ដំបូង អនុញ្ញាតឲ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗកម្មករ/ការិនី ហើយក៏សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងម្ចាស់រោងចក្រទាំង ៧ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយសារថ្ងៃនេះ យើងបានមកជួបជុំសាជាថ្មីម្ដងទៀត បន្ទាប់ពីត្រូវអាក់ខានកាលពីថ្ងៃពុធ សប្ដាហ៍មុន ដោយសារតែចំថ្ងៃមាឃបូជា។ ថ្ងៃនេះ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង រួមជាមួយនិងសម្ដេចម៉ែ ព្រះអង្គបានយាងទៅសម្ពោធមន្ទីរពេទ្យនៅខណ្ឌឫស្សីកែវ. ដោយសារតែកម្មវិធីប្រថុចញ៉ុច ទើបនឹងបានដឹង ៣ ថ្ងៃមុននេះ (ឯ)កម្មវិធីនេះបានគ្រោងទុក រយៈពេលជិត ២ ខែរួចមកហើយ ដូច្នេះ ជំរើសតែមួយគត់ គឺសូមអភ័យទោសពីព្រះមហាក្សត្រ ពីហ្លួងម៉ែ ដើម្បីមកជួបជុំជាមួយនឹងកម្មករឯណេះ។ ឧបនាយករដ្ឋមន្ត្រីមួយចំនួន ក៏ត្រូវរៀបចំដើម្បីទៅដង្ហែព្រះមហាក្សត្រទៅសម្ពោធដាក់អោយប្រើប្រាស់នៅមន្ទីរពេទ្យ …។
ជីវិតជានាយករដ្ឋមន្ត្រីទោះឈឺក៏គ្មានសិទ្ធិសំរាកដែរ
… សូមបញ្ជាក់ថាថ្ងៃនេះ ថ្ងៃស្អែក ថ្ងៃខានស្អែក ពិតជាថ្ងៃដែលពោរពេញទៅដោយការរវល់។ ថ្ងៃនេះនៅត្រឹមភ្នំពេញទេ ថ្ងៃស្អែកទៅដល់កំពត ថ្ងៃខានស្អែកទៅកំពង់ចាមឯណោះ។ នេះហើយជាជីវិតនាយករដ្ឋមន្ត្រីនោះ ទោះបីជាឈឺក៏គ្មានសិទ្ធិឈប់សំរាកនោះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាឈឺនេះទៀតសោត វាចេះឈឺណាស់ តែពេលណាយើងឡើងលើគ្រែវាឈឺ។ ការពិត ថ្ងៃប្រជុំគណៈរដ្ឋមន្ត្រីនោះ ខ្ញុំឈឺទេ។ ពេលប្រជុំគណៈរដ្ឋមន្ត្រី កុំអោយតែឈឺ ស្រាប់តែទៅដល់ផ្ទះវិញឈឺពោះ។ ស្រាប់តែគេថា មានឯកសារមួយចំនួនត្រូវស៊ីញ៉េ ចុះទៅស៊ីញ៉េ អត់មានឈឺអីបន្តិច ស្រាប់តែឡើងដល់លើគ្រែ ចាប់ផ្តើមឈឺពោះ។ … និយាយយ៉ាងដូច្នេះមិនមែនបានសេចក្តីថា ឈឺរហូតដល់មិនអាច(ធ្វើការបានទេ)។ … យ៉ាងណាក៏ដោយ ថ្ងៃនេះយើងបានសម្រេចជួបជុំគ្នា ជាមួយនឹងធាតុអាកាសថ្ងៃនេះ ក៏វាមានភាពត្រជាក់គ្រាន់បើ … មិនដឹងថាព្រឹកមិញថា អ្នកចំរៀងបានច្រៀងបទ(រងាផ្កាគ) ឬអត់? បើមិនទាន់បានច្រៀងទេ ហើយបើសិនជានៅសល់រងាពេលដែលខ្ញុំថ្លែងចប់ គួរតែដាក់បទ(រងាផ្កាគ) មួយបទ។ ចំរៀងដែលច្រៀងត្រូវចង្វាក់ហើយគេចូលចិត្តស្ដាប់ គឺទាល់តែយើងច្រៀងបទណា អោយត្រូវតាមពេលវេលា ឧទាហរណ៍ ខែហ្នឹងគេចូលចិត្តអាចំរៀង តាមរបៀប កន្សែងក្រហម សំពោងផ្កាចារ អីអញ្ចឹងទៅ …ព្រោះអាហ្នឹងខែគេការ ដល់តែចាប់ចូលខែប្រាំង អាហ្នឹងគេចូលចិត្តរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ម្ដង។ អាហ្នឹងគេថាចម្រៀងច្រៀងអោយវាត្រូវជាមួយពេលវេលានោះទៅទៀត …។
ការរាប់អានបង្ហាញពីភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងកម្មករ/ការិនី
សូមអរគុណក្មួយៗ ដែលបានផ្តល់នូវបដិសណ្ឋារកិច្ច និងការរាប់អានសំរាប់ពូនៅក្នុងឱកាសនៃការជួបម្ដងៗ។ កាយវិការអស់ទាំងនេះក៏បង្ហាញអោយឃើញអំពីការរាប់អាន មិនគ្រាន់តែសំរាប់មេដឹកនាំប៉ុណ្ណោះទេ មិន(ត្រឹមតែមិនមាន)ភាពសោះអង្គើយនោះទេ ក៏ប៉ុន្តែបង្ហាញពីភាពស្និទ្ធស្នាលក្នុងឋានៈនៃក្រុមគ្រួសារ ដូចជាឪពុក/ឪពុកមា/ឪពុកធំ ឬក៏ដូចជាជីតារបស់ខ្លួន។ ចំណុចនេះក៏កាន់តែធ្វើអោយខ្ញុំកាន់តែយល់ច្បាស់ថា មិនមែនគ្រាន់តែក្មួយៗជាអ្នកដែលធ្លាប់ស្គាល់ពូនោះទេ ក៏ប៉ុន្តែវាពិតណាស់ថា ឪពុកម្ដាយ ជីដូនជីតារបស់ក្មួយៗពិតជាបានស្គាល់ពូយ៉ាងច្បាស់ ព្រោះគាត់សុទ្ធតែជាអ្នកដែលបានរួមដំណើរជាមួយពូ នៅក្នុងពេលវេលាដ៏លំបាកកាលពីអតីតកាល តាំងពីក្មួយៗមិនទាន់កើត ឬក៏ក្មួយៗនៅតូចនៅវ័យក្មេង។ កាលៈទេសៈប្រទេសរបស់យើងបានឆ្លងកាត់ការលំបាក ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗក៏មានការលំបាកដូចគ្នា ហើយជីដូនជីតា និងឪពុកម្ដាយរបស់ក្មួយៗនោះហើយ ដែលជាអ្នកគាំទ្រពូឲ្យដឹកនាំប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ រហូតមកដល់ពេលនេះក្មួយក៏បានបង្ហាញនូវកាយវិការ នៃការផ្តល់លើកទឹកចិត្ត និងការគាំទ្រសំរាប់ពូ នៅក្នុងមុខដំណែងដែលដឹកនាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
យុវជនជំនាន់នេះមានឱកាសច្រើនជាងយុវជនជំនាន់មុន
ពូគ្មានមហិច្ឆតាធ្វើជាអ្នកដឹកនាំទេ។ កាលពីដើម មហិច្ឆតារបស់ពូគ្រាន់តែចង់ធ្វើជាគ្រូបង្រៀនធម្មតាម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែប្រទេសជាតិមិនផ្ដល់នូវពេលវេលាសម្រាប់អនុគ្រោះនូវយុវជនជំនាន់មុនទេ។ ពួកគេនាំគ្នាបង្កើតសង្គ្រាមធ្វើអោយមនុស្សច្រើនណាស់ស្លាប់។ យុវជនសម័យមុន បាត់បង់ឱកាស។ ជីវិតពូចាត់ទុកថា ជីវិតដែលថ្លៃហើយ។ របួសប្រាំលើក និងពិការភ្នែកម្ខាង ប៉ុន្តែ ពូនៅតែប្រឹងងើបឈរឡើង រួមជាមួយជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដើម្បីរំដោះប្រទេសនេះហើយ តាមរយៈការរំដោះឲ្យរស់រានមានជីវិតតាំងពីប្រជាជនប្រមាណជាង ៥ លាននាក់ ឥឡូវប្រជាជនជិត ១៦ លាននាក់។ ពិតជាកើតមិនធម្មតាមែន។ អម្បាញ់មិញឯកឧត្តម អ៊ិត សំហេង មិនបានបូកសុបអំពីចំនួនកម្មករទេ ប៉ុន្តែ ម្សិលមិញខ្ញុំបានមើលការវាយព័ត៌មានឲ្យខ្ញុំ (ឃើញថាបាន)កើត ១៤០។ ប៉ុន្តែបើគិតតាំងពីខែមករា រហូតមកដល់ពេលនេះ ចំនួនកម្មការិនីដែលឆ្លងទន្លេមាន ៤ ៧៨៣ នាក់ ដល់ទៅកូនវិញឡើងទៅ ៤ ៨១៧ នាក់។ ម៉េចបានកូនច្រើនជាងម្ដាយ? វាភ្លោះ កើតម្ដងបានមួយគូ។ បើគិតទាំងថ្ងៃនេះ ម្សិលមិញមាន ៤ ៧៨៣ នាក់ ជាមួយនឹងកូន ៤ ៨១៧ នាក់ អញ្ចឹងបើគិតទាំងថ្ងៃនេះ ថែមជាងមួយរយទៀត ចូល ៥ ០០០ នាក់ ហើយថវិកាដែលបានបើកផ្ដល់អស់ ១ ៩៦២ ៨០០ ០០០ រៀល។ បើថែមថ្ងៃនេះទៀត អាចឡើងដល់ ២ ពាន់លានរៀល ឬកន្លះលានដុល្លារសហរដ្ឋអាមេរិក សំរាប់ទ្រទ្រង់អោយកម្មការិនីរបស់យើង។ ថ្ងៃនេះក្មួយៗកម្មការិនីមានផ្ទៃពោះមានរហូតទៅដល់ ៤៩៥ នាក់។ ថ្ងៃមុនលួចខ្សឹបៗសួរដែរថា ក្មួយឯងការប៉ុន្មានឆ្នាំហើយ? ថាការ ៤ ឆ្នាំ ហើយពូ។ ចុះទើបមានកូនទេ? ពីមុនមិនទាន់ហ៊ានយកដោយសារប្រាក់តិចពេក។ ឥឡូវប្រាក់គេខ្ពស់ដែរ គេយកកូន។ ដល់គេយកកូន វាស្របជាមួយកម្មវិធីផ្ដល់សាច់ប្រាក់ សម្រាប់ទ្រទ្រង់ឲ្យកម្មការិនីឆ្លងទន្លេរបស់យើង។
អត្ថប្រយោជន៍ កើតពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាល និងទាំងអស់គ្នា
យើងជួបជុំគ្នាជាមួយនឹងបរិយាកាសរីករាយ។ ខ្ញុំសូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកម្មករ/ការិនី ដែលមកជួបជុំគ្នានៅព្រឹកនេះ បានឈប់សំរាកបន្តនៅល្ងាចនេះមួយល្ងាចទៀត។ ក្មួយៗចេញពីនេះទៅ នឹងទៅសំរាកនៅឯផ្ទះឯណោះ មិនចូលក្នុងរោងចក្រទេ។ អរគុណណាស់ជាមួយនឹងម្ចាស់រោងចក្រ ដែលផ្ដល់ឱកាសសំរាប់ការឈប់សម្រាកឲ្យក្មួយៗ ដែលបានក្រោកពីព្រលឹម ហើយបានធ្វើដំណើរមកកាន់ទីនេះ។ ការសប្បាយរីករាយរបស់យើងនៅត្រង់ថា ក្មួយៗកម្មការិនីបានអនុវត្តមួយខែរួចទៅហើយ នូវការបើកបៀវត្សរ៍ ដែលកាលពីខែធ្នូ ឆ្នាំ ២០១៧ នោះ យើងបានអនុវត្តនូវប្រាក់បៀវត្សរ៍អប្បបរមាត្រឹមតែ ១៥៣ ដុល្លារអាមេរិកទេ។ ប៉ុន្តែ ឥឡូវនេះក្មួយៗបានអនុវត្តរហូតទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ នេះចាត់ទុកថា ជាសមិទ្ធផលនៃការខិតខំរួមរបស់យើងទាំងអស់គ្នា មិនមែនជាលទ្ធផលរបស់អ្នកណាម្នាក់ទេ។ ក៏ប៉ុន្តែ វាបានពីការខិតខំប្រឹងប្រែងរបស់ក្មួយៗកម្មករ/ការិនី វាក៏បានមកពីការខិតខំប្រឹងប្រែងរបស់ម្ចាស់រោងចក្រ ហើយវាក៏បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័នចាំបាច់ ដើម្បីទាក់ទាញការវិនិយោគ ហើយខិតខំបើកទីផ្សារនៅក្រៅប្រទេស ដើម្បីសម្រាប់ការនាំចេញរបស់យើង។ យើងបានរួមគ្នាកសាងពីប្រទេសមួយដែលខ្ទេចខ្ទាំ ហើយដែលបំផ្លិចបំផ្លាញជីវិតមនុស្សរាប់លាននាក់ ធ្វើឲ្យប្រទេសនេះកំពុងតែមានការអភិវឌ្ឍមួយ ដែលគួរអោយចាប់អារម្មណ៍។
កម្ពុជានៅចំណាត់ថ្នាក់ទី ៤ មានប្រាក់បៀវត្សអប្បបរមាទាបបំផុត ខ្ពស់ជាងគេក្នុងអាស៊ាន/កសិកម្មអំណោយផល
ក្នុងក្របខណ្ឌបណ្ដាប្រទេសអាស៊ាន ឥឡូវនេះយើងក្លាយទៅជាប្រទេសទី ៤ ដែលប្រទេសមានប្រាក់ គេហៅថា ប្រាក់អប្បបរមាទាបបំផុតខ្ពស់ជាងគេ។ សាំងហ្គាពួរទី ១ ព្រុយណេទី ២ ថៃទី ៣ មកដល់យើងទី ៤។ មន្ត្រីរាជការស៊ីវិលរបស់យើង មានប្រាក់ខែជាង ១ លានរៀល ដែលស្មើនឹង ២៥០ ដុល្លារសហរដ្ឋអាមេរិក ជាមួយនិងកម្មករ/ការិនី ប្រាក់បៀវត្សរ៍អប្បបរមារហូតទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក បូកនឹងអត្ថប្រយោជន៍ដទៃទៀត គឺមានរហូតទៅដល់ជាង ២០០ ដុល្លារ សហរដ្ឋអាមេរិក។ យើងមើលឃើញថាកំណើននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើង ក៏មានការកើនឡើង។ ឆ្នាំនេះវាក៏ឆ្នាំអនុគ្រោះមួយទៀត។ កសិកម្មរបស់យើងល្អណាស់នៅក្នុងឆ្នាំនេះ។ យើងអាចនៅសល់ស្រូវមិនតិចជាង ៥,៥ លានតោននោះទេ ពីការហូបចុក … ដោយសារស្រូវវស្សាក៏យើងធ្វើបានច្រើន ស្រូវប្រាំងក៏យើងធ្វើបានច្រើន ជាមួយនិងតម្លៃស្រូវ តម្លៃកសិផល ក៏មានការកើនឡើង។ ចំណុចនេះ បានរួមចំណែកផ្តល់ឱកាសឲ្យឪពុកម្តាយរបស់ក្មួយៗដែលនៅជាកសិករនៅឯជនបទ ក៏បានប្រាក់ចំណូលកើនឡើង ជាមួយនិងការបញ្ចូនប្រាក់របស់ខ្លួនពីក្មួយៗកម្មករ/ការិនី សម្រាប់ឪពុកម្តាយ ធ្វើស្រែចំការ និងធ្វើកសិកម្មនៅឯជនបទរបស់យើង។
រោងចក្រ ក្លាយជាសហគមន៍មានសុវត្ថិភាព, កម្មករ និងថៅកែ បំពេញឲ្យគ្នា
ថ្ងៃនេះក៏មិនមានជាសារនយោបាយ ឬក៏មានអ្វី ក្រៅពីមកសួរសុខទុក្ខ ហើយរំលឹកបញ្ហាខ្លះៗ ដែលយើងបានដោះស្រាយរួមគ្នាកន្លងទៅ។ កន្លងទៅនេះក៏មានប្រធានរដ្ឋបាល ប្រធានផ្នែក និងប្រធានក្រុមប៉ុន្មានរយនាក់ ក៏បានទៅជួបពូរួចហើយដែរ។ អ្វីដែលពូចង់និយាយ គឺសំដៅសំខាន់ទំនាក់ទំនងនៅក្នុងការងាររបស់យើង ត្រូវធ្វើយ៉ាងណាធានាថា រោងចក្ររបស់យើងដែលយើងកំពុងធ្វើការ ក្លាយទៅជាសហគមន៍មួយដែលមានសុវត្ថិភាព មានន័យថាទាំងម្ចាស់រោងចក្រ ទាំងអ្នកគ្រប់គ្រង គ្រប់កំរិត តាំងពីថ្នាក់ក្រុម ថ្នាក់ផ្នែក រហូតដល់រដ្ឋបាល ត្រូវមានទំនាក់ទំនងល្អជាមួយកម្មករ។ កម្មករត្រូវមានភាពជាតំណាង តាមរយៈធ្វើយ៉ាងណាឲ្យមានការបំពេញឲ្យគ្នាទៅវិញទៅមក។ មិនអាចខ្វះបានទេចំណុចនេះ។ ដែលហៅថាថៅកែបាន វាលុះត្រាតែមានកម្មករ បើមានតែរោងចក្រអត់កម្មករ គេមិនហៅថៅកែទេ គេហៅម្ចាស់ឃ្លាំង ប៉ុន្តែបកត្រលប់មកវិញ កម្មករប្រសិនបើអត់មានរោងចក្រទេ ក៏គេមិនហៅថាជាកម្មករដែរ។ បើសិនជាខ្លួនកាន់ជាឧបករណ៍កសិកម្មវិញ អាហ្នឹងគេហៅថាជាកសិករទៅវិញទេ។ អញ្ចឹងទេ ទាំងអស់គ្នាត្រូវរួមគ្នា ដើម្បីការពារនូវឆ្នាំងបាយរបស់ខ្លួន គឺរោងចក្រដែលខ្លួនកំពុងមាននេះ ធ្វើយ៉ាងម៉េចឲ្យរោងចក្រនេះដំណើរការទៅដោយស្រួល។
រោងចក្រ និងសិប្បកម្មក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ជាសហគមន៍ផលិតកម្ម ដើម្បីអភិវឌ្ឍប្រទេសជាតិ
ទំនាក់ទំនងក្នុងវិស័យការងារ រវាងអ្នកគ្រប់គ្រងជាមួយនិងកម្មករ ត្រូវតែល្អប្រសើរ ដោយគ្មានការប្រមាថណាមួយចំពោះកម្មករទេ។ ខ្ញុំបានផ្តាំផ្ញើលើរឿងនេះ ជាមួយអ្នកទទួលខុសត្រូវ ទាំងឡាយ សូមមេត្តាយ៉ាងម៉េច ជីវិតយើង ជីវិតគេ ខ្លួនយើង ខ្លួនគេ គ្រាន់តែខ្លួនមានឋានៈខ្ពស់ជាងបន្តិច ខ្លួនមិនអាចយកការប្រមាថណាមួយចំពោះកម្មករបានទេ។ ទោះបីខ្លួនមានប្រាក់កាសប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែខ្លួនត្រូវដឹងថា មនុស្សកើតឡើង គ្មានអ្នកណាកើតឡើងពាក់ទ្រង់គ្រឿងមកជាមួយទេ។ កើតឡើងស្រាតដូចតែគ្នាហ្នឹង … គ្រាន់តែបញ្ហាជីវភាពរបស់យើងមានលក្ខណៈខុសគ្នា។ ជួនកាលអ្នកខ្លះទទួលតំណែងខ្ពស់ អ្នកខ្លះទទួលតំណែងទាប ប៉ុន្តែតំណែងខ្ពស់ និងតំណែងទាបនេះ មិនមែនជាតំណែង ដែលតម្រូវឲ្យអ្នកខ្ពស់ទៅប្រមាថអ្នកទាប ហើយអ្នកទាបត្រូវតែជេរអ្នកខ្ពស់នោះទេ។ ត្រូវបំពេញឲ្យគ្នា។ ត្រូវយិតយោងគ្នា ជាពិសេសជួយទៅដល់អ្នកដែលជួបការលំបាកជាងយើង។ ពូចង់ឲ្យរោងចក្រទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្តាក្រុមហ៊ុន និងសហគ្រាសទាំងអស់ដែលមានប៉ុន្មានម៉ឺនរោងចក្រ សហគ្រាស និងក្រុមហ៊ុន ក៏ដូចជាសិប្បកម្មទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឲ្យក្លាយទៅជាសហគមន៍ នៃការផលិត ដើម្បីការអភិវឌ្ឍប្រទេសជាតិរបស់យើង ឲ្យកាន់តែល្អប្រសើរ។ តែខ្ញុំពិតជាមានការរីករាយដោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរបស់យើងកាន់តែបានងាយស្រួល។ ពិតហើយនៅសល់បញ្ហាខ្លះៗតិចតួច ក៏ប៉ុន្តែបើប្រៀបធៀបជាមួយបញ្ហាដែលធ្លាប់មានពីអតីតកាល វាក៏អាចចាត់ទុកថា ជាផ្នែកដ៏សំខាន់នៃការដោះស្រាយបានបញ្ហា នៅក្នុងទំនាក់ទំនងការងារ និងការដោះស្រាយបញ្ហាទាំងឡាយ។
យើងមិនមានការចាំបាច់ ដើម្បីបង្កើតឡើងនូវតុលាការការងារ
យើងមិនមានការចាំបាច់ ដើម្បីបង្កើតឡើងនូវតុលាការការងារទេ ដោយសារតែយន្តការត្រីភាគី និងបញ្ហាបទពិសោធន៍នៃការដោះស្រាយរយៈពេលកន្លងទៅ តាមរយៈការសម្រុះសម្រួលគឺវាគ្រាប់គ្រាន់ណាស់ទៅហើយ … តែបង្កើតតុលាការកាត់ក្តី វាមានអ្នកឈ្នះ មានអ្នកចាញ់ហើយ។ ដូច្នេះ វាត្រូវរកវិធីដោះស្រាយ ឲ្យបានឈ្នះទាំងអស់គ្នា កុំឲ្យមានអ្នកឈ្នះ និងកុំឲ្យមានអ្នកចាញ់ អាហ្នឹងល្អបំផុតហើយ។ អញ្ចឹងខ្ញុំសង្ឃឹមថា ទាំងម្ចាស់រោងចក្រ ទាំងអ្នកគ្រប់គ្រង គ្រប់កំរិត និងកម្មកររបស់យើង នឹងបន្តរួបរួមគ្នានៅក្នុងក្របខណ្ឌរោងចក្ររបស់ខ្លួន ធ្វើយ៉ាងម៉េចសាមគ្គីភាព ប៉ុន្តែនៅពេលដែលខ្ញុំបានចុះទៅសួរសុខទុក្ខ ខ្ញុំបានពិនិត្យឃើញថា គេមានការសាមគ្គីភាពគ្នាខ្ពស់ណាស់ ម៉្យាងទៀតបាតុភាពនានា ដែលកើតឡើងរឿងនេះ រឿងនោះ ក៏បានកាត់បន្ថយ។
ពង្រីកទំហំសិក្សា និងស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់កម្មករ និងដំណោះស្រាយ
ដូចដែល ឯកឧត្តម អ៊ិត សំហេង បានលើកឡើងអម្បាញ់មិញ ត្រូវតែពិនិត្យឲ្យបានដិតដល់ ក្នុងទ្រង់ទ្រាយ ដែលអាចនឹងយកមកធ្វើការសន្និដ្ឋានបាន អំពីបាតុភាពនៃកម្មករដួលសន្លប់។ បាតុភាពនេះ វាកើតនៅច្រើនកន្លែង។ យើងកើតកន្លែងមួយ យើងរកកន្លែងមួយ។ យើងគួរតែត្រូវពង្រីកទំហំការសិក្សាស្រាវជ្រាវ អំពីបាតុភាពទាំងឡាយ ដែលកើតចេញមក។ ហេតុអ្វីបានជាបណ្តាលឲ្យមានការដួលសន្លប់? ឥឡូវ មិនគ្រាន់តែដួលសន្លប់សម្រាប់កម្មករ/ការិនីទេ ឈានទៅដល់ការដួលសន្លប់ដល់កូនសិស្សទៅទៀត។ ដូច្នេះចំណុចនេះគួរតែសិក្សាស្រាវជ្រាវមើល តើវាមានបាតុភាពអី ដែលយើងអាចរកវិធីដើម្បីដោះស្រាយ។ ជួនកាលកម្មករ/ការិនីរបស់យើង ដែលយើងសិក្សាបានទៅវាអាចមានតម្រូវការថា មុនពេលចូលទៅក្នុងរោងចក្រហ្នឹង គេត្រូវប្រើថ្នាំស្អីមួយគ្រាប់ ឫក៏ដូចថាជាស្ករគ្រាប់មួយគ្រាប់អញ្ចឹងទៅ ដើម្បីការពារនូវជាតិពុល។ ពីដើម ក្នុងកងទ័ព តែចាប់ផ្តើមមានការសង្ស័យណាមួយ គឺតែងតែមានស្ករគ្រាប់។ កងទ័ពណាក៏ដោយ ពីដើមមានស្ករគ្រាប់ជាប់នឹងខ្លួនទាំងអស់ ក្រែងលោមានសារធាតុគីមីណាកើតឡើង ឬសារធាតុអីដែលអាចធ្វើឲ្យយើងឈឺក្បាល ធ្វើឲ្យយើងវិលមុខ គឺគេប្រើស្ករគ្រាប់ភ្លាម។ រហូតទៅដល់ប៉ុណ្ណេះទៅទៀត គេប្រើទឹកនោមខ្លួនឯង នោមដាក់ខ្លួនឯង យកមកផឹកខ្លួនឯង អាហ្នឹងក៏ជាវិធីសាស្ត្រមួយដែរ។
ក៏ប៉ុន្តែ ក្មួយៗមិនអាចមានឱកាសទៅនោមយកមកផឹកនោះទេ។ វាហួសសម័យទៅហើយ។ សម័យមុនវាអត់មានអីផឹក ចេះតែផឹកទឹកនោមអញ្ចឹងទៅ ដើម្បីប្រឆាំងជាមួយជាតិពុល ដោយសារតែអាមេរិកកាំងវាទំលាក់អាជាតិគីមីមកនោះ។ ជួនកាលទំលាក់អាឧស្ម័នចុះមក ដើម្បីនឹងបង្ហូរទឹកភ្នែក។ ប៉ុន្តែ ទំលាក់ជាតិគីមីមក អាហ្នឹងត្រូវប្រើបា្រស់ស្អី ដើម្បីទប់ទល់។ ចំណុចនេះ ក៏ជាចំណុចផ្តល់ជាអនុសាសន៍ថ្មីមួយទៀត ឲ្យក្រសួងការងារ ជាមួយនិងស្ថាប័នពាក់ព័ន្ធ ទាំងអស់សិក្សា។ បើសិនជាមានបាតុភូតហ្នឹង មុននឹងឲ្យកម្មករចូលរោងចក្រ ត្រូវតែពិនិត្យមើលឲ្យច្បាស់។ ប៉ុន្តែ នៅក្នុងករណីដែលមានការសង្ស័យ តើយើងពិភាក្សាជាមួយគ្រូពេទ្យ ក្រសួងសុខាភិបាល តើមានវិធីអីដើម្បីការពារ? តាមការស្មានរបស់ខ្ញុំ មិនមានតម្រូវការថ្នាំអីធំដំនោះទេ …។
គណបក្សប្រជាជនកម្ពុជាផ្តួលរំលំ ប៉ុល ពត អនុវត្តនយោបាយឈ្នះឈ្នះ បង្កើតសន្តិភាព នាំមកនូវការងារធ្វើ និងប្រាក់ចំណូលសម្រាប់កម្មករ
ម្យ៉ាងទៀត ក្មួយៗក៏ត្រូវចងចាំប្រទេសដែលមានការលូតលាស់ ប្រទេសដែលមានការអភិវឌ្ឍ ការងារដែលក្មួយៗបាន និងកំពុងធ្វើ ប្រាក់ចំណូលដែលក្មួយៗបានទទួល និងបន្តទទួល តើបានមកពីអ្វី? បានមកអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា បានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានខិតខំផ្តួលរំលំរបប ប៉ុល ពត បានខិតខំស្វែងរកសន្តិភាព។ ដំណាក់កាលចុងក្រោយ ទោះបី អ៊ុនតាក់ មិនសម្រេចជោគជ័យនៅក្នុងការបំបាត់សង្គ្រាមស៊ីវិលនៅកម្ពុជាក៏ដោយចុះ ក៏ប៉ុន្តែតាមរយៈនយោបាយឈ្នះឈ្នះ ដែលជីដូនជីតា ឪពុកម្តាយ របស់ក្មួយៗបានគាំទ្រពូឲ្យដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះនេះ ប្រទេសកម្ពុជាមួយ(បាន)ឯកភាពឡើង តាមរយៈនៃសុខសន្តិភាព ដែលជាឱកាសផ្តល់ការងារ ផ្តល់ឲ្យអ្នកវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា មកបង្កើតការងារធ្វើឲ្យក្មួយៗមានប្រាក់ចំណូល។ ប្រសិនបើសង្គ្រាមនៅបន្ត ពេលនេះម៉ោងនេះ ក្មួយៗពិតជាមិនមានឱកាសអង្គុយនៅទីនេះ ហើយមិនមានឱកាសមានការងាររោងចក្រធ្វើនោះទេ ប្រហែលជាកំពុងតែនៅរួមជាមួយនិងឪពុកម្តាយធ្វើក្នុងវិស័យកសិកម្ម ជាការច្រូតកាត់ ជាការដកស្ទូង ឬក៏ជាការប្រមូលផលកសិកម្មដទៃទៀត។ ប៉ុន្តែ ឥឡូវនេះដោយសារតែសន្តិភាពគ្របដណ្តប់នៅក្នុងក្របខណ្ឌទូទាំងប្រទេសនោះហើយ ទើបផ្តល់ឱកាសឲ្យអ្នកវិនិយោគ គេមកវិនិយោគនៅក្នុងប្រទេសរបស់យើង។
គ្មាននរណាវិនិយោគ ឬទៅទេសចរណ៍ នៅប្រទេសដែលមានសង្គ្រាមនោះទេ
មិនមែនគ្រាន់តែវិស័យកាត់ដេរមួយទេ គ្រាន់តែវិស័យហេដ្ឋារចនាសម័្ពន្ធសម្រាប់វិស័យទេសចរណ៍ គឺឆ្នាំកន្លងទៅនេះ យើងទទួលទេសចរបាន ៥ លាន ៦ សែន នាក់។ ៥ លាន ៦ សែន នាក់នេះ ពួកគេយកលុយទៅណា? ពួកគេយកលុយមកកម្ពុជា។ រឿងកម្ពុជាយកលុយទៅប្រទេសក្រៅ អាហ្នឹងរឿងមួយហើយ ព្រោះគេត្រូវដើរលេងដែរ។ ដូចជាគ្រាន់តែយើងទៅប្រទេសថៃ ឆ្នាំទៅ ៩២ ម៉ឺននាក់ ទៅព្យាបាលជំងឺផង ទៅលេងក្នុងប្រទេសថៃផង គឺតួលេខកើនដល់ ៩២ ម៉ឺននាក់។ អ្នកដែលមានប្រាក់ដើរលេង។ ក្នុងមួយឆ្នាំៗ ប្រជាជនខ្មែរក៏ទៅក្រៅប្រទេសច្រើនដែរ។ ប៉ុន្តែពីប្រទេសក្រៅដែលមក ៥ លាន ៦ សែន នាក់នេះ គឺមកធ្វើទេសចរណ៍នៅកម្ពុជារបស់យើង។ នោះហើយជាឱកាសដើម្បីបង្កើតការងារធ្វើតាមរយៈការកើតឡើងនូវសណ្ឋាគារ ការកើតឡើងនូវរមណីយដ្ឋានទេសចរណ៍ ការកើតឡើងនូវភោជនីយដ្ឋាន ការកើតឡើងនូវការដឹកជញ្ជូនភ្ញៀវ ព្រោះទេសចរមកមិនអាចយកឡានមកជាមួយ ហើយក៏មិនអាចស្ពាយបាយ ស្ពាយទឹកមកជាមួយបានដែរ មកទទួលទាននៅក្នុងប្រទេសរបស់យើង គឺទិញឥវ៉ាន់នៅក្នុងប្រទេសរបស់យើងនោះឯង។
ចំណុចទាំងនេះត្រូវចងចាំ ធ្វើយ៉ាងណាកុំឲ្យប្រទេសនេះធ្លាក់ទៅក្នុងស្ថានភាពជាប្រទេស ដែលមានសង្គ្រាមឡើងវិញ។ គ្មានអ្នកណាទៅវិនិយោគក្នុងប្រទេស ដែលមានសង្គ្រាមទេ សូមក្រឡេកទៅកាន់ប្រទេសដែលមានសង្គ្រាម សូម្បីតែកងទ័ពប្រទេសរបស់យើងនេះ កំពុងតែស្ថិតនៅក្នុងប្រទេសក្រៅ។ នៅពេលទស្សនកិច្ចនៅប្រទេសឥណ្ឌាកន្លងទៅ ដែលជាប្រទេសនាំកម្លាំងទៅជួយអង្គការសហប្រជាជាតិច្រើនបំផុត នៅក្នុងក្របខណ្ឌពិភពលោកនេះ ពូក៏បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយនឹងឥណ្ឌា ដើម្បីផ្តល់ព័ត៌មានទៅវិញទៅមក រហូតទៅដល់ការជួយបណ្តុះបណ្តាលគ្នា ជួយចែករំលែកបទពិសោធន៍គ្នា នៅក្នុងការថែរក្សាសន្តិភាពនៅក្នុងពិភពលោក។ ពីមុនកម្ពុជាទទួលកងកម្លាំងរក្សាសន្តិភាព ដែលហៅថា អ៊ុនតាក់ ប៉ុន្តែ ១២ ឆ្នាំកន្លងផុតទៅនេះ កម្ពុជាបានបញ្ជូនកម្លាំងទៅជួយដល់ប្រទេសក្រៅ មានប្រទេសលីបង់ នៅប្រទេសស៊ូដង់ខាងត្បូង នៅអាហ្វ្រិកកណ្តាល ប្រទេសម៉ាលី។ ដូច្នេះ យើងកាន់តែមានលទ្ធភាពកាន់តែខ្ពស់ទៅៗ។ មកពីអីបានជាយើងមានលទ្ធភាពយ៉ាងដូច្នេះ? គឺមកពីសុខសន្តិភាពដែលយើងទាំងអស់គ្នារកបានដោយលំបាក។
នរណាបំផ្លាញសន្តិភាព អ្នកនោះត្រូវមានទោស, ករណីម៉ាល់ឌីវដាក់ប្រទេសក្នុងភាពអាសន្ន
ការរកបាន(សន្តិភាព)ដោយលំបាកនេះហើយ កុំឲ្យមានអ្នកមកបំផ្លាញឲ្យសោះ។ អ្នកណាបំផ្លាញ អ្នកហ្នឹងត្រូវមានទោស។ នេះគឺជារឿងចៀសមិនផុតទេ។ យើងមិនផ្តល់ឱកាសឲ្យអ្នកណាមួយបំផ្លាញសន្តិភាព ដែលវាជាការបំផ្លាញទៅដល់ជីវិតមនុស្ស បំផ្លាញដល់សេចក្តីសុខរបស់ប្រជាជន និងបំផ្លាញទៅដល់ការងារដែលក្មួយៗកំពុងមាន បំផ្លាញប្រាក់ចំណូលដែលក្មួយៗកំពុងមាននោះទេ។ ប្រជាជនត្រូវការនូវសេចក្តីសុខ ត្រូវការសន្តិភាព មិនត្រូវការរត់លូនទេ។ នេះជាចំណុចដែលពូគួរតែត្រូវរំលឹក។ ក្មួយៗត្រូវចងចាំ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍនោះទេ។ ដោយសារហេតុផលនេះហើយ បានជាប្រទេសនានាគេប្រឹងប្រែង បើទោះបីដោយតម្លៃណាក៏ដោយ។ សូម្បីតែប៉ុន្មានថ្ងៃនេះ កូនៗ និងចៅៗរបស់ពូមួយចំនួន បានទៅលេងប្រទេសម៉ាល់ឌីវ។ ទៅម៉ាល់ឌីវ ចេញផុតពីម៉ាល់ឌីវប្រហែលជា ៥ ម៉ោង ម៉ាល់ឌីវប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ពីម្សិលមិញ ចាប់ប្រធានតុលាការកំពូលតែម្តង។ ព្រោះតែកាលណាប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន បានសេចក្តីថា ស្អីៗព្យួរចោលសិន។ អញ្ចឹងទេ អនុញ្ញាតឲ្យប្រធានាធិបតីបញ្ជាកម្លាំងចាប់ប្រធានតុលាការកំពូលតែម្តង។ ហេតុអីបានជាគេធ្វើអញ្ចឹង? ប្រទេសមួយៗវាដូចគ្នាទេ វិធានការដែលគេយកហ្នឹង ដើម្បីការពារប្រជាជនម៉ាល់ឌីវ ដើម្បីសេចក្តីសុខរបស់ប្រជាជនម៉ាល់ឌីវ។ ឯយើងក៏ហ៊ានធ្វើចំពោះជនណាក៏ដោយ ដែលប្រព្រឹត្តបទល្មើសបំផ្លាញទៅដល់សេចក្តីសុខរបស់ជាតិ …។
ស្គម គឺមានសុខភាពល្អ
យើងក៏ចង់ធ្វើសារដែរ។ កន្លងទៅគេថា លោក ហ៊ុន សែន ស្គម។ គេថាឈឺខ្លាំងណាស់ ឈឺធ្ងន់តែម្តង។ (ខ្ញុំ)កំពុងសុខភាពល្អ (សម្តេចនិយាយលេងអំពីសុខភាពរបស់គាត់)។ ពីដើម ពូទម្ងន់រហូតទៅដល់ ៨៦ គីឡូ។ គ្រូពេទ្យគេឲ្យពូទម្ងន់ត្រឹមតែ ៦៨-៧២ តែប៉ុណ្ណឹងទេ ប៉ុន្តែ ៦៨ ដូចជាស្រាលពេក ប៉ុន្តែគ្រូពេទ្យសាំងហ្គាពួរតែម្តងគេថាអត់ទេ កម្ពស់ ១,៧០ ម៉ែត្រ គឺតម្រូវឲ្យតែ ៦៨ ទៅ ៧២ (គីឡូក្រាម) ប៉ុន្តែឥឡូវនេះ ព្រឹកមិញ មុនពេលចេញមកនេះ ៧២,៥ (គីឡូក្រាម) ល្មម។ ពីមុនកាលពីគីឡូនៅខ្ពស់ គ្រាន់តែដេកផ្អៀងខ្លួនក៏ពិបាកដែរ អ្វីក៏ពិបាកដែរ ដើរឡើងជណ្តើរ ដើរចុះជណ្តើរក៏ពិបាក ដល់ឥឡូវមានអី។ ស្រួលទៅ។ អ្នកដែលចង់ឲ្យ ហ៊ុន សែន ងាប់ ក្រែងងាប់មុន ហ៊ុន សែន។ ហ៊ុន សែន មិនងាយងាប់ទេ។ និយាយមួយម៉ាត់ទៅចុះ មានម្នាក់ដែលទើបនឹងងាប់ប្រហែលជា ៣ អាទិត្យមុន។ ម្នាក់ហ្នឹងជេរខ្ញុំខ្លាំងណាស់។ ប៉ុន្តែខ្ញុំមិនប្រាប់ឈ្មោះទេ។ ម្នាក់ហ្នឹងជេរខ្ញុំច្រើន … ខ្ញុំថា បើគ្នាងាប់ហើយ សំដែងការសោកស្តាយទៅ។ ប៉ុន្តែ អាហ្នឹងវាអញ្ចឹង ជួនកាលជេរអាក្រក់អាក្រី បារមីយើងមិនដល់ វាត្រូវងាប់អញ្ចឹង … អ្នកខ្លះសុទ្ធតែ លោក ហ៊ុន សែន កំពុងតែឈឺ។ ខ្ញុំថាទេ អានេះវាឡប់អីវា វាឃើញមនុស្សកំពុងនិយាយកោកៗនេះ … អ្នកខ្លះចង់ឲ្យខ្ញុំអាយុវែង អ្នកខ្លះចង់ឲ្យខ្ញុំអាយុខ្លី ប៉ុន្តែខ្លី ឬវែង ស្រេចតែមច្ចុរាជ ទុកឲ្យយមរាជកាត់សេចក្តីចុះ។
បន្តតាមដាន អនុវត្តនូវអនុសាសន៍ទាំង ៨ ចំណុចរបស់សម្តេច
ថ្ងៃនេះ អ្វីដែលខ្ញុំគួរតែត្រូវបានរំលឹក គឺ ៨ ចំណុច ដូចដែល ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា បន្តអនុវត្តនូវអនុសាសន៍ ៨ ចំណុច។ អនុសាសន៍ ៨ ចំណុច មិនមែនជាបញ្ហាថ្មីទេ វាជាបញ្ហាចាស់ ប៉ុន្តែតាមពិនិត្យមើល៖
ទី ១ ប្រាក់ឈ្នួលអប្បបរមា ១៧០ តើអនុវត្តបានគ្រប់ទីកន្លែងហើយឬនៅ? ប៉ុន្តែខ្ញុំគិតថា កម្មករ/ការិនីរបស់ យើង បើសិនមិនបាន ១៧០ ទេ គឺច្បាស់ជាកក្រើកមេឃ កក្រើកដីភ្លាមតែឥឡូវហ្នឹង។ អញ្ចឹងទេ ច្បាស់ជាបានហើយ។
ទី ២ ពិនិត្យ ព្យាបាលជំងឺ ដោយឥតគិតថ្លៃ។ ចំណុចនេះក៏ជាចំណុចត្រូវតាមពិនិត្យមើលឲ្យបានដិតដល់ ជាមួយកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់។ អញ្ចឹងទេ បានខ្ញុំចេះតែអំពាវនាវ ឲ្យគ្រប់សហ គ្រាស គ្រប់ទីកន្លែងទាំងអស់ ដែលប្រើប្រាស់កម្មករ ត្រូវមកចុះបញ្ជីនៅបេឡាជាតិសន្តិសុខសង្គម ដើម្បីឲ្យកម្មករ/ការិនីរបស់យើងបានទទួលនូវអត្ថប្រយោជន៍។ បើទោះបីជាប្រាក់ឈ្នួលវាមិនដូចគ្នាក៏ដោយ ក៏ប៉ុន្តែ កម្មករ/ការិនីរបស់យើង បានទទួលនូវអត្ថប្រយោជន៍ផ្សេងៗ ពីការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ពីការសំរាលកូន បានទទួលនូវកម្មវិធីសាច់ប្រាក់ក្នុងការឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល ពីការជិះរថយន្តក្រុង(ឥតគិតថ្លៃ)។
សេវារថយន្តក្រុងល្អហើយ តែត្រូវកែលម្អ ២ ចំណុច
… តាមអ្នកដែលគេបានទៅជិះសាកល្បងឲ្យខ្ញុំដឹងថា រថយន្តក្រុងរបស់យើងមានសេវាល្អ។ ក្មួយៗនិស្សិត កូនសិស្សអីនេះ (ក្រោយ)ពេលដែលឡើងជិះ ហើយពេលចុះ តែងតែលើកដៃអរគុណពូតៃកុងឡាន គឺមានសុជីវធម៌ មានរបៀបរបបនៅលើរថយន្ត។ ប៉ុន្តែចំណុចដែលខ្វះខាត ដែលគេឲ្យយោបល់គួរតែត្រូវកែលម្អ ទី ១ គឺកន្លែងចំណត។ កន្លែងចំណតជួនកាលមានរថយន្តផ្សេងទៅចត ធ្វើឲ្យមានផលប៉ះពាល់សម្រាប់អ្នកធ្វើដំណើរ។ ទី ២ មានការយកកន្លែងចំណតហ្នឹង ធ្វើជាកន្លែងលក់ដូរ ដូច្នេះត្រូវរៀបចំកន្លែងចំណតនេះ ដើម្បីសម្រួលឲ្យអ្នក ដែលជិះរថយន្តក្រុងទាំងឡាយបានស្រួល។ ក្នុងហ្នឹងក៏មានកម្មករ/ការិនីរបស់យើងដែរ (និយាយលេងអំពីកម្មករ/ការិនីរឿងជិះឡានក្រុង) ទៅណាក៏ដោយកុំភ្លេចបណ្ណ(កម្មករ)។ ថ្ងៃមុនមានបាតុភាពនៅស្រុកលើកដែក គេចូលមក comment ក្នុង Facebook page … ប្រាប់ភ្លាមយើងស្រាវជ្រាវភ្លាម ដោយសារតែយើងជាកម្មការិនីទៅពិនិត្យផ្ទៃពោះ ដោយមិនយកបណ្ណទៅជាមួយ ដូច្នេះគ្រូពេទ្យយកលុយ។ បានទាក់ទងគ្នាភ្លាមៗ … ហើយដោះស្រាយជាមួយគ្នាបាន។ យើងមានកាត ឬបណ្ណរបស់យើងហ្នឹង ពេលមានការឈឺកន្លែងណា យើងចូលពេទ្យកន្លែងនោះ ដោយមិនចាំបាច់បង់លុយ ប៉ុន្តែ តាមមន្ទីរពេទ្យរដ្ឋ។ អញ្ចឹងទេ ត្រូវតាមពិនិត្យមើលការពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ នេះជាចំណុចទី ២។
ចំណុចទី ៣ កម្មការិនីឆ្លងទន្លេ សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%, ត្រូវតាមដាន មើលយ៉ាងម៉េចដែរ។ តាមដានឲ្យបានដិតដល់អំពីចំណុចនេះ។ ពីមុន ក្មួយៗបានឆ្លងទន្លេ បានឈប់សម្រាក ហើយបានប្រាក់បៀវត្សរ៍ត្រឹមតែ ៥០% ប៉ុណ្ណោះទេ ប៉ុន្តែឥឡូវប្រាក់បៀវត្សរ៍របស់ក្មួយៗពេលឆ្លងទន្លេ បានរហូត ទៅដល់ ១២០% ក្នុងហ្នឹងថៅកែចេញ ៥០% បេឡាជាតិសន្តិសុខសង្គមចេញ ៧០%។ អញ្ចឹង ឧទាហរណ៍ថា បើយើងមានប្រាក់បៀវត្សរ៍ ១៧០ ដុល្លារ ដល់ទៅពេលយើងឆ្លងទន្លេបានទៅដល់ ២០០ ដុល្លារ … បន្តិចទៀត ប្រណាំងគ្នាយកកូនហើយ។ ប៉ុន្តែ អាហ្នឹងញឹកពេក ក៏មិនល្អដែរ តាមគម្រូពូមិនល្អទេ ១៣ ខែ កើតមួយៗ វារហង់ពេញបន្ទប់។
ទី ៤ កម្មវិធីផ្តល់សាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ បើកដោយបេឡាជាតិសន្តិសុខសង្គម។ ចំណុចនេះ ខ្ញុំគិតថា សូមកោតសរសើរចំពោះបេឡាជាតិសន្តិសុខសង្គមរបស់ក្រសួង ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ថ្លែងការកោតសរសើរចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបុរេប្បទានក្នុងមួយឆ្នាំយើងត្រៀមថវិកា ១០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបើកផ្តល់ឲ្យចំពោះស្រ្តីឆ្លងទន្លេ ឆ្លងភ្លាមត្រូវមានប្រាក់ ៤០ ម៉ឺនរៀលទៅដល់ ស្មើនឹង ១០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីបើកផ្តល់។ យើងផ្តល់មិនឲ្យទាបជាង ត្រូវតែមានប្រាក់ ២ លាន ៥ សែនដុល្លារ នៅក្នុងគណនេយ្យបេឡាជាតិសន្តិសុខសង្គម។ បើសិនជាចាយអស់ហើយ ត្រូវបំពេញឲ្យជាស្វ័យប្រវត្តិ បញ្ជូនទៅជាស្វ័យប្រវត្តិ ដើម្បីធានាឲ្យមានការផ្តល់ប្រាក់។ ចំណុចនេះ តាមដឹងមក អង្គការ UNICEF ដែលធ្វើការនៅប្រទេសរបស់យើង មានការស្វាគមន៍ខ្លាំងណាស់នៅក្នុងកម្មវិធីផ្តល់សាច់ប្រាក់សំរាប់ស្រ្តីជាកម្មការិនីឆ្លងទន្លេនេះឯង ព្រោះវាទាក់ទងទៅដល់បញ្ហា(គាំពារមាតានិងទារក)។ យើងមិនមែនចង់ឲ្យពួកបរទេសសរសើរ អង្គការអន្តរជាតិសរសើរ នេះជាគំនិតផ្តួចផ្តើមដែលឯកឧត្តម អ៊ិត សំហេង ហៅ Hunsenomics ព្រោះមានប្រទេស ខ្លះគេហៅអញ្ចេះ ដូចជា (Shinzo) Abe អី គេហៅ Abenomics។ អាហ្នឹងគេហៅថាសេដ្ឋកិច្ចរបស់ Abe ឥឡូវគេហៅថា សេដ្ឋកិច្ចរបស់ ហ៊ុន សែន ព្រោះ ហ៊ុន សែន ដឹកនាំមករហូតមក ដឹកនាំតាំងពីស៊ីបបរ ស៊ីគ្រាប់ពោត រហូតមកដល់ឥឡូវ យើងមិនមែនស៊ីបបរ ស៊ីគ្រាប់ពោតទៀតទេ។ យើងអត់ចង់បានឲ្យអ្នកណាសរសើរទេ ក៏ប៉ុន្តែ នេះជាតម្រូវការនៃការដែលយើងត្រូវអនុវត្តដើម្បីបង្កើនអាហារូបត្ថម្ភ កាត់បន្ថយអត្រាស្លាប់មាតា និងទារក និងជួយទៅដល់ស្រ្តីឆ្លងទន្លេទាំងឡាយ ដែលជាកម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
បំណងពង្រីកវិសាលភាព នៃការផ្តល់សាច់ប្រាក់ពេលសម្រាលកូន ទៅកាន់ប្រជាជនទូទៅ
ខ្ញុំកំពុងតែរកវិធីដើម្បីពង្រីកវិសាលភាពរបស់វា ទៅដល់ប្រជាជនទូទៅ ដែលក្នុងមួយឆ្នាំកើតប្រមាណជា ៤០ ម៉ឺននាក់។ បើកើត ៤០ ម៉ឺននាក់ មួយនាក់ ១០០ ដុល្លារ គឺយើងប្រើ ៤០ លានដុល្លារ តើថវិការបស់យើងទ្របានឬមិនបាន? ឥឡូវ យើងចាប់ផ្តើមពីកម្មករជាមុន ហើយងាយស្រួលអនុវត្ត ព្រោះគ្មានអ្នកណាទៅបោកថា ខ្ញុំមានកូនតាមរបៀបយកខ្នើយ(ញាត់ពោះ)។ នែ! អាហ្នឹងមាន ធ្វើជាអ្នកសុំទាន ហើយមានផ្ទៃពោះ យកខ្នើយមកដាក់កល់ រួចហើយរុំពាក់អាវពីលើធ្វើជាអ្នកមានផ្ទៃពោះហើយ ទៅរកសុំទាន។ ការដែលយើងផ្តល់សាច់ប្រាក់ ទាល់តែអ្នកឯងទៅឆ្លងទន្លេ អាហ្នឹងបានយើងបើកផ្តល់។ អញ្ចឹងមិនងាយអ្នកណាទៅបន្លំបានទេ ស្រួលអនុវត្តជាង។ អញ្ចឹងទេ ត្រូវតាមមើលឲ្យបានដិតដល់អំពីបញ្ហានេះ។
មួយទៀតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលនិយោជកត្រូវបង់ ១០០ ភាគរយ ជំនួសឲ្យកម្មករ ដែលមុននោះកម្មករ/ការិនីត្រូវបង់ ៥០ ភាគរយ ខាងនិយោជក ម្ចាស់រោងចក្រត្រូវបង់ ៥០ ភាគរយ។ តែឥឡូវនេះ ក្មួយៗកម្មករ/ការិនី ចូលក្នុងឆ្នាំ ២០១៨ មិនត្រូវបានបង់ទៀតទេ ដោយម្ចាស់រោងចក្រត្រូវបង់ ១០០ ភាគរយ ជំនួសឲ្យកម្មករ/ការិនីរបស់យើង ដែលក្មួយៗនឹងបានចំណេញប្រាក់ក្នុងរង្វង់ ៨ ០០០ រៀល ទៅ ១៣ ០០០ រៀល ក្នុងមួយខែ។ អញ្ចឹងចំណូលចេះតែកើន ចំណាយកាន់តែធ្លាក់ចុះ។
ទី ៦ ក៏ត្រូវត្រួតពិនិត្យជាប្រចាំនូវការអនុវត្តថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃភ្លើង។ ថ្លៃឈ្នួលផ្ទះពូបានស្នើសុំហើយ ហើយក៏អរគុណជាថ្មីម្តងទៀតចំពោះម្ចាស់ផ្ទះទាំងឡាយ ដែលមិនតម្លើងថ្លៃក្នុងឆ្នាំ ២០១៨។ ពិតហើយ មានអ្នកដាក់ផ្លែផ្កាឲ្យខ្ញុំថា ម៉េចបាននាយករដ្ឋមន្រ្តីសុំតែឆ្នាំ ២០១៨ មិនសុំដល់ឆ្នាំ ២០១៩-២០២០ សុំផ្តាំទៅលោកឯង បើលោកឯងមិនចេះទេ លោកឯងបិទមាត់ឲ្យឈឹងទៅ។ កុំចាំបាច់មកប្រដៅនាយករដ្ឋមន្រ្តីនោះ។ គេចរចាមួយឆ្នាំម្តងគ្រប់គ្រាន់ហើយ សូម្បីតែប្រាក់ឈ្នួលកម្មករគេចរចា ១ ឆ្នាំម្តងទេតើ។ ខ្លួនឯងចង់ឲ្យអំពាវនាវទៅដល់ណា។ សេដ្ឋកិច្ចផ្សារ សូម្បីតែស្នើសុំប៉ុណ្ណឹងវាខុសពីក្រឹត្យក្រមសេដ្ឋកិច្ចផ្សារទៅហើយ។ បើអ្នកឯងល្ងង់ ឲ្យវាល្ងង់រហូតអញ្ចឹងទៅ …។
អម្បាញ់មិញក្មួយស្រីម្នាក់ បាននិយាយអំពីបញ្ហាថ្លៃទឹក ថ្លៃភ្លើង។ ប៉ុន្តែ ថ្លៃទឹក ថ្លៃភ្លើង បើប្រៀបទៅនឹងពេលមុន មិនដឹងថាក្មួយនៅកន្លែងនេះ ទទួលបានថ្លៃទឹក ថ្លៃភ្លើងពីរបស់រដ្ឋ ឬក៏យ៉ាងណាទេ ខ្ញុំក៏អត់បានងាកទៅសួរ ថាតើគាត់ទទួលថ្លៃទឹក ថ្លៃភ្លើងរបស់រដ្ឋ ឬក៏ថ្លៃទឹក ថ្លៃភ្លើងរបស់ឯកជន។ ព្រៃទាមិនទាន់ដល់ ប៉ុន្តែកន្លែងនេះមិនដឹងដល់ ឬមិនដល់ ព្រោះគាត់និយាយអំពីថ្លៃទឹក ថ្លៃភ្លើង។ កាលពីពេលមុននោះ ថ្លៃភ្លើងកំណត់ដោយម្ចាស់ផ្ទះ ថ្លៃទឹកកំណត់ដោយម្ចាស់ផ្ទះ។ ប៉ុន្តែ ក្រោយមកយើងបានខិតខំតបណ្តាញអគ្គិសនី និងបណ្តាញទឹកទៅកាន់តំបន់ផ្ទះជួលទាំងឡាយ។ អគ្គិសនីរបស់យើង ដែលមុននោះម្ចាស់ផ្ទះកំណត់ ៨០០ ឬ ១ ០០០ រៀល ចុះមកនៅត្រឹម ៤៨០ រៀលទេ ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ឯចំពោះថ្លៃទឹកកាលពីមុនធ្លាប់ ១ ៥០០ ឬ ២ ០០០ រៀល ក្នុងមួយម៉ែត្រគូប ក្រោយមកយើងអនុវត្តត្រឹមតែ ១ ២០០ ក្នុងមួយម៉ែត្រគូបតែប៉ុណ្ណោះ។ ហើយចាប់តាំងពីខែកញ្ញាមក យើងអនុវត្តមកត្រឹមតែ ៨០០ រៀល ក្នុងមួយម៉ែត្រគូបតែប៉ុណ្ណោះ។ ប៉ុន្តែ យ៉ាងណាក៏ដោយ សំណូមពរទាំងនេះ ពូយកទៅសិក្សាជាមួយនឹងអ្នកឯកទេស និងជាមួយនឹងក្រុមហ៊ុនអគ្គិសនី ក៏ដូចជាក្រុមហ៊ុនស្វយ័តរដ្ឋាករទឹកទីក្រុងភ្នំពេញ ដើម្បីមើលថាអាចរកវិធីបញ្ចុះតម្លៃថែមទៀតបានទេ សម្រាប់ផ្ទះឈ្នួលសម្រាប់កម្មករដែលយើងស្នាក់នៅ ដើម្បីកាត់បន្ថយការចំណាយឲ្យបានកាន់តែច្រើន ហើយបង្កើននូវប្រាក់ចំណូលឲ្យកាន់តែខ្ពស់។
ចំណុចទី ៧ ដែលត្រូវបន្តនោះ ត្រូវបានរៀបចំឲ្យអនុវត្តដាក់នូវរបបសន្តិសុខផ្នែកសោធននៅឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ គឺជាការចាប់ផ្តើមនៃការអនុវត្តនូវបែបផែនមួយ ដើម្បីធានាឲ្យអនាគតរបស់ក្មួយៗជាកម្មករ ជាកម្មការិនី ដូចជាមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ ជាពិសេសមន្រ្តីរាជការស៊ីវិល ដែលពេលដល់អាយុចូលនិវត្តន៍ នឹងមានប្រាក់ចូលនិវត្តន៍តែម្តង។ ពេលនោះរវាងក្មួយៗជាកម្មករ/ការិនីនៅក្នុងវិស័យឯកជន វាមិនមានខុសអ្វីគ្នាច្រើន ជាមួយនឹងមន្រ្តីរាជការស៊ីវិលរបស់យើងទេ។ ដោយសារតែយើងចូលនិវត្តន៍ទៅនោះ ក្មួយៗនឹងមានប្រាក់ចូលនិវត្តន៍តែម្តង។ ប៉ុន្តែ សុំផ្តាំថា មិនមែនចូលធ្វើការមួយខែ ពីរខែ ឬ មួយឆ្នាំ ពីរឆ្នាំ ហើយទារប្រាក់ចូលនិវត្តន៍ទេ គឺត្រូវធ្វើឲ្យគ្រប់ឆ្នាំ។
ដូច្នេះហើយបានជាសៀវភៅការងារក្មួយៗត្រូវតែធានាឲ្យបាន ការពារឲ្យបាន ដើម្បីបន្តពីរោងចក្រ មួយទៅរោងចក្រមួយ ព្រោះនៅពេលខ្លះ ក្មួយៗធ្វើការនៅក្នុងរោងចក្រនេះបានត្រឹមតែ ៥ ឆ្នាំ រោងចក្រត្រូវបិទ ក្មួយផ្ទេរទៅរោងចក្រផ្សេងទៀត គឺគេមិនកត់ពីមួយថ្ងៃឡើងទេ គេកត់ពី ៥ ឆ្នាំមួយថ្ងៃឡើងទៅ។ ធ្វើការនៅរោងចក្រនោះបាន ៤ ឆ្នាំ រោងចក្រនោះក៏ត្រូវបិទ ត្រូវធ្វើការនៅរោងចក្រមួយទៀត រោងចក្រទី ៣ មិនមែនកត់ពីមួយថ្ងៃទៅទេ គឺកត់ពី ៩ ឆ្នាំឡើងទៅ។ សរុបទៅគ្រប់លក្ខខណ្ឌ នៃពេលវេលា គឺក្មួយៗនឹងទទួលបាននូវប្រាក់សោធននិវត្តន៍។ ឧទាហរណ៍ ឥឡូវនេះ ក្មួយៗមានប្រាក់បៀវត្សអប្បបរមា ១៧០ ដុល្លារសហរដ្ឋអាមេរិក ពេលដែលក្មួយៗចូលនិវត្តន៍ទៅ នៅសល់ ៨០ ភាគរយ ដូច្នេះ វានៅសល់ប្រហែល ១៤០ ដុល្លារសហរដ្ឋអាមេរិកដែរ ល្មមនឹងចិញ្ចឹមខ្លួនរស់ ប៉ុន្តែទម្រាំដល់ខ្លួនចូលនិវត្តន៍ ប្រាក់បៀវត្សរ៍នៅកម្ពុជានឹងមានការកើនឡើងខ្ពស់ជាងនេះទៅហើយ មិនមែនត្រឹមកម្រិតប៉ុណ្ណឹងទេ។
បៀវត្សរ៍អប្បបរមាឡើង បានពីការខិតខំរបស់ក្មួយៗ រោងចក្រចំណេញ និងការទទួលខាតរបស់រាជរដ្ឋាភិបាល
… យើងក៏កំពុងតែព្រួយដែរ ព្រួយត្រង់ថា នៅកម្ពុជានេះ បើយើងនិយាយពីឆ្នាំទៅ ប្រាក់បៀវត្សអប្បបរមា(កម្មករ) នៅកម្ពុជា ១៥៣ ដុល្លារ ក្នុងពេលដែលនៅបង់ក្លាដេស ៦៧ ដុល្លារ នៅស្រ៊ីលង្ការ ៦៧ ដុល្លារ នៅឥណ្ឌា ៧៧ ដុល្លារ នៅភូមា ៧៩ ដុល្លារ នៅឡាវ ១១០ ដុល្លារ និងនៅវៀតណាមមានតំបន់ ១៣០ ដុល្លារ និងមានតំបន់លើសពីនោះ។ ឥឡូវនេះ នៅបង់ក្លាដេសដូចឡើងបានត្រឹមតែ ១ ដុល្លារទេ តែ ៦៨ ដុល្លារទេ ក្មួយៗត្រូវចាំ នៅប្រទេសបង់ក្លាដេសឆ្នាំទៅប្រាក់ឈ្នួលអប្បបរមា ៦៧ ឆ្នាំនេះឡើង ៦៨ ដុល្លារ។ ឯយើងឆ្នាំទៅ ១៥៣ ដុល្លារ ឆ្នាំនេះឡើងដល់ ១៧០ ដុល្លារ ឡើង ១៧ ដុល្លារ។ បានមកពីណា? មិនមែនបានមកពីបក្សប្រឆាំង ឬអ្នកណាមកស្រែកទេ បានមកពីការខិតខំរបស់យើងទាំងអស់គ្នានេះ។ បើក្មួយៗធ្វើការមិនល្អ ថៅកែគ្មានប្រាក់ចំណេញ ក៏មិនឡើងបានដែរ។ បើសិនជារាជរដ្ឋាភិបាលខិតខំទេ ក្មួយៗបានឡើងអស់ហើយត្រឹម ១៦៥ ដុល្លារ ប៉ុន្តែ រាជរដ្ឋាភិបាលបានធ្វើការប៉ះប៉ូវក្នុងមួយឆ្នាំជាង ៤០ លានដុល្លារ ដើម្បីឲ្យក្មួយៗបានឡើងមកដល់ ១៧០ ដុល្លារ។ គឺប៉ះប៉ូវសេវានាំចេញប្រមាណជាង ២០ លានដុល្លារ និងពន្ធកាត់ទុកប្រមាណជាង ២០ លានដុល្លារទៀត …ដែលពូបន្ថែម ៥ ដុល្លារក្នុងម្នាក់ ពី ១៦៥ ទៅដល់ ១៧០ ដុល្លារ។ រដ្ឋសុខចិត្តទទួលយកនូវការបង់ខាត។ ហើយដែលបាត់បង់នូវប្រាក់ចំណូលនោះ ទៅធ្វើការវិនិយោគនៅក្នុងវិស័យផ្សេង ប៉ុន្តែ វាបានមកផ្តល់ឲ្យកម្មករ/ការិនីរបស់យើងឯណេះទៅវិញ។ ចាត់ទុកថាជាផ្នែកមួយនៃការវិនិយោគចំពោះសុខុមាលភាពរបស់កម្មករ/ការិនី …។
ចំពោះការងារទី ៨ គឺយើងនៅតែបន្តការយកចិត្តទុកដាក់សម្រាប់សុខទុក្ខរបស់កម្មករ/ការិនីរបស់យើង ដែលកំពុងធ្វើការនៅ(ក្រៅប្រទេស ដូចយ៉ាង)ប្រទេសថៃ។ ម្សិលម្ង៉ៃនេះ ពូមានឱកាសដើម្បីទៅការចៅ។ ពេលនោះ The Voice Kid មាន ពេជ្រ ថៃ មានប៉ុន្មាននាក់គេទៅច្រៀង។ មានអាមួយនោះ សុជាតា កាលដែលពូបោះឆ្នោតឲ្យ ពូបោះឲ្យ សុជាតា ដល់ទៅជាប់ៗ ពេជ្រ ថៃ ឯណោះ។ ប៉ុន្តែ ជាប់អ្នកណាក៏មិនអីដែរ កាលនោះ ១២ នាក់ ដែលនៅវគ្គ Live Show ចុងក្រោយនោះ ពូឲ្យម្នាក់ ២ ពាន់ដុល្លារស្មើៗគ្នាទាំងអស់។ សុជាតា ថា លោកតាៗ ចៅសុំថើបមួយបានឬអត់? គេដាក់គ្រឹប។ មកអម្បាញ់មិញ ក្មួយៗត្រង់នេះមិញខូចណាស់ ខ្លះសុំថើបមួយខ្សឺត ប៉ុន្តែឡើងដល់ ៣ ខ្សឺត។ ខ្លះអត់សុំទេ តែថើបយកតែម្តង។ ចេញពីរោងការថ្ងៃមុន សូម្បីប្រពន្ធ អ៊ិត សំហេង នេះ មួយហ្វូងគ្នាគាត់ថា ចាស់ៗអត់បានអោបទេ តែកម្មករបានអោប។ ខ្ញុំថា ទេ! យាយឯងអោបប្តីមិនអោប មកអោបអីខ្ញុំ។ អានេះវាជាទំនាក់ទំនងឪពុក និងកូន រវាងឪពុកមា និងក្មួយទេ។ ចំពោះក្មួយៗ ចៅៗទាំងនោះ គេហៅមកច្រៀង(ការ) ក៏ហៅមកសួរ (ក៏)ថា ឪពុកម្តាយត្រឡប់ទៅធ្វើការនៅថៃវិញហើយ។ សួរចៅម្នាក់ថា មួយខែ ចៅរកបានប៉ុន្មាន? ថាអត់ទៀងដែរ … បានឲ្យម្នាក់ ១ ពាន់ដុល្លារទៅ អាណិតក្មេងៗ។ ឥឡូវ ឲ្យតែដាក់ប្រឡងចម្រៀង ងាប់ហើយ និយាយពីចេញមក សម្បូរអ្នកចម្រៀង … ប៉ុណ្ណឹងហើយនៅអត់គ្រប់គ្រាន់ទេ អ្នកចម្រៀង អ្នកសិល្បៈរបស់យើង។
លើកទឹកចិត្តឲ្យកម្មការិនីរើសប្តីបន្តិច
ថ្ងៃនេះ ចង់សួរបន្តិច អ្នកដែលត្រៀមចូលរោងការទាំងស្រី ទាំងប្រុស មានប៉ុន្មាន មើលលើកដៃ? ច្រើន។ ឱ! ល្អណាស់ក្មួយ។ ឃើញថ្ងៃមុន ឯកឧត្តម ហ៊ុន ហេង តែងចម្រៀងមួយបទ លំនាំបទ ផាត់ពពក និយាយពីរឿងបញ្ហាទាក់ទិននឹងកម្មការិនីត្រូវយកប្តី។ គេថា ឥឡូវនារីកាត់ដេររើសប្តីណាស់។ ពូលើកទឹកចិត្តឲ្យរើសប្តី ព្រោះរឿងមិនថាតែកម្មការិនីទេ អ្នកណាក៏ដោយត្រូវតែរើសបន្តិចទៅប្តីនោះ។ ប្រុសៗក៏អញ្ចឹងដែរ រើសប្រពន្ធបន្តិចទៅ រើសទៅ រើសមក ទីចុងបំផុត បានប្រពន្ធក៏ល្អ យើងក៏បានប្តីល្អដែរ ហើយបើយើងមិនរើស ស្រាប់តែស៊ីផឹកពីត្រង់ណាមក(មកវាយដំយើងទៀត) ហើយតែយកមិនស្រួលចំតែរបស់គេ។ រឿងទៀត។ មិនមែនឲ្យក្មួយៗមានការរើសអើងទេ តែនេះជាសញ្ញាផ្តល់ទៅយុវជន យើងទាល់តែធ្វើខ្លួនឲ្យបានត្រឹមត្រូវ ទើបយើងអាចដណ្តឹងប្រពន្ធនោះបាន។ កុំមកច្រៀងឌឺដង រំដួលដូរដី រំដួលចាកទង រៃលាបង្គង អីណា កុំមកលេងអាធុនហ្នឹង។ ក្មួយៗការទៅ ហើយភ្លេងការជនបទ ភ្នួងខុសពីសម័យពូ។ ពូការ ១៣ គូ ហើយគូទី ១៣។ ១៣ បារាំងថាអត់ល្អទេ ប៉ុន្តែ គូពូល្អ គូទី ១៣ នៅរហូត។ ពេលការមិនមែន(ដូចគេទេ)។ ក្មួយៗសព្វថ្ងៃនេះ ការសេរីភាពពេញទី។ មុនការ ដឹកដៃគ្នាដើរលេង ហើយបានគេការក្រោយ គេស្គាល់ចិត្តគ្នាហើយ គេការគេមានកាត់ខាន់ស្លាអីសព្វគ្រប់។ កាលពីពូការ គេដាក់មីងនៅពីមុខ ពូនៅពីក្រោយ មើលតែកញ្ចឹងកគេ។ គេអានប្រវត្តិរូបចប់អញ្ចឹងទៅ ទើបគេសួរសំណួរ… ចូលរោងតាំងពីម៉ោង ៨ ព្រឹក ម៉ោង ៣ កន្លះល្ងាចបានចប់។ អង្គុយស្តាប់គេជេរ អង្គុយឲ្យអង្គការប្រដៅ។ ប៉ុន្តែ បើទោះបីយ៉ាងម៉េចក៏ដោយ បើសិនជាមិនយល់ចិត្តគ្នាហើយ នៅជាមួយគ្នានៅតែមិនបានអញ្ចឹង។ និយាយៗបែកញើស ចូលដោះអាវហើយ។ ថានិយាយមិនច្រើន វាទៅជាបែកញើសទៅហើយ។ (និយាយលេង)
បន្តតំណែងជានាយករដ្ឋមន្រ្តីយ៉ាងតិច ១០ ឆ្នាំទៀត/មិនឲ្យនរណាបំផ្លាញសន្តិភាពនោះទេ
ប៉ុណ្ណឹងទៅចុះ ហើយផ្តាំផ្ញើតាមក្មួយៗ ទៅសួរសុខទុក្ខឪពុកម្តាយ សួរសុខទុក្ខជីដូនជីតា បើសិនជាគាត់នៅរស់ ហើយប្រាប់គាត់ផងថា បន្តទៀតណា កុំឲ្យគេបំផ្លាញសន្តិភាព កាលជំនាន់គាត់ហ្នឹង វេទនាណាស់ កុំឲ្យគេបំផ្លាញសន្តិភាពបាន។ សង្ឃឹមថា ក្មួយៗក៏ដូចជាជីដូនជីតា ឪពុកម្តាយ បើសិនជាគាត់នៅរស់ គាត់ជាអ្នកមានសិទ្ធិបោះឆ្នោត សូមចូលរួមបោះឆ្នោត។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបោះឆ្នោតឲ្យពូបន្តតំណែងជានាយករដ្ឋមន្រ្តីបន្តទៀត។ ពូនៅថែទាំក្មួយៗ ១០ ឆ្នាំទៀតយ៉ាងតិច ហើយបើពូនៅទីនេះហើយ កុំសង្ឃឹមថា អ្នកណាមកបំផ្លាញបាន។ ពូមិនអនុញ្ញាត មិនព្រមឲ្យគេធ្វើផ្តេសផ្តាសទេ ព្រោះធ្លាប់ស្លាប់ជីវិតមនុស្សច្រើនណាស់ហើយ។ គេមិនត្រូវបន្តសកម្មភាពណាបំផ្លាញជាតិ បំផ្លាញប្រជាជននោះទេ។ អញ្ចឹងបានជាពូសុខចិត្តថា បើទោះបីឥឡូវនេះ មិនទាន់ជាអាយុច្រើនប៉ុន្មានទេ គ្រាន់តែគេថា ឃើញស្គមតែបន្តិចហ្នឹង។ អាយុប៉ុណ្ណឹង អ្នកដែលគេចង់ធ្វើនាយករដ្ឋមន្រ្តីជំនួសពូហ្នឹង អាយុច្រើនជាងពូទៅទៀត គេគួរតែយកក្មេងមកដូរចាស់ អានេះយកចាស់មកដូរក្មេង ហើយមកធ្វើឯងចំណាប់។
ថានៅយូរ។ យូរវានៅលើប្រជាជនបោះឆ្នោតឲ្យតែប៉ុណ្ណឹង។ អាខ្លះចាញ់នោះចាញ់ផ្កាប់មុខ ចាញ់មិនដឹងប៉ុន្មានអាណត្តិមកទេ ហើយវាថា ពូខ្លាចវាបានជាមិនឲ្យវាចូលរួមបោះឆ្នោត។ បើហ្អែងជាប់គុក ហ្អែងចូលមកបោះយ៉ាងម៉េច? ហ្អែងចូលមក បើចិត្តសឿង។ ពូថាមិនចង់តមាត់ជាមួយអាហ្នឹងទេ ព្រោះហេតុតែវាអញ្ចុះហើយបានវាអញ្ចឹងនោះ ដោយសារវាអញ្ចឹងហើយ បានជាវាមិនដែលឈ្នះ ដោយសារវាចង់ធ្វើនាយករដ្ឋមន្រ្តីពេក ដែលវាមិនបានធ្វើនាយករដ្ឋមន្រ្តីនោះ។ ដល់ទៅអ្នកដែលមិនចង់ ទៅជាធ្វើបានយូរទៅវិញ។ ទំនាយមនុស្សមើលមិនឃើញទេ។ ក្រយៅមិនដល់ បារមីមិនដល់ ធ្វើមិនកើតទេ កុំថាឡើយដល់ទៅធ្វើ សូម្បីតែឡើងក៏ឡើងវាមិនរួច ព្រោះអត់មានកន្លែងឡើង … ដល់ទៅអ្នកមិនចង់ធ្វើ វាមានជណ្តើរឡើងទៅវិញ។
ការងារទៅក្រៅប្រទេសច្រើន
ថ្ងៃនេះ បាននាំមកសម្រាប់ក្មួយៗកម្មករ/ការិនី តែ ២ ម៉ឺនរៀលក្នុងម្នាក់ទេ សម្រាប់ ១៥ ១០៩ នាក់។ ក្មួយៗមិនមែនមកចង់យកលុយ ២ ម៉ឺនរៀលនោះទេ ប៉ុន្តែមកជួបសំណេះសំណាល។ សំណេះសំណាលថ្ងៃនេះ មិនដឹងជាទៅត្រង់ណាអីត្រង់ណាទេ … ថ្ងៃហ្នឹងនិយាយទិសដៅនៅត្រង់នេះបន្តិច ស្អែកទៅនិយាយពីបញ្ហាសម្ភារៈសំណង់នៅរោងចក្រស៊ីម៉ង់ត៍ នៅកំពតនោះ។ ដល់ទៅខានស្អែកទៅកំពង់ចាម ទៅបើកការដ្ឋានធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ រវាងស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ នៅខេត្តកំពង់ចាម អានោះនិយាយពីរឿងដឹកជញ្ជូនម្តង។ ប្រធានបទនិយាយខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាក៏ដោយ សំខាន់មកសួរសុខទុក្ខក្មួយៗតែប៉ុណ្ណឹងទេ ហើយរំលឹកដាស់តឿនខ្លះពីកិច្ចការ ដែលត្រូវធ្វើតែប៉ុណ្ណឹងទេ។ ការងារនៅដើមឆ្នាំនេះគឺពិតជារវល់ ទៅឥណ្ឌា ខែកុម្ភៈនេះមិនសូវជាបញ្ហាអីប៉ុន្មាននោះទេ ប៉ុន្តែ ដល់ខែមីនានោះ ត្រូវចេញទៅក្រៅប្រទេស ២ ដង ទៅអូស្រ្តាលីហើយត្រឡប់មកវិញ ត្រូវទៅប្រជុំមហាអនុតំបន់មេគង្គ នៅវៀតណាមទៀត។ មានការងារច្រើនណាស់នៅក្នុងឆ្នាំថ្មីរបស់យើងនេះ។
កម្មការិនីឆ្លងទន្លេ ចាប់ប្តីឲ្យជាប់
ចំពោះក្រុមតន្រ្តីសម័យក៏មានដូចមុនៗដែរ គឺ ៥ លានរៀល។ សម្រាប់ក្មួយៗមានផ្ទៃពោះ ៤៩៥ នាក់ បន្តិចទៀត ពូនឹងទៅដល់កន្លែងដើម្បីចែកជូនក្មួយៗសម្រាប់ការឆ្លងទន្លេ។ សង្ឃឹមថា ក្មួយៗនឹងឆ្លងទន្លេដោយមានសុវត្ថិភាព ហើយនិងបានកូនប្រុស ឬកូនស្រី ដែលជាទីស្រឡាញ់ ហើយពួកគេនឹងមានអនាគតល្អ និងមានឱកាសល្អជាងយើងនៅពេលនេះ។ នៅពេលដែលអាល្អិតហ្នឹងវាធំ ប្រទេសកម្ពុជាយើងបានចូលដល់ដំណាក់កាលនៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ហើយ។ ឥឡូវ យើងកំពុងមានប្រាក់ចំណូលមធ្យមកម្រិតទាប ប៉ុន្តែ នៅឆ្នាំ ២០៣០ បើ ២០៣០ យើងនៅសល់តែ ១២ ឆ្នាំទៀត។ ពេល(កូន)នោះអាយុ ១២ ឆ្នាំ ប្រទេសរបស់យើងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ហើយ។ អញ្ចឹងទេ ឱកាសរបស់ពួកគេមានច្រើនណាស់។ សង្ឃឹមថា ក្មួយៗនឹងមានសុវត្ថិភាពពេលឆ្លងទន្លេ ហើយពេលហ្នឹង ផ្តាំក្មួយៗ ចាប់ប្តីឲ្យជាប់។ រឿងអីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែមានស្ត្រីម្នាក់កូនភ្លោះបី ឆ្លងទន្លេតាមផ្លូវ បានយកលុយទៅឲ្យគាត់ ឬនៅ? (សួរនាំ) ប្តីរត់ចោលទៅទៀត។ រួចកូនភ្លោះបី មកកើតតាមផ្លូវ លើកង់បី។ ប្តីអីក៏វាចិត្តអាក្រក់ម៉េះ។ អញ្ចឹងបានថាដល់ពេលយើងពោះធំ ត្រូវឆ្លងទន្លេអញ្ចឹង ត្រូវចាប់ប្តីឲ្យជាប់។ … មើលថែទាំប្រពន្ធកូន យ៉ាងហោចណាស់ បើមិនគិតដល់ប្រពន្ធ គិតដល់កូន។
… ជួនកាលវាតប់ប្រមល់វា វាអត់លុយ វាទៅបាត់ទៅ ដល់ពេលវាបានលុយវាមកវិញ ព្រោះឥឡូវឡើងដល់ ៥ លានរៀលឯណោះ សម្រាប់កូនភ្លោះបី។ បើមកវិញ ប្រពន្ធហ្នឹងកុំជេរប្តី។ មកដល់ហ្នឹងជេរទៀត គ្នារត់ទៅទៀត។ នែ! ប្តីរត់ចោល មិនមែនមកពីប្តីសុទ្ធទេ ត្រូវបន្ទោសគ្នាពាក់កណ្តាលម្នាក់ មកពីយើងហ្នឹងមាត់អាក្រក់ដែរ ជួនកាលជេរគេ ជួនកាលមិនដួសបាយឲ្យគេស៊ី។ និយាយអញ្ចឹង ប្រពន្ធខ្ញុំអត់លឺទេ ប៉ុន្តែ ប្រពន្ធខ្ញុំតែងតែដួសបាយឲ្យខ្ញុំជានិច្ច ទោះបីជាប្រពន្ធនាយករដ្ឋមន្រ្តីមែន ព្រោះនាយករដ្ឋមន្រ្តីក៏ចេះដែរដួសបាយខ្លួនឯង ប៉ុន្តែ ប្រពន្ធដួសឲ្យទៅ។ បើស៊ីជាមួយគ្នា គេដួសឲ្យហើយ។ យើងចេះតែចូកទៅ។ ជួនកាលមកពីយើងដែរទេ បានប្តីចុះចោល។ ប៉ុន្តែ ភាគច្រើនមកពីប្រុស អាហ្នឹងនិយាយឲ្យវាច្បាស់អញ្ចឹងទៅ … ប៉ុណ្ណឹងទៅចុះ ហើយតាមរយៈក្មួយៗ ផ្តាំផ្ញើហើយអម្បាញ់មិញ ជូនពរទៅពួកគាត់ផង និងសម្រាប់ក្មួយៗ និងអ្នកចូលរួមទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕