ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទសន្និបាត​បូក​សរុប​ការងារ​ក្រសួង​ទេសចរណ៍ និងប្រគល់​ជ័យលា​ភីទីក្រុងស្អាត នារសៀលថ្ងៃនេះ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែល​រៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញ​ប្រគល់ជ័យលាភីដល់ក្រុង និងខណ្ឌ ដែល​ជាប់ជាទីក្រុងស្អាតផងដែរ។ ខេត្ត-ខណ្ឌដែលទទួលបានជ័យ​លាភីផ្ការំដួល៣ទងនោះ រួមមាន៖ខេត្តកំពត ព្រះសីហនុ សៀមរាប កែប កំពង់ចាម ខណ្ឌដូនពេញ និងបាត់ដំបង។ សូមបញ្ជាក់ថា ទេសចរណ៍ជាវិស័យដ៏អាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើវិស័យនេះ។ នៅឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ៥.៦លាននាក់។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ ដែលបានចូលរួមជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរ ៧លាន បង្កើតបានប្រាក់ចំណូល ៥ពាន់លានដុល្លារ និងផ្តល់ការងារដោយផ្ទាល់ជិត ១លាននាក់ ហើយនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវ ១៥លាននាក់ រកប្រាក់ចំណូល ១០ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់បានប្រមាណ ២លាននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ ជាធាតុដ៏សំខាន់សម្រាប់ធានាបានថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាប្រឆាំងដាច់ខាតរាល់សកម្មភាព​ទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់របស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។

* សម្តេចតេជោ បានថ្លែងថា គ្មានអ្នកទេសចរណាទៅលេងកម្សាន្តនៅប្រទេសដែលមានសង្គ្រាមនោះឡើយ។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាបានឈឺចាប់ឆ្អែតឆ្អន់ ហើយដោយសារភ្លើងសង្គ្រាម។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា មិនត្រឹមតែទប់ស្កាត់ភេរវកម្មនោះទេ សូម្បីតែចោរកម្មនៅតាមតំបន់ទេសចរណ៍ក៏ត្រូវទប់ស្កាត់ផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសដទៃជាតិសាសន៍ដទៃគេមិនសប្បាយចិត្តជាមួយយើង តែជាតិសាសន៍របស់គេមិនមកលំបាកជាមួយកម្ពុជានោះទេ។

* សម្តេចតេជោ មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរនឹងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត នៅពេលមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន ជាពិសេសការតភ្ជាប់ផ្លូវនៅតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក…។

* សម្តេចតេជោ ហ៊ុន សែន ជឿថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានចូលរួមអរសាទរទីក្រុងបាត់ដំបង ទីក្រុងកែប និងទីក្រុងសៀមរាប បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ ក៏ដូចជាទីក្រុងដែលទទួលបានជយលាភីទីក្រុងស្អាត។

* សម្តេចបានបញ្ចប់ការថ្លែងសុន្ទរកថា, នៅវេលាម៉ោង៤៖១៥នាទី សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ