សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ផ្លូវជាតិលេខ ៣

CNV: 

ធ្វើដំណើរមកទិសខាងលិច តែងតែភ្លៀង

ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗជាកម្មករ/ការិនី ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំមិនដឹងថា តើខ្ញុំគួរនឹងស្វាគមន៍ភ្លៀងធ្លាក់ ឬអត់? អោយតែខ្ញុំមកទិសខាងលិច តែងតែភ្លៀងតែម្ដង។ ដូចជាជួបប្រទះ ៤ លើក ទាំងលើកនេះហើយ។ សូម្បីតែខែនេះ ទំលាប់ធម្មតា វាឆ្លងផុតពីខែរងារទៅហើយ ហើយវាបានចូលមកដល់ដំណាក់កាលនៃរដូវរំហើយ ប៉ុន្តែវាមិនត្រជាក់ និងមិនធ្លាក់ភ្លៀងបែបនេះទេ។ មុនពេលដែលខ្ញុំចេញដំណើរមកទីនេះ គេបានប្រាប់ថា នៅទីនេះមិនទាន់មានភ្លៀងធ្លាក់ទេ ប៉ុន្តែនៅឯផ្ទះខ្ញុំនោះ មានភ្លៀងធ្លាក់តាំងពីល្ងាច។ ពេលខ្ញុំមកដល់ទីនេះ ភ្លៀងវាតាមដល់ត្រង់ហ្នឹងទៀត។ ស្ដេចនាគរាជគឺម្យ៉ាង ប៉ុន្តែធាតុអាកាស ទោះបីស្ដេចនាគរាជ ឬស្ដេចតោ ក៏ភ្លៀងនៅតែភ្លៀងអញ្ចឹង។

រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមមរណទុក្ខអ្នកបាត់បង់ជីវិតនៅប្រទេសភីលីពីន ដោយគ្រោះធម្មជាតិ

តែនេះវាជាបាតុភូតធម្មជាតិ ដែលប្រទេសរបស់យើងប៉ះស្ថានភាពប៉ុណ្ណេះ មិនមែនជាស្ថានភាពធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងប្រទេសហ្វីលីពីននៅប៉ុន្មានថ្ងៃនេះ ដែលនៅក្នុងពេលនេះ ខ្ញុំសុំយកឱកាសនេះ សំដែងជូនចំពោះរដ្ឋាភិបាលហ្វីលីពីន ក៏ដូចជាប្រជាជនហ្វីលីពីន ដែលបានជួបនូវខ្យល់ព្យុះដ៏កំណាច ហើយដែលឆក់យកជីវិតប្រជាជនរាប់រយនាក់រួចស្រេចទៅហើយ ហើយកំពុងធ្វើការស្ដារឡើងវិញ។ យើងសុំចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយបាតុភូតធម្មជាតិដ៏អាក្រក់ ដែលបាតុភូតនៃធម្មជាតិនោះ វាជាប់ពាក់ព័ន្ធជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់របស់យើង ហើយជាពិសេសតាំងពីហ្វីលីពីន ចិន វៀតណាម ហើយមកដល់យើង។ យើង(គ្រាន់តែ)ជាកន្ទុយទេ។

តែទោះបីធាតុអាកាសភ្លៀង ឬក្ដៅ ឬត្រជាក់ ក៏ប៉ុន្តែវាមិនបានរារាំងការជួបជុំគ្នារបស់យើងតាមការ​គ្រោងទុកនោះទេ។ អាទិត្យមុន យើងបានជួបគ្នានៅក្នុងបរិយាកាសពេលនោះ គឺមានការរងា​ខ្លាំង ដែលខ្ញុំក៏ត្រូវពាក់អាវរងា។ ឯថ្ងៃនេះ ក៏ពាក់អាវរងាពីខាងក្រៅដែរ ប៉ុន្តែអាវនេះវាធន់ជាមួយនឹងទឹកភ្លៀង(ដែរ) ប្រសិនបើវាធ្លាក់ពិតប្រាកដ។ ធាតុអាកាសមិនអាចរារាំងនូវជំនួបដែលយើងបានរៀបចំ សម្រាប់ការជួបជុំរវាងខ្ញុំជា​មួយ​នឹងកម្មករ/ការិនី ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តនូវនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ជាមួយនឹងការអនុវត្តនូវនយោបាយគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយដែលចាប់ផ្ដើមពីក្នុងចំណោមកម្មករ/ការិនីរបស់យើងនោះទេ។

អរគុណចំពោះម្ចាស់រោងចក្រទាំងអស់

ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រទាំង ១៥។ ដែលថ្ងៃនេះ មិនគ្រាន់តែផ្ដល់ឱកាសអោយក្មួយៗជាកម្មករ/ការិនី បានមកជួបខ្ញុំនៅក្នុងឱកាសពេលព្រឹកនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានអោយបងប្អូនឈប់សម្រាកនៅពេលល្ងាចនេះ ដោយមានប្រាក់បៀវត្ស(ធម្មតា) សូមអបអរសាទរ។ ខ្ញុំក៏បានដឹងថា ក្មួយៗត្រូវក្រោកតាំងពីយប់ ដើម្បីបានធ្វើដំណើរមកទីនេះ ក៏មានការហត់នឿយ ដូច្នេះហើយបានជាផ្ដល់អនុសាសន៍អោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើសុំថៅកែរោងចក្រ ម្ចាស់រោងចក្រ ដើម្បីអោយក្មួយៗបានឈប់សម្រាកបន្ទាប់ពីរយៈពេលនៃការជួបជុំរបស់យើង។

ជំនួបនៅតែបន្ត ដើម្បីដោះស្រាយបញ្ហា និងសំណេះសំណាលជាមួយនឹងកម្មករ

ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយដោយសារតែយើងបន្តការងារនេះ បើគិតតាំងពីថ្ងៃទី ២០ ខែសីហា រហូតមកដល់ពេលនេះ យើងបានជួបជុំគ្នា យើងបានធ្វើដំណើរទៅលើរឿងនេះប៉ុន្មានខែរួចទៅហើយ ពិតមែនតែការជួបមិនបានជាប់លាប់ ដោយសារខ្ញុំត្រូវមានកិច្ចការងារច្រើន ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ចំនួនរោងចក្រដែលបានជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការ ចំនួន ៩ លើករួចមកហើយនោះ មានមនុស្សជាង ៤ ម៉ឺននាក់ ស្មើនឹង ៦៦៣ រោងចក្រ ក្នុងនោះ ក៏មានក្មួយៗនៅទីនេះ ចំនួនជាង ៩០០ នាក់ ក៏បានជួបរួចមកហើយ។ ដូច្នេះ ចំនួននេះ វាបានពាក់​កណ្ដាល​នៃចំនួនរោងចក្រដែលយើងបានជួប។

ក្រៅពីនោះ ការជួប ១៦ លើកជាមួយនឹងកម្មករ មកពី ២៨៩ រោងចក្រ នៅក្នុងចំណោមកម្មករ ២៣ ម៉ឺននាក់ជាង។ អញ្ចឹងទេ យើងទើបនឹងជួបបាន ១ ភាគ ៦ តែប៉ុណ្ណោះ។ ដូច្នេះ បានជាខ្ញុំគិតថា ការជួបបែបនេះ គឺនឹងបន្តធ្វើ មិនមែនគ្រាន់តែបញ្ហាឆ្នាំ ២០១៧ ដែលរៀបនឹងបញ្ចប់ និងឆ្នាំ ២០១៨ ដែលនឹងមកដល់ទេ យើងត្រូវបន្តដំណើរការនៃការជួបជុំបែបនេះជាបន្តទៀត ដែលពេលនោះ បញ្ហាថ្មីៗវានឹងលិចឡើង បន្ទាប់ពីកិច្ចការចាស់ដែលយើងបានដោះស្រាយក្នុងរយៈពេលកន្លងទៅនេះ។ ថ្ងៃនេះ ខ្ញុំពិតជានឹងផ្ដល់អនុសាសន៍ឲ្យធ្វើការត្រួតពិនិត្យ តាមដានជាប្រចាំបញ្ហាដែលយើងបានរួមគ្នាដោះស្រាយកន្លងទៅ​។

ឆ្នាំ ២០១៨ ដំឡើងបៀវត្សកម្មករ/មន្រ្តីរាជការ/កងកម្លាំងប្រដាប់អាវុធ និងអត្ថប្រយោជន៍ដល់កម្មករ

មុននឹងចូលដល់បញ្ហានោះ ខ្ញុំគួរគប្បីយកឱកាសនេះ សំដែងជូននូវការអបអរសាទរចំពោះក្មួយៗកម្មករ/ការិនីទាំងអស់ ដែលនៅដល់សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើមអនុវត្តនូវការដំឡើងបៀវត្ស​អប្បបរមា ដែលនឹងត្រូវដំឡើងពី ១៥៣ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ ១៧០ ដុល្លារសហរដ្ឋអាមេរិក ដែលមកដល់ក្នុងពេលខាងមុខនេះ។ កិច្ចគាំពារសង្គមជាច្រើន នឹងត្រូវបានដាក់អោយអនុវត្ត។ ដែលក្នុងនោះ មានទាំងការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ សម្រាប់កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ត្រូវអនុវត្តផងដែរ ចំពោះក្មួយៗជាកម្មការិនីដែលត្រូវឆ្លងទន្លេ ហើយនិងត្រូវដល់ពេលវេលាដែលអនុវត្តនូវកម្មវិធីសាច់ប្រាក់។ ចំណុចនេះ ក៏ជាចំណុចដែលក្មួយៗជាកម្មករ/ការិនីទទួលបាននៅក្នុងពេលវេលា ដែលក្នុងឋាន

ៈ​ខ្ញុំជានាយករដ្ឋមន្រ្តី បានចេញមុខពិនិត្យសភាពការណ៍នេះ ដោយផ្ទាល់ និងចុះជួបដោយផ្ទាល់ស្វែងយល់នូវការលំបាក និងជំរុញការអនុវត្តនូវនយោ​បាយគាំពារសង្គម ក្នុងនោះ គឺចាប់ផ្ដើមពីស្រ្ដីមានផ្ទៃពោះ ជាមួយនឹងកម្មករ/ការិនីទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលនឹងត្រូវទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ឆ្នាំសកល ២០១៧ នឹងឆ្លងផុត ហើយឆ្នាំ ២០១៨ នឹងមកដល់ ជាមួយនឹងអត្ថប្រយោជន៍មួយចំនួន ដែលកម្មករ/ការិនីរបស់យើងនឹងទទួលបាន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងនៅទូទាំងប្រទេសនឹងទទួលបាន ជាពិសេសគឺប្រាក់បៀវត្សថ្មី ដែលនឹងត្រូវដំឡើង។ សម្រាប់កម្មករ/ការិនី​ នឹងត្រូវអនុវត្តភ្លាមចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ។ ប៉ុន្តែសម្រាប់មន្រ្តីរាជការ ត្រូវធ្វើ ២ ដំណាក់៖ ដំណាក់ដំបូង គឺត្រូវអនុវត្តនូវការបង្កើននូវបៀវត្សមូលដ្ឋាន​ ហើយរហូតទៅដល់ ខែមេសា ឆ្នាំ ២០១៨ គឺមុនចូលឆ្នាំខ្មែរ នឹងត្រូវអនុវត្តនូវប្រាក់ទាក់ទិនជាមួយនឹងប្រាក់មុខងារ ក្នុងនោះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងមានប្រាក់បៀវត្សមិនតិចជាង ១ លានរៀល ស្មើនឹង ២៥០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។

ជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ

ជាមួយនឹងឆ្នាំថ្មីនឹងមកដល់ គឺសភាពការណ៍ថ្មី មិនមែនថ្មីនៃសភាពការណ៍ទេ ក៏ប៉ុន្តែភារកិច្ចដែលយើងត្រូវបន្តគឺមានកាន់តែច្រើន ជាមួយនឹងការបញ្ចប់នីតិកាលសភាលើកទី ៥ ព្រោះថា រាជរដ្ឋាភិបាលបានបង្កើតឡើង​នៅឆ្នាំ ២០១៣ ហើយនឹងត្រូវ​បញ្ចប់ទៅវិញ នៅឆ្នាំ ២០១៨។ នោះក៏ជាការខិតខំចុងក្រោយ ដើម្បីសម្រេចនូវមហិច្ឆតា ដែលយើងបានដាក់ចេញតាំងពីដើមអាណត្តិ ទាក់ទងទៅនឹងកំណែទម្រង់ ទាក់ទងជាមួយនឹងបញ្ហាទាំងឡាយ ក្នុងនោះ គ្រាន់តែពិនិត្យនៅក្នុងក្របខណ្ឌកម្មករតែមួយមុខ យើងបានឃើញថា ឆ្នាំ ២០១៣ ប្រាក់បៀវត្សអប្បបរមារបស់កម្មករ/ការិនីរបស់យើង មានត្រឹមតែ ៨០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែ ដល់ឆ្នាំ ២០១៨ ប្រាក់បៀវត្សរបស់កម្មករ/ការិនី ឡើងដល់ ១៧០ ដុល្លារ។ បានសេចក្ដីថា ឡើងលើស ១០០% ឡើងច្រើនជាង ១០០%។ នេះគឺជាការខិតខំ ដើម្បីជំរុញអនុវត្តនូវគោលនយោបាយទាក់ទងនឹងបញ្ហាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាលមិនបានព្រងើយកន្ដើយជាមួយនឹងចំណុចណាមួយ នៅក្នុងការដោះស្រាយបញ្ហា​នោះទេ។

ឥឡូវនេះ សូមក្រឡេកមើលចុះ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងឆ្លងឆ្នាំ ក៏ប៉ុន្តែមិនត្រូវភ្លេច ថាការឆ្លងឆ្នាំនោះ វាមិនមែនជាហានិភ័យរបស់យើងទេ ក៏ប៉ុន្តែជាកិច្ចបន្តដែលយើងត្រូវរួមគ្នាដោះស្រាយ​។ យើងក្រឡេកមើលនៅក្នុងវិស័យកសិកម្ម នៅពេលនេះ ស្រូវកំពុងទុំក្នុងវាលស្រែទាំងស្រូវវស្សា ទាំងស្រូវ​​ប្រាំង។ កសិផលច្រើនណាស់ដែលនៅក្នុងចំការរបស់ប្រជាពលរដ្ឋរបស់យើង ហើយវាក៏ជាឱកាសមួយដែរនៅពេលដែលទីផ្សារពិភពលោក ថ្លៃចាប់ផ្ដើមងើបឡើង។ តម្លៃស្រូវ និងកសិផលរបស់យើង ក៏បានងើបឡើង ទោះបីថា វាយឺត ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន គឺតម្លៃស្រូវ និងតម្លៃកសិផលរបស់យើងមានការធ្លាក់ចុះ។ វាជាឱកាសសម្រាប់កសិករក្នុងការបង្កបង្កើនផល ហើយវាក៏ជាឱកាសរបស់កម្មករ/ការិនីរបស់យើង ដែលទទួលបាននូវប្រាក់ចំណូល និងអត្ថប្រយោជន៍កាន់តែធំ។

ការបង្កើតធនាគារសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម

វាក៏កាន់តែជាឱកាសដែលយើងត្រូវជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រជាបន្តទៀត តាមរយៈនៃការដាក់ចេញនូវគោលនយោបាយថ្មីៗ ទាក់ទងនឹងការ​ជំរុញការអនុវត្តគាំទ្រទៅដល់ឧស្សាហកម្មធុនតូច និងមធ្យម។ ដែលក្នុងប៉ុន្មានថ្ងៃមុននេះ ហើយក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំក៏បានជំរុញទាក់ទិនជាមួយនឹងការបង្កើតនូវធនាគារ សម្រាប់គាំទ្រទៅដល់សហគ្រាសធុនតូច និងមធ្យម។ ដែលទាំងអស់នេះ វានឹងជួយ មិនគ្រាន់តែបញ្ហារក្សាការងារ និងបង្កើតការងារនៅក្នុងចំណោមកម្មករទេ ក៏ប៉ុន្តែគ្រប់វិស័យទាំងអស់ សុទ្ធតែត្រូវទទួលបាននូវការរីកលូតលាស់ ដើម្បីបង្កើតនូវមុខរបរ បង្កើតនូវការងារធ្វើ និងបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋរបស់យើង។

អត្រានៃភាពក្រីក្របន្តធ្លាក់ចុះ ក្នុងរង្វង់ជុំវិញ ១០%

អត្រានៃភាពក្រីក្រធ្លាក់ចុះ។ ចំនួនអ្នកដែលមានលទ្ធភាព និងប្រាក់ចំណូល ដែលឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ  ទោះបីជាយើងមិនទាន់ធ្វើជំរឿនឡើងវិញក៏ដោយចុះ ក៏ប៉ុន្តែ អត្រានៃភាពក្រីក្របច្ចុប្បន្ននៅក្នុងប្រទេសរបស់យើងនៅសល់មិនដល់ ១០% នោះទេ (អាច)នៅក្នុងរង្វង់ ៩% បើយើងគិតនៅក្នុងឆ្នាំ ២០១៤ វានៅសល់ត្រឹម ១៣%។ យើងមិនទាន់បានធ្វើជំរឿនទេ ក៏ប៉ុន្តែកម្រិតនៃការធ្លាក់ចុះនៃអត្រានៃភាពក្រីក្រដែលក្នុងមួយឆ្នាំមិនតិចជាង ១% នោះទេ។ យើងបានចាប់ផ្ដើមពីអត្រានៃភាពក្រីក្រ ១០០% ក្រោយចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនូវអត្រានៃភាពក្រីក្រ យើង(អាចថាបាន)ថា ជុំវិញ ១០% ទៅចុះ។ វាក៏ជាដំណើរលឿនណាស់ទៅហើយ ប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលមានការអភិវឌ្ឍយូរជាងយើង វែងឆ្ងាយជាងយើង ប៉ុន្តែអត្រានៃភាពក្រីក្រនៅសល់ ២០% ឬ ៣០% ឯណោះ។ ការវាស់ស្ទង់នៃភាពក្រីក្រ​ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ក្នុងការអភិវឌ្ឍសហសវត្សរ៍ ក៏ដូចជាការអភិវឌ្ឍដោយចីរភាព នៅដំណាក់កាលក្រោយនេះ គឺវាស់ស្ទង់ កាលពីមុនគឺត្រឹមតែអ្នកដែលរកប្រាក់ចំណូលបាន ១ ដុល្លារសហរដ្ឋអាមេរិក (គឺឆ្លងផុតបន្ទាត់នៃភាពក្រីក្រ) ប៉ុន្តែឥឡូវនេះ គឺ(ទាល់តែ)អ្នកដែលរកបាន ១ ដុល្លារ ២៥ សេន(ក្នុងមួយថ្ងៃ)។ ប៉ុន្តែសម្រាប់ក្មួយៗដែលជាកម្មករ/ការិនីរបស់យើងរកបានមិនតិចជាង ៥​ ដុល្លារសហរដ្ឋអាមេរិកនោះទេ(ក្នុងមួយថ្ងៃ)។ ប៉ុន្តែ នេះមិនមែនជាការស្កប់ស្កល់របស់យើងនោះទេ ប្រទេសរបស់យើងបានចេញផុតពីឋានៈជាប្រទេស ដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ប៉ុន្តែ មហិច្ឆតារបស់យើង យើងនឹងខិតខំឈានទៅសម្រេចអោយបាននូវប្រទេសដែលមានប្រាក់ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ ហើយនិងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

គណបក្សប្រជាជនមានផែនទីចង្អុលផ្លូវត្រឹមត្រូវ មិនមែននយោបាយឆក់កណ្តៀតដើម្បីតែសន្លឹកឆ្នោត

ពិតមែនតែអ្នកនៅខាងលើ(ឆាកនេះ)មួយចំនួន មិនអាចរស់បានដល់ឆ្នាំ ២០៥០ ឬមិនអាចរស់បានរហូតទៅដល់ឆ្នាំ ២០៣០ ក៏ដោយចុះ ក៏ប៉ុន្តែផែនទីចង្អុលផ្លូវសម្រាប់ប្រទេសមួយ វាត្រូវតែមាន មិនមែនជានយោបាយកញ្ឆក់កណ្ដៀតតាមរដូវឃោសនាបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាតែងដាក់ចេញនូវក្របខណ្ឌគោលនយោបាយរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ ដូច្នេះហើយ បានជាគេមិនដែលឃើញថា ទោះបីស្ថានការណ៍យ៉ាងណាក៏ដោយ គេមិនដែលឃើញគណបក្សប្រជាជនបាត់ម្ចាស់ការនោះទេ ទាំងបញ្ហាការរ៉ាប់រងហានិភ័យទាំងឡាយ ដែលបណ្ដាលមកពីគ្រោះធម្មជាតិ។ ឧទាហរណ៍ គ្រោះធម្មជាតិឆ្នាំ ២០០០។ គេហៅថា គ្រោះទឹកជំនន់សហសវត្សរ៍ ដែលជាងពាក់កណ្តាលផ្ទៃប្រទេសរងគ្រោះ ក៏ប៉ុន្តែយើងបានម្ចាស់ការចិញ្ចឹមប្រជាពលរដ្ឋរបស់យើង មិនទុកអោយប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះទេ។ នោះហើយគឺជាកិច្ចការ និងការរៀបចំក្របខណ្ឌគោលនយោបាយ ជាយុទ្ធសាស្ត្រខាងនយោបាយក្តី ជាយុទ្ធសាស្ត្រខាងសេដ្ឋកិច្ចក្តី និងជាយុទ្ធសាស្ត្រខាងសង្គមក្តី។

នេះជាការរៀបចំ ពិតមែនតែយើងមិនអាចរំពឹងថា អ្នកនៅខាងលើនេះអាចរស់ដល់ទៅឆ្នំា ២០៥០ ឬ ២០៣០ ក៏ប៉ុន្តែបើទោះបីថាខ្លួនខ្ញុំស្លាប់ ឬមេដឹកនំាគណបក្សប្រជាជនស្លាប់ ក៏បន្សល់ទុកផែនទីដែលចង្អុលផ្លូវនោះ។ ហើយផែនទីចង្អុលផ្លូវនោះ គ្រាន់តែមានការកែតម្រូវអោយស្របនឹងសភាពការណ៍ ព្រោះយើងមិនមែនគ្រាន់តែដាក់ជាភាពកញ្ឆក់កណ្តៀតនោះទេ។ គោលដៅដែលយើងបានដាក់ចេញនោះ មានហេដ្ឋារចនាសម្ព័ន្ធនានាទ្រទ្រង់រួច​ជាស្រេចទៅហើយ។ ឧទារហណ៍ យើងបានធ្វើផ្លូវ យើងបានធ្វើស្ពាន យើងបានធ្វើស្ពានមិនត្រឹមតែស្ពានឆ្លងព្រែក ឆ្លងកូនព្រែកនោះទេ ក៏ប៉ុន្តែយើងបានធ្វើស្ពានឆ្លងដៃសមុទ្រ យើងបានធ្វើស្ពានឆ្លងទន្លេមេគង្គ ទន្លេសេកុង ទន្លេសាប ទន្លេបាសាក់រួចរាល់។ អ្នកបន្តវេនបន្តទៅក្រោយគេមិនវាយបំបាក់ស្ពាននោះទេ លើកលែងតែ ប៉ុល ពត។ ប៉ុន្តែបើមានចរិតដូចប៉ុល ពត គេក៏ងាប់ដូច ប៉ុល ពត ដែរ នេះវាជារឿងពិតមួយ។

អរគុណសម្រាប់ការគាំទ្រគណបក្សប្រជាជន

ថ្ងៃនេះ ខ្ញុំសូមយកឱកាសមួយ ដើម្បីសម្តែងជូននូវការកោតសរសើរចំពោះក្មួយៗទំាងឡាយ ក៏ដូចជាជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ ជានិច្ចកាលគំាទ្រគណបក្សប្រជាជនកម្ពុជា ដោះស្រាយបញ្ហាទំាង​ឡាយ ដែលជាបញ្ហាប្រឈមនៅពេលនោះ និងរួមចំណែក ដើម្បីអភិវឌ្ឍប្រទេសរហូតមកដល់ពេលនេះ។ បើគ្មានការគំាទ្រពីសំណាក់ជីដូនជីតា ពីឪពុកម្តាយរបស់ក្មួយៗ និងរហូតមកដល់ក្មួយៗនេះទេ យើងមិនអាចធ្វើអោយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដំណើរការជោគជ័យនោះទេ​។ ចំ​ណុចនេះត្រូវមើលអោយឃើញអំពីរបត់នៃប្រវត្តិសាស្ត្រ ដែលយើងបានដាក់ចេញក្នុងរយៈពេលកន្លងទៅ។

ខែធ្នូ គឺជាខែដែលមានរឿងរ៉ាវកើតច្រើន

ខែនេះគឺជាខែធ្នូ គឺជាខែដែលមានរឿងរ៉ាវច្រើនណាស់ ដែលកើតនៅក្នុងខែធ្នូ។ កាលពីអតីតកាលកម្ពុជាយើងចូលអង្គការសហប្រជាជាតិ ក៏នៅក្នុងខែធ្នូ។ ទាក់ទងជាមួយនឹងការដាក់អង្គរវត្តជាបេតិកភណ្ឌពិភពលោកក៏ស្ថិតនៅក្នុងខែធ្នូ។ ខែធ្នូ ឆ្នំា ១៩៥៥ កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។ ខែធ្នូ ឆ្នំា ១៩៩២ អង្គរវត្តរបស់យើងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ប៉ុន្តែ អ្វីដែលគួរចងចំាបន្ថែមទៀតនោះ ២ ធ្នូ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ កាលនោះ ខែធ្នូ នេះ គឺជាពេលវេលាដែលប្រជាជនកម្ពុជា ហៀបនឹងស្លាប់ទៅហើយនៅតំបន់មួយចំនួន ត្រូវបានសង្គ្រោះពីក្រញំានៃពួក ប៉ុល ពត ដោយកម្លំាងកងទ័ពរបស់យើង កំពុងតែវាយ ដើម្បីផ្តួលរំលំរបប ប៉ុល ពត  ពិតមែនតែមិនបានរំដោះទីក្រុងភ្នំពេញថ្ងៃ ៧ មករា ឆ្នំា ១៩៧៩ ក៏ប៉ុន្តែតំបន់មួយចំនួន នៅតាមភូមិភាគមួយចំនួន ខេត្តមួយចំនួនត្រូវបានរំដោះរួចស្រេច។ ប្រជាជនក៏បានសប្បាយរីករាយនៅក្នុងរយៈកាលពេលនោះ។ ខែធ្នូ ដែលមកដល់ពេលនេះ ២ ធ្នូ មកដល់ពេលនោះមានអាយុកាល ៣៩ ឆ្នំាជាងរួចមកហើយ។

ប៉ុន្តែនៅសល់ ២ ធ្នូ ច្រើនទៀត គឺថ្ងៃទី ២ ខែធ្នូ ឆ្នំា ១៩៨៩ គឺជាថ្ងៃនៃការចាប់ផ្តើមចរចារវាង សីហនុ-ហ៊ុន សែន ដែលនិយាយកាត់ ព្រះបរមរតនកោដ្ឋ ជាមួយនិងខ្ញុំ នៅហ្វែរអង់តាដឺណ័រ ប្រទេសបារំាង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនេះ រវាងតួអង្គព្រះបិតាជាតិ ជាមួយនិងកូនកសិករម្នាក់ ដែលពេលនោះទើបនឹងមានអាយុ ៣៥ ឆ្នំា។ ជាការចាប់ផ្តើមចរចាជាមួយនឹងអតីតព្រះមហាក្សត្រ និងអតីតព្រះប្រមុខរដ្ឋ ដើម្បីស្វែងរកនូវការបញ្ចប់សង្គ្រាម ដែលបង្កើតឡើងដោយមនុស្សជំនាន់មុន។ ខ្ញុំបានប្រឹងទៅគ្រប់ទីកន្លែងទំាងអស់ ដើម្បីស្វះស្វែងធ្វើយ៉ាងណា អោយកម្ពុជាឆ្លងកាត់ បំបាត់ចោលនូវនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ ជម្លោះប្រដាប់អាវុធមិនចេះចប់ មិនចេះហើយ ការលំបាកទំាងនេះនៅតែមានការចងចំាជាប់ជានិច្ចនៅក្នុងអារម្មណ៍របស់ខ្ញុំ ប៉ុន្តែក៏អាចស្ថិតនៅក្នុងអារម្មណ៍របស់ជីដូនជីតា ឪ​ពុក​ម្តាយរបស់ក្មួយៗ ដែលធ្លាប់បានគាំទ្រពូក្នុងដំណាក់កាលនោះ។

បន្ទាប់ទៅយើងមាន ២ ធ្នូ ឆ្នំា ១៩៩៨ គឺជា ២ ធ្នូ ដែលយើងដាក់ចេញជាការប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៃនីតិកាលទី ២ ដែលពេលនោះខ្លួនខ្ញុំផ្ទាល់បានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ដែលយុទ្ធសាស្ត្រនោះ វាក៏បានផ្តល់ឱកាសសម្រាប់ការឈានឡើងរបស់យើង។ មុំបីដែលយើងដាក់ចេញនៅពេលនោះគឺ មុំទីមួយ ការធ្វើសន្តិភាវូបនីយកម្ម នៃផ្ទៃក្នុងរបស់យើង។ ឯមុំទីពីរ គឺការធ្វើសមាហរណកម្មឆាប់ទៅក្នុងអង្គការអន្តរជាតិនានា ទៅក្នុងសហគមន៍អន្តរជាតិ ឯមុំទីបី ផ្អែកលើការអនុគ្រោះទំាងផ្ទៃក្នុង និងអន្តរជាតិ ត្រូវប្រមូលការខិតខំទំាងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។

កំណត់ថ្ងៃទី ២៩ ខែធ្នួ ឆ្នំា ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាម

… ឥឡូវនេះ វិមាននយោបាយឈ្នះឈ្នះ បានកសាងរួចរាល់ប្រមាណជាង ៦០ ភាគរយរួចទៅហើយ។ យើងកំណត់យកថ្ងៃទី ២៩ ខែធ្នូ ឆ្នំា ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមទំាងស្រុងតាមរយៈនៃនយោបាយឈ្នះឈ្នះ។ ហេតុអ្វីបានជាត្រូវយកថ្ងៃនោះ? បើអន្លង់វែងយើងបានធ្វើសមាហរណកម្មតំាងពីក្នុង ខែមីនា ឬ ខែមេសា ឆ្នំា ១៩៩៨ ហេតុអ្វីមិនយកទីតំាងចុងក្រោយរបស់ខ្មែរក្រហម ធ្វើជាថ្ងៃបញ្ចប់សង្គ្រាម។ រឿងរ៉ាវវាមិនទាន់ចប់ត្រឹមការដែលយើងរក្សាយកបានទំាងស្រុង នូវទីតំាងអន្លង់វែងនោះទេ។ បញ្ហាស្ថិតនៅត្រង់ក្បាលម៉ាស៊ីនអង្គការចាត់តំាងខាងនយោបាយ និងយោធាដែលនៅសេសសល់។ ប៉ុន្តែយើងបានយកថ្ងៃទី ២៩ ខែធ្នូ ឆ្នំា ១៩៩៨ គឺជាថ្ងៃ ខៀវ សំផន ដែលជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រី, នួន ជា ដែលជាប្រធានរដ្ឋសភា និងគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមទំាងអស់ មកចុះចូលដល់ផ្ទះរបស់ខ្ញុំនៅឯតាខ្មៅ។

នៅលើពិភពលោកមិនទាន់មានប្រទេសណាមួយដែលរំលត់ភ្លើងសង្គ្រាម ដោយគ្មានប្រើគ្រាប់កំាភ្លើងមួយគ្រាប់ ហើយមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រី (នៃភាគីមួយ) ចុះចូលដល់ផ្ទះរបស់នាយករដ្ឋមន្ត្រី ដែលជាគូបដិបក្សក្នុងសង្គ្រាមប្រដាប់អាវុធនោះទេ។ មិនទាន់មានស្ថានភាពបែបនេះទេ។ នេះគ្រាន់តែជាការរំលឹក ហើយការរំលឹកនេះមិនមែនគ្រាន់តែរំលឹកសម្រាប់គ្រាន់តែជាតួនាទីរបស់គណបក្សប្រជាជន ឬក៏ជាតួនាទីរបស់ខ្ញុំនោះទេ ប៉ុន្តែវាបានមកពីការគាំទ្រទំាងឡាយរបស់ជីដូនជីតា របស់ឪពុកម្តាយរបស់ក្មួយៗ ដែល​បានប្រឹងប្រែងចូលរួមនៅក្នុងកិច្ចដំណើរការនេះ ទំាងពេលមានសង្គ្រាម ទំាងពេលចរចាផង វាយផង ទំាងពេលមានសន្តិភាព។ តាមរយៈសន្តិភាពរកបានដោយលំបាកនៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតនូវឱកាសដ៏កម្រ ឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

អ្វីៗបានមកដោយសារគណបក្សប្រជាជន និងការចូលរួមពីប្រជាពលរដ្ឋគាំទ្រ

ដោយឡែកតែក្នុងវិស័យការងារ ដែលក្មួយៗបានធ្វើនៅពេលនេះ ក្មួយៗត្រូវចំាថា គ្មានអ្នកណាក្រៅតែពីគណបក្សប្រជាជន ក្រៅតែពីរាជរដ្ឋាភិបាល ដែលដឹកនំាដោយគណបក្សប្រជាជន បង្កើតឡើងនូវស្ថានភាពនេះ។ មុនពេលមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏មានតួនាទីគណបក្សប្រជាជនដឹកនំារដ្ឋាភិបាល​ នៅមុនពេលអន្តរា​គមន៍របស់អង្គការសហប្រជាជាតិនៅកម្ពុជា។ នោះហើយដែលជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានខិតខំគំាទ្រ ដើម្បីងើបឈរឡើងជំនះនូវការលំបាកទំាងឡាយ ហើយការលំបាករបស់ពួកគាត់ទំាងនោះ គឺក្មួយគប្បីមានមោទនភាពជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ជីដូនជីតា របស់ឪពុកម្តាយរបស់ក្មួយ និងរបស់ក្មួយៗផ្ទាល់ ដែលនំាមកដល់សភាពការណ៍នៅថ្ងៃនេះ។

សេដ្ឋកិច្ចកម្ពុជាមិនពឹងផ្អែកតែលើកសិកម្មមួយមុខទេ

ការចាប់ផ្តើមរបស់យើង ទៅលើការអភិវឌ្ឍសង្គម កាត់បន្ថយភាពក្រីក្រ មិនមែនជាបញ្ហាលេងសើចទេ។ ឥឡូវនេះ យើងបានឈានមកដល់ដំណាក់កាលថ្មីមួយហើយ គ្រាន់តែទិន្នន័យ ឬតួលេខ នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់យើង អាចកត់សំគាល់បានថា មុននោះអត្រាផលិតផលកសិកម្មគ្របដណ្តប់​ច្រើនណាស់។ ប៉ុន្តែឥឡូវនេះ ខ្ញុំបាននិយាយនៅខេត្តកែប ដើម្បីបង្ហាញតួលេខ នៃការរីកលូតលាស់ខាងសេដ្ឋកិច្ចរបស់យើង នៅត្រង់ថា កសិកម្មរបស់យើងពេលនេះនៅរួមចំណែកត្រឹមតែ ២៥% ប៉ុណ្ណោះ។ ឯឧស្សាហកម្មដែលក្មួយៗកំពុងធ្វើ​សព្វថ្ងៃនេះ បានរួមចំណែករហូតទៅដល់ជាង ៣០% ទៅហើយ និងជាមួយគ្នានោះ សេវាកម្ម រាប់ទាំង​សេវាខាងផ្នែកទេសចរណ៍បានរួមចំណែករហូតដល់ទៅជាង ៤៥%។ និយាយយ៉ាងដូច្នេះ ចំណែកនៃ​វិស័យ​កសិកម្មរបស់យើង ដែលធ្លាក់ចុះតាំងពី ៨០% ប្លាយ រហូតមកនៅត្រឹម ២៥% មិនមែនបានសេចក្ដី​ថា​ប្រទេស​មួយនេះខ្វះអង្ករចិញ្ចឹមប្រជាពលរដ្ឋទេ។ នៅពេលដែលយើងមានអត្រានៃផលិតផលកសិកម្ម​ប្រមាណ​ជាលើស ៥០% រហូតដល់ ៨០% ពេលនោះយើងរកតែអង្ករចិញ្ចឹមប្រជាពលរដ្ឋយើងមិនគ្រាន់ផង​។ ប៉ុន្តែ ឥឡូវ​ចំណែកនៃ​វិស័យកសិកម្មរបស់យើងនៅត្រឹមតែ ២៥% ​ប៉ុន្តែ យើងមានលទ្ធភាពនាំចេញនូវអង្ករ (ហើយ)សល់ស្រូវជាង ៥ លានតោន ហើយនាំចេញនូវកសិផលយ៉ាងច្រើន រាប់ទាំងជ័រកៅស៊ូ ស្ករស និងផលិតផលកសិកម្ម​ដទៃទៀត។

ខ្ញុំសុំគូសបញ្ជាក់ ក្រែងលោ(មាន)អ្នកមិនយល់អំពីសេដ្ឋកិច្ច ហើយធ្វើការអត្ថាធិប្បាយដោយ​មិនបាន​សិក្សា ព្រោះមនុស្សមួយចំនួនចូលចិត្តណាស់ ហាក់ដូចជាដឹងសព្វដឹងគ្រប់ ប៉ុន្តែនិយាយខុស។ ដល់និ​យាយ​ខុសហើយ មិនដែលទទួលស្គាល់នូវកំហុសទេ។ ខ្ញុំគ្រាន់តែប្រាប់ថា នៅប្រទេសជប៉ុនបច្ចុប្បន្ននេះ ចំណែក​វិស័យកសិកម្មរបស់ជប៉ុននៅមិនដល់ ១% នៅឡើយទេ។ អាមេរិក ឬបារាំង ដែលជាប្រទេស​ជឿនលឿន​ក្នុង​ចំណែកចូលរួម នៃវិស័យកសិកម្មប្រមាណជា ១% តែប៉ុណ្ណោះ។ ប៉ុន្តែវិស័យដែលធំ ភាគច្រើនប្រទេសទាំង​អស់វិស័យសេវាធំជាងគេ បន្ទាប់ទៅវិស័យឧស្សាហកម្ម វិស័យកសិកម្មទាបជាងគេ ប៉ុន្តែមិនមែនបាន​សេចក្ដីថា កសិកម្មមានចំណែកទាបនេះ ជាកសិកម្មដែលខ្វះសមត្ថភាពចិញ្ចឹមប្រជាពលរដ្ឋ​ទេ។

និយាយតែពីជប៉ុនមួយចុះ ជប៉ុនមិនមែនគ្រាន់តែផលិតបម្រើសេចក្ដីត្រូវកា​ររបស់ប្រជាជន​ជប៉ុនក្នុង​ស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែ ជប៉ុនបាននាំចេញនូវផលិតផលជាម្ហូបអាហារសម្រាប់ការនាំចេញ​ទៅ​បរទេស។ គ្រាន់តែនៅក្នុងប្រទេសកម្ពុជាយើង តើមានភោជនីយដ្ឋានជប៉ុនប៉ុន្មានទៅ … ១% នៃផ្នែកចូលរួមនៃសេដ្ឋកិច្ចរបស់ជប៉ុន ជប៉ុនបាននាំចេញនូវម្ហូបអាហារ​របស់ជប៉ុន ទាំងត្រី ទាំងសាច់គោ សាច់គោមានទាំងសាច់គោកូបេ​ នាំចូលមកលក់នៅស្រុកខ្មែរ ដែលអ្នកមាន​ជីវភាពធូរធារតែង​ទៅទទួលទានសព្វថ្ងៃនេះ ដែលមានហាងកូបេ ហាងស្អីៗនេះ​។ អាហ្នឹងត្រូវមើលឲ្យឃើញពី​ចំណុចនេះ។ ហើយមិនមែនតម្រង់មកតែទីផ្សារកម្ពុជាទេ ទៅកន្លែងណាក៏ដោយនៅលើពិភពលោកនេះមានម្ហូប​ជប៉ុន​​ទាំងអស់។ នោះហើយការរួមចំណែកត្រឹមតែ ១% ប៉ុន្តែ ជប៉ុនក្រៅពីចិញ្ចឹមប្រជាជនរបស់ខ្លួនឯងបាន ជប៉ុននាំចេញនូវផលិតផលកសិកម្មរាប់ទាំងបន្លែ ស្លឹក(បន្លែសម្រាប់)ស៊ីជាមួយត្រីឆៅ អាស្លឹកហ្នឹងមិនមែនស្លឹកដាំនៅស្រុកខ្មែរ​ទេ។ ខ្ញុំទៅមើលផ្ទាល់ហើយ ប្រជាជនជប៉ុនធ្វើការខ្លាំងណាស់ ស្ពាយកន្ត្រកដូចជាក្រផារបស់បងប្អូនជនជាតិដើម​ភាគតិច ហើយទៅបេះមួយសន្លឹកៗ គ្រប់ដប់សន្លឹកចងដាក់ខាងក្រោយ។ ប្រជាជនជប៉ុនធ្វើការ​ច្រើន ទើបគេមាន។

សហរដ្ឋអាមេរិកពិតមែនតែការចូលរួមចំណែករបស់កសិកម្មត្រឹមតែ ១% ក៏ប៉ុន្តែអាមេរិក មានផលពោត ឬស្រូវសាលីនាំចេញយ៉ាងច្រើន ជាមួយនឹងសាច់គោប្រណាំងប្រជែង អញ្ចឹង​បានជាសាច់គោនាំចូលជប៉ុន សាច់គោនាំចូលមកកូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងត្បូងតែងតែធ្វើបាតុកម្មប្រឆាំង​សាច់គោ(អាមេរិក)។ ហើយអារឿងគោឆ្កួតនេះទៀត ការពិតគោវាមិនឆ្កួតទេ ក៏ប៉ុន្តែនេះជាសង្រ្គាមពាណិជ្ជកម្ម។ ឥឡូវ​និយាយពីបារាំង និងអង់គ្លេស ពីរនាក់ហ្នឹងតែងជានិច្ចជាកាលតែងតែមានបញ្ហាគោឆ្កួត នៅពេលមួយប្រមាណ​ជាឆ្នាំ ២០០០ ខ្ញុំទៅប្រជុំត្បូងត្បូងនៅប្រទេសគុយបា ដោយចេញដំណើរពីទីក្រុងប៉ារីស ទៅកាន់គុយបា នៅលើយន្ដហោះ ប្រពន្ធខ្ញុំចេះតែទារសាច់គោ ឯខ្ញុំប្រាប់ថាគោវាឆ្កួត។ ពេលហ្នឹងដើម្បីកុំឲ្យសាច់គោហូរចូល​ទៅប្រទេសអង់គ្លេសៗ ថា គោបារាំងឆ្កួត ហើយចុងក្រោយនេះសង្គ្រាមផ្លែត្រសក់។

ប៉ុន្មានឆ្នាំមុន តើអ្នកសេដ្ឋកិច្ចទាំងឡាយនៅចាំទេ ត្រសក់អេស្ប៉ាញនាំចូលទៅកាន់អាល្លឺម៉ង់ អាល្លឺម៉ង់ថាមានវីរុស ដែលមិន​អាចអនុញ្ញាតឲ្យត្រសក់របស់អេស្ប៉ាញនាំចូលតទៅទៀតបានទេ។ អញ្ចឹងគេដាំត្រសក់ ដាំបន្លែ​បង្ការ មាន​ប្រទេសមួយ ដែលខ្ញុំមិនចេញឈ្មោះទេ គេថារួមចំណែកជាមួយ EU ដាក់ទណ្ឌកម្មរុស្សីធ្វើឲ្យគេបាត់បង់ប្រាក់​ចំណូលមួយឆ្នាំ ២ ពាន់លាន ព្រោះគេធ្លាប់លក់ត្រសក់ លក់បន្លែបង្ការ លក់សាច់ទៅឲ្យ​រុស្សី ឥឡូវគេខានលក់ អញ្ចឹងមួយឆ្នាំខាត ២ ពាន់លាន។ មកពីនយោបាយទណ្ឌកម្ម។ ខ្ញុំមិនបញ្ចេញឈ្មោះប្រទេសហ្នឹងទេ តែគេនិយាយប្រាប់ខ្ញុំ គេថាបើមិនធ្វើតាមគេ(មិនបាន)។ អញ្ចេះនៅ EU មានបងធំ នៅ ASEAN អត់មានបងធំ​ទេ។

បានជានៅពេលប្រជុំនៅដាវ៉ូស ​ខ្ញុំលើកបន្តិចទៅចុះ មានសាស្ដ្រាចារ្យមួយ សាកលវិទ្យាធិការនៃ​សាកលវិទ្យាមួយនៅប្រទេសអង់គ្លេសបានចោទជាសំណួរមកកាន់ខ្ញុំថា តើមានប្រទេសអាស៊ានណាខ្លះត្រៀម​ដក​ខ្លួន​ចេញពីអាស៊ាន។ ខ្ញុំបានឆ្លើយតបថា លោកសាស្រ្ដាចារ្យ លោកគួរតែដូរសំណួរនេះវិញ ត្រូវសួរថា ​តើមានប្រទេសអឺរ៉ុបណា ដែលត្រៀមដកខ្លួនចេញពីសហភាពអឺរ៉ុប បន្ទាប់ពីអង់គ្លេសចាកចេញ។ នេះទើប​ជា​សំណួរត្រឹមត្រូវ។ ខ្ញុំហ៊ានថាឲ្យនៅក្នុងអង្គប្រជុំហ្នឹង ព្រោះអាស៊ានគ្មានគោលការណ៍សម្រាប់ការចាកចេញ​របស់អ្នកណាទេ អាស៊ានគ្មានបងធំទេ អាស៊ានមានសាមគ្គីភាព។ នេះគ្រាន់តែជាការនិយាយពាក់ព័ន្ធ​ជាមួយនឹងដំណើររឿងនេះ អំពីការរួមចំណែកនៃវិស័យកសិកម្ម។

ប្រទេសដែលមានការជឿនលឿន ចំណែកនៃវិស័យកសិកម្មគឺកាន់តែតូច ប៉ុន្តែមិនមែនមានន័យថាសមត្ថភាព​ចិញ្ចឹមនៃវិស័យកសិកម្ម​ដែលតូចនេះវាថមថយទេ ផ្ទុយទៅវិញវាខ្លាំង។ ឥឡូវ សេដ្ឋកិច្ចរបស់កម្ពុជាមិនមែន​គ្រាន់​តែពឹង​ផ្អែកទៅលើ​វិស័យកសិកម្មជាធំដូចពេលមុនទេ យើងនៅសល់ចំណែក នៃការរួមចំណែកនៃ​វិស័យកសិកម្មត្រឹមតែជុំវិញ ២៥%។ វិស័យឧស្សាហកម្មកើន ដែលមុននេះមានត្រឹមតែ ៥% ឬ​ក្រោម ៥% ឡើងទៅដល់ ៣០% ហើយវិស័យ​សេវាដែលមុននេះមានត្រឹម ២០% ឬ ៣០% ឥឡូវនេះកើនទៅដល់ ៤៥% រួចទៅហើយ។ នេះក៏បានបង្ហាញអំពីការលូតលាស់នៃសេដ្ឋកិច្ចរបស់យើងទាំងបីផ្នែក ដែលទិដ្ឋភាព​ទាំងនេះ​គ្របដណ្ដប់ទៅ​លើអ្វីដែលយើងបាន និងកំពុងមាន។ ទាំងនេះតើបានមកពីណា គឺជាការ​គិតគូរ​ ការរួមចំណែកដឹកនាំ​ ការចូលរួមរបស់ជីដូនជីតាឪពុកម្ដាយ និងរហូតមកដល់ក្មួយ​ៗ ថ្ងៃនេះ។

រួមគ្នារក្សាសន្តិភាពឲ្យខានតែបាន មិនឲ្យនរណា ឬជនបរទេសណាមកបំផ្លាញសន្តិភាពនោះទេ

គ្មានការចូលរួម គ្មានការគាំទ្រ គឺ​មិន​អាចនឹងសម្រេចបាននូវជោគជ័យនោះទេ។ ក្មួយៗត្រូវចងចាំ អ្វីដែល​ក្មួយៗ​មាននៅថ្ងៃនេះ គឺ​គណបក្សប្រជាជនជាអ្នកបង្កើតឡើងនូវស្ថានភាពនេះ ក្រោយរំដោះចេញពីរបប ប៉ុល ពត។ យើងខិតខំទប់ស្កាត់នូវរបប ប៉ុល ពត យើងខិតខំស្វែងរកការចរចារ ដើម្បីដោះស្រាយបញ្ហា យើងខិតខំ​អនុវត្តនូវ​នយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវសន្ដិភាពសម្រាប់ការអភិវឌ្ឍ ហើយផ្ដើមចេញពីសន្ដិភាពនោះហើយ​ដែលយើងមានលទ្ធភាពនៃការអភិវឌ្ឍ។ ក្មួយៗត្រូវចាំ បើចង់រក្សាការងារធ្វើ ចង់រក្សានូវប្រាក់ចំណូល ដែលក្មួយ​មាន ត្រូវខិតខំរួមចំណែកដើម្បីការពារនូវសន្ដិភាពឲ្យខានតែបាន មិនត្រូវផ្ដល់ឱកាសឲ្យអ្នកណាមួយទាំង​ជនជាតិខ្មែរ និងជនជាតិបរទេសបំផ្លិចបំផ្លាញសន្ដិភាព ដូចពីអតីតកាលនោះទេ។ កុំផ្ដល់ឱកាសឲ្យពួកគេ​ដោយតម្លៃណាក៏ដោយ យើងត្រូវហ៊ានងើបឈរឡើង ដើម្បីការពារនូវឯករាជ្យ អធិបតេយ្យជាតិ ការពារនូវ​សន្ដិភាព ដើម្បីធានានូវការអភិវឌ្ឍជាបន្ដសម្រាប់យើងទាំងអស់គ្នា ព្រោះនេះវាជាជីវិតរបស់យើង វាជាឆ្នាំង​បាយរបស់យើង។

អតីតកាលបានបង្រៀនយើងគ្រប់សព្វហើយ។ ជីដូនជីតារបស់ក្មួយៗ ឪពុកម្ដាយរបស់ក្មួយៗ​បានបាត់បង់ឱកាសច្រើនណាស់ ប្រៀបធៀបទៅនឹងយុវជនជំនាន់មុន និងយុវជនជំនាន់នេះគឺខុសគ្នាដាច់​ស្រឡះ។ យុវ​ជនជំនាន់មុន គឺជាចំណាប់ខ្មាំងនៃសង្គ្រាម បាត់បង់ឱកាស បាត់បង់ជីវិតរហូតទៅដល់អ្នកដែល​នៅសេសសល់មួយចំនួនក៏របួសពិការ រាប់ទាំងពូផងដែរ។ ប៉ុន្តែ យុវជននៃសម័យថ្មីនេះ បើសិនជាគេមិនបង្កើតឡើងនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើរទេ ពួកគេមានឱកាសច្រើនណាស់។ ការរៀនសូត្រសាលានៅគ្រប់ទីកន្លែង ឥឡូវនេះដល់ដំណាក់កាលរោងចក្របង្កើតនៅច្រើនកន្លែង ការងារបង្កើត​នៅច្រើនកន្លែង ទៅមុខការជម្រុញនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលមានទាំងផ្នែកសិប្បកម្មនៅ​តាមមូលដ្ឋាន វាក៏ជាកត្តាបង្កើតនូវឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង។

រក្សាសន្តិភាព ធានាដល់ការអភិវឌ្ឍ/ដាក់រោងចក្រទៅតាមខេត្ត សម្រួលការធ្វើដំណើររកការងារធ្វើ

ក្មួយៗត្រូវចងចាំ ការងារធ្វើ សន្ដិភាព ការអភិវឌ្ឍ ការងារធ្វើ និងប្រាក់ចំណូល វាបានចាប់ផ្ទៃតែក្នុងប្រទេស ដែលមានសន្តិភាពតែប៉ុណ្ណោះ។ វាមិនបានចាប់ផ្ទៃនៅក្នុងប្រទេស ដែលមានសង្គ្រាមទេ។ តួយ៉ាង ប្រទេសកម្ពុជា កាលពីសម័យមុន ពេលដែលប្រទេសមានសង្គ្រាម ច្បាស់ណាស់ ឪពុកម្តាយរបស់ក្មួយៗ ជីដូនជីតារបស់ក្មួយៗ ត្រូវធ្វើទាហាន ត្រូវរត់លូនក្រោមគ្រាប់បែក គ្រាប់ផ្លោង។ ស្ថានភាពនោះបានធ្វើឲ្យពួកគាត់បាត់បង់ឱកាស ប៉ុន្តែឥឡូវនេះ សាលារៀននៅតាមមូលដ្ឋានដោយសុខសន្តិភាព។ ក្មួយៗមានឱកាសចូលមកកាន់ទីក្រុង ដើម្បីរកការងារធ្វើ ហើយនៅពេលខាងមុខ យើងនឹងជម្រុញដាក់រោងចក្រនៅតាមបណ្តាខេត្ត ដែលកាត់បន្ថយការធ្វើដំណើរយ៉ាងច្រើន ពីសំណាក់យុវជន យុវនារី ដែលស្វែងរកការងារធ្វើ យើងខិតខំជម្រុញលើផ្នែកដទៃទៀត។ សូមអំពាវនាវចំពោះក្មួយៗ ហើយតាមរយៈក្មួយៗ ទៅចំពោះឪពុកម្តាយ ជីដូនជីតា ឲ្យចូលរួមរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍសម្រាប់យើងទាំងអស់គ្នា។ យើងត្រូវបន្ត ពេលត្រឹមប៉ុណ្ណេះ វាមិនទាន់គ្រប់ទេ ចំនួនបៀវត្សរ៍របស់ក្មួយៗដែលត្រូវឡើងដល់ ១៧០ វាមិនមែន​បញ្ឈប់ត្រឹមប៉ុណ្ណឹងទេ។ ឆ្នាំ ២០១៩ នឹងត្រូវឡើង, ២០២០ នឹងត្រូវឡើង គឺឡើងជារៀងរាល់ឆ្នាំ។ អត្ថប្រយោជន៍ដែលក្មួយៗនឹងទទួលបាននឹងកាន់តែខ្ពស់​។

មិនអោយមានបងតូចបងធំ និងគ្រឿងញៀន ទើបរក្សាបានសុវត្ថិភាពការងារ

ចង់រក្សាបាននូវចំណុចនេះ ត្រូវចូលរួមរក្សាសន្តិភាព ត្រូវចូលរួមរក្សានូវស្ថេរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍ ដើម្បីធានាការងារធ្វើ និងសុវត្ថិភាពការងារធ្វើរបស់ក្មួយៗ។ ក្មួយៗក៏ត្រូវចូលរួមក្នុងការពង្រឹងសុវត្ថិភាពនៅតាមទីកន្លែងការងាររបស់ក្មួយៗ ដែលវាស្ថិតនៅក្នុងក្របខណ្ឌគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ មិនអាចឲ្យមានបងតូច បងធំនៅបណ្តារោងចក្រ ហើយក៏មិនអាចផ្តល់ឱកាសឲ្យក្រុមគ្រឿងញៀននៅតាមរោងចក្របំផ្លិចបំផ្លាញការងាររបស់ក្មួយៗនោះទេ។ អញ្ចឹង ដើម្បីដោះស្រាយបញ្ហារឿងនេះ គឺក្មួយៗត្រូវចងចាំថា មានតែការខិតខំរួមគ្នាប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ ព្រះភិរុណពិតជាមិនយោគយល់ចំពោះយើងទេ ហើយមើលឧបករណ៍ភ្លេងផង ក្រែងលោស្គរវាត្រូវទឹក។ ក្មួយៗ ៣៦៣ នាក់ ដែលមានផ្ទៃពោះថ្ងៃនេះ សង្ឃឹមថា ប៉ុន្មានថ្ងៃទៀតបានក្មួយៗកើត ព្រោះថ្ងៃមុននោះ ជួបអាទិត្យមុននោះ ស្រាប់តែមានម្នាក់ទៅដល់មន្ទីរពេទ្យឆ្លងទន្លេបាត់។

ថ្ងៃនេះបើក្មួយៗណាឆ្លងទន្លេ ឈឺពោះក៏ចេញទៅមុនទៅ ហើយសម្រួលឥរិយាបថឲ្យស្រួល ពូនឹងដើរទៅជួបក្មួយ​ៗដោយផ្ទាល់។ ប៉ុន្តែ មុននឹងដល់នោះ ខ្ញុំមានការងារមួយចំនួន ដើម្បីនឹងផ្តាំផ្ញើនៅក្នុងឱកាសនេះ។ យើងបានដោះស្រាយបញ្ហាច្រើនហើយ ហើយខ្ញុំមិនរំលឹកឡើងវិញនូវកិច្ចការ ដែលយើងបានរួមគ្នាដោះស្រាយក្នុងរយៈពេលកន្លងទៅទេ។ ក៏ប៉ុន្តែ ការរំលឹករបស់ខ្ញុំនៅទីនេះ ក៏អាចជាផ្នែកដើម្បីនឹងរំលឹកអំពីការដោះស្រាយដែលយើងបានដោះស្រាយរយៈពេលកន្លងទៅ អ្វីដែលជាការផ្តាំផ្ញើចំពោះស្ថាប័ន ហើយវាក៏ជាការផ្ញើសារឲ្យប្រជាពលរដ្ឋ ឲ្យកម្មករ/ការិនីរបស់យើងបានជ្រាប។ មានកិច្ចការ ៨ ដែលខ្ញុំសុំដាស់តឿន ឲ្យបន្តការយកចិត្តទុកដាក់៖

ទី ១ ការអនុវត្តប្រាក់ឈ្មួលអប្បបរមា ១៧០ ដុល្លារ ត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុត

ទី ១ ការអនុវត្តប្រាក់ឈ្មួលអប្បបរមា ១៧០ ដុល្លារសហរដ្ឋអាមេរិក ត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុត។ ឲ្យ​ក្រោម ១៧០ គឺខុស ឲ្យលើស ១៧០ ត្រូវទាំងអស់។ អញ្ចឹងរោងចក្រណាដែលមានសមត្ថភាព កន្លែងណាដែលមានសមត្ថភាព ឲ្យកម្មករកាន់តែច្រើន ខ្ញុំអរគុណកាន់តែច្រើនដែរ។ តែបើក្រោម ១៧០ ឲ្យ ១៦៥, ១៦៩ ឬក៏ ១៦៩,៩៩ ក៏អត់យកដែរ ខុស ប៉ុន្តែបើឡើងលើ ១៧០ ឬ ១៨០ ឬ ២០០, ៣០០ អាហ្នឹងត្រូវទាំងអស់។ អញ្ចឹង ត្រូវត្រួតពិនិត្យបញ្ហានេះ កុំទុកថាមិនបានផ្សព្វផ្សាយ ប៉ុន្តែកម្មកររបស់យើងបានយល់បានដឹងអំពីបញ្ហានេះ ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតយើងនឹងដល់ពេលវេលាដើម្បីអនុវត្តហើយ។

ទី ២ ការពិនិត្យព្យាបាលជំងឺដោយមិនត្រូវបង់ថ្លៃនៅតាមពេទ្យរដ្ឋ

ចំណុចទី ២ គឺត្រូវតាមដាននូវកិច្ចការដែលចាប់អនុវត្ត ការពិនិត្យព្យាបាលជំងឺដោយមិនត្រូវបង់ថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើកិច្ចការងារនេះឲ្យប្រាកដប្រជា មិនអាចគ្រាន់តែជាការប្រកាសទេ។ ចាប់ពីថ្ងៃ ០១ ខែមករា ឆ្នាំ ២០១៨ ទៅ កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កីឡាករ/ការិនី គឺនឹងទទួលបាននូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃ។ មេភូមិ អនុភូមិ ជំនួយការភូមិ ក៏ដូចជាក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសទាំងអស់ នឹងត្រូវអនុវត្តដូចកម្មករដែរ។ ត្រូវពិនិត្យបញ្ហានេះឲ្យបានម៉ត់ចត់ កុំឲ្យដល់ពេលហ្នឹង កម្មករទៅ គ្រូពេទ្យអត់ទាន់បានទទួលបទបញ្ជា។ ត្រូវប្រយ័ត្នកន្លែងហ្នឹង ព្រោះកុំឲ្យបទបញ្ជា  និងអ្វីដែលសម្រេចដោយគណៈរដ្ឋមន្ត្រី សម្រេចដោយនាយករដ្ឋមន្ត្រីចង្អុលបង្ហាញ បែរជាខ្វះប្រសិទ្ធភាពក្នុងពេលដែលយើងអនុវត្ត​។

ទី ៣ កម្មការិនីឆ្លងទន្លេត្រូវបានសម្រាក ៣ ខែ និងប្រាក់បៀវត្សរ៍ ១២០%

ឯចំណុចទី ៣ ដែលត្រូវតាមដាន និងអនុវត្តឲ្យខ្ជាប់ខ្ជួន កម្មការិនីឆ្លងទន្លេត្រូវបានសម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ ធ្វើឲ្យម៉ត់ចត់ ធ្វើឲ្យប្រាកដប្រជា បេឡាជាតិសន្តិសុខសង្គមត្រូវចេញ ៧០% ហើយនិយោជកត្រូវចេញ ៥០% ដែលមុននេះគឺក្មួយៗទទួលបានត្រឹមតែ ៥០% ប៉ុណ្ណោះ ប៉ុន្តែចាប់ពីថ្ងៃ ១​ មករា ទៅ ក្មួយៗបានឈប់ ៣ ខែ និងមានប្រាក់បៀវត្សរ៍រហូតទៅដល់ ១២០%។ បើយើងគិតពី ១៧០ អប្បបរមា អញ្ចឹងក្មួយៗអាចទទួល ១២០% គឺទៅដល់ជិត ២០០ ដុល្លារ បានសេចក្តីថា ដេកនៅផ្ទះអាំងភ្លើង ប៉ុន្តែឥឡូវគេលែងអាំងភ្លើងហើយ ប៉ុន្តែប្រាក់ខែបានខ្ពស់។ អាហ្នឹងត្រូវធ្វើឲ្យប្រាកដប្រជា រំលឹកបញ្ហានេះ កុំឲ្យមានបញ្ហាឲ្យសោះ។ ក្រសួងការងារត្រូវទទួលខុសត្រូវលើបញ្ហានេះឲ្យបានម៉ត់ចត់ ហើយធ្វើការជាមួយរោងចក្រ ជាមួយនឹងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីត្រួតពិនិត្យការងារនេះ។ មិនមែនគ្រាន់តែនិយាយឲ្យពិរោះស្តាប់ ដូចការឃោសនាបោះឆ្នោតរបស់បណ្តាបក្សនយោបាយនានាទេ ប៉ុន្តែនេះគឺជាបក្សកាន់រាជរដ្ឋាភិបាល ហើយនេះក៏ជាសម្លេងនិយាយ នៃអ្នកដែលមានអំណាចខ្ពស់បំផុតនៅក្នុងអង្គការនីតិប្រតិបត្តិ គឺនាយករដ្ឋមន្ត្រី គ្មានអ្នកណាមានសិទ្ធិលើសពីហ្នឹងទៀតទេ ក្នុងមុខតំណែងនៃអង្គការនីតិប្រតិបត្តិ។

ទី ៤ កម្មវិធីផ្តល់សាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ បើកដោយបេឡាជាតិសន្តិសុខសង្គម

ចំណុចទី ៤ កម្មវិធីផ្តល់សាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ បើកដោយបេឡាជាតិសន្តិសុខសង្គម។ ក្មួយៗ ប្រហែលជាបានដឹងហើយ កូនណាដែលកើតចាប់ពីសូន្យម៉ោង ឬ ម៉ោង ១២ យប់ ភ្លាម ស្រាប់តែវាមកង៉ា កើតបានកូន ១ ត្រូវបានទទួលសាច់ប្រាក់ ៤០ ម៉ឺនរៀល។ កើតបានកូនភ្លោះ ២ បានទទួលសាច់ប្រាក់ ៨០ ម៉ឺនរៀល កើតបានកូនភ្លោះ ៣ បានទទួលសាច់ប្រាក់ ១ លាន ២ សែនរៀល បូកនឹង ៥ លានរៀល ចេញពីពូតែម្តង។ តែកូនភ្លោះ ៣ នឹងលែងសូវមានហើ​យ កាលពីដើមវាងងឹតពេក ដល់ងងឹតពេកក៏ចេះតែចូលទៅចាប់ជាតិទៅ បានកូនភ្លោះ ៣ ដល់សម័យនេះហើយ មិនមែនសម័យដុតចង្កៀងប្រេងកាត ដុតចន្លុះ ដុតជ័រទេ តែជាសម័យប្រើអគ្គិសនី ហោចបំផុតប្រើធុងអាគុយ អញ្ចឹងភ្លឺពេកវាចូលទៅបានតែមួយៗទេ … បានតែ ៣២០ គ្រួសារតែប៉ុណ្ណោះ។ ថ្ងៃមុនបានជួបមួយចំនួនដែរ។ អញ្ចឹងកម្មវិធីផ្តល់សាច់ប្រាក់នេះត្រូវធ្វើឲ្យប្រាកដប្រជា ខ្ញុំនឹងខិតខំតាមមើលអំពីបញ្ហានេះ ហើយនឹងទទួលព័ត៌មានតាមហ្វេសប៊ុក។​

ក្មួយៗអាចចូល comment ក្នុង page នាយករដ្ឋមន្ត្រី ប្រាប់ថាខ្ញុំឆ្លងទន្លេ ៣ អាទិត្យហើយមិនទាន់បានលុយផង​។ លុយនេះត្រូវទៅដល់ឲ្យបានរហ័ស ព្រោះអញ្ចេះ គម្រោងថវិកា ដែលយើងត្រូវផ្តល់សម្រាប់កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ប្រមាណជា ១០ ម៉ឺននាក់ដែលមានកូន អញ្ចឹង ត្រូវគ្រោងចំណាយ ១០ លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែចំនួននេះវាមិនដល់ទេ ប៉ុន្តែយើងគិតទៅដល់អត្រា ២,៧ % ឯណោះ ប៉ុន្តែអត្រាកំណើនពិតប្រាកដក្នុងរង្វង់ ១,៦% តែប៉ុណ្ណឹងទេ។ ក្នុង ១០០ នាក់ មានត្រឹមតែ ២ នាក់ ដែលឆ្លងទន្លេ  យើងបាន​ត្រៀម​​ទុកការចំនាយទៅលើផ្នែកនេះ ១០ លានដុល្លារ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបើកផ្តល់បុរេប្បទាន ២៥% អញ្ចឹងស្មើនឹង ២,៥ លានដុល្លារ នៅក្នុងដៃ។ នៅពេលដែលស្រកស្រុត ត្រូវដាក់ធ្វើម៉េចឲ្យមាន ២,៥ លានដុល្លា ក្នុងដៃវិញអោយជាប់ជានិច្ច។

អញ្ចឹងទេ បើការចាប់ផ្ដើមបន្ទោស គឺបន្ទោសជំហានដំបូងក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ​ ដែលគ្រប់​គ្រង​បេឡាជាតិសន្ដិសុខសង្គមនេះតែម្ដង។ ពេលនោះ ខ្ញុំអាចនឹងបង្ហោះ ចេះ​តែបង្ហោះជា​បន្ដបន្ទាប់​ហើយក្មួយៗអាចចូល comment ប្រាប់ថា «ពូអើយ! ខ្ញុំឆ្លងទន្លេ ឬពូអើយ! ប្រពន្ធខ្ញុំឆ្លង​ទន្លេប៉ុន្តែ អត់​ឃើញ​លុយមកដល់» ប៉ុន្តែបើមួយថ្ងៃ ឬពីរថ្ងៃកុំបាច់ថ្ងូរ ចាំដល់ពីរអាទិត្យ ឬមួយខែចាំថ្ងូរ។ អាហ្នឹងបាន​សេចក្តីថា ខាងនេះមានរឿង។ ប៉ុន្តែបើត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃ គឺថាវាមិនបានលឿនដល់ទៅប៉ុណ្ណឹងពេកទេ។

អញ្ចឹងទេ ចំណុចនេះត្រូវធ្វើឲ្យបានប្រាកដប្រជានូវអ្វីដែលយើងបាននិយាយគ្នា បានសម្រេច ហើយ​លុយ​មានក្នុងដៃ។ ប្រហែលជាមកដល់ពេលនេះ ចាប់ផ្តើមផ្ទេរហើយ ២៥% យកទៅចាយអស់ គឺត្រូវតែបំពេញ​ បង្ហូរដូចសេរ៉ូមអញ្ចឹង គឺនៅតក់ៗ។  ប៉ុន្តែ ទោះយ៉ាងណាត្រូវនៅ ២,៥ លានដុល្លាផងដែរ ស្មើនឹង ១០ ០០០ លានរៀល ក្នុងដៃជាប់ជានិច្ច នេះជាកម្មវិធីផ្តល់សាច់ប្រាក់ដល់កម្មការិនីឆ្លងទន្លេ ហើយមន្ត្រីរាជការជាស្ត្រី​នៅក្នុងរដ្ឋបាលស៊ីវិល ក៏ដូចកងកម្លាំងប្រដាប់អាវុធត្រូវចាប់ផ្តើមអនុវត្តកម្មវិធីថ្មី នូវចំនួនប្រាក់ថ្មីផងដែរ ចាប់ពីថ្ងៃទី ១ ខែមករា តទៅ។

ទី ៥ របបសន្តិសុខសង្គមថែទាំសុខភាព និយោជកបង់ ១០០% ជំនួសកម្មករ

ទី ៥ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលនិយោជកត្រូវបង់ ១០០% ជំនួសកម្មករ ត្រូវត្រួតពិនិត្យ​បញ្ហានេះ ដែលមុននេះ​ក្មួយៗបង់ ៥០% និយោជកបង់ ៥០%(ទៀត)។ ប៉ុន្តែ ចាប់ពីថ្ងៃទី ១ ខែមករា តទៅ ក្មួយៗមិនត្រូវបង់ទៀតទេ។ និយោជក ម្ចាស់​រោង​ចក្រត្រូវបង់ ១០០% ជំនួសឲ្យកម្មករ ដែលប្រាក់នេះ​ហើយជាអត្ថប្រយោជន៍ទាក់ទិននឹងការថែទាំសុខភាព​ សម្រាប់​កម្មករ/ការិនីរបស់យើង ដែលក្មួយៗ​នឹង​ទទួលប្រាក់ចំណេញពី ៨ ពាន់ ទៅ ១ ម៉ឺន ៣ ពាន់រៀល មួយខែ។ អញ្ចឹង​​ត្រូវតាមដាន​មើលអោយបាន​ដិតដល់ ហើយកុំបន្ទោសគ្នា ព្រោះរឿងនេះមិនមែននិយាយមួយថ្ងៃ ពីរថ្ងៃទេ និយាយរាប់ខែ ហើយនិយាយ​តាមវេទិកាគ្រប់ទាំងអស់ ហើយរដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងរដ្ឋសភា ប៉ុន្តែ រឿង​នេះភាគច្រើនត្រូវទទួលខុសត្រូវមុខនាយករដ្ឋមន្ដ្រី ព្រោះនាយករដ្ឋមន្ត្រីដើរធ្វើកិច្ចការងារនេះដោយផ្ទាល់។

ទី ៦ ការអនុវត្តថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ភ្លើង

ចំណុចទី ៦ ត្រូវត្រួតពិនិត្យជាប្រចាំថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង។ ខ្ញុំសូមអរគុណណាស់នូវផ្ទះដំបូលខៀវ ដែលមុន​នោះ ខ្ញុំទទួលបានតាមហ្វេសប៊ុកទេ នៅពេលដែលក្មួយៗបង្ហោះអំពីការឡើងថ្លៃជាន់ក្រោម​មួយ​បន្ទប់ ៨ ដុល្លារ ជាន់លើមួយបន្ទប់ ៥ ដុល្លារ។ អញ្ចឹងទេ ខ្ញុំយកចេញពីអាហ្នឹងបញ្ជូនតាម WhatsApp ទៅរដ្ឋមន្ត្រីការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទៅអភិបាលក្រុង ដើម្បីបានដឹង។ ម្ចាស់ផ្ទះបាន​ប្រកាសឡើងវិញថា មិនមានការកែទេ។ អរគុណជាមួយម្ចាស់ផ្ទះដំបូលខៀវ ហើយយើងត្រូវត្រួតពិនិត្យ​ជា​ប្រចាំ​ជាមួយរឿងហ្នឹង កុំឲ្យមានការឡើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨។ ខ្ញុំសុំតែមួយឆ្នាំហ្នឹងទេ ហើយចាំឆ្នាំ ២០១៩ ចាំឡើង ហើយឡើងក៏កុំឡើងខ្ពស់ពេកអី។

ថ្លៃទឹក ថ្លៃឡើងក៏ត្រូវត្រួតពិនិត្យជាប្រចាំដែរ។ ថ្លៃទឹក​ត្រូវអនុវត្ដតែ ៨០០ ​រៀល ក្នុងមួយម៉ែត្រគូប ចាប់ពីខែប្រាំបួនមកហើយ តែឥឡូវត្រូវត្រួតពិនិត្យថ្លៃទឹក ព្រោះ​ក្រសួង​ឧស្សា​ហកម្ម និង​សិប្បកម្ម បានបញ្ចុះថ្លៃទឹកលក់អោយម្ចាស់ផ្ទះត្រឹម ៧០០ ម្ចាស់ផ្ទះលក់​អោយ​កម្មករ/ការិនីត្រឹម​តែ ៨០០ រៀល តែប៉ុណ្ណោះ ត្រូវត្រួតពិនិត្យអាហ្នឹង។ ឯថ្លៃភ្លើងអនុវត្ដ ៤៨០ រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង អ្នក​ដែលប្រើទាបជាង ៥០ គីឡូវ៉ាត់ក្នុងមួយខែ។ ត្រូវបន្តការខិតខំដើម្បីតភ្លើង តទឹក ទៅកាន់​ផ្ទះឈ្នួលទាំងឡាយ​ ដែលមិនទាន់មានទឹក ភ្លើងរបស់រដ្ឋ​ជាបន្ដទៀត ដើម្បីកាត់បន្ថយការចំណាយ​របស់​កម្មករ/ការិនីរបស់យើង។

ទី ៧ អនុវត្តរបបសោធននិវត្តន៍ នៅឆ្នាំ ២០១៩ / រក្សាសៀវភៅការងារឲ្យបានគង់វង្ស

ទី ៧ ត្រូវបន្ដការខិតខំ ដើម្បីរៀបចំដាក់ឲ្យអនុវត្ដរបបសន្តិសុខសង្គម ផ្នែកសោធននិវត្ដន៍នៅឆ្នាំ ២០១៩ ដែលខ្ញុំសូមជម្រាបជូនក្មួយៗថា ​ចាប់ពីឆ្នំា ២០១៩ ទៅ ក្មួយៗនឹងត្រូវអនុវត្ដនូវរបបសោធននិវត្តន៍។ បាន​សេចក្តីថា ក្មួយៗត្រូវមានប្រាក់ចូល​និវត្តន៍ដូចមន្ត្រីរាជការដែរ។ ត្រូវក្នុងពេញមួយឆ្នាំ ២០១៨ ត្រូវត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បីដំណើរការអនុវត្ដរបបសោធន ដែលខ្មែរយើងហៅថា ប្រាក់រ៉ឺត្រែតនោះ។ អញ្ចឹង​ទេ ពេលនោះសម្រាប់ក្មួយៗដែលជាកម្មករ/​ការិនី មិនមាន​អ្វីខុសគ្នាជាមួយមន្ត្រីរាជការ និងកង​កម្លាំង​ប្រ​ដាប់អាវុធទេ។ ចំណុចនេះជាក្ដីកង្វល់របស់​មនុស្សទូទៅ។ ពីមុននេះ ក្មួយៗអាចលើកជា​បញ្ហាចោទថា នៅពេលដែលខ្លួនអស់ការងារធ្វើទៅ តើបានអ្វីចិញ្ចឹមខ្លួន ចំណុចនេះជាចំណុចបាន​ដោះ​ស្រាយ។ ប៉ុន្តែ ត្រូវផ្ដាំក្មួយៗឲ្យហើយ ក្មួយៗត្រូវបំពេញគ្រប់លក្ខខណ្ឌ ដើម្បីទទួល​បាននូវប្រាក់សោធន​និវត្ដន៍។ មិនមែនចូលធ្វើការមួយឆ្នាំ ឬពីរឆ្នាំ្ ហើយទារប្រាក់សោធននិវត្តន៍ទេ អាហ្នឹងគ្រាន់តែ​ជាប្រាក់​អតីតភាពធម្មតា។

ប៉ុន្ដែ ដើម្បី(ទទួល)បានប្រាក់សោធននិវត្តន៍ ទាមទារឲ្យក្មួយៗធ្វើការឲ្យគ្រប់លក្ខខណ្ឌ​ដែលច្បាប់តម្រូវ។ មន្ត្រីរាជការក៏ដូចគ្នាមិនមែនចូលធ្វើការមួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ ហើយទារប្រាក់ចូលនិវត្តន៍នោះ ​គឺអត់​ទេ។ អញ្ចឹងបានផ្ដាំក្មួយៗ សៀវភៅការងារមួយ ត្រូវរក្សាទុកឲ្យបានល្អ ព្រោះ(ឧបមា)​ក្មួយៗ​ធ្វើការក្នុងរោងចក្រមួយ​​ថាបាន ៤ ឆ្នាំ ហើយរោងចក្រត្រូវបិទ ក្មួយៗត្រូវទៅរកការងារធ្វើ​នៅរោងចក្រ​មួយ​ទៀត គេមិនគិតពីថ្ងៃទី ១ ទេ គេគិត ៤ ឆ្នាំ ១ ថ្ងៃ។ អញ្ចឹងបានជារៀបចំបន្ដគ្នាអញ្ចឹងទៅ គ្រប់ឆ្នាំ​ ពេលនោះ​គ្រប់លក្ខខណ្ឌ ដើម្បីទទួលយកប្រាក់សោធននិវត្តន៍។ ខ្ញុំតែងតែនិយាយថា ពាក្យចាស់លោកថា «ចង់​ឆ្ងាញ់អោយរកអន្លក់ ចង់ស្រ​ណុកអោយនឿយពីក្មេង» បើយើងមិនប្រឹងធ្វើពីឥឡូវ តើដល់ថ្ងៃអនាគតអ្នក​ណាចិញ្ចឹមយើង? រឿងនេះ វានឹង​កើតឡើងសម្រាប់មនុស្សគ្រប់រូប​។

ពលករក្រៅប្រទេស ក៏អាចតភ្ជាប់អតីតភាពការងារមកក្នុងប្រទេស ដើម្បីទទួលបានរបបសោធននិវត្តន៍ដែរ

បញ្ហាសោធននិវត្ដន៍នេះ យើងត្រូវតភ្ជាប់រវាងកម្មករ/ការិនី ដែលកំពុង​ធ្វើការ​នៅក្រៅប្រទេស អតីត​ភាពការ​ងារ​របស់គេដែលធ្វើការនៅទីនោះ ត្រូវបានផ្សារ​ភ្ជាប់មកជាមួយ​ការងារ​ក្នុង​ប្រទេស ដោយនាំមកនូវអតីតភាពនៅក្រៅប្រទេស ជាមួយអតីតភាពនៅ​ក្នុងប្រទេស ដើម្បីបូកបញ្ចូលគ្នា។ យើងមិនបានភ្លេចទៅដល់កម្មករ/ការិនីរបស់យើងនៅក្រៅប្រទេសទេ នៅ​លើបញ្ហានេះ។

ទី ៨ បន្តដោះស្រាយពលករធ្វើការនៅក្រៅប្រទេស

ឯចំណុចទី ៨ បន្ដដោះស្រាយពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេស។ អរគុណ​លោក​ជំទាវ​ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន អរគុណចំពោះឯកឧត្តមរដ្ឋមន្រ្ដី អ៊ិត សំហេង និងថ្នាក់ដឹកនាំដទៃទៀត ដែលបានឆ្លៀតទៅ​សួរសុខទុក្ខកម្មករ/ការិនីរបស់យើង ដែលកំពុងរស់នៅក្នុងប្រទេសថៃ និងមានថ្នាក់​ដឹក​នាំរបស់យើងទៅ​សួរសុខទុក្ខកម្មករ/ការិនីរបស់យើងនៅកូរ៉េខាងត្បូង នៅម៉ាឡេស៊ី ដែលចំណុច​អស់​ទាំង​នេះ ក៏ជាចំណុចដែលយើង​ត្រូវ​បន្ដយកចិត្តទុកដាក់ ហើយខិតខំបង្កើតការងារនៅឯក្រៅប្រទេស។ សម័យ​នេះ គឺជាសម័យដែល​ឱកាស​ការងារ​​មិន​មែនរួញចង្អៀតត្រឹមតែទីក្រុងទេ ប៉ុន្តែ ឱកាសការងារមាននៅជន​បទ​សម្រាប់ប្រទេស។ ឱកាស​ការងារមិនមែន​សម្រាប់តែប្រទេសមួយទេ តែឱកាសការងារ​សម្រាប់​ក្របខណ្ឌតំបន់ ឬក្រៅតំបន់ទៀតផង​។ យើងទៅធ្វើការនៅប្រទេសដទៃ ហើយប្រទេសនោះក៏ចេញ​ទៅធ្វើការនៅ​ប្រទេសផ្សេងៗទៀតដែរ ដំណាក់កាល​តំបន់​ភាវូបនីយកម្ម និងដំណាក់កាលសកលភាវូបនីយកម្ម គឺជាដំណាក់កាលនៃការពង្រីក​ទីផ្សារការងាររបស់យើង ដែលក្នុងមួយឆ្នាំៗកម្មករ/ការិនី​របស់យើង​ បាន​បញ្ជូនប្រាក់ចូលមកប្រមាណជា ២ ០០០ លាន ដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ប្រាក់ដែលកម្មករ/ការិនីរបស់យើងធ្វើ​ការនៅប្រទេសកូរ៉េ បញ្ជូនមកឪពុកម្ដាយពី ៥០០ ទៅ ១ ០០០ ដុល្លារ ក្នុងមួយខែ បើតាមការដឹងរបស់យើង។

កម្ពុជាមិនមានការធ្វើរបង ដូចនៅអាមេរិក និងម៉ិចស៊ិចទេ

កម្មករ/ការិនីដែលធ្វើការនៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀត ក៏មានប្រាក់ដើម្បីផ្ញើមកឲ្យឪពុកម្តាយនៅក្នុងប្រទេស ហើយក្មួយៗនៅទីនេះក៏បានផ្ញើប្រា​ក់ទៅឲ្យឪពុកម្តាយ ដែលនៅជនបទផងដែរ។ នេះជារឿងធម្មតាខ្លាំងណាស់ គេមិនត្រូវចោទ ហ៊ុន សែន ថា ដឹកនាំប្រទេសឲ្យប្រជាពលរដ្ឋទៅធ្វើខ្ញុំគេនោះទេ អ្នកត្រូវយល់ អ្នកត្រូវដឹង ហេតុអីបានជាប្រធានាធិបតី Donald Trump ចង់ធ្វើរបងរវាងប្រទេសអាមេរិក និងម៉ិចស៊ិច គឺដោយ​សាររឿងការងារធ្វើហ្នឹងហើយ។ ប្រទេសម៉ិចស៊ិចគឺជាប្រទេសរីកលូតលាស់មួយ ក៏ប៉ុន្តែ ប្រទេសម៉ិចស៊ិចក៏ត្រូវការការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកដែរ បានជាមានការជីករូងរវាងពីខាង​ម៉ិចស៊ិច ចូលមកខាងអាមេរិក ក្នុងពេលវេលានៃការឃោសនាបោះឆ្នោត គឺប្រធានាធិបតី Donald Trump បានស្វះស្វែងថា នឹងធ្វើរបងរវាងព្រំដែនអាមេរិក និងម៉ិចស៊ិច។ រឿងនេះ គឺជាការចង្អុលបង្ហាញ មិនមែនគ្រាន់តែកម្ពុជា តែកម្ពុជាជាមួយនឹងថៃ កម្ពុជាជាមួយកូរ៉េខាងត្បូង កម្ពុជាជាមួយនឹងម៉ាឡេស៊ី ជាមួយជប៉ុន ជាមួយសាំងហ្គាពួរ មិនមានតម្រូវការធ្វើរបងទេ។ ប៉ុន្តែ យើងមានតម្រូវការធ្វើឲ្យប្រជាពលរដ្ឋរបស់យើងស្របច្បាប់ មិនចាញ់បោកដោយអ្នកភូតកុហក នាំពលកររបស់យើងយកទៅលក់ ដែលជាការកេងប្រវ័ញ្ចគួរឲ្យស្អប់ខ្ពើមនោះទេ។

ផ្តល់សាច់ប្រាក់ពេលឆ្លងទន្លេ កាត់​បន្ថយអត្រាស្លាប់មាតា និងទារក និងបង្កើនអាហារូបត្ថម្ភដើម្បីឲ្យកុមារ

យើងត្រូវបន្តធ្វើកិច្ចការងារនេះ មានការងារ ៨ ដែលខ្ញុំសុំរំលឹកដាស់តឿន ព្រោះវាជិតដល់ពេលដែលយើងត្រូវអនុវត្ត មិនមែនជាពេលវេលាដែលយើងត្រូវធ្វើការសម្រេចទេ ដោយសារយើងបានសម្រេចជាមួយគ្នារួចហើយ ឥឡូវជិតដល់ម៉ោងត្រូវអនុវត្ត ចូលដល់ការរាប់ថយក្រោយហើយឥឡូវ ជាពិសេស ក្មួយៗឆ្លងទន្លេឆ្លងទន្លេហ្នឹងតែម្តង។ ពេលមុន ក្មួយៗឆ្លងទន្លេមិនត្រូវទទួលបាននូវប្រាក់ឧបត្ថម្ភ ១០០ ដុល្លារ ដែលស្មើនឹង ៤០ ម៉ឺនរៀល នោះទេ។ តែឥឡូវវាបានដើរមកដល់ដំណាក់កាលនេះ អញ្ចឹងពេលដែលក្មួយៗរាប់ មិនមែនរាប់ដើម្បីរាប់ទេ រាប់ដើម្បីបានទទួលលុយនៅពេលដែលខ្លួនឆ្លងទន្លេ។ វាគឺជាចំណែកមួយ ដើម្បីជួយក្មួយៗទៅលើនយោបាយគាំពារសង្គម កាត់​បន្ថយអត្រាស្លាប់មាតា និងទារក ហើយបង្កើនអាហារូបត្ថម្ភដើម្បីឲ្យកុមាររបស់យើង កាន់តែមានសុខភាពល្អ មាតាដែលឆ្លងទន្លេនេះកាន់តែមានសុខភាពល្អ។ សង្ឃឹមថា ក្មួយៗទាំង ៣៦៣ នាក់ ដែលមានវត្តមានថ្ងៃនេះ គឺនឹងទទួលបានកូនប្រុស ឬស្រីដែលគួរឲ្យស្រឡាញ់ ហើយនិងវ័យឆ្លាត ពួកគេនឹងក្លាយទៅជាកូនដ៏ល្អ ជាកូនដែលមានអនាគត ហើយមិនស្គាល់នូវអ្វីដែលហៅ​ថាសង្គ្រាមទៀតទេ តាមរយៈនៃការខិតខំរបស់មាតាបិតា។

បុរសជាស្វាមីត្រូវនៅថែទាំប្រពន្ធ និងកូន ទើបនឹងកើត

សង្ឃឹមថា បុរសទាំងឡាយដែលជាស្វាមី នឹងនៅក្បែរភរិយារបស់ខ្លួននៅពេលដែលឆ្លងទន្លេ។ កម្សត់ណាស់ ថ្ងៃមុន នៅកន្លែងមួយនោះ ពេលដែលផ្តល់ថវិកាឲ្យទៅ ថាប្តីខ្ញុំគេទៅយកប្រពន្ធ(ថ្មី)បាត់ហើយ។ វាមានរឿងអញ្ចឹងទៀត។ គាត់និយាយត្រង់ ថាខ្ញុំ​ជិតឆ្លងទន្លេហើយ គេទៅចោលខ្ញុំតាំងពីកូន ៣ ខែ ឥឡូវកូន ៨ ខែ ទៅហើយ។ វាទៅជារឿងឆ្កុយអញ្ចឹងទៅ។ អញ្ចឹងទេ សង្ឃឹមថា បុរសទាំងឡាយ ដែលមានភរិយាមានផ្ទៃពោះ នៅជាមួយភរិយា ដើម្បីថែទាំ និងដើម្បីមើលកូនជាទីស្រឡាញ់របស់ខ្លួន ដែលខ្លួនបានផ្តល់កំណើតឲ្យគេ។

ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ការពារសន្តិសុខ សម្រាប់ប្រជាជន និងទេសចរ ពេលឆ្លងឆ្នាំសកល

ថ្ងៃនេះ សង្ឃឹមថា ចូលឆ្នាំសកលថ្មីរបស់យើង គឺប្រទេសរបស់យើងមិនត្រូវទទួលរងនូវការវាយប្រហារដោយ​ភេរវកម្មនោះទេ។ ប៉ុន្តែ ខ្ញុំមានកង្វល់ ប្រជាពលរដ្ឋរបស់យើងដែលរស់នៅក្រៅប្រទេស នៅក្នុងប្រ​ទេស​មួយចំនួន ដែលធ្លាប់មានការវាយប្រហារភេរវកម្ម នៅក្នុងពេលបុណ្យគ្រិស្តម៉ាសកន្លងទៅ ឬនៅក្នុងពេលដាច់ឆ្នាំនេះឯង។ ប៉ុន្តែ បើទោះបីគ្មានសញ្ញាណាមួយអំពីការវាយភេរវកម្មនៅកម្ពុជា តែសន្តិសុខត្រូវបានធានាសម្រាប់ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋកម្ពុជា។ វាមិនមែនជាការចូលឆ្នាំខ្មែរទេ តែនេះជាការចូលឆ្នាំសកល ជនបរទេសច្រើនណាស់ដែលមកចូលឆ្នាំសកល ឬគ្រិស្តម៉ាសនៅក្នុងប្រទេសកម្ពុជារបស់យើង។ ព្រោះជាទីកន្លែងនៃសុវត្ថិភាព ជាទីកន្លែងនៃការសប្បាយរីករាយរបស់ពួកគេ។ សង្ឃឹមថា នឹងមិនមានអ្វីកើតឡើងទេ។ កម្លាំងប្រដាប់អាវុធ អាជ្ញាធរនៅគ្រប់ទីកន្លែង ជាពិសេស នៅតំបន់ដែលមានទេសចរបរទេសស្នាក់នៅ ត្រូវយកចិត្តទុកដាក់ការពារនូវការវាយប្រហារណាមួយ ទោះបីជាគ្មានសញ្ញាណាក៏ដោយ ក៏ការប្រុងប្រយ័ត្នត្រូវមានក្នុងកម្រិតខ្ពស់។

សង្ឃឹមថា នឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតខាងមុខ

ខ្ញុំគិតថា ល្មមដល់ទីបញ្ចប់ នៃសុន្ទរកថារបស់ខ្ញុំហើយ។ សូមផ្តាំផ្ញើតាមរយៈក្មួយៗ ទៅចំពោះឪពុកម្តាយ ទៅចំពោះក្រុមគ្រួសារ ទៅចំពោះជីដូនជីតារបស់ក្មួយៗ អំពីការថ្លែងអំណរគុណរបស់ពូ ហើយពូបានប្រកាសហើយថា នឹងបន្តដំណែងជានាយករដ្ឋមន្រ្តីជាប់ឆ្នោតរយៈពេល ២ អាណត្តិទៀត ដែលមិនតិចជាង ១០ ឆ្នាំទៀត។ សង្ឃឹមថា ក្មួយៗ ក៏ដូចជាឪពុកម្តាយ ជីដូនជីតា បើគាត់នៅរស់ និងក្រុមគ្រួសារនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះទៀត។ អរគុណចំពោះ​ពួកគាត់ អរគុណចំពោះក្មួយៗ ដែលផ្តល់នូវការគាំទ្រទាំងឡាយ ដើម្បីកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ ដែលវាជាផលប្រយោជន៍ផ្ទាល់ដល់ក្មួយៗ។ ពូពិតជាមានការ​ហត់នឿយខ្លាំងណាស់ហើយ ក៏ប៉ុន្តែ ដើម្បីអមដំណើរក្មួយៗ ពង្រីកនូវការលូតលាស់ និងធានាឲ្យបាននូវសន្តិភាព ពូមានតែខិតខំបន្តទៅទៀតតែប៉ុណ្ណោះ។ ជាភ័ព្វសំណាង ដែលពូលែងក្លាយជាមនុស្សដែលដុះពោះទៀតហើយ។​ ឥឡូវនេះ ខោដែលកាត់ថ្មី ចាប់ផ្តើមក្របួចទៀតហើយ ព្រោះវាចុះគីឡូ។ មុននេះ គិតតែរឿងឆ្ងាញ់ ហើយស៊ីបាយតែយប់ទៅទៀត ដោយសារពូធ្វើការងារច្រើន។ ម៉ោង ១១ កន្លះ ម៉ោង ១២ យប់ អង្គុយស៊ីបាយនៅចុងគ្រែ ហើយបាយជាមួយស្អី? ជាមួយត្រីងៀតហ្នឹងណា។ អញ្ចឹងទៅវាចេះតែឡើងគីឡូដល់ ៨៦ គីឡូក្រាម បន្ទាប់​ទៅខិតខំបន្ថយនៅត្រឹម ៨២ ប៉ុន្តែ ក្រោយហាត់ប្រាណ នៅសល់តែ ៧១,២ គីឡូទេ ស៊ីបានហើយឡើងមួយគីឡូ ព្រោះទឹកផងអីផង អត់ស៊ីបាយទេ ស៊ីបន្លែ។ នឹងបន្តបន្ថយឲ្យស្ថិតនៅកម្រិតដែល​​ពេទ្យឲ្យក្នុងរង្វង់ ៦៨-៧០​ គីឡូ អញ្ចឹងបន្ថយ។ ប៉ុន្តែ វិធីបន្ថយមានតែវិធីហាត់ប្រាណតែប៉ុណ្ណោះ។

អញ្ចឹងបានអញ្ចេះ ប៉ុន្តែ បើសិនចាប់ផ្តើមពីសម្តេចពិជ័យសេនា ទៀ បាញ់ មិនបានទេ មេទ័ពរបស់យើងដុះពោះច្រើនណាស់។ ដើម្បីឲ្យមេទ័ពដុះពោះស្រកក្បាលពោះ វិធីតែមួយគត់ គឺស្ពាយបាឡូដាក់ដុំឥដ្ឋ ហើយឡើងទួល អាហ្នឹងគឺស្រកហើយក្បាលពោះ។ សព្វថ្ងៃនេះ ខ្ញុំដើរលើម៉ាស៊ីន ហើយចំណោតនៃម៉ាស៊ីនដែលដើរគឺ ១៥ ដឺក្រេ ក្នុងល្បឿន ៥,៥ គីឡូម៉ែត្រ/ម៉ោង ទម្លាក់កាឡូរីជិត ៤០០ ក្នុងកន្លះម៉ោង ហើយទម្លាក់កាឡូរីជិត ៨០០ ក្នុងមួយម៉ោង … ព្រឹកនេះមកនិយាយមានអី? សំឡេងនៅតែលឺដដែលហ្នឹង បិទក្បាលមេក្រូក៏និយាយលឺដែរ។

ចង់នៅឃើញប្រទេសកម្ពុជាលែងមាន ឬនៅមានអត្រានៃភាពក្រីក្រតិចបំផុត នៅពេលអនាគត

ថ្ងៃនេះ យើងជួបជុំគ្នា ហើយសង្ឃឹមថា ក្មួយៗនឹងបន្តការខិតខំ ចំណុចផ្តាំផ្ញើទាំង ៨ ចំណុចនេះ សង្ឃឹមថា យើងទាំងអស់គ្នានឹងបន្តធ្វើ។ ហើយកិច្ចការមួយចំនួន ដែលត្រូវធ្វើឲ្យបាន ដោយមិនអាចខ្ជីខ្ជាទេ។ កម្មករ/ការិនីចូលមន្ទីរពេទ្យកាន់តែច្រើន ចាប់ពីថ្ងៃ ១ ទៅ ព្រោះព្យាបាលជំងឺដោយឥតគិតថ្លៃ ស្ត្រីឆ្លងទន្លេ ត្រូវដោះស្រាយឲ្យបាននូវប្រាក់ឧបត្ថម្ភ។ យន្តការបែបណា ខ្ញុំមិនធ្វើជំនួសអស់លោកទេ អស់លោកធ្វើខ្លួនឯងទៅ។

ពូហត់ពេកហើយ តាំងពីបើនិយាយពីការចាប់ផ្តើមធ្វើកូនទាហាន ធ្វើតាំងពីអាយុ ១៨ ឆ្នាំនោះ។ ប៉ុន្តែ ក្លាយជាមេដឹកនាំចលនាក្នុងវ័យ ២៥ ឆ្នាំ។ ឥឡូវ ៤០ ឆ្នាំក្រោយ ឡើង ៦៥ ហើយ​ ថែម ១០ ឆ្នាំទៀតវានឹងទៅជា ៧៥ ឆ្នាំ អញ្ចឹងហត់។ ក៏គិតដែរ តែមិនប្រាកដទេជីវិតមនុស្ស ជួនកាលស្អែកងាប់ក៏មានដែរ ប៉ុន្តែ សង្ឃឹមថាមិនងាប់ផ្តេសផ្តាសទេ។ ប៉ុន្តែ សង្ខារវាមិនទៀង តែសង្ឃឹមថា នៅកំដរក្មួយៗដើម្បីនាំប្រទេសនេះទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ អត្រានៃភាពក្រីក្រអាចនៅសល់ត្រឹម ១% ឬ ២% ឬក៏អាចថាបញ្ចប់ក៏បាន។ លើកលែងតែយើងដាក់គោលដៅខ្ពស់ជាងនេះ ប្រាក់ចំណូលដែលលើកក្រោយយើងអាចធ្វើឲ្យផុតពីការកំណត់នៃអង្គការសហប្រជាជាតិត្រឹមតែ ​១,២៥ ដុល្លារ ប៉ុន្តែ កម្ពុជាអាចកំណត់ខ្លួនឯង ដូចជា ១,៥ ដុល្លារ ឬ ២ ដុល្លារ ទើបឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ។ យើងអាចដាក់ចេញបែបនេះ តែការអនុវត្តជាសកល យើងត្រូវតែអនុវត្ត ប៉ុន្តែ យើងអាចអនុវត្តនូវរបៀបការគិតគូរមួយ ដែលថា ចាប់ពី ២ ដុល្លារឡើងទៅ ទើបឆ្លងផុតបន្ទាត់នៃភាពក្រីក្រ។ ពេលនោះ ក្មួយៗទាំងឡាយ ដែលមានប្រាក់ចំណូលសព្វថ្ងៃ ៥ ដុល្លារ យ៉ាងតិច កម្មករសំណង់សព្វថ្ងៃនេះ ៣ ម៉ឺនរៀលយ៉ាងតិច/មួយថ្ងៃ ដូច្នេះ បើ ៣ ម៉ឺនយ៉ាងតិច វាដូចជា ៧,៥ ដុល្លារ ទៅហើយ។ នេះក៏ជាចំនួនដែលច្រើន វិស័យសំណង់រីក ខ្វះកម្មករដើម្បីធ្វើការផងដែរ។

ថ្ងៃនេះ ក្នុងឱកាសនៃការជួបជុំនេះ ពូយល់ដឹងថា ក្មួយៗមិនមែនមកជួបពូគ្រាន់តែប្រាក់ ២ ម៉ឺនរៀលនោះទេ ក៏ប៉ុន្តែ ក៏ចង់បង្ហាញនូវទឹកចិត្ត និងចង់ស្តាប់នូវអ្វីដែលពូនិយាយ។ ហើយថ្ងៃនេះ ពូបាននាំមកសម្រាប់ក្មួយៗក្នុងម្នាក់ៗប្រាក់ ២ ម៉ឺនរៀល តែប៉ុណ្ណោះ។ តិចតួចទេ។ ប៉ុន្តែ អត្ថប្រយោជន៍ដែលក្មួយៗនឹងបានទទួលនោះ វាធំជាងប្រាក់នេះឆ្ងាយណាស់ ឡើងពី ១៥៣ ដុល្លារ ទៅ ១៧០ ឡើង ១៧ ដុល្លារ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។ សុំជូនចំពោះក្រុមតន្រ្តីដែលមកកំដររោងនៅទីនេះ ចំនួន ៥ លានរៀល។ សម្រាប់ក្មួយៗជាកម្មការិនីឆ្លងទន្លេ ក្រៅពី ២ ម៉ឺនរៀលនេះ ពូនឹងចែកស្រោមសំបុត្រម្នា​ក់មួយ ហើយចាំមើលខ្លួនឯងទៅ។ ប៉ុន្តែ សូមបញ្ជាក់ក្មួយៗណាដែលមានកូនភ្លោះ សូមប្រាប់ពូ ពូនឹងជូន ២ ស្រោមសំបុត្រ។ ប្រាក់នេះនឹងក្លាយទៅជាប្រាក់សម្រាប់ក្មួយៗឆ្លងទន្លេ ហើយបើក្មួយៗឆ្លងទន្លេរហូតទៅដល់ថ្ងៃ ១ ខែមករា សល់តែ ៤ ថ្ងៃទៀត ពេលនោះ ក្មួយៗនឹងទទួលបាន ៤០ ម៉ឺនរៀល បន្ថែមពីលើហ្នឹងទៀត។

ហើយទីបញ្ចប់ជាមួយនឹងការអបអរសាទរ ជាមួយនឹងវឌ្ឍនភាពទាំងឡាយសម្រាប់ប្រទេសជាតិទាំងមូល និងសម្រាប់វិស័យឧស្សាហកម្ម វេយនភណ្ឌរបស់យើងនៅថ្ងៃនេះ ជាមួយនឹងការអបអរសាទរសម្រាប់ក្មួយៗ និងអបអរសាទរការចូលឆ្នាំថ្មីឆ្នាំសកល ដាច់ ២០១៧ ចូល ២០១៨ សូមយកឱកាសនេះជូនពរចំពោះក្មួយៗកម្មករ/ការិនី ក៏ដូចជាសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមជួបប្រទះតែនឹងពុទ្ធពរ និងពរ ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ