សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីដាំកូនឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

CNV: 

ក្រោយពីរឆ្នាំ បានមកកាន់ទីកន្លែងនេះម្តងទៀត

ដំបូងខ្ញុំសូមសម្តែងនូវការស្វាគមន៍ ជាមួយវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស បងប្អូនជនរួមជាតិដែលបានចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំនៅចាំបានថាកាលពីឆ្នាំ ២០១៦ គឺក្រោយចូលឆ្នាំ ខ្មែរដូចគ្នានៅក្នុងអំឡុងចុងខែមេសា ខ្ញុំបានមកកាត់ស្រុកឆែប ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិត ស្ករ​​សកាលពីពេលនោះ។ ពីរឆ្នាំក្រោយគឺបានមកកាន់ទីកន្លែងនេះម្តងទៀត តែធ្វើកម្មវិធីផ្សេងទាក់ទិនជាមួយ នឹងការអភិរក្ស និងដំណើរអភិវឌ្ឍរបស់យើង។ ពិតហើយគឺតាមគម្រោងកាលពីមុននេះ រាជបណ្ឌិតសភាស្នើសុំ ឲ្យមានការដាំកូនឈើនេះ នៅក្នុង ខែមិថុនា ឯណោះ ព្រោះជារដូវភ្លៀងធ្លាក់ តែដោយសារពិនិត្យឃើញថា នៅក្នុងខែមិថុនា គឺជាខែដែលរវល់ជាទីបំផុត ហើយវាកៀកទៅនឹងការបោះឆ្នោតទៀតផង បានជាខ្ញុំសម្រេចជ្រើសរើសយកថ្ងៃនេះ គឺជាថ្ងៃដើម្បីធ្វើពិធីដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិតសភា តេជោសែន ឫស្សីត្រឹប នៅទីនេះតែម្តង​។

ទោះមានកិច្ចការរវល់យ៉ាងណាក៏មិនលុបកម្មវិធីថ្ងៃនេះ

កាលពីថ្ងៃប្រជុំគណៈរដ្ឋមន្រ្តី មានកិច្ចការច្រើនណាស់ ប៉ុន្តែ យើងមិនបានលុបចោលនូវកម្មវិធីដែលត្រូវមកទីនេះ (ហើយក៏មាន)ការប្រថុយប្រថានអំពីបញ្ហាធាតុអាកាស។ តែធាតុអាកាសថ្ងៃនេះ អនុញ្ញាតឲ្យខ្ញុំបានធ្វើដំណើរមក ប៉ុន្តែខាងផ្នែកឧតុនិយមកំណត់ឲ្យខ្ញុំបានត្រឡប់ទៅដល់ភ្នំពេញមុនម៉ោង ១២ ដោយសារតែបញ្ហាធាតុអាកាស។ យប់មិញនេះ មានភ្លៀងខ្លាំងធ្លាក់នៅទីនេះផង។ លំបាកណាស់នៅក្នុងការធ្វើដំណើរក្បាលអត់ជាប់មេឃហើយជើងអត់ជាប់ដី។ ការពិតយើងគួរតែធ្វើដំណើរតាមរថយន្ត ប៉ុន្តែប្រហែលជាបងប្អូនជនរួមជាតិបានដឹងហើយថា ការងាររបស់ខ្ញុំ គឺវាច្រើន ដូច្នេះហើយ បើធ្វើដំណើរតាមរថយន្តប្រហែលជាអាចចេញយប់មិញ​ម៉ោង ២ ភ្លឺ អាចមកដល់នេះទាន់ពេល។ ប៉ុន្តែ បើមកម៉ោង ២ ភ្លឺ បានសេចក្តីថា ខ្ញុំសម្រាកបានតែ ២ ម៉ោងប៉ុណ្ណោះ ព្រោះធម្មតាខ្ញុំសម្រាកម៉ោង ១២ ។ តែយ៉ាងណាក៏ដោយយើងបានជួបជុំគ្នានៅទីនេះ ហើយក៏បានដំណើរការតាមការគ្រោងទុក ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាប្រធានរាជបណ្ឌិតសភា​ធ្វើរបាយការណ៍អម្បាញ់មិញ។

គោលបំណងធំ គឺការបង្កើតឲ្យមានស្ថានភាពនៃការចិញ្ចឹមគោយកទឹកដោះ

ខ្ញុំគួរតែចាប់ផ្តើម និយាយដើម្បីជាការអំពាវនាវអ្នកទាំងឡាយដែលចូលរួមនៅក្នុងទីនេះ ដោយសារនៅទីនេះ មិនគ្រាន់ជាគោលដៅអភិរក្សនោះទេ ក៏ប៉ុន្តែគោលដៅនៃការស្រាវជ្រាវផងដែរ​ ក្នុងនោះក៏មានគោលបំណងធំមួយគឺការបង្កើតឲ្យមានស្ថានភាពនៃការចិញ្ចឹមគោយកទឹកដោះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងឡាយដែលបានចូលរួមនៅទីនេះ និងចូលរួមចំណែកក្នុងការជួយផ្តល់ថវិកា ឬផ្តល់ជាមេគោ ឯខ្លួនខ្ញុំ និងក្រុមគ្រួសារ មិនមែនរដ្ឋាភិបាល​ទេ សុំចូលរួម ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។  អញ្ចឹងទេ អ្នកទាំងឡាយដែលចូលរួមនៅទីនេះក៏អាចធ្វើទៅបានម្នាក់គោមួយ ម្នាក់គោពីរក៏បាន មេគោច្រើន ព្រោះនេះជាគោលបំណងធំដែលយើងចង់ថា ប្រទេសដទៃ គេអាចធ្វើបាន។ តើហេតុអ្វី យើងធ្វើមិនបាន?

យកតំបន់នេះធ្វើការងារអភិរក្ស ក៏ប៉ុន្តែក៏ធ្វើការស្រាវជ្រាវច្រើនយ៉ាង

ខ្ញុំពិតជាមានការរីករាយណាស់ ដែលនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺប្រមាណជាងមួយឆ្នាំចុងក្រោយនេះ ឯកឧត្តម សុខ ទូច ដែលពេលមុននេះជាអនុប្រធានរាជបណ្ឌិតសភា ហើយក្រោយនេះ ជាប្រធានរាជបណ្ឌិតសភាបានស្វះស្វែង ប្រឹងប្រែងមកកាន់ទីនេះ ដើម្បីរៀបចំសម្រាប់ការដោះស្រាយបញ្ហា មិនគ្រាន់តែជាបញ្ហាអភិរក្សទេ ក៏ប៉ុន្តែយើងយកតំបន់នេះ ដើម្បីធ្វើការស្រាវជ្រាវច្រើនយ៉ាង។ ដូចរបាយការណ៍បាន(អោយ)​ដឹង តំបន់នេះជាតំបន់កេរ្តិ៍មរតកប្រវត្តិសាស្រ្តដែលដូនតារបស់យើងបានបន្សល់ទុក។ ចំណុចនេះ ខ្ញុំនៅចាំបានថា ពេលដែលយើងកសាងផ្លូវជាតិលេខ ៩ និងកសាងផ្លូវ ៦២ ពីនេះទៅព្រះវិហារ គឺបានឆ្លងកាត់តំបន់មួយចំនួន ដែលទាក់ទងទៅនឹងតំបន់ប្រវត្តិសាស្រ្ត ទាក់ទងនឹងឡស្លដែក ដែលពេលនោះ ខ្ញុំឲ្យកែតម្រូវការកសាង​ប្រព័ន្ធផ្លូវនេះ ចៀសឲ្យផុត និងចៀសឲ្យឆ្ងាយពីតំបន់ ដែលមានទាក់ទងទៅនឹងតំបន់ប្រវត្តិសាស្រ្តរបស់កម្ពុជា។

អភិរក្ស និងស្រាវជ្រាវ ឧទ្យានរាជបណ្ឌិតសភា តេជោសែន ឫស្សីត្រឹប

នៅទីនេះ យើងអាចដឹងបានថា ឧស្សាហកម្មដែក គឺមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីយូរលង់ណាស់មកហើយ មិនមែនជារឿងថ្មីថ្មោងទេ ហើយតំបន់ទាំងនោះ គប្បីត្រូវបានអភិរក្ស និងធ្វើការស្រាវជ្រាវបន្តដើម្បីយើងអាចដឹងបានអំពីប្រវត្តិដើមរបស់យើងយ៉ាងណា? ក្នុងចំណុចនេះ ក៏មានកត្តាពាក់ព័ន្ធក្នុងតំបន់ដទៃទៀតដែលប្រទេសកម្ពុជារបស់យើង មានឧបករណ៍ប្រើប្រាស់ពីដែក ដែលក្នុងនោះរាប់ទាំងការកសាងនូវប្រាង្គប្រា​សាទ​នានា ការប្រើប្រាស់ជាមធ្យោបាយ ដើម្បីបង្កបង្កើនផល និងជាមធ្យាបាយដើម្បីការពារក្នុងវិស័យការពារជាតិក្នុងដំណាក់កាលនោះផងដែរ ដែលយើងចាត់ទុកថា ជាតំបន់ប្រវត្តិសាស្រ្តមួយក្នុងចំណោមតំបន់ប្រវត្តិ​សាស្រ្ត​ដទៃទៀត ដែលកម្ពុជាយើងមិនមែនដើរនៅខាងក្រោយនោះទេ ក៏ប៉ុន្តែ ជាប្រវត្តិសាស្រ្តយូរលង់នៅក្នុងប្រ​ទេសរបស់យើង។

ដោះស្រាយបញ្ហាពាក់ព័ន្ធ ដើម្បីប្រែពីតំបន់រងគ្រោះ ទៅជាតំបន់អភិរក្ស

ដូច្នេះហើយ បានជាមានការស្នើសុំដាក់នូវតំបន់នេះជាតំបន់ដែលអភិរក្ស ជាឧទ្យានសម្រាប់ការស្រាវជ្រាវរបស់រាជបណ្ឌិតសភា។ ខ្ញុំបានយល់ព្រមអោយបង្កើតឡើង ដែលមកដល់ពេលនេះ មានអាយុកាលជិតប៉ុន្មានជា ៤ ឆ្នាំរួចមកហើយ។ ពិតហើយនៅទីនេះ យើងត្រូវធ្វើការងារច្រើន ដូចឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើ​របាយការណ៍ទាក់ទងជាមួយនឹងការដោះស្រាយបញ្ហា(នានា)។ បើយើងមិនដោះស្រាយទេ តំបន់នេះវានៅតែ​ជាតំបន់រងគ្រោះ មិនមែនជាតំបន់អភិរក្សទៀតទេ។ ពេលកន្លងទៅនេះ យើងបានដោះស្រាយរួចហើយ ដូចជាបញ្ហាពាក់ព័ន្ធជាមួយនឹងព្រំប្រទល់ នៃដីសម្បទានសេដ្ឋកិច្ចនៅទីនេះ ដោយក្រុមហ៊ុនចម្ការអំពៅជាមួយនឹងដីរាជបណ្ឌិតសភាដែលមានការពាក់ព័ន្ធគ្នា។ ខ្ញុំធ្លាប់បាននិយាយហើយ យើងគូរផែនទីនៅឯទីក្រុងភ្នំពេញ ប៉ុន្តែ យើងមិនបានពិនិត្យជាក់ស្តែងនៅទីនេះទេ។

រៀបចំប្រព័ន្ធផ្លូវ ដែលការពារ និងចៀសវាងបានការបំផ្លាញព្រៃឈើ ក៏ដូចជាសត្វព្រៃនៅក្នុងតំបន់

រយៈពេលកន្លងទៅបានច្បាស់លាស់នូវព្រំប្រទល់ទាំងនោះហើយ ដែលខ្ញុំយល់ព្រមជាមួយនឹងសំណើរ​របស់​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភា អំពីបញ្ហាពាក់ព័ន្ធជាមួយនឹងការរៀបចំប្រព័ន្ធផ្លូវ ដែលក្នុងនោះសុំប្រគល់ឲ្យឧត្តមសេនីយ៍ ខេង សាម៉េត ធ្វើការរៀបចំជាមួយនឹងរាជបណ្ឌិតសភា នូវប្លង់មេនៃការរៀបចំប្រ​ព័ន្ធផ្លូវការពារ។ យើងមិនមែនធ្វើជាផ្លូវជាតិនោះទេ។ ធម្មតាបើយើងធ្វើផ្លូវជាតិ វាអស់ទៅជាតំបន់អភិរក្សហើយ។ យើងត្រូវរៀបចំប្រព័ន្ធផ្លូវបែបណា ទំនាក់ទំនងបែបណា ដើម្បីបង្កើតឡើងនូវស្ថានភាពដែលអាចនឹងការពារបាននៅក្នុងតំបន់នេះ ហើយចៀសវាងបានការបំផ្លាញព្រៃឈើ ក៏ដូចជាបំផ្លា្ញញសត្វព្រៃនៅក្នុងតំបន់នេះ។

ការពារព្រៃឈើ ការពារជម្រកសត្វ ការពារមរតកដូនតា

… យើងមិនត្រឹមតែការពារកុំឲ្យបាត់បង់ទេ ប៉ុន្តែត្រូវធ្វើឲ្យដើមឈើនៅទីនេះ រីកលូតលាស់សម្រាប់ជំនាន់ក្រោយ ហើយសត្វព្រៃទាំងឡាយដែលបាត់បង់ទីជម្រកនៅកន្លែងផ្សេង ក៏បានមកស្ថិតនៅទីនេះ ដើម្បីក្លាយជាមរតក។​ សត្វខ្លះជិតផុតពូជទៅហើយ បន្ថែមទៅដោយការកាប់ព្រៃទន្ទ្រានយកដីបង្កបង្កើនផល (នាំអោយ)គ្មានកន្លែងឲ្យ​សត្វជ្រកកោនទៀតទេ។ ដូច្នេះ ជាមួយនឹងការដើរស្របទិសដៅរបស់ក្រសួងបរិស្ថាន ដែលបច្ចុប្បន្នរដ្ឋមន្ត្រីក្រ​សួងបរិស្ថានកំពុងមមាញឹក ធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីដាក់ឲ្យទៅជាព្រៃការពារ ទោះបីថាវាតូច តែយ៉ាងហោចណាស់ យើងបានការពារព្រៃទាំងនោះ។ នៅទីនេះ(អ្វី)ដែលយើងកំពុងធ្វើ កំពុងដើរស្របជា​មួយ​ក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្របខណ្ឌនៃការអនុវត្តរបស់ក្រសួងបរិស្ថានផងដែរ ដែលយើងមិនគ្រាន់តែធ្វើនៅតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែមានព្រៃដែលត្រូវការពារច្រើនណាស់។ ការការពារ (ដែល)គ្រាន់​តែការពារនៅលើក្រដាសវាមិនគ្រប់គ្រាន់ទេ។ ត្រូវការពារដោយសកម្មភាពជាក់ស្តែង ដែលយើងត្រូវ(ធ្វើ)រួមគ្នា មិនគ្រាន់តែមិនបំផ្លិចបំផ្លាញព្រៃឈើ និងសត្វព្រៃប៉ុណ្ណោះទេ ក៏ប៉ុន្តែរួមគ្នាការពារមរតកដូនតារបស់យើង។

ឧទ្យានរាជបណ្ឌិតសភា តេជោសែន ឫស្សីត្រឹប នឹងក្លាយជាតំបន់ទេសចរណ៍

ខ្ញុំពិតជាមានមោទនភាពដែលយើងបានរួមគ្នាបង្កើតឡើងនូវស្ថានភាពនេះ ទោះបីថាតំបន់នេះ ពេលនេះមិន ទាន់​ជាទីចាប់អារម្មណ៍របស់មនុស្សមួយចំនួន ប៉ុន្តែខ្ញុំគិតថា ៥ ឆ្នាំ ឬ ១០ ឆ្នាំក្រោយទៀត តំបន់នេះក្លាយទៅជាតំបន់ទាក់ទាញ ឬអាចថាជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញ។ ប្រហែលជាពេលនោះ នៅព្រះវិហាររបស់យើងនេះនឹងមានសណ្ឋាគារមួយចំនួនផ្សេងទៀតដែលនៅមិនឆ្ងាយពីទីនេះ រាប់ទាំងនៅស្រុក ព្រោះទេស​ចរត្រូវការខ្លាំងណាស់ការដើរក្នុងព្រៃ រួចហើយគេអាចមើលសត្វព្រៃនៅក្នុងពេលវេលាយប់ ដែលយើងអាចនឹងធ្វើ​ជាតំបន់ដែលមានការទាក់ទាញក្នុងវិស័យទេសចរណ៍។

ខិតខំធ្វើសម្រាប់បច្ចុប្បន្នផង និងធ្វើសម្រាប់អ្នកជំនាន់ក្រោយផង

ពេលនេះ យើងចាប់ផ្តើមដោយជំហានមួយហើយ ប៉ុន្តែការទាក់ទាញមួយចំនួនមិនទាន់បានទៅដល់សហគមន៍ អ្នកដែលត្រូវការការសិក្សាស្រាវជ្រាវ អ្នកដែលមានចំណូលចិត្តទាក់ទងជាមួយនឹងវិស័យទេសចរណ៍ធម្មជាតិ និងគោលដៅផ្សេងទៀត ដែលទាក់ទងជាមួយនឹងការអភិរក្ស និងការអភិវឌ្ឍរបស់យើងនោះទេ។ យើងធ្វើសកម្មភាពនៅថ្ងៃនេះសម្រាប់អ្នកជំនាន់ក្រោយ។ អ្នកជំនាន់មុនធ្វើសកម្មភាពសម្រាប់អ្នកជំនាន់ក្រោយ។ ប៉ុន្តែជំ​នាន់មុនក៏បានធ្វើកិច្ចការខ្លះបំផ្លាញអ្នកជំនាន់ក្រោយរបស់យើងដែរ ដូចជាសង្គ្រាមវិនាសកម្មឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ របប ប៉ុល ពត ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ យើងពិតជាមានការលំបាកខ្លាំងណាស់ ប៉ុន្តែឥឡូវនេះដល់ពេលដែលយើងបាន និងកំពុងខិតខំធ្វើសម្រាប់ខ្លួនយើងបច្ចុប្បន្នផង និងធ្វើសម្រាប់អ្នកជំនាន់ក្រោយផង​។

ដាំដើមឈើ ១ លានដើម កាប់ ២ លានដើម និងទន្ទ្រានយកដី

ដែលហៅថា អភិរក្ស និងការអភិវឌ្ឍ វាត្រូវដើរព្រមគ្នា ជាមួយនឹងផែនការជាក់លាក់ គោលដៅជាក់លាក់ ក៏ប៉ុន្តែខ្ញុំ​ចង់វិលមកប្រមូលផ្តុំនិយាយទាក់ទងនឹងបញ្ហាព្រៃឈើ។ ថ្ងៃនេះ យើងដាំដើមឈើនៅទីនេះ គឺនិយាយថានឹងដាំដើមឈើឲ្យបានប៉ុន្មានម៉ឺនដើមនោះ។ ១ លានដើម។ ប៉ុន្តែ បញ្ហាដែលយើងត្រូវឃើញ យើងមានទិវាដាំដើមឈើនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ដែលព្រះមហាក្សត្រព្រះអង្គជាព្រះរាជធិបតីនៅក្នុងពិធីដាំដើមឈើ ក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ឈើមានសត្រូវច្រើនណាស់។ ដាំ ១ លានដើម កាប់ ២ លានដើម។ ហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះ? ជួនកាលយើងមើលរំលងបញ្ហា ហើយដាក់កំហុសទៅអ្នកនេះ ឬអ្នកនោះ ដោយយើងមិនបានដោះស្រាយបញ្ហាជាកញ្ចប់។

ឈើមានសត្រូវច្រើន

យើងពិនិត្យមើល ឈើមានសត្រូវច្រើនណាស់ ហើយឈើក៏មានសេចក្តីត្រូវការច្រើនណាស់។ ខ្ញុំនិយាយដល់បញ្ហាប្រជាជនធ្វើផ្ទះក៏ត្រូវកាប់ឈើ ប្រជាជនធ្វើស្រែចំការក៏ត្រូវកាប់ឈើ អ្នកលួចកាប់ឈើក៏លួចកាប់ឈើ អាកាប់ឈើយកទៅលក់ក៏កាប់ឈើ អុសដុតក៏កាប់ឈើ ការអភិវឌ្ឍដើម្បីទាំងការអភិវឌ្ឍសម្រាប់ក្រុមគ្រួសារក្នុងវិស័យកសិកម្មក៏ត្រូវកាប់ឈើ ការអភិវឌ្ឍតាមរបៀបដី សម្បទានសេដ្ឋកិច្ចដើម្បីបង្កើតនូវផលិតផល និងការងារធ្វើ ក៏ត្រូវកាប់ឈើ។ សង្កេតមើលប្រទេសអឺរ៉ុបទៅ អឺរ៉ុបកាប់ឈើខ្ទេចអស់ហើយ រួចហើយគាត់មកប្រដៅពួកប្រ​ទេសដូចយើង ដែលជាប្រទេសអន់ថយ កុំឲ្យកាប់ឈើ។ យើងទទួលយក ប៉ុន្តែយើងត្រូវដឹងអំពីការកើនឡើងនៃចំ​នួនប្រជាពលរដ្ឋរបស់យើង។

គម្របព្រៃឈើថ្មី មានកៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងទៀត ជំនួសអោយព្រៃរិចរិល

ឥឡូវនេះ លើការជាក់ស្តែង តើប្រជាពលរដ្ឋបានពង្រីកផ្ទៃដី បើប្រៀបធៀបជា​មួយឆ្នាំ ១៩៧៩ ឬប្រៀបធៀបជា​មួយឆ្នាំ ១៩៧០ តើផ្ទៃដីដាំដុះត្រូវរីកប៉ុន្មាន? យើងយកការប្រៀបធៀបចំណុចនេះឲ្យបានច្បាស់។ បើមិនដូច្នោះ ទស្សនៈមួយគឺគិតតែពីការវាយប្រហារ បាត់ឈើបាត់ព្រៃ ប៉ុន្តែព្រៃហ្នឹងវាទៅណា? សំខាន់នៅក្នុងនោះ ក៏មានព្រៃមួយចំនួនដែលជាផ្ទៃដីរិចរិល ត្រូវជំនួសមកវិញដោយគម្របព្រៃឈើថ្មី តាម​រយៈនៃការដាំកៅស៊ូ នៃការដាំស្វាយចន្ទី និងដំណាំផ្សេងទៀត ដែលជំនួសអោយព្រៃរិចរិល។ ឥឡូវបងប្អូនទាំងអស់គ្នាគិតមើលចុះ ចំនួនប្រ​ជាជនក្រោយ ៧ មករា ១៩៧៩ (មាន)ប្រមាណត្រឹមតែជុំវិញ ៥ លាននាក់ប៉ុណ្ណោះ នេះជាចំណុចដែលយើងត្រូវមើលឃើញ។

របប ប៉ុល ពត ធ្វើជាតូបនីយកម្មដីធ្លី

នៅមុនឆ្នាំ ១៩៧០ គឺប្រជាជនដែលខ្វះដីធ្លីនៅតំបន់ ដែលមានការតាំងទីលំនៅច្រើន នៅតំបន់មាត់ទន្លេ និងតាមដងផ្លូវ និងទីប្រជុំជនមួយចំនួន បានធ្វើដំណើរទៅកាន់ទីកន្លែងនេះ និងទីកន្លែងនោះ ដើម្បីរកដីធ្លីបង្កបង្កើនផល ក៏ប៉ុន្តែពេលដែលសង្គ្រាមចាប់ផ្តើមប្រជាជនបានរត់ចោលដីធ្លី របបប៉ុលពតបានដកហូតដីធ្លីធ្វើជាតូបនីយកម្មទៅលើដីធ្លី គ្មានកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋនោះទេ។

ដំណើរការកែទំរង់ដីធ្លី ចែកកម្មសិទ្ធិជូនប្រជាពលរដ្ឋ

ខ្ញុំបានដឹកនាំដំណើរការកែទម្រង់ដីធ្លីពីដីរដ្ឋ ចែក​កម្មសិទ្ធិជូនប្រជាពលរដ្ឋរបស់យើង។ ពេលនោះ មួយគ្រួសារបានពីរហិកតា ឧទាហរណ៍ថាមួយគ្រួសារ ៥ នាក់ បាន ២ ហិកតា ប៉ុន្តែឥឡូវនេះ ៥ នាក់នោះ បានរីកសាយភាយក្លាយទៅជា ២០ នាក់ហើយ មិនមែននៅ ៥ នាក់ទៀតទេ។ គ្រាន់តែខ្លួនខ្ញុំម្នាក់ កាលពេលចាប់ផ្តើមចែកដីធ្លីឲ្យទៅប្រជាពលរដ្ឋនោះ ពេលនោះខ្ញុំទើបនឹងមានកូន ៥ ប៉ុន្តែឥឡូវនេះវារីកទៅជាចៅឡើង ២០ ទៀត។ ប្រជាពលរដ្ឋដទៃទៀត ក៏មិនខុសពីខ្ញុំដែរ។ ពេលដែលទទួលដីធ្លីនៅឆ្នាំ ១៩៨៨/៨៩ ពេលនោះចាប់ផ្តើម(ផ្តល់)កម្មសិទ្ធិដីធ្លីឲ្យប្រជាពលរដ្ឋ … ឥឡូវយើងឡើងគ្នាដល់ទៅ ១៥ នាក់ ឬក៏ ២០ នាក់។ ប្រជាពលរដ្ឋរបស់យើងមានទម្លាប់អភិវឌ្ឍតាមបែបទូលាយ។ ទម្លាប់របស់ប្រជាពលរដ្ឋរបស់យើងគឺគិតថា បើអញមាន ៥ គ្រួសារត្រូវមានដី ២ ហិកតា ហើយបើឡើង ១០ នាក់ គ្រួសារត្រូវមាន  ៤ ហិកតា។ ទម្លាប់នេះហើយ ដែលរុញច្រានឲ្យប្រជាពលរដ្ឋរបស់យើងទៅរកដីធ្លីថ្មី។

អញ្ចឹងសូមពិនិត្យឡើងវិញ ហើយសូមសិក្សាជាក់លាក់ទៅលើបញ្ហានេះ។ ផ្ទៃដីបង្កបង្កើនផលនៅឆ្នាំ ១៩៧៩ និងឆ្នាំ ១៩៧០ មិនដល់ ១ លានហិកតាទេ។ ឆ្នាំ ១៩៧៩ ប្រហែលជា ៨០ ម៉ឺនហិកតាប៉ុណ្ណោះ ហើយឆ្នាំ ១៩៨០ អាចថាក្នុងជុំវិញ ១​ លានហិកតា។ ឥឡូវនេះ ផ្ទៃដីបង្កបង្កើនផល គ្រាន់តែស្រែវស្សាគឺ ៣ លាន  ៥ សែនហិកតារួចស្រេចទៅហើយ។ ហើយនៅស្រែប្រាំងមានកន្លះលានហិកតា។ អាហ្នឹងគិតតែពីរឿងស្រូវ។ នៅចម្ការកៅស៊ូ។ ប្រជាជនដាំកៅស៊ូច្រើនណាស់ពេលនេះ។ នៅប៉ុន្មានឆ្នាំខាងមុខនេះ កៅស៊ូនៅកម្ពុជានឹងមានច្រើនជាងកៅស៊ូនៅប្រទេសវៀតណាមទៅទៀត។ នៅមានដំណាំម្រេច នៅមានដាំស្វាយចន្ទី មានដាំនេះដាំនោះច្រើនណាស់។ អញ្ចឹងប្រជាជនទៅយកដីពីណា គឺកាប់(ព្រៃ)ឯណាបាន ទៅកាប់ឯហ្នឹង។

ក្រៅពីតំបន់ដែលបានក្លាយជាចម្ការរួចហើយ នៅមានចូលកាប់ខាងក្នុង

ខ្ញុំមកអម្បាញ់មិញ ខ្ញុំឆ្លងកាត់តាំងពី ព្រោះគេមិនហោះឆ្លងទៅម្ខាងទេ ព្រោះនៅខាងត្បូងឃ្មុំ កំពុងតែភ្លៀង អញ្ចឹងទេ កាត់ត្រង់ចេញតាមខ្សាច់កណ្តាល មកចូលកំពង់ធំ ត្រង់សណ្តាន់ ហើយបានបន្តមកជ័យសែន។ ពីជ័យសែន បានមកដល់កន្លែងនេះ។ យើងមើលទៅក្រោម ឃើញថាក្រៅពីតំបន់ដែលបានក្លាយជាចម្ការរួចហើយ នៅមានចូលកាប់ខាងក្នុង។ យើងមើលមិនឃើញ។ ទាល់តែប្រើឧទ្ធម្ភាគចក្រ ទើបអាចមើលឃើញ។ បើគ្រាន់តែដើររុកព្រៃ គឺថាមិនងាយរកឃើញទេ។ មើលពីខាងលើទើបអាចមើលឃើញ។ នោះហើយជាបញ្ហា។ ទាមទារឲ្យយើងពិនិត្យដោះស្រាយ ដោយមានផែនការនៅក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ច។

មិនផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតទេ រក្សាដីដកហូតសំរាប់សម្បទានសង្គមកិច្ច

ខ្ញុំបានប្រកាសចុងក្រោយនេះ នៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ខ្ញុំបានប្រកាសរួចស្រេចតាំងពីយូរហើយ តាំងពីឆ្នាំ ២០១២ ឯណោះ ហើយបន្តប្រកាសជាបន្តបន្ទាប់ នឹងមិនផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនណាទៀតទេ។ ដីទាំងឡាយដែលបានដកហូតត្រឡប់មកវិញ គឺត្រូវរក្សាទុកដីនោះសម្រាប់ជាដីសម្ប​ទានសង្គមកិច្ច សម្រាប់ការដោះស្រាយការខ្វះដីរបស់ប្រជាជនរបស់យើង។ ចំណុចនេះ ខ្ញុំសូមដាស់តឿនឲ្យ​ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ជាពិសេសអាជ្ញាធរខេត្តទាំងអស់ ដែលជាប្រធានគណៈកម្មាធិការសូរិយោ​ដីរបស់ខេត្ត ត្រូវតែពិនិត្យថា តំបន់ណាត្រូវជាតំបន់គម្របព្រៃឈើ ដែលត្រូវទុកការពារ ហើយតំបន់ណាខ្លះដែលអាចក្លាយជាតំបន់ដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាជនបង្កបង្កើនផល។

ប្តូរទិសពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ

… យើងកំពុងតែខិតខំផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអនុវត្តតាមបែបស៊ីជម្រៅវិញ។ ត្រង់ថាកាលពីដើម ប្រជាជនយើងគិតថាបើមានគ្នា ៥ នាក់ ត្រូវមានដី ២ ហិកតា បើមានគ្រួសារកើនឡើងដល់ ១០ នាក់ ត្រូវមានដី ៤ ឬ ៥ ហិកតា បើសិនជានៅបន្តដំណើរបែបនេះ នឹងកាប់បំផ្លាញអស់ព្រៃឈើនៅក្នុងប្រទេសកម្ពុជារបស់យើង។ យើងត្រូវប្តូរទិសពីការអភិវឌ្ឍតាមបែបបើកទូលាយ ដែលវានាំទៅដល់កាប់បំផ្លាញព្រៃឈើ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ មានន័យថាត្រូវធ្វើប្រពលវប្បកម្ម ដើម្បីឲ្យដី ១ ហិកតាដែលធ្លាប់ចិញ្ចឹមបានត្រឹមតែ ៥ នាក់ ឲ្យទៅជា ១ ហិកតា ចិញ្ចឹមបាន ១០ នាក់ ឬ ២០ នាក់ តាមរយៈនៃទិន្នផលកាន់តែខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យានៃការដាំដុះកាន់តែល្អប្រសើរ។ ធ្វើយ៉ាងដូច្នេះ យើងនឹងកាត់បន្ថយបាននូវការប៉ះពាល់ទាំង​ឡាយនៃការទន្ទ្រានយកដី ពីសំណាក់ប្រជាពលរដ្ឋដែលមានតម្រូវការទៅលើការដាំដុះ។

អ្នកខ្លះស៊ីឈ្នួលកាប់ព្រៃអោយពួកមានលុយ មានអំណាច

ពិតហើយយើងមិនអាចទប់ឈ្នះ ក៏ប៉ុន្តែយើងត្រូវមានផែនការជាក់លាក់នៅតាមខេត្តនីមួយៗ អំពីតំបន់ដែលត្រូវផ្តល់ដីសម្ប​ទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋរបស់យើង ធ្វើការបង្កបង្កើនផល មិនអាចបណ្តែតបណ្តោយទុកឲ្យទៅកាប់នៅកន្លែងនេះ កាប់នៅកន្លែងនោះ ហើយទីចុងបំផុត ជួនកាល អ្នកដែលចូលទៅកាប់នោះ គឺគ្រាន់ជាអ្នកស៊ីឈ្នួលកាប់ព្រៃឲ្យពួកថៅកែ ពួកអ្នកមានលុយ ឬអ្នកមានអំណាច ដោយយកឈ្មោះប្រជាពលរដ្ឋដាក់ពីមុខ។ ខ្ញុំសូមថា ប្រជាពលរដ្ឋរបស់យើង បើសិនជាគេឲ្យទៅកាប់អញ្ចឹងហើយ ថ្ងៃក្រោយពន្លះថៅកែហ្នឹងវិញ តាមរបៀបអញ្ចេះ (ព្រោះ)គាត់ជួលយើងទៅកាប់ ដល់ត្រូវទទួលទោសយើងអ្នកត្រូវទទួលទោស បើអញ្ចឹងកាប់ហើយយកខ្លួនឯងតែម្តងទៅ វាមិនស្រួល យកលុយថៅកែផង ដីផង។ អញ្ចឹងកុំឲ្យបានអ្នកអាងតែប្រើដៃប្រជាពលរដ្ឋទៅកាប់ រួចហើយធ្វើដូចអត់ដឹង។ ជួលប្រជាជនទៅកាប់ ១ ហិកតា ១ ឬ ២ ពាន់ដុល្លារ។ ពេលមាន​រឿង គឺយើងទៅប៉ះពាល់ជាមួយប្រជាជន។ ពួកអ្នកមានលុយ អ្នកមានអំណាចវានៅក្រោយ ធ្វើមិនដឹងរួចខ្លួន … ប្រជាជននៅតែអត់ដីដដែល ព្រោះដីថៅកែ ដីអ្នកមាន ដីអ្នកមានអំណាច ឯប្រជាជនហ្នឹងគាត់ដើរពនេចរ ទៅកាប់នៅកន្លែងមួយទៀត។

ពង្រឹងវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ តាមរបៀបដាក់ជាតំបន់ការពារ

អញ្ចឹងបានជាពេលខ្លះ ឃើញមុខដដែលៗ។ កាប់នៅក្រចេះក៏មានមុខហ្នឹង កាប់នៅកំពង់ស្ពឺក៏មានមុខហ្នឹង។ ហ្នឹងយើងអត់ទាន់មានបច្ចេកវិទ្យាសម្រាប់ដៅថា ឈ្មោះនេះបានទទួលដីនៅនេះហើយ។ អញ្ចឹងទេបានវាសាំញុំាំនៅលើបញ្ហានេះ ដែលយើងត្រូវគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីឲ្យបានល្អ ដែលប្រជាជនជាអ្នកទទួលផល។ នេះគឺជារឿងមួយដែលទាក់ទងជាមួយនឹងការការពារព្រៃឈើ និងការដាំដើមឈើ។ បើយើងដាំ ១ លានដើម យើងកាប់ ២ លានដើម គឺច្បាស់ណាស់ថា វាមិនគ្រប់គ្រាន់។ ដាំនោះវាមិនគ្រប់គ្រាន់ ជាមួយការកាប់បំផ្លាញនោះទេ។ ឥឡូវនេះវិធានការទប់ស្កាត់ កំពុងតែត្រូវបានពង្រឹងតាមរបៀបនៃការដាក់ដូចជា តំបន់ឫស្សីត្រឹប នៅកន្លែងនេះជាង ១ ម៉ឺនហិកតា ជាតំបន់ការពារ និងមានតំបន់ការពារផ្សេងទៀត។ ប៉ុន្តែការពារត្រូវធ្វើដោយសកម្មភាព មិនមែនការពារទុកបណ្តោយ ទៅឲ្យមានការកាប់បំផ្លាញនោះទេ។

ប្រជាពលរដ្ឋនៅជនបទចម្អិនអាហារដោយឧស/ធ្យូង

ម្ខាងទៀតយើងក៏ត្រូវយល់ដឹង តម្រូវការរបស់ប្រជាជន ក្រៅពីការបង្កបង្កើនផលពេលដែល គាត់ធ្វើផ្ទះតើគាត់ធ្វើហ្នឹងអី? រឿងនេះសសរផ្ទះក៏ត្រូវកាប់ឈើ សូម្បីតែបង្គោលរបងក៏ត្រូវកាប់ឈើដែរ។ រឿងមួយទៀតក៏យើងត្រូវឃើញឲ្យបានដិតដល់ ព្រោះវាមិនជាបញ្ហាដាច់ដោយឡែករបស់ ហ៊ុន សែន ទេតែវាជាបញ្ហារួមរបស់ប្រទេសជាតិរបស់យើង។ សព្វថ្ងៃតើប៉ុន្មានភាគរយដែលចម្អិនអាហារដោយប្រើហ្គាស? ដែលមិនមែនជាអុស។ ចំណុចនេះមិនតូចទេ។ ជាបញ្ហាធំដែលយើងគប្បីត្រូវតែរួមគ្នាដោះស្រាយ មិនមែនត្រូវបន្ទោសគ្នាទេ។ សព្វថ្ងៃនេះប្រជាជននៅតាមទីក្រុង នៅតាមទីប្រជុំជន មួយភាគធំបានប្រើប្រាស់ហ្គាសរួចស្រេចទៅហើយ។ ប៉ុន្តែនៅជនបទត្រូវ ចម្អិនអាហារទាំងឡាយនៅកាប់ឈើ សូម្បីតែនៅទីក្រុងចម្អិនអាហារអាំងសាច់ខ្លះ គាត់អត់អាំងជាមួយហ្គាសទេ។ គាត់អាំងនឹងធ្យូង។ អញ្ចឹងធ្យូងហ្នឹងបានមកពីណា? គឺប្រជាពលរដ្ឋជាអ្នកដុតធ្យូង។

ត្រូវផ្លាស់ប្តូរមុខរបរ អ្នករកស៊ីកាប់ឧស ដុតធ្យូង បរបាញ់សត្វ

ខ្ញុំហើយដែលចាប់ផ្ដើមដំបូង វិធានការណ៍តឹងតែង ព្រោះឃើញថាការដឹកធ្យូងចូលពីចុះតាមទន្លេមេគង្គ ពីក្រចេះ មកកាន់ទីក្រុងភ្នំពេញ ពីខាងកំពង់ស្ពឺមកកាន់ទីក្រុងភ្នំពេញច្រើនណាស់។ ដូច្នេះខ្ញុំមានវិធានការណ៍តឹងតែងកាលពីឆ្នាំ ១៩៨៦ ឯណោះ។ បានសេចក្ដីថាជាង ៣០ ឆ្នាំមុន។ ខ្ញុំមានវិធានការណ៍តឹងតែងលើបញ្ហានេះ។ ប៉ុន្តែវិធានការណ៍នោះបានត្រឹមតែមួយខែតែប៉ុណ្ណោះ យើងត្រូវដកថយទៅវិញ។ ព្រោះអ្វី? ធ្វើអោយអុសដុតនៅទីក្រុងភ្នំពេញឡើងថ្លៃខ្ពស់ដល់កំពូល ដោយ(ប្រជាពលរដ្ឋ)មិនអាចទ្រាំទ្របាន។ ម្យ៉ាងទៀត យើងត្រូវផ្លាស់ប្តូរមុខរបររបស់ប្រជាពលរដ្ឋយើងផងដែរ ពីការដែលធ្លាប់រកស៊ីកាប់អុស ដុតធ្យូង បរបាញ់សត្វ របរអ្វីដែលទាក់ទងជាមួយនឹងការការពារ។ យើងត្រូវតែដោះស្រាយមុខរបរអោយពួកគាត់។

ជនជាតិដើមភាគតិច មិនអន់ថយ ដូចសម័យបុព្វកាល ឬសម័យទេសភាព

ខ្ញុំបាននិយាយជាមួយអតីតបេសកជនពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិនៅកម្ពុជា ពេលដែលយើងដាំកៅស៊ូនៅស្រុកសណ្ដាន់។ ពេលហ្នឹង ភីទើ ឡយផ្រេច បានមកនិយាយជាមួយខ្ញុំថា ការអភិវឌ្ឍដំណាំកៅស៊ូនៅស្រុកសណ្ដាន់ គឺបំផ្លាញមុខរបរដើមរបស់ប្រជាជន។ ខ្ញុំថា និយាយគ្នាអោយច្បាស់នៅកន្លែងហ្នឹង។ តើឯកឧត្តមចង់ទុកអោយប្រជាពលរដ្ឋរបស់ខ្ញុំ ដើរស្ពាយកាផានៅពីខាងក្រោយ ហើយបោចវល្លិ៍បោចអី បន្តដុតធ្យូង កាប់ដើមឈើដុតយកជ័រអញ្ចឹង ដើម្បីទុកគ្រាន់តែឯកឧត្តមមកទេសចរណ៍ ឬយ៉ាងម៉េច? វាត្រូវតែមានការអភិវឌ្ឍ។ បើទោះបីជានៅតំបន់ព្រៃភ្នំក្រំថ្មយ៉ាងណាក៏ដោយត្រូវមានការអភិវឌ្ឍ។ ជនជាតិដើមភាគតិចរបស់យើង ក៏មិនមែនជាជនជាតិដើមភាគតិចដែលនៅអន់ថយ ដូចសម័យបុព្វកាល ឬសម័យទេសភាពនោះទេ។ ឥឡូវនេះ សុទ្ធតែមានស្មាតហ្វូនប្រើ បងប្អូនជនជាតិកួយរបស់យើងនៅម្ដុំនេះ មិនថាតែជនជាតិកួយ ជនជាតិណាក៏ដោយ ឥឡូវស្មាតហ្វូនប្រើពេញហ្នឹងទាំងអស់ ប្រើហ្វេសប៊ុក ជួនកាលជំនាញជាងមន្ត្រីមួយចំនួនដែលមិនព្រម​រៀនទៅទៀត …។

ចំណុចនេះ យើងត្រូវដោះស្រោយ ដូចជានៅសណ្ដាន់ កុំអោយគាត់បន្តដើរកាប់ជ័រទៀត។ តើយើងត្រូវដោះស្រាយយ៉ាងម៉េចសម្រាប់ពួកគាត់? អញ្ចឹងមានវិធីអោយពួកគាត់ដាំដុះកៅស៊ូ ហើយបង្កើតជាមុខរបរថ្មី។ សូម្បីតែនៅក្នុងតំបន់អង្គរវត្ត ពីមុន(បងប្អូន)គាត់ដើរដុតយកជ័រ។ ដើម្បីដោះស្រាយ(ការងារ)អោយ​បងប្អូនទាំងនោះ បញ្ឈប់គាត់(ពីមុខរបរចាស់) តើអោយគាត់ទទួលផលប្រយោជន៍ពីអ្វី? សូម្បីតែនៅក្នុងតំ​បន់នេះ ក៏យើងត្រូវដោះស្រាយក្នុងមុខរបរ​ ជួយពួកគាត់អោយមានមុខរបរផ្សេង ក្រៅពីការកាប់ឈើ ក្រៅពីការបោចវល្លិ៍ ក្រៅពីការបាញ់សត្វ ដើម្បីអោយគាត់មានមុខរបរ។ បើមិនដូច្នេះទេ តើគាត់មានមុខរបរមកពីណា? ចំណុចនេះ ជាចំណុចអោយឃើញពីកត្តាសត្យានុម័តមេដឹកនាំប្រទេស ឬគ្រប់គ្នាត្រូវគិតគូរអោយបានដិតដល់។

យុវជនបានវាស់វែងជាង ១ លានហិកតាដីជូនប្រជាពលរដ្ឋ

(មានការ)ស្ដីបន្តោសមកលើខ្ញុំ ប៉ុន្តែទទួលផលពីខ្ញុំ មកដល់ពេលនេះរាប់លានហិក​តាហើយ ដែលបានចែកជូនប្រជាពលរដ្ឋ។ គ្រាន់តែដំណាក់កាលដែលឱ្យយុវជនចុះមកវាស់ដីជាងមួយលានហិកតាដី។ ប្រជាពលរដ្ឋទាំងនោះគួរតែបោះឆ្នោតអោយ ហ៊ុន សែន បោះឆ្នោតអោយគណបក្សប្រជាជន … នៅក្នុងផែនទី យើងចេះតែថាគម្របព្រៃឈើ ប៉ុន្តែលើការជាក់ស្ដែងទៅជាចំការអំពៅ ស្វាយចន្ទី ចំការកៅស៊ូទៅជាស្រែ ទាំងស្រែប្រាំងទាំងស្រែវស្សា ឯយើងគិតតែលើផែនទីតែប៉ុណ្ណោះ។ ជាមួយនឹងការអភិវឌ្ឍតាមបែបស៊ីជម្រៅ យើងក៏ត្រូវមានវិធានការទុកជាមុន អោយប្រជាពលរដ្ឋមានដីធ្លីសម្រាប់ការបង្កបង្កើនផល ទប់ស្កាត់កុំអោយប្រជាពលរដ្ឋបន្ត​ការបាញ់សត្វ បន្តការកាប់ឈើ កាប់ឧស ដុតធ្យូង។

វិមជ្ឈការអំណាចអោយប្រជាពលរដ្ឋជួយគ្រប់គ្រងតំបន់ព្រៃឈើដែលគាត់ទាញយកផល

យើងត្រូវបង្កើតមុខរបរអោយគាត់ រាប់ទាំងយកព្រៃចិញ្ចឹមព្រៃ។ ឧទាហរណ៍​៖ តំបន់ព្រៃសហគមន៍ខ្លះ គឺមានផ្ដៅ មានវល្លិ៍ មានស្អីនៅកន្លែងហ្នឹង ពួកគាត់ទទួលផលពីងៅកន្លែងហ្នឹង ពួកគាត់ទទួលផលពីកន្នុងនដើរកាប់ឧស បោចវល្លិ៍ ដុធ្យូង?្ចឹង្ដៅោយ លពីហ្នឹងយកអាហ្នឹង គាត់ការពារព្រៃឈើហ្នឹង អោយគាត់ទទួលផលពីអាហ្នឹងផ្ដល់អនុញ្ញាតអោយគាត់ព្រោះ ជាវល្លិ៍ដូចជាផ្ដៅ ដូចជាស្អីអាហ្នឹងអាចវាលូតលាស់វិញបាន។ អញ្ចឹងអោយគាត់យកមកកែច្នៃធ្វើជារបស់របរសម្រាប់ការប្រើប្រាស់ ដូចជាកញ្ច្រែង ដូចជាល្អី ដូចជាស្អីក៏ដោយដែលអាចធ្វើបាន … ​អញ្ចឹងទេពួកគាត់ការពារព្រៃហ្នឹង។ គាត់មិនបំផ្លាញព្រៃហ្នឹងទេ។ គាត់ការពារព្រៃហ្នឹង។ គាត់ចូលរួម។ គាត់ទទួលផលពីអាហ្នឹង។ អញ្ចឹងគាត់មិនបំ​ផ្លាញដើមទុនរបស់គាត់ ឆ្នាំងបាយរបស់ពួកគាត់ទេ។ យើងត្រូវធ្វើវិមជ្ឈការកាន់តែច្រើនប្រគល់អំណាចអោយប្រជាពលរដ្ឋរបស់យើង ក្នុងការជួយគ្រប់គ្រងតំបន់នេះ។

ស្រាវជ្រាវពីវប្បធម៌ ប្រវត្តិសាស្រ្ត ជាតួនាទីរាជបណ្ឌិតសភា

រាជ្យបណ្ឌិតសភាមានតួនាទីធំណាស់ទៅលើការស្រាវជ្រាវទៅលើប្រធានបទនីមួយៗ​ មិនគ្រាន់តែទាក់ទងទៅលើការអភិរក្សទេ ប៉ុន្តែទាក់ទងទៅលើការអភិវឌ្ឍ។ ការចាំបាច់កែទំរង់ក្បាលម៉ាស៊ីនរាជបណ្ឌិតសភា គឺសំដៅដល់គោលដៅហ្នឹង មិនមែនសំដៅដល់អោយខ្ញុំទៅជួយរកថវិកាដើម្បីបោះពុម្ភសៀវភៅ … រឿងនេះយើងធ្វើប៉ុន្តែទុកអោយអ្នកណាធ្វើ? ក្រសួងធម្មការអីធ្វើទៅ។ យើងចូលទៅក្នុងការស្រាវជ្រាវ ទាក់ទងនឹងការអភិវឌ្ឍផង។ ពិតហើយ បន្តការស្រាវជ្រាវកន្លែងស្លដែកនេះពីជំនាន់ណាពិតប្រាកដ … គេធ្វើកោសលវិច័យអាចដឹងប៉ុន្មានរយឆ្នាំហើយ … ប្រវត្តិយ៉ាងម៉េច ​… តំបន់ព្រៃម្លូ អាចចាត់ទុកថាជាកន្លែងផលិត​យុទ្ធោបករណ៍ កន្លែងយោធាតែម្ដង​។ (កន្លែងនេះក៏)ទាក់ទងជាមួយហ្នឹងប្រវត្តិ តេជោមាស តេជោយ៉ត ដែលឡើងពីកំពង់ស្ពឺ មកទប់ទល់ជាមួយហ្នឹងព្រះបាទថៃណាមួយ ដែលចូលមកក្នុងតំបន់នេះ។ ពីមុន តំបន់នេះជាខេត្តកំពង់ធំទេ នៅក្នុងសតវត្សរ៍ទី ១៦ ឯណោះ ​…។

សិក្សាពីការដាំដើមឈើ ការចិញ្ចឹមសត្វ និងអភិរក្សសត្វកម្រ

… នេះបើតាមការយល់ដឹងតិចតួចរបស់ខ្ញុំ។ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវទាក់ទងទៅនឹងប្រវត្តិសាស្រ្ត ក៏ប៉ុន្តែយើងត្រូវដាក់លំដាប់អាទិភាពនៃការសិក្សា​ … ឧទា​ហរណ៍ ឥឡូវនេះ ការសិក្សាបានចាប់ផ្តើមហើយ យកមកទីនេះសិក្សាអំពីការដាំដើមឈើ បណ្តុះកូនឈើ ដែលវាជាផ្នែកមួយរបស់ក្រសួងកសិកម្ម ដែលក្រសួងកសិកម្មត្រូវចូលរួមក្នុងកិច្ចដំណើរការនេះ និងក្រសួងបរិស្ថាន។ ទាក់ទងនឹងបញ្ហាសត្វ ការចិញ្ចឹមសត្វ រាប់ទាំងការអភិរក្សសត្វចាស់ដែលមានដោយកម្រ នឹងត្រូវរៀបចំដើម្បីគោលដៅ ឧទាហរណ៍ ការចិញ្ចឹមសត្វគោយកទឹកដោះ ហើយជំហានបន្តនឹង​ឈានទៅដល់ការចិញ្ចឹមគោយកសាច់ ដើម្បីពង្រាយវាទៅដល់ប្រជាពលរដ្ឋ។ ​មិនមែនសិក្សាកន្លែងនេះ ហើយផលិតនៅកន្លែងនេះ ធ្វើការផ្គត់ផ្គង់ឲ្យប្រទេសកម្ពុជាគ្រប់គ្រាន់ទេ។ ក៏ប៉ុន្តែ កន្លែងនេះជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់នូវចំណេះដឹងចំណេះធ្វើជូនប្រជាពលរដ្ឋរបស់យើង ហើយអាចឈានទៅដល់ជួយផ្គត់ផ្គង់ពូជឲ្យពួកគាត់។

រួមគ្នាកែទម្លាប់មិនល្អ រក្សាទម្លាប់ល្អ

… បើសិនជាយើងមិនផ្លាស់ប្តូរទម្លាប់ខ្លះ មិនស្រាវជ្រាវអំពីទម្លាប់ និងដោះស្រាយបញ្ហាទាក់ទិនជាមួយនឹងដំ​ណើរការនេះទេ យើងនឹងមិនបានផ្តល់នូវធាតុចូលណាមួយសម្រាប់ប្រជាពលរដ្ឋរបស់យើងទេ ហើយទុកឲ្យប្រ​ជាពលរដ្ឋរបស់យើងបង្កបង្កើនផលតាមយថាកម្ម។ ចិញ្ចឹមគោ ព្រលែងឲ្យទៅស៊ីស្មៅ(ពាសវាលពាសកាល)។ បើថាបងប្អូនជនជាតិភាគតិចវិញខាងឦសាន ដែលហៅថា​ដីសហគមន៍ គឺក្របីខ្ញុំស៊ីស្មៅដល់កន្លែងណា គឺព្រំប្រទល់ទៅដល់កន្លែងនោះតែម្តង។ ដល់អញ្ចឹង ចេញប្លង់វាមិនបានអាហ្នឹងជាទម្លាប់។ បានសេចក្តីថា យើងត្រូវខិតខំរួមគ្នាថា ទម្លាប់ណាដែលល្អ យើងរក្សាទុក និងអភិរក្សវា។ ទម្លាប់ណាដែលមិនល្អ យើងត្រូវកែប្រែ ឲ្យប្រជាជនយើងមានការជឿនលឿនឡើង តាំងពីពូជសត្វចិញ្ចឹមជាដើម។ ពូជខ្លះគេចិញ្ចឹមត្រឹមតែ ៣ ឆ្នាំ គេទទួលផល ពូជខ្លះចិញ្ចឹមរហូតទៅដល់ ៧-៨ ឆ្នាំ នៅក្រិននៅហ្នឹង។ នៅទីនេះ បញ្ហាធំនៃការចិញ្ចឹមសត្វ គឺចំណីរបស់វានោះឯង។ នៅទីនេះ មិនទាន់ដឹកមេគោចូលដោយសារមិនទាន់មានស្មៅ បើអត់មានស្មៅឲ្យវាស៊ីអី? …។

ដកពិសោធន៍ចិញ្ចឹមសត្វពីប្រទេសដទៃ មិនមែនបទពិសោធន៍ផ្តួលរំលំ ឬបំផ្លាញរដ្ឋាភិបាលនោះទេ

… ត្រូវសិក្សាឲ្យជោគជ័យនៅកន្លែងនេះ ផ្តល់ទៅកន្លែងដទៃ។ ឧទាហរណ៍ ខែវស្សាស្រួលទេ រឿង(ស្មៅ)វាដុះ តែខែប្រាំង បានមកពីណា? ដើម្បីឲ្យស្មៅវាលូតលាស់សម្រាប់ការចិញ្ចឹមគោបន្ត។ បើឲ្យវាស៊ីអាក្រៀមក្រោះរហូត ទៅមិនរួចទេ។ ស្មៅនេះទៀត តើបន្ថែមសារធាតុអីដែលអាចឲ្យគោស៊ី។ នេះសុទ្ធតែត្រូវធ្វើការស្រាវជ្រាវ ហើយយើងទៅដកហូតពិសោធន៍ពីប្រទេសដទៃ។ ក៏ប៉ុន្តែ ការដកហូតពិសោធន៍ពីប្រទេសដទៃ មិនមែនដកហូតពិ​សោធន៍យកគម្រូតាមប្រទេសនេះ បំផ្លាញ​រដ្ឋាភិបាលតាមរបៀបនេះ ផ្តួលតាមរបៀបនោះទេ។ ទៅសិក្សាពីគេថា ចិញ្ចឹមគោបែបណាបានវាល្អ ដាំ(ដំណាំ)របៀបណាបានវាល្អ។ ទៅសិក្សារបៀបហ្នឹង។ ខុសពីអ្នកដទៃមួយចំនួន ដែលមានបញ្ហាខ្លួនឯង​ ទៅសិក្សាពីគេ។ គេប្រាប់ឲ្យធ្វើនេះ គេប្រាប់ឲ្យធ្វើនោះ គេយកសាស្រ្តាចារ្យមកជំនាញខាងការផ្តួលរំលំតាមស៊ែប៊ី យូហ្គោស្លាវី អីជាដើម។ ទៅរៀនអញ្ចឹងៗ រៀនយកមកធ្វើអី? (ឯយើង)កន្លងទៅ (បានទៅសិក្សាពីការចិញ្ចឹមសត្វនៅ)ចិនផង ទៅថៃផង កូរ៉េខាងត្បូង ទៅជប៉ុន …។

ប្រជាពលរដ្ឋ និងអាជ្ញាធរ ជួយការពារព្រៃឈើ និងអភិរក្សសត្វព្រៃ

ធាតុអាកាសរបស់យើង និងធាតុអាកាសនៅប្រទេសថៃ ប្រហែលជាស្របគ្នា។ ខ្ញុំគិតថា ទៅសិក្សាប្រទេសទាំង ៤ ហ្នឹង។ ប្រទេសថៃអាចស្របជាមួយយើងច្រើន ទាំងធាតុអាកាសទាំងទំនៀមទម្លាប់ស្អីៗ ប្រ​ហាក់ប្រ​ហែលគ្នា​… យើងត្រូវប្រឹងខិតខំធ្វើយ៉ាងណាគ្របដណ្តប់គ្រប់ជ្រុងជ្រោយ ហើយ(ដោយសារមូលហេតុនេះ បាន)ផ្តល់​ឲ្យ រាជបណ្ឌិតសភានូវតួនាទីកាន់តែច្រើន សិក្សាស្រាវជ្រាវការអភិវឌ្ឍរបស់យើង ដែលថ្ងៃនេះ ចាប់​ផ្តើមពីតំបន់ជាងមួយម៉ឺនហិកតានៅទីនេះ។ សុំអំពាវនាវចំពោះប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាជួយការពារព្រៃឈើទាំងនេះ។ ខ្ញុំបានប្រគល់ភារកិច្ចឲ្យកងពលធំទី ៣ និងបណ្តាកងពល នៅពេលដែលខ្ញុំចុះមកធ្វើការនៅតាមព្រំដែន។ ខ្ញុំបានបញ្ជាក់ឲ្យអស់លោកមកការពារទល់ដែន មកការពារព្រៃឈើ មិនមែនមកឲ្យកាប់ឈើទេ។ ក្នុ​ងចំណុចនេះ សូមបន្តអំពាវនាវចំពោះប្រជាពលរដ្ឋចូលរួមការពារព្រៃឈើនៅក្នុងតំបន់នេះ …។

បើ(សត្វព្រៃ)វាចេញពីតំបន់ហ្នឹងទៅកន្លែងផ្សេង ទៅជាប់អន្ទាក់អ្នកស្រុកក្រៅ អាហ្នឹងរឿងផ្សេង។ ប៉ុន្តែ ធ្វើម៉េចកុំឲ្យចូលមកដាក់អន្ទាក់ក្នុងតំបន់នេះ ព្រោះបន្តិចទៀតនឹងគេយកសត្វព្រៃមកលែងកាន់តែច្រើន។ សៅ សុខា បាន​បញ្ជូនអីមក? មេគោ? ប៉ុន្តែ ហូ សិទ្ធី ប្រើស ៤ ក្បាល ជ្រូកព្រៃ ១ គូ។ កាលណាមានកូនមានចៅ យើងនឹងព្រលែងបន្ត។ ដល់ថ្ងៃក្រោយ អ្នកណាចង់មើលសត្វ គេមកកន្លែងនេះ។ ដល់តែមកកន្លែងនេះ ប្រជាពលរដ្ឋរបស់យើងអាចនិយាយរួម បើក្លាយទៅជាតំបន់ទេសចរណ៍ក្បែរខាងនេះ ច្បាស់ណាស់ថា ប្រជាជននឹងទទួលផល ព្រោះក្រុមទេសចរនេះគឺជាអតិថិជនរបស់កសិករដាំដុះ ឬចិញ្ចឹមសត្វនៅក្នុងតំបន់នេះ។

រៀបចំបទបញ្ជាផ្ទៃក្នុងដោយឡែក មានសង្គតិភាពនឹងច្បាប់បរិស្ថាន ក្នុងឧទ្យានរាជបណ្ឌិតសភា

យើងមានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើ។ ខ្ញុំសូមគាំទ្រទស្សនាទានជាទស្សនវិស័យទាំង ៦ របស់រាជបណ្ឌិតសភា ដែលបានលើកឡើងក្នុងរបាយការណ៍របស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភា។ ទស្ស​នា​ទានទាំង ៦ នេះ ត្រូវធ្វើយ៉ាងម៉េចឲ្យជោគជ័យពិតប្រាកដ។ ខ្ញុំឯកភាពសូមឲ្យកន្លែងនេះរៀបចំ កុំចាំដល់ទៅច្បាប់។ យើងមានច្បាប់រួចហើយ ប៉ុន្តែយើងរៀបចំបទបញ្ជាផ្ទៃក្នុង ហើយសហការជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើកិច្ចការងារនេះ។ ត្រូវមានបទបញ្ជាផ្ទៃក្នុងដោយឡែកមួយសម្រាប់តំបន់ហ្នឹងតែម្ដង ព្រោះស្ថានភាពវាមិនដូចតំបន់ដទៃទេ។ តំបន់នេះ យើងដំណើរទៅព្រមគ្នានឹងការស្រាវជ្រាវផង រហូតដល់ការចិញ្ចឹមសត្វស្អីៗផង។ ដូច្នេះអាចនឹងមានស្ថានភាពមិនដូចកន្លែងដទៃ។ ត្រូវសហការគ្នា។ ប៉ុន្តែជារបស់រាជបណ្ឌិតសភាដាច់ដោយឡែក។ យើងអាចរៀបចំជាបទបញ្ជាផ្ទៃក្នុង ប៉ុន្តែអោយមានក្របខណ្ឌជាគតិយុទ្ធ ដោយអាចចេញជាព្រះរាជក្រឹត្យ ឬ​ចេញ​ដោយអនុក្រឹត្យសម្រាប់ការគ្រប់គ្រងតំបន់នេះអោយបានច្បាស់។ ធ្វើយ៉ាងម៉េចធានាថា វាមានសង្គតភាពជា​មួយនឹងច្បាប់ផង និងវាមានទិដ្ឋភាពដាច់ដោយឡែកសម្រាប់ការគ្រប់គ្រងតំបន់នេះ ដែលជាតំបន់ទាក់ទងនឹងការស្រាវជ្រាវផង និងការអភិវឌ្ឍផងដែរ។

ការចូលរួមពីសប្បុរសជន និងក្រសួងធនធានទឹក ដោះស្រាយស្រះ ៣

ចំពោះរឿងដោះស្រាយទឹក ឯកឧត្តម លឹម គានហោ បានឯកភាពហើយ បន្តការសាងសង់ស្រះទឹក ៣។ ស្រះទឹកនេះ គោលដៅធំជាងគេ គឺដោះស្រាយអោយសត្វ។ ខែប្រាំង វាអត់ទឹក វារត់ចូលភូមិ ចូលរកទឹក។ អញ្ចឹងទេ ត្រូវការស្រះយ៉ាងម៉េច … គួរតែត្រូវបានកែច្នៃ សិក្សាវា។ ឧទាហរណ៍ថា ស្រះហ្នឹង​ ជួនកាលសត្វវាមិនហ៊ានចូលផឹក​ទឹកនៅស្រះហ្នឹងទេ អញ្ចឹងយើងមានដូចជាខ្នែងស្រះ ដៃបង្ហូរទៅកន្លែងណាមួយ ដែលខុសពីស្រះធម្មតា។ សូម​បងប្អូនធ្លាប់តែដើរបាញ់សត្វនៅតំបន់មានទឹក ដែលសត្វរកកន្លែងមានទឹកផឹក មេត្តាជួយការពារវិញ។ ស្រះទឹកហ្នឹង ធ្វើតាមរបៀបសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផ្សេង ប៉ុន្តែស្រះនេះ គឺជាស្រះបម្រើអោយសេចក្ដីត្រូវការមនុស្សផង និងសត្វផង។ ធ្វើស្រះ ៣ សម្រាប់សត្វ ធ្វើដាក់កន្លែងណាដែលសត្វប្រមូលផ្ដុំ ធ្វើនៅកន្លែងនោះ។ បើ​យើងចង់អោយសត្វមកនៅកន្លែងហ្នឹង វាទាល់តែយើងមានធ្នាក់ ហើយបើសិនជាថា ប្រើសនៅកន្លែងហ្នឹង វាអាចទៅទាក់ទាញស្នេហារបស់វាពីក្រៅមកចូលមកក្នុងតំបន់នេះ វាកាន់តែល្អ …។

ថ្ងៃនេះ គឺតាមរយៈការអំពាវនាវអម្បាញ់មិញ ខ្ញុំសុំអានសប្បុរជន ក្រៅពីខ្ញុំផ្ដល់ ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ហើយ គឺយើងបានទទួលពី៖

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ចូលរួមចំនួន ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។​ ឯកឧត្តម ជា ចាន់តូ ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ត្រាំ អ៊ីវតឹក ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម សាយ សំអាល់ ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម មុំ សារឿន ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ស ថាវី ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ប៉ុល សារឿន ៥ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម មាស សុភាព ៥ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម អ៊ី ឈាន  ២ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម អៀង មូលី ១ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម លឹម ស៊ីដេនីន ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ម៉ៅ ហាស់វណ្ណាល់ ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ថោង ខុន ៥ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ សរុបទៅ យើងបាន ៥ ម៉ឺន ២ ពាន់ដុល្លារសហរដ្ឋអាមេរិក និងស្រះទឹក ៣។ ស្រះទឹក ៣ ហ្នឹង ប្រហែលជាមិនតិចលុយទេ។ អញ្ចឹងសរុបទៅ ថ្ងៃនេះ ជាសាច់ប្រាក់ យើងទទួលបាន ១ សែន ៥ ម៉ឺន ២ ពាន់ដុល្លារសហរដ្ឋអាមេរិក។ គោក្រមុំមួយក្បាល ៨០០ ដុល្លារ ឯគោមានផ្ទៃពោះហើយ ២០០០ ដុល្លារ។

កសាងហេដ្ឋារចនាសម័្ពន្ធ បំពេញតម្រូវការ ប្រជាជនមកតាំងទីលំនៅថ្មី​

… សុំធ្វើម៉េចចូលរួមទាំងអស់គ្នា ដើម្បីជោគជ័យរួមរបស់ប្រទេសជាតិរបស់យើង។ ទាំងអស់នេះ យើងត្រូវយល់ច្បាស់អំពីបញ្ហាដែលពាក់ព័ន្ធទាំងឡាយ។ ខ្ញុំបាននិយាយ មិនមែនដើម្បីការពារខ្លួននោះទេ ក៏ប៉ុន្តែកត្តាសត្យានុម័ត យើងគ្រាន់តែដឹងប៉ុណ្ណេះហើយថា ៧៩-៨០% នៃផ្ទៃដីដាំដុះ មានត្រឹមតែ ១ លានហិកតា។ ឥឡូវផ្ទៃដីដាំដុះទាំងស្រែប្រាំង ស្រែវស្សាមានជិត ៤ លានហិកតាទៅហើយ ជាមួយនឹងកៅស៊ូ ជាមួយនឹងដំណាំឧស្សាហកម្មដទៃទៀត រាប់ទាំងចំការអំពៅ ចំការស្អីៗទៀត គឺមានចំនួនប៉ុន្មានទៅ? ព្រៃឈើរបស់យើងមួយចំនួន ជំ​នួស និងបំរើអោយការអភិវឌ្ឍ ហើយប្រជាជនទទួលផលច្រើនជាង។ ពិនិត្យមើលលើផ្ទៃដីដែលប្រជាជនកាន់កាប់ដែល​មិនមែនជាកេរិ៍្តមរតកដូនតា ប៉ុន្តែមកកាន់កាប់ដីធ្លីថ្មី គឺមានចំនួនច្រើនណាស់។

យើងបានខិតខំកសាងហេដ្ឋារចនាសម័្ពន្ធ ដើម្បីបំពេញអោយតម្រូវការរបស់ប្រជាជន ដែលមកតាំងទីលំនៅថ្មី​។ គ្រាន់តែនៅក្នុងខេត្តព្រះវិហារ ក្រៅពីផ្លូវជាតិ ៦២ តភ្ជាប់ពីខេត្តកំពង់ធំ មកកាន់ព្រះវិហារ ហើយទៅដល់ប្រាសាទព្រះវិហារ តភ្ជាប់ទៅកោះកេរ្តិ៍ និងតភ្ជាប់ទៅសៀមរាប។ ជាបណ្ដាញផ្លូវសម្រាប់ការងាយស្រួលរបស់ប្រជាពលរដ្ឋនៃខេត្តព្រះវិហារ។ អ្នកព្រះវិហារនេះ មានភ័ព្វសំណាងទៀត ដែលមានផ្លូវជាតិ ៩ តភ្ជាប់ពីព្រះវិហារ ទៅកាន់ស្ទឹងត្រែង ដែលជាផ្លូវថ្មីតែម្ដង។ ផ្លូវជាតិលេខ ៨ និងលេខ ៩ វាបានកើតក្រោយ មិនមែនជាផ្លូវអតីតផ្លូវជាតិកាលពីពេលមុនទេ។ បើយើងចង្អុលទៅខាងណេះ អ្នកនៅតំបន់នេះ ស្រុកឆែប គឺនៅកៀកជាប់នឹងព្រំប្រទល់របស់ស្ទឹងត្រែង។ ពីដើមគ្មានផ្លូវធ្វើដំណើរទេ។ លំបាក។ ឥឡូវមានផ្លូវធ្វើដំណើរ និងមានផ្លូវដទៃទៀត ដែលយើងនឹងបន្តធ្វើ ដើម្បីសម្រួលការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ដែលកាលពីដើមវាលំបាកណាស់ … ផ្លូវ ៦២ ត្រូវបានកាត់ផ្ដាច់។ អ៊ុនតាក់ ក៏មិនអាចធ្វើអីបានផង។​ ខ្មែរក្រហមកាប់ឈើ ដាក់មីនពេញតែផ្លូវ។ កងពលលេខ ៥ ឈរជើងក្នុងចន្លោះកំពង់ធំ ជាមួយនឹងព្រះវិហារ ក្រោយមក ក្លាយទៅជាកងពលលេខ ១២ ហើយអន្តរាគមន៍ឡើងទៅព្រះវិហារ នៅពេលដែលមានសភាពការណ៍ ហើយឥឡូវបានក្លាយទៅជាកងពលធំទី ៣ ដែលមាន ៣ កងពលចំណុះ មានទី ៧ ទី ៨ និងទី ៩។

រំលត់សង្គ្រាម មានផ្លូវមានស្ពាន មានអ្នកទៅកាប់ព្រៃ

ចំណុចអស់ទាំងនេះ បើមានការបន្ទោសណាមួយ គេបន្ទោសខ្ញុំ ក៏វាត្រឹមត្រូវដែរ ដោយសារអី? ដោយ​សារខ្ញុំបានរំលត់ភ្លើងសង្រ្គាមនេះ បានជាមានផ្លូវ មានស្ពានបែបនេះ។ ដោយសារខ្ញុំរំលត់ភ្លើងសង្រ្គាម បានជាអ្នកទាំងអស់គ្នាមានលទ្ធភាព មានឱកាសដើម្បីទៅកាប់ព្រៃនៅកន្លែងនេះ កាប់ព្រៃនៅកន្លែងនោះ ទីចុងបំផុត រឿងវាធ្លាក់មកខ្ញុំដដែល ប៉ុន្តែបើខ្ញុំមិនរំលត់ភ្លើងសង្រ្គាមនេះទេ ប្រជាជននៅតែហូរឈាម នៅតែស្លាប់រាល់ថ្ងៃ។ ប៉ុន្តែដល់រំលត់ភ្លើងសង្រ្គាមហើយ រឿងថ្មីកើតឡើង។ កាលពីមានសង្រ្គាម បញ្ហាមានដោយឡែកពីគ្នា។ ចំណុចពិសេសនៃសង្រ្គាមគឺការវ៉ៃគ្នា ដែលស្លាប់ និងរបួស ហើយអត់បានបង្កបង្កើនផលទេ។ ដល់អស់សង្រ្គាមទៅ សភាពការ​ណ៍​ថ្មីបានមកដល់។ ប្រជាជនត្រូវការដីធ្លីបង្កបង្កើនផល គឺទៅកាប់ព្រៃ។ ប្រជាជនត្រូវការនេះ ត្រូវការនោះ យើងត្រូវតែដោះស្រាយបញ្ហាហេដ្ឋារចនាសម័្ពន្ធអោយគាត់។

សេចក្ដីក្លាហាន និងការលះបង់ ដើម្បីសេចក្ដីសុខរបស់ប្រជាជន

ឥឡូវនេះ សុំអោយប្រជាពលរដ្ឋរបស់យើង មានការថ្លឹងថ្លែងពិតប្រាកដមួយថា ការចាប់ផ្ដើមដឹកនាំដោយ​​ តេជោ ហ៊ុន សែន គឺចំណុចត្រូវមានប៉ុន្មាន ហើយខុសនោះមានប៉ុន្មាន? ការរំលត់ភ្លើងសង្រ្គាម មិនមែនជាបញ្ហាតូចតាចទេ។ ខ្ញុំយកជីវិតរបស់ខ្ញុំធ្វើជាដើមទុន។ ដំណាក់កាលទី ១ ធ្វើដើមទុនដើម្បីនឹងរំដោះប្រជាជនអោយចេញពីរបប ប៉ុល ពត។ តែដំណាក់កាលចុងក្រោយ ជាការប្រថុយប្រថានហួសហេតុពេកហើយ ក្នុងឋានៈជានាយករដ្ឋមន្រ្តី គឺធ្វើដំណើរចូលទៅក្នុងតំបន់ខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហម រាប់ទាំងមេខ្មែរក្រ​ហម​នៅក្បែរខ្ញុំនេះ។ បើសិនជាទៅ វាចាប់ខ្ញុំទុកនៅហ្នឹង វាបាញ់ខ្ញុំសម្លាប់នៅប៉ៃលិន ត្រូវធ្វើយ៉ាងម៉េច? ប៉ុន្តែបើខ្ញុំមិនទៅយ៉ាងដូច្នេះ តើអ្នកណាជឿពិតប្រាកដ? មេដឹកនាំដទៃទៀតនៅប្រទេសណា រឿងរបស់គេផ្សេង ហើយមេដឹកនាំនៅក្នុងប្រទេសកម្ពុជា អ្វីដែលខ្ញុំយល់ពីខ្ញុំពិតប្រាកដ គឺសេចក្ដីក្លាហាន និងការលះបង់របស់ខ្ញុំ ដើម្បីសេចក្ដីសុខរបស់ប្រជាជន។

ម្ដាយធំខ្ញុំ ម្ដាយខ្ញុំ បានចូលទៅក្នុងបន្ទប់ទាំងពីរនាក់បងប្អូន គាត់ស្រុះស្រួលគ្នានៅចាំមុខបន្ទប់ដឹងថា ខ្ញុំភ្ញាក់ពីដំណេក ព្រោះខ្ញុំសម្រាកថ្ងៃរសៀលថ្ងៃអាទិត្យ។ ពីរនាក់បងប្អូនបើកទ្វារចូលទៅ ទៅដល់ គាត់ចេះហៅសម្ដេចពីកាល គាត់ថា ហ្អែងចូលទៅក្នុងតំបន់ខ្មែរក្រហម ហ្អែងមិនខ្លាចគេបាញ់សម្លាប់ទេអី? ខ្ញុំបានឆ្លើយទៅវិញថា ម៉ែ ម៉ែធំ ប្រសិនបើស្លាប់ ក៏ស្លាប់តែខ្ញុំម្នាក់ និងអ្នកទៅជាមួយប៉ុន្មានតែប៉ុណ្ណោះ ប៉ុន្តែបើបានមកវិញ គឺបានផែនដីទាំងមូលតែម្ដង។ ឥឡូវប្រាកដណាស់ ពីឆ្នាំ ១៩៩៦ ដែលចាប់ផ្ដើមធ្វើសមាហរណកម្មនៅឱរ៉ាល់ នៅប៉ៃលិន នៅសំឡូត នៅកំរៀង ភ្នំព្រឹក សំពៅលូន គឺ ២២ ឆ្នាំហើយ។ បើគិតទាំងអន្លង់វែង នៅឆ្នាំ ១៩៩៨​, ២០ ឆ្នាំរួចស្រេចទៅហើយ។ ដោយសាររឿងអញ្ចឹង បានជាបងប្អូនមានឱកាស មានផ្លូវថ្នល់ មានម៉ូតូជិះ ដោយមិនចាំបាច់ខ្លាចពីណាបាញ់ទេ។

ចំណាយជាង ១០ លានដុល្លារ វិនិយោគលើវិស័យអប់រំ នៅព្រះវិហារ

… គ្រាន់តែខ្ញុំមកព្រះវិហារដំបូង ហើយលើកចុងក្រោយ​កាត់ផ្លូវជាតិលេខ ៩ មក ចុះទៅតាមរវៀង នៅក្នុងខេត្តព្រះវិហារនេះ ចំណាយជាង ១០ លានដុល្លារ ដើម្បីវិនិយោគលើវិស័យអប់រំ សង់អាគារ ២ ជាន់ ឬ ៣ ជាន់។ បើសិនអត់មានការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយគ្មានផ្លូវថ្នល់ទេ កុំសង្ឃឹមថា បណ្ឌិត សុខ ទូច អាចមក​ស្រួល។ ពេលត្រឡប់ទៅវិញ ទៅតាមកំពង់ធំក៏បាន តាមស្ទឹងត្រែងក៏បាន ផ្លូវជាតិលេខ ៩។ បើធ្វើប៉ុណ្ណឹងហើយ ត្រូវបានទទួលការស្ដីបន្ទោស គឺខ្ញុំមិនយល់ទេថា តើអ្នកណាទៀតទៅដែលអាចធ្វើបន្ថែម? បើរកសន្ដិភាពក៏ខុស ជំរុញអោយមានការអភិវឌ្ឍដោយផ្ដល់ដីធ្លីអោយប្រជាពលរដ្ឋក៏ខុស។ ប៉ុន្តែខ្ញុំគិតថា ប្រជាពលរដ្ឋរបស់យើងចេះវិនិច្ឆ័យលើបញ្ហាទាំងនេះ។ ខ្ញុំអរគុណណាស់ ដែលផ្ដល់កិត្តិយសអោយខ្ញុំបានមកមុនការកំណត់មុនពេលវេលាដាំដុះ ហើយសង្ឃឹមថា មេឃនឹងផ្ដល់ទឹកភ្លៀងបន្ថែមទៀត សម្រាប់ការលូតលាស់នៃដើមឈើរបស់យើង។ តែការដាំដើមឈើពិតប្រាកដនៅថ្ងៃទី ៩ ខែកក្កដា ឯណោះទេ។ ឥឡូវយើងដាំនៅក្នុងខែឧសភា ព្រោះទៅដល់ពេលខែកក្កដា ខ្ញុំមានការរវល់ច្រើន ហើយម្យ៉ាង ចូលទៅដល់យុទ្ធនាការបោះឆ្នោត …​ សង្ឃឹមថា ទឹកភ្លៀងនឹងផ្ដល់ បើសិនទឹកភ្លៀងមិនធ្លាក់ យើងក៏មានទឹកមួយចំនួនអាចស្រោចស្រពវាបាន។ កុំអោយងាប់ដើមឈើខ្ញុំដាំ ព្រោះវាជានិមិត្តរូបនៃការចាប់ផ្ដើម នៃការដ្ឋានដ៏សំខាន់របស់រាជបណ្ឌិតសភារបស់យើង។

ពាំនាំអំណោយ

ហើយថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហម ចំនួន ២០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ ម៉ឺនរៀល។​ សិស្សានុសិស្សចំនួន ៣៨៥ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល។​ ជូនលោកគ្រូអ្នកគ្រូនៅក្នុងស្រុកឆែប មានចំនួន ២៣៤ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិកមន្រ្តីបម្រើការឧទ្យានចំនួន ១៥០ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនអនុវិទ្យាល័យ ដងផ្លិត ឃុំឆែប ២ ថវិកា ១ លានរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ដូនទន់ ឃុំឆែប ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពឃុំឆែប ថវិកា ២ លានរៀល។ ជូនសាលាស្រុកឆែប ថវិកា ២ លានរៀល។ ជូនសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ ថវិកា ៣ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ថវិកា ៥ លានរៀល។

អំពាវនាវដល់សប្បុរសជនចូលរួម និងអភិវឌ្ឍតំបន់នេះ

សង្ឃឹមថា នឹងមានសប្បុរសជនដទៃទៀត ដែលស្ដាប់ឮការអំពាវនាវពីកន្លែងនេះ។ បើមេគោ ១០០ ត្រូវការដល់ទៅ ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹងថវិកានេះ វាមិនទាន់គ្រប់ទេ។ បងប្អូនទាំងឡាយដែលបានឃើញការអំពាវនាវពីទីនេះ សុំចូលរួមទៅតាមចិត្តសប្បុរស ដើម្បីអោយទីនេះ ក្លាយទៅជាតំបន់ជោគជ័យនៃការចាប់ផ្ដើមរបស់យើងទៅដល់ការស្រាវជ្រាវទាក់ទងនឹងការជំរុញការដាំដុះ ការចិញ្ចឹមសត្វ ដែលធ្វើយ៉ាងណាអោយកម្ពុជា មានសាច់គោប្រើគ្រប់គ្រាន់ មានទឹកដោះគោប្រើគ្រប់គ្រាន់ ហើយក៏មានពូជសត្វ និងបច្ចេកទេសបង្កាត់ពូជទៅអោយប្រជាពលរដ្ឋរបស់យើង សម្រាប់ពួកគាត់ចិញ្ចឹម។ ធ្វើយ៉ាងណាអោយតំបន់នេះ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ជោគជ័យនៅថ្ងៃអនាគត និងតំបន់ដែលមានការអភិរក្សសត្វក៏ដូចជាព្រៃឈើ។ សត្វទាំងឡាយអាចនឹងប្រមូលផ្ដុំនៅតំបន់នេះ អោយបានច្រើនតាមដែលអាចធ្វើទៅបាន។

ចុងបញ្ចប់ ជាមួយនឹងការកោតសរសើរនៃវឌ្ឍនភាព និងសង្ឃឹមទៅជោគជ័យនៅថ្ងៃអនាគតនៃឧទ្យានរាជបណ្ឌិតសភា តេជោសែន ឫស្សីត្រឹប​ ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ