សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ

នៅរសសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានជួបប្រជុំទ្វេភាគីជាមួយប្រទេសវៀត ណាមហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីថៃ បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញលោកមកចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី២នាពេលនេះ។ ការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺមានសារៈ សំខាន់ណាស់ សម្រាប់ប្រជាជន ដែលរស់នៅតាមដងទន្លេមេគង្គ ហើយកិច្ចប្រជុំនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជន នៃប្រទេសទាំង៥។ លោកនាយករដ្ឋមន្រ្តីថៃមានជំនឿលើការដឹកនាំប្រជុំរបស់ សម្តេចតេជោ ដែលនឹងបានទទួលជោគជ័យជាមិនខាន។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី រីក រាយចំពោះវឌ្ឍនៈភាពនៃប្រទេសទាំងពីរ ជាពិសេសចំពោះការបើកច្រកព្រំដែននៃប្រទេសទាំងពីរ ដូចជាច្រកស្ទឹងបត់ និងការតភ្ជាប់រវាងប្រទេសទាំងពីរតាមរយៈផ្លូវរថភ្លើង។ លើសពីនោះ លោកនាយករដ្ឋមន្រ្តីថៃ បានស្នើសុំ សម្តេចតេជោ ជួយជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសលើបញ្ហាពាណិជ្ជកម្មតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ សម្តេចតេជោ ក៏បានជម្រាបជូនផងដែរអំពីការរីកចម្រើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ គឺកើនឡើងប្រមាណ៥,៥ពាន់លានដុល្លារ ហើយតួរលេខនេះគឺមានការកើនឡើង១០% បើធៀបទៅនឹងឆ្នាំ២០១៦។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីជាមួយប្រទេស វៀតណាម និងថៃរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញប្រមុខដឹកនាំនៃប្រទេសទាំង៥ ទស្សនាការតាំងពិព័រណ៍សមិទ្ឋផលកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានរៀបចំនៅក្នុងបរិវេណវិមានសន្តិភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ