បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធ មហាវិរបុរសឥណ្ឌា មហាត្មះគន្ធី ដើម្បីជាកិច្ចគោរពដឹងគុណយ៉ាងជ្រាលជ្រៅ រកអ្វីមកប្រៀបផ្ទឹមមិនបានចំពោះគុណូបការៈ និងមហាពលីកម្ម ដែលមហាត្មៈគន្ធី បានពុះពារនូវរាល់ការលំបាក់គ្រប់បែប យ៉ាង ហ៊ានប្តូរជាជីវិត ក្នុងការទាមទារសិទ្ធសេរីភាព និងការជិះជាន់សង្កត់សង្កើន ពីសំណាក់វណ្ណៈសក្តិភូមិមូលធន មកលើប្រជាជនឥណ្ឌាស្លូតត្រង់ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូវដែលី ប្រទេសឥណ្ឌា។
នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានដាក់បាច់ផ្កាលើស្តូបតម្កល់សពមហាត្មៈគន្លី និងបានឧទ្ទិសវិញ្ញាណក្ខន្ធមហាត្មះគន្លី បន្តស្ថិតនៅជានិម្មិតរូប នៃសេចក្តីថ្លៃថ្នូរសម្រាប់ប្រជាជាតិទាំងអស់ ដែលរស់នៅលើភពផែនដី នៃយើងទាំងអស់គ្នា។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍ នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញចុះហត្ថលេខាលើសៀវភៅ គោរពវិញ្ញាណក្ខន្ធមហាត្មៈគន្ធី នៅរក្សា នៅក្នុងបណ្ណាល័យនៃវិមានស្តូបតម្កល់សពមហាត្មះគន្ធី។ ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានទទួលនូវ សៀវភៅឯកសារមួយចំនួនពីសារៈមន្ទីរ ស្តីពីប្រវត្តិរបស់មហាត្មៈគន្ធី រូបសំណាក់មហាត្មៈគន្ធី។ សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថា នៅកម្ពុជាមានការកសាងនូវរូបមហាត្មៈគន្ធី នៅក្បែររមណីយដ្ឋានវត្តភ្នំ ហើយកម្ពុជាគ្រោង និងរៀបចំនូវជីវប្រវត្តិនិងសកម្មភាពរបស់មហាត្មៈគន្ធី នៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នៅពេលខាងមុខ។