ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃនេះ

(FN)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលបានធ្វើឡើងអស់រយៈពេល១ថ្ងៃកន្លះរួចមកនោះ។

សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល ដើម្បីបានផ្តល់អនុសាសន៍ និងការក្រើនរំលឹកមួយចំនួនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលក្នុងការបង្កើនប្រសិទ្ធភាពលើការផ្តល់សេវាសុខាភិបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទន ជាពិសេសលទ្ធផលនៃការផ្តល់ សេវាអប់រំសុខភាពការពិនិត្យ សុខាភិបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិកទាំងក្នុង និងក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការ ឧបត្ថម្ភគាំទ្រទាំងផ្នែក បច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាលដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ។

* សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា មានកិច្ចការសំខាន់ៗជាច្រើន ដែលអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តន៍ឲ្យបានកាន់ តែស្វាហាប់ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការផ្តល់សេវាសុខភាពឲ្យកាន់តែមានប្រសិទ្ធភាព ការលើកម្ពស់សុខភាព សុខុមាលភាព និងគុណភាព នៃជីវិតរស់នៅរបស់ប្រជាជនគ្រប់រូប ដើម្បីជាគុណប្រយោជន៍បន្ថែមដល់ប្រជាជន និងកសាងបានអនាគតកាន់តែរុងរឿង សម្រាប់កូនចៅជំនាន់ក្រោយ។

* សម្តេចតេជោ បានបញ្ជាក់ថា សុខភាពប្រជាជន គឺជាទ្រព្យធនដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍប្រទេសឲ្យប្រកបដោយចីរភាព ជាពិសេស ការរក្សានូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ដូច្នេះការគិតគូរការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាពដល់ វិស័យសុខាភិបាលនេះ ជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលណាប្រជាជនមានសុខភាពល្អមាំមួន នឹងមានលទ្ធភាពខ្ពស់ចូលរួមពេញលេញក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយ ជីវភាពរស់នៅរបស់គ្រួសារ បង្កើនផលិតភាព និងមានលទ្ធភាពបញ្ជូនកូនចៅទៅកាន់សាលារៀន ឲ្យទទួលបានចំណេះដឹងក្លាយជាមូលធនមនុស្ស មានសមត្ថភាព ជំនាញពិតប្រាកដ ជាកម្លាំងដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធានវិនិយោគយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាលមានជាអាទិ៍៖ សំណង់មូលដ្ឋានសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់ឱសថ បរិក្ខារ ការបំពាក់ឧបករណ៍ពេទ្យ បច្ចេកវិទ្យាវេជ្ជសាស្ត្រ។ល។ ដើម្បីបម្រើដល់ការផ្តល់សេវាសុខាភិបាលរបស់កម្ពុជា។ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏បានបង្កើនចំណាយក្នុងការពង្រីកការ គ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដើម្បីជួយប្រជាជនក្រីក្រ កម្មករ និយោជិតក្រៅប្រព័ន្ធ និងប្រជាជនជាគោលដៅមួយចំនួនផ្សេងទៀតឲ្យចៀសផុត ពីហានិភ័យហិរញ្ញវត្ថុ នៅពេលមកប្រើប្រាស់សេវាថែទាំសុខភាព នៅពេលមានជំងឺ ឬ បញ្ហាសុខភាព។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បន្ទាប់ពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករ និយោជិតក្នុងប្រព័ន្ធត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០១៦។ សម្តេចគូសបញ្ជាក់ថា នេះជាវឌ្ឍនភាព មួយនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិស្តីពីការអភិវឌ្ឍប្រព័ន្ធគាំពាំរសង្គមឆ្នាំ២០១៦-២០២៥ ដែលបានបញ្ជាក់ពីឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់អភិក្រមនៃការឈានជាជំហានៗឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដោយមានសង្គតិភាពជាមួយ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា អត្ថប្រយោជន៍ផ្នែកសុខភាពដែលប្រជាជននឹងទទួលបានត្រូវឈរលើគោលការណ៍ចម្បងពីរយ៉ាងគឺ ទី១. ត្រូវមានសេវា ថែទាំសុខភាព ហើយសេវាទាំងនោះអាចប្រើប្រាស់បាននៅពេលត្រូវការ, ទី២. ត្រូវធានាថា គ្មានប្រជាជនណាម្នាក់ត្រូវបានបោះបង់ចោល និងមិនបានទទួលសេវា ថែទាំងសុខភាព នៅពេលមានជំងឺដង្កាត់ និងនៅពេលមកដល់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះទេ។ សម្តេចបញ្ជាក់ថា ចំណុចនេះ គឺជាគុណតម្លៃសមធម៌ នៃការផ្តល់សេវាសុខាភិបាល ដូច្នេះក្រសួងសុខាភិបាលត្រូវបន្តការខិតខំប្រឹងប្រែងក្នុងការចាត់ចែង និងគ្រប់គ្រងធនធាន ហិរញ្ញវត្ថុដែលមានឲ្យកាន់តែប្រសិទ្ធភាព និងឆ្ពោះទៅពង្រីកការគ្របដណ្តប់នៃសេវាថែទាំសុខភាព និងការគាំពារសុខភាពសង្គមឲ្យកាន់តែមានភាពឆ្លើយតបជាសារវន្ត និងគណនេយភាពចំពោះតម្រូវការផ្នែកសុខភាពរបស់ប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា ប្រភពហិរញ្ញប្បទានសុខាភិបាលមានស្ថិរភាព បរិមាណធនធានសមល្មម គឺជាកត្តាគន្លឹះដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៃប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ក៏ប៉ុន្តែនៅមានកត្តាចម្បងមួយទៀត ដែលមានផលប៉ះពាល់ដល់លទ្ធផលនៃការផ្តល់សេវានេះ គឺអភិបាលកិច្ចល្អនៃប្រព័ន្ធសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។

* សម្តេចតេជោ បានថ្លែងថា ក្រសួងសុខាភិបាលត្រូវគិតគូរឲ្យបានហ្មត់ចត់ ដាក់ចេញវិធានការជាក់លាក់ ការងារអនុវត្តឲ្យបានម៉ឹងម៉ាត់ ដើម្បីធានានូវការផ្តល់សេវាសុខាភិបាលកាន់តែប្រសើរ។ សមាសធាតុសំខាន់ៗទាំងនោះរួមមាន៖

១៖ ពង្រឹងរចនាសម្ព័ន្ធ និងអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលទាំងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមន្ទីរពេទ្យឲ្យមានសមត្ថភាពខ្ពស់ ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន លើកកម្ពស់ការអប់រំ សតិអារម្មណ៍មន្ត្រីបុគ្គលិកសុខាភិបាល ការប្ររតិបត្តិល្អតាមក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថសមរម្យជាមួយប្រជាជន។

២៖ ត្រូវយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចធនធានមនុស្ស ក្នុងវិស័យសុខាភិបាលផ្នែកតាមនីតិវិធីអនុវត្តការងារ និងប្រព័ន្ធគ្រប់គ្រង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងាររបស់ស្ថាប័ន និងបង្កើនផលិតភាពនៃការផ្តល់សេវាទាំងបរិមាណ និងគុណភាពក្នុងខណៈដែលរាជរដ្ឋាភិបាលបានផ្តល់នូវអត្ថប្រយោជន៍បន្ថែម ដល់មន្ត្រីសាធារណៈ ដោយរាប់បញ្ចូលទាំងមន្រ្តីបុគ្គលិកសុខាភិបាល ដូចជាការបង្កើនបៀវត្សរ៍ បង្កើនប្រាក់ឧបត្ថម្ភដល់មន្ត្រីសាធារណៈជាស្រ្តីនៅពេលសម្រាលកូន និងការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជាដើម។

៣៖ ពង្រឹងសមត្ថភាពនិយ័តកម្មរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងសុខាភិបាលបានធ្វើប្រតិភូកម្ម មុខងារនិយ័តកម្មនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាលនៅលើទីផ្សារសុខភាព នៅក្នុងកាលៈទេសៈដែលផ្នែកសុខាភិបាលឯកជន កំពុងរីកលូតលាស់យ៉ាងខ្លាំងក្លា។

៤៖ ដើម្បីទទួលបានប្រសិទ្ធភាពនៃការងារនិយ័តកម្មនេះ ត្រូវធានាថា សេវាថែទាំសុខភាពដែលផ្តល់ដោយផ្នែកសុខាភិបាលជូនប្រជាជន ត្រូវឈរលើនិយាមសមត្ថភាព បច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌។ ដូច្នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងចាំបាច់ត្រូវពង្រឹង យន្តការត្រួតពិនិត្យ និងវាយតម្លៃមួយជាក់លាក់ ដើម្បីធានាឲ្យប្រជាជនដែលបានចំណាយលើការថែទាំសុខភាព ទទួលបានមកវិញនូវគុណប្រយោជន៍ផ្នែកសុខភាព ពោលគឺទទួលបានសេវាមានគុណភាព សុវត្ថិភាព និងភាពស័ក្តិសិទ្ធិ។

៥៖ បង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងជូនដំណឹងដល់បងប្អូនប្រជាជនឲ្យបានយល់ដឹងជ្រួតជ្រាបពិសេសពាក់ព័ន្ធនឹងសុខភាព អនាម័យ មូលនិធិសមធម៌ ការវិវឌ្ឍថ្មីៗក្នុងវិស័យសុខាភិបាលជាដើម។ ទន្ទឹមនោះ ត្រូវពង្រឹងយន្តការគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ឱកាសជូនប្រជាជនមានភាព ងាយស្រួលក្នុងការទទួលបានព័ត៌មាន និងចូលរួមផ្តល់យោបល់អំពីការបំពេញការងាររបស់អង្គភាពផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានអនុលោមតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០ ដែលមានគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឲ្យឆ្លើយតបនឹងតម្រូវការាក់ស្តែងរបស់ប្រជាជនក៏ដូចជាការលើកស្ទួយគុណភាពនៃជីវិតរស់នៅរបស់ប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការបែងចែកគ្រូពេទ្យនៅតាមខេត្ត ជាពិសេសត្រូវពង្រាយឲ្យបានទៅដល់ទីជនបទ ដូចជាថ្នាក់ឃុំ ថ្នាក់ភូមិ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលកាន់តែប្រសើរ មិនត្រូវប្រមូលផ្តុំតែនៅតាមខេត្តនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមិនមានសង្គ្រាមដូចពីអតីតកាល ដែលនាំឲ្យគ្រូពេទ្យរួញរាក្នុងការចុះទៅបំពេញការងារនៅតាមជនបទនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា បច្ចុប្បន្ននៅតាមមណ្ឌលសុខភាពប្រមាណ ៩២ភាគរយមានអគ្គិសនីប្រើប្រាស់ ដែលខុសពីអតីតកាលតាមមណ្ឌល សុខភាពមួយចំនួនប្រើចង្កៀង។ សម្តេចតេជោ បានរំលឹកថា កាលពីសម្តេចត្រូវគ្រូពេទ្យព្យាបាលភ្នែកព្រោះតែភ្លើងសង្គ្រាមនោះ គឺគេប្រើភ្លើងចង្កៀងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និបាតរបស់ក្រសួងសុខាភិបាលរយៈពេល៣៩ឆ្នាំ គឺសម្តេចចូលរួម ៣៨ឆ្នាំទៅហើយ លើកលែងតែឆ្នាំទៅតែប៉ុណ្ណោះដែលមិនបានចូលរួម។

* សម្តេចនាយករដ្ឋមន្ត្រី បានហៅការចូលរួមរបស់សម្តេច គឺបង្ហាញពីការតាមដានយកចិត្តទុកដាក់របស់សម្តេចលើវិស័យសុខាភិបាលនេះ។

* សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងមិនត្រូវបានប្រមូលផ្តុំតែនៅទីរួមខេត្ត ឬទីប្រជុំជននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាចមានអ្នកចង់ដឹងពីចក្ខុវិស័យរបស់សម្តេចក្នុងការដឹកនាំប្រទេសកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើចង់ដឹងពី ចក្ខុវិស័យនេះអាចទៅមើលសៀវភៅ១០ឆ្នាំនៃដំណើររបស់កម្ពុជា ដែលសម្តេចសរសេរតាំងពី១៩៨៨ ហើយសូម្បីតែលើយន្តហោះក៏សម្តេចសរសេរដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលរំដោះគ្មានប្រជាជនណាចង់បានដីបានធ្លីនោះទេ ពលរដ្ឋខ្លះទៀតឲ្យលុយទៅនៅលើដីនោះមិនទៅផង។ ផ្ទុយពីបច្ចុប្បន្នប្រជាពលរដ្ឋដណ្តើមដីគ្នា ហើយអ្នកខ្លះភូតភរថាពួកគេរស់នៅតាំងពីឆ្នាំ១៩៧៩ ខណៈដែលតំបន់នោះសុទ្ធតែជាកន្លែងផ្ទុះអាវុធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាន់មុនមានតែមនុស្សរត់ចោលដី មិនមែនរត់រកដីដូចពេលបច្ចុប្បន្ននេះទេ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ស្ថានភាពគ្រូពេទ្យរបស់កម្ពុជា បានចាប់ផ្តើមឡើងពីគ្រូពេទ្យកោសខ្យល់។

* សម្តេចតេជោ បានរំលឹកថា ក្រោយពេលរំដោះប្រទេសនោះ សម្តេចបានដាក់ពង្រាយគ្រូពេទ្យ តែមិនមានគ្រឿបរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺ ទើបគ្រូពេទ្យបានជ្រើសយកការកោសខ្យល់ជំនួស។

* សម្តេចតេជោថា ចំណុចនេះមិនមែនបង្ហាញថា គ្រូពេទ្យខ្មែរអន់នោះទេ តែជាការបង្ហាញពីគុណធម៌របស់គ្រូពេទ្យ បើទោះបីអត់មានថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យ សុខចិត្តជ្រើសយកការកោសខ្យល់ ដើម្បីជួយអ្នកជំងឺ។

* សម្តេចតេជោបានរំលឹកថា ក្រោយពេលរំដោះប្រទេសនោះ សម្តេចបានដាក់ពង្រាយគ្រូពេទ្យ តែមិនមានគ្រឿបរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺ ទើបគ្រូពេទ្យបាន ជ្រើសយកការកោសខ្យល់ជំនួស។

* សម្តេចតេជោថា ចំណុចនេះមិនមែនបង្ហាញថា គ្រូពេទ្យខ្មែរអន់នោះទេ តែជាការបង្ហាញពីគុណធម៌របស់គ្រូពេទ្យ បើទោះបីអត់មានថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យ សុខចិត្តជ្រើសយកការកោសខ្យល់ ដើម្បីជួយអ្នកជំងឺ។

* សម្តេចតេជោ បានថ្លែងថា សម្តេចមានជំនឿមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង៤៖២៥នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨, សូមអរគុណចំពោះការទស្សនាការ ផ្សាយផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ