(FN)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រោសព្រះរាជទានគោរមងារជូនមន្រ្តីជាន់ខ្ពស់ទាំង៨រូប គឺជារួមចំណែកសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការទទួលបាននូវសុខសន្តិភាពហើយនោះ កម្ពុជាក៏កំពុងជំរុញសេដ្ឋកិច្ច ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យកម្ពុជារត់ទាន់ពីការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ត្រូវជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។
* សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ គឺជាតម្រូវការចាំបាច់ ហើយជាតួនាទីស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មកំពុងផ្ទុះឡើងយ៉ាងពេញទំហឹងរវាងប្រទេសអភិវឌ្ឍន៍ជឿនលឿនទាំង៧ ជាមួយអាមេរិក រួមទាំងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន និងឥណ្ឌាជាដើម។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសង្គ្រាមពាណិជ្ជកម្មនេះ គឺជាសង្គ្រាមចាញ់ចាញ់មួយរបស់ពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមន្ត្រីកម្ពុជាតាមដានសិក្សាស្រាវជ្រាវ ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហារបស់ពិភពលោកមួយនេះ។
* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នយោបាយដំឡើងពន្ធ គឺធ្វើឲ្យប៉ះពាល់មុនគេ គឺអ្នកប្រើប្រាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបាននិងកំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ចមួយចំនួនសម្រាប់អនុវត្តន៍នៅអាណត្តិថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ សម្តេចនឹងប្រកាសចេញគោលការណ៍តម្លៃប្រេង ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដោយសារការដំឡើងថ្លៃប្រេងរបស់ពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា បញ្ញវន្តទាំងអស់ រួមទាំងសាកលវិទ្យាល័យនានាផង នឹងរួមគ្នាសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ដើម្បីរកវិធីដោះស្រាយចំពោះបញ្ហាលើពិភពលោកទាំងសង្គ្រាមសេដ្ឋកិច្ច បញ្ហាសង្គ្រាមផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៥៦នាទី៕