ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេច​ព្រះមហាក្សត្រី យាងទៅពិនិត្យ​ព្រះរាជសុខភាព នៅប្រទេសចិន

AKP ភ្នំពេញ ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ -ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបាន​សព្វ​ព្រះរាជហឬទ័យ​ ស្ដេចយាង​ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែ​ ផ​ល្គុ​ន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ តាមព្រះទីនាំង​យន្ត​ហោះ​​ពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ ដើម្បីគង់ប្រថាប់​ពិនិ​ត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដល់ព្រលានយន្តហោះ​អន្តរ​ជា​​តិ​​ភ្នំពេញ មាន​វត្តមាន​ សម្ដេចវិបុល​សេនាភក្ដី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គម​ហា​​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​ក្រឡា​ហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សា​នុ​​វង្សជាច្រើនរូបទៀត។ ដោយឡែក​ឯកអគ្គរដ្ឋ​​ទូត​​ចិន​ប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាស​នោះ​ដែរ។

ក្នុងព្រះរាជសារចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ផ្ញើជូនជនរួមជាតិរបស់ព្រះករុណា​ព្រះ​ ម​​ហា​ក្សត្រ​បាន​គូស​បញ្ជាក់​ថា​ « ទូលព្រះបង្គំ​ ខ្ញុំព្រះករុណាខ្ញុំ និងសម្ដេចព្រះមហាក្សត្រី ព្រះ​វរ​រាជមាតាជិតខ្មែរ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត​ សូមព្រះអនុញ្ញាត និង​អនុ​ញ្ញា​ត​ពី​សម្ដេ​ច​ព្រះ​អគ្គមហាសង្ឃរាជទាំងពីរគណៈ និងព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ សម្ដេច ឯកឧត្ដម លោក​ជំ​ទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​​ទាំង​​អ​ស់​អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨តទៅ ធ្វើដំណើរ​ទៅ​ទីក្រុងប៉េ​កាំ​ង​ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។​នៅក្នុងឱកាស ​អ​វ​ត្ត​​​មានទូលព្រះបង្គំ ខ្ញុំព្រះករុណា​ ខ្ញុំ​ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​សភា នឹងទទួល​ជួយ​ទូល​ព្រះបង្គំ ខ្ញុំព្រះករុណា ​ខ្ញុំ​ ក្នុងឋានៈ ជាប្រមុខរដ្ឋស្ដីទី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា។ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ​ព្រះពរ​សម្ដេចព្រះ​អគ្គមហាសង្ឃរាជ​ទាំង​​ពីរគណៈ សូមប្រគេន​ពរព្រះ​ថេរានុត្ថេរៈ​គ្រប់ព្រះអង្គ និងសូមជូនពរ សម្ដេច​ ឯកឧត្ដម​ លោក​ជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជន​រួម​ជាតិ​ទាំង​អស់ សូមបាន​ប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត​ឡើ​យ​»។

គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ របស់ព្រះករុណា​ព្រះ​មហា​ក្ស​ត្រ និងសម្ដេច​ព្រះមហាក្សត្រី​ រៀងរាល់​៦ខែម្ដងយាងទៅកាន់រាជធានីប៉េកាំងសាធារណរដ្ឋ​ប្រជា​មា​និ​តចិន ដើម្បីពិនិត្យ-​ព្យាបាល​ព្រះរាជ​សុខភាព៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ