ប្រសាសន៍​សំខាន់​ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​បើកការ​ដ្ឋានសា​ង​សង់​ស្ពាន​ឆ្លងទន្លេមេគង្គ​ថ្មីមួយ​ទៀត​តម្លៃ​ជិត៥៧លានដុល្លារ តភ្ជាប់​កំពង់ចាម ទៅត្បូងឃ្មុំ

(FN)៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ​បើកការ​ដ្ឋាន សាង​សង់​ស្ពាន​ឆ្លង​កាត់ទន្លេមេគង្គថ្មីមួយទៀតត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ទៅកាន់ទឹក​ដីនៃ​ខេត្តត្បូង​ឃ្មុំ។ គម្រោង​សាង​សង់​ស្ពាន​និង​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​ជិត​៥៧​លាន​ដុល្លារ ការសាង​សង់នេះ​នឹង​បញ្ចប់​នៅឆ្នាំ​២០២១ ដោយ​ចំណាយ​ពេលប្រមាណ៤២ខែ។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតចិនថា ស្ពាន៨ ដែល​ចិន​ផ្តល់​កម្ចី​សម្រាប់​សាង​សង់មិនទាន់ចប់នោះទេ នៅយ៉ាងហោចណាស់​៣​ទៀត​។ រួមមាន៖ ស្ពាននៅទី​រួមខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ ស្ពានភ្ជាប់ពី​ជ្រោយចង្វា ទៅអរិយក្សត្រស្វាយជ្រុំ និងស្ពាំនភ្ជាប់ទៅក្តីតាកុយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាស្មានដឹងថា កុមារម្នាក់ដែលធ្លាប់តែឆ្លងទូកនៅស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្លងសាឡាងនៅតំបន់នានានោះ បានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ដែលមិនធ្លាប់បានគិតដល់នោះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះលោក សម រង្ស៊ី ដែលបានបបួលសម្តេចឈប់ធ្វើនយោបាយនៅអាយុ ៦៥ឆ្នាំ។ សម្តេចតេជោថ្លែងថា សម្តេចមិនល្ងង់តាមនោះទេ ហើយព្រោះតែមិនល្ងង់នេះហើយទើបសម្តេចបានដឹកនាំប្រទេសរហូតមក ហើយលោក​ សម រង្ស៊ី មិនអាចសម្រេចមហិច្ឆតារបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា មានសម្តេច គឺគ្មានវត្តមានលោក សម រង្ស៊ី នោះឡើយ។ បើតាមសម្តេចតេជោការប្រកាសដាក់ចេញការតាំងចិត្តបែបនេះ គឺធ្វើតាមលោក សម រង្ស៊ី ដែលបានប្រកាសកាលពី១០ឆ្នាំមុនថា «មានស៊ី ត្រូវអត់សែន ហើយបើមានសែន គឺត្រូវអត់ស៊ី»។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការអនុវត្តន៍នយោបាយចិនមួយដែលបន្តមរតកពីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺស្មើនឹងការគោរពអធិបតេយ្យរបស់ខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការចាប់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយមហាអំណាចចិន គឺជារឿងដ៏ត្រឹមត្រូវ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាហាមឃាត់ត្រឹមការដាក់ការិយាល័យតំណាងរបស់តៃវ៉ាន់នៅកម្ពុជា និងហាមឃាត់ការលើកទង់ជាតិរបស់តៃវ៉ាន់ តែមិនបានហាមឃាត់ការរកស៊ី និងការហោះហើររបស់តៃវ៉ាន់មកកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានការពារចិន ពេលដែលចិនបានស្នើសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ សម្តេចបានរំលឹកថា អំឡុងពេលចិនស្នើសុំចូលជាសមាជិកពាណិជ្ជកម្មពិភពលោក មានសំណួរចោទសួរថា តើមានការព្រួយបារម្ភពីឥទ្ធិពលចិននៅក្នុងអង្គការនេះដែរឬទេ? សម្តេចក៏បានចោទសួរវិញថា តើត្រូវជនអន្តោប្រវេសន៍ចិន ឬត្រូវទទួលអ្នកទេសចរចិន។

* សម្តេចបានគូសបញ្ជាក់ថា ប្រសិនបើទុកឲ្យចិននៅក្រមានន័យថា ទុកឲ្យប្រជាជនចិនហូរទៅតាមប្រទេសនានា ប៉ុន្តែបើចិនក្លាយជាអ្នកមានចិននឹងរួមចំណែកជួយដល់ប្រទេសក្នុងតំបន់។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រទេសខ្លះបានចោទសម្តេចថា ទៅកៀកចិនពេក តែសម្តេចសុំសួរវិញថា តើអ្នកដែលនិយាយបែបនោះ បានជួយអ្វីខ្លះដល់សម្តេចក្រៅតែពីការរិះគន់ និងជេរសម្តេចប៉ុណ្ណោះ មិនបានអ្វីជួយដល់កម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រប់ប្រទេសក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងទៀត សុទ្ធតែមានទំនាក់ទំនងជាមួយប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចចង់ធ្វើមិត្តគ្រប់ជាមួយប្រទេសទាំងអស់ ប៉ុន្តែសួរថាអគារខ្ពស់ៗនៅកម្ពុជា មិនមានអគារណាក្រៅពីចិន និងជប៉ុន ហើយសមិទ្ធផលស្ពាន និងផ្លូវ គឺមានតែចិន និងជប៉ុន ព្រមទាំងរាជរដ្ឋាភិបាលសាងសង់ខ្លួនឯង មិនដែលមានប្រទេសទាំងអស់នោះសាងសង់ទេ។

* សម្តេចតេជោ ហ៊ុន សែន បានឌឺដងផ្លែផ្កាឲ្យអាមេរិកថា ជំនួយរបស់ពួកគេបានតែចិញ្ចឹមក្រុមអង្គការសង្គមស៊ីវិល ដែលបម្រើបន្ទាត់នយោបាយរបស់ពួកគេប៉ុណ្ណោះ ហើយអង្គការសង្គមស៊ីវិលខ្លះធ្វើជាចារកម្មបំផ្លាញកម្ពុជាថែមទៀតផង។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចមិនដែលនឹកស្មានថា ប្រទេសកម្ពុជាមានការរីចម្រើនបែបនេះនោះឡើយ។ ជាក់ស្តែងនៅស្ទឹងត្រង់-ក្រូចឆ្មារនេះ ប្រើតែទូកចម្លងប៉ុណ្ណោះ តែពេលបច្ចុប្បន្នមានស្ពាន មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន​សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

* សម្តេចនាយករដ្ឋមន្ត្រីថា បន្ទាប់ពីមានវត្តមានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងធ្វើជីវិតអ្នករត់សាឡាងត្រូវបញ្ចប់ តែទោះជាយ៉ាងណាមិនអាចបន្តទុកឲ្យប្រទេសកម្ពុជានៅលំបាក ក្នុងការឆ្លងទន្លេបែបនេះទៀតឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ប្រជាពលរដ្ឋមួយចំនួនដែលគិតតែពីចង់ដូរៗដូរផ្កាប់មុខ ដោយមិនដឹងលទ្ធផលបែបណាគិតតែពីចង់ដូរ។ សម្តេចបានលើកឧទាហរណ៍ថា កាលពីឆ្នាំ៧០ ព្រោះតែការចង់ដូរនេះហើយទើបចុងក្រោយសោកស្តាយ ហើយចង់បានសម្តេច នរោត្តម សីហនុ មកវិញ។

* សម្តេចប្រមុខដឹកនាំនាវាកម្ពុជា បានថ្លែងជំរុញឲ្យពលរដ្ឋកម្ពុជារួមគ្នាជំរុញការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើន ហើយគ្មាននរណាអាចមករារាំងការអភិវឌ្ឍរបស់កម្ពុជាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលរិះគន់ពីការវិនិយោគរបស់ចិននៅកម្ពុជា គឺព្រោះតែគេច្រណែនចិន ដែលបានវិនិយោគនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃស្អែកគណបក្សនយោបាយនឹងចាប់ផ្តើមយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ តែសម្តេចក៏បានបញ្ជាក់ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា សម្តេចមិនមែនជាតួអង្គនៃយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ ហើយសម្តេចក៏មិនជួយឃោសនារកសំឡេងឆ្នោតនោះដែរ។ ដូច្នេះសម្តេចនៅតែបន្តធ្វើសកម្មភាពក្នុងនាមជានាយករដ្ឋមន្ត្រី ដោយចុះជួបជាមួយប្រជាពលរដ្ឋធម្មតា។

* សម្តេចនាយករដ្ឋមន្ត្រីថា កម្ពុជានាពេលបច្ចុប្បន្នមានមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរច្រើនជាងពេលប្រទេសកើតសង្គ្រាមទៅទៀត។ ដើម្បីលុបបំបាត់បញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ជាពិសេសអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយ៉ាងម៉ឹងម៉ាត់បំផុតចំពោះការដឹកជញ្ជូនលើសទម្ងន់។ ក្នុងនោះសម្តេចបានឲ្យហៅរាល់ក្រុមហ៊ុនទាំងអស់មកនិយាយគ្នា ហើយបើគេមិនព្រមបញ្ឈប់ការដឹកលើសទម្ងន់ទេ ត្រូវបិទក្រុមហ៊ុននោះចោលតែម្តង។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីម៉ោង០០យប់នេះទៅ មិនត្រូវឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេសធ្វើដំណើរលើដងផ្លូវទៀតនោះឡើយ។ អភិបាលរាជធានី-ខេត្ត ត្រូវដកចេញឲ្យអស់បើធ្វើរឿងនេះមិនបាន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឲ្យចាត់ការរាល់រថយន្តតទ្រុងខុសបច្ចេកទេស ហើយបើម្ចាស់តវ៉ាឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច ដើម្បីសម្តេចចាប់ដាក់ពន្ធនាគារតែម្តង។

* សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា មិនមានការលើកលែងចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនោះឡើយ, សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់មិនត្រូវយកឡើងលើផ្លូវនោះឡើយ។

* សម្តេចតេជោ បានលើកឡើងថា រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកគោ និងដឹកដំឡូងមីជាដើម។ សម្តេចថា រថយន្តទាំងនេះ បានធ្វើឲ្យខូចផ្លូវខ្លាំងណាស់។

* សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់និងអធ្យាស្រ័យផងដែរ ចំពោះការកាត់បំបែកខេត្តកំពង់ចាម។ បើតាមសម្តេចការកាត់បំបែកខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំមួយទៀត ព្រោះសម្រួលក្នុងការគ្រប់គ្រង់រដ្ឋបាល។

* សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា កាសែតញូវយ៉កថាម នឹងផ្សព្វផ្សាយទាំងអស់មិនផ្សាយរឿងអាក្រក់ពីកម្ពុជា ហើយនឹងមិនទទួលបានពានរង្វាន់ «ព័ត៌មានខុស» ពីសម្តេច ដូចលោក ដូណាល់ ត្រាំ នោះទេ។

* សម្តេចតេជោ បញ្ចប់សុន្ទរកថានៅវេលាម៉ោង៩៖៤៥នាទី,

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ