ប្រសាសន៍​សំខាន់ៗ​របស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ដល់ម្ចាស់ជយលាភីកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី

93

(FN)៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រុមប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជា ចូលជួបសម្ដែងការគួរសម​ និងសំណេះសំណាល ក៏ដូចជាប្រគល់ប្រាក់រង្វាន់របស់ រាជរដ្ឋាភិបាលដល់ម្ចាស់ជ័យលាភី ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ប្រកបដោយភាពជោគជ័យកាលពីពេលថ្មីៗ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាជនកម្ពុជាខ្លះក៏ស្វាគមន៍ចំពោះជោគជ័យរបស់កីឡាករ កីឡាការិនីកម្ពុជា ប៉ុន្តែក៏មានប្រជាជនកម្ពុជា សូម្បីតែពាក្យអបអរសាទរតែមួយម៉ាត់ក៏គ្មាន។ សម្តេចតេជោ បានបញ្ជាក់ថា ការដែលគេមិនអបអរសាទរដោយសារតែគេគិតថា ជោគជ័យនេះស្ថិតនៅក្នុងដំណាក់កាល នៃការដឹកនាំរបស់សម្តេច ដូច្នេះបើពួកគេអបអរសាទរកីឡាករ កីឡាការិនីនោះ គឺប្រៀបដូចជាសរសើរសម្តេចផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងរូបសម្តេច និងប្រជាពលរដ្ឋខ្មែរនៅពេលឃើញភ្លេងជាតិត្រូវបានបន្លឺឡើង ហើយទង់ជាតិត្រូវបានបង្ហូតឡើងនៅឆាកអន្តរជាតិ គឺរំភើបរីករាយខ្លាំងណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទ្រឹស្តីរបស់ទាហានបើមិនបង្ហូរញើសនៅលើទីលានហ្វឹកហាត់ទេ អ្នកនឹងបង្ហូរឈាមនៅលើទីលានប្រយុទ្ធ ចំណែកទ្រឹស្តីកីឡាវិញ បើអ្នកមិនបង្ហូរញើសលើទីលានហ្វឹកហាត់ អ្នកនឹងបរាជ័យលើទីលានប្រកួត។ ក្នុងន័យនេះ គឺសម្តេចចង់បញ្ជាក់ថា ជ័យជម្នះរបស់កីឡករកម្ពុជា គឺបានមកហ្វឹកហាត់របស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការជេរប្រមាថគ្នាតាមបណ្តាញសង្គមនៅក្នុងជំនួបផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ស្តេចប្រ៊ុយណេ រវាងកីឡាករបាល់ទាត់កម្ពុជា និងកីឡាករទីម័រ។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះការលើកឡើងថា កីឡាករកម្ពុជាប្រកួតចាញ់គេ ព្រោះតែមិនព្រមប្តូរមេដឹកនាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់សហព័ន្ធកីឡាទាំងអស់ ត្រូវពង្រឹងការហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត។ ជាពិសេសតាមរយៈព្រឹត្តិការណ៍កីឡាជាតិ ត្រូវបំផុសទៅជាព្រឹត្តិការណ៍ជាតិ និងឲ្យមានការចូលរួមពីប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការខកចិត្ត និងងឿងឆ្ងល់ចំពោះគម្រោងសាងសង់អគារមួយចំនួន ដែលមិនព្រមប្រើអ្នកគូរប្លង់ក្នុងស្រុក បែរជាទៅជ្រើសរើសអ្នគូរប្លង់បរទេសទៅវិញ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ជំនួយខ្លះមានតែឈ្មោះ តែមិនមានរូបរាងអ្វីបន្សល់ទុកនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃអនាគតកម្ពុជានឹងឈានទៅដល់ស្ថានភាពដូចប្រទេសដទៃអ៊ីចឹងដែរ។ គ្រាន់តែអតីតកាលរបស់កម្ពុជា គឺជូរចត់ពេក។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៤៖២២នាទីល្ងាច៕