សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៣,១៨៧នាក់

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដែលពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បារីករាយក្រៃលែងដែលបានអញ្ជើញមកចូលរួមប្រគល់ សញ្ញាបត្រដល់និសិ្សតសាលកវិទ្យាល័យជាតិគ្រប់គ្រង ដែលនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រ នាព្រឹកនេះមាន បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ៣,១៨៧នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការវិវឌ្ឍន៍ និងរីកចម្រើនរបស់ សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានប្រែក្លាយពីវិទ្យាស្ថានអប់រំ ទៅជាសាលកលវិទ្យាល័យ ដែលបានបណ្តុះបណ្តាលធនធាមនុស្សរាប់ម៉ឺននាក់ ឲ្យទទួលបាននូវចំណេះដឹងនិងជំនាញពិតប្រាកដ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដែលមាន ការវិវឌ្ឍរីកចម្រើនធនធានមនុស្ស ហើយបានធ្វើឲ្យកម្ពុជាអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ កម្ពុជានឹងបន្តជំរុញវិស័យអប់រំនេះអោយបានខ្លាំងថែមទៀតដើម្បីប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប ឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ហើយមានមហិច្ឆតាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកំម្រិតខ្ពស់នៅឆ្នាំ២០៥០។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ សាលារាជធានីភ្នំពេញ បានផ្តល់សេវាកម្មឡានក្រុងសម្រាប់បម្រើប្រជាពលរដ្ឋដែល ត្រូវធ្វើដំណើរទៅតាមបណ្តាលខេត្តនានា គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុង “មិនបង់ថ្លៃ” ចាប់ពីថ្ងៃទី ១២ មេសា ដល់ថ្ងៃទី ១៨ មេសា ២០១៨ នៅតាមផ្លូវជាតិមួយចំនួនដូចជា:

-ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង)។
-ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត)។
-ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ)។
-ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ)។
-ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ចាម កំពង់ធំ និងសៀមរាប)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ ក៏បានជូនពរដល់ក្មួយៗជ័យលាភីទាំងអស់ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ និងឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិត ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានថតរូបអនុស្សាវរីយ៍ប្រកបដោយបរិយាកាសសប្បាយរីករាយនិងស្និទ្ឋស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...