FN ៖ តាមការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី មហាគ្រួសារកីឡាជាតិជាង ៣ពាន់នាក់ ជាលើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលវិស័យកីឡាមានក្លាយជាចលនាជាតិ ហើយមានគ្រប់គ្រឹះស្ថានសិក្សា។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យវិស័យកីឡាគ្រប់ប្រភេទត្រូវពង្រីកនូវគុណធម៌។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ ដែលកីឡាករតែងតែទទួលនូវលទ្ធផលពីការប្រកួត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរកីឡាករប្រដាល់មួយចំនួន ដែលពួកគេនៅតែរីករាយ ទោះបីពួកគេប្រកួតចាញ់ ហើយនៅតែអបអរសាទរជាមួយ កីឡាករដែលឈ្នះ។ តែសម្តេចក៏សោកស្តាយចំពោះកីឡាករមួយចំនួន ដែលធ្វើចរិតមិនសមរម្យនៅពេលលទ្ធផលចាញ់ការប្រកួត។
* សម្តេចតេជោ ហ៊ុន សែន ថា កាយវិការនេះមិនខុសពីបក្សនយោបាយមួយចំនួន ដែលមិនព្រមទទួលយកលទ្ធផលបោះឆ្នោតហើយ បែរជាទៅធ្វើសកម្មភាពមួយចំនួននាំដល់ការបំផ្លាញជាតិ។
* ប្រសាសន៍ដាក់ផ្លែឲ្យមនុស្សមួយចំនួនដែលប្រដូចសម្តេចទៅនឹងកីឡាករអេភូថងថា អត់មានគូប្រកួតនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កីឡាករដែលត្រូវប្រកួតជាមួយអេភូថង់ត្រូវរថយន្ត ត្រូវម៉ូតូបុកស្លាប់បាត់ទៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកីឡាករចៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវធ្វើខ្លួនជាកីឡាករដែលថ្លៃថ្នូរមួយជីវិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់អាជ្ញាកណ្តាលមិនត្រូវធ្វើត្រឹមកម្រិតក្នុងប្រទេសនោះទេ គឺត្រូវប្រឹងបញ្ជ្រៀបខ្លួនទៅក្នុងកម្រិតតំបន់ ឬកម្រិតអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការពិនិត្យទៅលើលទ្ធភាពក្នុងការរៀបចំឲ្យមានការប្រកួតវាយកូនហ្គោលសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាថ្មីថា ទាំងកីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល នឹងទទួលបានការជិះរថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញដោយមិនគិតថ្លៃ ហើយក៏អាចពិនិត្យ និងព្យាបាលជំងឺក្រោមក្របខណ្ឌមូលនិធិសមធម៌ដោយមិនគិតថ្លៃផងដែរ។
* ដោយសារតែមានកីឡាការិនីមួយចំនួន ស្ថិតនៅក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធជាដើមនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលពួកគេឆ្លងទន្លេ គឺអាចទទួលបានតែមួយចំណែកប៉ុណ្ណោះមិនអាចទៅបើកពីក្របខណ្ឌដទៃទៀតនោះឡើយ។