រ។

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុទទួលនាវា ៥ ម៉ឺនតោន និងឈានទៅទទួលនាវា ៦ ម៉ឺនតោន

ថ្ងៃនេះ ប្រទេសជាតិរបស់យើងទទួលបានសមិទ្ធផលថ្មីមួយទៀតក្រោមហិរញ្ញប្បទានរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍនភាពនៃកំពង់ផែរបស់យើង។ ថ្ងៃនេះ សូមបញ្ជាក់ទៅកាន់ធុរជនទាំងឡាយថា កាលពីមុននេះ កំពង់ផែរបស់យើងដឹកបានត្រឹមតែ ១ ម៉ឺនតោនប៉ុណ្ណោះ ជាការលំបាកសម្រាប់ការដឹកជញ្ជូន។ ឥឡូវកំពង់ផែរបស់យើងបានដឹកទំនិញរហូតដល់ ៥ ម៉ឺន តោន។ ទោះបីមិនទាន់គ្រប់គ្រាន់ ប៉ុន្ដែវាលើប្រសើរជាងកាលពីពេលមុនដែលយើងដឹក ១ ម៉ឺន តោន។ សូមបញ្ជាក់ជូនដែរថា យើងមិនស្កប់ស្កល់ត្រឹមប៉ុណ្ណឹងទេ។ យើងត្រូវធ្វើបន្ដទៀត ដើម្បីឲ្យជម្រៅទឹកឈានទៅដល់ ១៤,៥ ម៉ែត្រ ដែលអាចចូលនាវាបានរហូតទៅដល់ ៦ ម៉ឺនតោន ដែលឥណទាននេះមានរួចហើយ (នៅ)ពេលដែលខ្ញុំបានទៅទស្សនកិច្ចកាលពីឆ្នាំទៅនៅប្រទេសជប៉ុន និងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៧។ ពេលនោះបានចុះហត្ថលេខាឥណទានជាប្រាក់យ៉េនជប៉ុន ត្រូវជា ២០៣ លានដុល្លារសហរដ្ឋអាមេរិក …។

គ្រាមុន ការដឹកជញ្ជូនមានតម្លៃខ្ពស់ ក្នុងក្របខណ្ឌតំបន់

សព្វថ្ងៃ ការដឹកជញ្ជូននៅក្នុងប្រទេសរបស់យើងមានការលំបាក។ យើងមិនមែនជាប្រទេសដែលគ្រាន់តែទទួលជំនួយ ដឹកជញ្ជូនប៉ុន្មានពាន់តោនមកកាន់កំពង់ផែនេះ ជាការទទួលនូវការផ្ដល់ជំនួយពីខាងក្រៅ ឬការនាំទំ​និញ​ចេញ ដូចកាលពីពេលមុននោះទេ។ ឥឡូវនេះ វាមានទាំងការនំាទំនិញចេញ និងការនាំទំនិញចូល។ ដូច្នេះកន្លងទៅការដឹកជញ្ជូនរបស់យើងមានការលំបាក ដែលគេអាចចាត់ទុកថាជាការដឹកជញ្ជូន ដែលមានតម្លៃខ្ពស់នៅក្នុងក្របខណ្ឌនៃបណ្ដាប្រទេសក្នុងតំបន់ លើកលែងតែឡាវមួយទេ ដែលគ្មានសមុទ្រនឹងគេ។ សូមបញ្ជាក់ថាកប៉ាល់ធំៗ ដែលដឹកទំនិញទៅពីកម្ពុជា គឺគេទទួលទំនិញពីកម្ពុជា គេស្នាក់នៅឯប្រទេសវៀតណាម សិង្ហបុរី ឯណោះ ហើយយើងត្រូវដឹកតាមកប៉ាល់តូចៗ តាមកប៉ាល់ល្មម ទៅផ្ទេរទំនិញនៅទីនោះ។ បើដឹកចូលត្រឡប់មកវិញ កប៉ាល់ដឹកលើសពី ១ ម៉ឺនតោន គឺត្រូវផ្ទេរដាក់កប៉ាល់(តូច ឬល្មម) ដូច្នេះការលើកដាក់ត្រូវប្រើពេលវេលាដល់ទៅ ២ ដង។ ម្ដងគឺនៅកំពង់ផែ តែម្ដងទៀតការលើកដាក់ផ្ទេរទំនិញនៅប្រទេសវៀតណាម ឬសិង្ហបុរី ថៃ ដើម្បីដឹកមកដល់កម្ពុជា។ ចាប់ពីពេលនេះតទៅ កប៉ាល់ចំណុះត្រឹម ៥ ម៉ឺនតោន ចុះក្រោម អាចចូលមកដល់កំពង់ផែនេះតែម្ដង ដោយគ្មានការចាំបាច់ដើម្បីនឹងការផ្ទេរទំនិញនោះទេ។

បន្តពង្រឹងសមត្ថភាពច្រកចេញចូលកំពង់ផែទឹកជ្រៅ ដែលគ្របដណ្តប់ ៧០% នៃសកម្មភាពទំនិញ

យើងបានបង្កើន(ជំរៅទឹក)ថែម ១ ម៉ែត្រ ពី ១៣,៥ ម៉ែត្រ នៅពេលនេះ ដល់ ១៤,៥ ម៉ែត្រ ដែលអាចឲ្យកប៉ាល់ធំជាងចូលមកដល់។ ប៉ុន្ដែ ខ្ញុំព្រះករុណាខ្ញុំនៅតែប្រមើលមើលឃើញថា វាមិនទាន់គ្រប់គ្រាន់ទេដើម្បីឆ្លើយតបជា​មួយនឹងការដឹកជញ្ជូន ក្នុងកម្រិតដែលមិនចាំបាច់លើកដាក់តាមរយៈកំពង់ផែនៃប្រទេសដទៃ ដែលមានជម្រៅទឹកជ្រៅជាងយើង។ ខ្ញុំព្រះករុណាខ្ញុំគិតថានៅដំណាក់កាលទី ៦ នេះ មិនមែនជាដំណាក់កាលចុងក្រោយទេ ក៏ប៉ុន្ដែយើងក៏អាចចាប់ផ្ដើមធ្វើការសិក្សា ជាពិសេស(ដោយ) JICA (យើង)នឹងសិក្សាជាមួយយើងជាបន្ដទៅទៀតដើម្បីក្រោយពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺយើងនឹងពង្រីកសមត្ថភាពនៃការដឹកជញ្ជូនតាមច្រកកំពង់ផែទឹកជ្រៅរបស់យើងដែលគ្របដណ្ដប់ទំនិញរហូតទៅដល់ជាង ៧០% នៃទំនិញតាមច្រកចេញចូល។

អរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន

ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះ … សូមផ្ញើជូនការអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្ដល់ហិរញ្ញប្បទានសម្រាប់អនុវត្ដនូវគម្រោងការនេះ។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំបានរំលឹកបន្ដិច ព្រោះថាបញ្ហាខ្លះគឺបងប្អូនប្រជាពលរដ្ឋរបស់យើងមិនថាបងប្អូននៅទីនេះទេ គឺបងប្អូនទូទាំងប្រទេស ឬបងប្អូនដែលរស់នៅក្រៅប្រ​ទេស គឺមិនបានយល់អ្វីទៅដែលហៅថា កំពង់ផែក្រុងព្រះសីហនុ ហើយហេតុអ្វីបានជាចាប់ផ្ដើមធ្វើមកដល់ដំ​ណាក់​កាលនេះ ទើបនឹងបានប៉ុណ្ណឹង?

ការតភ្ជាប់នៃកំពង់ផែ និងផ្លូវដែក ព្រះរាជស្នាព្រះហស្ថ ព្រះបរមរតនៈកោដ្ឋ

ដំបូងយើងគួរសម្ដែងការអរគុណទៅដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនៈកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ដែលពេលនោះព្រះអង្គខិតខំកសាងកំពង់ផែទឹកជ្រៅមួយនេះ ជាមួយនឹងផ្លូវដែកតភ្ជាប់ទីក្រុងភ្នំពេញមកកំពង់ផែទឹកជ្រៅគឺកំពង់ផែក្រុងព្រះសីហនុ ដែលបច្ចុប្បន្នខេត្ដ​មួយ​នេះ បានដាក់ព្រះនាមរបស់ព្រះបរមរតនៈកោដ្ឋគឺខេត្ត និងក្រុងព្រះសីហនុរបស់យើងនេះ។ បើពុំមានសមិទ្ធផលដែលបន្សល់ទុកដោយស្នាព្រះហស្ថរបស់ព្រះករុណាជាអម្ចាស់នៅក្នុងទសវត្សរ៍ ៦០ ទេ យើងពិតជាពុំមានកំពង់ផែ ដើម្បីដោះស្រាយ(ការដឹកជញ្ជូន)បន្ទាប់ពីប្រទេសជាតិរបស់យើងរួចចេញផុតពីរបប ប៉ុល ពត នោះទេ។

១៨ មីនា ១៩៧០ ផ្លូវរថភ្លើងត្រូវកាត់ផ្តាច់ ផែត្រូវបានប្រើប្រាស់មានកម្រិត

ប៉ុន្ដែ កំពង់ផែនេះត្រូវបាត់បង់សមត្ថភាពបន្ទាប់ពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដោយសារសង្គ្រាមបានកើតឡើងទាំងកំពង់ផែត្រូវបានប្រើប្រាស់ក្នុងកម្រិតណាមួយនោះ ហើយផ្លូវរថភ្លើងត្រូវបានកាត់ផ្ដាច់ជាបន្ដបន្ទាប់។ ពិតមែនហើយក្នុងរបប ប៉ុល ពត,  ប៉ុល ពត ក៏បានប្រើប្រាស់នូវកំពង់ផែនេះ ព្រមទាំងផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើងផងដែរ ក៏ប៉ុន្ដែសមត្ថភាពនៃការទទួលយកទំនិញនៅពេលនោះគឺមានកម្រិតណាស់។

កំពង់ផែទទួលជំនួយ និងដឹកទំនិញតិចតួចចេញពីកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំ មានអនុស្សាវរីយ៍ជាមួយនឹងការភ្ជាប់នូវការលំបាក និងការងាយស្រួល ចាប់តាំងពីការចេញ​ដំណើរ។ ពេលនោះ ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស ប៉ុន្តែបែរជាថ្នាក់ដឹកនាំពេលនោះអោយខ្ញុំព្រះករុណាខ្ញុំ ធ្វើជាប្រធានគណៈកម្មការរំដោះទំនិញចេញពីកំពង់ផែកំពង់សោម ដែលប្រទេសមួយចំនួនបានដឹកជំនួយមកដល់ទីនេះ។ យើងពុំមានសមត្ថភាពដើម្បីដឹកជញ្ជូនពីទីនេះទៅតំបន់ផ្ទៃក្នុង(ប្រទេស) ម្ខាងដោយខ្វះមធ្យោបាយដឹកជញ្ជូន តែម្ខាងទៀងការដឹកជញ្ជូនតាមផ្លូវជាតិលេខ៤ ជួបការលំបាក ដោយសារមានការស្ទាក់បាញ់រថយន្តពីសំ​ណាក់ខ្មែរក្រហម ដែលនៅសេសសល់នាដំណាក់កាលនោះ។ បន្ទាប់មកទៀត យើងបន្តការខិតខំ ដើម្បីពង្រឹងសមត្ថភាពកំពង់ផែ ក៏ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានធំដុំទេ គ្រាន់តែទទួលយកជំនួយ និងការដឹកចេញតិចតួចណាស់ នូវទំនិញចេញពីប្រទេសកម្ពុជា។

ប្រើប្រាស់គ្រប់វិធីបញ្ចៀសការធ្វើឯកជនភាវូបនីយកម្មនៃកំពង់ផែក្រុងព្រះសីហនុ

ទាក់ទងជាមួយនឹងតួនាទីរបស់ជប៉ុន ខ្ញុំព្រះករុណាខ្ញុំគួរតែត្រូវបានលើកបញ្ជាក់បន្តិច ដើម្បីបង្ហាញថាតើជប៉ុនចាប់ផ្ដើមពីពេលណា ហើយបញ្ហានេះគួរតែត្រូវរំលឹកអំពីការដែលខ្ញុំព្រះករុណាខ្ញុំបានខិតខំថែទាំនូវកំពង់ផែមួយនេះ ដោយមិនអោយធ្លាក់ទៅជាអ្វីដែលហៅថា ឯកជនភាវូបនីយកម្មកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីការបាត់​បង់​នូវព្រលានយន្តហោះ។ ពេលនោះ ច្រើនក្រុមហ៊ុនណាស់ មកពីស្ទើរតែគ្រប់កន្លែងចង់បានកំពង់ផែក្រុងព្រះសីហនុនេះ។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវប្រើប្រាស់វិធីសាស្ត្រគ្រប់យ៉ាង ដើម្បីបញ្ចៀសការធ្វើឯកជនភាវូបនីយកម្មនៃកំ​ពង់ផែក្រុងព្រះសីហនុ។ ប្រសិនបើពេលនោះ យើងធ្វើឯកជនភាវូបនីយកម្ម ជប៉ុនពិតជានឹងមិនផ្ដល់ប្រាក់កម្ចី សម្រាប់ការអភិវឌ្ឍកំពង់ផែមួយនេះទេ។ រឿងនេះគឺជារឿងមិនធម្មតាទេ។ ពេលនោះ ខ្ញុំត្រូវមកកាន់ទីនេះ ហូបបាយជាមួយបងប្អូន ហើយក៏រៀងរាល់ឆ្នាំដើម្បីថែទាំ និងទុកកំពង់ផែនេះ។ កុំអីកំពង់ផែមួយនេះធ្លាក់ទៅក្នុងដៃឯកជនបាត់ទៅហើយ ព្រោះវាមានចរន្តការគិតគូរខុសគ្នា ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ផ្សេងទៀត។ ក៏ប៉ុន្តែកម្មករ/ការិនីទាំងអស់នៅទីនេះ អាចយល់បានថា ខ្ញុំបានប្រឹងប្រែងប៉ុណ្ណាដើម្បីការពារនូវកំពង់ផែនេះ។ ដូច្នេះបានជាខ្ញុំតែងតែយកថ្ងៃទី ១ ឧសភា​ ជារៀងរាល់ឆ្នាំចុះមកជួប ឬក៏ខ្ញុំបញ្ជូនតំណាងមកកាន់ទីនេះ។

បើមានវិស័យឯកជនចូលរួម ជប៉ុនមិនផ្ដល់ហិរញ្ញប្បទានទេ

ឯចំពោះតួនាទីរបស់ជប៉ុន កាលណាតែវិស័យឯកជនចូលពាក់ព័ន្ធហើយ ជប៉ុននឹងមិនផ្ដល់ហិរញ្ញប្បទានទេ។ នេះ​គឺជារឿងពិតរបស់ជប៉ុន។ ជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ប្រាក់កម្ចី ឬប្រាក់ជំនួយរបស់ជប៉ុន​ គឺមានចំណុចវាខុសគ្នា។ ស្ថាប័នហិរញ្ញវត្ថុខ្លះ បើយើងមិនធ្វើឯកជនភាវូបនីកម្មទេ គេមិនអោយយើងខ្ចីប្រាក់ទេ គេមិនផ្ដល់ជំនួយអោយយើងទេ។ យើងបានប្រមើលមើលថា ក្រៅពីជប៉ុន ប្រហែលជាគ្មានប្រទេសណាផ្សេងនៅពេលនោះ បានចាប់ផ្ដើមជាមួយយើងទេ។ ប៉ុន្តែយើងត្រូវរង់ចាំជប៉ុនមិនមែនតិចឆ្នាំទេ … អាចនិ​យាយបានថា ជប៉ុនជាអ្នកផ្ដល់ជំនួយអោយយើងតាំងពីឆ្នាំ ១៩៩២ រហូតដល់ ១៩៩៩ ពេលដែលយើងខ្ចីប្រាក់ជប៉ុន គឺជាអ្នកផ្តល់ជំនួយដ៏ធំ។ ប៉ុន្តែ ហេតុអ្វីបានជាយើងមិនអាចខ្ចីលុយជប៉ុនបាននៅពេលនោះ? រឿងនេះក៏ត្រូវតែរំលឹកអតីតកាលបន្ដិច។ មិនដឹងអ្នកណាទៅជំពាក់លុយជប៉ុន ជំពាក់ទាំងការ ជំពាក់ទាំងដើម ជំពាក់ទាំង​ប្រាក់គេពិន័យទៀត រួចបន្ទោស ហ៊ុន សែន បន្ទោសយ៉ាងម៉េចបើ ហ៊ុន សែន អត់ទាំងដឹងផងហ្នឹង។

រដ្ឋប្រហារទម្លាក់មហាក្សត្រ បង្កើតឡើងនូវរដ្ឋាភិបាលមិនស្របច្បាប់មួយទៅខ្ចីលុយអាមេរិក

ខ្ញុំព្រះករុណាខ្ញុំគួរតែនិយាយបន្ដិច រឿងដែលគួរអោយឈឺចាប់។ មានចំណុចខ្លះ លំបាកណាស់ … ទិញគ្រាប់​បែកមកទម្លាក់លើក្បាលយើងហើយ គេទាមទារអោយយើងសងលុយគេទៀត។ ចរចាមិនទាន់ត្រូវគ្នាទេ។ ឥឡូវ គេចេះតែគិតការប្រាក់បន្តទៅទៀត។ គិតអីគិតទៅ មរតករដ្ឋយើងត្រូវទទួលហើយ ក៏ប៉ុន្តែយើងបានស្នើសុំអោយ​គេកាត់ចេញតាមក្លឹបដឺប៉ារីស បង្វែរនូវប្រាក់ដែលយើងត្រូវសងនោះមកជួយអភិវឌ្ឍកម្ពុជា។ គេលើកថា គេពិបាកក្នុងការពន្យល់សភារបស់គេ។ អត់មិនបាន ខ្ញុំព្រះករុណាខ្ញុំក៏បញ្ជាក់ទៅគេវិញ ថានែ ខ្ញុំទេដែលជាអ្នកពិ​បាកក្នុងការពន្យល់សភា។ ព្រោះអ្វី? ព្រោះអ្នកឯងត្រូវយល់ថាព្រះមហាក្សត្របច្ចុប្បន្ននេះ គឺជាព្រះរាជបុត្ររបស់ព្រះមហាក្សត្រមុន ដែលពួកអ្នកឯងបានធ្វើរដ្ឋប្រហាទម្លាក់។ អញ្ចឹងតើអោយ​ខ្ញុំដោះស្រាយជាមួយព្រះរាជបុត្រព្រះអង្គយ៉ាងម៉េច ព្រោះដោយសារតែរដ្ឋប្រហាដែលអ្នកឯងទម្លាក់នោះហើយ បានជាបង្កើតឡើងនូវរដ្ឋាភិបាលមិនស្របច្បាប់មួយ ទៅខ្ចីលុយ និយាយអោយត្រង់ពីអាមេរិក។ រឿងនេះខ្ញុំព្រះករុណាខ្ញុំ បាននិយាយជាមួយ អូបាម៉ា តែម្ដង។ អូបាម៉ា អាងថា ពិបាកពន្យល់សភាអាមេរិក។ បានខ្ញុំប្រាប់ អូបាម៉ា ថា ខ្ញុំទេជាអ្នកពិបាក។ ព្រោះអ្វី? ព្រោះជាបំណុលមួយចាប់ផ្ដើមពីរដ្ឋប្រហារ ដែលអាមេរិចគាំទ្រទម្លាក់សម្ដេចព្រះបាទ នរោត្តមសីហនុ។ ឥឡូវព្រះរាជបុត្ររបស់ព្រះអង្គកំពុងតែសោយរាជ្យ។ មួយទៀត គឺបំណុលដែល លន់ នល់ ខ្ចីអាមេរិចយកទៅប្រើលើអី? អាចចាត់ទុកថាជាបំណុលកខ្វក់បំផុត។ ខ្ញុំប្រើពាក្យនៅពេលដែលប្រជុំអាស៊ាន-អាមេរិក​ ជាមួយ ដូណាល់ ត្រាំម៍ ថា បំណុលហ្នឹង​ ខ្ញុំថាប្រៀបដូចជាយកញញួរមកវាខ្ញុំហើយ អោយខ្ញុំសងថ្លៃញញួរទៀត …។

ប្រកាសផ្ដល់ជំនួយអោយកម្ពុជា ប៉ុន្តែជំនួយពិតប្រាដកមិនបានដល់ដៃកម្ពុជា (១៩៩២)

នៅឆ្នាំ ១៩៩២ ពេលដែល អេសអ៊ិនស៊ី(SNC) ផ្ដើមដំណើរការបស់ខ្លួន ប្រទេសនានាគេបានផ្ដល់ជំនួយអោយ​កម្ពុជា ក៏ប៉ុន្តែជំនួយនោះអត់បានយកមកអភិវឌ្ឍកម្ពុជាទេ។ អាយអឹមអេហ្វ (IMF) បានផ្ដល់ជំ​នួយធនាគារពិ​ភពលោកបានផ្ដល់ជំនួយ តែយកអាជំនួយហ្នឹងទៅសងអាបំណុលចាស់។ នៅចាំទេឯកឧត្តម អៀង ម៉ូលី សមា​ជិក SNC នឹងគេដែរ។ កាលពីពេលហ្នឹង ឃើញតែអ្នកប្រកាសផ្ដល់ជំនួយ ក៏ប៉ុន្តែជំនួយហ្នឹងយកទៅសងអាល្លឺម៉ង់ យកទៅសងបារាំង (ដែល)មិនដឹងគេជំពាក់ពីកាលណានោះផង ហើយគេកត់ត្រាថាជំនួយមកកម្ពុជា … ជំនួយមកវាអត់បានដល់ដៃកម្ពុជា​។ ជំនួយ IMF នេះ ផ្ដល់ទៅអោយកម្ចីសងជាមួយប្រទេសនេះប្រទេសនោះ។ យើងនៅតែបាតដៃទទេដដែល។

ជប៉ុនបានរកវិធីដ៏សមរម្យ ជួយអោយកម្ពុជាស្រាយបំណុលបានដោយងាយស្រួល

ដល់មករឿងជប៉ុននេះ ជប៉ុនគឺជាអ្នកផ្ដល់ជំនួយធំជាងគេ ក៏ប៉ុន្តែ មានរឿង ២ ដែលជប៉ុនមិនទាន់ធ្វើនៅពេលនោះ។ ទី១ ការផ្ដល់ប្រាក់កម្ចីសម្រាប់អភិវឌ្ឍន៍ ទី២ អ្នកវិនិយោគជប៉ុនមិនទាន់ជឿទុកចិត្តនូវសភាពការណ៍កម្ពុជា​ទេ។ សូម្បីតែទេសចររបស់ជប៉ុន កាលពីពេលហ្នឹង គឺអនុញ្ញាតអោយមកលេងត្រឹមតែភ្នំពេញ និងសៀមរាបតែ​ប៉ុណ្ណោះ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់អ្នកទេសចរជប៉ុន។ និយាយដល់រឿងជប៉ុន ដែលមិនទាន់អោយខ្ចីប្រាក់ គឺនៅត្រង់ថា បំណុលដែលកម្ពុជាជំពាក់ជប៉ុនទាំងដើមទាំងការ ទាំងប្រាក់ពិន័យ មិនទាន់បានសងទេ។ ជាគោលការណ៍របស់ជប៉ុន កាលណាអ្នកឯងមិនទាន់សងប្រាក់ជប៉ុនទេ ជប៉ុននឹងមិនអោយខ្ចីអាថ្មីទេ។ ត្រូវសងអាចាស់សិន បានអោយខ្ចីអាថ្មី។ ប៉ុន្តែ ជប៉ុនបានរកវិធីដ៏សមរម្យមួយ ដែលជួយអោយកម្ពុជាដោះស្រាយបំណុលជប៉ុនបានដោយងាយស្រួល។ ជប៉ុនមិនបានទារប្រាក់ចេញពីកម្ពុជាទេ។ ជប៉ុនបែរជាផ្ដល់ជំនួយឥតសំ​ណង ដោយផ្ដល់ជាទំនិញអោយមកកម្ពុជា កាលហ្នឹងមានតាំងពីស័ង្កសី ប្រេង មានអីច្រើនយ៉ាងណាស់ អោយកម្ពុជាលក់។ ដល់កម្ពុជាលក់ហើយ គេហៅថា អោយទំនិញមកកម្ពុជាលក់ កម្ពុជាលក់បានប្រាក់ហើយ យកទៅសងជប៉ុន។ ជប៉ុនមិនយកប្រាក់ទៅជប៉ុនទេ ដាក់ជាថវិកា គេហៅថា ការទ្រទ្រង់ថវិកាសម្រាប់អោយកម្ពុជា យកទៅប្រើប្រាស់។ នេះជាវិធីសាស្រ្តរបស់ជប៉ុន។

កម្ចីរបស់ជប៉ុន ក្នុងអត្រាការប្រាក់រយៈពេល ៤០ ឆ្នាំ អនុគ្រោះ ១០ ឆ្នាំ និងការប្រាក់ ០,០១%

ដល់ឆ្នាំ ១៩៩៨ យើងបានសងប្រាក់ជប៉ុនហើយ។ ជប៉ុនក៏ចាប់ផ្ដើមប្រកាស អនុញ្ញាតអោយកម្ពុជាខ្ចីប្រាក់ ដែលពេលនោះអតីតអគ្គរដ្ឋទូតជប៉ុនឈ្មោះ សៃតូ ជាអ្នកចុះហត្ថលេខាចាប់ផ្ដើមនៅឆ្នាំ ១៩៩៩។ ទឹកប្រាក់ដែលចាប់ផ្ដើមខ្ចីជប៉ុនពេលនោះ យកមកអភិវឌ្ឍកំពង់ផែនេះតែម្ដង … នេះហើយគឺជាប្រវត្តិរវាងកម្ពុជា និងជប៉ុន ទាក់ទងទៅនឹងឥណទាន ដែលមានអត្រាការប្រាក់ថោក។ នៅពេលនេះ យើងកំពុងប្រើប្រាស់នូវការខ្ចីប្រាក់​ក្នុងអត្រាការប្រាក់ទាប រយៈពេល ៤០ ឆ្នាំ អនុគ្រោះ ១០ ឆ្នាំ និងការប្រាក់ ០,០១%។ ៤០ ឆ្នាំក្រោយ យើងត្រូវសងទៅជប៉ុនវិញ។

កំពង់ផែ ប្រើឥណទានជប៉ុន ថ្លៃ ៣៨១ លានដុល្លារ

នេះគ្រាន់តែជាប្រវត្តិខ្លះពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍនៅទីនេះ ដែលក្នុងនោះ រហូតមកដល់ពេលនេះ សម្រាប់កំ​ពង់ផែមួយនេះ យើងបានចុះហត្ថលេខា និងទទួលឥណទាន ទាំងឥណទានចុងក្រោយ គឺចំនួន ២៣ ពាន់ ៥ រយលានយេន ត្រូវជាប្រមាណ ២០៣ លានដុល្លារសហរដ្ឋអាមេរិក។ មកដល់ពេលនេះ នៅទីនេះ យើងបានប្រើប្រាស់ឥណទានរបស់ជប៉ុន ចំនួន ៤៣ ពាន់ ១០២ លានយេន ត្រូវជាប្រមាណ ៣៨១ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីពង្រីកសមត្ថភាពកំពង់ផែកំពង់សោមរបស់យើងនេះ។ ថ្ងៃនេះ យើងប្រកាសថា នាវាដែលមុននេះ ២-៣-៤ ឬ ៥ ម៉ឺនតោន ត្រូវផ្ទេរនៅសាំងហ្គាពួរ ផ្ទេរនៅវៀតណាម ផ្ទេរនៅថៃ ឬផ្ទេរនៅម៉ាឡេស៊ី នឹងមិនចាំបាច់ផ្ទេរនៅទីនោះទៀតទេ។ សូមអញ្ជើញចូលមក អាហ្នឹងមួយផ្នែក។

ផ្គត់ផ្គង់ភស្ដុភាររុករក និងឈានទៅធ្វើអាជីវកម្មប្រេងនៅក្នុងសមុទ្រដោយខ្លួនឯង

មួយផ្នែកទៀត កំពង់ផែសម្រាប់ផ្គត់ផ្គង់ការរុករកប្រេង។ មុននេះ នៅពេលដែលយើងរុករកប្រេងនៅក្នុងសមុទ្រ យើងត្រូវផ្គត់ផ្គង់ភាគច្រើនចេញពីប្រទេសថៃ ដើម្បីមកកន្លែងរុករកប្រេង ខួងយកប្រេងនៅក្នុងសមុទ្រ។ ឥឡូវនេះ យើងមានការផ្គត់ផ្គង់ភស្ដុភារសម្រាប់ការរុករក នឹងឈានទៅធ្វើអាជីវកម្មប្រេងនៅក្នុងសមុទ្ររបស់យើង ដោយមិនចាំបាច់ពឹងពាក់ទៅលើសេវា ដែលផ្ដល់ពីប្រទេសថៃ ឬក៏កន្លែងដទៃនោះទេ។ យើងមានសមត្ថភាពនឹងធ្វើបែបនេះ។ យើងធ្វើអាជីវកម្មប្រេង ឬការរុករកប្រេងបន្ត ត្រូវប្រើការផ្គត់ផ្គង់នៅក្នុងសមុទ្រចេញពីតំបន់របស់យើង ដើម្បីយើងទាញយកផលប្រយោជន៍ពីធនធានរ៉ែនៅក្រោមសមុទ្ររបស់យើង គឺប្រេងនោះឯង។

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបានដាក់ចូលក្នុងទីផ្សារភាគហ៊ុន

នេះគឺជាការលើកឡើងមួយ ដែលពាក់ព័ន្ធជាមួយនឹងដំណើររឿងនៃកំពង់ផែក្រុងព្រះសីហនុរបស់យើង ពីស្ថានភាពដ៏លំបាកលំបិន។ ប៉ុន្តែមកដល់ពេលនេះ ចំនួនទំនិញនាំចេញនាំចូល គឺកាន់តែច្រើនទៅៗ ដែលទាមទារនូវការពង្រីកម្ដងហើយម្ដងទៀតៗ។ ដាក់ជាសំណួរថា ម៉េចក៏ជប៉ុនមិនធ្វើម្ដងអោយវាចប់តែម្ដងទៅ? វាមិនមែនស្រួលដូចការគិតរបស់យើងទេ។ វាមានដំណាក់កាលដែលចាំបាច់ត្រូវពង្រីក។ អរគុណចំពោះការសិក្សារបស់ JICA ដែលមានអ្នកជំនាញសិក្សាជាក់លាក់ទៅលើការរីកចម្រើនឡើង។ កំពង់ផែក្រុងព្រះសីហនុរបស់យើងនេះ បានដាក់ចូលទីផ្សារភាគហ៊ុនហើយ ដែលក្នុងហ្នឹង JICA ក៏បានទិញភាគហ៊ុនមួយភាគ ដែលវានឹងអាចបង្កើតទៅជាប្រភពទុននៃការអភិវឌ្ឍកំពង់ផែទឹកជ្រៅរបស់យើងនេះមួយទៀត …។

ស្ថាប័នហិរញ្ញវត្ថុធំៗ គាបសង្កត់អោយលក់គយ

ដោយសារក្រឡេកទៅឃើញគយ និងទៅឃើញអ្នកដែលធ្វើការនៅទីនេះមួយចំនួន ខ្ញុំមិនភ្លេច និងលើកឡើងជា​ការដាស់តឿនចំពោះការធ្វើសេចក្ដីសម្រេចចិត្តខាងនយោបាយ ទៅលើបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍ។ រឿងនៅ​កំពង់ផែកំពង់សោម ទាក់ទងនឹងចក្រចេញចូលតែមួយនេះ វាមិនមែនជារឿងដាច់ដោយឡែកទេ ក៏ប៉ុន្តែវាជារឿងរួម ប៉ុន្តែរឿងធំជាងគេ … ស្ថាប័នហិរញ្ញវត្ថុធំមួយចំនួនគាបសង្កត់អោយខ្ញុំព្រះករុណាខ្ញុំលក់គយ។ និយាយរួមប្រើពាក្យថា លក់គយ។ វាជារឿងមិនត្រឹមត្រូវទាល់តែសោះ។ អ្នកដែលធ្លាប់ដាក់ការគាបសង្កត់មកលើខ្ញុំ អ្នកមិនចាំបាច់មានការខ្មាសអៀនទេ។ អ្នកអាចទទួលស្គាល់ថា អ្នកបានធ្វើកំហុស។ ប៉ុន្តែ ហ៊ុន សែន មិនព្រមខុស ឬធ្វើខុសតាមអ្នកនិយាយ។ នៅលើលោកនេះ តើប្រទេសប៉ុន្មានដែលលក់គយនោះ? ដាក់ការប្រជុំ រួចហើយចេញឯកសារយ៉ាងល្អ យកទៅឆ្លងគណៈរដ្ឋមន្រ្តី។ ប្រហែលជាមានមួយចំនួននៅចាំពេលនោះ។ ខ្ញុំចង្អុលមុខ។ ពេលនោះ គេអោយរដ្ឋគ្រប់គ្រងពាក់កណ្ដាល និងអោយឯកជនកាន់កាប់ពាក់កណ្ដាល។ គេគូសជាក្រឡោន ម្ខាងគេហៅថា government sector និងម្ខាងទៀត private sector ហើយ private sector មានពីរគន្លាក់។

គយជាសេវាអធិបតេយ្យ

គេត្រៀមក្រុមហ៊ុនបរទេសរួចស្រេចទៅហើយ ប៉ុន្តែខ្ញុំបានបញ្ជាក់ដាច់ខាត គយគឺជាសេ​វាអធិបតេយ្យ ដែលមិនអាចអោយអ្នកណាបានទេ។ ព្រោះអ្វី? គយពិតប្រាកដ នៅពេលដែលមានរត់ពន្ធ និងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ មានទាំងនាវាល្បាត មានទាំងឧទ្ធម្ភាគចក្រល្បាត មានទាំងអាវុធ។ អញ្ចឹងតើត្រូវអោយឯកជនមកគ្រប់បានទេ។ កោតតែគេធ្វើទៅរួច។ អាងតែកម្ពុជាស្លូត។ ហ៊ុន សែន មិនស្លូតជាមួយទេ។ មនុស្សមួយចំនួនអាចនឹងដឹងពីបញ្ហានេះ។ ខ្ញុំនៅចាំបាន។ ឆ្នាំ ២០០៦ ប្រជុំនៅគណៈរដ្ឋមន្រ្តី រួចហើយមើលចំណាររបស់ខ្ញុំជូនចំពោះឯកឧត្តម គាត ឈន់ នៅពេលនោះ … ថា អ្នកណាទៅចូលរួម ខ្ញុំដកចេញពីតំណែង ដេញ​ចោលពីរដ្ឋាភិបាល។ រួចហើយខ្ញុំចារថា “កុំទិញត្រឹមគយ ទិញសិទ្ធិពីនាយករដ្ឋមន្រ្តីតែម្ដងទៅ វាធំជាង”។ នាយករដ្ឋមន្រ្តី គឺជាបេក្ខជនរបស់គណបក្ស ដែលចេញមកពីគណបក្សឈ្នះឆ្នោត។ អញ្ចឹងពេលដែលគណបក្សឈ្នះឆ្នោតរួចហើយ យើងលក់សិទ្ធិហ្នឹងទៅឲ្យឯកជន ដើម្បីគ្រប់គ្រងជំនួសចំពោះគណបក្សតែម្តងទៅ។ មានអ្នកឯកទេសបរទេសពីរនាក់សរសេរសំបុត្រទុក។ បើមានកំហុសថ្ងៃក្រោយ កុំទម្លាក់ឲ្យគាត់ ព្រោះគាត់ត្រូវការប្រាក់ខែពីគេដែរ។ អញ្ចឹងគាត់រក្សាសំងាត់។ សំបុត្រនេះយើងរក្សារហូតមកដល់ពេលនេះ។

គ្រាមុន ចំណូលគយគ្របដណ្តប់ ៨០% មានពី ១០ ទៅ ២០លានដុល្លារ/ខែ

ជារឿងអាក្រក់ណាស់។ បច្ចុប្បន្ននេះ ខ្ញុំនិយាយពីរចនាសម័្ពន្ធចំណូលសិន ហើយមុនមកនិយាយពីប្រាក់ចំ​ណូល​គយ។ រចនាសម្ព័ន្ធប្រាក់ចំណូលរបស់កម្ពុជាកាលពីមុននេះ គយគ្របដណ្តប់ ៨០% ចំណូលផ្ទៃក្នុងត្រឹមតែ ២០% ប៉ុណ្ណោះ។ ហ្នឹងជារចនាសម្ព័ន្ធ។ ពេលនោះពន្ធផ្ទៃក្នុងរបស់យើងតិចតួចណាស់ យើងពឹងពាក់ទៅលើចំ​ណូលគយ ដែលមុននោះចំណូលគយតាមច្រកកំពង់សោម តាមច្រកកោះកុង និងតាមច្រកស្វាយរៀង។ ប៉ុន្តែចំណូលគយនៅតាមរយៈច្រកកំពង់សោមនេះ នៅតែជាចំណូលធំ។ ប៉ុន្តែ ៨០% នៃចំណូលគយកាលពីពេលនោះ វាមានត្រឹមតែ ១០ លានដុល្លារអាមេរិក ឬខ្ពស់បំផុត ២០ លានដុល្លារអាមេរិក តែប៉ុណ្ណោះក្នុងមួយខែ។ ឥឡូវ​រចនាសម្ព័ន្ធនៃចំណូលរបស់យើងបានផ្លាស់ប្តូរហើយគឺ នេះជានិន្នាការទូទៅនៅលើពិភពលោក។

បច្ចុប្បន្ន ចំណូលគយថយនៅត្រឹម ៤០% តែប្រមាណ ២០០ លានដុល្លារ/ខែ

ពីមុនគយរបស់យើងគ្របដណ្តប់ ៨០% ប៉ុន្តែទំហំនៃប្រាក់ចំណូលត្រឹមតែ ១០ លានដុល្លារសហរដ្ឋអាមេរិក ឬ ២០ លានដុល្លារសហរដ្ឋអាមេរិកទេ។ ឥឡូវប្រាក់ចំណូលផ្ទៃក្នុងរបស់យើង បានកើនទៅដល់ ៦០% គយថយមកនៅ ៤០% ទៅវិញ។ ប៉ុន្តែកុំភ្លេចថាគយ ៤០% ពិតមែន ក៏ប៉ុន្តែប្រាក់ចំណូលក្នុងមួយខែគឺជុំវិញ ២០០ លានដុល្លារអាមេរិក។ ខែខ្លះក្រោម ២០០ លានដុល្លារអាមេរិកបន្តិច ខែខ្លះកើនលើស ២០០ លានដុល្លារអាមេរិក។ យើងគិតថាជុំវិញ ២០០ លានដុល្លារអាមេរិក។ អញ្ចឹង ពីមុនគយគ្របដណ្តប់ ៨០% នៃប្រាក់ចំណូល ប៉ុន្តែប្រាក់ចំណូលនោះបានត្រឹមតែ ១០ លានដុល្លារអាមេរិក ឬ ២០ លានដុល្លារអាមេរិក។ ឥឡូវចំណូលគយគិតជាភាគរយមកនៅត្រឹមតែ ៤០% ប៉ុន្តែចំណូលគយរក្សាទំហំនៃប្រាក់ចំណូលគឺក្នុងឆ្នាំ ២០១៨ នេះ ក្នុងមួយខែនៅជុំវិញ ២០០ លានដុល្លារអាមេរិក។ ប្រសិនបើពេលនោះខ្ញុំសម្រេចចិត្តលក់គយពាក់កណ្តាល ប្រាក់ចំណូល ១០០ លានដុល្លារអាមេរិក នឹងឲ្យឯកជនទាំងអស់។ អាហ្នឹងត្រូវមើលឲ្យឃើញ។

ការសម្រេចចិត្ត មិនប្រាកដថាពួកប្រទេសក្រៅពូកែជាងយើងទេ គ្រាន់តែគេមានភ័ព្វសំណាងកើតនៅក្នុងប្រ​ទេសអ្នកមានតែប៉ុណ្ណោះ។ ឲ្យខួរក្បាលរបស់គេឆ្លាតវៃជាងយើងមិនទាន់ប្រាកដទេ។ ឲ្យមានចំណេះដឹងលើសពីអ្នកកើតក្នុងប្រទេសក្រីក្រគឺមិនទាន់ប្រាកដទេ។ យើងពិនិត្យមើលឃើញអ្នកឯកទេសនៅក្នុងធនាគារពិភពលោក ឬក៏ក្នុង IMF មួយភាគចេញពីប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាហ្រ្វិក ដែលពូកែៗធ្វើការក្នុងធនាគារពិភពលោក ធ្វើការក្នុងតំបន់នេះ តំបន់នោះ។ ឥណ្ឌាក៏ធ្វើការច្រើនដែរ ប៉ាគីស្ថានក៏ធ្វើការច្រើនដែរក្នុងក្របខណ្ឌធនាគារអភិវឌ្ឍន៍អាស៊ីក្តី ធនាគារពិភពលោក និង IMF ក្តី​។ និយាយពីខួរក្បាល មិនប្រាកដថាអ្នកដែលកើតនៅក្នុងប្រទេសអ្នកមាននោះ មានខួរក្បាលពូកែជាងអ្នកកើតក្នុងប្រទេសក្រីក្រទេ។ វាក៏ដូចគ្នាដែរ វាមិនប្រាកដថាកូនដែលកើតនៅក្នុងគ្រួសារអ្នកមានប្រាក់ និងគ្រួសារអ្នកមានអំណាចវាពូកែជាងកូនកសិករ ឬកូនកម្មករ ដែលកើតក្នុងស្ថានភាពខ្វះខាតនោះទេ។ បញ្ហាស្ថិតនៅត្រង់ថាពួកគេបានរៀនសូត្រ ទើបបង្កលក្ខណៈឲ្យមានការរៀនសូត្រ កាត់បន្ថយគម្លាតខួរក្បាលឲ្យខានតែបាន។

យើងត្រូវប្រឹងប្រែងខ្លួនឯង ដើម្បីការតភ្ជាប់ផ្លូវរថភ្លើង

ខ្ញុំព្រះករុណាខ្ញុំ ឲ្យតែនឹកឃើញដល់រឿងហ្នឹង នឹកឃើញគេប្រមាថកាលពេលហ្នឹង។ គេថាទាល់តែយើងធ្វើអាហ្នឹងបានគេឲ្យចាយលុយអានោះ។ គេដាក់អញ្ចឹងមកតែម្តង។ គេដាក់លក្ខខណ្ឌរបស់គេ … ឲ្យយើងធ្វើឯកជនូ​ បនីយកម្មចម្ការកៅស៊ូទាំងអស់ ឲ្យយើងធ្វើឯកជនូបនីយកម្មក្រុមហ៊ុននេសាទ និងក្រុមហ៊ុនជីកសិកម្មរបស់ក្រសួងកសិកម្ម ដើម្បីយើងចាយលុយអាធ្វើផ្លូវរថភ្លើង។ ទីចុងបំផុត ផ្លូវរថភ្លើងក៏វានៅតែជាផ្លូវរថភ្លើងអត់បានប្រយោជន៍អី។ ចងមុងដេញថ្លៃ។ អត់ឲ្យក្រុមហ៊ុនផ្សេងដែលមានការពាក់ព័ន្ធជាមួយរដ្ឋចូលដេញថ្លៃទេ។ ទីចុងបំផុតវាស្មើនឹងបរាជ័យ។ ទីចុងបំផុតយើងត្រូវប្រឹងខ្លួនឯង ដើម្បីតភ្ជាប់ផ្លូវរថភ្លើងមកដល់កំពង់សោម មកដល់ក្រុងព្រះសីហនុ ដែលខ្ញុំក៏បានធ្វើដំណើរ ហើយព្រះករុណាជាអង្គម្ចាស់ ក៏ដូចជាហ្លួងម៉ែ ក៏បានធ្វើព្រះរាជដំណើរមកកាន់កំពង់សោមកាលពីឆ្នាំទៅ។ មួយទិសទៀតពីបោយប៉ែត មកភ្នំពេញ យើងត្រូវប្រឹងខ្លួនឯងទាំងអស់​។ ឥឡូវយើងបានបើកពីបោយប៉ែត មកបាត់ដំបង ពីបាត់ដំបង មកដល់ពោធិ៍សាត់ ហើយប៉ុន្មានថ្ងៃខាងមុខនេះ នឹងបើកតភ្ជាប់មកទីក្រុងភ្នំពេញ …។

សន្ដិភាពសម្រេចបានដោយបាតដៃខ្មែរ /ឆ្នាំនេះជាខួបទី ២០ នៃការបញ្ចប់សង្គ្រាម

ថ្ងៃនេះប្រហែលជាមិត្តភក្តិជប៉ុនក៏បានស្តាប់រឿងនេះដែរ។ ប្រវត្តិពួកយើងខ្ញុំនេះជាប្រវត្តិពិបាក ប៉ុន្តែជាប្រវត្តិដែលមោទនភាព។ យើងខ្ញុំសម្រេចសន្តិភាព គឺដោយសារបាតដៃខ្មែរខ្លួនឯង។ អ៊ុនតាក់ ចាយលុយ ២០០០ លានដុល្លារអាមេរិក ដកត្រឡប់ទៅវិញ ខ្មែរនៅតែកាប់ចាក់គ្នា វាយគ្នា តំបន់ត្រួតត្រាពីរ ផ្លូវភ្នំពេញ កំពង់សោមផ្លូវភ្នំ​ពេញ កំពង់សោម នៅតែមានការបាញ់។ យើងខ្ញុំអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព ២០ ឆ្នាំ(មកហើយៗ) ឆ្នាំនេះនឹងធ្វើខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់យើង។ តាមរយៈនៃសន្តិភាពនោះហើយ ដែលផ្តល់ឱកាសឲ្យយើងមានការអភិវឌ្ឍ រាប់ទាំងជប៉ុនហ៊ានឲ្យខ្ចីប្រាក់ ព្រោះកម្ពុជាមានសមត្ថភាពនឹងសងត្រឡប់ទៅវិញ។

សន្សំប្រាក់ចំណូល សងបំណុលបណ្តោះៗ

ពេលដែលយើងជំពាក់គេ យើងត្រូវសងគេ ទាំងដើមទាំងការ។ អញ្ចឹងទេ យើងត្រូវសន្សំប្រាក់ចំណូលដែលបានមកពីកំពង់ផែ ត្រូវតែមានលទ្ធភាពដើម្បីសងបណ្តោះៗ។ ខ្ចីចេះតែខ្ចី ប៉ុន្តែអាសងចេះតែសង ព្រោះលុយខ្លះដល់ដំណាក់កាលដែលត្រូវសង … ដើម្បីកុំឲ្យវាគនបំណុល។ ការគ្រប់គ្រងបំណុលនេះទៀតសោត បើសិនជាខ្ចីគឺខ្ចីទាក់ទងទៅនឹងអ្វីដែលជាសំណូមពរនៃសេចក្តីត្រូវការនៃការអភិវឌ្ឍតែប៉ុណ្ណោះ មិនអាចខ្ចីយកមកដើម្បីគ្រាន់តែសប្បាយ។ សូម្បីតែស៊ីហ្គេម យើងសុំពន្យារពេលតែម្តង បងប្អូនខ្លះសួរថាហេតុអី? សូម្បីតែប្រទេសឡាវ និងប្រទេសដទៃ គេធ្វើស៊ីហ្គេមអស់ហើយ ឯកម្ពុជាអត់ទាន់ធ្វើស៊ីហ្គេម។ ឥឡូវយកលុយ ១០០ ទៅ ២០០ លានដុល្លារធ្វើស៊ីហ្គេម តើបានលុយឯណាធ្វើកំពង់ផែ? ហើយម្យ៉ាងទៀត ប្រហែលជាជប៉ុនមិនឲ្យកម្ពុជាខ្ចីលុយមកធ្វើស៊ីហ្គេមទេ កុំឆ្ងល់ពេកនោះ។ ជប៉ុនសិក្សាច្បាស់ណាស់មុននឹងឲ្យខ្ចីនោះ។ តើខ្ចីយកទៅអនុវត្តគម្រោងអី។ គេក៏សិក្សារបស់គេដែរ មិនមែនចេះតែខ្ចីបានៗនោះទេ។ ត្រូវមានគម្រោងជាក់លាក់ ដូចជាគម្រោងនេះ ជាគម្រោងដែលនាំមកនូវការរីកចម្រើនខាងសេដ្ឋកិច្ច ព្រោះវាមានអន្តរសកម្មខ្លាំងណាស់។ បើយើងអត់មានកំពង់ផែនេះទេ តើអ្នកណាមកវិនិយោគ ហើយតើយើងនាំចេញនាំចូលតាមច្រកណា …។

កំណើនសេដ្ឋកិច្ច តម្រូវអោយពង្រីកផែទទួលនាវាផ្ទុក ៥ ម៉ឺនតោន ឈានទៅ ៦ និង ១០​ ម៉ឺនតោន

ឥឡូវយើងបានឯកភាពគ្នាជាមួយនឹងបញ្ហាការចូលទីផ្សារភាគហ៊ុន ដែលក្នុងនោះ ជប៉ុនក៏ទិញមួយភាគ ដើម្បីរួមចំណែកទៅលើការដោះស្រាយការអភិវឌ្ឍពេលខាងមុខនេះ។ ខ្ញុំព្រះករុណាខ្ញុំហាក់ដូចជាបាននិយាយច្រើន ក៏ប៉ុន្តែនេះជាការរំលឹក ហើយក៏ជាការឲ្យបានមើលឃើញអំពីកំណើននៃសេដ្ឋកិច្ចរបស់កម្ពុជា។ បើសិនជាសេដ្ឋកិច្ចរបស់យើងមិនជឿនលឿនទេ វាមិនមានការចាំបាច់ពង្រីកពី ១ ម៉ឺនតោន មក ៥ ម៉ឺនតោនទេ ហើយវាមិនមានការចាំបាច់ដើម្បីពង្រីក ដើម្បីឲ្យវាកើនដល់ ៦ ម៉ឺនតោនដែរ ហើយសិក្សាពីលទ្ធភាពចូលដល់ ១០ ម៉ឺនតោននោះ។ អញ្ចឹងដើម្បីឲ្យវាចូលបាន វាទាល់តែបូមសមុទ្រតែម្តង ដើម្បីពង្រីកទឹកឲ្យវាជ្រៅ ដើម្បីវាចូលបាន។ អាហ្នឹងរឿងវាអញ្ចឹង។

សម័យកៅស៊ូចងជើងខោ

សូមអរគុណ និងកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល ក៏ដូចជាគណៈគ្រប់គ្រងនៃកំពង់ផែស្វយ័ត​នៃក្រុងព្រះសីហនុ។ កោតសរសើរចំពោះកម្មករ/ការិនី ដែលធ្វើការនៅទីនេះ ហើយក៏សូមគោរពចំពោះវិញ្ញាណក្ខន្ធ ចំពោះអ្នកដែលបានស្លាប់ទៅ … ឥឡូវនេះច្បាស់ជាមានកូនចៅខ្លះដើម្បីបន្តការងារ។ កាលពីសម័យនោះ ខ្ញុំនៅចាំណាស់ នៅចាំត្រង់ថាកម្មករនីមួយៗ សុទ្ធតែយកកៅស៊ូចងជើងខោ … ហេតុអី? ដោយសារតែលីបាវ។ កាលហ្នឹងមិនមានកុងទឺន័រ មិនមានដងស្ទួចអញ្ចឹងទេ។ កប៉ាល់មួយៗចូលមក ត្រូវតែលីមួយបាវម្តងៗ … គាត់លីបានមួយបាវ គាត់ទម្លាក់ចូលជើងខោរបស់គាត់ បានប្រហែលជា ២ ក្តាប់អញ្ចឹងទៅ។ ខ្ញុំមក បងប្អូនប្រាប់ថា កម្មករចេះតែលួចអង្ករ។ ខ្ញុំថាកុំទៅខ្វល់អារឿងលួចអង្ករតាមជើងខោ ត្រូវខ្វល់អាលួចអង្ករទាំងឡាននោះ។ គ្នាយកទៅណា? ពេលនោះ មកធ្វើការបានតែកម្មករទទួលរបប ចុះប្រពន្ធកូនបានអីស៊ី … មិនមែននិយាយអញ្ចឹងលើកទឹកចិត្តឲ្យគាត់លួចឯណា ក៏ប៉ុន្តែការលួចនោះ យើងត្រូវទប់ស្កាត់អាលួចទាំងឡាន ទាំងបាវ …។

សូមជប៉ុន ចលនាក្រុមហ៊ុន ឲ្យមកធ្វើផលិតកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស

ចាប់ផ្តើមពីពេលនោះ ឥឡូវរយៈពេលជិត ៤០ ឆ្នាំហើយ។ នៅសល់តែប៉ុន្មានខែគ្រប់ ៤០ ឆ្នាំហើយ នៃការចូលពាក់ព័ន្ធរបស់ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងកំពង់ផែក្រុងព្រះសីហនុនេះ។ ឆ្លងកាត់ដំណាក់កាលមួយៗ រហូតមកដល់ការចូលរួមរបស់ជប៉ុន នៅក្នុងការចូលរួមពាក់ព័ន្ធពង្រីក ហើយរួមទាំងនៅផ្នែកខាងក្រៅនេះ គឺមានតំបន់សេដ្ឋកិច្ចពិសេស។ សង្ឃឹមថា មិត្តជប៉ុននឹងជួយចលនាក្រុមហ៊ុនជប៉ុនឲ្យមកចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកន្លែងនេះ ដើម្បីជម្រុញការផលិតរបស់កម្ពុជាបន្តទៀត ព្រោះជប៉ុនក៏មានការផលិតមួយចំនួន ផលិតចេញពីកម្ពុជា ក៏ប៉ុន្តែនាំចេញទៅជប៉ុន។ ដូច្នេះក៏អាចប្រើវិធីសាស្ត្រផ្សេងៗ ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់តំបន់សេដ្ឋកិច្ចពិសេស ដែលជាប់ទៅនឹងកំពង់ផែនេះ។

អបអរជប៉ុនដែលស្មើនឹងសេនេហ្កាល់ ហើយជូនពរបន្ដទៅវគ្គបន្ដ ព្រោះជាមោទនភាពរបស់អាស៊ីយើង

សុំអបអរសាទរដែរ ដែលយប់មិញនេះ ជប៉ុនបានយកស្មើជាមួយនឹង សេនេហ្កាល់ ហើយគ្រាប់ទី ២ ជាគ្រាប់របស់ ហុងដា ហើយ ហុងដា នេះធ្លាប់មកជួបជាមួយខ្ញុំនៅភ្នំពេញ។ ខ្ញុំពឹងពាក់ ហុងដា ឲ្យជួយហ្វឹកហាត់ ប៉ុន្តែ មួយផ្នែក ឲ្យ ហុងដា ជួយទៅលើវិស័យ ២។ ទី ១ អំពាវនាវឲ្យយុវជនកុំឲ្យប្រើគ្រឿងញៀន និងទី ២ ឲ្យ ហុងដា ជួយទៅលើបញ្ហាពាក់មួកសុវត្ថិភាព។ ព្រោះតួល្បីៗ អ្នកបាល់ទាត់ល្បីៗ សូម្បីតែ ប៉ាគីអៅ ជនជាតិហ្វីលីពីនអ្នកប្រដាល់ដ៏ល្បី ក៏ខ្ញុំពឹងពាក់ឲ្យមកជួយរឿងហ្នឹងដែរ។ ដល់ឃើញពួកហ្នឹងពាក់អញ្ចឹងទៅ យុវជនពាក់តាម ហុងដា ទៅ ពាក់តាម ប៉ាគីអៅ។ ហុងដា បានមកជួបជាមួយខ្ញុំៗទទួលយ៉ាងត្រឹមត្រូវ … យប់មិញកូឡុំប៊ីឈ្នះប៉ូឡូញ អញ្ចឹង ប៉ូឡូញទើបនឹងមាន ៣ ពិន្ទុទេ។ ជប៉ុនត្រូវតែយកឈ្នះប៉ូឡូញ ទើបជប៉ុនមានលទ្ធភាពទៅវគ្គ ១៦ (ក្រុម)។ ជាមោទនភាពរបស់អាស៊ី មិនមែនគ្រាន់តែជប៉ុនទេ ព្រោះអាស៊ីមានកៅអីបានតែ ២ នាក់ បានតែជប៉ុន និងកូរ៉េខាងត្បូង ឥឡូវកូរ៉េខាងត្បូងត្រូវហាលអាវហើយ។ នៅមានលទ្ធភាពជប៉ុននឹងឡើងទៅវគ្គ ១៦ ផ្តាច់ព្រ័ត្រ។ សូមជូនពរទុកឲ្យហើយ …។

អំពាវនាវកុំឲ្យមានការភ្នាល់បាល់

យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំលេងភ្នាល់បាល់។ ឥឡូវ មានថ្នាក់ដាក់ clip លេងនិយាយថា ស៊ីសៀងមានអីមិនល្អ ស៊ីសៀងគឺជាមោទនភាព ដោយសារតែយើងចាញ់បាល់។ វាទៅជាអញ្ចេះទៅ។ កុំលេងភ្នាល់បាល់នៅក្នុងរដូវនេះ។ នៅប្រទេសខ្លះ ខ្ញុំដឹងថាមានលោតសម្លាប់ខ្លួន ដោយសារការចាញ់ធ្ងន់ពេក ជាពិសេសចាក់អាល្លឺម៉ង់ហ្នឹង។ ចាក់អាល្លឺម៉ង់សុទ្ធតែតគ្រាប់ ទាល់តែអាល្លឺម៉ង់ស៊ី ២-០ ឬ ៣-០ ទើបគេចាត់ទុកថាគេឈ្នះ ប៉ុន្តែ មិននឹងស្មានថាអាល្លឺម៉ង់ចាញ់មិចស៊ិក ១-០ វិញ អញ្ចឹងត្រូវចាញ់ផ្កាប់មុខ។ អញ្ចឹងបានជាមានប្រទេសខ្លះ មានមនុស្សលោត(សម្លាប់ខ្លួន)។ អ្នកណាមួយនោះបង្ហោះហ្វេសប៊ុក​ថា ជនជាតិអាល្លឺម៉ង់បានរំដោះម៉ូតូចេញពីកុងស៊ីច្រើនណាស់ ដោយសារអាល្លឺម៉ង់ឈ្នះស៊ុយអែត គេថាអ្នករកគ្រាប់បាល់ឲ្យអាល្លឺម៉ង់ចុងក្រោយ បានរំដោះម៉ូតូចេញពីកុងស៊ី ព្រោះគេយកម៉ូតូហ្នឹងទៅបញ្ចាំនៅកុងស៊ីហើយ បានយកលុយហ្នឹងមកភ្នាល់។ ដល់ទៅពេលបើសិនជាអាល្លឺម៉ង់ចាញ់ ម៉ូតូហ្នឹងវានៅនឹងកុងស៊ីនោះ ប៉ុន្តែ អាល្លឺម៉ង់ឈ្នះទៅ វាបានរំដោះយកម៉ូតូត្រឡប់មកវិញ។

អញ្ចឹងសូមអំពាវនាវកុំឲ្យមានព្រឹត្តិការណ៍អីកើតឡើងនៅក្នុងពេល ដែលមានការប្រកួត កុំឲ្យក្លាយទៅជាអ្នកជំពាក់បំណុលគេ ដោយសារតែល្បែងភ្នាល់បាល់។ ពិតហើយ ខ្ញុំភ្នាល់ឆ្លងប្រទេស ប៉ុន្តែ អត់ដាក់លុយទេ។ មកដល់ម៉ោងនេះ ខ្ញុំឈ្នះ ១២-៨ បានសេចក្តីថា ខ្ញុំកំពុងឈ្នះ ៤ ប្រកួត។ ជានិច្ចជាកាល ម្នាក់ហ្នឹង ខ្ញុំភ្នាល់កាត់ប្រ​ទេស វាយ(សារ)ឆ្លងឆ្លើយគ្នា ហើយបញ្ជូនសារឲ្យគ្នា។ ប៉ុន្តែ មិនមែនដាក់លុយទេ គ្រាន់តែដល់ពេលវេលាចុងក្រោយ គឺចុះហត្ថលេខាលើអាវ តាំងពី ១៩៩៨ មករហូត ភ្នាល់ជាមួយម្នាក់ហ្នឹង។ អញ្ចឹង ខ្ញុំចាប់ត្រូវៗណាស់។ យប់មិញ ខ្ញុំចាប់ជប៉ុន ព្រោះអាស៊ីត្រូវកាន់ជើងអាស៊ីគ្នាឯង ទោះបីចាញ់ក៏ដោយឈ្នះក៏ដោយ។ កាលពីទាត់ជាមួយកូឡុំប៊ី ខ្ញុំឈ្នះមួយប្រកួត។ ដល់យប់មិញស្មើ អត់អីទេ។ សង្ឃឹមថានឹងឈ្នះប៉ូឡូញដើម្បីឈានទៅមុខ។

អំណោយជូនអ្នកចូលរួម

ទៅនិយាយទៅឯណានោះ។ ប៉ុន្តែ កីឡាក៏ជាផ្នែកមួយសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង ដែលនឹងឈានទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ដែរ។ ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់លោកយាយលោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់សមួយដុំ ថវិកា ២ ម៉ឺនរៀល។ ជូនក្រុមកាយាឫទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ២.៦៨២ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិខ ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនគរុសិស្សចំនួន ៧០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនកម្មករ បុគ្គលិក ១.០០០ នាក់ ក្នុងម្នា្កក់ៗ ២ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ក្រុងព្រះសីហនុ ចំនួន ៨៧៤ នាក់ ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន មិត្តភាព សង្កាត់លេខ ៣ ថវិកា ២ លានរៀល។ ជូនវិទ្យាល័យក្រុងព្រះសីហនុ សង្កាត់លេខ ៣ ថវិកា ២ លានរៀល។ ជូនសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តព្រះសីហនុ ថវិកា ៣ លានរៀល។ ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ ថវិកា ៣ លានរៀល។ ជូនសាលាក្រុងព្រះសីហនុ ថវិកា ២ លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។ លោកគ្រូ អ្នកគ្រូ ប្រាក់ខែឡើងច្រើនជាងពីមុនលើស ២ ដងហើយ។ ២០១៣ មុនដាច់អាណត្តិទី ៤ ចូលអា​ណត្តិទី ៥ ប្រាក់ខែពេលនោះ គឺប្រមាណ ៤០ ទៅ ៥០ ម៉ឺនរៀលប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោកគ្រូ អ្នកគ្រូបច្ចប្បន្នមានប្រាក់ខែរហូតទៅដល់ជាង ១ លានរៀល ទៅហើយ បើគិតជាដុល្លារវាស្មើនឹង ២៥០ ដុល្លារជាង។ មុនដាច់អា​ណត្តិទី ៤ ចូលអាណត្តិទី ៥ ប្រាក់ខែពេលនោះ គឺប្រមាណជា ៤០-៥០ ម៉ឺនរៀលតែប៉ុណ្ណោះ ក៏ប៉ុន្តែលោក/អ្នកគ្រូបច្ចុប្បន្នមានប្រាក់ខែរហូតជាង ១ លាន(រៀល) បើគិតជាដុល្លារ គឺវាស្មើនឹង ២៥០ ដុល្លារ(អាមេរិក)ជាង។

កម្មករទាំងក្នុងប្រព័ន្ធ/ក្រៅប្រព័ន្ធ ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ

ជាមួយនឹងកម្មករកាត់ដេររបស់យើង កាលឆ្នាំ ២០១៣ ប្រាក់ខែត្រឹមតែ ៨០ ដុល្លារ(អាមេរិក)ទេ ឥឡូវ ឡើងទៅដល់ ១៧០ (ដុល្លារអាមេរិក) ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត ក៏បានឈានទៅដល់ ២០០ ដុល្លារ(អាមេរិក)ដែរ។ កម្មករទាំងអស់ ទាំងក្នុងប្រព័ន្ធទាំងក្រៅប្រព័ន្ធ និងទទួលបាននូវការពិនិត្យ (និង)ព្យាបាល(ជំងឺ)ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀតដែលទទួលបាន ក្នុងនោះរាប់ទាំងបញ្ហាកូនខ្ចី ដែលត្រូវទទួលបាននូវប្រាក់ឧបត្ថម្ភពីរដ្ឋ។

ឆ្នាំនេះសង្ឃឹមកំណើនសេដ្ឋកិច្ចនឹងបន្តកើន ៧% ជាបន្តទៀត

នេះបណ្តាលមកពីកំណើនសេដ្ឋកិច្ចរបស់យើងកើន ក្នុងអត្រា ៧% ក្នុងមួយឆ្នាំ ហើយយើងសង្ឃឹមថា ឆ្នាំនេះ នៅបន្តកើនក្នុងកម្រិតជុំវិញ ៧% ជាបន្តទៀត ដែលនឹងធ្វើឱ្យប្រាក់ចំណូលប្រជាពលរដ្ឋរបស់យើងនឹងកាន់តែខ្ពស់ទៅៗ។ ប៉ុន្តែ ដើម្បីរក្សាបាននូវប្រាក់ចំណូល ការងារ និងការអភិវឌ្ឍបែបនេះ គឺទាមទារនូវការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍបន្ត។ គ្មានទេប្រទេសដែលមានសង្គ្រាម ហើយមានការអភិវឌ្ឍនោះ វាអត់មានទេ។ លើការជាក់ស្តែង សង្គ្រាមកើតឆ្នាំ ១៩៧០ មានតែនាំមកនូវវិនាសកម្មតែប៉ុណ្ណោះ … ប្រទេសរបស់យើងជួបសោកនាដកម្មគ្រប់គ្រាន់ហើយ។ គ្រួសារនីមួយៗសុទ្ធតែបាត់បង់សមាជិកគ្រួសារ ដោយសារសង្គ្រាម និងរបប ប៉ុល ពត​។ ឥឡូវ យើងមានប៉ុណ្ណឹងហើយ យើងពិតជានឹងបន្តការរីកលូតលាស់ ទោះបីជាមិនទាន់ស្កប់ស្កល់ចិត្ត ក៏ប៉ុន្តែយើងមានស្ថានភាពខុសគ្នាដាច់ស្រឡះ រវាងឆ្នាំ ១៩៧០-១៩៧៥ និង(ឆ្នាំ) ១៩៧៥-១៩៧៩ ដែលយើងជួបការលំបាក។ យើងក្រីក្រណាស់ក្រោយឆ្នាំ ១៩៧៩។

ដើម្បីធានាដល់សន្តិភាព និងការអភិវឌ្ឍ សូមបោះឆ្នោតឱ្យគណបក្សប្រជាជន

ឥឡូវនេះ យើងស្ថិតនៅក្នុងស្ថានភាពមួយ ដែលកំពុងមានការអភិវឌ្ឍ ហើយដើម្បីធានាដល់សន្តិភាព និងការអភិវឌ្ឍ វាងាយស្រួលទេ គឺបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅឈរលេខរៀងទី ២០ គឺវាឆាប់ចប់ទេ។ នេះជាការធានាអះអាងតែមួយគត់ ដែលច្បាស់លាស់ ដែលមានក្នុងដៃ ព្រោះការជាក់ស្តែង អ្នកដែលកំពុងនិយាយនេះ គឺជាអ្នកដែលកំពុងធានារួចទៅហើយ … មិនមែនជាអ្នកថ្មីថ្មោងនោះទេ។ ប្រ​ជាពលរដ្ឋរបស់យើងអាចយល់បានអំពីបញ្ហានេះ។ នេះមិនមែនសម័យឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែ ថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខ យើងនឹងមានការបោះឆ្នោតដោយមាន ២០ គណបក្សចូលរួម។ ដូច្នេះ ប្រជាពលរដ្ឋរបស់យើងអញ្ជើញទៅបោះឆ្នោត តាមបក្សណាដែលខ្លួនស្រឡាញ់ តែខ្ញុំនៅតែអំពាវនាវថា បើចង់រក្សាសន្តិភាព ចង់រក្សានូវការអភិវឌ្ឍ គឺសូមបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះគ្មានអ្នកណាចលនាទៅបោះឆ្នោតឲ្យបក្សដទៃទេ។ មិនដែលមានមេបក្សនយោបាយណា សកម្មជនបក្សណាទៅចលនាអោយគេបោះឆ្នោតអោយបក្សដទៃ។ វាអត់មាន។ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ខ្ញុំក៏ត្រូវចលនាអោយគេបោះឆ្នោត​អោយគណបក្ស​ប្រជាជនដែរ​ ក៏ប៉ុន្តែ យើងអត់បង្ខំទេ។ ស្រឡាញ់បក្សណាបោះឱ្យបក្សហ្នឹងទៅ។ តែអ្វីដែលត្រូវត្រិះរិះ សន្តិភាព និងការអភិវឌ្ឍ រក្សាបានតាមរយៈ នៃការបន្តដឹកនាំរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ។

ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវចំណតផែពហុបំណង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ