សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីបុណ្យសមុទ្រ លើកទី ៦ ឆ្នាំ ២០១៧

… សូមស្នើអ្នកខាងដាក់សុន្ទរកថា ដកចេញ ដោយសារខ្ញុំមិនអានសុន្ទរកថាទេ។ ជាទម្លាប់(មានការ)ព្រៀង​ឲ្យខ្ញុំ​។ ប៉ុន្តែ អ្វីដែល(ខ្ញុំប្រើគឺ)ជា(ការព្រៀង)របស់ខ្ញុំនៅក្នុងទូរស័ព្ទវិញទេ។ សូមដកយកសុន្ទរកថាខ្ញុំចេញ ព្រោះខ្ញុំមិនអានសុន្ទរកថា ដែលបានព្រៀងទុកនោះទេ។

បុណ្យសមុទ្រធ្វើរាល់ឆ្នាំ, ឆ្នាំក្រោយធ្វើនៅកោះកុង

ដំបូងក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញមកពីគ្រប់ទិសទីដើម្បីចូលរួមនៅ បុណ្យសមុទ្រលើកទី ៦ នៅខេត្តកែបរបស់យើងនេះ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីស្វាគមន៍ផងដែរ ជាមួយ នឹងវត្តមាននៃប្រិយមិត្តបរទេសទាំងឡាយ រាប់ទាំងសិល្បករ សិល្បការិនី ដែលបានអញ្ជើញមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកពីព្រះរាជាណាចក្រថៃ មកពីសាធារណរដ្ឋឥណ្ឌា​ មកពីឥណ្ឌូនេស៊ី ហើយក្នុងនោះក៏មានពីព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ពិធីបុណ្យសមុទ្រដែលយើងបានរៀបចំជារៀងរាល់ឆ្នាំ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែករបស់ខេត្តនីមួយៗ ដូចជានៅខេត្តកែបនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះគឺជាឱកាស នៃការជួបជុំគ្នាមួយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលក្នុងនោះ វត្តមានស្តង់ជាច្រើន បង្ហាញនៅថ្ងៃនេះ តាមបណ្តាខេត្ត បណ្តាស្ថាប័ន និងក្រុមហ៊ុននានា ផ្តល់ឱកាសអោយយើងទាំងអស់គ្នាយល់ដឹងពីការរីកចម្រើនជាទូទៅសម្រាប់ប្រទេសរបស់ជាតិ។ នៅរៀងរាល់ចុងឆ្នាំម្តងៗ យើងតែងធ្វើពិធីជួបជុំគ្នានៅតាមមាត់សមុទ្រ ដែលហៅថា បុណ្យសមុទ្រ ហើយនៅមុនពិធីចូលឆ្នាំខ្មែរ យើងក៏មានការជួបជុំគ្នា នៅអង្គរសង្គ្រាន ដែលជាពិធីជួបជុំក្នុងចំណោមប្រជាជនកម្ពុជារបស់យើង។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត បន្ទាប់​ពី​ការចូលរួមកាលពីឆ្នាំទៅ នៅជុំទី ២ នៅឯខេត្តព្រះសីហនុ។ ឆ្នាំនេះយើងជួបជុំគ្នានៅខេត្តកែប ហើយឆ្នាំក្រោយសង្ឃឹមថាមានការជួបជុំគ្នានៅឯខេត្តកោះកុង។ យើងបន្តធ្វើជាបន្តបន្ទាប់បន្តទៅទៀត ដើម្បីបង្ហាញនូវសមិទ្ធផលទាំងឡាយដែលយើងសម្រេចបាន។

ប្រធានបទបុណ្យសមុទ្រប្រចាំឆ្នាំ គ្របដណ្តប់លើទិដ្ឋភាពនៃបច្ចុប្បន្នភាព និងអនាគត

ខ្ញុំសូមយកឱកាសនេះ ដើម្បីកោតសរសើរឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ហើយក៏សូមថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម កែវ ស៊ីថា ក៏ដូចជាគណៈអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការរៀបចំនូវ វេទិកាបុណ្យសមុទ្រនេះឡើង។ ខ្ញុំសូមកោតសរសើរ និងថ្លែងនូវការអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយនៅក្នុងខេត្តកែបរបស់យើងនេះ មានស្រុកមួយ និងក្រុងមួយ អភិបាលស្រុក និងអភិបាលក្រុង គឺសុទ្ធតែជាស្ត្រីទាំងអស់ ដែលនេះជាការលើកទឹកចិត្តមួយសម្រាប់បញ្ហាទាក់ទងនឹងសមភាពយេនឌ័រ ទៅលើអនាគត នៃមេដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះ យើងជួបជុំគ្នានៅឆ្នេរសមុទ្រស្អាតរបស់យើងនេះ។ ប្រធានបទនៅឆ្នាំនេះ ទាក់ទងនឹង “ឆ្នេរសមុទ្របៃតង អនាគតគឺបច្ចុប្បន្ន” ក្រោមពាក្យស្លោក “ចីរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ”។ ខ្ញុំចាត់ទុកថា ប្រធានបទប្រចាំឆ្នាំរបស់យើង គឺជាប្រធានបទដែលយើងតែងគ្របដណ្តប់ទៅលើទិដ្ឋភាពទាំងឡាយ ទាក់ទងជាមួយនឹងបច្ចុប្បន្នភាពផង និងទាក់ទងជាមួយនឹងអនាគតរបស់យើងផងដែរ។

ការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចរបស់យើង

ខ្ញុំពិតជាមានការរីករាយដែលអ្នកទាំងអស់គ្នាបានរៀបចំនូវព្រឹត្តិការណ៍នេះឡើង តាមចក្ខុវិស័យ នៃការរីកលូតលាស់ក្នុងវិស័យសេដ្ឋកិច្ចជាតិរបស់យើង។ ខ្ញុំគួរតែត្រូវលើកបង្ហាញ ដើម្បីឲ្យយើងអាចយល់ដឹងអំពីសេដ្ឋកិច្ចរបស់ប្រទេសយើងបច្ចុប្បន្ន ហើយនេះក៏ជាសារនយោបាយមួយដ៏ជាក់លាក់ប្រាប់ថា “កម្ពុជាមិនមែនជាអ្នកដែលត្រូវដកដង្ហើមតាមអុកស៊ីសែនរបស់អ្នកណាមួយទេ”។ កម្ពុជាប្រៀបដូចជាមនុស្សម្នាក់ដែលមានរន្ធច្រមុះ ២ និងមានមាត់ ១ សម្រាប់ដកដង្ហើម។ … ម្សិលមិញគណៈរដ្ឋមន្ត្រីបានធ្វើការប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងហ្នឹង គេបានឃើញថា ផលិតផលសរុបរបស់កម្ពុជានៅពេលបច្ចុប្បន្ននេះ វិស័យសេវាមានរហូតទៅដល់ជាង ៤៥% នៃផលិតផលសរុបក្នុងស្រុក ហើយវិស័យឧស្សាហកម្មមាន ៣០,១% រួចស្រេច ទៅហើយ ឯវិស័យកសិកម្មនៅមានប្រមាណជាង ២៥%។ នេះក៏អាចបង្ហាញបញ្ជាក់ឲ្យឃើញថា កម្ពុជាមិនមែនធ្វើផលិតផលមួយមុខទេ តែមានផលិតផលច្រើន។ ថ្ងៃនេះខ្ញុំមានមោទនភាពជាមួយនឹងកិច្ចការទាំងឡាយ ជា​មួយ​នឹងផលិតផលនៃបណ្តាស្តង់របស់បណ្តាខេត្ត ដែលមានផលិតផលដាច់ដោយឡែកៗពីគ្នា ដែលជាផលិត​ផល​អាចផ្គត់ផ្គង់នៅក្នុងស្រុកផង និងជាផលិតផលសម្រាប់ការនាំចេញទៅបរទេសផង។

វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ជាមាសបៃតង

នេះក៏បានបង្ហាញឲ្យគេឃើញពីវឌ្ឍនភាព និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិរបស់យើង ដោយឡែកតែវិស័យ​ទេសចរណ៍ មានចំណែករហូតទៅដល់ជាង ១៣% នៃផលិតផលសរុបក្នុងស្រុក។ ដូច្នេះ យើងក៏ត្រូវចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ គឺជាមាសបៃតងសម្រាប់យើងទាំងអស់គ្នា ដើម្បីរួមចំណែកក្នុងការទទួលខុសត្រូវ និងលើកកំពស់វិស័យទេសចរណ៍សម្រាប់ប្រទេសយើង។ ឆ្នាំនេះការប៉ាន់ស្មានដោយមិនទាន់ចប់ឆ្នាំ ចំនួនទេសចរបរទេសដែលមកកាន់ព្រះរាជាណាចក្រកម្ពុជា មានជាង ៥ លាន ៦ សែននាក់ ដែលជាចំនួនមួយច្រើន ប៉ុន្តែមិនមែនជាការស្កប់ស្កល់សម្រាប់យើងទេ។ នោះយើងមានគោលដៅសម្រេចនូវវិស័យទេសចរណ៍នៅឆ្នាំ ២០២០ ខាងមុខ សម្រេចឲ្យបានចំនួន ៧ លាននាក់ ដែលជាផ្នែកដ៏សំខាន់មួយ ដើម្បីផ្តល់នូវប្រាក់ចំណូល ផ្តល់នូវមុខរបរ ផ្តល់នូវការងារធ្វើ ព្រមទាំងការនាំចេញនៅនឹងកន្លែង។

ទេសចរណ៍នាំមកនូវការងារធ្វើ ការបង្កើតមុខរបរថ្មី និងប្រាក់ចំណូល

ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ថា ​ទេសចរណ៍នាំមកនូវការងារធ្វើ នាំមកនូវការបង្កើតនូវមុខរបរ នាំមកនូវ ប្រាក់ចំណូល ហើយក៏បាននាំមកនូវការសម្រេចគោលដៅរបស់យើង ដែលខ្ញុំបានដាក់ចេញដោយផ្ទាល់ គឺការ ជម្រុញការនាំចេញនៅនឹងកន្លែង។ ទេសចរណ៍ ៥ លាន ៦ សែននាក់ នៅក្នុងឆ្នាំនេះ ពួកគេមិនបានវេចបាយ វេចអង្ករមកពីក្រៅប្រទេស ដើម្បីនឹងទទួលទាននោះទេ គេច្បាស់ជាទទួលទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនោះកសិផលអង្ករជាស្បៀង ឬក៏ជាផ្លែឈើ សាច់ និងរបស់របរដទៃទៀត ត្រូវបានផ្គត់ផ្គង់ទៅតាមបណ្តា សណ្ឋាគារ នោះហើយជាទស្សនទាននៃការនាំចេញនៅនឹងកន្លែង។

ឆ្នេរសមុទ្រដ៏ស្អាត ប្រាង្គប្រាសាទ ទាក់ទាញភ្ញៀវទេសចរពីសូន្យមកដល់ ៥ លាននាក់

… ​ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពជាប្រទេសក្រីក្រ ក៏ប៉ុន្តែ កម្ពុជាបានស្ថិតក្នុងស្ថានភាពជាអ្នកធ្វើម្ចាស់លើជោគ​វាសនាខ្លួនឯង។ កម្ពុជាបានដាក់ចេញនូវគោលដៅនៃការអភិវឌ្ឍរបស់ខ្លួន ដែលក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានឆ្នេរសមុទ្រស្អាតបំផុតនៅក្នុងពិភពលោក ក្នុងចំណោមប្រទេសដែលមានឆ្នេរសមុទ្រស្អាតបំផុត។ យើងក៏បានដាក់ចេញនូវពាក្យស្លោកថា តារារះនៃទិសនិរតី ដែលរួមបញ្ចូលនូវខេត្តកំពត ខេត្ត កែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ទាំងអស់នេះជាចំណុចដែលយើងត្រូវមើលឃើញអំពីការរីកលូតលាស់ និងជាពិសេស គំនិតផ្តួចផ្តើម និងភាពជាម្ចាស់ការរបស់មន្ត្រីកម្ពុជារបស់ប្រជាជនកម្ពុជា។ ហើយ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក៏ដូចជាប្រជាជនរស់នៅតាមតំបន់មាត់សមុទ្រ ព្រមទាំងក៏ដូចជាតំបន់ទេសចរណ៍ដទៃទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការធានាការការពារ សម្រាប់ការលូតលាស់ក្នុងវិស័យទេសចរណ៍នេះ។ ឆ្នេរសមុទ្រដ៏ស្អាតនេះ វាបានបំពេញបន្ថែមទៅឲ្យប្រាង្គប្រាសាទយ៉ាងច្រើនរបស់យើង ដែលដូនតាយើងអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៉ានី បានបន្សល់ទុក ដូចជា អង្គរវត្ត សំបូរព្រៃគុក ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ និងប្រាង្គប្រាសាទដទៃទៀតដែលមានរាប់ពាន់ប្រាសាទនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើឆ្នេរសមុទ្រនេះ តំបន់ទេសចរណ៍ជាច្រើន ដូចជានៅភូមិភាគឥសាន នៅផ្នែកដទៃទៀត បានកើតឡើងយ៉ាងច្រើន។ ចំណុចអស់ទាំងនេះហើយ ដែលជាចំណុចទាក់ទាញឲ្យកម្ពុជាចាប់ផ្តើមពីសូន្យទេសចរ មកដល់ដំណាក់កាលដែលមានទេសចរជាង ៥ លាននាក់រួចស្រេចទៅហើយ ពីសណ្ឋាគារតូចតាច ហើយដែលសុទ្ធតែសណ្ឋាគារដែលសល់ពីការបំផ្លិចបំផ្លាញដោយសង្គ្រាម និងរបប ប៉ុល ពត ឥឡូវយើងមានរាប់រយរាប់ពាន់សណ្ឋាគារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ផ្តល់អនុសាសន៍លើកង្វះសណ្ឋាគារ ឬផ្ទះសំណាក់សម្រាប់បងប្អូនជនរួមជាតិ ដែលចង់មកចូលរួមបុណ្យ       សមុទ្រ

ខ្ញុំបានដឹងថា នៅពេលនេះនៅកែបកំពុងខ្វះទីកន្លែងស្នាក់អាស្រ័យសម្រាប់ការទទួលភ្ញៀវ។ ភ្ញៀវខ្លះបានសម្រាក នៅឯខេត្តកំពត ភ្ញៀវខ្លះក៏ឡើងទៅសម្រាកនៅឯបូកគោ។ ចំណុចនេះ កាលពីឆ្នាំទៅ ខ្ញុំក៏បានផ្តល់អនុសាសន៍សម្រាប់ឲ្យខេត្តព្រះសីហនុរៀបចំទីកន្លែង សម្រាប់ទទួលបងប្អូនជនរួមជាតិយើង​ ដែលចង់មកចូលរួមនៅ​ក្នុងការចូលរួមបុណ្យសមុទ្រ ជាទីកន្លែង ដែលអាចដោះស្រាយបានមិនមែនគ្រាន់តែជាបញ្ហាខេត្តព្រះសីហនុមួយទេ។ ខេត្តនៅតាមមាត់សមុទ្រទាំងអស់ ដែលនឹងរៀបចំធ្វើបុណ្យជាបន្តបន្ទាប់ប្រចាំឆ្នាំ ដែលត្រូវដល់វេនរបស់ខ្លួននោះ ត្រូវរៀបចំទីតាំងសម្រាប់ដោះស្រាយនូវខ្វះសណ្ឋាគារ ខ្វះផ្ទះសំណាក់។ ប្រជាជនមានមធ្យោបាយសម្រាប់មកដើរលេងកំសាន្ត យើងមានជាពហុកីឡាដ្ឋាន ទីលានទាត់បាល់ ឬក៏ទីលានសាលារៀនអាចឲ្យគាត់ស្នាក់នៅជាបណ្តោះអាសន្ន ដើម្បីទទួលនូវការសប្បាយរីករាយបុណ្យសមុទ្រនៅតាមបណ្តាខេត្ត​​ផងដែរ។

អនុសាសន៍ទី ១ វត្តមានជាអចិន្រ្តៃយ៍នៃសន្តិភាព និងអវត្តមានអចិន្រ្តៃយ៍នៃសង្រ្គាម

ជាមួយនឹងការអបអរសាទរនេះ ខ្ញុំក៏នៅមានអនុសាសន៍មួយចំនួន ដើម្បីឲ្យទាំងអស់គ្នាបង្កើនការយកចិត្តទុកដាក់ បន្តការការខិតខំ ដើម្បីបន្តជំហានសមុទ្រឆ្នេរបៃតងអនាគតគឺបច្ចុប្បន្ន ចីរភាពនៃទេសចរសម្រាប់ការអភិ​វឌ្ឍ និងតារារះនៅទិសនិរតី ចាំបាច់ត្រូវធ្វើកិច្ចការមួយចំនួន។

ទី ១ វត្តមានជាអចិន្រ្តៃយ៍នៃសន្តិភាព និងអវត្តមានអចិន្រ្តៃយ៍នៃសង្រ្គាម និងកលយុគ។ នេះជាចំណុចធំជាងគេ​នៅក្នុងចំណោមចំណុច ដែលទាក់ទងជាមួយនឹងការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក។ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ ទៅកាន់ប្រទេសដែលមានសង្រ្គាម ចូរមើលទៅអ៊ីរ៉ាក់ មើលទៅស៊ីរ៉ី មើលទៅលីប៊ី ចូរមើលទៅយេមែន តើនៅទីនោះបាននឹងកំពុងមានទេសចរ ឬអត់? សូមសម្លឹងមើលអតីតកាលរបស់កម្ពុជា តើមានទេសចរមកទស្សនកិច្ចក្នុងកាលៈទេសៈ ដែលយើងមានសង្រ្គាមនោះទេ។ សូម្បីតែមកដល់ឆ្នាំ ១៩៩៤ ហើយទេសចរដែលធ្វើដំណើរតាមផ្លូវរថភ្លើងត្រូវបានបាញ់ប្រហារ ដោយមានជនជាតិបារាំងម្នាក់ ជនជាតិអង់គ្លេសម្នាក់ និងជនជាតិអូស្រ្តាលីម្នាក់នៅភ្នំវល្លិ៍។ នោះហើយជាឧទាហរណ៍ជាក់ស្តែងដែលបានកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឥឡូវនេះ ប្រទេសកម្ពុជាទទួលភ្ញៀវនៅគ្រប់ទីកន្លែងទាំងអស់។ នៅគ្រប់ទីកន្លែង អាចមកលេងកន្លែងនេះ ដោយគ្មានការភ័យខ្លាច មិនត្រឹមតែកន្លែងនេះទេ កន្លែងដទៃទៀតសុទ្ធតែជាកន្លែងពោរពេញដោយសុវត្ថិភាព។

ដូច្នេះជំហានដំបូង ត្រូវមានសន្តិភាពជាមុនសិន រក្សាឲ្យបាននូវសន្តិភាព។ ខ្ញុំចង់និយាយថា វត្តមានជាអចិន្រ្តៃយ៍នៃសន្តិភាព ហើយអវត្តមានជាអចិន្ត្រៃយ៍នៃសង្រ្គាម មិនត្រូវឲ្យអ្នកណាមួយបង្កើតភាពចលាចលនោះទេ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាពវាក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។ ដូច្នេះ ខ្ញុំសុំស្នើឲ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នាដើម្បីរក្សាការពារនូវសន្តិភាព ដែលយើងរកបានទាំងការលំបាក។ ប្រទេសដ៏កម្សត់មួយនេះ ទទួលបានការឈឺ​ចាប់លើសពីការគ្រប់គ្រាន់ណាស់ទៅហើយ។ មិនត្រូវឲ្យប្រទេសណាមួយ ឬក្រុមណាមួយបំផ្លាញសន្តិភាពនៅក្នុងប្រទេសនេះទេ ទោះដោយតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះ ឲ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ។

អនុសាសន៍ទី ២ រក្សាឲ្យបានឋានៈជាតារារះនៅទិសនិរតីសម្រាប់ខេត្ត ៤ នៅជាប់មាត់សមុទ្រ

ទី ២ រក្សាឲ្យបាននូវសមុទ្របៃតង រក្សាឲ្យបាននូវឆ្នេរសមុទ្រដែលជាសមុទ្រឆ្នេរដែលស្អាតបំផុតលើពីភពលោក រក្សាឲ្យបានឋានៈជាតារារះនៅទិសនិរតីសម្រាប់ខេត្ត ៤ នៅជាប់មាត់សមុទ្រ។ ដូច្នេះទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាង​ណា ដើម្បីការពារនូវអ្វីដែលជាផលប្រយោជន៍ សម្រាប់យើងទាំងអស់គ្នា ដូចដែលខ្ញុំបានថ្លែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ ពេលអបអរសាទរ ការដាក់សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។ ខ្ញុំបាននិយាយថា “សូមកុំសម្លាប់មេមាន់ដើម្បីឆ្ងាញ់មួយពេល ត្រូវរក្សាទុកមេមាន់ដើម្បីទទួលបានអត្ថប្រ​យោជន៍​ផ្សេងទៀតតកូនតចៅ”។ យើងត្រូវតែខិតខំ ដើម្បីការពារឆ្នេរ ការពារព្រៃ និងការពារបរិស្ថានធម្មជាតិ។ អម្បាញ់​​មិញ ខ្ញុំក៏បានឃើញនូវទីកន្លែងដែលមានការចម្រោះទឹកកខ្វក់មុននឹងទម្លាក់ទៅក្នុងសមុទ្រ។ យើងបន្តការខិតខំឲ្យ​ឆ្នេរ​​សមុទ្ររបស់យើងនៅតែជាឆ្នេរសមុទ្រ ដែលស្អាតនៅតែមានទឹកដែលស្អាត។ គ្មានអ្នកណាមកមុជទឹក ហើយនាំជំងឺត្រឡប់ទៅផ្ទះវិញនោះទេ។ ដូច្នេះ ខ្ញុំសង្ឃឹមលើអាជ្ញាធរនៅតាមតំបន់ទាំងនេះ ក៏សង្ឃឹមទៅលើប្រជាជនដែលមានការយល់ដឹង ដើម្បីទទួលផលប្រយោជន៍ក្នុងរយៈពេលវែង។

អនុសាសន៍ទី ៣ បន្តការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឲ្យវិស័យទេសចរណ៍

ទី ៣ បន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើឲ្យវិស័យទេសចរណ៍ ក្នុងហ្នឹងមានអាកាសយានដ្ឋាន មានផ្លូវ មានទឹកស្អាត មានភ្លើង មានសណ្ឋាគារ មានរមណីយដ្ឋានផ្សេងៗ នៅគ្រប់ទីកន្លែង។ យើងមិនទាន់មានគ្រប់នៅឡើយទេ។ ដូចជានៅក្នុងទីក្រុងកែបរបស់យើង យើងបានផ្គត់ផ្គង់អគ្គិសនីរួចហើយ ក៏ប៉ុន្តែបញ្ហាទឹកស្អាត សម្រាប់ការដោះស្រាយនៅខេត្តទាំងពីរនេះ នៅជួបការលំបាកនៅឡើយ។ យើងត្រូវតែខិតខំការបង្កើតឲ្យមានការផលិតទឹកស្អាត ដើម្បីចែកទៅខេត្តកំពតផង និងខេត្តកែបរបស់យើងនេះផងដែរ។

ការតភ្ជាប់ក៏ត្រូវបានធ្វើពីតំបន់មួយទៅតំបន់មួយទាំងការតភ្ជាប់ខាងផ្លូវគោក និងការតភ្ជាប់តាមផ្លូវដែក និងការតភ្ជាប់តាមផ្លូវអាកាស ដូចជាការតភ្ជាប់ផ្លូវហោះហើរដោយចុះត្រង់ មកកាន់មាត់សមុទ្រ គឺខេត្តព្រះសីហនុ និងខេត្តកោះកុងនៅថ្ងៃអនាគត។ ការតភ្ជាប់ដែលហោះចេញពីក្រៅប្រទេសមកចុះចតដោយផ្ទាល់ ឬការតភ្ជាប់តាមផ្លូវអាកាសដែលហោះចេញពីទីក្រុងភ្នំពេញ ឬមកពីទីក្រុងសៀមរាប មកកាន់ក្រុងព្រះសីហនុ ជាផ្នែកនៃការខិត​ខំ​របស់យើង ដើម្បីឲ្យគេមានឱកាសទស្សនកិច្ចនៅខាងផ្នែកខាងក្នុង នៅប្រាង្គប្រាសាទ ប៉ុន្តែគេក៏មានឱកាស ដើម្បីមកមុជទឹកនៅតាមមាត់សមុទ្រ ដោយសារតែមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស និងការដឹកជញ្ជូន កាន់តែងាយស្រួលតាមផ្លូវគោក ក៏ដូចជាផ្លូវដែកផងដែរ។

អនុសាសន៍ទី ៤ យកចិត្តដាក់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

ចំណុចទី​ ៤ នៃអនុសាសន៍របស់ខ្ញុំ គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ជាបញ្ហាសំខាន់មួយទៀត។ សន្តិភាពជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌម៉ាក្រូផង ហើយវាជាក្របខណ្ឌមីក្រូផង។ ត្រូវយកចិត្តទុកដាក់ទៅលើចំណុចនេះ។ តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តកែប មិនថាតែបណ្តាខេត្តនៅជាប់មាត់សមុទ្រទេ គ្រប់ទីកន្លែងដែលមានទេសចរទៅ បើចង់មានទេសចរ គឺត្រូវខិតខំយ៉ាងម៉េចរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម កុំឲ្យក្រុមគ្រឿងញៀន កុំឲ្យមានក្រុមបងតូចបងធំ កុំឲ្យមានពួកលួចឆក់នានា ដែលបំផ្លាញទៅដល់សុវត្ថិភាព នៃអ្នកទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក។

ចំណុចនេះក៏ជាចំណុចសំខាន់ ហើយខ្ញុំសូមលើកទឹកចិត្តចំពោះគ្រប់ចំណុច នៃតំបន់ទេសចរណ៍ទាំងអស់ ដែលបានធ្វើសកម្មភាពក្នុងរយៈពេលកន្លងទៅ ការពារភ្ញៀវ ហើយបណ្តាញភេរវកម្មទាំងឡាយ ទោះតូចក្តី ឬធំក្តី មិនទាន់កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងត្រូវខិតខំធ្វើបន្ត មិនត្រូវឲ្យសមុទ្រកម្ពុជាក្លាយទៅជាតំបន់ជ្រកកោន នៃពួកគ្រឿងញៀន ពួកជួញដូរមនុស្ស និងពួកឧក្រិដ្ឋកម្មឆ្លងដែនមកជ្រកកោននោះទេ។

ត្រូវខិតខំសហការជាមួយបណ្តាប្រទេសជិតខាងយើង ក្នុងនោះមានសា​ធារណរដ្ឋសង្គមនិយមវៀតណាម និងមានព្រះរាជាណាចក្រថៃ ដើម្បីធានាថា នៅក្នុងតំបន់សមុទ្ររបស់យើងពុំមានក្រុមប្រព្រឹត្តអំពើខុសច្បាប់ ឬពួករហូតទៅដល់ក្រុមភេរវកម្ម មកជ្រកកោននៅតំបន់នេះ ហើយវាចេញទៅវាយប្រហារនៅប្រទេសនេះ ឬប្រទេសនោះ ក្នុងហ្នឹង ក៏វាយប្រហារនូវគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

អនុសាសន៍ទី ៥ ជម្រុញការផលិត ផ្គត់ផ្គង់ដល់ទេសចរ

ឯចំណុចចុងក្រោយ នៃអនុសាសន៍របស់ខ្ញុំ គឺជម្រុញការផលិតដើម្បីផ្គត់ផ្គង់ដល់​ទេសចរ ដែលជាទិសដៅនាំចេញនៅនឹងកន្លែង។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ហើយ ដើម្បីចិញ្ចឹមទេសចរ ៥ លាននាក់ តម្រូវការឲ្យជម្រុញការផលិត ដើម្បីឲ្យត្រូវនឹងស្តង់ដារនៃការនាំចូលទៅបម្រើឲ្យវិស័យទេសចរណ៍។ យើង​ចាំ​បាច់​ត្រូវបង្កើតឲ្យមានខ្សែក្រវាត់បៃតងនៅក្នុងតំបន់ទេសចរណ៍។ ខ្ញុំចង់និយាយសំដៅការដាំដុះបន្លែ​បង្ការ​ ការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឲ្យវិស័យទេសចរណ៍។ ធ្វើយ៉ាងនេះ យើងនឹងរក្សាបាននូវរូបិយបណ្ណទាំងឡាយ ដែលគេបាននាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរូបិយបណ្ណទាំងនោះមិនត្រូវបានត្រឡប់ទៅវិញតាមរយៈ​ការដោះដូរជាមួយនឹងប្រភេទទំនិញដែលត្រូវនាំចូលមកផ្គត់ផ្គង់តាមសណ្ឋាគារនោះទេ។ គ្រប់ទីកន្លែង ដែលមានតំបន់ទេសចរណ៍ ក្នុងផ្នែកកសិកម្ម ត្រូវយកចិត្តទុកដាក់បង្ហាត់បង្ហាញទៅដល់ប្រជាពលរដ្ឋ ដើម្បីទទួលបាន​នូវបច្ចេកទេស នៃការដាំដុះ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងការចិញ្ចឹមដទៃទៀត ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ការចិញ្ចឹមដល់ទេសចរ។

ប្រជាពលរដ្ឋផលិតវត្ថុអនុស្សាវរីយ៍ បញ្ជាក់ពីអត្តសញ្ញាណកម្ពុជា លក់ជូនភ្ញៀវទេសចរ

សូមបណ្តាសណ្ឋាគារនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ដើម្បីទិញពីប្រជាពលរដ្ឋយកមក​ផ្គត់ផ្គង់សម្រាប់សណ្ឋាគារ បម្រើឲ្យទេសចរ ដែលជាការរួមចំណែកនៅក្នុងគោលដៅនៃការអភិវឌ្ឍទេស​ចរណ៍ កាត់បន្ថយនូវភាពក្រីក្រ។ ជាមួយគ្នានេះ យើងក៏ត្រូវបង្ហាត់បង្ហាញបង្រៀនប្រជាពលរដ្ឋរបស់យើង អោយមានលទ្ធភាពផលិតវត្ថុអនុស្សាវរីយ៍ប្រភេទនៃសិប្បកម្ម ដើម្បីលក់ជាវត្ថុអនុស្សាវរីយ៍សម្រាប់ឲ្យទេសចរ។ …ទេស​ចរដែលមកកាន់ព្រះរាជាណាចក្រកម្ពុជា គេទិញអ្វីមួយទៅកាន់ប្រទេសរបស់គេ។ អម្បាញ់មិញ ខ្ញុំបានទទួលកាដូយ៉ាងច្រើនពីបណ្តាស្តង់នានា ហើយកាដូទាំងនោះ វាពិតជាមានតម្លៃណាស់សម្រាប់ការយល់ដឹងអំពីផលិតផលនៅតាមបណ្តាខេត្តនានា។ បរទេសក៏ដូចគ្នាដែរ ជាកាដូ ជាវត្ថុអនុស្សាវរីយ៍ ដែលគេទិញចេញពីប្រទេសកម្ពុជា ហើយជាស្នាដៃផលិតរបស់ជនជាតិកម្ពុជា។

ចីរភាពសំរាប់ការអភិវឌ្ឍ ទេសចរបង្កើតការងារ មុខរបរ ប្រាក់ចំណូល នាំចេញនៅនឹងកន្លែង

នេះជាចំណុចដែលខ្ញុំចង់យក​​ឱកាសនៅក្នុងបុណ្យសមុទ្រនាឆ្នាំនេះ លើកចេញជាអនុសាសន៍នេះ។ ក៏មានអនុសាសន៍មួយចំនួន ក៏បានដាក់ចេញនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែ ខ្ញុំយល់ថា វាមានតម្រូវការនូវការអនុសាសន៍បន្តបន្ទាប់ទៅទៀត ដើម្បីយើងរួមគ្នាបន្តការអភិវឌ្ឍវិស័យទេសចរណ៍ ហើយក៏ជាវិស័យមួយនាំមកនូវការបង្កើតការងារ នូវការបង្កើត​មុខរបរ​​ នូវការបង្កើនប្រាក់ចំណូល។ ទេសចរណ៍ជម្រុញទៅដល់ការកាត់បន្ថយភាពក្រីក្រ ទេសចរណ៍ដើម្បីជម្រុញការនាំចេញនៅនឹងកន្លែង។ ខ្ញុំសូមអរគុណចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អរគុណ និងសុំអរគុណជាមួយនឹងការចូលរួមរបស់ប្រទេសនានា ដែលអម្បាញ់មិញ ខ្ញុំនិយាយមិនទាន់អស់ មានចិន មានវៀតណាម មានថៃ មានឥណ្ឌា និងឥណ្ឌូនេស៊ី ៥ ប្រទេស​​ ដែលបានមកចូលរួម។ ថ្ងៃនេះ ក៏នឹងមានការសម្តែងជាមួយនឹងសិល្បករ/ការិនីរបស់កម្ពុជា ហើយ​ខ្ញុំនឹងរួមជាមួយសហការីទាំងអស់នៅទីនេះ ដើម្បីទស្សនារហូតដល់ទីបញ្ចប់ ហើយប្រសិនបើធ្វើទៅបាន យើងនឹងអាចរាំជាមួយគ្នានៅមាត់សមុទ្រនៅក្នុងរាត្រីនេះ។

ជាមួយនឹងការប្រកាសបើកនូវបុណ្យសមុទ្រលើកទី ៦ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគតគឺបច្ចុប្បន្ន» ក្រោមពាក្យស្លោក «ចីរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» នៅខេត្តកែបពេលនេះ ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ក៏ដូចជាបងប្អូនជនរួមជាតិ ដែលបានទស្សនាការផ្សាយបន្តផ្ទាល់ពីទីនេះ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ