នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
គរុសិស្ស និងនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតអធិការអប់រំចំនួន ៧០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២០នាក់, គ្រូបង្រៀនកម្រិតឧត្តម (បិរញ្ញា+១) ចំនួន ៨៤៩នាក់ និងគ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ ៦៩១នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយជាខ្លាំងចំពោះពីធីប្រគល់សញ្ញាបត្រជូនគរុនិស្សិតនៅពេលនេះ។ សម្តេចតេជោបានអរគុណដល់គណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំ ដែលបានបណ្តុះបណ្តាលគរុនិសិ្សតយើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីដំណើរវិវត្តន៍ នៃវិទ្យាស្ថានជាតិអប់រំនេះ ដែលពីមុនគ្រាន់តែជាសាលាគរុកោសល្យធម្មតាតែប៉ុណ្ណោះ តែពេលនេះបានក្លាយជាវិទ្យាស្ថានជាតិអប់រំដ៏ធំមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានចូលរួមចំណែកជំរុញវិស័យអប់រំឲ្យមានការីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកផងដែរថា ក្រោយឆ្នាំ១៩៧៥ គឺវិស័យអប់រំបានបំផ្លាញរលាយទាំងស្រុងដោយរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយឆ្នាំ ១៩៧៩ យើងមិនមានសាលារៀនគ្រប់គ្រាន់ឡើយ ដែលពេលនោះយើងបានអនុវត្ត “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច, រីឯអ្នកចេះតិចបង្រៀនអ្នកមិនចេះ” ដែលក្រោយមកវិស័យអប់រំជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ផងដែរថា វិស័យអប់រំនៅតែជាអាទិភាពយ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។ ការបណ្តុះបណ្តាលគ្រូបង្រៀន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ដល់កូនខ្មែរ ជំនាន់ក្រោយ។ វិស័យអប់រំគឺមានការផ្សារភ្ជាប់ទៅនឹងវិស័យផ្សេងៗ ពីព្រោះវិស័យទាំងអស់សុទ្ធតែត្រូវការធនធានមនុស្សជាចាំបាច់។ រាជរដ្ឋាភិបាលតែងតែខិតខំជំរុញវិស័យអប់រំ ជាក់ស្តែងបច្ចុប្បន្នយើងមានអគារសាលារៀនរាប់ពាន់ខ្នងត្រូវបានកសាងគ្រប់ទីកន្លែង។ ទន្ទឹមនឹងការកសាងសាលារៀន រាជរដ្ឋាភិបាលក៏បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរដូចជាផ្លូវថ្នល់ និងមន្ទីពេទ្យ។ល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ បានជូនពរឲ្យដល់ជ័យលាភីទាំងអស់ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។ អ្វីដែលយើងសម្រេចបាននៅថ្ងៃនេះ គឺដោយសារកម្ពុជាមានសុខ សន្តិភាព ដែលផ្តល់ឱកាសអោយគរុនិសិ្សតយើងបានសិស្សារៀនសូត្រទទួលបានជោគជ័យជាបន្តបន្ទាប់។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ ដល់គរុនិសិ្សត ដែលបានបញ្ចប់ការសិក្សា នឹងផ្តល់ជូននូវដំណើរកំសាន្តនៅខេត្ត សៀមរាប ព្រមទាំងពិធីជប់លៀង ដល់គរុនិស្សិតទាំងអស់ និងបានថតរូបអនុស្សាវរីយ៍ជាមួយគរុនិស្សិតប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់គរុនិស្សិតចំនួន ១,៦៣០នាក់
ពត៌មានផ្សេងៗ
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...