សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សម្ពោធអគារទេពកោសល្យវិស្វកម្ម

CNV: 

ដំបូងខ្ញុំគួរតែបញ្ជាក់ជូនបន្ដិចថា​ តាមពិតទៅ បើសិនជាមានអ្នកជំនួស គឺខ្ញុំមិនបានមកចូលរួមទេ ដោយ សារតែយប់មិញនេះ ខ្ញុំសម្រាកបានប្រហែលជាមួយម៉ោងគត់ ហើយមិនដឹងថា វាជាជំងឺអី? ក្អកក៏មិនក្អក ឈឺក្បាលក៏មិនឈឺក្បាល ប៉ុន្តែ បែរឈឺខ្លួនទៅវិញ ហើយឈឺពោះ។ តែដើម្បីបង្គ្រប់នូវកិច្ចនៃកម្មវិធីនេះ ខ្ញុំត្រូវមកចូលរួម ដោយមិនផ្ទេរភារកិច្ចអោយឧបនាយករដ្ឋមន្រ្តីណាមួយមកជំនួសនោះទេ។ ថ្ងៃនេះ ខ្ញុំមិនថ្លែងសុន្ទរកថាវែងនោះទេ។

វឌ្ឍនភាព​ និងការខិតខំធ្វើអោយវិទ្យាស្ថានបច្ចេកវិទ្យារស់ឡើងវិញ

ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកចូលរួមក្នុងកម្មវិធីពីរជាមួយគ្នា។ ទី ១ គឺការប្រគល់នូវសញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ២.៣២៨ នាក់។ ហើយទី ២ ការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទេពកោសល្យវិស្វកម្ម ១ ខ្នង កម្ពស់ ៦ ជាន់ មាន ៦០ បន្ទប់។ ដែលនេះ ចាត់ទុកថា ជាសមិទ្ធផលថ្មីមួយ ទាំងធនធានមនុស្ស ទាំងធនធានសម្ភារៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង។

ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព​ នៃវិទ្យាស្ថានបច្ចេកវិទ្យា ដែលខ្ញុំគួរតែរំលឹកបន្ដិចថា វិទ្យាស្ថាននេះ ខ្ញុំត្រូវធ្វើការងារច្រើនពីដំណាក់កាលរៀបចំអោយវារស់ឡើងវិញ​ ដំ​ណាក់​កាលថែទាំ អោយវានៅបន្តរស់ និងចូលមកដល់ដំណាក់កាល នៃស្ថេរភាព និងការអភិវឌ្ឍ។ ហេតុអ្វីបានជាយើងត្រូវនិយាយយ៉ាងដូច្នេះ? នោះនៅត្រង់ថា គេបានដឹងរាល់គ្នាហើយថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនមែនគ្រាន់តែវិទ្យាស្ថានបច្ចេកវិទ្យាមួយទេ គឺគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបានបំបាត់ចោល។ ដូច្នេះ យើងមានការចាំបាច់ ដើម្បីនឹងធ្វើការងារនេះ ជាមួយនឹងការធ្វើអោយរស់ឡើងវិញជាមួយនឹងវិទ្យាស្ថាននេះ។ ដែលពេលនោះ ខ្ញុំនៅកាន់តួនាទីជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដែលត្រូវធ្វើការយ៉ាងច្រើនជាមួយនឹងអតីតសហភាពសូវៀត។ ហើយនៅពេលដែលចាប់ផ្ដើមវិទ្យាស្ថាននេះ នៅឆ្នាំ ១៩៨៤-១៩៨៥ គឺជាដំណាក់កាលដែលខ្ញុំចាប់ផ្ដើមពីនាយករដ្ឋមន្រ្តីស្ដីទី មកកាន់ជានាយករដ្ឋមន្រ្តីផ្លូវការនៅឆ្នាំ ១៩៨៥ តែម្ដង។

យើងក៏បានដំណើរការប្រមូលអតីតនិស្សិតរបស់យើងដែលបានឆ្លងកាត់ការសិក្សានៅទីនេះ។ មួយចំនួនណានោះក៏បានជាប់ជាវិស្វករ ឬក៏អ្នកឯកទេសទៅហើយ ឯមួយចំនួនទៀត ក៏មិនទាន់បានទទួលសញ្ញាបត្របញ្ចប់ការសិក្សា អោយត្រឡប់មកចូលសិក្សានៅវិទ្យាស្ថាននេះ ដើម្បីបញ្ចប់ការសិក្សា។ ខ្ញុំនៅចាំបានថា អតីតនិស្សិតដែលរៀនចប់នៅវិទ្យាស្ថាននេះ ប៉ុន្មាននាក់នោះ បានចូលទៅធ្វើការនៅក្រសួងការបរទេស ជាមន្រ្តីក្រសួងការបរទេស ប៉ុន្តែ ពេលនោះ គឺយើងមិនមានលទ្ធភាព ដើម្បីបញ្ជូនអោយគេត្រឡប់មកធ្វើការនៅទីនេះទេ ដោយសារតែពេលនោះ គឺយើងមិនទាន់បើកនូវវិទ្យាស្ថាននេះឡើងវិញ។

ប្រមូលធនធានមនុស្ស

ខ្ញុំចេះតែមិនយល់ថា រដ្ឋមន្រ្តីមួយចំនួនកាលពីពេលនោះ ហេតុអ្វីទៅបានជាគេមិនយកវិស្វករ? មិនយកអ្នកបច្ចេកទេស? ខ្ញុំប្រមូលយកទាំងអស់។ ក្រសួងការបរទេសប្រមូលយកខ្ទេច។ អត់មានទុក។ តាំងពីអ្នកសេដ្ឋកិច្ច តាំងពីគ្រូបង្រៀន សាស្រ្តាចារ្យស្អីៗ ទៅចូលគ្រូបង្រៀនគេមិនយក? អញ្ចឹង បានជាមានសាស្រ្តាចារ្យយ៉ាងច្រើនទៅនៅជាមួយខ្ញុំនៅក្រសួងការបរទេស។ វិស្វករដែលខ្ញុំនៅចាំ ដូចជា ៨ នាក់ តាំងពីរៀននៅអាល្លឺម៉ង់ខាងកើត អាល្លឺម៉ង់ខាងលិច … ពេលនោះ សូម្បីតែវិស្វករផ្នែកផែនទី ដែលសិក្សានៅប្រទេសហុងគ្រី គឺ ឡុង វិសាលោ ទៅចូលក្រសួងកសិកម្ម។ ក្រសួងកសិកម្មអត់យក មកនៅក្រសួងការបរទេសបាត់។ អញ្ចឹង ខ្ញុំប្រមូលទាំងអស់​។ ធនធានមនុស្សខ្ញុំប្រមូល។ ដល់ទីចុងបំផុត បានខ្ញុំចែកទៅតាមក្រសួងនានាត្រឡប់ទៅវិញ។ ពេលនោះ ហាក់ដូចជាគេមិនសូវត្រូវការប្រមូលបញ្ញវន្តទុក បែរជាប្រគល់អោយខ្ញុំ។ ខ្ញុំប្រមូលយកទាំងអស់ ជាមួយនឹងការរៀបចំអោយអ្នកទាំងនេះមានបច្ចេកទេសខាងផ្នែកការទូតទៅវិញ។

ការខិតខំស្វែងរកជំនួយជួយអោយវិទ្យាស្ថានបច្ចេកវិទ្យាដំណើរការ

យើងបានធ្វើអោយសាលានេះដំណើរការ ហើយខ្ញុំក៏បានមកចែកសញ្ញាបត្រនៅសាលានេះ។ ក្រោយពេលមក យើងបានដឹងហើយថា អតីតសហភាពសូវៀតចាប់ផ្ដើមបែកបាក់។ ពេលនោះសូវៀតក៏ត្រូវចាប់ផ្ដើមដកជំនួយចេញ ព្រោះដោយសារតែកាលពីដើម អតីតសហភាពសូវៀតមានរដ្ឋច្រើន ប៉ុន្តែ នៅពេលសូវៀតបែកបាក់ទៅ សូវៀតក៏គ្មានលទ្ធភាពបន្តផ្ដល់ជំនួយទេ។ តម្រូវអោយខ្ញុំត្រូវធ្វើការជាមួយបារាំង ដើម្បីនឹងស្នើសុំអោយបារាំងជួយ។ ពេលនោះ រូឡង់ ឌុយម៉ាស់ ដែលជាសហប្រធាន ដែលជារដ្ឋមន្រ្តីការបរទេសបារាំង ហើយដែលជាសហប្រធានសន្និសីទទីក្រុងប៉ារីស ក៏បានពិនិត្យសំណើនេះ។

ចរន្តប្រឆាំងវត្តមានភាសាបារាំងក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកាលពីដើម

រឿងនេះ ខ្ញុំគួរតែរំលឹកបន្ដិច ជាមួយនឹងវត្តមាន នៃការចាប់ផ្ដើមជំនួយរបស់បារាំង ជាមួយនឹងវត្តមាននៃក្រុមប្រទេសដែលនិយាយភាសាបារាំង មានចរន្តប្រឆាំងដ៏អាក្រក់មួយ ដែលបានកើតឡើងនៅសាលារបស់យើងនេះ។ ខ្ញុំមានខ្សែអាត់ថតសម្លេងជាមួយអ្នកបញ្ជានៅពីខាងក្រោយ អោយនិស្សិតមួយក្រុម ប្រហែលជា ១២ នាក់ ធ្វើសកម្មភាពប្រឆាំងវត្តមានភាសាបារាំងតែម្ដង។ ឥឡូវហ្នឹង ប៉ាង លីដា មិនដឹងនៅឯណា? ប៉ាង លីដា ជាមេបាតុកម្មនៅហ្នឹង ប្រឆាំងវត្តមានភាសាបារាំង។ ពេលនោះ ​យើងទៅពឹងពាក់បារាំង ហើយពឹងពាក់ក្រុមប្រទេសនិយាយភាសាបារាំង ប៉ុន្តែមានមួយក្រុមទៀត ដែលនិយមភាសាអង់គ្លេសនោះ គឺចាប់ផ្ដើមធ្វើបាតុកម្មបំផ្លាញដំណើរការដែលយើងខិតខំ។ រឿងនេះ ខ្ញុំគួរតែនិយាយ ប៉ាង លីដា (គេ)ថា នៅធ្វើការតាមស្ថាប័នរដ្ឋ ជាអភិបាលរងខណ្ឌទួលគោក។ សួរវាមើល អាហ្នឹងជាមេបាតុកម្ម។ ឥឡូវ វាឈប់ធ្វើបាតុកម្ម មកធ្វើអភិបាលរងខណ្ឌទួលគោក។ មេបាតុកម្មល្បីឈ្មោះណាស់កាលជំនាន់ហ្នឹង ប្រឆាំងវត្តមានភាសាបារាំង។ ខ្ញុំក៏មានខ្សែអាត់ថតសម្លេង នៃអ្នកដែលបញ្ជាពីខាងក្រោយ គឺក្រុមពួកអ្នកទៅរៀននៅប្រទេស ដែលនិយាយភាសាអង់គ្លេស។ អញ្ចឹង បានខ្ញុំចេះតែឆ្ងល់ថា ចុះវាម៉េច​? វាឆ្កួតអី? ចុះទៅនៅប្រ​ទេស​នេះ ប្រទេសនោះ ប្រទេសអីក៏ដោយ ប៉ុន្តែ សំខាន់អោយមកជួយយើងអោយបាន។

វិទ្យាស្ថានមានស្ថេរភាព និងអភិវឌ្ឍ

ឥឡូវនេះ វិទ្យាស្ថាននេះ មិនគ្រាន់តែជាវិទ្យាស្ថានដែលគ្រាន់តែចិញ្ចឹមអោយវារស់នោះទេ ឥឡូវ បានក្លាយទៅជាវិទ្យាស្ថានដែលមានស្ថេរភាព និងការអភិវឌ្ឍហើយ។ ឥឡូវនេះ ឯកឧត្តម អ៊ឹម សិទ្ធី បានលាចាកលោកនេះទៅហើយ។ នៅពេលដែលគាត់ធ្វើរដ្ឋមន្រ្តី ហើយពេលនោះ លោកជំទាវ ភឿង សកុណា នៅធ្វើជានាយកវិទ្យាស្ថាននេះ។ ឥឡូវ ឯកឧត្តម អ៊ឹម សិទ្ធី បានទទួលមរណភាព ប៉ុន្តែ លោកជំទាវ ភឿង សកុណា ទៅធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ យើងមានលទ្ធភាពវិនិយោគកាន់តែច្រើន ប៉ុណ្ណេះវាអត់ទាន់គ្រប់ទេ រក្សាដីធ្លីទុក​ ដើម្បីយើងបង្កើតទៅខាងមុខទៀត ប៉ុន្តែ​ ខ្ញុំបានផ្តល់អនុសាសន៍ហើយ ហើយនាយកវិទ្យាស្ថានក៏បានប្រាប់ខ្ញុំដែរថា រៀបចំគម្រោងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ … រៀបចំវាអោយទៅជាចំណតចតរថយន្តទៅ អោយវាស្អាត ដើម្បីអោយវាក្លាយទៅជាវិទ្យាស្ថានមួយ។ ឥឡូវរថយន្តរបស់យើងចតក្នុងភក់ ដល់ចេញពីហ្នឹងទៅ នាំភក់ទៅលើផ្លូវទៀត …។

វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ជាវិស័យអាទិភាពខ្ពស់បំផុត

ចំណុចអស់ទាំងនេះ ទាមទារអោយយើងបន្តការខិតខំរួមគ្នា ដើម្បីធ្វើអោយកំណើនសេដ្ឋកិច្ចរបស់យើងកាន់តែវិវឌ្ឍទៅមុខ ទើបយើងមានលទ្ធភាព ដើម្បីនឹងវិនិយោគសម្រាប់វិស័យអប់រំក្តី និងវិស័យហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាបន្តទៀតរបស់យើង។ វិស័យអប់រំ គឺជាវិស័យអាទិភាព។ ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាវិស័យអាទិភាពខ្ពស់បំផុតរបស់យើង។ ទាំងអស់គ្នា​បានដឹងហើយ បានឃើញហើយ ក្នុងរយៈចុងក្រោយនេះ បែរជានាំគ្នាភ័យព្រួយថា វត្តមាននៃអ្នកវិនិយោគិនចិននេះ ធ្វើអោយមានកង្វល់។ ប៉ុន្តែ ខ្ញុំចង់សួរថា នៅក្នុងពេលដែលមានការវិនិយោគដ៏សន្ធឹកសន្ធាប់យ៉ាងដូច្នេះ ធនធានមនុស្សរបស់យើងគ្រប់គ្រាន់ ដើម្បីដោះស្រាយអោយគេហើយឬនៅ? ដោយសារដោះស្រាយមិនគ្រប់ហ្នឹងហើយ បានត្រូវមានវត្តមានរបស់គេចូលមក។ តើធ្វើស្ពានអ្នកលឿង ត្រូវការអ្នកបច្ចេកទេសខ្មែរ ឬជប៉ុន? អ្នក​បច្ចេកទេសខ្មែរត្រូវការក្នុងផ្នែកណាមួយ ប៉ុន្តែ អាចំណុចគន្លឹះរបស់វាត្រូវការអ្នកបច្ចេកទេសរបស់ជប៉ុន។ អគារខ្ពស់ៗណាស់ឥឡូវនេះ វាមិនមែន ១០ ឬ ២០ ជាន់ទៀតទេ។ ឥឡូវនេះ គម្រោងខាងមុខមានអាកម្ពស់ ៦០០ ម៉ែត្រ ស្មើនឹង ១៣៣ ជាន់ នឹងត្រូវសាងសង់នៅពេលខាងមុខ។ អញ្ចឹងទេ សួរថា លទ្ធភាពរបស់ខ្មែរយើងគ្រប់គ្រាន់ហើយឬនៅ?

មុនឬក្រោយ មិនមែនជាបញ្ហា, សមត្ថភាព និងគុណភាពការងារ ទើបជាបញ្ហា

វាជាបញ្ហាពេលវេលា។ យើងនឹងបំពេញនូវតម្រូវការនៅពេលខាងមុខ ប៉ុន្តែ វាទាមទារនូវពេលវេលា ហើយទាមទារនូវការខិតខំរបស់យើងទាំងអស់គ្នា ដើម្បីការបណ្តុះបណ្តាលធនធានមនុស្សមួយ ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសរបស់យើង។ យើងមានតម្រូវការធ្វើផ្លូវ តម្រូវការធ្វើស្ពាន តម្រូវការធ្វើអគារ និងមានតម្រូវការផ្សេងៗទៀត ដូចជា ប្រព័ន្ធប្រឡាយទឹក។ (ឯកឧត្តម) វេង សាខុន ក្រែងរៀននៅទីនេះដែរ? (សួរនាំឯកឧត្តម វេង សាខុន)។  អញ្ចឹង ហោចណាស់ និស្សិតដែលរៀនបញ្ចប់ការសិក្សានៅសាលាតិចណូនេះ ក៏កំពុងមានវត្តមានជារដ្ឋមន្រ្តីក្រសួងកសិកម្មមួយដែរ។ អញ្ចឹង ថ្ងៃក្រោយមិនដឹងជាប៉ុន្មាននាក់នឹងក្លាយទៅជារដ្ឋមន្រ្តី? យើងអត់ចាំបាច់ថា (ទាល់តែ)មកពីប្រទេសនេះ ឬប្រទេសនោះទេ ចាំបាច់តែសមត្ថភាពតែប៉ុណ្ណឹង​។ អញ្ចឹង មិនថាអ្នកមុន មិនថាអ្នកក្រោយទេ ​ខ្លះចប់មហាវិទ្យាល័យតាំងពីមុន ១៩៧៥ ឬមុននោះទៀត ខ្លះចប់មហាវិទ្យាល័យជំនាន់ក្រោយ ក៏ប៉ុន្តែ បញ្ហាជំនាន់វាជាបញ្ហាមួយហើយ បញ្ហាគុណភាព និងការងារ ទើបវាជាបញ្ហាពិតប្រាកដ។

គេអាចដឹងបានហើយថា ក្នុងទសវត្សរ៍ ៨០ មានរដ្ឋមន្រ្តីមួយចំនួននៅក្នុងរដ្ឋាភិបាលជំនាន់នោះ ហៅខ្ញុំថា ជារដ្ឋមន្ត្រីមិនទាន់បាត់ធុំក្លិនទឹកដោះគោ។ រឿងនេះ ធ្វើអោយខ្ញុំចងចាំខ្លាំងណាស់។ ខ្ញុំមិនខឹងនឹងគេទេ ក៏ប៉ុន្តែ ផ្ទុយទៅវិញ គឺខ្ញុំបានប្រឹងប្រែងខិតខំស្រវាស្រទេញ​​ ដើម្បីសិក្សាទាក់ទងនឹងការងារគ្រប់គ្រងរដ្ឋ ទាក់​ទង​នឹងឯកទេសផ្ទាល់ទាក់ទងនឹងកិច្ចការបរទេស។ ចុងបញ្ចប់ ហើយពេលនោះ វាគួរតែអញ្ចឹងមែន។ តើនៅលើលោកនេះ មានរដ្ឋមន្រ្តីការបរទេសណាមួយ ដែលមានអាយុមិនទាន់ដល់ ២៧ ឆ្នាំនោះ? វាមិនទាន់មានទេនៅពេលនោះ។ អញ្ចឹង ចូលដល់ឆ្នាំ ១៩៨០, ១៩៨​១ ខ្ញុំនៅមិនទាន់គ្រប់ ៣០ ឆ្នាំផង ហើយសម្រាប់អ្នកទាំងអស់គ្នាមិនទាន់ចប់មហាវិទ្យាល័យផងហ្នឹង អញ្ចឹង ក៏សមល្មមនឹងអោយគេហៅថា រដ្ឋមន្រ្តីមិនទាន់បាត់ធុំក្លិនទឹកដោះគោដែរ។ ប៉ុន្តែ បញ្ហាមិនស្ថិតនៅត្រង់អ្នកណាថាទេ ស្ថិតនៅត្រង់យើងធ្វើបានឬអត់?

ល្អឬអាក្រក់ វាស្រេចតែការសរសេររបស់គេ

ឥឡូវនេះ ចង់ប្រទេសណា ឬក្រុមណាសរសេរដាក់ថា ប្រទេសកម្ពុជាស្ថិតក្នុងរបបផ្តាច់ការ(ក៏ដោយចុះ) ថ្ងៃហ្នឹងឃើញចេញមួយហើយ ក្រុមវាសរសេរតែ ៥ នាក់ វាចង់សរសេរអោយនរណាល្អ គឺល្អហើយ វាចង់សរសេរអោយនរណាអាក្រក់ វាអាក្រក់ហើយ ហើយកាសែតចេះតែយកមកផ្សាយទៅ។ រឿងការពិតនៅលើលោកនេះ អាអ្នកសម្លាប់គេអស់មួយគគោកនេះ យកគ្រាប់បែកទៅទម្លាក់បំផ្លាញប្រទេសគេ ម៉េចក៏មិនទៅជាប្រទេសអាក្រក់? វាបែរទៅជាប្រទេសល្អ បិតាប្រជាធិបតេយ្យ។ វាមិនស្ថិតនៅលើអ្នកណាជាអ្នកសរសេរទេ។ អោយពិន្ទុយើង ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានស្អីប៉ុណ្ណេះ ឬក៏ផ្នែកនេះ ផ្នែកនោះ អត់ទេ …។

មិនអាចអោយប្រទេសមានអបគមន៍សាជាថ្មីទេ

ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ បើទោះបីជាមិនគ្រប់សម្រាប់មនុស្សខ្លះ ប៉ុន្តែ អាចនឹងចែករំលែកនូវបទពិ​សោធន៍ ហេតុអីបានជាខ្ញុំឈរជើងរឹងមាំ? ចាប់តាំងពីវ័យ ២៥ ឆ្នាំ ដឹកនាំចលនាតស៊ូ រហូតមកដល់ពេលនេះ នៅតែបន្តភាពរឹងមាំ។ គ្មាននរណាផ្តួល ហ៊ុន សែន ក្រៅពី ហ៊ុន សែន បានទេ សូមបញ្ជាក់ជូននៅកន្លែងនេះ។ រឿងស្រែកឡូឡាប៉ុន្មានថ្ងៃនេះ សូមកុំសង្ឃឹម។ ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងគួរតែកុំបង្ខំអោយគេវាយដែកគោលទៅលើក្តារមឈូសរបស់អ្នកឯងថែមទៀត។ កុំសង្ឃឹមអោយសោះ បើនៅក្នុងដៃតុលាការវាជារឿងមួយ តែបើចូលក្នុងកម្រិតអបគមន៍ហើយ សូម្បីតែ BM21 ក៏គេហ៊ានវាយចូលទៅកន្លែងនោះដែរ។ គេមិនដែលអោយប្រទេសនេះមានអបគមន៍សាជាថ្មីទេ។ ខ្ញុំអត់និយាយទេប៉ុន្មានថ្ងៃនេះ ក៏ប៉ុន្តែចលនាអី ក៏អញ្ជើញចុះ ហើយមកខ្លួនឯង គឺល្អបំផុតហើយ។ … ហ៊ុន សែន បើទោះជាមិនកាន់ទ័ពផ្ទាល់ក៏ដោយ ក៏ប៉ុន្តែ ហ៊ុន សែន បញ្ជាកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ។ ដូច្នេះ អ្នកត្រូវយល់ថា មេទ័ពមួយនេះ គឺមិនមែនជាមេទ័ពទន់ជ្រាយទេ។ ខ្ញុំគ្រាន់តែបង្ហាញផ្លូវអ្នកថាអ្នកមិនគួរយកដែលគោលទៅវាយលើក្ដារមឈូស ដែលវាងាប់ទៅហើយនោះ គេយកទៅកប់ទៅហើយ ហើយធ្វើអោយ(មាន)អ្នកសែងក្ដារមឈូសនោះទៅទៀត ដោយសារតែខ្លួន។ ខ្ញុំមិននិយាយចំអ្នកណាទេ។ នៅចាំទេ នៅក្នុងសតវត្សរ៍ទី ២០ មានមួយនោះគេហៅអាឆ្កែ ឥឡូវ ដល់សតវត្សរ៍ទី ២១ កូនអាមនុស្សដដែលហ្នឹងគេហៅអាឆ្កែទៀត។ ខ្ញុំមិនចង់ឡូកឡំជាមួយនឹងនយោបាយទេ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែផ្ញើសារ។

សូមកុំរង់ចាំការងាររត់មករក ត្រូវរត់រកការងារ

ថ្ងៃនេះ សូមអបអរសាទរជាមួយជ័យលាភីទាំងអស់គ្រប់កម្រិត ទាំងបរិញ្ញាបត្ររងវិស្វកម្ម បរិញ្ញាបត្រវិស្វកម្ម វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្មួយៗត្រូវបន្តការិតខំ ដើម្បីឈានឡើងជាបន្តទៀត តាមរយៈការបន្តការសិក្សា តាមរយៈការស្រាវជ្រាវនានា។ សូមកុំរង់ចាំអោយការងាររត់មករកយើងៗត្រូវរត់ទៅរកការងារ ទើបជាការគាប់ប្រសើរ។ គ្មានលុយឯណាវាហោះ(មក)ចូលហោប៉ៅយើងទេ ទាល់តែយើងទៅរកលុយអាហ្នឹង(ទើប)វាបាន។ កន្លងទៅ មានអ្នកខ្លះគិតថា ដូរឬមិនដូរ? ដូរៗ គិតថាដូររួចហើយហ្នឹង លុយវាមកចូលហោប៉ៅមនុស្សឬអី? ខ្ញុំចេះតែឆ្ងល់។ ឧទាហរណ៍ថា៖ អ្នកធាក់ស៊ីក្លូទៅចុះ ដែលខ្ញុំបង្កើតមូលនិធិ ឥឡូវ កំពុងតែផ្តល់អោយគាត់(ក្នុង)មួយថ្ងៃ ៧.០០០ រៀល។ ឧទាហរណ៍ថា មានការប្តូររបបដូចអ្វីដែលគេចង់ ប៉ុន្តែ សួរ(ថា)ក្រោយដូររបបហើយ អ្នកធាក់ស៊ីក្លូក្លាយជាកុងសីទាំងអស់ឬស្អី? ឥឡូវ យើងចោទជាសំណួរទៅមើល? ក្រែងលោវាមិនបានដល់អាហ្នឹង វាបាត់ទាំងស៊ីក្លូទៅទៀត?

សន្តិសុខ និងស្ថេរភាពនយោបាយ ផ្តល់ឱកាសអោយប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ

រឿងនេះហើយ ដែលជារឿងដំបូងខ្ញុំចង់និយាយថា ទាមទារចាំបាច់ជាមួយនឹងការរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ។ ការប្រឹងប្រែងបន្តរបស់យើង ដើម្បីធ្វើអោយសមត្ថភាពរបស់យើងម្នាក់ៗកើនឡើង ហើយបម្រើអោយសេចក្តីត្រូវការ។ ការអភិវឌ្ឍសម្រាប់ប្រទេសមួយ មិនមែនជាបញ្ហាលេងសើចទេ ឧទាហរណ៍៖ ខ្ញុំនិយាយពីវិស្វករទៅចុះ ខាងសំណង់ស៊ីវិលទៅចុះ មុននេះធ្វើអគារ ១ ជាន់, ២ ជាន់, ៣ ជាន់ ឥឡូវ មិន​មែន ១ ជាន់, ២ ជាន់, ៣ ជាន់ ឯណាទៀត? វាលេង ៣០ (ឬ) ៤០ ជាន់ ឯណោះ ហើយចុះទៅក្រោម ៤ (ឬ) ១០ ជាន់ ទៅទៀត ដើម្បីដាក់រថយន្ត។ អញ្ចឹងទេ វាទាមទារអោយយើងប្រឹងប្រែងទាំងអស់គ្នា។

ឥណ្ឌាប្រើបច្ចេកវិទ្យាព័ត៌មាន Digital បម្រើអោយវិស័យកសិកម្ម

ម្យ៉ាងទៀតនៅក្នុងនេះវាទាក់ទងនឹងវិស័យកសិកម្ម ហើយវិស័យកសិកម្មនេះ សូមជម្រាប ឯកឧត្តម វេង សាខុន ដែរ ខ្ញុំទៅឥណ្ឌាលើកនេះ គឺចំអ្វីដែលយើងបាននិយាយគ្នា ក្នុងពេលដែលយើងនិយាយគ្នាទាក់ទិនក្នុងគណៈរដ្ឋមន្ត្រី អំពីបញ្ហាគុណភាពដី និងបញ្ហាការបែងចែកតំបន់ដាំដុះ។ ខ្ញុំទៅឥណ្ឌាលើកនេះ ឃើញថា គេប្រើបច្ចេកវិទ្យាព័ត៌មាន Digital បម្រើអោយវិស័យកសិកម្មហើយ គេបែងចែកតំបន់ដាំដុះ តាមរយៈការវិភាគដីធ្លី តើដាំដំណាំអ្វីបាន? រួចហើយគេជួយទៅដល់កសិករ​ ដើម្បីធ្វើដំណាំនោះ ផ្សារភ្ជាប់ដំណាំនោះជាមួយនឹងទីផ្សារតែម្តង។

វិទ្យាស្ថានបច្ចេកវិទ្យា ត្រូវតែជាវិទ្យាស្ថានដែលមានស្ថេរភាព និងមានការអភិវឌ្ឍ

បើយើងពិនិត្យទៅលើវិទ្យាស្ថាននេះ ចាប់តាំងពីឆ្នាំ ១៩៨៤-១៩៨៥ មកដល់ពេលបច្ចុប្បន្ននេះ យើងបណ្តុះបណ្តាលនៅវិទ្យាស្ថាននេះជាង ១ ម៉ឺននាក់។ នេះជាចំណុចមួយដែលយើងឃើញថា យើងបានប្រឹងរស់ដោយខ្លួនឯង ដើម្បីដំណើរការវិទ្យាស្ថានមួយនេះ។ វិទ្យាស្ថានមួយនេះ ត្រូវតែវិទ្យាស្ថានដែលមានស្ថេរ​ភាព និងមានការអភិវឌ្ឍ មិនលាប់កញ្ជ្រិលដូចមុនទេ។ វិទ្យាស្ថាននេះ ខ្ញុំសូមរំលឹកបន្តិច នៅពេលដែលចាប់ផ្តើមធ្វើវិទ្យាស្ថាននេះ ខ្ញុំនៅក្មេងណាស់ ប៉ុន្តែ វត្តទឹកល្អក់នៅមិនឆ្ងាយពីទីនេះទេ។ ពេលថ្ងៃសម្រាកខ្ញុំមកជួយយកឥដ្ឋយកអីគេ ដើម្បីបានលុយខ្លះ ពេលដែលកសាងវិទ្យាស្ថាននេះ។ តែក៏មិននឹកថា ដំណាក់កាលក្រោយនេះ អ្នកដែលធ្លាប់ជាអតីតក្មេងម្នាក់ដែលមកជួយសែងឥដ្ឋគេនៅទីនេះ ដើម្បីបានប្រាក់ខ្លះនោះ ក្លាយទៅជានាយករដ្ឋមន្ត្រី ដែលដឹកនាំប្រទេសនេះរយៈជាង ៣០ ឆ្នាំ ដែលជារយៈពេលវែងបំផុតនៅក្នុងពិភពលោកនេះ។

ប្រទេសប្រជាធិបតេយ្យមួយ ត្រូវឆ្លងកាត់ការបោះឆ្នោត

៣៣ ឆ្នាំ ជាងហើយ ហើយបូកសរុបទាំងពេលដែលធ្វើរដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី វាជាង ៣៩ ឆ្នាំហើយ។ ខ្ញុំប្រកាសបន្តនៅក្នុងរយៈពេល ១០ ឆ្នាំទៀត។ ថ្ងៃមុនមានមិត្តជប៉ុនម្នាក់ជួបជាមួយខ្ញុំ គាត់និយាយលេងជាមួយខ្ញុំថា ជនជាតិអាស៊ីអាយុច្រើន ដូច្នេះឯកឧត្តមប្រកាសបន្តរយៈពេល ១០ ឆ្នាំទៀត (ប៉ុណ្ណឹង)មិនគ្រប់គ្រាន់ទេ។ យ៉ាងណាក៏ដោយ ប្រទេសប្រជាធិបតេយ្យមួយ ត្រូវឆ្លងកាត់ការបោះឆ្នោត។ នៅតែប៉ុន្មានថ្ងៃទៀតទេ យុទ្ធនាការបោះឆ្នោត ដើម្បីជ្រើសតាំងព្រឹទ្ធសភា (តាមរយៈ)ការបោះឆ្នោតអសកលនឹងបានចូលមកដល់ ហើយអង្គបោះឆ្នោតនោះមិនពាក់ព័ន្ធធំទូលាយពេកទេ (គឺពាក់ព័ន្ធតែ)ត្រឹមតែសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងអ្នកតំណាងរាស្ត្រប៉ុណ្ណោះ ដែលនឹងត្រូវចូលរួមការបោះឆ្នោត នៅថ្ងៃទី ២៥ កម្ភៈ។ បន្ទាប់ទៅយើងត្រូវរៀបចំការបោះឆ្នោតអោយបានល្អ នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខ។ រដ្ឋាភិបាលថ្មីមួយនឹងត្រូវបង្កើតនៅក្នុងខែ កញ្ញា។

មូលហេតុដែលឈានទៅដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ខ្ញុំក៏គួរតែយកឱកាសនេះ ដើម្បីបញ្ជាក់ជូនបន្តិចថា ស្អែកនេះគណៈរដ្ឋមន្ត្រីនឹងធ្វើការប្រជុំ ដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងត្រៀមធ្វើវិសោធនកម្ម ដោយបំពេញបន្ថែមនៅក្នុងក្រមព្រហ្មទណ្ឌ អំពីការប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែ ខ្ញុំគ្រាន់តែនិយាយ អំពីហេតុអីទៅបានជាត្រូវកែរដ្ឋធម្មនុញ្ញ? ការកែរដ្ឋធម្មនុញ្ញចំណុចសំខាន់ គឺនៅត្រង់នេះ គេចេះតែឆ្ងល់ថា គណៈរដ្ឋមន្ត្រីរបស់កម្ពុជាម៉េចក៏ច្រើនម្ល៉េះ? ការពិតគណៈរដ្ឋមន្ត្រីរបស់កម្ពុជាអត់ច្រើនទេ ប៉ុន្តែ រដ្ឋធម្មនុញ្ញរបស់យើងបានតម្រូវអោយវាច្រើនអញ្ចឹង ដែលយើងដាក់ថា គណៈរដ្ឋមន្ត្រីរួមមាន៖ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ។ អញ្ចឹងទេ រដ្ឋលេខាធិការនេះ ឋានៈគឺដូចអនុរដ្ឋមន្ត្រីអញ្ចឹង មិនគួរត្រូវបានបោះឆ្នោតចេញពីសភាទេ​ ដែលធ្វើអោយគណៈរដ្ឋមន្ត្រីក្បាលយ៉ាងធំ ទុកអោយការតែងតាំងថ្នាក់រដ្ឋលេខាធិការដោយព្រះរាជក្រឹត្យបានហើយ។ អញ្ចឹងទេ យើងលុបចោល។ ដាក់ត្រឹមតែគណៈរដ្ឋមន្ត្រី សមាសភាពរាជរដ្ឋាភិបាល ត្រឹមតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី។

ឯរដ្ឋលេខាធិការ ឥឡូវ ត្រូវតែងតាំងរដ្ឋលេខាធិការមួយត្រូវទៅឡើងដល់សភា ឥឡូវខ្ទាស់អស់។ ក្រសួងខ្លះអស់ទាំងរដ្ឋលេខាធិការ។ បើនៅក្រសួងការបរទេស រដ្ឋលេខាធិការ ២ នាក់ ចេញធ្វើទូត បន្តិចទៀតចេញទៅ ១ ទៀត អស់រដ្ឋលេខាធិការរលីង។ អញ្ចឹង ត្រូវឡើងទៅសភា។ ទុកកិច្ចការនេះអោយនាយករដ្ឋមន្ត្រី ស្នើថ្វាយទៅព្រះមហាក្សត្រតែងតាំងដោយព្រះរាជក្រឹត្យបានហើយ។ ម្យ៉ាងទៀតរដ្ឋធម្មនុញ្ញគេតម្រូវត្រឹមតែប៉ុណ្ណេះ រដ្ឋធម្មនុញ្ញក្តី ឬក៏ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី គេអោយរដ្ឋមន្ត្រីទទួលខុសត្រូវចំពោះមុខរដ្ឋសភា និងនាយករដ្ឋមន្ត្រី គេអោយប៉ុណ្ណឹង គេអត់អោយដល់ថ្នាក់រដ្ឋលេខាធិការត្រូវទទួលខុសត្រូវនៅចំពោះមុខសភា និងនាយករដ្ឋមន្ត្រីទេ គេអោយត្រឹមតែរដ្ឋមន្ត្រីទទួលខុសត្រូវចំពោះមុខសភា និងនាយករដ្ឋមន្ត្រី ឯនាយករដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខសភាតែប៉ុណ្ណឹងទេ គេអត់បានអោយរដ្ឋលេខាធិការត្រូវទទួលខុសត្រូវចំពោះមុខសភាផង ព្រោះគេអោយអ្នកអាណាប័ក។ អាណាប័ក គឺប្រធាន គឺរដ្ឋមន្ត្រីនេះឯង ដែលជារដ្ឋមន្ត្រីអាណាប័ក។

អ្នកនៅក្នុងស្រុកបង្កើតការងារច្រើនជាងអ្នកក្រៅស្រុក

… សុំអំពាវនាវចំពោះក្មួយៗនិស្សិត ដែលបានបញ្ចប់ការសិក្សា ហើយ​ក៏ក្នុងនេះមានការងារធ្វើក៏ច្រើន ហើយក៏មានអ្នកដែលបង្កើតការងារដោយខ្លួនឯង។ អ្នកបង្កើតការងារដោយខ្លួនឯងនេះ គឺអាចចាត់ទុកថា អ្នកដែលបានរួមចំណែក(ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការងារធ្វើដល់យុវជន/នារី)។ ក្រុមហ៊ុនផ្ទាល់ខ្លួនបាន ៣ %។ ក្រុមហ៊ុនផ្ទាល់ខ្លួន ៣ % នេះនឹងបង្កើតការងារអោយមនុស្សច្រើនទៀត ៣% នៃចំនួន ២.០០០។ អញ្ចឹង អ្នកទាំងហ្នឹងទៅបង្កើតការងារខ្លួនឯង គឺមិនមែនខ្លួនឯងតែម្នាក់ទេ គឺអាចនឹងបង្កើតក្រុមហ៊ុនសំណង់ រួចហើយបង្កើតការងារយ៉ាងច្រើនអោយមនុស្សរបស់យើងទៀត។

២ ខែចុងឆ្នាំ ២០១៧ បង្កើតការងារបានជាង ២០ ម៉ឺនកន្លែង

ឥឡូវនេះ ការងាររបស់យើងកាន់តែច្រើន កន្លងទៅក្នុងរយៈតែ ២ ខែចុងឆ្នាំ ២០១៧ យើងបង្កើតការងារបានជាង ២០ ម៉ឺនកន្លែង តាមរយៈការវិនិយោគពីក្រៅចូលមកក្នុងកម្ពុជា។ ឥឡូវនេះ យើងមិនទន្ទឹងរង់ចាំត្រឹមតែក្រុមហ៊ុនខាងក្រៅមកកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនក្នុងស្រុកដែលបង្កើតនូវការវិនិយោគ ក៏បានរួមចំ​ណែក​បង្កើតការងារធ្វើបានច្រើនណាស់ដែរ។ បើយើងពិនិត្យមើលអោយជ្រៅ ទៅអោយឆ្ងាយបន្តិចលើវិស័យសេវា ជាពិសេស សេវាផ្នែកទេសចរណ៍ អ្នកនៅក្នុងស្រុកបង្កើតការងារច្រើនជាងអ្នកក្រៅស្រុក។ យើងមើលសណ្ឋាគារភាគច្រើន គឺសណ្ឋាគារក្នុងស្រុក។ សៀមរាបវិនិយោគប្រមាណជា ៨០% គឺវិនិយោគក្នុងស្រុក មិនមែនវិនិយោគមកពីក្រៅស្រុកទេ។ សណ្ឋាគារធំៗនៅទីក្រុងភ្នំពេញ ក៏ភាគច្រើន គឺសណ្ឋាគារអ្នកនៅក្នុងស្រុក។ តាមរយៈនៃវិស័យទេសចរណ៍មួយនេះ បង្កើតការងារធ្វើក៏បានច្រើន។

ប៉ុន្មានថ្ងៃខាងមុខអាចនឹងមានការត្រជាក់

ឥឡូវ គេនិយមផឹកកាហ្វេទៅទៀត។ ឥឡូវ កូនស្រីខ្ញុំចេះផឹកកាហ្វេ។ វាទៅជាអញ្ចឹងទៅ។ បបួលគ្នាទៅផឹកកាហ្វេឯណា។ ហើយយើងវាមិនទាន់សម័យនឹងគេ នៅតែផ្ទះ ទៅណា តែទៅផ្អើលគេផ្អើលឯងពេញទឹកពេញដី។ កាហ្វេនៅផ្ទះ គឺកាហ្វេដែលឆ្ងាញ់ជាងគេ។ កុំឆ្ងល់ពេក។ តែចាប់ផ្តើមធ្វើឋានៈប៉ុណ្ណឹងហើយ ចេញពីហ្នឹងទៅផ្ទះ ចេញពីផ្ទះមកកន្លែងធ្វើការ មានតែប៉ុណ្ណឹង ហើយបើទៅខុសកន្លែងផ្អើលគេ។ ម្សិលមិញខំឆ្លៀតទៅវាយកូនហ្គោលដែរ តែពេលវាយកូនហ្គោលអត់អី (សម្តេចនិយាយលេងអំពីការវាយកូនហ្គោល) ប៉ុន្តែ សុំប្រុងប្រយ័ត្នតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ប៉ុន្មានថ្ងៃខាងមុខអាចនឹងមានការត្រជាក់ថែមទៀត។ នេះហើយជាការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោកយើងនេះ មិនមែនគ្រាន់តែកម្ពុជាមួយទេ គ្រប់ប្រទេសទាំងអស់។ ថ្ងៃដែលខ្ញុំចេញពីឥណ្ឌាមក ត្រូវពន្យារកន្លះម៉ោងទើបអាចហោះបាន ដោយសារនៅឥណ្ឌា គឺត្រជាក់ ហើយចុះអ័ព្ទ អញ្ចឹង ត្រូវពន្យារកន្លះម៉ោង ដើម្បីចេញពីឥណ្ឌាមក។

អន្តរសកម្មពីឆ្នាំ ២០១៧ បាននឹងកំពុងធ្វើអោយមានស្ថានភាពល្អក្នុងឆ្នាំ ២០១៨

ជាមួយនឹងការអបអរសាទរវឌ្ឍនភាពនៃ វិទ្យាស្ថាន ក៏ដូចជា អបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជា សាស្ត្រាចារ្យ ដែលបានខិត​ខំ​បង្ហាត់បង្ហាញ។ សង្ឃឹមថា យើងនឹងដំណើរឆ្ពោះទៅមុខជាមួយគ្នាទៀត មិនថាមានរឿងអ្វីកើតឡើងទេ សេដ្ឋកិច្ចរបស់យើង ដែលមានកំណើនល្អពីឆ្នាំ ២០១៧ មក នឹងបន្តភាពល្អនេះតទៅទៀត។ ប្រាក់ចំណូល អំពីបញ្ហាពន្ធគយ និងពន្ធដារ គិតត្រឹមថ្ងៃ ៣១ ម្សិល ដែលជាថ្ងៃដាច់ខែ គឺជាប្រាក់ចំណូលដែលគួរអោយទុកចិត្តទៅលើវិស័យថវិកាហើយ។ អន្តរសកម្មដែលបានផ្តល់ពីឆ្នាំ ២០១៧ បាន និងកំពុងធ្វើឲ្យយើងមានស្ថានភាពល្អក្នុង ឆ្នាំ ២០១៨។

កសិកម្មមិនទាន់ធ្វើការបូកសរុបទេ ក៏ប៉ុន្តែ ឆ្នាំទៅរហូតមកដល់ឆ្នាំនេះ កសិកម្មល្អណាស់។ ស្រូវវស្សាធ្វើលើសផែនការ។ ហើយទិន្នផលវាខ្ពស់ជាងឆ្នាំទៅ ឆ្នាំទៅអត់ដល់ ៣ តោនទេ ឆ្នាំនេះលើស ៣ តោន។ ឯយើងធ្វើចំនួន ២ លាន ៦ សែនហិកតាជាង សម្រាប់ស្រូវវស្សា អាហ្នឹងជាស្រូវ។ ឯសម្រាប់ស្រូវប្រាំង មានរហូតជាងកន្លះលានហិកតា ជាមួយទិន្នផលជាង ៤ តោន។ ឆ្នាំនេះតាមការប៉ាន់ស្មានជាបឋម អតិរេកស្រូវដែលយើងអាចសល់ពីការហូបចុកហើយ មិនតិចជាង ៥ លាន ៥ សែនតោនទេ។ នេះជាការប៉ាន់ស្មាន ដែលខ្ញុំធ្លាប់ប៉ាន់ស្មាន ឆ្លងកាត់រដ្ឋមន្ត្រីក្រសួងកសិកម្មប៉ុន្មានហើយ។

កសិកម្មរួមតូចក្នុង ផសស តែសល់ផលិតផលស្រូវនាំចេញ

ពិតមែនតែអត្រាគ្របដណ្តប់ នៃវិស័យសេដ្ឋកិច្ច, កសិកម្មរបស់យើងនៅសល់ការរួមចំណែកត្រឹមតែ ២៥% ប៉ុណ្ណោះ ឧស្សាហកម្មបានទៅដល់ ៣០% សេវាកម្មឡើងទៅដល់ ៤៥%។ កាលមុននោះ កសិកម្មរបស់យើងគ្រប់ដណ្តប់រហូតទៅដល់ ៨០%។ ប៉ុន្តែ ៨០% នៅពេលនោះ ក្នុងពេលដែលប្រជាជនយើងនៅក្រោម ១០ លាននាក់ យើងខ្វះស្រូវទទួលទាន។ ៨០% នៃវិស័យកសិកម្ម ប៉ុន្តែ ត្រឹមតែប្រជាជន​មិនដល់ ១០លាននាក់ តែប៉ុណ្ណោះ យើងខ្វះស្រូវ ខ្វះស្បៀង។​ ឥឡូវនេះ កសិកម្មរបស់យើងរួញមកនៅត្រឹមតែ ២៥% ក៏ប៉ុន្តែ សមត្ថភាពចិញ្ចឹមរបស់យើងមិនគ្រាន់តែ​គ្រប់គ្រាន់ទេ យើងលើសសេចក្តីត្រូវការ។​ គិតតែពីស្រូវប្រមាណជា ៥ លាន ៥ សែនតោន យើងមិនទាន់គិតពោត គិតដំឡូងមី ស្អីៗផ្សេងៗទៀត។​ ដែលមុននេះអង្គការ FAO គេថាអោយគិតពោត គិតដំឡូងចូលទៅក្នុងហ្នឹង គេថាកម្ពុជាអត់ខ្វះស្បៀង​ កាលហ្នឹងគេមកចរចាជាមួយខ្ញុំ គេមកប៉ាន់ស្មានស្បៀងជាមួយខ្ញុំថា អត់មានខ្វះស្បៀង។ ខ្ញុំថា នែ! ឯកឧត្តម សូមទោស ប្រទេសរបស់ខ្ញុំនេះ ប្រជាជនទទួលទានអង្ករ ទទួលទានបាយ បើខ្ញុំអោយគេទទួលទានពោត​​ ទទួលទានដំឡូង គេហៅខ្ញុំ​ អាពត ទៀតហើយ? …។

ប្រទេសដែលមានសេវាកាន់តែធំ ឧស្សាហកម្មកាន់តែធំ ធ្វើអោយកសិកម្មរួញតូច

សូមសង្កេតមើលចុះ ប្រទេសដែលមានសេវាកាន់តែធំ ឧស្សាហកម្មកាន់តែធំ កសិកម្មនៅតូចណាស់។  សូមពិនិត្យមើលតួរលេខ តាមបណ្តាលប្រទេសកសិកម្មរបស់ជប៉ុន នៅប្រមាណជាង ១% តែប៉ុណ្ណឹងទេប៉ុន្តែ កុំភ្លេចថា ជប៉ុនចិញ្ចឹមប្រជាជនជប៉ុនខ្លួនឯងបានហើយ ជប៉ុននាំនូវវិស័យកសិកម្មរបស់ខ្លួនចេញមកក្រៅប្រទេស។ គ្រាន់តែមកស្រុកយើងនេះ មួយថ្ងៃៗប៉ុន្មានទៅ​ដែលមកដល់ស្រុកយើងនេះ​ តាំងពីត្រីឆៅ។ នៅសហរដ្ឋអាមេរិក ឬនៅប្រទេសជឿនលឿន ពិនិត្យមើលវិស័យកសិកម្មតូច។ ប៉ុន្តែអាតូចនេះ មិនមែន​មានន័យថា ខ្វះសមត្ថភាពចិញ្ចឹមទេ អាតូចហ្នឹងតែវាធំ គ្រាន់តែក្នុងចំណែកសេដ្ឋកិច្ច វាមានផ្នែកកសិកម្ម មានផ្នែកឧស្សាហកម្ម និងសេវា។

ប្រទេសដែលមានការជឿនលឿនសេវាកាន់តែធំ

ប្រទេសដែលមានការជឿនលឿនសេវាកាន់តែធំ ក្នុងហ្នឹងយើងលើកឧទាហណ៍ ៥ លាន ៦ សែននាក់ នៃទេសចរ តើនាំមកនូវប្រាក់ចំណូលប៉ុន្មានសម្រាប់យើង? នាំមកនូវការងារធ្វើប៉ុន្មានសម្រាប់យើង? បង្កើតនូវប្រាក់ចំណូលប៉ុន្មានសម្រាប់ប្រជាជនយើង? បង្កើនការនាំចេញនៅនឹងកន្លែង សម្រាប់ផលិតផលរបស់យើង។ នៅលើលោកនេះ លើកលែងតែប្រទេសយើងមានសង្គ្រាម ទើបទេសចរអត់មក។ រឿងទេស​ចរណ៍នេះ គ្មានប្រទេសណាមួយអាចបិទសេរីភាព​ទេសចរ មិនអោយទេសចរទៅលេងស្រុកនេះ ស្រុកនោះបានទេ? គ្មានអ្នកណាដាក់ទោសទណ្ឌយើងកើតទេ។ កុំឆ្ងល់? យើងផលិតអោយបានល្អទៅ ហើយនាំចូលតាមសណ្ឋាគារ។ ៥ លាននាក់ ស៊ីមិនមែនតូចទេ។ ធំណាស់។ ហ្នឹងក៏ជាផ្នែកមួយលូតលាស់ខាងសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចនេះ គឺជាសេដ្ឋកិច្ចជនបទទៀតផង ដែលប្រជាជនយើងចិញ្ចឹមត្រី ចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមគោ ដាំបន្លែបង្ការ ដើម្បីយកផ្គត់ផ្គង់អោយក្នុងសណ្ឋាគារ។

ក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក គ្មានប្រទេសណាមួយអាចធ្វើខុសក្រឹត្យក្រមបានទេ

អ្នកឯងអាចវាយពន្ធទៅលើទំនិញរបស់ខ្ញុំ។ ខ្ញុំក៏វាយពន្ធទៅលើទំនិញរបស់អ្នកឯង។ វារឿងទៅរឿងមក។ ឥឡូវ សូមសង្កេតមើល ទូរទស្សន៍របស់កម្ពុជារាល់ថ្ងៃ អាស្ពន់ស័រ(Sponsor)ធំៗ សម្រាប់វាយគ្នា ឬក៏ប្រលងបវរកញ្ញា ផលិតផលហ្នឹង ផលិតផលអ្នកណា? ទេ! បើអ្នកឯងមិនអោយខ្ញុំនាំចូល ខ្ញុំក៏ឈប់អោយអ្នកឯងនាំចូលវិញដែរ?​ វាចប់។ គ្មានស្អី។ សេដ្ឋកិច្ចបើកចំហរ ក្នុងក្របខ័ណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក អ្នកឯងធ្វើខុសក្រឹត្យក្រមហ្នឹងម៉េចបាន? សព្វថ្ងៃនេះ យើងនាំចូលទៅគេ យើងបង់ពន្ធ។ គេក៏ទទួលផលប្រយោជន៍ ពីការនាំចេញរបស់យើងដែរ។ យើងក៏ទទួលផលប្រយោជន៍ ពីការនាំចូលរបស់គេវិញដែរ។

ទំហំពាណិជ្ជកម្ម​ រវាងកម្ពុជា-ថៃ

យើងក៏ជាប្រជាជាតិមួយដែលមានកម្លាំងទិញមិនតូចទេ សូមបញ្ជាក់ជូន​ មិនតូចទេកម្លាំងទិញរបស់យើងនេះ។ ខ្ញុំគ្រាន់តែលើកជាមួយថៃទៅចុះ។ ទំហំពាណិជ្ជកម្មឡើងទៅដល់ជាង ៥ ពាន់លាន ដុល្លារ(អាមេរិក) ទៅហើយ ក្នុងពេលហ្នឹង ទំហំពាណិជ្ជកម្មដែលនាំចូលពីប្រទេសថៃមកកាន់ប្រទេសយើងជាង ៤ ពាន់លាន (ដុល្លារអាមេរិក) ឯយើងនាំចេញទៅប្រទេសថៃទើបនឹងបានជិត ១ ពាន់លាន (ដុល្លារអាមេរិក)ប៉ុណ្ណោះ។ ប៉ុន្តែ សួរថា ម៉េចបានយើងទិញពីថៃច្រើនម្ល៉េះ? ហើយមិនទាមទារអោយមានតុល្យភាព? ការធ្វើដូចនេះវាមិនទាន់ទៅ​រួចទេ។ សម្ភារៈសំណង់ ជាសេចក្តីត្រូវការ ដែលប្រជាជនយើងកំពុងតែត្រូវការ ជាទំហំមួយធំ ដែលនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង។

ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន

ជាមួយចិនជិត ៥ ពាន់លាន ដុល្លារ(អាមេរិក)ហើយ។ ប៉ុន្តែ សួរថា ម៉េចយើងនាំចេញទៅចិនប្រមាណជាង ១ ពាន់លាន(ដុល្លារអាមេរិក) ឯចិននាំចូលមកយើងជិត ៤ ពាន់លាន(ដុល្លារអាមេរិក)។ ម៉េចបានទំហំវាធំម៉្លេះ? ចម្លើយ រោងចក្រកាត់ដេររបស់យើងស្ទើរតែទាំងអស់ ប្រើប្រាស់ក្រណាត់នាំចូលពីចិន។ តាមរយៈក្រណាត់នាំចូលពីចិនហ្នឹងហើយ ដែលយើងនាំចេញត្រលប់ទៅវិញ។ អញ្ចឹង បានជាឃើញថា ទំហំនៃការនាំចូលពីចិនមានចំនួនធំ។

ឥណ្ឌានាំចូលមកយើងច្រើនជាងយើងនាំទៅឥណ្ឌា ប៉ុន្តែ តើនាំស្អី? ឥណ្ឌា គឺសាច់ក្រណាត់ដែរ។ ស្ថានភាពទាំងអស់នេះ វាតម្រូវអោយមានទៅមានមក។ ​… អ្នករត់ចោលស្រុកហ្នឹង (ដែលចេះតែនិយាយពី)សម្ពាធៗ … សម្ពាធតិចប៉ះខ្លូនឯង។ ហើយខ្ញុំសូមផ្តាំ កុំមកអាស៊ីអោយសោះ?​ សូមកុំមកក្បែរអាស៊ី។ បើអ្នកឯងតាំងខ្លួនធ្វើជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែបាន។​ ឥឡូវនេះ គេកំពុងប្រកាសខ្លួនធ្វើជាភេរវករហើយ មិនមែនគ្រាន់ជាអង្គការក្រៅច្បាប់ ជាភេរវករតែម្តង ជាអង្គការភេរវកម្ម។ សូមអញ្ជើញធ្វើចុះ។​ ខ្ញុំថាមិនចង់បញ្ចូនសារហ្នឹងចេញទេ ព្រោះខ្ញុំចង់អោយវាស្ងប់​ អោយវាមក ប៉ុន្តែ បើជ្រុលមាត់ហើយ ថាបណ្តោយទៅ កុំអោយវាមក។ ជនភេរវករយើងអាចសហប្រតិបត្តិការទៅតាមចាប់ខ្លួន នៅទីកន្លែងនេះ ឬទីកន្លែងនោះ ។

ពាំនាំ

ខ្ញុំបាននាំមកសម្រាប់ជ័យលាភី ចំនួន ២.៣២៨នាក់ ក្នុងម្នាក់ៗ សូមជូនថវិកា ៥ ម៉ឺនរៀល។ សាស្ត្រាចារ្យនិងបុគ្គលិក ចំនួន ៣៨៧ នាក់ ក្នុងម្នាក់ៗ(ថវិកា) ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានបច្ចេកវិទ្យា(ថវិកា) ចំនួន៥ លានរៀល។ នៅចាំទេ កាលពីអ្នកដែលទទួលសញ្ញាបត្រមុនៗ បានតែ ២ ម៉ឺនរៀលទេ ឯគ្រូបានតែ ៥ម៉ឺនទេ ប៉ុន្តែ ចំណោទចោទសួរថា ចុះសម្ដេចគិតលេខខុសទេដឹង? កំណើនសេដ្ឋកិច្ចដឹងតែ ៧%។ បៀវត្សមន្ត្រីរាជការកើនឡើងមិនឈប់ សូម្បីតែកម្មករ (បៀវត្ស)អប្បបរមាដល់ទៅ ១៧០ (ដុល្លាអាមេរិក)ទៅហើយបូកនិងអត្ថប្រយោជន៍ដទៃទៀតសុទ្ធតែជាង ២០០ (ដុល្លាអាមេរិក) ចុះសម្ដេចនៅតែ ២ ម៉ឺន(រៀល)ហ្នឹងអី? អញ្ចឹង បានវាឡើងដល់ ៥ ម៉ឺន(រៀល)នោះ។ ព្រោះវាជាអត្រាលូតលាស់ខាងសេដ្ឋកិច្ចរបស់យើងវាអញ្ចឹង។

សង្ឃឹមថា ក្មួយៗដែលជានិស្សិតជ័យលាភី និងបន្តការខិតខំ ដើម្បីឈានឡើងតទៅមុខទៀត។ ហើយសង្ឃឹមថា លោកនាយក ក៏ដូចជា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ទាំងខ្មែរ និងបរទេស ដែលធ្វើការនៅទីនេះ និងបន្តការខិតខំ​ ការធ្វើអោយវិទ្យាស្ថាននេះ កាន់តែបន្តទៅមុខ។ ហើយជាមួយនឹងការអបអរសាទរជាមួយនឹងជ័យលាភីទាំង ២.៣២៨ នាក់ ជាមួយនឹងការអបអរសាទរ​ប្រកាសសម្ពោធដាក់អោយប្រើប្រាស់ នូវអគារសិក្សាថ្មី អគារទេព្យកោសល្យវិស្វកម្មនៅថ្ងៃនេះ។ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ