សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយកម្មករធាក់ស៊ីក្លូ

CNV: 

ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពេលនេះ ដែលរួមមានកម្មករធាក់ស៊ីក្លូ ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័ន ព្រមទាំងលោកឧកញ៉ា អ្នកឧកញ៉ា ដែលជាអ្នកទ្រទ្រង់នូវសកម្មភាពនៃមូលនិធិរបស់យើង។ ខ្ញុំក៏សំដែងនូវការស្វាគមន៍ចំពោះក្មួយៗសិល្បករ សិល្បការិនី ដែលមកចូលរួមសំដែងកំដរសម្រាប់បងប្អូននៅថ្ងៃនេះ។

ថ្ងៃចាប់ផ្តើម នៃមូលនិធិត្រីចក្រយាន

ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមរបស់យើង មិនមែនគ្រាន់តែជាថ្ងៃប្រកាស ដើម្បីដាក់អោយដំណើរការ ឬការបង្កើតនូវមូលនិធិនោះទេ ក៏ប៉ុន្តែ គឺជាថ្ងៃចាប់ផ្ដើមនៃសកម្មភាពមូលនិធិតែម្ដង។ ប៉ុន្មានជា ៣ អាទិត្យមុននេះ ខ្ញុំបានប្រកាសពីគំនិតផ្ដួចផ្ដើមទាក់ទងជាមួយនឹងបញ្ហាការបង្កើតមូលនិធិស៊ីក្លូ ប៉ុន្តែឥឡូវនេះ យើងមិនអាចហៅត្រង់ថា មូលនិធិស៊ីក្លូនោះទេ ដោយសារតែនៅក្រសួងមហាផ្ទៃ ក៏មានលក្ខន្ដិកៈនៃសមាគមស៊ីក្លូរួចស្រេចទៅហើយ។ ដូច្នេះ យើងមានលក្ខន្ដិកៈរបស់យើង ហៅថា សមាគមមូលនិធិត្រីចក្រយាន ហៅកាត់ថា មូលនិធិស៊ីក្លូ។

មូលហេតុ ៤ ដែលរើសយក ខែមករា ចាប់ផ្តើមមូលនិធិ

ហេតុអ្វីទៅបានជាខ្ញុំត្រូវជ្រើសរើសយក ខែមករា ហើយយកថ្ងៃនេះ ជាថ្ងៃចាប់ផ្ដើមនៃមូលនិធិ? វាមានហេតុ រឿងរ៉ាវច្រើនណាស់ដែលកើតនៅក្នុង ខែមករា។ ដំបូង យើងត្រូវនិយាយថា ៧ មករា គឺជាថ្ងៃរំដោះប្រទេសរបស់យើងចេញពីរបប ប៉ុល ពត នេះជាចំណុចសំខាន់ទី ១ គឺជាខួបលើកទី ៣៩ នៃថ្ងៃរំដោះ ៧ មករា ១៩៧៩។

ទី ២ ក្នុង ខែមករា គឺថ្ងៃទី ៥ ខែមករា ក៏ជាខួបលើកទី ៤២ ឆ្នាំនៃអាពាហ៍ពិពាហ៍ដោយឥតភ្លេង ក្នុងសំលៀកបំពាក់ខ្មៅ និងជាគូទី ១៣ របស់ខ្ញុំ ដែលចាប់ពីពេលនោះ រហូតមកដល់ពេលនេះ បានក្លាយទៅជាគ្រួសារមួយដ៏ធំ ដែលមានមនុស្សរហូតទៅដល់ ៣២ នាក់ មានកូន និងកូនប្រសារ ១០ និងចៅរហូតដល់ ២០ បូកនឹងខ្លួនខ្ញុំ និងប្រពន្ធពីរនាក់ ឡើង ៣២ នាក់។

ទី ៣ ថ្ងៃទី ៨ ខែមករា ១៩៧៩ រហូតមកដល់ពេលនេះ មានរយៈពេល ៣៩ ឆ្នាំរួចមកហើយ ដែលខ្ញុំបានចូលកាន់កាប់នូវអំណាចរដ្ឋ តាមរយៈការជ្រើសតាំងអោយធ្វើជារដ្ឋមន្រ្តីការបរទេស ដែលពេលនោះ ទើបនឹងមានវ័យមិនទាន់គ្រប់ ២៧ ឆ្នាំផងទេ។

ឯមួយទៀត ស្អែកនេះ គឺជាខួបលើកទី ៣៣ នៃការដែលខ្ញុំកាន់តំណែងជានាយករដ្ឋមន្រ្តីនៅក្នុងប្រទេសមួយ ដែលកាលពេលនោះ អាចចាត់ទុកថាជានាយករដ្ឋមន្រ្តីដែលមានអាយុក្មេងជាងគេនៅលើពិភពលោក។ តែឥឡូវនេះ ក៏ក្លាយទៅជានាយករដ្ឋមន្រ្តីដែលធ្វើ តែមិនមែនមានវ័យចំណាស់ជាងគេលើពិភពលោកទេ ក៏ប៉ុន្តែគឺជាអ្នកដែលយូរជាងគេ។ ខែមករា ក៏នៅមានបញ្ហាច្រើនទៀតដែលទាក់ទងនឹងក្រុមគ្រួសារ និងប្រជាជនកម្ពុជារបស់យើង។ ដោយឡែកតែកូនៗរបស់ខ្ញុំ ក៏គេមានអាពាហ៍ពិពាហ៍របស់គេ ច្រើនធ្វើនៅក្នុង ខែមករា នេះឯង។

ដូច្នេះហើយ ខ្ញុំសម្រេចថា មិនត្រូវធ្វើសកម្មភាពអូសបន្លាយពេលទេ ម្យ៉ាងដោយសារការទន្ទឹងរង់ចាំពីសំណាក់បងប្អូនជាអ្នកធាក់ស៊ីក្លូទាំងឡាយ តើពេលណាទៅ? ហើយខ្ញុំធ្លាប់ស្គាល់រសជាតិរបស់ដែលហៅថា ការរង់ចាំ។ ដូច្នេះហើយ សកម្មភាពក្នុងប្រមាណជា ៣ អាទិត្យនេះ យើងបានធ្វើលក្ខន្ដិកៈរបស់យើង បញ្ជូនទៅអោយមានការទទួលស្គាល់ និងតម្កល់ទុកនៅឯក្រសួងមហាផ្ទៃ ដើម្បីយើងធ្វើសកម្មភាពស្របច្បាប់ទៅតាមក្របខណ្ឌនៃការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

សមាជិក ៤ ប្រភេទក្នុងលក្ខន្តិកៈ នៃមូលនិធិត្រីចក្រយាន

ពិតមែនតែខ្ញុំមានអំណាចខ្ពស់បំផុតនៅក្នុងអង្គការនីតិប្រតិបត្តិ ក៏ប៉ុន្តែថ្ងៃនេះ ខ្ញុំចេញក្នុងនាមខ្ញុំជាប្រធាន​កិត្តិ​យសនៃមូលនិធិត្រីចក្រយាន ដែលហៅកាត់ថា មូលនិធិស៊ីក្លូរបស់យើង។ ខ្ញុំគួរតែត្រូវបកស្រាយ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសំណាក់អ្នកធ្វើអត្ថាធិប្បាយ និងពីសំណាក់អ្នកដែលនិយមចូលចិត្តវាយប្រហារគេឯង។ ហេតុអ្វីនៅក្នុងលក្ខន្ដិកៈរបស់យើង មានសមាជិក ៤ ប្រភេទ? ១ គឺសមាជិកស្ថាបនិក។ ២ គឺសមាជិកកិត្តិយស។ ៣ គឺសមាជិកគាំទ្រ។ និង ៤ សមាជិកសកម្ម។

ខ្ញុំសុំបកស្រាយនៅទីនេះ ដើម្បីយើងទាំងអស់គ្នាអាចយល់អោយបានច្បាស់។ សមាជិកស្ថាបនិក គឺជាអ្នកដែលមានផ្ដួចផ្ដើមបង្កើតនូវមូលនិធិនេះឡើង គឺអាចនឹងមានខ្លួនខ្ញុំ និងមនុស្សមួយចំនួនផ្សេងទៀត ដែលទ្រ​ទ្រង់​នូវសកម្មភាពនេះ។ ទី ២ សមាជិកកិត្តិយស គឺជាអ្នកដែលបានចូលរួមផ្ដល់ជាគំនិត យោបល់ ជួយឧបត្ថម្ភគាំទ្រជាធនធាន សំភារៈ ថវិកា ដើម្បីបង្កើត និងដំណើរការមូលនិធិ ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទី ៣ សមាជិកគាំទ្រ គឺជាអ្នកដែលបានរួមជាសកម្មភាព ដើម្បីដំណើរការមូលនិធិ និងទី ៤ សមាជិកសកម្ម គឺជាអ្នកប្រកបរបរធាក់ស៊ីក្លូជាអាជីព ដែលបានចូលរួមជាសមាជិករបស់មូលនិធិ។

សមាជិកសកម្ម ឬអ្នកធាក់ស៊ីក្លូដោយផ្ទាល់ នឹងទទួលបានអត្ថប្រយោជន៍ពីមូលនិធិ

សមាជិកនៃសមាគម​ពាក់ព័ន្ធ នឹងមុខរបរធាក់ស៊ីក្លូ អាចចូលជាសមាជិករបស់មូលនិធិនេះបាន។ ខ្ញុំសុំបញ្ជាក់នៅ​ទីនេះថា មានតែសមាជិកសកម្ម ដែលជាអ្នកធាក់ស៊ីក្លូដោយផ្ទាល់តែប៉ុណ្ណោះ ដែលនឹងទទួលបានអត្ថប្រ​យោជន៍ពីមូលនិធិនេះ។ ឯសមាជិកប្រភេទទី ១ និងទី ២ ហើយនិងទី ៣ មិនទទួលផលទេ ក៏ប៉ុន្តែគឺជាអ្នកបរិច្ចាគទៅវិញ។ ខ្ញុំសុំបញ្ជាក់ថា នឹងអាចមានការបកស្រាយថា លោក ហ៊ុន សែន ចាប់បង្ខំអោយអ្នកធាក់ស៊ីក្លូចូលជាសមាជិករបស់ខ្លួន ទើបមានការឧបត្ថម្ភ។ ប៉ុន្តែយើងត្រូវចោទសួរថា តើខ្ញុំដើរផ្ដល់លុយអោយអ្នកណាខ្លះ​ អ្នកណាដែលយើងត្រូវផ្ដល់លុយអោយ? មិនអាចផ្ដល់លុយពាសវាលពាសកាលបានទេ វាទាល់តែអ្នកនោះមានអ្វីជាសំគាល់ ទើបអាចទទួលបាននូវផលប្រយោជន៍ពីមូលនិធិ។ ខ្ញុំមិនចង់អោយមូលនិធិនេះ ប្រើប្រាស់គ្រាន់តែក្បាលសមាគម ឬក៏ក្បាលម៉ាស៊ីននៃមូលនិធិ។

ឥឡូវ ស្ថានភាពពិតប្រាកដ ដូចដែលឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សា បានធ្វើរបាយការណ៍អម្បាញ់​មិញ សមាគមស៊ីក្លូនៅក្នុងប្រទេសយើងមានដល់ទៅ ២។ ក្រៅពីនោះ គឺនៅមានអ្នកធាក់ស៊ីក្លូដែលមិនចូលសមាគមណាទៀតផង។ ដូច្នេះ ខ្ញុំមិនអាចផ្ដល់ប្រាក់កាសទៅតាមរយៈសមាគមបានទេ។ រឿងនេះ ខ្ញុំធា្លប់បានជួបប្រទះច្រើនណាស់មកហើយ ដោយគេបានចាត់ចែងប្រើប្រាស់នូវថវិកាដែលខ្ញុំបានផ្ដល់ទៅ ត្រឹមតែបម្រើអោយផលប្រយោជន៍នៃអ្នកកាន់កាប់សមាគម។ អ្នកខ្លះបានលើកសំណើមកខ្ញុំ ដើម្បីបង្កើតអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយអ្នកក្រីក្រ។ ប៉ុន្តែសំណើរបស់ពួកគេនោះ បានស្នើសុំដំបូងបំផុត ឡាន ២ គ្រឿង ម៉ូតូ ៤-៥ គ្រឿង និងផ្ទះជាកន្លែងទីស្នាក់ការ ឬក៏តម្លៃជួលទីស្នាក់ការ និងដំណើរការប្រាក់បៀវត្សសម្រាប់បុគ្គលិក។ អញ្ចឹងខ្ញុំចារត្រឡប់ទៅវិញ បើគ្មានលទ្ធភាព គ្រាន់តែមកសុំលុយខ្ញុំ ដើម្បីបង្កើតនូវដំណើរការនេះ តើមានប្រយោជន៍អ្វីទៅ?

អត្ថប្រយោជន៍ទី ១ ពិនិត្យ និងព្យាបាលឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ

ខ្ញុំមិនខ្ជះខ្ជាយជាមួយនឹងការធ្វើបែបនេះនោះទេ។ ខ្ញុំចង់ជួយដោយផ្ទាល់ទៅដល់អ្នកធាក់ស៊ីក្លូពិតប្រាកដ​។ ដូច្នេះ សុំអោយសមាគមនានា មេត្តាយោគយល់។ ខ្ញុំមិនរំលាយសមាគមទេ ហើយអ្នកដែលចូលនៅក្នុងសមា​គម​នោះ ក៏នៅបន្តទៅ។ ប៉ុន្តែ ដើម្បីធានានូវផលប្រយោជន៍របស់អ្នកធាក់ស៊ីក្លូពិតប្រាកដ អ្នកធាក់ស៊ីក្លូទាំងឡាយ ត្រូវបានចូលជាសមាជិកនៃមូលនិធិ។ តាមរយៈនៃការចូលជាសមាជិកមូលនិធិនេះ អ្នកធាក់ស៊ីក្លូត្រូវបានទទួលនូវផលប្រយោជន៍។ ទី ១ ចូលទៅក្រោមមូលនិធិសមធម៌ ដើម្បីបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ បណ្ណសមាជិកនេះ ត្រូវបានយកទៅចុះបញ្ជីជាមួយនឹងបេឡាជាតិសន្ដិសុខសង្គមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់ទៅអោយការពិនិត្យព្យាបាលដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ក្រោមមូលនិធិសមធម៌។ នេះគឺជាផលប្រយោជន៍ ទទួលបានដូច​ដែល​ខ្ញុំបានប្រកាសពីក្របខណ្ឌគោលនយោបាយអត្ថប្រយោជន៍ ដែលកម្មករទាំងក្នុង និងក្រៅប្រព័ន្ធត្រូវទទួលបាន។

អត្ថប្រយោជន៍ទី ២ ទទួលប្រាក់ប្រចាំថ្ងៃ ៧ ០០០ រៀល

ឯទី ២ ទទួលបាននូវបណ្ណមូលនិធិនេះ គឺទទួលបានប្រាក់ប្រចាំថ្ងៃ ៧ ០០០ រៀលក្នុងមួយថ្ងៃ។ មានន័យថា មូលនិធិនឹងផ្តល់​ជូននូវតម្លៃ ដែលធ្លាប់ជួលស៊ីក្លូ ដែលយើងស៊ើបដឹង គឺក្នុងចន្លោះ ១ ៧០០ ទៅ ២ ០០០ រៀលដូច្នេះ យើងនឹងផ្តល់ ២ ០០០ រៀលតែម្តង ទោះបីអ្នកនោះមានស៊ីក្លូខ្លួនឯងក៏ដោយ ក៏យើងចាត់ទុកថា ២ ០០០ រៀលនេះ គឺជាប្រាក់ដើម្បីគាត់ថែទាំស៊ីក្លូ។ ក្រៅពីនោះ យើងនឹងផ្តល់ ៥ ០០០ រៀល សម្រាប់ម្នាក់ គឺជាតម្លៃនៃការទទួលទាន បានសេចក្តីថាប្រាក់បាយប្រចាំថ្ងៃ។ សមាជិកទី​ ៤ នេះមិនបានបាត់បង់​នូវថវិកាណាមួយទេ មិនត្រូវបានទទួលនូវការបង់ថ្លៃជាវិភាគទាន សម្រាប់ចូលជាសមាជិកទេ គ្រាន់តែធ្វើពាក្យសុំតែប៉ុណ្ណោះ ហើយបើអ្នកណាមិនសុំ យើងក៏មិនផ្តល់នូវការអនុញ្ញាតឲ្យចូលជាសមាជិកនោះដែរ។ បើមានការចង់ចេញពីសមាគម យើងក៏​​នឹងផ្តល់ឲ្យមានការចាកចេញដូចគ្នាដែរ។

ដូច្នេះ យើងសូមបញ្ជាក់ឲ្យហើយចំពោះអ្នកទាំងឡាយ ដែលមិនយល់ ក៏ត្រូវតែរៀនយល់ថា យើង ឬក៏ថា ខ្ញុំនឹងមិនប្រើប្រាស់នូវមូលនិធិ ដែលបានទទួលពីសប្បុរសជននានា យកទៅប្រើប្រាស់ខុសគោលដៅ ហើយវាបានត្រឹមតែជាអត្ថប្រយោជន៍នៃសមាគម ហើយក៏មិនបង្ខំទៅឲ្យ​សមាជិកនៃមូលនិធិ ដែលជាអ្នកធាក់ស៊ីក្លូដោយផ្ទាល់ចូលជាសមាជិកនោះទេ គឺចូលតាមការស្ម័គ្រចិត្ត។ ហើយខ្ញុំនឹងមិនប្រើប្រាស់ថវិកានេះ ដើរចែកដោយខុសមុខសញ្ញានោះទេ។ មិនអាចចេះតែមានអ្នកណាមកអះអាងថា ខ្ញុំជាអ្នកធាក់ស៊ីក្លូត្រូវតែបាននោះទេ ត្រូវតែមានការពិនិត្យថា គាត់ពិតជាអ្នកធាក់ស៊ីក្លូពិតប្រាកដ ឬមិនពិតប្រាកដ។ យើងក៏មានចែងអំពីការបាត់បង់សមាជិកភាព ការដាក់ពាក្យសុំលាឈប់ ឬការឈប់ប្រកបរបធាក់ស៊ីក្លូ។

ការបើកប្រាក់ធ្វើឡើង ១០ ថ្ងៃម្តង និងតាមរយៈសេវាផ្ទេរប្រាក់វីង

… យើងចាប់ផ្តើមពីថ្ងៃនេះតែម្តង ដោយផ្តល់ទាំងថវិកាសម្រាប់តម្លៃដែលខ្លួនត្រូវធាក់ស៊ីក្លូ ហើយយើងនឹងអាចបំព្រួញពេលវេលា ដើម្បីយើងយកកំណត់ថា ថ្ងៃ ១០ ថ្ងៃ ២០ និងថ្ងៃ ៣០ ដប់ថ្ងៃ កម្មករស៊ីក្លូរបស់យើងនឹងទទួលបានបើកប្រាក់ម្តង។ មូលនិធិនឹងធ្វើការជាមួយនឹងសេវាវីង(Wing) ដែលជាសេវាផ្ទេរប្រាក់។ អញ្ចឹងទេ មានបណ្ណស៊ីក្លូមួយ មិនចាំបាច់មកបើកនៅស្នាក់ការកណ្តាលទេ បើកនៅកន្លែងណាក៏បានដែ​​រ ឲ្យតែមានបណ្ណហ្នឹងច្បាស់លាស់។ ទៅដល់កន្លែងវីង​​ វីងនឹងផ្ទេរប្រាក់ចេញឲ្យកម្មករស៊ីក្លូរបស់យើង (មិន)ពិបាកមកបើកលុយ អង្គុយរង់ចាំ។ យើងធ្វើឲ្យវាទំនើបតែម្តង។ ស៊ីក្លូបច្ចុប្បន្នទំនើប អម្បាញ់មិញ ខ្ញុំបានធាក់ស៊ីក្លូប្រហែលជា ២០០ ទៅ ៣០០ ម៉ែត្រ រួចហើយបានខ្ញុំចុះ។ ខ្ញុំឲ្យតាធាក់ស៊ីក្លូដឹកខ្ញុំម្តង។

ក្រុមប្រឹក្សាត្រូវគិតគូរទៅដល់ឯកសណ្ឋាន និងប្រាក់ឧបត្ថម្ភពេលមានបុណ្យទានធំៗ

ឥឡូវ នៅក្នុងទីនេះ គ្រាន់តែបានបញ្ជាក់អំពីការទទួលបានប្រចាំថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមប្រឹក្សាភិបាលត្រូវតែពិនិត្យមើលថែមទៀត។ ការផ្តល់នូវសម្លៀកបំពាក់ប្រចាំឆ្នាំ តើត្រូវបន្តនូវ​ឯកសណ្ឋានសព្វថ្ងៃ ឬក៏ត្រូវរៀបចំឯកសណ្ឋានមួយ ដែលជាឯកសណ្ឋានរបស់មូលនិធិផ្តល់ឲ្យ ដើម្បីយើងមានឯកសណ្ឋានជាក់លាក់មួយ សម្គាល់ថាជាអ្នកធាក់ស៊ីក្លូ ហើយដែលសកម្មភាពទាំងអស់នេះ វានឹងក្លាយជាការរួមចំណែកបម្រើឲ្យគោលដៅទេស​ចរណ៍របស់យើង និងការដឹកជញ្ជូនក្នុងចំណោមប្រជាជនរបស់យើង។   ​ក្រុមប្រឹក្សាភិបាលក៏ត្រូវពិនិត្យផងដែរថា នៅពេលដែលបុណ្យទានម្តងៗ តើត្រូវឧបត្ថម្ភចំពោះសមាជិកមូលនិធិរបស់យើងបែបណា? ដូចជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានទទួលពីរាជរដ្ឋាភិបាលនៅពេលមានការភ្ជុំបុណ្យ ចូលឆ្នាំខ្មែរ។ ក្នុងករណីដែលមូលនិធិរបស់យើងមានចំនួនគួរសម យើងក៏អាចនឹងឧបត្ថម្ភឲ្យសមាជិក ជាអ្នកធាក់ស៊ីក្លូរបស់យើង នូវប្រាក់បន្ថែមសម្រាប់ឲ្យគាត់បានចូលឆ្នាំ និងភ្ជុំបិណ្ឌ ឬបុណ្យទានដទៃទៀតផងដែរ។ ក្រុមប្រឹក្សាភិបាលត្រូវសម្រេចទៅលើចំនួនទឹកប្រាក់ ដែលត្រូវឧបត្ថម្ភឲ្យសមាជិកអ្នកធាក់ស៊ីក្លូរបស់យើង​។

ឧបត្ថម្ភកម្មករស៊ីក្លូ ពេលទទួលមរណភាព និងពេលគាត់ធាក់លែងកើត

យើងក៏ត្រូវពិនិត្យបន្ថែមទៀត ទៅលើបញ្ហាករណី ឧទាហរណ៍ ករណីដែលគាត់ទទួលមរណភាព តើយើងត្រូវជួយឧបត្ថម្ភចំពោះគ្រួសារ នៃអ្នកធាក់ស៊ីក្លូបែបណា? នេះក៏ត្រូវបានគិត ដូច្នេះហើយបានជាបញ្ហារបស់យើងនៅទីនេះ មិនមែនគ្រាន់តែជាបញ្ហាថវិកាដំណើរការប្រចាំថ្ងៃទេ ក៏ប៉ុន្តែ យើងបានគិត​អំពីថវិកាដែលបម្រុងទុកសម្រាប់បញ្ហាពាក់ព័ន្ធជាមួយនឹងការផ្តល់ជូនចំពោះអ្នក ដែលទទួលមរណភាព មានធុរៈក្នុងពេលដែលកំពុងធ្វើសកម្មភាពអាចនឹងមានការបាត់បង់ជីវិត។ ពេលនោះ តើយើងមានកម្មវិធីឧបត្ថម្ភចំពោះគ្រួសារសពអ្នកធាក់ស៊ីក្លូបែបណា? នៅមានបញ្ហាការឈប់ប្រកបរបរធាក់ស៊ីក្លូ ដោយសារតែខ្លួនមានវ័យចំណាស់ តើយើងមានកម្មវិធីឧបត្ថម្ភរបៀបណា? ឧទាហរណ៍ យើងគិតថា នៅពេលដែលគាត់បញ្ចប់ការធាក់ស៊ីក្លូ យើងអាចគុណនឹងអត្ថប្រយោជន៍របស់គាត់ មួយថ្ងៃ ៧ ០០០ ​រៀល យើងគិតថា ស្មើនឹង ១០០ ឬ ២០០ ថ្ងៃ ឧទាហរណ៍យ៉ាងដូច្នេះ ដើម្បីឲ្យគាត់បានលុយមួយដុំ យកទៅផ្ទះ ហើយប្រកបមុខរបរថ្មី។ នេះជាចំណុចដែលខ្ញុំគ្រាន់តែជាអនុសាសន៍ក្នុងឋានៈជាប្រធានកិត្តិយស នៃសមាគម និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតនូវមូលនិធិនេះឡើង។

អាវរងារ និងអាវភ្លៀង ពេលខែរងារ និងខែភ្លៀង

នៅមានបញ្ហាដទៃទៀត សូម្បីតែបញ្ហាខែរងារ យើងក៏ត្រូវរកវិធីដោះស្រាយអាវរងារ នៅពេលដែលមានភ្លៀងធ្លាក់ យើងក៏ត្រូវរកវិធីដោះស្រាយភ្លៀងធ្លាក់ ដែលថ្ងៃនេះ ខ្ញុំត្រូវនាំយកអាវរងារសម្រាប់ពាក់ឲ្យកងទ័ព និងអាវភ្លៀងសម្រាប់ពាក់ឲ្យកងទ័ព មកពាក់ឲ្យអ្នកធាក់ស៊ីក្លូ។ ពិតមែនតែវាមិនត្រូវ ប៉ុន្តែប៉ុន្មានថ្ងៃនេះ កំពុងតែរងារ អញ្ចឹងទេ អាវរងារដែលទទួលបាននៅថ្ងៃនេះ នឹងទៅជាកន្លែងកក់ក្តៅ ដល់ពេលភ្លៀងធ្លាក់ អាវភ្លៀងនេះក៏ជាអាវភ្លៀងសម្រាប់ធានានូវការពារសុខុមាលភាពរបស់ខ្លួន ហើយជាប្រភេទអាវរងារ និងអាវភ្លៀង ដែលខ្ញុំបំពាក់ឲ្យកងទ័ពនៅតាមព្រំដែនគ្រប់ទី​កន្លែង។ ខ្ញុំសង្ឃឹមថា អ្នកធាក់ស៊ីក្លូទាំងអស់ នឹងគោរពនូវលក្ខន្តិកៈ។ យើងត្រូវបោះ(ពុម្ព)លក្ខន្តិកៈនេះ ចែកជូនសមាជិករបស់យើង។ បោះជាកូនសៀវភៅតែម្តង។ មិនមែនតែសមាជិកសកម្ម ដែលជាអ្នកធាក់ស៊ីក្លូទេ ក៏ប៉ុន្តែ វត្តមានអ្នកចូលរួមទាំងឡាយនៅថ្ងៃនេះ ក៏ជាសមាជិកដែរ ហើយខ្ញុំស្នើឲ្យមានបណ្ណ នៃការថ្លែងអំណរគុណចំពោះអ្នកដែលបានចូលរួមនូវថវិកា ចុះហត្ថលេខាដោយខ្លួនខ្ញុំជាប្រធានកិត្តិយស នៃមូលនិធិ ដើម្បីជាការចងចាំរំលឹកនូវគុណបំណាច់អ្នកដែលបានចូលរួមរបស់យើង។

បញ្ជីរាយនាមសប្បុរសជន ជួយដល់មូលនិធិ

ថ្ងៃនេះ ខ្ញុំចង់បញ្ជាក់​ថា មូលនិធិដែលយើងមាននៅក្នុងដៃប៉ុន្មាន ហើយយើងអាចប្រើប្រាស់ប៉ុន្មាន? តាមការប៉ាន់ស្មានរបស់ខ្ញុំ ក្នុងមួយឆ្នាំ យើងអាចចាយក្នុងរង្វង់ ២៤ ទៅ ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងទៅលើការប៉ាន់ស្មានរបស់ខ្ញុំ។ សម្រាប់ខ្លួនខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ឥឡូវបានដាក់ ៥០០ លានរៀល ចូលទៅក្នុងគណនេយ្យបើកនៅធនាគាររួចស្រេចទៅហើយ បន្ទាប់ទៅ អម្បាញ់មិញខ្ញុំបានចូល ២ ម៉ឺនដុល្លារបន្ថែមទៀត បានសេចក្តីថា ខ្ញុំនឹងចូល ២ ម៉ឺនដុល្លារក្នុងមួយខែ។ មួយឆ្នាំស្មើនឹង ២៤ ម៉ឺនដុល្លារ។ អញ្ចឹងមានន័យថា ខ្ញុំបានចូលរួមប្រមាណជាងជិត ១ ពាន់លានរៀល ក្នុងមួយឆ្នាំ ដើម្បីដំណើរការ ព្រោះខ្ញុំមិនចង់ឲ្យវាបរាជ័យ ដោយការក្ស័យធននោះទេ។ ក្រៅពីនោះ តាមការកត់ត្រានៅទីនេះ ហើយដែលឯកឧត្តម ឃួង ស្រេង បានធ្វើរបាយការណ៍ ខ្ញុំសូមបូកសរុប និងប្រកាសបន្ថែមនៅទីនេះថា៖

  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ចូល ៥ ០០០ ដុល្លារសហរដ្ឋអាមេរិក នៅថ្ងៃនេះ។
  • លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ចូល ៣ ០០០ ពាន់ដុល្លារសហរដ្ឋអាមេរិក។
  • ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចូល ២ ៥០០ ដុល្លារសហរដ្ឋអាមេរិក។
  • ឯកឧត្តម ម៉ម ប៊ុនហេង ចូល ២ ៥០០ ដុល្លារសហរដ្ឋអាមេរិក។
  • ឯកឧត្តម អ៊ិត សំហេង ចូល ៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។
  • ឧកញ៉ា អ៊ឹង ប៊ុនហូវ ចូល ៥០ ០០០ ដុល្លារសហរដ្ឋអាមេរិក។
  • ឯកឧត្តម ប៉ា សុជាតិវង្ស ចូល ២ ៥០០ ដុល្លារសហរដ្ឋអាមេរិក។
  • ឯកឧត្តម អូស្មាន់ ហាសាន់ ចូល ២​ ៥០០ ដុល្លារសហរដ្ឋអាមេរិក។
  • ឧកញ៉ា លី ហួរ ចូល ៣០ ០០០ ដុល្លារសហរដ្ឋអាមេរិក។

ក្រៅពីនោះនៅមានអ្នកចូលប្រចាំឆ្នាំ គឺមាន៖

  • ឧកញ៉ា គិត ម៉េង ចូល ៥០ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។
  • ឧកញ៉ា លាង ឃុន និងលោកជំទាវ ចូល ៥០ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។
  • ឧកញ៉ា ថៃ ជាហួត និងលោកជំទាវ ចូល ៥០ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។
  • ឧកញ៉ា អ៊ឹង ប៊ុនហូវ ចូល ៥០ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។ (ទៀត)

ត្រូវរួមគ្នាថែទាំ និងអភិរក្សស៊ីក្លូ

ដូច្នេះ យើងនឹងមានថវិកាពីសប្បុរសជនរបស់យើង ដែលចូលប្រចាំឆ្នាំ ក្នុង ១ ឆ្នាំ ២០០ ០០០០ ដុល្លារសហរដ្ឋអាមេរិកថែមទៀត លើថវិការបស់ខ្ញុំ និង​ឯកឧត្តម ឃួង ស្រេង ដែលចូល ៤០ លានរៀល ក្នុងមួយឆ្នាំ។ អញ្ចឹងទេ យើងមានមូលនិធិដើម្បីចាប់ដំណើរការពីថ្ងៃនេះទៅ។ ថ្ងៃនេះ យើងក៏ត្រូវគិតទៅដល់ថែមទៀតថា តើទៅដល់ថ្ងៃមុខ ដើម្បីអភិរក្សស៊ីក្លូរបស់យើងឲ្យបានល្អ តើមានមធ្យោបាយអ្វី ដែលអាចកែច្នៃ ថែទាំស៊ីក្លូ ឬការផលិតស៊ីក្លូ។ នេះក៏សុទ្ធតែបញ្ហាមួយ ព្រោះវាបើយោងទៅលើប្រវត្តិ ព្រះករុណា ព្រះបរមរតនកោដ្ឋ កាលពីព្រះអង្គនៅដឹកនាំប្រទេស ព្រះអង្គចាត់ទុកស៊ីក្លូជាអត្តសញ្ញាណរបស់ជាតិខ្មែរមួយ ហើយពេលនោះ ព្រះអង្គបានអំពាវនាវឲ្យមានការអភិរក្សស៊ីក្លូ។ ឥឡូវ មធ្យោបាយដឹកជញ្ជូនដទៃទៀត បានមកជំនួសស៊ីក្លូ តាំងពីចំនួនស៊ីក្លូជាង ១ ម៉ឺន ឥឡូវ នៅសល់តែជាង ៣០០ តែប៉ុណ្ណោះ។ យើងត្រូវថែទាំនូវស៊ីក្លូរបស់យើងនេះឲ្យបាន។

ជីវភាពអ្នកធាក់ស៊ីក្លូនឹងប្រសើរឡើង/ចូលរួមជួយជិះស៊ីក្លូឡើងវិញ

សង្ឃឹមថា បងៗ ឬប្អូនៗ ឬក្មួយៗ ដែលជាអ្នកធាក់ស៊ីក្លូ នឹងខិតខំ មានដើមទុននៅក្នុងដៃហើយ បានសេចក្តីថា មួយថ្ងៃ ដែលមុននេះ ធ្លាប់យកប្រាក់ទៅជួលស៊ីក្លូ ត្រូវជំនួសដោយមូលនិធិ មុននេះ ត្រូវប្រឹងធាក់ស៊ីក្លូ ដើម្បីមកទិញអាហារទទួលទាន។ តែឥឡូវនេះ បងប្អូនមានប្រាក់ ៥ ០០០ រៀលក្នុងដៃ បានសេចក្តីថាលើស ១ ដុល្លារ ស្មើនឹងអត្រាដែលអង្គការសហប្រជាជាតិបានកំណត់ថា ១,២៥ ដុល្លារ គឺបានឆ្លងផុតបន្ទាត់នៃភាពក្រីក្រ។ ឥឡូវ អ្នកធាក់ស៊ីក្លូរបស់យើងទទួលបានជិត ២ ដុល្លារ ឬ ៧ ០០០ រៀល ក្នុងមួយថ្ងៃ។ ពេលដែលរកបានត្រូវបង់ទាំងស្រុងទៅឲ្យក្រុមគ្រួសារ មិនមានការចាំបាច់បង់ឲ្យមូលនិធិ ឬបង់ឲ្យនរណាទេ។ អញ្ចឹងទេ សង្ឃឹមថា ជីវភាពរបស់អ្នកធាក់ស៊ីក្លូរបស់យើង នឹងបានប្រសើរជាងមុន …។ នេះជាអ្វីដែលខ្ញុំចង់និយាយ ហើយសូមមេត្តាគោរពនូវច្បាប់ចរាចរណ៍ ហើយរៀនសូត្រនូវច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រុវ។ ខ្ញុំអំពាវនាវចំពោះអ្នកធ្វើការខាងវិស័យទេសចរណ៍ទាំងឡាយ សូមឲ្យជួយទាក់ទាញនូវអ្នកទេសចរអោយជិះស៊ីក្លូ។ សូមឲ្យប្រជាពលរដ្ឋកម្ពុជារបស់យើង ដែលឥឡូវនេះ និយមប្រើប្រាស់នូវមធ្យោបាយគ្រឿងយន្ត កុំភ្លេចស៊ីក្លូ ដែលស៊ីក្លូនេះក៏អាចជួយកាត់បន្ថយនូវការបំពុលដល់បរិស្ថានផងដែរ ហើយការជិះស៊ីក្លូ ក៏ជាផ្នែកមួយនៃការរួមចំណែកទៅដល់ការជួយជីវភាព និងប្រាក់ចំណូលរបស់អ្នកធាក់ស៊ីក្លូផងដែរ។

សម្រាប់ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់បងប្អូនធាក់ស៊ីក្លូ ចំនួន ៣០៨ នាក់ ដែលម្នាក់ៗទទួលបានអាវរងារមួយ អាវភ្លៀងមួយ កន្សែងពោះគោមួយ ក្រមាមួយ មុងមួយ ភួយមួយ និងប្រាក់ ៥៧ ម៉ឺនរៀល។ ក្នុងបញ្ហាប្រាក់ ៥៧ ម៉ឺនរៀលនេះទៀតសោត ខ្ញុំសូមបញ្ជាក់ថា ៥០ ម៉ឺនជាប្រាក់ឧបត្ថម្ភរបស់ខ្ញុំ ឯ ៧ ម៉ឺនទៀត គឺជាប្រាក់ចេញពីមូលនិធិ ដែលនឹងបើកឲ្យពីថ្ងៃនេះទៅ គឺមួយថ្ងៃ ៧ ០០០ រៀល។ អញ្ចឹង កុំភ្លេចបែងចែកវាជា ២។ មួយគឺខ្ញុំផ្តល់ឲ្យជាអំណោយ ឯមួយទៀតជាប្រាក់កាតព្វកិច្ចតាមលក្ខន្តិកៈ មួយថ្ងៃ ៧ ០០០ រៀល។ សូមបញ្ជាក់ថា ថ្ងៃ ២០ បងប្អូនចាប់មកបើក។ បំព្រួញវាត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ។ ដល់ថ្ងៃ ២០ បងប្អូនមកបើក។ ថ្ងៃ ៣០ បងប្អូនមកបើក ហើយដល់ទៅខែក្រោយ ថ្ងៃ ១០ មកបើក។ យើងបើកថ្ងៃ ១០, ២០ និង ៣០ (រៀងរាល់ខែ) គឺដប់ថ្ងៃ បើកម្តង។ ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ ដែលមានវត្តមាននៅទីនេះ ដែលបានចូលរួមផ្តល់នូវវិភាគទាន។

អ្នកធាក់ស៊ីក្លូកុំសេពគ្រឿងស្រវឹង

… បើកុំមានជាប់ពិព័រណ៍ និងកីឡាកងទ័ព ខ្ញុំនឹងនាំយកស៊ីក្លូទាំងជាង ៣០០ ហ្នឹងមកកាន់កោះពេជ្រ តែដោយ​សារជាប់ពិព័រណ៍ និងកីឡាកងទ័ព យើងយកមកបានតែ ១៥ គ្រឿងប៉ុណ្ណោះ។ ខ្ញុំអំពាវនាវកុំឲ្យធាក់ស៊ីក្លូក្នុងស្ថានភាពស្រវឹង។ សមាជិកនៃមូលនិធិ មិនត្រូវប្រើប្រាស់គ្រឿងស្រវឹងនៅពេលដែលខ្លួនធាក់ស៊ីក្លូនោះទេ។ វាជាគ្រោះថ្នាក់ ចាំចប់ពីការធាក់ ចាំយើងប៉ូវស្រាសាច់ដុំ ដើម្បីបង្កើនកម្លាំងធាក់ស៊ីក្លូសម្រាប់ថ្ងៃស្អែក។ តែថ្ងៃនេះ ដោយសារតែយើងបានប្រើប្រាស់នូវឡានដើម្បីដឹកអ្នកធាក់ស៊ីក្លូ អាចផឹកបាន។ តែមានត្រឹមប៊ីយែរ មិនដល់ស្រាទេ។ ប៉ុន្តែ ១៥ នាក់ ដែលយកស៊ីក្លូមកថ្ងៃនេះ សុំកុំផឹក ប្រយ័ត្នជិះបុកគេត្រឡប់ទៅវិញ។ សុំជូនទៅចំពោះតន្ត្រី ដែលមកកំដរនៅទីនេះ យើងមិនមានការឧបត្ថម្ភ ក៏សុំឧបត្ថម្ភ ៥ លានរៀលសម្រាប់តន្រ្តីថ្ងៃនេះផងដែរ។ សុំចាំក្មួយៗជាអ្នកចម្រៀងទាំងឡាយ ចាស់ៗអ្នកធាក់ស៊ីក្លូមិនចូលចិត្តអាបទលោតកន្ឆេងទេ ចូលចិត្តចម្រៀងបែបបុរាណ​ បែបប្រពៃណី និងបែបកម្សត់។ អញ្ចឹងទេ បន្តិចទៀត យើងនឹងបានស្តាប់កន្សែងក្រហម ផាត់ពពក លោមនាង ឬបទចម្រៀងអីដែលវាទាក់ទងនឹងជីវិត។

ការចូលរួមជាមួយមូលនិធិមិនមានការបង្ខំ

… តើមានអ្វីដែលខ្ញុំភ្លេចទេ? ខ្ញុំគ្រាន់តែបញ្ជាក់ថា អ្នកទាំងឡាយបើមិនយល់ សូមស្វែងយល់ មូលហេតុដែលឲ្យ​ចូលមូលនិធិ មានកាតមូលនិធិទើបទទួលបាននូវអត្ថប្រយោជន៍ អ្នកដែលមិនចង់ចូល ខ្ញុំក៏មិនសំណូមពរឲ្យចូលដែរ ព្រោះនឹងមានការបកស្រាយដោយបំពាន និងវាយបកមកលើខ្ញុំថា លោក ហ៊ុន សែន បង្ខំឲ្យអ្នកស៊ីក្លូចូលជាមួយមូលនិធិ។ ប៉ុន្តែ ខ្ញុំអាចឆ្លើយទៅវិញថា ខ្ញុំមិនអាចដើរចែកលុយឲ្យ ដោយមិនស្គាល់ថា អ្នកណាជាអ្នកធាក់ស៊ីក្លូនោះទេ។ បណ្ណមូលនិធិសម្រាប់ប្រើប្រាស់ចុះឈ្មោះនៅក្នុងបេឡាជាតិសន្តិសុខសង្គម សម្រាប់ចូលទៅពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃក្រោមមូលនិធិសមធម៌។ បណ្ណមូលនិធិ គឺសម្រាប់ទទួលយកប្រាក់ រាប់ទាំងទំនាក់ទំនងជាមួយនឹងវីង ដែលវីងផ្តល់ឲ្យតែអ្នក ដែលមានបណ្ណនេះតែប៉ុណ្ណោះ។ អ្នកដែលគ្មានបណ្ណ គឺ​មិនមានឲ្យប្រាក់ទេ។ សូមបញ្ជាក់។ បើអ្នកមិនចង់ចូល ហើយអ្នកបង្កើតមូលនិធិ ហើយផ្តល់ឲ្យអ្នកធាក់ស៊ីក្លូម្នាក់ ១ ម៉ឺនរៀល ច្រើនជាង ហ៊ុន សែន ខ្ញុំអបអរសាទរ …។

ស្វាគមន៍អ្នកលទ្ធភាពជួយអ្នកធាក់ស៊ីក្លូច្រើនលើសហ្នឹង

ខ្ញុំមានលទ្ធភាពផ្តល់ជូនត្រឹមតែ ៧ ០០០ រៀល ក្នុងមួយថ្ងៃប៉ុណ្ណោះ បើអ្នកចង់ប្រណាំងប្រជែងជាមួយនឹងខ្ញុំ សូមអ្នកឲ្យ ១ ឬ ២ ម៉ឺនរៀល យកចុះ ខ្ញុំអត់ដណ្តើមទេ។ ខ្ញុំមានលទ្ធភាពត្រឹមតែ ៧ ០០០ រៀល តែប៉ុណ្ណោះ ព្រោះ ខ្ញុំបានចេញថ្លៃ(ជួល)ស៊ីក្លូ(ផង) ប្រាក់ទទួលទានប្រចាំថ្ងៃ(ផង) ក្រៅពីនោះ នៅមានការគិតគូរដូចដែលខ្ញុំបានបញ្ជាក់។ ពេលដែលគាត់ទទួលមរណភាព ត្រូវឧបត្ថម្ភអ្វីថែម? ពេលដែលចាកចេញឈ​ប់ធាក់ស៊ីក្លូ តើយើងគួរឧបត្ថម្ភអ្វីថែម? ពេលបុណ្យទាន តើយើងគួរឧបត្ថម្ភអ្វីថែម? ក្រុមប្រឹក្សាភិបាលត្រូវធ្វើកិច្ចការងារនេះបន្តទៀត។ ឯអ្នកដទៃ បើសិនជាហ៊ានចោទខ្ញុំ អ្នកត្រូវតែមានសមត្ថភាពលើសខ្ញុំ ក្នុងការផ្តល់ផលប្រយោជន៍ដល់អ្នកធាក់ស៊ីក្លូ។ បើអ្នកគ្មានទេ អ្នកមិនចាំបាច់ហាមាត់មកនិយាយទេ។ គ្មានប្រយោជន៍។ ខ្ញុំចាត់ទុកថា អ្នកមិនមែនជាមនុស្ស អ្នកគឺជាសត្វ​ ប្រសិនបើអ្នកហ៊ានហាមាត់មកជេរស្តីអ្ន​កដែលជួយដល់អ្នកធាក់ស៊ីក្លូ។

បើមានអ្នកមានសមត្ថភាពលើសនេះជួយ ដកមូលនិធិប្រើលើមុខសញ្ញាផ្សេង

ផ្ទុយទៅវិញ ខ្ញុំនឹងសរសើរអ្នក និងលើកតម្កើងអ្នក ប្រសិនជាអ្នកមានសមត្ថភាពលើសខ្ញុំ ជួយដល់អ្នកធាក់ស៊ីក្លូ អាចដល់ ១ ម៉ឺនរៀល ឬ ២ ម៉ឺនរៀលក្នុងមួយថ្ងៃ។ ខ្ញុំនឹងអរគុណ ហើយខ្ញុំនឹងដកមូលនិធិរបស់ខ្ញុំ ដើម្បីប្រើទៅមុខសញ្ញាដទៃទៀត ដែល​កំពុងតែត្រូវការពីការជួយឧបត្ថម្ភរបស់ខ្ញុំ។ ខ្ញុំនឹងបញ្ចប់នូវមូលនិធិស៊ីក្លូ ហើយបង្វែរទៅកាន់មុខសញ្ញានៃការចំណាយផ្សេង នោះវាជាសិទ្ធិនៃក្រុមប្រឹក្សាភិបាល ហើយវាជាសិទ្ធិប្រធានកិត្តិយស ដែលជាអ្នកបង្កើត ហើយជាអ្នកចូលរួមទុននៅក្នុងនេះ។ ប៉ុន្តែ ពួកគេច្បាស់ជាមិនហ៊ានធ្វើទេ។ រង់ចាំមើល។ គេគ្មានលទ្ធភាពធ្វើ ប៉ុន្តែគេមានលទ្ធភាពនឹងនិយាយ។ ខ្ញុំការជើងទុកជាមុន ព្រោះខ្ញុំបានស្គាល់ចរិតរបស់ពួកទាំងនេះច្បាស់ណាស់។

ចង់ឲ្យមូលនិធិស៊ីក្លូនេះមាននិរន្តរភាព

អរគុណសម្រាប់ការចូលរួម ហើយជូនពរឲ្យបងប្អូនកម្មករស៊ីក្លូទាំងអស់ ទទួលបាននូវអត្ថប្រ​យោជន៍កាន់តែធំ មិនមែនគ្រាន់តែរង់ចាំការឧបត្ថម្ភពីមូលនិធិទេ ហើយក៏មិនយកមូលនិធិនេះទៅ​ចំណាយផ្តេសផ្តាស ដូចជា លេងល្បែង ឬក៏ធ្វើអ្វីដែលខុសនឹងច្បាប់ និងការចំណាយខុសទិសដៅ ភ្លេចប្រពន្ធ កូន រង់ចាំនៅឯស្រុកកំណើតនោះទេ។ អរគុណជាមួយនឹងសប្បុរសជនទាំងឡាយ ដែលរួមជាមួយខ្ញុំ ដើម្បីបង្កើតនូវស្ថានភាពថ្មីមួយ ដែលជាស្ថានភាពមិនធ្លាប់មានកាលពីពេលមុន។ មុននេះ តើអ្នកណាខ្លះធ្លាប់​ផ្តល់លុយឲ្យអ្នកធាក់ស៊ីក្លូ? អាចនឹងមានខ្លះ តែវាមិនច្រើនដូចជាពេលនេះទេ ហើយថវិកានេះជាថវិកាដែលមាននិរន្តភាព ខ្ញុំមិនចង់ឲ្យធ្វើត្រឹមតែ ១ ឬ ២ ខែ ហើយក្ស័យធនទេ។​ ថវិកាដែលយើងមានក្នុងដៃនេះ ហោចបំផុត យើងអាចប្រើក្នុងរយៈពេល ២ ឆ្នាំ បើយោងទៅលើទិន្នន័យដែលយើងមាន។ តែយើងមិនធ្វើត្រឹម ២ ឆ្នាំទេ ខ្ញុំចង់ឲ្យមូលនិធិនេះស្ថិតស្ថេរ ផុតពីជំនាន់មួយ អ្នក​ចាស់បានចាកចេញទៅ អ្នកថ្មីបានចូលមក អ្នកថ្មីនឹងទទួលបានផលប្រយោជន៍ អ្នកចាស់ក៏ទទួលបាននូវផលប្រយោជន៍មួយចំនួនផ្តាច់ប្រាក់ តាមជំនួយឧបត្ថម្ភរបស់មូលនិធិ អ្នកថ្មីចូលមកដល់នឹងកាន់កាតរបស់មូលនិធិ ហើយទទួលបាននូវផលសម្រេចនេះ។

អរគុណអ្នកទាំងអស់គ្នា ដែលចូលរួមជាកិត្តិយស និងចូលរួមក្នុងការប្រកាសបង្កើតផង និងប្រកាសដាក់ឲ្យដំណើរការនូវមូលនិធិរបស់យើង ចាប់ពីថ្ងៃនេះផង ដែលបងប្អូនកម្មករស៊ីក្លូទាំងអស់ ទទួលទាំងថវិកាឧបត្ថម្ភ សម្ភារៈឧបត្ថម្ភ និងថវិកាជាកាតព្វកិច្ចរបស់មូលនិធិ ដែលចាប់ផ្តើមនៅថ្ងៃនេះតែម្តង។ ជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែនឹងសំណាងល្អ និងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ