សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួប​លោករដ្ឋ​លេខាធិការ​ក្រសួងការបរទេស​ជប៉ុន

នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក កាហ្ស៊ូយូគី ណាកាណេ( Kazuyuki NAKANE) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក Kazuyuki NAKANE បានគោរពជំរាបជូន សម្តេចតេជោ អំពីការរីកចម្រើននៃទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសនៅក្នុងខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតដ៏ល្អរវាងប្រទេរសទាំងពីរ ដែលពេលនេះប្រទេសជប៉ុនបានសម្រេចបើកអគ្គកុងស៊ុលនៅទីក្រុងសៀមរាបបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោករដ្ឋលេខាធិការបានប្តេជ្ញាក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អរឹងមាំខ្លាំងឡើងថែមទៀត។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ទិសដៅរបស់ជប៉ុន ក្នុងការរួមចំណែកនៅក្នុងតំបន់គឺជួយជំរុញការអភិវឌ្ឍរបៀងខាងត្បូងដែលក្នុងនោះមានការការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការចូលរួមចំណែកអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ,បណ្តាញខ្សែអគ្គីសនី និងការអភិវឌ្ឍធនធានមនុស្ស ដែល ជប៉ុនបានសម្រេចបង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជាទៀតផង។ លោក Kazuyuki NAKANE បានថ្លែងអំណរគុណ សម្តេចតេជោ ដែលតែងតែគាំទ្រ និងទទួលជួបក្រុមនាវាយុវជនកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក លោក Kazuyuki NAKANE និងរដ្ឋាភិបាលជប៉ុន ដែលបានជួយកម្ពុជាកន្លងមក និងគម្រោងជំនួយនានាមកកម្ពុជាមកទល់សេព្វថ្ងៃដែលសុទ្ធតែជួយចំគោលដៅអាទិភាពរបស់កម្ពុជាដែលផ្តោតលើ ”ធនធានមនុស្ស , ទឹក, ភ្លើង និងផ្លូវ”។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានគាំទ្រចំពោះសកម្មភាពនាវាយុវជនអាស៊ានដែលបានតភ្ជាប់រវាងយុវជនកម្ពុជា យុវជនអាស៊ាន និងយុវជនជប៉ុនអោយមានទំនាក់ទំនងល្អ។ ស្របជាមួយគ្នានេះដែរ យុវជនកម្ពុជាក៏បានបង្កើតសមាគមនាវាយុវជនកម្ពុជា ដើម្បីចូលរួមសកម្មភាពជាមួយនាវាយុវជនអាស៊ាន-ជប៉ុន ដែលសមាជិកកំពុងមានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយភាគីជប៉ុន បន្តជួយនិងគាំទ្រដល់ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ នឹងបានស្នើសុំអោយបញ្ជូនអ្នកសង្កេតការជប៉ុនមកចូលរួមសង្កេតការនៅក្នុងថ្ងៃបោះឆ្នោត ដើម្បីឃ្លាំមើលការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ដែលជាដំណើការលទ្ឋិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុនផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ