ប្រសាសន៍​សំខាន់ៗ​របស់​សម្តេ​ចតេជោ ហ៊ុន សែន ថ្លែងបើក​កិច្ច​ប្រជុំ​កំ​ពូល​គណៈ​កម្មការ​ទន្លេ​មេគង្គ​លើក​ទី៣ នៅទីក្រុង​សៀមរា​បអង្គរ

(FN)៖ កិច្ចប្រជុំកំពូលដែលកម្ពុជាទទួលភារៈធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ នៅក្រុងសៀមរាប ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានការអញ្ជើញចូល​រួមផងដែរ ពីប្រមុខមេដឹកនាំប្រទេសតាមដងទន្លេមេគង្គក្រោម រួមមាន៖ នាយករដ្ឋមន្ត្រីឡាវ លោក ថង​លូន ស៊ីស៊ូលីត, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក និង​តំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទន្លេមេគង្គភាគខាងលើចិន និងមីយ៉ាន់ម៉ា។

ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ច​ប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅទីក្រុងសៀមរាបអង្គរ៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំកំពូលថ្ងៃនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ហើយក៏ជាការជួបជុំដ៏សំខាន់មួយសម្រាប់ពិនិត្យឡើងវិញនូវវឌ្ឍនភាព ក៏ដូចជាដើម្បីកំណត់ និងដាក់ចេញនូវទិសដៅជាយុទ្ធសាស្រ្តទៅមុខ សំដៅធានាឲ្យគណៈកម្មការទន្លេមេគង្គអនុវត្តនូវភារកិច្ច និងបេសកកម្មបានរឹតតែប្រសើរ និងកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាងទន្លេមេគង្គ។

*សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគណៈកម្មការទន្លេមេគង្គ មានការវិវឌ្ឍរីកចម្រើនក្នុងសន្ទុះមួយប្រកបដោយថាមពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពិសេសដោយរក្សាបាននូវតុល្យភាពអេកូឡូស៊ីនៃអាងទន្លេមេគង្គ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្លេមេគង្គ គឺជាប្រភពនៃជីវិតជានិរន្តន៍ និងភាពចម្រុងចម្រើននៃប្រទេសតាមដងទន្លេមេគង្គ។

*សម្តេចតេជោ បន្តថា អាងទន្លេដ៏មានសារសំខាន់មួយនេះ នឹងបន្តជួបប្រទះនូវបញ្ហាប្រឈមនានាដូចជា កំណើនប្រជាជន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើននៃតម្រូវការផ្នែកសន្តិសុខទឹក ស្បៀង និងថាមពលនៅក្នុងបណ្តាប្រទេសតាមដងទន្លេ។

*សម្តេចបានបញ្ជាក់ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏មានលក្ខណៈកាន់តែជាក់ច្បាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ និន្នាការនេះ នឹងចោទជាការគំរាមកំហែងបន្ថែមទៀតមកលើប្រព័ន្ធទន្លេមេគង្គ ពិសេសលើធនធាន និងនិរន្តរភាពនៃទន្លេ ខណៈដែលកិច្ចការ និងគោលដៅរួម ត្រូវធានានូវចីរភាពនៃផលប្រយោជន៍ ដែលទន្លេមេគង្គបានផ្តល់ជូនសម្រាប់ប្រជាជន នៃបណ្តាប្រទេសតាមដងទន្លេក្នុងរយៈពេលវែង តទៅមុខរាប់ច្រើនជំនាន់មនុស្សក្រោយៗទៀត។

*ជាទិសដៅទៅមុខ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងហានិភ័យពាក់ព័ន្ធផ្សេងទៀតឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើបណ្តាប្រទេសជាសមាជិកនៃគណៈកម្មទន្លេមេគង្គ គប្បីត្រូវផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួនរួមមាន៖

ទី១៖ បន្តជំរុញ និងពង្រឹងយន្តការសម្របសម្រួល និងអភិវឌ្ឍន៍ទឹក និងធនធានពាក់ព័ន្ធប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់ប្រទេសជាសមាជិក និងសុខមាលភាពរបស់ប្រជាជន
ទី២៖ បន្តផ្តល់អាទិភាពដោះស្រាយបញ្ហាប្រឈមចម្បងៗដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃអាងទន្លេមេគង្គ រួមមានដូចជា ការគ្រប់បរិស្ថាន និងកាកសំណល់, ការដោះស្រាយផលប៉ះពាល់ដល់ បរិស្ថានដែលកើតចេញ ពីការប្រែប្រួលអាកាសធាតុ, ការប្រើប្រាស់ និងការបំពុលទឹកទន្លេ និងការគ្រប់គ្រងគម្រោងនានា ដែលពាក់ព័ន្ធដល់ចីរភាពអាងទន្លេមេគង្គ និងជីវចម្រុះ
ទី៣៖ បន្តរៀបចំវិធានការ និងសកម្មភាពជាក់លាក់ សម្រាប់ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងជំរុញសុខដុមនីយកម្មនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់
ទី៤៖ បន្តពង្រឹងសមត្ថភាពមនុស្ស និងសមត្ថភាពស្ថាប័ន សម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងប្រទេសជាសមាជិកក្នុងតំបន់ ជាពិសេសសម្រាប់ការអនុវត្តនុវផែនការ និងយុទ្ធសាស្រ្តដែលបានដាក់ចេញកន្លងមកឲ្យបានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធ
ទី៥៖ បន្តលើកកម្ពស់ស្មារតីសហប្រតិបត្តិការមេគង្គក្នុងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាបន្តជំរុញបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយយន្តការក្នុងតំបន់ និងអន្តរជាតិនានា ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

*សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថា កម្ពុជានឹងធ្វើការរួមគ្នាឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាមួយគ្រប់ប្រទេសតាមដងទន្លេមេគង្គ និងប្រទេសជាដៃគូរបស់គណៈកម្មការទន្លេមេគង្គផ្សេងទៀត សំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូសម្រាប់ការអភិវឌ្ឍ និងភាពរីកលូតលាស់ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

*សម្តេចតេជោ បានថ្លែងថា សម្តេចមានជំនឿយ៉ាងមុតមាំ ដោយសារតែស្មារតីនៃកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព ព្រមទាំងភាពជឿទុកចិត្តគ្នាកាន់តែរឹងមាំ និងដោយមានស្មារតីទទួលខុសត្រូវរួម សម្រាប់អនាគតប្រកបដោយភាពចម្រុងចម្រើនរួមគ្នា ក៏ដូចជាដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសជាសមាជិក ព្រមទាំងការបន្តជួយគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការពីដៃគូរបស់គណៈកម្មការទន្លេមេគង្គ នឹងអាចសម្រេចបាននូវវឌ្ឍនភាពធំៗ ជាច្រើនទៀតក្នុងជំហានកាន់តែសកម្មប្រកប ដោយថាមពល សម្រាប់ជាប្រយោជន៍នៃវឌ្ឍនភាពសង្គម និងភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ចប្រកបដោយចីរភាពនៃអាងទន្លេមេគង្គទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ