ព្រះករុណាព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨​ –ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញពីមាតុប្រទេស តាមព្រះទីនាំងយន្តហោះពិសេស នាព្រឹកថ្ងៃសុក្រ ០៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដើម្បីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។

អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុសសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនសំខាន់ៗជាច្រើន រូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។

ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ជូនជនរួមជាតិ បានគូស បញ្ជាក់ថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨តទៅ ដើម្បីនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន។

នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើ សម្ដេចវិបុលសេនា ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រ កម្ពុយជា។

គួរបញ្ជាក់ដែរថា ការយាងបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេស ជប៉ុននាពេលនេះ គឺដើម្បីចូលរួមក្នុងពិធី សម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរម្លឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅរាជាណាចក្រជប៉ុន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា