សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

CNV: 

ការជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA)

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហៅកាត់ថា TYDA ហើយដែលបានក្នុងរយៈពេលកន្លងទៅបានធ្វើសកម្មភាពយ៉ាងច្រើន។ ខ្ញុំនៅបានចងចាំថានៅពេលមួយ ដោយសារកិច្ចការមនុស្សធម៌កាន់តែច្រើននៅក្នុងក្រុមគ្រួសារ ខ្ញុំក៏បានហៅកូនប្រុសស្រីទាំងប៉ុន្មាននាក់របស់ខ្ញុំទៅជជែកគ្នានៅផ្ទះរបស់កូនស្រីរបស់ខ្ញុំ។ យើងក៏ចាប់ផ្តើមចែកភារកិច្ចគ្នា ព្រោះថាមុននោះ យើងមានមូលនិធិ បាយ័ន ហើយមូលនិធិបាយ័ននេះធ្វើសកម្មភាពច្រើនទិសដៅ រាប់ទាំងសកម្មភាពជួយទ្រទ្រង់សមរភូមិក្នុងពេលដែលយើងមានជម្លោះព្រំដែនជាមួយនឹងថៃ មូលនិធិនោះក៏បានជួយទៅដល់អ្នកដែលរត់ជាន់គ្នានៅកោះពេជ្រនេះផងដែរ។ មូលនិធិនេះក៏បានបង្កើតឡើងនូវការរៀបចំដើម្បីកសាងនូវផ្ទះទេវតាជូនប្រជាពលរដ្ឋក្រីក្រ ធ្វើអណ្តូងទឹក និងសកម្មភាពដទៃទៀត ព្រមពេលជាមួយគ្នាក៏ចាប់ផ្តើមលេចចេញជារូបរាងនៃគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅខេត្តកំពង់ចាម។ ដូច្នេះ យើងក៏មានគំនិតផ្តួចផ្តើមអំពីការបែងចែកភារកិច្ចគ្នា ក្នុងចំណោមកូនៗដោយសារតែកូនៗរបស់ខ្ញុំគេធំធាត់អស់ហើយ គេល្មមទទួលខុសត្រូវបានហើយជាមួយនឹងកិច្ចការខ្លះ ដែលទាក់ទងជាមួយនឹងវិស័យមនុស្សធម៌ ហើយមិនមែនជាគោលដៅនៃការរកប្រាក់ចំណេញនោះទេ។ ក៏ប៉ុន្តែ អ្វីដែលយើងចង់ធ្វើនោះ គឺសំដៅជំរុញល្បឿនដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយក៏ដើម្បីជួយទៅដល់ប្រជាជនដែលជួបការលំបាក។ ខ្លួនខ្ញុំផ្ទាល់ពីអតីតកាលគឺលំបាកណាស់ក្នុងរឿងនេះ បើទោះបីជាក្នុងរយៈពេលជិត ៤០ ឆ្នាំ​ ​នៃមុខតំណែងជាន់ខ្ពស់រហូតទៅដល់តំណែងជានាយករដ្ឋមន្ត្រី ដែលជាតំណែងខ្ពស់បំផុត និងខ្លាំងមានអំណាចបំផុតនៅក្នុងអង្គការនីតិប្រតិបត្តិ។

ការផ្តួចផ្តើមគំនិត​បង្កើត សមាគមគ្រូពេទ្យស្ម័គ្រចិត្តតេជោ ហៅកាត់ថា (TYDA)

ប៉ុន្តែ ខ្ញុំមិនដែលភ្លេចនូវអតីតកាល ដែលពោរពេញទៅដោយការឈឺចាប់សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្តី ឬក៏សម្រាប់ប្រជាជនកម្ពុជាយើងក្តី។ ដូច្នេះហើយជាមួយនឹងសកម្មភាព ដែលខ្ញុំដឹកនាំក្នុងក្របខណ្ឌ នៃការចំណាយថវិកាជាតិ យើងក៏ត្រូវមានគំនិតផ្តួចផ្តើម ដើម្បីធ្វើសកម្មភាពទាំងឡាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ដូច្នេះហើយបានជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហៅកាត់ថា​ TYDA … ពង្រាយទៅខេត្តក្រុងច្រើនកន្លែង​ ដែលខ្ញុំគិតថានេះជាសកម្មភាព ដែលមានការពូនផ្តុំដោយគ្រូពេទ្យស្ម័គ្រ​ចិត្ត ហើយក៏បានពូនផ្តុំទៅដោយសប្បុរសជននានា​ ដែលបានចូលរួមជួយជាថវិកា សម្ភារៈ ដើម្បីឲ្យដំណើរការទៅ នៃសកម្មភាពរបស់ក្រុមគ្រូពេទ្យរបស់យើង។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏តែងផ្តល់ភាពអនុគ្រោះ សម្រាប់ការធ្វើសកម្មភាពនានានៅក្នុងក្របខណ្ឌ នៃការអនុញ្ញាតផ្នែកការព្យាបាលជំងឺ ជាមួយនឹងការព្យាបាលអ្នកដែលមានជំងឺធ្ងន់ ដែលយើងបានសង្គ្រោះមួយចំនួនរួចទៅហើយ។ បន្ថែមលើនោះទៀត ក្រុមគ្រូពេទ្យនេះក៏មានទំនាក់ទំនងជាមួយគ្រូពេទ្យដែលមកពីក្រៅប្រទេសហើយក៏មានចំណែកបញ្ចូនអ្នកជំងឺរបស់យើង ចេញទៅក្រៅប្រទេស ដើម្បីទទួលការព្យាបាលផងដែរ។ ខ្ញុំពិតជាមានមោទនភាពចំពោះ​​ ប្អូនៗ ក្មួយៗ​ ដែលជាគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមនៅក្នុងសកម្មភាពនេះ។ ដំណាក់កាលនេះ ប្អូនៗ ក្មួយៗ ធ្វើសកម្មភាពនៅក្នុងក្របខណ្ឌមនុស្សធម៌ ដើម្បីជួយមនុស្ស ប៉ុន្តែខ្ញុំគួរតែរំលេចបន្តិចអំពីអតីតកាលដ៏ឈឺចាប់របស់យើង។ ប្រទេសរបស់យើងនេះអាចចាត់ទុកថាជាប្រទេសតែមួយគត់ នៅលើលោកដែលមានស្ថានភាពដូចនេះ។

នៅឆ្នាំ ១៩៧៥​ គ្រូពេទ្យ និងអ្នកជំងឺត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យ

នៅលើពិភពលោកនេះ មិនមានប្រទេសណាមួយដែលគេបំផ្លិចបំផ្លាញមន្ទីរពេទ្យ ឬសាលារៀនទេ បើទោះបីជាប្រទេស Rwanda, Sierra Leone មានបញ្ហាប្រល័យពូជសាសន៍នៅទីនោះក៏ដោយចុះ ក៏ប៉ុន្តែ មន្ទីរពេទ្យ សាលារៀន វត្តអារាម គឺគេមិនប៉ះពាល់ទេ។ បន្ថែមលើនោះ បើនិយាយពីសាច់ប្រាក់ ការចាយប្រាក់រូបិយប័ណ្ណ នៅក្នុងប្រទេសក៏គេមិនដែលបិទចោលដែរ។ ប៉ុន្តែ កម្ពុជាខុសគេខុសឯង នៅក្នុងឆ្នាំ​ ១៩៧៥ នៅពេលដែលខ្មែរក្រហមចូលមកដល់ទីក្រុងភ្នំពេញនេះ ទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ គឺបណ្តេញចេញពីមន្ទីរពេទ្យ។ នេះគឺជារឿងអាណោចអាធ័មខ្លាំងណាស់​ ដែលសកលលោកមិនដែលជួបប្រទះនូវរឿងនេះ។ អ្នកដែលទទួលការព្យាបាល អ្នកដែលទទួលកំពុងតែធ្វើការវះកាត់ ប៉ុន្តែនៅពេលដែលខ្មែរក្រហមចូលទៅដល់មន្ទីរពេទ្យ គេត្រូវចាកចោល គ្រូពេទ្យត្រូវចាកចេញពីអ្នកជំងឺ ហើយទុកឲ្យអ្នកជំងឺស្លាប់។

បន្តមកទៀតគឺសម័យកាលនៃរបប ប៉ុល ពត។ អញ្ចឹងបានជាខ្ញុំរំលឹកហើយរំលឹកទៀត ទោះបីជាភរិយារបស់ខ្ញុំជាគ្រូពេទ្យ ប៉ុន្តែគ្រាន់តែថ្នាំសម្រាប់ឆ្លងទន្លេមិនមានទេ។ ជើងរបស់ខ្ញុំសម្លាកដល់សព្វថ្ងៃ គឺការដើរទៅរក ឫសឈើ ដើមឈើកាលពីពេលនោះឆ្កែស្រែង ហើយនិងមើមថ្នាំចិនហ្នឹងឯង ដើម្បីយកមកផ្សំថ្នាំដើម្បីឲ្យកូនឆ្លងទន្លេ។ មនុស្សស្លាប់ច្រើនណាស់ដោយសារការអត់ថ្នាំសង្កូវ ខ្វះការព្យាបាល។ យើងបានឃើញទុក្ខសោកប្រជាជនរបស់យើង ដូច្នេះយើងប្រឹងងើបឈរឡើងតស៊ូ ដើម្បីរំដោះប្រទេសនេះចេញពីរបប ប៉ុល ពត។ ចេញពីរបប ប៉ុល ពត រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង … អាចនិយាយបានថា​ ខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលចាប់ផ្តើមពីរដ្ឋាភិបាលបង្កើតនៅថ្ងៃទី​ ៨ ខែ​ មករា ឆ្នាំ ១៩៧៩ ហើយមានវត្តមានរហូតមកដល់ ថ្ងៃទី ២ ខែ មីនា ឆ្នាំ​ ២០១៨។ បានសេចក្តីថារយៈពេលជាង ៣៩ ឆ្នាំ។ ពេលនោះខ្ញុំប្រកែក មិនព្រមទទួលយកឋានៈនាទីជារដ្ឋមន្ត្រីការបរទេសទេ ដោយសារតែវាមិនមែនជាជំនាញរបស់ខ្ញុំឯណា។ ខ្ញុំក៏បានប្រាប់សហការី ក្នុងថ្នាក់ដឹកនាំទាំង សម្តេច ហេង សំរិន សម្តេច ជា ស៊ីម ថាមិនមែនជាជំនាញរបស់ខ្ញុំ ហើយឲ្យខ្ញុំទៅធ្វើម៉េច។ ប៉ុន្តែចម្លើយរបស់បងៗទាំងនោះថា ប្រសិនបើ ហ៊ុន សែន ឯងមិនធ្វើទេ អញ្ចឹងទុកឲ្យ អៀង សារី ទៅធ្វើវិញទៅ។ ខ្ញុំក៏សុខចិត្តថាខ្ញុំធ្វើ​ ប៉ុន្តែធ្វើ ៣ ខែ។ នៅពេលដែលយើងចូលមកភ្នំពេញ ច្បាស់ណាស់ថានឹងមានអ្នកការទូត ដែលនៅសេសសល់ពេលនោះ យើងអាចរៀបចំពួកគេឲ្យធ្វើជារដ្ឋមន្ត្រីការបរទេស ហើយខ្ញុំវិលត្រឡប់ទៅខាងកងទ័ពវិញ។ ប៉ុន្តែមិននឹកស្មានថាអ្វីដែលខ្ញុំនិយាយថា ខ្ញុំធ្វើ ៣ ខែនោះ វាក្លាយទៅជាជិត ៤០ ឆ្នាំទៅវិញ គឺជាមនុស្សតែម្នាក់គត់ដែលនៅសេសសល់នៅក្នុងរដ្ឋាភិបាលនេះ មួយចំនួនក៏ត្រូវបានស្លាប់ មួយចំនួនក៏ទៅធ្វើការងារផ្សេង។ ដូច្នេះរឿងរ៉ាវទាក់ទងជាមួយនឹងអតីតកាល ខ្ញុំនៅចងចាំច្បាស់ណាស់ ហើយខ្ញុំក៏ជាមនុស្សម្នាក់ ដែលបានចូលរួមយ៉ាងដិតដល់ជាមួយវិស័យសុខាភិបាលនេះ​ ចាប់តាំងពីដើមទីមកតាមរយៈការចូលរួមបើកសន្និបាតប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល។

អ្នកខ្លះតាំងខ្លួនជាវេជ្ជបណ្ឌិត​​​ តែខ្លួនមិនមែនជា​វេជ្ជបណ្ឌិត

ខ្ញុំនៅចាំបានថា កាលបើកសន្និបាតក្រសួងសុខាភិបាលរបស់យើងដំបូង គឺធ្វើនៅសាលាពេទ្យក្រហម សាលាសព្វថ្ងៃនេះ។ ថ្ងៃនោះ សន្និបាតនោះក៏ជាពេលវេលា នៃការបើកសាលាពេទ្យឲ្យដំណើរការឡើងវិញ បានសេចក្តីថា នេះជាការចាប់ផ្តើមនូវគោលនយោបាយថ្មី លើវិស័យសង្គមរបស់រដ្ឋាភិបាលថ្មីរបស់យើង។ និស្សិតដែលមិនទាន់រៀនចប់ ក៏ត្រូវបានបញ្ចប់ការសិក្សានៅទីនោះ។ ពេលនោះពិតជាកំសត់ណាស់ យើងនៅសល់តែវេជ្ជបណ្ឌិតតែប៉ុន្មាននាក់ទេ។ ហើយក៏មានអកុសលនៅប្រទេសរបស់យើង មានវេជ្ជបណ្ឌិត គេតែងមាននិក្ខេបបទតម្កល់នៅនឹងសាលារបស់យើង។ ប៉ុន្តែ ក៏មានវេជ្ជបណ្ឌិតគ្រាន់តែបញ្ជាក់ថា ខ្លួនជាវេជ្ជបណ្ឌិត ប៉ុន្តែពិតប្រាកដគ្រាន់តែជាគ្រូពេទ្យធម្មតាតែប៉ុណ្ណោះ។ នេះខ្ញុំមិនចាំ​បាច់​និយាយដល់ឈ្មោះអ្នកណាទេ សូម្បីតែមកដល់ឆ្នាំ ១៩៩០ ប្លាយហើយ ជនខ្លះមកពីប្រទេសបារាំង លើកឡើងហៅជា វេជ្ជបណ្ឌិត ប៉ុន្តែខ្លួនមិនបានឆ្លងកាត់ជាវេជ្ជបណ្ឌិតទេ។ នេះនិយាយឲ្យពិត។ ខ្លះមកតាំងខ្លួនជាបណ្ឌិត ប៉ុន្តែមិនមែនជាបណ្ឌិត ខ្លះតាំងខ្លួនជា​វេជ្ជបណ្ឌិត មិនមែនជា​វេជ្ជបណ្ឌិត។ ក្រោយឆ្នាំ ១៩៧៩ អ្នកនេះជាប់នេះ អ្នកនេះជាប់នោះច្រើនណាស់ ក៏ប៉ុន្តែទីចុងបំផុត យើងស្រាវជ្រាវពិតប្រាកដទៅ យើងក៏មិននិយាយអ្វីទេ។ ប៉ុន្តែរឿងអកុសលវាយ៉ាងដូច្នេះ គ្រូពេទ្យតិចតួច ប៉ុន្តែតាមរយៈតិចតួចនេះ។

ការបែងចែក គ្រូពេទ្យ ៧០% នៅជនបទ ៣០%​ នៅទីក្រុង

បើនិយាយក្នុងវិស័យអប់រំ យើងប្រើពាក្យថាអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ឯអ្នកចេះតិចបង្រៀនអ្នកមិនចេះ។ ប៉ុន្តែសម្រាប់ពេទ្យគឺមិនដូច្នោះទេ មិនមែនអ្នកចេះតិចទៅចាក់ថ្នាំឲ្យគេនោះទេ ប៉ុន្តែក៏មានកន្លែងខ្លះក៏ប្រថុយប្រថានដែរ រៀនសូត្រពេទ្យបានតិចតួច ហើយដោយសារខ្វះពេទ្យក៏បង្កើតទៅជាស្ថាន​ភាពពេទ្យឯកជន ហើយក៏ដើរចាក់ថ្នាំព្យាបាលជំងឺនឹងគេនឹងឯង អញ្ចឹងទៅ។ រឿងរ៉ាវទាំងឡាយបានកើតឡើងសម្រាប់យើងគឺកំសត់ ហើយពេលនោះសូម្បីតែជំនួយដែលបានផ្តល់មកកម្ពុជា ប្រើមិនគ្រប់ទេប្រជាពលរដ្ឋរបស់យើងខ្វះថ្នាំសង្កូវ ការពិនិត្យព្យាបាលជំងឺ​នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន ឧប​ករណ៍សម្ភារៈខ្សត់ខ្សោយខ្លាំងណាស់ ជាមួយនឹងធនធានមនុស្សរបស់យើងមានកម្រិត។ បន្ថែមលើនោះ ការចែកចាយពង្រាយគ្រូពេទ្យ ហើយរឿងនេះខ្ញុំធ្លាប់លើកឡើងច្រើនពេល ច្រើនលើក នៅពេលដែល​ខ្ញុំចូលរួមសន្និបាតវិស័យសុខាភិបាល។

សូម្បីតែមកដល់ពេលនេះ ខ្ញុំមិនដឹងថាតើតួលេខនៅពេលនេះវាដល់ប៉ុណ្ណាទៅហើយ​ ប៉ុន្តែនៅក្នុងរង្វង់ ឆ្នាំ ១៩៩៥ ឆ្នាំ ១៩៩៦ ពេលនោះខ្ញុំឲ្យសិក្សាមើល សាកល្បងសិក្សាមើល ការបែងចែកធនធានមនុស្ស ការបែងចែកគ្រូពេទ្យរបស់យើង ៧០% បម្រើប្រជាជន ៣០% នៅទីប្រជុំជន និង​ទីក្រុង។ នេះគ្រូពេទ្យ ៧០% បម្រើប្រជាជន ៣០% នៅទីប្រជុំជន និងនៅទីក្រុង ឯគ្រូពេទ្យ ៣០%​ទៀត បម្រើប្រជាជន ៧០% នៅជនបទទៅវិញ។ (មានកត្តា)ភ័យខ្លាច​ សម្រាប់គ្រូពេទ្យយើងដែរ។ សម័យកាលនោះ គឺជាសម័យកាលមិនទាន់ចប់សង្គ្រាមទេ។ គ្រូពេទ្យរបស់យើង មិនមែនគ្រាន់តែគ្រូពេទ្យខាងយោធាទេ គ្រូពេទ្យស៊ីវិលក៏ត្រូវបានបញ្ចូនទៅចូលរួមព្យាបាលរបួសសម្រាប់កងទ័ព និង​ប្រជាជននៅឯសមរភូមិមុខ។ ខ្ញុំនៅចាំបានថាពេលនោះ គ្រូពេទ្យរបស់យើងដែលចេញពីទីក្រុងភ្នំពេញ ទៅកាន់ស៊ីសុផុនទៅព្យាបាលត្រឹមតែស៊ីសុផុនទេ ស្រាប់តែខ្មែរក្រហមបាញ់ប្លោងទៅឯជិតម៉ាឡៃឯណោះ គឺគាត់ក្រាបនៅឯស៊ីសុផុន ព្រោះគ្រូពេទ្យរបស់យើងមួយចំនួនមិនធ្លាប់បានឮសូរស្នូរកាំភ្លើងទេ។

ប្រើធនធានធំជាងវិស័យការពារ និងសន្តិសុខ ៣ ដង បំរើគោលដៅមនុស្ស

ឆ្លងកាត់រឿងរ៉ាវទាំងអស់នេះ គឺសុទ្ធតែជារឿងដែលធ្វើអោយការអនុវត្តទៅលើវិស័យសុខាភិបាល នៅក្នុងដំណាក់កាលនោះមានកម្រិត ជាមួយនឹងកង្វះធនធានមនុស្ស កង្វះសម្ភារៈបច្ចេកទេស ថ្នាំពេទ្យ ចំណាយទៅលើបញ្ហាវិស័យសុខាភិបាលមានកម្រិតខ្លាំងណាស់ នៅក្នុងពេលដែលយើងមានតម្រូវការចំណាយទៅវិស័យការពារជាតិ និងសន្តិសុខធំជាង។ ប៉ុន្តែឥឡូវនេះ បើគិតអំពីចំណាយសម្រាប់តែវិស័យសម្រាប់បម្រើអោយមនុស្ស ដោយយកគោលដៅមនុស្សធ្វើជាស្នូល គឺយើងបានប្រើប្រាស់ធនធានថវិកាធំជាងវិស័យការពារជាតិ និងសន្តិសុខ រហូតទៅដល់ ៣ ដងឯណោះ គឺបម្រើអោយវិស័យសុខាភិបាល និងវិស័យអបរំ ដែលជាចំនួនមួយដ៏ច្រើន បើប្រៀបធៀបជាមួយថវិកា ដែលយើងបានចាយសម្រាប់មុខសញ្ញាផ្សេងៗ។ ផ្នែកអប់រំស្ទើរតែជិត ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យ​អប់រំ ដែលសម្រាប់ការចំណាយរបស់យើង។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើនចុះជួយប្រជាជនតាមមូលដ្ឋាន

ទោះបីយ៉ាងណាក៏ដោយស្ថានភាពនេះបានកែលំអមួយកម្រិតហើយ ដែលយើងនៅមានបញ្ហាប្រឈមមួយកម្រិតទៀត ដែលយើងនៅមានបញ្ហាប្រឈមបន្តទៀត ដែលវាមិនគ្រាន់តែត្រូវអន្តរាគមន៍ដោយមន្ទីរពេទ្យរដ្ឋ និងស្ថាប័នរបស់រដ្ឋនោះទេ។ តម្រូវអោយបន្តការអនុវត្តនូវនយោបាយ នៃការចែករំលែក វប្បធម៌នៃការចែករំលែក ឬសិល្បៈនៃការចែករំលែក ដូចជាយើងបង្កើតក្រុមគ្រូពេទ្យ ហើយក្រុមគ្រូពេទ្យរបស់យើងគឺមានច្រើន ក្រុមគ្រូពេទ្យសម្តេច ជា ស៊ីម ក្រុមគ្រូពេទ្យសម្ដេច ហេង សំរិន មានក្រុមគ្រូពេទ្យសម្ដេច ស ខេង មានក្រុមគ្រូពេទ្យថ្នាក់ដឹកនាំនេះ ថ្នាក់ដឹកនាំនោះចុះជួយសម្រាប់យើងនៅទីនេះ។ ខ្ញុំប្រើពាក្យថាយើងនៅទីនេះគឺមានន័យថា យើងទាំងអស់គ្នា ទាំងខ្ញុំ ទាំងអ្នកទាំងអស់គ្នា នៅទីនេះ ក៏យើងត្រូវធ្វើកិច្ចការងារនេះ។ ខ្ញុំសូមយកឱកាសនេះដើម្បីធ្វើការកោតសរសើរ និងអរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំក្នុងរយៈពេលកន្លងទៅនេះ ក្នុងការចុះពិនិត្យព្យាបាលជំងឺសម្រាប់ប្រជាជនរបស់យើង។ ការពិនិត្យព្យាបាលចំពោះប្រជាជន ដែលក្រុមគ្រូពេទ្យរបស់យើងបានចុះទៅនោះ គឺពិតជាបានចូលរួមចំណែកសម្រាប់ការដោះស្រាយបញ្ហា ដូចជាក្នុងរបាយការណ៍នេះមានរហូតទៅដល់ប្រ​មាណជាង ២៤ ម៉ឺននាក់ ដែលបានទទួលការពិនិត្យព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង។ ក្នុងនោះ គឺយើងបានជួយសង្គ្រោះសម្រាប់អ្នកដែលកើតជំងឺមហារីក ដែលជំងឺនេះគឺពិបាកព្យាបាល យើងបានឆ្លងកាត់ព្យាបាលបាន ២៩ នាក់ អ្នកវះកាត់បេះដូងបានចំនួន ៣៤ នាក់ ហើយ ១ នាក់ យើងបានបញ្ជូនទៅកូរ៉េទៀតផង។

ជំនួយវិភាគទាន ថវិកា សម្ភារៈ ជួយដល់គ្រូពេទ្យស្ម័គ្រចិត្តចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ចំណុចទាំងអស់នេះយើងសាកល្បងគិតមើលថា ប្រសិនបើមិនមានវត្តមានរបស់ពួកយើងទេ តើអ្នកទាំងនេះទទួលជោគវាសនាបែបណាទៅហើយ? ចំនុចនេះហើយដែលយើងត្រូវមើលឃើញ ត្រូវបន្តការយកចិត្តទុកដាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងនៅតាមទីកន្លែងផ្សេងៗ។ ខ្ញុំពិតជាមានមោទនភាព ចំពោះយុវជនយើងដែលបានចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ ដ៏មានសារៈសំខាន់នេះហើយសង្ឃឹមថា យុវៈជនរបស់យើងនឹងបន្តរួមដំណើរជាមួយនឹង TYDA បន្តទៀត។ យើងនៅមានកិច្ចការច្រើន ដើម្បីជួយដល់​ប្រជាពលរដ្ឋរបស់យើង ដើម្បីធ្វើអោយពួកគាត់មានសុខភាពកាន់តែប្រសើរ ហើយជម្នះបាននៅជំងឺដង្កាត់នានា។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជនទាំងឡាយដែលបានចូលរួម។ ថ្ងៃនេះ លោកឧកញ៉ា លោកជំទាវ ទាំងឡាយក៏បានចូលរួម ដែលបានចូលជាវិភាគទាន ថវិកា ជាសម្ភារៈ ដើម្បីជួយដល់ក្រុមគ្រូពេទ្យនេះ សម្រាប់បេសកកម្មនៃក្រុមគ្រូពេទ្យ។ នេះបង្ហាញអោយឃើញទឹកចិត្តថា យើងបានរួមគ្នាកសាងប្រទេសនេះដោយមិនពឹងផ្អែករង់ចាំតែដំណក់អុកស៊ីសែន ដែលគេបន្តក់អោយយើង​។ ខ្ញុំកំពុងតែគិតថាយ៉ាងហោចណាស់ ទោះបីស្ថិតក្នុងកាលៈទេសៈដែលគេធ្វើបាបយើង ហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់យើង ក៏យើងបានរួមគ្នាបង្កើតឡើងនូវស្ថានភាពអនុគ្រោះមួយ សម្រាប់ការរីកលូតលាស់នៃប្រ​ទេសរបស់យើង។ ឥឡូវ លទ្ធភាពមានកាន់តែច្រើន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ អ្នករកស៊ីនៅក្នុងប្រទេសរបស់យើងទាំងអ្នករកចំណូលបានមធ្យម អ្នករកចំណូលបានខ្ពស់ អ្នកមានពង្រឹងសមត្ថភាពអ្នកមាននៅក្នុងប្រទេសកម្ពុជាយើង។ កុំចាំបាច់ថា ប្រទេសគេមានសេដ្ឋីអោយ ប្រ​ទេសយើងមានសេដ្ឋី ១ ពាន់ ឬក៏ ២ ពាន់សេដ្ឋី អាហ្នឹងកាន់តែល្អ ប្រទេសគេដែលមានគេជំពាក់បំណុល ប៉ុន្តែបំណុលរបស់គេនេះភាគច្រើនគេជំពាក់ថៅកែក្នុងប្រទេសរបស់គេនោះឯង។

បក្សប្រឆាំងមិនប្រឆាំងត្រឹមនៅស្រុកខ្មែរទេ ប្រឆាំងរដ្ឋាភិបាល Malcolm Turnbull

នៅលើពិភពលោក បើនិយាយពីពិដាននៃបំណុល ខ្ញុំនិយាយពីចំណុចនេះបន្តិចដើម្បីអោយយល់ អ្នកខ្លះស្រែកនោះស្រែក។ បើនិយាយតាមមួយបែបថាវាព្រុសប៉ុន្តែបើព្រុសគឺវាឆ្កែ យើងមិនចង់និយាយពាក្យនោះទេ។ វាហៅរបបរបស់យើងជារបបតិរច្ឆានទៅទៀត។ លំបាកណាស់ ដូចជាអ្នកស្ថិតនៅក្នុងប្រ​ទេសអូស្ត្រាលី វាស្ថិតនៅក្នុងបក្សប្រឆាំង។ ដូច្នេះ នាយករដ្ឋមន្ត្រី Malcolm Turnbull គាត់ទៅនិយាយម៉េចនឹងកើត បើវាបក្សប្រឆាំង វាគាំទ្របក្សប្រឆាំងនៅកម្ពុជា វាប្រឆាំងរដ្ឋាភិបាល Malcolm ដែរ​។ អញ្ចឹង Malcolm Turnbull ក៏ពិបាកហៅវាទៅប្រដៅដែរ។ អញ្ចឹងអាប្រឆាំងស្រុកខ្មែរ វាទៅនោះវាធ្វើតំណាងរាស្រ្តបក្សប្រឆាំងដែរ។ វាគាំទ្របក្សប្រឆាំងអញ្ចឹងអាប្រឆាំង និងអាប្រឆាំង ដូច្នេះវាធ្វើបាប។ នៅឯណោះក៏វាធ្វើបាបនាយករដ្ឋមន្រ្តី ដែលធ្វើជាម្ចាស់ផ្ទះប្រជុំអាស៊ាន។ នៅប៉ុន្មានថ្ងៃខាងមុខនេះ អញ្ជឹង​ទេ ខ្ញុំកាន់​តែ​យល់នូវការលំបាករបស់នាយករដ្ឋមន្ត្រីអូស្តា្រលី ដែលគាត់ត្រូវធ្វើជាម្ចាស់ផ្ទះហើយត្រូវធ្វើជាប្រធានសហប្រធានអង្គប្រជុំរវាងអាស៊ានជាមួយអូស្ត្រាលី នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែអាពួកបក្សប្រឆាំងនេះ អាស្អីគេមួយនោះ ដែលជាជនជាតិខ្មែរជាប់តំណាងរាស្ត្រនៅឯនោះ(អូស្ត្រាលី) … ជាមនុស្សបក្សប្រឆាំងរបស់អូស្ត្រាលី មិនមែនជាបក្សកាន់អំណាចរបស់អូស្ត្រាលី …។

សិល្បៈនៃការចែករំលែក ឬវប្បធម៌នៃការចែករំលែក

… យើងគឺជាប្រទេសមួយ ដែលជំនាន់ថ្មីនេះបានចូលរួមអនុវត្តនូវសិល្បៈនៃការចែករំលែក ឬវប្បធម៌នៃការចែករំលែក ហើយសិល្បៈនៃការចែករំលែក ឬវប្បធម៌នៃការចែករំលែក វាមិនមែនជារឿងថ្មី វាគឺជារឿងដែលបានកកើតតាំងពីយូរយារណាស់មកហើយសម្រាប់កម្ពុជា ហើយក៏មិនមែនសម្រាប់តែកម្ពុជាទេ គឺសម្រាប់ពិភពលោកទាំងមូល គឺមានអាសិល្បៈនៃការចែករំលែក ពីអ្នកមានទៅកាន់អ្នកខ្វះធនធាន។ សូម្បីតែប្រទេសនានា ដែលផ្ដល់ជំនួយអោយយើង នោះក៏ជាសិល្បៈចែករំលែកពីប្រទេសមួយមកកាន់ប្រ​ទេសមួយ។ ឯនៅក្នុងប្រទេសរបស់យើង ពីអ្នកមានធនធាន ផ្តល់ជូនសម្រាប់អ្នកគ្មានធនធាន។ នៅក្នុងវិស័យសុខាភិបាលនេះ ដើម្បីធ្វើសកម្មភាពបានវាមានចំណែកនៃការចូលរួមពីសប្បុរសជន ដែលយើងធ្វើសកម្មភាពទាំងនេះបាន តាមរយៈនៃការធ្វើសកម្មភាពរបស់ក្មួយៗ របស់ក្រុមគ្រូពេទ្យរបស់យើងទៅមូលដ្ឋាន។ អ្នកទាំងអស់គ្នាពិតជាបានឃើញនូវបញ្ហាប្រឈមជាក់ស្ដែងរបស់ប្រជាជនយើង។ ការឃើញនូវបញ្ហាប្រឈមជាក់ស្ដែងរបស់ប្រជាជនយើងទៅលើបញ្ហាសុខុមាលភាពនេះ ក៏ធ្វើអោយគិតគូរអំពីរការស្វះស្វែងរកនូវដំណោះស្រាយថ្មីៗ សម្រាប់ដោះស្រាយ ជួយដោះស្រាយបញ្ហាដល់ពួកគាត់ ជាមួយនឹងការទៅពិនិត្យព្យាបាលជំងឺ ក៏បានបង្កើតនូវឱកាសសម្រាប់ក្មួយៗ ដែលជានិសិត្សពេទ្យ ចុះទៅធ្វើកម្មសិក្សា ក៏ជាទីកន្លែងធ្វើកម្មសិក្សាជាក់ស្ដែងនៅទីនោះផងដែរ។ ដែលនេះក៏អាចជាផ្នែកមួយដ៏សំខាន់មួយនៃការជួយដល់សាលាពេទ្យ ឥឡូវ គ្រូពេទ្យជាច្រើនកំពុងចេញទៅធ្វើកម្មសិក្សានៅតាមមន្ទីរពេទ្យនានា មុននឹងអនុញ្ញាតអោយបញ្ចប់ការសិក្សាត្រូវតែឆ្លងកាត់ការធ្វើពិសោធន៍។ ប៉ុន្តែខ្លះធ្វើការពិ​សោធន៍គ្រូពេទ្យនៅតាមមន្ទីរពេទ្យ បន្ថែមលើនោះ ក៏រួមស្ម័គ្រចិត្តចុះទៅធ្វើការដកពិសោធន៍កម្មសិក្សាជាក់ស្តែងនៅឯមូលដ្ឋាន ក៏អាចថាជាចំណែកមួយនៃការចូលរួមនៅក្នុងការពង្រឹងការបណ្តុះបណ្តាល។

ឆ្នាំនេះគឺកូនប្រសាររបស់ខ្ញុំបានទូរស័ព្ទសួរមកខ្ញុំ។ ឆ្នាំទៅអ្នកជាប់លេខមួយស្ទួនត្រឹមតែ ២៦ នាក់ទេ ឯឆ្នាំនេះអ្នកជាប់លេខមួយស្ទួន ៤៣ នាក់ ក្នុង ២០ មុខវិជ្ជា អញ្ចឹងទេជាគោលការណ៍ប៉ុន្មានឆ្នាំមកហើយអ្នកដែលជាប់ឯកទេសលេខមួយខ្ញុំត្រូវផ្ដល់អាហារូបករណ៍។ ឆ្នាំទៅ ២០ មុខវិជ្ជាតែ ២៦នាក់ទេ។ ឆ្នាំសិក្សា (២០១៤-២០១៥) មាន ២០ នាក់ អាហ្នឹងគឺជំនាន់ទី ១ យើងចាប់ផ្ដើមផ្ដល់(អាហារូបករណ៍) ពី (២០១៤-២០១៥) ក្នុង ២០ នាក់នេះកំពុងបន្តការសិក្សានៅប្រទេសបារាំង ចំនួន ៦ នាក់ និងបោះបង់ចោលការសិក្សាចំនួន ១ នាក់។ ជំនាន់ទី ២ ឆ្នាំសិក្សា (២០១៥-២០១៦) ២០ នាក់ក្នុងនោះ ២ នាក់ បោះបង់ការសិក្សា។ ជំនាន់ទី ៣ ឆ្នាំសិក្សា (២០១៦-២០១៧) ២៦ នាក់ ក្នុង ២០ ឯកទេស គឺមាន ២៦ នាក់ បានសេចក្តីថាលេខមួយស្ទួន ៦ នាក់។ ឯជំនាន់ទី ៤ ឆ្នាំសិក្សា (២០១៧-២០១៨) ៤៣ នាក់ គឺទើបនឹងប្រលងកាលពីថ្ងៃ ២៧ កុម្ភៈ កន្លងទៅនេះ។ អញ្ចឹងឥឡូវនេះបានសេចក្តីថាយុវជនរបស់យើងរៀនកាន់តែពូកែហើយ។ សិស្សប្រលងជាប់បាក់ឌុបជាប់និទ្ទេស A កាន់តែច្រើនទៅៗ។ ជាប់បាក់ឌុបកាលពីឆ្នាំយើងធ្វើការកែទម្រង់ដំបូង ប្រលងពីរដងអត់បានដល់ ៥០% ទេ ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើការកែទម្រង់ក្នុងវិស័យអប់រំ ទៅលើបញ្ហាការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នំាទៅ ជាង ៦៣% ដែលជាប់បាក់ឌុប ហើយនិទ្ទេស A បានរហូតទៅដល់ជាង ៤០០ នាក់ នៅពេលដែលយើងចាប់ផ្តើមកែទម្រង់និទ្ទេស A មានតែ ១០ នាក់តែប៉ុណ្ណោះ។ ឥឡូវនេះ ប្រឡងគ្រូពេទ្យនេះ កាន់តែបង្ហាញថា អ្នកដែលមានសមត្ថភាព ដើម្បីយកលេខ ១ គឺឡើងដល់ឌុប ព្រោះយើងកំណត់ពិន្ទុ ដូចថា ១០០ ពិន្ទុអញ្ចឹង ដល់ទៅបូកពិន្ទុមក មានតែ ២០ នាក់ឯណា ១០០ ពិន្ទុ ឡើងដល់ ៤៣ បានសេចក្តីថាលើស ប៉ុន្តែយ៉ាងណាក៏ដោយ គឺអ្នកជាប់ទំាងប៉ុន្មានត្រូវបន្តទទួលអាហារូបករណ៍តទៅទៀត។

ប្រាក់បៀវត្សរ៍ទាប់បំផុតរបស់កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី ៥ នៅក្នុងប្រទេសអាស៊ាន

ដោយមានគោលនយោបាយលើកទឹកចិត្ត ចំពោះវិស័យអប់រំ និងវិស័យសុខាភិបាល។ គ្រូពេទ្យរបស់យើងមានប្រាក់បៀវត្ស ច្រើនជាងមន្ត្រីរាជការស៊ីវិល និងកងកម្លំាងប្រដាប់អាវុធ។ ពីមុនស្ថានភាពសេដ្ឋកិច្ចរបស់យើងមិនប្រសើរទេ យើងធ្វើការលំបាកលំបិន ឥឡូវនេះ បើទោះបីយ៉ាងម៉េចក៏ដោយ ប្រាក់បៀវត្សដែលទាបបំផុតរបស់កម្ពុជា បានស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ នៅក្នុងប្រទេសអាស៊ាន សំាងហ្គាពួរ លេខ ១ ប្រ៊ុយណេ លេខ ២ ម៉ាឡេស៊ី លេខ ៣ ថៃ លេខ ៤ កម្ពុជា លេខ ៥។ កូនទាហានរបស់កម្ពុជា មានប្រាក់ខែខ្ពស់ជាងកូនទាហាននៃប្រទេសដទៃ។ មន្ត្រីរាជការស៊ីវិលរបស់យើង ដែលប្រាក់ខែទាបបំផុត មានប្រាក់ខែខ្ពស់ជាងប្រាក់ខែ ដែលទាបបំផុតនៃប្រទេស ៥ ផ្សេងទៀត។ ចំណាយចរន្ត ដែលជាបន្ទុកបុគ្គលិក បានឡើងទៅដល់ជាង ៥០% ហើយប្រហាក់ប្រហែលជាង ៧% នៃផលិតផលទុនសរុបរបស់ជាតិ ប៉ុន្តែយើងមានសមត្ថភាពនឹងឆ្លើយតបទៅបញ្ហានោះ ដោយសារតែកំណើននៃប្រាក់ចំណូលរបស់ជាតិរបស់យើង វាក៏ខ្ពស់ផងដែរ។ ឆ្នំាកន្លងទៅ យើងក៏មានអតិរេកទៅលើការចំណាយចរន្ត មានទំហំធំបង្គួរ ដែលអនុញ្ញាតអោយយើងឡើងបៀវត្សសម្រាប់មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងមានលទ្ធភាពយកទៅវិនិយោគដោយខ្លួនឯង ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំាបាច់ ជាផ្លូវថ្នល់ ជាស្ពាន ជាប្រឡាយទឹក ជាមន្ទីរពេទ្យ ជាសាលារៀន និងការចំណាយដទៃទៀត ប៉ុន្តែខ្ញុំនៅតែបន្តការនិយាយថា វាមិនទាន់គ្រប់គ្រាន់ទេ សេចក្តីត្រូវការរបស់​ប្រទេសយើងនៅមានច្រើនណាស់។ យើងបានកាត់បន្ថយការលំបាក បើប្រៀបធៀបទៅនឹងឆ្នំា ១៩៧៩។ សាកល្បងសួរឪពុកម្តាយជីដូនជីតារបស់ក្មួយៗទៅដឹងរឿងរ៉ាវទំាងនេះហើយ។ ពួកគាត់ស្គាល់ច្បាស់នៅរឿងនេះ ដោយសារពួកគាត់បានរួមចំណែកបង្កើតឡើងនូវស្ថានភាពបែបនេះ គណបក្សប្រជាជន ឬក៏ពូខ្លួនឯង មិនអាចធ្វើអ្វីកើតទេ បើសិនជាគ្មានការគំាទ្រពីសំណាក់ពួកគាត់ទំាង​នោះ ចង់សម្រេចកិច្ចការអ្វីមួយ ខ្វះការចូលរួម និងខ្វះគំាទ្រពីសំណាក់ប្រជាពលរដ្ឋ ពិតជាមិនអាចធ្វើទៅរួច​ទេ។

ផ្តល់អនុសាសន៍ខ្លះ

ខ្ញុំពិតជាមានមោទនភាព ជាមួយនឹងកិច្ចការទំាងឡាយដែលក្រុមគ្រូពេទ្យរបស់យើងបាន និងកំពុងធ្វើ ហើយនឹងបន្តធ្វើ ដែលខ្ញុំសូមយកឱកាសនេះ ផ្តល់ជាអនុសាសន៍ខ្លះ សម្រាប់កិច្ចការបន្តរបស់យើង។

ទី ១ បន្តការខិតខំបន្តលើការងារនេះបន្តទៀត លើមូលដ្ឋានបទពិសោធន៍ដែលមានស្រាប់ និងការបំ​ពេញ​បន្ថែមសម្ភារៈបរិក្ខាពេទ្យ។ ចំណុចនេះអម្បាញ់មិញ ប្រធានសមាគមក៏បានធ្វើរបាយការណ៍រួចហើយ យើងឥឡូវនេះ ក្នុងបរិបទនយោបាយគំាពារសង្គម យើងក៏ត្រូវគិតអំពីបញ្ហាទាក់ទិនជាមួយនឹងកម្មករ។ ដូច្នេះ តំបន់ប្រតិបត្តិការខ្លះ ក៏ត្រូវធ្វើទៅកៀកជាមួយនឹងតំបន់កម្មករដែលកំពុងរស់នៅ ដើម្បីអោយកម្មករ-កម្មការិនីរបស់យើង មានឱកាសពិនិត្យព្យាបាល ពិនិត្យជំងឺ។ ចប់ពីទីនេះ ខ្ញុំនឹងចាកចេញទៅកំពង់សោម ដែលថ្ងៃស្អែក ថ្ងៃសៅរ៍ជួបកម្មករមួយពេល និងថ្ងៃអាទិត្យជួបកម្មករមួយពេល មិនអាចជួបមួយពេលអស់ទេ ដោយសារតែកម្មកររបស់យើងនៅកំពង់សោមមានជិត ៤ ម៉ឺននាក់ឯណោះ។ ជួបម្តងប៉ុន្មាន ជា ១ ម៉ឺន ៨ ពាន់(នាក់) ម្តង ១ ម៉ឺន ៨ ពាន់ (នាក់) អញ្ចឹងមុខសញ្ញាថ្មីនេះ ក៏ជាមុខសញ្ញាដែលយើងគួរធ្វើសកម្មភាព ដើម្បីផ្តល់នូវសុខភាពកាន់តែល្អប្រសើរ សម្រាប់កម្មករ/ការិនីរបស់យើង។ (និយាយជាមួយនាយក្រឹម និងនាយចយ កំប្លែង)  ឆ្នាំ ១៩៨៩ ប៉ៃលិនត្រូវបាត់ ដើមឆ្នាំ ៩០ ខ្ញុំទៅបាត់ដំបង ដើម្បីពិនិត្យមើលប្រព័ន្ធការពារខេត្តបាត់ដំបង ព្រោះខ្មែរក្រហមបានឡើងមកកៀកផ្លូវខ្នែងមួយទៅប៉ៃលិន មួយទៅសំឡូត។ ពេលនោះខែត្រជាក់ផង។ ប្រជាពលរដ្ឋរបស់យើងការពារខ្សែក្រវាត់ក្រុងបាត់ដំបង។ ខ្ញុំក៏ដើរសួរសុខទុក្ខគាត់។ ​ខ្ញុំនិយាយជាមួយគាត់​ ខ្ញុំថា យើងត្រូវរួមគ្នាការពារទឹកដីអង្គរ​។ បាទ! យើងត្រូវការពារអង្គរ។ ស្រាប់តែគាត់ដើរត្រុកៗទៅគុម្ពោតព្រៃមួយ ទាញស្រាអង្គរមួយយកមកចាក់ផឹកក្លែមកាត់ព្រឹកទៅ។ អាហ្នឹងគេហៅការពារអង្គរ …។

អនុសាសន៍ទី ២ ពង្រឹងជំនាញ សមត្ថភាព វិជ្ជាជីវៈ ក្រមសីលធម៌

អម្បាញ់មិញ ខ្ញុំនិយាយពីអនុសាសន៍ ប៉ុន្តែ វាបែកទៅរឿង អាក្រឹម និង អាចយ ឯណោះវិញ។ ឥឡូវនេះ ត្រូវបន្តការខិតខំទៅលើរឿងនេះតទៅទៀត មិនមែនគ្រាន់តែការខិតខំទៅលើការបន្តទេ វិសាលភាព និងគុណភាពរបស់វាក៏ត្រូវបានពង្រីក តាមរយៈការបំពេញបន្ថែមនូវសម្ភារៈបរិក្ខា និងរបស់របរប្រើប្រាស់ផ្សេងទៀត ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការថ្មីរបស់ប្រជាជន។ នេះជាចំណុចដែលយើងត្រូវបន្ត។ ឯទី ២ ត្រូវពង្រឹងជំនាញសមត្ថភាពគ្រូពេទ្យ និងសីលធម៌គ្រូពេទ្យ។ តាមរយៈនៃការដែលយើងធ្វើការតាមមន្ទីរពេទ្យ តាមរយៈដែលយើងចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ ហើយតាមរយៈដែលយើងចុះពិនិត្យព្យាបាលប្រជាជន នោះហើយគឺជាវិធីដើម្បីពង្រឹងនូវសមត្ថភាពជំនាញរបស់គ្រូពេទ្យ និងសីលធម៌របស់គ្រូពេទ្យផងដែរ។

ទទួលយកមិនបាននូវអ្នកដែលនិយាយថា គ្រូពេទ្យល្អ ១០ អាក្រក់ ៩០

ខ្ញុំសុំឲ្យអ្នកដែលបន្តុះបង្អាប់គ្រូពេទ្យថា គ្រូពេទ្យល្អមានត្រឹមតែ ១០% ឯគ្រូពេទ្យអាក្រក់មានទៅដល់ ៩០% ឲ្យពួកគេអន្តរាយដោយខ្លួនគេចុះ។ ខ្ញុំទទួលយកមិនបានទេ មិនមែនត្រឹមតែអស់លោក លោកស្រី នាងកញ្ញា ក្មួយៗមិនអាចទទួលយកបានទេ សូម្បីតែខ្ញុំមិនមែនជាគ្រូពេទ្យ ក៏ខ្ញុំមិនអាចទទួលយកនូវភាសានេះបានដែរ។ សាកល្បងពិនិត្យមើល បើ ៩០% អាក្រក់ ១០% ល្អ តើពេទ្យរបស់យើងមានមនុស្សរស់នៅបានទេ? និយាយឲ្យវាពិត។ ភាពខ្វះភាពសុចរិតក្នុងការនិយាយស្តី ខ្វះភាពសុចរិត គ្រាន់តែបម្រើគោលដៅនយោបាយ ដើម្បីបន្តុះបង្អាប់ ដើម្បីវាយប្រហារទៅលើស្ថាប័នជាតិ មិនមែនប៉ះពាល់ត្រឹមតែ ម៉ម ប៊ុនហេង ទេ​ ប៉ះពាល់គ្រូពេទ្យទាំងអស់នេះ វាធ្ងន់ធ្ងរពេកហើយ។ មនុស្សធុនហ្នឹង មិនគួរសេពគប់ទេ។ យើងទទួលស្គាល់នូវចំណុចខ្វះខាត ដែលយើងកំពុងធ្វើការកែតម្រូវ ពាក្យក្នុងន័យ ពង្រឹងសីលធម៌គ្រូពេទ្យ ហើយខ្ញុំតែងតែលើក។ យើងទទួលស្គាល់នូវការខ្វះខាត ប៉ុន្តែ​មិនដល់កម្រិតល្អ ១០ អាក្រក់ ៩០ នោះទេ។ ដើម្បីឆ្លើយតប និងដើម្បីវាយបំបាក់ជាមួយនឹងសម្តីគ្រោធគ្រាត និងអគុណធម៌បែបនេះ យើងទាំងអស់គ្នាជាគ្រូពេទ្យ ក្រៅពីពង្រឹងសមត្ថភាព វិជ្ជាជីវៈ ដើរឲ្យ​ទាន់នូវបច្ចេកវិទ្យាថ្មីៗ និងតាមឲ្យទាន់នូវជំងឺថ្មីៗ ដែលកំពុងកើតឡើងនៅក្នុងស្ថានការណ៍ដែលវាកំពុងវិវឌ្ឍជាពិសេស ការប្រែប្រួលអាកាសធាតុនាំទៅដល់ការប្រែប្រួលនូវស្ថានភាព​សុខភាពរបស់ប្រជាពលរដ្ឋ។ យើងត្រូវពង្រឹងនូវសមត្ថភាព នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ។ មានតែវិធីហ្នឹងទេ ធ្វើយ៉ាងម៉េចកុំឲ្យដូចគេថា។ អញ្ចឹង ១០ ល្អហ្នឹងជានរណា ឯ ៩០% ដែលអាក្រក់ជានរណា? អ្នកដែលនិយាយហ្នឹង ជារឿងមួយខុសធ្ងន់ណាស់ ហើយវាអយុត្តិធម៌សម្រាប់គ្រូពេទ្យរបស់យើង។

បើគ្រូពេទ្យអាក្រក់ ៩០% មែន តើកម្ពុជាអាចកើនពីប្រជាជន ៥ លាននាក់ ដល់ ជិត ១៦ លាននាក់ឬទេ?

តើមនុស្សអាចរស់នៅបានទេ? យើងចាប់ផ្តើមរំដោះប្រទេសសល់មនុស្សប្រហែលតែ ៥ លាននាក់ទេណា។ ប៉ុន្តែ ឥឡូវនេះជិត ១៦ លាននាក់ទៅហើយ។ កាលដែលយើងរំដោះ យើងក៏មានប្រមាណជាជាង ៥ លាននាក់ ឡាវក៏មាន ៥ លាននាក់ ឥឡូវឡាវមិនទាន់ឡើងដល់ ៧ លាននាក់ទេ ឯយើងឡើងជិតទៅដល់ ១៦ លាននាក់ បានសេចក្តីថា ខ្មែរយើងមានកូនច្រើនណាស់។ តែខ្ញុំអត់បន្ទោសអ្នកណាទេ ដោយសារខ្ញុំនាំអាទិ៍អាកូនច្រើនហ្នឹង​​។ មួយឆ្នាំមួយៗ ឥឡូវចៅឡើង ២០ នាក់ហើយ ចាប់តាំងពីមនុស្សតែ ២ នាក់ ហើយ ១៩៧៩ មានតែ ៣ នាក់ទេ ខ្ញុំ ប្រពន្ធខ្ញុំ និង ម៉ាណែត ប៉ុន្តែ ឥឡូវខ្ញុំមានដល់ទៅ ៣២ នាក់។ ប៉ុន្តែ យើងដាក់ជាសំណួរទៅមើល យើងជាប្រទេសមួយក្នុងចំណោមប្រទេស​ដែលគេចាត់ទុកថាជាប្រទេសជោគជ័យ ក្នុងសូចនាករទាក់ទិនជាមួយនឹងវិស័យសង្គម។ ឥឡូវ បញ្ហាបំបាត់ជំងឺគ្រុនស្វិតដៃជើង ដែលជោគជ័យរបស់យើង បំបាត់បានមុនការកំណត់ តើវាចេញមកពីនរណា? វាចេញមកពីការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យទាំងអស់ ហេតុអ្វីបានជាត្រូវគេមកនិយាយថា គ្រូពេទ្យរបស់យើងអាក្រក់រហូតទៅដល់ ៩០ ល្អតែ ១០។ បើគ្រូពេទ្យមិនធ្វើសកម្មភាពព្រមៗគ្នា នៅក្នុងក្របខណ្ឌ​ទូទាំងប្រទេស រាប់ទាំងតំបន់ដែលទើបធ្វើសមាហរណកម្មក្នុងពេលនោះ តើបានជោគជ័យមកពីណា? ការទម្លាក់ចុះនូវអត្រារីករាលដាលនៃជំងឺអេដស៍ របេង ជំងឺគ្រុនចាញ់ ហើយគោលដៅនៃជំងឺគ្រុនចាញ់ គឺជាគោលដៅធំរបស់យើងនៅឆ្នាំ ២០២៥ និងជំងឺដទៃទៀត។

កម្ពុជាធ្វើបានជោគជ័យច្រើន រហូតមានគេមករៀនសូត្រ តែមិនមានអ្នកណាលើកឡើងនោះទេ

យើងទទួល​​ជោគជ័យច្រើនណាស់ ឥឡូវគេមករៀនពីយើងច្រើន ក៏ប៉ុន្តែ អ្នកដែលមករៀនពីយើង គេលួចរៀនស្ងាត់ៗតាមរយៈស្ថាប័ននេះ ស្ថាប័ននោះរបស់អង្គការសហប្រជាជាតិ ឬស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ខ្ញុំទៅជួបប្រធានាធិបតី São Tomé and Príncipe ស៊ីបាយជាមួយគ្នា។ ប្រទេស São Tomé and Príncipe គឺជាប្រទេសអតីតអាណានិគមព័រទុយហ្គាល់។ ខ្ញុំធ្លាប់ទស្សនកិច្ចនៅប្រទេសនោះ តាំងពីខ្ញុំនៅធ្វើជារដ្ឋមន្រ្តីការបរទេស ទៅ São Tomé and Príncipe មួយអាទិត្យ ស៊ីបាយបានតែ ២ ដងទេ ក្រៅពីនោះគឺស៊ីចេក។ ដល់មកឆ្នាំ ២០០០ ពេលប្រជុំកំពូលត្បូងត្បូងនៅប្រទេសគុយបា ពេលនោះ តុបាយរៀបចំ ខ្ញុំអង្គុយជាប់ជាមួយប្រធានាធិបតី São Tomé and Príncipe ខ្ញុំនិយាយពីដំណើរដែលខ្ញុំទស្សនកិច្ចនៅប្រទេសគាត់កាលពីឆ្នាំ ១៩៨២។ ពេលនោះ គាត់ថា គ្រូពេទ្យរបស់ São Tomé and Príncipe ៧ នាក់ កំពុងរៀននៅកម្ពុជា។ ខ្ញុំភ្ញាក់ព្រើតតែម្តង។ គាត់ក៏និយាយថា កម្ពុជាជាកន្លែងដែលជោគជ័យ ទោះបីថាវាមិនទាន់ល្អ តែជាកន្លែងដែលមានជោគជ័យនៅក្នុងបញ្ហាមួយចំនួន ដែលគប្បីចែករំលែកបទពិសោធន៍។ ដល់យើងស្រាវជ្រាវទៅ ធនាគារពិភពលោកនាំពី São Tomé and Príncipe ឲ្យមករៀនស្រុកខ្មែរ។ នៅស្រុកខ្មែរ គឺរៀនច្រើនណាស់មិនមែនតិចទេ។ ប៉ុន្តែ ពួកគេមិនហ៊ាននិយាយ ព្រោះកាលណានិយាយទៅ វាជាជោគជ័យរបស់​រាជរដ្ឋាភិបាលគណបក្សប្រជាជន រឿងវាតែប៉ុណ្ណឹងទេ … សូម្បីតែរឿងរ៉ាវដោះមីននេះ កម្ពុជាកំពុងបង្រៀនកូនសិស្សដែលមកពីកូឡុំប៊ី ទាក់ទងនឹងបញ្ហាដោះមីនដោះអីហ្នឹង។ … ខ្ញុំរួមជាមួយនឹងក្រុមគ្រូពេទ្យ មិនអាចទទួលយកបាននូវពាក្យសម្តីប្រ​មាថ​របស់មនុស្សខ្លះនោះទេ។ ប៉ុន្តែ ដើម្បីចៀសវាងកុំឲ្យការប្រមាថរបស់មនុស្សទាំងនោះវាត្រូវ វាទាល់តែយើងពង្រឹងនូវសីលធម៌របស់យើង ត្រូវស្រឡាញ់អ្នកជំងឺ ត្រូវយកចិត្តទុកដាក់លើអ្នកជំងឺ គិតអ្នកជំងឺជាសំខាន់។

មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើត សូមចូលរូម

ម្សិលមិញ ខ្ញុំចុះហត្ថលេខាហើយ ទៅលើការបង្កើតជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា​ ហើយខ្ញុំ និងភរិយា​ខ្ញុំធ្វើជាប្រធានកិត្តិយស នៃមូលនិធិនេះតែម្តង។ អញ្ចឹង អស់លោកឧកញ៉ាៗ ត្រៀមខ្លួនដើម្បីចូលរួម។ មូលនិធិគន្ធបុប្ផានៅប្រទេសស្វ៊ីស ដែលលោកវេជ្ជបណ្ឌិត Beat Richner ជាអ្នកបង្កើត នៅតែបន្តវត្តមាន តែយើងត្រូវមានមូលនិធិគន្ធបុប្ផារបស់កម្ពុជាមួយទៀត ជាមួយនឹងថវិការដ្ឋដែលត្រូវផ្ទេរជូនទៅ យើងក៏ត្រូវមានថវិកាដទៃទៀត តាមរយៈជនជាតិកម្ពុជារបស់យើង ចូលរួមជួយមន្ទីរពេទ្យនេះ។ ពិតហើយ មន្ទីរពេទ្យនេះមានប្រទេសខ្លះប្រឆាំងទៅនឹងមន្ទីរពេទ្យ ប្រឆាំងទៅនឹងវេជ្ជបណ្ឌិត Richner។ គេចង់ថា ស្តង់ដារព្យាបាលនៅកម្ពុជាឲ្យមានកម្រិតទាប កុំឲ្យដូចប្រទេសនានា ដែលមានការអភិវឌ្ឍ គេចង់បានអញ្ចឹង។ ប៉ុន្តែ វេជ្ជបណ្ឌិត Richner គាត់អត់ស្តាប់អញ្ចឹង។ ស្តង់ដារព្យាបាលរបស់​គន្ធបុប្ផាខ្ពស់ បានជាប្រទេសខ្លះ គេមិនសប្បាយចិត្ត គេមិនផ្តល់ជំនួយឲ្យគន្ធបុប្ផា ក៏ប៉ុន្តែ គាត់មានលទ្ធភា​ពរៃអង្គាស ហើយរដ្ឋាភិបាលស្វ៊ីសក៏បន្តជួយ ប៉ុន្តែ យើងក៏ត្រូវជួយមន្ទីរពេទ្យនេះ កុំឲ្យមន្ទីរពេទ្យនេះដួលរលំដោយ​សារអវត្តមានរបស់វេជ្ជបណ្ឌិត Richner។

អនុសាសន៍ទី ៣ កុំទុកអ្នកជំងឺទៅរកពេទ្យផ្សេងដោយខ្លួនឯង ពេលយើងគ្មានលទ្ធភាពព្យាបាល

អនុសាសន៍ទី ៣ សុំកុំទុកឲ្យអ្នកជំងឺណាមួយ ដែលមកពិនិត្យព្យាបាលនៅកន្លែងយើង តែយើងខ្វះលទ្ធភាព ហើយបែរជាទុកគាត់ឲ្យទៅរកពេទ្យផ្សេងទៀតនោះទេ។ យើងត្រូវទទួលយកគាត់ទៅកាន់មន្ទីរពេទ្យ​ណាមួយ ដើម្បីព្យាបាលគាត់បន្ត ដូចដែលយើងបានធ្វើកន្លងទៅនេះ។ ការពិតអ្នកដែលយើងចុះទៅនេះ យើងគ្មានសមត្ថភាពដើម្បីនឹងវះកាត់បេះដូងទេ យើងគ្មានសមត្ថភាពដើម្បីព្យាបាលជំងឺមហា​រីកទេ ប៉ុន្តែ យើងមានការទទួលខុសត្រូវ ពេលដែលឃើញពួកគាត់មានជំងឺយ៉ាងដូច្នេះហើយ គាត់មកពឹងពាក់យើង បែរជាយើងប្រាប់គាត់ថា ពួកខ្ញុំគ្មានសមត្ថភាពទេ សូមអញ្ជើញទៅរកពេទ្យដទៃ។ កុំធ្វើរឿងដូច្នេះឲ្យសោះ។ ត្រូវខិតខំយកគាត់មកកាន់មន្ទីរពេទ្យណាមួយជាក់លាក់ បើទោះបីជាមន្ទីរពេទ្យរដ្ឋក្តី មន្ទីរពេទ្យឯកជនក្តី យើងចេញលុយព្យាបាលឲ្យគាត់ រហូតដល់កន្លែងនេះ យើងមានបញ្ជូនទៅវះកាត់នៅកូរ៉េទៀតផង។ សុំកុំបោះបង់ចោលអ្នកជំងឺណាម្នាក់ ដែលគាត់មករកយើង យើងពិនិត្យទៅថា ជំងឺហ្នឹងយើងគ្មានសមត្ថភាពព្យាបាល បែរជាប្រាប់គាត់ថា ខ្ញុំអត់មានសមត្ថភាពទេ សុំទៅរកពេទ្យផ្សេង។ ធ្វើយ៉ាងនេះ គឺមិនមែនជាការទទួលខុសត្រូវទេ។ យកចិត្តទុកដាក់ទៅលើចំណុចនេះ។ ចំណុចនេះ តម្រូវឲ្យយើងទទួលខុសត្រូវមិនត្រឹមតែទៅលើការដឹកជញ្ជូនពួកគាត់មកទេ តម្រូវជួនកាលគាត់ជាអ្នកក្រីក្រ អញ្ចឹងការទទួលទាន ការស្អីៗ យើងត្រូវមានប្រាក់ឧបត្ថម្ភមួយចំនួន។ ត្រូវត្រៀមអាហ្នឹងថវិកាមួយចំនួន ដើម្បីឲ្យគាត់បានសម្រាកនៅក្នុងមន្ទីរពេទ្យ ក្នុងពេលដែលគាត់ទទួលការព្យាបាល។

យើងត្រូវមានកម្មវិធីនេះ ក្នុងចំណោម ១ ម៉ឺននាក់ អាចលេចឡើងនូវ ២ ឬ ៣ នាក់។ (មានអ្នកខ្សិបប្រាប់ថាបានធ្វើហើយ) ត្រូវហើយ បើអញ្ចឹងបន្តតាមផ្លូវហ្នឹងទៀត។ យើងទទួលទាំងការដឹកជញ្ជូន យើងទទួលទាំងការដឹកជញ្ជូន ទាំងការហូបចុក ទាំងការចំនាយផ្សេងៗ រាប់ទាំងអ្នកកំដរ ដូច្នេះត្រូវបន្ដ​ការ​ងារ​​នេះតទៅទៀត។ ព្រោះពួកគាត់ក្របានគាត់មករកយើង យើងទោះយ៉ាងម៉េចក៏ដោយមិនត្រូវឲ្យគាត់អស់​សង្ឃឹម​ទេ។ មានស្រ្ដីម្នាក់ចេះតែស្រែកថា នៅក្រមុំសោះ ពោះចេះតែធំ ហើយខាងកាកបាទក្រ​ហម គេដឹកយកមកវះ​នៅមន្ទីរពេទ្យកាល់ម៉ែត ជាទៅ។ អញ្ចឹងស្ថានភាពនេះ គាត់បានជាល្អណាស់ទៅហើយ តែយើងមិនត្រូវមើល​ត្រឹមគាត់ជាទេ គាត់ខ្វះខាតប្រាក់កាស យើងមានលទ្ធភាព យើងផ្ដល់ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដឹកជញ្ជូន​ទៅដល់ផ្ទះ។ ​យើងជួយផ្គត់ផ្គង់គាត់ក្នុងរយៈពេលព្យាបាលបន្ដ​​ទៀត​​បន្ទាប់ពីសំរាកនៅ​មន្ទីរ​ពេទ្យ។ ចំណុចនេះ​គឺជា​ចំណុចដែលត្រូវបន្ដការយកចិត្តទុកដាក់ មន្ទីរពេទ្យរបស់យើងកាន់តែប្រសើរឡើងៗ ដូចជាកាល់ម៉ែត​បច្ចុប្បន្ន មានម៉ាស៊ីនបាញ់មហារីកស្អីៗហ្នឹង កាន់តែទំនើបទៅៗ កន្លែងវះខួរក្បាល។ មន្ទីរពេទ្យយោធា សមត្ថ​ភាពកាន់តែប្រសើរ នៅមានមន្ទីរពេទ្យដទៃទៀត អញ្ចឹងខិតខំយ៉ាងណាកុំឲ្យអ្នកជំងឺណាមួយអស់សង្ឃឹម បើ​ទោះបីព្យាបាលជា ឬមិនជា ត្រូវតែខំព្យាបាល កុំថាលើសពីសមត្ថភាព។ ថាឥឡូវ បេសកកម្មរបស់ខ្ញុំ​ត្រឹមមក​ពិនិត្យ​​ទេ ហើយព្យាបាលតិចតួច ហើយជំងឺនេះជាប្រភេទជំងឺមហារីក ខ្ញុំមិនអាចព្យាបាលបានទេ ទៅរក​គ្រូពេទ្យផ្សេង អត់ប្រើភាសាហ្នឹងទេ។ គឺរៀបចំឥវ៉ាន់ ហើយទុកដាក់កូនចៅឲ្យស្រួល រួចហើយដឹកមកកាន់មន្ទីរ​ពេទ្យ ឲ្យគាត់ទទួលបាន​ការព្យាបាលឲ្យបានត្រឹមត្រូវ។

ឯចំណុចទី ៤ ហាមឃាត់ការប្រកាន់និន្នាការនយោបាយ ហាមសួរបោះឆ្នោតឲ្យបក្សណា ឬគាំទ្របក្សណា អ្នកនោះគាំទ្របក្សណាក៏ដោយត្រូវតែពិនិត្យព្យាបាលដោយគា្មនការរើសអើង។ នេះជាតំណម នៃគ្រូពេទ្យស្ម័គ្រចិត្ត​របស់យើង TYDA។ TYDA ត្រូវមានតំណមមួយនេះ បើទោះបីគេធ្លាប់ជេរបញ្ចោរ យើងយ៉ាងម៉េចក៏ដោយ នៅពេល​ដែលគេមកយកសេវាសុខាភិបាលពីយើង យើងត្រូវព្យាបាលឲ្យគាត់ ឲ្យពេញចិត្ត ឲ្យជា។ បញ្ហាសំខាន់ឲ្យមនុស្ស​ជា ហាមសួរបោះឆ្នោតឲ្យបក្សណា គាំទ្របក្សណា កុំប្រកាន់ និន្នាការនយោបាយឲ្យសោះ។ បើទោះបីគាត់ធ្លាប់​ជេរប្រមាថយើងយ៉ាងម៉េចក៏ដោយ រឿងសំខាន់ត្រូវព្យាបាលឲ្យគាត់បានជា ហើយបើគាត់ជាហើយ គាត់ជេរ​យើងទៀត ថ្ងៃក្រោយគាត់មករកទៀត នៅតែព្យាបាលទៀត។ អោយគាត់ជេរអោយអស់ចិត្ត រួចហើយប្រាប់​គាត់​ថា ដោយសារមីងឯងពូកែជេរពេកបានជាឈឺ  ប៉ុន្តែអត់ទេអាហ្នឹង(សើច)ទោះមិនជាក៏ឈឺដែរ។ រឿងនយោបាយ​គឺជារឿងមួយ ប៉ុន្ដែបញ្ហាសុខុមាលភាព និងកិច្ចការមនុស្សធម៌គឺជារឿងមួយ ដែលគ្មានការប្រកាន់បក្ខពួក គ្មាន​រើសអើងសញ្ជាតិ គ្មានរើសអើងសាសនា ពណ៌សម្បុរ នយោបាយ។

អនុសាសន៍ទី ៥ បន្ដសហការជាមួយប្រទេសនានាដែលចង់ជួយ ហើយក៏សូមអំពាវនាវសប្បុរជន បន្ដគាំទ្រត​ទៅទៀត យើងបន្ដពង្រីកទំនាក់ទំនងជាមួយប្រទេសនានា។ ជួនកាលគេមានក្រុមគ្រូពេទ្យរបស់គេមកជាមួយ​យើងតែម្ដង គេមានឧបករណ៍របស់គេ យើងក៏ទៅជាមួយគេ ទៅជាមួយគ្នា។ ជួនកាលយើងមានទំនាក់ទំនង​​អាចជំរុញសមត្ថភាពក្រុមគ្រូពេទ្យរបស់យើង បើសិនគេជួយយើងចូលរួមក្នុងចំណោមគ្រូពេទ្យស្ម័គ្រចិត្ត​របស់​យើង ទៅធ្វើកម្មសិក្សានៅក្នុងប្រទេសគេ ដើម្បីយកជំនាញមក ព្រោះយើងចុះព្យាបាលជំងឺជូនប្រជាជន​មិនមែន​មានជំនាញតែមួយឯណា ជំនាញខុសៗគ្នា អ្នកខ្លះខាងធ្មេញទៅ អ្នកខ្លះខាងភ្នែក អ្នកខ្លះខាងរោគស្ដ្រីទៅ អ្នក​ខ្លះខាងរោគនេះ រោគនោះទៅ។

កើតរោគការងារ

ឥឡូវ ខ្ញុំកើតរោគមួយ អាហ្នឹងរោគការងារ។ អង្គុយអញ្ចឹងអត់ឈឺពោះទេ ពីមុនខ្ញុំនិយាយម្ដងប៉ុន្មានថ្ងៃហ្នឹងកើត​ទៀត ឲ្យតែឡើងលើគ្រែព្រឹបឈឺពោះតែម្ដង។ មកអង្គុយសរសេរ អង្គុយស៊ីញ៉េ អង្គុយប្រជុំ អត់អីទាំងអស់ ដេកភ្លាមឈឺពោះ។ អញ្ចឹងជំងឺនេះឆ្លាត ​ឲ្យយើងធ្វើការរហូត ហើយអញ្ចឹងឯកសារប៉ុន្មានក៏ត្រូវតែខ្ទេចដែរ ដាក់​មកប៉ុន្មាន ថាស៊ីញ៉េមិនទាន់អស់ ត្រូវយកមក ត្រូវមកអង្គុយពិនិត្យ។ ម្សិលមិញnote អានេះ ប្រុងថា​យកមកនិយាយ នៅក្នុងទូរស័ព្ទ ប្រុងថា note ដេកទេ ប៉ុន្តែដេកទៅវាចេះតែឈឺពោះ។ អញ្ចឹងក៏អង្គុយ។ ជា​ធម្មតា ខ្ញុំតែងប្រើប្រាស់ទូរស័ព្ទដើម្បីសរសេរបញ្ចូលនៅក្នុងហ្នឹង។ អញ្ចឹងបានអ្នកខ្លះ ឯងទៅអង្គការសហ​ប្រជាជាតិ វាឃើញឯងកាន់ទូរស័ព្ទ វាថាឯងលេងហ្វេសប៊ុក … នេះចាត់ទុកថានាយករដ្ឋមន្ត្រី​មួយនេះ គឺសកម្មណាស់។ ម៉្យាងទៀត តើមួយថ្ងៃៗ ប៉ុន្មានទៅនៃព័ត៌មានដែលចូលមកក្នុងនេះ ផ្នែករដ្ឋាភិបាល​ ផ្នែកកងទ័ព ផ្នែកនេះ ផ្នែកនោះ ជួនកាលត្រូវឆ្លើយ។ ប៉ុន្តែរឿងមួយទៀត ទម្លាប់របស់ខ្ញុំ ខ្ញុំមិនសូវអានសុន្ទរកថា​ទេ ជួនកាលខ្ញុំប្រើអាហ្នឹង បចេ្ចកវិទ្យាប៉ុណ្ណឹងហើយ វាថាឯងលេងហ្វេសប៊ុក។

ថាបើវាឆ្កួត វាឆ្កួតអីទេ ប៉ុន្ដែ​ណាស់ហើយ ដោយសារវាអញ្ចឹងហើយនោះ អាខ្លះជាប់គុក អាខ្លះរត់ចោលស្រុក អាខ្លះរលាយ រឿងវាអញ្ចឹង។ គ្រាន់តែគេកាន់ទូរស័ព្ទ ថាគេលេងហ្វេសប៊ុក វាទៅឆ្កួតអញ្ចេះទៅ ហើយមានអ្នកចូលមក comment ក៏សូមឆ្លើយ​ត្រឡប់ទៅវិញ ប្រហែលជាពីរឆ្នាំមុន។ កាលហ្នឹងខ្ញុំដូចជាបង្ហោះវាយ​កូនហ្គោលនៅឯណាទេ ខ្ញុំបង្ហោះពីការ​ហាត់ប្រាណ វាយកូនហ្គោល ស្រាប់តែចូលមក comment របៀបឌឺថា« សម្ដេច !ខ្ញុំក្រណាស់ ឯសម្ដេចមានលទ្ធ​ភាពវាយកូនហ្គោល លេងកីឡា ឯខ្ញុំក្រណាស់ រកតែបាយស៊ីមិនបានផង»។ បានអញ្ចឹងក៏តបទៅវិញថា «ក្មួយក្រ​ក្នុងពេលដែលក្មួយកំពុងតែមានទូរស័ព្ទឆ្លងឆ្លើយតាមហ្វេសប៊ុក តើនេះជាអ្នកមានជំនាន់ថ្មីឬ? មានទូរស័ព្ទទាល់តែស្មាតហ្វូន ទើបលេងហ្វេសប៊ុកកើត ហើយបើរកបាយស៊ីមិនបាន ម៉េចមិនលក់ទូរស័ព្ទទិញស៊ីសិនទៅ ចាំបាច់មកឌឺដងច្រើនម្ល៉េះ គ្រាន់តែគ្នាទៅហាត់ប្រាណ។ មកថាសម្ដេចមានពេលហាត់ប្រាណ ឯគេក្រណាស់ ហើយក្រ អានេះមានលុយទិញកាតទូរស័ព្ទ សុទ្ធតែ 4G, 3G អាហ្នឹងលេងហ្វេសប៊ុកបាន ទាល់តែមានអ៊ិនធើ​ណែត​។ អញ្ចឹងទេ ដល់ពេលវាហួសពេក បង្ហោះទៅបានវាយបានប៉ុន្មានឡូ យកមកមើលគេcommentអីខ្លះ មានcommentមួយ ឌឺមកតែម្ដង សួរទៅវិញហ្មង វាទៅជារឿង មួយអញ្ចេះទៅទៀត។ ឥឡូវម៉ោងប៉ុន្មាន? ឧទ្ធម្ភាគចក្រចុះឬនៅ? …។

រក្សាសន្ដិភាព/គោលដៅ ២០៣០ សម្រេចជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

ថ្ងៃនេះ បានជាប្រញាប់ទៅបន្ដិច ព្រោះគេថាល្ងាចនេះនឹងត្រូវមានភ្លៀងនៅមាត់សមុទ្រ។ អញ្ចឹងទេបាន ជាត្រូវ​ចេញពីព្រឹកបន្ដិច។ ពិតហើយយើងចាប់ផ្ដើមព្រឹកមិញម៉ោង ៧ កន្លះ ឥឡូវ ១ ម៉ោងជាងហើយ ប៉ុណ្ណឹងល្មមហើយ។ ខ្ញុំមិនចង់និយាយរឿងនយោបាយអីទេ ប៉ុន្ដែគ្រាន់តែថា សង្ឃឹមអញ្ចេះ ទាំងអស់​គ្នាសុទ្ធ​តែបានដឹងថា​ការវិវឌ្ឍ នៃសភាពការណ៍កម្ពុជា វាយ៉ាងម៉េចទៅហើយ។ ប៉ុន្ដែខ្ញុំសូមផ្ដាំមួយមុខ រឿង​រ៉ាវ​ទាំង​ឡាយ ទោះបីកើតរឿងអីក៏ដោយចុះ អ្វីដែលត្រូវខិតខំគឺរក្សាសន្ដិភាពឲ្យបាន។ រឿងនេះសំខាន់ណាស់។ បើរក្សា​សន្ដិភាពមិនបានទេ កុំនិយាយដល់បញ្ហាអីផ្សេងទៀត។ អតីតកាលជារឿងដ៏ឈឺចាប់សម្រាប់យើងជាមេរៀន​សម្រាប់​យើង។ ដូនតាយើង ឪពុកម្ដាយយើង តើគាត់យ៉ាងម៉េច? ពួកគាត់វេទនាខ្លាំងណាស់ ទម្រាំបានសភាព​ការណ៍ដូចពេលនេះ។ ពីប្រទេសមួយដែលមានប្រាក់ចំណូលតិចតួច សម័យដើម មន្ត្រីរាជការរបស់យើងរាប់​ទាំងគ្រូពេទ្យ រាប់ទាំងគ្រូបង្រៀន នឹងមន្រ្ដីតាមសា្ថប័នរស់ដោយសារទំនិញតែ ៩ មុខទេ។ ធានាទំនិញ ៩ មុខ​ដើម្បីលក់ឲ្យមន្ត្រីរាជការរបស់យើង លំបាកណាស់។ ឥឡូវសភាពការណ៍បានផ្លាស់ប្ដូរហើយពីទីក្រុងភ្នំពេញ គ្មានមនុស្សនៅ ក្លាយជាទីក្រុងភ្នំពេញដែលស្ទះចរាចរណ៍ ហើយទាំងអស់នេះមិនបានធ្លាក់មកពីលើមេឃទេ ហើយក៏មិនបានមកពីពួកប្រឆាំងនោះដែរ តែបានមកពីការខិតខំរបស់យើងទាំងអស់គ្នា ដើម្បីកសាងប្រទេស​មួយពីគំនរផេះផង់។

ឥឡូវនេះ នៅតំបន់កោះពេជ្ររបស់យើងនេះ និងក្បែរខាងនេះ ក៏មានអគារខ្ពស់រាប់សិប​ជាន់ដែរ។ យើងបានប្រឹងប្រែងងើបឈរឡើងទាំងលំបាកលំបិន ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម​កម្រិតទាប ហើយមហិច្ឆតាយើងមិនត្រូវឲ្យនៅជាប់ក្នុងអន្ទាក់​ប្រទេសប្រាក់ចំណូលមធ្យម​កម្រិត​ទាបទេ គោលដៅជាក់លាក់របស់យើងនៅឆ្នាំ ២០៣០ ត្រូវសម្រេចឲ្យបាននូវប្រាក់ចំណូល ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ យើងកំពុងតែខិតខំបន្តការចរចាជាមួយនឹងប្រទេសនានា និងដៃគូ អំពីអត្រាការប្រាក់។ នៅពេលដែលយើងក្លាយទីជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឬប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ការខ្ចីបុលពីក្រៅប្រទេស នឹងចូលទៅកាន់អត្រាការប្រាក់ពាណិជ្ជកម្ម មិនមែនអត្រាការប្រាក់សម្បទានទៀតទេ។ ក៏ប៉ុន្តែក្នុងដំណាក់កាលនេះ ប្រទេស និងស្ថាប័ន ដែលផ្តល់នូវហិរញ្ញប្បទានសម្រាប់យើង នៅបន្តឲ្យយើងទទួលបាននូវហិរញ្ញប្បទាន នូវអត្រាការប្រាក់សម្បទាន។

ប្រទេសណាក៏ជំពាក់បំណុលក្រៅប្រទេសដែរ

កាលដែលខ្ញុំចាប់ផ្តើមនិយាយ ខ្ញុំនិយាយដល់បញ្ហាទាក់ទិននឹងបញ្ហាបំណុល។ ប្រទេសលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលមិនជាប់បំណុលក្រៅ លើកលែងតែប្រទេសព្រុយណេ។ នៅក្នុងតំបន់របស់យើង តាមស្តង់ដាជាទូទៅ អនុបាតបំណុល គឺប្រទេសមួយៗមានសិទ្ធិខ្ចីត្រឹម ៤០% នៃផលិត​ផលរបស់ជាតិ។ កម្ពុជាពេលនេះ អនុបាតបំណុលរបស់យើង ដែលលទ្ធភាពត្រូវខ្ចីទៅដល់ ៤០% យើង មានត្រឹមខ្ចីតែ ២២% ទេ ២២% គិតទាំងបំណុលចាស់របស់អាមេរិក និងបំណុលចាស់របស់រុស្ស៊ីផង។ ប្រទេសខ្លះនៅក្នុងតំបន់របស់យើង ជំពាក់គេដល់ទៅ ១០០%, ១២០% ប្រទេសខ្លះដល់ទៅ ២០០% នៃអនុបាតបំណុលទៅហើយ ក្នុងពេលអនុបាតបំណុលគេឲ្យខ្ចីត្រឹមតែ ៤០% នៃផលិតផលសរុប។

សាកសួរមើល សួរប្រទេសបារាំងមើល ប្រជាជនម្នាក់ជំពាក់គេប៉ុន្មាន ជាង ៥ ម៉ឺនដុល្លារអាមេរិក។ ពួកប្រឆាំងស្អីឡើង កូនខ្មែរកើតឡើងភ្លាមជំពាក់គេជាង ២០០ ប៉ុន្តែអ្នកនិយាយ វានៅក្នុងប្រទេសមួយ ដែលមនុស្សកើតង៉ាភ្លាម ជំពាក់គេជាង ៥ ម៉ឺន តែវាអត់គិត។ វាគិតស្មានតែខ្មែរមិនចេះគិត។ អាមេរិកដូចជាជំពាក់គេ ៤ ម៉ឺនប្លាយ ក្នុងមនុស្សម្នាក់ជំពាក់គេ ៤ ម៉ឺនប្លាយ ឯយើងទើបនឹងប៉ុន្មានរយ តែយើងត្រូវបន្តការគ្រប់គ្រង។ យើងមានច្បាប់របស់យើង។ យើងសុខចិត្តធ្វើមុខក្រាស់បន្តិចចុះ សុំតែម្តង ប៉ុន្តែសុំតែរបស់ណា ដែលយកមកបម្រើឲ្យជម្រុញនៃល្បឿននៃកំណើនសេដ្ឋកិច្ច ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ឬក៏ក្នុងវិស័យសង្គម ទាក់ទងនឹងសុខុមាលភាពរបស់ប្រជាជន និងការពង្រឹងធនធានមនុស្សរបស់យើង។ នេះជាតម្រូវការរបស់ជាតិ វាមានអញ្ចឹង។

ល្បិចញាក់ឆ្វេង វាយស្តាំ

ខ្ញុំនឹងបន្ត ប្រហែលជាអ្នកទាំងអស់បានដឹងហើយ ខ្ញុំបានប្រកាសថា ខ្ញុំនឹងបន្តមុខតំណែងនាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នាំទៀតទេ លុះត្រាតែពួកអាចង្រៃអស់នេះ រលាបរលាយ។ សភាពការណ៍វានឹងន ច្បាស់លាស់។ ការចាកចេញរបស់ ហ៊ុន សែន គឺមានភាពងាយស្រួល ប៉ុន្តែមានពួកអាចង្រៃអស់នេះ ហ៊ុន សែន នៅហ្នឹង។ អ្នកដែលអាចត្រួតត្រាវាបាន ប្រហែលជាមនុស្សមិនច្រើនទេ សំខាន់ជាងគេគឺ ហ៊ុន សែន។ អញ្ចឹងវាប្រមូលផ្តុំវាយ ហ៊ុន សែន វាយត្រកូល ហ៊ុន។ សូម្បីប៉ុន្មានថ្ងៃមុន វាថា ហ៊ុន ម៉ាណែត ពូកែផឹក។ ស្រីពៅនិយាយថា ខុសបាត់ មិនមែន បងណែត ពូកែផឹកទេ កូនស្រីៗពូកែផឹកជាង។ វាប្រមូលផ្តុំវាយខ្ញុំ វាចង់ឲ្យខ្ញុំខឹង ប៉ុន្តែអ្នកត្រូវយល់ រុញមួយឆេវ អានោះភ្លេចគិតការងារអីទាំងអស់ ដើរដុតរូប។ អញ្ចឹងអ្នកឯងលេងល្បែង ហ៊ុន សែន គូសឲ្យលេងតើ។ និយាយតាមឲ្យពិត ថ្ងៃនេះបញ្ជោះឲ្យអ្នកឯងទេ អ្នកឯងចាញ់កលល្បិច ហ៊ុន សែន ហើយ។ នៅលើលោកនេះ មានការដុតទីងមោង បើរូបលោក គីម ជុងអ៊ុន វិញ មិនមែនដុតទីងមោងទេ  ដុតផង យកអីគូស កាប់ចាក់ គីម ជុងអ៊ុន ផង ដល់ខ្ញុំ ខ្ញុំនិយាយអំពីទិដ្ឋភាពស្រុកខ្មែរ តែហ៊ានដុតរូប ហ៊ុន សែន តាមវាយដល់ផ្ទះ។

ប៉ុន្មានថ្ងៃហ្នឹង អានោះអត់ធ្វើអីទេ ភ្លេចគិតការងារហ្នឹង គិតតែពីដុតរូប ហ៊ុន សែន តែម្តង។ អាពៅអើយ បើមិនទាន់ប្រាកដទេ កុំអាលលេងជាមួយ ហ៊ុន សែន អី។ ស្ទើរភ្លើងខ្លាំងណាស់។ ពាក្យខ្មែរ យើងគេថា ញាក់ឆ្វេង វាយស្តាំ ឬញាក់ស្តាំ វាយឆ្វេង។ អញ្ចឹងទេ ប៉ុន្មានថ្ងៃនេះ វាបានគិតគូរអីវា អ្នកដែលហត់​គឺពួកទៅធ្វើបាតុកម្មហ្នឹងឯង ចំណាយលុយចំណាយកាក់ហ្នឹងឯង។ អញ្ចឹងបានឥឡូវខ្ញុំប្រាប់បន្ថែមទៀតថា ដួងកែវរបស់ ហ៊ុន សែន គឺនៅហ្នឹងនាគរាជ ហើយនាគរាជនៅតាមវត្តទាំងអស់ នៅតាមវិហារ អញ្ចឹងបើចង់សម្លាប់ ហ៊ុន សែន បានគឺវាយវិហារដែលមានរូបនាគ វាយឲ្យអស់ទៅ។ អានេះឆ្កួតឡប់ ប៉ុន្តែដោយសារអញ្ចឹង បានវាអញ្ចឹង ដាក់ទិសដៅនយោបាយមក កំចាត់គេកំចាត់ឯង។ ឥឡូវខ្ញុំអត់មានធ្វើអីច្រើនទេ ខ្ញុំធ្វើតាមអ្នកឯងតើ។ នយោបាយអ្នកឯងបានកែហើយឬនៅ មានស៊ី អត់សែន បើអ្នកឯងមិនទាន់កែ ខ្ញុំកំដរអ្នកឯងលេងដល់ទីបញ្ចប់ ។ ខ្មោចរបស់ខ្ញុំស្លាប់ គឺកប់នៅកម្ពុជា ខ្មោចរបស់អ្នកឯងងាប់ គឺកប់នៅប្រទេសក្រៅ។ រឿងប៉ុណ្ណឹង។

ព្យាយាមការពារសុខសន្តិភាពរបស់ប្រទេសជាតិ មិនឲ្យអ្នកណាបំពានលទ្ធិប្រជាធិបតេយ្យបានទេ

ខ្ញុំបើកទ្វារចំហទៅលើកិច្ចការសន្ទនានយោបាយជាមួយអ្នកណាក៏ដោយ ក៏ប៉ុន្តែ ត្រូវតែញែកគ្នាឲ្យ​ច្បាស់​។ ខ្ញុំមិនអាចសន្ទនាជាមួយអ្នកណា ដែលជាប់បញ្ហាផ្លូវច្បាប់បានទេ ព្រោះរឿងនេះគឺជារឿងតុលា​ការ ឯរឿងអ្នកដទៃទៀត ដែលមិនជាប់បញ្ហាផ្លូវច្បាប់ បក្សនយោបាយច្រើនណាស់ ឥឡូវលឺថាបង្កើតបក្ស កែម ឡី​ ហើយលឺថា តា ម៉ម សូណង់ដូ កំពុងតែពង្រឹងកម្លាំងរបស់គាត់ខ្លាំងណាស់ … តាដូ អើយ!ចាស់ហើយ ប៉ុន្តែបើធ្វើបាន ក៏ធ្វើទៅ។ បក្សនយោបាយនឹងកើតព្រោងព្រាត។ ការដែលអនុវត្តច្បាប់ទៅលើអ្នកដែលប្រព្រឹត្តខុស និងអង្គការចាត់តាំងនយោបាយមួយ ដែលធ្វើខុស មិនមែនជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ តែនេះជាការសង្គ្រោះលទ្ធិប្រជាធិបតេយ្យ ហើយធានាបានថា មិនមានមនុស្សណាស្លាប់ ដោ​យសារអំពើអនាធិបតេយ្យរប​ស់ក្រុមជ្រុលនិយមមួយក្រុមទេ។ ខ្ញុំបាននិយាយនៅទីនេះ បើទោះបីចំណាយ​​មនុស្សមួយចំនួន ដើម្បីសង្គ្រោះមនុស្សរាប់លាននាក់ ក៏ត្រូវតែធ្វើដែរ មិនអាចទុកឲ្យអ្នកឯងបំផ្លាញជាតិបានទេ។ សង្គ្រាម ខ្ញុំជាអ្នកបញ្ចប់សង្គ្រាម មិនមែនអ្នកបង្កើតសង្គ្រាមទេ សង្គ្រាមត្រូវបានបញ្ចប់ក្នុងកណ្តាប់ដៃរបស់ ហ៊ុន សែន។

ពេលដែលប្រទេសផ្ទុះសង្គ្រាម ខ្ញុំទើបមានអាយុ ១៨ ឆ្នាំទេ ពីឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ១៩៩៨ យើងគិតមើលប៉ុន្មានឆ្នាំ? ២៨ ឆ្នាំ ប៉ុន្តែកុំភ្លេចថា មុនឆ្នាំ ១៩៧០ ខ្មែរមាន ៥ ក្រុម ឯណោះ ខ្មែរក្រហម ខ្មែរស ខ្មែរខៀវ​ ខ្មែរស៊ីជម្ពូ និងខ្មែររដ្ឋាភិបាល។ ខ្មែរស៊ីជម្ពូ អត់មានកម្លាំងប្រដាប់អាវុធទេ ប៉ុន្តែសំបូរក្នុងគុកព្រៃ ស ប៉ុន្តែខ្មែរសនៅក្បែរព្រំដែនកម្ពុជាវៀតណាម ខ្មែរខៀវនៅក្បែរព្រំដែនកម្ពុជាថៃ ឯខ្មែរក្រហមពង្រាយពេញប្រទេស។ ប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាច្រើន ហើយរឿងនេះវាមិនមែនទើបនឹងកើតថ្មីថ្មោងទេ ត្រឹមឆ្នាំ ១៩៧០ ទេ រឿងនេះវាបានបែងចែកប្រទេសកម្ពុជាតាំងពីសម័យក្រោយ ពញាយ៉ាត មើលក្នុងមហាបុរសខ្មែរ ឬក៏មើលក្នុងសៀវភៅពាក់ព័ន្ធនឹង ហ្លួងព្រះស្តេចកន ដែលបណ្ឌិតសភាចារ្យ រស់ ចន្ត្រា បុត្រ បានសរសេរច្បិចយកពីប្រវត្តិ ដែលមានទំនាក់ទំនងជាមួយនឹង ពញាយ៉ាត ដែលជាអ្នកតាំងទីលំ​នៅ​នៅភ្នំពេញដំបូងបំផុត។ ខ្មែរចាប់បែកបាក់តាំងពីពេលហ្នឹង រហូតមក រួមបានបន្តិចបែកទៅវិញៗ។ ដែនដីកម្ពុជា ប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាច្រើន។

ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រមួយ រាជរដ្ឋាភិបាលមួយ កម្លាំងប្រដាប់អាវុធតែមួយ។ អញ្ចឹងទេ ខ្ញុំនៅ ១០ ឆ្នាំទៀត វាជាសិទ្ធិរបស់ខ្ញុំ ហើយក៏ជាសិទ្ធិរបស់ប្រជាជន។ ខ្ញុំនៅតែបន្តការឈរឈ្មោះ ហើយក្នុងឋានៈជា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនបន្តទៀត អ្នកណាពេញចិត្ត ឬមិនពេញចិត្ត រឿងរបស់អ្នកមិនពេញចិត្តតើ ព្រោះមនុស្ស។ ខ្ញុំជឿជាក់ខ្លួនឯងច្បាស់ណាស់ ដឹងខ្លួនឯងច្បាស់ណាស់ មិនមែនមនុស្សទាំងអស់ស្រឡាញ់ ហ៊ុន សែន ទេ ប៉ុន្តែអ្នកឯងក៏ត្រូវគិតដែរ ថាមិនមែនមានមនុស្សស្រឡាញ់អ្នកឯងទាំងអស់ដែរ។ ខ្ញុំអង្គុយនៅទីនេះ គឺដើម្បីការពារសេចក្តីសុខរបស់ប្រជាជន ដើម្បីធានាថាប្រ​ទេស​នេះនៅតែមានសន្តិភាពបន្តទៀត និងប្រទេសនេះត្រូវទទួលបាននូវការអភិវឌ្ឍជាបន្តទៀត ក្រោមលក្ខខណ្ឌជាប្រទេសមួយដែលមានឯករាជ្យ និងអធិបតេយ្យភាព។ យើងមិនអោនក្បាលសម្រាប់ការដោះដូរជាមួយនឹងអ្នកណារឿងអ្វីមួយទេ។

ត្រៀមទៅប្រជុំអាស៊ី/អឺរ៉ុប

ប្រធានាធិបតីហ្វីលីពីន ទើបបានប្រកាសថ្មីៗ ទាត់ចោលជំនួយប្រទេសមួយចំនួន ដែលទើបដាក់លក្ខ​ខណ្ឌ​។ Duterte ទៅឆ្ងាយជាងខ្ញុំ ឆ្ងាយណាស់។ ត្រូវជេរ ជេរតែម្តង ជេរប្រធានាធិបតីប្រទេសខ្លះ សុទ្ធតែកូនមីសំផឹង តែខ្ញុំមិនដូច Duterte ពេកទេ។ មកប្រជុំ World Economic Forum នៅទីក្រុងភ្នំពេញ គាត់មកភ្នំពេញ ២ ដង​។ ​ទស្សនកិច្ចម្តង និងមកប្រជុំវេទិកាពិភពលោកស្តីពីអាស៊ាន ហើយជួបគ្នាពេលណា គឺតែងតែពិគ្រោះគ្នា ព្រោះជាដៃគូមួយដែលហ៊ាននិយាយការពិតចេញមក។ គាត់អត់ខ្វល់ព្រោះប្រទេសរបស់គាត់ប្រធានបទក្តៅបំផុតរបស់ប្រទេសគាត់ គឺគ្រឿងញៀន។ គាត់បញ្ជាឲ្យកម្លាំងបង្រ្កាប។ ឥឡូវ គេថាតុលាការឧក្រិដ្ឋកម្មស៊ើបអង្កេតពីគាត់ គាត់ថា គាត់នឹងទៅ បើសិនជាគេត្រូវកាត់ ទោសទៅរកកន្លែងណា ដែលគេកាត់ទោសប្រហារជីវិតដោយបាញ់ គាត់នឹងទៅស្លាប់កន្លែងនោះ។ គាត់ឌឺឲ្យទៀត។ នៅទីនេះ ប្រជុំនៅសណ្ឋាគារសុខា ពេលដែលពិភាក្សាជាក្រុមជាមួយមេដឹកនាំអាស៊ានមួយចំនួន គាត់និយាយទាត់វាចោលតែម្តង។ ឥឡូវ មិនដឹងថាគាត់ទៅប្រជុំអាស៊ី-អឺរ៉ុប ឬអត់? ព្រោះប្រជុំអាស៊ី-អឺរ៉ុបឆ្នាំហ្នឹង ត្រូវប្រជុំនៅឯ Brussels ប្រទេស Belgium ព្រោះខាងអឺរ៉ុបគេម្ចាស់ផ្ទះ។ ឆ្នាំ ២០១៦ អាស៊ីធ្វើម្ចាស់ផ្ទះគឺ Mongolia ព្រោះប្តូរវេនគ្នា អឺរ៉ុបម្តង អាស៊ីម្តង។ ឥឡូវ ឮថាគាត់អត់ទៅទេ ឯខ្ញុំៗទៅ។ កំពុងតែពិនិត្យមើលថា បន្ទាប់ពីប្រជុំនៅអាស៊ី-អឺរ៉ុបហើយ ខ្ញុំមានគម្រោងទស្សនកិច្ចនៅប្រទេស Turkey ប៉ុន្តែ ប្រ​ហែល​ជាពេលនោះ ត្រូវធ្វើឡើង ក្រោយរដ្ឋាភិបាលថ្មី។

ដំណើរការក្រោយការបោះឆ្នោត

រដ្ឋាភិបាលថ្មីនឹងចាប់កំណើតនៅក្នុងខែ ៩ ព្រោះបោះឆ្នោតថ្ងៃ ២៩ ខែ កក្កដា រដ្ឋធម្មនុញ្ញបានកំណត់ថា ៦០ ថ្ងៃ យ៉ាងយូរ ព្រះមហាក្សត្រត្រូវកោះប្រជុំសភា។ ដូច្នេះមានន័យថា បើគ្មានបញ្ហាអ្វីកើតឡើ​ងទេ យើងអាចប្រជុំសភា មិនចាំបាច់រង់ចាំទៅដល់ថ្ងៃ ២៣-២៤ កញ្ញា ទេ ត្រឹមតែពាក់កណ្តាលខែកញ្ញា ឬក៏អាទិត្យទី ១ ខែកញ្ញាយើង ប្រជុំសភា ហើយបង្កើតរដ្ឋាភិបាលបាត់ហើយ។ រដ្ឋាភិបាលរបស់យើងអត់តម្រូវឲ្យប្រធានាធិបតី ប្រទេសណាផ្សេង ឬអគ្គលេខាធិការអង្គការសហប្រជាជាតិចុះហត្ថលេខាទទួលស្គាល់ទេ ព្រោះមហាក្សត្រជាទីសក្ការៈរបស់យើងបើកកោះប្រជុំសភា ព្រោះកោះប្រជុំសភាដំបូងព្រះមហាក្សត្របើកកោះប្រជុំសភា បន្ទាប់ទៅព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថតែងតាំងនាយករដ្ឋមន្រ្តីម្នាក់ចេញពីបក្សឈ្នះឆ្នោត។ នាយករដ្ឋមន្រ្តីរូបនោះត្រូវ ទៅផ្គូផ្គងសមាជិករាជរដ្ឋាភិបាល ហើយយកការទុកចិត្តពីសភា សភាផ្តល់ការទុកចិត្តរួចហើយ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាទៅលើព្រះរាជក្រឹត្យបង្កើតរាជរដ្ឋាភិបាល​ បន្ទាប់ទៅសមាជិករបស់រដ្ឋាភិបាលទាំងអស់ស្បថចូលកាន់តំណែង​ ចប់សេចក្តីហើយ។

ទោះជាតម្លៃណាក៏ដោយសន្តិភាពគឺជារឿងធំជាងគេបង្អស់

រឿងវាតែប៉ុណ្ណឹង ប្រទេសខ្លះដើម្បីសន្តិសុខរបស់ខ្លួន ដើម្បីស្ថេរភាពជាតិរបស់គេ គេប្រកាន់យកជម្រើស យោធាទៀតផង។ យើងអត់ជ្រៀតជ្រែកកិច្ចការរបស់គេទេ ប៉ុន្តែ ដូចនៅប្រទេសថៃ ប្រសិនបើយោធាមិន ធ្វើសកម្មភាពទេ តើប្រទេសថៃចែកចេញជាប៉ុន្មានចំរៀក? អាវលឿង អាវក្រហម ចម្រុះពណ៌ គឺថាសន្ធឹក សន្ធាប់ណាស់។ ប៉ុន្តែ ថៃស្ថិតនៅក្នុងប្រទេសមួយដែលមានស្ថេរភាព និងគួរឲ្យចាប់អារម្មណ៍។ ម៉េចបានប្រទេសនានាចាប់អារម្មណ៍លើបញ្ហាថៃ នៅមីយ៉ាន់ម៉ា បើយោងទៅលើការចង់បានរបស់លោកខាងលិច តើមីយ៉ាន់ម៉ា ទៅជាអ្វី? មានកម្លាំងប្រដាប់អាវុធច្រើនក្រុមខុសគ្នា ដែលមិនទាន់មានការស្រុះស្រួល ខ្លះចុះបទកិច្ចព្រមព្រៀងឈប់បាញ់ហើយ ក៏ប៉ុន្តែ ក៏ត្រូវផ្ទុះអាវុធឡើងវិញ។ សភាពការណ៍នៅរដ្ឋ Rakhine លើបញ្ហា Rohingya តម្រូវឲ្យមីយ៉ាន់ម៉ាដោះស្រាយ ដោយមានការរួមចំណែកពីសហគមន៍អន្តរជាតិ ក្នុងកម្រិតណាមួយដែលមីយ៉ាន់ម៉ាទទួលបាន។ ឥឡូវចង់ដករង្វាន់ Nobel ពី អោងសានស៊ូឃ្យី ទៀត។ ពីមុនដកពានរង្វាន់ខាងសេរីភាពពីសាកលវិទ្យាល័យ Oxford ឥឡូវថាចង់ស្អីជាមួយនឹងលោកជំទាវ អោងសានស៊ូឃ្យី ទៀតហើយ។ អញ្ចឹងមានន័យថាអា Nobel គេដាក់ផ្តល់សម្រាប់តែអ្នកជាប់គុក។ លោកជំទាវ អោងសានស៊ូឃ្យី ពេលដែលគាត់ជាប់គុកបានអាហ្នឹង ដល់ពេលគាត់មកកាន់អំណាច គេជេរគាត់ពេញទឹកពេញដីថា គាត់លែងគោរពពាក្យសន្យា។ ធ្វើបក្សប្រឆាំង ធ្វើកាន់អំណាចវាខុសគ្នា ហើយរឿងយើងមានសន្តិភាពវាធំជាងអីបង្អស់។ សុំទោស បើទោះបីដោយតម្លៃណាក៏ដោយ ខ្ញុំប្រើពាក្យតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឲ្យបាន យល់ហើយនៃតម្លៃណាក៏ដោយ។

ហើយអរគុណលោកឧកញ៉ាទាំងឡាយដែលបានចូលរួមថ្ងៃនេះ អរគុណឯកឧត្តម លោកជំទាវ មកចូលរួមនៅថ្ងៃនេះ។ មានប៉ុន្មានអ្នកទៅកំពង់សោម? មិនបាច់ទៅច្រើនពេកទេ ប៉ុន្តែខ្ញុំយល់ សេរី កុសលមុខតែទៅហើយឲ្យតែបានដើរផុតផ្ទះ។ ឆ្លៀតចុងអាទិត្យនេះ គាត់ទៅលេងកំពង់សោមដែរ ព្រោះខ្ញុំទៅជួបកម្មករនៅកំពង់សោម។ ឥឡូវម៉ោងវាទៅដល់ប៉ុន្មានហើយ ល្មមដល់ពេលហោះហើយ …។

មិនសូវទម្លាប់ហៅកូនខ្លួនឯងឯកឧត្តម

ថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់សមាជិក សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្រាប់សម្តេចតេជោ ដែលហៅកាត់ថា TYDA ចំនួន ២.៦០០ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ហើយសង្ឃឹមថានាយចយ នឹងបានកូនឆាប់។ (សម្តេចនិយាយអំពីនាយចយចូលរួមក្នុងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត) ហើយចំពោះប្រធានពិបាកណាស់ ហៅកូនឯងលោក ឬក៏ឯកឧត្តម ពិបាកយកមែនទែន មានតែហៅប្រធានអញ្ចឹងតែម្តង ដូចជាប្រធានសហព័ន្ធ ហៅឯកឧត្តម ប្រធានសហព័ន្ធអីយ៉ាប់ មិនដឹងហៅម៉េច វាអៀនមាត់ ហៅវាមិនកើត កូនៗ​ហៅយើង សម្តេចតេជោ អាហ្នឹងគឺវាម្យ៉ាង ប៉ុន្តែ ដល់យើងហៅកូនខ្លួនឯង ឯកឧត្តម ឬលោក ពិបាកហៅ ហៅប្រធានអញ្ចេះតែម្តង។

ប្រាក់បៀវត្សមន្ត្រីរាជការឡើង ២ ដង ក្នុងមួយឆ្នាំ/ ប្រាក់រៀលឡើងថ្លៃ

ចុងបញ្ចប់ សូមជូនពរឲ្យហើយទៅ សល់តែដូចជាមួយខែ នៅសល់ ៤០ ថ្ងៃទៀតចូលឆ្នាំហើយ។ តែឆ្នាំនេះឆ្នាំច ប៉ុន្តែចឲ្យក្លាយចទាំងអស់ណា កុំទៅជាខ្លា បុរសៗពិតជាចហើយ ប៉ុន្តែ នារីវិញឆ្នាំខាលទាំងអស់ មិនដឹងថាយ៉ាងម៉េច។ ឥឡូវបើគិតថ្ងៃនេះ ថ្ងៃ ២ នៅសល់តែ ២៨ ថ្ងៃទៀតប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនឹងឡើងមួយសាទៀតហើយ។ កាលពីខែមករា គឺឡើងលើមូលដ្ឋាននៃបៀវត្ស ឡើង ១២ ភាគរយ ប៉ុន្តែ ដល់ទៅខែមេសានេះ ឡើងប្រាក់មុខដំណែង។ រដ្ឋត្រូវការធានាឲ្យចំណាយនៅពេលនោះ ប៉ុន្តែ ឥឡូវនេះ សុំមើលអត្រាប្តូរប្រាក់ ទោះបីយើងចេញសាច់ប្រាក់កាន់តែច្រើន ប៉ុន្តែ ពីម្សិលមិញនេះ ប្រាក់រៀលរបស់កម្ពុជាត្រឹមតែ ៤០១៤ រៀលទេ បានសេចក្តីថាប្រាក់រៀលឡើងថ្លៃ។

បើកបៀវត្សមុនចូលឆ្នាំ

យើងនឹងត្រូវតម្លើងប្រាក់ខែហើយ បើកបៀវត្សគាត់ឲ្យបានមុន ចូលឆ្នាំដើម្បីឲ្យមន្រ្តីរាជការ កងកម្លាំងប្រ​​ដាប់អាវុធ យកប្រាក់ទៅចូលឆ្នាំ ដល់ទៅដល់ខែ ៥ ត្រូវចាប់ផ្តើមគិតឲ្យទៀត ហើយមិនអាចរង់ចាំអាទិត្យទី ៤ បានបើកបៀវត្សទេ ត្រូវបើកអាទិត្យទី ៣ ព្រោះប្រាក់ដែលយកទៅចូលឆ្នាំនេះ ចាយអស់ហើយ អញ្ចឹងបើរង់ចាំដល់ជិតដាច់ខែវាយូរពេក អញ្ចឹងត្រូវត្រៀមលុយឲ្យហើយ ចេញពីរតនាគារផ្តល់។នេះហើយ គឺជាការគិតគូរ។

ភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្ស បើប្រៀបទៅកាលពីមុន

ឥឡូវប្រាក់បៀវត្សនៅក្នុងប្រទេសរបស់យើង កាលពេលមុនជួនកាលជំពាក់ប្រាក់ខែមួយខែ ពីរខែ បីខែ រហូតទៅដល់មន្រ្តីរាជការ កាលពេលមុនថា ស្រុកខ្មែរ ១ ខែ ៦០ ថ្ងៃ តែឥឡូវនេះ បៀវត្សមុនដាច់ខែ ថ្ងៃ ២៣ ចាប់បើកបៀវត្ស ថ្ងៃ ២៨ បញ្ចប់ បើកឲ្យអស់ហើយបើកតាមប្រព័ន្ធធនាគារ។ មន្រ្តីរាជការរបស់យើងមានការបើកនៅតាមធនាគារ អាហ្នឹងវាកាន់តែលឿន មានភាពងាយស្រួល នោះហើយជាផ្លែផ្កានៃ កំណែទម្រង់ ដែលដឹកនាំដោយគណបក្សប្រជាជន ដឹកនាំរាជរដ្ឋាភិបាល។ ចូលឆ្នាំថ្មីខាងមុខនេះ សូមអ្នកទាំងអស់គ្នា ដែលចូលរួមនៅទីនេះ ជួបប្រទះតែនឹងសេចក្តីសុខរីកចម្រើន ការសប្បាយរីករាយជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ