ប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានក្រោយពិធីបិទកិច្ចប្រជុំ CLMV លើកទី៩

នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ បន្ទាប់ពីពិធីបិទនៃកិច្ចប្រជុំ CLMV រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ CLMV និងផែនការសកម្មភាពសំខាន់ៗ។

ថ្លែងទៅកាន់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ ដោយបានធ្វើជាប្រធានកិច្ចប្រជុំកំពូល CLMV លើកទី ៩ នេះ ហើយកិច្ចប្រជុំនេះ គឺទទួលបាននូវភាពជោគជ័យ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា” ។

សម្តេចតេជោបន្តថា នេះគឺជាលើកទីមួយហើយដែលកិច្ចប្រជុំ CLMV ត្រូវបានរៀបចំឡើងដោយប្រទេសថៃ និងដឹកនាំដោយកម្ពុជា។ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃសម្រាប់ការសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។

ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅ បន្ទាប់ពីការបង្កើត CLMV ប្រទេស CLMV បានទទួលនូវវឌ្ឍនភាពជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាល ប្រមុខរដ្ឋ នៃប្រទេសទាំងបួន បានពិភាក្សាយ៉ាងស៊ីជម្រៅដោយផ្អែកលើស្មារតីមិត្តភាពទាក់ទងនឹងបញ្ហាប្រឈមរបស់ CLMV និងរួមគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងតួនាទីរបស់ CLMV សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស CLMV និងតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេស CLMV បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ នៃវិស័យអាទិភាពចំនួន ៨ រួមមាន វិស័យដឹកជញ្ជូន, ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ, ឧស្សាហកម្ម , ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្ស, កសិកម្ម, ថាមពល, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។

ដើម្បីសំរេចគោលបំណងនេះ យើងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងការសម្របសម្រួលយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ CLMV និងការតភ្ជាប់ប្រជាជនជាមួយគោលដៅអាទិភាពដូចខាងក្រោម៖

១) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូនប្រទេស CLMV ត្រូវបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែង និងសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន និងចលនាប្រជាជនរបស់ប្រទេស CLMV ។ ត្រូវបន្តលើកកម្ពស់ពាណិជ្ជកម្មឆ្លងកាត់ តាមការធ្វើសុខដុមនីយកម្មនីតិវិធីពាណិជ្ជកម្មតាមព្រំដែន ការអភិវឌ្ឍនៃបណ្តាញទីផ្សារព្រំដែន និងការសម្របសម្រួល នៃការវិនិយោគរបស់សហគ្រាស CLMV នៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។

២) ចំពោះវិស័យឧស្សាហកម្មបណ្តាប្រទេស CLMV បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ឬឧស្សាហកម្ម ពិសេសយន្តការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យមក៏ដូចជាការលើកកម្ពស់ភាពជាសហគ្រិនឆ្លាតវៃ និងការពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងស្តង់ដារ និងការធ្វើសុខដុមនីយកម្មសមស្រប ដើម្បីកាត់បន្ថយឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម។

៣) សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេស CLMV នឹងជំរុញការកាត់បន្ថយឧបសគ្គ ដែលមិនចាំបាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរក្នុងប្រទេស CLMV និងទាក់ទាញភ្ញៀវទេសចរចូលមកកាន់ប្រទេស CLMV កាន់តែច្រើនជាពិសេស ជំរុញភាពជាដៃគូ នៃផ្នែកឯកជនសាធារណៈ ក្នុងចំណោមបណ្តាប្រទេស CLMV

៤) កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ជាផ្នែកមួយផ្សេងទៀតដែលប្រទេស CLMV បានប្តេជ្ញាជំរុញតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្ត ជាពិសេសការអប់រំវិជ្ជាជីវៈ បច្ចេកទេស ការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សអោយមានគុណភាពខ្ពស់ និងបំពេញនូវតម្រូវការទីផ្សារការងារ បង្កើតមូលដ្ឋានទិន្នន័យ កម្មវិធីទីផ្សារការងារ និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកកម្ពស់កម្មវិធីរួមគ្នាក្នុងចំណោមស្ថាប័នបណ្ដុះបណ្ដាលភាសា​ និងភាសារបស់ CLMV និងកម្មវិធីផ្លាស់ប្តូររវាងមន្ត្រីអប់រំ អ្នកជំនាញគ្រូបង្រៀន អ្នកគ្រប់គ្រង សិស្ស និស្សិត បង្កើតការរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមកសម្រាប់គ្រូបង្រៀន​ និងគ្រូបង្ហាត់វិជ្ជាជីវៈក្នុងចំណោមប្រទេស CLMV

៥) បណ្ដាប្រទេស CLMV បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម តាមរយៈការបង្កើនផលិតផល និងពិពិធកម្មជំរុញការដាំដុះកសិឧស្សាហកម្មសម្រាប់ការនាំចេញ និងកែច្នៃតាមរយៈការអនុវត្ត «កិច្ចសន្យាកសិកម្ម» និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងព្រៃឈើតាមរយៈការស្រាវជ្រាវ​ និងការអភិវឌ្ឍ។

៦) លើវិស័យថាមពល យើងត្រូវលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការថាមពលកាន់តែច្រើន ជាពិសេសការតភ្ជាប់បណ្តាញអគ្គីសនី ការធ្វើពាណិជ្ជកម្មថាមពល និងការផ្លាស់ប្តូរថាមពល ការកសាងសមត្ថភាព និងជំនួយបច្ចេកទេស ដោយផ្អែកលើក្របខ័ណ្ឌអភិវឌ្ឍន៍ចីរភាព ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម ទាំងផលិតកម្ម នៃថាមពលស្អាតបង្កើនប្រសិទ្ធភាពថាមពល​ និងការអភិរក្ស។

សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ប្រទេស CLMV ត្រូវពន្លឿនការកសាងសមត្ថភាពលើជំនាញឌីជីថល ដើម្បីរៀបចំសម្រាប់បដិវត្ត នៃសេដ្ឋកិច្ចឌីជីថល លើកកំពស់ការតភ្ជាប់ឆ្លងកាត់ព្រំដែន និងសេវាកម្ម ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមអ៊ីនធឺណែត សកម្មភាពសេដ្ឋកិច្ច និងវប្បធម៌សង្គម។ ទន្ទឹមនឹងនេះយើងក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ិនធឺរណែត រួមទាំងកិច្ចសហប្រតិបត្តិការរវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកកុំព្យូទ័រនៃប្រទេស CLMV (CLMV CERTs) ផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។