សម្រង់សង្កថា សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់វត្តទឹកថ្លា

ថ្ងៃទី ១០ ខែមីនា ខួបមរណភាពរបស់ម្ដាយ និងថ្ងៃទី ១២ ខែកក្កដា ខួបមរណភាពរបស់ឪពុក

ដំបូង អនុញ្ញាតអោយខ្ញុំបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំ ម្ចាស់រោងចក្រ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ បានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំនូវទីកន្លែងនេះ ហើយក៏បានផ្ដល់ឱកាសឲ្យខ្ញុំបានចូលដុតធូប ដើម្បីគោរពទៅដល់មាតាបិតារបស់ខ្ញុំ ដែលកំពុងស្ថិតនៅក្នុងវត្តនៅទីនេះ។ ពិតមែនតែពួកគាត់ជាខ្មែរសុទ្ធ ក៏ប៉ុន្តែគាត់បានផ្ដាំផ្ញើថា កុំដុតគាត់។ ដូច្នេះ នៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ នឹងដល់ខួបទី ២០ នៃមរណភាពរបស់ម្ដាយខ្ញុំ។ បន្ទាប់ទៅ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងដល់ខួបឪពុករបស់ខ្ញុំ ដែល(បញ្ចុះ)នៅទីនេះ។

ថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងស្ថាប័នពាក់ព័ន្ធ

បន្ទាប់ពីការដុតធូបហើយ យើងក៏បានមកជួបជុំគ្នានៅទីនេះ ហើយយកទីកន្លែងសក្តិសមមួយ ហើយដែលបណ្ដារោងចក្រទាំង ១៥ ដែលក្នុងនោះ មកពីខណ្ឌសែនសុខផង ខណ្ឌមានជ័យផង និងខណ្ឌពោធិសែនជ័យផង សម្រាប់ការធ្វើដំណើរមកទីនេះ។ ពិតណាស់ថា ថ្ងៃនេះ ក្មួយៗទាំងឡាយ បន្ទាប់ពីការជួបនេះហើយ ក៏ត្រូវបានទទួលការឈប់សម្រាកមួយល្ងាចទៀត។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតអោយកម្មករ/ការិនី មកជួបជុំជាមួយខ្ញុំ ដើម្បីយើងផ្ដល់ការសំណេះសំណាល និងការសាកសួរសុខទុក្ខ និងពិនិត្យមើលទៅលើអនុសាសន៍ ទៅលើការដោះស្រាយបញ្ហានានាក្នុងរយៈពេលកន្លងទៅ ហើយក៏បានផ្ដល់ឱកាស សម្រាប់ការសម្រាកមួយល្ងាចជាបន្តទៀត និងមានប្រាក់ឈ្នួលពេញលេញ។

បង្កើតឯតទគ្គកម្មទី ៣ របស់កម្ពុជា “ក្រមាមួយពាន់ម៉ែត្រ”

ពូជំរាបជូនថា (យើងមាន)យុទ្ធនាការក្រមាមួយពាន់ម៉ែត្រ ដែលវែងជាងគេ បំបែកឯតទគ្គកម្មពិភពលោក​។ បើសិនជាក្មួយៗចង់ចូលរួម សូមអញ្ជើញទៅវាលព្រះមេរុ ដើម្បីនឹងត្បាញម្នាក់ ៣-៤-៥ សរសៃ ដូច្នេះយើងនឹងក្លាយទៅជាកម្លាំងរួបរួមមួយ ដើម្បីបង្កើតបាននូវក្រមា ដែលវែងជាងគេនៅលើពិភពលោក ដែលកន្លងទៅនេះ ព្រះមហាក្សត្រជាទីសក្ការៈ ហ្លួងម៉ែជាទីសក្ការៈ ក៏បានទៅបើកនូវកម្មវិធីនេះ។ ឥឡូវ ក្រមាកំពុងតែត្បាញ សង្ឃឹមថា កម្មករ/ការិនីនៅតាមបណ្ដារោងចក្រនានា ឆ្លៀតឱកាសពេលសម្រាកបន្ដិចបន្ដួច ទៅត្បាញម្នាក់បាន ៥ សរ​សៃ ព្រោះឲ្យបានចូលត្បាញ គេឲ្យបណ្ណសំគាល់មួយមានបោះត្រាទៀត។ យើងប្រុសៗ​ ថ្ងៃណាមួយ យើងទៅដែរ ប៉ុន្តែយើងទៅអត់ស្លៀកខោទេ ត្រូវទៅជុំគ្នានៅផ្ទះខ្ញុំ ស្លៀកសារុងទាំងអស់គ្នា ចុះទៅត្បាញតែម្ដង។ ប៉ុន្តែ មិនមែននិយាយអញ្ចឹងថា ស្លៀកខោមិនអាចត្បាញបាននោះទេ។ ឃើញមានអ្នកទេសចរបរទេសបុរសៗខ្លះ

ក៏បានចូលរួមត្បាញដែរ។

គ្រាន់តែជាការចែករំលែកនូវព័ត៌មានអំពីថា បើសិនជាមានបំណងនឹងចូលរួមក្នុងយុទ្ធនាការជាតិមួយ ដើម្បីបំ​បែក​​ឯតទគ្គកម្មពិភពលោកទៅលើបញ្ហាក្រមាដែលវែងជាងគេ គឺមួយពាន់ម៉ែត្រ។ តាមរយៈអង្គ​រសង្រ្គាន្តកាលពីឆ្នាំកន្លងទៅ យើងបានបំបែកឯតទគ្គកម្មចំនួនពីររួចទៅហើយ ដែលបានទទួលពីខ្នាតពិភពលោក៖ ១ គឺរាំម៉ាឌីហ្សុនដែល(មានមនុស្ស)ច្រើនជាងគេ ហើយមិនមែនយើងដាក់ខ្លួនឯងទេ គេមានមនុស្សរបស់គេមកពិនិត្យត្រឹមត្រូវ។ ទី ២ គឺនំអន្សមយក្ស … ដែល(មានទំងន់)ប្រមាណជាជាង ២ តោន។ ប៉ុន្តែ ឆ្នាំនេះនឹងមានអង្គរសង្រ្គាន្ត​ទៀត សង្ឃឹមថា ពេលនោះ យើងនឹងជួបជុំគ្នានៅខេត្តសៀមរាបជាបន្តទៀត។

ថ្ងៃអាទិត្យ ថ្ងៃបោះឆ្នោតសមាជិកព្រឹទ្ធសភា មិនបានជួបកម្មករ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ទោះបីថារយៈពេលកន្លងទៅ មានការអាក់ខានខ្លះដែលខ្ញុំមិនបានចូលរួម ដោយ​សារកម្មវិធីវាជាប់គ្នា។ ជួនកាល កម្មវិធីមានថ្ងៃពុធណាមួយនោះ ដែលជាកម្មវិធីជួបជាមួយកម្មករ/ការិនី តែគឺជាថ្ងៃមាឃបូជាទៅវិញ ដូច្នេះយើងក៏ទុកលទ្ធភាពដើម្បីអោយកម្មករ/ការិនីរបស់យើងទទួលបានការសម្រាក។ អាទិត្យនេះ យើងធ្វើបានត្រឹមតែមួយពេលនៅទីនេះតែប៉ុណ្ណោះ ដោយសារតែថ្ងៃអាទិត្យ ខ្ញុំពុំមានលទ្ធភាពដើម្បីនឹងធ្វើទេ។ ថ្ងៃអាទិត្យនេះ គឺជាថ្ងៃបោះឆ្នោតសមាជិកព្រឹទ្ធសភា ដែលក្នុងឋានៈជាតំណាងរាស្រ្តនៅក្នុងតំ​ណែង ពូគឺជាអ្នកត្រូវបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាផងដែរ។

បន្តជំនួបមិនតិចជាង ១០ ឆ្នាំ

ប៉ុន្តែអាទិត្យក្រោយ គឺជាអាទិត្យពោរពេញទៅដោយជំនួប។ ដំបូង យើងមានជំនួបថ្ងៃពុធ គឺនៅស្រុកសំរោងទង របស់ខេត្តកំពង់ស្ពឺ។ បន្ទាប់ទៅ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ត្រូវជួបពីរជំនួបជាប់ៗគ្នាជាមួយនឹងកម្មករ/ការិនីនៅឯខេត្តព្រះសីហនុឯណោះ។ អញ្ចឹងមានន័យថា អ្វីដែលពូបានសន្យា អ្វីដែលពូបាននិយាយ ពូត្រូវធ្វើអោយបាន បើទោះបីថា អាទិត្យខ្លះ យើងមិនបានជួបជុំគ្នាក៏ដោយចុះ។ ប៉ុន្តែដូចដែលពូបានបញ្ជាក់ហើយ មិនមែនគ្រាន់តែពូដើរក្នុងដំណាក់កាលមុនបោះឆ្នោតឆ្នាំ ២០១៨ ទេ ពូបានប្ដូរផ្ដាច់នឹងធ្វើរឿងនេះ ក្នុងរយៈពេលមិនតិចជាង ១០ ឆ្នាំទៀត ជាមួយកម្មករ/ការិនីរបស់យើង។

ឥឡូវ វាហាក់ដូចជាគ្រឿងញៀនទៅហើយ ពេលណាដែលអាទិត្យណា សប្ដាហ៍ណា ដែលមិនបានជួបកម្មករ ហាក់ដូចជាមានអារម្មណ៍នឹកទៅដល់ក្មួយៗ​ ហើយក៏មិនដឹងថា ក្មួយៗរង់ចាំពូយ៉ាងណាទេ ជាពិសេសគឺក្មួយ​ៗដែលមានផ្ទៃពោះនោះឯង ដែលរង់ចាំពូ។ វាគឺជារឿងពិតមួយ​ ដែលធម្មតាទេ ចំណុចនេះ ពូមានអារម្មណ៍ថា វាមិនគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំជាមួយនឹងកម្មករ/ការិនីទេ ប៉ុន្តែទំនាក់ទំនងរបស់យើងទាំងអស់គ្នានេះ គឺទំនាក់ទំនងហាក់ដូចជាគ្រួសារទៅហើយ។ រឿងនេះ ពូយល់បានថា មិនមែនគ្រាន់តែដំណាក់កាលក្មួយ ដែលជាអ្នកស្គាល់ពូថ្មីថ្មោងនោះទេ ប៉ុន្តែក្មួយៗបានស្គាល់ពូយូរហើយ ឮសូរឈ្មោះពូយូរហើយ ហើយមិនមែនត្រឹមតែក្មួយៗទេ ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ​គឺជាអ្នកបានរួមដំណើរជាមួយពូតាំងពីដំណាក់កាលដែលលំបាកបំផុត រហូតមកដល់ពេលនេះ។ រឿងនេះ ធ្វើអោយពូមានទឹកចិត្តកាន់តែខ្លាំង​ក្នុងការរកគ្រប់ដំណោះស្រាយ ដែល​អាចធ្វើទៅរួម ឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាផលប្រយោជន៍របស់កម្មករ/ការិនីរបស់យើង។

អ្វីៗដែលមានសព្វថ្ងៃ បានពីការខំប្រឹងប្រែងផ្ទាល់ខ្លួន និងគាំទ្រគណបក្សប្រជាជន

… ក្មួយៗពិតជាយល់ថា អ្វីដែលក្មួយៗមានសព្វថ្ងៃ ការងារដែលក្មួយៗកំពុងមានធ្វើសព្វថ្ងៃ ប្រាក់ចំ​ណូលដែលក្មួយៗកំពុងតែមានសព្វថ្ងៃ ដែលកើនពីមួយឆ្នាំទៅមួយឆ្នាំ វាមិនមែនបានធ្លាក់មកពីលើមេឃទេ តែវាបានមកពីការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ពីជីដូនជីតា ពីឪពុកម្ដាយ និងពីក្មួយៗផ្ទាល់នោះឯង​។ ដែលក្នុងហ្នឹង ពួកគាត់ ក៏ដូចជាក្មួយៗ បានផ្ដល់នូវការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា បានផ្ដល់នូវការគាំទ្រចំពោះភាពជាអ្នកដឹកនាំរបស់ពូ ក្នុងរយៈកាលជិត ៤០ ឆ្នាំកន្លងទៅនេះ ក្នុងនោះ មុខតំណែងជានាយករដ្ឋមន្រ្តីរយៈពេល ៣៣ ឆ្នាំ គឺជារយៈពេលនៃការដោះស្រាយបញ្ហាច្រើនលើសលប់ ដែលទៅផុតពីអំរែកដ៏ធ្ងន់។ វាមិនខុសពីការទូលភ្នំ ហើយឡើងទំលើក្បូនឫស្សីនោះទេ។ ទំងន់ដែលពូបានរែកជាមួយនឹងជីដូនជីតា​ ឪពុកម្ដាយរបស់ក្មួយ​ ទៅហួសកម្រិតនៃមនុស្សខ្លះ ដែលអាចទ្រាំទ្របាន។

នៅក្នុងពេលរំដោះជាតិ បើសិនជាមានតែពូម្នាក់ដឹកនាំ ​វាមិនគ្រប់គ្រាន់ទេ ក៏ប៉ុន្តែ ប្រជាជនទូទាំងប្រទេសបានងើបឈរឡើងស្រុះគ្នា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗក៏បានគាំទ្រទៅដល់ការរួមគ្នាទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏បានគាំទ្រចំពោះដំណើរការសន្តិភាព ដែលពូបានស្វះស្វែង(រក)ជាមួយនឹងមេដឹកនាំ​ គេហៅថា ក្រុមបក្សពួកដទៃ ដែលមានជម្លោះប្រដាប់អាវុធជាមួយគ្នា ដើម្បីស្វែងរកសន្តិភាព។ បន្តមកទៀត ការផ្តល់នូវការគាំទ្រក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិ(សាស្ត្រ)ជាង ៥០០ ឆ្នាំ របស់កម្ពុជា។ នោះហើយ គឺជាសមិទ្ធផលដែលបានផ្តល់ឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍប្រទេសដ៏កម្សត់មួយនេះ។

ភាពខុសគ្នា រវាងអូរបែកក្អមពីអតីតកាល និងបច្ចុប្បន្ន

អតីតកាលរបស់យើង ក្មួយៗត្រូវយល់ដឹងថា នៅទីក្រុងភ្នំពេញនេះ មិនមានមនុស្សនៅទេ។ នៅក្នុងឆ្នាំ ១៩៧៩ (មនុស្ស)តិចណាស់។ សូម្បីមកដល់ក្នុងទសវត្សរ៍ ៨០ ទៅហើយនេះ នៅទីកន្លែងនេះ ម្តុំនេះគេហៅ អូរបែកក្អម? អូរបែកក្អមនេះ គឺជាវាលស្រែ ដែលពូបានមកស្ទូងជាមួយប្រជាពលរដ្ឋ។ ប៉ុន្តែ អូរបែកក្អមបច្ចុប្បន្ននេះ មិនមែនជា​អូរបែកក្អមដែលស្ទូងស្រូវទៀតទេ គឺជាអូរបែកក្អមដែលមានសាកលវិទ្យាល័យ អូរបែកក្អមដែលមានទីផ្សារ អូរបែកក្អមដែលមានសណ្ឋាគារ មានស្អីៗ មិនមែនត្រឹមតែអូរបែកក្អមទេ វាទាញធ្លាក់តភ្ជាប់ទៅដល់កំពង់ស្ពឺឯណោះ។ វាតភ្ជាប់គ្នាអញ្ចឹង។ ដូច្នេះ តើនេះបានមកពីអ្វី? ច្បាស់ហើយ មិនមែនទេវតាប្រទានឲ្យស្រស់ៗ ដោយយើងខ្វះការខិតខំនោះទេ ហើយក៏មិនមែនបានមកពីគណបក្សប្រឆាំង ដែលបានគាំទ្រពួក ប៉ុល​ ពត ហើយបន្តប្រឆាំងរាជរដ្ឋាភិបាលនោះដែរ។ ប៉ុន្តែ ការប្រឆាំងរបស់ពួកគេ វាមិនឈ្នះទៅលើភាពយុត្តិធម៌ ដែលយើងត្រូវរកសម្រាប់ការរីកលូតលាស់ នៃប្រជាជនកម្ពុជារបស់យើង។

សន្តិភាព ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ

សន្តិភាពដែលយើងស្វែងរកដោយលំបាកនេះ វាជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ។ ក្មួយៗត្រូវចងចាំថា បើពុំមានសន្តិភាពទេ វាក៏ពុំមានការអភិវឌ្ឍដែរ។ ការចាប់ផ្តើមរបស់យើងលំបាកណាស់ក្មួយ មិនមែនស្រួល ហើយវាក៏មិនមែនរឿងសាមញ្ញដែរ។ ឥឡូវ បើពិនិត្យថយក្រោយបន្តិច ក្មួយៗអាចទៅសួរឪពុកម្តាយ ទៅសួរជីដូនជីតា ដែលរស់រានមានជីវិត ឬក៏ទៅសួរអ្នកចាស់ទុំ ដែលបានឆ្លងកាត់អតីតកាលដ៏ឈឺចាប់ នៃសង្គ្រាមឈ្លានពាន ក្នុងចន្លោះឆ្នាំ ១៩៧០-១៩៧៥ និងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ហើយក្នុងដំណាក់កាលដែលកម្ពុជាមានសន្តិភាពផង និងមានសង្គ្រាមផង នៅក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៩៨។ កុំភ្លេចថា អ៊ុនតាក់បានប្រើប្រាស់ប្រាក់ជាង ២ ពាន់លានដុល្លារ(សហរដ្ឋអាមេរិក) មកអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស … អ៊ុនតាក់ បានដក(កម្លាំង)ត្រឡប់ទៅប្រទេសគេវិញ ដោយបន្សល់ទុកឲ្យកម្ពុជានៅមានតំបន់ត្រួត​ត្រា​ពីរ។ ម្ខាងគឺរាជរដ្ឋាភិបាល ដោយមានការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ និងម្ខាងទៀត គ្រប់គ្រងដោយខ្មែរក្រហម ដោយមានរដ្ឋាភិបាលមួយ ដឹកនាំដោយ ខៀវ សំផន ដើរតួជាប្រមុខរដ្ឋផង និងជានាយករដ្ឋមន្ត្រីផង។ ប៉ុន្តែ នយោបាយឈ្នះឈ្នះ បានផ្តល់ឱកាសដោយគ្មានការពាក់ព័ន្ធជាមួយនឹងបរទេសណាទាំងអស់។

ខ្មែរ និងខ្មែរ ស្រុះស្រួលគ្នា ដើម្បីបង្កើតអោយមានស្ថានភាពឈ្នះឈ្នះ​ បង្រួបបង្រួមប្រទេស ដែលធ្លាប់តែមានការបែកបាក់ជាចម្រៀកៗ តំបន់ត្រួតត្រាមិនតិចជាងពីរក្នុងពេលតែមួយនៅក្នុងប្រទេសមួយ។ នៅក្នុងតំបន់របស់យើងមានប្រទេសមួយចំនួននៅមានតំបន់អបគមន៍ ត្រួតត្រាដោយកម្លាំងប្រដាប់អាវុធ ដែលប្រឆាំងនឹងរដ្ឋាភិបាលនៅឡើយ។ នៅប្រទេសជាច្រើននៅមានស្ថានភាពនេះ។ ប៉ុន្តែ នៅកម្ពុជា យើងមិនមានស្ថានភាពនោះទេ។ យើងមានបក្សនយោបាយច្រើន។ នៅពេលខាងមុខនេះ ហោចណាស់ ដោយសារតែអង្គបោះឆ្នោតវាមានតែបួនគណបក្ស អញ្ចឹងទេ គណបក្សនយោបាយបួន ក៏ត្រូវចូលរួមការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃអាទិត្យនេះដែរ។

ពីប្រទេសមានរោងចក្រតិច កម្មករតិច បៀវត្សរ៍ទាប ឈានទៅមានរោងចក្រច្រើន កម្មករច្រើន បៀវត្សរ៍ខ្ពស់

យើងបានដំណើរការពីការលំបាកលំបិន ឈានមកដល់ដំណាក់កាលថ្មី។ សូម្បីតែក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់យើងនេះ តាមរយៈដែលពូធ្លាប់បានបញ្ជាក់ពីមុនរួចមកហើយ ការចាប់ផ្តើមរបស់យើងពីរោងចក្រមួយ​ រោងចក្រពីរ បន្តទៅ គិតត្រឹមឆ្នាំ ​១៩៩៧ ពេលនោះយើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រ ជាមួយនឹងកម្មករ ៨ ម៉ឺន ២ ពាន់នាក់ តែប៉ុណ្ណោះ ហើយប្រាក់បៀវត្សរ៍កាលពីពេលនោះ សម្រាប់កម្មករ/ការិនីរបស់យើង មានត្រឹមតែ ៤០ ដុល្លារ(សហរដ្ឋអាមេរិក)ទេ។ អ្នកដែលធ្វើការមុនឆ្នាំ ១៩៩៧ ប្រាក់ខែទាបជាងនោះទៅទៀត។ ប៉ុន្តែឥឡូវនេះ មួយខែម្ភៃថ្ងៃរួចទៅហើយ ដែលក្មួយៗបានអនុវត្តនូវប្រាក់បៀវត្សរ៍ដែលបង្កើនពី ១៥៣ ដុល្លារ(សហរដ្ឋអាមេរិក) ដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក ដែលពូសូមអបអរសាទរជាមួយនឹងកំណើនប្រាក់ចំណូលនេះ។

ការឡើងប្រាក់ខែ ជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មិនមែនបានពីការទាមទាររបស់បក្សប្រឆាំងទេ

រឿងនេះ មិនមែនជារឿងដែលកើតឡើងដោយការទាមទារដោយបក្សប្រឆាំង ឬការទាមទារដោយអ្នកណាទេ។ នេះវាជាតម្រូវការ វាជាការដោះស្រាយដែលរាជរដ្ឋាភិបាលបានប្រឹងទាក់ទាញការវិនិយោគ។ យើងមិនគ្រាន់តែប្រឹងរកសន្តិភាពទេ តែសន្តិភាពនោះ គឺជាមូលដ្ឋានដើម្បីបង្កើតនូវលក្ខខណ្ឌអនុគ្រោះ សម្រាប់ការទាក់ទាញការ​វិនិយោគ ដើម្បីបង្កើតនូវការងារធ្វើ បង្កើតនូវប្រាក់ចំណូល បង្កើតនូវផលិតផល សម្រាប់ការនាំចេញ។ ក្មួយៗពិនិត្យមើល ផ្លូវថ្នល់ប៉ុន្មានទៅ ហើយផ្លូវថ្នល់កាលពីដើម​របស់យើងនេះ គឺត្រឹមតែ ៧ ម៉ែត្រ តែប៉ុណ្ណោះ … តែឥឡូវផ្លូវថ្នល់របស់យើងនេះ ត្រូវពង្រីក ៣០ ម៉ែត្រ នៅតែមិនទាន់គ្រប់។

ឡានតទ្រុងខុសលក្ខណៈបច្ចេកទេស

ឥឡូវ អោយកាត់ទ្រុងឡាន(តខុសលក្ខណៈបច្ចេកទេស)នោះ មានការតវ៉ាថា ខុសអី ត្រូវអីឯណាអាក្បួនស្អីឯណា។ ឥឡូវ ច្បាប់របស់យើងអោយតែ ១៦ ម៉ែត្រទេ ក៏ប៉ុន្តែ សូមបញ្ជាក់ថា វាគ្មានអ្នកណាទៅកាត់កុងតឺន័រទេ អោយកាត់ឡាន(តទ្រុងខុសលក្ខណៈបច្ចេកទេស)ទេតើ។ បើសិនជាឆ្កួតៗតែឯងទៅ អ្នកណាទៅកាត់កុងតឺន័រ? ឡាន ១៦ ម៉ែត្រ  ឯកុងតឺន័រវាវែងជាង វាមានស្អីវា អាហ្នឹងវាអត់ខុសអីទេ …។

ដើម្បីទាក់ទាញការវិនិយោគ ចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ

… យើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាក់ទាញការវិនិយោគ។ វិនិយោគបានចូលមកច្រើន ហើយកំណើន នៃសហគ្រាសនៅទូទាំងប្រទេស មកដល់ពេលនេះចុះបញ្ជីឡើងបានប៉ុន្មានម៉ឺនហើយ? សហគ្រាសទាំងអស់ពីមុនជាង ១ ម៉ឺន ឥឡូវ ចុះបញ្ជីថែមបានប៉ុន្មានហើយ? ជាង ២ ម៉ឺន សហគ្រាស ដែលក្នុងនោះ ដោយឡែកតែក្នុងវិស័យកាត់ដេរមានជាង ១ ពាន់ រោងចក្រ។ ថ្មីៗនេះ ក្នុងខែធ្នូ និងខែមករា កន្លងទៅ យើងទទួលបាននូវការវិនិយោគបន្ថែម ហើយការវិនិយោគបន្ថែមនោះ អាចដោះស្រាយការងារធ្វើអោយកម្មករ/ការិនីរបស់យើងប្រមាណ ២០ ម៉ឺននាក់ ថែមទៀត។ នេះគឺជាជោគជ័យ នៃនយោបាយទាក់ទាញចំពោះវិនិយោគពីខាងក្រៅ ដែលខាងក្នុងត្រូវបង្កលក្ខណៈអំពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាំងផ្លូវថ្នល់ ទាំងអគ្គិសនី ទាំងកំពង់ផែ ទាំងព្រលានយន្តហោះ និងផ្នែកដទៃទៀត ដែលមានការ​ពាក់ព័ន្ធ។ យើងសម្រួលទាំងផ្នែកទន់ ទៅលើបញ្ហាផ្លូវច្បាប់ ទៅលើបញ្ហាបទដ្ឋាននានា រហូតទៅដល់បញ្ហាពន្ធដារ បូកជាមួយនឹងធនធានមនុស្សរបស់យើងដែលជាយុវជន។

អគ្គលេខាធិការ គបជ ឬអង្គការ ឬប្រទេស មិនអាចមកគាបសង្កត់លើប្រទេសមួយទៀតទេ

ម្សិលមិញ មានការជួបប្រជុំពិភាក្សាប្រចាំឆ្នាំ រវាងបណ្តាញអង្គការសហប្រជាជាតិ ដែលមានវត្តមាននៅកម្ពុជា ១៩ អង្គការ ជាមួយនឹងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួនរបស់រាជរដ្ឋាភិបាល។ យើងក៏បានពិភាក្សាអំពីបញ្ហាទាក់ទិនជាមួយនឹងបញ្ហាយុវជន និងការងារធ្វើ បញ្ហាចំណាកស្រុក។ ក្នុងនោះ យើងក៏បានពិភាក្សាអំពីលទ្ធភាពទាំងឡាយ ដើម្បីរិះរកឲ្យកាន់តែល្អប្រសើរនូវបញ្ហានានា ទាក់ទងទៅ​នឹងផលប្រយោជន៍ និងសេចក្តីសុខរបស់ប្រជាជនរបស់យើង។ ក៏ប៉ុន្តែ ខ្ញុំគួរតែបើករង្វង់ក្រចកនិយាយរឿងនេះបន្តិច … សូមកុំល្ងង់ពេក ខ្ញុំបានស្តាប់លឺ និយាយអោយពិតទៅថា ពួក អាសីហា វាស្ដាប់លឺ គេថាម្សិលមិញមានការប្រជុំមួយជាមួយអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិគេមកគាបសង្កត់កម្ពុជា។ សូមផ្ដាំទៅក្មួយៗ ប្រទេសរដ្ឋអធិបតេយ្យ ប្រធានអង្គការនីតិប្រតិបត្តិ គ្មានអ្នកណាទៅគាបសង្កត់បានទេ ហើយក៏គ្មានទម្លាប់នៅលោកិយនេះ ប្រទេសមួយ​ទៅគាបសង្កត់ប្រទេសមួយ ឬអគ្គលេខាអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិណាមួយ មកធ្វើការគាបសង្កត់ទៅលើប្រទេសឯករាជ្យ អធិបតេយ្យ នោះទេ។ នេះជាបញ្ហាត្រូវចងចាំអោយច្បាស់។

ពិភាក្សាក្នុងស្ថានភាពជាដៃគូ។ អ្នកឯងខុស ខ្ញុំនិយាយថាអ្នកឯងខុស អ្នកឯងផ្ដល់យោបល់អោយខ្ញុំជាធាតុចូល ខ្ញុំទទួលយក។ ប៉ុន្តែសកម្មភាពរបស់អ្នកឯង ដូចជារឿងម្សិលមិញខ្ញុំបាននិយាយថា សុំកុំមកបំផើមចោលទៅលើគំរោងខ្លះ។ ឧទាហរណ៍ នៅចាំបានទេក្នុងគណៈរដ្ឋមន្ត្រីរបស់យើង នៅក្នុងសម័យគ្រុនផ្ដាសាយបក្សី​ ពេលនោះ អង្គការសុខភាពពិភពលោក បានស្នើអោយយើងចេញប្រាក់សំណងចំពោះមាន់ដែលស្លាប់ ជំនាន់ឯកឧត្តម នុត សុខុម ធ្វើរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ពេលនោះទៅខេត្តកំពង់ស្ពឺ ស្រាប់តែលឺសូរ បានខ្ញុំទូរស័ព្ទសួរថា អ្នកណាអ្នកចេញលុយ ដើម្បី(ធ្វើការងារ)ហ្នឹង? ពេលហ្នឹងឯកឧត្តម ចាន់ សារុន នៅធ្វើរដ្ឋមន្ត្រីក្រសួងកសិកម្ម។ បានខ្ញុំសួរទៅថា ដំបូងជាថវិការបស់អង្គការសុខភាពពិភពលោក។ ខ្ញុំថាកុំធ្វើ។ អាហ្នឹងបំផើមចោលសុទ្ធ​។ គេធ្វើមួយឆ្នាំ ស្រាប់រួចហើយគេទៅវិញបាត់។ រួចហើយ ជំងឺផ្ដាសាយបក្សីក្នុងមួយឆ្នាំៗ វាកើត មិនដឹងវាងាប់មាន់ប៉ុន្មាន? រួចហើយអោយឯងទៅសងមាន់។ ត្រឹមតែរកលុយដើម្បីទិញថ្នាំមកព្យាបាល ការពារកុំអោយរីករាលដាល វាជាការគ្រប់គ្រាន់ហើយ។

ម្សិលមិញ ខ្ញុំបានប្រាប់ទៅកាន់ភ្នាក់ងារអង្គការសហប្រជាជាតិថា គំរោងណាក៏ដោយ ត្រូវតែសិក្សារួមគ្នា គឺមានគំរោងខ្លះ វាត្រូវការបង្វែរទិស។ ឧទាហរណ៍ អង្គការស្បៀងអាហារពិភពលោក World Food Program ពីមុន World Food Program នេះ អង្គការស្បៀងអាហារពិភពលោក បានផ្ដល់នូវជំនួយសម្រាប់កម្ពុជា ក្នុងការផ្ដល់អាហារសម្រន់សម្រាប់កុមារប្រមាណជា ២៥ ម៉ឺននាក់ នៅតាមសាលារៀន។ ប៉ុន្តែ អង្គការស្បៀងអាហារពិភពលោក ចុងក្រោយគាត់អស់ទុនរបស់គាត់ដែរ ព្រោះគាត់មិនមែនមានបន្ទុកត្រឹមតែជាមួយកម្ពុជាទេ គាត់មានបន្ទុកជាមួយប្រទេសដទៃទៀត។ បើអញ្ចឹងគាត់ស្នើមកកម្ពុជា ផ្ដល់ជំនួយអោយអង្គការស្បៀងអាហារពិភពលោក ជាអង្ករ និងជាប្រាក់មួយចំនួន​។ យើងក៏បានផ្ដល់អង្ករជំនួយ។ ជំនួយរបស់យើងសព្វថ្ងៃនេះ យើងផ្ដល់ជំនួយទៅអោយអង្គការស្បៀងអាហារពិភពលោក អង្គការស្បៀងអាហារពិភពលោកយកអាហ្នឹងទៅផ្ដល់ជំនួយតាមសាលារៀន។

អញ្ចឹងទេ ម្សិលមិញបានពិភាក្សាគ្នាថា ឆ្នាំ ២០២១ អង្គការស្បៀងអាហារពិភពលោកដកខ្លួនថយចុះ ហើយកម្ពុជានឹងយកជំនួយដែលខ្លួនបានផ្ដល់តាមរយៈអង្គការស្បៀងអាហារពិភពលោកនេះ ទៅផ្ដល់ជំនួយត្រង់តែម្ដងទៅ មិនចាំបាច់មានទេ។ ហ្នឹងគេហៅថាយុទ្ធសាស្ត្រដកថយ។ ដោយសារតែប្រទេសរបស់យើងមិនមែនជាប្រ​ទេសអត់ឃ្លានទៀតទេ ពិតហើយនៅមានបញ្ហាអាហារូបត្ថម្ភដែលម្សិលមិញ ក៏ត្រូវលើកយកពិភាក្សា ដែលវាទាក់ទងមិនមែនគ្រាន់តែបញ្ហាជីវជាតិធម្មតាទេ វាទាក់ទងរឿងច្រើនណាស់ ដូចជាឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ លើកឡើង ថានៅក្នុងហ្នឹងមានតាំងពីបញ្ហាការប្រើទឹកត្រី មានតាំងពីបញ្ហាការប្រើអំបិលអ៊ីយ៉ូត សម្រាប់ប្រឆាំងនឹងជំងឺខ្វាក់មាន់ ពកកស្អីៗ រឿងរ៉ាវវាមានច្រើនណាស់។

មិនមែនទៅឲ្យអូស្រ្តាលីគាបសង្កត់នោះទេ

ប៉ុន្តែ វាបែរទៅជាពួកជ្រុលនិយម។ ប្រយ័ត្ន អាសីហា ស្ដាប់បាន។ គេថា ម្សិលមិញនេះ អង្គការសហប្រជាជាតិគាបសង្កត់ ហើយនៅពេលខាងមុខ នឹងប្រជុំអាស៊ាននៅស៊ីដនី អាស៊ាន និងអូស្ត្រាលី នឹងគាបសង្កត់កម្ពុជា។ ខ្ញុំសូមផ្ដាំទៅ ស្គាល់ពីអាស៊ានអោយច្បាស់បន្តិច។ បើអត់ ហ៊ុន សែន អត់មានន័យថាអាស៊ានទេ។ ហ៊ុន សែន អាចជំទាស់កុំអោយចេញសេចក្ដីថ្លែងការណ៍ណាមួយរួច រវាងអាស៊ាន និងអូស្ត្រាលី សាកល្បងលមើលទៅ។ មិនមែនត្រឹមតែអូស្ត្រាលីមិនអាចគាបសង្កត់កម្ពុជាទេ។ កម្ពុជាសូមដាក់បញ្ហាទុកជាមុន បើសិនជាអ្នកឯងផ្តេសផ្តាស កម្ពុជាតែម្នាក់អាចនឹងធ្វើអោយគាំងទាំងអស់ នូវការចេញសេចក្ដីថ្លែងការណ៍។ របៀបរបបនៃអាស៊ាន វាត្រូវតែមានកុងសង់ស៊ីស រឿងអីដែលត្រូវហោះពីកម្ពុជាទៅអោយគេស្ដីអោយនៅអូស្ត្រាលី? រឿងនេះ អូស្ត្រា​លីគួរតែអរគុណកម្ពុជាវិញទេ ដែលមកឡប់ប៊ីកម្ពុជាអោយគាំទ្រការធ្វើការជួបប្រជុំខួបរំលឹកអនុស្សាវរីយ៍ក្នុងទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី … សូមកុំច្រឡំ។

ខែមុន ពូទៅឥណ្ឌាទៅប្រជុំនោះ គឺទៅប្រជុំខួបអនុស្សាវរីយ៍ នៃកិច្ចសន្ទនារវាងអាស៊ាន និងឥណ្ឌា ហើយក៏ត្រូវបានទទួលបានកិត្តិយសធ្វើជាអ្នកទស្សនកិច្ចផ្លូវការ ហើយក៏រួមជាមួយមេដឹកនាំអាស៊ាន ចូលរួមនៅក្នុងពិធីបុណ្យជាតិរបស់ឥណ្ឌាផងដែរ។ រឿងអីបាននាំគ្នានិយាយថា បន្តិចទៀត ហ៊ុន សែន ទៅអូស្ត្រាលីហ្នឹង គេហៅទៅគាប។ នាយករដ្ឋមន្ត្រី នៃប្រទេសមួយដែលមានឯករាជ្យ ហើយគឺជាសមាជិកស្មើសិទ្ធិ ស្មើភាព និងមានសិទ្ធិវេតូផងដែរ និយាយមួយបែប បើគ្មានកុងសង់ស៊ីស គឺចេញមិនរួចទេ។ អ្នកដែលមិនស្គាល់អាស៊ាន រៀនស្គាល់ពីអាស៊ានអោយច្បាស់ …។

ខ្ញុំក៏នឹងជួបជាមួយបងប្អូនខ្មែរនៅឯអូស្ត្រាលី ប៉ុន្តែ សាលប្រជុំនោះវាតូចពេក ដាក់មនុស្សបានតែ ៦០០ នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សវាមានច្រើនជាងហ្នឹង។​ អញ្ចឹងទេ បានលៃពេលថា ទៅដល់ថ្ងៃទី ១ ចាប់ផ្ដើមជួបប្រ​ហែល​ ៦០០ នាក់។  បន្តទៅបងប្អូនដែលរងចាំរាប់រយនាក់បន្តទៀត ខ្ញុំនឹងឆ្លៀតឱកាស ខ្ញុំបានប្រាប់ទៅអ្នករៀបចំហើយថា បើទោះបីជាម៉ោង ១២ យប់ ឬម៉ោង ១ យប់ ខ្ញុំក៏នៅឆ្លៀតឱកាស ជួបបងប្អូន ព្រោះបងប្អូនខ្លះត្រូវសុំច្បាប់មកតាំងពី ណូវែលសេឡង់ មកអូស្ត្រាលី។ សូមផ្តាំទៅកុំភូតថ្លុក ភូតត្រពាំង។ ស្គាល់អាស៊ានអោយច្បាស់ ម៉្យាងទៀតនៅក្នុងអាស៊ាន ក្រៅពី ស៊ុលតង់ ប្រ៊ុយណេ ហ៊ុន សែន គឺជាមនុស្សដែលចាស់ជាងគេ មិនមែនចាស់អាយុទេ តែយូរជាងគេ ដែលធ្វើមេដឹកនាំអាស៊ាននោះ។ ស៊ុលតង់ ប្រ៊ុយណេ ជាទី ១ ហ៊ុន សែន ទី ២ ត្រូវយល់អោយច្បាស់។ ឥឡូវរហូតដល់គេហៅថា Senior Prime Minister ព្រោះនៅក្នុងអាស៊ាន ពូធ្វើប្រធានអាស៊ាន ២ ដងហើយ។ នៅឆ្នាំ ២០០២ ម្ដង ឆ្នាំ ២០១២ ប្រធានម្ដងទៀត។ នៅសល់ឆ្នាំ ៤ ឆ្នាំទៀតនឹងធ្វើប្រធានអាស៊ាន​ម្ដងទៀត។ កំពុងតែគិតថាធ្វើប្រធានអាស៊ានលើកនេះ ប្រជុំនៅភ្នំពេញ ឬប្រជុំនៅសៀម​រាប ឬប្រជុំនៅកំពង់សោម?

ឥឡូវ ត្រូវពង្រីកព្រលានយន្តហោះកំពង់សោមអោយលឿនៗ ព្រោះប្រទេសធំៗណាស់ រាប់ទាំងសហរដ្ឋអាមេរិកោម ហោះកំពអាស៊ាន ៊ុលកតាំងពី ណូវែលណាមួយ មកកៀបសង្កត់នាទី បកុំរត់អីល្អជាងផងដែរ ដែលត្រូវមកកាន់កម្ពុជា ដើម្បីធ្វើការប្រជុំនៅទីនេះ។ ត្រូវស្គាល់អោយច្បាស់ នេះដូចជាការជូនសារទៅអ្នកបោកប្រាស់អោយយល់ ហើយក៏ប្រាប់ទៅអ្នកប្រឆាំងនៅអូស្ត្រាលីដែលត្រៀមធ្វើបាតុកម្មនោះ។ អ្នកក៏មានមនុស្សគាំទ្រ ខ្ញុំក៏មានមនុស្សគាំទ្រនៅប្រទេសអូស្ត្រាលីដែរ។ នៅប្រទេសណាក៏មានអ្នកគាំទ្រ មានអ្នកប្រឆាំងគឺជារឿងធម្មតា។ ប៉ុន្តែ អ្នកដែលគាំទ្រ ខ្ញុំនឹងមានជំនួបដោយឡែកដំបូងប្រមាណជា ៦០០ នាក់នៅក្នុងសាលសណ្ឋាគារនោះ បន្ទាប់ទៅ នឹងមានរាប់រយនាក់ជាបន្តទៀត។ ចេញពីការប្រជុំបន្តិច ឆ្លៀតឱកាសជួបបងប្អូន ហើយជួលនូវទីកន្លែងនៅសាលប្រជុំនៅក្នុងសណ្ឋាគារនោះ។

… អូស្ត្រាលីអ្នកមកចលនាយើង ព្រោះបើសិនជាពេលហ្នឹង កម្ពុជាមិនយល់ព្រម កុំចាំបាច់ ខ្ញុំគ្រាន់តែលើកហេតុផលប៉ុណ្ណេះ ខ្ញុំថា ឆ្នាំ ២០១៨ នេះ ខ្ញុំមិនអាចចេញទៅក្រៅប្រទេសបានទេ ដោយសារតែខ្ញុំជាប់បោះឆ្នោត ប៉ុណ្ណឹងមានន័យថា អូស្ត្រាលីមិនអាចសម្រេចនូវការប្រជុំនោះបានទេ បើគ្មានកុងសង់ស៊ីស​ គឺអត់បានទេ សូមផ្ដាំទៅ។ សេចក្ដីថ្លែងការណ៍រវាងអាស៊ាន និងអូស្ត្រាលី ក៏ចេញមិនរួចដែរ បើសិនជាមានការបង្គាប់បញ្ជា ឬការធ្វើសកម្មភាពណាមួយ ដែលផ្ទុយនឹងឯករាជ្យ អធិបតេយ្យភាព និងការជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់កម្ពុជា សូមផ្តំាទុកអោយហើយ។ បើកម្ពុជាមិនយល់ស្របហើយ បានសេចក្តីថ្លែងការណ៍ចេញវាមិនរួច សេចក្តីថ្លែងការណ៍ប្រធាន ក៏ចេញមិនរួច បើខ្ញុំជំទាស់។ អ្នកឯងចេញ ចេញតែឯងទៅ រួចហើយខ្ញុំប្រកាស​ប្រឆំាង។ អញ្ចឹង វាឃើញនូវសញ្ញានៃការបែកបាក់។ កុំអោយសោះ រឿងនេះ។ អាស៊ានមានសាមគ្គីភាព។ គេថា អាស៊ានកំពុងតែសង្កត់កម្ពុជា។ អាស៊ានណាហ៊ានសង្កត់កម្ពុជា? អាស៊ានខ្លះគេកំពុងធ្វើអីរាល់ថ្ងៃនេះ? អាស៊ានខ្លះគេកំពុងតែត្រូវការយើងគំាទ្រគេ។ សូម្បីតែបញ្ហា រ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា ដែលកំពុងតែមានបញ្ហាដ៏ធ្ងន់ធ្ងរនេះ ក៏ត្រូវការស្វែងរកនូវដំណោះស្រាយដែរ។ នេះខ្ញុំគ្រាន់តែលើកឡើងបន្តិច​ដូចជាបើករង្វង់ក្រចក តែដូចជាបើកធំបន្តិច។

អញ្ចឹងទេ បើសិនជាជ្រុលភូទ ភូតអោយវាល្អស្តាប់ ភូតអោយវាត្រូវ​ក្បួនត្រូវខ្នាត។ អង្កការសហប្រជាជាតិគ្មានហេតុផលណាមួយ មកត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជា​សមាជិកទេ។ អត់ទេ។ អ្នកដែលមកធ្វើការនៅទីនេះ ត្រូវគោរពច្បាប់កម្ពុជា បើមិនគោរពច្បាប់កម្ពុជាទេ គឺរឿងរ៉ាវវាកើតឡើង។ អាហ្នឹងវាត្រូវតែច្បាស់ជាមួយគ្នា។ ម្សិលមិញប្រជុំ ៦ ម៉ោង រហូតទៅដល់ម៉ោង ២ បានចប់ ចាប់ប្រជុំពីម៉ោង ៨ កន្លះ រហូតដល់ម៉ោងជាង ២។ ម៉ោងជិត ៣ ហើយបានបាយ។ បានសេចក្តីថា ម្សិលមិញអង្គុយតែផឹកទឹក តែអ្នកដទៃទៀតគេបាននំបុ័ង ឯខ្ញុំបានតែទឹក ប៉ុន្តែគ្រាន់តែផឹកទឹក ទៅវិញឡើង ១ គីឡូ។

រកពេលសួរសុខទុក្ខក្មួយៗមិនគ្រប់ផង ចាំបាច់ទៅដើរលេងឯណា

ប៉ុន្តែ ឥឡូវបកមកក្មួយៗ សង្ឃឹមថា ក្មួយៗនឹងមិនល្ងង់ដូចអ្នកល្ងង់នោះទេ។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងមិនល្ងង់ ទៅតាមការបោកប្រាស់ដោយខុសក្បួនខ្នាត។ អាបោកប្រាស់នេះណា វាមានក្បួនខ្បួនខ្នាតបោករបស់វាដែរ។ អ្នកបោកខ្លះពូកែបោក។ ឥឡូវគេរកស៊ីអី តាមអីបង់លុយតាមអីណានោះ ដែលធនាគារជាតិកម្ពុជាព្រ​មាន​ថាកុំអោយធ្វើ។ អាហ្នឹងក៏វាចេះរៀបចំប្រព័ន្ធបោក​ប្រាស់មួយដែរ។ ប៉ុន្តែ អានេះចេញមកអត់ស្គាល់ប្រព័ន្ធអីទំាងអស់ ទៅថាអាស៊ានកំពុងតែគាបសង្កត់។ ប្រជុំនៅនេះក៏សង្កត់ ប្រជុំនៅនោះក៏សង្កត់។ បើខ្លួនឯងរត់ព្រាត់ប្រាសទៅក្រៅហើយ ទៅអោយផុតទៅ ​ហើយអាទៅក្រៅហ្នឹងក៏មិនទាន់រួចខ្លួនដែរ អាមួយចំនួនត្រូវតែកាត់ទោស​បន្តទៀត។ អាហ្នឹងរឿងអ្នកឯងបោកប្រាស់។

ប្រទេសមួយនេះ មិនត្រូវអោយអ្នកណាបំផ្លាញទេ។ បន្តិចៗ (ថា) អាល្លឺម៉ង់កាត់វីហ្សា ក្រសួងការបរទេស។ ម្សិល​មិញសម្តេចក្រឡាហោមក៏បានប្រកាស។ អាល្លឺម៉ង់កាត់វីហ្សាដើម្បីអី? អាភ្នំពេញពេញប៉ុស្តិ៍នេះ មិនដឹងថា វាបានព័ត៌មានពីណា សុខៗទៅចុះ​អញ្ចឹង ប៉ុន្តែខ្ញុំលើកឧទាហរណ៍ទៅចុះ បើសិនជាអាល្លឺម៉ង់គាត់ធ្វើអញ្ចឹងមែន អ្នកដែលចំណេញគឺកម្ពុជានេះ។ ព្រោះអញ្ចេះ គេថា អាល្លឺម៉ង់នឹងមិនអោយទិដ្ឋាការជាលក្ខណៈឯកជន សំរាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទេ សមាជិករាជរដ្ឋាភិបាល រាប់ទំាងគ្រួសារលោក ហ៊ុន សែន ផង​។ អញ្ចឹងមានន័យថាម៉េច? បើទៅទេស​ចរណ៍នៅអាល្លឺម៉ង់ អាហ្នឹងគេមិនអោយទៅ ប៉ុន្តែបើទៅប្រជុំអាហ្នឹងវាត្រូវតែទៅ។ អាហ្នឹងវាស្អីទៅ។ តំាងពីអាល្លឺម៉ង់គេមិនទាន់ថា អាមេរិកគេមិនទាន់ថា ខ្ញុំទៅលេងស្រុកនោះបានការអី? លេងក្នុងស្រុកខ្លួនឯងនេះ មិនទាន់គ្រប់ផង ខ្ញុំចំាបាច់ទៅស្រុកគេ? ប្រទេសជុំវិញជិតខាងនេះ ខ្ញុំដែលបានទៅប៉ុន្មានដងទៅ? ខ្ញុំរកតែពេលដើរសួរសុខទុក្ខក្មួយៗមិនទាន់គ្រប់ផង ចាំបាច់ទៅដើរលេងឯណា ដើរលេងនេះសប្បាយណាស់។

ក្មួយៗចេះតែសុំថើប ដល់មិញដាច់ចិត្តសួរក្មួយម្នាក់ ថើបរួចហើយធុំក្លិនយ៉ាងម៉េចទៅ? ថាក្រអូប។ ឱ! ក្មួយអើយ ពូអត់ដែលងូតទឹកពេលព្រឹកទេក្មួយ។ ទំលាប់ពូងូតទឹកតែម្តងទេ ក្នុងមួយថ្ងៃនោះ។ ដេកថ្ងៃត្រង់ហើយ ភ្ញាក់ឡើងងូតទឹក ប៉ុន្តែឥឡូវងូតឡើង ២ ដង ងូតទឹកសិនបានទៅហាត់ប្រាណ ហាត់ប្រាណហើយបានចូលងូតទឹកវិញ។ រឿងនេះវាអញ្ចេះ បន្តិចអានេះថាអញ្ចេះ បន្តិចអានោះថាអញ្ចុះ ឥឡូវឧទាហរណ៍ ការនំាចេញរបស់យើង បន្តិចថាអញ្ចេះបន្តិចថាអញ្ចុះ ប៉ុន្តែសូមកុំភ្លេចរបបទីផ្សារសេរីក្រោមក្របខណ្ឌ នៃអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រុមហ៊ុននានាបានចុះកុងត្រាបញ្ជាទិញរួចហើយ … យើងទៅគេ គេមកយើង ដូចតែគ្នាហ្នឹង រាល់ថ្ងៃឃើញ​ទេ តិចៗ Carlsberg, Ganzberg អាហ្នឹងក្រែងរបស់ពីណា? របស់អាល្លឺម៉ង់។ ខ្មែរនំាទៅអាល្លឺម៉ង់ អាល្លឺម៉ង់នំាមកខ្មែរ អាហ្នឹងរឿងធម្មតាតើ វាមានរឿងស្អីទៅ។ អានេះពាណិជ្ជកម្មសេរី ក្រោមលក្ខខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក មិនត្រូវយល់ច្រឡំណាមួយទេ។

អនុសាសន៍បន្ថែមលើអនុសាសន៍ទាំង ៨ គឺតាមដាន និងដោះស្រាយបញ្ហាម្ចាស់រោងចក្ររត់ចោលរោងចក្រ

ឥឡូវនេះ ខ្ញុំសូមយកឱកាសនេះ សំដែងនូវការអបអរសាទរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន និងកំពុងអនុវត្តអនុសាសន៍ទំាង ៨ ចំណុច ដែលខ្ញុំបានដាក់ចេញក្នុងរយៈពេលកន្លងទៅនេះ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំមានបំណងដាក់ចេញនូវអនុសាសន៍មួយទៀត បន្ថែមលើអនុសាសន៍ទំាង ៨ តើអ្វីទៅដែលជាអនុសាសន៍ ដែលខ្ញុំត្រូវផ្តល់អោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាមានផ្នែកពាក់ព័ន្ធ ដើម្បីអនុវត្ត? នោះគឺការបន្តតាមដានដោយដិតដល់ និងដោះស្រាយបញ្ហាភ្លាមៗទៅនឹងបណ្តារោងចក្រមួយចំនួន ដែលថៅកែរត់ចោល ហើយបិទរោងចក្រ ដែលកន្លងទៅនេះ លឺថា ថ្ងៃណាមួយ កម្មកររវល់តែជួបជាមួយយើងនេះ ត្រឡប់ទៅវិញ ម្ចាស់រោងចក្ររត់ចោលបាត់ទៅ។ អញ្ចឹងបញ្ហានេះ កុំអោយកើតជាជំងឺរ៉ាំរ៉ៃ កើតមានស្ថានភាពនេះភ្លាម ចុះដោះស្រាយបញ្ហាភ្លាម។ ដកថវិកាយ៉ាងណា ដោះស្រាយនូវប្រាក់បៀវត្សរ៍អោយកម្មករជំនួសសិន​។ ខ្ចីប្រាក់ពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬក៏ប្រាក់ណាក៏ដោយ ដើម្បីយកមកដោះស្រាយ​​អោយកម្មករ/ការិនីសិន។ បន្ទាប់ទៅ ជំហានបន្តចាំយើងដោះស្រាយយ៉ាងម៉េចទៀត កុំអោយកម្មករខ្វះប្រាក់ខែក្នុងពេលវេលាហ្នឹង។ ចំាយើងដោះស្រាយបន្ត។ លក់ឡៃឡុងរោងចក្រយ៉ាងម៉េច អីយ៉ាងម៉េច អាហ្នឹងរឿងមួយទៀត ប៉ុន្តែមិនត្រូវអោយកម្មករធ្វើការតវ៉ាដោយគ្មានដំណោះស្រាយជាក់លាក់ទេ។ ត្រូវខិតខំដោះស្រាយនូវរឿងនេះ។ បន្ថែមលើនោះត្រូវខិតខំរកការងារធ្វើអោយកម្មករ ដែលបាត់បង់ការងារធ្វើ ដោយ​សារថៅកែរត់ចោល។ ខិតខំធ្វើអាហ្នឹង នេះជាអនុសាសន៍មួយផ្សេងទៀត ដែលនឹងដាក់បញ្ចូលបន្ថែមទៅលើអនុសាសន៍ដែលមានស្រាប់ទំាង ៨ ចំណុច​ ដែលអនុសាសន៍ទំាង ៨ ចំណុចនេះ កំពុងបានអនុវត្តហើយ។

បៀវត្សរ៍អប្បបរមានៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់

គ្រប់រោងចក្រទំាងអស់ កំពុងបានអនុវត្តនូវប្រាក់ឈ្នួលអប្បបរមាចំនួន ១៧០ ដុល្លារ។ ប្រាក់ឈ្នួលដែលកម្មករ/ការិនីរបស់យើងទទួលបាននៅពេលនេះ គឺជាប្រាក់ឈ្នួលមួយដ៏ខ្ពស់ ស្ថិតនៅក្នុងចំណោម​បណ្តាប្រទេសអាស៊ាន។ យើងស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ នៃប្រទេសនៅក្នុងបណ្តាប្រទេសអាស៊ាន ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយបើប្រៀបធៀបប្រទេសដែលនៅក្នុងតំបន់ យើងក៏ស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរ។ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត កម្មករ/ការិនី ទទួលបាននូវផលប្រយោជន៍ច្រើនជាងប្រហាក់ប្រហែល ២០០ ឬ លើស២០០ ដុល្លារសហរដ្ឋអាមេរិក។ បើសិនជាក្មួយៗជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម នឹងទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងនោះ។ ត្រូវបន្តការខិតខំ ដើម្បីគ្រប់គ្រងនូវប្រាក់ចំណូលនេះ កុំអោយប្រាក់ចំណូលនេះរបូតពីដៃ តាមរយៈការបំផ្លិចបំផ្លាញណាមួយ ពីក្រុមណាក៏ដោយចុះ ចេញមកពីប្រភពណាក៏ដោយចុះ។ មានតែការរក្សាសន្តិភាពតែប៉ុណ្ណោះ ទើបរក្សាបាននូវអត្ថប្រយោជន៍ ប្រាក់ឈ្នួល និងផលប្រ​យោជន៍​ទំាង​ឡាយ ដែលកម្មករ/ការិនីរបស់យើងទទួលបាន។

ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០

ដំបូងក្មួយៗត្រូវចងចំាថា ការងារដែលក្មួយមាន ប្រាក់ចំណូលដែលក្មួយកំពុងតែទទួលគឺបានមកពីសន្តិភាព។ សន្តិភាពនោះជាមូលដ្ឋាននៃការអភិវឌ្ឍ ហើយតាមរយៈការអភិវឌ្ឍនោះ ក្មួយៗមានឱកាស មានការងារធ្វើ ប្រ​សិនជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍទេ។ ម៉ោងនេះ ពេលនេះ ប្រហែលជាក្មួយៗនៅឯស្រុកកំណើតជាមួយនឹងមាតាបិតា ដើម្បីធ្វើមុខរបរក្នុងវិស័យកសិកម្ម។ ប៉ុន្តែ ឥឡូវនេះ នៅក្នុងប្រទេសរបស់យើង កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធដែលទទួលបាននូវប្រាក់ឈ្នួលសមរម្យ មានចំនួនរាប់លាននាក់ ដែលអាចចាត់ទុកថា យើងបានងើបឈរឡើង នៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវា ដែលគ្របដណ្តប់ពេលបច្ចុប្បន្ននេះ រហូតទៅដល់ ៧៥%​ ទៅហើយ  ឧស្សាហកម្មមាន ៣០% និងសេវាកម្មមាន ​៤៥% ឯកសិកម្មរបស់យើងគឺ ២៥% ដែលនេះតំណាងឲ្យពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។

ម្សិលមិញក៏មានការពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ឆ្នាំ ២០៣០ ដែលកម្ពុជាប្តូរផ្តាច់ដើម្បីឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ប្រហែលជាពេលនោះ មិនមានវត្ត​មានរបស់ពូធ្វើជានាយករដ្ឋមន្ត្រីទៀតទេ ព្រោះអាយុកាន់តែច្រើនហើយ។ ប៉ុន្តែលឺថាអាណត្តិទី ៦ អាណត្តិបន្តបន្ទាប់។ អាណត្តិទី ៦ ច្បាស់ហើយ អាណត្តិទី ៧ ក៏ច្បាស់ដែរ តែអាណត្តិទី ៨ មិនទាន់ហ៊ានអះអាងទេ។ អញ្ចឹងបានជាប្រើពាក្យពូនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នាំ ទៀត ប្រើពាក្យអញ្ចឹង។ ពូចង់នៅរួមរស់ជាមួយប្រជាជនកម្ពុជា ដើម្បីថែទាំប្រទេសនេះកុំឲ្យអ្នកណាបំផ្លាញសន្តិភាពនេះ ក្រោមហេតុផលណាក៏ដោយចុះ រាប់ទាំងហេតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលទីបំផុតវាគ្រាន់តែជាអំពើក្បត់ជាតិ និងដំ​ណើរការតាមបែបអនាធិបតេយ្យតែប៉ុណ្ណោះ។ ពួកគេមិនត្រូវមានឱកាស ដើម្បីបំផ្លាញប្រទេសជាតិដ៏កំសត់មួយនេះទេ។ ទម្រាំបា​នប៉ុណ្ណេះគឺវាលំបាកណាស់ យើងត្រូវថែទាំនូវកិច្ចការងារនេះ។

សុខដុមភាវូបនីយកម្មនៅក្នុងរោងចក្រជារឿងសំខាន់

អ្វីដែលសំខាន់ ពូសូមយកឱកាសនេះ បញ្ជាក់ទៅក្មួយៗថា​ សុខដុមបនីយកម្មនៅតាមបណ្តារោងចក្រ សហ​គ្រាស គឺជារឿងដ៏សំខាន់។ ហេតុនេះហើយបានជាពូត្រូវជួបជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក ដោយឡែកមួយ សំដៅធ្វើយ៉ាងណា ម្ចាស់រោងចក្រ ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ដែលធ្វើការគ្រប់គ្រងទៅលើកម្មករ រួមសាមគ្គីគ្នាធ្វើការនៅក្នុងរោងចក្រដូចជាគ្រួសារតែមួយ ត្រូវបន្តការខិតខំ។ គ្មានការប្រ​ឈមណាមួយ ដែលអាចនាំទៅដល់ការលូតលាស់ទេ។ មានរឿងអី ត្រូវដោះស្រាយដោយសន្តិវិធី ដោយការយោគយល់ អធ្យាស្រ័យ។ ខ្ញុំធ្លាប់និយាយហើយ ការបណ្តេញកម្មករចេញ មិនមែនជាដំណោះស្រាយទេ។ ខិត​ខំណែនាំគ្នា ហើយក្មួយៗគ្នាឯងនេះ ក៏ត្រូវតែចេះជួយគ្នាដែរ។ ដូចជាបញ្ហាទាក់ទងនឹងគ្រឿងញៀន ឬទាក់ទងនឹងបញ្ហាជំងឺអេដស៍ជាដើម ត្រូវចេះជួយគ្នា យកអាសាគ្នា សាមគ្គីគ្នា។ ម្ចាស់រោងចក្រ ក៏ត្រូវផ្តល់នូវការយោគយល់ចំពោះកម្មករ ឯកម្មករវិញក៏ត្រូវយល់ឲ្យច្បាស់ថា បើគ្មានម្ចាស់រោងចក្រយើងក៏គ្មានការងារធ្វើដែរ។ ឯថៅ​កែ​រោងចក្រ បើអត់មានកម្មករ ខ្លួនក៏អត់មែនជាថៅកែដែរ ហើយប្រសិនជាកម្មករសុខភាពមិនល្អ ក៏ថៅកែ ក៏រោងចក្រមិនមានផលិតផលខ្ពស់ទេ។

សុំអនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះបានចេញមុន ១៥ នាទី

អញ្ចឹងទេបានជាកន្លងទៅ ក្មួយៗទទួលបានកាលពីពេលមុន ឥឡូវសូមសួរនៅកន្លែងនេះបន្តិច។​ ឥឡូវ គេឲ្យចេញមុនម៉ោងប៉ុន្មាននាទីទៅ? ១៥ នាទីហើយ។ ចុះកាលពីមុនពូសុំ បានប៉ុន្មាននាទី? បានតែ ៥ នាទី។ ហោចណាស់សំដីរបស់ពូជាមួយម្ចាស់រោងចក្រ ផ្តល់នូវការយោគយល់មួយសម្រាប់ស្រ្តីដែលមានផ្ទៃពោះ។ ពីមុន រោងចក្រខ្លះបាន ៥ នាទី រោងចក្រខ្លះ ១០ នាទី រោងចក្រខ្លះ ១៥ នាទី រោងចក្រខ្លះដល់ទៅ​ ២០ ឬ ៣០ នាទី​ឯណោះ។ ប៉ុន្តែ គិតទៅពូបានស្នើសុំ ដែលភាគច្រើនផ្តល់ត្រឹមតែ ៥ ឬ ១០ ឲ្យឡើងទៅដល់ ១៥ នាទី ឲ្យក្មួយបានចេញមុន ១៥ នាទី ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ឲ្យទៅដល់ ២០ ដល់ ២៥ ដល់ ៣០ នៅបន្តឲ្យទៀត អត់អីខុសទេ។ ឲ្យច្រើនកាលណា យោគយល់កាលណា គឺល្អកាលនោះ។

ផ្តល់សាច់ប្រាក់ដល់កម្មការិនីឆ្លងទន្លេ ជាមួយនឹងឈប់សម្រាក ៣ ខែ ប្រាក់ខែ ១២០%

ត្រូវចាំមនុស្សម្នាក់ជីវិតពីរ នៅទីនេះដែលយើងត្រូវផ្តល់ ហើយរឿងនេះហើយបានជាពូត្រូវតែខិតខំ ដើម្បីសម្រេចឲ្យបាននូវការផ្តល់ប្រាក់សម្រាប់ពេលកម្មការិនីឆ្លងទន្លេ។ មកដល់ពេលនេះ ឯកឧត្តម អ៊ិ​ត​ សំហេង បានធ្វើរបាយការណ៍ថាកើតបាន ៧.០៦៣ នាក់ កូន ៧.១០៥ នាក់។ អ្នកកើតមានតែ ៧.០៦៣ ទេ ដល់ទៅកូនបាន ទៅ​ដល់ ៧.១២៥ មកពីអី? មកពីកូនភ្លោះ។ ថ្ងៃហ្នឹង ក្មួយៗចាំពេលណាពូដើរទៅចែកស្រោមសំបុត្រ ប្រសិនជាមានកូនភ្លោះប្រាប់ថាមានកូនភ្លោះ ព្រោះត្រូវបានពីរស្រោមសំបុត្រ។ ក្មួយៗទទួលបាននូវអត្ថប្រយោជន៍នៅពេលសម្រាល ឆ្លងទន្លេ សម្រាក ៣ ខែ ជាមួយនឹងបៀវត្ស ១២០% ឯណោះ។​ នេះគឺជារឿងដែលពីមុន គឺក្មួយៗមិនធ្លាប់ជួបប្រទះ ឬក៏អាចថា ជួបប្រទះ ប៉ុន្តែតិចតួច។ មុននេះដូចជាអនុវត្តនូវការឈប់សម្រាក ៣ ខែ តែប្រាក់បៀវត្សតែ ៥០%។ តែឥឡូវនេះក្មួយៗឆ្លងទន្លេសម្រាក ៣ ខែ ជាមួយនិងប្រាក់បៀវត្សឡើងដល់ ១២០% ពេលដែលយើងមិនទាន់ឡើងជ្រុញ ប្រាក់ខែ ១៧០ ដល់ទៅឡើងជ្រុញ ប្រាក់ខែឡើងដល់ទៅជិត ២០០។

រាជរដ្ឋាភិបាលលះបង់ ៤០ លានដុល្លារ/មួយឆ្នាំ ដើម្បីតម្លើងបៀវត្ស និងទ្រទ្រង់វិភាគទានថែទាំសុខភាព

នេះតើបានមកពីអី? បានមកពីការខិតខំរបស់យើងទាំងអស់គ្នា។ ក្មួយៗក៏ខិតខំធ្វើការ ម្ចាស់រោងចក្រក៏ខិតខំដោះស្រាយបញ្ហា រាជរដ្ឋាភិបាលសម្រួលបញ្ហាទាំងឡាយ ដើម្បីឲ្យក្មួយៗមានលទ្ធភាព។ កាលពីពេលមុន ក្មួយ​ៗធ្លាប់បង់នូវគេហៅថា​ បេឡាការពារសុខភាពចំនួន ៥០% ក៏ប៉ុន្តែចាប់ពីឆ្នាំនេះដែលបានកំពុងតែអនុវត្ត ក្មួយៗអត់មានត្រូវការបង់ថែមទៀតទេ។ ម្ចាស់រោងចក្រគឺជាអ្នកបង់ជួស ដែលអាចឲ្យក្មួយៗចំណេញប្រាក់ ក្នុងមួយខែពី​ ៨.០០០ ទៅ​ ១៣.០០០ រៀល ក្នុងមួយខែ។ យើងបានធ្វើការងារនេះជាមួយម្ចាស់រោងចក្រ ប៉ុន្តែរាជរដ្ឋាភិបាលក៏ត្រូវមានការលះបង់ក្នុងមួយឆ្នាំប្រហាក់ប្រហែលជា ៤០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ឲ្យការតម្លើងបៀវត្សផង និងការទ្រទ្រង់សម្រាប់ការបង់វិភាគទាន សម្រាប់បញ្ហាថែទាំសុខភាព។

កម្មករ បូកបញ្ចូលទាំងប្រតិបត្តិករដោះមីន ទទួលការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋ

កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ត្រូវបានទទួលការពិនិត្យព្យាបាលដោយឥតថ្លៃ។ ខ្ញុំគិតថាម្សិលមិញមិនមានឱកាសនិយាយគ្នាទេ ក៏ប៉ុន្តែខ្ញុំគិតថា ខ្ញុំគួរតែយកពេលនេះ ដើម្បីនិយាយទៅកាន់បងប្អូន ខាង CMAC ផងដែរ។ ថ្ងៃមុន ឃើញរបាយការណ៍ពីខាង CMAC ស្នើសុំឲ្យទទួលបាននូវរបបថែទាំសុខភាពដូចកម្មករ។ សូម ឯកឧត្តម ម៉ម ប៊ុនហេង​ ដាក់បញ្ចូលប្រតិបត្តិករដោះមីនទាំងអស់ មិនត្រឹមក្របខណ្ឌ CMACទេ ប្រតិបត្តិករដោះមីននៅអង្គការមីនផ្សេងៗ ត្រូវបានទទួលការពិនិត្យដោយឥតគិតថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋទាំងអស់បន្ថែមទៀត។​ ខ្ញុំបានឃើញ ឯកឧត្ត​ម ទេសរដ្ឋមន្ត្រី លី ធុច ធ្វើរបាយការណ៍ ដែលជាការសង្ខេបរបាយការណ៍របស់ប្រធាន CMAC លោក ខឹម ជាសោភណ្ឌ គឺចង់ឲ្យមានដំណោះ​ស្រាយបែបនេះជាមួយនឹងសំណើរបស់អគ្គនាយក CMAC។ ប៉ុន្តែ ឥឡូវមិនគ្រាន់តែដាក់នូវប្រតិបត្តិកររបស់ CMAC ទេ ត្រូវដាក់ប្រតិបត្តិ្កករទាំង The Halo Trust ទាំងអង្គការអីៗទៀត ព្រោះធ្វើការដូចគ្នា ទទួលផលប្រយោជន៍ដូចគ្នា។ បើសុខភាពមិនធានាហើយ គឺលំបាកហើយ។ ខ្ញុំសូមប្រកាសថ្ងៃនេះបន្ថែម ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ផ្តាំទៅបងប្អូនប្រតិបត្តិការដោះមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាគ្រប់ទីកន្លែងទាំងអស់ ទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ដូចកម្មករ/ការិនី កីឡាករ/ការិនីផងដែរ។ ឯចំពោះកងទ័ពមិនបាច់និយាយទេ កងទ័ព និងក្រុមវិស្វកម្មរបស់កងទ័ពខាងផ្នែកដោះមីន គេមានរបបរប​ស់គេ។

… ដឹកនាំគ្រួសារមួយ វាលំបាកណាស់ទៅហើយក្មួយអើយ! ដឹកនាំភូមិមួយវាលំបាកទៅហើយ ប៉ុន្តែពូបានដឹកនាំប្រទេស គិតមួយប្រទេស ជួនកាលគិតទៅវានៅខ្វះចន្លោះ ត្រូវបន្ថែមជាប់អញ្ចឹងទៅ … យើងគិតមិនអស់ អញ្ចឹងទេ ក្នុងប្រតិបត្តិការដោះមីនរបស់យើងមានប្រហែលជា ប៉ុន្មានពាន់នាក់ សូមឯកឧត្តម ម៉ម ប៊ុនហេង ធ្វើទំនាក់ទំនងជាមួយប្រតិបត្តិករដោះមីន ជាពិសេសតាមរយៈ អាជ្ញាធរមីនរបស់កម្ពុជា ដើម្បីឲ្យដឹងថាចំនួននៃ CMAC ប៉ុន្មាន? The Halo Trust ប៉ុន្មាន? MAG ប៉ុន្មាន? NDA ប៉ុន្មាន? និយាយរួមតិចៗទេ។ ដូច្នេះ យើងដាក់ទៅក្រោមដំបូល នៃកម្មវិធីសមធម៌សម្រាប់ការព្យាបាលដោយឥតគិតថ្លៃ។

ការទទួលសេវាជិះរថយន្តក្រុងឥតគិតថ្លៃ

ក្មួយៗកម្មករ/ការិនីរបស់យើង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក៏ត្រូវទទួលបាននូវការជិះរថយន្តក្រុង ដោយឥតគិតថ្លៃ។ ឥឡូវសូមសួរបន្តិចមើល តើមានប៉ុន្មាននាក់ហើយ ដែលបានធ្លាប់ឆ្លងកាត់នូវការជិះរថយន្តក្រុង? អ្នកមានផ្ទៃពោះមុនគេតែម្តង។ ក្រែលដែរតើ។ សន្សំលុយបានមួយសន្ធឹក ហើយសុវត្ថិភាពទៀតក្មួយ ហើយមិនចាំបាច់តែក្មួយទៅធ្វើការទេ ក្មួយចង់ដើរលេង ថាអផ្សុកណាស់ ថ្ងៃហ្នឹងអផ្សុក អញ្ចឹងទេ មើលអាខ្សែណា ទៅតាមខ្សែណា រួចហើយចុះពីអាហ្នឹង ទៅតាមមួយទៀត។ ប៉ុន្តែសូមយកបណ្ណកម្មកររបស់យើងទៅជាមួយផង។ អញ្ចឹងទេ ជិះទៅ នេះសុទ្ធតែជាអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលផ្តល់ជូននៅក្នុងក្របខណ្ឌនៃគោលនយោ​បាយ​គាំពារសង្គម ដែលជាផ្នែកមួយ នៃសំណាញ់សុវត្ថិភាពសង្គម សម្រាប់ឆ្លើយតបទៅនឹងតម្រូវការដែលចេះតែកើតឡើង។

ប្រាក់ចំណូលកើន ១១% អតិផរណានៅត្រឹម ២,៩%, ថ្លៃទឹកភ្លើងថយចុះ ថ្លៃជួលផ្ទះមិនឡើង

… ជាមួយនោះ ក៏សូមរំលឹកក្មួយៗថា ជាមួយនឹងប្រាក់កំណើនដែលក្មួយៗបានកើន ១១% ប៉ុន្តែ អតិផរណា នៅកម្ពុជាមានតែ ២,៩% តែប៉ុណ្ណោះ។ ស្ថានភាពអតិផរណារបស់កម្ពុជាធ្វើឲ្យមានជំនឿទុកចិត្តពីអ្នកវិនិយោគផង ធ្វើឲ្យជំនឿទុកចិត្តពីអ្នកប្រើប្រាស់ក្នុងស្រុក នៅក្នុងប្រទេសរបស់យើងផងដែរ។ ប្រាក់បៀវត្សរ៍កើន ១១% អតិផរណាមានកំណើនត្រឹមតែ ២,៩% ប៉ុណ្ណោះ នេះគឺជាស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលយើងត្រូវប្រឹងទាំងអស់គ្នាជាបន្តទៀត។ ជាមួយនឹងប្រាក់ចំណូលកើនឡើង ថ្លៃទឹកថ្លៃភ្លើងក៏មានការថយចុះ ហើយឆ្នាំនេះបន្ថែមដោយម្ចាស់ផ្ទះជួល ដែលខ្ញុំសុំថ្លែងអំណរគុណ ដែលមិនតម្លើងនៅក្នុងឆ្នាំ ២០១៨ សង្ឃឹមថា ក្មួយៗប្រាក់ចំណូលកាន់តែខ្ពស់ ចំណាយទាបជាងក្នុងពេលមុន។ យើងបន្តការងាររបស់យើងទៀត ការងារច្រើនណាស់ដែលយើងត្រូវធ្វើ។

និយាយលេង

ឥឡូវប៉ុន្មានថ្ងៃនេះ ថ្ងៃ ១៨ និង ១៩ គេថាមានភ្លៀង តែនៅខេត្តណាភ្លៀងអត់? នៅភ្នំពេញអត់ទេ។ មានភ្លៀងនៅបាត់ដំបង។ ឧតុនិយមគេទាយមិនសូវខុសទេ តែនៅភ្នំពេញព្រឹកនេះមិនសូវក្តៅទេ ប៉ុន្តែអម្បាញ់មិញបែក ញើសជោគដែរ ប៉ុន្តែដល់ឈរលើនេះដូចជាមិនសូវក្តៅប៉ុន្មានទេ។ មេឃស្រទុំអញ្ចឹងរហូត។ ប៉ុន្តែរឿងមេឃស្រទុំ ធ្វើម៉េចឲ្យស្រទុំរហូត? ខ្ញុំថ្ងៃនេះចង់យករឿង ២ មកនិយាយ ហើយរឿងនេះគេនិទានច្រើនហើយ ប៉ុន្តែរឿងមួយថ្មីទើបកើត អត់ទាន់មានអ្នកណានិយាយទេ ប៉ុន្តែឥឡូវនិយាយរឿងដែលគេនិទានមុន។ មេឃស្រទុំចាញ់សម្រស់ និងមេឃស្រទុំ ភ្លើទេអី? (សម្តេចនិយាយរឿងមេឃស្រទុំចាញ់សម្រស់)។

រឿងថ្មីដែលកើតឡើងថ្មីៗនេះ រឿងនេះវាអញ្ចេះ ប្រពន្ធប្រចណ្ឌប្តីនោះប្រចណ្ឌ​ ដេកយល់សប្តិក៏ប្រចណ្ឌ។ ​ដេកយល់សប្តិ ហៅប្តីទាំងយប់ ប្តីមមីងមមាំង ឯងទៅមានស្រីនេះស្រីនោះ។ សម័យថ្ងៃមួយ បុរសនេះនឹកឃើញថា បើប្រពន្ធប្រចណ្ឌយ៉ាងហ្នឹងងាប់ហើយ អញ្ចឹងទេ គាត់ចាក់បណ្តោយទឹកតែម្តង គាត់ទៅស៊ីគុយទាវនៅកន្លែងមួយ ប្រពន្ធតាមទៅលបមើលឃើញ ប្រហែលជាគ្នានៅក្បែរខាងអីហ្នឹង ប្រចណ្ឌជាមួយនាងហ្នឹងទៀត ដែលគ្នាមិនស្គាល់អីសោះនោះ។ ដល់ទីចុងបំផុត ប្តីថា ​ណ្ហើយ! ម៉ែវាអើយ! ធ្វើម៉េចបើបងខុសទៅហើយ គ្នាវាមានកូនទៅហើយ ចាក់បណ្តោយទៅអញ្ចឹង ស្រាប់តែប្រពន្ធវ៉ាវទៅជួបនាងហ្នឹង ដែលលួចមើលឃើញ ស្រាប់តែទៅដល់ មីហងឯងយកប្តីអញ អីអញ្ចេះអញ្ចុះ។ នាងនោះអត់ដឹងថាម៉េច។ ម៉េចចែ មានរឿងអីទៅ? ហងឯងធ្វើមិនដឹងទៀត មានផ្ទៃពោះហើយ​។ ដល់ឯណោះគេរកអីមិនបាន ត្រឡប់មកផ្ទះ នែ! ទៅជាមួយខ្ញុំ គេថា គេអត់មានកូនអីជាមួយឯងទេ ឯងថាមាន។ ទៅសួរគេម្តងទៀតមើល នាងនោះលាក់ទេ។ ទៅទៀត ទៅលើកទី ២។ នែ! សាហាយនាងឯងប្រាប់ថាមានកូនជាមួយនាងឯង ៣ ខែហើយ។ ឯណោះមិនដឹងធ្វើម៉េច ត្រឹមតែឆ្លើយថាអត់ទេៗ។ ត្រឡប់មកផ្ទះវិញ ហៅប្តីទៅទាល់តែបាន ដល់កន្លែងជួបជុំមួយ សួរថាមួយណាមានកូន? ទៅដល់ ប្រុស និងស្រីហ្នឹងមិនទាំងស្គាល់គ្នាផងហ្នឹង។ យ៉ាប់ អាហ្នឹងគឺកាច់ប្រពន្ធមួយបាក់ប្រាវតែម្តង។ ចាក់បណ្តោយ។ ដល់អញ្ចឹងពេក មានតែចាក់បណ្តោយ។ តែមានបុរសម្នាក់ គាត់និយាយអញ្ចេះ។ គាត់ប្រាប់ប្រពន្ធគាត់តែម្តងថា នែ!  អូនឯងប្រចណ្ឌបងជាមួយអ្នកណា បងយកអ្នកហ្នឹងទាល់តែបាន។ កុំដល់អាហ្នឹងពេកវើយ ត្រឹមតែអាក្បួនមិញ ធ្វើបាបប្រពន្ធ ឲ្យគាត់ខឹងមួយឆាវអស់។ អារឿងគេអត់ដឹងអីសោះ គ្រាន់តែដេកយល់សប្តិ ភ្ញាក់មក មើលអ្នកខាងក្រោយហ្នឹង សុទ្ធតែប្រហាក់ប្រហែលគ្នាហ្នឹង។ រឿងខាងស្រីដេកយល់សប្តិ ។ នេះមានរឿងនិទានរបស់វាបែបហ្នឹង។

ប៉ុន្តែ មានមួយ គេថាវិធីបង្រ្កាបប្រពន្ធកាច គេបង្ហោះចូលក្នុង group WhatsApp។ វិធីបង្រ្កាបប្រ​​ពន្ធកាចទី ១ ចេញពីធ្វើការត្រឡប់មកផ្ទះ។ ទី ២ បើកប្រាក់ខែហើយយកឲ្យប្រពន្ធទាំងអស់។ ទី ៣ បោកខោអាវ និងដាំស្លរខ្លួនឯង។ ទី៤ ស្អីទៀតទេភ្លេចហើយ អាហ្នឹងគឺថាប្រពន្ធឈប់កាចហើយ ឲ្យទាំងអស់រលីងហើយ បើថាកាចប៉ុណ្ណឹងទៀតល្មមហើយ​។ ប៉ុន្តែ ពិបាកដែរ ខ្មែរយើងនេះ ឥឡូវ ម្ទេសណាដែលមិនហឹរ ទាល់ទៅសួរអ្នកនិពន្ធ ហើយបើមិនអញ្ចឹងទៅសួរ ឱក សុគន្ធកញ្ញា ទៅដឹងហើយ ព្រោះច្រៀង បទ ម្ទេសណាមិនហឹរ ឬសួរអ្នកភ្លេង អ្នកចម្រៀងដែលច្រៀងបទ ម្ទេសណាមិនហឹរ អាហ្នឹងដឹងហើយរសជាតិ …។

រួមជាមួយនឹងរាជរដ្ឋាភិបាល ការពារឲ្យបាននូវសុខសន្តិភាព/ប្រាក់សោធននិវត្តន៍សម្រាប់កម្មករ ២០១៩

ថ្ងៃនេះ គឺំខ្ញុំមិនឈានហួសទៅឆ្ងាយអីទេ គ្រាន់តែរំលឹកនូវបញ្ហាខ្លះៗតែប៉ុណ្ណោះ ហើយដែលក្នុងហ្នឹង រឿងរ៉ាវទាំង ឡាយដែលយើងត្រូវធ្វើ ត្រូវបន្តធ្វើទៅទៀត។ ហើយសូមឲ្យក្មួយៗបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ការ​ពារឲ្យបាននូវសុខសន្តិភាព ការពារឲ្យបាននូវស្ថេរភាពខាងនយោបាយ ទើបធានាបាននូវការងារធ្វើរបស់ក្មួយៗ ទើបធានាបាននូវប្រាក់ចំណូលរបស់ក្មួយៗ។ គ្មានការវិនិយោគណាមកវិនិយោគក្រោមគ្រាប់បែកគ្រាប់ប្លោង ហើយក្មួយៗក៏គ្មានសុវត្ថិភាពការងារដែរ ប្រសិនបើនៅក្នុងរោងចក្រមួយៗមានបងតូច បងធំ មានអ្នកផឹកគ្រឿងញៀន ដែលបំផ្លាញទៅដល់ដំណើរការរបស់កម្មករ/ការិនីរបស់យើង។ យើងត្រូវបន្តការខិតខំទាំងអស់គ្នា​។ ការគាំទ្ររបស់ក្មួយៗវាសំខាន់ណាស់ សម្រាប់ដំណើរការឆ្ពោះទៅមុខ មិនមែនគ្រាន់តែសម្រាប់ជាតិទេ ប៉ុន្តែ សំរាប់ឆ្នាំងបាយរបស់ក្មួយៗតែម្តង។ គ្មានប្រាក់កាសឯណាធ្លាក់មកពីលើមេឃ ចិញ្ចឹមមនុស្សនោះទេ មានតែយើងបន្តការខិតខំតែប៉ុណ្ណោះ។ យើងនឹងបន្តរួមគ្នា។ ម្សិលមិញខ្ញុំក៏ប្រាប់អង្គការ ILO ឲ្យបន្តរួមគ្នាជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ ដើម្បីបង្កើតនូវរបបសោធន៍ ដាក់ឲ្យអនុវត្តនៅឆ្នាំ ២០១៩ ដែលពេលនោះក្មួយៗជាកម្មករ/ការិនី ពេលដែលចូលនិវត្តន៍ទៅ នឹងមានប្រាក់ចូលនិវត្តន៍ ដូចជាមន្រ្តីរាជការផងដែរ​។

ច្បាស់ណាស់មនុស្សយើងតែងតែមានការគិតគូរអំពីអនាគត តើវាយ៉ាងម៉េច? អនាគតរបស់ខ្លួនវាយ៉ាងម៉េច? ពេលដែលចាស់ទៅ អត់មានការងារធ្វើ អត់មានប្រាក់ចំណូល តើបានអ្នកណាចិញ្ចឹម? ឥឡូវ ដើម្បីដោះស្រាយបញ្ហាទាំងនោះ យើងមិនមែនធ្វើត្រឹមតែមន្រ្តីរាជការនោះទេ។ យើងត្រូវធ្វើនៅក្នុងវិស័យឯកជនផងដែរ ដែលកម្មករ និងកម្មការិនី បន្ទាប់ពីការចូលនិវត្តន៍មានប្រាក់បៀវត្ស។ ប៉ុន្តែ ក្មួយៗត្រូវធ្វើការឲ្យគ្រប់ឆ្នាំ ដែលច្បាប់តម្រូវ​។​ មិនមែនធ្វើចូលមួយឆ្នាំ ឬ ២ ឆ្នាំ ហើយមានប្រាក់ចូលនិវត្តន៍នោះទេ។ អញ្ចឹងបានជាពូធ្លាប់ផ្តាំផ្ញើចំពោះក្មួយៗ ឲ្យ​រក្សាទុកនូវសៀវភៅការងាររបស់ក្មួយៗ។ នៅពេលដែលក្មួយៗកំពុងធ្វើការរោងចក្រនេះ ឧទាហរណ៍ថាធ្វើការបាន ៦ ឆ្នាំ រោងចក្រនេះត្រូវបិទ ក្មួយៗទៅរោងចក្រមួយផ្សេងទៀត គេមិនរាប់ពីមួយថ្ងៃទេ គេរាប់ពី ៦ ឆ្នាំ មួយថ្ងៃឡើងទៅ។ អញ្ចឹងវាតគ្នា គ្រប់ឆ្នាំ ទោះបីយើងធ្វើ់ការ ៣ ឬ ៤ រោងចក្រតគ្នា។ រាប់ទាំងកម្មករយើងដែលធ្វើការក្រៅប្រទេស យកអាសៀវភៅហ្នឹងមកតភ្ជាប់ជាមួយនឹងការងារក្នុងប្រទេស ទើបបានទទួលនូវអត្ថប្រយោជន៍អំ​ពី​ប្រាក់សោធននិវត្តន៍នៅពេលអនាគត។ ទម្រាំដល់ពេលក្មួយៗចាប់ផ្តើមចូលនិវត្តន៍ ប្រាក់បៀវត្សរបស់ក្មួយៗ នឹងឡើងខ្ពស់ជាងនេះឆ្ងាយណាស់ទៅហើយ …។

សិក្សា និងរកដំណោះស្រាយ បាតុភាពដួលសន្លប់នៃកម្មករ/ការិនី

នេះគឺជាការគិតគូរដ៏ធំមួយ ដែលយើងត្រូវកសាងរដ្ឋទំនើបមួយ ដែលមានការទទួលខុសត្រូវ មិនមែនគ្រាន់តែដំណាក់កាល នៃការធ្វើការងារទេ យើងកំពុងស្វះស្វែងដើម្បីរកគ្រប់វិធីទាំងអស់ រាប់ទាំងបញ្ហា ដែលត្រូវសិក្សា​ពិនិត្យបញ្ហាទាំងអស់ ទាក់ទងនឹងការដួលសន្លប់របស់កម្មករ/ការិនី តើបណ្តាលមកពីអ្វី? ដើម្បីយើងរកវិធីទប់ស្កាត់កុំឲ្យមានបាតុភាពបន្តទៅទៀត ទៅលើបញ្ហាការដួលសន្លប់របស់កម្មករ/ការិនីរបស់យើង។

វត្តមាន ហ៊ុន សែន ចាំបាច់សម្រាប់សន្តិភាព និងការអភិវឌ្ឍ

សុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កុំប្រកាន់ជាមួយខ្ញុំ ដោយសារខ្ញុំមិនមែនជាអ្នកឃោសនា។ ក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនានេះ គេហាមឃាត់ការផ្តល់អំណោយនានា ក៏ប៉ុន្តែ ខ្ញុំមិនមែនឃោសនាសម្រាប់បេក្ខជនឈរឈ្មោះជាសមាជិកព្រឹទ្ធសភាទេ។ ខ្ញុំមកជានាយករដ្ឋមន្រ្តីសួរសុខទុក្ខចំពោះកម្មករ។ ប៉ុន្តែ ថ្ងៃ ២៩ ខែ កក្កដា ២០១៨ ទើបមានការបោះឆ្នោតសកល សង្ឃឹមថាក្មួយៗ រួមជាមួយជីដូន ជីតា ឪពុកម្តាយ ប្រសិនបើគាត់នៅរស់ និងក្រុមគ្រួសារ នាំគ្នាទៅបោះឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីពូបន្តជា​មួយ​ក្មួយៗបន្តទៀត។ ពូចង់ដឹងណាស់ថា ក្រោមការដឹកនាំរបស់ពូក្នុងរយៈពេលជិត ៤ ទសវត្សរ៍​ ថាជិត ៤០ ឆ្នាំ និងបន្តតទៅទៀត អត្រាលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា​វាបែបម៉េច? ពូចង់នៅថែទាំការពារ កុំឲ្យអ្នកដែលបំផ្លាញ គឺអាចបំផ្លាញបានប្រទេសនេះ។ វត្តមានរបស់ ហ៊ុន សែន គឺវត្តមានចាំបាច់សម្រាប់សន្តិភាព និងការអភិវឌ្ឍ។ អញ្ចឹង បានជាគេថា មិនចាំបាច់វាយគណបក្សប្រជាជនទេ វាយតែ ហ៊ុន សែន មួយបានហើយ ព្រោះអី? ព្រោះ ហ៊ុន សែន គឺជាមេក្លោងរបស់គណបក្សប្រជាជន។ ផ្តួល ហ៊ុន សែន បាន វាប្រៀបដូចជាការផ្តួលគណបក្សប្រជាជនបានដែរ។ ដូច្នេះ គេប្រមូលផ្តុំជេរ ហ៊ុន សែន។

កូនស្រី មិនទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផានោះទេ/មន្ទីរពេទ្យគន្ធបុប្ផាត្រូវបន្តដំណើរការ

សុំផ្តាំទៅពេទ្យវះកាត់ខួរក្បាលមួយ ដែលនៅគន្ធបុប្ផា។ ម្សិលមិញលោកឯងនិយាយខុស លោកឯង ថាបន្តិចទៀត ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់ខ្ញុំ នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។ លោកឯងត្រូវប្រយ័ត្នប្រយែងពាក្យសម្តីអស់ហ្នឹង។ កូនស្រីរបស់ខ្ញុំគ្មានជំនាញទេ។ អាសីហា វាស្តាប់បាន ហើយវាចែករំលែកមកឲ្យខ្ញុំ។ អ្នកឯងនិយាយចេញពីមន្ទីរពេទ្យគន្ធបុប្ផា។ ខ្ញុំស្គាល់មុខអ្នកឯងហើយ ឈ្មោះអី នៅឯណា។ អ្នកឯងជាវេជ្ជបណ្ឌិតខាងវះកាត់ខួរក្បាលផង អ្នកឯងមិនត្រូវល្ងង់ខ្លៅបែបនេះទេ។ កូនស្រីខ្ញុំគ្មានវិជ្ជា គ្មានចំណេះដឹង សម្រាប់ការគ្រប់​គ្រងមន្ទីរពេទ្យមួយ​ដ៏ធំនេះទេ។ មន្ទីរពេទ្យគន្ធបុប្ផាត្រូវតែដំណើរការបន្ត ទោះបីជាវេជ្ជបណ្ឌិត Richner កំ​ពុងតែឈឺធ្ងន់ ហើយបានលាចេញ។ កូនរបស់ខ្ញុំគ្មានការពាក់ព័ន្ធទេ ប៉ុន្តែ កូនរបស់ខ្ញុំត្រូវបរិច្ចាគមួយឆ្នាំមួយលានដុល្លារឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា។ ហេតុអ្វីបានជាអ្នកឯងមកចោទ ហើយចោទមិនទាន់ចំហទេ អ្នកឯងគ្រាន់​តែទំនាក់ទំនងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែ អាសីហា វាស្តាប់បាន។

ត្រកូល ហ៊ុន មិនមែនសម្រាប់អ្នកណាមើលងាយ ឬកម្ចាត់នោះទេ

ផ្តាំទៅអ្នកឯងវិញ ស្តាប់ឲ្យ​ច្បាស់ ត្រកូល ហ៊ុន មិនមែនជាត្រកូលសម្រាប់អ្នកឯងមើលងាយទេ ហើយមិនមែនសម្រាប់អ្នកឯងកម្ចាត់ទេ។ ត្រកូលមួយនេះបានរួមចំណែកធ្វើឲ្យមនុស្សរាប់លាននាក់បានរស់រានមានជីវិត និងបានអភិវឌ្ឍរហូតដល់សព្វថ្ងៃ។ អ្នកដទៃមានត្រកូល ហ៊ុន ដែរ។ ត្រកូល ហ៊ុន មានល្អ មានអាក្រក់ ក៏ប៉ុន្តែ សម្រាប់អ្នកដែលអាក្រក់ ឲ្យវាជាប់គុកតាមរបៀបអាក្រក់ទៅ ដូចអាមេជល់មាន់ថ្ងៃមុននោះ មិនដឹងវាទៅដល់ណាហើយអារឿងមេជល់មាន់នោះ? អញ្ចឹងបានឃើញសភាពការណ៍ហ្នឹងភ្លាម សរសេរចូលទៅក្នុងហ្នឹងថា វាចូលមកក្នុងត្រកូល ហ៊ុន ហ្នឹង វាចូលគ្រាន់តែបំផ្លាញត្រកូល ហ៊ុន ឬយ៉ាងម៉េច? អានេះដើរបើកកន្លែងជល់មាន់មួយនៅតាកែវ មួយទៀតនៅខេត្តកណ្តាល។ មានអី ដាក់ហ្អែងគ្រឹប​។ អ្នកណាធ្វើខុស យកទៅអនុវត្តតាមច្បាប់ទៅ។ អ្នកណាប្រើឈ្មោះត្រកូល ហ៊ុន ទៅបំពានច្បាប់ គឺត្រូវអនុវត្តច្បាប់ដូចគ្នា។ ច្បាប់គ្មានការលើកលែងសម្រាប់ត្រកូលណាទាំងអស់​។ ខ្ញុំគ្រាន់តែប្រាប់ ព្រោះខ្ញុំវាហួសចិត្តពេក។

ទស្សនកិច្ចនៅអូស្រ្តាលី ខែក្រោយ តំណាងឲ្យប្រទេសកម្ពុជា

អ្នកខ្លះថាម្សិលមិញនេះ(ថា)គេគាប ហ៊ុន សែន អ្នកខ្លះថាទៅអូស្រ្តាលី គេយកទៅគាប ក្នុងពេលដែលអូស្រ្តាលីខ្លាច ហ៊ុន សែន មិនទៅផង ហើយខ្លាច ហ៊ុន សែន ជំទាស់ទៅនឹងសេចក្តីថ្លែងការណ៍ចេញវាមិនរួចនោះ។ តែអ្នកឯងធ្វើមិនត្រឹមត្រូវដាក់ខ្ញុំ ដាក់ទៅវិញម៉ាំងៗ ហើយ ឲ្យអ្នកឯងបាក់មុខនៅកន្លែងហ្នឹង។ ប៉ុន្តែ ខ្ញុំជឿថា រដ្ឋាភិបាលនាយករដ្ឋមន្រ្តី (Malcolm) Turnbull ដែលជានិច្ចជាកាល នាយករដ្ឋមន្រ្តីរូបនេះអួតតែពីចៅជាមួយខ្ញុំ តែ​អត់ឈ្នះខ្ញុំ។ គាត់ទើបនឹងមានចៅ ៤ ខ្ញុំមានចៅ ២០ នាក់។ … តាំងពី Turnbull គាត់ជំនួស Tony Abbott ហើយប្រទេសអូស្រ្តាលីគឺជាប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើជនភៀសខ្លួន ពី Papua New Guinea មកកាន់កម្ពុជា ដែលសុំឲ្យកម្ពុជាគាំទ្រ ធ្វើជាគម្រូនាំមុខនៃការទទួលយកជនភៀសខ្លួន ដែលបម្រុងទៅកាន់ប្រទេសអូស្រ្តាលី។ បន្ទាប់ពី Tony Abbott នាយករដ្ឋមន្រ្តី Turnbull ក៏នៅបន្តរឿងនេះ ហើយទូរស័ព្ទតែងមានជាមួយគ្នា។ គាប់ជួននៅពេលណាដែលមានពិធីជប់លៀង អូស្រ្តាលីតែងអង្គុយឆ្វេង ប្រ៊ុយណេគឺអង្គុយ​ខាងស្តាំ ជានិច្ចជាកាលគឺអង្គុយជាប់គ្នារហូត។ រួចហើយ Turnbull គាត់ស្រឡាញ់ចៅដូចខ្ញុំអញ្ចឹង ទៅណាក៏គាត់បើកមើល(រូប)ចៅ។ អានេះនៅសាំងហ្គាពួរ ទៅយកប្រពន្ធនៅសាំងហ្គាពួរ អានេះនៅនេះ អានេះនៅនោះ។ ដល់រាប់ទៅគាត់បានទើបតែ ៤ បានខ្ញុំបញ្ចេញ(ចៅ)ខ្ញុំម្តង ដាក់មួយក្រុមចេញមក អានេះទើបនឹងទី ១៧ ទេ នៅអា ៣ ក្រោយទៀត។

នាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី គេគោរពគ្នាណាស់ណា ភាសានិយាយគេក៏គោរពគ្នា គេដាក់ខ្លួន។ មនុស្សមុខដូចខ្ញុំនេះឬ ដែលគេហ៊ានស្តីឲ្យទល់មុខ? ចង្អុលមុខដាក់វិញឥឡូវហ្នឹង។ អត់ទេ! មិនចាំបាច់ដល់ហ្នឹងទេ​ សូម្បីព្រះករុណាបិតា រំលឹកឡើងវិញបន្តិចទៅចុះ ចរចាជាមួយគ្នា និយាយមិនត្រូវ គឺថាព្រះករុណាមានបន្ទូលខុស ទួលបង្គំអត់គាំទ្រ ប្រាប់អញ្ចឹងតែម្តង។ ព្រះករុណាបិតា កាលពីទៅចរចា មានរឿងវាអញ្ចឹង។ មនុស្សខ្ញុំមិនមែនមនុស្ស​អញ្ចឹងឯណា? ម្យ៉ាងទៀត យើងទៅតំណាងឲ្យជាតិសាសន៍មួយ មិនមែនតំណាងឲ្យខ្លួនឯងម្នាក់ឯ​ណា? ខ្ញុំទៅតាមយន្តហោះពិសេស ដែលមានឈ្មោះថា Kingdom បានសេចក្តីថា ព្រះរាជាណាចក្រ​។ ដូចជាត្រូវហោះចុះទៅកន្លែងណាមួយនោះ ឈ្មោះ Darwin អញ្ចឹងត្រូវចាប់ផ្តើ​​មផែនការហោះហើរ ដោយសារអូស្រ្តាលីលឿនជាងយើង ៤ ម៉ោង អញ្ចឹងយើងត្រូវហោះចេញម៉ោង ៦ ល្ងាច ចេញពីកម្ពុជា ហោះពេលយប់តែម្ត​ង ទៅចុះនៅកោះណាមួយនោះ ទៅចាក់សាំង បន្ទាប់ទៅឡើងបន្តទៅ ម៉ោង ៦ ព្រឹកនៅឯអូស្រ្តាលី ទៅដល់។

ធ្វើបាតុកម្មជាសិទ្ធិ តែកុំឲ្យមានការដុតរូបឲ្យសោះ

សូមផ្តាំទៅអាអ្នកដែលត្រៀមធ្វើបាតុកម្មនោះ មុខរបស់លោកឯងត្រូវចាំ ជាកិត្តិយសនៃរដ្ឋាភិបាលរបស់លោក ឯង។ ប៉ុន្តែ ជាសេរីភាពរបស់អ្នកឯង តែអ្នកឯងកុំភ្លេចថា ខ្ញុំក៏មានប្រជាជននៅខាងក្រៅប្រទេសគាំទ្រ ហើយជួបរាប់រយនាក់។ ជានិច្ចជាកាល ខ្ញុំទៅណាក៏ដោយ អ្នកធ្វើបាតុកម្មមានប្រមាណជា ១០% នៃអ្នកដែលមកជួបខ្ញុំតែប៉ុណ្ណោះ។ អ្នកធ្វើបាតុកម្ម ស្រែកឡូឡានៅខាងក្រៅ វាតិច តែអ្នកដែលមកជួបស្វាគមន៍ ហើយសុំ Selfie វាច្រើនជាង។ ហើយទៅ ធ្វើទៅ ស្រែកទៅ។ ប៉ុន្តែ សុំផ្តាំកុំដុតរូបឲ្យសោះ។ ដុតរូបតាមដល់ផ្ទះ ប្រាប់ឲ្យ​ហើយ។ មួយជំនាន់ធ្វើបាតុកម្ម ២០១៣ អត់ហ៊ានដែរ។ សម្តេចក្រឡាហោម ប្រាប់ទៅទូតអាមេរិកាំង ថា ឯកឧត្ត​មប្រាប់ទៅអ្នកធ្វើបាតុកម្ម ស្រុកខ្មែរអបិយជំនឿ តែហ៊ានធ្វើរូបហើយដុតរូប ច្បាស់ជាមានរឿងហើយ។ ខ្ញុំប្តូរផ្តាច់ពេលហ្នឹង តែហ៊ានធ្វើរូបទីងមោងរូបខ្ញុំយកទៅដុត តាមវាយដល់ផ្ទះ។ នេះនិយាយឲ្យច្បាស់។ បើអ្នកឯងមានសិទ្ធិដុតរូបគេ គេក៏មានសិទ្ធិវាយអ្នកឯង មានទាស់ខុសអី? អាហ្នឹងសិទ្ធិទៅ សិទ្ធិមក។ អ្នក​ឯងប្រើហិង្សាដល់រូបកាយគេហើយ អ្នកឯងចាត់ទុកថា អាហ្នឹងលោក ហ៊ុន សែន។ តាមដល់ផ្ទះ ក្របួចយកតែម្តង។

ចលនាសង្រ្គោះជាតិ ជាអង្គការភេរវកម្ម

ចលនាស្អីគេសង្គ្រោះជាតិហ្នឹង ឃើញមួយ វាយមួយ ឃើញពីរ វាយពីរ ប្រាប់ឲ្យហើយទៅ កុំចេញមុខឲ្យ​សោះ ចេញមកត្រូវហើយ។ មិនមែនជាការគាបសង្កត់សិទ្ធិ តែនេះជាអង្គការភេរវកម្ម បំផ្លាញជាតិ អង្គការខុសច្បាប់ ដែលខ្ញុំហៅថា ជាអង្គការភេរវកម្ម។ បើអ្នកឯងពូកែ មកនាំគ្នាធ្វើបក្ស ចូលរួមបោះឆ្នោតទៅ ហើយមិនចូលទេ ក៏មិនមែនមុខដូចម៉ែដែរ និយាយឲ្យច្បាស់អញ្ចឹងតែម្តងទៅ។ ខ្លះគេថា លោក ហ៊ុន សែន ឥឡូវចេះនិយាយ អាមឹង លោកឯង អាមឹងមកលើខ្ញុំនោះ អានេះ ខ្ញុំថាមុខដូចម៉ែអញ អានេះគេនិយាយភាសារបស់គេតើ។ មិនមែនមុខលោកឯងមុខដូចម៉ែរបស់ខ្ញុំទេ ចង់ព្រាត់ប្រាសទៅណាក៏ព្រាត់ប្រាសទៅ ចង់មកក៏មក ចង់ទៅក៏ទៅ។ ប៉ុន្តែ អ្នកដែលមានសាលដីការួចហើយ មិនទាន់ទទួលការលើកលែងទោស ខ្ញុំក៏មិនលើកលែងទោសឲ្យនរណាដែរ ព្រោះវាអាក្រក់ពេក ត្រូវតែជាប់ខ្នោះ និងជាប់គុកសិន។ ផុតកំណត់ អាហ្នឹងរួចទោសនឹងគេទៅ។ ប៉ុន្តែ ពួកនេះមិន​ហ៊ានប្រថុយជាប់គុកទេ អាងអីរត់ៗ ហើយរត់ចុះរត់ឡើង មកដល់ភ្នំពេញវិញ ព្រៃសដដែល រត់ចុះរត់ឡើងក្បែរហ្នឹង។ កុំរត់អីល្អជាង នៅផ្ទះទៅ បើថាធ្វើអីមិនកើត។

លើកទឹកចិត្តឲ្យកម្មការិនីរើសប្តី

ថ្ងៃនេះ ប៉ុណ្ណឹងទៅចុះ។ ក្មួយៗ ១៥.១៩៦ នាក់ ពូមិនមានអីច្រើនទេ ជាកាដូតូចតាចទេ ម្នាក់ជូន ២ ម៉ឺនរៀលតែប៉ុណ្ណោះ។ ប៉ុន្តែ ដឹងច្បាស់ណាស់ ក្មួយៗមិនមែនមកដើម្បីទទួលប្រាក់ពីពូនោះទេ តែជាការសំណេះសំណាលមួយ ការជួបជុំមួយ ដើម្បីពូសួរសុខទុក្ខ។ ក៏មានក្មួយៗជាច្រើនដែលទន្ទឹងរង់ចាំវត្តមានរបស់ពូទៅដល់កន្លែងរបស់ពួកគេ។ តែដូចបានជម្រាបអញ្ចឹង អាទិត្យក្រោយនៅសំរោងទង ខេត្តកំពង់ស្ពឺ ហើយក៏នៅខេត្តព្រះសីហនុ ២ លើក ដែលមានចំនួនជាង ៣ ម៉ឺននាក់ នៅទីនោះ។ សម្រាប់ក្រុមតន្រ្តីសម័យដូចរាល់ដងដែរ គឺ ៥ លានរៀល។ សម្រាប់ក្មួយៗដែលជាស្រ្តីមានផ្ទៃពោះ បន្តិចទៀតពូនឹងដើរទៅជួបក្មួយៗផ្ទាល់ ហើយសង្ឃឹមថា ក្មួយៗនឹងសម្រាលកូនដោយសុវត្ថិភាព សុខសប្បាយ និងទទួលបានកូនប្រុសស្រី ដែលជាទីស្រឡាញ់ និងវ័យឆ្លាតសម្រាប់អនាគត។ សង្ឃឹមថា ប្តីរបស់ក្មួយៗនឹងនៅក្បែរក្មួយៗ ហើយក្មួយៗក៏មិនចាំបាច់ឲ្យប្តីបោកប្រាស់ថា ដូចរឿងមិញអញ្ចឹង ទៅរកវាយគេ ហើយបើវាយគេខុសទៀតហ្នឹង។ ប្តីពិបាកពេក កុំប្រចណ្ឌពេកនាង។ តែសុំសួរមួយ អ្នកជិតចូលរោងការមានប្រហែលប៉ុន្មានទៅ សុំលើកដៃបន្តិច ទាំងស្រីទាំងប្រុស។ ច្រើនដែរ។ នាងអើយ! គេថានារីកម្មការិនីរោងចក្រឥឡូវនេះ រើសប្តីណាស់។ ពូលើកទឹកចិត្តឲ្យក្មួយៗរើសប្តីបន្តទៀត រើសទៅ។ ការដែលរើសប្តី អត់មានអីអាក្រក់ទេ នេះជាការជូនសារទៅយុវជនថាឲ្យធ្វើអំពើល្អ ប្រព្រឹត្តអំពើល្អ កុំធ្វើផ្តេសផ្តាស ទើបខ្ញុំយកបងឯងធ្វើជាប្តី។ ថ្ងៃមុននេះ ប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ខ្ញុំថា យកថ្ងៃ ៨ មីនា ធ្វើជាថ្ងៃអប់រំបុរសនៅក្នុងការគោរពសិទ្ធិរបស់ស្រ្តី។ ប៉ុន្តែ យកល្អ កុំយកតែមួយថ្ងៃ យក ៣៦៥ ថ្ងៃតែម្តងទៅ គឺជាការល្អមែនទែនហើយបើគោរពតែមួយថ្ងៃ គោរពធ្វើអី។

ចុងបញ្ចប់ ជាមួយនឹងការអរគុណចំពោះក្មួយៗ អ្នកចូលរួម និងម្ចាស់រោងចក្រ អ្នកគ្រប់គ្រង។ អរគុណទាំងសិល្បករ សិល្បការិនី ដែលបន្តិចទៀតនឹងចេញចម្រៀងដំបូងមក គឺ កន្សែងក្រហម សម្រាប់ជាចំណងដៃរបស់កម្មករតែម្តង ដែលបានមកចូលរួមនៅថ្ងៃនេះ ហើយក៏សូមយកពេលនេះ ជូនពរចំពោះអ្នកទាំងអស់គ្នា ជាពិ​សេស ចំពោះក្មួយៗកម្មករ/ការិនីទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ​ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ