សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានកោះប៉ែន ឆ្លងដៃទន្លេមេគង្គ ពីភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម

CNV: 14 ខែ​មីនា, 2018

កម្ពុជាមានសមត្ថភាពនឹងធ្វើស្ពានដោយខ្លួនឯង ឆ្លងកាត់ទន្លេទាំងអស់នៅព្រះ​រាជាណា​ចក្រ​កម្ពុជា

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ​ លោកតា លោកអ៊ុំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង​ឱកាសនេះ ជាទីគោរព នឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវស្ពានឆ្លងកាត់ដៃទន្លេរបស់យើង ដែលខ្ញុំព្រះករុណាខ្ញុំ ប្រសិទ្ធនាមថា “ស្ពានកោះប៉ែន” ដែលតភ្ជាប់ម្ខាងរវាងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម និងម្ខាងទៀតនៅស្រុកសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នេះជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលទាំងឡាយដែលយើងបានរួមគ្នាកសាងឡើង ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃនេះ មិនមែនគ្រាន់តែបញ្ហាស្ពាន ដែលត្រូវបានឆ្លងកាត់ទន្លេជំនួសអោយទូកដរ និងស្ពានឫស្សីក្នុងរដូវប្រាំងប៉ុណ្ណោះទេ តែខ្ញុំព្រះករុណាខ្ញុំ សុំប្រកាសជាសា​ធារណៈថា ​នៅពេលដែលកម្ពុជាអាចផ្គុំកម្លាំងគ្រប់ប្រភេទ កម្ពុជាមានសមត្ថភាពនឹងធ្វើស្ពានដោយខ្លួនឯង ឆ្លងកាត់ទន្លេទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នោះហើយ​ គឺជាសមិទ្ធផលពិតនៃការកសាងសមត្ថភាព និងភាពជាម្ចាស់របស់កម្ពុជា។

អម្បាញ់មិញ ឧត្តមសេនីយ​ គង់ អៀង បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់មធ្យោបាយផ្ទាល់នៃអង្គភាពវិស្វកម្មរបស់ក្រសួងការពារជាតិមួយផ្នែកតែប៉ុណ្ណោះ ដែលមានគ្រឿងចក្រខ្លះពីប្រទេសនេះ ខ្លះពីប្រ​ទេសនោះ ប៉ុន្តែបើសិនជាយើងប្រមូលផ្ដុំគ្រឿងចក្រដែលមានទាំងនៅសាធារណការ និងផ្នែកដទៃទៀត អាចនិយាយបានថា គ្រប់ទម្រង់នៃទន្លេ ទោះបីជម្រៅណា ហើយចម្ងាយប៉ុន្មានក៏យើងអាចធ្វើបាន។ នេះជាបទពិ​សោធន៍ជោគជ័យរបស់យើងធំណាស់ ដែលយើងមិនគ្រាន់តែអង្គុយរង់ចាំប្រទេសក្រៅផ្ដល់ជំនួយនោះទេ។ ក៏ប៉ុន្តែយើងបានសម្រេចចិត្តដ៏ត្រឹមត្រូវមួយថា យើងធ្វើស្ពាននេះ។

ការសម្រេចចិត្តក្នុងការកសាងស្ពានកោះប៉ែន

ពិតមែនហើយ អភិបាលខេត្ត ហ៊ុន ណេង បានស្នើសុំការធ្វើត្រឹមតែស្ពានដែកបៃឡេប៉ុណ្ណោះ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ​ សុំបញ្ជាក់លើចំណុចនេះបន្ដិច ហេតុអ្វីបានជាពីមុនមិនព្រមធ្វើ ហើយចាំក្រោយបានធ្វើ … កាលពីសម័យដើម តំបន់នៅទិសខាងលិចនេះ គឺជាទន្លេមួយ ហើយដែលនៅសងខាងកោះនេះឯង។ ទន្លេនេះ នៅចរាចរណ៍បាននៅក្នុងចន្លោះទសវត្សរ៍ ៧០។ មិនមែនជាការគោករាក់ទេ ក៏ប៉ុន្តែក្រោយមកគោករាក់បណ្ដើរៗ។ ការគោករាក់បណ្ដើរៗនោះហើយ ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងស្ដារទន្លេនេះឡើងវិញ។ ពេលនោះ មានការសិក្សាមួយថាតើត្រូវការចំណាយប៉ុន្មានទៅ ត្រូវយកខ្សាច់ទៅទីណា ដើម្បីអោយកកើតឡើងវិញមួយទន្លេ? កាលពីសម័យដើម វាមិនគោករាក់ទេ។ នៅតំបន់នេះ យើងប្រើទន្លេដល់ទៅពីរ ហើយនៅឆ្នាំណាមួយនោះ ខ្ញុំព្រះករុណាខ្ញុំ ជិះអូប៊័រ នៅរដូវប្រាំង អត់មកតាមទន្លេខាងនោះទេ ខ្ញុំព្រះករុណាខ្ញុំ មកតាមទន្លេនេះ។ នៅប្រើប្រាស់បាន។ ប៉ុន្តែគោករាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ យើងក៏ឃើញថា ស្ថានភាពនេះគប្បីត្រូវបានស្ដារឡើងវិញ ដើម្បីប្រើប្រាស់ចរាចរណ៍ដឹកជញ្ជូនផ្លូវទឹក។

ខ្ញុំព្រះករុណាខ្ញុំ មានការរារែកនៅក្នុងការអនុញ្ញាតអោយកសាងស្ពាននៅទីនេះ ដោយមានកម្ពស់ត្រឹមតែ ៤ ម៉ែត្រពីលើទឹក នៅពេលដែលទឹកមានកម្ពស់ធំបំផុតនៅឆ្នាំ ២០០០។ ដោយហេតុផលនេះហើយ បានជាខ្ញុំព្រះករុ​ណាខ្ញុំ ពន្យារពេលបន្ដិចទៅលើការសម្រេចចិត្តតាមសំណើរបស់អភិបាលខេត្តកំពង់ចាម។ ម្យ៉ាងទៀត ធនធានមានកម្រិតរបស់យើង និងសមត្ថភាពរបស់យើងទៅដល់ ឬមិនដល់? តែទីចុងបំផុត ខ្ញុំព្រះករុណាខ្ញុំ តែងតែនិយាយថា ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក បើសិនជាមិនចុះទៅក្នុងទឹកទេ តើយើងអាចចេះហែលទឹករបៀបម៉េចទៅ? អញ្ចឹងមានតែវិធីម្យ៉ាងគត់ គឺសម្រេចអោយធ្វើ និងប្រើប្រាស់នូវអ្នកបច្ចេកទេស ព្រមទាំងថវិកាផ្ទាល់របស់កម្ពុជាខ្លួនឯង។ នេះបង្ហាញពីសមត្ថភាពដ៏ធំរបស់យើង។ ទោះបីថា ស្ពាននេះគេចាត់ទុកថា ជាស្ពាន​តូចតាច ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅ ធ្លាប់ឆ្លងកាត់ទូកដរនៅទីនេះ ហើយដែលរដូវប្រាំង គឺរស់ដោយឆ្លងកាត់តាមរយៈស្ពានឫស្សី ច្បាស់ជាចាត់ទុកថា នេះជាស្ពានមហាសាលសម្រាប់ប្រជាពលរដ្ឋហើយ។

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអរគុណចំពោះម្ចាស់ទូកដរ អរគុណចំពោះម្ចាស់ស្ពានឫស្សី ដោយសារតែអស់លោកបានធ្វើអំពើខ្លះអោយប្រជាជនធុញទ្រាន់ ហើយតែងតែសុំអន្តរាគមន៍ទៅខ្ញុំព្រះករុណាខ្ញុំ។ មានពេលខ្លះអស់លោកមិនបានគោរពសៀវភៅបន្ទុកទេ យកថ្លៃលើស។ ពេលមានបុណ្យទាន គឺជួបការលំបាក។​ អញ្ចឹងអរគុណដែរ ដោយ​សារទង្វើ(របស់ពួកគាត់) បើសិនពួកគាត់អនុគ្រោះអោយប្រជាពលរដ្ឋ ប្រហែលជាពន្យារ(ពេលសាងសង់ស្ពាននេះ) ប៉ុន្តែដល់ទៅគាត់ធ្វើបាបប្រជាពលរដ្ឋពេក អត់ពន្យារទេ ធ្វើតែម្ដង។ ដោយសាររឿងហ្នឹងដែរ ក៏យើងត្រូវតែប្រឹង ប៉ុន្តែមិនមែនដោយសារតែពួកគាត់ទាំងអស់ទេ គ្រាន់តែអរគុណពួកគាត់។ អរគុណម្យ៉ាង គាត់ធ្លាប់ចម្លង តែម្យ៉ាងទៀត ដោយសារតែគាត់ធ្វើមិនត្រឹមត្រូវតាមសៀវភៅបន្ទុក ទើបអនុម័តអោយធ្វើស្ពាន។ ទន្ទឹមនឹងអរគុណ ក៏សុំទោសគាត់ដែរ ជីវិតអ្នករត់ទូកដរ និងជីវិតធ្វើស្ពានឫស្សីបានដល់ទីបញ្ចប់។

គេមិនទៅឆ្លងអាហ្នឹងទេ លើកលែងតែមនុស្សដែលបាននិយាយអម្បាញ់មិញថា គេមិនឆ្លងទេ គេសុខចិត្តហែលទឹក។ អញ្ចឹងសុំបន្តទៅទៀតទៅ ចែវទូកទៅ ហើយដើរតាមវាលខ្សាច់ហ្នឹងទៅ គ្មានអ្នកណាគេមកអង្វរអោយយើងទៅដើរទេ ព្រោះសេរីភាពសព្វថ្ងៃនេះ សេរីភាពដើរលើស្ពាន ក៏ដើរទៅ សេរីភាពដើរក្រោមស្ពាន ក៏ដើរទៅ … កុំដូចមេប៉ូលីសម្នាក់៖ គាត់ដើរធ្លាក់ជណ្ដើរខ្លួនឯង គាត់ទៅជេរប្រពន្ធគាត់។ ខ្ញុំមិនបញ្ចេញមុខទេ។ ប្រពន្ធគាត់កំពុងហាត់ប្រាណ រួចគាត់ចុះមកមើល អ្នកណាហាត់ប្រាណ។ ងាកទៅ​ អត់បានមើលកាំជណ្ដើរ គាត់ដួល។ គាត់ដួល គាត់ជេរប្រពន្ធគាត់។ ដំបូងប្រពន្ធគាត់ភ័យ ដល់រួចហើយថា ខុសខ្លួនឯងសោះ … ម៉េចហើយ កាញារីទ្ធ “រឿង ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”? បងប្អូនបានឃើញ កាញារីទ្ធ បង្ហោះហ្វេសប៊ុក​មួយទេ។ គេដាក់ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ជាមួយរូបភាពមួយ ថ្ងៃ ៨ មីនា ប្ដីបែកមុខ ដល់ថ្ងៃ ៩ មីនា ប្រពន្ធបែកមុខម្ដង …។

ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច​ប្រកបដោយសមធម៌

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ហើយខ្ញុំព្រះករុណាខ្ញុំ សូមគូសបញ្ជក់ថា ការប្រើប្រាស់ធនធានដ៏មានកម្រិតរបស់យើង ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច​ប្រកបដោយសមធម៌ខ្លំាងណាស់។ រឿងនេះខ្ញុំព្រះករុណាខ្ញុំ មិនបោះបង់ចោលទេ អំពីគោលដៅ ៤ យ៉ាង អាទិភាព ៤ យ៉ាង ដែលខ្ញុំព្រះករុណាខ្ញុំ បានប្រកាសតំាងពីឆ្នំា ១៩៨៧ រហូតមកដល់ពេលនេះ គឺមានរយៈពេល ៣១ ឆ្នំារួចហើយ ត្រូវរយៈពេល ៣១ ឆ្នំាហើយ ដែលផ្តល់អាទិភាពទៅលើ ទឹក ផ្លូវ ភ្លើង មនុស្ស។ ឥឡូវយើងប្រើ មនុស្ស ទឹក ផ្លូវ ភ្លើង យើងយកប្រាក់កាសយកមកធ្វើស្ពាន វាសមធម៌ណាស់ បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចរបស់យើងសមធម៌ណាស់ ព្រោះស្ពាននេះ ទំាងអ្នកមាន ទំាងអ្នកក្រ ឆ្លងដូចគ្នាទាំងអស់ អត់មានអ្នកណាលើស អត់មានអ្នកខ្វះទេ។ យើងយកប្រាក់កាសទៅកសាងប្រឡាយទឹក ប្រជាពលរដ្ឋប្រើប្រាស់បានទំាងអស់គ្នា យើងយកប្រាក់កាសទៅកសាងមន្ទីរពេទ្យ ប្រជាពលរដ្ឋបានប្រើប្រាស់ទំាងអស់គ្នា យើងយកប្រាក់កាសទៅកសាងផ្លូវថ្នល់ យើងយកប្រាក់កាសទៅកសាងសាលារៀន កូនសិស្សទំាងកូនអ្នកមាន ទំាងកូនអ្នកក្ររៀនបានទំាងអស់គ្នា។

ត្រូវចងចំា យើងមិនត្រូវប្រើទុន ដែលយើងសន្សំបាន ពីប្រាក់ចំណូល ដែលយើងទទួលបាន នៅក្នុងការអភិវឌ្ឍប្រទេសនោះ យកទៅប្រើក្នុងគោលដៅផ្តេសផ្តាសនោះទេ។ ដូច្នេះហើយរដ្ឋមន្ត្រីក្នុងដំណាក់កាលប៉ុន្មាន​អាណត្តិរួចមកហើយ ខ្ញុំព្រះករុណាខ្ញុំ គ្មានលុយអោយរដ្ឋមន្ត្រីជិះឡានទេ ចង់ធ្វើក៏ធ្វើ បើថាធ្វើរដ្ឋមន្ត្រីអត់បានឡានជិះ មិនធ្វើរដ្ឋមន្ត្រី … សូមចាកចេញទៅ ខ្ញុំចាត់តំាងរដ្ឋមន្ត្រី​​ថ្មី។ អញ្ចឹងកុំសង្ឃឹមថា នៅពេលណាចូលកាន់តំណែងជារដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រី ឬទេសរដ្ឋមន្ត្រី ឬក្នុងជួររា​ជរដ្ឋាភិបាល សង្ឃឹមថាមានឡានជិះ គឺថាអត់ទេ។ ចៅហ្វាយខេត្តក៏អត់មានឡានជិះដែរ។ បើមិនធ្វើក៏ហី។ ហ្នឹងនិយាយអោយច្បាស់ ព្រោះខ្ញុំត្រូវការលុយកសាងស្ពាន កសាងផ្លូវ កសាងសាលារៀន កសាងមន្ទីរពេទ្យ កសាងប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ។ នេះជាតម្រូវការ។ នេះហើយជាអ្វីដែលជាគេហៅថា របៀបដោះស្រាយបញ្ហាប្រទេសជាតិរបស់ ហ៊ុន សែន នោះ។

ស្ពានទទឹង ៩,២ ម៉ែត្រ ឆ្លងទន្លេដំបូង សង់ដោយកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះកងវិស្វកម្មរបស់ក្រសួងការពារជាតិ ដែលដឹកនំាដោយឧត្តមសេនីយ៍ គង់ អៀង នាយទាហាន ពលទាហានទំាងឡាយ ដែលបានធ្វើកិច្ចការនៅទីនេះ។ អរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន អរគុណ និងថ្លែងនូវការកោតសរសើរចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែវិភាជថវិកា ព្រោះយើងមិនមែនត្រឹមតែធ្វើស្ពានហ្នឹងមួយទេ។ វិភាជ​​​ថវិកាទៅផ្នែកនេះបន្តិច ទៅផ្នែកនៅទូទំាងប្រទេស មិនមែនគ្រាន់តែគោលដៅកំពង់ចាមមួយទេ។ ប៉ុន្តែឥឡូវនេះ បើទោះបីយើងពិនិត្យមើលស្ពាននេះ បើសិនជាកសាងដោយក្រុមហ៊ុនបរទេសអាចមិនទាបជាង ២០ លានដុល្លារទេ ប៉ុន្តែសម្រាប់យើងវិញគឺ កសាងអស់តែជាង ១៣ លានដុល្លារសហរដ្ឋអាមេរិកទេ។ នេះហើយដែលហៅថា ខ្មែរនោះ ប៉ុន្តែពិតមែនតែទំហំវាតូចបន្តិច បើប្រៀបធៀបទៅនឹងស្ពានដទៃ ដែលកសាងក្នុងរង្វង់ ១២ ម៉ែត្រ ឬ ១៣ ម៉ែត្រ ទទឹង យើងមានស្ពាននេះត្រឹមតែ ៩ ម៉ែត្រ ២ (តឹក) គ្រប់គ្រាន់ហើយ។ ផ្លូវជាតិយើងសម័យដើម ផ្លូវសម័យដើមរបស់យើង គឺ ត្រឹមតែ ៧ ម៉ែត្រទេ ទំាងផ្លូវ ទំាងស្ពាន ឥឡូវយើងមានស្ពានដល់ទៅ ៩ ម៉ែត្រជាង ដែលឡានទៅមកបានផង ហើយមានផ្លូវថ្មើរជើងផង។ ចាត់ទុកថា ជាស្ពានដំបូង ដែលកម្ពុជាធ្វើ។

យើងនៅមានស្ពានច្រើនណាស់ ដែលត្រូវធ្វើនៅតាមទន្លេ នៅតាមព្រែកនានា។ ពីពេលនេះទៅ យើងនឹងសិក្សាថា នៅពេលណាដែលមិនមានហិរញ្ញប្បទានពីបរទេស ប៉ុន្តែវាមានការចំាបាច់ យើងក៏អាចវិនិយោគ ព្រោះថា ស្ពានមួយមិនអាចធ្វើ ៣ ខែ ដូចមនុស្សមួយចំនួនមកអះអាងទេ។ នៅលើលោក គេមិនអាចធ្វើស្ពាន ៣ ខែនោះទេ មានតែក្រុមប្រឆំាង ក្រុមពួកជាប់គុកហ្នឹង … លោកយាយ លោកតា ស៊ីម៉ង់ត៍ចាក់ហើយ ដើម្បីអោយវារឹង តើ​ត្រូវការពេលវេលាប៉ុន្មាន ដើម្បីអោយវារឹងនោះ មិនមែន ៣ ខែទេណា មិនមែនមួយថ្ងៃទេណា វាត្រូវការច្រើនថ្ងៃ ដើម្បីអោយវារឹង។ ប៉ុន្តែពួកគេបានត្រឹមនិយាយ ៣ ខែ ឬ ១ ឆ្នំាគេអាចធ្វើបាន ឯយើងត្រូវប្រើពេល ៥ ឆ្នំា ដោយសារតែធនធានយើងមានកម្រិត ជាមួយធាតុអាកាសមិនអំណោយផលខ្លះ។ ប៉ុន្តែមកយឺតប្រសើរជាងអត់មក បានយឺតប្រសើរជាងអត់បាន។ យ៉ាងណាក៏ដោយលោកយាយ លោកតា បានឆ្លងរយៈពេល ១១ ខែរួច​ហើយ តំាងពីថ្ងៃទី ៤ ខែឧសភា ឆ្នំា ២០១៧ គិតមកដល់ពេលនេះ បានឆ្លងកាត់ស្ពាននេះ ជំនួសអោយឆ្លងទូកដរ … តាមពិតជាបច្ចេកទេសអត់អោយឆ្លងទេ ព្រោះវាពាក់ព័ន្ធទៅនឹងសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពល​រដ្ឋ វាទាក់ទងនឹងសុវត្ថិភាពនៃការដ្ឋានសំណង់ ដែលយកបញ្ហាសុវត្ថិភាពជាចម្បង។

បើកអោយឆ្លងកាត់បណ្តោះអាសន្ន និងអត្ថប្រយោជន៍នៃស្ពាន

ដោយសារតែឃើញការលំបាករបស់ប្រជាពលរដ្ឋ ខ្ញុំព្រះករុណាខ្ញុំ ក៏ពិភាក្សាជាមួយឧត្តមសេនីយ៍ គង់ អៀង អនុញ្ញាតអោយប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្ន។ មុនការឆ្លងកាត់នេះ ត្រូវដាក់ទូកដរ ដើម្បីជំនួសអោយទូកដរ ដែលពេលខ្លះលំបាកណាស់ ដើម្បីឆ្លងកាត់ទៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ពេលយប់ទូកដរអត់ឆ្លងទេ។ អញ្ចឹងវាលំបាកខ្លំាងណាស់។ យើងត្រូវចំាអញ្ចេះ ប្រជាពលរដ្ឋរបស់យើងសន្សំប្រាក់ក្នុងមួយថ្ងៃៗ តើសន្សំប្រាក់ប៉ុន្មានទៅ? បើយើងពិនិត្យតាមរយៈនៃការគិតគូររបស់មនុស្ស ក្នុងម្នាក់ៗដែលឆ្លង ៣ ទៅ ៤ ដង ឬក៏ថាឆ្លងម្តង ធ្លាប់មានតម្លៃនៅនេះ អ្នកថ្មើរជើងឆ្លងកាត់ ៥០០ រៀល កង់ និងមនុស្សម្នាក់ មួយជើង ១០០០ រៀល ម៉ូតូមួយ មនុស្សម្នាក់ មួយជើង ១៥០០ រៀល រទេះសេះមួយជើង ១០.០០០ រៀល រថយន្តតូច ជារថយន្តគ្រួសារ មួយជើង ២០.០០០ រៀល រថយន្ត ដឹកទំនិញមធ្យម ៣០.០០០ រៀល រថយន្ត គ្រឿងចក្រ ៦០.០០០រៀល ដឹកសពឆ្លងកាត់មួយជើង គឺ ៤០០.០០០ រៀល។ ហ្នឹងថ្លៃដើមកាលពីពេលមុន។ ឥឡូវនេះ លោកយាយ លោកតា អត់មានបង់ថ្លៃអីទៀតទេ ចំណុចវានៅកន្លែងហ្នឹង។

ទី ១ មិនបង់ថ្លៃ ទី ២ មិនត្រូវការរង់ចំាពេលវេលាទេ។ ពីមុនបើសិនជាទូកដរ ទូកដរចេញផុតយើងត្រូវអង្គុយចំាហើយដល់តែទូកដរត្រឡប់មកវិញ បានយើងបានឡើង។ ដូច្នេះ ចំណាយពេលវេលាអស់ប៉ុន្មានទៅ។ លំបាកជាងគេស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺនោះឯងដែលលំបាកជាងគេ។ មិនថាទូកដរទេ គ្រាន់តែដឹកជញ្ជូន​តាមបន្ទះឫស្សី ខ្មែរយើងគេហៅថា ប្រដឹស លំបាកណាស់ទៅហើយ។ ប៉ុន្តែឥឡូវនេះ ចង់ឆ្លងមួយថ្ងៃ ១០០ ជើង ក៏ឆ្លងទៅអោយតែមានកម្លំាង។ បន្តិចទៀត នៅខែ ៧ នេះ ឃោសនាហែគណបក្ស ពីដើមហែតាមប្រដឹស ឥឡូវហែតាមស្ពាន … ជេរ ហ៊ុន សែន ទៀតក៏ជេរ ព្រោះវាទំលាប់ជេរទៅហើយ។ អោយវាជេរទៅ ព្រោះបារមីរបស់ខ្ញុំព្រះករុណាខ្ញុំនេះ គ្រាន់តែអ្នកឯងជេរ អ្នកឯងមានតែគ្រោះថ្នាក់ខ្លួនឯងតែប៉ុណ្ណោះ។ និយាយអោយពិតទៅគ្មានអ្នកណាជេរខ្ញុំព្រះករុណាខ្ញុំ លើសពី ប៉ុល ពត ទេ ទីចុងបំផុត ប៉ុល ពត ស្លាប់រកដីកប់មិនបានទេ ហើយមេ ប៉ុល ពត ងាប់តៃហោងក៏មាន ជាប់គុកក៏មាន ជាប់ច្រវាក់ក៏មាន … មានមិត្តបរទេសមួយចំនួនមកទីនេះ មានរុស្ស៊ី អនុពន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ហើយនិងឡាវ អញ្ជើញមកចូលរួមដែរ ហើយមានអ្នកបកប្រែអោយស្តាប់ដែរ ឬក៏ចេះខ្មែរ អូ! គេបកពីក្រោយ …។

ហេដ្ឋារចនាសម្ព័ន្ធកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ

ការប្រើប្រាស់ថវិកា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើអោយប្រជាជន គឺជាការបែងចែកផ្លែផ្កាប្រកបដោយសម​ធម៌បំផុត ហើយការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ តាមរយៈការតភ្ជាប់បណ្តាញផ្លូវគម​នាគមន៍ ពីទីក្រុងទៅជនបទ។ ពីមុននេះ រវាងអ្នកទីរួមខេត្តកំពង់ចាម និងអ្នកកោះកំពង់ត្រុំ កោះប៉ែនរបស់យើងនេះ មើលទៅដូចជាមានការខុសគ្នា រវាងម្ខាងខាងនោះគឺទីក្រុង ឯម្ខាងខាងនេះគឺជនបទ។ ប៉ុន្តែ ឥឡូវនេះ គឺតាមរយៈស្ពានមួយនេះ អ្នកខាងនេះ មានលទ្ធភាពប្រើប្រាស់ម៉ូតូ ប្រើប្រាស់ឡាន។ ពីមុន បើទោះបីជាមានឡាន​ក៏មិនដឹងថាបើកទៅណា។ ឥឡូវមធ្យោបាយធ្វើដំណើរដូចគេដូចឯង នៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កន្លែងដទៃឆ្ងាយៗ រហូតទៅដល់តំបន់ដែលមានសមាហរណកម្ម តាមរយៈនយោបាយឈ្នះឈ្នះ តាំងពីប៉ៃលិន កំរៀងភ្នំព្រឹក ម៉ាឡៃទៅអន្លង់វែង ទៅកន្លែងដទៃទៀត គឺមានស្ថានភាពផ្លូវល្អប្រសើរ។ ខ្ញុំហៅថា កោះប៉ែនទៅចុះ បើទោះបីវាកោះមិត្ត ប៉ុន្តែទម្លាប់របស់យើងឲ្យតែមកខាងហ្នឹង គឺកោះប៉ែនហើយ … នៅ​លើកោះប៉ែននេះ គឺមានផ្លូវចាក់បេតុងច្រើនខ្សែណាស់ ដែលរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រាយការណ៍ឲ្យខ្ញុំអម្បាញ់មិញ ហើយយើងមិនមែនគ្រាន់តែធ្វើប៉ុណ្ណឹងទេ នៅបន្តការធ្វើតទៅទៀត នោះហើយជានយោបាយអភិវឌ្ឍន៍របស់យើង។

សម័យនេះគេប្រើអគ្គិសនី

បើយោងទៅលើការលើកឡើងនៅក្នុងក្របខណ្ឌនៃខេត្ត ខេត្តកំពង់ចាមមាន ៩១៩ ភូមិ តែមានអគ្គិសនីប្រើប្រាស់រហូតទៅដល់ ៨៥៦ ភូមិទៅហើយ។ អញ្ចឹងស្មើនឹង ៩៣,៥% អញ្ចឹងអាចនិយាយបានថា សម័យនេះ មិនមែនជាសម័យដែលប្រជាជនដុតចន្លុះ ដុតជ័រ ហើយខែនេះ កាលដើម ច្រើនតែដុតខ្លាញ់ត្រី តែជាសម័យប្រើអគ្គិសនី បើទោះបីជាកន្លែងខ្លះថ្លៃបន្តិច  ដោយសារតែបណ្តាញរដ្ឋទៅមិនទាន់ដល់ ត្រូវប្រើបណ្តាញឯកជន … ប៉ុន្តែប្រជាជនមិនបានប្រើចង្កៀងដូចពីមុនទេ។ ប្រើអាគុយទៅទៀត ហើយទូរទស្សន៍សុទ្ធតែមើលខ្សែកាប។ ឥឡូវនេះ ទូរទស្សន៍ជាតិកំពុងផ្សាយបន្តផ្ទាល់។ ឥឡូវទូរទស្សន៍ជាតិចាប់ផ្តើមដើរលឿនហើយ។ ពីមុនប្រើតែតាម Online របស់ហ្វេសប៊ុក Page រប​ស់ខ្ញុំព្រះករុណាខ្ញុំ Fresh News ឥឡូវទូរទស្សន៍ជាតិគេផ្សាយបន្តផ្ទាល់ បើកទូរទស្សន៍មើល។ ម្សិលមិញគេក៏ផ្សាយបន្តផ្ទាល់ដែរ ហើយចាប់ពីពេលនេះទៅ ពេលខ្ញុំព្រះករុណាខ្ញុំ ទៅថ្លែងការណ៍នៅឯណា គឺគេផ្សាយបន្តផ្ទាល់រហូតតាមរយៈទូរទស្សន៍ជាតិ ហើយទូរទស្សន៍ដទៃចង់ផ្សាយ ក៏កាត់យកទៅ។

សារៈសំខាន់នៃ​ការបណ្តុះបណ្តាលធនធានមនុស្ស

យើងពិតជាមានការរីករាយ ដែលយើងបានបង្កើនសមត្ថភាពរបស់យើង ហើយសមត្ថភាពនេះនឹងប្រើប្រាស់ បន្ត​ពេលយើងធ្វើការស្ពានធំជាងនេះ យើងផ្គុំអ្នកបច្ចេកទេសយើង យើងផ្គុំគ្រឿងចក្រយើង យើងអាចធ្វើស្ពាន បានដោយទុនរបស់យើង។ កន្លែងខ្លះយើងត្រូវវិនិយោគ ៣ ឬ ៤ ឆ្នាំ។ យើងធ្វើតាមដំណាក់ៗ ដោយផ្គុំគ្រឿងចក្រ និងអ្នកបច្ចេកទេសរបស់យើង។ ចំណុចនេះបានផ្តល់មេរៀនឲ្យយើងរួចហើយ ហើយនេះជាចរិតរបស់ខ្ញុំព្រះករុណាខ្ញុំ ដែលចង់បានភាពជាម្ចាស់នៅលើជោគវាសនារបស់ខ្លួន។ ដៃគូរអភិវឌ្ឍ៍យើងត្រូវការហើយ ក៏ប៉ុន្តែបើ យើងពឹងពាក់គេមួយជីវិត ដោយមិនគិតខិតខំប្រឹងខ្លួនឯង តើពេលណាទៅដែលយើងរៀនរស់ដោយខ្លួនឯង បាន​នោះ? ខ្ញុំព្រះករុណាខ្ញុំ ម្តងហើយម្តងទៀត តែងនិយាយទៅកាន់មន្ត្រីទាំងអស់ថា ត្រូវខិតខំធ្វើការ ហើយខិត​ខំបង្កើននូវចំណេះដឹង។ តាំងពីទសវត្សរ៍ ៨០ ខ្ញុំព្រះករុណាខ្ញុំ មិនបានព្រងើយកន្តើយជាមួយការពង្រឹងសមត្ថភាពរបស់មនុស្ស ហើយក្មួយៗអាចដឹងហើយថា ឥឡូវហ្នឹង​សាលារៀននៅជនបទច្រើនណាស់។ គេហៅថាគោលការណ៍ គោលនយោបាយដែលដាក់ចេញ ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច មិនមែនជារឿងធម្មតាទេ។ កាលពីសម័យដើម មួយស្រុកមានអនុវិទ្យាល័យមួយ តែឥឡូវឃុំខ្លះមានអនុវិទ្យាល័យរហូតទៅដល់ពីរ។ ពីដើមកំពង់ចាមយើងមានតែវិទ្យាល័យកំពង់ចាមមួយ និងវិទ្យាល័យស្គន់មួយទេ តែឥឡូវវិទ្យាល័យរាប់ភ្លេច។ គ្រាន់តែនៅស្រុកកោះសូទិនមានប្រាំវិទ្យាល័យ។

ការបណ្តុះបណ្តាលធនធានមនុស្សនោះហើយ ដែលផ្តល់ឱកាសឲ្យយើងមកដល់ពេលនេះ មានសមត្ថភាពកសាងស្ពានសម្រាប់ឆ្លងកាត់ទន្លេ ហើយស្ពាននេះត្រូវដឹងថា ប្រាក់ក៏ប្រាក់យើង សិក្សាដោយខ្លួនយើង គូរប្លង់ដោយខ្លួនយើង កសាងដោយបាតដៃយើងទាំងអស់ អត់មានជំនាញការបរទេស។ ខ្ញុំចង់បានធុនហ្នឹង ប៉ុន្តែវាទាក់ទងនឹងទុនដែរ។ យើងមិនបានទាត់ចោលនូវការផ្តល់ជំនួយ ឬហិរញ្ញប្បទានពីមិត្តភក្តិ ពីដៃគូអភិវឌ្ឍន៍ទេ។ យើងទទួល ក៏ប៉ុន្តែសម្រាប់ថ្ងៃនេះ មោទនភាពរបស់ខ្ញុំព្រះករុណាខ្ញុំគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទី ១ បានស្ពានឆ្លងសម្រាប់ប្រជាពលរដ្ឋ កាត់បន្ថយការលំបាកដែលធ្លាប់មានពីមុនមក។ ទី ២ បញ្ជាក់ឲ្យច្បាស់ថា ចាប់ពីពេលនេះតទៅ ស្ពានឆ្លងទន្លេយើងមានសមត្ថភាពសាងសង់ហើយ ហើយយើងនឹងខិតខំរកដើម​ទុន សន្សំប្រាក់ ជម្រុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងហ្នឹងមានស្ពាន ផ្លូវនេះបន្តទៀត។

ទឹកដីកោះប៉ែននេះជាទឹកដីកំណើតរបស់អ្នកម្តាយ

ខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយយូរហើយ ស្រុកកំណើតពិតប្រាកដរបស់ម្តាយខ្ញុំព្រះករុណាខ្ញុំ គឺកើតនៅកោះកំពង់ត្រុំ។ ជីដូនជីតារបស់ខ្ញុំព្រះករុណាខ្ញុំ គឺអ្នកកោះប៉ែន អ្នកកោះកំពង់ត្រុំហ្នឹង។ លោកយាយអង្គុយអម្បាញ់មិញនេះ ដែលត្រូវជាជីដូនមួយរបស់គាត់។ បានសេចក្តីថា នៅទីនេះ ពីដើមជីដូនជីតារបស់ខ្ញុំ អ្នករស់នៅនេះ ម្តាយខ្ញុំកើតនៅនេះ គាត់តែងតែដំណាលរឿងកោះកំពង់ត្រុំ កោះប៉ែននេះ … ជីដូនខ្ញុំប្រើគាត់ឲ្យដឹកអង្ករ ហើយអង្ករ លេចចេញល្អី ទម្រាំដល់កន្លែង នៅសល់បន្តិច។ ហ្នឹងគាត់និយាយអំពីប្រវត្តិរបស់គាត់។ អញ្ចឹងទេ បានជានៅ​ខាងពាមកោះស្នានោះ ខ្ញុំមានជីដូនមួយឪពុកខ្ញុំ បងប្អូនបង្កើតឪពុកខ្ញុំ បងប្អូនជីដូនមួយ ជីទួតមួយខាងឪពុកខ្ញុំ គឺសំបួរ ប៉ុន្តែម្តាយរបស់ខ្ញុំអត់មានជីដូនមួយ ជីទួតមួយ នៅឯពាមកោះស្នាទេ។ មានបងប្អូនជីដូនមួយ ជី​ទួតមួយនៅនេះ។ អញ្ចឹងនៅក្នុងម្តុំហ្នឹង មានមួយចំនួនអាចជាសាច់ញាតិរបស់ខ្ញុំ តែមិនស្គាល់គ្នាតែប៉ុណ្ណឹង។ នេះជាជីដូនមួយម្តាយខ្ញុំ គឺអ្នកនៅហ្នឹង ប៉ុន្តែខ្ញុំមិនបានកើតនៅកោះប៉ែនទេ។ តែគឺជាដើមកំណើត។

ឥឡូវនេះ ជីតារបស់ខ្ញុំជីដូនរបស់ខ្ញុំ ពីវត្តកំពុងសម្លឹងមើលមកអាចៅកំពុងនិយាយ។ ព្រោះអញ្ចេះ អដ្ឋិធាតុរបស់គាត់ទុកនៅវត្តបទុមកេសរ នៅឯពាមកេសរឯណោះ។ ប៉ុន្តែ អកុសលអី ច្រាំងបាក់ បាក់ទាំងវត្ត។ ហ្នឹងចេះយក អដ្ឋិធាតុរបស់ចេតិយហ្នឹងដង្ហែមកទុកនៅហ្នឹង ហើយធ្វើចេតិយឲ្យគាត់។ គាត់ប្រហែលកំពុងសម្លឹងមើលចៅ កំពុងតែនិយាយនៅនេះ។ ​វាជារឿងនិទានមួយ ប៉ុន្តែកំណើតខាងម្តាយ ឯជីដូនជីតាខាងឪពុកនៅលើនោះ ប៉ុន្តែប្រហែលជាម្តាយខ្ញុំ និងឪពុកខ្ញុំជាគូព្រេងនឹងគ្នា ​បានជាជីតាខ្ញុំផ្លាស់ទីលំនៅទៅធ្វើថៅកែអួននៅលើនោះ តាំងពីជំនាន់សម័យមុនជប៉ុនចូលស្រុកខ្មែរ។ ប៉ុន្តែសាច់ញាតិរបស់គាត់ពិតប្រាកដនៅនេះ។ តាសេត ហ្នឹងហើយជាជី​ដូនមួយរបស់ម្តាយខ្ញុំដែរ។ បើនិយាយទៅ សាច់ឈាមរបស់ខ្ញុំ នៅកោះប៉ែននេះច្រើនណាស់។ អញ្ចឹងទេ ថ្ងៃនេះ ខ្ញុំបានមកទឹកដីកំណើតជីដូនជីតា និងទឹកដីកំណើតរបស់ម្តាយខ្ញុំនៅទីនេះ។

និយាយអញ្ចឹង​ថា ថ្ងៃមុនលោក ហ៊ុន សែន ទៅបើកការដ្ឋានកសាងស្ពានមួយនៅឯស្រុកកំណើតគាត់ ឆ្លងកាត់ពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មារ ជាងមួយគីឡូម៉ែត្រ។ ថ្ងៃនេះស្រាប់តែមកប្រកាសថា ស្រុកនេះស្រុកជីដូនជីតាគាត់ ម្តាយគាត់ទៀត អញ្ចឹងគាត់ដើរធ្វើតែកន្លែងស្រុកគាត់។ កុំនិយាយដូច្នោះ តម្រូវការត្រូវតែធ្វើ មិនមែនធ្វើមួយកន្លែងទេ ហើយខ្ញុំក៏មិនដែលឆ្លងនៅទីនេះដែរ ប៉ុន្តែខ្ញុំក៏គួរតែប្រាប់ទៅវិញ្ញាណក្ខន្ធជីដូនជីតារបស់ខ្ញុំម្តាយ​របស់ខ្ញុំថាទឹកដីដែលលោកតាលោកយាយ អ្នកម្តាយធ្លាប់នៅពីដើម ត្រូវបានតភ្ជាប់។ កាលពីមុន លោកតាឆ្លងតែទូកដរទេ ឥឡូវនេះ គឺកូនចៅជំនាន់ក្រោយនាំគ្នាកសាងស្ពានរួចហើយ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ អរគុណជាមួយប្រជាពលរដ្ឋដែលបានគាំទ្រចំពោះការកសាងស្ពាននេះ ហើយខ្ញុំព្រះករុណាខ្ញុំ តែងទទួលបាននូវព័ត៌មានពីឧត្តមសេនីយ គង់ អៀង អំពីប្រជាពលរដ្ឋ ដែលបានមកសួរសុខទុក្ខកងវិស្វកម្មដែលបានមកបោះទីតាំងនៅទីនេះ។ ពេលល្ងាចៗនាំគ្នាមក អើតមើលការគេធ្វើស្ពាន មានថែមទៅដល់ការយកនំនែក ចែកជូនឲ្យកម្លាំងវិស្វកម្ម។ អរគុណណាស់ជាមួយនឹងការគាំទ្របែបនេះ។ អញ្ចឹងបានជាទាហានមានទឹកចិត្តក្នុងការធ្វើ…។

អំពាវនាវឲ្យមកលេងទឹកនៅក្បាលកោះប៉ែន

យើងរីករាយជាមួយនឹងសមិទ្ធផលទាំងអស់នេះ។ អរគុណចំពោះប្រជាពលរដ្ឋខ្លាំងណាស់ ការគាំទ្រមួយនេះ ដែលអនុញ្ញាតឲ្យយើងបានកសាងស្ពានមួយនេះ គឺជាការល្អណាស់។ ប្រជាជនរស់នៅក្នុងតំបន់នេះ គ្មានការចាំបាច់នឹងឆ្លងទូកដរ គ្មានការចាំបាច់ដើម្បីនឹងឆ្លងប្រដឹសទៀតទេ។ សង្ឃឹមថាក្បាលកោះប៉ែន គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ។ នៅខែហ្នឹង ចាប់ពីខែហ្នឹង ដល់ដើមខែប្រាំង ទៅមុជទឹកក្បាលកោះប៉ែនទៅ ស្អាតណាស់ ក៏ប៉ុន្តែ ក្រោយធ្លាក់ភ្លៀង ត្រូវស្លៀកខោឲ្យតឹងបន្តិច កំពតវាច្រិបមិនដឹងទេ។ ខ្ញុំធ្លាប់មកមុជទឹកនៅក្បាលកោះប៉ែនហ្នឹងប៉ុន្មានដង ចុងក្រោយឆ្នាំ ១៩៩២ ជាមួយ Raoul Jennar ហើយជាមួយប្រពន្ធខ្ញុំដែរ ដែលធ្វើដំណើរមកពីពាមជីលាំង មកមុជទឹកនៅហ្នឹង។ កាលពីទសវត្សរ៍ ៨០ ឧស្សាហ៍ជិះអូប័រមកចុះមុជទឹកនៅហ្នឹង។ សូមអញ្ជើញអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលចង់មកស្គាល់អ្វីទៅដែលហៅថា កោះប៉ែន ស្តាប់ចម្រៀង ស៊ិន ស៊ីសាមុត ហើយ មកលេងបណ្តោយ។ «ទឹកដីកោះប៉ែន ដែនជីវិតខ្ញុំ» នោះ រួចហើយ លេចវាលដុតពោតនៅភូមិរកា ខ្ញុំចាំវាមិនអស់ទេ ប៉ុន្តែ បើនៅក្នុងទូរស័ព្ទមានចម្រៀងហ្នឹង …។

កោះប៉ែននឹងទទួលទេសចរច្រើន

… ពេលដែលយើងបានស្ពាននេះ ផលចំណេញពីការកសាងស្ពាន មិនចាំបាច់បង់លុយ មិនចាំបាច់ចំណាយពេលវេលាយូរ។ យើងនៅមានផលចំណេញលើការបានរបស់របរហើយ តម្លៃដឹកជញ្ជូនសម្រាប់ទៅកាន់ទីផ្សារកំពង់ចាមក៏ចុះថោក​ ដឹកទំនិញពីផ្សារកំពង់ចាមមកផ្ទះរបស់ខ្លួនក៏តម្លៃដឹកវាថោក។ ក្រៅពីនោះ នៅមានប្រជាជនមួយចំនួននឹងបានទទួលផលពីទេសចរ ដែលមកលេង​នៅកោះប៉ែន។ ឆ្នាំនេះ អ្នកមករាំវង់នៅកោះប៉ែនពិតជាច្រើន។ សូមអភិបាលខេត្តនាំគ្នាមករាំនៅកោះប៉ែនទៅ ឲ្យសប្បាយជាមួយក្រមុំកោះប៉ែនម្តងមើល … កុំថា ខ្ញុំឆ្មើងឆ្មៃអី (ហ៊ុន) ណេង គេដឹងច្រើនជាងខ្ញុំ សាច់ញាតិនៅឯណា អីឯណា នៅលើកោះប៉ែន នៅលើកោះកំពង់ត្រុំនេះ …។

ប្រវត្តិសង្គ្រាមនៅតំបន់ទន្លេបិទ

ខ្ញុំធ្លាប់និយាយហើយ អត់ចង់បានតំណែងហ្នឹងទេ វាមិនស្រួលទេ ប៉ុន្តែ អ្នកដែលមិនចង់ ស្រាប់តែវារុញច្រានយើងឲ្យទៅអញ្ចឹងតែម្តងទៅ។ កន្លែងនេះកុំភ្លេចប្រវត្តិកន្លែងនេះ។ គល់ស្ពានខាងនោះ គេហៅថាបន្ទាយព្រៃដើមចាន់របស់ទាហាន លន់ នល់ គឺជាខ្សែក្រវាត់ការពារក្រុងមួយនៅត្រើយខាងនោះ។ ឯនៅត្រើយខាងកើតឯណេះវិញ យើងមានព្រែកជី​​កដូនម៉ៅ និងបន្ទាយគនៅខាងនេះ ដើម្បីជារបាំងការពារទន្លេបិទ ហើយទៅខាងលើមានបន្ទាយជីរោទិ៍ បន្ទាយរកាធំ បន្ទាយព្រែកតូច បន្ទាយប៉ម រហូតទៅដល់ទន្លេបិទ​ ហើយឡើងទៅលើនោះទៀត មានបន្ទាយជ្រោយថ្ម ចុះមករហូត។ ខ្ញុំព្រះករុណាខ្ញុំរងគ្រោះ ២ ទិស នៅពេលដែលគេបញ្ជូនពីខាងត្បូងផ្លូវមកវាយខាងជើងផ្លូវ គឺវាយបន្ទាយព្រែកជីកដូនម៉ៅ បន្ទាយគ ហើយនិងបន្ទាយទឹកត្រី និងទន្លេបិទ វាយពីខាងជើងត្រឡប់ទៅវិញ តែងតែទទួលកាំភ្លើងធំបាញ់គាំទ្រពីព្រៃដើមចាន់ ឆ្លងកាត់ទៅនោះ។ ធ្លាប់ទទួលរងបាញ់ពីខាងនេះ ដល់ទៅវាយនៅខាងទន្លេបិទទៅខាងត្បូងផ្លូវ អាហ្នឹងបាញ់គាំទ្រតាំងពីម្តុំវត្តដីដុះនេះ​ ទៅរបួសនៅខាងនោះ។ នេះហើយជាប្រវត្តិដែលគេបង្កើតសង្គ្រាម សុខៗទម្លាក់សម្តេចព្រះនរោត្តម សីហនុ បង្កើតសង្គ្រាម។ បទពិសោធន៍យើងឈឺចាប់ខ្លាំងណាស់។ … កុំភ្លេចណា នៅពេលចុងក្រោយ សាច់ឈាមយើងដែលធ្វើចៅហ្វាយខេត្តនេះ … ក៏ជាជីដូនមួយរបស់អ្នកមីងដែរ ជីដូនមួយរបស់ម៉ែដែរ។ អាក្មួយនៅខាងកងទ័ពរំដោះ ឪពុកមាធ្វើចៅហ្វាយខេត្តកំពង់ចាម។ អញ្ចឹងបានបង្កើតសង្គ្រាមភ្លាម យើងក្លាយទៅជាចំណាប់ខ្មាំងនៃសង្គ្រាម អ្នកនៅក្នុង​តំបន់ លន់ នល់ ត្រូវធ្វើទាហានឲ្យ លន់ នល់ អ្នកនៅខាងរំដោះ ត្រូវធ្វើទាហានឲ្យខាងរំដោះ …។

ធ្វើជានាយករដ្ឋមន្រ្តី ១០ ឆ្នាំយ៉ាងតិចទៅមុខទៀត

… កុំប្រាថ្នាសង្គ្រាមអី … អាដូរមិនដូរៗ ឥឡូវ ដូរហើយ ដូរមែនទែនហើយ ខ្លះចូលគុក ខ្លះរត់ចោលស្រុក។ ដូរផ្លូវកាត់យ៉ាងម៉េច? ដូរតាមរយៈការបោះឆ្នោត។ បោះឆ្នោតរួចហើយ នៅទារដូរស្អីទៀត? កុំបង្កើតសង្គ្រាមណា។ អត់ទេ តម្លៃណាក៏ដោយ ខ្ញុំសុំទោស ខ្ញុំបានប្រកាសហើយ ១០ ឆ្នាំ យ៉ាងតិច ខ្ញុំធ្វើទៀត។ ខ្ញុំធ្វើទាល់តែពួកអាចង្រៃដែលបំផ្លាញសន្តិភាពនេះ រលំរលាយ បានខ្ញុំឈប់។ កម្លាំងខ្ញុំរឹងមាំ មានទាស់ខុសអី? ម្សិលមួយថ្ងៃ និងម្សិលមិញ ផឹកស្អី Pocari Sweat អាហ្នឹងល្អសម្រាប់ហាត់ប្រាណ គេសម្រាប់ពេលយើងចេញញើស។ ប៉ុន្តែ មិនមែនផឹកម្តងមួយដបទេ ហាត់ម្តងផឹក ៨ ដប។ យប់ម្សិលនេះ ពេលដែលហាត់ផឹក ៨ ដប ដល់យប់ទៅដូចរាងខ្វះទឹកទៀត ថែម ២ ដប ឡើង ១០ ដប។ អ្នកលក់ Pocari Sweat ហ្នឹងត្រូវបង់ថ្លៃឲ្យខ្ញុំ ព្រោះខ្ញុំជួយឃោសនាពាណិជ្ជកម្ម (សើច) អានេះគុណភាពវាល្អ។ ហើយវាត្រូវផលិតនៅស្រុកខ្មែរផង នៅកូរ៉េផង។

ព្រឹកមិញ ឃើញគេផ្សាយពាណិជ្ជកម្មថា មានផលិតនៅជប៉ុន។ ខ្ញុំកំពុងផឹកអាផលិតនៅកូរ៉េ ប៉ុន្តែ ចាំមើលសាកទាំងអាផលិតនៅខ្មែរ រោងចក្រកូកាកូឡាផលិតអាហ្នឹងដែរ ហើយរោងចក្រនាំពីជប៉ុនមក នាំពីកូរ៉េមក អញ្ចឹងសាកមើលអាណាឆ្ងាញ់ ផឹកអានោះ ព្រោះឥឡូវគេស៊ីរើសបន្តិចហើយ។ សម័យនេះ។ ហាត់ប្រាណ រួចហើយវានៅនិយាយទៀត វាថារាល់ថ្ងៃ លោក ហ៊ុន សែន ឈឺធ្ងន់ណាស់ ហើយធ្ងន់ស្អី បើអញនៅស្រែកលឺម្លឹងៗនេះ។ ថ្ងៃហ្នឹង ​ត្រឡប់ទៅវិញបង្ហើយឯកសារឲ្យហើយ ថ្ងៃស្អែកអានសុន្ទរកថាមួយនៅពេលព្រឹក ល្ងាចចាប់ហោះចេញដំណើរ។ កំពុងគិតថា តើស៊ីបាយនៅផ្ទះឲ្យហើយ ពេលហោះដេកបណ្តោយ ព្រោះត្រូវហោះជាង ១០ ម៉ោងឯណោះ។ ប៉ុន្តែ ត្រូវចុះចាក់សាំងនៅកោះ Darwin រួចហើយបានហោះបន្តទៅស៊ីដនី។ ទៅអូស្រ្តាលី ថ្ងៃអាទិត្យបានត្រឡប់មកវិញ។ អ្វីដែលលោក ហ៊ុន សែន និយាយហ្នឹង គេថតទុកទេតើ។ វាឆ្ងល់ កោតតែវាភូតទៅកើត នេះបានហៅថា មេភូត មេបោក មែន។

រកឃើញ មេបក្សប្រឆាំងចុះហត្ថលេខាកាត់ដីឲ្យគេ ពេលខ្លួនឈ្នះឆ្នោត

ឥឡូវរកឃើញហើយ។ ចាប់ផ្តើមបញ្ហាហើយ។ ទៅចុះហត្ថលេខា ចាប់ផ្តើមបញ្ហាហើយ ទៅចុះហ្ូវរកាយហ្នឹង្នឹង មក អញ្ចឹងាមភ្លាមកាត់ដីឲ្យគេ ៤ ខេត្តឯណោះ។ រឿងហើយ។ មិនតូចទេរឿងនេះ។ ចោទ ហ៊ុន សែន កាត់ដីឲ្យវៀតណាម ដល់ឥឡូវ រកឃើញមុខហើយ។ សន្យា បើគេឈ្នះ គេកាត់ដី ៤ ខេត្តឲ្យ។ ដល់ទៅភ័យពេក ហៅមនុស្សចេញមកធ្វើជាវីដេអូឃ្លីបមួយ។ អានេះបញ្ជាក់ថា កុកស ជាខ្មែរ ប័ណ្ណបើកបរក៏ជាខ្មែរ។ ប័ណ្ណប៉ុន្មានសុទ្ធតែជាខ្មែរ។ អញ្ចឹងសូមឲ្យលោក កុកស ធ្វើការបញ្ជាក់។ ស្រាប់តែលោក កុកស អត់ចេះខ្មែរមួយម៉ាត់។ អានេះបានហៅថា ឆ្កួតលើគោក បង្ហាញនូវចំណុចខ្សោយ ដល់ទៅភ័យពេកបាត់ម្ចាស់ការ ដល់និយាយចេញមក​ អានោះនិយាយអង់គ្លេសទាំងអស់។ អញ្ចឹងវៀតណាមក៏ចេះអង់គ្លេស ខ្មែរ​ក៏ចេះអង់គ្លេស ប៉ុន្ដែរឿងអី​អ្នកឯងចង់បក​ស្រាយឲ្យខ្មែរស្ដាប់ អ្នកឯងនិយាយអង់គ្លេស បែរជាមិនចេះខ្មែរ។ រឿង​​​នឹងមិនតូចទេ ហើយបាន​ទទួលស្គាល់ហើយតើ កាត់ដីឲ្យគេ ៤ ខេត្ត។

រឿងអីខ្មែរនឹងខ្មែរចុះហត្ថលេខាកាត់ដីអោយគ្នា?

រឿងនេះមិនតូចទេ ក្រសួងមហាផ្ទៃកំពុងធ្វើការងាររឿងនេះ។ ស្រាវ​ជ្រាវលើសំណុំរឿងក្បត់ជាតិមួយថែម​ទៀត​។ ​ខ្ញុំព្រះករុណាខ្ញុំមួយតឹកមួយផឹងនៅចរចាគ្នានៅហ្នឹង ទាំងជាមួយ​ថៃ វៀតណាម ឡាវ។ នៅចរចា ឯគេ​កាត់យ៉ាង​ស្រួល ៤ ខេត្ត។ រកឃើញមុខហើយ។ អ្នកឯងចោទ ឥឡូវផុតពីចោទ​​ ក្បត់ជាតិ​ខ្លួន​ឯងរហូត។ អាមួយគេឲ្យខ្ញុំធ្វើនេះ គេឲ្យខ្ញុំធ្វើនោះ ខ្ញុំមិនមែនធ្វើតាមចិត្តនឹកឃើញទេ គេឲ្យខ្ញុំធ្វើ។​ ហើយដឹកនាំខ្មែរ ទាល់តែគេប្រាប់ឲ្យធ្វើនេះ ធ្វើ​នោះ​?​ រួចមកជេរគេសុទ្ធតែអាយ៉ងបរទេស ក្នុងពេលដែលខ្លួនឯ​ង​ធ្វើតាមបរទេសទាំងអស់។ ពាក្យសម្បថ គេអត់ឲ្យបរទេសចូលមកអន្ដរាគមន៍ ជ្រៀត​ជ្រែកចូលនយោបាយក្នុងប្រទេស និង​ក្រៅ​ប្រទេស​របស់កម្ពុជាទេ។

ឥឡូវលេចចេញរឿងមួយដ៏អាក្រក់ជួជាតិ។ បើឈ្នះ គេនឹងអោយអ្នកទាំងហ្នឹង ៤ ខេត្ត។ ឥឡូវចេញមកទទួលស្គាល់ហើយតើ អាឃ្លីបវីដេអូនោះ​ ឯកសារនេះ ចុះហត្ថលេខាត្រឹមត្រូវហើយ។ កុក ស មិនមែនជាខ្មែរផង បើកុក ស ជាខ្មែរចាំបាច់ចុះ​ហត្ថ​លេខា បើខ្មែរដូចគ្នាចាំបាច់ចុះហត្ថលេខា?​ សួរ​តែ​ប៉ុណ្ណឹង​ទៅបានហើយ។ ឆ្លើយមក។ បើអ្នកឯងជាខ្មែរដូចគ្នា​មានការចាំបាច់ដើម្បីចុះហត្ថលេខាទេ? ដូចជា​ខ្ញុំ​ជា​មួយ កាញារីទ្ធ ខ្មែរដូចគ្នា ចាំបាច់ចុះហត្ថលេខាធ្វើអី? ឬក៏ខ្ញុំថា ជាមួយ ម៉ម សូណង់ដូ ប្រធានគណបក្ស​សំបុក​ឃ្មុំសង្គមប្រជាធិបតេយ្យ ដែលគាត់នឹងក្លាយទៅជា​បក្សមួយក្នុងពេលខាងមុខ ព្រោះទើបនឹងសន្និបាត ខ្ញុំ​ជា​មួយគាត់ចាំបាច់មានការចុះ​ហត្ថលេខារឿងដីរឿងស្អី។ បើចុះហត្ថលេខា គ្រាន់តែចុះហត្ថលេខាជាមួយគ្នា​អញ្ចេះ បោះឆ្នោតឲ្យត្រឹមត្រូវ ហើយបោះរួចហើយត្រូវទទួល​ស្គាល់លទ្ធផលទាំងអស់គ្នា អាហ្នឹងជាកិច្ចសន្យា​នយោបាយ​រវាងបណ្ដាបក្សនយោបាយ ខ្ញុំអាចធ្វើបាន។ ប៉ុន្ដែ​ ម៉ម​ សូណង់ដូ អត់មានសិទ្ធិ ហើយខ្ញុំ​ក៏​អត់​មាន​សិទ្ធិ ទៅចុះហត្ថលេខាថាចែកដីគ្នាយ៉ាងម៉េចទេ ឬក៏បក្សនយោបាយខ្លះទៀតដែលទើបបង្កើតថ្មី ឬមានរួច​មក​ហើយ ចាំបាច់អីត្រូវចុះហត្ថលេខារវាងខ្មែរ និងខ្មែរ​។

រឿងដីរបស់ជាតិ។ បើកិច្ចសន្យានយោបាយ លើការបោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ លើការបោះឆ្នោតរួចហើយត្រូវព្រម​ទទួលស្គាល់លទ្ធផលនៃបោះឆ្នោត ជួនកាលគេមានកិច្ច​សន្យា​នៃការបោះឆ្នោតទាក់ទិននឹងថា បន្ទាប់ពីការបោះ​ឆ្នោតហើយត្រូវធ្វើរដ្ឋាភិបាលចម្រុះ​ជាមួយគ្នា​ដោយ​ប្រើ​រូប​មន្ដយ៉ាងម៉េច ក្របខណ្ឌ​​គោលនយោ​បាយ​យ៉ាងម៉េចអីយ៉ាងម៉េច គេអាចធ្វើទៅរួច ប៉ុន្ដែរឿងអី អ្នកឯងថាខាងនោះក៏ខ្មែរ អ្នកឯងក៏ខ្មែរ ហើយទៅចុះហត្ថលេខារឿងដីធ្លីរបស់ជាតិ? សួរតែប៉ុណ្ណឹងវាអាចយល់​ហើយ​។ រឿងហ្នឹង​រដ្ឋមន្ដ្រីយុត្ដិធម៌​ត្រូវចាត់ចែងរឿងហ្នឹងជាមួយមហាផ្ទៃ​។ រឿងក្ដីមួយនេះរឿងធំណាស់។ ​នេះអំពើក្បត់ជាតិចេញ​មកច្បាស់ក្រឡែត។ ប៉ុន្ដែយើងអត់ត្រូវធ្វើទទឹងទិសទេ ត្រូវស៊ើបអង្កេតឲ្យបានម៉ត់ចត់ ហើយត្រូវដំណើរការ​តាមយន្ដការផ្លូវច្បាប់។ គ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជាឲ្យទៅបរទេសទេ ហើយយើង​កាន់​តែមិនយល់ រឿងអីខ្មែរនឹងខ្មែរចុះហត្ថលេខាកាត់ដីឲ្យគ្នា ចែកដីឲ្យគ្នា ប្រគល់ដីអោយគ្នា រួចហើយតាំងខ្លួន​ជា​ខ្មែរ។ បើជា​ខ្មែរចុះហត្ថលេខាខ្មោចអី។ វាទាល់តែជនជាតិបរទេស។

ឧទាហរណ៍ ដាក់ទីតាំងទ័ព​បរទេស​លើដី​ខ្មែរ​ត្រូវមានចុះហត្ថលេខា យ៉ាងម៉េចរយៈពេលប៉ុន្មាន សូម្បីតែយើងវិនិយោគទុនពីបរទេស​ ក៏មានចុះ​ហត្ថ​លេ​ខា​អ្នកឯងប្រើប្រាស់ដីធ្លីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំ ហើយប្រើក្នុងគោលដៅអី។ ត្រូវមានចុះហត្ថលេខាត្រឹមត្រូវ ហើយដីនៅតែជាដីខ្មែរ។ គ្រាន់តែអោយអ្នកឯងវិនិយោគបង្កើតការងារ និងបង្កើតផលិតកម្មតែប៉ុណ្ណោះ តែមិន​មែនជាការប្រគល់ឲ្យជនបរទេស តាមរបៀបដែលគេចុះហត្ថលេខាទេ។កន្ទុយវាលេចមកហើយ។ អានេះគេហៅ​ថា​ យីអ៊ុនដាក់អារក្ខជាន់។ វាចេញមកមួយម្ដងៗ … យកវីដេអូ​ហ្នឹងមកមើល ហើយយកកិច្ចព្រមព្រៀងពង្រីកឲ្យធំ អោយបងប្អូនខ្មែរយើងមើល បើថា កុកស ជាខ្មែរយើង​អីចាំបាច់ចុះហត្ថលេខា អញ្ចឹងវាមានតែជនបរទេស។ កាត់ដីអោយជន​បរទេស …។

អំពើក្បត់ជាតិមិនអាចអត់អោនឲ្យបានទេ ទៅលើបញ្ហាផ្លូវច្បាប់ ​តែរឿងនេះទុកឲ្យតុលាការ​ចាត់ការ តែខ្ញុំ​គ្រាន់​តែ​បក​ស្រាយឲ្យឃើញ ហើយបន្ថែមលើនោះ ​ ទៅលួចចរចាស្ងាត់ៗ។ ខ្ញុំទើបនឹងភ្ញាក់ដែរ​ ឋានៈ​ឧបនាយក​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រីការបរទេស ទៅលួចចរចាស្ងាត់ៗ រួចហើយជេរគេ។ ជេរខ្ញុំសុទ្ធតែអាយ៉ង​វៀតណាម ប៉ុន្ដែខ្លួនឯង​ទៅ​ចរចា​ជាមួយវៀតណាមស្ងាត់ៗ។ ឃើញទេ។ ​ម្នាក់មួយនោះអតីតឧបនាយករដ្ឋមន្ដ្រី Nguyen Van Kim មួយទៀត អតីត​រដ្ឋមន្រ្ដីការបរទេស  Nguyen Dy Nien។ ពីដើម Nguyen Van Kim ជាឧបនាយករដ្ឋមន្ដ្រីផង ជារដ្ឋមន្ដ្រី​ការបរទេស​ផង ក្រោយមកគាត់ជាឧបនាយករដ្ឋមន្ដ្រី ហើយ Nguyen Dy Nien ជារដ្ឋមន្រ្ដីការបរទេស។… យើងបានទទួលដំណឹងបកថែមទៀត អ្វីដែល ហ៊ុន សែន មិនព្រម គេព្រម ហើយ​គេ​ជួយ​សម្រួលអាណិកជនវៀតណាមនៅកម្ពុជាថែមទៀត ដើម្បីឲ្យបានសញ្ជាតិ ក្នុងពេល​ដែលរដ្ឋបាល ហ៊ុន សែន អត់បានផ្ដល់សញ្ជាតិឲ្យ​អាណិកជនទេ។ សញ្ជាតិចូលបានទាល់តែមានព្រះរាជ​ក្រឹត្យ។ ប្រទេសខ្លះ​តាន​តឹង​ណាស់។ ដើម្បីចូលសញ្ជាតិ​​គេបានទាល់តែលាសញ្ជាតិខ្មែរសិន។ ឯយើងប្រទេសណា​ក៏ដោយសុំចូល​សញ្ជាតិ ​ទាល់តែ​គ្រប់លក្ខ​ខណ្ឌ ត្រូវមាន​ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប៉ុន្តែហេតុអីបានជា​គេទៅចរចាគ្នាស្ងាត់ៗ ហើយ​អ្នកឯងជេរខ្ញុំថាអាយ៉ងវៀតណាម។ រូបភាពមានទាំងអស់។ អ្នកឯងចេញមកបដិសេធ អ្នក​ឯង​ចេញ​មកបកស្រាយធ្វើអីកាលហ្នឹង។ គេធ្វើដោយបើកចំហ ឯងធ្វើដោយ​លួចលាក់ … មកផ្ដួលរំលំយើងក៏មកធ្វើចោរ ចុះហត្ថលេខាជាមួយ​កុក ស ក៏ចោរ ទៅចរចា​សំងាត់​ជាមួយ​​រដ្ឋាភិបាល(គេ)ក៏ចោរ។ ធ្វើរបៀបចោររហូត ហើយលួចលាក់។

ខ្ញុំនឹងសួរមេដឹកនាំវៀតណាម តើកាលនោះនិយាយពីអី

ខ្ញុំនឹងសួរមេដឹកនាំវៀតណាមលើរឿងនេះ។ តើកាលហ្នឹងនិយាយពីអី? ខ្ញុំគ្រាន់តែចង់ដឹងថា ពេលហ្នឹងគេនិយាយពី​អី? ខ្ញុំនឹងសួរ បើមិត្ដវៀតណាមស្មោះត្រង់ជាមួយខ្ញុំ ជាមួយកម្ពុជាពិតប្រាកដ តើពេលដែលលោកហ្នឹងគាត់ទៅ​ទស្សនកិច្ចនៅហាណូយ និងលោកហ្នឹងទៅទស្សនកិច្ចនៅតៃនិញ និយាយពីអីខ្លះ? ខ្ញុំនឹងសួរវៀតណាម​។ ថ្ងៃខានស្អែកជួបគ្នាជាមួយនាយករដ្ឋមន្ដ្រីវៀតណាម។ ខ្ញុំនឹងតាមសួរ​រឿង​នេះ។ មានកំណត់ហេតុឬអត់។ ធម្មតាមានហើយ។ ខ្ញុំសូមកំណត់ហេតុ។

ដើម្បីអំណាច ហ៊ានកាត់ទឹកដីឲ្យគេ

ដល់ស្លន់ស្លោពេកយកមនុស្សមិន​មែនខ្មែរមកនិយាយ តាំងខ្លួនជាខ្មែរតែអត់ចេះខ្មែរ។ ទោះ​បី​អ្នកឯងខ្មែរមែនទៅចុះ តើមាន​ការចាំបាច់ចុះហត្ថលេខាប្រគល់ខេត្តនេះខេត្តនោះឲ្យ? វាច្បាស់កន្លែងហ្នឹង។ ទឹក​កាន់​តែថ្លាមើលឃើញ​កាន់តែ​ច្បាស់។ អំពើស្មោគគ្រោករបស់អ្នកឯង ដើម្បីតែអំណាច សូម្បីតែផលប្រយោជន៍​ជាតិ​លើបញ្ហាទឹកដីអ្នកឯង​អត់បានគិត ហើយអ្នកឯងជេរខ្ញុំ សុទ្ធតែលក់ដី ព្រំដែននៅតែព្រំដែន វាមានបាត់​ទៅ​ណា​។ ខ្ញុំកើតឆ្នាំ ១៩៥២ ហើយកូសាំងស៊ីនបាត់តាំងឆ្នាំ ១៩៤៩ ហើយមកជេរខ្ញុំ។ ជេរម៉េចកើត។ អយុត្ដិធម៌​ពេក​សម្រាប់ខ្ញុំ។ ខ្ញុំអត់មាន​ទទួលខុសត្រូវលើរឿងហ្នឹងទេ។ ខ្មែរយើងទៅបោះឆ្នោតអនុប្បវាទ​នៅ​សភា​បារាំង​ទៅ​ទៀត​កាលពីពេលនឹង។

ហ៊ុន សែន ការពារទឹកដីបន្សល់ពីសម័យសម្ដេចឪ

ខ្ញុំ​ការពារទឹកដីដែលដូនតាទុកឲ្យរាល់ថ្ងៃជាពិសេសសម័យសម្ដេចឪទុកឲ្យ ខ្ញុំការពារតែប៉ុណ្ណឹង។ បាត់ក៏មិន​ឲ្យ​បាត់​​​។ ទារ​ថែម ក៏ខ្ញុំមិនទារ។ ទារក៏គេមិនឲ្យ។ លើកទ័ពទៅច្បាស់ជាមានសង្រ្គាមវាយគ្នាហើយ។​ នៅទិស​ខាង​លិច​ តម្រូវឲ្យខ្ញុំធ្វើសកម្មភាពទៅដល់ក្រុមប្រឹក្សាសន្ដិសុខ ទៅដល់ក្រុងឡាអេទៅ​ដល់​​​តុលាការជាថ្មីទៀត ពេលដែលអ្នកឯងវាយចូល ខ្ញុំវាយវិញ ប៉ុន្ដែហេតុអី គេមិនទាន់បានកាន់អំណាចផង​ បែរ​ជា​ហ៊ាន​​សន្យាកាត់ទឹក កាត់ដីឲ្យគេយ៉ាងដូច្នេះ។

ប្រវត្តិត្រកូលតា ឌី

នេះជារឿងមួយហើយខ្ញុំគិតថានិយាយត្រឹមប៉ុណ្ណឹងចុះ ព្រោះថ្ងៃណាក៏ថ្ងៃនិយាយដែរ។​ និយាយរហូតឃើញក្មួយនិយាយអញ្ចឹងធុញដែរ ឬមីង? ចេះលើកដៃសំពះក្មួយអញ្ចឹង អត់គិតអ្នកធំអ្នកតូចទេ ហើយមិនដឹងថាអាពូជហ្នឹង អ្នកប្រាជ្ញហ្នឹង ចេញមកពីអ្នកណា។ មិនគួរមានមនុស្សម្នាក់មកកើតក្នុងត្រកូលហ្នឹង។ ត្រកូលខាងតាឌី ហើយបើយើងនិយាយជារួមទៅអញ្ចេះថាត្រកូល តាអុច។ យ៉ាងម៉េចបានមានមនុស្សម្នាក់មកចាប់ជាតិ ហើយបានមកធ្វើអាកន្លែងហ្នឹង។ ឪពុកខ្ញុំធ្លាប់តំណាលប្រាប់ខ្ញុំថា នៅពេលឆ្នាំរោងនោះ ខ្ញុំកើតនៅក្នុងទឹក។ ទឹកធំណាស់​។ ដល់ទៅពេលទឹកស្រកផុត បងប្អូនឥស្លាម ២ នាក់ ដែលមានម្នាក់គាត់គោរពឪពុកខ្ញុំ ឲ្យតែជួបឪពុកខ្ញុំគឺគាត់ថ្វាយបង្គំហើយ។ ដោយសារអី? ដោយសារឥស្សរៈ។ ពួកឥស្សរៈ ប៊ុន អ៊ុង​ នោះ ចាប់ឥស្លាមហ្នឹងយកទៅចង​ប៉ុន្មានថ្ងៃប៉ុន្មានយប់ឯណោះ អត់ឲ្យផឹកទឹក អត់ឲ្យស្អីទេ។ ឪពុកខ្ញុំបានលូនទៅកាត់ចំណងរួចហើយរំដោះគាត់។ គាត់រស់រានមានជីវិត គាត់តែងតែថ្វាយបង្គំឪពុកខ្ញុំជានិច្ច។ ពេលដែលទឹកស្រកផុតនៅឆ្នាំរោងនោះ មានឥស្លាមម្នាក់ទៀតធ្វើដំណើរជាមួយគាត់ ដែលចែវទូកឆ្លងទន្លេពីខាងចម្ការម្លូ ស្វាយឃ្លាំង របស់យើងនេះ។ ពីស្វាយឃ្លាំងទៅខាងពាមកោះស្នា គ្រាន់តែចុះពីលើទូកភ្លាមឥស្លាមម្នាក់ប្រាប់ថា កន្លែងហ្នឹងស្តេចទើបនឹងមកចាប់ជាតិ។​ ឪពុករបស់ខ្ញុំបានឆ្លើយតបថា រកតែស៊ីមិនបាន សេ្តចឯណាមកចាប់ជាតិ … ទោះបីខ្ញុំមិនធ្វើស្តេច ក៏ប៉ុន្តែជំនាន់នោះគេថាអ្នកមានបុណ្យមកចាប់ជាតិ គេថាស្តេចមកចាប់ជាតិ។

ទម្រាំមកដល់ពេលនេះគឺ កំសត់កម្រខ្លាំងណាស់

… ទម្រាំមកដល់ហ្នឹង​កំសត់កម្រខ្លាំងណាស់។ ទម្រាំមកដល់នេះ ស្ទើរស្លាប់ស្ទើររស់។ ប៉ុន្តែក៏រួមចំណែកជួយប្រជាជនកម្ពុជាឲ្យរស់ឡើងវិញពីរបប ប៉ុល ពត ដោយផ្តួលរំលំរបប ប៉ុល ពត ហើយប្រជាជនខ្មែរពី ៥ លាននាក់ ឥឡូវជិត ១៦ លាននាក់ហើយកើតច្រើននោះច្រើន។​ ខ្ញុំព្រះករុណាខ្ញុំ ក៏កើតច្រើនជាងគេដែរ ព្រះតេជព្រះគុណអើយ! ចៅ ២០ នាក់ហើយ។​ ឥឡូវ មិនស្រួលប្អូនពៅរបស់យើង នឹងបានចៅទួតមុនយើងទៅទៀត។​ ថ្ងៃមុនវាថាកូនស្រីវាមានគេដណ្តឹងហើយ។ ឥឡូវវាឲ្យហើយ។ ហ្នឹងវាអញ្ចឹង។ មិនដឹងធ្វើម៉េច។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាននាំមកសម្រាប់លោកយាយលោកតាចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់សមួយដុំ ថវិកា ២ ម៉ឺនរៀល​ ជូនក្រុមកាយឬទ្ធិ និងយុវជនកាកក្របាទក្រហមកម្ពុជា ២០០ នាក់ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល ជូនសិស្សា​នុសិស្ស ១.៣៦៤ នាក់ក្នុងម្នាក់ៗសៀវភៅ ពីរក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រូ ស្រុកកំពង់សៀម ចំនួន ១.០៥២ នាក់ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។

ចង់ឲ្យគ្រូនៅក្នុងប្រទេស ចេះច្បាប់អប់រំទូន្មានរបស់ លោកតា ក្រម ង៉ុយ បណ្ឌិត អ៊ូ ចុង

… សូមជំរាបជូនលោកគ្រូ អ្នកគ្រូផងដែរថាលោកគ្រូ អ្នកគ្រូទាំង ១.០៥២ នាក់នេះត្រូវបានទទួលនូវអំណោយជាសៀវភៅចំនួនមួយកញ្ចប់។ មួយកញ្ចប់នោះមានពីរក្បាល មួយក្បាលគឺសៀវភៅលោកតា ក្រម ង៉ុយ មួយក្បាល ហើយមួយច្បាប់ទៀតគឺ បណ្ឌិត អ៊ូ ចុង។ ខ្ញុំចង់ឲ្យគ្រូទាំងអស់នៅក្នុងប្រទេសរបស់យើងចេះនូវច្បាប់ ក្រម ង៉ុយ ចេះនូវច្បាប់អប់រំទូន្មានរបស់ បណ្ឌិត អ៊ូ ចុង។​ អញ្ចឹងបានជាខ្ញុំបោះ ១១ ម៉ឺនច្បាប់។ ឥឡូវខ្ញុំក៏ដឹកសៀវភៅហ្នឹងជូនចំពោះពលរដ្ឋខ្មែរនៅឯអូស្ត្រាលី និងញូវហ្សីឡេន ២.៥០០ ច្បាប់។ ដឹកចេញទៅថ្ងៃស្អែកទៅជាមួយប៉ុន្តែគឺបោះដូចគ្នា គ្រាន់តែក្របនៅខាងក្រៅខុសគ្នា​។ ខាងក្រៅយើងអរគុណលោកគ្រូ អ្នកគ្រូ ឯក្របដែលយកទៅខ្មែរនៅអូស្ត្រាលី និងញូវហ្សីឡេន គឺចំពោះបងប្អូនខ្មែរនៅទីនោះ។ អញ្ចឹងទេ សូមទទួលយកនូវសៀវភៅនេះដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន សម្រាប់មើលលេងមិនមែនគ្រាន់តែខ្លួនទេក្រុមគ្រួសារ ឬក៏អ្នកដែលចង់មើលអនុញ្ញាតឲ្យមើលទៅ។​ បន្តទៅទៀតជូនអនុវិទ្យាល័យកោះមិត្ត ឃុំកោះមិត្ត ថវិកា ១ លានរៀល ជូនវិទ្យាល័យកោះសូទិន ឃុំកោះសូទិន ថវិកា ២ លានរៀល ជូនវិទ្យាល័យសំបួរមាស សង្កាត់សំបួរមាស ថវិកា ២ លានរៀល ជូនមណ្ឌលសុខភាពកោះមិត្ត ថវិកា ២ លានរៀល ជូនសាលាស្រុកកំពង់សៀម ថវិកា ២ លានរៀល ជូនសាលាស្រុកកោះសូទិន ថវិកា ​២ លានរៀល ជូនសាលាក្រុងកំពង់ចាម ថវិកា ២ លានរៀល ជូនក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀល ជូនក្រុមល្ខោនបាសាក់ ថវិកា ៥ លានរៀល។​​ ល្ខោនបាសាក់នៅយប់នេះ នឹងលេងរឿង ដារ៉ាវិច្ឆ័យ ម៉ាឡៃសូរិយា។

ម្សិលមិញ ខ្ញុំនិយាយរឿងភ្លូករទេះសេះ។ សម័យដើមរបស់យើងអ្នកកំពង់ចាមនេះ ល្ខោនកំពង់ចាមគឺជាល្ខោនដែលល្បី។ ជំនាន់នោះផ្សាយពាណិជ្ជកម្ម មិនមែនតាមទូរទស្សន៍ ឬក៏តាមឡានទេ។ ពាណិជ្ជកម្មតាមរទេះសេះ សូមអញ្ជើញទៅមើលល្ខោនបាសាក់រឿង ព្រះធិនវង្ស។ ទៅដល់កន្លែងមួយនោះ សូមអញ្ជើញទៅទស្សនារឿង គ្រាន់តែរឿងភ្លូករទេះសេះ មានបានចេញ ព្រះធិនវង្ស ឯណា ចេញឯរទេះសេះ។ រឿងដើមរបស់យើងវាអញ្ចឹងប៉ុន្តែឥឡូវ រទេះសេះធ្វើម៉េចថែទាំវាផង ឲ្យវានៅសល់ខ្លះ ស៊ីក្លូក៏អញ្ចឹងដែរឲ្យវានៅសល់ខ្លះ។ ឥឡូវលេងសុទ្ធតែម៉ូតូ លេងសុទ្ធតែ​ឡាន ហើយបើគេឃោសនាពាណិជ្ជកម្មលេងសុទ្ធតែតាមទូរទស្សន៍។ វាខុសពីពេលមុនឆ្ងាយ។ ថ្ងៃនេះជាមួយនឹងការប្រកាសសាងសង់ស្ពាន ប្រកាសដាក់ឲ្យដំណើរការនូវស្ពានកោះប៉ែន ប្រវែង ៩៧៩ ម៉ែត្រ ទទឹង ៩,២ ម៉ែត្រ ដែលប្រើប្រាស់ថវិកាជាតិចំនួន ១៣ លាន ៤ សែន ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយដែលអនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិរបស់កម្ពុជាខ្លួនឯង។ ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្ត​ម លោកជំទាវ ជាពិសេសបងប្អូនជនរួមជាតិទាំងអស់សូមបានប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ នឹងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា