ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទក្រោយ​កិច្ចប្រជុំ​កំពូល​គណៈ​កម្មការ​ទន្លេមេ​គង្គ​លើក​ទី៣ នៅទីក្រុង​សៀម​រាប​អង្គរ

(FN)៖ កិច្ចប្រជុំកំពូលដែលកម្ពុជាទទួលភារៈធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ នៅក្រុងសៀមរាប ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានការអញ្ជើញចូលរួមផងដែរ ពីប្រមុខមេដឹកនាំប្រទេសតាមដងទន្លេមេគង្គក្រោម រួមមាន៖ នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក និងតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទន្លេមេគង្គភាគខាងលើចិន និងមីយ៉ាន់ម៉ា។

ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទបិទកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅទីក្រុងសៀមរាបអង្គរ៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេង្គលើកទី៣នៅក្នុងខេត្តសៀមរាបអង្គរ គឺជាប្រវត្តិសាស្ត្រថ្មីប្រកបដោយអត្ថន័យ ដ៏ជ្រាលជ្រៅមួយទៀត របស់គណៈកម្មការទន្លេមេគង្គ។

*សម្តេចតេជោ បានថ្លែងថា ក្នុងកិច្ចប្រជុំចង្អៀតប្រមុខដឹកនាំ នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គកម្ពុជា ថៃ ឡាវ និងវៀតណាម បានពិភាក្សាលើបញ្ហាពាក់ព័ន្ធ នឹងការពង្រឹងការអនុវត្តកិច្ច ព្រមព្រៀង មេគង្គឆ្នាំ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គក្នុងកិច្ចសហប្រតិបត្តិការតំបន់។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបានពិភាក្សា​និងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាប្រឈមនានា ក្នុងអាងទន្លេមេគង្គ និងបានប្តេជ្ញាចិត្តរួមគ្នា បន្តខិតខំធ្វើការដើម្បីលើកកម្ពស់ ប្រសិទ្ធភាព នៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែប្រសើរទៀត សម្តៅសម្រេចឲ្យបាននូវការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

*សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅលើទឹកដីសៀមរាបអង្គរនេះ ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានពិនិត្យ និងវាយតម្លៃខ្ពស់នូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ក្នុងឆ្នាំ២០១៤ នៅប្រទេសវៀតណាម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំនៅវៀតណាមនោះ បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងភាគីសហប្រតិបត្តិការពាក់ព័ន្ធផ្សេងទៀតក្នុងគោលដៅ និងបេសកកម្មរួមគ្នា សម្រាប់ធានាឲ្យបាននូវនិរន្តរភាពនៃទន្លេមេគង្គ និងធនធានរួមនៃទន្លេមេគង្គ ដើម្បីជាប្រយោជន៍នៃភាពចម្រុងចម្រើនក្នុងអាងទន្លេមេគង្គ ដោយការពារបាននូវនិរន្តរភាពបរិស្ថាន។

*សម្តេចតេជោ បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកគណៈកម្មការអន្លេមេគង្គ បានពិភាក្សាគ្នាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ដែលក្នុងនោះរួមមាន៖

-កំណើនសេដ្ឋកិច្ចយ៉ាងរហ័ស
-កំណើនប្រជាជន
-កំណើនតម្រូវការទឹក ស្បៀង និងថាមពល នគររូបនីយកម្ម ឧស្សាហូបនីយកម្ម
-ការបាត់បង់ទ្រព្យសម្បត្តិជាអាទិ៍ បរិស្ថានដីសើម ធនធានជលផល ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងហានិភ័យដល់ជីវចម្រុះ និងដល់ជីវភាពរស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាជន ដោយសារផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍលើវិស័យទឹក និងក្នុងគ្របវិស័យពាក់ព័ន្ធផ្សេងទៀតនាពេលកន្លងមក។ ទាំងអស់នេះ បង្ហាញពីភាពចាំបាច់ដែលត្រូវរួមគ្នាគិតគូរដោះស្រាយ ដោយឈរលើស្មារតីមេគង្គ និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ បានកំណត់នូវសកម្មភាពជាអាទិភាព ដោយផ្តោតជាសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដោយក្នុងនោះ មានការងារស្នូលចំពោះមុខដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់មួយចំនួនរួមមាន៖

-ការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តរបស់គណៈកម្មការទន្លេមេគង្គឆ្នាំ២០១៦-២០២០
– ការបន្តពង្រឹងការអនុវត្តរាល់នីតិវិធីរបស់គណៈកម្មការទន្លេមេគង្គលើការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកនៃអាងទន្លេមេគង្គឲ្យកាន់តែមានប្រសិទ្ធភាព
– ការបន្តពង្រឹងការធ្វើវិមជ្ឈការសម្រាប់សកម្មភាពត្រួតពិនិត្យតាមដានធនធានទន្លេមេគង្គដែលត្រូវអនុវត្តនៅថ្នាក់ជាតិ
– ការពង្រឹងការងារមជ្ឈិការសម្រាប់បណ្តាញត្រួតពិនិត្យតាមដានអាងទន្លេមេគង្គ ដែលត្រូវអនុវត្តនៅថ្នាក់តំបន់
– ការបង្កើនការយល់ដឹង និងការប្រើប្រាស់ផលិតផលរបស់គណៈកម្មការទន្លេមេគង្គ ដែលត្រូវអនុវត្តនៅថ្នាក់តំបន់
– ការបង្កើនការយល់ដឹង និងការប្រើប្រាស់ផលិតផលរបស់គណៈកម្មការទន្លេមេគង្គ ដោយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ធផ្សេងទៀត
– ការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយន្តការពាក់ព័ន្ធក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ
– ការពិនិត្យពិចារណាលើលទ្ធផលនៃការសិក្សាស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍទន្លេមេគង្គសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការរៀបចំផែនការ ការគ្រប់គ្រង ការអភិវឌ្ឍអាងទន្លេមេគង្គឲ្យបានល្អប្រសើរ និងប្រកបដោយចរីភាព។

*សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកនៃគណៈកម្មការទន្លេមេគង្គ បានដាក់ចេញទិសដៅមួយចំនួនផងដែរ។ ទិសដៅដែលបានដាក់ចេញនោះរួមមាន៖
– អះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត ចំពោះការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ឲ្យមានប្រសិទ្ធភាព និងលើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គឲ្យប្រែក្លាយជាស្ថាប័ន មានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងនៅឆ្នាំ២០៣០ និងបន្តពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាគណៈកម្មាធិការរួម លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បណ្តាគណៈកម្មាធិការជាតិទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិនៅក្នុងដំណើរការការងាររបស់គណៈកម្មការទន្លេមេគង្គ
– លើកទឹកចិត្តដល់គណៈកម្មការទន្លេមេគង្គ ឲ្យបន្តខិតខំកៀរគរមូលនិធិពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ខ្លួន
– ប្រគល់ភារកិច្ចដល់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដើម្បីត្រួតពិនិត្យតាមដាន និងធានាលើការអនុវត្តសេចក្តីថ្លែងការក្រុងសៀមរាបឲ្យមានប្រសិទ្ធភាព។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានឯកភាពថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នឹងរៀបចំធ្វើក្នុងខែមេសា ឆ្នាំ២០២២ នៅសាធារដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

*នៅក្នុងសន្និសីទព័ត៌មានបិទបញ្ចប់កិច្ចប្រជុំកំពូលនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីថ្លែងការណ៍ក្រុងសៀមរាប បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រចំពោះមុខ ក្នុងការជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

សម្តេចបានថ្លែងបញ្ចប់សន្នីសីទបិទកិច្ចប្រជុំនៅវេលាម៉ោង១២៖២០នាទីរសៀលថ្ងៃនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...