ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញា​បត្រជូន​និស្សិត​​សាកល​វិទ្យាល័យ​ភូមិន្ទនី​តិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចជាង ៣ពាន់នាក់

(FN)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីប្រមាណ ៣,៣៤៩នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាប់អារម្មណ៍ចំពោះបញ្ហាជញ្ជីង។ សម្តេចថ្លែងថា ជញ្ជីងនៅតាមទីផ្សារពេលខ្លះមិនមែនអ្នកលក់ស៊ីភ្នែកជញ្ជីងនោះទេ តែអាចបណ្តាលមកពីការផលិតជញ្ជីងមានលក្ខណៈខុសៗគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៦ មកសម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាលាច្បាប់ចំនួន ១៨លើកមកហើយ។ នេះមិនទាន់គិតពីការដែលសម្តេចទៅបង្រៀននិស្សិតនៅសាលានេះនៅឡើយទេ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទោះបើកឲ្យមានការសិក្សាបង់ថ្លៃក្តី ប៉ុន្តែនៅតែអាចរក្សាឧត្តមភាពរបស់ខ្លួន និងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីនិស្សិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅកម្ពុជា នៅតែមិនទាន់ឆ្លើយតបចំពោះក្រុមហ៊ុននានានៅកម្ពុជា ដែលទាមទារឲ្យមានការជ្រើសរើសយក អ្នកជំនាញពីក្រៅប្រទេស។ ដូច្នេះតម្រូវការបណ្តុះបណ្តាលធនធាននៅតែជាបញ្ហាអាទិភាព។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មូលហេតុដែលកម្ពុជាដើរចូលអាស៊ានបាន ដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់។ សម្តេចថា លក្ខិណៈវិនិច្ឆ័យរបស់អាស៊ាន គឺសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ប្រទេសទីម័រមិនទាន់អាចចូលជាសមាជិកអាស៊ានបាន ដោយសារតែប្រទេសមានធនធានមនុស្សមិនឆ្លើយតបតម្រូវការរបស់អាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសអាស៊ានដែលមានការលូតលាស់កំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ហើយការកាត់បន្ថយគម្លាតរវាង សមាជិកអាស៊ានចាស់ និងអាស៊ានថ្មី ក៏ត្រូវផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះផងដែរ។

* ប្រមុខនៃរាជរដ្ឋាភិបាលបន្តរំលឹកថា ការកាត់បន្ថយគម្លាតធនធានទ្រព្យសម្បត្តិជារឿងលំបាក ដូចជានៅប្រទេសធំៗលើលោកមិនមែនសុទ្ធមានប្រជាពលរដ្ឋជាសេដ្ឋីគ្រប់គ្នានោះទេ ប៉ុន្តែប្រជាពលរដ្ឋធម្មតា និងសេដ្ឋីនោះ សុទ្ធតែអាចរៀនចប់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតបានដូចគ្នា។ សម្រាប់កម្ពុជាវិញ ការបណ្តុះបណ្តាលធនធានមនុស្ស គឺកូនអ្នកមាន និងអ្នកក្រ គឺសុទ្ធតែអាចរៀនបានខ្ពស់ដូចគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេច នៅតែយកការបណ្តុះបណ្តាល និងអប់រំជាមុំទី១ សម្រាប់នយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

* សម្តេតេជោ បានបន្ថែមថា សម្រាប់នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤នេះ គឺរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់លើសំណាញ់សុវត្ថិភាពសង្គម ដូចជាការផ្តល់សាច់ប្រាក់ដល់កម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម នៅពេលពួកគេសម្រាលកូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនាពេលបច្ចុប្បន្នកំពុងតែបាញ់ឆ្ពោះទៅលើការអប់រំនៅតាមទីជនបទ ដោយដាក់ចេញគោលដៅភូមិមួយមានសាលាមួយ និងស្រុកមួយមានវិទ្យាល័យច្រើន និងខេត្តមួយត្រូវមានសាកលវិទ្យាល័យរដ្ឋមួយ។

* សម្តេចនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភចំពោះចំនួននិស្សិតជានារី ដែលមានកម្រិតទាបជាងបុរសនៅថ្នាក់ឧត្តមសិក្សា ដែលត្រូវមានការគិតគូរ និងយកចិត្តទុកដាក់បន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពីដើមមានតែកម្ពុជាបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស តែបច្ចុប្បន្នមានបរទេសជាច្រើនបានមករៀននៅតាមសាកលវិទ្យាល័យរបស់កម្ពុជា មានដូចជា បារាំង ចិន កូរ៉េ ជប៉ុន ម៉ារ៉ុក អង់គ្លេស ម៉ាលី និងអង់គ្លេសផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យគ្រឹះស្ថានអប់រំ បន្តយកចិត្តទុកដាក់ពង្រឹងការអប់រំបន្ថែមទៀត។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា យុវជនសម័យសុខសន្តិភាពនេះមានឱកាសច្រើនណាស់ក្នុងការស្វែងរកការអប់រំ ខុសគ្នាឆ្ងាយពីយុវជនក្នុងសម័យសង្គ្រាម ដែលគ្មានផ្លូវជ្រើសរើសនោះឡើយ ក្រៅតែពីការចូលបម្រើកងទ័ព។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីការសម្រេចចិត្តធ្វើការតស៊ូទៅក្រៅប្រទេស ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្រេចចិត្តចេញតស៊ូដំបូងក្នុងវ័យត្រឹម ២៥ឆ្នាំនោះ សម្តេចមានជម្រើសចំនួន៤ រួមមាន៖ ការតស៊ូនៅក្នុងស្រុក មិនចេញទៅណាឲ្យប៉ុលពត ចាប់ទៅសម្លាប់ ការធ្វើអត្តឃាតខ្លួនឯង និងចុងក្រោយគឺការភៀសខ្លួនទៅក្រៅប្រទេស ហើយតស៊ូពីក្រៅប្រទេសមកវិញ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យុវជនសម័យនេះមានឱកាសច្រើនណាស់ ដូច្នេះត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ហើយត្រូវប្រើប្រាស់ឱកាសក្នុងពេលមានសុខសន្តិភាពនេះឲ្យបានត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី និងអតីតមេកដឹកនាំអតីតបក្សសង្គ្រោះជាតិថា បក្សនយោបាយថ្មីសុទ្ធតែបង្កើតដោយសម្តេចនោះ គឺជាការមើលស្រាលមួយចំពោះបក្សនយោបាយទាំងនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកចិត្តឪពុកម្តាយ ដូចគ្នាទាំងអស់មិនខុសគ្នានោះទេ គឺរីករាយណាស់នៅពេលកូនចៅបានបញ្ចប់ការសិក្សា។ សម្តេចបានរំលឹកថា សម្តេចរីករាយខ្លាំងណាស់ ពេលដែលកូនប្រុស គឺលោក ហ៊ុន ម៉ាណែត រៀនថ្នាក់ទី១ ទទួលបានចំណាត់ថ្នាក់លេខ៣ ហើយយកប័ណ្ណសរសើរមករក្សាទុក ហើយពេលកូនបានចូលដល់វិទ្យាល័យ ក៏ដូចជារៀនដល់សាកលវិទ្យាល័យយោធាអាមេរិក គឺសម្តេចលួចសប្បាយ លួចញញឹមក្នុងចិត្តតែម្នាក់ឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវធ្វើសកម្មភាពព្រមគ្នា ដើម្បីធានាដល់ការរក្សាបានម៉ាក្រូសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមិនត្រូវធ្លាក់ចុះ។ សម្តេចនាយករដ្ឋមន្ត្រីថា ដើម្បីរក្សាបាននូវស្ថានភាពល្អប្រសើរនេះ ត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨នេះ ត្រូវតែរួមគ្នាជំរុញសេដ្ឋកិច្ចជាតិឲ្យបាន ៧ភាគរយ តែក៏ត្រូវរួមគ្នាត្រៀមការពារទឹកជំនន់។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ ត្រូវតែចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីរួមគ្នារក្សាបាននូវសន្តិភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថានៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ