និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត សរុបចំនួន ១៨៨៥នាក់ បានទទួលសញ្ញាបត្របញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងចំណោមនិសិ្សតទទួលសញ្ញាបត្រនេះ ក៏មានបេក្ខជនថ្នាក់បណ្ឌិតជាជនជាតិអាមេរិកម្នាក់ដែរ ក្រៅពីមានជនបរទេសជាច្រើនទៀត ដូចជា កូរ៉េ ចិន ឡាវ និងវៀតណាមជាដើម កំពុងបន្តការសិក្សាកម្រិតឧត្តមសិក្សា និង ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យអាស៊ីអឹរ៉ុបនេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសិក្សារបស់និស្សិតបរទេសទាំងនេះថា ជាវឌ្ឍនភាពដ៏ធំមួយសម្រាប់ការអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោ បានបញ្ជាក់ថា ការសម្រេចបាននូវមោទនភាពរបស់កម្ពុជាដូចពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ គឺដោយសាររាជរដ្ឋាភិបាលមានក្របខណ្ឌគោលនយោបាយ និងផែនទីចង្អុលផ្លូវយ៉ាងច្បាស់លាស់ពីតំណាក់កាលមួយទៅតំណាក់កាលមួយ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញគឺមិនមែនលេងសើច ដូចអ្នកនយោបាយ និងអ្នកអត្ថាធិប្បាយមួយចំនួន ដែលមិនបានសិក្សានិងពិនិត្យច្បាស់ពីសកម្មភាពរបស់រាជរដ្ឋាភិបាលនោះឡើយ។ ដូចនេះ សម្តេចតេជោ អំពាវនាវដល់និស្សិតទាំងអស់ ឲ្យពិចារណា ឲ្យបានច្បាស់លាស់ ដោយមិនត្រូវសម្រេចចិត្តតាមការអត្ថាធិប្បាយ និងការលើកឡើងណាមួយដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនិស្សិតថា មានតែប្រទេសមានសន្តិភាពទេ ទើបផ្តល់ឱកាសឲ្យនិស្សិតអាចស្វែងរកការងារធ្វើបាន គ្មានប្រទេសមានសង្រ្គាមណាមួយ អាចផ្តល់ឱកាសឲ្យស្វែងរកការងារធ្វើបាននោះឡើយ។ តែទោះជាយ៉ាងណា និស្សិតដែលបញ្ចប់ការសិក្សាគ្រប់កំរិត ក៏ត្រូវតែសិក្សាស្រាវជ្រាវ បន្តទៀត ដើម្បីរត់តាមឲ្យទាន់នូវការវិវឌ្ឍន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន។ ស្រពពេលនៃការលើកឡើងពីកត្តាសន្តិភាពនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក៏បានចាត់ទុកថា សិទ្ធិសេរីភាពពិតប្រាកដរបស់ប្រជាពលរដ្ឋ គឺការធ្វើដំណើរដោយសេរី និងការលេងកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដូចពេលនេះ ដែល ខុសពីកាលពី៤២ឆ្នាំមុន ដែលប្រជាពលរដ្ឋកម្ពុជាបានស្ថិតក្នុងសោកនាដកម្មនៃរបប លន់ណុល និងរបប ប៉ុលពត។ តែនៅពេលនេះ ប្រទេសកម្ពុជាមានការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ពីខេត្តមួយ ទៅខេត្តមួយយ៉ាងងាយស្រួល។ ហើយនៅសល់តែផ្លូវមួយខ្សែទៀតប៉ុណ្ណោះ គឺផ្លូវភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង កាត់តាមថ្មដា ខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តកោះកុង គឺនឹងធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរវិលជុំ ទៅគ្រប់ខេត្តដោយមិនបាច់ធ្វើដំណើរត្រឡប់មមកក្រោយនោះទេ៕