សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ

CNV: 

ឯកឧត្តម Oh Nak-young អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។

សម្ពោធការកែលំអ ​និងបំពាក់បរិក្ខាថ្មី រួមចំណែកចំរើនព្រះជន្មព្រះមហាក្សត្រ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ នូវអគារមិត្តភាពកម្ពុជា-កូរ៉េ ដែលបានកែលម្អសាជាថ្មី។ អម្បាញ់មិញ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរំលឹកថា កាលថ្ងៃទី ២២ ខែមករា ២០១៧ ខ្ញុំបានមកចូលរួមសម្ពោធនៅទីនេះម្ដងហើយ ឥឡូវនេះ បានមកចូលរួមសម្ពោធជាថ្មីម្ដងទៀត នូវការកែលម្អ និងបំពាក់នូវបរិក្ខារថ្មី។ ដំបូង ខ្ញុំគួរតែនិ​យាយថា ហេតុអ្វីបានជាខ្ញុំជ្រើសរើសយកថ្ងៃឈប់សម្រាក ដែលជាថ្ងៃខួបចម្រើនព្រះជន្មព្រះករុណាព្រះមហា​ក្សត្រក្នុងគម្រប់ ៦៥ ព្រះវស្សា ឈានចូល ៦៦ ព្រះវស្សា។ (ការធ្វើបែប)នោះ សំដៅដល់ការចូលរួមចំណែកក្នុងការសម្ពោធសមិទ្ធផលនេះអបអរសាទរ ពិធីចម្រើនព្រះជន្មព្រះមហាក្សត្រនៃយើងផងដែរ។

ទីតាំងពេទ្យកុមារជាតិ ជាកន្លែងស្ទូងស្រូវនៃមន្ត្រីក្រសួងសុខាភិបាល និងទទួល World Vision ជាថ្មី

… ខ្ញុំធ្លាប់រំលឹកអំពីបញ្ហាពាក់ព័ន្ធជាមួយនឹងទឹកដី ជាមួយនឹងទីកន្លែង ដែលយើង​កំពុងឈរនៅទីនេះ។ កាលពីអតីតកាល ក្រោយពេលរំដោះ ឆ្នាំ ១៩៧៩ យើងមានការវិលត្រឡប់មកនូវអង្គការទស្សនៈ​ពិភពលោក​។ ដីមួយផ្នែកខាងនោះ ត្រូវបានសាងសង់នូវមន្ទីរពេទ្យ ក្រោមជំនួយរបស់អង្គការទស្សនៈពិភពលោក … ប៉ុន្តែតំបន់ដែលយើងកំពុងតែឈរនេះ ជាតំបន់ដែលមានការស្ទូងស្រូវរបស់មន្ត្រីរបស់ក្រសួងសុខាភិបាល​​។ ដីនេះគឺជាដីដែលមានការស្ទូងស្រូវ។

អ៊ុនតាក់ ទារយកផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទកម្ពុជា វិទ្យាសា្ថនសង្គមវិជ្ជា ធ្វើជាទីបញ្ជាការ

ខ្ញុំមានជំលោះជាមួយនឹងអ៊ុនតាក់ ដោយសារគ្រាន់តែតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី អ៊ុនតាក់បានទាមទារពីរកន្លែងពីខ្ញុំ។ ទី ១ ទាមទារយកផ្នែកមួយនៃសាកលវិទ្យាល័យរបស់យើង គឺឥឡូវហ្នឹងដូចជាវិទ្យាសា្ថនសង្គមវិជ្ជា យកធ្វើជាទីបញ្ជាការអ៊ុនតាក់ ហើយជួលក្នុងមួយខែចំនួន ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ពេលនោះសូម្បីតែព្រះករុណាព្រះបិតា ក៏ព្រះអង្គបានស្ដាប់ឮនៅក្នុងការប្រជុំនិ​យាយច្រំដែលៗរបស់ អ៊ុនតាក់ ជាពិសេសប្រទេសមហាអំណាចទាំង ៥ តែម្ដងជាមួយនឹងប្រធានអ៊ុនតាក់ ដែលទាមទារយកអានោះធ្វើជាទីបញ្ជាការ។ ខ្ញុំបដិសេធម្ដងហើយម្ដងទៀត។ ចុងក្រោយខ្ញុំគំរាមលាលែងពីតំណែង។ ខ្ញុំថាបើសិនជាឯកឧត្តមទាំងអស់គ្នានៅតែត្រូវការ ខ្ញុំសូមលាលែងពីតំណែងតែម្ដង មុនពេលដែលនិស្សិតធ្វើបាតុកម្មប្រឆាំងខ្ញុំ​។ អគ្គរដ្ឋទូតរបស់អង់គ្លេស ដែលតំណាងអោយប្រទេសធំទាំង ៥ នៅពេលនោះក៏បានឆ្លើយតបភ្លាមៗថា សុំទោសគឺសេចក្ដីត្រូវការវត្តមានរបស់ឯកឧត្តម ហ៊ុន សែន សំខាន់ជាងអគារសំរាប់អ៊ុនតាក់ ស្នាក់នៅធ្វើជាទីបញ្ជាការ។ វាដូចជាជ្រុលហួសហេតុពេក មកដាក់សំពាធអោយយើងដាក់នៃផ្នែកមួយនៃសាកលវិទ្យាល័យកាលពីពេលនោះ ដែលយើងកាត់​មួយផ្នែកមកអោយរាជបណ្ឌិតសភាសព្វថ្ងៃ យកទៅធ្វើជាទីបញ្ជាការ អ៊ុនតាក់។

(អ៊ុនតាក់) បានទារទីតាំងពេទ្យកុមារជាតិ ជាទីដាក់អូស្កូទាហ៊ាន

ថ្ងៃនោះគឺ (សម្តេច) ទៀ បាញ់ ចូលរួម(ប្រជុំ) SNC ជាមួយគ្នា។  ដល់ខ្ញុំគំរាមលាលែង ឯកឧត្តម អៀង ម៉ូលី នៅហ្នឹងដែរតើ។ ថាអ៊ុនតាក់ហ្នឹងទាមទារយកអាហ្នឹង។ ពេលហ្នឹងប្រជុំនៅ(ប្រាសាទ)ខេមរិន្ទតែម្ដង។ ខ្ញុំជាប្រ​ធានរដ្ឋាភិបាលនៅនឹងកន្លែងនៅក្រុងភ្នំពេញ។ អញ្ចឹង និស្សិតយើងកំពុងតែរៀន អោយគ្នាទៅណា។ ដល់តែលឺថាខ្ញុំលាលែងពីតំណែង (ក៏មានការ)ភ័យដែរ ព្រោះតែលាព្រឹបគឺប៉ះប្រាវភ្លាម។ មិនដឹងថារត់ជាន់គ្នាទៅត្រង់​ណាទេ។ ដល់អញ្ចឹងខ្លាចដែរក៏ដកថយទៅ។ ក្រោយមកក៏ចរចាយកអាកន្លែងហ្នឹង ដើម្បីដាក់អូស្កូ សម្រាប់ទាហ៊ានអ៊ុនតាក់។ មកទារត្រង់ហ្នឹងទៀត។ ខ្ញុំថាចុះកន្លែងមួយគគោកក៏មិនទៅនៅ …។

ថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្ដល់ជំនួយឧបត្ថម្ភនេះ

ឥឡូវ វាហួសជិត ៣០ ឆ្នាំទៅហើយ។ រឿងរ៉ាវខ្លះគឺបងប្អូនយើងអាចអត់យល់ទេ។ ពេលនោះខ្ញុំជំទាស់ជាមួយនឹងការដាក់តាំងទាហ៊ាន អ៊ុនតាក់ នៅទីនេះ … គេមានអូស្កូគេ យកមកតម្រៀបៗ គេរស់នៅបានហើយ​។ យើងមិនអោយ។ ក្រោយមក មានក្រុមហ៊ុនច្រើនណាស់ចង់បានដីហ្នឹង ក៏ប៉ុន្តែខ្ញុំបានប្រាប់ថាអោយដាក់ទុកទៅ បើមិនទាន់មានអីទេ ស្ទូងស្រូវចោលទៅ ឬក៏ដាំបន្លែនាំគ្នាស៊ីទៅ។ ទីចុងបំផុត ពេលដែលមិត្តកូរ៉េមានថវិកាជួយ យើងក៏បានសាងសង់(មន្ទីពេទ្យ)នៅកន្លែងនេះ ដែលកាលពីមុនអស់ ២ លាន ៤ សែនដុល្លារសហ​រដ្ឋអាមេរិក ហើយថ្ងៃនេះត្រូវបានកែលម្អរហូតដល់ ៧ លាន ២ សែន ៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក​។ ខ្ញុំសូមយក​ឱកាសនេះថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានផ្ដល់ជំនួយឧបត្ថម្ភនេះ តាមរយៈឯឧត្តមអគ្គរដ្ឋទូតនៃសាធារណកូរ៉េ។ អម្បាញ់មិញ ឯកឧត្តមអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅទីនេះរំលឹកអំពីការដាក់ទំនាក់ទំនងការទូត។

ប្រឹងប្រែងបង្កើតទំនាក់ទំនងកម្ពុជាកូរ៉េ តាំងពីមុនការចុះហត្ថលេខាកិច្ចព្រមព្រៀងក្រុងប៉ារីស

ខ្ញុំគួរតែត្រូវរំលឹកបន្តិចថា ប្រសិនបើខ្ញុំមិនធ្វើដោយប្តូរផ្ដាច់នៅឆ្នាំ ១៩៩៦ ទេ សួរថាទំនាក់ទំនងរវាងសា​ធារណរដ្ឋកូរ៉េ ដែលយើងហៅថាកូរ៉េខាងត្បូង (ជាមួយកម្ពុជា)មានសភាពបែបម៉េច។ ខ្ញុំបានប្រឹងប្រែងធ្វើការងារនេះតាំងពីនៅញ៉ូវយ៉ក នៅពេលដែលមានមុនពេលចុះហត្ថលេខា មុនពេលចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សូមបញ្ចាក់ថា កៅអីកម្ពុជានៅអង្គការសហប្រជាជាតិ ត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមតាំងពីឆ្នាំ ១៩៧៥-១៩៧៩ ហើយបន្តកាន់កាប់ពីឆ្នាំ ១៩៧៩-១៩៩១ ទើបក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលហៅថា SNC នៅពេលនោះ ចូលទៅកាន់កាប់ជំនួសអោយខ្មែរក្រហម។ តែក៏នៅតែមានវត្តមានខ្មែរក្រហម នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ពេលនោះ កូរ៉េខាងជើង និងកូរ៉េខាងត្រូង ចូលអង្គការសហប្រជាជាតិជាមួយគ្នា ខ្ញុំបានប្រឹងប្រែងធ្វើកិច្ចការងារនេះ មុនពេលកិច្ចព្រមព្រៀងទីក្រុងប៉ារីស(ត្រូវបាន)ចុះហត្ថលេខាទៅទៀតថាគប្បី​ដាក់ទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ … ដូច្នេះ (យើងបានមាន)ទំនាក់ទំនងការទូតប្រទេសទាំងពីរដោយស្មើគ្នា ប៉ុន្តែមិនបានទទួលផលទេ។

មានះនឹងចុះហត្ថលេខាកិច្ចព្រមព្រៀងទំនាក់ទំនងការទូត នៅក្នុងឆ្នាំ ១៩៩៦

ឆ្នាំ១៩៩២ ខ្ញុំបានព្យាយាមសាជាថ្មីម្ដងទៀត នៅពេលអគ្គរដ្ឋទូតនានាប្រចាំនៅនឹងរដ្ឋកម្ពុជាត្រូវប្តូរទៅជាប្រចាំជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។ អគ្គរដ្ឋទូតដែលដាក់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាល​ចំណុះត្រីភាគី ក៏ត្រូវផ្ទេរមកជាការដាក់ទំនាក់ទំនងការទូត ជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ផងដែរ។ ខ្ញុំ​ព្យាយាមសាជាថ្មីម្តងទៀត ប៉ុន្តែមិនបានសម្រេច។ ទីចុងបំផុត ខ្ញុំមានះនឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ទំនាក់ទំនងការទូតនេះ នៅក្នុងឆ្នាំ ១៩៩៦ ហើយបន្ទាប់ពីការចុះហត្ថលេខាហើយ ខ្ញុំក៏ធ្វើដំ​ណើរទៅកាន់សាធារណរដ្ឋកូរ៉េ នៅឯសេអ៊ូល ពេលនោះគឺជាដំណាក់កាលអតីតប្រធានាធិបតី គីម យ៉ុង​សាម​។

ពីទំនាក់ទំនងកម្រិតតំណាងបេសកកម្ម មកជាកំរិតអគ្គរដ្ឋទូត

ការចាប់ផ្តើមពីពេលនោះ តាមរយៈស្ថានតំណាង … ខ្ញុំអរគុណសាធារណរដ្ឋកូរ៉េបានទទួលយកនូវភាពអយុតិ្តធម៌មួយរយៈ។ ម្ខាងដាក់ទំនាក់ទំនងអគ្គរដ្ឋទូត ម្ខាងដាក់ទំនាក់ទំនងត្រឹមកម្រិតប្រធានបេសកកម្ម។ ប៉ុន្តែ ដូចការគិតទុកដែរ បញ្ហាសេដ្ឋកិច្ច ការភ្ជាប់ទំនាក់ទំនង និងបញ្ហាដទៃទៀត វានឹងជំរុញល្បឿននៃទំនាក់ទំនងការទូត មួយឆ្នាំក្រោយ គឺនៅឆ្នាំ ១៩៩៧ ដែលរហូតមកដល់ពេលនេះ មាន​រយៈពេល ២១ ឆ្នាំហើយ ជាទំ​នាក់ទំនងថ្នាក់កម្រិតអគ្គរដ្ឋទូត ក៏ត្រូវបានចាប់ផ្តើមផ្ទេរពី ឯកឧត្តម ប៉ាក់ ជុងតាយ ដែលកាលពីដើមគឺជាប្រធានបេសកកម្ម ទៅជាអគ្គរដ្ឋទូតតែម្តង។

នយោបាយយុទ្ធសាស្រ្តទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ មិនជាការខាតបង់សំរាប់កម្ពុជាទេ

ខ្ញុំអរគុណជាមួយនឹងរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានគាំទ្រជាមួយនឹងការជំរុញទំនាក់ទំនង ដ៏ល្អប្រ​សើរជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យការសម្រេចចិត្តខាងនយោបាយជាយុទ្ធសាស្រ្តនៃទំនាក់ទំនងការទូតរបស់ខ្ញុំជាមួយសាធារណរដ្ឋកូរ៉េ។ (ទំនាក់ទំនង)មិនបានទទួលនូវការខាតបង់ណាមួយសំរាប់​ប្រ​ជាជនកម្ពុជានោះទេ។ បើមិនដូច្នោះទេ ពួកគេអាចនឹងធ្វើការស្តីបន្ទោសឲ្យខ្ញុំថា ដោយសារតែខ្ញុំមានះនឹងចុះហត្ថលេខា និងដាក់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង ធ្វើឲ្យបាត់បង់ទំនាក់ទំនង និងការគាំទ្រពីសំណាក់កូរ៉េខាងជើង។ អាចមានយោបល់យ៉ាងដូច្នេះ …។

រំពឹងថាសភាពការណ៍នៅឧបទ្វីបកូរ៉េ នឹងទទួលបានការរីកចម្រើនបន្តទៀត

ក៏ប៉ុន្តែ ខ្ញុំមិនបានមើលឃើញថា កម្ពុជានឹងទទួល​បាននូវបរាជ័យ ពេលដែលយើងដាក់ទំនាក់ទំនងការទូតជាមួយនឹងកូរ៉េខាងត្បូង ហើយយើងក៏មិនបានធ្វើឲ្យ​ប៉ះពាល់ ទៅដល់ទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើងដែរ។ នៅលើពិភពលោកមានទំនាក់ទំនង ទាំងខាងជើងផង ទាំងខាងត្បូងផង ដោយសារតែប្រទេសទាំងពីរបានចូលអង្គការសហប្រជាជាតិជាមួយគ្នា។ ប៉ុន្មានអាទិត្យមុននេះ មានជំនួបជាប្រវត្តិសាស្រ្តរវាងប្រធា​នា​ធិប​តី មូន​ ចែអ៊ីន របស់កូរ៉េខាងត្បូង ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន។ នេះគឺជាការអំណរសាទររបស់ប្រជាជនកម្ពុជា (ដោយ)រំពឹងថាសភាពការណ៍នៅឧបទ្វីបកូរ៉េ នឹងទទួលបានការរីកចម្រើនបន្តទៀត។ យើងក៏កំពុងរង់ចាំមើលនៃជំនួបជាប្រវតិ្តសាស្ត្រ ដែលនឹងអាចកើតមានរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង ដែលបច្ចុប្បន្ននេះ ហាក់ដូចជាបានរៀបចំរួចជាស្រេចហើយ សម្រាប់ជំនួបនៅឯសឹង្ហបូរី

កម្ពុជា និងកូរ៉េ ជាប្រទេសដន្លងនឹងគ្នា

ខ្ញុំពិតជាមានការអរគុណជាមួយនឹងជំនួយដ៏សប្បុរស ដែលសាធារណរដ្ឋកូរ៉េបានផ្តល់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនោះ ឥឡូវនេះ យើងពិនិត្យអំពីបញ្ហាទាក់ទិនជាមួយនឹងប្រជាជនកម្ពុជាដែលរស់នៅកូរ៉េ បច្ចុប្បន្ននេះដែលទៅធ្វើការនៅកូរ៉េ ព្រមទាំងនិស្សិតក៏ដូចជាអ្នកដែលរៀបការនៅកូរ៉េគឺប្រមាណជាង ៥ ម៉ឺននាក់។ ឥឡូវ យើងជាប្រទេសជាដន្លងជាមួយគ្នាទៅហើយ។ គ្រាន់តែកូនកាត់ជាង ១ ម៉ឺននាក់។ នៅពេលទស្សនកិច្ចនៅកូរ៉េ ខ្ញុំបាននិយាយទៅកាន់ថ្នាក់ដឹកនាំកូរ៉េទាំងឡាយថា សូមគិតគូរឲ្យបានដិតដល់ ធ្វើយ៉ាងណាឲ្យពួកគេបានចេះពីរភាសា គឺភាសាខ្មែរផង និងភាសាកូរ៉េផង …។

កូរ៉េ មានការហោះហើរត្រង់មកកម្ពុជាច្រើនជាងគេ ពីក្រៅតំបន់មកព្រះរាជាណាចក្រកម្ពុជា

ប៉ុន្តែអ្វីដែលសំខាន់ គឺការវិនិយោគ។ បើនិយាយពីក្រៅតំបន់ ការហោះហើរត្រង់ចូលមកព្រះរាជាណាចក្រកម្ពុជា គឺមានតែប្រទេសកូរ៉េទេ ដែលមានការហោះហើរត្រង់ច្រើនជាងគេ មកចុះនៅទីក្រុងភ្នំពេញផង ហើយចុះនៅសៀមរាបផង។​ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលទៅសហរដ្ឋអាមេរិក ឬទៅប្រទេសមួយចំនួនផ្សេងទៀត គឺបានធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េ។ ឧទាហរណ៍៖ ថាពីមុននេះធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមសឹង្ហបូរី តាមម៉ាឡេស៊ី ឬទៅតាមកន្លែងផ្សេងៗ ក៏ប៉ុន្តែក្រោយនេះប្រជាជនកម្ពុជាយើង ដែលនៅអាមេរិក ឬប្រជាជនកម្ពុជាដែលនៅកម្ពុជាធ្វើដំណើរទៅអាមេរិក ពីអាមេរិកមកកម្ពុជា គឺធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េ។ នេះជាដំណើរការនៃការរីកចម្រើន ហើយឥឡូវនេះជាមួយនឹងនយោបាយថ្មីអំពីសកម្មភាពបត់ទិសខាងត្បូង របស់ប្រធានាធិបតី មូន ចែអ៊ីន។

សង្ឃឹមថា មិត្តកូរ៉េនឹងអោយមានស្ពានឆ្លងកាត់ទន្លេណាមួយ ហៅថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ខ្ញុំសង្ឃឹមថា កម្ពុជានឹងទទួលបានលើសពីអ្វី ដែលខ្លួនបាន និងកំពុងទទួល។ ផែនការមួយចំនួនបាន និងកំ​ពុងអនុវត្តដូចជាផ្លូវតភា្ជប់ពីខេត្តកណ្តាលទៅព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងសាងសងជិតរួចរាល់។ បន្តការកសាងផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ បន្តការកសាងផ្លូវជាតិលេខ ៤៨។ គឺសុទ្ធតែជាគម្រោងល្អៗ។ ខ្ញុំកំពុងតែស្នើសុំថា យើងមានស្ពានមិត្តភាពកម្ពុជា-ចិន យើងមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយើងគួរតែមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេផងដែរ ព្រោះប្រទេសទាំងនេះសុទ្ធតែជា ប្រទេសដៃគូដ៏ល្អនៅក្នុងក្របខណ្ឌអាស៊ានបូកមួយ និងអាស៊ានបូកបី។ អាស៊ានបូកកូរ៉េ និងអាស៊ានបូកបី រួមមាន៖ កូរ៉េ ជប៉ុន និងចិន។ បានសេចក្តីថា ជប៉ុន មានស្ពានរួចហើយ … ចិនបានមានស្ពានរួចហើយ សង្ឃឹមថាមិត្តកូរ៉េនឹងឲ្យមានស្ពានឆ្លងកាត់ទន្លេណាមួយដែលហៅថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏ដូចជាបងប្អូនកូរ៉េទាំងឡាយ ខ្ញុំមិនបានស្នើសុំអ្វីក្រៅតែពីផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានោះទេ។

អតីតប្រធានាធិបតី គីម យ៉ុងសាម ជូន ២ លានដុល្លារ យកជាសាច់ប្រាក់ ឬអ្វីក៏បាន

គ្រាន់តែក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋកូរ៉េលើកដំបូង អតីតប្រធានាធិបតី គីម យ៉ុងសាម នៅក្នុងពេលចរចាចប់ធ្វើដំណើរទៅកាន់កន្លែងជប់លៀង បានប្រាប់ខ្ញុំថា ឥឡូវនេះក្នុងដំ​ណើរ​ទស្សនកិច្ច របស់ឯកឧត្តម គឺសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជាជំនួយជូនកម្ពុជាចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក ហើយឯកឧត្តមអាចយកជាសាច់ប្រាក់ ឬចង់យកជាអ្វីក៏បានដែរ។ ខ្ញុំមិនយល់ទេ ព្រោះគាត់បានបើកទូលាយថា យកជាសាច់ប្រាក់ក៏បាន។ គាត់មិនបាននិយាយ នៅក្នុងអង្គប្រជុំធំទេ គាត់និយាយនៅពេលធ្វើដំណើរទៅកាន់តុបាយ។

គ្រឿងចក្រតម្លៃ ២ លានដុល្លារ ជាការផ្តល់ជំនួយលើកដំបូង របស់សាធារណរដ្ឋកូរ៉េ

អញ្ចឹងអាចមានអ្នកខ្លះថា ខ្ញុំសុំជាសាច់ប្រាក់ អាចខ្លះអាចថាសុំយកនេះសុំយកនោះ ក៏ប៉ុន្តែភ្លាមៗនោះ ខ្ញុំបានឆ្លើយទៅជាមួយនឹងឯកឧត្តម អតីតប្រធានាធិបតី គីម យ៉ុងសាម ថាដោយសារតែកូរ៉េមានគ្រឿងចក្រ សម្រាប់ការកសាងផ្លូវ ឬធ្វើប្រឡាយទឹក ដូច្នេះខ្ញុំសុំគ្រឿងចក្រសម្រាប់វិស្វកម្ម សម្រាប់ការធ្វើផ្លូវ ការធ្វើប្រ​ឡាយទឹក តម្លៃស្មើនឹងពីរលានដុល្លារអាមេរិក ដែលឯកឧត្តមផ្តល់ជូនខ្ញុំ។ អញ្ចឹងបានជាយើងមានគ្រឿងចក្រដែលជួយអោយយើងតភ្ជាប់ នៅពេលដែលយើងធ្វើសមាហរណកម្មតភ្ជាប់ពីសៀមរាបឡើងទៅដល់អន្លង់វែង។ ពេលនោះយើងពិបាក។ យើងមិនមានគ្រឿងចក្រគ្រប់គ្រាន់ទេ ក៏ប៉ុន្តែយើងបានទទួលគ្រឿងចក្រនោះ ហើយប្រគល់អោយកងវិស្វកម្ម ដែលបានធ្វើការតភ្ជាប់ពីស្រែណូយទៅកាន់អន្លង់វែង ជាផ្នែកមួយនៃការផ្តល់ជំនួយលើកដំបូងរបស់សាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា។

កូរ៉េ គួរពិចារណាលើកកម្រិតប្រជុំកំពូលមេគង្គ/កូរ៉េ

ឥឡូវនេះ ទំនាក់ទំនងរវាងប្រទេសទំាងពីរកាន់តែជិតស្និត នៅក្នុងកម្រិតជាដៃគូ ហើយយន្តការនៃទំនាក់ទំនងនេះ ក្រៅពីទំនាក់ទំនង​ទ្វេភាគី យើងនៅមានទំនាក់ទំនងនៅក្នុងក្របខណ្ឌនៃមេគង្គកូរ៉េ ដែលខ្ញុំកំពុងស្នើលើកកម្រិតពីក្របខណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសទៅជាការប្រជុំថ្នាក់កំពូល គឺថ្នាក់ប្រ​មុខ​រដ្ឋ និង​ប្រមុខរដ្ឋាភិបាល ដែលវាគាប់ជួនគ្នាជាមួយនឹងគោលនយោបាយឆ្ពោះមកទិសខាងត្បូងរបស់ប្រធានាធិបតី​កូរ៉េខាងត្បូងផងដែរ។ ជាការស័ក្តិសមណាស់ ដែលមិត្តកូរ៉េអាចពិចារណាលើកកម្រិតទំនាក់ទំនងមេគង្គ និងកូរ៉េ ដោយសារតែឡានឆាងមេគង្គ គឺកម្រិតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល កម្រិតកំពូលហើយ មេគង្គជប៉ុនកម្រិតកំពូលហើយ។ ដូច្នេះកូរ៉េក៏គួរតែដើរដល់កម្រិតកំពូលមេគង្គកូរ៉េផងដែរ។ បើទោះបីជាយើងមិនបានប្រជុំប្រចំាឆ្នំា ក៏ប៉ុន្តែយើងអាចពីរ ឬបីឆ្នំាម្តង ដែលអាចធ្វើអោយកម្រិតនៃកិច្ចសហប្រតិបត្តិការនេះវាដើរទៅមុខ ហើយក្នុងនោះ កម្ពុជាក៏នឹងទទួលផលក្រៅពីទំនាក់ទំនងទ្វេភាគី នៅមានផលប្រយោជន៍ដែលយើងទទួលបានពីកិច្ចសហប្រតិបត្តិការរវាងមេគង្គ និងសាធារណរដ្ឋកូរ៉េ។

កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងកូរ៉េ នឹងទទួលផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា​

យើងនៅមានយន្តការកិច្ចសហប្រ​តិ​បត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ កាលពីពេលដែលយើងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅឯទីក្រុងភ្នំពេញ យើងបានទទួលប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ហើយកាលពីឆ្នំា ២០០២ ក៏មានការប្រជុំកំពូលអាស៊ាន-កូរ៉េ អាស៊ានបូកបី នៅទីនេះផងដែរ​។ យើងក៏នៅមានយន្តការសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអាស៊ីបូព៌ា និងយន្តការសហប្រតិបត្តិការដទៃទៀត ប៉ុន្តែអ្វីដែលយើងមានមោទនភាពគឺកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងកូរ៉េ ដែលនឹងទទួលផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា​របស់យើង។ នេះគ្រាន់តែជាការរៀបរាប់ត្រួសៗ ដែលបង្ហាញអោយឃើញអំពីវឌ្ឍនភាព និងការរីកចម្រើនក្នុងទំនាក់ទំនងប្រទេសទំាងពីរ។

កម្ពុជាបានទទួលនូវផលប្រយោជន៍នៃមន្ទីពេទ្យដ៏សំខាន់នេះ

ថ្ងៃនេះ ប្រជាជនកម្ពុជាក៏បានទទួលនូវផលប្រយោជន៍អំពីមន្ទីរពេទ្យដ៏មានសារសំខាន់នេះ។ ក្នុងឋានៈជាឪ ពុកដែលធ្លាប់មានកូនស្លាប់ និងកូនឈឺ ខ្ញុំយល់ណាស់អំពីអារម្មណ៍ឪពុកម្តាយនៅពេលជួយប្រទះហេតុការណ៍កូនស្លាប់ ឬកូនឈឺ។ ក្នុងឋានៈជាជីតា ដែលធ្លាប់មានចៅឈឺ ខ្ញុំយល់ណាស់ពីអារម្មណ៍របស់ឪពុកម្តាយ ឬក្រុមគ្រួសារនៅពេលដែលមានមានកូន មានចៅឈឺ។ ដូច្នេះខ្ញុំពិតមានមានការលើកទឹកចិត្ត។ មិន ជាការរវល់ដែលមិនអាចធ្វើទៅបាន ​នៅក្នុងការសម្ពោធដាក់អោយប្រើប្រាស់មន្ទីពេទ្យជាជំនួយឥតសំ​ណងដែលត្រូវបានកែលម្អនៅទីនេះបន្ថែម។

យកចិត្តទុកដាក់ព្យាបាលកុមារ រាប់ទំាងការអនុវត្តនយោបាយគំាពារសង្គម

ខ្ញុំសង្ឃឹមថា តាមរយៈនៃសមិទ្ធផលដែលកកើតសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃនេះ លោកគ្រូពេទ្យទំាងឡាយ ក៏ដូចជាគណៈគ្រប់គ្រងមន្ទីពេទ្យ គឺនឹងប​ន្តខិតខំ ដើម្បីយកចិត្តទុកដាក់ព្យាបាលចំពោះកុមាររបស់យើង អ្នកជំងឺរបស់យើង ក្នុងនោះរាប់ទំាងនយោបាយគំាពារសង្គមរបស់យើង ដែលអនុញ្ញាតអោយស្ត្រីកម្មការិនីឆ្លងទន្លេ ទទួលបាននូវ និយាយរួមផ្នែកខាង បើស្ត្រីឆ្លងទន្លេជាកម្មការិនីមិនត្រូវបង់ប្រាក់ ថែមទំាងរដ្ឋាភិបាលផ្តល់នូវអត្ថប្រយោជន៍សម្រាប់កម្មការិនីឆ្លងទន្លេដែរ។

បច្ចេកវិទ្យាថ្មីៗទាមទារអោយមានការគ្រប់គ្រង ចេះប្រើប្រាស់ លើកកំពស់គុណធម៌ វិជ្ជាជីវៈ

សង្ឃឹមថា ក្មួយៗនិស្សិត ដែលមកចូលរួមថ្ងៃនេះ និងបន្តការខិតខំរៀនសូត្រចំណេះវិជ្ជាផ្នែកវេជ្ជសាស្ត្រនេះ ដើម្បីបន្តវេនបន្តទៀត។ ឥឡូវនេះ បច្ចេកវិទ្យាកាន់តែជឿនលឿន ប៉ុន្តែបើសិនជាយើងមិនលឿនតាមបច្ចេកវិទ្យាទេ គឺបច្ចេកវិទ្យានៅតែបច្ចេកវិទ្យាហ្នឹង … ទោះបីក្លាយជាវេជ្ជបណ្ឌិតក៏ដោយ ឬអ្នកឯកទេសក៏ដោយ ក៏ប៉ុន្តែបច្ចេកវិទ្យាថ្មីៗទាមទារអោយមានការគ្រប់គ្រង និងចេះប្រើប្រាស់ លើកកំពស់គុណធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យរបស់យើង។

មិនត្រូវបានកំណត់អាយុប្រឡងក្របខណ្ឌ ទំាងមន្ត្រីរាជការ ទំាងគ្រូពេទ្យ

ខ្ញុំបានរួមចំណែកដោះស្រាយបញ្ហានេះច្រើនណាស់មកហើយ សម្រាប់ក្រុមគ្រូពេទ្យរបស់យើង ដែលកាលមុននេះ គឺទាក់ទងនឹងបញ្ហាអាយុជាដើម ធ្វើអោយវេជ្ជបណ្ឌិតឯកទេសមិនអាចធ្វើការបាន (ហើយនៅ)អ្នកឯកទេសជាប់កិច្ចសន្យា ជាមន្ត្រីជាប់កិច្ចសន្យា … តំាងពីពេលនោះមក យើងក៏បានដោះស្រាយបណ្តើរៗ ប៉ុន្តែក្រោយមកយើងបានដោះស្រាយមួយកញ្ចប់តែម្តង ទំាងមន្ត្រីរាជការ ទំាងក្រុមគ្រូពេទ្យ គឺមិនត្រូវបានកំណត់អាយុសម្រាប់ប្រឡងចូលក្នុងក្របខណ្ឌនោះទេ។ គ្រូពេទ្យឯកទេសត្រូវរៀនច្រើនជាង ដល់រៀនច្រើនជាងវាហួសអាយុតាមការកំណត់នៃលក្ខន្តិកៈមន្ត្រីរាជការ ដូច្នេះធ្វើអោយវេជ្ជបណ្ឌិតឯកទេស ទៅជាមន្ត្រីជាប់កិច្ចសន្យាទៅវិញ។ ហ្នឹងរឿងមួយទៅ។

ប៉ុន្មានថ្ងៃនេះ ក៏បានដោះស្រាយបញ្ហាបញ្ចប់ហើយ អំពីសមមូល(សញ្ញាបត្រ)នៃនិស្សិតពេទ្យវេជ្ជបណ្ឌិតដែលបញ្ជូនទៅបណ្តុះបណ្តាលនៅឯវៀតណាមនោះ គឺ វៀតណាមរៀនតែ ៦ ឆ្នំា បានក្លាយទៅជាវេជ្ជបណ្ឌិត ឯយើងរៀន ៨ ឆ្នំា។ ចូលមកក្នុងហ្វេសប៊ុករបស់ខ្ញុំពេញណែនទំាងអស់។ ខ្ញុំក៏ត្រូវរកទំនាក់ទំនងជាមួយ ឯកឧត្តម ​ម៉ម ប៊ុនហេង ដើម្បីដោះស្រាយបញ្ហានេះ។ សាជាថ្មី ពូសូមអភ័យទោសចំពោះក្មួយៗទំាងអស់ ដែលបានរៀននៅវៀតណាម ហើយបែរជាក្មួយៗមានការបារម្ភ ទំាង​អ្នករៀនចេញហើយ និងនិស្សិតដែលកំពុងរៀននៅវៀតណាម ចូលមកpageនាយករដ្ឋមន្ត្រី តម្រូវអោយនាយករដ្ឋមន្ត្រីធ្វើការដោះស្រាយ។ បញ្ហានៅត្រង់ថា កាលពីប៉ុន្មានឆ្នំាមុននោះ វេជ្ជបណ្ឌិតដដែលរៀននៅសាលាវៀតណាមដដែល ចូលមកហេតុអ្វីយើងទទួលគេជាវេជ្ជបណ្ឌិត ស្រាប់តែឥឡូវនេះ បែរជាមិនទទួលស្គាល់គេជាវេជ្ជបណ្ឌិត ហើយគេទៅរៀនថែមឲ្យគេទៅធ្វើតេស្ត។ ឯកឧត្តម ម៉ម ប៊ុនហេង … ពេលមុន(រៀន) ៦ ឆ្នាំទទួលស្គាល់គេជាវេជ្ជបណ្ឌិត ដល់ឥឡូវស្រាប់តែឈប់ទទួលស្គាល់ទៅ … អញ្ចឹងបានថា ខ្ញុំមានការហត់នឿយបន្តិចអំពីការខ្លះ រឿងមិនចាំបាច់ ធ្វើឲ្យទៅជារឿងចាំបាច់។ គេដោះស្រាយជាមួយក្រសួងសុខាភិបាលពិបាក គេមកដោះស្រាយជាមួយនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីត្រូវពិនិត្យមើលបញ្ហាហ្នឹង។ មិនមែនបញ្ហាតូចតាចទេ។

រឿងសិស្សនិទ្ទេស D E មិនឲ្យប្រឡងពេទ្យ

មួយទៀតកាលមុននេះ សាលាពេទ្យដាក់ថាយកតែ A B C ឲ្យចូលប្រឡងចូលក្របខណ្ឌចូលពេទ្យ ដល់ D E អត់យក។ ដល់ចឹងបានខ្ញុំចូលមកទៀតហើយ កូនសិស្សចូលមកទៀតហើយ និស្សិតពេទ្យចូលមក លោកអ៊ំ ជួយផងឥឡូវសាលាពេទ្យគេយកតែ A B C ទេ D E អត់យក។ ខ្ញុំទៅដោះស្រាយបញ្ហាហ្នឹងទៀត។ ចុះបើយកទាំងអស់ទៅវាថី។ អញ្ចឹងបានថា ពេលខ្លះដូចជាហួសពេក។ អស់លោកមើលតែដើមឈើមួយដើម មិនមើលព្រៃទាំងមូល។ អត់បានទេ។ សុំឲ្យអស់លោកបើកទស្សនៈឲ្យធំទូលាយជាងហ្នឹងបន្តិច។ ពេលខ្លះមិនប្រាកដថានិទ្ទេស A B C វាពូកែជាង D E ទេ ដោយសារតែថ្ងៃប្រឡងបាក់ឌូប្លិ គឺជាថ្ងៃគេអត់ស្រួលខ្លួន ឬក៏ការភ្លេចភ្លាំងណាមួយ … យើងយកទៅអ្នកណាក៏ដោយឲ្យតែជាប់បាក់ឌូប្លិ។ កុំចាំបែងចែក A ផ្សេង B ផ្សេង ​… បង ម៉ម ប៊ុនហេង ស្រួលទេ ប៉ុន្តែរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមួយចំនួន ដូចមិនសូវស្រួល …។

និទ្ទេសអីក៏ប្រឡងពេទ្យបាន តែមិនបន្ធូរបន្ថយវិញ្ញាសារទេ

ប៉ុន្តែ មានសំណូមពរមួយ ពូមិនអាចដោះស្រាយបានសម្រាប់ក្មួយៗនិស្សិតទេ។ ស្រាប់តែដោះស្រាយបានហើយ ឥឡូវឲ្យគ្រប់និទ្ទេសទាំងអស់ចូលប្រឡងឲ្យជាប់មធ្យមសិក្សាទុតិយភូមិ ស្រាប់តែមាន comment ពីរបីថា សុំឲ្យមានការបន្ធូរបន្ថយបន្តិច អាហ្នឹងជួយអត់បានទេ។ ចេះបានជាប់។ បើយើងបន្ធូរបន្ថយអ្នកណាក៏ចេះតែជាប់ៗ អញ្ចឹងមួយនគរធ្វើពេទ្យទាំងអស់ហើយ។ ហ្នឹងត្រូវតែមានការយោគយល់គ្នាអំពីបញ្ហា ខ្ញុំក៏សូមបញ្ជាក់។ ខ្ញុំបានដោះស្រាយហាក់ដូចជាច្រើនពេកហើយនូវបញ្ហាទាំងឡាយទាក់ទងជាមួយនឹងវេជ្ជសាស្ត្រនេះ។ ផុតពីរឿងមួយដល់រឿងមួយ។ វេជ្ជបណ្ឌិតកាលពីសម័យដើម យើងអត់មានបញ្ជូនទៅណា បញ្ជូនទៅតែវៀតណាម ត្រឡប់មកវិញក្លាយជាវេជ្ជបណ្ឌិត ធ្វើវេជ្ជបណ្ឌិតទាំងអស់គ្នាទៅ។ ស្រាប់តែចុងក្រោយថាអត់ទទួលទេ មូលហេតុមកពីយើងរៀន ៨ ឆ្នាំ គេរៀន ៦ ឆ្នាំ។ គេរៀន ៦ ឆ្នាំ ប៉ុន្តែយើងមើលកម្មវិធីសិក្សារបស់គេម៉ោងរបស់គេមើល កម្រិតរបស់គេ ព្រោះវេជ្ជសាស្ត្ររបស់វៀតណាមខ្ពស់ជាងកម្ពុជា​ …។

កម្ពុជាកំពុងប្រឹងប្រែងអោយក្រេឌីតសិក្សានៅកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ

ម្យ៉ាងទៀត វាហាក់ដូចជាមើលស្រាលចំពោះប្រទេសគេមួយ ព្រោះវេជ្ជបណ្ឌិតនៅនោះ មកនេះគេអត់ទទួលស្គាល់ ឯយើងកំពុងប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េច ដើម្បីយកពិន្ទុ យកក្រេឌីតពិន្ទុរបស់យើងឲ្យអន្តរជាតិផ្សេងទៀតទទួលស្គាល់ ដូចជាកម្ពុជាជាមួយម៉ាឡេស៊ីមានសាកលវិទ្យាល័យមួយទទួលស្គាល់ក្រេឌីតរបស់យើង​។ ឧទាហរណ៍ ទៅរៀនមហាវិទ្យាល័យឆ្នាំទី ២ បញ្ចប់ឆ្នាំទី ២ ទៅដល់ម៉ាឡេស៊ីមានសាលាខ្លះគេទទួលស្គាល់ឲ្យចូលឆ្នាំទី ៣ តែម្តង មិនបញ្ចុះឲ្យរៀនទី ២ ម្តងទៀតទេ។ យើងកំពុងប្រឹងប្រែងអាហ្នឹង ឯយើងកំពុងដាក់បារ៉ាសខ្លួនឯង។ នេះគឺជារឿងមួយមិនសមហេតុសមផល។ ខ្ញុំគ្រាន់តែលើក ព្រោះបើនិយាយជាមួយបង ម៉ម ប៊ុនហេង តែម្នាក់ឯង គាត់មិនហ៊ានប្រាប់ទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទៀត។ អញ្ចឹងជំហានដូចគូទម្ជុល​ … ខ្ញុំសុំនិយាយត្រង់ រឿងរុញឲ្យខ្លោច រោលឲ្យឆៅហ្នឹង ត្រូវប្រយ័ត្នប្រយែង …  ខ្ញុំដឹងហើយអំពីការដែលយើងត្រូវពង្រឹងគុណភាពគ្រូពេទ្យរបស់យើង ក៏ប៉ុន្ដែចំណុចដែលគួរតែឆ្ងល់ថា ធ្លាប់​ទទួលគេជាវេជ្ជបណ្ឌិត អ្នកដែលរៀនមុន ចុះអ្នកដែលរៀនក្រោយ រៀនសាលាជា​មួយ​គ្នាអីជាមួយគ្នា ស្រាប់​តែយើងអត់ទទួលស្គាល់ បែរជាតម្រូវអោយប្រឡង តម្រូវអោយសាកល្បងនៅតាម​មន្ទីរពេទ្យ​នានា។

ខ្លាចមានការយល់ច្រឡំក៏បង្ហោះសារពាក់ព័ន្ធនឹងសុខភាព

​ថ្ងៃ​មុន វាគាប់ជួនរឿងអី ប្រហែលជាអាហ្វេសប៊ុកហ្នឹងវាអញ្ចឹង។ ខ្ញុំក៏មិនយល់ដែររឿងហ្នឹង។ គេថាមួយឆ្នាំ វាលោត​ម្ដង។ វាលោតចំត្រង់រូបថតខ្ញុំនៅក្នុងពេទ្យកំពុងព្យួរសេរ៉ូម តាំងពីឆ្នាំ ២០១៦។ ស្រាប់តែពេលហ្នឹង តាម WhatsApp Telegram សួរសុខទុក្ខខ្ញុំថា សុខភាពសម្ដេចយ៉ាងម៉េចហើយ? មានគេទូរស័ព្ទសួរចំពោះអ្នក​ដែលនៅជិតខាងថា សម្ដេចម៉េចហើយសុខភាពគាត់? ស្មានថាខ្ញុំឈឺ។ ខ្ញុំឃើញថារឿងនេះ បើសិនជាខ្ញុំមិន​បង្ហោះ​ចេញមួយសិនមិនបានទេ។ គាប់ជួនក្រោយហាត់ប្រាណបន្ដិចដែរ … ក៏បង្ហោះអាហ្នឹងមួយចេញទៅ។ គ្រាន់តែរូបហ្នឹងចូលដល់ ៥ ម៉ឺន like ប៉ុន្ដែ comment វិញសុទ្ធតែលោក​អ៊ំ​ជួយផង គ្រូក្រសួងសុខាភិបាលយល់ច្រឡំហើយ។ ពួកខ្ញុំត្រូវបានរដ្ឋមន្ដ្រីអប់រំទទួលស្គាល់សញ្ញាបត្រ​ រៀន​ស្អីៗ​សព្វបែបយ៉ាងគេមិនទទួលស្គាល់ ទាំងអ្នករៀនចប់ ទាំងនិស្សិតកំពុងរៀននៅវៀតណាមតែម្ដង។

ឥឡូវអ្នកមើលហ្វេសប៊ុកខ្ញុំ គេស្គាល់ណាស់ កាលណាអក្សរទៅ​ទាំងជួររាងរៀបរយអញ្ចឹង ច្បាស់ជា Admin ជួយធ្វើហើយ ព្រោះខ្ញុំជួនកាល(មាន)អក្ខរាវិរុទ្ធខ្លះ។ ខ្ញុំពិបាកពេក ខ្ញុំវ៉ៃ​រួចហើយបញ្ជូន ឬក៏Adminគេធ្វើរួចហើយ ឲ្យខ្ញុំពិនិត្យ រួចហើយបានគេបង្ហោះ។ ប៉ុន្ដែប្រជាពលរដ្ឋអាចដឹង​ថា នៅពេលដែលហ្វេសប៊ុករបស់ខ្ញុំសរ​សេរតែមួយចំហៀងទេ ព្រោះខ្ញុំចូលទៅ Note សិន រួចហើយបានខ្ញុំកូពីចូលទៅដាក់។ ខ្ញុំកែក្នុង Note អោយហើយ។ អញ្ចឹងទេ អក្សរវារត់ទៅតែមួយចំហៀងទេ អារត់តែ​មួយចំហៀងហ្នឹងហើយ ហ៊ុន សែន សរសេរផ្ទាល់ ហើយបង្ហោះខ្លួនឯងអត់មានAdminអីទេ ហើយ​អ្នកដែល ​Comment ចូលគ្រប់ (មានទាំង)ចូលទាំងInbox …។

ខ្ញុំត្រូវទាក់ទងជាមួយឯកឧត្តម ម៉ម ប៊ុនហេង ថា ខ្ញុំកំពុងឲ្យរដ្ឋមន្ដ្រីធ្វើការប្រជុំបន្ទាន់លើរឿងនេះ។ ក្នុងឋានៈជានាយករដ្ឋមន្រ្ដី ពូត្រូវស្ដាប់ប្រធានស្ថាប័នជំនាញ។ ទាក់ទងជាមួយបង ម៉ម ប៊ុនហេង តាម WhatsApp ខ្ញុំក៏ copy ដាក់បញ្ជូនចេញទៅ ហើយដាក់ថានេះ ជាការសម្រេចរបស់រដ្ឋមន្ដ្រីសុខាភិបាល។ បានសេចក្ដីថាទទួលស្គាល់ហើយ។ ប៉ុន្ដែនៅខាងក្រោមក៏មានឃ្លាថា សូមឲ្យវេជ្ជបណ្ឌិតដែលរៀនចប់ហើយ យកចំណេះវិជ្ជាមកបម្រើប្រជាពលរដ្ឋ ហើយនិស្សិតត្រូវរៀនឲ្យចេះ រៀនអោយចប់ …។

ប៉ុណ្ណឹងបានហើយ។ អរគុណណាស់។ សង្ឃឹមថាឯកឧត្តម ពាំនាំនូវការអរគុណរបស់ខ្ញុំចំពោះរដ្ឋា​ភិបាល និងប្រជាជនកូរ៉េ ដែលបានផ្ដល់ជំនួយ ហើយអរគុណដល់ក្រុមហ៊ុនដែលសាងសង់ដ៏ល្អនៅ​ទីនេះ។ ថ្ងៃនេះខ្ញុំក៏បាននាំមកជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ១១០៦ នាក់ ដែលមកចូល​រួមនៅទីនេះ ម្នាក់ៗ ២ ម៉ឺនរៀល, ជូនបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ៤៨៥ ម្នាក់ ថវិកា ១០ ម៉ឺនរៀល​, ជូនអ្នកជំងឺនៅមន្ទីរពេទ្យកុមារជាតិ ២៦៩ នាក់ ម្នាក់ ថវិកា ៥ ម៉ឺនរៀល, ជូនមន្ទីរពេទ្យកុមារជាតិ ១០ លានរៀល ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមិត្ដភាពកម្ពុជា-កូរ៉េ ដែលកែលំអថ្មី ខ្ញុំសូមជូនពរសម្រាប់មិត្ដភាពកម្ពុជាកូរ៉េរីកចំរើន និងស្ថិតស្ថេរចីរកាល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ