សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​ពិសាបាយសាមគ្គីជាមួយអ្នកសារព័ត៌មានក្នុងស្រុកលើកទី ២

CNV: 

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា!

ជាថ្មីម្តងទៀត ថ្ងៃនេះខ្ញុំបានជួបជុំគ្នា នៅក្នុងឆ្នំាទី ២ នៃជំនួបរវាងរាជរដ្ឋាភិបាល ជាមួយនឹងអ្នកសារព័ត៌មាន ដែលវានឹងក្លាយទៅជាទំលាប់ នៃការជួបជុំប្រចំាឆ្នំាដ៏ធំ រវាងមេដឹកនំារាជរដ្ឋាភិ​បាល ជាមួយអ្នក​សារ​ព័ត៌មាន​របស់យើង។ អនុញ្ញាតអោយខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅគ្រប់​ស្ថាប័ន​អ្នកសារព័ត៌មាន អ្នកយកសារព័ត៌មានគ្រប់ប្រភេទ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ និងសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន នៃមន្ត្រីតាមតាមស្ថាប័ន ដែលបានទទួល​ការអញ្ជើញអោយមកកាន់ទីនេះ បូកជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។

ថ្ងៃនេះ យើងក៏ទើបនឹងបញ្ចប់ នៃការប្រជុំគណៈមហាសន្និបាតតំណាងទូទំាងប្រទេសរបស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រហែលជាសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស​បងប្អូន​អ្នក​សារ​ព័ត៌មានទំាងឡាយបានដឹងហើយថា រយៈពេលបីថ្ងៃជាប់គ្នា គឺខ្ញុំបានស្ថិតនៅក្នុងអង្គប្រជុំ។ ​នៅ​រសៀលនេះ ខ្ញុំបានមានមតិទៅកាន់អង្គប្រជុំនោះប្រមាណជា ២ ម៉ោងកន្លះ ហើយល្ងាចនេះទៀត ក៏មិន​អោយ​​អាក់ខានជាមួយនឹងអ្វី ដែលយើងគ្រោងទុកកាលពីពេលមុន គឺជំនួបនៅពេលនេះ។ ដូច្នេះ ខ្ញុំ​ក៏គួរ​តែ​ប្រាប់​ថា ក្រោយការប្រជុំខ្ញុំក៏នៅមានឱកាស ដើម្បីហាត់ប្រាណរយៈពេល ៣០ នាទី មុននឹងមកកាន់ទីនេះ មានន័យថា សុខភាពរបស់ខ្ញុំនៅរឹងមំាដែលអាចនឹងបន្តជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នំាទៀតនោះ​ទេ។

វិស័យព័ត៌មានអាចរួមចំណែកសម្រាប់ប្រជាជន

ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសម្តែងជូននូវការកោតសរសើរចំពោះគ្រប់ស្ថាប័នអ្នកសារព័ត៌មានទំាងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលមួយឆ្នំាកន្លងផុតទៅ។ ពេញ​មួយ​ឆ្នំា សភាព​ការណ៍ប្រទេសរបស់យើង មិនគ្រាន់តែប្រទេសរបស់​យើងនោះទេ ប៉ុន្តែ នៅលើទូទំាងប្រទេសលើពិភពលោក ប្រែប្រួលតម្រូវអោយមានសារព័ត៌មាន​ឆ្លើយតប យ៉ាងទាន់ពេលវេលា។ ខ្ញុំគិតថា វិស័យព័ត៌មានរបស់យើងក៏បានរួមចំណែកយ៉ាងច្រើន ដើម្បី​បំពេញ​សេចក្តីត្រូវការរបស់ប្រជាជន ព័ត៌មានបច្ចុប្បន្នបានក្លាយទៅជាចំណីអាហារពិតប្រាកដរបស់​ប្រជាជន ដែលចង់ដឹងចង់យល់ អំពីសភាពការណ៍ទំាងឡាយ ដែលបាន និងកំពុងវិវឌ្ឍ។ ហើយមិន​មែន​គ្រាន់​តែ​បញ្ហា​នយោបាយទេ បញ្ហាសេដ្ឋកិច្ចសង្គម និងបញ្ហាដទៃទៀត ដែលមានការពាក់ព័ន្ធ និងជីវភាព​ប្រចំា​ថ្ងៃ​របស់​ពួកគេ។

តើអ្នក​សារ​ព័ត៌​មានស្ថិតនៅកន្លែងក្តៅ ឬស្ថិតនៅកន្លែងត្រជាក់

ក្នុងស្ថានភាពនេះ ខ្ញុំក៏មិនភ្លេចជាមួយនឹងការលើកឡើងទំាងឡាយ នៅក្នុងប៉ុន្មានថ្ងៃមុននេះ ទាក់ទិនជាមួយនឹងសំនួរចោទឡើងយ៉ាងច្រើន ទៅតាមរយៈនៃការរៀបចំនៃជំនួបដែលធ្វើឡើងនៅទីនេះ។ ខ្ញុំបានមើលការផ្សាយ​នៅក្នុងទូរទស្សន៍ CNC ហើយដែលខ្ញុំត្រូវធ្វើការបក​ស្រាយ​បន្តិចទៅលើចំណុចខ្លះ។ ខ្ញុំយល់ថា វាអាចមានជាប្រយោជន៍ សម្រាប់អ្នកសារព័ត៌មាន ហើយ​ក៏​អាច​ជាប្រយោជន៍ សម្រាប់បណ្តាស្ថាប័ន​សាធារណៈ ក៏ដូចជាផ្នែកឯកជនផងដែរ។ នេះជាកិច្ចការ​រួម​គ្នា សម្រាប់ប្រទេសរបស់យើង នៅក្នុងតុមូលពិភាក្សាក្នុងទូរទស្សន៍ CNC មានចំណងជើងថា តើអ្នក​សារព័ត៌​មានស្ថិតនៅកន្លែងក្តៅ ឬស្ថិតនៅកន្លែងត្រជាក់។ នេះជាសញ្ញាសួរ។ ខ្ញុំក៏បានយកចិត្តទុកដាក់ស្តាប់ ទៅលើការអត្ថាធិប្បាយទំាងឡាយរបស់អ្នកសារ​ព័ត៌មាន … ខ្ញុំចង់និយាយថា ក្នុងបរិបទ នៃសភាពការណ៍កម្ពុជា ដោយ​ខ្ញុំ​មិន​លើកពីសភាពការណ៍នៅប្រទេសដទៃទេ បញ្ហាក្តៅ ឬត្រជាក់ វាមិនចំណុះទៅលើអ្វីក្រៅពីស្ថាប័នព័ត៌មាន ឬអ្នកសារព័ត៌មានខ្លួនឯងតែប៉ុណ្ណោះ។ បើសិនជានៅប្រទេស​ផ្សេងទៀត ខ្ញុំមិនហ៊ានអះអាងទេ ដោយសារតែគេមានរបៀបគ្រប់គ្រង និងបែបផែនគ្រប់គ្រង ឬក៏ចរិតនៃមេ​ដឹក​​នំាគ្រប់គ្រងផ្សេងពីខ្ញុំ។ ប៉ុន្តែសម្រាប់កម្ពុជា ក្តៅ ឬត្រជាក់ វាស្ថិតនៅត្រង់ស្ថាប័នព័ត៌មាន ស្ថិតនៅ​លើ​អ្នក​សារព័ត៌មានខ្លួនឯង បើចង់ក្តៅ គឺសុំសរសេរជេរប្រមាថកាតទៀនអោយគ្រប់តែរឿងទៅ អាហ្នឹងវាបានក្តៅហើយ។ ហើយបើសិនជាចង់បានត្រជាក់ ក៏សរសេរទៅតាមរបៀបត្រជាក់ទៅ។

ប៉ុន្តែសរសេរ​យូរៗ ​រហូតទៅដល់ការត្រជាក់តាមរបៀបមួយ ដែលគេហៅថា ទំយើបុគ្គល ឬក៏លើកដៃលើក​ជើងជ្រុល​ហួសការពិត ក៏វាបែបត្រជាក់មួយប្រភេទទៅ។ ទីបំផុតវាគង់តែដល់ពេលសាបសូន្យខ្លួនវាតែ​ប៉ុណ្ណោះ។ អញ្ចឹងចង់ក្តៅ ជេរប្រមាថអោយច្រើនទៅ គឺវាក្តៅហើយ វាច្បាស់ជាមានគេអ្នកប្តឹង វាច្បាស់ជា​មាន​បញ្ហានេះ បញ្ហានោះកើតឡើងតាមច្បាប់ដែលមានចែង ដែលមានកំណត់។ ប៉ុន្តែប្រសិនបើចង់ត្រជាក់ ស្អី​ក៏​បាទ ស្អីក៏ល្អ ល្អគ្រប់រឿងទំាងអស់ សូម្បីតែរឿងមិនពិត ក៏គេអាចប្រឌិតថា ជារឿងពិត ថារឿង​នោះ​​ល្អ​បាន​ដែរ។ បើដូច្នោះ ស្ថានភាពបែបនេះ វាក៏បង្កើតអោយស្ថានភាពដែលត្រជាក់នេះ ក្លាយទៅជាត្រជាក់​រហូត​ដល់​ស្លាប់តែម្តង។ ដើម្បីអោយព័ត៌មានមួយទទួលយកជាការបាន វាមិនខុសពីទឹកក្តៅលាយ​ទឹក​ត្រជាក់​ ដែលអាចនឹងងូតបានស្រួល យើងមិនងូតទឹកក្តៅទំាងអស់ ហើយយើងក៏មិនងូតទឹកត្រជាក់ទំាង​ស្រុង​ដែរ មានក្តៅ មានត្រជាក់លាយឡំគ្នា។ ខ្ញុំចង់និយាយថា ព័ត៌មានទំាងពិត ទំាងមិនពិត ទំាងល្អ ទំាងមិនល្អ ត្រូវបញ្ចូលអោយមកនៅជាមួយគ្នា។ ទើបរឿងនេះ វាអាចក្លាយជាកញ្ចក់ឆ្លុះបញ្ចំាង​​មួយ ប្រសិនបើរឿងមិនពិត ហើយយករឿងពិតនោះ សរសេរធ្វើជារឿងពិតក៏វាមិនអាចបង្កើតព័ត៌មានមួយ​បាន​ដែរ។ ប្រសិនបើរឿងពិត យើងមិនហ៊ានសរសេរចេញ ដែលខ្លាចប៉ះពាល់នេះ ប៉ះពាល់នោះ ខ្ញុំគិតថា វាមិនអាចជួយទៅដល់សង្គមបានទេ។ យើងត្រូវការព័ត៌មានទំាងល្អទំាងអាក្រក់​។ នេះជាចំណុចដែល​យើង​ចង់បាន។

ខ្ញុំចង់បញ្ជាក់ជូនថា អ្វីដែលជាបញ្ហាចំាបាច់សម្រាប់យើង គឺខិតខំធ្វើយ៉ាងណា ដើម្បីអោយ​ព័ត៌មានរបស់យើងទទួលយកនូវការពិតមួយ ហើយឆ្លុះបញ្ចុំាងអោយបាន អំពីតថភាពនៃសង្គម ដែល​វា​បាន និងកំពុងកើត។ បើមិនដូច្នោះទេ ប្រជាជនមិនអាចទទួលបាន ហើយឯខាងផ្នែករដ្ឋក៏កាន់​តែទទួលលែងបាននូវការពិត ដែលឆ្លុះបញ្ចំាងតាមរយៈសារព័ត៌មាន ដោយសារតែសារព័ត៌មាននោះ បំភ្លៃទំាងល្អ បំភ្លៃទំាង​អាក្រក់ រឿងល្អក៏បំភ្លៃទៅជារឿងអាក្រក់ រឿងអាក្រក់ក៏បំភ្លៃទៅជារឿងល្អ ដូច្នេះវាមិន​អាច​ក្លាយទៅជាសារព័ត៌មាន​មួយ ដែលអាចជួយទៅដល់សង្គមបានទេ។

ប្រទេសរបស់យើងមានសារព័ត៌មានបីប្រភេទ

នៅប្រទេសរបស់យើងមានសារ​ព័ត៌មាន​បីប្រភេទផ្សេងទៀត។ ខ្ញុំចង់និយាយដល់ ហើយ​ក្រសួងព័ត៌មាន​ក៏​បាន​​ចាត់វិធានការណ៍រួច​ជាស្រេច​ទៅ​ហើយ។ ប្រភេទសារព័ត៌មានទីមួយ គឺជាប្រភេទដែលមិនត្រូវអោយ​មាន​តទៅទៀតទេ គឺជាប្រភេទ​សារព័ត៌មាន ដែលដើរតួម៉ាហ្វ្យ៉ា (mafia)។ សព្វថ្ងៃនេះខ្ញុំមាន​ឯកសារក្នុងដៃរបស់ខ្ញុំ តែ​ត្រង់ថា ខ្ញុំទុកពេលវេលាអោយគេកសាងខ្លួន។ សារព័ត៌មាននេះ បានដើរតួនាទីជាអ្នកជម្រិត​ទារប្រាក់ អោយ​លុយ​​ មិនចុះផ្សាយ មិនអោយលុយ ចុះផ្សាយ នូវព័ត៌មានអាក្រក់។ រឿងនេះទាក់ទង​ច្រើន​ទៅលើបញ្ហាបទល្មើសព្រៃឈើនេះឯងតែម្តង។ សូមផ្តំាផ្ញើទៅអ្នកសារព័ត៌មានទំាងឡាយ ដែលធ្វើ​សកម្ម​ភាពបែបនេះ។ បញ្ឈប់ជាបន្ទាន់​។ ខ្ញុំមានឯកសារក្នុងដៃ ហើយមានទំាងសម្លេងឆ្លើយឆ្លងរបស់អ្នក​ទៀតផង។ ដូច្នេះសូមប្រយ័ត្នប្រយែង​។ សារព័ត៌មានប្រភេទនេះ​ គេបានធ្វើសកម្មភាពប្រមាណជា ៥ ឆ្នំា រួចមកហើយ ហើយក៏ជម្រិតទារប្រាក់ពីមនុស្សក៏មិនតិចដែរ ដូច្នេះនេះជាប្រភេទព័ត៌មានមួយ ដែលត្រូវ​យក​ចិត្ត​ទុកដាក់ខិតខំធ្វើយ៉ាងណាលុបបំបាត់នូវព័ត៌មានបែបនេះ។

ប្រភេទព័ត៌មានទីពីរ ជាប្រភេទព័ត៌មាន​អត់​ច្បាប់ មិនគោរពច្បាប់ មិនចុះបញ្ជីតាមច្បាប់ និងរត់គេចវេះលួចបន្លំប្រាក់ពន្ធ ក្រោយបែករឿងគេដើរតួ​សំដែង​​ជាអ្នករងគ្រោះខាងនយោបាយ តាមរបៀ​បថ្មី ដើម្បីទទួលបានការកោតសរសើរពីប្រទេសរបស់ខ្លួន និងសម្រាប់អ្នកដែលគេបោកបាន។ កន្លងទៅជាការពិត សារព័ត៌មានមួយចំនួនមកធ្វើសកម្មភាពនៅ​ក្នុង​ប្រទេស​របស់យើង ដោយរំលោភច្បាប់ នៃប្រទេសរបស់យើង ជាពិសេសមិនបានបង់ពន្ធត្រឹមត្រូវទៅតាម​ការ​កំណត់នៃច្បាប់របស់កម្ពុជាទេ។ នៅពេលដែលយើងរកឃើញនូវបទល្មើសនេះ គេបែរជាប្រឹងប្រែង​តំាងខ្លួនជាជនរងគ្រោះខាងនយោបាយ ពីសំណាក់អាជ្ញាធររបស់កម្ពុជាទៅវិញ។ ខ្ញុំគិតថា លោក​ប្រធានា​ធិបតី ដូណាល់ ត្រំាម៍ ពិតជាបង្កើតនូវពានរង្វាន់ដ៏ត្រឹមត្រូវមួយ ដែលគាត់នឹងចែកប៉ុន្មានថ្ងៃមុននេះ នោះគឺពានរង្វាន់សម្រាប់សារព័ត៌មានក្លែងបន្លំ ជាសារព័ត៌មានភូតកុហក។ សូម្បីតែនៅ​អាមេរិក ក៏មានប្រភេទសារព័ត៌មាននេះ រហូតដល់ប្រធានាធិបតីអាមេរិក បង្កើតនូវពានរង្វាន់សម្រាប់ព័ត៌មានក្លែងបន្លំ ក្លែងក្លាយ ភូតកុហក។ ឯនៅកម្ពុជាក៏មានប្រភេទសារព័ត៌មាននេះ កើតឡើងនៅកម្ពុជា រកស៊ីមិនបង់ពន្ធ ជាប់ប្រាក់ពន្ធ បន្លំសម្ងំមិនគោរពច្បាប់កម្ពុជា ដល់ពេលរកឃើញ គេតំាងខ្លួនទៅជាជនរងគ្រោះ ដើម្បីការអាណិតអាសូនៃរដ្ឋាភិបាលបរទេស។ រឿងនេះមិនត្រូវអោយកើត​មាន​តទៅទៀតទេ។ ក្រសួងព័ត៌មានដែលជាអាណាប័កត្រូវទទួលខុសត្រូវចំពោះរឿងនេះ។

ឯប្រភេទទីបី គឺសារ​ព័ត៌​មាន មានតែឈ្មោះ តែគ្មានសកម្មភាព។ ខ្ញុំឃើញថា រដ្ឋមន្ត្រីក្រ័សួងពត៌មាន ខៀវ កាញារីទ្ធ បានចាត់​វិធាន​​ការរួចហើយ។ មិនត្រូវអោយមានតែតួលេខ ប៉ុន្តែខ្វះសកម្មភាព។ ម្យ៉ាងទៀត អ្នកខ្លះដើរតួជា​ចាង​ហ្វាងសារព័ត៌មាន ប៉ុន្តែនៅពេលដែលខ្លួនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយនោះ ក៏បានបង្ហាញកាតជាអ្នកសារព័ត៌មាន ដើម្បីរួចពីទោសទណ្ឌ។ រឿងបែបនេះមិនត្រូវឲ្យកើតមាន ហើយបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានរបស់យើងនោះទេ។

អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ធ្វើការរួមគ្នា តែទទួលខុសត្រូវខុសៗគ្នា

ឯចំណុចទាក់ទងជាមួយនឹងកង្វល់របស់អ្នកសារព័ត៌មាន ខ្ញុំគិតថា កង្វល់ខ្លះគឺត្រឹមត្រូវ កង្វល់ខ្លះប្រហែល​ជាយើងអាចនឹងមានការយល់ខុស ហើយកង្វល់ខ្លះអាចមកពីការខ្ជិលច្រអូសរបស់អ្នកសារព័ត៌មានក៏អាចថាបាន។ ខ្ញុំលើកឡើងអំពីថា តើស្ថាប័នព័ត៌មានគួរធ្វើបែបណា? យើងគួរចាប់ផ្តើមបែងចែករវាងស្ថាប័នព័ត៌មាន និងអ្នកព័ត៌មាន។ ឧទាហរណ៍ សារព័ត៌មានមួយ កាសែតមួយ វាជាស្ថាប័ន។ ហ្នឹងជាផ្នែកមួយ។ ឯអ្នកយកព័ត៌មានគឺជាផ្នែកមួយទៀត។ គឺតួអង្គពីរនេះ គឺធ្វើការរួមគ្នា ប៉ុន្តែ វាមានបន្ទុកទទួលខុសត្រូវ​ខុសៗគ្នា។ ស្ថានីយទូរទស្សន៍ ឬវិទ្យុមួយ វាជាស្ថាប័ន ប៉ុន្តែ បុគ្គលដែលទៅយកសារព័ត៌មាន គឺជាអ្នកសារព័ត៌មាន។ តើគួរត្រូវធ្វើម៉េច? ទាំងស្ថាប័នព័ត៌មាន ទាំងអ្នកយកព័ត៌មាន តើត្រូវធ្វើយ៉ាងម៉េច ទើបល្អ? ចម្លើយនៅទីនេះ យោងទៅលើបទពិសោធន៍ ដែលខ្ញុំមានរួចក្នុងរយៈពេលជាង ៣៩ ឆ្នាំ នៃការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកសារព័ត៌មាន​។ ទំនាក់ទំនងរវាងអ្នកព័ត៌មាន ជាមួយនឹងអ្នកនយោបាយ ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយនឹងគ្រប់ផ្នែកទាំងអស់ មិនមានអ្វីជាឧបសគ្គនោះទេ គ្មានអ្វីជាការលំបាកនោះទេ។ សូមផ្តាំផ្ញើជាមួយនឹងមន្ត្រីនយោបាយ ឬមន្ត្រីរដ្ឋបាលទាំងអស់ មិនត្រូវគិតថា អ្នកព័ត៌មានគឺជាអ្នកបំផ្លិចបំផ្លាញនោះទេ ប្រសិនបើយើងមិនបានប្រព្រឹត្តអ្វីដែលជាកំហុសនោះទេ។

អ្នកសារព័ត៌មាន គួរនិយមកណ្តាល មិនឆ្វេងពេក មិនស្តាំពេក មិនត្រូវធ្វើជាចៅក្រមកាត់សេចក្តី

ចម្លើយទាក់ទិនជាមួយនឹងថា គួរធ្វើបែបណាទើបល្អ ចម្លើយរបស់ខ្ញុំ គឺនៅត្រង់ថា កុំឆ្វេងពេក ហើយក៏កុំស្តាំពេក​។ រឿងវាតែប៉ុណ្ណឹងទេ។ ចលនានិយមកណ្តាល គឺជាចលនាដែលគេទទួលបានគ្រប់ៗគ្នា។ ចលនាឆ្វេងនិយម ឬស្តាំនិយម សុទ្ធតែជាចលនាខុសទាំងអស់ សូម្បីតែក្នុងដំណាក់កាលចុងក្រោយ នៅក្នុងបរិបទតំបន់ និងសកលលោក បន្ទាប់ពីមានហិង្សាជ្រុលនិយម គឺមានការបង្កើតឡើងនូវចលនានិយមកណ្តាល។ ដូច្នេះ សម្រាប់អ្នកសារព័ត៌មាន ឬស្ថាប័នព័ត៌មាន គឺមិនត្រូវស្តាំពេក ហើយក៏មិនត្រូវឆ្វេងពេក ហើយសំខាន់បំផុត គឺហ៊ាននិយាយការពិតចេញមក។ តែអ្វីដែលខ្ញុំនៅតែបន្តរំលឹកដាស់តឿន សុំអ្នកសារព័ត៌មានកុំធ្វើជាចៅក្រមកាត់សេចក្តីឲ្យសោះ។ ចំណុចនេះ ឆ្នាំទៅ ខ្ញុំក៏បានរំលឹក ប៉ុន្តែ ខ្ញុំបានមើលឃើញអត្ថាធិប្បាយរបស់ស្ថានីយទូរទស្សន៍ខ្លះ និងវិទ្យុខ្លះ ហាក់ដូចជាបាន និងកំពុងដើរតួនាទីខុសអំពីទម្រង់នៃអ្នកព័ត៌មាន ឬអ្នកធ្វើអត្ថាធិប្បាយរហូតទៅដល់ធ្វើការសន្និដ្ឋានតាមបែបចៅក្រមកាត់សេចក្តី។ ខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើបែបនេះទេ។ ត្រូវខិតខំរៀនសូត្រអំពីវិជ្ជាជីវៈសារព័ត៌មាន ដែលមិនមែនជាចៅក្រមដើម្បីកាត់សេចក្តីទេ។ ប៉ុន្តែ អ្វីដែលជាតម្រូវការ គឺត្រូវនិយាយការពិតចេញមក ​ឯអ្នកកាត់សេចក្តី បើសិនជារឿងនោះ វាជារឿងទាក់ទងនឹងតុលាការ ទុកឲ្យតុលាការជាអ្នកកាត់​។ មិនមែន​​អ្នកសារព័ត៌មានអង្គុយកាត់សេចក្តី រហូតដល់ពេលខ្លះ តាមដែលខ្ញុំមើលសារព័ត៌មាន ប្រជាពលរដ្ឋស្នើឲ្យអ្នកធ្វើអត្ថាធិប្បាយចេញមកសុំទោស។

នេះគឺជាចំណុចដែលអ្នកសារព័ត៌មាន អ្នកធ្វើអត្ថាធិប្បាយ អ្នកសរសេរ ត្រូវតែមានការថ្លឹងថ្លែង។ មិនត្រូវតាំងខ្លួនជាចៅក្រមកាត់សេចក្តី ហើយកំណត់អង្គហេតុ និងអង្គច្បាប់នោះទេ។ គ្រាន់តែហ៊ាននិយាយការពិតចេញមក ហើយការពិតបែបណានោះ ត្រូវតែឆ្លុះបញ្ចាំងអោយបានច្បាស់លាស់។ បើគ្រាន់តែនិយាយការពិតចេញមក ទុកលទ្ធភាពឲ្យគេបកស្រាយ គឺជាការល្អ ចៀសវាងនូវការបិទផ្លូវតាមរបៀបសាលក្រមមួយ ដែលបានបញ្ចេញតាមកញ្ចក់ទូរទស្សន៍។ ទង្វើបែបនេះ ខ្ញុំស្នើឲ្យម្ចាស់ទូរទស្សន៍ទាំងអស់ ពិនិត្យមើលនូវបុគ្គលិករបស់ខ្លួន ដែលតែងធ្វើការវិនិច្ឆ័យ ហើយការវិនិច្ឆ័យនោះច្រើនតែពាក់ព័ន្ធនឹងរឿងបុគ្គល និងបុគ្គល ជម្លោះនេះ ជម្លោះនោះ រួចហើយហាក់ដូចជាធ្វើអត្ថាធិប្បាយ​​កាន់ជើងម្ខាងៗ។ អ្នកសារព័ត៌មានមិនអាចធ្វើបែបនេះទេ ប៉ុន្តែ អ្នកសារព័ត៌មានត្រូវឆ្លុះបញ្ចាំងនូវការពិតមក ហើយការពិតនោះ វាមិនប្រាកដថាជាការពិតទេ ទុកលទ្ធភាពឲ្យមានការឆ្លើយតប និងកែតម្រូវ។ មានពេលខ្លះ គឺសាម៉ីខ្លួនអ្នកដែលជាប់ពាក់ព័ន្ធ គេនឹងធ្វើការកែតម្រូវតាមក្រោយ។

នេះជាចំណុចដែលខ្ញុំសុំលើកឡើង ដើម្បីចៀសវាងនូវបញ្ហាពាក់ព័ន្ធជាមួយនឹងបុគ្គល នៃអ្នកធ្វើអត្ថាធិប្បាយម្នាក់បំផ្លាញស្ថាប័នព័ត៌មានមួយ   ​ ក្នុងពេលដែលប្រធានស្ថាប័ន ឬម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនវិទ្យុ ឬទូរទស្សន៍​ ក្លាយទៅជាជនរងគ្រោះដោយសារតែអ្នកធ្វើអត្ថាធិប្បាយ ដោយខ្វះការទទួលខុសត្រូវ និងខ្វះវិជ្ជាជីវៈ ដែលហ៊ានឈានឆ្ពោះពីអ្នកធ្វើអត្ថាធិប្បាយ អ្នកសារព័ត៌មាន ទៅជាចៅក្រមកាត់សេចក្តី។ នេះជាចំណុច ដែលខ្ញុំសុំធ្វើការដាស់តឿនសាជាថ្មីម្តងទៀត ដើម្បីកុំឲ្យកើតរឿងច្រំដែល។ មានមនុស្សតែប៉ុន្មាននាក់ទេ។ បើខ្ញុំចង្អុលឈ្មោះ ក៏ចង្អុលបានដែរ ប៉ុន្តែ ខ្ញុំមិនចង់ចង្អុលឈ្មោះ។ អ្នកទាំងនោះប្រហែលជាអាចយល់បានដែរថា ខ្លួនជានរណាហើយ។ ស្ថាប័នទូរទស្សន៍ទាំងនោះ ក៏អាចនឹងដឹងខ្លួនថា អ្នកនោះជានរណាដែរ ព្រោះខ្ញុំធ្លាប់បានជម្រាបទៅម្ចាស់ទូរទស្សន៍ទាំងនោះហើយដែរ។

មន្រ្តីនយោបាយ រដ្ឋបាល មិនត្រូវខឹងនឹងអ្នកសារព័ត៌មាននោះទេ

ម្យ៉ាងទៀត ការនិយាយការពិត ក៏សុំឲ្យគ្រប់ស្ថាប័នរបស់រដ្ឋ មិនថានៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិទេ ការដែលអ្នកសារព័ត៌មានហ៊ាននិយាយការពិតចេញមក ត្រូវអរគុណអ្នកព័ត៌មាន មិនត្រូវខឹងជាមួយនឹងអ្នកសារព័ត៌មាននោះទេ ព្រោះថា នៅពេលខ្លះ រឿងដែលយើងមិនបានដឹង យើងដឹងតាមរយៈសារព័ត៌មានទៅវិញទេ។ ដូច្នេះ អ្វីដែលសារព័ត៌មានចុះផ្សាយ ហើយដែលយើងមិនទាន់ច្បាស់ យើងត្រូវស្រាវជា្រវលឿន ក្នុងករណីដែលវាជារឿងមិនពិត យើងសូមធ្វើឲ្យមានការកែតម្រូវ ហើយ​ការកែតម្រូវបច្ចុប្បន្ននេះទៀត ក៏មិនរង់ចាំតែការសែត ឬសារព័ត៌មាននោះធ្វើការកែតម្រូវទេ ម្នាក់ៗសុទ្ធតែមាន Facebook ផ្ទាល់ខ្លួន ស្ថាប័នមួយៗមានគេហទំព័រផ្ទាល់ខ្លួន រហូតដល់មានវិទ្យុ មានទូរទស្សន៍នៅក្នុងស្ថាប័នរបស់ខ្លួនទៀតផង ដូចជាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងរាជធានីភ្នំពេញ សុទ្ធតែមានទូរទស្សន៍​ ហើយខេត្តមួយចំនួនក៏សុទ្ធតែមានទូរទស្សន៍។ ដូច្នេះ ការកែតម្រូវមិនចាំបាច់តែសារព័ត៌មាននោះកែតម្រូវទេ សារព័ត៌មានខ្លួនឯងក៏អាចធ្វើការកែតម្រូវបានដែរ។

អ្នកសារព័ត៌មានក្លាហាន តែត្រូវរក្សាសុចរិតភាព

អ្វីដែលខ្ញុំចង់និយាយ សូមឲ្យអ្នកសារព័ត៌មានយើងក្លាហាន ប៉ុន្តែត្រូវមានសុចរិតភាព សូម្បីតែការតាំងសំណួរ របៀបតាំងសំណួរខ្លះគឺជាការតាំងសំណួរប្រកបដោយភាពសុចរិត។ ប៉ុន្តែការតាំងសំណួរខ្លះ គឺជាប្រភេទតាំងសំណួរបែបទុច្ចរិត។ ឧទាហរណ៍ ដាក់ជាសំណួរមួយកំប្លេ និយាយពីសំណួរនោះវែងនោះវែង បង្កើតជាសំណួរតែជាប្រភេទនៃចម្លើយ។ បើយើងបែរជាមិនចាប់អារម្មណ៍ អ្នកទាំងនេះឆ្លើយថា “បាន” ដល់ថា “បាន” យកទៅសរសេរបណ្តោយ។ នេះជារបៀបហៅថាទុច្ចរិតនៅក្នុងការតាំងសំណួរ។ ការតាំងសំណួរនេះ​ ក៏ត្រូវតែមានរបៀបតាំងសំណួរឲ្យបានត្រឹមត្រូវ សមហេតុសមផល ហើយងាយស្រួលដល់អ្នកដែលគេផ្តល់ជាចម្លើយផងដែរ។ ខ្ញុំគិតថា អ្នកទាំងឡាយក៏មិនទាន់ឃ្លានពេកនោះទេ ប្រៀបធៀបទៅនឹងអ្វីដែលខ្ញុំហត់នឿយរយៈពេល ៣ ថ្ងៃ និងរយៈពេលល្ងាចនេះ ខ្ញុំចង់និយាយបន្ត។

ទំនាក់ទំនងទី ១ រវាងអ្នកសារព័ត៌មាន នឹងស្ថាប័នជាតិ៖ តាមរយៈថ្នាក់ដឹកនាំផ្ទាល់

ឥឡូវនេះ ខ្ញុំចង់និយាយទៅដល់ផ្នែកពាក់ព័ន្ធ កិច្ចការអ្នកសារព័ត៌មាន ជាមួយនឹងស្ថាប័នជាតិ តើត្រូវគួរធ្វើយ៉ាងម៉េច? ចំណុចកន្លងទៅនេះ ច្រើនតែពាក់ព័ន្ធជាមួយនឹងស្ថាប័នរដ្ឋ ជាមួយអ្នកសារព័ត៌មាន បានជាកន្លងទៅ មានវេទិការវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន។ អញ្ចឹងបញ្ហានេះ តើគួរមានទំនាក់ទំនងយ៉ាងម៉េច ដើម្បីឲ្យយើងរួមគ្នាលើនាវាមួយ ដែលវាមិនឃ្លេងឃ្លោង។ យើងមិនមានអ្នកដែលស្ថិតនៅលើនាវា ហើយមានអ្នកដែលកំពុងតែហែលទឹកមកតោងនាវានោះទេ។ សម្រាប់កិច្ចការរវាងអ្នកសារព័ត៌មាន ជាមួយស្ថាប័នជាតិ មានចំណុចមួយចំនួន ដែលខ្ញុំសុំលើកនៅទីនេះ។ ទីមួយ តាមរយៈថ្នាក់ដឹកនាំផ្ទាល់។ នេះជាចំណុចកំពូលនៃដំណើររឿងរវាងអ្នកសារព័ត៌មាន ជាមួយនឹងមេដឹកនាំ។ ចំណុច​នេះ គេអាចឃើញបានហើយថា ប្រទេសជាច្រើន មេដឹកនាំគឺតែងមានការប្រាស្រ័យទាក់ទងជាប្រចាំ មិនអាចខ្វះអ្នកសារព័ត៌មានបានទេ។ មិនថាសារព័ត៌មាននោះបែបណា ប៉ុន្តែ ការប្រាស្រ័យទាក់ទងរវាងមេដឹកនាំ ជាមួយអ្នកសារព័ត៌មាន គឺអាចធ្វើទៅរួច។

បទពិសោធន៍របស់ខ្ញុំរយៈពេល ៣៩ ឆ្នាំនេះ ខ្ញុំប្រើពេលវេលាច្រើនណាស់ជាមួយនឹងសារព័ត៌មាន។ ប្រសិនបើមិនមានអ្នកសារព័ត៌មានជួយទេ ប្រហែលជាគ្មាននរណានៅលើពិភពលោកនេះ អាចស្គាល់ខ្ញុំបានទេ។ ក៏ប៉ុន្តែ មានសារព័ត៌មានមួយចំនួនបានជួយឲ្យខ្ញុំល្បីឈ្មោះ តាំងពីទសវត្សរ៍ ៧០ ឯណោះ ជាពិសេស ចាប់តាំងពីឆ្នាំ ១៩៨២ មក ​ហ្សាក់បេគែរ, លោក ប៉ូលម៉ុងតេ និងមនុស្សមួយចំនួនទៀត ដែលចូលចិត្តសរសេរពីខ្ញុំ។ ពេលនោះ គេបានសរសេរថា តារាកំពុងរះឡើង តាំងពីឆ្នាំ ១៩៨២ ហើយសូមមើលឡើងវិញនូវកាសែត Bangkok Post និង Le Monde។ អ្នកទាំងពីរចូលចិត្តសរសេរនៅពេលនោះ។ គេសរសេរច្រើន​។ តាមរយៈនោះហើយ​ ដែលធ្វើឲ្យពិភពលោកបានស្គាល់អំពី ហ៊ុន សែន ហើយការស្គាល់នេះ ក៏​មិនមែនស្គាល់ត្រឹមមួយឆ្នាំពីរឆ្នាំទេ គឺស្គាល់រាប់សិបឆ្នាំរួចមកហើយ។

ទំនាក់ទំនងទី ២ រវាងអ្នកសារព័ត៌មាន និងស្ថាប័នជាតិ៖ តាមរយៈទីប្រឹក្សា ឬជំនួយការ

ទីពីរ តាមរយៈទីប្រឹក្សា ឬជំនួយការ ដែលត្រូវផ្តល់ព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយ។ ជាទម្លាប់ធម្មតា ដោយខ្ញុំមិននិយាយជំនួសឲ្យរដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី ឬក៏អភិបាលខេត្ត ប៉ុន្តែ ខ្ញុំនិយាយអំពីខ្លួនខ្ញុំដែលឆ្លងកាត់អំពីបទពិសោធន៍នៃការគ្រប់គ្រងរដ្ឋ រយៈពេលជិត ៣៩ ឆ្នាំ កន្លងទៅ។ ក្រៅពីជំនួបផ្ទាល់រវាងខ្ញុំ ជាមួយអ្នកសារព័ត៌មានតាមរយៈបទសម្ភាសន៍ ការធ្វើសន្និសីទកាសែត ឬក៏ទំនាក់ទំនងដទៃទៀត ខ្ញុំនៅមានតាមរយៈទីប្រឹក្សា ឬជំនួយការ ដែលខ្ញុំប្រគល់ឲ្យពួកគេធ្វើជាអ្នកទទួលខុសត្រូវសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីនឹងជួបភ្ញៀវរួចហើយ ឬការប្រជុំចរចារួចហើយ ទៅផ្តល់ព័ត៌មាន ឬប្រជុំកាសែតអីនោះទេ ប៉ុន្តែយើងបានរៀបចំចាត់តាំងក្រុមអ្នកឯកទេសខាងផ្នែកព័ត៌មាន សម្រាប់ផ្តល់សារជូនចំពោះអ្នកយកព័ត៌មាន បើមិនដូច្នេះទេ អ្នកសារព័ត៌មានចូលទៅថតហើយ តើអ្នកសារព័ត៌មានយកអ្វីមកផ្សាយ គឺមានតែមន្ត្រីដែលបានទទួលភារកិច្ចក្នុងឋានៈជាទីប្រឹក្សា ឬជាជំនួយការ សម្រាប់ផ្តល់ព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំគិតថារឿងនេះ វានឹងបានក្លាយទៅជាប្រយោជន៍ចំពោះថ្នាក់ឧបនាយករដ្ឋមន្ត្រី ចំពោះថ្នាក់រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬប្រធានស្ថាប័នរបស់ជាតិ ដែលគាត់ទៅ គឺត្រូវមានអ្នកដែលជាជំនួយការ គឺទាក់ទងនឹងសារព័ត៌មាន ហើយធ្វើបែបនេះ អ្នកសារព័ត៌មានកាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានពីមេដឹកនាំ។

ស្ថាប័នមានគេហទំព័រ ឬមានហ្វេសប៊ុក រហូតដល់ស្ថាប័នខ្លះ មានវិទ្យុ និងទូរទស្សន៍ផ្ទាល់ទៀតផង

ទី ៣ តាមសេចក្តីប្រកាស ឬសេចក្តីជូនដំណឹង ជាលាយលក្ខណ៍អក្សរ ភាគច្រើននៃស្ថាប័ន គឺមានគេហទំព័រ ឬ មានហ្វេសប៊ុក រហូតដល់ស្ថាប័នខ្លះ ដូចជាក្រសួងការពារជាតិ មហាផ្ទៃ រាជធានីភ្នំពេញ និងខេត្តមួយចំនួន មានវិទ្យុ និងទូរទស្សន៍ផ្ទាល់ទៀតផង។ ដូច្នេះ ប្រសិនបើអ្នកសារព័ត៌មានរបស់យើង មិនមានការខ្ជិលច្រអូសទេនោះ គឺអ្នកសារព័ត៌មានគឺស្វែងរកនូវគេហទំព័រ ឬហ្វេសប៊ុក ឬក៏បណ្តាញផ្សព្វផ្សាយរបស់ស្ថាប័ននោះ ប៉ុន្តែ អ្នកសារព័ត៌មានយើងខ្លះ និយាយឲ្យពិត និយាយឲ្យត្រង់ ខ្ជិលច្រអូសតែម្តង។ មិនព្រមមើលទេ។ ព័ត៌មានបង្ហោះតាមគេហទំព័ររបស់ស្ថាប័ន តាមហ្វេសប៊ុក ផ្សាយតាមទូរទស្សន៍ ឬវិទ្យុ ខ្លួនឯងមិនស្វែងរកទេ បែរជាខ្ជិលច្រ​អូស ហើយពេលខ្លះ ថែមទាំងអ្នកសារព័ត៌មានខ្វះទាំងចំណេះដឹងលើបច្ចេកវិទ្យា លើការបញ្ជូនសារ ឬទាញយក ព័ត៌មានមកទៀតផង។ ចំណុចនេះ ខ្ញុំសូមរំលឹកថា សព្វថ្ងៃ​ មិនមែនខ្វះព័ត៌មានទេ ជួនកាលអាចនឹងលើស ទៀតផង។ លើសដែលត្រង់ថា អ្នកដែលចូលចិត្តនិយាយ និយាយច្រើនពេក និយាយជ្រុល និយាយហួស ឯអ្នកដែលខ្វះ គឺអ្នកដែលខ្ជិលស្វែងរកព័ត៌មាន។ នៅពេលគេបង្ហាញព័ត៌មាននៅគេហទំព័រផ្លូវការរបស់គេហើយ ទៅតាមសួរអីទៀត បើគេផ្សាយនៅហ្នឹងហើយនោះ។ អាហ្នឹងគេមិនផ្តាច់មុខ ហើយមិនកម្មសិទ្ធិបញ្ញាទៅលើបណ្តាញផ្សព្វផ្សាយនោះទេ។

ត្រូវតែមានអ្នកនាំពាក្យគ្រប់ស្ថាប័ន ក្រសួង និងប្រកបដោយវិជ្ជាជីវៈខ្ពស់

ទី ៤​ ទៅតាមរយៈអ្នកនាំពាក្យដែលគ្រប់ស្ថាប័នរាជធានី ខេត្ត រៀបចំឡើង។ ចំណុចនេះ រយៈពេលកន្លងទៅ ខ្ញុំ តែងតែមានការដាស់តឿនឲ្យគ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំនូវអ្នកនាំពាក្យ។ យោង ទៅលើការសិក្សា និងការស្តាប់មតិពីអ្នកសារព័ត៌មានរបស់យើង អ្នកនាំពាក្យនៅតាមស្ថាប័នខ្លះមិនទាន់បំពេញ តួនាទីគ្រប់គ្រាន់នៅឡើយទេ ជាពិសេសអ្នកនាំពាក្យនៅតាមខេត្តនីមួយៗតែម្តង ដែលចាត់ឲ្យអនុខេត្ត អភិ​បាលខេត្តទទួលខុសត្រូវ និងបុគ្គលពីរបីនាក់។ ប៉ុន្តែត្រូវចង្អុលឲ្យចំ តើអ្នកណាដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងការផ្សព្វផ្សាយព័ត៌មាននេះ។ ចំណុចនៅទីនេះ គឺជាចំណុចដែលខ្ញុំចង់ដាស់តឿនគ្រប់ស្ថាប័នរបស់រដ្ឋ​។ រាជរដ្ឋាភិបាលមិនមានអ្វីជាបញ្ហានោះទេ ដោយសារមានអ្នកនាំពាក្យ តាមរយៈអ្នកនាំពាក្យផង មានក្បាលម៉ាស៊ីនប្រតិកម្មរហ័សផង ហើយមានទាំងការជូនដំណឹងរាប់ទាំងហ្វេសប៊ុកផ្លូវការរបស់ខ្ញុំផង។​ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែម គឺអ្នកនាំពាក្យនៅតាមស្ថាប័នរបស់រាជរដ្ឋាភិបាល អ្នកនាំពាក្យនៅតាមសាលាខេត្ត រាជធានី ដែលត្រូវបានពង្រឹង ដើម្បីឆ្លើយតបទៅនឹងសិទ្ធិទទួលបានព័ត៌មាន ដល់អ្នកព័ត៌មាន។

រឿងនេះ គឺជារឿងទន្ទឹងរង់ចាំនៃអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងឡាយដែលចង់ដឹង តើខ្ញុំមានប្រតិកម្មយ៉ាងណា និងការដាស់តឿនយ៉ាងណា ជាមួយនឹងស្ថាប័ននានា ពាក់ព័ន្ធជាមួយអ្នកនាំពាក្យ ដែលបានរៀបចំកន្លងទៅ។ សម្រាប់អ្នកនាំពាក្យក៏ត្រូវតែច្បាស់លាស់ ហើយក៏ត្រូវតែមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតប មិនមែនរៀបចំគ្រាន់តែរួចពីដៃទេ។ ធ្វើជាអ្នកនាំពាក្យបាន អាចធ្វើជានាយករដ្ឋមន្ត្រីបាន សូមកុំភ្លេចកន្លែងនេះ។ អ្នកនាំពាក្យត្រូវមានចរិតសរុប ហើយមានសមត្ថភាពពេញលេញ ដើម្បីឆ្លើយតបជាមួយគ្រប់ហេតុការណ៍។ ពិតមែនហើយ មិនមែនអ្នកណាចេះទាំងអស់ទេ ហើយក៏មិនតម្រូវឲ្យអ្នកនាំពាក្យឆ្លើយគ្រប់តែសំណួរនោះដែរ ក្នុងករណីដែលវាមិនច្បាស់ អ្នកនាំពាក្យគ្រាន់តែបង្ហាញថា រឿងនេះខ្ញុំមិនទាន់បានទទួលព័ត៌មានជាក់លាក់ ខ្ញុំនឹងឆ្លើយប្រាប់អស់លោកអ្នកនៅពេលក្រោយ គឺវាជាការគួរសមមួយសម្រាប់អ្នកព័ត៌មានទៅហើយ។

អ្នកព័ត៌មាន ស្វះស្វែងរកព័ត៌មានដោយខ្លួនឯង នេះទើបជាវិជ្ជាជីវៈ

ចំណុចទី ៥ គឺអ្នកព័ត៌មានគឺស្វះស្វែងរកព័ត៌មានដោយខ្លួនឯង នេះទើបជារឿងនៃកិច្ចការវិជ្ជាជីវៈ នៃអ្នកព័ត៌ មានខ្លួនឯង។ បើពឹងផ្អែកទៅលើចំណុចទាំង ៤ ខាងលើ អ្នកព័ត៌មានបាត់អាជីពហើយ។ សម័យនេះ គេមិនឲ្យព័ត៌មានទៅខ្លួនទេ គេមិនឲ្យព័ត៌មាន ដែលហៅថា ប្រភេទព័ត៌មានដែលចូលចិត្តកាឡៃទេ។ គេអ្នកចង់ផ្សព្វ ផ្សាយព័ត៌មាន គេច្បាស់ជាទៅរកព័ត៌មានណាដែលឆ្លើយពិត ដែលសរសេរល្អ រួចហើយផ្សាយបានឆាប់រហ័ស ទៀតផង។ អញ្ចឹងទេ ចំណុចទី ៥ នេះ បើអ្នកសារព័ត៌មានមិនស្វះស្វែងរកព័ត៌មានដោយខ្លួនឯង មិនប្រមាញ់ព័ត៌មានដោយខ្លួនឯងទេ អ្នកសារព័ត៌មាននេះនឹងក្ស័យធន ហើយក្ស័យអាជីពទៀតផង ដោយសារបច្ចេកវិទ្យាបច្ចុប្បន្ន មិនទាន់បានផ្សាយផង គេផ្សាយមុនតាមហ្វេសប៊ុកបាត់។ ដូច្នេះ ចេញទៅមានស្អីទៀត។ កុំភ្លេចថា សម័យបច្ចេកវិទ្យាព័ត៌មាន មេដឹកនាំម្នាក់ជាសារព័ត៌មានមួយដែរ។ កុំភ្លេចឲ្យសោះ។ សារព័ត៌មាននោះ គឺជាសារព័ត៌មានផ្តល់ជាជឿជាក់ពិតប្រាកដឲ្យប្រជាពលរដ្ឋ ឧទាហរណ៍ ហ្វេសប៊ុក Page រប​ស់ខ្ញុំ នៅពេលដែលខ្ញុំផុសមួយ បានទៅដល់មនុស្ស ១៨ លាននាក់ឯណោះ ហើយនឹងការតភ្ជាប់មនុស្សទាបបំផុតក៏ជាង ៨ លាននាក់ដែរក្នុងមួយពេល។ ដូច្នេះខ្ញុំគ្មានការចាំបាច់ដើម្បីរង់ចាំ ដូចជាថ្ងៃមុន សង្ឃឹមថា ចាងហ្វាងភ្នំពេញប៉ុស្តិ៍គាត់មកនៅទីនេះដែរ ខ្ញុំមិនរង់ចាំភ្នំពេញប៉ុស្តិ៍ ប៉ុន្តែភ្នំពេញប៉ុស្តិ៍ គាត់កែតម្រូវ ប៉ុន្តែខ្ញុំមិនរង់ចាំភ្នំពេញប៉ុស្តិ៍ទេ។

នៅថ្ងៃផ្សព្វផ្សាយគោលនយោបាយគាំពារមនុស្សចាស់។ ខ្ញុំទៅសរសេរភ្លាមៗ ដើម្បីឆ្លើយតប។ ដូច្នេះ ខ្ញុំមិនទុកពេលឲ្យអ្នកណាមួយ ដើម្បីបំផ្លាញនូវជំនឿទុកចិត្ត នឹងធ្វើអត្ថាធិប្បាយខុសពីខ្ញុំនោះទេ។ អ្នកដទៃទៀតយ៉ាងម៉េចខ្ញុំមិនយល់ ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមើលព័ត៌មាន រួចហើយព័ត៌មានណាត្រូវ ព័ត៌មានណាមិនត្រឹមត្រូវ ព័ត៌មានមិនត្រឹមត្រូវ … រឿងណាធំ គឺមិនទុកឲ្យភ័ន្តច្រឡំយូរទេ។ អញ្ចឹងទេ សូមផ្តាំផ្ញើចំពោះអ្នកសារព័ត៌មានទាំងអស់ ស្វះស្វែងប្រមាញ់រកព័ត៌មានខ្លួនឯង ប្រមាញ់រកព័ត៌មានខ្លួនឯង ទើបក្លាយជាអ្នកសារព័ត៌មានល្អ។​ ស្ថាប័ន ព័ត៌មាន មិនថាជាស្ថាប័នណាមួយទេ គេចង់បានអ្នកដែលពូកែរកព័ត៌មាននេះ។

ឥឡូវចូលទៅដល់គោលបំណង និងសំណូមពររបស់ខ្ញុំ។

ស្ថាប័នព័ត៌មានទាំងរដ្ឋទាំងឯកជន បំពេញតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវស្ថានភាពពិតប្រាកដនៃសង្គម

តើខ្ញុំចង់បានអ្វីនៅពេលខាងមុខសម្រាប់ប្រទេសរបស់យើង។ ទី ១ ចង់បានស្ថាប័នព័ត៌មានទាំងរដ្ឋ ទាំងឯកជន ឲ្យបំពេញបាននូវតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវស្ថានភាពពិតប្រាកដរបស់សង្គម។ នេះជាបំណងប្រាថ្នារបស់ខ្ញុំ ក្នុងពេលវេលាដែលគណបក្សប្រជាជន ជាពិសេសក្នុងពេលវេលា ដែលខ្ញុំកាន់កាប់ដំណែងជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវការនូវព័ត៌មានពិត ហើយព័ត៌មាននោះ តាមរយៈនៃការឆ្លុះបញ្ចាំងដូចជាកញ្ចក់។ ថ្ងៃមុននេះ នៅក្នុងការធ្វើតុមូលនៅ CNC ប្រធានសារព័ត៌មានភ្នំពេញបុស្តិ៍ បាននិយាយថាសារព័ត៌មានបច្ចុប្បន្ន វាដូចជាកញ្ចក់ស្រអាប់ ដូច្នេះត្រូវរួមគ្នា ដើម្បីធ្វើឲ្យកញ្ចក់វាថ្លាឡើង ជូតម្នាក់បន្តិចៗ ខ្ញុំយល់ព្រម។

ក៏ប៉ុន្តែ ខ្ញុំមានសំណូមពរថា សុំកុំឲ្យសារព័ត៌មានក្លាយទៅជាកញ្ចក់បែក ដែលមើលទៅធ្លាយ។ ប្រហែលអ្នក ដែលមានវ័យលើសពី ៦០ ឆ្នាំ ធ្លាប់នៅចាំបានកញ្ចក់នៅវត្តភ្នំកាលពីសម័យដើម។ កញ្ចក់នោះឆ្លុះទៅត្រឹមត្រូវមានខ្លួនប្រាណតាមខ្នាត មានកញ្ចក់ឆ្លុះទៅរបៀបមនុស្សតឿ មានកញ្ចក់ឆ្លុះទៅរបៀបមនុស្សស្គម។ អញ្ចឹងទេសារព័ត៌មានខ្លះក៏ជាសារព័ត៌មានឆ្លុះទៅតាមកញ្ចក់ពិត និងសារព័ត៌មានខ្លះឆ្លុះទៅតាមមនុស្សស្គម និងសារព័ត៌មានតាមរបៀបមនុស្សតឿដែរ។ ដូច្នេះ ខ្ញុំមិនចង់ឲ្យមានរឿងកើតឡើងនោះទេ។ ដូច្នេះទាំងរដ្ឋ ទាំងសារព័ត៌មាន ទាំងគ្រប់វិស័យទាំងអស់ត្រូវមានតម្លាភាពជាមួយគ្នា ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងជាមួយគ្នា។

សារព័ត៌មាន ផ្តល់ព័ត៌មានពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋវិញ

ទី ២ ចង់បានព័ត៌មានមួយដែលជួយផ្តល់ព័ត៌មានពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋវិញ។ យើងត្រូវជួយ គ្នាអំពីបញ្ហានេះ។ ព័ត៌មានវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងទំនាក់ទំនងរវាងរដ្ឋគោលនយោបាយរបស់រដ្ឋជា​មួយនឹងប្រជាជន។ ខ្ញុំលើកឧទាហរណ៍ អំពីករណីទាក់ទងជាមួយនឹងបញ្ហាពន្ធ។ បើសិនគ្រាន់តែការពន្យល់នៅក្នុងដែនក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬអគ្គនាយកពន្ធដាវាមិនគ្រប់គ្រាន់ទេ វាត្រូវឆ្លងកាត់ការជួយពន្យល់ទៅដល់ពលរដ្ឋរបស់យើងអំពីបញ្ហាទាក់ទងនឹងពន្ធដា។ ខ្ញុំលើកឧទាហរណ៍ ពន្ធទាក់ទងនឹងប្រាក់បៀវត្ស អ្នកដែលមិនយល់ មិនចង់បានទេនូវប្រាក់បៀវត្ស មិនចង់បានទេ ១ លាន ២ សែន ១ ម៉ឺន ចង់បានត្រឹមតែ ១ លាន ២ សែន ទេខ្លាចជាប់ពន្ធ។ ហេតុអីបានដូច្នេះ? មកពីកង្វះយល់ដឹង អំពីបញ្ហាពន្ធដែលគាត់គិតស្មាន ថានៅពេលដែលគាត់មានប្រាក់ត្រឹមតែ ១ លាន ២ សែនរៀល គឺគាត់មិនជាប់ពន្ធឯណា។ ប៉ុន្តែដល់ទៅពេលគាត់ឡើងដល់ ១ លាន ២១ ម៉ឺន បែរជាជាប់ពន្ធ។ ដូច្នេះ អា ១ ម៉ឺន មិនខ្ចីយក ចោលអា ១ ម៉ឺន។

នេះជាកង្វះនៃការពន្យល់ នេះគ្រាន់តែជារឿងមួយ ក្នុងចំណោមរឿងយ៉ាងច្រើន ដែលទាក់ទងជាមួយនឹងការជូនព័ត៌មាន ដែលរដ្ឋបានបំពេញជាមួយនឹងពលរដ្ឋដែលជាអ្នកទទួលផល។ យើងលើកកម្មវិធីថ្មីៗ ទាក់ទងជាមួយនឹងបញ្ហារបស់រាជរដ្ឋាភិបាលចំពោះកម្មករ ជាពិសេសទាក់ទិនជាមួយនឹងកម្មការិនីតែម្តងនៅពេលដែលយើងផ្សព្វផ្សាយ នៅទីនេះរាប់ខែបែរជាមានបាតុកម្មនៅឯពោធិ៍សាត់ ហើយបាតុកម្មនៅឯពោធិ៍សាត់នោះ តើមានរឿងអ្វី? រឿងខ្លះជារឿងដែលយើងនិយាយសឹងបែកបំពង់កនៅទីក្រុងភ្នំពេញ ប៉ុន្តែ ខ្វះការពន្យល់តាមរយៈបណ្តាញ មួយ ហើយរាប់ទាំងបណ្តាញសារព័ត៌មានរបស់យើង មិនបានជួយផ្សព្វផ្សាយទេ។ ឧទាហរណ៍ គាត់លើកសំ​ណើដប់ជាង … មានសំណើ ២ ដែលសុទ្ធតែជាសំណើដែលយើងមានរួចហើយ។ គាត់លើកសំណើ ពេលដែលស្រ្តីឆ្លងទន្លេ សុំឲ្យបានឈប់សម្រាករយៈពេល ៣ ខែ។ គាត់លើកសំណើបែបនេះ ក្នុងពេលដែលយើងបានដោះស្រាយថា កម្មការិនីឆ្លងទន្លេត្រូវបានឈប់សម្រាកក្នុងរយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០ ភាគរយឯណោះ។ ហេតុអីបានជារឿងនេះទៅមិនដល់ ត្រឹមតែខេត្តពោធិ៍សាត់ប៉ុណ្ណោះ? នេះគឺកង្វះនៃការពាំនាំពីរដ្ឋទៅដល់ប្រជាជន ហើយក៏កង្វះព័ត៌មានពីប្រជាជនមកកាន់រដ្ឋផងដែរ។

ដូច្នេះ ខ្ញុំចង់ឲ្យអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានរបស់យើងទាំងអស់ ដើរតួនាទីជួយបំពេញគ្នាទៅវិញទៅមក តាមរយៈ នៃការបញ្ជូនសារទាក់ទងទៅនឹងក្របខណ្ឌគោលនយោបាយរបស់រដ្ឋទៅចំពោះប្រជាជន ហើយនាំទុក្ខកង្វល់ ពីប្រជាជនមកផ្តល់ឲ្យរដ្ឋវិញ ដោយឆ្លុះបញ្ចាំងការពិតជាក់ស្តែង។

សារព័ត៌មាន ចេះជួយរិះគន់ស្ថាបនា

ទី ៣ ខ្ញុំចង់បានសារព័ត៌មានដែលចេះជួយរិះគន់ស្ថាបនា ជួយតាមពិនិត្យមើលការអនុវត្តរបស់ស្ថាប័នរដ្ឋ ប្រៀបធៀបជាមួយនឹងនយោបាយ ឬកម្មវិធីដែលបានដាក់ចេញ។ នេះជាចំណុចដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។ ការិះគន់ស្ថាបនា និងការជេរប្រមាថ គឺវាខុសគ្នា។ ការជេរប្រមាថ ខ្ញុំមិនបាច់និយាយដល់ទេ នៅប្រទេសកម្ពុជាយើងនោះ បើយើងធ្វើងាប់ទាំងខ្លួន ក៏វានៅតែជេរដែរ។ សូម្បីតែ កីឡាករ កីឡាការិនីទៅទទួលមេដាយមាសពិភពលោក ឬក៏តំបន់ ក៏គេមិនអើពើ និងធ្វើការកោតសរសើរ សូម្បីមួយម៉ាត់។ ប៉ុន្តែ កំហុសវិញ គេជេររាប់មិនអស់។ អ្វីដែលយើងចង់បានមិនមែនរឿងនោះទេ។ អ្វីដែលយើងចង់បានគឺសារព័ត៌មានដែលចេះរិះគន់ និងស្ថាបនា តាមពិនិត្យមើលការអនុវត្តរបស់ស្ថាប័នរដ្ឋ ប្រៀបទៅនឹងគោលនយោបាយ និងកម្មវិធីដែលបានដាក់ចេញ។ ខ្ញុំលើកឧទាហរណ៍ គ្រាន់តែថ្ងៃនេះ ចំណុចដែលត្រូវមានការប្រុងប្រយ័ត្ន ហើយដែលពិភាក្សា ហើយចុងក្រោយនាំទៅរកការសម្រេចរបស់ខ្ញុំតែម្តង នៅក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនសម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ ២០២៣ បាននិយាយទៅដល់វិស័យកសិកម្ម ដែលត្រូវមានកំណើន ៤ ភាគរយ ជាប្រចាំ ក្នុងមួយឆ្នាំ។ អញ្ចឹងទេ តើយើងគួរដាក់ ឬមិនគួរ? លើចំណុចនេះ រដ្ឋមន្រ្តីកសិកម្មថាដាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុថា មិនគួរដាក់ទេ។ ទុករឿងនេះ វាចល័តតាមឆ្នាំវិញ។ ក្នុងច្បាប់ថវិការបស់យើង និងផែនការប្រចាំឆ្នាំក៏អាចមាននៅទីនោះ។ ចុងក្រោយនាំទៅការសម្រេចរបស់ខ្ញុំ គឺលុបចេញ អត្រាកំណើន ៤ ភាគរយ ប្រចាំឆ្នាំ ព្រោះ គេត្រូវតាមពិនិត្យមើលអំពីក្របខណ្ឌដែលយើងបានដាក់ចេញ ហើយអ្នកសារព័ត៌មាន ចាំបាច់ត្រូវតាមដាន។ កម្មវិធីច្រើនណាស់ ដែលស្ថាប័នមួយៗដាក់ចេញ ឬកម្រិតថ្នាក់រាជរដ្ឋាភិបាលដាក់ចេញ។ សួរថាតើកម្មវិធីនោះអនុវត្តបាន ឬមិនបាន ហើយតើមិនបាន មកពីមូលហេតុអ្វី?

យើងផ្តល់ជាទស្សនៈ ផ្តល់ជាគំនិត ដែលអ្នកដឹកនាំអាចយកទៅត្រិះរិះពិចារណា ដើម្បីយកទៅកែលំអក្នុងក្របខណ្ឌគោលនយោបាយ ឬសកម្មភាពរបស់ខ្លួន។ យើងត្រូវស្តាប់គ្រប់សម្លេង។ ការជេរប្រមាថ មិនមែនដំ​ណើរ​ការនៃប្រជាធិបតេយ្យទេ។ នៅទីនេះប្រទេសកម្ពុជាសម្បូរទៅដោយសិទ្ធិបញ្ចេញមតិ។ យើងគាំទ្រដល់ដំណើរការសិទ្ធិបញ្ចេញមតិ ក៏ប៉ុន្តែ យើងមិនគាំទ្រដាច់ខាតហើយនូវការជេរប្រមាថ របៀបញុះញង់បង្កចលាចល។ ចង់អ្នកណាថាអី ក៏ថាចុះ (មាន)អ្នកសារព័ត៌មានរាប់ពាន់នាក់(នៅទីនេះ) អត់(អ្នកសារព័ត៌មាន)ខ្ចប់មមីសមាន់ប៉ុន្មាននាក់ក៏មិនទៅជាស្អីដែរ។ នៅទីនេះ រាប់ពាន់នាក់ អញ្ជើញមកគ្រប់និន្នាការ។ អញ្ជើញមកចុះ។ អ្នកធ្លាប់ជេរខ្ញុំ ក៏អញ្ជើញមក …។

ស្ថាប័នព័ត៌មាន ចូលរួមវិភាគកម្រិតយុទ្ធសាស្រ្ត នយោបាយក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ

ឯចំណុច ទី ៤ ចង់បានស្ថាប័នព័ត៌មានដែលចូលរួមវិភាគ កម្រិតយុទ្ធសាស្រ្តនយោបាយក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ នេះជាអ្វីដែលខ្ញុំចង់បាន។ ខ្ញុំចង់ឲ្យអ្នកសារព័ត៌មានរបស់យើង ពោរពេញទៅដោយ​​​​សមត្ថភាព ដែលអាចមានសមត្ថភាពវិភាគ មិនគ្រាន់តែតូចតាចក្នុងស្រុក ប៉ុន្តែមានចរិតតំបន់ និងពិភពលោក។ ខ្ញុំគិតថា ខ្ញុំមានមោទនភាពជាមួយនឹងអ្នកសារព័ត៌មានរបស់យើង ទោះបីជាមិនទាន់កើនចំនួនច្រើន ក៏ប៉ុន្តែ បានចាប់ផ្តើមក្នុងរយៈពេលកន្លងទៅរួចមកហើយ អំពីការរួមវិភាគទាននៅក្នុងការទាក់ទងជាមួយនឹងរឿងវិភាគក្នុងក្របខណ្ឌតំ​បន់ និងអន្តរជាតិនៅក្នុងតំបន់ …។

ប៉ុន្មានថ្ងៃនេះ វាច្របូកច្របល់ខ្លាំងណាស់ កូរ៉េទាំងពីថា គេត្រូវគ្នារួចហើយអ្នកខាងក្រៅថា កុំត្រូវគ្នា ហែ្អងត្រូវគ្នាមិនបានទេ។ អញ្ចឹងរឿងនេះយ៉ាងម៉េច។ យើងអាចព្យាករមើលថា តើកូរ៉េទាំងពីរអាចត្រូវរូវគ្នាដល់ពេលណា ក្នុងពេលដែលមានអ្នកមិនចង់ឲ្យកូរ៉េនិយាយគ្នានោះ។ ចំណុចទាំងនេះ ក៏ជាចំណុចដែលយើងគួរតែចោទ​​​​​​សួរ និងគួរតែមានសមត្ថភាព ដើម្បីនឹងវិភាគទៅដល់បញ្ហាអស់ទាំងនោះ ព្រោះមានហេតុផលខ្លះ ប្រ​សិនបើអស់ឧប​សគ្គបញ្ហាកូរ៉េ ប្រហែលជាទីតាំងកងទ័ពរបស់បរទេស នៅក្នុងតំបន់របស់យើងក៏នឹងត្រូវអស់ន័យ ឬក៏មូលហេតុនេះ មូលហេតុនោះ … ខ្ញុំចង់អោយអ្នកសារព័ត៌មានរបស់យើងចូលរួមវិភាគទាន។ កុំអោយគេសរសេរតែពីយើង​។ យើងសរសេរពីគេផងមើល។ យើងវិភាគពីសភាពការណ៍ថៃមើល។ យើងវិភាគពីសភាពការណ៍ម៉ាឡេស៊ីមើល​។ យើងវិភាគពីសភាពការណ៍ពីសំាងហ្គាពួរមើល។ ម៉េចក៏គេមានសិទ្ធិវិភាគមកលើយើង។ យើងម៉េចក៏មិនមានសិទ្ធិវិភាគទៅលើគេ។ បើខ្ញុំវិ​​ភា​គ ខ្ញុំវិភាគបាន បើខ្ញុំវិភាគ ខ្ញុំវិភាគឲ្យអស់លោកអ្នកបាន ក៏ប៉ុន្តែខ្ញុំជាអ្នកនយោបាយ។ នាយករដ្ឋមន្ត្រីរបស់គេ ក៏គេមិនធ្វើអត្ថាធិប្បាយអំពីប្រទេសយើង យើងក៏មិនធ្វើអត្ថាធិប្បាយពីប្រទេស​គេ។  គេទុកឲ្យសារព័ត៌មានប្រទេសគេ ធ្វើអត្ថាធិប្បាយប្រទេសយើង ចុះយើងម៉េចមិនធ្វើវិញ។ នៅមីយ៉ាន់ម៉ា បញ្ហារូហ៊ីងយ៉ា កំពុងតែក្តៅ។ តើគប្បីធ្វើការវិភាគទេ? គប្បីត្រូវនិយាយទេ? ខ្ញុំពេញចិត្តជាមួយអ្នកធ្វើអត្ថាធិប្បាយ អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិនៅ BTV ដែលខ្ញុំអាចចាត់ទុកបានថា ដែលជាអ្នកជំនាញទៅក្នុងផ្នែកកិច្ចការអន្តរជាតិ ក្នុងកម្រិតទោះបីមិនធំទូលាយពេក ក៏ប៉ុន្តែសមត្ថភាពកម្រិតនេះ អាចលើកស្ទួយទៅរួចនៅពេលដែលមានការបណ្តុះបណ្តាលបន្ថែម។

ស្ថាប័នព័ត៌មាន មិនជេរប្រមាថ និងបំពុល

ទី៥ យើងមិនចង់ឃើញព័ត៌មាន ដែលចេះត្រឹមតែជេរប្រមាថ និងបំពុលហើយបង្កជម្លោះនោះទេ ប៉ុន្តែយ៉ាងណាយើងក៏ត្រូវគោរពនូវសេរីភាព នៃសារព័ត៌មាន ក៏ប៉ុន្តែគេក៏ហ៊ានទទួលខុសត្រូវ ទៅលើអ្វីដែលជាពាក្យសំដីរបស់គេ។

បំបាត់ក្រុមព័ត៌មានជម្រិតយកប្រាក់

ទី៦ ត្រូវខិតខំលុបបំបាត់ក្រុមព័ត៌មាន ដែលជម្រិតយកប្រាក់។  ខ្ញុំសូមបញ្ជាក់ ស្ថាប័នព័ត៌មានមួយ បានដើរជាមួយនឹងអ្នកយកព័ត៌មាន។ មិនមែនអ្នកយកព័ត៌មានទៅផ្សេង សារព័ត៌មានផ្សេង ចាងហ្វាងសារព័ត៌មានផ្សេងទេ។ គឺចាងហ្វាងអ្នកសារព័ត៌មាន អ្នកឲ្យធ្វើតែម្តង គ្រាន់តែខ្ញុំមិនទាន់ដល់ពេលដែលខ្ញុំចាប់តែប៉ុណ្ណោះ។ មិនទាន់ចាត់ការប៉ុណ្ណោះ។  ខ្ញុំបានឲ្យមនុស្សទៅប្រាប់ហើយ។  កែ ឬមិនកែ រឿងរបស់គេ …។

លើកកំពស់ធនធានមនុស្សក្នុងវិស័យសារព័ត៌មាន

ចំណុចទី៧ ខិតខំលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ​​ និងផ្សព្វផ្សាយព័ត៌មានបានឆាប់រហ័ស។  នេះគឺជាចំណុចដែលទាមទារឲ្យអ្នកយកសារព័ត៌មានរបស់​យើងត្រូវបង្កើនសមត្ថភាពឡើង។ … ត្រឹមតែចេះសរសេរបន្តិចបន្តួច ហើយធ្វើជាអ្នកសារព័ត៌មានដែរនោះ វាមិនទាន់គ្រប់គ្រាន់ទេ។  ចង់ក្លាយជាអ្នកសារព័ត៌មានពិត ហើយដែលមានសមត្ថភាពវិភាគ និងទទួលបាននូវការយកចិត្តទុកដាក់ ជឿជាក់ពីអ្នកអាន អ្នកស្តាប់ ឬអ្នកមើល អ្នកទស្សនាគឺជាអ្នកដែល​មានសមត្ថភាពពិតប្រាកដ …  ម៉្យាងទៀត ជួនកាលព័ត៌មានទទួលបាន តែការផ្សាយនោះយឺត។ គេហៅ ព័ត៌មានផ្អូម។ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ អំពីការជឿនលឿនប៉ុន្មានខែចុងក្រោយនេះរបស់ទូរទស្សន៍ជាតិផងដែរ ដែលឥឡូវព័ត៌មានវាលែងផ្អូមហើយ។ … ឥលូវ ខ្ញុំនិយមមើលទូរទស្សន៍ជាតិ ដោយសារព័ត៌មានវាលឿន ហើយព័ត៌មានអន្តរជាតិវាក៏ច្រើនដែរ។ វាលែងផ្អូមហើយ។ និយាយឲ្យត្រង់។ ដល់កម្រិតអាគេកើតរឿងនៅឯណោះ ៣ថ្ងៃក្រោយឯងទើបផ្សាយ។ គេមើលអីទៀត អាហ្នឹងវាទៅព័ត៌មានស្អុយ។

ឯមួយទៀតខ្ញុំគួរតែប្រាប់គេហៅវិធីបញ្ចេញ​ព័ត៌​មាន។ តើពេលណាដែលវាសមស្រប ពេលណាដែលវាមិនសមស្រប។ អ្នកជំនាញអាជីពវិស័យសារព័ត៌មាន​​ភ្ជាប់ទៅនយោបាយ គេមិនផ្សាយព័ត៌មានដែលគេចង់ផ្សាយនៅល្ងាចថ្ងៃ សុក្រ ថ្ងៃ សៅរ៍ និងថ្ងៃ ​អាទិត្យ ​ទេគេផ្សាយនៅ ថ្ងៃចន្ទ័ ថ្ងៃអង្គារ៍ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ … ហើយល្អបំផុតផ្សាយព័ត៌មាន​នៅក្រោយម៉ោង ៧ ព្រឹករហូតដល់ទៅម៉ោង ៤ ល្ងាច។ គឺជាព័ត៌មាន ដែលគេចាប់អារម្មណ៍។ អានេះខ្ញុំប្រាប់ពីល្បិចលេងផ្នែកព័ត៌មាន។ ប្រសិនបើផ្សាយថ្ងៃអាទិត្យ  គេកំពុងតែស៊ី(ផឹក) អ្នកណាមើល? … វិធីផ្សព្វផ្សាយព័ត៌មាន គឺជាវិធីមួយ ក្នុងចំណោមវិធីដែល​​​​យើងផ្តល់ឲ្យសាធារណជនអាចទទួលបាននូវព័ត៌មាន។ យើងផ្សាយនៅយប់ជ្រៅពេកក៏គ្មានអ្នកណាផ្សាយ អ្នកណាមើល។

… អម្បាញ់មិញនោះ ដូចអត់លឺ កាញារីទ្ធ អាន(ចំណុច)នេះ។ ខ្ញុំបានមើល។  គេព្រៀងសុន្ទរកថាឲ្យខ្ញុំជិត ២០ទំព័រ។ ប៉ុន្តែជា​​​ទំលាប់របស់ខ្ញុំ ខ្ញុំអត់(អាន)ទេ។ នេះ NOTE​ ខ្ញុំត្រូវធ្វើ។ ពេលដែលអស់លោកពិភាក្សា ខ្ញុំក៏ឆ្លៀតកែតម្រូវខ្លះៗនៅក្នុងហ្នឹង ដើម្បីខ្ញុំយកមកនិយាយ។ មានការអីវានៅក្នុងអានេះរបស់ខ្ញុំទេ។ ប៉ុន្តែដូចជាមិនឃើញ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ អានទេ តែមាននៅក្នុងពង្រៀងសុន្ទរកថារបស់គាត់ថា “ជាថ្មីម្តងទៀត ខ្ញុំសុំអនុញ្ញាតពាំនាំនូវសំនូមពររបស់សមាគមទូរទស្សន៍ …” អាហ្នឹងមានអានអត់មិញ? … នេះចេះខ្ញុំរវៀសភ្នែក …។

កាត់បន្ថយការយកថ្លៃទិដ្ឋាការ ត្រួតពិនិត្យវីដេអូភាពយន្តបរទេស

សូមសម្ដេចតេជោមេត្តាពន្យារការយកថ្លៃទិដ្ឋការ ត្រួតពិនិត្យវីដេអូភាពយន្តបរទេស សំរាប់ចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ ក្នុងមួយភាគ រយៈពេលមួយម៉ោង ថ្លៃ ៤០០ ០០០៛ ដែលត្រូវចាប់អនុវត្តនៅថ្ងៃ ០១ មករា ឆ្នាំ ២០១៨ រយៈពេល ៥ឆ្នាំ ដើម្បីទុកលទ្ធភាពអោយស្ថានីយទូរទស្សន៍រកចំណូលសំរាប់ផលិតវណ្ណកម្មខ្មែរចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍មួយចំនួនមួយរយៈសិន ដោយសារស្ថានភាព    ចំណូលនៃការផ្សាយពាណិជ្ជកម្មបច្ចុប្បន្នកំពុងមានការធ្លាក់ចុះ ហើយស្ថានីយទូរទស្សន៍ខ្លះអាចប្រឈមមុខទៅនឹងការក្ស័យធន។ ខ្ញុំរករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុមិនឃើញ រករដ្ឋលេខាធិការមិនឃើញ ងាកទៅរករដ្ឋមន្ត្រីក្រសួងវប្បធម៌ក៏មិនឃើញ។ តើយើងបានអញ្ចើញពួកគាត់មក ឬអត់? … ប៉ុន្តែអញ្ចេះ របបប្រធាន គឺនាយករដ្ឋមន្ត្រី ខ្ញុំប្រកាសយល់ព្រមតាមសំណើ។ បើវាមិនបានពន្ធពីអាហ្នឹង ក៏វាមិនទាន់ងាប់កម្ពុជាដែរ។ ប៉ុន្តែ ត្រូវគោរពបែបបទ … ចាក់​ខ្សែភាពយន្តខ្មែរ បន្ទាប់មកចាក់ខ្សែភាពយន្តបរទេស … ហើយម៉ោងណាហាមផ្សាយគ្រឿងស្រវឹង …។

តារាៗជានារីៗ គួកុំនិយាយថាមានអ្នកធំៗស្រលាញ់ច្រើន(បង្ខូចកេរ្តិ៍ឈ្មោះអ្នកធំ)

… ខ្ញុំតាំងចិត្តថ្ងៃមិញទេ ថាល្ងាចនេះគឺនិយាយ … ប្រាប់កូនៗទាំងអស់ ទាំងកូនបង្កើត និងកូនប្រសាជុំគ្នាថ្ងៃនេះ ប្រាប់ថាថ្ងៃហ្នឹងពុកត្រូវតែនិយាយ។ សុំយកឱកាសនេះ ផ្ញើជូនចំពោះក្មួយៗ ជាតារាៗ ជានារីៗ ដែលឡើងតាមកញ្ចក់ទូរទស្សន៍ ដែលឡើងតាមការសម្ភាសតាមវិទ្យុ តាមទូរទស្សន៍ ឬក៏ការចុះផ្សាយតាមសារព័ត៌មានតែងតែមានមួយចំនួនអះអាងថា អ្នកធំៗ ឧកញ៉ាៗ តាមស្រលាញ់ខ្លួនច្រើនណាស់។ ឥឡូវខ្ញុំចង់សួរតើអាអ្នកធំមួយណាអោយវាច្បាស់មើល  ឧកញ៉ាណា? អ្នកធំណា? … និយាយអោយចំឈ្មោះទៅក្មួយ។ ពូអត់ថាអីទេ។ ប៉ុន្តែក្មួយថា អញ្ចឹងវាខូចឈ្មោះអ្នកធំគេអស់ហើយ។ … FRESH NEWS មើលៗ ក្នុងបណ្ដាញរបស់ខ្លួនពីម្សិលមិញហ្នឹង។ ខ្ញុំមើលទៅវាចំកន្លែងហ្នឹង “មានអ្នកធំច្រើនណាស់តាមស្រលាញ់” … មើលក្មួយៗ តារាៗ តើនេះវាជាការពិត ឬគ្រាន់តែជាប្រឌិត ដើម្បីល្បីឈ្មោះ? សូមទោសមិនមែនជាការជេរស្ដីទេ។

ប៉ុន្តែការនិយាយស្ដីរបស់ក្មួយៗ ដែលបញ្ចេញមកតាមរយៈ ONLINE របស់ FRESH NEWS នៅស្ថានីយទូរទស្សន៍ខ្លះ នៅស្ថានីយព័ត៌មានខ្លះ ចេញមកសុទ្ធតែថា តារាឈ្មោះនេះមានអ្នកតាមស្រលាញ់ច្រើនណាស់មានអ្នកធំៗ ហើយអ្នកធំច្រើនណាស់ ស្រុកខ្មែរបើយើងរាប់ចាប់ពីចៅហ្វាយស្រុកមកងាប់បណ្ដាយ ហើយបើត្រឹមតែនៅក្នងក្របខណ្ឌរដ្ឋាភិបាល គិតត្រឹមតែពីថ្នាក់អគ្គនាយកដ្ឋានឡើងមក ក៏វាច្រើនណាស់ដែរ វាខូចកេរ្តិ៍ឈ្មោះគេអស់ហើយ។ ខ្ញុំគិតថាខ្ញុំសុំបានមើលទៅ។ ក្មួយៗមិនប្រកាន់នឹងពូទេរឿងនេះ។ ពូចង់អោយក្មួយៗល្អទេ … សង្ឃឹមថាពីថ្ងៃនេះទៅ អ្នកណាស្រលាញ់មិនស្រលាញ់អីស្ងាត់ស្ងៀមទៅ  … ច្បាស់ជាមាន FACE BOOK ​ជាច្រើនបង្ហោះចេញហើយថា លោក ហ៊ុន សែន ស្នើសុំតារាៗទោះបីមានអ្នកណាៗតាមស្រលាញ់ក៏ដោយ សូមលាក់ … ថ្ងៃនេះ ខ្ញុំដឹងថាក្រៅពីរាជរដ្ឋាភិបាលក៏មាន ក្រុមហ៊ុន សហគ្រាសកម្ពុជា ឧកញ៉ា លាង ឃុន ក៏បានជួយ ៣៥០ កេស​ ហើយមានការជួយទឹកបរិសុទ្ធ។ មានភ្លេងកំដរ ថ្ងៃនេះក៏ជូនដល់អ្នកភ្លេងចំនួន ៥ លានរៀលផងដែរ។ ចុងបញ្ចប់ ឆ្នាំក្រោយយើងសន្យាជួបគ្នាសាជាថ្មីទៀត គឺជាជំនួបលើកទី ៣ ចាត់ទុកថាជំនួបនេះ គឺជាជំនួបប្រចាំឆ្នាំរវាងនាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មានកម្ពុជា។ សូមឲ្យ​ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកនាង កញ្ញា ជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនសប្បាយរីករាយជាមួយគ្នាក្នុងរាត្រីនេះ អោយជួបប្រទះជាមួយនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ