សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្បាញក្រមាក្រឡាទី១០០០ម៉ែត នៅវាលព្រះមេរុ (វាលព្រះមេរុ)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមត្បាញក្រមាក្រឡាទី១០០០ម៉ែត ដែលជាក្រម៉ាវែងជាងគេលើពិភព​លោក ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។

សូមជម្រាប​ថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវ​បាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។​

បន្ទាប់ពីបានចូលរួមត្បាញក្រមារួចរាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារនៅទីនេះក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ