… (និយាយលេងជាមួយកម្មករ/ការិនី) …
ជំនួបធំទី ១ មានអ្នកចូលរួមជាង ២ ម៉ឺននាក់
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត បន្ទាប់ពីឆ្នាំ ២០១៦ កន្លងទៅ ដែលបានមកកាន់ទីនេះ ដើម្បីបា្ររព្វពិធីទទួលនូវរោងចក្រទី ១០០។ ការជួបជុំនៅថ្ងៃនេះ ក៏សុំបញ្ជាក់មុនបន្តិចថា គម្រោងដើមថា ធ្វើនៅក្នុង ខែឧសភា ឯណោះ គឺចំទិវាពលកម្មអន្តរជាតិ ក៏ប៉ុន្តែក៏បានគិតថា ខែឧសភានៅតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់(ច្រើន)។ ក្រោយមកក៏បានគិតថា នឹងយកថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ធ្វើជាថ្ងៃជួបជុំគ្នាជាមួយនឹងកម្មករ/ការិនីនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ប៉ុន្តែក៏បានគិតទៅដល់ការលំបាកជាមួយនឹងមន្រ្តីរាជការរបស់យើង ក្នុងហ្នឹងក៏មានកងអង្គរក្សផងដែរ ដែលក្នុងមួយឆ្នាំគឺមានតែមួយពេលទេ នៃការឆ្លងឆ្នាំ។ ដូច្នេះ ក៏ផ្អាកកម្មវិធីនោះទុកវិញ។
ថ្ងៃនេះ ជួបកម្មករ/ការិនី ដែលមានទំហំធំបំផុតនៅក្នុងពេលវេលា ដែលបានជួបកន្លងទៅ។ យើងជួបត្រឹមតែ ១៥.០០០-១៧.០០០ នាក់ ប៉ុន្តែថ្ងៃនេះ យើងជួបរហូតទៅដល់ជាង ២០.០០០ នាក់ ឯណោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ថ្ងៃស្អែក ក៏ស្នើសុំកន្លែងនេះ ធ្វើទៅជាទីតាំង នៃជំនួបសាជាថ្មីម្ដងទៀតជាមួយកម្មករ/ការិនី នៃខេត្តព្រះសីហនុរបស់យើង។ សូមអរគុណក្មួយៗដែរ ដោយសារតែក្មួយៗហ្នឹងហើយ ដែលបានផ្ដល់ឱកាសអោយពូបានងូតទឹកសមុទ្រ។ ម្សិលមិញនេះ ជាឱកាសមួយដ៏ល្អ ដែលបានចេះជិះម៉ូតូក្នុងសមុទ្រ។ ម៉ូតូហ្នឹង ម៉ូតូប៉ូលីសទៅទៀត ប៉ុន្តែមិនទៅណាឆ្ងាយប៉ុន្មានទេ ព្រោះមានអ្នកប្រដេញពីក្រោយ ៣ គ្រឿង តាមការពារ …។ … សូមស្វាគមន៍ចំពោះក្មួយៗទាំងអស់ ក៏ដូចជាឯកឧត្តម លោកជំទាវ ព្រមទាំងម្ចាស់រោងចក្រ ហើយសូមអរគុណម្ចាស់រោងចក្រទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលបន្ទាប់ពីការជួបជុំគ្នានេះទៅ បានផ្ដល់ការអនុញ្ញាតអោយកម្មករ កម្មការិនីរបស់យើង ទទួលបាននូវការឈប់សម្រាកនៅក្នុងពេលល្ងាចនេះ។
អ្នកណាបានគិតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងកើតឡើង និងជាប៉ូលសេដ្ឋកិច្ចជាតិ?
ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ហើយអម្បាញ់មិញ ខ្ញុំបាននិយាយអំពីបុប្ផាលាក់ខ្លួន។ តើកាលពី ២០ ឆ្នាំមុន អ្នកណាដែលបានគិតថា នៅទីនេះ វាមានតំបន់ឧស្សាហកម្ម វាមានតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលមានកម្មកររហូតទៅដល់ជាង ២០.០០០ នាក់ ធ្វើការនៅក្នុងទីនេះ? ច្បាស់ជាមិនមានការស្រមៃបែបនោះទេ សូម្បីតែខ្លួនខ្ញុំ។ ប៉ុន្តែ តាមរយៈនៃការទាក់ទាញទុនវិនិយោគ ដែលក្នុងនោះ គោលដៅសំខាន់របស់យើង ដោយសារតែប្រទេសចិន កូរ៉េខាងត្បូង គឺជាប្រទេសដែលមិនទាន់មានការវិនិយោគធំដុំនៅក្នុងតំបន់ប្រទេសអាស៊ានចាស់ ហើយប្រទេសអាស៊ានចាស់ ក៏ត្រូវទទួលបានការវិនិយោគពីប្រទេសនានាច្រើនហើយ ដូច្នេះ ច្បាស់ណាស់ថា ចិន ជាមួយនឹងកូរ៉េខាងត្បូង ច្បាស់ជាឆ្ពោះទៅរកនូវប្រទេសអាស៊ានថ្មី រួមមានកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា … ឥឡូវ អ្វីដែលបានកើតឡើងជាក់ស្ដែងនៅទីនេះ តំបន់សេដ្ឋកិច្ចពិសេសមួយបានកើតឡើងនៅទីនេះ។ តំបន់សេដ្ឋកិច្ចពិសេសមួយទៀត ដែលអនុវត្តគម្រោងការរបស់ជប៉ុន ក៏បានកើតនៅជាប់នឹងកំពង់ផែក្រុងព្រះសីហនុរបស់យើង។ តើអ្នកណាខ្លះទៅដែលបានគិតថា នៅឯក្រុងព្រះសីហនុរបស់យើងនេះ ក្រៅពីបញ្ហាទេសចរ មានបញ្ហាឧស្សាហកម្មដែលបានកើតឡើង ដែលចំនួនកម្មករប្រមាណជា ៤០.០០០ នាក់។ នេះគ្រាន់តែជាការចាប់ផ្ដើម មិនទាន់ដល់ទីបញ្ចប់របស់វាទេ។
ប៉ូល ៣ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយនិងអាចមានប៉ូល ១ ទៀតឆាប់ៗ
ខ្ញុំសប្បាយរីករាយ ហើយអរគុណ និងកោតសរសើរជាមួយនឹងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ។ បុប្ផាលាក់ខ្លួនមួយនេះ ពិតជាមិនធម្មតា។ សក្ដានុពល នៃសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលយើងកំពុងជួបជុំនៅទីនេះ ក៏មិនធម្មតាដែរ។ យើងបានរៀបចំប៉ូល ៣ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ប៉ូលទី ១ គឺទីក្រុងភ្នំពេញ, ប៉ូលទី ២ គឺខេត្តព្រះសីហនុ, ប៉ូលទី ៣ គឺខេត្តសៀមរាប ហើយយើងនឹងអាចនឹងកើតឡើងនូវប៉ូលទី ៤ មួយទៀត នៅភូមិភាគឦសាន ដែលគ្របដណ្ដប់ដោយខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ហើយអាចរួមមានតភ្ជាប់ជាមួយនឹងខេត្តព្រះវិហារ ដែលថ្ងៃក្រោយ ធនធានធម្មជាតិ ជារ៉ែ ជាធ្យូងថ្ម នៅតំបន់នោះ ហើយជាពិសេសឧស្សាហកម្ម ជាកៅស៊ូ និងជាកសិឧស្សាហកម្មដទៃទៀត នឹងកើតឡើងនៅក្នុងតំបន់នោះ។
ប៉ុន្តែ ខ្ញុំគ្រាន់តែនិយាយសំដៅទៅដល់បញ្ហាខេត្តព្រះសីហនុ ដែលជាខេត្តមួយសំខាន់នៅក្នុងចំណោមខេត្តដែលមានកំពង់ផែសមុទ្រទឹកជ្រៅនៅទីនេះ ហើយយើងក៏បានជំរុញការវិនិយោគនៅក្នុងតំបន់នេះ។ សម្រាប់តំបន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខ្ញុំប្រៀបដូចជាឆ្មប ដែលបានបង្កើតវាឡើង។ ក៏សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ កាលពេលនោះដូចជាទើបនឹងចូលឆ្នាំចិនហើយ យើងបានបើកការដ្ឋានសាងសង់នៅទីនេះ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០០៨។ បន្ទាប់ទៅ ឆ្នាំ ២០១៦ ខ្ញុំបានមកកាន់ទីនេះ ដើម្បីប្រារព្ធពិធីទទួលរោងចក្រទី ១០០ និងថ្ងៃនេះ គឺបានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនីដែលធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។
បើចង់បន្តដំណើរជាមួយគ្នាតទៅទៀត សូមទៅបោះឆ្នោត និងបោះឲ្យគណបក្សប្រជាជន
… ពូសូមអរគុណចំពោះក្មួយៗទាំងឡាយ ដែលផ្ដល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះពូ ហើយឆ្លងកាត់នៃការធ្វើដំណើរអម្បាញ់មិញ ក្មួយៗបានបង្ហាញអំពីទឹកចិត្តស្រឡាញ់រាប់អានចំពោះពូ មិនត្រឹមតែជាមេដឹកនំាប្រទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែវាច្បាស់ណាស់ថា ក្មួយៗបានផ្សាភ្ជាប់ជាមួយពូ ស្គាល់ពូ តាមរយៈក្មួយផ្ទាល់ … បង្ហាញអំពីការគំាទ្រទំាងឡាយរបស់ជីដូន ជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានបានរួមដំណើរជាមួយពូ តំាងពីសម័យ នៃការដែលយើងរំដោះប្រទេសចេញពីរបប ប៉ុល ពត ហើយជាបន្តបន្ទាប់រួមដំណើរជាមួយពូ ក្នុងការផ្តល់ការគំាទ្រ ដើម្បីបង្កើតឡើងនៅស្ថានភាពសព្វថ្ងៃនេះ។ អម្បាញ់មិញក្មួយៗបាននិយាយថា សូមអោយលោកពូសុខសប្បាយ ហើយនៅជាមួយកូនចៅបន្តទៅទៀត។ ខ្ញុំក៏បានឆ្លើយតបទៅវិញថា អារឿងអោយនៅជាមួយវាស្រួលទេ បញ្ហាស្ថិតនៅត្រង់កន្លែងនេះ។
បើក្មួយចង់អោយពូនៅជាមួយ នៅថែទំាក្មួយៗ និងអមដំណើរក្មួយៗ ដើម្បីបង្កើននៅប្រាក់ចំណូល ជម្រើសដែលល្អជាងគេ គឺបោះឆ្នោតអោយគណបក្សប្រជាជនទៅ ពូរស់នៅបានហើយ។ មិនចំាបាច់ទៅបន់ស្រន់អារក្សអ្នកតាឯណាទេ។ រឿងនោះរឿងអបិយជំនឿ ធ្វើបានចេះតែធ្វើទៅ។ ប៉ុន្តែរឿងសំខាន់ជាងគេ ថ្ងៃបោះឆ្នោត ទៅបោះឆ្នោត ហើយបោះអោយចំគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា។ យើងនៅជាមួយគ្នាទំាងអស់គ្នា សប្បាយជាមួយគ្នា កើតទុក្ខក៏ទំាងអស់គ្នា។ ប៉ុន្តែក្មួយៗគ្មានពេលវេលាកើតទុក្ខបន្តទៀតទេ។ លើកលែងតែបញ្ហាដែលវាបានកើតឡើងក្នុងករណីខ្លះ។ ឧទារហណ៍ គ្រួសារខ្លះ មានកើតឡើងនៅជំងឺដង្កាត់ ក្រុមគ្រួសារមានបញ្ហាជំងឺ ឬក៏ការស្លាប់ស្អីជាដើម គឺជារឿងធម្មតារបស់មនុស្ស រហូតដលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬរឿងនេះរឿងនោះ។ ប៉ុន្តែជាទិដ្ឋភាពរួមរបស់ប្រទេសជាតិរបស់យើងគឺពិតជានឹងទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនទំាងអស់គ្នា។
ប្រាក់ខែអប្បបរមា ១៧០ ដុល្លារ, មានអ្នកអាចរកបានលើសហ្នឹង
…ពូបានសួរចំពោះក្មួយៗមួយចំនួន។ មួយចំនួនធ្វើការនៅទីនេះ ផ្ទះនៅក្នុងខេត្តព្រះសីហនុ នៅក្បែរនេះ ដែលមកធ្វើការនៅពេលថ្ងៃ យប់ទៅសម្រាកនៅផ្ទះ។ មួយចំនួនមកពីកំពត ហើយខ្លះមកពីកំពង់ចាមឯណោះ។ នៅក្នុងខេត្តព្រះសីហនុរបស់យើងនេះ ចំនួនមនុស្សមិនច្រើនទេ ផ្គត់ផ្គង់មនុស្ស ផ្គត់ផ្គង់ពលកម្ម សម្រាប់ក្នុងខេត្តនេះ ឲ្យទៅបណ្តារោងចក្រ សហគ្រាស ដែលកើតនៅក្នុងខេត្តនេះ មិនគ្រប់គ្រាន់ទេ ច្បាស់ជាមកពីកន្លែងផ្សេង។ ចំនួនប្រាក់បៀវត្សរ៍ ចំនួនប្រាក់ចំណូលរបស់ក្មួយៗ គឺភាគច្រើនបានឆ្លើយតប មិនមែនគ្រាន់តែជាការឆ្លើយតប ១៧០ ដុល្លារសហរដ្ឋអាមេរិក ដែលជាប្រាក់ខែអប្បបរមានោះទេ ប៉ុន្តែក្មួយៗបានបង្ហាញអំពីប្រាក់ចំណូល គឺភាគច្រើនមិនតិចជាង ២៥០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ ឯមួយនោះបានដល់ ៤៥០ ដុល្លារ ឯណោះ។ ដល់សួរថា ហេតុអ្វីបានប្រាក់ខែច្រើនម៉្លេះ? (ថា)ចេះចិន …។
ក្រុងព្រះសីហនុ កំពុងរីកចំរើនសក្តិសមជាក្រុងជាប់សមុទ្រ
នេះគឺជាមោទនភាពរបស់ប្រទេសរបស់យើង ដែលជាប្រទេសហែកហួរដោយសង្គ្រាម ហើយកុំភ្លេចថា ខេត្តព្រះសីហនុ ក៏ដូចជាខេត្តដទៃទៀត ត្រូវរងគ្រោះដូចៗគ្នា។ ខ្ញុំនៅចំាបានណាស់ថា ឆ្នំា ១៩៧៩ ពេលនោះក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសទេ ក៏ប៉ុន្តែត្រូវបានរៀបចំឲ្យធ្វើជាគណៈកម្មការរំដោះទំនិញចេញពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់ទៅក្រុងភ្នំពេញ ដោយសារពេលនោះមានជំនួយដឹកមកពីសូវៀត ជំនួយមួយចំនួនមកកកស្ទះ។ អញ្ចឹងទេ ពេលនោះ យើងមិនអាចដឹកជញ្ជូនក្នុងពេលយប់បានទេ ដឹកជញ្ជូនក្នុងពេលថ្ងៃ។ សភាពការណ៍ពេលនោះវាលំបាកណាស់ គ្មានទឹក គ្មានភ្លើងដូចសព្វថ្ងៃនេះទេ បានកូនម៉ាស៊ីនមួយ បញ្ឆេះៗអស់ប្រេងទៅ រួចហើយទៅបូមប្រេង យកទៅចាក់ឆេះទៅ រួចហើយទឹកនោះបូមមក និយាយពីងូតទៅមិនដឹងជាទៅឯណាទេ។ ប៉ុន្តែឥឡូវក្រុងព្រះសីហនុរបស់យើង មិនមែនគ្រាន់តែជាក្រុងដូចកាលពីមុនទេ ក្រុងកំពុងតែមានការរីកចម្រើន ដែលវាសក្តិសមទៅនឹងក្រុងមាត់សមុទ្រ ដែលវាទាក់ទាញជាមួយនឹងបញ្ហាច្រើនណាស់។
ពង្រីកកំពង់ផែទឹកជ្រៅ និងកសាងថែមឲ្យស្របតាមតម្រូវការ
ទន្ទឹមនឹងការរីកកើនឡើងនៅក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ ក៏មានការរីកចម្រើនឡើងជាមួយនឹងវត្តមាន នៃកំពង់ផែទឹកជ្រៅ ដែលមានពីអតីតកាល តំាងពីជំនាន់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ នាសម័យសង្គមរាស្ត្រនិយម នៅទស្សវត្សរ៍ ៦០។ ហើយយើងកំពុងតែពង្រីកកំពង់ផែនេះ និងធ្វើអោយទឹកកាន់តែជ្រៅ ដែលគោលដៅរបស់យើងឥឡូវនេះ កំពង់ផែរបស់យើងទើបនឹងទទួលបាននូវនាវាចំនួន ២ ម៉ឺនតោនតែប៉ុណ្ណោះ។ ប៉ុន្តែគោលដៅរបស់យើងត្រូវធ្វើឲ្យកំពង់ផែនៅក្រុងព្រះសីហនុរបស់យើងនេះ អាចចូលចតបាននូវនាវាមិនតិចជាង ៥ ម៉ឺនតោន នៅពេលអនាគត ដែលយើងត្រូវតែបូមដី អោយជម្រៅទឹកកាន់តែជ្រៅ ដើម្បីធានាការចូលចតសម្រាប់នាវាដឹកទំនិញ។ កន្លងទៅនេះ ចំណាយទៅលើការដឹកជញ្ជូននានា ក៏ត្រូវបានទៅខ្ពស់ ដោយយើងត្រូវបញ្ជូនតាមនាវាត្រឹមតែ ១ ម៉ឺនតោន ឬជាង ១ ម៉ឺនតោន ដល់ទៅដូរកប៉ាល់មួយសាទៀត នៅឯប្រទេសផ្សេង ដូចជាសំាងហ្គាពួរ ឬវៀតណាម អញ្ចឹងកប៉ាល់នានា ដែលដឹកចេញពីកម្ពុជាទៅ គឺត្រូវមានការខាតបង់។
ដូច្នេះការប្រកួតប្រជែង នៅក្នុងការនំាចេញ ឬនំាចូល គឺត្រូវចំណាយទៅលើការដឹកជញ្ជូនផ្ទេរទំនិញពីកប៉ាល់មួយទៅកប៉ាល់មួយ ធ្វើអោយការប្រកួតប្រជែងទាប។ អញ្ចឹង យើងក៏មានគោលដៅ ក្នុងនោះរួមមានការសហប្រតិបត្តិការ និងហិរញ្ញប្បទានដោយជប៉ុន កសាងកំពង់ផែទឹកជ្រៅ ដែលកំពុងមានវត្តមានបច្ចុប្បន្ន បន្ថែមទៅដោយការគ្រោងទុកក្នុងដំណើរការទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លី ខឺឈាង យើងនឹងធ្វើកំពង់ផែទឹកជ្រៅមួយបន្ថែមទៀត នៅឯស្ទឹងហាវ ដែលនេះគឺជាគោលដៅមួយថែមទៀត ព្រោះយើងមិនអាចនិយាយបានថា កំពង់ផែមួយគ្រប់នោះទេ ត្រូវមានការចំាបាច់ ដើម្បីនឹងសិក្សា និងបង្កើតឡើងកំពង់ផែនៅឯខេត្តកំពតផងដែរ ព្រោះថាប្រទេសយើង គឺជាប្រទេសដែលត្រូវការនំាចូលផង ហើយត្រូវការនំាចេញផង ដែលសមត្ថភាព នៃការដឹកជញ្ជូននោះ ក៏ជាផ្នែកមួយនៃការទាក់ទាញសម្រាប់ការវិនិយោគមកកាន់កម្ពុជាផងដែរ។
បៀវត្សរ៍នៅតែបន្តកើនឡើងឆ្នាំក្រោយៗទៀត
ថ្ងៃនេះ យើងពិតជាមានការសប្បាយរីករាយជាមួយនឹងវត្តមាន នៃបណ្តារោងចក្រ សហគ្រាសនៅទីនេះ ហើយសប្បាយរីករាយជាមួយក្មួយៗទំាងឡាយ ដែលពូសូមយកឱកាសនេះ អបអរសាទរចំពោះក្មួយៗទៅលើបញ្ហានៃការកើនឡើងបៀវត្សរ៍ ដែលឆ្នំាទៅអនុវត្តត្រឹមតែ ១៥៣ ដុល្លារ តែឆ្នំានេះ បានឡើងទៅដល់ ១៧០ ដុល្លារ និងបន្តឡើងតទៅទៀតនៅឆ្នំា ២០១៩ និង ២០២០ តទៅទៀត។ បៀវត្សរ៍កម្មករ ប្រាក់ចំណូលរបស់កម្មករ/ការិនី នឹងត្រូវឡើងជារៀងរាល់ឆ្នំា មិនមែនត្រឹមតែមួយឆ្នាំនោះទេ។ ខ្ញុំក៏សូមយកឱកាសនេះ បានសួរចំពោះក្មួយៗរឿងនេះ យើងសំណូមពរសំខាន់នៅឯទីក្រុងភ្នំពេញ ក៏ប៉ុន្តែត្រូវបានអនុវត្តនៅក្រុងព្រះសីហនុ គឺថ្លៃឈ្នួលផ្ទះ ម្ចាស់ផ្ទះមិនបានតម្លើងទេ បានសួរប៉ុន្មាននាក់អម្បាញ់មិញអ្នកដែលជួលផ្ទះ ថាឆ្នាំទៅមួយបន្ទប់ ៣៥ដុល្លារ គេនៅ ៤ នាក់។ អញ្ចឹងសួរថា ៣៥ ដុល្លារ គេទើបនឹងតម្លើង ឬតាំងពីឆ្នាំទៅ? ថាតាំងពីឆ្នាំទៅ អញ្ចឹងឆ្នាំនេះគេអត់ឡើងដែរ។ អរគុណចំពោះម្ចាស់ផ្ទះដែលបានផ្តល់ឱកាសសម្រាប់ការមិនតម្លើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨។ ពូចង់ដឹងឲ្យច្បាស់ថា នៅពេលដែលប្រាក់ចំណូលរបស់ក្មួយៗជាកម្មករ/ការនីកើនឡើង ហើយនិងកាត់បន្ថយការចំណាយទៅលើបញ្ហាមួយចំនួន តើចំនួនប្រាក់ដែលសល់ចំនួនប៉ុន្មានពិតប្រាកដ? ពិតណាស់ហើយ បើនិយាយពីប្រាក់ចាយនោះ វាមិនសល់ទេ ប៉ុន្តែយើងក៏ត្រូវមានវិធីសន្សំរបស់វាដែរ។ មួយនោះឱនខ្សឹបដាក់ត្រចៀកថាសល់ប៉ុន្មាន? ម៉ែយកអស់ហើយ។ អញ្ចឹងឆ្លើយទៅវិញថា ម៉ែយកទៅទុកឲ្យកូនតែប៉ុណ្ណឹង គាត់គ្មានយកទៅណាទេ។ ឯមួយនោះថាសន្សំបានប៉ុន្មានថាបាន ១ ពាន់ទេ? ថាបានប៉ុណ្ណឹង។
ពិនិត្យព្យាបាលមិនបង់ប្រាក់តាមពេទ្យរដ្ឋ, គោលនយោបាយកម្មការិនីមានផ្ទៃពោះ មិនបង់វិភាគទានសុខភាព
ប្រាក់ចំណូលរបស់ក្មួយៗកំពុងមានការកើនឡើង ប៉ុន្តែអត្ថប្រយោជន៍ដែលក្មួយៗទទួលបាន នូវលើការដោះស្រាយនៅពេលដែលពូចេញមុខ ចាប់ពីខែ ៨ ឆ្នាំទៅ។ យើងបានកាត់បន្ថយចំណាយតាមរយៈនូវការដោះស្រាយបញ្ហាមួយចំនួនទៀត ដូចជាការពិនិត្យព្យាបាលដោយមិនបង់ប្រាក់តាមមន្ទីរពេទ្យរដ្ឋទាំងអស់។ កម្មករទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ នឹងទទួលបាននូវអត្ថប្រយោជន៍ទៅលើបញ្ហានេះ។ ស្ត្រីមានផ្ទៃពោះហើយត្រូវសម្រាលកូន ក៏ត្រូវទទួលបាននូវប្រាក់បៀវត្ស ពេលសម្រាលកូន ជាមួយនឹងការឈប់សម្រាក ៣ខែ ត្រូវបានទទួលនូវប្រាក់បៀវត្សរហូតទៅដល់ ១២០% នោះ។ ពេលដែលក្មួយៗនៅកំពុងធ្វើការ ប្រាក់បៀវត្សរបស់ក្មួយៗបានត្រឹម ១៧០ ដុល្លារ ហ្នឹងជាប្រាក់អប្បបរិមា ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត បានជាង ២០០ដុល្លារ។ ប៉ុន្តែនិយាយពីប្រាក់បៀវត្សអប្បបរិមារបស់ក្មួយៗបាន ១៧០ ដុល្លារ ប៉ុន្តែនៅពេលដែលក្មួយៗចាប់ផ្តើមឆ្លងទន្លេ ប្រាក់បៀវត្សរបស់ក្មួយៗបានដល់ ២០៤ ដុល្លារ។ ជាមួយនោះ កម្មករ/ការិនី ដែលធ្លាប់បានបង់វិភាគទាន សម្រាប់បេឡាថែទាំសុខភាព មិនត្រូវបានបង់ជាបន្តទៀតទេ ដោយសារតែម្ចាស់រោងចក្រត្រូវបង់ជំនួស។ នោះហើយសុទ្ធតែជាអត្ថប្រយោជន៍ដែលយើងបានផ្តល់ចំពោះកម្មករ ក្នុងគោលដៅជំរុញឲ្យកាន់តែប្រសើរឡើង នូវជីវភាពរស់នៅរបស់កម្មករ/ការិនី ក្នុងពេលដែលយើងអនុវត្តនូវនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥។
កម្មករ/ការិនីយើងមិនមានកង្វះអាហារូត្ថម្ភនោះទេ
ពូពិតជាមានមោទនភាព ដោយសារតែអ្វីៗដែលបានកើតឡើងនៅក្នុងដំណាក់កាល ដែលពូបានដឹកនាំ ប្រទេសនេះ ពីស្ថានភាពដ៏លំបាកលំបិន ភាពទ្រុឌទ្រោមទន់ខ្សោយ មកកាន់ស្ថានភាព និងឋានៈជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយជីវភាពរបស់ក្មួយៗក៏កាន់តែប្រសើរ។ ក្មួយៗធ្វើការនៅទីនេះយើងមិនទាន់ឃើញកម្មករ/ការិនីរបស់យើងមានស្ថានភាពខ្វះអាហារូបត្ថម្ភនោះទេ។ ពិតហើយ ជំងឺដង្កាត់វាតែងកើតឡើង វាជារឿងធម្មតា មិនមែនកើតតែក្មួយៗទេ សូម្បីតែពូជំងឺវាមិនដែលរើសមុខថាអ្នកធំមិនឈឺនោះទេ។ អ្នកធំហ្នឹងឈឺជាងអ្នកដែលមិនធ្វើធំទៅទៀត ដោយសារតែវារវល់ពេក។
តំបន់សេដ្ឋកិច្ចពិសេស មានការគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងចិន យ៉ាងរឹងមាំ
ម្យ៉ាងទៀត តំបន់សេដ្ឋកិច្ចពិសេសនេះមានចំណុចពិសេសរបស់វាមួយ នៅត្រង់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងគាំទ្រសម្រាប់តំបន់ឧស្សាហកម្មនេះ តាំងពីខ្ញុំ ជាមួយ ឯកឧត្តម វេង ជាបាវ នាយករដ្ឋមន្ត្រីមុន ហ្នឹងពេលនោះប្រធានាធិបតី ហ៊ូ ជិនតាវ។ ឆ្នាំ ២០១០ កម្ពុជា និងចិន បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយយើងក៏បានដាក់ចេញនូវគោលបំណងនៃការគាំទ្រតំបន់ឧស្សាហកម្មនេះ។ នៅក្នុងពេលដែល ឯកឧត្តម លី ខឺឈាង បន្ត ជាមួយនឹងប្រធានាធិបតី ស៊ី ជីងភីង ដឹកនាំបន្ត។ ប្រធានាធិបតី ស៊ី ជីងភីង ក៏ដូចជានាយករដ្ឋមន្ត្រី លី ខឺឈាង គឺរំលឹកពីបញ្ហានេះ យើងឈានទៅដល់ការចុះហត្ថលេខាគាំទ្ររឹងមាំចំពោះទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ។ សង្ឃឹមថានឹងមានអ្នកវិនិយោគ មកពីកន្លែងផ្សេងៗ មិនមែនគ្រាន់តែមកពីចិនតែប៉ុណ្ណោះទេ អម្បាញ់មិញ រៀបរាប់មានតាំងពីបារាំង មានតាំងពីប្រទេសនានា មកវិនិយោគនៅក្នុងតំបន់នេះ។
គណបក្សប្រជាជនរំដោះប្រជាជនចេញពីរបប ប៉ុល ពត និងអនុវត្តនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ
… ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនក្មួយៗឲ្យបានដឹង ឲ្យបានជ្រាប រឿងទាំងអស់នេះវាមិនបានធ្លាក់ពីលើមេឃទេ ហើយក៏មិនបានមកពីការស្រែករបស់បក្សប្រឆាំងដែរ។ ប៉ុន្តែរដ្ឋាភិបាលបានប្រឹងខ្លាំងណាស់ គណបក្សប្រជាជនបានប្រឹងខ្លាំងណាស់។ ម្ខាងដំបូងនៅក្នុងដំណាក់កាល ដែលគេសម្លាប់ រង្គាលប្រជាជន យើងបានប្រឹងប្រែងរំដោះប្រជាជន។ ឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗសុទ្ធតែជាអ្នកបានរួមចំណែក ដើម្បីផ្តួលរំលំរបប ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុលពត និងគាំទ្រការអនុវត្តនូវគោលនយោបាយឈ្នះៗឈ្នះ។ ហើយថ្ងៃនេះ នាយឧត្តមសេនីយ៍ កែវ ពង្ស ក៏បានមានវត្តមាន។ ហ្នឹងមេក្លោងបាញ់ឡានតាមផ្លូវលេខ ៤ ឥឡូវមកអង្គុយនៅទីនេះ។ ហ្នឹងហើយជានយោបាយឈ្នះឈ្នះ។ គេប្រើឲ្យគាត់ធ្វើអាហ្នឹងដែរ។ អញ្ចឹងទេ ដែលថ្ងៃមុនមកកំពង់ស្ពឺ រក កែវ ពង្ស មិនឃើញ ឥឡូវ កែវ ពង្ស មកចេញមុខនៅនេះ។ តាមរយៈនយោបាយឈ្នះឈ្នះ ដែលយើងរកបាននូវសន្តិភាពនោះហើយ ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍ …។
ធ្វើកសិកម្មមួយមុខមិនគ្រប់គ្រាន់ ត្រូវធ្វើទាំងឧស្សាហកម្ម និងសេវា
កសិកម្មរបស់យើងក៏ធ្វើបានតិចតួច ស៊ីវាគ្រប់ផង។ ប៉ុន្តែ កសិកម្មរបស់យើងបច្ចុប្បន្នបាននាំចេញទៅក្រៅប្រទេស … ពីមុននាំជ័រកៅស៊ូតិចតួចប៉ុណ្ណោះ ក្នុងមួយឆ្នាំ ត្រឹមតែ ២ ទៅ ៣ ម៉ឺនតោន។ តែឥឡូវយើងឈានរហូត ដល់ប្រមាណជា ២០ ម៉ឺនតោនក្នុង ១ ឆ្នាំ ហើយនឹងអាចឈានដល់កន្លះលានតោននៅពេលខាងមុខ។ ស្រូវ យើងសល់ស្រូវរហូតទៅដល់ជាង ៥ លានតោន សម្រាប់ការនាំចេញជាមួយនឹងផលិតផលកសិកម្មដទៃទៀត។ ប៉ុន្តែ ធ្វើត្រឹមតែកសិកម្ម វាមិនគ្រប់គ្រាន់ទេ តម្រូវឲ្យយើងត្រូវធ្វើនូវឧស្សាហកម្មបន្ថែម ធ្វើម៉េចឲ្យឧស្សាហកម្មយើងរីកលូតលាស់ឡើង ដើម្បីបម្រើទៅឲ្យការរីកលូតលាស់របស់ប្រទេស។ ឧស្សាហកម្ម ដែលមានតម្លៃបន្ថែម និងឧស្សាហកម្ម ដែលមានជំនាញខ្ពស់។ នៅក្នុង(តំបន់)នេះក៏មានផលិតធុងអាគុយរថយន្ត និងផលិតបន្ទះសូឡា បានសេចក្ដីថា អាហ្នឹងជាជំនាញនៃសេដ្ឋកិច្ចដែលវាខ្ពស់ ដែលថ្ងៃក្រោយយើងអាចប្រើប្រាស់ជំនួសអគ្គិសនី ដែលដើរដោយថាមពលនេះថាមពលនោះ។
ទាំងអស់សុទ្ធតែជាការខិតខំ ហើយតាមរយៈការខិតខំនោះ ហើយ ដែលធ្វើឲ្យក្មួយៗមានការងារធ្វើ បន្ថែមដោយប្រាក់ចំណូល ប្រាក់បៀវត្សរ៍របស់ក្មួយៗក៏ចេះតែកើនឡើង។ ឥឡូវនេះ សម្រាប់កម្ពុជា ចាប់ផ្ដើមខ្វះកម្លាំងពលកម្មហើយ។ ក្រុមហ៊ុននានាចាប់ផ្ដើមប្រកួតប្រជែងហើយ។ ដើម្បីប្រកួតប្រជែងបាន សំខាន់ដែលខ្ញុំសូមផ្តល់អនុសាសន៍ដល់ក្រុមហ៊ុននៅទូទាំងប្រទេស មានតែ ២ ទេ ដែលជាចំណុចទាក់ទាញសម្រាប់ឲ្យកម្មករទៅធ្វើនៅកន្លែងរបស់ខ្លួន។ ទី ១ ប្រាក់បៀវត្សរ៍ត្រូវតែខ្ពស់ ទី ២ មានផ្ទះនៅ។ ហ្នឹងគេទៅហើយ។ ឥឡូវ កម្មកររបស់យើងនៅប្រទេសថៃ គាត់ទៅធ្វើអី? គាត់ទៅកាប់អំពៅឲ្យគេ គាត់ទៅចៀរជ័រកៅស៊ូឲ្យគេ តែពេលនោះ ប្រាក់ខែនៅប្រទេសថៃក៏ខ្ពស់ ប្រាក់ខែនៅប្រទេសរបស់យើងទាបជាង។ ឥឡូវ យើងនៅទាបជាងតែបន្ដិចបន្ដួចតែប៉ុណ្ណោះជាមួយប្រទេសថៃ ក្នុងពេលដែលសូម្បីតែឥឡូវនេះ ចំការដូងប្រេងរបស់ ម៉ុង ឫទ្ធី ខ្វះកម្មករទៅហើយ។ កម្មករដែលធ្វើការនៅកន្លែង ម៉ុង ឫទ្ធី គាត់ទៅរើសពីកន្លែងផ្សេង ទៅធ្វើនៅកន្លែងហ្នឹង បន្ទាប់ទៅគាត់ឈប់នៅហ្នឹង មកនេះបាត់។ ប៉ុន្ដែ ឥឡូវ បញ្ហាវាស្ថិតនៅលើ ម៉ុង ឫទ្ធី ឯងតម្លើងប្រាក់ខែទៅ! គាត់ឈប់មកហើយ …។
ឥឡូវ ស្ថានភាពបានផ្លាស់ប្ដូរហើយ ប៉ុន្ដែពូសំណូមពរធំជាងគេនៅថ្ងៃនេះមកជួបក្មួយៗ ទន្ទឹមនឹងការដើរដោះស្រាយ ហើយការដោះស្រាយនោះក៏បានជាប្រយោជន៍ មិនមែនគ្រាន់តែដោះនៅភ្នំពេញទេ គឺដោះនៅគ្រប់ទីកន្លែងដូចៗគ្នា។ ពូនឹងធ្វើដំណើរទូទាំងប្រទេស ហើយថ្ងៃនេះ និងថ្ងៃស្អែក ពូសម្រេចនូវគោលបំណងនៃការមកជួបកម្មករ/ការិនីនៅខេត្តព្រះសីហនុ។ រៀងរាល់ឆ្នាំមុនៗ មកតែថ្ងៃ ១ ខែឧសភា មកតែកំពង់ផែ គឺយកធ្វើជាតំណាង ប៉ុន្ដែ ឥឡូវពូប្រើពេលក្នុង ១ អាទិត្យ ពេលខ្លះ បានតែ ១ ថ្ងៃ ពេលខ្លះបាន ២ ថ្ងៃ។ អាទិត្យនេះបាន ៣ ថ្ងៃ។ ថ្ងៃពុធ នៅកំពង់ស្ពឺ ថ្ងៃសៅរ៍ និងអាទិត្យស្អែកនៅក្រុងព្រះសីហនុ។ អញ្ចឹង សរុបកម្មករ ដែលត្រូវជួបនៅក្នុងអាទិត្យនេះ ថ្ងៃនេះគឺ ២ ម៉ឺន ១ ពាន់ នាក់ ស្អែក ១ ម៉ឺន ៤ ពាន់ ហើយ ១ ម៉ឹន ៧ ពាន់ (កំពង់ស្ពឺ) សរុបទៅជាង ៥ ម៉ឺននាក់ ដែលយើងដើរសួរសុខទុក្ខ សំណេះសំណាល។ នេះជាចំណុចដែលពូចង់ឃើញនូវវឌ្ឍនភាពពិតប្រាកដវាយ៉ាងម៉េច បញ្ហាប្រឈមពិតប្រាកដវាយ៉ាងម៉េច បន្ទាប់ពីការដោះស្រាយនោះ ពូត្រូវដើរពិនិត្យមើលនូវការអនុវត្ត នូវអ្វីដែលយើងបានសម្រេចរួមគ្នា រួចមកហើយ ទាក់ទងនឹងបញ្ហាដែលយើងត្រូវធ្វើបន្ត។
រក្សាឲ្យខានតែបាននូវសន្ដិភាព ដែលកំពុងមានក្នុងដៃ ដើម្បីការអភិវឌ្ឍបន្ត
ប៉ុន្ដែ អ្វីដែលពូចង់និយាយសម្រាប់ក្មួយៗ មុនគេបង្អស់ ដើម្បីធានាថាការងាររបស់យើងមានបន្តទៀត ប្រាក់ចំណូលរបស់យើងមានបន្តទៀត និងការកើនឡើងប្រាក់ចំណូល ជម្រើសដែលល្អជាងគេ គឺត្រូវធ្វើយ៉ាងម៉េចត្រូវរួមគ្នារក្សាសន្ដិភាពនេះឲ្យខានតែបាន។ គ្មានសន្ដិភាព នឹងគ្មានការអភិវឌ្ឍទេ។ ក្មួយៗត្រូវចាំទៅលើចំណុចនេះឲ្យបានច្បាស់ សោកនាដកម្មពីអតីតកាល វាបានផ្តល់មេរៀនគ្រប់គ្រាន់ហើយ បង្កើតការឈឺចាប់លើសពីគ្រប់គ្រាន់ថែមទៀតឲ្យប្រជាជនកម្ពុជារបស់យើង។ សង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ជាតិរបស់យើងបានធ្វើឲ្យយើងទទួលការឈឺចាប់។ ឥឡូវ សន្ដិភាពមានហើយ ត្រូវក្ដាប់ឲ្យជាប់នូវសន្ដិភាពនៅក្នុងដៃ មិនត្រូវឲ្យអ្នកណាបំផ្លាញទេ មិនគ្រាន់តែជាបុគ្គលទេ សូម្បីអង្គការចាត់តាំង ឬបរទេសណាក៏ដោយ ដែលមានបំណងបំផ្លាញកម្ពុជា។ ពាក្យសម្បថរបស់កម្ពុជា ពាក្យសម្បថរបស់មេដឹកនាំ គឺបាននិយាយច្បាស់ណាស់ មិនត្រូវឲ្យពួកបរទេសចូលមកជ្រៀតជ្រែកកិច្ចការរបស់យើងនោះទេ។ ប៉ុន្ដែ មានមនុស្សខ្លះបានដាក់ខ្លួនបំរើបរទេស (ដែល)បំផ្លាញកម្ពុជា ហើយច្រណែនជាមួយការអភិវឌ្ឍរបស់គេ ដូចជាចិនចូលមកច្រើនគេថា កម្ពុជាចូលទៅកៀកចិន។ ឥឡូវ គេព្រួយថា កំពង់សោមក្លាយទៅជាទីក្រុងចិន។ យើងផ្គត់ផ្គង់កម្មករឲ្យចិនគ្រប់គ្រាន់ហើយឬនៅ? មិនថាប្រទេសណាៗទេ យើងមិនមានការរើសអើងថា ចង់មកតែពីចិនទេ ចង់មកពីប្រទេសណាក៏ដោយ នៅនេះដូចជាមានរោងចក្រមកពីអាមេរិកមួយដែរ! មានរោងចក្រមកពីបារាំង មានរោងចក្រមកពីអាល្លឺម៉ង់ ឲ្យតែមកយើងផ្តល់ឱកាសឲ្យដូចគ្នាទាំងអស់ អត់មានការរើសអើងទេ។
សុំការបកស្រាយពីអគ្គរដ្ឋទូតអាមេរិកលើការប្រកាសកាត់ផ្តាច់ជំនួយតាំងពីឆ្នាំ ២០១៦
ម្សិលមិញមានការភ្ញាក់ផ្អើលខ្លាំងណស់ សូមនិយាយបន្ដិចទៅចុះ។ ខ្ញុំទទួលទូរស័ព្ទពី គង់ វិបុល ស្រាប់តែមានទូតប្រទេសមួយ ខ្ញុំមិនចាំបាច់និយាយ វាហួសចិត្ត គេអត់បានផ្តល់ជំនួយឲ្យយើងអាហ្នឹង ស្រាប់តែប្រកាសផ្ដាច់ជំនួយ! ផ្ដាច់ខ្យល់? តើជាកំហុសទូត ឬយ៉ាងណា? គេថា ទូតតំណាងឲ្យប្រធានាធិបតី ទូតតំណាងឲ្យរដ្ឋាភិបាល បានសេចក្តីថា ជំនួយរបស់គេបានមកអនុវត្ត ហើយបានចប់តាំងពីឆ្នាំ ២០១៦។ មានទាំងអគ្គរដ្ឋទូត មានទាំងស្អី ទៅចូលរួមជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បំពាក់មេដាយឲ្យអ្នកជំនាញការហ្នឹង ទៅវិញបាត់ទាំងពី ២០១៦ មកប្រកាសផ្តាច់ជំនួយ ២០១៨ ដើម្បីអី? សូមអគ្គរដ្ឋទូតអាមេរិក និយាយឲ្យច្បាស់អញ្ចឹងតែម្តង ឆ្លើយសំណួរហ្នឹងមួយមើល តើឯកឧត្តមប្រកាសកាត់ជំនួយពីកម្ពុជា ដែលគ្មានក្នុងពេលហ្នឹង ដើម្បីអី? តើនេះគឺជាការបំភ័ន្តមតិ។ ដោយសារតែអ្វីដែលឯកឧត្តមបានធ្វើ ឯកឧត្តមបានផ្សព្វផ្សាយតាមកាសែត តាមវិទ្យុសម្លេងសហរដ្ឋអាមេរិក ខ្ញុំត្រូវតែនិយាយប្រាប់ទៅប្រជាជនរបស់ខ្ញុំឲ្យបានច្បាស់។ ប្រជាជនកម្ពុជាទាំង ១៦ លាននាក់ ត្រូវច្បាស់ថា យើងមិនបានទទួលជំនួយអាមេរិកទៅលើបញ្ហាវិស័យពន្ធដារទេ។ ពីមុន គេធ្លាប់ផ្តល់នូវអ្នកជំនាញការទៅលើបញ្ហាទាក់ទងនឹងរតនាគារ និងពន្ធដារ ប៉ុន្តែជំនួយនេះត្រូវបានបញ្ចប់តាំងពី ២០១៦ ឯណោះ។ ហេតុអ្វីបានជាគេសរសេរថាផ្តាច់ជំនួយសម្រាប់យើងនៅឆ្នាំ ២០១៨? តើគោលបំណងជាក់លាក់លើបញ្ហានេះជាអ្វី? ប្រហែលជាពិបាកឆ្លើយនឹងសំណួរនេះ។
… តើអ្នកមានបំណងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាថា អ្នកគឺជាអ្នកផ្តល់ជំនួយ ហើយអ្នកកាត់ជំនួយដោយអ្នកមិនពេញចិត្ត។ នៅក្នុងលិខិតនោះក៏បានបញ្ជាក់ថា ដោយសារតែអគ្គនាយកដ្ឋានពន្ធដារ គឺបានរួមចំណែកធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។ ដោយសារតែ Cambodia Daily និងអាស៊ីសេរី អាពីរនាក់ហ្នឹងវាអត់បង់ពន្ធ យើងអត់បានបិទវាទេ។ វាអត់បានបង់ពន្ធ វានៅជំពាក់លុយយើង ហើយវារត់ចោលទៅទៀត។ យើងមិនបានបិទទេ។ ប៉ុន្តែខ្ញុំចង់សួរឯកឧត្តមឆ្លើយឲ្យបានច្បាស់ តើជំនួយដែលបានបញ្ចប់តាំងពីឆ្នាំ ២០១៦ ហេតុអីបានមកប្រកាសកាត់នៅឆ្នាំ ២០១៨? បានសេចក្តីថាខ្យល់សុទ្ធ។ ប៉ុន្តែខ្យល់នេះគឺជាកម្មវត្ថុនៃនយោបាយពិតប្រាកដណាស់។ ចុះបើលោកឯងសរសេរសំបុត្រ ហើយលោកឯងផ្សាយទៅតាមវិទ្យុរបស់លោកឯងទៀត រឿងអីមិនឲ្យខ្ញុំនិយាយ។ នេះបើយោងទៅលើរឿងពិត នេះជាការភូតកុហក។ ប្រធានាធិបតី ដូណាល់ ត្រាំម៍ ទើបនឹងបង្កើតពានរង្វាន់សារព័ត៌មានភូតកុហក។ នៅលើពិភពលោកនេះ ទើបនឹងមានអាមេរិកទេ ទើបនឹងមានប្រធានាធិបតីអាមេរិកទេ ដែលគាត់ធុញទ្រាន់នឹងការភូតកុហក ពីមុនគ្រាន់តែមានសារព័ត៌មានភូតកុហក តែឥឡូវមានអគ្គរដ្ឋទូតភូតកុហក។ អគ្គរដ្ឋទូតជិះឡានដាក់ទង់ជាតិ ហេតុអីបានជាអគ្គរដ្ឋទូតមកប្រើប្រាស់នូវព័ត៌មានភូតកុហក ហើយសរសេរជា note ទូតមក ហើយផ្សាយតាមវិទ្យុសម្លេងសហរដ្ឋអាមេរិក។ អញ្ចឹង
ចាប់បង្ខំទៅឲ្យអគ្គនាយកពន្ធដារ(ត្រូវបកស្រាយ) ប៉ុន្តែអគ្គនាយកពន្ធដារនិយាយមិនលឺខ្លាំងប៉ុន្មានទេ នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទើបលឺ។ ខ្ញុំចង់ប្រាប់ប្រជាពលរដ្ឋរបស់ខ្ញុំទេ ដើម្បីកុំឲ្យជឿអ្នកឯង ទោះបីអ្នកឯងតំណាងអ្នកណា តំណាងប្រទេសអ្នកឯង ប៉ុន្តែអ្នកឯងមកនិយាយភូតប្រជាជនកម្ពុជា។ ជំនួយអត់ទាំងមានផង មកកាត់ខ្យល់? ប៉ុន្តែ អ្វីដែលនៅពីខាងក្រោយខ្នងពិតប្រាកដ គឺការមួលបង្កាច់ ដើម្បីបង្កើតចិត្តសាស្ត្រចំពោះពួកអាងាប់ទៅ ចង់ឲ្យវារស់ឡើងវិញ គ្មានផ្លូវទេ។
… ម្សិលមិញខ្ញុំក៏បានទទួលដំណឹង ហើយខ្ញុំក៏នឹងរង់ចាំមើលឥរិយាបថរបស់ប្រទេសដទៃទៀត។ សម្រាប់ការប្រជុំនៅអូស្ត្រាលី ប្រធានាធិបតីហ្វីលីពីន Durterte គាត់ថា គាត់អត់ទៅទេ ដោយសារគាត់ជាប់រវល់ការងារ្ញុំក៏បានទទួលដំណឹង ជំនួយអត់ ត្រូវធ្វើទាំងឧស្សាហកម្ម និងសេវាយ៉ាងរឹងមាំនតម្លើងថ្លៃដូចនៅភ្នំពេញដែរនៅផ្ទះ ព្រោះអ្នកសុំធ្វើបាតុកម្មនៅហ្នឹងមាន ៤ ប្រទេស គឺ ហ្វីលីពីន កម្ពុជា មីយ៉ាន់ម៉ា និងថៃ។ អញ្ចឹង ប្រយ័ត្ន តែ ៤ នាក់ហ្នឹង មិនទៅ (គឺ)ចប់។ គេឲ្យតំណាងទាបៗទៅ វាមិនមែនជាប្រជុំកំពូល។ ប៉ុណ្ណាមិនដឹងទេ ប៉ុន្តែខ្ញុំទទួលបានពីរដ្ឋមន្ត្រីការបរទេស។ ប៉ុន្តែខ្ញុំនៅតែទៅ បើយ៉ាងណាខ្ញុំទៅជួបប្រជាពលរដ្ឋរបស់ខ្ញុំនៅទីនោះ ព្រោះឥឡូវ មានប្រមាណជាជាង ១ ពាន់នាក់ ដែលនឹងត្រៀមជួបខ្ញុំ ប៉ុន្តែកន្លែងបានតែ ៤០០ នាក់ទេ ប៉ុន្តែខ្ញុំបាននិយាយប្រាប់ហើយថា ខ្ញុំសុខចិត្តជួប ២ ពេល មួយពេលសម្រាប់អ្នកប្រមាណ ៦០០ នាក់ និងបន្ទាប់ទៅប្រមាណ ៦០០ នាក់ផ្សេងទៀតចូលមក។ គិតត្រឹមពេលម្សិលម្ងៃ គឺ ១ ពាន់ប៉ុន្មានរយនាក់ហើយ។ ខ្ញុំទោះបីម៉ោង ៣ ភ្លឺ ក៏ខ្ញុំនៅបន្តជួបបងប្អូនខ្មែរនៅបរទេស មិនមែនមានតែបក្សប្រឆាំងមានមនុស្សនោះទេ បក្សកាន់អំណាចទៅទីណា ក៏មានមនុស្សចូលរួម ដើម្បីមកជួបជាមួយខ្ញុំ សួរសុខទុក្ខខ្ញុំ និងដើម្បីស្វាគមន៍ខ្ញុំដែរ។ ទាំងនៅអាមេរិក ទាំងនៅបារាំង ទាំងនៅស្វ៊ីស ទាំងនៅកន្លែងដទៃទៀត កុំភ្លេចអ្នកឯងមានមនុស្សគាំទ្រធ្វើបាតុកម្ម ខ្ញុំក៏មានមនុស្សដើម្បីស្វាគមន៍ដែរ។
ប៉ុន្តែ ខ្ញុំអត់យល់នូវអ្វីដែលហៅថា សុខៗអត់មានជំនួយសោះមកប្រកាសកាត់ជំនួយ។ កាលពីមុន សុខៗប្រកាសថា ឈប់ផ្តល់លុយដោះមីនហើយ។ ខ្ញុំឲ្យប្រកាសភ្លាម រាជរដ្ឋាភិបាលនឹងដាក់លុយចូលជំនួសអាមេរិក។ បន្ទាប់ទៅខ្ញុំទៅជួបនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នៅឯហ្វីលីពីន។ នាយករដ្ឋមន្ត្រី លី ខឺឈាង ថា ចិននឹងពង្រីកការផ្តល់ជំនួយទៅលើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។ ស្រាប់តែ(អាមេរិក)ប្រកាសឲ្យមកវិញ។ អញ្ចឹង តើគោលដៅពិតប្រាកដគឺអ្វី? ខ្ញុំចង់ដឹងចំណុចនេះ។ (ជាការ)ប្រសើរ ប្រសិនបើអគ្គរដ្ឋទូត ឯកឧត្តម (William A.) Heidt អាចបំភ្លឺបន្តិចបានទេ? យើងហ៊ានស៊ីហ៊ានសង ហ៊ាននិយាយសរសេរមក តើមូលដ្ឋានអី អ្នកឯងផ្តល់ឲ្យខ្ញុំពីអង្កាល់ ផ្តល់រួចហើយៗ ទៅវិញបាត់ហើយ មានទាំងគេបង្ហោះរូបភាពតាម Fresh News បង្ហោះរូបភាពពាក់មេដាយស្អីត្រឡប់ទៅវិញ។ រួចហើយទើបប្រកាសផ្តាច់ ផ្តាច់ស្អីទៀត បើរឿងវាចប់ហើយ …
… ហ្នឹងមានតែគោលដៅនយោបាយវាយប្រហារយើងតែប៉ុណ្ណោះ។ ខ្ញុំផ្ញើសារជូនឯក ឧត្តម អគ្គរដ្ឋទូត កុំធ្វើចរិតដូច William Todd ដែលព្រះមហាក្សត្រកំពុងតែទទួលភ្ញៀវ ប៉ុន្តែខ្លួនបែរជាដើរលើកដៃ ឥឡូវ CNC ចាក់រហូត ចាក់មួយជីវិតដើម្បីឲ្យឃើញឥរិយាបថ … ដោយសារព័ត៌មានផ្សព្វផ្សាយដ៏អាក្រក់មួយនេះ ខ្ញុំត្រូវនិយាយវែកញែក ហើយខ្ញុំត្រូវនិយាយពន្យល់ប្រជាជនខ្ញុំ។ នេះជាកាតព្វកិច្ច ដែលខ្ញុំត្រូវឲ្យប្រជាពលរដ្ឋកម្ពុជាយល់ឲ្យបានអំពីគោលបំណងរបស់អ្នកខាងក្រៅបំផ្លាញយើងរបៀបម៉េច? សូម្បីតែអត់មានឲ្យអីយើងសោះ ប្រកាសថាកាត់ផ្តាច់ជំនួយដែរ។ … សូម្បីតែទូតក៏ចេះមួលបង្កាច់សភាពការណ៍ហើយ ចុះទម្រាំសារព័ត៌មានផ្សព្វផ្សាយយ៉ាងម៉េចទៅទៀត? ហើយសុទ្ធតែសំបុត្រទូតទៀត សរសេរមក note ទូតធម្មតាគេធ្វើតាមក្រសួងការបរទេស តែnote ទូតនេះ ផ្ញើមកអគ្គនាយកដ្ឋានពន្ធដារ។ វាឆ្កុយទៅអញ្ចេះទៅ។ គ្រាន់តែទម្លាប់ទូតមួយនេះ ក៏ខុសដែរ។
… អគ្គនាយកដ្ឋានពន្ធដារ វានៅក្រោមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុទៅទៀត។ បើថាមិនយល់អំពីកិច្ចការទូតទេ គួរតែរៀនឡើងវិញ។ អញ្ចឹងបាន ខ្ញុំចេះតែនិយាយ ខ្ញុំថា អ្នកខ្លះគ្រាន់តែកើតនៅប្រទេសអ្នកមានតែប៉ុណ្ណឹង ប៉ុន្តែខួរក្បាលក៏មិនមែនខ្លាំងជាងយើងអ្នកក្រហ្នឹងដែរ។ និយាយឲ្យពិតអញ្ចឹងទៅ។ ខ្ញុំមិនមែនមាក់ងាយឯកឧត្តមទេ ប៉ុន្តែ ដោយសារឯកឧត្តមនិយាយអាក្រក់ ធ្វើអាក្រក់ ហើយភូទប្រជាជនខ្ញុំ។ ខ្ញុំត្រូវមានកាត្វកិច្ចដើម្បីនឹងបកស្រាយពន្យល់ប្រជាជនរបស់ខ្ញុំឲ្យយល់ បើមិនអញ្ចឹងទេ ប្រជាជនថា អាមេរិកចាប់ផ្តើមដាក់ទណ្ឌកម្ម គេផ្តាច់ជំនួយ។ ផ្តាច់ផេះ? បើមួយសេនអត់មានផងហ្នឹង។ រួចដើម្បីអ្វី? គោលដៅធំគឺគោលនយោបាយ។ អាហ្នឹងខ្ញុំសូមបញ្ជាក់ ឆ្លៀតបើករង្វង់ក្រចកបន្តិច និយាយអាហ្នឹងតែម្តង។
ត្រូវចេះរួបរួមសាមគ្គីភាពគ្នាទាំងកម្មករ–កម្មការិនី និងម្ចាស់រោងចក្រ
ប៉ុន្តែ ឥឡូវ ខ្ញុំបកមកវិញក្មួយៗត្រូវរក្សាអ្វីដែលមានក្នុងដៃឲ្យជាប់ ដើម្បីរក្សាអាហ្នឹងឲ្យបានជាប់ គឺត្រូវរួមគ្នារក្សាសន្តិភាព។ មានតែសន្តិភាពមួយប៉ុណ្ណោះ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍ ផ្តល់ឱកាសឲ្យក្មួយមានការងារធ្វើ និងមានប្រាក់ចំណូល ហើយប្រាក់ចំណូលវាចេះតែកើនឡើងៗ ដែលកាលពីមុននោះទសវត្សរ៍ ៩០ ប្រាក់បៀវត្សក្រោម ៤០ ដុល្លារ, ឆ្នាំ ១៩៩៧ បានត្រឹម ៤០ ឥឡូវក្មួយឡើងទៅដល់ ១៧០ ទៅហើយ។ ហើយ ១៧០ មិនមែនអនុវត្តតែនៅទីក្រុងភ្នំពេញ គឺអនុវត្តពង្រីកទូទាំងប្រទេសដូចៗគ្នា។ ប្រទេសនានាគេចែកជាតំបន់នេះ ខ្ពស់ តំបន់នេះទាប តែប្រទេសរបស់យើងគឺអនុវត្តស្តង់ដារតែមួយទេ ១៧០ គឺ ១៧០ ស្មើគ្នា។ ក្មួយៗក៏ត្រូវរួបរួមសាមគ្គីគ្នា ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវ ចំពោះម្ចាស់រោងចក្រ ចំពោះអ្នកគ្រប់គ្រងរដ្ឋបាល ចំពោះប្រធានផ្នែក ប្រធានក្រុម ត្រូវផ្តល់នូវការយោគយល់សាមគ្គីគ្នា ធ្វើឲ្យរោងចក្រ សហគ្រាសរបស់យើង ក្លាយទៅជាសហគមន៍មួយដែលមានសាមគ្គីភាព និងសុខដុមបនីយកម្មតាមបណ្តារោងចក្រ ត្រូវខិតខំធ្វើរឿងនេះ។
ម្ចាស់រោងចក្រ បើគ្មានកម្មករទេ ក៏មិនអាចហៅថាម្ចាស់រោងចក្របានដែរ ឯកម្មកររបស់យើងបើអត់មានរោងចក្រទេ ក៏អត់មានការងារធ្វើដែរ។ ឥឡូវនេះ ឪពុកម្តាយរបស់ក្មួយៗបន្តការងារក្នុងវិស័យកសិកម្ម ឯក្មួយៗបន្តការងារក្នុងវិស័យឧស្សាហកម្ម និងវិស័យដទៃទៀត រាប់ទាំងវិស័យសេវា។ បើនៅខេត្តព្រះសីហនុមានវិស័យសេវាច្រើនណាស់។ បណ្តាសណ្ឋាគារត្រូវការមនុស្ស ភោជនីយដ្ឋាន គ្រាន់តែអ្នកលក់ដូរតាមអូរឈើទាល គឺថាដល់កហើយ។ ម្សិលមិញថ្ងៃសុក្រ មិនទាន់សំបូរមនុស្សទេ ប៉ុន្តែ ថ្ងៃហ្នឹងបែបសំបូរមនុស្ស។ ល្ងាចហ្នឹង បានមុជទឹកមួយល្ងាចទៀត។ ប៉ុន្តែ ចប់ពីនេះ ស្អែកឲ្យឧទ្ធម្ភាគចក្រមករកកន្លែងចុះមុន ចប់ពីហ្នឹងទៅ ខ្ញុំឡើងឧទ្ធម្កាគចក្រទៅមុនហើយ … ព្រោះដើម្បីត្រៀមការងារជាបន្តទៀត។ នៅតាមបណ្តារោងចក្រ ក្មួយៗត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា ប្រើប្រាស់វិធីដោះស្រាយជាមួយគ្នាដោយសន្តិវិធី។ ថៅកែមើលសុខទុក្ខចំពោះកម្មករ ផ្តល់ឱកាសសម្រាប់កម្មករ។ កម្មករមានសុខភាពល្អក៏ធ្វើការដើម្បីផលប្រាក់ចំណេញរបស់រោងចក្រវិញ ដូច្នេះទំនាក់ទំនងគ្នានេះ គឺវាសំខាន់ខ្លាំងណាស់។
បោះឆ្នោតឲ្យគណបក្សប្រជាជន សន្តិភាពនឹងមានរហូត
ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម វាក៏ជាបញ្ហាសំខាន់ដែរ ដែលក្មួយៗត្រូវចូលរួម កុំឲ្យរោងចក្ររបស់យើងមានបងតូច បងធំ មានក្រុមប្រើប្រាស់គ្រឿងញៀន។ នេះគឺជាចំណុចដែលពូចង់ផ្តាំក្មួយៗសម្រាប់ដំណើរទៅមុខ។ រឿងរក្សាសន្តិភាពងាយទេ បើក្មួយៗចង់មានសន្តិភាព ហើយកុំឲ្យមានសង្គ្រាមកើតឡើង វិធីដែលល្អជាងគេ ក៏នៅតែបោះឆ្នោតឲ្យគណបក្សប្រជាជនបន្តទៀត អាហ្នឹងសន្តិភាពនៅតែកើតមានជារៀងរហូត។ ពូបានសន្យាហើយ មិនមែនសន្យាទេ តែនេះគឺជាការប្តេជ្ញាចិត្តថា នឹងបន្តដំណែងជានាយករដ្ឋមន្រ្តីមិនតិចជាង ១០ ឆ្នាំទៀតទេ។ ម្សិលមិញនៅមាត់សមុទ្រ ឲ្យទាយពីអាយុខ្ញុំ។ ម្នាក់នោះនៅតែ ៥២ ថាឲ្យខ្ញុំនៅអាយុ ៥២ រហូត អញ្ចឹងគាត់ទាយខុសរហូតទៅដល់ ១០ ឆ្នាំជាង។ ខ្ញុំក្មេងមែនអី? ប៉ុន្តែ យ៉ាងណាក៏ដោយ គេថាអាយុគ្រាន់តែជាតួលេខ។ បើគេថា ក្មេងៗនឹងគេទៅ ស៊ីសងនឹងភ្នែកយើងមើលទេ ជួនកាលខ្លះគេថាមើលតាមទូរទស្សន៍ចាស់ ដល់ជួបផ្ទាល់ក្មេង ប៉ុន្តែ ខ្លះថាជួបផ្ទាល់ចាស់ ឃើញក្នុងទូរទស្សន៍ក្មេង វាទៅជាអញ្ចេះទៅ។ ប្រហែលជាពាក់វែនតាខុសមិនដឹង។ ខ្ញុំក៏នៅតែបន្ត ហើយរឿងនេះ គឺកិច្ចការទាំងឡាយដែលយើងត្រូវបន្តធ្វើនោះ។ យើងនឹងបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិនិត្យបញ្ហានេះ។ ហើយបើសិនមានបញ្ហានេះ បើសិនជារឿងរ៉ាវទាំងឡាយធ្វើមិនបានទេ ច្បាស់ជាមានបាតុភាពកើតឡើង ការតវ៉ាកើតឡើងពីសំណាក់កម្មករ/ការិនីហើយ ប៉ុន្តែ ដោយសារតែយើងធ្វើបាន ទើបមិនមានការតវ៉ាណាមួយបានកើតឡើង។ ចំនួនការតវ៉ាដែលធ្លាប់មានពីមុន ត្រូវបានកាត់បន្ថយ តាមរយៈការយោគយល់ ការដោះស្រាយបញ្ហារបស់យើងកាន់តែប្រសើរឡើង។ ខ្ញុំនៅតែបន្តអំពាវនាវឲ្យអនុវត្តនូវអ្វីដែលយើងបានសម្រេចរួចមកហើយ ដែលខ្ញុំមិនចាំបាច់រំលឹកឡើងវិញនោះទេ ដោយសារតែគ្រប់ទីកន្លែងកំពុងតែទទួលបានផលពីយើងសម្រេចហើយ។
កម្មករនៅទីណា ក៏អាចជិះឡានក្រុងដោយមិនគិតថ្លៃ
ប៉ុន្តែ ក៏សុំប្រាប់ក្មួយៗដែរ នៅឯទីក្រុងព្រះសីហនុរបស់យើងនេះ ខេត្តព្រះសីហនុរបស់យើងនេះ ពុំមាននូវរថយន្តក្រុងទេ។ ប៉ុន្តែ បើសិនក្មួយៗទៅដល់ទីក្រុងភ្នំពេញភ្លាម ក្មួយៗកាន់បណ្ណកម្មករទៅជាមួយ ក្មួយៗបានជិះឡានក្រុងដោយមិនចាំបាច់បង់លុយដែរ។ ឥឡូវ មានកម្មករយើងណាខ្លះដែលបានទៅពីកំពង់សោម ហើយទៅលេងភ្នំពេញ ហើយបានជិះឡានក្រុង មានខ្លះទេ? បើមានសុំលើកដៃបានប៉ុន្មាន? មានច្រើនដែរតើ។ អញ្ចឹងបានសេចក្តីថា មិនមែនគ្រាន់តែកម្មករនៅទីក្រុងភ្នំពេញទេ កម្មករទៅពីទីណាក៏ដោយ ចូលដល់ក្នុងភ្នំពេញភ្លាមឡើងឡានក្រុងភ្លាមដោយមិនចាំបាច់បង់លុយទេ។ ក្មួយៗទៅតាមមន្ទីរពេទ្យ ធ្វើម៉េចគ្រប់គ្រងកាតកម្មកររបស់យើងនេះ ព្រោះពេលយើងមានបញ្ហាអី ទៅពិនិត្យជំងឺ បើយើងអត់មានអាហ្នឹងទេ បញ្ជាក់អត្តសញ្ញាណអត់បានទេ យើងត្រូវមានអាហ្នឹងតាមខ្លួន។ ត្រូវការជិះឡានក្រុងនៅភ្នំពេញ ត្រូវការចូលមន្ទីរពេទ្យនៅកន្លែងនេះ កន្លែងនោះ មន្ទីរពេទ្យរដ្ឋទាំងអស់នឹងទទួលការពិនិត្យព្យាបាលដោយមិនបង់ថ្លៃទេ។
សោធននិវត្តន៍វិស័យឯកជន ចាប់អនុវត្តនៅឆ្នាំ ២០១៩/រក្សាសៀវភៅការងារឲ្យបានល្អ
ឆ្នាំ ២០១៩ ពូក៏សូមប្រាប់ក្មួយៗឲ្យបានជ្រាបថា កម្មករ/ការិនីរបស់យើង ក៏នឹងត្រូវទទួលបាននូវអត្ថប្រយោជន៍អំពីសោធននិវត្តន៍ គឺគេហៅថា ប្រាក់ចូលនិវត្តន៍ ឲ្យមានប្រាក់ចូលនិវត្តន៍។ វាអត់មានការខុសគ្នារវាងមន្រ្តីរាជការទេ នៅពេលដែលក្មួយៗចូលនិវត្តន៍ទៅ ក្មួយៗក៏នៅមានប្រាក់ខែ ៨០% នៃប្រាក់ខែ ដែលក្មួយមាន។ ឧទាហរណ៍ ឥឡូវ ក្មួយៗមានប្រាក់ខែ ១៧០ ដុល្លារ នៅពេលដែលក្មួយៗចូលនិវត្តន៍ទៅ ប្រាក់ខែនៅសល់ ៨០% ដូច្នេះ វាអាចនៅសល់ ១៤០ ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្មួយៗត្រូវតែបំពេញលក្ខខណ្ឌ ត្រូវធ្វើការងារឲ្យគ្រប់ឆ្នាំ។ អញ្ចឹងបានជាត្រូវរក្សានូវសៀវភៅការងាររបស់ខ្លួននេះ ឲ្យបានជាប់ ដើម្បីតថា យើងធ្វើការនៅរោងចក្រនេះ តែរោងចក្រមួយហ្នឹងត្រូវបិទបានតែ ៣ ឆ្នាំទេ។ អញ្ចឹងយើងទៅធ្វើការនៅរោងចក្រមួយទៀត គេមិនរាប់ពីមួយថ្ងៃទេ គេរាប់ពី ៣ ឆ្នាំ ១ ថ្ងៃឡើងទៅ។ ធ្វើការបាន ៥ ឆ្នាំ រោងចក្រនោះត្រូវបិទទៀត ទៅធ្វើការនៅរោងចក្រមួយទៀត គេមិនរាប់ពីមួយថ្ងៃ គេរាប់ពី ៨ ឆ្នាំ ១ ថ្ងៃឡើងទៅ។ សូម្បីតែកម្មករធ្វើការនៅប្រទេសក្រៅ ក៏ត្រូវយកសៀវភៅការងារហ្នឹងមកភ្ជាប់ការងារក្នុងស្រុក ដើម្បីទទួលបាននូវអត្ថប្រយោជន៍នៃប្រាក់សោធននិវត្តន៍។
ឥឡូវ បញ្ហាប្រាក់បៀវត្សរ៍របស់យើង បាន និងកំពុងកើន ប៉ុន្តែ អ្នកណាក៏ដោយ ជាមនុស្ស តែងតែកង្វល់អំពីអនាគតវាយ៉ាងម៉េច? ឥឡូវ យើងបានដាក់ចេញនូវទិសដៅ មិនគ្រាន់តែមន្រ្តីរាជការរបស់យើងតែប៉ុណ្ណោះទេ ដាក់ចេញនៅក្នុងវិស័យឯកជន សម្រាប់ធានារ៉ាប់រងសង្គមទៅលើកិច្ចការពារសង្គមនៅពេលអនាគត។ នៅពេលដែលក្មួយៗចាស់ទៅ ក្មួយៗមានប្រាក់បៀវត្សរ៍ដើម្បីចិញ្ចឹមខ្លួន ដោយមិនចាំបាច់ពឹងពាក់កូនណាចិត្តបាន ឬមិនបាននោះទេ យើងមានប្រាក់ស្រាប់ហើយ។ ប៉ុន្តែ ឥឡូវនេះ ចម្លែកបន្តិចត្រង់ថា ថ្ងៃនេះ យើងបានជួបជាមួយកម្មកររហូតទៅដល់ ២១,១៩១ នាក់ ឯស្រ្តីមានផ្ទៃពោះមានតែ ៣២២ នាក់ អីក៏តិចម៉េះ? មកពីមិនទាន់ចង់បានប្តីឬក៏អី? នៅភ្នំពេញ បើជួបប៉ុណ្ណឹងនាក់ (ស្រ្តីមានផ្ទៃពោះ)ឡើងទៅដល់ ៨០០ នាក់ ព្រោះជួបរាល់ដង មិនដែលទាបជាង ៤០០ នាក់ទេ។ លើកក្រោយនេះ ជាង ៦០០ នាក់ឯណោះ តែនេះតិច ប្រហែលជានេះដោយសារតែវាជាតំបន់ថ្មី អញ្ចឹងមិនទាន់មានគ្រួសារ មិនទាន់មានស្អីទេ បន្តិចទៀតច្បាស់ជាកើនហើយ។ មានប៉ុណ្ណឹងក៏ប៉ុណ្ណឹងសិនទៅចុះ ប៉ុន្តែមានមួយនោះទើបនឹងឆ្លងទន្លេបានប៉ុន្មានថ្ងៃទេ បានកូនភ្លោះផង មិញហ្នឹង។
ថ្ងៃនេះ គិតថា ប៉ុណ្ណឹងទៅចុះ ខ្ញុំមិនចង់បន្តបន្ថែមទេ ដោយសារតែថ្ងៃនេះ ឧតុនិយមបានទស្សន៍ទាយថា ថ្ងៃ ០២ ថ្ងៃ ០៣ នឹងមានភ្លៀងនៅមាត់សមុទ្រនៅក្នុងពេលល្ងាច។ ដល់ខ្ញុំមក ចាប់ផ្តើមហោះចេញមក ហោះតាមកំពត ស្រាប់តែទៅដល់ប៉ះភ្លៀងតែម្តង ដល់ទៅប៉ះភ្លៀង ងាកមកក្នុងវិញមកកាត់ព្រលានយន្តហោះកងកេង ដល់ពេលល្ងាចចេះតែព្រួយថា ក្រែងលោពេលកំពុងតែមុជទឹកភ្លៀងមក។ តែអត់ភ្លៀង ថតបានថ្ងៃលិច។ អ្នកណាថតបានថ្ងៃលិចពីម្សិល បាញ់បញ្ចូលមកផង … ថ្ងៃនេះ ប្រហែលជាទេសចរច្រើន អ្នកមកសម្រាក គេចេញមកពីព្រលឹម អញ្ចឹងល្ងាចនេះ ប្រហែលជាមានមនុស្សច្រើនសម្រាប់ទីក្រុងព្រះសីហនុរបស់យើងនេះ។
សូមទូតអាមេរិកបំភ្លឺ រឿងនិយាយខុសការពិត លើការកាត់ជំនួយ
ខ្ញុំមិនសុំអភ័យទោសទេ តែខ្ញុំសុំបញ្ជាក់ឡើងវិញសម្រាប់ប្រជាជនកម្ពុជា ដោយសារអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកនិយាយខុសការពិត ខ្ញុំមានភារកិច្ចដើម្បីនឹងនិយាយទៅកាន់ប្រជាពលរដ្ឋកម្ពុជា បំភ្លឺចំពោះប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំអត់ប្រឆាំងនឹងអាមេរិកទេ ក៏ប៉ុន្តែ បើអាមេរិកនិយាយខុស ខ្ញុំមានសិទ្ធិនឹងកែតម្រូវ ថា កាត់ជំនួយនេះ ជាលិខិតសរសេររបស់ទូតតែប៉ុណ្ណោះ ប៉ុន្តែ លើការជាក់ស្តែង គ្មានជំនួយសម្រាប់ត្រូវកាត់ទេ ដោយសាររឿងនេះវាបានចប់តាំងពីឆ្នាំ ២០១៦ រឿងអីមកកាត់នៅពេលនេះ។ សង្ឃឹមថា ទូតអាចនឹងចេញការបំភ្លឺ ព្រោះត្រូវហ៊ានស៊ីហ៊ានសង បើភ័ន្តច្រឡំ និយាយថាភ័ន្តច្រឡំ។ ប៉ុន្តែ ពិបាកណាស់ គេប្រមាថមើលងាយយើង គេនិយាយខុសពីយើង ប៉ុន្តែដល់ទៅពេលការពិតយើងបង្ហាញចេញមក គេមិនដែលសុំទោសយើងម្តងណាទេ ដោយគេអាងខ្លួនគេជាអ្នកមាន ជាអ្នកខ្លាំងពូកែនៅលើលោក។ ក៏ប៉ុន្តែ អ្នកខ្លាំងពូកែគឺជាប្រទេសរបស់អ្នក ឯប្រទេសរបស់ខ្ញុំមិនត្រូវទទួលបានការប្រមាថ ឬការបំពានទេ។ ប្រជាជននៅប្រទេសរបស់ខ្ញុំមិនត្រូវទទួលបាននូវការឆបោកណាមួយ ពីសំណាក់ជនបរទេសទេ ហើយជនបរទេសមិនត្រូវព្យាយាមបំផ្លិចបំផ្លាញកម្ពុជាទេ។
ការរុករកអដ្ឋិធាតុទ័ពអាមេរិក នឹងបន្ត ប្រសិនបើអាមេរិកទទួលខុសរឿងកាត់ជំនួយ
ខ្ញុំនៅតែមានចេតនាដើម្បីកសាងនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយខ្ញុំក៏កំពុងរង់ចាំនូវការឆ្លើយតបត្រឡប់មកវិញ ដើម្បីខ្ញុំបន្តនូវបេសកកម្មមនុស្សធម៌ ក្នុងការរុករកអដ្ឋិធាតុ និយាយមួយពាក្យទៅ ឆ្អឹងខ្មោចរបស់កងទ័ពអាមេរិក ដែលមកឈ្លានពានកម្ពុជានោះ ក្នុងចំនួន ៨៤ នាក់ នៅសល់ ៤៩ នាក់ទៀត(មិនទាន់រកឃើញ) ដោយសារតែអ្នកបានធ្វើលើខ្ញុំ ខ្ញុំក៏ត្រូវតែផ្អាកការងារនោះសិន។ ផ្តាំទៅលោកជំទាវ Ann Mills-Griffiths ដែលកន្លងទៅមកភ្នំពេញនោះ ហើយសរសេរសំបុត្រមកខ្ញុំ។ ខ្ញុំនៅតែបញ្ជាក់ថា មានទៅមានមក បើសិនដោះស្រាយបញ្ហាហ្នឹងឲ្យខ្ញុំៗ នឹងពិនិត្យមើល ហើយដោះស្រាយបញ្ហាត្រឡប់ទៅវិញ ដើម្បីដើរជីករុករកខ្មោចកងទ័ពអាមេរិក រាប់ទាំងនៅកោះតាង ក្នុងសមុទ្រកម្ពុជាផងដែរ។ ខ្ញុំអត់ចង់ធ្វើសត្រូវជាមួយនរណាទេ ចង់ធ្វើមិត្ត ក៏ប៉ុន្តែ រឿងអីម្តងហើយម្តងទៀតៗ ចេះតែចេញសេចក្តីថ្លែងការណ៍ ហើយថាឲ្យវាត្រូវទៅវាមិនត្រូវទៀត។ តើបំណងពិតប្រាកដគឺជាស្អី? ស្អីនៅពីក្រោយ? កម្ពុជាក្រ ក៏ប៉ុន្តែ កម្ពុជាមានសេចក្តីថ្លៃថ្នូររបស់ខ្លួន មិនអាចឲ្យមានការប្រមាថណាមួយទេ។ ប្រទេសដែលមានឯករាជ្យ អធិបតេយ្យភាព យើងត្រូវតែរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃជាតិសាសន៍របស់យើង។
សូមបណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចុះបញ្ជីនៅក្រសួងការងារ
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ឲ្យក្មួយៗ វាមិនច្រើនទេ។ សហគ្រាស ៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលមានកម្មករ/ការិនី ២១.១៩១ នាក់ សូមជូនក្មួយៗម្នាក់បានតែ ២ ម៉ឺនរៀលតែប៉ុណ្ណោះ។ ២ ម៉ឹនរៀលសម្រាប់ក្មួយៗគឺវាតិចណាស់ បើប្រៀបធៀបជាមួយប្រាក់ខែរបស់ក្មួយៗនោះ។ ប៉ុន្តែ សម្រាប់ពូក៏អស់ច្រើនដែរ តែមិនមែនក្មួយៗមកដើម្បីអាប្រាក់ ២ ម៉ឺនរៀលនោះទេ។ ក្មួយៗក៏ចង់សួរសុខទុក្ខពូ ពូក៏ចង់សួរសុខទុក្ខក្មួយៗដែរ។ ប៉ុន្តែ ក៏សុំអភ័យទោសដែរ អ្នកដែល selfie នោះបានតែមួយចំនួនទេ។ ប៉ុន្តែ សម្រាប់ក្មួយៗដែលមានផ្ទៃពោះនេះ បន្តិចទៀត ពូនឹងទៅចែកផ្ទាល់ដៃ នូវស្រោមសំបុត្រមួយ ហើយអា ២ ម៉ឺនរៀលនោះផ្សេង … ក្មួយៗពេលឆ្លងទន្លេ នឹងមានប្រាក់ទៅដល់ភ្លាម ដែលមកដល់ពេលនេះ យើងមានកម្មការិនីដែលបានឆ្លងទន្លេ ៨.៣១១ នាក់ កូនមានចំនួន ៨.៣៦៦ នាក់ ដោយសារតែមានភ្លោះ។ យើងបានផ្តល់នូវប្រាក់សម្រាប់កម្មការិនីដែលឆ្លងទន្លេ ចំនួនជិត ១ លានដុល្លាររួចស្រេចទៅហើយ។ យើងបានប្រុងប្រៀបថវិកា ក្នុងមួយឆ្នាំ ១០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ក្មួយៗកម្មការិនី ដែលឆ្លងទន្លេ ទទួលបានអត្ថប្រយោជន៍នេះ។ អញ្ចឹងបានអំពាវនាវឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធមកចុះបញ្ជី។ ប៉ុន្តែ ឥឡូវនេះ ទឹកកាន់តែថ្លា កាន់តែឃើញត្រី អ្នកដែលអះអាងថាតំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធអត់មានមកចុះបញ្ជីបាន ព្រោះគេមិនមែនសមាជិកខ្លួនផង យកតែខ្លួនគេ ទៅតែខ្លួនគេ។ អ្នកដែលតំណាងគេពិតប្រាកដ គេអត់ស្រែកឡូឡាឯណា គេមកចុះបញ្ជីបានមួយសន្ធឹក។ ដល់ទៅខ្លួនឯងអត់មានសមាជិក ប៉ុន្តែ តាំងនាមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ ខ្ញុំមិនចាំបាច់ចេញឈ្មោះទេ។
បន្ទាប់ពីហ្នឹងទៅសម្រាក ក្មួយៗប្រហែលជាអ្នកមាត់សមុទ្រខ្លះ មិនដែលទៅហែលទឹកសមុទ្រផងហ្នឹង។ និយាយឲ្យពិត អ្នកដែលនៅជាប់មាត់សមុទ្រមែនទែន អត់ចូលចិត្តមុជទឹកសមុទ្រ។ ឯយើងមកពីចម្ងាយ ចូលចិត្តមុជទឹកសមុទ្រ រឿងវាអញ្ចេះ។ ហើយថ្ងៃនេះ ក៏មានសិល្បៈមកលេងនៅទីនេះដែរ បន្តិចទៀត បញ្ចេញ កន្សែងក្រហម និងសំពោងផ្កាចារ ហើយច្រើនណាស់ ចេញមក ឡើងឆាកត្រៀមឲ្យហើយទៅ។ ឃើញទេនាង? សុទ្ធតែកម្លោះៗនៅចំមុខហ្នឹង។ សិល្បៈដូចជាមុនៗដែរ ហើយខ្ញុំសុំបញ្ចប់ត្រឹមប៉ុណ្ណឹង ជាមួយនឹងការជូនពរចំពោះឯកឿត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនីរបស់យើង សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕