សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរាជទូតជប៉ុន

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូតវៀតណាមហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ ឯកឧត្តម Horinoughi Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម Horinoughi Hidehisa បានសម្តែងការអបអរសាទរជូន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះលទ្ធផលនៃមហាសន្និបាតរបស់ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ ឯកឧត្តម Horinoughi Hidehisa រីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនដែលកាន់តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តម Horinoughi Hidehisa បានមានប្រសាសន៍បន្តថា ចំនួនភ្ញៀវទេចរណ៍ខ្មែរទៅកាន់ប្រទេសជប៉ុនពេលនេះមានការកើនឡើងរហូតទៅដល់ ៥ដង ហើយឆ្នាំនេះទៀតសោត គឺជាឆ្នាំនៃទំនាក់ទំនងការទូតលើកទី ៦៥ រវាងកម្ពុជា-ជប៉ុន ។ ក្រសួងការបរទេសជប៉ុនកំពុងធ្វើ សហប្រតិបត្តិការជាមួយក្រសួងការបរទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីនានាដើម្បីត្រៀមអបអរនៃទិវាខួបអនុស្សាវរីយ៍នេះ ។ ឯកឧត្តម Horinoughi Hidehisa ក៏បានជម្រាប​ជូន​សម្តេចផងដែរថា Logo ខួបអនុស្សាវរីយ៍នេះបានសម្រេចហើយគឺជាផ្លិតមានរូបម្ខាងជាទង់​ជាតិ​កម្ពុជា និងម្ខាងទៀតមានរូបជាទង់ជាតិជប៉ុន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តម Horinoughi Hidehisa ដែលបានសាទរ ចំពោះលទ្ធផលមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា ហើយសម្តេចតេជោ ក៏បានវាយតំលៃខ្ពល់ចំពោះស្លាកសញ្ញា Logo នៃចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុន លើកទី ៦៥នេះ។ សម្តេចតេជោ បានណែនាំអោយចូលរួមរៀបចំឲ្យមានសកម្មភាពអោយបានច្រើនដើម្បីញាំងអោយពិធីរំលឹកខួបអនុស្សាវរីយ៍ការទូតលើកទី៦៥នេះ កាន់តែមានភាពអធិកអធម្មបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ