ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
ឯកឧត្តម តំណាងអោយស្ថានទូត នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ!
ថ្ងៃនេះ យើងពិតជាមានមោទនភាព ដោយសារតែព្រះរាជាណាចក្រកម្ពុជារបស់យើង បានទទួលនូវសមិទ្ធផលថ្មីមួយទៀត គឺដាក់អោយសម្ពោធ ដើម្បីអោយដំណើរជាផ្លូវការ សម្រាប់រោងចក្រស៊ីម៉ង់ត៍ដ៏ធំនៅក្នុងទឹកដីខេត្តកំពតរបស់យើងនេះ។
កែតម្រូវឈ្មោះក្រុមហ៊ុន ជីប ម៉ុង
អនុញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិច សម្រាប់ការហៅឈ្មោះរបស់ក្រុមហ៊ុននេះ។ បើយោងទៅលើភាសាអង់គ្លេស ដែលហៅថា Chip Mong Insee Cement Corporation យើងប្រើពាក្យត្រឹមថា “សាជីវកម្ម ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន” បានហើយ ព្រោះអម្បាញ់មិញ យើងប្រើពាក្យស្ទួនគ្នា ព្រោះពាក្យ “ខផូរេសិន” ហ្នឹង គឺជាពាក្យ “សាជីវកម្ម” ហ្នឹងឯង។ អញ្ចឹងទេ យើងមិនចំាបាច់ប្រើពាក្យក្រុមហ៊ុនមកបន្ថែមទៀតទេ ប្រើពាក្យក្រុមហ៊ុនវាលើស។ យើងប្រើពាក្យអោយវាខ្លី ងាយស្តាប់ផង “សាជីវកម្ម ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន” ប៉ុណ្ណឹង … គ្រាន់តែថា ម៉េចបានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គាត់និយាយខូផូរេសិន? រួចហើយប្រធានក្រុមហ៊ុននិយាយពីខូផូរេសិន? ដល់ពេលនាយករដ្ឋមន្ត្រីនិយាយពីសាជីវកម្ម? នេះគ្រាន់តែជាការកែតម្រូវ ដើម្បីអោយវាស្របទៅជាមួយនឹងភាសាអង់គ្លេស និងភាសាខ្មែរតែប៉ុណ្ណឹងទេ។
ការរីកចម្រើនជាបន្តបន្ទាប់ក្នុងអាណត្តិទី ៥
នេះជាការចាប់ផ្តើមថ្មីមួយទៀតនៅក្នុងឆ្នំាថ្មី បន្ទាប់ពីឆ្នំាចាស់បានរំលងផុតទៅ។ ឥទ្ធិពលនៃសេដ្ឋកិច្ចដែលបានរីកចម្រើនជាបន្តបន្ទាប់នៅក្នុងអាណត្តិទី ៥ របស់រាជរដ្ឋាភិបាល។ ចាប់តំាងពីឆ្នំា ២០១៣ រហូតមកដល់ពេលនេះ ហើយជាពិសេសនៅក្នុងឆ្នំា ២០១៦-២០១៧ ដែលកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់យើងនេះ អនុញ្ញាតអោយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសរបស់យើង បន្តដំណើរការឥតឈប់ឈរ ហើយជាដំណើរការសេដ្ឋកិច្ចប្រកបដោយការជឿជាក់ និងភាពរឹងមំារបស់វា។ ត្រឹមតែរយៈពេល ២ ឆ្នំា ប៉ុណ្ណោះ បន្ទាប់ពីបើកការដ្ឋានដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឆ្នំា ២០១៦ ឥឡូវនេះឆ្នំា ២០១៨ យើងបានសម្ពោធដាក់អោយប្រើប្រាស់ មិនមែនគ្រាន់តែដាក់អោយប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែ រោងចក្របានផលិតរួចជាស្រេចទៅហើយ ក្នុងមួយថ្ងៃ ចំនួន ៥ ពាន់តោន ហើយដែលស្នើនឹង ១ លាន ៧ សែនតោន ក្នុងរយៈពេលមួយឆ្នំា។
មិនមែនមហិច្ឆតាធ្វើឧស្សាហកម្មធុនធ្ងន់ តែជាតម្រូវការចាំបាច់ ហើយក៏មានលទ្ធភាពធ្វើបាន
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរជាមួយនឹងក្រុមហ៊ុន ជីប ម៉ុង គ្រុប(Chip Mong Group) នៅព្រះរាជាណាចក្រកម្ពុជា ដែលមានភាគហ៊ុនរហូតទៅដល់ ៦០% ជាមួយក្រុមហ៊ុន Siam City Cement ដែលមានភាគហ៊ុនចំនួនទឹកប្រាក់ ៤០% ដែលប្រមូលផ្តុំជាការវិនិយោគសម្រាប់នៅទីនេះ ចំនួន ២៦២ លានដុល្លារ។ អាចចាត់ទុកថា នេះជាវិស័យឧស្សាហកម្មធុនធ្ងន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឧស្សាហកម្មធុនធ្ងន់មួយចំនួនបានដំណើរការរួចមកហើយ។ យើងមិនមែនជាអ្នកដែលមានមហិច្ឆតាធ្វើឧស្សាហកម្មធុនធ្ងន់នោះទេ ក៏ប៉ុន្តែ នេះវាជាតម្រូវការចាំបាច់ ហើយវាក៏ជាលទ្ធភាពជាក់ស្តែង ដែលកម្ពុជាអាចធ្វើទៅបាន។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះក្រសួងរ៉ែ និងថាមពល ដែលបានសិក្សារៀបចំនូវគម្រោង និងផ្តល់នូវការអនុញ្ញាតសាងសង់។ ថ្លែងនូវការកោតសរសើរ ចំពោះបណ្តាស្ថាប័នពាក់ព័ន្ធទំាងអស់ រាប់ទំាងអាជ្ញាធរដែនដី និងកម្លំាងប្រដាប់អាវុធ ដែលបានចូលរួមនៅក្នុងដំណើរការធ្វើអោយរោងចក្ររបស់យើងនេះ លេចចេញជារូបរាង។
នយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ផ្តល់ឱកាសមាស ឱកាសពេជ្រ លើគ្រប់វិស័យ
ខ្ញុំព្រះករុណាខ្ញុំ ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល បានដឹកនំាប្រទេសនេះតំាងពីបាតដៃទទេ តំាងពីសង្គ្រាមនៅឆាបឆេះ ហើយនៅតំបន់នេះ ក៏ជាតំបន់ដែលសង្គ្រាមចប់ស្ទើរតែក្រោយគេ ស្ទើរតែស្មើនឹងតំបន់ផ្សេងទៀតនៅក្នុងផ្ទៃប្រទេស។ ខេត្តកំពត គឺជាខេត្តដែលទើបនឹងបញ្ចប់សង្គ្រាមនៅឆ្នំា ១៩៩៦។ បន្ទាប់ពីយើងអនុវត្តនយោបាយឈ្នះឈ្នះនៅតំបន់ឱរ៉ាល់ ហើយបន្ទាប់ទៅនៅតំបន់ប៉ៃលិន និងតំបន់ដទៃទៀត តាកែនកោះស្លា ដូចជាភ្នំវល្លិ៍ ក៏ត្រូវបានដោះស្រាយបញ្ហា។ ប្រសិនបើប្រទេសពុំមានសន្តិភាពទេ ពិតណាស់ថា រោងចក្រទំាងឡាយមិនមានវត្តមាននៅទីនេះ។ ពេលនេះ រោងចក្រស៊ីម៉ង់ត៍ ចំនួន ៣ ដែលកំពុងមានវត្តមាននៅក្នុងខេត្តកំពត ជាមួយនឹងវារីអគ្គិសនីមួយទៀត ដែលនៅក្នុងខេត្តកំពតរបស់យើងផងដែរ។ នោះហើយ គឺជាសមិទ្ធផល ជាផ្លែផ្កា នៃសន្តិភាព ដែលយើងរកបានដោយលំបាក តាមរយៈនៃនយោបាយឈ្នះឈ្នះ ដែលជាលើកដំបូងនៅក្នុងរយៈ(ពេល)ប្រមាណ ៥០០ ឆ្នំា នៃប្រវត្តិរបស់កម្ពុជា ដែលតែងតែមានការបែកបាក់ពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយដែលមានការគ្រប់គ្រងតែមួយ ក្រោមព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ សភាតែមួយ រាជរដ្ឋាភិបាល និងកងម្លំាងប្រដាប់អាវុធតែមួយ ដែលអាចចាត់ទុកថា ជាឱកាសមាស និងឱកាសពេជ្រ សម្រាប់យើងទំាងអស់គ្នា។
អរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅជុំវិញនេះផងដែរ ដែលបានចូលរួមសហការ ដើម្បីធ្វើអោយសមិទ្ធផលទំាងឡាយ ដែលបានកើតនៅទីនេះ បើទោះបីវាជាសមិទ្ធផលដែលកើតឡើងដោយក្រុមហ៊ុនក៏ដោយចុះ ក៏ប៉ុន្តែ មិនត្រូវភ្លេចថា អន្តរសកម្មចេញពីទីនេះ មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់ក្រុមហ៊ុនទេ ក៏ប៉ុន្តែវាជាការរីកចម្រើន នៃប្រទេសជាតិរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏ដូចជា ឧកញ៉ា លាង ឃុន ក៏បានធ្វើរបាយការណ៍រៀបរាប់អំពីដំណើរការចាប់ផ្តើមរបស់យើងនៅទីនេះ ក៏ដូចជា ពីស្ថានភាពរួមនៃសេដ្ឋកិច្ចរបស់យើង ជាពិសេស នៅក្នុងវិស័យផលិតស៊ីម៉ង់ត៍ ដែលមកដល់ពេលនេះ ក្នុងឆ្នំា ២០១៨ នេះ (យើងមានសមត្ថភាពផលិត)រហូតទៅដល់ ៧ លានតោន។ ដែល ៧ លានតោននេះ កន្លងទៅយើងប្រើច្រើនលានតោន ក៏ប៉ុន្តែ យើងនំាចូល។
អន្តរសកម្មកើតចេញពីការផលិតស៊ីម៉ង់ត៍នៅកំពត
… យើងគួរត្រូវពិនិត្យ (នៅទីនេះ)មិនមែនគ្រាន់តែជាបញ្ហានិយាយទៅដល់រឿងការងារធ្វើនៅតាមតំបន់រោងចក្រ ដូចជានៅកន្លែងនេះ ដោះស្រាយត្រឹមតែរោងចក្រ ៤០០ នាក់ ហើយរោងចក្រទំាងអស់ដោះស្រាយត្រឹមតែប៉ុន្មានពាន់នាក់នោះទេ។ អន្តរសកម្មដែលចេញពីរោងចក្រទំាងប៉ុន្មាន យើងគ្រាន់តែនិយាយអំពីរោងចក្រមួយនេះទៅចុះ ១ លាន ៧ សែនតោន ហើយដែលផលិតក្នុងមួយថ្ងៃ ៥ ពាន់តោន។ អ្វីដែលសំខាន់ គឺស្ថិតនៅត្រង់ថា ការដ្ឋានសំណង់ទាំងអស់ដែលនៅទូទាំងប្រទេស ប្រសិនបើមិនមានស៊ីម៉ង់ត៍ទេ វាក៏មិនមានការងារធ្វើ សម្រាប់កម្មករសំណង់ និងការសាងសង់នូវសំណង់នានាផងដែរ។ មិនមែនគ្រាន់តែចាំសំណង់ធំទេ ប្រជាពលរដ្ឋត្រូវការសាងសង់ផ្ទះ ប្រជាជនត្រូវការសាងសង់សាលា ព្រះសង្ឃក៏ត្រូវការសាងសង់ព្រះវិហារ និងសេនាសេនៈដ៏ទៃទៀត។ តម្រូវការកាន់តែច្រើនទៅៗ ហើយឥឡូវនេះ ការចាប់ផ្ដើមកសាងនៅផ្លូវថ្នល់ខ្លះ គឺមិនមែនកសាងដោយកៅស៊ូទៀតទេ គឺចាប់ផ្ដើមដោយសាងសង់ជាបេតុង ដែលមានកម្រាស់ ២,៥ តឹក (ឬ) ៣ តឹក ឯណោះ ដែលវាអាចត្រូវការនៅការប្រើប្រាស់ស៊ីម៉ង់ត៍កាន់តែច្រើនទៅៗ។ អញ្ចឹង អន្តរសកម្មដែលកើតចេញពីការផលិតស៊ីម៉ង់ត៍ នៅកំពតរបស់យើងនេះ សម្រាប់វិស័យការងារធ្វើនៅក្នុងវិស័យសំណង់ តើត្រូវស្រូបយកកម្មករប៉ុន្មានទៅ? ដោះស្រាយការងារប៉ុន្មានទៅ? សម្រាប់អោយកម្មករ/ការិនីរបស់យើងធ្វើ និងនិយាយទាក់ទងជាមួយនឹងការងារធ្វើរបស់ប្រជាពលរដ្ឋរបស់យើង ដែលបានចាប់ផ្ដើមចេញពីដំណើការ នៃរោងចក្រមួយនេះ។
និយាយអំពីវិស័យសេវាវិញ នៅមានអ្នកលក់ដុំ នៅមានអ្នកលក់រាយនៅទូទាំងប្រទេសថែមទៀត។ គេត្រូវការអ្នកលក់ដុំ គេត្រូវការអ្នកលក់រាយ ព្រោះម្ចាស់រោងចក្រគ្មានឱកាស ដើម្បីនឹងទៅលក់ខ្លួនឯងទេ ត្រូវមានបណ្តាញចែកចាយ។ បើត្រូវមានបណ្តាញចែកចាយយ៉ាងដូច្នេះ តើមុខរបរដែលនឹងត្រូវបានឡើងដោយអ្នកលក់ស៊ីម៉ង់ត៍នៅតាមទីកន្លែងនានាបានប៉ុន្មានទៀតទៅ? ពន្ធអាកររបស់រដ្ឋក៏នឹងត្រូវបានប៉ុន្មានទៀតទៅ? ប៉ុន្តែ អ្វីដែលខ្ញុំចង់និយាយ គឺមុខរបររបស់ប្រជាពលរដ្ឋ និងការងារធ្វើរបស់ប្រជាពលរដ្ឋ។ គ្រាន់តែក្នុងបណ្ដាញចែកចាយអំពីការលក់ដុំ និងការលក់រាយនេះ វាក៏បានផ្ដល់ឱកាសច្រើនណាស់ទៅហើយ សម្រាប់ប្រជាជនកម្ពុជារបស់យើង។ យើងត្រូវមើលឃើញនូវមែកធាងរបស់វាដែលចេញពីទីនេះ។
សូមថ្លែងនូវការកោតសរសើរដែរ ដែលបានសហការគ្នា រវាងខាងផ្នែករថភ្លើង ជាមួយនឹងរោងចក្រ ដែលមិនធ្វើអោយមានការកង្វល់ទៅដល់បញ្ហាការខូចផ្លូវ ដោយសារតែការដឹកជញ្ជូនស៊ីម៉ង់ត៍ចេញពីទីនេះ។ ខ្ញុំក៏បានមើលឃើញផ្លូវដែកនោះ ហើយឧកញ៉ា គិត ម៉េង ក៏បានប្រាប់ អំពីការតភ្ជាប់ផ្លូវដែក ដែលតភ្ជាប់ចេញពីទីនេះ ទាក់ទងជាមួយនឹងស៊ីម៉ង់ត៍នេះ។ យ៉ាងណាក៏ដោយ ឡានដែលធ្វើអោយខូចផ្លូវច្រើនជាងគេ គឺឡានដឹកស៊ីម៉ង់ត៍ អាហ្នឹងសូមផ្តាំពីទីហ្នឹងតែម្ដង។ ដឹកតាមរថភ្លើងវាមិនអីទេ ប៉ុន្តែ អាដឹកតាមឡានឯណោះ គាត់តែងតែដាក់ច្រើនលើសចំណុះ។ អញ្ចឹង យកចិត្តទុកដាក់អំពីបញ្ហានោះ។
រឿងដែលខ្ញុំចង់និយាយ គឺទាក់ទងនឹងការងារធ្វើ។ បើសិនជាយើងដឹកជញ្ជូនអោយបានត្រូវតាមចំណុះ គ្រាន់តែអ្នកធ្វើសេវាដឹកជញ្ជូនស៊ីម៉ង់ត៍នេះ ក៏មានការងារធ្វើ។ បង្កើតការងារធ្វើបាននៅទីនោះបានផងដែរ។ នៅមិនទាន់ទៅដល់បញ្ហា ប្រសិនបើក្រុមហ៊ុនស៊ីម៉ង់ត៍នេះចាប់ធ្វើជាស្ពន់ស័រ(Sponsor) អោយកីឡាប្រដាល់ កីឡាបាល់ទាត់ ទៅជាខនសឺត (Concert) ចម្រៀងអីផ្សេងទៀត អានឹងវាបានការងារធ្វើទៅដល់ហ្នឹងទៀត។ អាហ្នឹងខ្ញុំនិយាយអំពីឥទ្ធិពលរបស់វា។ ឧទាហរណ៍៖ ឥឡូវ យើងដាក់ម៉ាកស៊ីម៉ង់ត៍អីអាហ្នឹង? ម៉ាកខ្មែរអូដ្ឋ។ បើសិនជាខ្មែរអូដ្ឋ គាត់ធ្វើស្ពន់ស័រ(Sponsor) អ្នកវាយបុក(កីឡាប្រដាល់) តើបង្កើតអោយក្រុមហ៊ុនទូរទស្សន៍វាមានឱកាស ដើម្បីបង្កើតនូវកម្មវិធីវាយបុក។ អញ្ចឹងទេ វាបានទៅដល់អ្នកកីឡា វាបានទៅដល់អាប៊ីត(អាជ្ញាកណ្ដាល) វាបាន(ទៅដល់)គ្រប់រឿង។ បើសិនជាស្ពន់ស័រ(Sponsor) សម្រាប់ខាងសិល្បៈវិញ វាបានទៅដល់អ្នកសិល្បៈ វាបានទៅដល់អ្នកភ្លេង វាបានទៅដល់អ្នកមើលទៅទៀត រឿងវាច្រើនណាស់។
VAT អ្នកណាក៏ត្រូវជាប់ដែរ
ដូឆ្នេះ យើងមិនត្រូវមើលត្រឹមថា នៅកន្លែងនេះ ដោះស្រាយត្រឹមតែតែការងារបាន ៤០០ នាក់ តែប៉ុណ្ណោះ ប៉ុន្តែ មិនត្រូវភ្លេចថា ទន្ទឹមនឹង ៤០០ នាក់ ដែលបង្កើតការងារធ្វើនៅទីនេះ យើងបង្កើតជាបណ្តាញ ទម្រាំនឹងប្រើទៅដល់គោលដៅ គឺបង្កើតការងារបានច្រើនណាស់។ នេះមិនទាន់គិតពីការដែលយើងត្រូវកាត់បន្ថយនូវការនាំចេញរូបិយបណ្ណរបស់យើង សម្រាប់ទៅទិញស៊ីម៉ង់ត៍ពីប្រទេសក្រៅចូលមក។ នេះជាផលចំណេញខាងសេដ្ឋកិច្ចមួយទៀត។ រដ្ឋក៏នឹងទទួលបាននូវពន្ធ បើយ៉ាងហោចណាស់ គឺពន្ធ VAT ដែលហៅថា អ្នកប្រើប្រាស់ចុងក្រោយ គឺត្រូវតែមានការបង់ VAT នោះឯង។ បើទោះបីជាមិនជាប់ពន្ធនេះ មិនជាប់ពន្ធនោះ ក៏ប៉ុន្តែ ពន្ធ VAT អ្នកណាអ្នកណាក៏ជាប់ដែរ។ ទាំងគេ ទាំងខ្ញុំ ជាប់តែទាំងអស់គ្នាហ្នឹង។
វិនិយោគិនកម្ពុជា អាចចាប់ដៃគូជាមួយបរទេសវិនិយោគក្នុងស្រុក ឬវិនិយោគដោយខ្លួនឯងនៅក្រៅប្រទេស
… ចំណុចនេះ តើបានមកពីអ្វីទៅ? ខ្ញុំសូមជម្រាបជូនថា នៅកម្ពុជាសម័យឆ្នាំ ១៩៧៩ អ្នកដែលអាចលាក់មាសទុកពីពួក ប៉ុល ពត យ៉ាងច្រើនបានមាស ១ គីឡូហ្នឹង។ សល់មាស ១ គីឡូ ថាអញ្ចឹងទៅចុះ។ លាក់ពីរបប ប៉ុល ពត។ ប៉ុន្តែភាគច្រើន គឺបាតដៃទទេ។ ឥឡូវនេះ កម្ពុជាមានអ្នកវិនិយោគទុន ដែលមានប្រាក់រាប់រយរាប់ពាន់លានដុល្លារដែរ ដែលមានសមត្ថភាពអាចនឹងចាប់ដៃគូជាមួយនឹងដៃគូបរទេស ដែលមករកស៊ីនៅកម្ពុជា ឬអាចធ្វើការវិនិយោគទុនដោយខ្លួនឯងនៅប្រទេសរបស់ខ្លួន។ ឥឡូវ ប្រទេសកម្ពុជារបស់យើងក៏មានអ្នកវិនិយោគមួយចំនួនទៅកាន់ប្រទេសឡាវ និងអ្នកវិនិយោគមួយចំនួន ក៏ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ ក៏មានអ្នកវិនិយោគមួយចំនួនក៏កំពុងឆ្ពោះទៅទីម័រលេស្តឯណោះ។ អញ្ចឹងទេ ក៏មានអ្នកវិនិយោគរបស់យើងមួយចំនួនបានចេញទៅក្រៅប្រទេសរួចទៅហើយ។
អរគុណប្រជាពលរដ្ឋទូទាំងប្រទេសជានិច្ចកាលបានគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា
ចំណុចអស់ទាំងនេះ យើងគួរចាប់ផ្ដើមគិតថា តើវាចេញមកពីចំណុចអ្វី បាននាំមកដល់យើងកន្លែងនេះ? មិនមែនជាការងាយស្រួលទេ ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការអរគុណ ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និយាយដោយឡែក និងនិយាយរួម ចំពោះប្រជាជននៅទូទាំងប្រទេស ដែលជានិច្ចកាលបានគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ហើយក្នុងនោះ បានគាំទ្ររូបខ្ញុំអោយទទួលបន្តដឹកនាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ចាក់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ បើទោះបីមានការខុស ការត្រូវ គឺវាមានការទទួលខុសត្រូវរបស់ ហ៊ុន សែន នៅក្នុងនោះ។ ខ្ញុំមិនទទួលយកតែអាត្រូវទេ តែខ្ញុំក៏ទទួលយកទាំងត្រូវ ទាំងខុស។
យកជីវិតជាដើមទុន ដើម្បីរំដោះពីប្រល័យពូជសាសន៍ សន្តិភាព និងការឯកភាពទឹកដី
គេក៏ត្រូវថ្លឹងមើលថា នៅក្នុងរយៈពេលដែលខ្ញុំកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ៣៣ ឆ្នាំ តើអ្វីខ្លះទៅដែលវាបានកើតឡើងនៅក្នុងទឹកដីនេះ? ពីប្រទេសមួយដែលមានសង្គ្រាមហែកហួរ ក្លាយទៅជាប្រទេសមួយដែលមានសន្តិភាព មានការឯកភាពទឹកដីពេញលេញ ដែលមិនមានតំបន់អបគមន៍។ នោះគឺជាការចាប់ផ្តើមយកជីវិតធ្វើដើមទុនម្ដងហើយម្ដងទៀត។ លើកទី ១ គឺការយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសចេញពីរបប ប៉ុល ពត។ ឯលើកទី ២ យកជីវិតធ្វើដើមទុនសាជាថ្មីម្តងទៀត ចូលទៅក្នុងតំបន់ខ្មែរក្រហម ដើម្បីអោយមានការជឿជាក់គ្នា ទុកចិត្តគ្នា បង្កើតឡើងនូវស្ថានភាពឈ្នះឈ្នះ សម្រាប់សន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងប្រទេសរបស់យើង។
កម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារ ខណៈប្រទេសជាច្រើនធ្វើសេដ្ឋកិច្ចផែនការ
ក្នុងក្របខណ្ឌនយោបាយសេដ្ឋកិច្ច ប្រទេសមួយចំនួនដើរក្រោយកម្ពុជាទេ ទៅលើការកែទម្រង់សេដ្ឋកិច្ច។ នៅក្នុងពេលដែលប្រទេសជាច្រើនធ្វើសេដ្ឋកិច្ចផែនការ ក៏ប៉ុន្តែ បែរជាខ្ញុំនេះ បានដឹកនាំអនុវត្តនូវសេដ្ឋកិច្ចទីផ្សារទៅវិញ។ នេះជារឿងមិនធម្មតា ហើយដែលអាចចាត់ទុកថា សំណាងមួយក្នុងសំណាងក្នុងចំណោម ១.០០០ សំណាងទៅចុះ។ កាលពីពេលនោះ ប្រទេសមួយចំនួនកំពុងធ្វើសេដ្ឋកិច្ចផែនការ តាមបែបរបស់ដែលហៅថា សេដ្ឋកិច្ចសង្គមនិយម ប៉ុន្តែ នៅពេលវេលាដែលខ្ញុំដឹកនាំរដ្ឋាភិបាលនៅពេលនោះ ខ្ញុំបានបើកឱកាសអោយវិស័យឯកជនរីកចម្រើនឡើង។ វិស័យឯកជនក៏ចាប់ផ្តើមដំណើរការរីកចម្រើន។
ការផ្គត់ផ្គង់ស៊ីម៉ង់ត៍កាលពីដើម មកពីសូវៀត
ខ្ញុំធ្លាប់មកមើលរោងចក្រ ចក្រីទីង នេះ។ ពេលនោះ ឯកឧត្តម ចម ប្រសិទ្ធ បានធ្វើដំណើរជាមួយខ្ញុំ។ កាលពេលនោះយើងក៏ផលិតស៊ីម៉ងត៍មួយចំនួនដែរ ហើយគុណភាពរបស់វា P ៥០០។ ក្រោយមកខ្ញុំទៅពិភាក្សាជាមួយនឹងមេដឹកនាំសូវៀត ដើម្បីអោយគាត់ចាប់ផ្តើមស្តារឡើងវិញនូវរោងចក្រស៊ីម៉ង់ត៍ ចក្រីទីង។ ពេលនោះអតីតឧបនាយករដ្ឋមន្ត្រីរបស់សូវៀតឈ្មោះ ទីកូណូហ្វ បានប្រាប់ខ្ញុំថា បើធ្វើរោងចក្រហ្នឹងឡើងវិញ យកល្អនាំស៊ីម៉ង់ត៍ពីកូរ៉េខាងជើងមកផ្គត់ផ្គង់អោយកម្ពុជា វាថោកជាង។ ពិតប្រាកដណាស់ បើសិនជាយើងធ្វើបែបរខេករខាក ដុតប្រេង ហើយបាញ់អោយទៅជាស៊ីម៉ង់ត៍នោះ មិនមែនជារឿងតូចទេ រឿងធំណាស់។ អញ្ចឹងទេ បានជាកាលពីពេលនោះ យើងផ្គត់ផ្គង់ស៊ីម៉ង់ត៍ពីសូវៀត ប៉ុន្តែ សូវៀតយកស៊ីម៉ង់ត៍ពីកូរ៉េខាងជើង។ ហើយពេលនោះកូរ៉េខាងជើងជាមួយយើងអត់ទាន់ត្រូវគ្នាទៀត … ប៉ុន្តែ សូវៀតគាត់មិនបានប្រាប់ថា នាំមកកម្ពុជាទេ តែកម្ពុជាប្រើស៊ីម៉ង់ត៍កូរ៉េខាងជើង។
សូមកុំភ័ន្តច្រឡំ កុំថា កិច្ចព្រមព្រៀងប៉ារីស អ្នកនាំសេដ្ឋកិច្ចផ្សារមកអោយកម្ពុជាឲ្យសោះ?
… តាំងពីឆ្នាំ ១៩៩០ យើងក៏ចាប់ផ្តើមដំណើរការធ្វើឯកជនូបនីយកម្មបណ្តារោងចក្ររដ្ឋទាំងប៉ុន្មាន ព្រោះពេលវេលាបានមកដល់ នៅពេលដែលយើងបើកចំហទីផ្សារ។ បើទោះបីជាមិនទាន់មានអ្នកវិនិយោគពីខាងក្រៅធំៗក៏ដោយចុះ ប៉ុន្តែ វាក៏ចាប់ផ្តើមមានចលនា នៃការចូលមកធ្វើការវិនិយោគមកកម្ពុជាជាបណ្តើរៗហើយ។ ដូច្នេះ តាំងពីពេលនោះមក សេដ្ឋកិច្ចរបស់កម្ពុជាបន្តការលូតលាស់។ សូមកុំភ័ន្តច្រឡំ កុំថា កិច្ចព្រមព្រៀងប៉ារីស អ្នកនាំសេដ្ឋកិច្ចផ្សារមកអោយកម្ពុជាឲ្យសោះ? សូមកុំនិយាយអាធុនហ្នឹង។ អ្នកខ្លះថា កិច្ចព្រមព្រៀងប៉ារីស នាំសេដ្ឋកិច្ចទីផ្សារមកអោយកម្ពុជា ប៉ុន្តែ សូមប្រាប់ទៅអ្នកទាំងឡាយអោយបានជ្រាបថា កម្ពុជាបានធ្វើសេដ្ឋកិច្ចផ្សារ(រួចទៅហើយ)។
បើនិយាយពីសេដ្ឋកិច្ច ខ្ញុំអាចនិយាយបានថា ខ្ញុំបានដឹកនាំសេដ្ឋកិច្ចតាមបែបផែន ៣ ផ្នែកសំខាន់។ ទី ១ ចាប់ផ្តើមចូលរួមដឹកនាំសេដ្ឋកិច្ចផែនការ។ ពេលនោះយើងគ្មានជម្រើសទេ។ ប្រជាជនរបស់យើងភាគច្រើន បន្ទាប់ពី ប៉ុល ពត បានរឹបអូសដីធ្លី រឹបអូសចានឆ្នាំងទៅ ពេលដែលវិលត្រលប់មកវិញ ខ្លះបានចាន ខ្លះបានឆ្នាំង ខ្លះបានឆ្នាំង តែអត់ស្លាបព្រា។ គោដែលគេយកទៅរាស់នឹម ត្រឡប់មកវិញ ១០ (ឬ) ២០ គ្រួសារ មានគោ ២ នឹម។ សួរថា យើងត្រូវធ្វើយ៉ាងម៉េច? កាលពេលនោះ ត្រូវធ្វើវេរប្រវាស់ដៃ ដែលគេហៅថា ក្រុមសាមគ្គីនៅពេលនោះ។ ធ្វើម៉េចអោយរស់សិន។ អាហ្នឹងខាងផ្នែកវិស័យកសិកម្ម។
ដល់ខាងផ្នែកវិស័យឧស្សាហកម្ម តើមានអ្នកណាមកវិនិយោគសម្រាប់ប្រទេសយើង? យើងមានតែធ្វើខ្លួនឯងតែប៉ុណ្ណោះ ហើយរោងចក្រដែលចំណេញ មានតែរោងចក្របារីមួយគត់ ក្រៅពីនោះរោងចក្រទាំងប៉ុន្មាន គឺខាតទាំងអស់។ ប៉ុន្តែ យើងបង្ខំចិត្តត្រូវធ្វើ ដើម្បីអោយវាដំណើរការ។ ពេលនោះគ្មានអ្នកណាមកវិនិយោគ គ្មានអ្នកណាគិតគូរដល់កម្ពុជាទេ ហើយគេគិតគូរវាមិនកើត? ដោយសារប្រទេសកំពុងស្ថិតនៅស្ថានភាព មានសង្គ្រាមផង មានសន្តិភាពផង។ បើទោះបីជាពេលនោះ សន្តិភាពមានចំណែកភាគច្រើននៃដែនដី និងពេលវេលា ឯសង្គ្រាមមាននៅលើចំណែកដែនដីខ្លះ និងពេលវេលាខ្លះ ក៏ប៉ុន្តែ វាមានឥទ្ធិពលអាក្រក់ទៅលើបញ្ហាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសរបស់យើង។
យើងបានប្រឹងធ្វើជាបណ្តើរៗរុញអោយមានការរីកចំរើន។ ជម្រុញវិស័យឯកជនអោយងើបឈរឡើង។ ក្នុងហ្នឹងដោយរាប់ទាំងការផ្តល់កម្មសិទ្ធិដីធ្លីអោយប្រជាពលរដ្ឋ បែងចែកដីធ្លីអោយប្រជាពលរដ្ឋ។ អញ្ចឹង បានជាអ្នកមានស្រុកខ្មែរមួយចំនួន គាត់ហ៊ានប្រថុយទិញដីកាលហ្នឹង ហ៊ានប្រថុយទិញដីថោកៗ ដល់ទៅពេលរដ្ឋប្រគល់កម្មសិទ្ធិឲ្យប្រជាជន គឺប្រជាជនគាត់លក់ដីហ្នឹង ក្លាយទៅជាអ្នកមានអស់។ អ្នកដែលក្រខ្ញុំទេតើ។ អត់ដីនឹងគេ។ នៅដីតិចមួយក្រវេចនៅវិមានឯករាជ្យ។ បានជាធ្វើផ្ទះខ្ពស់ មូលហេតុអីបានធ្វើផ្ទះខ្ពស់ម្ល៉េះ? មូលហេតុព្រោះអត់មានដី។ បើខ្ញុំចង់យកដី ភ្នំពេញកន្លែងណាក៏ខ្ញុំយកបានដែរ កំពតក៏ខ្ញុំហ៊ានយកដែរ ប៉ុន្តែ ខ្ញុំមិនប៉ះពាល់ដីទេ។ ការធ្វើផ្តល់កម្មសិទ្ធិឲ្យប្រជាជន គឺផ្តល់នៅក្នុងកណ្តាប់ដៃរបស់ ហ៊ុន សែន។
ឯកជនូបនីយកម្មរោងចក្ររដ្ឋ
បន្ទាប់ទៅយើងរុញដំណើរការអោយធ្វើឯកជនូបនីយកម្មរោងចក្ររដ្ឋទាំងអស់។ អត់ទុកទេ។ ក្នុងពេលវេលាដែលប្រទេសមួយចំនួន នៅបន្តធ្វើរោងចក្ររដ្ឋ សហគ្រាសរដ្ឋ ក្រុមហ៊ុនរដ្ឋ ហើយខ្ញុំតែងតែបង្អាប់ ខ្ញុំថា អាក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជន រកស៊ីមិនឈ្នះក្រុមហ៊ុនឯកជនទេ។ ខ្ញុំឧស្សាហ៍និយាយពីរឿងអ្នកលក់គុយទាវ។ ហាងគុយទាវមួយ ហាងគុយទាវរដ្ឋ ហាងគុយទាវមួយទៀត ហាងគុយទាវឯកជន។ ហាងគុយទាវឯកជន យើងចូលទៅហាងគុយទាវឯកជនភ្លាម ទោះបីជាមិនទាន់មានស្អីក៏ដោយចុះ អ្នករត់តុបានមកដល់សូមអញ្ជើញអង្គុយ ពិសារទឹកសិន។ អាហ្នឹងខាងវិស័យឯកជន រួចហើយបានគេយកអីមកកត់ ត្រូវការអី គុយទាវគោក ឬក៏គុយទាវទឹក។ សាច់ជ្រូក ឬក៏សាច់គោ។ អាហ្នឹងខាងវិស័យឯកជន។ មកដល់ចាប់ផ្តើមបម្រើតែម្តង ទោះបីអាតុហ្នឹងវាអត់មានធូលីក៏ដោយ វាក៏ជូតដែរ ប៉ុន្តែ បើនៅក្បែរហ្នឹងឃ្លាតតែពីហ្នឹងទៅ ៥០ ម៉ែត្រ ទៅដល់រោងគុយទាវរដ្ឋហើយ ទៅដល់ហ្នឹង គឺថា យើងអង្គុយមួយសន្ទុះធំ គ្មាននរណាមកអើតទេ … ព្រោះអញ្ចេះ អញលក់ដាច់ក៏បានប្រាក់ខែប៉ុណ្ណឹង អញលក់មិនដាច់ក៏បានប្រាក់ខែប៉ុណ្ណឹង។ ដូច្នេះ វាមានប្រឹងអី? ដូច្នេះ រុញអោយឯកជនធ្វើ ហើយរដ្ឋចាំអោយទីផ្សារកាត់សេចក្តីទៅ។ រដ្ឋជាសេដ្ឋវិទូ ដឹកនាំក្របខណ្ឌគោលនយោបាយតែប៉ុណ្ណោះ ហើយក្រៅពីនោះ ទុកអោយទីផ្សារមានការប្រកួតប្រជែង។
កម្ពុជានឹងបន្តធ្វើច្បាប់នានា តាមការសន្យាជាមួយអង្គការពាណិជ្ជកម្មពិភពលោក
ខ្ញុំនិយាយអំពីបញ្ហាទាក់ទងនឹងរឿងសេដ្ឋកិច្ចនេះ មានរឿងច្រើនណាស់។ ទម្រាំកម្ពុជាមានសព្វថ្ងៃនេះ មិនមែនដំណើរការធម្មតាទេ។ យើងបានធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់យើងនៅចុងទសវត្សរ៍ ៨០ ចាប់ពីពាក់កណ្តាលទសវត្សរ៍ ៨០ រហូតមក។ ឥឡូវនេះ យើងកំពុងធ្វើសុក្រឹត្យកម្មចាប់ពីឆ្នាំ ១៩៩១-១៩៩២ មក យើងកំពុងបន្តធ្វើសុក្រឹត្យកម្មសេដ្ឋកិច្ចផ្សាររបស់យើង។ រាប់ទាំងអាទិត្យមុននេះ យើងធ្វើច្បាប់មួយតម្រូវទៅតាមការសន្យារបស់យើងនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក អំពីគេហៅថា អាជ្ញាបណ្ណបញ្ជាផ្នែកវេជ្ជសាស្រ្ត ខាងផ្នែកវិស័យសុខាភិបាល ដែលពេលនោះ យើងបានធ្វើការសន្យានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ យើងនឹងបន្តធ្វើច្បាប់ ស្តីពីបញ្ហាទាក់ទងនឹងបញ្ហាមេធាវីតទៅទៀត។ អ្វីដែលយើងបានសន្យាជាមួយអង្គការពាណិជ្ជកម្មពិភពលោក យើងត្រូវធ្វើអោយបាន ព្រោះនេះវាជាលក្ខខណ្ឌតម្រូវសម្រាប់សេដ្ឋកិច្ចសេរី សេដ្ឋកិច្ចបើកចំហ។
នយោបាយគាំពារនិយម មិនមានជោគជ័យឡើយ
យើងក៏ប្រឆាំងនឹងការគាំពារនិយម ដែលលេចឡើង … ខ្ញុំនៅតែជឿជាក់ថា នយោបាយគាំពារនិយមនឹងមិនមានជោគជ័យនោះទេ។ ប្រទេសនីមួយៗមិនអាចឯកោទៅតែឯងបានទេ គឺត្រូវមានសហប្រតិបត្តិការជាមួយប្រទេសផ្សេង។ អ្នកត្រូវនាំចេញទំនិញទៅខាងក្រៅ។ ខាងក្រៅត្រូវនាំចូលទំនិញចូលទៅក្នុងប្រទេសរបស់អ្នក។ នេះគឺជាដំណើរធម្មតា នៃការរកស៊ីនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗនៅលើពិភពលោកនេះ។ បើទោះបីជាអ្នកហាមឃាត់ ក៏អ្នកមិនអាចហាមឃាត់ក្រុមហ៊ុនឯកជនបានដែរ។ បើអ្នកហាមឃាត់ក្រុមហ៊ុនឯកជនបាន អ្នកមិនខុសពីប្រទេសដែលមានរបបផ្តាច់ការមួយ ដែលឈានរហូតដល់ហាមឃាត់ក្រុមហ៊ុនឯកជន មិនអោយធ្វើសកម្មភាពដោយសេរី។ ប្រទេសដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យសេរី ជាប្រទេសដែលមិនដាក់កំណត់ណាមួយ(ឡើយ) លើកលែងតែវិធានពន្ធដារ និងបទដ្ឋានដែលមានការពាក់ព័ន្ធ។ ឧទាហរណ៍៖ ថ្លៃស៊ីម៉ង់ត៍ រដ្ឋអត់មានមកកំណត់ថ្លៃស៊ីម៉ង់ត៍ទេ កំណត់ទៅដោយទីផ្សារជាអ្នកកាត់សេចក្តី លក់ថ្លៃពេកគេមិនទិញ លក់ថោកពេក គឺខាតតែប៉ុណ្ណឹង។ អាហ្នឹងវាស៊ីសងលោកឯងទេតើ? ទុកអោយគេកាត់សេចក្តីទៅ ទុកអោយទីផ្សារកាត់សេចក្តី។
តម្រូវការស៊ីម៉ង់ត៍នឹងកើនឡើងច្រើននៅពេលអនាគត
… ឯតម្រូវការទៅខាងមុខ ខ្ញុំគិតថា នៅលើពិភពលោក និយាយជារួម និងនិយាយដោយឡែក គឺសម្រាប់កម្ពុជា តម្រូវការស៊ីម៉ង់ត៍ គឺកាន់តែខ្ពស់ហើយ មិនមែនទាបទេ។ មូលហេតុអ្វីទៅ? ក្នុងចំណុចនេះ យើងគួរតែនិយាយថា កាលពីអតីតកាល នៅក្នុងប្រទេសរបស់យើងប្រើស៊ីម៉ង់ត៍តិចទេ ដោយសារពេលនោះ ព្រៃឈើរបស់យើងច្រើន ប្រជាពលរដ្ឋធ្វើផ្ទះសម្បែង គឺធ្វើដោយឈើមានចំនួនច្រើន។ ប៉ុន្តែ ឥឡូវនេះ ឈើថ្លៃជាងដែក និងស៊ីម៉ង់ត៍ទៅទៀត។ ដូច្នេះ ប្រជាពលរដ្ឋត្រូវធ្វើលំនៅស្ថាន សូម្បីតែកុដិព្រះសង្ឃឥឡូវនេះ មិនមែនជាកុដិធម្មតាទេ គឺជាវីឡាកុដិ និងជាសណ្ឋាគារកុដិទៅទៀត ព្រោះកុដិខ្លះលេងទៅដល់ ៨០ បន្ទប់ ព្រោះសម្រាប់ព្រះសង្ឃទៅរៀននៅកន្លែងនោះ។ អញ្ចឹង សុទ្ធតែប្រើស៊ីម៉ង់ត៍ មិនមែនប្រើឈើទៀតទេ។ ការប្រើប្រាស់ឈើកាន់តែធ្លាក់ចុះ ដោយសារតែឈើរបស់យើងត្រូវបានអភិរក្ស និងការហាមឃាត់ការប្រើប្រាស់ឈើ។
អញ្ចឹង ការប្រើស៊ីម៉ង់ត៍សម្រាប់ការសាងសង់គ្រប់ការដ្ឋានទាំងអស់ រាប់ទាំងផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលមុននេះកសាងដោយឈើ តែឥឡូវនេះ ត្រូវជំនួសដោយស៊ីម៉ង់ត៍ ដូច្នេះ ស៊ីម៉ង់ត៍កាន់តែត្រូវការច្រើន។ មួយផ្នែកទៀត ប្រទេសរបស់យើងរីកលូតលាស់ច្រើនណាស់ ឥឡូវ អគារក្នុងមួយខែៗ បើយើងខានទៅកន្លែងហ្នឹង ក្នុងរង្វង់តែមួយខែ ស្ថានភាពខុសប្លែក ដោយសារតែអគារវាផុសឡើងព្រោងព្រាត នោះមកពីអី? គឺការប្រើប្រាស់ស៊ីម៉ង់ត៍នោះឯង។ បន្ថែមទៀត ផ្លូវថ្នល់បច្ចុប្បន្ននេះ បើចង់កាន់តែរឹងមាំ គឺត្រូវធ្វើចាក់បេតុង។ អាបេតុង ២,៥ តឹក ឬ ៣ តឹកហ្នឹង … មិនងាយស្រុតទេ ហើយបានយូរអង្វែងទៀត។ អញ្ចឹងទេ តម្រូវការនៅពេលខាងមុខនេះ គឺយើងមានតម្រូវការច្រើន។
ប្រទេសខ្លះអភិរក្ស និងទុកធនធានបម្រុង សុខចិត្តនាំចូល
នៅលើពិភពលោកនេះ តម្រូវការមិនមានការថយចុះទេ។ ប្រទេសនានាសុទ្ធតែមានតម្រូវការសាងសង់ទាំងអស់។ ប្រទេសរបស់យើងក៏ត្រូវមានការសាងសង់ ប៉ុន្តែ យើងក៏បានសង្កេតឃើញថា ប្រទេសខ្លះចាប់ផ្តើមធ្វើការអភិរក្សហើយ ដោយសន្សំនូវវត្ថុធាតុដើមសម្រាប់ផលិតស៊ីម៉ង់ត៍។ ប៉ុន្តែ គែបែរជាសុខចិត្តនាំស៊ីម៉ង់ត៍ពីក្រៅចូលទៅក្នុងប្រទេសរបស់គេវិញ។ ប្រទេសខ្លះទៀត សូម្បីតែអណ្តូងប្រេងកាតរបស់គេ ក៏គេមិនផលិតទេ គេទុកសិន គេទុកបម្រុង ប៉ុន្តែ គេទៅធ្វើអាជីវកម្មនៅប្រទេសក្រៅ ដើម្បីគេទុកបម្រុងរបស់គេ។ ឯប្រទេសរបស់យើង ភ្នំនេះបើតាម ឯកឧត្តម ស៊ុយ សែម រាយការណ៍ គឺប្រើបាន ១០០ ឆ្នាំ ក្នុងសមត្ថភាពផលិតប្រមាណជា ២ លានតោន ក្នុងមួយឆ្នាំ យើងអាចផលិតបាន ១០០ ឆ្នាំ។ អញ្ចឹងទេ យើងក៏ត្រូវបែងចែក កំណត់ទិសដៅអោយបានច្បាស់លាស់ អំពីបញ្ហាទាក់ទងជាមួយនឹងការផលិតរបស់យើង អំពីតម្រូវការសាងសង់របស់យើង ហើយក៏អាចមានតម្រូវការ នៃការនាំចេញស៊ីម៉ង់ត៍ចេញពីកម្ពុជាផងដែរ។
មិនមែនភ្នំណា ក៏សុទ្ធតែផលិតស៊ីម៉ង់ត៍បាននោះទេ
ប្រទេសណាក៏ដោយ ឬក្នុងប្រទេសយើង មិនមែនទីកន្លែងណាក៏សុទ្ធតែអាចផលិតស៊ីម៉ង់ត៍បានទេ។ កុំថាឡើយដល់ផលិតស៊ីម៉ង់ត៍ សូម្បីតែថ្មធ្វើផ្លូវហ្នឹង ក៏មិនមែនភ្នំណាដែលមានថ្ម អាចធ្វើផ្លូវបានទាំងអស់ទេ។ ភ្នំខ្លះយើងអាចបែងចែកជាភ្នំដែលត្រូវអភិរក្ស ព្រោះភ្នំដែលវាទាក់ទងជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្រ្ត និងទីតាំងប្រវត្តិសាស្រ្ត គឺជាភ្នំដែលត្រូវធ្វើការអភិរក្ស ដោយមិនត្រូវអោយមានការយកថ្មទៅធ្វើជាសំណង់ ឬថ្មនោះធ្វើជាវត្ថុធាតុដើម សម្រាប់ការផលិតស៊ីម៉ងត៍នោះទេ។ ឯថ្មមួយប្រភេទទៀត គឺជាថ្មដែលយើងអាចអនុញ្ញាតអោយយកធ្វើជាវត្ថុធាតុដើមផលិតស៊ីម៉ងត៍ ដូចជានៅខេត្តកំពតរបស់យើងនេះ មានបួនកន្លែង មិនដឹងថានៅមានកន្លែងណាទៀត និងនៅមានខេត្តដទៃទៀត។ យើងត្រូវបែងចែក និងកំណត់វា ហើយសិក្សាវាអោយបាន បើសិនជាការផលិត (ឬ)ដាក់រោងចក្រ ដូចជាកន្លែងនេះ បើយើងធ្វើ ១ លាន ៥ សែនតោន, ១ លាន ៧ សែនតោន ទៅ ២ លានតោន ក្នុងមួយឆ្នាំ បែរជាធ្វើបានតែ ២០ ឆ្នាំ ហើយរោងចក្រ(ចំណាយ)អស់ ២៦០ លានដុល្លារ(អាមេរិក) គឺវាខាតងាប់បាត់អស់ទៅហើយ។ អញ្ចឹង សិក្សាផ្នែកភូមិសាស្ត្រ គឺច្បាស់លាស់ណាស់ទៅហើយ គឺទើបអាចនឹងធ្វើបានទៅលើរឿងនេះ។
ឯមួយប្រភេទទៀត គឺភ្នំ/ថ្ម ដែលអាចផ្តល់ជាថ្ម សម្រាប់សម្ភារៈសំណង់។ បើមានតែស៊ីម៉ងត៍ អត់មានថ្ម អត់មានដែក ក៏មិនអាចយកទៅធ្វើអីបានដែរ។ អញ្ចឹង ក៏ត្រូវកំណត់វា។ ឯថ្មមួយប្រភេទទៀត គឺវាខ្ចីណាស់ វាខ្ចីពេក។ យកទៅកិនធ្វើជាថ្ម វាមិនគ្រប់ស្តង់ដាររបស់វា។ វាជ្រាយ។ វាចេញពីហ្នឹងផុតទៅ វារលាយទៅតាមទឹក។ អញ្ចឹង មិនមែនអោយតែឃើញភ្នំ/ថ្ម សុទ្ធតែថា អូ! សម្ភារៈសំណង់សម្បូរ។ ដែលពិបាកជាងគេ (គឺ)នៅខេត្តព្រែវែង (និងខេត្ត)ស្វាយរៀង វាអត់មានទេ សូម្បីតែដីក្រហមក៏អត់មានដែរខាងហ្នឹង។ ខ្វះទាំងដីក្រហម ខ្វះទាំងថ្ម។ ថ្មបានភ្នំឈើកាច់មួយ គ្រាន់នឹងដោះស្រាយបញ្ហានៅទីនោះ។
លក្ខណៈពិសេសរបស់ខេត្តកំពត
នេះជាអ្វីដែល ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែលើកឡើងនៅទីនេះ។ ហើយសម្រាប់ខេត្តកំពត បានមកដល់ខេត្ត កំពតហើយ ក៏សុំអរគុណចំពោះប្រជាពលរដ្ឋខេត្តកំពត។ ឆ្នាំនេះខេត្តកំពតរបស់យើង សេដ្ឋកិច្ចអាចចាត់ទុកថា លូតលាស់។ និយាយរួម លូតលាស់មួយប្រទេស ក៏ប៉ុន្តែ នៅពេលខ្ញុំជិះឧទ្ធម្ភាគចក្រមក ខេត្តកំពតរបស់យើង ជាខេត្តមួយដែលមានលក្ខណៈពិសេសជាងគេ។ ពិសេសទី ១ នៅត្រង់ថា បើពិនិត្យលើភូមិសាស្ត្រទាក់ទងជាមួយនឹងការផលិតស៊ីម៉ង់ត៍ ខេត្តកំពតមានច្រើនជាងគេ។ អំពីបំលិល គឺជាខេត្តអាចចាត់ទុកថា កំពត (និង)កែប ពីដើមមានតែមួយទេ។ តែកំពតផលិតអំបិលអត់បានហើយ មានន័យថា ផ្នែកខាងក្នុងប្រទេសអត់អំបិលតែម្តង។ អញ្ចឹងទេ បានជាពេលខ្ញុំចរចាជាមួយប្រធានាធិបតី រ៉ូម៉ូយ៉ុន (Roh Moo-hyun) បន្តទៅចរចាជាមួយប្រធានាធិបតី លី ម្យូងបាក (Lee Myung-bak) ដើម្បីបានផ្លូវជាតិលេខ ៣ មួយខ្សែពីភ្នំពេញមកហ្នឹង គឺប្រាប់គាត់ថា អាហ្នឹងជាតម្រូវការធំណាស់ ព្រោះប្រទេសរបស់ខ្ញុំ ខេត្តកំពត គឺជាខេត្តដែលចែកចាយអំបិលទៅកាន់ខេត្តដទៃទៀត។ អញ្ចឹង បានជាមានការផ្តល់ទុនមកអោយ។
ឥឡូវនេះ ផ្លូវជាតិលេខ ៣ ពីភ្នំពេញមកដល់បែកគូស ហើយតមកកំពត ប៉ុន្តែ មកត្រឹមពីបែកចានមកទល់នឹងបែកគូស ត្រូវធ្វើពីរទៅពីរមក។ ពង្រីកផ្លូវនេះកាន់តែធំ។ ឯទល់មកកំពតនេះ គឺយើងក៏ត្រូវពង្រីក ព្រោះកាលពីប៉ុន្មានឆ្នាំមុននោះ យើងមានផ្លូវតែត្រឹម ៦-៧ ម៉ែត្រទេ ក្រោយមកពង្រីកទៅជា ១២ ម៉ែត្រ ឥឡូវ ១២ ម៉ែត្រ វាលែងស្របហើយ ត្រូវពង្រីក ៣០ ម៉ែត្រ ទើបវាស្រប ដោយសារឡានស្រុកយើងវាច្រើនពេក។ វាមានតម្រូវការរបស់វាយ៉ាងដូច្នេះ។
វារីអគ្គិសនី ក៏មាននៅនឹងកំពតនេះ ហើយដោយសារវារីអគ្គិសនីនៅកំពត និងដោយសារតែបញ្ហាយើងផ្គត់ផ្គង់អគ្គិសនីបាន បានជាយើងអាចមានលទ្ធភាពបង្កើតឡើងនូវរោងចក្រអគ្គិសនីនៅទីនេះ។ លឺថា រោងចក្រមួយតម្រូវដល់ ៤០ មេហ្គាវ៉ាត់ ឯណោះ … ដូច្នេះ តម្រូវការអគ្គិសនី សម្រាប់បម្រើឲ្យវិស័យឧស្សាហកម្មនេះ ក៏កាន់តែច្រើនទៅៗ។ ក្រៅពីនោះ កំពតក៏នៅមានលក្ខណៈពិសេសច្រើនទៀតដែរ តែមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវប្រឹងរួមគ្នាទាំងអស់គ្នា ដើម្បីធ្វើអោយទឹកដីរបស់យើងកាន់តែរីកចម្រើន។
កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ជាប់គ្នា
សង្ឃឹមជឿជាក់ថា ប្រជាជននៅក្នុងខេត្តកំពតរបស់យើងនេះ នឹងបន្តការខិតខំទាំងអស់គ្នា ដើម្បីជីវភាពគ្រួសាររបស់យើងកាន់តែប្រសើរ ដើម្បីជីវភាពខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើងកាន់តែប្រសើរ។ ដំបូងបំផុតត្រូវនិយាយ(ពី)ជីវភាពផ្ទាល់ខ្លួន និងគ្រួសាររបស់យើងសិន។ ប៉ុន្តែ កាលណាតែគ្រួសារនីមួយៗរីកចម្រើនហើយ ប្រទេសជាតិក៏រីកចម្រើនទៅតាមហ្នឹងដែរ។ សេដ្ឋកិច្ចរបស់យើងកំពុងងើបឡើង ហើយយើងមិនត្រូវធ្វើអោយសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះណាមួយនោះទេ។ កំណើនសេដ្ឋកិច្ចក្នុងរយៈពេលពីរទសវត្សរ៍ជាប់គ្នា ៧.៧% ហើយឥឡូវនេះ បន្តក្នុងអត្រាលូតលាស់ ៧% គឺត្រូវតែបន្តតទៅទៀត។ ជាមួយនឹងប្រាក់ចំណូលកាន់តែច្រើន ទាំងសម្រាប់ប្រជាកសិកររបស់យើង និងទាំងសម្រាប់គ្រប់ផ្នែក ដែលទទួលបានពីអត្ថប្រយោជន៍ នៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសរបស់យើង។
នឹងបន្តរួមដំណើរជាមួយប្រជាជនទូទាំងប្រទេស មិនតិចជាង ១០ ទៀត
ខ្ញុំនឹងបន្តរួមដំណើរជាមួយប្រជាជនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មិនតិចជាង ១០ ទៀតនោះទេ។ សូមអ្នកដទៃដែលចង់ជំនួស ហ៊ុន សែន កុំថ្នាំងថ្នាក់អោយសោះ ព្រោះអ្នកមិនទាន់មានលទ្ធភាព ដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជាទេ។ អ្នកគឺគ្រាន់តែចេះបញ្ឆេះនូវសង្គ្រាម អ្នកត្រឹមតែចេះជេរ ចេះបញ្ចោរតែប៉ុណ្ណោះ។ អ្នកមិនទាន់ចេះគ្រប់គ្រងសូម្បីតែកូនបក្សមួយ ឬសមាគមន៍មួយនោះទេ។ ហ៊ុន សែន យ៉ាងហោចណាស់មានបទពិសោធន៍រយៈពេល ៣៩ ឆ្នាំ កន្លងផុតទៅហើយ ក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេល ៣៣ ឆ្នាំ។ ធ្វើ ១០ ឆ្នាំទៀត វាឡើង ៤៣ ឆ្នាំ ក៏មិនទាន់យឺតពេលដែរ ហើយក៏មិនចាស់ជ្រុលដែរ។ សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងបន្តបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បីខ្ញុំមានលទ្ធភាព ដើម្បីបន្តដឹកនាំជានាយករដ្ឋមន្ត្រីតទៅទៀត។
គ្រប់កម្មវិធីមានព្រះសង្ឃចូលរួម ត្រូវរៀបចំអាសនៈខ្ពស់ជាងឧបាសកយ៉ាងតិច ២ តឹក
អរគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបាននិមន្តមកចូលរួមថ្ងៃនេះ ហើយព្រះមេគណទាំងមហានិកាយផង ទាំងធម្មយុត្តិកនិកាយផង ហើយឥឡូវនេះ ចាប់ផ្តើមអនុវត្តលើកទី ១ គឺនៅខេត្តកំពតតែម្តង។ កាលពីដើមនោះ អាចចាត់ទុកថា ខ្ញុំព្រះករុណាខ្ញុំ ក៏គិតខុសដែរ។ ពីដើមយើងរៀបចំពិធីអញ្ចឹង ឧបាសក និងព្រះសង្ឃ (អង្គុយ)ស្មើគ្នាទាំងអស់។ អញ្ចឹងទេ យើងមកទីនេះ គឺយើងមាន “ជាតិ សាសនា ព្រះមហាក្សត្រ”។ នៅខាងក្រោយរបស់យើង គឺមានសញ្ញាទង់ជាតិ រួចហើយមានព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ឯនៅខាងឆ្វេងដៃរបស់យើង មានព្រះពុទ្ធសាសនា គឺមានទាំងបីតែម្តង។ អញ្ចឹងទេ នៅថ្ងៃ ប្រជុំគណៈរដ្ឋមន្ត្រីកន្លងទៅ ខ្ញុំព្រះករុណាខ្ញុំ បានណែនាំ នៅពេលណាដែលមានពិធីណាមួយដែលមាន ព្រះសង្ឃគង់នៅ ត្រូវធ្វើអាសនៈសម្រាប់ព្រះសង្ឃអោយខ្ពស់ជាងឧបាសកយ៉ាងតិច ២ តឹក។
ស្ថានភាពឈ្នះឈ្នះ ជាវិធីធ្វើសហប្រតិបត្តិការ និងការធ្វើអាជីវកម្មរីកចម្រើនទៅមុខបាន
អរគុណចំពោះឯកឧត្តមតំណាងអោយស្ថានទូត នៃព្រះរាជាណាចក្រថៃ ដែលតំណាងអោយដៃគូវិនិយោគពីសំណាក់ក្រុមហ៊ុន Siam City Cement ដែលមកចូលរួមនៅក្នុងសាជីវកម្ម ដែលឈ្មោះថា សាជីវកម្ម ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សង្ឃឹមថា ដៃគូទាំងពីរដែលមានបទពិសោធន៍ នឹងមានទុនគ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគនៅទីនេះ រួមគ្នាធ្វើយ៉ាងណាបង្កើនកិច្ចប្រតិបត្តិការក្នុងស្ថានភាពឈ្នះឈ្នះ។ មានតែវិធីនេះមួយគត់ ដែលអាចទើបអាចធ្វើសហប្រតិបត្តិការ និងការធ្វើអាជីវកម្មរីកចម្រើនទៅមុខបាន។ ដៃគូទាំងពីរពិតជាមានការជឿទុកចិត្តគ្នាហើយ ទើបអាចធ្វើការវិនិយោគនៅទីនេះបាន។
អរគុណ ចំពោះការចូលរួមនានា ដែលឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូន ជនរួមជាតិ ទាំង ៧ ពាន់នាក់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ មិនមែនគ្រាន់តែមកម្តងនេះទេ។ កំពតហ្នឹងវាច្រើនជាងគេផង។ ប៉ុន្តែ រយៈពេលចុងក្រោយនេះ គឺច្រើនតែទៅហួសទៅដល់កែបឯណោះ។ ប៉ុន្តែ ឆ្នាំទៅមកដេកនៅកំពត ហើយបានទៅកែប …។
ពាំនាំ
ថ្ងៃនេះក៏បាននាំមកសម្រាប់យុវជនកាយប្ញទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗ ថវិកា ២ ម៉ឺនរៀល។ សិស្សានុសិស្ស ១.៥៨៥ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម និងថវិកា ១ ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ ចំនួន ១១៣ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ កម្មករ/ការិនី ចំនួន ៣៥៧ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនវិទ្យាល័យទូកមាស ឃុំទូកមាសខាងលិច ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពស្តេចគង់ ថវិកា ២ លានរៀល។ ជូនសាលាស្រុកបន្ទាយមាស ថវិកា ២ លានរៀល។ អំណោយទាំងអស់ខាងលើនេះ លោកឧកញ៉ា លាង ឃុន ជាមួយនឹងក្រុមគ្រួសារបានរៀបចំជូន។
ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់នូវសាជីវកម្ម ជីប ម៉ុង អិនស៊ី ស៊ីម៉ង់ត៍ ដែលវិនិយោគ ដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chib Mong Groups) ចំនួន ៦០ ភាគរយ និងក្រុមហ៊ុន Siam City Cement ៤០ ភាគរយ ក្នុងទំហំទឹកប្រាក់ ចំនួន ២៦២ លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ផលិតរោងចក្រស៊ីម៉ង់ត៍នៅពេលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕