សុន្ទរកថា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៣៩ នៃទិវាជ័យជម្នះ ៧ មករា
(០៧.០១.១៩៧៩-០៧.០១.២០១៨)
– សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជា គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
– សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
ថ្ងៃនេះ ជាទិវាគម្រប់ខួបលើកទី ៣៩ នៃមហាជ័យជម្នះជាប្រវត្តិសាស្រ្ត ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត និងបានបើកឡើងនូវសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា ។ យើងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសចំពោះបុព្វហេតុសង្រ្គោះជាតិ និងប្រជាជនពីរណ្តៅមរណៈនេះ ។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម្ម និងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ ហើយសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះបានទៅកាន់សុគតិភពជារៀងដរាបទៅ ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ ជាទីសក្ការៈ សូមមានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជាជាតិខ្មែរ និងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿងក្នុងឯករាជ្យ សន្តិភាព ឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញលេញជានិច្ចនិរន្តន៍ ។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា !
ទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្រ្គាមដ៏សន្ធោរសន្ធៅ ដែលបង្កឡើងដោយរដ្ឋប្រហាររបស់ពួក លន់ ណុល នៅថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកឃាតករ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ មក ដែលបានធ្វើឲ្យកម្ពុជា បន្ទាប់ពីត្រូវបំផ្លាញដោយសង្រ្គាមរួចហើយនោះ បានក្លាយជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត និងជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន ។ ប្រជាជនកម្ពុជាជាង ៣ លាននាក់ ត្រូវបានសម្លាប់រង្គាលយ៉ាងអណោចអធម្ម ព្រមជាមួយនោះ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ ។
ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតដែលប្រជាជាតិកំពុងទទួលរងនូវគ្រោះមហន្តរាយនេះ បណ្តាកម្លាំងអ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាពប្រឆាំងនឹងរបបនេះ ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិពីរបបដ៏យង់ឃ្នងនេះ ។ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ។ ជ័យជម្នះ ៧ មករា បានសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា , បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត , បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រំនៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះ បានរស់ឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ។ ជ័យជម្នះ ៧មករា បានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជា និងបានផ្តល់ក្តីសង្ឃឹមចំពោះអនាគតរបស់ប្រទេសជាតិ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ ។
ក្រោយថ្ងៃរំដោះ ទន្ទឹមនឹងការសប្បាយរីករាយចំពោះការរស់ឡើងវិញរបស់ជាតិ កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ដែលបណ្តាលមកពីការគំរាមកំហែងនៃការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ កាកសំណល់នៃសង្រ្គាមបំផ្លិចបំផ្លាញដែលមាននៅគ្រប់ទិសទី និងផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីរបប ប៉ុល ពត ។ គួររំឭកថា ក្រោយពីរបប ប៉ុល ពត ត្រូវផ្តួលរំលំ កងទ័ពបាក់បែករបស់ពួក ប៉ុល ពត បានរត់ទៅប្រមូលផ្តុំនៅតាមព្រំដែនភាគខាងលិច ហើយត្រូវបានប្រទេសមួយចំនួនជួយគាំទ្របន្តដង្ហើមឲ្យរស់ ដើម្បីបង្កសង្រ្គាម សំដៅទន្ទ្រាន និងផ្តួលរំលំរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ។ នេះជាដំណាក់កាលមួយទៀតដ៏សែនលំបាកជាទីបំផុតដែលគណបក្សប្រជាជនកម្ពុជាត្រូវដឹកនាំ ដោយដៃម្ខាងខិតខំស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបប ប៉ុល ពត វិលមកវិញបាន មិនតែប៉ុណ្ណោះ កម្ពុជាដ៏ក្រីក្របំផុតនៅពេលនោះ ត្រូវទទួលរងនូវការហ៊ុមព័ទ្ធទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀតពីសំណាក់ប្រទេសមួយចំនួន ដែលបានរួមគ្នាប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ប្រសិនបើពេលនោះយើងមិនអាចរាំងស្កាត់បាននូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ទេនោះ យើងពិតជាពុំអាចមានជីវិត និងមានអ្វីៗមកដល់ថ្ងៃនេះបានឡើយ ។ ប៉ុន្តែជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ប្រទេសជាតិបានឆ្លងផុតនូវគ្រោះគំរាមកំហែងទាំងអស់នោះដោយជោគជ័យ ដោយបានប្រឹងប្រែងងើបឈរឡើងវិញ ហើយបោះជំហានទៅមុខមួយជំហានម្តងៗប្រកបដោយការប្តេជ្ញាខ្ពស់បំផុត សម្រេចបានសមិទ្ធផលលើគ្រប់វិស័យយ៉ាងធំធេងដែលមានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្រ្តសម្រាប់ការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជាតិខ្មែរយើង ។
ឆ្លងកាត់រយៈពេល ៣៩ ឆ្នាំមកនេះបានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាន និងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងដើរស្របជាមួយនិន្នាការរួមក្នុងតំបន់ ក៏ដូចពិភពលោក ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី ៖
– កម្ពុជាពីមុនដែលជាវាលពិឃាត ជាសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ជាតំបន់អសន្តិសុខគួរឲ្យខ្លាចរអា ឥឡូវបានក្លាយទៅជាទឹកដីសន្តិភាព និងសេរីភាពដែលប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា និងជាតំបន់ទេសចរណ៍មួយប្រកបដោយភាពទាក់ទាញទាំងក្នុងតំបន់ និងពិភពលោក ដែលបានទទួលភ្ញៀវទេសចរដល់ប្រមាណ ៥ លាន ៦ សែននាក់ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ ។
– កម្ពុជាពីមុនដែលធ្លាប់គ្របដណ្តប់ដោយអំណាចផ្តាច់ការរបស់ពួកឃាតករ ប៉ុល ពត និងត្រូវគេប្រមាថមើលងាយ ឥឡូវបានក្លាយទៅជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស អនុវត្តយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋមានអធិបតេយ្យពេញលេញដែលមិនអាចរំលោភបំពានបាន ។
– កម្ពុជាពីមុនដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធទាំងខាងសេដ្ឋកិច្ច និងនយោបាយ ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក មានចំណងមិត្តភាព និងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយបណ្តាប្រទេស ហើយកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ។
– កម្ពុជាពីមុនដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិមកជួយប្រទេសរបស់ខ្លួន តែរយៈពេលជាងមួយទសវត្សកន្លងទៅនេះ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅចូលរួមក្នុងការរក្សាសន្តិភាពនៅប្រទេសជាច្រើនក្នុងក្របខ័ណ្ឌប្រតិបត្តិការនៃអង្គការសហប្រជាជាតិ ។
– កម្ពុជាពីមុនដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី គ្រប់ដណ្តប់ដោយភាពក្រីក្រ និងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះបានក្លាយទៅជាប្រទេសនាំអង្ករចេញ ហើយស្ថិតនៅចំណាត់ថ្នាក់នៃប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ដោយមានអត្រាកំណើនជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ។ កម្ពុជាបានសម្រេចនូវបង្គោលចរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គឺបានប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។
ទាំងអស់នេះ ជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្តនៃកម្ពុជាក្នុងរយៈពេលជិត ៤ ទសវត្សរ៍ចុងក្រោយនេះ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពីការចូលរួមដោយទឹកចិត្តស្នេហាជាតិដ៏ពុះពោររបស់ប្រជាជនគ្រប់ស្រទាប់ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ អាជីវករ ពលករទូទៅ និងមជ្ឈដ្ឋានជឿនលឿននានាក្នុងសង្គម ក្នុងដំណើរការស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ ។
អង្គមីទ្ទិញ និងជនរួមជាតិជាទីគោរពស្នេហា!
ស្មារតី ៧ មករា ស្ថិតស្ថេរអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត , ស្មារតី ៧ មករា ជាពន្លឺបង្ហាញផ្លូវយើងឲ្យពុះពារជម្នះបានគ្រប់ឧបសគ្គ និងការលំបាកនៅគ្រប់កាលៈទេសៈឆ្ពោះទៅរកជ័យជម្នះ , ស្មារតី ៧ មករា ជាកម្លាំងមហាសាមគ្គីជាតិដែលគ្មានអ្វីអាចមកបំបែកបានឡើយ ។ យើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពូនជ្រំស្មារតី ៧ មករា ឲ្យភ្លឺចែងចាំងជានិច្ច ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិ និងទប់ស្កាត់កុំឲ្យសង្រ្គាម វិនាសកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អាចកើតឡើងជាថ្មីលើមាតុភូមិរបស់យើងបាន ។ មានតែអ្នកដែលចង់បំផ្លាញសង្គមជាតិឲ្យវិលថយក្រោយទៅវិញ និងអ្នកដែលភ្លេចកំណើតរបស់ខ្លួន ភ្លេចជាតិរបស់ខ្លួន និងភ្លេចប្រជាជនខ្លួនទេ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា ។
ពេលនេះយើងបានឈានចូលឆ្នាំ ២០១៨ ហើយ ដែលជាឆ្នាំទី ៥ នៃការអនុវត្តកម្មវិធីនយោបាយ
និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា បន្ទាប់ពីយើងបានសម្រេចនូវសមិទ្ធផលថ្មីៗទៀតយ៉ាងច្រើនក្នុងឆ្នាំកន្លងទៅ ៖
– ខឿនការពារជាតិរបស់ប្រជាជន និងខឿនសន្តិសុខជាតិ ត្រូវបានពង្រឹងកាន់តែរឹងមាំ ធានាដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិ ។ ជាពិសេស ឧបាយកលបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលឃុបឃឹតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ។ ក្បាលម៉ាស៊ីនអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាដែលបានបោកប្រាស និងក្បត់ឆន្ទៈរបស់ប្រជាជនត្រូវបានរំលាយ បុគ្គលមួយចំនួនដែលជាប់ពាក់ព័ន្ធក៏ត្រូវបានតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន ។ លើមូលដ្ឋាននេះ កម្ពុជាបានការពារយ៉ាងរឹងមាំនូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន បញ្ចៀសគ្រោះមហន្តរាយជាថ្មីសម្រាប់ជាតិ និងធានាដល់ការបន្តលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តាមគន្លងដ៏ត្រឹមត្រូវ ។
– ដំណើរកែទម្រង់រដ្ឋដ៏ស៊ីជម្រៅនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបានបន្តជំរុញអនុវត្តដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ដែលបានជះឥទ្ធិពលល្អដល់ការលើកកម្ពស់អភិបាលកិច្ចនៃស្ថាប័ន រដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងទទួលបាននូវការសាទរពីប្រជាជន ។
– ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឲ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ សេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើន ៦,៩% ក្នុងឆ្នាំ ២០១៧ ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេសចរណ៍ និងអចលនទ្រព្យជាដើម ។ គួរកត់សម្កាល់ថា កម្ពុជាកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ។
កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក ។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបានកើនជារៀងរាល់ឆ្នាំ អាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អ ជាមួយគ្នានេះ តុល្យភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងដែរ ។
កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនៃ ផសស. ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១.០៤២ ដុល្លារអារមេរិក ក្នុងឆ្នាំ ២០១៣ ដល់ប្រមាណ ១.៤៣៥ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ។ អត្រាភាពក្រីក្រមានការធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់ចុះថែមទៀត
ហើយជាមួយគ្នានេះ គម្លាតនៃប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ ។
ការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព បានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់នៅទូទាំងប្រទេសកាន់តែមានឱកាសក្នុងការស្វែងរកការងារ និងក្នុងការបង្កើនប្រាក់ចំណូល ដោយក្នុងនោះមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈការអនុវត្តនូវគោលនយោបាយដំឡើងប្រាក់បៀវត្សក្នុងគោលដៅជាង ១ លានរៀល នៅឆ្នាំ ២០១៨ ។ ចំពោះកម្មករ និយោជិតរាប់សែននាក់ដែលកំពុងតែបម្រើការងារក្នុងវិស័យឯកជន ក៏ទទួលបាននូវឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ខ្លួន តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ដែលកើនឡើងដល់ ១៧០ ដុល្លារអាមេរិកនៅឆ្នាំ ២០១៨ ដោយមិនទាន់គិតទៅដល់ការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។ ការបង្កបង្កើនផលកសិកម្មឆ្នាំនេះទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន ឯតម្លៃកសិផលក៏បានខ្ពស់ជាងឆ្នាំមុនដែរ ។ ក្រៅពីការផ្តល់ឱកាសស្វែងរកការងារ និងឱកាសបង្កើនប្រាក់ចំណូលជូនដល់ប្រជាជនរាប់លាននាក់ខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយការលំបាក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ជាតិ ទាំងបញ្ហាសង្គម និងបញ្ហាសេដ្ឋកិច្ច ហើយនៅឆ្នាំ ២០១៨ នេះ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការមូលនិធិថែទាំសុខភាពជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន ក្រុមប្រឹក្សាគ្រប់ថ្នាក់ និងមន្រ្តីភូមិ និងកំពុងបន្តរៀបចំនូវការគាំពារសង្គមខាងសុខភាព និងហានិភ័យផ្សេងទៀតឲ្យមានវិសាលភាពគ្របដណ្តប់សម្រាប់ប្រជាជនទូទៅ ។
អង្គមីទ្ទិញ និងជនរួមជាតិជាទីគោរពស្នេហា!
៣៩ ឆ្នាំកន្លងទៅនេះ គឺ ៣៩ ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះ ។ ការខិតខំពុះពាររបស់យើងក្នុងរយៈពេល ៣៩ ឆ្នាំមកនេះ បានកែប្រែមាតុភូមិយើងពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់ប្រកបដោយមោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ឲ្យយើងឈានទៅសម្រេចនូវគោលដៅដ៏ឧត្តុង្គឧត្តម គឺ “កម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព” ។ ពិតណាស់ថា ផ្លូវទៅមុខទៀតយើងនៅតែមានឧបសគ្គ ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងមិនឲ្យយើងសម្រេចបំណងប្រាថ្នាបានឡើយ ឲ្យតែប្រជាជាតិយើងមានការឯកភាព រួបរួមសាមគ្គីគ្នា បន្តធ្វើដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវនេះ ។ យើងត្រូវជឿជាក់លើការខិតខំរបស់យើង ហើយគប្បីចងចាំថា គឺកត្តាផ្ទៃក្នុងរបស់ជាតិយើងដែលជាកត្តាកំណត់នៃជ័យជម្នះ ពុំមែនបរទេសជាអ្នកកំណត់នោះទេ ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកបំផុត ឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។ សន្តិភាពជាកត្តាជាសារវ័ន្ត ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្តប្រកបដោយកិត្តិយសរបស់ប្រជាជនយើង ។ បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ។
នៅក្នុងចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ពិតមែនតែអង្គការចាត់តាំងបដិវត្តន៍ពណ៌ត្រូវបានរំលាយហើយក្តី ប៉ុន្តែឧបាយកលដ៏ពិសពុលនៃមជ្ឈដ្ឋានអគតិខាងក្រៅដែលបញ្ជាពីក្រោយខ្នងរបស់ចលនាបដិវត្តន៍ពណ៌នៅកម្ពុជាមិនទាន់ផុតរលត់នៅឡើយទេ ។ គេបានប្រើវោហាស័ព្ទនានាដ៏ពីរោះ អំពីប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និងមនុស្សធម៌ ប៉ុន្តែសកម្មភាពពិតរបស់គេ គឺបានរាំងខ្ទប់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋពិតប្រាកដមិនឲ្យរីកចម្រើន ដោយជ្រើសយកបុគ្គលមួយចំនួនដែលប្រឆាំងនឹងរាជរដ្ឋាភិបាល លើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធព័ត៌មានមួយចំនួនដែលបានបំពានច្បាប់ ហើយផ្ទុយទៅវិញ គេបោះបង់ប្រជាជនកម្ពុជា និងយកប្រជាជនកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃនយោបាយរបស់ខ្លួន ។ សកម្មភាពបែបនេះ ក៏មិនមែនជាចំណុចថ្មីដែរ គឺជាអ្វីដែលគេធ្លាប់បានធ្វើក្នុងទសវត្ស ៨០ កន្លងមក ដោយប៉ុនប៉ងសម្លាប់អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ទាំងតាមផ្លូវយោធា សេដ្ឋកិច្ច និងនយោបាយ ។
មជ្ឈដ្ឋានបរទេសទាំងនោះដែលធ្វើជាមើលមិនឃើញតថភាពនៅកម្ពុជា កំពុងព្យាយាមបិទបាំងការបរាជ័យរបស់ខ្លួន បន្តរកវិធីដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន នៅក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងតាមរយៈការគំរាមកាត់ផ្តាច់ជំនួយ និងវិធានការរឹតបន្តឹងផ្សេងៗ ដែលជាការជ្រៀតជ្រែកយ៉ាងកម្រោលមកលើដែនសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ ។ ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមិនអាចឱនក្បាលទទួលយកការកៀបសង្កត់ណាមួយពីខាងក្រៅបានឡើយ ជាពិសេសមិនទុកឲ្យការប៉ុនប៉ងផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌កើតមានបានជាដាច់ខាត ដែលនយោបាយបែបនេះ បាន និងកំពុងបង្កនូវជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែននាក់យ៉ាងអយុត្តិធម៌បំផុតនៅប្រទេសមួយចំនួន ។ កម្ពុជាមានមេរៀនគ្រប់គ្រាន់ហើយ ដើម្បីធានានូវដំណើរទៅមុខទៀតរបស់ខ្លួន ដោយឈរលើមូលដ្ឋានការពារឯករាជ្យ អធិបតេយ្យ និងក្តាប់ជាប់សិទ្ធិសម្រេចលើជោគវាសនារបស់ខ្លួន ។ ជាមួយគ្នានេះយើងសង្ឃឹមថា មជ្ឈដ្ឋានទាំងនោះនឹងមើលឃើញការពិត ទទួលយកការពិត ហើយនៅជាមួយប្រជាជនកម្ពុជា និងឈប់បង្កើតឧបសគ្គចំពោះមាតុភូមិកម្ពុជាដ៏អភ័ព្វនេះតទៅទៀត ។
នៅក្នុងឱកាសនេះ ខ្ញុំក៏សូមបញ្ជាក់យ៉ាងឧឡារិកថា ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយ ឬធ្លាក់ចុះឡើយ ផ្ទុយទៅវិញកំពុងត្រូវបានថែរក្សា និងពង្រឹងឲ្យកាន់តែរឹងមាំឡើង ដើរស្របជាមួយគោលការណ៍នីតិរដ្ឋ នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ។ គឺមានតែប្រជាធិបតេយ្យក្លែងក្លាយទេ ដែលត្រូវបានលុបបំបាត់ ។ គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ ។ គណបក្សនឹងចូលរួមប្រកួតប្រជែងដោយសេរី និងស្មើភាពជាមួយបណ្តាគណបក្សនយោបាយដែលធ្វើសកម្មភាពស្របច្បាប់នៅកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។ កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់បណ្តាប្រទេសដែលបានយល់ច្បាស់អំពីសភាពការណ៍ពិត និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ហើយបាន និងកំពុងផ្តល់ជំនួយឧបត្ថម្ភដ៏ស្មោះសដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ។
គណបក្សប្រជាជនកម្ពុជាជំរុញអនុវត្តរាល់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃគ្រប់ស្ថាប័នសាធារណៈគ្រប់ថ្នាក់ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាព ដើម្បីធានាប្រសិទ្ធភាពនៃរាល់ការងារ លុបបំបាត់បាតុភាពអសកម្មផ្សេងៗ ពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ និងផ្តល់សេវាសាធារណៈកាន់តែកៀកនឹងប្រជាជន ។ គណបក្សនឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឲ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងកង្វល់ផ្សេងៗរបស់ប្រជាជន ព្រមទាំងបន្តជំរុញអនុវត្តនូវវិធានការគោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមទៀត ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងមូល សូមបង្កើនស្មារតីឯកភាពជាតិ និងសាមគ្គីជាតិ ដើម្បីការពារសន្តិភាព ការពាររាល់សមិទ្ធផលដែលយើងបានសម្រេចមកដល់ពេលនេះ និងបន្តអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាឡើង សក្តិសមនឹងការប្រសិទ្ធនាមថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ដែលប្រជាជនលើពិភពលោកចង់ស្គាល់ ចង់មកទស្សនា និងផ្តិតយករូបភាពទាំងឡាយដែលជានិមិត្តរូបនៃអរិយធម៌ដ៏រុងរឿងរបស់ប្រជាជាតិយើង ។
ក្នុងឱកាសដ៏ឧឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ៣៩ ឆ្នាំកន្លងទៅនេះ ធ្វើឲ្យគណបក្សអាចបំពេញបេសកកម្មក្នុងការបម្រើប្រទេសជាតិដោយជោគជ័យ ។ គណបក្សប្រជាជនកម្ពុជានឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខ និងសុភមង្គលរបស់ជាតិ និងប្រជាជន ។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាគណបក្សនយោបាយ ព្រមទាំងអង្គការ សង្គមស៊ីវិលនានាដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារ អធិបតេយ្យជាតិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ។
នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានាដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ សូមបានប្រកបនូវពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរព្រះគុណ សូមអរគុណ!