សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគារថ្មីនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

CNV: 

អគារ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរព សក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយនឹងសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវ អគារមួយ កម្ពស់ ៦ ជាន់ ដែលប្រសិទ្ធនាមថា អគារអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ សូមអរគុណ​ចំពោះ ការដាក់ឈ្មោះនេះ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា នេះមិនមែនជាគោលបំណងពិតប្រាកដរបស់ខ្ញុំទេ។ ការ ដាក់(ឈ្មោះនេះ) គឺជាការដាក់ ក៏ប៉ុន្តែនៅពេលថ្ងៃក្រោយទៅ គេមិនត្រូវការ គេក៏វាយចោលទៅ។ អាហ្នឹងរឿង​របស់​គេ។ ប្រ​ទេសកម្ពុជាយើងឆ្លងកាត់ច្រើនណាស់ទៅហើយអំពីការដាក់ឈ្មោះ។ ជំនាន់ លន់ នល់ គឺបានវាយអស់នូវ​ឈ្មោះ​ដែល​ជាប់ព្រះនាម អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ។ ដល់រួចទៅ ចាប់ផ្ដើមដាក់ឡើងវិញ។ ដូរដាក់ ដូរដាក់។ នេះគ្រាន់តែជាការបញ្ជាក់ ប៉ុន្តែយ៉ាងណា ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអរគុណជាមួយនឹងការដាក់ឈ្មោះនេះ។

សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរ សូមប្រកបដោយជោគជ័យ សិរីសួស្ដីនៅក្នុងឆ្នាំថ្មី

ខ្ញុំព្រះករុណាខ្ញុំ រីករាយដោយសារសមិទ្ធផលថ្មីមួយ បានសម្ពោធនៅក្នុងឆ្នាំថ្មី ហើយបើថា ទោះបីជាយើងប្រើប្រាស់​នូវ​ពុទ្ធ​សករាជធ្វើជាគោល (ប៉ុន្តែ)នៅក្នុង ខែមេសា ឯណោះទេនៃការចូលឆ្នាំរបស់យើង។ ក៏ប៉ុន្តែដោយសារប្រទេស​កម្ពុជា​របស់យើង ក៏ជាប្រទេសមួយដែលធ្លាប់គ្រប់គ្រងដោយអ្នកកាន់សាសនាគ្រិស្ដ​ គឺបារាំង ដូច្នេះម្យ៉ាង និង​ម្យ៉ាង​ទៀត ឆ្នាំសារពើពន្ធទាក់ទងជាមួយនឹងវិស័យហិរញ្ញវត្ថុ ក៏ត្រូវបិទបញ្ជីនៅក្នុងឆ្នាំគ្រិស្ដសករាជដែរ។ ឥឡូវនេះ ទើប​នឹង​ថ្ងៃទី ៤ ខែមករា នៅឡើយ មិនទាន់ហួសពេលដែលអនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរអ្នកទាំងអស់គ្នានៅទីនេះ សូមប្រកបដោយជោគជ័យ សិរីសួស្ដី នៅក្នុងឆ្នាំថ្មីនេះ។

ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៥ ព្រះមហាក្សត្រ និងព្រះមាតាជាតិ បានមកសម្ពោធនូវអគារមួយនៅក្នុងមន្ទីរពេទ្យនេះ

​ថ្ងៃនេះ យើងសម្ពោធដាក់អោយប្រើប្រាស់ជាមួយនឹងអគារ ដែលមានកម្ពស់រហូតទៅដល់ ៦ ជាន់។ ក៏ប៉ុន្តែយើងក៏មិន ភ្លេចថា កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៥ ព្រះករុណាជាអង្គម្ចាស់ សម្ដេចព្រះបាទ ព្រះបរមនាថ ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីរាថ សីហនុ ព្រះវីររាជមា​តា​ជាតិ​ខ្មែរ ក៏បានយាងមកទីនេះ ដែលយើងទាំងអស់គ្នាបានរួមដង្ហែព្រះអង្គ ដើម្បីសម្ពោធនូវអគារមួយនៅក្នុងមន្ទីរ​ពេទ្យ​នេះផងដែរ។

៥០ ឆ្នាំមុន ជាអ្នកកំដរអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះ

ដូចដែលឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍អម្បាញ់មិញ មន្ទីរពេទ្យនេះ ចាត់ទុកថា ជាមន្ទីរ​ពេទ្យ​មួយ​ក្នុងចំណោមមន្ទីរពេទ្យដែលមានវ័យចំណាស់។ ខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ បើខ្ញុំព្រះករុណាខ្ញុំ មិនច្រឡំទេ ប្រ​មាណ​ជា ៥០ មុន ក៏ធ្លាប់បានមកស្នាក់នៅក្នុងមន្ទីរពេទ្យនេះ បានមួយយប់ ប៉ុន្តែមិនមែនជាអ្នកជំងឺទេ​ គឺជាអ្នកកំដរ​អ្នក​ជំងឺ។ នៅចាំបានថា នៅពេលនោះ គឺរៀងរាល់ល្ងាច ថ្ងៃសៅរ៍ ដូចជាមានការបញ្ចាំងខ្សែភាពយន្ត បច្ចុប្បន្នភាព​ទាក់​ទងជាមួយនឹងការរីកចម្រើននៃសម័យសង្គមរាស្រ្តនិយម ហើយបន្ទាប់ទៅបញ្ចាំងរឿងបារាំង។ ច្រើនតែរឿង​បា​រាំង​ឆ្នាំនោះ​ រឿងខ្មែរមិនសូវមានទេ មានរឿងបច្ចុប្បន្នភាពតែប៉ុណ្ណោះ។

ជំនួយរបស់អតីតសហភាពសូវៀត លើទឹកដីកម្ពុជា

ជំនួយរបស់អតីតសហភាពសូវៀត ដែលបានផ្ដល់នៅលើទឹកដីកម្ពុជាក្នុងសម័យកាលនោះ ក៏ជាផ្នែកមួយដ៏សំខាន់ នៃ​ទំនាក់ទំនងអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ដែលជាព្រះ​បិ​តា​ជាតិរបស់យើង។ ជំនួយធំៗ របស់អតីតសហភាពសូវៀតកាលពីពេលនោះ គេបានឃើញថា មន្ទីរពេទ្យនេះ ជា​មន្ទីរ​ពេទ្យ​ដ៏ធំមួយជាមួយនឹងសាលាបច្ចេកវិទ្យា ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ និងជំនួយដទៃទៀតទាក់ទងជា​មួយ​​នឹងហេដ្ឋារចនាសម្ព័ន្ធបម្រើអោយវិស័យសេដ្ឋកិច្ច ការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាវិស័យសង្គមកិច្ច។

នយោបាយអព្យាក្រឹតរបស់ព្រះបរមរតនកោដ្ឋ និងសមិទ្ធផលជាច្រើនមុនរដ្ឋប្រហារ ១៨ មីនា ១៩៧០

អាចចាត់ទុកថា សម័យកាលនោះ ជាសម័យកាលដែលពោរពេញទៅដោយការរាំងស្កាត់នៃមនោគមវិជ្ជា ក្នុង​សង្រ្គាម​ត្រជាក់។ ប៉ុន្តែព្រះករុណា ព្រះបិតាជាតិរបស់យើង បានអនុវត្តនូវនយោបាយអព្យាក្រឹត។ បើទោះបីថា ត្រូវផ្ដាច់ជំនួយ​ពី​ប្រទេសខ្លះ​នៅពេលនោះ​ ប៉ុន្តែព្រះអង្គនៅតែរកវិធីដើម្បីដោះស្រាយបញ្ហារបស់ប្រទេស នៅក្នុងកាល

ៈទេសៈនាពេល​នោះ  ដែលសង្រ្គាមបានហ៊ុំព័ទ្ធប្រទសកម្ពុជា គឺនៅវៀតណាមខាងត្បូង និងនៅឡាវ។ ប៉ុន្តែ​ដោយឡែក នៅកម្ពុជា​តាម​រយៈនៃនយោបាយអព្យាក្រឹតនេះ គឺព្រះអង្គរក្សាប្រទេសនេះ ជាប្រទេសដែលមានសន្តិភាព ហើយក៏ស្វះស្វែងរក​ដៃគូ​មក​ផ្ដល់ជំនួយ ឬក៏មកទាក់ទងដាក់ទុនវិនិយោគខ្លះៗនៅពេលនោះផងដែរ។ សមិទ្ធផលជាច្រើន ក៏បានកើត​ឡើង​​ក្នុងដំណាក់កាល នៃសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះបិតាជាតិ​ ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែ​​សមិទ្ធផលទាំងនោះ ត្រូវបានបំផ្លាញភ្លាមក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០។ នេះគឺជារឿងដែលយើងទាំង​អស់​គ្នា​សោក​ស្ដាយ។ ប្រសិនបើពុំមានសង្រ្គាមវិនាសកម្មកើតឡើងនៅក្នុងរយៈកាលក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ វា​ក៏​គ្មានរបប ប៉ុល ពត ហើយវាក៏គ្មានសង្រ្គាមកើតឡើង ដែលធ្វើអោយយើងលំបាកដោះស្រាយ។

ខ្សែភាពយន្តឯកសារ ដំណើរឆ្ពោះទៅកាន់ការរំដោះប្រទេសកម្ពុជា

សង្ឃឹមថា យប់មិញនេះ ទូរទស្សន៍ជាច្រើនបានបញ្ជាំងនូវខ្សែភាពយន្តឯកសារមួយ ដែលឆ្លុះបញ្ជាំងនូវទិដ្ឋភាពខ្លះៗ ដែលទាក់ទងជាមួយនឹងដំណើរឆ្ពោះទៅកាន់ការរំដោះប្រទេសកម្ពុជា។ ដែលពេលនោះ ខ្ញុំទើបមានវ័យត្រឹមតែ ២៥ ឆ្នាំ​តែប៉ុណ្ណោះ ដែលចាកចេញទាំងទឹកភ្នែក និងការឈឺចាប់ ដើម្បីនាំមកនូវការរំដោះជាតិមាតុភូមិឡើងវិញ។ ខ្ញុំក៏មិន​នឹក​ស្មានថា ៥០ ឆ្នាំមុន កុមារម្នាក់ដែលបានមកស្នាក់នៅទីនេះមួយយប់ កំដរអ្នកជំងឺ ហើយមានភ័ព្វវាសនាបាន​ចូល​រួមចំណែកកសាងនូវមន្ទីរពេទ្យនេះសាជាថ្មីឡើងវិញ បន្ទាប់ពីរំដោះថ្ងៃ ៧ មករា ១៩៧៩។ វាសនាមនុស្ស​ពិត​ជា​មើល​មិនឃើញទេ។ ខ្ញុំគ្មានមហិច្ឆតាដើម្បីនឹងធ្វើជានាយករដ្ឋមន្រ្តី ឬក៏ធ្វើរដ្ឋមន្រ្តីទេ អ្វីដែលជាការចង់​បាន​របស់​ខ្ញុំ​នៅ​ក្នុង​ដំណាក់កាលនោះ គ្រាន់តែត្រឹមធ្វើជាគ្រូបង្រៀនតែប៉ុណ្ណោះ។ គ្រូពេទ្យក៏មិនធ្វើដែរ ព្រោះបញ្ហាធំជាងគេរបស់ខ្ញុំ គឺខ្លាចម្ជុល។

សូម្បីតែសព្វថ្ងៃនេះ អោយតែគេចាប់ផ្ដើមចាក់ថ្នាំ គឺខ្ញុំដឹងតែធ្មេចភ្នែកហើយ អត់មើលទេម្ជុល។ ហើយថ្ងៃមុន កំពុង​ហាត់​ប្រាណ ទូរទស្សន៍គេបញ្ចាំង(ពីការ)វះកាត់។ យើងហាត់ប្រាណ ឯទូរទស្សន៍នៅមុខ ទូរទស្សន៍ធំក៏មាន និងនៅ​ម៉ាស៊ី​​នហាត់ប្រាណ។ បើប៉ុស្ដិ៍ជាមួយគ្នា ឃើញអាហ្នឹង បិទអាហ្នឹង នៅសល់មួយ ក្រឡេកទៅឃើញ ថាអោយ​បិទ​អោយ​លឿន ព្រោះខ្ញុំខ្លាចម្ជុល និយាយអោយពិត។

នៅឆ្នាំ ១៩៧០ នៅពេលដែលខ្ញុំចូលព្រៃមាគី តាមការអំពាវនាវរបស់សម្ដេច ព្រះនរោត្តម សីហនុ បន្ទាប់ពីរដ្ឋប្រហារ ១៩៧០ ដោយពួក លន់ នល់។ ពេលនោះ គេបានជ្រើសរើសពួកសិស្សសាលាមួយចំនួន ដែលមានកម្រិត​វប្ប​ធម៌​គួរ​សមទៅធ្វើការសិក្សាវិជ្ជាពេទ្យ។ វាគាប់ជួន គេកត់ឈ្មោះខ្ញុំរួចស្រេចទៅហើយ ហើយគេក៏បានប្រាប់អោយ​ខ្ញុំ​រៀប​ចំ​ឥ​វ៉ាន់ ដើម្បីចាកចេញទៅរៀនពេទ្យ។ ខ្ញុំឆ្លើយតបត្រឡប់ទៅគេវិញថា ខ្ញុំមកនេះ ខ្ញុំមកកាន់កាំភ្លើង មិនមែនមកកាន់​សឺរ៉ាំងចាក់ថ្នាំទេ។ ការពិតខ្លួនឯងខ្លាចសឺរ៉ាំងចាក់ថ្នាំ។​

ភាគច្រើននៃនិស្សិតរបស់យើង នៃយុវជនរបស់យើង ចង់រៀនសូត្រខាងវិជ្ជាពេទ្យ ក៏ប៉ុន្តែសម្រាប់ខ្លួនខ្ញុំនេះ បែរជា​ខ្លាច​ថ្នាំ (ខ្លាចម្ជុល) ប៉ុន្តែវាបែរជាបានទៅយកប៉ះចំប្រពន្ធធ្វើពេទ្យទៅទៀត …។

៥ មករា អាពាហ៌ពិពាហ៌ក្នុងភាពកំសត់

ថ្ងៃស្អែកគឺជាខួបលើកទី ៤៣ ឆ្នាំ នៃថ្ងៃរៀបការរបស់ខ្ញុំ គឺថ្ងៃទី ៥ ខែមករា ១៩៧៦។ ថ្ងៃនេះទី ៤ ទៅហើយ ស្អែកថ្ងៃទី ៥ មករា ជាខួបលើកទី ៤៣ ឆ្នាំ​ ប៉ុន្តែមិនអាពាហ៌ពិពាហ៌ដូចសម័យយើងនេះទេ។ ពេលនោះ អាពាហ៌ពិពាហ៌ ១៣ គូ ហើយខ្លួនខ្ញុំនេះ គឺជាគូទី ១៣ តែម្ដង។ គួរអោយស្រណោះ នៅពេលនោះ ជាមួយនឹងសំលៀកបំពាក់ខ្មៅ គេដាក់​ខាង​ស្រីអង្គុយមុខ ខាងប្រុសអង្គុយក្រោយ។ ១៣ នាក់ស្រីនៅខាងមុខ ១៣ នាក់ប្រុសនៅខាងក្រោយ ជួរតាមគូអញ្ចឹង។ គ្មានកៅអីអញ្ចឹងទេ។ កៅអីកូនសិស្សរៀន ដាក់តគ្នា រួចហើយអង្គុយមុខ អង្គុយក្រោយ។ អានប្រវត្តិរូបគ្រប់ ២៦ ប្រវត្តិរូប ស្រី ១៣ ប្រុស ១៣។ គាប់ជួនអី គូខ្ញុំនេះ ជាគូដែលមានសំណាងជាងគេ។ សំណាងនៅត្រង់ថា ទោះបី​ខ្ញុំ​ពិការ ហើយ ១៣ គូនោះ សុទ្ធតែ​ពិ​ការ​ទាំងអស់ ឯខ្ញុំពិការដែរ ក៏ប៉ុន្តែពិការភ្នែក ហើយក៏ជាគូដែលធ្លាប់បាន​ស្ដីដណ្ដឹង​គ្នា។ ឯគូដទៃទៀត សុទ្ធតែអង្គការ​ចាប់​ផ្គុំទេ។ មានសំណួរគួរអោយចាប់អារម្មណ៍ ដែលខ្ញុំនៅចាំនៅក្នុងត្រចៀក​រាល់​ថ្ងៃ នៅ​ត្រ​ង់ថា តើសមមិត្ត​មាន​លទ្ធភាព កែប្រែភរិយារបស់សមមិត្ត អោយក្លាយទៅជាវណ្ណៈអធនបានឬទេ? ហេតុអ្វី​ចាំបាច់​មាន​​សំ​ណួរ​នេះ​ចេញ​មក? ដោយសារតែក្នុងចំណោមស្រ្តី ១៣ នាក់នោះ ភរិយារបស់ខ្ញុំ(សាច់)សជាងគេ ស្អាតជាងគេ … គេបង្ខំខ្ញុំច្រើន​លើក​ច្រើន​សាហើយ ខាងស្រីក៏គេបង្ខំដែរ ប៉ុន្តែយើងទាំងពីរនាក់ នៅតែប្ដូរផ្ដាច់​(ជួប​គ្នា)។

… ខ្ញុំសូមជម្រាប ការរួចហើយ ស្រមោចខាំមួយយប់ទល់ភ្លឺអត់បានដេក ហើយខែរងា។ រងាណាស់។ ឆ្នាំហ្នឹងរងា​ណាស់។ ៤​ យប់ ទើបមកដល់កន្លែង មកដល់កន្លែងបានត្រឹមតែ ៣ ថ្ងៃ តែប៉ុណ្ណោះ គេត្រូវបំបែក។ អញ្ចឹង ខ្ញុំ​ការ​មាន​រយៈ​ពេលតែ ១ អាទិត្យទេ ដែលរស់នៅជាមួយគ្នា ហើយ ៤ ថ្ងៃ គឺរស់នៅតាមកន្លែងផ្សេងៗ មកនៅកន្លែងខ្លួនឯង​បាន​ត្រឹម​តែ ៣ ថ្ងៃ។ គេយកប្រពន្ធខ្ញុំទៅលត់ដំនៅប្រព័ន្ធភ្លឺស្រែឯណោះទៅទៀត។ ចាំបាច់ទៅយកគ្រូពេទ្យម្នាក់​ទៅកាប់​ដី​ធ្វើ​អី? ប៉ុន្តែ ប្រហែលជាគេយល់ឃើញថា ស្ត្រីដែលមានសាច់ស ស្បែកសបែបនេះ គេហៅថា ពួកអនុ​ធន​នៅ​តាម​មាត់​ទន្លេ ដែលពិបាកកែប្រែចរិតអោយទៅជាវណ្ណៈអធន។ ប៉ុន្តែ ក៏ជាការដាស់តឿនរំលឹកដែរ បើទោះបី​រៀបការ​ក្នុង​ស្ថានភាពដ៏​កម្សត់ គ្រាន់តែសែនព្រេនធូបបីសរសៃ ក៏គង់អាចរស់នៅជាមួយគ្នាមួយជីវិត មួយជីវាំងដែរ។ ឯការ​ដែល​មានភ្លេង មានឃ្មោះ មានអ្វីៗសព្វបែបយ៉ាង ក៏មិនប្រាកដថា អាចរស់នៅជាមួយគ្នាបានដែរ បើចិត្តវាមិនត្រូវ​គ្នាហើយ​នោះ …។

មានបំណងអោយចៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកពេទ្យ

… មកសម្ពោធមន្ទីពេទ្យ ប៉ុន្តែ ទៅនិយាយថ្ងៃរៀបការឯណាឯណោះទៅវិញ ប៉ុន្តែ ភរិយាខ្ញុំក៏ជាគ្រូពេទ្យម្នាក់ដែរ។ ខ្ញុំក៏​ចង់​អោយចៅរបស់ខ្ញុំណាមួយ កូនរបស់ខ្ញុំទៅហួសហើយ ឯចៅរបស់ខ្ញុំ ក៏ខ្ញុំចង់អោយចៅណាមួយអាចទទួលបាននូវ​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកពេទ្យ។ ក៏ប៉ុន្តែ មិនដឹងថាចៅមួយណា មាននិស្ស័យទៅលើបញ្ហាវិជ្ជាជីវៈសុខាភិបាល​នេះ? កូនប្រសារមួយជាបណ្ឌិតផ្នែកសុខភាពសាធារណៈ គឺប្រពន្ធ របស់ ហ៊ុន ម៉ាណែត ទាំងប្តីទាំងប្រពន្ធរបស់គេ គឺសុទ្ធតែថ្នាក់បណ្ឌិត។ មួយបណ្ឌិតដែលមានជំនាញផ្នែកសេដ្ឋកិច្ច នយោបាយ ហើយក៏ចេញពីបណ្ឌិតសភា​យោធា​សហ​រដ្ឋអាមេរិកផងដែរ។ ឯភរិយារបស់គេ គឺជាបណ្ឌិតផ្នែកសុខភាពសាធារណៈ ក៏ប៉ុន្តែ ដើម្បីចៀសវាងនូវការ​តិះ​ទៀន​ណាមួយនោះ បណ្ឌិតមួយនេះមិនទទួលបាននូវការតែងតាំងក្នុងមុខតំណែងណាមួយនោះទេ។ ធ្វើដល់ប៉ុណ្ណឹង​ហើយ នៅមានការតិះទៀនថា កូនលោក ហ៊ុន សែន ធ្វើនេះ ធ្វើនោះ។ ឥឡូវ ខ្ញុំក៏ចង់បោះសំណួរត្រឡប់ទៅវិញថា បណ្តុះ​បណ្តាលវាយកមកធ្វើអី? តើបណ្តុះបណ្តាលអ្នកទាំងអស់ហ្នឹងយកមកគ្រាន់តែកប់ចោល ឬយ៉ាងម៉េច? ឥឡូវ​នេះ​មិនអីទេ ខ្ញុំទុកអោយកូនរបស់ខ្ញុំនេះ ដឹកនាំក្រុមគ្រូពេទ្យដដែល ប៉ុន្តែ មិនមែនក្រុមគ្រូពេទ្យក្នុងផ្នែកទាក់ទិនជា​មួយ​នឹងផ្នែករដ្ឋទេ ដឹកនាំក្រុមគ្រូពេទ្យនៃសប្បុរសរបស់ខ្ញុំ ដើម្បីចុះជួយព្យាបាលជំងឺ សម្រាប់ប្រជាជននៅតំបន់នេះ ឬ​តំបន់នោះ។ ក្នុងហ្នឹងអាចមានគ្រូពេទ្យខ្លះក៏ជាសមាជិកនៅក្នុងក្រុមនោះដែរ។

ឆ្នាំ ១៩៧៩ ទីក្រុងភ្នំពេញនៅសល់គ្រូពេទ្យ និងនិស្សិតពេទ្យតិច

ឥឡូវនេះ ក្មួយៗ កូនៗ ចៅៗ ដែលជានិស្សិតពេទ្យ ខិតខំការរៀនសូត្ររបស់យើងបន្ត។ ខ្ញុំនៅចាំច្បាស់ថា ឆ្នាំ ១៩៧៩ ពេលនោះ យើងចូលមកដល់ទីក្រុងភ្នំពេញនៅសល់គ្រូពេទ្យតិចណាស់ តិចយកតែមែនទែន។ យើងបានរក​ឃើញ​នូវ​គ្រូ​ពេទ្យមួយចំនួន ដែលនៅសេសសល់ពីការស្លាប់នៃរបប ប៉ុល​ ពត ហើយក៏នៅ​សល់និស្សិតពេទ្យមួយចំនួនផងដែរ ដែលពេលនេះក៏ក្លាយទៅជាវេជ្ជបណ្ឌិត ហើយក្លាយទៅជាសាស្ត្រាចារ្យផងដែរ ដូចជា វេជ្ជបណ្ឌិត ធា គ្រុយ ជាដើម។ កាលពីពេលនោះ យើងមានគ្នាប៉ុន្មាននាក់ហ្នឹង ហើយកូនខ្ញុំទាំងអស់ មិនដឹងថាវាយ៉ាងម៉េច គឺមានប្រហែលជារួចតែ ម៉ាណែត មួយទេ ឯក្រៅពីនោះសុទ្ធតែគ្រុនឈាមទាំងអស់។ មួយជំនាន់នោះសម្បូរទៅដោយគ្រុនឈាម។

គ្រូពេទ្យកោសខ្យល់

វិស័យសុខាភិបាលរបស់យើងទន់ខ្សោយខ្លាំងណាស់ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់និយាយថា គ្រូពេទ្យកោសខ្យល់។ ពេល​នោះ យើងនៅសេសសល់គ្រូពេទ្យខ្លះ ហើយបង្កើតជាគិលានដ្ឋាននៅតាមមូលដ្ឋាន។ មិនគ្រប់គ្រាន់ទេ មានគ្រូពេទ្យ​ម្នាក់ ឬពីរនាក់ ហើយជំនាញក៏ខ្សោយទៅទៀត បន្ថែមទៅដោយខ្វះថ្នាំសង្កូវ អញ្ចឹង អ្នកជំងឺទៅដល់ គឺគ្មានអ្វីតែ​ក្រៅពី​បបួលអ្នកជំងឺកោសខ្យល់។ ខ្ញុំនិយាយពីគ្រូពេទ្យកោសខ្យល់ មិនមែនសំដៅបង្អាប់គ្រូពេទ្យទេ ប៉ុន្តែ ផ្ទុយទៅវិញ នេះ​ជា​តម្លៃនៃគុណធម៌របស់គ្រូពេទ្យ។ គ្មានអ្វីនៅក្នុងដៃ​គ្មានថ្នាំនៅក្នុងដៃ វិធីម្យ៉ាងតាមក្បូនខ្មែរយើង គឺកោសខ្យល់។ អញ្ចឹង សុខចិត្តកោសខ្យល់អោយអ្នកជំងឺ។ នេះអាចចាត់ទុកថា ជាគុណធម៌ ជាសីលធម៌របស់គ្រូពេទ្យ។

ហេដ្ឋារចនាសម័ន្ធផ្នែកសុខាភិបាលមានការវិនិយោគច្រើន

យើងក៏ត្រូវគេច្របាច់ច្រមុះ ដើម្បីអោយស្លាប់ទៅវិញបន្ទាប់ពីរបប ប៉ុល ពត បានបញ្ចប់ទៅ។ ជំនួយមានតិចតួច​ណាស់ ក្នុងគ្រាលំបាកណាស់នៅក្នុងកាលៈទេសៈនោះ។ មន្ទីរពេទ្យមួយចំនួនត្រូវបានដាក់អោយដំណើរការ ក៏ប៉ុន្តែ ក្នុងស្ថានភាពដែលវាលំបាកលំបិន។ ពេលនេះស្ថានភាពបានផ្លាស់ប្តូរហើយ ជាមួយនឹងការវិនិយោគដ៏ច្រើន​សន្ធឹក​សន្ធាប់​ពីសំណាក់រាជរដ្ឋាភិបាល ពីសំណាក់ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ សម្រាប់កសាងហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់ សម្រាប់វិស័យសុខាភិបាលរបស់យើង។

ក្រសួងសុខាភិបាល ជាក្រសួងអាទិភាពជាងគេក្នុងការចូលរួមសន្និបាតប្រចាំឆ្នាំ 

គ្រូពេទ្យរបស់យើងដែលមុននេះនៅមានចំនួនតិចតួច ឥឡូវនេះ យើងបានពង្រាយគ្រូពេទ្យរបស់យើង ទៅកាន់មូល​ដ្ឋាន​កាន់តែច្រើន ប៉ុន្តែ វាក៏នៅមានតម្រូវការនូវការបែងចែកឡើងវិញនូវចំនួនគ្រូពេទ្យរបស់យើង ព្រោះតាមទម្លាប់​ធម្មតា​នៅក្នុងរយៈពេល ៣៨ ឆ្នាំ កន្លងផុតទៅ មានតែក្រសួងសុខាភិបាលមួយគត់ ដែលជាក្រសួងដែលខ្ញុំ​បាន​ចូល​រួម​សន្និបាតជារៀងរាល់ឆ្នាំ។ ខានឆ្នាំទៅមួយឆ្នាំ ដោយសារការជាប់រវល់ ហើយដូចជា មានធុរៈស្អីផងទេ ដោយពេល​នោះ​ដូចអោយ សម្តេច ស ខេង ដើម្បីទៅចូលរួម។ ក្រសួងសុខាភិបាលមួយ ជាក្រសួងដែលអាទិភាពខ្លាំងជាងគេ​នៅ​ក្នុង​ការចូលរួមសន្និបាតប្រចាំឆ្នាំ ហើយតែងតែទទួលបាននូវអនុសាសន៍ និងតែងទទួលបាននូវការលើកទឹក​ចិត្តនូវ​ការ​ផ្តល់វិភាជថវិកាសម្រាប់វិស័យសុខាភិបាល។

គណបក្សប្រជាជនកម្ពុជា ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសុខុមាលភាពជាចម្បង

ខ្ញុំនៅចាំបានថា សន្និបាតលើកទី ១ របស់យើងធ្វើនៅឯសាលាពេទ្យ។ ថ្ងៃនោះ គឺជាថ្ងៃដែលយើងបើកសាលា​ពេទ្យ​លើក​ដំបូង។ សាកលវិទ្យាល័យថ្នាក់ឧត្តមសិក្សា ដែលបើកដំបូងគេ គឺបើកសាលាពេទ្យតែម្តង។ អញ្ចឹង បានសេច​ក្តីថា គណបក្សប្រជាជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសុខុមាលភាពជាចម្បងរួចស្រេចទៅ ដែលចង្អុលបង្ហាញអំពីការបើកឡើងវិញមុនគេ នូវមហាវិទ្យាល័យពេទ្យសព្វថ្ងៃនេះ។ សាលាក្រហមសព្វថ្ងៃនេះ។ សន្និ​បាត​លើកទី ១ របស់យើងនៅពេលនោះ ក៏ចាប់ផ្តើមនៅឯសាលាក្រហម។ តាមខ្ញុំចាំ ពេលនោះ ទៅបិទសន្និបាត​ក្នុង​ពេល​ល្ងាច។ ពេលនោះ នៅឯកឧត្តម នូ បេង ជារដ្ឋមន្ត្រីនៅឡើយ។ ឯកឧត្តម យិត គឹមសេង, ឯកឧត្តម នុត សាវឿន ជាឧបការីទេ, បង យិត គឹមសេង ជាអនុរដ្ឋមន្ត្រីសុខាភិបាល, លោកជំទាវ ជ័យ កញ្ញា ជាអនុរដ្ឋមន្ត្រី។

ឆ្នាំ ២០១៨ ជាឆ្នាំអនុត្តនូវក្របខណ្ឌគោលនយោបាយ នៃកិច្ចគាំពារសង្គម

ឆ្នាំ ២០១៧ កន្លងផុតទៅនេះ ជាឆ្នាំដែលយើងដាក់ចេញនូវកម្មវិធីជាច្រើនទាក់ទងនឹងគាំពារសង្គម ហើយឆ្នាំនេះ គឺ​ជា​ឆ្នាំដែលយើងត្រូវអនុវត្តនូវចក្ខុវិស័យនូវក្របខណ្ឌគោលនយោបាយ នៃកិច្ចគាំពារសង្គម ដែលក្នុងនោះ ក៏ត្រូវបាន​ដាក់​បញ្ចូលមកក្នុងក្រោមមូលនិធិសមធម៌នូវកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធប្រមាណជា ៣ លាននាក់​ទៀត។ នៅក្នុងរបាយការណ៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានលើកឡើង អំពីទាក់ទងនឹង​អ្នកដែល​បាន​ទទួលនូវកម្មវិធីមូលនិធិសមធម៌ ដែលបានចូលមកព្យាបាលនៅក្នុងមន្ទីពេទ្យនេះ។

នឹងបង្កើតមូលនិធិទ្រទ្រង់ដល់កម្មករស៊ីក្លូ និងអភិរក្សស៊ីក្លូ

នៅពេលខាងមុខច្បាស់ជាមានចំនួនកាន់តែច្រើនហើយ ដែលនឹងត្រូវទទួលក្រោមមូលនិធិសមធម៌ រាប់ទាំងកម្មករ ធាក់ស៊ីក្លូ ដែលម្សិលមិញនេះ ខ្ញុំបានប្រកាស និងផ្តល់ឱកាសអោយកម្មករស៊ីក្លូរបស់យើងទទួលបាននូវការព្យាបាល​ជំងឺ​ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ មិនជាយូរប៉ុន្មានទៀតទេ ខ្ញុំនឹងត្រូវបង្កើតឡើងនូវមូលនិធិមួយ សម្រាប់ទ្រទ្រង់ទៅដល់កម្មករស៊ីក្លូ និងអភិរក្សស៊ីក្លូផងដែរ។ ខ្ញុំគិតថា មិនរង់ចាំយូរពេកទេ។ ឯកឧត្តម ឃួង ស្រេង ត្រូវតែធ្វើរឿងនេះអោយបានស្រូតបំផុត តាមដែលអាចធ្វើទៅបាន។ មុនដំបូងអោយខ្ញុំបានដឹង​ តើចំនួនពិតប្រាកដ នៃ​កម្មករ​ស៊ីក្លូ ក្រោមការគ្រប់គ្រង សមាគមស៊ីក្លូមានប៉ុន្មាន? ព្រោះយប់មិញ ខ្ញុំ និងភរិយាខ្ញុំ បានពិភាក្សាគ្នាពីរនាក់ប្តី​ប្រ​ពន្ធ ព្រោះគាត់ជាពេទ្យដែរ។ គាត់ក៏ចង់អោយធ្វើអាហ្នឹងដែរ គាត់ថាល្អ។ យើងពិនិត្យអំពីការជួយគាត់របៀប​ណា? ដើម្បីអោយគាត់មានលទ្ធភាព ព្រោះអ្នកធាក់ស៊ីក្លូជាអ្នកមានបាតដៃទទេសុទ្ធ ខុសពីអ្នករត់ម៉ុតូកង់បី រត់នេះ រត់នោះ។​ អ្នកនោះគេមានមធ្យោបាយជួលរបស់គេ។ អ្នកធាក់ស៊ីក្លូទទេសុទ្ធ។ គាត់មកជួលស៊ីក្លូគេធាក់។ អញ្ចឹងយើង​អាច​ចេញ​ស្អីអោយគាត់ខ្លះ ដូចថា យើងធានាលើថ្លៃស៊ីក្លូមួយ​ អាហ្នឹងឧទាហរណ៍អញ្ចឹង។ គាត់ជួលគេប៉ុន្មាន? យើង​ចេញអា​ថ្លៃ​ស៊ីក្លូអោយគាត់ អាហ្នឹងទី ១។ ទី ២ យើងអាចចេញប្រាក់ថ្លៃបាយអោយគាត់ ហើយដល់លុយដែល​គាត់​រក​បាន។ អាហ្នឹងសម្រាប់ចំណូលរបស់(គាត់)។ យើងប៉ាវ(អាហ្នឹង)។ ខ្ញុំលើកឧទាហរណ៍ទេណា។ ថ្លៃស៊ីក្លូគាត់ធ្លាប់តែជួលគេ យើងបង់ជួស។ ដល់ទៅពេលថ្លៃបាយ យើងកំណត់ថាប៉ុន្មាន? ៤.០០០ ឬ ៥.០០០ រៀល ឧទាហរណ៍​អញ្ចឹង។ អាហ្នឹងយើងប៉ាវ។ ទោះបីគាត់រកមិនបាន​ គាត់ដឹងថា គាត់មានលុយបាយ។

ដល់ទៅពេលមានជំងឺ   តើយើងត្រូវដោះស្រាយរបៀបម៉េច?   នៅក្នុងមន្ទីរពេទ្យ ​គឺគាត់ទទួលការព្យាបាល ដោយមិន​បង់​ប្រាក់ហើយ។ ក៏ប៉ុន្តែ ប្រាក់ចំណូលរបស់គាត់ ដែលគាត់បាត់ក្នុងពេលដែលគាត់ឈឺនេះ តើយើងគួរគិត​យ៉ាង​ម៉េច? នេះគ្រាន់តែជាការផ្តល់គំនិតឲ្យមានការគិតតែប៉ុណ្ណោះ។ ខ្ញុំគិតថា នៅពេលដែលយើងចាប់ផ្តើមមូលនិធិនេះ យើងគួរតែជួបជុំគាត់មួយពេល ហើយបាយជាមួយបងប្អូនស៊ីក្លូហ្នឹងតែម្តង។ ខ្ញុំនឹងបាយជាមួយគាត់ដើម្បីឲ្យយល់​គ្នា។ ខ្ញុំមិនមែនជាអតីតអ្នកធាក់ស៊ីក្លូទេ តែជាអតីតអ្នករៀនធាក់ស៊ីក្លូ ហើយគាប់ជួនវាបាត់មួកគេទៀត។ គេយក​ស៊ីក្លូ​ទៅ​ទុក​ក្នុងវត្ត ហើយគាត់សម្រាកលក់។ ដល់សម្រាកលក់ ក៏ទៅដាស់គាត់។ ពូ! ខ្ញុំ​ខ្ចីស៊ីក្លូរៀនធាក់ក្នុងវត្ត ដល់​ទៅ​វា​បាត់​មួកគាត់ … យើងក៏ត្រូវទទួលខុសត្រូវក្នុងមូលនិធិសម្រាប់ការកាត់ឯកសណ្ឋានស៊ីក្លូជូនពួកគាត់។ រៀបចំឲ្យបាន​ស្រូត តាមតែអាចធ្វើទៅរួច។

និយាយទៅដល់ណាទៀតហើយ។ ប៉ុន្តែ កុំភ្លេចថា មូលនិធិសមធម៌ត្រូវបានអនុវត្ត បន្ថែមប្រមាណមនុស្សជិត ៣ លាន​នាក់ទៀត ដែលគ្រប់ដណ្តប់នៅទូទាំងប្រទេស ជាមួយនឹងកម្មករ ទាំងក្នុង និងក្រៅប្រព័ន្ធ ហើយត្រូវចងចាំឲ្យ​បាន​ថា អ្នកទាំងអស់នេះ មិនត្រូវបានបង់ថ្លៃទេ សម្រាប់ការព្យាបាលនៅពេលដែល​មានការបញ្ជាក់ត្រឹមត្រូវ។ ខ្ញុំពិតជា​មាន​ការកោតសរសើរចំពោះក្រសួងសុខាភិបាល និងគ្រូ​ពេទ្យទាំងអស់ ដែលបានអនុវត្តនូវកិច្ចការងារនេះ ក្នុងរយៈ​ពេល​កន្លងទៅ និងក្នុងរយៈកាលថ្មីៗដែលបានចាប់ផ្តើម នៃកម្មវិធីនៃការអនុវត្តកិច្ចគាំពារសង្គមផ្នែកថែទាំសុខ​ភាព។

យុទ្ធនាការបំបាត់ជំងឺគ្រុនស្វិតដៃជើង មានការលំបាក ដោយសារប្រទេសនៅបែងចែក

មានកិច្ចការច្រើនណាស់ដែលជាវឌ្ឍនភាព តែក៏មានកិច្ចការច្រើនដែរ ដែលជាបញ្ហាប្រឈម។ មានពេលខ្លះ និយាយ​តាម​ត្រង់ នៅក្នុងរង្វង់ទសវត្សរ៍ ៩០ ​នៅពេលដែលយើងចាប់ផ្តើមយុទ្ធនាការបំបាត់ជំងឺគ្រុនស្វិតដៃជើង តាមរយៈនៃ​ការ​ចាក់​វ៉ាក់​សាំង ដែលពេលនោះយុទ្ធនាការរបស់យើងចាប់ផ្តើមនៅឆ្នាំ ១៩៩៤-១៩៩៥។ ពេលនោះ ជំនឿរបស់ខ្ញុំថា​អាច​បំបាត់បាននូវជំងឺគ្រុនស្វិតដៃជើងមានកម្រិត។ មូលហេតុអ្វីបានជាមានកម្រិតយ៉ាងដូច្នេះ? មូលហេតុស្ថិតនៅ​ត្រង់​ថា ប្រទេសរបស់យើងបែងចែកជាតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ នៅឡើយ។ អ៊ុនតាក់បានចាយលុយអស់ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តនូវ​កិច្ចព្រមព្រៀងប៉ារីស។ ប៉ុន្តែ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន ហើយ​ដែលអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេលដែលអ៊ុនតាក់ដកត្រឡប់ទៅវិញ បានបន្សល់ទុកឲ្យកម្ពុជានៅជា​ប្រ​ទេស​មួយដែលមានតំបន់ត្រួតត្រា ២ និងមានរដ្ឋាភិបាល ២ នៅឡើយទេ។ អ៊ុនតាក់មិនមែនសម្រេចជោគជ័យ ១០០% សម្រាប់សន្តិភាពរបស់កម្ពុជាទេ។ អ៊ុនតាក់គ្មានលទ្ធភាពចូលទៅក្នុងតំបន់ខ្មែរក្រហមទេ សូម្បីតែកូនទា​ហាន​ខ្មែរ​​ក្រហម ២ នាក់ នៅប៉ៃលិន រារាំងដំណើររបស់ប្រធានអ៊ុនតាក់ អនុប្រធានអ៊ុនតាក់ និងមេបញ្ជាការយោធា​របស់​អ៊ុនតាក់។ ដូច្នេះ តើយើងត្រូវបំបាត់ជំងឺគ្រុនស្វិតដៃជើងនៅទូទាំងប្រទេសយ៉ាងណាទៅ? បើនៅតំបន់ដែលរាជ​រដ្ឋា​ភិបាលត្រួតត្រាអាចផ្តល់វ៉ាក់សាំងបាន។ ប៉ុន្តែ តើយើងមានលទ្ធភាពចូលទៅផ្តល់វ៉ាក់សាំងជូនកុមារ និងទារក នៅក្នុងតំបន់ខ្មែរក្រហម ឬទេ?​ នេះជាចំណោទធំណាស់នៅពេលនោះ។

បន្ទាប់អនុវត្តនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ និងទឹកដី ទើបសម្រេចបានការបំបាត់ជំងឺគ្រុនស្វិតដៃជើង

នៅពេលដែលនយោបាយឈ្នះឈ្នះចាប់ផ្តើមផ្ទុះឡើង ដែលចាប់ផ្តើ​មពីតំបន់ឱរ៉ាល់ នៅដើមឆ្នាំ ១៩៩៦ និងបន្តទៅ​នៅ​ក្នុងអំឡុងខែ សីហា ឆ្នាំ ១៩៩៦ តាំងពីម៉ាឡៃ ប៉ៃលិន កំរៀង ភ្នំព្រឹក្ស សំឡូត និងតំបន់ដទៃទៀត ដូចជា តាកែនកោះស្លាជាដើម អនុញ្ញាតឲ្យយើងបានធ្វើសកម្មភាពព្រមៗគ្នា ទៅលើការផ្តល់វ៉ាក់សាំងទៅក្នុងតំបន់នោះ។ បន្តទៅដើមឆ្នាំ ១៩៩៨ យើងក៏បានបន្តឈានឆ្ពោះទៅធ្វើសមាហរណកម្មនៅតំបន់អន្លង់វែង ដែលជាតំបន់ចុ​ង​ក្រោយ​នៃខ្មែរក្រហម។ យើងក៏បានធ្វើសកម្មភាពដ៏ប្រញ៉ាប់ប្រញាល់ ហើយយើងក៏សម្រេចបានផល នៃការបំបាត់ជំងឺ​គ្រុន​ស្វិត​ដៃជើងនៅក្របខណ្ឌទូទាំងប្រទេសនៅក្នុងឆ្នាំ ២០០០។ នេះក៏ជាជោគជ័យមួយក្នុងចំណោមជោគជ័យ ដែល​យើងទទួលបានពីសកម្មភាពដ៏រស់រវើករបស់មន្ត្រីសុខាភិបាល របស់ផ្នែកពាក់ព័ន្ធទាំងអស់ ហើយក្នុងនោះ​រួម​ទាំង​មាតាបិតា អាណាព្យាបាល ដែលមានការយល់ដឹង ហើយយកកូនដើម្បីទទួលបាននូវវ៉ាក់សាំងព្យាបាលជំងឺ។

បន្តកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺឆ្លង ជាមួយប្រទេសជិតខាង

ឥឡូវនេះ ខ្ញុំក៏នៅតែបន្តធ្វើការជាមួយនឹងប្រទេសជិតខាង ដូចជា ជាមួយព្រះរាជាណាចក្រថៃ ជាមួយនឹង សាធារណ​រដ្ឋ​សង្គមនិយមវៀតណាម ជាមួយនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថា សូមឲ្យទទួលបាននូវសេវា​សុខា​ភិបាលនៅតំបន់ព្រំដែន។ ព្រោះតំបន់ខ្លះនៅតាមព្រំដែន បើយើងបញ្ជូនអ្នកជំងឺ ឬបញ្ជូនកុមាររបស់យើង ត្រ​ឡប់​មករកមន្ទីរពេទ្យខាងក្រោយ គឺនៅឆ្ងាយណាស់ នៅក្នុងពេលដែលភូមិឋានរបស់គេនៅជិតនឹងព្រំដែន។ អញ្ចឹង​គេ​ឆ្លង​ព្រំដែនតែបន្តិច គេអាចទទួលបាននូវវ៉ាក់សាំងនៅខាងនោះទៅហើយ។ គេឆ្លងព្រំដែនតែបន្តិច គេអាចទទួល​បាន​នូវ​ការព្យាបាលជំងឺនៅខាងនោះទៅហើយ។ បើយើងដឹកមកក្រោយចម្ងាយ ១០ គីឡូ ឬលើសពីនេះ។ អញ្ចឹងទេ យើងក៏ត្រូវបន្តសហប្រតិបត្តិការនេះ ជាមួយនឹងប្រទេសជិតខាង។ បូកបន្ថែមទៅដោយសហប្រតិបត្តិការដទៃទៀត ដើម្បីទប់ស្កាត់នូវជំងឺឆ្លង។

ទប់ស្កាត់មិនឲ្យមានជំងឺ SARS នៅកម្ពុជា

កម្ពុជាមោទនភាពខ្លាំងណាស់ជាមួយនឹងការទប់ស្កាត់នូវជំងឺឆ្លងនានា ចាប់ផ្តើមពីជំងឺ SARS នៅឆ្នាំ ២០០២ និង ២០០៣។ ជំងឺ SARS បានចាប់ផ្តើមជាមួយនឹងពេលវេលាដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ដូច្នេះ បន្ទាប់ពីកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០០២ កម្ពុជានៅបន្តធ្វើជាប្រធានអាស៊ានតទៅទៀត ប៉ុន្តែមានកិច្ច​ការ​បន្ទាន់​មួយ ដែលខ្ញុំ និងនាយករដ្ឋមន្រ្តី Goh Chok Tong ​និងអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ដែល​មួយ​ជា(អតីត)នាយករដ្ឋមន្រ្តីសាំងហ្គាពួរ និងមួយទៀតជា(អតីត)នាយករដ្ឋមន្រ្តីរបស់ថៃ។ អញ្ចឹងទេ ពិភាក្សាគ្នាតាម​រយៈ​ទូរស័ព្ទ រួចហើយ​ក៏បានទៅដល់នាំគំនិតផ្តួចផ្តើមស្តីអំពីការប្រជុំទាក់ទងនឹងជំងឺ SARS ហើយដែលការប្រជុំនេះ​ប្រព្រឹត្ត​ទៅនៅទីក្រុងបាងកក រវាងអាស៊ាន ជាមួយចិន និងហុងកុង កាលពីពេលនោះ។ ជំងឺ SARS គឺមិនបានរីក​រាល​ដាលនៅកម្ពុជាទេ។ ផ្ទុយទៅវិញ ខ្ញុំអាចជម្រាបបានថា សម្លៀកបំពាក់ ដើម្បីបម្រើឲ្យ(ការការពារ)ជំងឺ SARS នៅ​ពេល​នោះ ត្រូវនាំចេញពីកម្ពុជាទៅផ្គត់ផ្គង់ទេ។ ផលិតនៅកំពង់ចាម ខោអាវពេទ្យសម្រាប់ការពារជំងឺ SARS នៅ​ពេល​នោះ ត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសនានា។

ជំងឺផ្តាសាយបក្សី និងជ្រូក ក៏មិនមានកើតធំដុំ

មានជំងឺច្រើនណាស់ដែលបានកើត តែយើងបានទប់ស្កាត់ជំងឺ(ទាំង)នេះ។ ប៉ុន្មានថ្ងៃមុននេះ មានជំងឺគ្រុនផ្តា​សាយ​បក្សី​កើតឡើង ២ ករណី នៅខេត្តកំពង់ចាម និងកំពង់ធំ ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងទាំងអស់ យើងតែងតែដាក់តំបន់នេះ​ជាតំ​បន់ដែលត្រូវការពារ ហើយយើងបញ្ចៀសបាននូវការរីករាលដាល នៃជំងឺបែបនេះ។ ប៉ុន្តែ ជាអកុសល ក៏ខ្ញុំគួរតែ​ជម្រាប​ថា ពេលគ្រុនផ្តាសាយជ្រូក (Swine Flu) វាមិនទៅកើតលើអ្នកណា កើតលើនាយករដ្ឋមន្រ្តី។ អស់ឆ្ងល់​បណ្តោយ។ ទៅប្រជុំគណៈរដ្ឋមន្រ្តី ចេញមកវិញ (កើតជំងឺ)ហ្នឹងតែម្តង និយាយពីក្តៅមហាក្តៅនោះ ដល់ចេញពីខ្ញុំ​ទៅ​ឆ្លង​ទៅប្រពន្ធខ្ញុំ ចាប់ផ្តើមពី យឹម ឆៃលី និង ឆាយ ថន អីហ្នឹង សុទ្ធតែអ្នកកើតហើយ។ ដល់យកតេសន៍ឈាម​មើល​ទៅ គឺកើតពីទីកន្លែងប្រជុំគណៈរដ្ឋមន្រ្តី អគារមិត្តភាពទៅវិញ។ វាកើតចំនាយករដ្ឋមន្រ្តី អញ្ចឹងនាយក​រដ្ឋមន្រ្តី​ប៉ាវ​យក​អស់​ អត់មានកើតដល់ប្រជាជនទេ។

មានមោទនភាព ក្នុងការកាត់បន្ថយការឆ្លងជំងឺអេដស៍ និងការជក់បារីនៅកម្ពុជា

ជំងឺនានា យើងបានកាត់បន្ថយបានច្រើន។ ហើយសំខាន់ដែលខ្ញុំព្រះករុណាខ្ញុំមានមោទនភាព​ ជំងឺអេដស៍ត្រូវបាន​កាត់​បន្ថយយ៉ាងលឿន ហើយមិនរីករាលដាលទេ។ ប្រៀបធៀបទៅជាមួយនឹងប្រទេសដទៃ ដែលមានការរីករាល​ដាល ប៉ុន្តែ អត្រានៃអ្នកមានផ្ទុកជំងឺអេដស៍បន្តធ្លាក់ចុះជាបន្តបន្ទាប់សម្រាប់ប្រទេសរបស់យើង។ នេះជាមោទនភាព​ទី ១។ ​មោទនភាពទី ២ ខ្ញុំដើរសួរសុខទុក្ខកម្មករប្រមាណជា ៣០ ម៉ឺននាក់ ខ្ញុំមិនបានធុំក្លិនផ្សែងបារី​ចេញពី​កម្មករ​ណា​ម្នាក់ទេ។ ប្រទេសរបស់យើង គឺជាប្រទេសដែលមានការវិវឌ្ឍល្អណាស់ ទៅលើបញ្ហាការថែទាំសុខភាព ទាក់​ទង​ជា​មួយនឹងថ្នាំជក់។ ហើយរឿងនេះ ខ្ញុំក៏បានរំដោះខ្លួនចេញពី គេហៅថា អ្នកជក់បារី មកដល់ពេលនេះបាន ៤ ឆ្នាំ​ហើយ។ ឈប់បានតើ។ ចៅៗចេះតែមកប្រាប់ និយាយពីបេះដូងអ្នកដែលគ្រោះថ្នាក់(ពីបារី) លោកតាកុំជក់។ ហើយ​ពេល​ដែល​ចៅមកលេងម្តងៗ ទីចុងបំផុត ចៅធ្វើឲ្យយើងក្លាយទៅជាអ្នកដែលឈប់ជក់។ ពេលដែលចៅមក​លេង​ម្តងៗ គេបីចៅមក ហើយប្រពន្ធខ្ញុំគាត់ចូលចិត្តណាស់ គាត់ដឹងថាខ្ញុំគោរពចៅ គាត់បីចៅមក យើងចាប់ផ្តើមខិតខំ​រត់​ទៅ​ពន្លត់បារី ដល់រួចហើយចាប់ផ្តើមឈប់បានរហូត។ ឥឡូវ យើងបានឃើញនៅក្នុងប្រទេសរបស់យើងនេះ គឺអ្នក​ជក់​បា​រី មានតិចតួចណាស់។ អ្នកដែលជក់បារីក៏បានឈប់ជក់ អ្នកដែលមិនចេះជក់គឺមិនរៀនជក់ទេ។ នៅប្រទេស​មួយ​ចំនួន ខ្ញុំបានឃើញស្រ្តីតែម្តង ចង់សាក ឲ្យតែចាប់ផ្តើមហាមស្អី គឺចង់សាកអាហ្នឹងតែម្តង។ បើនៅប្រទេស​មួយ​នោះ មុនខ្ញុំបត់ចូលទៅក្នុងព្រះរាជវាំង ដើម្បីចូលរួមជាមួយប្រទេសដទៃទៀត នៅក្នុងជំនួបជាមួយព្រះមហាក្សត្រ នៃ​ប្រ​ទេសនោះ ខ្ញុំរាប់មើលជុំវិញ កន្ទុយបារីប៉ុន្មាន?​ (គេ)ចោលកន្ទុយបារីលើវាលតែម្តង។ នេះគឺជារឿងគួរឲ្យចាប់​អារម្មណ៍។  ​

ជក់បារីក៏មិនមែនដោយសារការចិត្តចង់ទេ

ប៉ុន្តែសម្រាប់យើង ខ្ញុំនៅតែបន្តអំពាវនាវ ទោះបីខ្ញុំជាអតីតអ្នកជក់បារី។ ខ្ញុំជក់បារី មិនមែនដោយសារចិត្តចង់ទេ បើ​មិន​មានសង្គ្រាមទេ ខ្ញុំមិនចេះជក់បារីទេ។ ប៉ុន្តែសង្គ្រាមឆ្នាំ ១៩៧០ ពេលនោះបើមិនជក់បារីមូសវាខាំ ហើយវា​រងា។ ជក់​ដំបូងជក់ដេញមូសទេ ដល់ជក់ក្រោយមក ជក់ដើម្បីឆ្ងាញ់ ឯជក់ក្រោយមកទៀត ជក់ដើម្បីគិត។ សរសេរ តាសិទ្ធិ​ហើយជាអ្នកវាយអង្គុលីលេខកាលពីពេលនោះ ត្រូវរង់ចាំរវាងអ្នកវាយ និងអ្នកសរសេរ។ ពេលហ្នឹង ពេលដែល​ខ្ញុំ​សរសេរអត្ថបទទាំងឡាយ។ ខ្ញុំសរសេរទំព័រទី ១ រួចហើយរុញឲ្យទៅ តាសិទ្ធិ អ្នកវាយ។ ដល់គាត់វាយចប់ទំព័រទី ១ គាត់មកយកអាទំព័រទី ២ ដែលខ្ញុំសរសេរ។ ជួនកាលខ្ញុំសរសេរហើយមុនពេលគាត់វាយរួចទៀត ប៉ុន្តែបារីត្រូវ​តែនៅ​ជាប់​ក្នុងដៃ ជួនកាលផ្សែងបារីហុយចូលភ្នែកទៅទៀត។ នៅពេលដែលខ្ញុំសរសេរនិក្ខេបបទ ដើម្បីយកបណ្ឌិតអំពីវិទ្យា​សាស្ត្រនយោបាយ ខ្ញុំសរសេរភាគច្រើនតែក្រោយពេលបាយល្ងាចប៉ុណ្ណោះ ខ្ញុំប្រើពេល ២ ម៉ោង ក្រោយបាយល្ងាច ព្រោះពេលហ្នឹង ជាពេលវេលាបាយឆ្ងាញ់ ជក់បារីក៏ឆ្ងាញ់ សរសេរក៏ស្រួលដែរ។

ប្រើពេល ២ ម៉ោង ក្នុងការសរសេរ ហើយមានអាសរសេរលើកប៉ាល់ហោះ ប៉ុន្តែសរសេរលើកប៉ាល់ហោះពេលហ្នឹង កប៉ាល់ហោះគេឲ្យជក់បារី មិនមែនយើង​ទៅរកបារីឲ្យគេជក់ទេ។ ឲ្យតែឡើង គេយកបារីមកហើយ។ បារីអីក៏មានដែរ​។ ស្រាប់តែក្រោយមកឈប់ជក់បារី …។

ប្រទេសយើង គឺជាប្រទេសដែលគេមករៀនសូត្រតាមរយៈកម្មវិធីរបស់ធនាគារពិភពលោក

ឥឡូវនេះហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលយើងសម្រាប់បម្រើឲ្យការដោះស្រាយនូវសុខុមាលភាពរបស់ប្រជាជន ត្រូវ​បាន​បង្កើតឡើងជាដំណាក់ៗ ដែលមានការអភិវឌ្ឍជាបង្គួរ។ ខ្ញុំមិនហ៊ាននិយាយថា វាច្រើនទេ ក៏ប៉ុន្តែខ្ញុំអាច​និយាយថា​ វាក៏ជាជោគជ័យមួយក្នុងចំណោមជោគជ័យ នៃរយៈពេល ៣៩ ឆ្នាំ បន្ទាប់ពីយើងរំដោះ ៧ មករា។ នៅ​សល់​តែ ៣ ថ្ងៃទៀត នឹងដល់ពេលវេលាដែលយើងរំដោះទីក្រុងភ្នំពេញ។ នៅពេលមួយក្នុងឆ្នាំ ២០០០ ខ្ញុំអង្គុយបាយ​នៅ​រួម​តុជាមួយប្រធានាធិបតី  São Tomé and Príncipe ។ São Tomé and Príncipe ជាកោះមួយ ដែលខ្ញុំ​ជា​មួយ​សហការីមួយចំនួន ក្នុងហ្នឹងមានឯកឧត្តម ចម ប្រសិទ្ធ បានទៅទស្សនកិច្ចនៅ São Tomé and Príncipe។​យើងទៅនៅលើកោះមួយអាទិត្យ។ យើងបានទទួលទានបាយតែ ២ ពេលទេ ក្រៅពីនោះគឺស៊ីចេកតែម្តង។ ស្រាប់តែ​ប្រ​ធា​នាធិបតី São Tomé and Príncipe គាត់និយាយប្រាប់ខ្ញុំថា ពេទ្យរបស់ São Tomé and Príncipe កំពុង​រៀន​នៅ​កម្ពុជាចំនួន ៦ នាក់។ ខ្ញុំភ្ញាក់ព្រើត។ង ខ្ញុំធ្វើជាសួរថា តើអ្នកណា ស្ថាប័នណា ផ្នែកណាបញ្ជូនទៅ? គេថា​ធនា​គារ​ពិភព​លោក។ អញ្ចឹងបានសេចក្តីថាប្រទេសរបស់យើង គឺទៅជាប្រទេស ដែលគេមករៀនសូត្រ តាមរយៈអង្គការនេះ តាម​រយៈស្អីៗ ប៉ុន្តែគេមិនហ៊ានលើកយើងទេ ខ្លាចគណបក្សប្រជាជនឈ្នះឆ្នោត។ រឿងមានតែប៉ុណ្ណឹងទេ។ ប៉ុន្តែគេមក​រៀន​សូត្រតាំងពីដោះមីន តាំងពីថែទាំជំងឺ តាំងពីស្អីៗច្រើនណាស់ ដែលគេរៀនសូត្រ តាមរយៈកម្មវិធីរបស់​ធនាគារ​ពិភព​លោក តាមរយៈ UNDP … គេមករៀនដែរ ប៉ុន្តែគេមិនហ៊ានថា យើងជោគជ័យទេ។ ខ្លះនិយាយគ្រាន់ដែរ ដូចជាកំណើនសេដ្ឋកិច្ចរឹងមាំ សូចនាករសង្គមត្រូវបានដោះស្រាយមុនការកំណត់នៃការអភិវឌ្ឍសហស្សវត្សរ៍ …។

កោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ និងអំពាវនាវឲ្យបន្តការខិតខំបន្ថែម កែលំអរាល់ចំណុចខ្វះខាត

ទោះបីថា មានការខ្វះខាតដោយអន្លើ ក៏ប៉ុន្តែខ្ញុំនៅតែសុំអរគុណចំពោះមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ បុគ្គលិក​សុខា​ភិបាល​គ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់នូវការអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងព្យាបាលជំងឺសម្រាប់​ប្រ​ជាពលរដ្ឋរបស់យើង។ ប្រទេសមួយ ឬស្ថាប័នមួយ ប្រសិនបើភាពអាក្រក់ វាច្រើនហួសហេតុ វាមិនអាចនាំ​មកនូវ​វឌ្ឍន​ភាពបានទេ ដូចជាអ្នកខ្លះបានពោលនិយាយថា ការបាត់បង់រហូតទៅដល់ ៧៥% នៃ​ប្រាក់ចំណូលជាតិ។ ពេល​នោះ​នៅក្នុងរង្វង់ឆ្នាំ ២០០៦ ដែលខ្ញុំបានស្រែកតែម្តងថា មិនមែនសេដ្ឋវិទូទេ គឺអាល្ងង់ទូ ហើយសាកល្បងគិតមើល គ្រួសារមួយដែលរកបានប្រាក់ ១០០ រួចហើយកូនយកទៅបំផ្លាញ ៧៥% តើគ្រួសារនេះអាចរស់បានទេ? ក្រោយ​មក​សេដ្ឋវិទូ បានសរសេរសំបុត្រមកសុំទោសខ្ញុំ។ ខ្ញុំទទួលស្គាល់ថា វានៅសល់ការបាត់បង់ ប៉ុន្តែបើនិយាយពីភាគច្រើន នៃប្រាក់ចំណូល គឺបានចូលមកក្នុងថវិកាជាតិ។

តាមរយៈនោះហើយ ថវិកានោះហើយ ដែលយើងបានយកមកវិនិយោគនូវអគារនេះ ជាង ១២ ពាន់លាន(រៀល) វាស្មើ​នឹង​​ជាង ៣ លានដុល្លារសហរដ្ឋអាមេរិកដែរ។ យើងក៏បានបង្កើនបៀវត្សរ៍នៅក្នុងក្របខណ្ឌមន្ត្រីពេទ្យរបស់យើងដែរ គឺ​មានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេ ជាមួយនឹងក្របខណ្ឌគ្រូបង្រៀន ក្នុងគោលដៅយកផ្នែកគ្រូបង្រៀន​ និងផ្នែកពេទ្យនេះ គឺជាវិស័យជន្ទល់ ដើម្បីរុញទៅបញ្ហាមនុស្ស។ ដូច្នេះទោះបីមានសម្លេងនេះ សម្លេងនោះ ក៏ប៉ុន្តែខ្ញុំយល់ថា គ្រូពេទ្យ​យើង​ភាគច្រើន ជាគ្រូពេទ្យចិត្តបុណ្យ ជាគ្រូពេទ្យដែលគិតទៅដល់សុខុមាលភាពប្រជាជន ប៉ុន្តែយើងក៏មិនត្រូវភ្លេចនូវ​ការ​ខ្វះ​ចន្លោះដោយអន្លើនេះ ដែលត្រូវលើកឡើងដោយមជ្ឈដ្ឋាននេះ លើកឡើងដោយមជ្ឈដ្ឋាននោះ ដើម្បីធ្វើការកែ​លំអ។ ភាពល្អពិតជាមានច្រើនលើសលុប ប៉ុន្តែចំណុចខ្វះខាតដែលយើងមាន ត្រូវកែលំអ។

បើមានតែមន្ទីរពេទ្យល្អ មានតែឧបករណ៍ល្អ ហើយបើសិនជាយើងទទួលបានការបណ្តុះបណ្តាលល្អក៏ដោយចុះ ប៉ុន្តែ​បើ​យើងខ្វះស្មារតីទទួលខុសត្រូវការក្នុងព្យាបាលជំងឺសម្រាប់ប្រជាពលរដ្ឋ រឿងវានៅតែដដែល។ អញ្ចឹងទេ អ្វីដែលជា​សំ​ណូមពររបស់ខ្ញុំ គឺការបន្តលើកកំពស់នូវគុណធម៌ នូវក្រមសីលធម៌របស់គ្រូពេទ្យ ដោយផ្តោតការយកចិត្ត​ទុក​ដាក់​ព្យាបាលជំងឺ ដោយមិនមានការរើសអើង សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំនៅតែបន្តអំពាវនាវឲ្យពង្រឹងសមត្ថភាព សម្រាប់មន្ត្រីសុខាភិបាល បើទោះបីជាថ្នាក់ណាក៏ដោយ វិទ្យាសាស្ត្រជឿនលឿនខ្លាំងណាស់ ដូច្នេះបើសិនជាមាន​ការ​ធ្វេសប្រហែសណាមួយ សូម្បីតែឧបករណ៍ថ្មីក៏យើងមិនអាចចេះប្រើបានដែរ ប៉ុន្តែរឿងឧបករណ៍ និងរឿងបច្ចេកវិទ្យា ការ​បារម្ភរបស់ខ្ញុំគឺមិនជាធ្ងន់ពេកទេ ដោយសារតែយុវជន យុវនារី ក៏ដូចជាមន្ត្រីសុខាភិបាល ឬមន្ត្រីគ្រប់ផ្នែក ខិតខំ​ស្រាវជ្រាវ និងយកចិត្តទុកដាក់បង្កើននូវចំណេះដឹង។

អ្វីដែលជាការយកចិត្តទុកដាក់របស់ខ្ញុំ សូមអំពាវនាវ ហើយអំពាវនាវទៀត ហើយលើកកម្ពស់នូវក្រមសីលធម៌​របស់​គ្រូ​ពេទ្យ។ មនុស្សច្រើនណាស់ដែលបានផ្ញើជីវិតចំពោះយើង ដូច្នេះ យើងមិនអាចព្រងើយកន្តើយជាមួយនឹង​ជីវិត​របស់​អ្នកជំងឺ ឬសុខទុក្ខរបស់អ្នកជំងឺបានទេ។ សូមបន្តនូវដំណើរផ្លូវនេះ ហើយល្អហើយ ត្រូវធ្វើឲ្យល្អ បន្តនូវភាព​ល្អនេះ​ទៀត ហើយមិនទាន់ល្អក៏ត្រូវខិតខំកែលំអ ដើម្បីឲ្យយើងដើរទាន់សភាពការណ៍ និងជាទីពឹងអាស្រ័យរបស់​ប្រជា​ពល​រដ្ឋរបស់យើង។ អ្នកខ្លះប្រើពាក្យថា ៩០% គ្រូពេទ្យដែលខូច អញ្ចឹងក្នុងចំណោម ១០០ នាក់ មានតែ ១០ នាក់​ទេ ដែលល្អ (ឯ)អាក្រក់ ៩០ (នាក់)។ តើសំដីបែបនេះ អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ ទទួលយកបានទេ? នេះជា​ការ​ប្រមាថ​មួយ យើងមិនអាចទទួលយកការប្រមាថបានទេ។ ប៉ុន្តែដើម្បីកុំឲ្យគេប្រមាថបាន អ្វីដែលយើងត្រូវប្រឹងនោះ គឺពាក់ព័ន្ធ​ជា​មួយ​នឹងបញ្ហាការខិតខំរបស់យើងតែប៉ុណ្ណោះ … ត្រូវខិតខំធ្វើឲ្យគេឃើញថា មិនមែន ៩០% អាក្រក់ ១០% ល្អទេ តែ ៩៩% ល្អ និងមានតែ ១% ប៉ុណ្ណោះដែលមានការខ្វះខាត។

… ភាសាបែបនេះគឺជាភាសាដែលលំបាក។ កុំថាឡើយគ្រូពេទ្យដែលមានការប៉ះទង្គិចផ្ទាល់ សូម្បីតែខ្លួនខ្ញុំដែលមិន​មែន​ជា​គ្រូពេទ្យ ក៏ខ្ញុំមានការប៉ះទង្គិចទៅលើអារម្មណ៍ ព្រោះនេះជាការទទួលខុសត្រូវសម្រាប់ជោគវាសនា​របស់ជាតិ​មួយ ដែលចាប់ផ្តើមពីមនុស្សប្រមាណជា ៥ លាននាក់ប៉ុណ្ណោះ ឥឡូវនេះមនុស្សជាង ១៥ លាននាក់ តើមនុស្សនេះ​អាច​កើត​មកបានទេ … ដំណាក់កាលដំបូងកំណើនកើនដល់ ៣.២%  បន្ទាប់ទៅនៅ ២.៨ % បន្ទាប់ទៅនៅ ២.៣​ % ឥឡូវនៅ ១.៦% នៃកំណើនប្រជាពលរដ្ឋរបស់យើង។ អត្រា​ស្លាប់របស់មាតា និងទារក ក៏មានការថយចុះ តើនេះបាន​មក​ពីអ្វី?

ការពារប្រសើរជាងព្យាបាល/ កុំបន្តគាំទ្រទិញបន្លែមានជាតិគីមី

ប៉ុន្ដែយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តការលើក​ឡើង ដែលទ្រឹស្ដីរបស់គ្រូពេទ្យមាននៅគ្រប់កន្លែងទាំងអស់ «ការពារ ប្រសើរ​ជាងព្យាបាល»។ នេះជាចំណុចដែល​យើងទាំងអស់គ្នាត្រូវធ្វើ កុំចាំឈឺហើយ ចាំព្យាបាល។ គឺលំបាក។ ការ​ពារគឺល្អជាង។ ការពារកុំឲ្យមានរោគកើត​ឡើង​នៅក្នុងខ្លួនប្រាណរបស់យើង អញ្ចឹងមានតែអ្នកជំងឺផ្ទាល់ទេ មានតែ​មនុស្សម្នាក់ៗទេ គ្មានអ្នកណាមក​ឈឺជួសទេ។ ខ្ញុំឥឡូវ ខ្ញុំបានប្រាប់អ្នកនៅជុំវិញខ្ញុំ ប្រាប់ប្រពន្ធខ្ញុំ ប្រាប់កូនខ្ញុំថា ខ្ញុំ​ត្រូវ​ប្រឹង​ខ្លួនឯង ព្រោះនៅពេលឈឺពិត​ប្រាកដ ទោះបីជាប្រពន្ធយើង កូនយើងមិនអាចឈឺជួសយើងបានទេ។  ខ្ញុំត្រូវប្រឹង​ខ្លួន​ឯង។ អ្វីដែលគួរ អ្វី​ដែលមិនគួរ។ បាយឥឡូវសុទ្ធតែវាល់ ព្រោះអារឿងទំងន់ឡើងនេះ វាមិនស្រួល។ ទំងន់​ស្រាល​ពេក​ក៏វាមិនស្រួល។ ​អញ្ចឹងប៉ុណ្ណាទៅដែលវាល្មម។ ប្រជាពលរដ្ឋត្រូវមានវិធីថែទាំ ធ្វើយ៉ាងណាកុំអោយ មានជំងឺ ល្អ បំផុត​ហើយ។ ឥលូវ មានខ្លះមកជេររដ្ឋាភិបាល ជេរសមត្ថកិច្ច ប៉ុន្តែខ្លួនឯងមិនគិតទេ។ ថារដ្ឋាភិបាលនេះដឹកនាំ បណ្ដោយឲ្យគេនាំអាគ្រឿងស៊ីចុកមានសារធាតុគីមី។ ខ្ញុំចង់និយាយទៅវិញថា ដើម្បីកុំឲ្យមានសារធាតុ​គីមី សូមកុំ​ទិញ​របស់ហ្នឹង បើកុំទិញទៅវាចប់ហើយ។ អ្នកដែលនាំបន្លែបង្ការមានសារធាតុគីមីលក់លែងដាច់ហើយ​ នាំគ្នាធ្វើពហិកាកុំ​ទិញ​បន្លែ ឬសាច់ដែលមានសារធាតុគីមីទៅវាចប់រឿងហើយ ចាំបាច់មកជេររដ្ឋាភិបាលធ្វើ​អី? ​

… ប៉ុន្មានថ្ងៃឃើញផ្សាយ កាំកុងត្រូលទៅពិនិត្យរកឃើញសារធាតុ​គីមី ប៉ុន្តែឥឡូវ យើងលើកជាបញ្ហាមួយចោទមើល ឥឡូវយើងកុំទិញរបស់ណាដែលមានគីមី យើងកុំទិញមើល​ហើយនាំគ្នាឲ្យកសិករជម្រុញការដាំដុះ នូវបន្លែបង្ការ ដែល​មិន​ប្រើសារធាតុគីមី បើទោះបីវាថ្លៃជាងបន្ដិច ក៏ប៉ុន្តែ​វាធានាសុខភាពសម្រាប់យើង អញ្ចឹងវាជម្រុញការដាំដុះ របស់ប្រ​ជា​ពល​រដ្ឋរបស់យើងដែលមិនប្រើគីមីផងដែរ​។ អញ្ចឹងកុំអីឡើង ឈឺជេរពេទ្យ ឈឺជេររដ្ឋាភិបាល អនុញ្ញាតឲ្យគេ ប្រើគី​មី អនុញ្ញាតឲ្យគេនាំមកលក់លើទីផ្សារ នូវសាច់ បន្លែបង្ការ ផ្លែឈើដែលមានជាតិគីមី …។

ការប្រឹងប្រែងបានផលអាស្រ័យលើមាគ៌ាដឹកនាំ

… ខ្ញុំនៅចាំ លោកតា ២ នាក់ នៅឯខេត្តបាត់ដំបង គាត់ជជែកគ្នា ប្រហែលជាលោកតា ២ នាក់ហ្នឹង គាត់​មរណ​កាល​ទៅហើយ ព្រោះនៅក្នុងឆ្នាំ ១៩៩០ ប្លាយ ពេលនោះគាត់ជជែកគ្នា គាត់ថាយើងមានបានរាល់ថ្ងៃដោយសារអី? តា​មួយគាត់ថា​ មានបានរាល់ថ្ងៃដោយសារយើង​ប្រឹង តាមួយគាត់ថា អញ្ចុះពេលយើងប្រឹងជំនាន់ ប៉ុល ពត ម៉្តេចក៏​ស៊ី​បបរ។ គាត់និយាយនេះត្រឹមត្រូវ ការពិតបើយើងមិនប្រឹងយើង នឹងមិនអាចមានបានទេ។ ប៉ុន្តែ វាមានចំណុចធំមួយ​សំខាន់ គឺមាគ៌ាដឹកនាំ។ ប្រឹងជំនាន់ ប៉ុល ពត ប៉ុន្តែមាគ៌ារបស់ ប៉ុល ពត វាអញ្ចឹង អញ្ចឹងប្រឹងតាំង​ពីព្រឹក​ព្រលឹម​រហូត​មក​ដល់​ល្ងាច យប់ធ្វើការទៀត។ គេហៅការងារសង្គមស៊ីបបរ។ ប៉ុន្តែប្រឹងដំណាក់កាលក្រោយ យើងលើកទឹកចិត្តឲ្យ​មាន​ការ​អភិវឌ្ឍ មាគ៌ាត្រូវ នយោបាយត្រូវ ទើបដំណើរប្រទេសជឿនលឿនទៅបាន។

ត្រូវការពារខ្លួនឯងដោយការគោរពច្បាប់ចរាចរណ៍

សុខសន្តិភាព ក៏ត្រូវបានធានា។ ហើយកុំភ្លេចរឿងសុខសន្តិភាព អម្បាញ់មិញ ខ្ញុំនិយាយអំពីបញ្ហាការការពារប្រសើរ​ជាង​ព្យាបាល។ ខ្ញុំក៏សុំយកឱកាសនេះ ម្សិលមិញក៏និយាយហើយ ថ្ងៃនេះនិយាយទៀត។ អំពាវនាវមនុស្សទាំងអស់​ដែល​ធ្វើ​ចរាចរណ៍លើដងផ្លូវគោរពច្បាប់ចរាចរណ៍ គ្រូពេទ្យអត់បានដេក អត់បានពួនទេ​ ថ្ងៃបុណ្យថ្ងៃទានជាថ្ងៃមក​ប្រ​ចាំ​ការ ព្រោះគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក ឲ្យតែថ្ងៃបុណ្យថ្ងៃទាន គឺថ្ងៃរបស់គាត់ស្រវឹង។ អញ្ចឹងទេ មានតែការពារខ្លួន​ឯង​តែប៉ុណ្ណោះ ដើម្បីកុំឲ្យគេកាត់ជើង កុំឲ្យក្លាយទៅជាមនុស្សដែលឡប់។ ម្សិលមិញសម្តេចក្រឡាហោម ស ខេង បាន​បញ្ជាក់ថាចំនួនអ្នកគ្រោះថ្នាក់ដល់ ៧៧ ភាគរយ បណ្តាលមកពីជិះម៉ូតូ ហើយជិះម៉ូតូហ្នឹងអត់មាន​ពាក់មួក​សុវត្ថិ​ភាព។ អញ្ចឹងទេ ជីវិតមនុស្សស្លាប់ច្រើនជាងមានសង្រ្គាមទៅទៀត គឺក្នុងកាលៈទេសៈនៃប្រទេសមានសន្តិភាព ប៉ុន្តែ នេះជាវិបត្តិដោយសុខភាពខ្លួនឯង កាន់តែមានប្រាក់ មានមធ្យោបាយធ្វើដំណើរ ជីវិតមនុស្សកាន់តែផុយស្រួយ ដោយ​ការធ្វេសប្រហែស ដោយការមិនគោរពច្បាប់ចរាចរណ៍។ ដូច្នេះត្រូវការពារខ្លួនឯង ការពារប្រសើរជាងមក​ព្យា​បាល។ ឈាមមួយថ្ងៃៗ ដែលខិតខំផ្តល់ដោយមជ្ឈដ្ឋាននេះ មជ្ឈដ្ឋាននោះ ត្រូវបានដាក់បញ្ចូលឲ្យមនុស្សច្រើន ​គឺអ្នក​គ្រោះ​ថ្នាក់ចរាចរណ៍។ អញ្ចឹង ផ្តល់ឈាមរបស់យើងបានមួយភាគសម្រាប់អ្នកគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ បើគាត់ការ​ពារ​ខ្លួនឯង ប្រហែលជាគាត់មិនឈឺខ្លួនឯងនោះទេ។

សមិទ្ធផលនៃសម្បត្តិធនធានមនុស្សដ៏មានតម្លៃសម្រាប់កម្ពុជា គឺសុខភាព និងការអប់រំល្អ

… នេះជាអ្វីដែលខ្ញុំលើកឡើង ហើយខ្ញុំអរគុណជាមួយនឹងការយកចិត្តទុកដាក់ ហើយសង្ឃឹមថាអ្វីដែលយើងរួមគ្នា​យក​ចិត្តទុកដាក់នេះ និងបង្កើតជាសមិទ្ធផលនៃសម្បត្តិធនធានមនុស្សដ៏មានតម្លៃសម្រាប់កម្ពុជា គឺសុខភាព និងការ​អប់រំ​ល្អ ទិសដៅរបស់យើងគឺយ៉ាងដូច្នេះ។ កម្មវិធីច្រើនណាស់ កិច្ចការច្រើនណាស់ ដែលយើងត្រូវធ្វើជាបញ្ហាប្រ​ឈម។ ខ្ញុំទទួលយកហើយនូវការទិតៀនស្ថាបនា ប៉ុន្តែខ្ញុំក៏មិនអាចទទួលយកបានដែរនូវការទិតៀនបែបជាន់ពន្លិច មាក់ងាយចំពោះគ្រូពេទ្យរបស់យើង ៩០ ភាគរយ អាក្រក់ ១០ ភាគរយ ល្អ គឺទទួលយកមិនបានទេ។ បើដូច្នោះ ប្រជា​ជនរបស់យើង វាមិនអាចកើនទៅដល់ ១៥ លាននាក់ជាមួយនឹងសុខភាពកាន់តែប្រសើររបស់ប្រជាពលរដ្ឋ អាហា​រូបត្ថម្ភនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ត្រូវបានធានា ជាមួយនឹងការកើនឡើងនៃផលិតផលគ្រប់ផ្នែក។ ខ្ញុំ​នៅ​តែអំពាវនាវ សុំឲ្យព្យាយាមចៀសវាងជាមួយនឹង​អ្វី ដែលនឹងបង្កើតឡើងនូវស្ថានភាពជាជំងឺដង្កាត់ ឬការគ្រោះ​ថ្នាក់​ផ្សេងៗ​បណ្តាលមកពីការទទួលទាន ខ្វះការយកចិត្តទុកដាក់ ការខ្វះអនាម័យ និងការធ្វើដំណើរដោយ​មិន​គោរព​ច្បាប់ ក៏ដូចជាការខ្វះសុវត្ថិភាពផ្សេងទៀត រាប់ទាំងនៅទីកន្លែងធ្វើការ ក្នុងនោះបញ្ហាសំណង់ ឬក៏បញ្ហាដទៃទៀត​ដែល​ទាក់ទងទៅនឹងគ្រោះថ្នាក់ការងារ ត្រូវតែបានកាត់បន្ថយ ឬក៏លុបបំបាត់វា ធ្វើយ៉ាងណាធានាឲ្យពាក្យថា ការ​ពារ​ប្រសើរជាងព្យាបាល។

ថ្ងៃនេះអរព្រះគុណ សម្តេចព្រះសង្ឃនាយក ដែលយាងនិមន្តមកថ្ងៃនេះ សម្តេច លាស់ ឡាយ មកសម្រាកពេទ្យ​នៅ​នេះ ឥឡូវព្រះជន្មដូចជា ១០៤ ហើយ។ ប៉ុន្មានឆ្នាំមុននោះ បារម្ភសម្តេចជាងគេ ស្រាប់តែឥឡូវសម្តេចស្រួល​បណ្តោយ ទាំងពីរព្រះអង្គធ្វើបុណ្យចម្រើនព្រះជន្មសុទ្ធតែយកខ្នើត កុំយករនោច …។

ពាំនាំ

ថ្ងៃនេះបាននាំមកសម្រាប់និស្សិតដែលចូលរួមនៅថ្ងៃនេះ មាន ១៤០៩ នាក់ ក្នុងម្នាក់ៗក៏សូមជូនក្មួយៗ ២ ម៉ឺនរៀល​ផងដែរ អ្នកជំងឺសម្រាកនៅទីនេះ មាន ៨៥៧ នាក់ ក្នុងម្នាក់ៗសូមផ្តល់ថវិកា ៥ ម៉ឺនរៀល ជូនបុគ្គលិក និងគ្រូពេទ្យ ១១៣២ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ចូលឆ្នាំថ្មី ហើយ ៧ មករា។ ជូនសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ៣ លានរៀល ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ៥ លានរៀល។ នេះគឺជាកាដូឆ្នាំថ្មីដែលយើងសម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់ ដែលជាកាដូមួយរបស់រាជរដ្ឋាភិបាលរបស់ក្រសួងសុខាភិបាល និងរបស់យើងទាំងអស់គ្នា សម្រាប់យើង​ទាំង​អស់គ្នាប្រើប្រាស់ ហើយសង្ឃឹមថាអគារនេះ យើងនឹងត្រូវបានថែទាំ និងព្យាបាលជំងឺ ដោយមានប្រសិទ្ធភាព។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីចំនួនមួយខ្នង ដែលមានកម្ពស់ ៦ ជាន់ មាន ៧៧ បន្ទប់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ  និងប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ នាងកញ្ញា បងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និងកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ