ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងកាត់ខ្សែបូ សម្ពោធអគារថ្មីនៃមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នៅក្នុងខណ្ឌឫស្សីកែវ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨–ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយមានការអញ្ជើញចូលរួម ពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅព្រះបរមរាជវាំង បានយាងនិងអញ្ជើញ កាត់ខ្សែបូ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ នៃមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបានមានព្រះរាជបន្ទូលថា មន្ទីរពេទ្យនេះត្រូវបានកសាង ឡើងក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណា ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្រ្តនិយម ដើម្បីបម្រើប្រជារាស្រ្តនៅភាគខាងជើងរាជធានីភ្នំពេញ។

សម្តេចព្រះមហាក្សត្រីបានបន្ដថា ការកសាងអគារមួយខ្នង នៅក្នុងបរវេណមន្ទីរពេទ្យ បង្អែកសម្ដេចឪ សម្ដេចម៉ែនេះ ជាការរម្លឹកដល់ព្រះរាជគុណដ៏ធំធេងរបស់ព្រះករុណាព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ ជាទីគោរពខ្ពស់បំផុត ដែលកាលព្រះអង្គនៅគង់ ព្រះជន្ម ព្រះអង្គបានកសាងសមិទ្ធផលផ្នែកសុខាភិបាល នៅគ្រប់ទីកន្លែង ដើម្បីទាំ និងព្យាបាលសុខភាពរបស់ប្រជារាស្រ្ដ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ។

សម្តេចព្រះមហាក្សត្រីបានលើកឡើងទៀតថា ថវិកាដែលបានចំណាយលើការ សាងសង់អគារនេះ បានមកពីព្រះរាជឧបត្ថម្ភព្រះមហាក្សត្រ និងតង្វាយរបស់សប្បុរសជន ជាតិ និងអន្តរជាតិ ដែលបានចូលរួមវិភាគទានក្នុងឱកាសព្រះរាជពិធីបុណ្យថ្វាយព្រះរាជសព ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅពេលកន្លងទៅ និងបន្តបន្ទាប់។

ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថម្ភថវិកាយ៉ាងច្រើនអាចឱ្យការ កសាងអគារមួយនេះ មានដំណើរការទាន់ពេលវេលា។

ព្រះមហាក្សត្រីព្រះអង្គក៏បានថ្លែង អំណរព្រះគុណ សម្តេចព្រះសង្ឍ ព្រះរាជវង្សានុវង្ស និងសម្បុរជន ចំពោះការឧបត្ថម្ភ ថវិកាដ៏ច្រើនសម្រាប់ការកសាងអគារមន្ទីរពេទ្យខាងលើ នៅក្នុងបរិវេណមន្ទីរពេទ្យ សម្តេចឱ សម្តេចម៉ៃនេះ សម្រាប់ជួយសម្រាលសេចក្តីទុក្ខលំបាកប្រជារាស្រ្តកម្ពុជា ដែលជាការអភិវឌ្ឍ វិស័យសុខាភិបាល។

សម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុ ព្រះអង្គបានកោតសរសើរដល់ក្រុម ការងារសាងសង់ អគារដ៏មានសារៈសំខាន់នេះបានល្អប្រសើរ និងទាន់ពេលវេលាដែលជា ស្នាដៃថ្មីមួយទៀតរបស់កូនចៅ ជាកុលបុត្រកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចចៅ ហា្វវាំង គង់ សំអុល។

យោងតាមរបាយការណ៍របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា គិលានដ្ឋានសម្ដេចឪបានបង្កើតឡើងនាទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្រ្ដនិយម ហើយសព្វថ្ងៃ នេះ មន្ទីរពេទ្យបង្អែកសម្តេចឱ សម្តេចម៉ែ ស្ថិតក្នុងការិយាល័យស្រុក ប្រតិបត្តិមេគង្គ នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ គ្របដណ្តប់លើប្រជាជនចំនួន២២០. ០០០នាក់ ដែលរស់នៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ មានមណ្ឌលសុខភាព ចំនួន៤ និងប៉ុស្ដិ៍សុខភាពមួយចំណុះគឺមណ្ឌលសុខភាព គីឡូម៉ែត្រលេខ៦ មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ មណ្ឌលសុខភាពជ្រោយចង្វារ មណ្ឌលសុខភាព កោះកាច់ និងប៉ុស្តិ៍សុខភាព បាក់ខែង។

ឯកឧត្តមបានបន្ដថា មន្ទីរពេទ្យបង្អែកសម្តេចឱ សម្តេចម៉ែ មានបុគ្គលិកសរុបចំនួន ៦២នាក់រួមមាន៖ វេជ្ជបណ្ឌិតឯកទេសកុមារ ០៣នាក់ វេជ្ជបណ្ឌិតទូទៅ ១២នាក់ ឱសថការី ០៣នាក់ ទន្តពេទ្យ ០៣នាក់ ធ្មបបឋម១២នាក់ គិលានុបដ្ឋាកបឋម១២នាក់ អ្នកបច្ចេកទេស មន្ទីរពិសោធន៍៥នាក់ និងបុគ្គលិកផ្សេងៗទៀត១២នាក់។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ព្រះរាជទាននូវព្រះរាជអំណោយដល់អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪ សម្ដេចម៉ែ ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់រួមមានមុង១ ភួយ១ សារុង១ ក្រមា១ ថវិកាចំនួន២០ម៉ឺនរៀល។

អ្នកកំដរអ្នកជំងឺ៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ថវិកា១០ម៉ឺនរៀល បុគ្គលិកមន្ទីរពេទ្យចំនួន៩២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា១០ម៉ឺនរៀល ក្រុមនារីថ្វាយផ្ការ នារីកាន់ខ្សែបូរ និងក្រុមសិល្បៈ របាំថ្វាយព្រះពរសរុបចំនួន១៨នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ និងថិវកា១០ម៉ឺនរៀលផងដែរ៕

ដោយ សោម ឬទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ