ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

174

(FN)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គីនៃកម្លាំងមហាជន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល ដើម្បីបុព្វហេតុមនុស្សធម៌។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជាមោទនភាពសម្រាប់កូនខ្មែរ ដែលបានបន្តរក្សាមរតករបស់អតីតព្រះមហាក្សត្រខ្មែរ។ សម្តេច ក៏បានកោតសរសើរចំពោះចលនាមហាជនកាន់តែច្រើនឡើង ដែលបានចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា។

*សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលអាក្រក់ នៃគ្រោះថ្នាក់ចរាចរ ហើយយុវជនកាកបាទក្រហម បានរួមចំណែកច្រើនក្នុងសកម្មភាពអប់រំពីច្បាប់ចរាចរណ៍ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរ។

*សម្តេចតេជោ បានថ្លែងថា ការដាក់ចេញប្រធានបទ «កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែង មានសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ ព្រោះថា ជនរងគ្រោះមិនមែនមានតែនៅទីក្រុង ឬទីជនបទនោះទេ តែមាននៅគ្រប់ទីកន្លែងទាំងអស់ ដែលទាមទារឲ្យមានការជួយពីកាកបាទក្រហម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា កាកបាទក្រហមកម្ពុជាគ្រប់រូប។

*សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ថវិកាសប្បុរសសម្រាប់កាកបាទក្រហមពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង ដែលការកើនឡើងនេះដោយសារតែការ មានជំនឿចិត្តចំពោះកាកបាទក្រហមកម្ពុជា ប្រើប្រាស់ថវិកាមានប្រសិទ្ធភាព និងចំគោលដៅ។

*សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្ញប់ស្ញែងផងដែរចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា។ សម្តេចតេជោ បានយល់ឃើញថា ការសម្រេចបរិច្ចាគនេះ ក៏ដោយសារតែអ្នកមានទ្រព្យធនធាននេះធ្លាប់ឆ្លងកាត់ការលំបាកគ្រាប្រទេសជួបវិបត្តិភ្លើងសង្គ្រាម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយយោងតាមការព្យាករណ៍អាកាសធាតុឆ្នាំនេះ អាចមានគ្រោះទឹកជំនន់ ដូច្នេះសម្តេចស្នើឲ្យមានការត្រៀមខ្លួនបង្ការ និងត្រៀមសង្គ្រោះជនរងគ្រោះ។

*សម្តេចនាយករដ្ឋមន្ត្រីរំលឹកថា នៅពេលសម្តេច ត្រូវបានសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ គឺសម្តេចបានប្រកាសថា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះឡើយ។ សម្តេចតេជោ បានថ្លែងទៀតថា ការប្រកាសដាក់ចេញនយោបាយរបស់សម្តេចនាពេលនោះ ក៏ត្រូវបានកាកបាទក្រហមយកមកអនុវត្តន៍ផងដែរ។

*សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីទុក្ខវេទនារបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសស៊ីរី និងបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ាមួយចំនួនទៀត។ ជាមួយការរំលឹកពីទុក្ខវេទនារបស់ប្រទេស ទាំងអស់នោះ សម្តេចតេជោ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្តិភាព និងទប់ស្កាត់ភ្លើងសង្គ្រាមកុំឲ្យកម្ពុជាវិលទៅរកភាពឈឺចាប់ដូចអតីតកាល។

*សម្តេចតេជោ បានបន្តថា ជាពិសេសត្រូវរួមគ្នារក្សាឲ្យមានកាកបាទក្រហមកម្ពុជាតែមួយ កុំឲ្យមានការបែកខ្ញែកគ្នា។

*សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តកាកបាទក្រហមជួយសាងសង់ផ្ទះ និងដោះស្រាយបញ្ហាទឹកនៅតាមទីជនបទផងដែរ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងចប់សន្ទកថា នៅវេលាម៉ោង៨៖៥០នាទី៕