សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ទួលពង្រ

CNV: 

សូមប្រុងប្រយ័ត្ន អាកាសធាតុត្រជាក់

សុខសប្បាយទេក្មួយៗ? ថ្ងៃនេះដូចជាធ្លាក់ខ្យល់។ បើប្រៀបធៀបពីអាទិត្យមុន ឃើញគេបង្ហោះរូបថតមួយ ឃើញអាវរបស់ខ្ញុំទទឹកពាក់កណ្តាល។ ប៉ុន្តែថ្ងៃនេះស្ថានភាពមិនដូចគ្នាទេ យើងបានពាក់អាវរងារជាទូទៅ។ ធ្វើដំណើរតាមផ្លូវមកឃើញថា ៩៩% នៃអ្នកដែលធ្វើដំណើរតាមម៉ូតូ តាមកង់ ពាក់អាវរងារពីលើ។ កង់មិនសូវមានទេ ភាគច្រើនម៉ូតូ ដែលមកដល់ពេលនេះ ភាគច្រើនបានស្លៀកពាក់ទប់ស្កាត់ការរងារ។ ឯខ្លួនខ្ញុំក៏មិនអាចមិនពាក់អាវរងារបានដែរ។ ថ្ងៃនេះគឺស្ថានភាពប្លែកពីថ្ងៃមុន។ មិនមែនការដឹកនាំប្រទេសមួយ ចេះតែដឹកនាំដោយគ្មានគម្រោង និងការយកចិត្តទុកដាក់នោះទេ។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសផ្សព្វផ្សាយកាលពីប៉ុន្មានថ្ងៃមុនហើយ អំពីអាកាសធាតុ ដែលធ្លាក់ទៅដល់កម្រិតត្រជាក់ ហើយដែលទាមទារឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាពិសេសគឺសម្រាប់មនុស្សចាស់តែម្តង។

ផ្នែកខាងកម្លាំងប្រដាប់អាវុធក៏បានចែកផ្តល់អាវ សម្រាប់អាវរងារនេះតាំងពីខែ ១០ ឯណោះ ដើម្បីមានឱកាសសម្រាប់ទាហាននៅពេលដែលមានការចាប់ត្រជាក់។ ឥឡូវឆ្នាំនេះ ខ្យល់ត្រជាក់មែន មិនមែនគ្រាន់តែប្រទេសកម្ពុជាមួយទេ ក៏ប៉ុន្តែប្រទេសនៅតាំងពីអាស៊ីខាងត្បូង រហូតមកដល់អាស៊ីអាគ្នេយ៍ សុទ្ធតែត្រជាក់ទាំងអស់។ ប្រទេសចិន ប្រទេសជប៉ុន កូរ៉េខាងត្បូងកាន់តែត្រជាក់។ នេះជារឿងធម្មតាទេ។ គ្រួសារនីមួយៗ មើលទៅលើបញ្ហាកូន តើកូនមានសម្លៀកបំពាក់គ្រប់គ្រាន់ទេ។ ឯនៅទូទាំងប្រទេសយើង ក៏ត្រូវមើល តើប្រជាជនរបស់យើងប៉ុន្មានភាគរយទៅដែលមានអាវរងារ? ហើយឥឡូវនេះអ្នកដែលលក់អាវរងារ គឺត្រូវប៉ាន់ខ្លាំងណាស់ ប៉ុន្តែនៅសល់តែប៉ុន្មានថ្ងៃទៀតទេ ក៏វាអាចនឹងផុតរលត់ដែរ។ តែយើងក៏អាចសល់អាវរងារនេះ ទុកសម្រាប់ពាក់នៅឆ្នាំក្រោយ។

មិនប្រាកដថា ថ្ងៃទី ២២ នេះ ខ្យល់រងារវានឹងផុតរលត់នោះទេ។ ជួនកាល សីតុណ្ហភាពផ្លាស់ប្តូរភ្លាមៗ ភាពរងារក៏បន្តធ្លាក់តទៅទៀតក៏អាចថាបាន។ ដែលហៅថាការព្យាករ គឺការទស្សន៍ទាយ អញ្ចឹងទេ យ៉ាងណាក៏ដោយយើងកំពុងតែរងារ។ យើងអំពាវនាវឲ្យគ្រប់ទីកន្លែងទាំងអស់យកចិត្តទុកដាក់ការពារនូវសុខភាពគ្រប់ៗគ្នា ដើម្បីជៀសវាងនូវជំងឺថ្កាត់ ហើយជៀសវាងទៅដល់បញ្ហាគ្រោះថ្នាក់ ជាពិសេសបងប្អូនទាំងឡាយ ដែលមានជីដូនជីតា និងឪពុកម្តាយចាស់ ត្រូវយកចិត្តទុកដាក់ ព្រោះពួកគាត់ចាញ់រងារខ្លាំងណាស់។

វិលមកការជួបជុំរបស់យើងថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលយើងធ្វើកិច្ចការងារនេះ ជាប់ជាប្រចាំ។ សុំយកឱកាសនេះ ថ្លែងនូវអំណរអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ និងថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលអនុញ្ញាតឲ្យកម្មករ/ការិនី បានមកជួបជុំសំណេះសំណាលនៅទីនេះ បូកជាមួយបន្ថែមនឹងការឈប់សម្រាកបន្ទាប់ពីការជួបគ្នានេះទៅ ក្មួយៗនឹងមានឱកាសបានឈប់សម្រាកមួយល្ងាចនេះថែមទៀត។

កាយវិការរបស់កម្មករ បង្ហាញពីការស្រឡាញ់រាប់អានលើសពីមេដឹកនាំប្រទេស

ការជួបជុំនៅថ្ងៃនេះ ក៏ដូចជាការជួបជុំនៅកន្លែងផ្សេង ពូពិតជាមានការអរគុណណាស់ជាមួយនឹងការស្វាគមន៍របស់ក្មួយៗជាកម្មករ/ការិនី ដែលបានផ្តល់នូវក្តីការស្រឡាញ់រាប់អានចំពោះពូ ក្នុងឋានៈជាមេដឹកនាំប្រទេស។ អ្វីដែលពូបានសង្កេតឃើញនោះ នៅត្រង់ថា កាយវិការ និងទឹកចិត្តដែលក្មួយៗបានផ្តល់ចំពោះពូ គឺមិនខុសពីការផ្តល់នូវភាពស្រឡាញ់ចំពោះជីតា ឬឪពុករបស់ខ្លួននោះដែរ។ ពូមានអារម្មណ៍ថា ក្មួយៗពិតជាអាចយល់បានអំពីចំណុចទាំងឡាយ ដែលពូបានរួមជាមួយជីដូនជីតារបស់ក្មួយៗ រួមជាមួយនឹងឪពុកម្តាយរបស់ក្មួយៗ ចាប់ផ្តើមពីស្ថានភាពដ៏លំបាកលំបិន រហូតមកដល់ថ្ងៃនេះ។ តាមរយៈនៃការសង្កេត និងកាយវិការ និងការស្រឡាញ់រាប់អាននេះ ក៏បានផ្តល់ឲ្យពូបានឃើញអំពីទឹកចិត្ត ហើយអំពីការស្រឡាញ់ ហើយក៏អំពីការស្គាល់ មិនមែនការស្គាល់មួយថ្ងៃពីរថ្ងៃទេ ក្មួយៗបានស្គាល់ឈ្មោះពូយូរណាស់មកហើយៗ ក៏បានឃើញពូតាមរយៈកញ្ចក់ទូរទស្សន៍ ក៏ប៉ុន្តែឱកាសដែលយើងជួបគ្នាមិនទាន់មាន។

ឥឡូវឱកាសមាន ហើយក៏សូមអភ័យទោសដែរ យើងបានធ្វើដំណើរអម្បាញ់មិញ ខ្ញុំមកដល់ទីនេះ ម៉ោង ៧:០៥ នាទី ហើយមកដល់ទីកន្លែងនេះ គឺម៉ោង ៨ គត់។ អញ្ចឹងយើងត្រូវប្រើ ៥៥ នាទី គ្រាន់តែ selfie ថតរូបជាមួយក្មួយៗនៅខាងនេះ។ សង្ឃឹមថា ក្មួយៗនៅខាងនេះមិនអាក់អន់ស្រពន់ចិត្តទេ ដោយសារនេះផ្តើមចេញពីការស្រឡាញ់រាប់អាន។ ប្រសិនបើពូគ្រាន់តែធ្វើដំណើរឆ្លងកាត់តាមនេះ ហើយឃាំងដោយអង្គរក្ស វាមិនមែនជាដំណើរ នៃការចុះសួរសុខទុក្ខកម្មករ/ការិនី ដើម្បីស្វែងយល់នោះទេ។

ការសង្កេតរបស់ពូរយៈពេលកន្លងទៅ ក៏ផ្តើមចេញពិនិត្យបញ្ហាទាក់ទងអំពីសុខុមាលភាពរបស់កម្មករ/ការិនីរបស់យើង ហើយសង្កេតឃើញថា ការកង្វះអាហារូបត្ថម្ភ គឺហាក់ដូចជាមិនបានកើតចំពោះកម្មករ/ការិនីរបស់យើងទេ។ ប៉ុន្មានថ្ងៃមុនក៏មានក្មួយៗមួយចំនួន គឺពាក់អាវរងារ ប៉ុន្តែថ្ងៃនេះក៏ឃើញភាគច្រើនមានអាវរងារពាក់។ នោះជាការពិនិត្យឃើញ។ បើទោះបីជាអាវនោះវាមិនមានតម្លៃខ្ពស់ ប៉ុន្តែវាគ្រប់គ្រាន់ដើម្បីទប់​ទល់នឹងភាពរងារផងដែរ។

មោទនភាពប្រទេសរបស់យើងដែលមិនមានកំណើននៃការជក់បារី

ម្យ៉ាងទៀត ខ្ញុំគួរតែយកឱកាសនេះដើម្បីនិយាយអំពីមោទនភាពរបស់កម្ពុជានៅត្រង់ថា បើពិនិត្យក្នុងរយៈពេលនៃការជួបជុំជាង ៣០ ម៉ឺននាក់រួចមកហើយនេះ ហើយដែលក្មួយៗចូលមកថតរូបក្បែរពូ ទាំងជាយុវជន ទាំងជាយុវនារី ពូមិនបានធុំក្លិនបារីនោះទេ។ ចំណុចនេះជាមោទនភាព នៃជនជាតិរបស់យើងអំពីបញ្ហា​ការកាត់បន្ថយការជក់បារី គឺយើងមិនមានកំណើននៃអ្នកជក់បារីទេ ក្នុងចំណោមយុវជន សូម្បីតែមនុស្សចាស់ក៏លែងជក់បារីដែរឥឡូវនេះ នៅពេលដែលប្រទេសដទៃរារាំងលែងកើតហើយ។ កំណើនយុវជន យុវ​នារី ជក់បារីនៅប្រទេសក្រៅ គឺមានចំនួនកាន់តែច្រើនទៅៗ។ ក៏ប៉ុន្តែ សម្រាប់កម្ពុជា យើង(មានជោគជ័យ)ទៅលើការទប់ស្កាត់ ការកាត់បន្ថយ និងឈានទៅបញ្ចប់ការជក់បារី។ យើងមិនបានធុំក្លិនផ្សែងបារី ចេញពីខ្លួនរបស់អ្នកណាម្នាក់នោះទេ ហើយនេះគឺជារឿងដែលមានមោទនភាព អំពីកម្មវិធីរបស់យើង អំពីការកាត់បន្ថយការគ្រោះថ្នាក់ដោយសារតែការជក់បារី។

អត្រាថយចុះនៃអ្នកផ្ទុកជំងឺអេដស៍ មិនរើសអើងចំពោះអ្នកមានមេរោគអេដស៍ និងជនពិការ

មួយផ្នែកទៀត ក៏ជាមោទនភាពដែរ ដែលយើងបានកាត់បន្ថយ នៅក្នុងក្របខណ្ឌទូទាំងប្រទេសនូវអត្រាឆ្លងមេរោគអេដស៍ ដែលប៉ុន្មានឆ្នាំមុន វារាតត្បាតនៅក្នុងប្រទេសរបស់យើងនៅក្នុងសម័យអ៊ុនតាក់។ អ៊ុនតាក់បាននាំមកនូវជំងឺអេដស៍ចូលកម្ពុជា ដល់ដកទៅវិញ ក៏បន្សល់ទុកជំងឺអេដស៍នេះមកកម្ពុជា ដែលយើងបានធ្វើកិច្ចការងារនេះ មិនមានកំណើន នៃអត្រាកើនឡើង នៃអ្នកមានជំងឺអេដស៍ទេ។ ប៉ុន្តែផ្ទុយទៅវិញ គឺយើងមានអ្នកផ្ទុកមេរោគអេដស៍មានការថយចុះ ជាមួយនឹងការយកចិត្តទុកដាក់ផ្តល់ថ្នាំដើម្បីពន្យារជីវិត និងការផ្តល់នូវថ្នាំដើម្បីកាត់បន្ថយការឆ្លងជាបន្ត។ ថ្ងៃមុន ការជំនួបលើកទី ២ របស់ខ្ញុំ ជាមួយកម្មករ/ការិនីនៅសួនកាណាឌីយ៉ា មានកម្មការិនីម្នាក់បានប្រាប់ខ្ញុំថា «ខ្ញុំមានជំងឺអេដស៍ ហើយប្តីខ្ញុំក៏មានជំងឺអេដស៍» ប៉ុន្តែ ក៏ត្រូវបានម្ចាស់រោងចក្រទទួលយកឲ្យធ្វើការ។ នេះក៏បង្ហាញអំពីភាពមិនរើសអើងរបស់យើង ចំ​ពោះ​អ្នកដែលមានជំងឺអេដស៍ ក៏ត្រូវបានជ្រើសរើសឲ្យធ្វើការផងដែរ។ ជាមួយនឹងការជួបប៉ុន្មានថ្ងៃមុននេះ ក៏មានការជួបជាមួយនឹងជនពិការ ដែលរោងចក្របានជ្រើសរើសឲ្យចូលមកធ្វើការ ហើយអម្បាញ់មិញ ក៏បានជួបក្មួយម្នាក់ដែលពិការពីកំណើត អំពីការជ្រើសរើសឲ្យចូលធ្វើការ។

ជាការធ្វើរួមគ្នា មិនមែនដាច់ដោយឡែកនោះទេ

នេះហើយជាអ្វីដែលពូចង់និយាយសំដៅថា មោទនភាពរបស់យើង និងក្តីស្រឡាញ់ ដែលក្មួយៗបានផ្តល់ចំពោះពូ គឺជាការផ្តល់ដោយរួម និងដោយមានមោទនភាព។ នោះវាមិនមែនគ្រាន់តែជាបញ្ហារបស់ពូដាច់ដោយឡែកទេ ក៏ប៉ុន្តែវាជាការរួមចំណែក ជាមោទនភាពរបស់ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ និងរហូតមកដល់ក្មួយៗផងដែរ ដែលបានគាំទ្រដល់ពូ គាំទ្រដល់គណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេស។ ទាំងនេះ វាជាមោទនភាពរួមរបស់ប្រជាជាតិរបស់យើង ជាមោទនភាពរបស់ជីដូនជីតា ឪពុកម្តាយ និងក្មួយៗ ហើយតាមរយៈមោទនភាពនេះ ក្មួយៗក៏មានឱកាស ដើម្បីទទួលបាននូវការងារធ្វើ និងប្រាក់ចំណូលរហូតមកដល់ពេលនេះ។

ថ្ងៃ ១ ខែមករា ឆ្នាំ ២០១៨ កម្មករ/ការិនី ទទួលប្រាក់ខែ ១៧០ ដុល្លារ និងអត្ថប្រយោជន៍ដទៃ

នៅសល់តែ ១១ ថ្ងៃ ទៀតទេ យើងនឹងដាច់ឆ្នាំ ២០១៧ ហើយការអនុវត្តនូវបៀវត្សអប្បបរមាដែលកើនពី ១៥៣ ដុល្លារ ដល់ ១៧០ ដុល្លារ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត ដែលកម្មករ/ការិនីយើងទទួលបាន នឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃ ០១ ខែមករា ឆ្នាំ ២០១៨ តទៅនេះ គឺក្មួយៗនឹងឡើងបៀវត្សរហូតទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ពេលនោះ ក្មួយៗថ្ងៃនេះ ដែលមានផ្ទៃពោះរហូតទៅដល់ ៤៧៨ នាក់ កម្មវិធីអនុវត្តសាច់ប្រាក់ ដែលផ្តល់ជូនទៅដល់កម្មការិនីឆ្លងទន្លេ ក៏នឹងត្រូវទទួលបាននៅពេលនោះដែរ។ នេះគឺជាអត្ថប្រយោជន៍នៅក្នុងក្របខណ្ឌនៃគោលនយោបាយថ្មីលើវិស័យសង្គម។ ឆ្នាំខាងមុខនេះគឺជាឆ្នាំដែលកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជាការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ក្រោមកម្មវិធីមូលនិធិសមធម៌។ នេះជាការធានារ៉ាប់រង ដែលពូគ្រាន់តែរំលឹកឡើងវិញ ព្រោះវាជាការសម្រេចរួចស្រេចទៅហើយ។

ដរាបណានៅបន្តតំណែងនាយករដ្ឋមន្ត្រី ការចុះជួបជាមួយនឹងកម្មករ កម្មការិនី នៅតែបន្តធ្វើ

ពូសុំអបអរសាទរជាមួយនឹងការខិតខំទាំងអស់ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងយន្តការខាងផ្នែកវិស័យឯកជន ជាមួយនឹងផ្នែកតំណាងឲ្យកម្មករ ដោះស្រាយបញ្ហាក្នុងក្របខណ្ឌយន្តការត្រីភាគី ទៅលើបញ្ហាទាំងឡាយដែលជាបញ្ហាប្រឈម និងកង្វល់របស់កម្មករ/ការិនីរបស់យើង។ ឥឡូវនេះ យើងបានជួបជុំគ្នាទៅដល់ ២៤ លើក រួចមកហើយ ទាំងនៅកោះពេជ្រ ដែលមានក្មួយៗមួយចំនួនបានទៅជួបពូនៅកោះពេជ្រ ដែលមានឋានៈជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការ។ ពូនឹងបន្តកិច្ចការងារនេះ។ ពូសូមបញ្ជាក់ជូនថា នៅពេលណាដែលពូស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ការជួបជុំជាមួយកម្មករ/ការិនី ត្រូវធ្វើជាបន្តមិនចេះចប់ មិនចេះហើយ ព្រោះបញ្ហានេះវាបានដើរដល់ដំណាក់កាលនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច នៃការជម្រុញការអនុវត្តនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០​២៥ ជាមួយនឹងការធ្វើឲ្យមានភាពធន់កាន់តែខ្លាំងទៅលើវិស័យសេដ្ឋកិច្ចរបស់យើង។

ធ្វើឲ្យប្រទេសមានកំណើនសេដ្ឋកិច្ច ជម្រុញវិស័យឧស្សាហកម្ម លើកកម្ពស់គោលនយោបាយជាតិគាំពារសង្គម កាត់បន្ថយអត្រានៃភាពក្រីក្រក្នុងប្រទេស

មិនមែនគ្រាន់តែបញ្ហាប៉ុណ្ណឹងចប់ទេ យើងបានខិតខំធ្វើឲ្យប្រទេសរបស់យើង ចាកផុតពីប្រទេសដែលមាន ប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆតាសម្រេចឲ្យប្រទេសយើងក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានគោលដៅជម្រុញឲ្យប្រទេសរបស់យើងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នេះជាចក្ខុវិស័យ ជាផែនទីចង្អុលផ្លូវ សម្រាប់ការរីកលូតលាស់ នៃសេដ្ឋកិច្ចនៃប្រទេសរបស់យើង។ ដូច្នេះ បានជាយើងដើរព្រម​ៗ​គ្នាជាមួយនឹងការអនុវត្តគោលនយោបាយឧស្សាហកម្មម្ខាង ម្ខាងទៀត យើងក៏កំពុងជម្រុញអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គម ដែលចាប់ផ្តើមអនុវត្តជំហានដំបូង គឺនៅក្នុងក្របខណ្ឌកម្មករតែម្តង។ ជាពិសេសគឺនៅក្នុងក្របខណ្ឌកាន់តែខ្លាំងទៅទៀត គឺនៅក្នុងក្របខណ្ឌស្ត្រីដែលមានផ្ទៃពោះ ស្ត្រីដែលឆ្លងទន្លេ រហូតទៅដល់មានកម្មវិធីផ្តល់សាច់ប្រាក់ ដើម្បីជាជំនួយរបស់រដ្ឋ ចំពោះស្ត្រីទាំងឡាយ។

នេះក៏ជាផ្នែកនៃការទទួលខុសត្រូវរបស់យើង ទៅលើបញ្ហាការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក និងការបង្កើនអាហារូបត្ថម្ភសម្រាប់កម្មករ/ការិនី ក៏ដូចជាមន្ត្រីរាជការរបស់យើងដែលជាស្ត្រី កីឡាការិនីជាស្រ្តីផងដែរ។ នោះហើយជាចំណុចដែលយើងត្រូវបន្តការយកចិត្តទុកដាក់ ជម្រុញប្រទេសរបស់យើងឲ្យ​ឈាន​ទៅមុខ។ យើងបានរុញច្រានទាញប្រទេសរបស់យើងដែលមានអត្រានៃភាពក្រីក្រ នៅឆ្នាំ ១៩៧៩ ក្រោយរំដោះពី ប៉ុល ពត ហើយអត្រានៃភាពក្រីក្រនេះឲ្យនៅមួយដុំ ឥឡូវនេះមិនទាន់ធ្វើអង្កេតឡើងវិញទេ។ អង្កេតនៅឆ្នាំ ២០១៤ អត្រានៃភាពក្រីក្ររបស់យើងនៅសល់ ១៣% ឥឡូវនេះ តាមការប៉ាន់ស្មានអត្រានៃភាពក្រីក្ររបស់យើងនៅប្រហែលជុំវិញ ១០% ប្រហែលជាប៉ុណ្ណឹង។

កែប្រែស្ថានភាពប្រទេសមួយតំបន់ត្រួតត្រាច្រើន មកជាប្រទេសមួយតំបន់ត្រួតត្រាមួយ

ពីស្ថានភាពប្រទេសមួយដែលញាំញីដោយសង្គ្រាម និងការបែកបាក់ ទៅជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ មានការឯកភាពទឹកដី ដែលមុននេះ ប្រទេសរបស់យើង គឺជាប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន មិនតិចជាង ២ ក្នុងពេលតែមួយ។ មិនមែនគ្រាន់តែបញ្ហាត្រឹមពីឆ្នាំ ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទម្លាក់ព្រះនរោត្តម សីហនុ  ដែលពេលនោះ បង្កើតនូវសង្គ្រាមឆាបឆេះនៅក្នុងប្រទេសកម្ពុជាទេ ក៏ប៉ុន្តែស្ថានភាពកម្ពុជាបែបនេះ វាបានកើតឡើងយូរហើយ។ បើនិយាយឲ្យវែងគឺកើតឡើងប្រមាណជិត ៥០០ ឆ្នាំមុននោះ។ ប៉ុន្តែ បើនិយាយឲ្យខ្លីជាងបន្តិច កើតឡើងតាំងពីសម័យបារាំង ចូលត្រួតត្រាកម្ពុជា គឺបារាំងត្រួតត្រាម្ខាង កងទ័ពព្រៃនៅម្ខាង ហើយជាបន្តបន្ទាប់ ប្រទេសមួយមានតំបន់ត្រួតត្រាច្រើន ក៏ប៉ុន្តែ តាមរយៈនយោបាយឈ្នះឈ្នះ គឺអនុញ្ញាតឲ្យយើងក្លាយទៅជាប្រទេសមួយតំបន់ត្រួតត្រាមួយ។

យើងបានខិតខំ ហើយការខិតខំទាំងនេះ តើជារបស់អ្នកណា? មិនមែនជាបញ្ហាដាច់ដោយឡែករបស់គណបក្សប្រជាជន មិនជាបញ្ហាដាច់ដោយឡែករបស់ពូនោះទេ និងមេដឹកនាំរបស់គណបក្សប្រជាជននោះទេ ក៏ប៉ុន្តែ ជាមោទនភាពដែលក្មួយទាំងឡាយគប្បីត្រូវមាន ចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានខិតខំធ្វើនូវកិច្ចការងារនេះ។ គ្មានជោគជ័យណាមួយដែលយើងដណ្តើមបានដោយខ្វះការចូលរួមនោះទេ។ ឯអ្នកចូលរួមជំនាន់មុន គឺជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗនោះហើយ ដែលជាអ្នកបានចូលរួមគាំទ្រគណបក្សប្រជាជន បានចូលរួមគាំទ្រមេដឹកនាំ ក្នុងហ្នុងគឺបានគាំទ្រពូក្នុងរយៈពេល បើគិតមកដល់ពេលនេះ នៅសល់តែប៉ុន្មានថ្ងៃទៀត ៧ មករា នឹងឈានមកដល់។ ពេលនោះយើងគម្រប់ខួប ៣៩ ឆ្នាំ នៃ​​ការគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជន។

បានលះបង់ច្រើនណាស់ ដើម្បីមានអ្វីសព្វថ្ងៃ

ដោយហេតុនេះហើយ បានជាក្មួយៗត្រូវចងចាំថា ដើម្បីមានការងារធ្វើនៅថ្ងៃនេះ យើងបានលះបង់ច្រើនណាស់ យើងបានធ្វើកិច្ចការច្រើនណាស់ ដើម្បីឲ្យក្មួយៗមានការងារធ្វើ និងមានប្រាក់ចំណូលកាន់តែច្រើនទៅៗ។ ប្រជាជនយើងបានលះបង់ច្រើនណាស់ហើយ ការឈឺចាប់របស់ប្រទេសរបស់យើង វាលើសពីការគ្រប់គ្រាន់ទៅទៀត។ តាមរយៈនោះ យើងបានប្រឹងគ្នារួមគ្នា ដើម្បីនឹងកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ បំបាត់ចោលនូវការបែកបាក់។ តាមរយៈសន្តិភាពនោះ យើងក៏បង្កើតឱកាស ដើម្បីអភិវឌ្ឍនូវសេដ្ឋកិច្ច​សង្គមដើម្បីកាត់បន្ថយនូវភាពក្រីក្រ។ ពិតណាស់ហើយ មកដល់ថ្ងៃនេះក្មួយៗ​បាន និងកំពុងអនុវត្តនូវប្រាក់បៀវត្ស ១៥៣ ដុល្លារ ហើយនៅតែ ១១ ថ្ងៃទៀតតែប៉ុណ្ណោះ នឹងឈានទៅដល់ ១៧០ ដុល្លារ ជាមួយនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត គឺម្នាក់ៗទទួលបានមិនតិចជាង ២០០ ដុល្លារសហរដ្ឋអាមេរិកទេ។

ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់​ថ្ងៃមុន ពីមុនភ្ញាក់ផ្អើលម្តងហើយ ប្រធានរដ្ឋបាល ដែលមានប្រាក់បៀវត្ស ទៅដល់ ១ ៦០០ ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែ ថ្ងៃមុនកាន់តែភ្ញាក់ផ្អើលទៅទៀតប្រធានរដ្ឋបាលម្នាក់មានប្រាក់ខែទៅដល់ ២ ៥០០ ដុល្លារសហរដ្ឋអាមេរិក … វាស្មើនឹងប្រាក់ខែរបស់នាយករដ្ឋមន្រ្តីទៅហើយ ប៉ុន្តែ គ្រាន់តែក្មួយៗមានគ្មានការធានាតែប៉ុណ្ណោះ។ ២ ៥០០ ដុល្លារ គឺក្មួយ​ៗទៅចាយសព្វគ្រប់ ឯពូគ្រាន់តែចិញ្ចឹមឆ្នាំងទេ ប៉ុន្តែ នៅពេលដែលជិះឡានទៅធ្វើការ គឺត្រូវយកសាំងមកចាក់ឲ្យពូ មិនអញ្ចឹងពូមិនទៅធ្វើការទេ។ ទៅម៉េចរួច។ មានការធានាផ្សេងទៀត ដូចជាទៅប្រជុំក្រៅប្រទេស យក ២ ៥០០ ដុល្លារ ទៅទិញសំបុត្រយន្តហោះទៅក្រៅ។ ទៅម៉េចរួច?

វត្តមានតាមកាលៈទេសៈផ្សេងគ្នា ដោះស្រាយបញ្ហាផ្សេងៗគ្នា

ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្មួយៗត្រូវចងចាំ ការចាប់ផ្តើមរបស់យើងលំបាកណាស់។ ពេលមុនក្មួយៗប្រ​ហែល​ជាមើលរូបថតសកម្មភាពទាំងឡាយ ឃើញពូនៅតាមខ្សែត្រៀមជួរមុខនៃកងទ័ព ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការលំបាករបស់កងទ័ពក្នុងពេលមានសង្រ្គាម ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដោះស្រាយការលំបាកនានារបស់កងទ័ព និងប្រជាជននៅតំបន់សមរភូមិទាំងនោះ។ ក្នុងពេលជាមួយគ្នា គេក៏បានឃើញវត្តមានរបស់ពូនៅលើតុចរចានៅក្រៅប្រទេសគ្រប់ទីកន្លែងទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ការបែកបាក់ បញ្ចប់ការធ្វើសង្រ្គាមបង្ហូរឈាមជាមួយគ្នា។

បន្ទាប់ទៅ គេបានឃើញវត្តមានរបស់ពូយ៉ាងច្រើន នៅតាមវាលស្រែជាមួយនឹងកសិករ  តាមរយៈនៃកាធ្វើប្រ​ព័ន្ធប្រឡាយទឹក ការធ្វើទំនប់ទឹក និងការដាំដុះដទៃទៀត។ ប៉ុន្តែ ឥឡូវនេះ យើងបានឆ្លងកាត់ដំណាក់កាលប្រកបដោយជោគជ័យ ពីស្ថានភាពប្រទេសមួយ ដែលមានប្រជាជនចំនួនត្រឹមតែជាង ៥ លាននាក់ ហើយខ្វះស្រូវទទួលទាន ខ្វះស្បៀង ប៉ុន្តែ ឥឡូវនេះ យើងមានប្រជាជនជាង ១៥ លាននាក់ ក៏ប៉ុន្តែ យើងសល់ស្រូវជាង ៥ លានតោន សម្រាប់ការនាំចេញ។ ឥឡូវដល់ពេលវេលា​ ដែលពូត្រូវមានជំនួបជាមួយនឹងកម្មករជាប្រចាំហើយ ព្រោះថាការធ្វើតែកសិកម្មមួយមុខ ឬការធ្វើអ្វីតែមួយមុខ វាមិនគ្រប់គ្រាន់ទេ។ ពូមិនបោះបង់នូវគោលដៅ នៃការអភិវឌ្ឍវិស័យកសិកម្មនោះទេ។ ក៏ប៉ុន្តែ យើងត្រូវជម្រុញវិស័យកសិកម្មនេះ ឲ្យទៅជាកសិឧស្សាកម្មតែម្តង។

ដូច្នេះ បញ្ហានោះវាច្បាស់ណាស់ថា គោលនយោបាយឧស្សា​ហកម្ម​ ២០១៥-២០២៥ គឺមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់ឧស្សាហកម្មទេ ប៉ុន្តែ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ យើងក៏ត្រូវតែបន្តនូវកិច្ចការទាំងឡាយ ដែលទាក់ទងជាមួយនឹងវិស័យសេវា ដោយក្នុងនោះ ទេសចរណ៍ក៏ជាផ្នែកនាំមុខមួយនៅក្នុងការអភិវឌ្ឍកម្ពុជាផងដែរ។

សារថ្មីអំពីការបង្កើតធនាគារសំរាប់សហគ្រាសធុនតូចនិងមធ្យម បន្ទាប់ពីយើងលែងជាប្រទេសក្រីក្រ

នៅតែប៉ុន្មានថ្ងៃទៀតទេ យើងនឹងដល់ពិធីបុណ្យសមុទ្រ នៅឯកែប ហើយនេះក៏ជាផ្នែកមួយនៃយុទ្ធនាការ នៃតារារះនៃទិសនិរតី សម្រាប់ទាក់ទាញទេសចរ ដើម្បីគួបផ្សំជាមួយនឹងប្រាង្គប្រាសាទរបស់យើង ជាពិសេស អង្គរវត្ត ដែលមានភ្ញៀវទេសចរ ឆ្នាំទៅយើងទទួលបានទេសចរ ៥ លាន ៥​ សែននាក់ ហើយឆ្នាំនេះ រំពឹងថា នឹងអាចសម្រេចទៅដល់ ៥ លាន ៦ សែននាក់ ទៅ ៥ លាន ៧ សែន នាក់។ យើងបន្តការខិតខំជាមួយនឹងការធ្វើឲ្យមានភាពកាន់តែរឹងប៉ឹងឡើង នៃសេដ្ឋកិច្ចរបស់យើង។ ខ្ញុំសូមយកឱកាសនេះ បញ្ជាក់​ថាខាងមុខនេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពិចារណា ក៏ប៉ុន្តែ ក្នុងចិត្តរបស់ខ្ញុំបានសម្រេចចិត្តរួចហើយ ថានៅពេលខាងមុខ នឹងបង្កើតធនាគារថ្មីមួយទៀត គឺធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមតែម្តង។

យើងមានធនាគារអភិវឌ្ឍន៍ជនបទមួយហើយ សម្រាប់ដោះស្រាយបញ្ហាឥណទាន ទៅលើជនបទ ប៉ុន្តែដំណាក់កាលនេះ គឺជាដំណាក់កាលនៃការរីកលូតលាស់ នៃបញ្ហាទាក់ទងជាមួយនឹងឧស្សាហកម្មធុនតូច និងមធ្យម ដែលផ្តល់នូវតម្លៃបន្ថែម សម្រាប់ការកែច្នៃនៃវត្ថុធាតុ​ដើមក្នុងស្រុក ជាមួយការធ្វើសេដ្ឋកិច្ចផ្សេងៗ ក្នុងកម្រិតតូចតាច ក៏ប៉ុន្តែ វានឹងដោះស្រាយការងារធ្វើ វានឹងដោះស្រាយបញ្ហាតម្រូវការក្នុងស្រុក វានឹងកាន់តែប្រកួតប្រជែង ដើម្បីនាំចេញទៅក្រៅប្រទេស។

យើងនឹងដាក់ដើមទុនដើម្បីឈានទៅបង្កើតនូវធនាគារសម្រាប់ឥណទាន ផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនការផលិត បង្កើតឱកាសការងារ និងមុខរបរសម្រាប់ប្រជាជនរបស់យើង។ យើងមិនត្រូវរស់ដោយសារការដកដង្ហើមពីនេះ ឬពីនោះទេ។ ពិភពលោកចំណុះឲ្យគ្នាទៅវិញទៅមក មានទៅមានមក យើងនាំទំនិញពីគេមកយើង ហើយយើងក៏នាំទំនិញយើងទៅកាន់ប្រទេសរបស់គេ។ ត្រូវចងចាំឲ្យបានថា មានតែប្រទេសក្រីក្រប៉ុណ្ណោះ ដែលទទួលបាននូវភាពអនុគ្រោះ អំពីពន្ធដារពីប្រទេសផ្សេងៗ ឧទាហរណ៍ ការនាំចូលទៅសហរដ្ឋអាមេរិក យើងបានទទួលរបស់ដែលហៅថា MFN នោះ នៅក្នុងទស្សវត្សរ៍ ៩០ ប៉ុន្តែ ត្រូវបានបញ្ចប់តាំងពីឆ្នាំ ២០០៤ ឯណោះ។ អញ្ចឹង យើងនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក គឺបង់ពន្ធធម្មតា។

ឯចំពោះកម្មវិធីរបស់អឺរ៉ុប អ្វីៗទាំងអស់លើកលែងតែអាវុធ វានៅតែរង់ចាំពេលវេលាមកដល់ ព្រោះថា នៅពេលដែលប្រទេសមានការលូតលាស់ដល់កម្រិតមួយហើយ គេនឹងចាប់ផ្តើមកាត់ចេញនូវរបបអ្វីៗទាំងអស់ លើកលែងតែអាវុធ ហើយនឹងប្រគល់អាហ្នឹងទៅអោយប្រទេសដទៃ ដែលមានការអភិវឌ្ឍទាបជាង។ សូម្បីតែបញ្ហាឥណទាន ពេលដែលយើងឆ្លងផុតមកដល់ដំណាក់កាលនៃប្រទេសដែលមានប្រាក់ចំ​ណូល​មធ្យម​កម្រិតទាប អត្រាការប្រាក់ មានកន្លែងមួយចំនួនចង់ទាមទារយើងឲ្យចេញអត្រាការប្រាក់ពាណិជ្ជកម្មទៅហើយ។ ក៏ប៉ុន្តែ យើងបានស្នើសុំទៅដៃគូរបស់យើង សូមរក្សានូវអត្រាការប្រាក់សម្បទានដដែល​។ នេះជាការយោគយល់របស់ដៃគូរបស់យើងតែប៉ុណ្ណោះ។

ដូច្នេះហើយបានជាយើងខិតខំធ្វើនូវភាពធន់ខាងសេដ្ឋកិច្ចរបស់យើង។ ប្រទេសជាច្រើនត្រូវការជំនួយ ហើយប្រទេសរបស់យើង កាលមុននេះ យើងបានទទួលជំនួយផ្នែកនេះ ក៏ប៉ុន្តែ នៅពេលដែលកម្រិតវាស់ស្ទង់ម៉ែត្ររបស់វាដល់កម្រិតមួយហើយ គឺអាជំនួយហ្នឹងត្រូវកាត់បន្ថយហើយ។ អញ្ចឹងទេ បញ្ហាការនាំទំនិញត្រូវបង់ពន្ធ ទៅកាន់ប្រទេសផ្សេង វាក៏ជាតម្រូវការ វាជាចំណុចដែលជាម៉ែត្រវាស់ ជាស្តង់ដារសម្រាប់គេដែរ។ ដូចជាសហរដ្ឋអាមេរិក បានបញ្ចប់ MFN ភាពអនុគ្រោះខាងពាណិជ្ជកម្ម ជាមួយយើងតាំងពីឆ្នាំ ២០០៤។ អញ្ចឹងបានជាពេលនោះ ខាងធនាគារពិភពលោក និង IMF បានព្យាករសេដ្ឋកិច្ចសម្រាប់ប្រទេសយើងថា មានកំណើនត្រឹមតែ ២,៥ តែប៉ុណ្ណោះ។

បន្ទាប់ពីការចរចាមួយរយៈ គឺធនាគារពិភពលោក និង IMF បានយល់ស្របថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ ២០០៥ ស្មើនឹង ៤,៥ ភាគរយ។ ខ្ញុំបានប្រាប់ទៅឯកឧត្តម គាត ឈន់ នៅពេលនោះថា បង! តើប្រទេសកម្ពុជាពឹងផ្អែកទៅលើការនាំចេញទៅអាមេរិក ហើយបាត់ភាពអនុគ្រោះទៅអាមេរិក តើសេដ្ឋកិច្ចរបស់កម្ពុជាវាងាប់ ឬអី?  អញ្ចឹងសូមទទួលយកទៅ នូវអត្រានៃការដាក់គោលដៅកំណើន ៤,៥ ភាគរយ ប៉ុន្តែ នៅឆ្នាំ ២០០៥ យើងធ្វើពិតប្រាកដ ១៣,៣ ភាគរយ ដែលបំបែកឯតទគ្គកម្ម នៃតំបន់អាស៊ីតែម្តង។ នៅពេលនោះ ព្រោះសេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជាមិនមែនពឹងផ្អែកវិស័យមួយឯណា? ពឹងផ្អែកលើវិស័យ​ច្រើន អញ្ចឹងទេ បានជាបញ្ហាអ្វីក៏ដោយ ត្រូវមានសន្លឹកបៀរច្រើននៅក្នុងដៃ។

ថ្ងៃនេះ ខ្ញុំចង់បញ្ចេញសារទៅកាន់សហគ្រាសធុនតូច និងមធ្យមទាំងឡាយ ថារាជរដ្ឋាភិបាលនឹងឈានទៅដល់ការបង្កើតឲ្យមានធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលចាប់ផ្តើមពីដើមទុនពី ១០០ លានដុល្លារសហរដ្ឋអាមេរិក។ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ប៉ុន្តែ នាយករដ្ឋមន្រ្តីនិយាយ បែបនេះហើយ មិនអាចដកថយបានទេ។ អ្នកនយោបាយបក្ស ដែលមិនកាន់អំណាច គឺគេអាចនិយាយបានតាមចិត្តគេចង់ គេចង់និយាយអ្វីក៏ស្រេចគេ ព្រោះគេគ្មានការទទួលខុសត្រូវទេ។ ដូចជាតម្លើងបៀវត្សឲ្យ​បានប៉ុណ្ណេះ ប៉ុណ្ណោះ រឿងរបស់គេនិយាយទៅ។ ប៉ុន្តែ នាយករដ្ឋមន្រ្តីក្នុងតំណែង បក្សកាន់អំណាចតែនិ​យាយហើយត្រូវធ្វើ។

ពង្រឹងភាពធន់នៃសេដ្ឋកិច្ច ទប់ទល់នឹងបញ្ហា និងវិបត្តិនានា

សារនេះក៏ចង់បញ្ជាក់សម្រាប់ថា ពេលខាងមុខ យើងនឹងខិតខំបង្កើតមុខរបរ បង្កើតនូវការងារធ្វើកាន់តែច្រើនទៀត សម្រាប់ប្រជាពលរដ្ឋរបស់យើង ជម្រុញការផលិតនៅក្នុងស្រុក ដើម្បីសេចក្តីត្រូវការរបស់យើង ហើយជម្រុញនូវការនាំចេញ ក្នុងនោះក៏ជម្រុញនូវការដោះស្រាយ ការងារធ្វើដែលយើងត្រូវតែបន្ត ដោយ​សារ​យុវជនរបស់យើងត្រូវចូលក្នុងទីផ្សារការងារ ក្នុងមួយឆ្នាំ ប្រមាណជា ២៥ ទៅ ៣០ ម៉ឺននាក់ដូច្នេះ យើងមិនអាចពឹងផ្អែកទៅលើផ្នែកមួយ ហើយភ្លេចផ្នែកមួយនោះទេ។ យើងអភិវឌ្ឍដោះស្រាយការងារទាំងក្នុងវិស័យកសិកម្ម និងដោះស្រាយការងារទាំងក្នុងឧស្សាហកម្ម និងកម្មន្តសាល។ យើងដោះស្រាយការងារក្នុងវិស័យសេវា ដែលសុទ្ធជាចំណែកនៃការរីកលូតលាស់ នៃផ្នែកសេដ្ឋកិច្ចជាតិរបស់យើង។ តាមរយៈនៃការពង្រឹងភាពធន់ខាងផ្នែកសេដ្ឋកិច្ចរបស់យើង  មិនមែនគ្រាន់តែជាបញ្ហាទប់ទល់ជាមួយនឹងវិបត្តិខាងក្រៅ ដែលបង្កឡើងមិនចេះចប់ មិនចេះហើយ។

វិបត្តិសេដ្ឋកិច្ចតំបន់អាស៊ី ហិរញ្ញវត្ថុអាស៊ី ១៩៩៧, វិបត្តិសេដ្ឋកិច្ច​សកល ដែលមិនទាន់បានដោះស្រាយនៅឡើយនៅឆ្នាំ ២០០៨, ២០០៩ ហើយអូសបន្លាយមកដល់ពេលនេះ យើងក៏ទទួលរងនូវផលប៉ះពាល់។ យើងមិនចង់ឲ្យផលប៉ះពាល់ទាំងឡាយដែលកើតចេញពីនេះពីនោះ ​មកដល់យើងធ្ងន់ហួសនោះទេ ដែលប្រៀបដូចជាគេដាក់អុកស៊ីសែន។ ដកអុកស៊ីសែន ក៏ងាប់។ យើងមិនអាចក្លាយខ្លួនជាអ្នករង់ចាំទទួលអុកស៊ីសែនពីគេទេ។ លើការជាក់ស្តែង ក្រោយឆ្នាំ ១៩៧៩ យើងគ្មានអុកស៊ីសែនពីណា ក្រៅពីប្រឹងដកដង្ហើម ខ្លួនឯងតាមច្រមុះទាំងពីរ ហើយតាមមាត់ទៀត ដើម្បីឲ្យខ្លួនបានរស់។ នេះជាចំណុចភាពធន់របស់យើង។

ម៉្យាងទៀតនៅក្នុងលើពិភពលោកបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុវាលឿនណាស់ ជួនកាលអាចនាំមកនូវគ្រោះមហន្តរាយផ្ទួនៗ បង្កនូវបញ្ហាលំបាកសម្រាប់ប្រជាជាតិរបស់យើង។ យើងក៏ត្រូវផ្ស៊ាំជាមួយនឹងការប្រែប្រួលអាកាសធាតុនេះ ដូចជា ឥឡូវនេះ ពូជស្រូវដែលដូនតាយើងធ្លាប់ដាំដុះពីមុន មានពូជស្រូវមួយចំនួនលែងត្រូវជាមួយនឹងអាកាសធាតុ​ ដែលកម្តៅភពផែនដីនេះវាកាន់តែក្តៅទៅៗ ដំណើរការស្រាវជ្រាវសម្រាប់ពូជស្រូវ ពូជដំណាំ ក៏ត្រូវតែធ្វើ ដើម្បីធានាភាពធន់ជាមួយនឹងការ​ប្រែប្រួលអាកាសធាតុ។

ផ្តើមពីរោងចក្រ ប្រាក់បៀវត្ស ការនាំចេញតិច មកច្រើន ហើយច្រើនជាងប្រទេសក្នុងតំបន់

នេះខ្ញុំចង់បញ្ជាក់អំពីគោលដៅរបស់យើង ដែលត្រូវបន្ត។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការកោតសរសើរចំពោះម្ចាស់រោងចក្រទាំងឡាយ កោតសរសើរចំពោះកម្មករ/ការិនី ដែលបានប្រឹងប្រែងរួមគ្នា ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងរីកលូតលាស់។ យើងចាប់ផ្តើមពីរោងចក្រត្រឹមតែ ៦៤ រោងចក្រនៅឆ្នាំ ១៩៩៧ ជាមួយនឹងប្រាក់បៀវត្ស ៤០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ សហគ្រាសទាំងអស់​នៅទូទាំងប្រទេស មានជាង ១ ម៉ឺន ១ ពាន់ សហគ្រាស។ ដោយឡែក សម្រាប់វិស័យកាត់ដេរ និងដេរស្បែកជើង គឺមានជាង ១ ១០០ រោងចក្រ។ ទំហំនៃការនាំចេញរបស់យើង កាន់តែធំទៅៗ ឯប្រាក់ចំណូលរបស់កម្មករ/ការិនីរបស់យើង ដែលកាលពីឆ្នាំ ១៩៩៧ មានត្រឹម ៤០ ដុល្លារ យើងបាន និងត្រូវអនុវត្តនៅពេលនេះ ១៥៣ ដុល្លារ ជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។ នៅពេលខាងមុខ ប្រាក់ចំ​ណូលរបស់កម្មករ​ មិនទាបជាង ១៧០ ដុល្លារទេ ដែលប្រាក់ចំណូលនេះ គឺកើនខ្ពស់ជាងប្រាក់ចំណូល ដែលមាននៅបង់ក្លាដេសចំនួ​ន ៦៧ ដុល្លារ, ស្រីលង្ការ ៦៧ ដុល្លារ, ឥណ្ឌា ៧៧ ដុល្លារ, មីយ៉ាន់ម៉ា ៧៩ ដុល្លារ ហើយនៅឡាវ ១១០ ដុល្លារ, នៅវៀតណាម មានតំបន់ខ្លះតែ ១៣០ ដុល្លារទេ តំបន់ខ្លះមាន ១៥០ ដុល្លារ តំបន់ខ្លះខ្ពស់ជាងនេះ គឺចែកជាតំបន់។ ឯសម្រាប់ប្រទេសរបស់យើង អនុវត្តជាទូទៅតែម្តង។

ម្ចាស់ផ្ទះណាដែលតម្លើងថ្លៃជួលផ្ទះនៅឆ្នាំ ២០១៨ សូមមកយកថ្លៃដែលឡើងនោះពី តេជោសែន

ជាមួយនឹងប្រាក់ចំណូលកើនឡើង ការកាត់បន្ថយចំណាយរបស់ក្មួយៗ​ ក៏ត្រូវបានធ្វើក្នុងពេលជាមួយគ្នា ដែលថ្ងៃនេះ ខ្ញុំសូមអរគុណណាស់ បន្ទាប់ពីការបង្ហោះទៅតាមហ្វេសប៊ុករបស់ក្មួយៗ អំពីការតម្លើងថ្លៃនៃផ្ទះឈ្នួល ដែលពូទទួលបានពីហ្វេសប៊ុក ហើយមិនមែនវាយចូលទៅក្នុងកន្លែង comment នោះទេ ចូលទៅក្នុង inbox របស់ហ្វេសប៊ុករបស់ពូ។ ពូក៏បានយកវាចេញមក បញ្ជូនទៅឲ្យរដ្ឋមន្រ្តីក្រសួងការងារ និងអភិ​បាលក្រុង។ ឥឡូវនេះ ម្ចាស់ផ្ទះក៏បានបញ្ជាក់ថា ជាការភ័ន្តច្រឡំទេ។ អញ្ចឹង ម្ចាស់ផ្ទះមិនបានតម្លើងថ្លៃឈ្នួលផ្ទះទេ។ អញ្ចឹង ថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨ នេះ​ ក្មួយៗបង់តាមថ្លៃឆ្នាំ ២០១៧ បង់ប៉ុណ្ណឹងទៅបានហើយ។ បើសិនជាអ្នកណាទារថ្លៃលើស ថាឲ្យមកទារពី តេជោសែន ទៅ។ ឥឡូវ ខ្ញុំសូមប្រកាសប៉ាវតែម្តង បើសិនជាម្ចាស់ផ្ទះទាំងឡាយ ដែលបានខ្ញុំស្នើសុំរួចមកហើយៗ មានការព្រមព្រៀងគ្នាហើយថាឆ្នាំ ២០១៨ នឹងមិនតម្លើងថ្លៃឈ្នួលផ្ទះទេ (តែ)បែរជាតម្លើង ក្មួយៗបង់ត្រឹមថ្លៃកាលពី ២០១៧ បានហើយ ឯតម្លៃថ្មី​ ពូនឹងប៉ាវទាំងអស់។

បង្កើនបៀវត្ស បន្ថយថ្លៃទឹកភ្លើង ជិះឡានក្រុង ព្យាបាលឥតគិតថ្លៃ គោលនយោបាយស្ត្រីផ្ទៃពោះ

សង្ឃឹមថា ម្ចាស់ផ្ទះនឹងស្តាប់លឺនូវអ្វីដែលខ្ញុំនិយាយនេះ ដើម្បីពូចង់ដឹងមើលថា នៅពេលដែលយើងបង្កើននូវប្រាក់បៀវត្សអប្បបរមាទៅដល់ ១៧០ ដុល្លារ ការកាត់បន្ថយការចំណាយ ទី ១ បន្ថយថ្លៃផ្ទះដោយមិនឡើងថ្លៃ។ ទី ២ ថ្លៃទឹក ថ្លៃភ្លើង គឺអនុវត្តនូវថ្លៃទឹកត្រឹមតែ ៨០០ រៀល/ម៉ែត្រគូប តែប៉ុណ្ណោះ ដែលម្ចាស់ផ្ទះត្រូវ​លក់ទៅឲ្យកម្មករ តែនេះជាថ្លៃទឹក និងភ្លើងរបស់រដ្ឋ ៤៨០ រៀល/គីឡូវ៉ាត់ម៉ោង ថ្លៃភ្លើង។ ជាមួយគ្នានោះ កម្មករ/ការិនី ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ នឹងទទួលបាននូវការជិះឡានក្រុងដោយមិនគិតប្រាក់ ក្នុងរយៈពេលយ៉ាងតិច ២ ឆ្នាំ។ ក្មួយៗក៏នឹងទទួលបាននូវការព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ បន្ថែមទៅដោយគោលនយោបាយចំពោះស្ត្រីដែលមានផ្ទៃពោះ ត្រូវបាននូវការទទួលនូវការឈប់សម្រាករយៈពេល ៣ ខែ ដោយមានប្រាក់បៀវត្សរហូតទៅដល់ ១២០% ដែលមុននេះ ត្រឹមតែ ៥០% តែប៉ុណ្ណោះ។ តែឥឡូវពេលនេះ ក្មួយៗដែលមានផ្ទៃពោះហ្នឹងត្រូវប៉ាន់ហើយ បូកបន្ថែមទៅដោយ ពេលកូនចេញង៉ាមក ដឹងតែបាន ៤០ ម៉ឺនរៀល ហើយបើថាកូនភ្លោះ ២ ទៀត បាន ៨០ ម៉ឺនរៀល​ ហើយបើឡើងដល់ភ្លោះ ៣ បាន ១ លាន ២ សែនរៀល បន្ថែមដោយ ៥ លានរៀលដែលខ្ញុំឲ្យទៀត។​

កូនធម៌ស្គាល់តាមហ្វេសប៊ុក

យើងចង់ដឹងមើលថា វាយ៉ាងម៉េច? ហើយនៅទីនេះ ខ្ញុំដឹងថា ខ្ញុំមានកូនធម៌មួយ ហើយខ្ញុំឲ្យប្រាក់មកគេ គេក៏បានកសាងនូវផ្ទះមួយសម្រាប់ជួល ១០ នាទីពីនេះទៅ។ ខ្ញុំចង់ដឹង ព្រោះកូនធម៌នេះ ខ្ញុំមិនដែលស្គាល់មុខទេ។ ថ្ងៃនេះ ខ្ញុំបានហៅមក។ វាអញ្ចេះទេ ស្គាល់កូនហ្នឹងដោយសារអញ្ចេះទេ។ ពេលដែលចៅទី ១៨ របស់ខ្ញុំកើត ខ្ញុំក៏បង្ហោះហ្វេសប៊ុកមួយភ្លាម។ ស្រាប់តែគ្នាហ្នឹងចូលទៅ comment សូម​ជូនពរលោកពុក ដែលបានចៅស្រីទី ១៨ ឯខ្ញុំក៏ទើបនឹងកើតបានកូនស្រីមុននេះ ២០ នាទី។ អើ! ដល់អញ្ចឹង ខ្ញុំក៏ចាប់ផ្តើមឆ្លើយអរគុណ​ត្រឡប់ទៅវិញ ហើយជូនពរចំពោះចៅនោះឲ្យមានសុខភាពល្អ ហើយក៏សុំលេខទូរស័ព្ទ។ ដល់ពេលបានលេខទូរស័ព្ទមក ក៏ទូរស័ព្ទទៅត្រង់។ ហៅមក។ មកដល់ ខ្ញុំឲ្យជំនួយការរបស់ខ្ញុំយកលុយមកទាំងយប់។ ដំបូងបំផុត ១ ម៉ឺនដុល្លារ ព្រោះគ្នាជាជាងធ្វើទូរស័ព្ទ។ រហ័សនាមរបស់គេ គឺបច្ចេកវិទ្យា។ ឥឡូវហ្នឹង នៅក្នុងទូរស័ព្ទរបស់ខ្ញុំហ្នឹង ដាក់ថា ធារិទ្ធ​។ ដាក់ ១ ម៉ឺនដុល្លារក្បែរហ្នឹង ស្រណុកចំណាំ។ ចៅស្រីនោះ ក៏ខ្ញុំរកឈ្មោះឲ្យដាក់ដែរ។ ឪវាឈ្មោះ ប្រាក់ ធារិទ្ធ អញ្ចឹងដាក់ចៅស្រីហ្នឹងថា ប្រាក់ ធារី ។ ក្រោយមក ក៏គ្នាចង់ប្តូរមុខរបរ ថាមួយម៉ឺនហ្នឹងឆ្លៀតទិញដីនៅម្តុំហ្នឹង អាចនឹងធ្វើផ្ទះសម្រាប់ជួលឲ្យកម្មករបាន។ អញ្ចឹងគ្នាក៏ធ្វើផ្ទះហ្នឹងទៅ។ យើងក៏ឧបត្ថម្ភ តែខ្ញុំមិនធ្វើតាមរបៀបគេហៅថា ប្រកាស(ក្តែងៗ)នោះទេ តែនោះគឺជានិស្ស័យមួយហើយ ដែលគ្នាបានផ្លាស់ប្តូរមុខរបរ ហើយបង្កើតបាននូវមុខរបរមួយថ្មីទៀត និងមានជំនាញ លឺថាចង់ធ្វើជួសជុលឡាន។

… អត់ដែលបានជួបមុខទេ។ ប៉ុន្តែ ឃើញម្សិលមិញវាយ comment ថា(កន្លែងដែល)ពុកមក មិនឆ្ងាយពី​ផ្ទះខ្ញុំប៉ុន្មានទេ។ អញ្ចឹងថ្ងៃហ្នឹងឲ្យនាំមក ដើម្បីឃើញមុខផង ឃើញចៅផង។ ហ្នឹងស្គាល់គ្នាតាមហ្វេសប៊ុក ហើយជួយឧបត្ថម្ភតាមហ្វេសប៊ុកនេះទៅ ដើម្បីឲ្យគ្នាមានមុខរបរ។ នេះគ្រាន់តែថាជានិស្ស័យរបស់មនុស្ស ដែលយើងអាចមានលទ្ធភាពជួយបាន ក៏ជួយ ប៉ុន្តែ ក៏ត្រូវមើលចិត្តគំនិតដែរថាជួយទៅវាបានផល ឬអត់? មួយម៉ឺនដុល្លារ គឺយកមក​គ្នាសន្សំបានទិញដីភ្លាម។ អញ្ចឹងដីហ្នឹង​វាចាំបាច់ត្រូវធ្វើផ្ទះបាន ក៏ធ្វើផ្ទះ។ តែនេះគ្រាន់តែរឿងដាច់ដោយឡែក បើករង្វង់ក្រចក។

រក្សាសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាព ដើម្បីមានការអភិវឌ្ឍ

ប៉ុន្តែ រឿងរួមរបស់យើងនេះ កិច្ចការដែលយើងត្រូវធ្វើមានច្រើនណាស់។ ប៉ុន្តែ ពូសូមផ្តាំ ដើម្បីរក្សាការងារធ្វើ ដើម្បីនឹងរក្សានូវប្រាក់ចំណូលរបស់យើង ដំបូងបំផុត ប្រទេសមួយត្រូវមានសន្តិភាព មានឯករាជ្យ និងអធិប​តេយ្យ ទើបប្រទេសនោះអាចធានាបាននូវការរីកលូតលាស់ ហើយនិងមានភាពធន់នៅក្នុងការទប់​ទល់​ពីគ្រប់ទិសទីនៃបញ្ហាការបង្កហេតុក្តី ឬក៏បញ្ហាទាក់ទងជាមួយវិបត្តិខាងក្រៅក្តី។ គ្មានសន្តិភាព នឹងគ្មាន​ការអភិវឌ្ឍបានទេ។ ទាំងអស់គ្នាត្រូវចងចាំ។ ឪពុកម្តាយ ជីដូនជីតា របស់ក្មួយៗមានការលំបាកណាស់ពីអតីតកាល។ គ្មានសិទ្ធិជ្រើសរើសថា អញត្រូវធ្វើអ្វីនោះទេ។ ជម្រើសពេលនោះ គឺយុវជនសម័យនោះ គឺស្ថិតនៅជាចំណាប់ខ្មាំងនៃសង្រ្គាម។ ទៅខាងណាក៏នៅតែធ្វើទាហានទៅច្បាំងដែរ គ្មានជម្រើសទី ៣ សម្រាប់រើសទេក្មួយ។ នៅតំបន់រំដោះ​ ត្រូវធ្វើទាហានរំដោះ នៅក្នុងតំបន់ លន់ នល់ កាន់កាប់ ត្រូវធ្វើទា​ហាននៅខាង លន់ នល់។ នោះហើយគឺជាការបែកបាក់ជាតិ។ ត្រូវខិតខំយ៉ាងណារក្សាសន្តិភាពឲ្យបាន បើគ្មានសន្តិភាព តើមាននរណាមកវិនិយោគនៅកម្ពុជា? តើមាននរណាមកធ្វើទេសចរណ៍នៅកម្ពុជា? គឺអត់មានទេ។ អញ្ចឹងទេ ត្រូវខិតខំរួមគ្នាដើម្បីរក្សានូវសន្តិភាពនេះ។

រក្សានូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងក្នុងរោងចក្រ ធានាសុវត្ថិភាពការងារ

យើងក៏ត្រូវតែខិតខំរួមគ្នារក្សានូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ។ គេមិនអាចធ្វើការដោយសុខស្រួល នៅក្រោមសម្លេងគ្រាប់បែក និងទំងន់គ្រាប់បែក គ្រាប់ផ្លោង នោះទេ។ មានតែសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម​តែប៉ុណ្ណោះ ទើបធានាឲ្យមានសុវត្ថិភាពសម្រាប់ការងារធ្វើរបស់យើង។ តាមរោងចក្រនីមួយៗ ប្រសិនបើមានបងធំ បងតូច កាប់គ្នានៅក្នុងរោងចក្រ ក៏មិនអាចមានសុវត្ថិភាពការងារបានដែរ។ មានក្រុមគ្រឿងញៀននៅក្នុងទីនោះ ក៏មិនអាចមានសុវត្ថិភាព​ការងារបានដែរ។ ការរួមគ្នាធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម វាជាការរួមគ្នាដើម្បីបង្កើតឡើងនូវស្ថានភាពអនុគ្រោះ ដើម្បីនឹងការអភិវឌ្ឍ ដែលផ្តើមចេញពីការងារដែលយើងមានរួចហើយ និងប្រាក់ចំណូលដែលមានរួចមកហើយ យើងត្រូវរក្សាការងារដែលយើងបាន និងកំពុងមាន ប្រាក់ចំណូលដែលយើងបាន និងកំពុងមាន ជាមួយនឹងការខិតខំបង្កើតការងារថ្មី​ៗបន្ថែមទៀត ដែលក្នុងនោះ ការផ្តួចផ្តើមគំនិតទាក់ទងនឹងការជម្រុញនូវការអនុវត្តនូវគោលនយោបាយ ទៅលើវិស័យសហ​គ្រាសធុនតូច និងមធ្យម​ ដោយមានការរៀបចំឲ្យមានធនាគារទៅលើបញ្ហាការផ្តល់ឥណទានសម្រាប់ការអភិវឌ្ឍលើផ្នែកនេះ ក៏ជាជម្រើសនយោបាយមួយ នៅក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង បង្កើតនូវមុខរបរ បង្កើតនូវការងារធ្វើ និងបង្កើតនូវទំនិញសម្រាប់បម្រើឲ្យសេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងក៏ជម្រុញការនាំចេញនូវផលិតផលទាំងនោះទៅខាងក្រៅ។

បង្កើនគំនិតច្នៃប្រឌិត ពង្រឹងសមត្ថភាពផលិត រោងចក្រចំណេញ បង្វែរមកជាការឡើងបៀវត្ស

ថ្ងៃមុន ខ្ញុំមានឱកាសដើម្បីទៅបើកពិព័រណ៌ផលិតផលរបស់កម្ពុជា ខ្ញុំបានឃើញថា ផលិតផលរបស់កម្ពុជាមានការប្រកួតប្រជែងខ្ពស់។ មិនគ្រាន់តែជំនួសឲ្យផលិតផលដែលនាំចូលពីក្រៅប្រទេសទេ ប៉ុន្តែផលិត​ផលរបស់យើង នឹងនាំចេញទៅក្រៅប្រទេសកាន់តែច្រើនទៅៗ។ ម្រេច ឬក៏ផ្នែកដទៃទៀត ដែលទាក់ទងជាមួយនឹងវត្ថុធាតុដើមមានស្រាប់របស់កម្ពុជា បានក្លាយទៅជាចំណុច នៃការរីកលូតលាស់ខាងសេដ្ឋកិច្ចរបស់យើង ក៏ប៉ុន្តែ យើងក៏ត្រូវមានគំនិតច្នៃប្រឌិត ភាពរស់រវើកដើម្បីបង្កើតនូវតម្លៃបន្ថែមទៅលើវត្ថុធាតុដើម ដែលយើងមាន។ យើងត្រូវបន្តធ្វើឲ្យប្រាក់ចំណូលរបស់យើងកាន់តែមានការកើនឡើង។ ការបង្កើនបៀវត្សមិនមែនធ្វើត្រឹមតែសម្រាប់ឆ្នាំ ២០១៨ ទេ ២០១៩, ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត នៅតែបន្តកើន គឺកើនជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ដើម្បីឲ្យប្រាក់ចំណូលមានការកើនឡើង ទាមទារឲ្យមានការប្រឹងប្រែង ពីសំណាក់កម្មករ/ការិនីរបស់យើង ក្នុងហ្នឹង ក៏ត្រូវពង្រឹងបង្កើននូវសមត្ថភាព នៃការផលិត ធ្វើឲ្យទិន្នផលកើន ហើយមានស្តង់ដាកាន់តែខ្ពស់ កម្រិតគុណភាពកាន់តែខ្ពស់។ នៅពេលដែលរោងចក្រទទួលបាននូវកំណើន ប្រាក់​ចំណេញ នោះហើយក៏ជាផ្នែកនៃការផ្តល់ត្រឡប់ទៅវិញ នូវការបង្កើនបៀវត្ស។

បេឡាសន្តិសុខសម្រាប់ការថែទាំសុខភាព ត្រូវបង់ជំនួសដោយថៅកែ

ខ្ញុំក៏សុំបញ្ជាក់ជូន យើងក៏មិនបាននិយាយទៅដល់បញ្ហាទាក់ទិនជាមួយនឹងប្រាក់ថែទាំសុខភាព ដែលមុននេះ យើងត្រូវបង់ ៥០% ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ ទៅក្មួយៗ មិនបង់ទៀតទេ ថៅកែនឹងបង់ជំនួសទាំងអស់។​​ ​យោងទៅលើអ្វីដែលបានកើតឡើងនោះ ក្មួយៗនឹងសល់ប្រាក់ចំណេញ ដែលធ្លាប់ចំណាយពី ៨ ០០០ ទៅ ១៣ ០០០ រៀល ​​ក្នុងម្នាក់ក្នុងមួយខែ នឹងមិនត្រូវបានចំណាយទៀតទេ។ ដូច្នេះបានជាពូនិយាយថា ប្រាក់ចំណូលកើនឡើង ជាមួយការចំណាយកាត់​បន្ថយ តាមរយៈគោលនយោបាយកាត់បន្ថយទៅលើទឹក ទៅលើភ្លើង ទៅលើការធ្វើដំណើរ ទៅលើការពិនិត្យព្យាបាលជំងឺ សុខភាព ទៅលើបេឡាសន្តិសុខសម្រាប់ការថែទាំសុខភាព ដែលមុននេះត្រូវបង់ ៥០% ដែលឥឡូវថៅកែ​បង់​ជំនួស ប៉ុន្តែថៅកែក៏ទទួលបានផលប្រ​យោជន៍ត្រឡប់ពីរដ្ឋទៅវិញក្នុងមួយឆ្នាំប្រហែលជា ៤០ លាន ដុល្លារ​សហរដ្ឋអាមេរិក។ កុំឲ្យទម្ងន់នេះធ្លាក់ទៅលើម្ចាស់រោងចក្រជ្រុលហួស ដែលនាំទៅដល់ការបិទរោង​ចក្រនៅ​កម្ពុជា ដែលនាំទៅដល់ការបង់ការ​ងារ​ធ្វើរបស់កម្មករ/ការិនីរបស់យើង។ យើងនឹងបន្ដខិតខំរួមគ្នា ដើម្បី​អោយសេដ្ឋកិច្ចរបស់យើងកាន់តែរឹងមាំ ប្រាក់ចំណូលមានកំណើនជាប្រចាំ។

កម្មការិនីមានផ្ទៃពោះចេញមុន ១៥ នាទី/ផ្តល់ជាគំនិតឲ្យចេញមុនម៉ោង ទៅតាមខែនៃការពរពោះ

ម្យ៉ាងទៀត ក្មួយៗ កម្មការិនីដែលមានផ្ទៃពោះ ដែលមុននេះថៅកែឲ្យចេញមុន ៥ នាទី ឬ ១០ នាទី ប៉ុន្តឥឡូវនេះ យើងអនុវត្ដជាទូទៅ ១៥ នាទី។ សូមអរគុណថៅកែរោងចក្រទាំងអស់ ដែលបាន​យល់ព្រម​សំណើរបស់ខ្ញុំ ជំនួសមុខឲ្យកម្មការិនីដែលមានផ្ទៃពោះអោយបានចេញ ១៥ នាទីមុន។ ប៉ុន្តែសូម​បញ្ជាក់​ថា​​រោងចក្រទាំង​ឡាយណា អោយកម្មការិនីដែលមានផ្ទៃពោះចេញមុនម៉ោង ១៥ នាទី គឺត្រូវ(ច្បាប់)។ តែបើ​ចេញ​តិចជាង ១៥ នាទី គឺ​ខុស(ច្បាប់) បើចេញច្រើនជាង ១៥ នាទី ត្រូវទាំងអស់។ ព្រោះមានរោង​ចក្រ​ខ្លះ​គេអនុវត្ដ ២០ នាទី រោងចក្រខ្លះអនុវត្ដរហូតទៅដល់ ៣០ នាទី ឯណោះ។ ខ្ញុំផ្ដល់ជាគំនិត​អោយ​ចំពោះ​ម្ចាស់រោងចក្រ គ្រាន់តែជាការគិតរបស់ខ្ញុំទេ ខ្ញុំមិន​បង្ខំ​បន្ថែមទេ គ្រាន់តែមុននេះ ៥ នាទី ឬ ១០ នាទី ឥឡូវពូ​សុំបានដល់ ១៥ នាទីហើយ។ ក៏ប៉ុន្តែ សុំផ្ដួចផ្ដើមគំនិតមួយ​ដែលជាគំនិតចិត្តធម៌សម្រាប់ថៅកែ យើងអាច​អនុវត្តវិធីសាស្ដ្រមួយក្នុងចន្លោះក្រោម ៥ ខែ យើងអាចអោយ​គេ​​ចេញ ១៥ នាទី។ ពី ៤ ខែ ទៅ ៧ ខែ ចេញមុន ២០ នាទី។ ដល់ពី ៧ ខែដល់ ៩ ខែ ចេញមុន ៣០ នាទី។ ខ្ញុំគិតថា​អាចធ្វើ​បាន​អោយតែមានចិត្តធម៌។

ពិនិត្យមើលគោលនយោបាយគាំពារសង្គមចំពោះស្រ្តីមានផ្ទៃពោះនេះ អាចអនុវត្តទូទាំងប្រទេសឬទេ?

នេះជារឿងនៅក្នុងកម្មវិធីអាទិភាពគោលនយោបាយគាំពារសង្គម នៅពេល​ដែល​ចាប់ផ្ដើមប្រកាសសម្ពោធ​ដាក់ឲ្យប្រើនូវគោលនយោបាយគាំពារសង្គម ខ្ញុំបានយកបញ្ហាស្រីមានផ្ទៃពោះជា​អាទិភាពដំបូង ហើយងាយអនុវត្ដ។ យើងកំពុងពិនិត្យមើល តើយើងឈានទៅអនុវត្ត​ក្របខណ្ឌទូទាំង​ប្រទេស រាប់ទាំង​កសិករផង តើអាចទៅរួច ឬអត់? ព្រោះក្នុងចំណោមកម្មករ/ការិនីទាំងក្នុងប្រព័ន្ធ និងក្រៅ​ប្រព័ន្ធក្នុងមួយឆ្នាំ​យើងចាយប្រហែលជា ១០ លានដុល្លាតែប៉ុណ្ណោះ។ បើនិយាយពីស្ថិតិក្រសួងសុខាភិបាល​ អ្នកមាន​កូនខ្ចីមួយឆ្នាំត្រឹមតែ ៣០ ម៉ឺន(នាក់)ទេ បើ ៣០ ម៉ឺននាក់ យើងចាយត្រឹម ៣០ លានដុល្លារ​អាមេរិក។ បញ្ហានេះ នឹងត្រូវគិតគូរនៅពេលក្រោយទៀតតាមរយៈកំណើនសេដ្ឋកិច្ចរបស់យើង ប៉ុន្តែជំហាន​ដំបូងយើងអនុវត្ដឲ្យបាន​ម៉ឺងម៉ាត់ និងពិតប្រាកដចំពោះកម្មការិនី ដែលមានផ្ទៃពោះទាំងនៅក្នុងដំណាក់កាលមានផ្ទៃពោះ ​ទទួលបានការពិនិត្យដោយឥតគិតថ្លៃ និងពេលសម្រាលទទួលបានការ​សម្រាល​ដោយ​ឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ជាមួយការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ពីរាជរដ្ឋាភិបាលចំនួន ៤០ ម៉ឺនរៀល ក្នុង​កូន ១ នាក់ ជាមួយការឈប់សម្រាករយៈពេល ៣ ​ខែ ជាមួយប្រាក់បៀវត្សរហូតដល់ ១២០% ឯណោះ ដែល ​៧០% ចេញដោយបេឡាជាតិសន្ដិសុខសង្គម និង ៥០% ចេញដោយថៅកែរោងចក្រ។

នេះជាការ​ប្រឹងប្រែង​មួយក្នុងការអនុវត្តនូវគោលនយោបាយគាំពារសង្គម។ នេះជាចំនុចដែល​ដាក់ឲ្យក្មួយៗបានឃើញ អំពីការកាត់​បន្ថយកង្វល់នានាទាំងឡាយ ដែលធ្លាប់មានពីមុន។ មុននេះ តែង​គិតថា នៅពេលដែលអញឈឺ ប្រាក់ប៉ុណ្ណឹង​ព្យាបាលគ្រាន់ឬអត់? ជួនកាល កម្មករ/ការិនីរបស់យើង​នៅ​ពេលដែលមានជំងឺប្រាក់សន្សំបានបន្ដិចបន្ដួច​ ត្រូវចំណាយលើការព្យាបាល រហូតជំពាក់គេទៀតផង។ ប៉ុន្តែ ចាប់ពី ខែមករា ឆ្នាំ ២០១៨ តទៅ កម្មករ/ការិនី​របស់យើងទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ នឹង​ទទួល​បានការពិនិត្យព្យា​បាល​ជំងឺដោយឥតគិតថ្លៃ មិនថាអស់​ប៉ុន្មានទេ ដឹងតែមួយជា។

បន្តពង្រីក/ពង្រឹងគិលានដ្ឋាន កន្លែងហូបបាយតាមរោងចក្រ, តភ្លើង/ទឹកទៅផ្ទះជួល

ខ្ញុំសូម​អំពាវ​នាវ​ទៅតាមរោងចក្រនានា សូមបន្ដការខិតខំពង្រឹងនូវគិលានដ្ឋាន​ដែលមានស្រាប់ ដែលពេលនេះមាន ៨៨% ទៅហើយ ទាំងសមត្ថភាពគ្រូពេទ្យ ទាំងការផ្ដល់ថ្នាំ នៅនឹង​កន្លែង​ធ្វើការ។ ឯរោង​ចក្រ​សហគ្រាស ដែលមិនទាន់មានគិលានដ្ឋាន ត្រូវធ្វើឲ្យកើតគិលានដ្ឋាន ត្រូវធ្វើកន្លែង​ឲ្យបាន​សម​រម្យ​សម្រាប់​ការទទួលទានអាហាររបស់កម្មករ/ការិនីរបស់យើង ហើយត្រូវមានកន្លែងនានា ដែល​ច្បាប់​តម្រូវ ទោះបី​ច្បាប់មិនតម្រូវ បើយើងអាចធ្វើបានវាកាន់តែល្អប្រសើរ។ យើងត្រូវដឹងថាថៅកែ និងកម្មករ គឺជាគូ​ជីវិត​ជាមួយគ្នាតែម្ដង។ មានឈ្មោះជាថៅកែ អត់កម្មករ គេមិនហៅថាថៅកែទេ។ ឯកម្មករ បើអត់ថៅកែ អត់រោងចក្រ ក៏​មិនអាច​ក្លាយជាកម្មករបានដែរ។ បើគ្រាន់តែកាន់ចប កាន់កណ្ដៀវ ធ្វើក្នុងវិស័យ​កសិកម្ម​គេមិន​ហៅ​ថាកម្មករទេ គេហៅថាកសិករទៅវិញ។ នេះជាអត្ថប្រយោជន៍ដែលពូរំលឹកត្រួសៗ ព្រោះអ្វីដែលពូបាន​ធ្វើ​កន្លងទៅនេះ ក្នុងពេលដែលដើរ យើងបានឃើញនូវស្ថានភាព ហើយដោះស្រាយបណ្ដើរៗ​ជារៀង​រហូត​មក។

ប៉ុន្តែ អ្វីដែលសំខាន់ត្រូវខិតខំអនុវត្ដអោយបាននូវចំណុចដែលយើងសម្រេចរួចហើយ រាប់ទាំងឆ្នាំ ២០១៨ ផ្ទះឈ្នួលមិនត្រូវបានតម្លើង ត្រូវអនុវត្ដអោយបាន។ ខ្ញុំសុំធានាម្តងទៀតថា ខ្ញុំសូមប៉ាវតែម្ដង ព្រោះខ្ញុំមិន​អោយ​អ្វីដែលខ្ញុំ​និយាយទៅហើយខូចខាតទេ សង្ឃឹមថា ម្ចាស់ផ្ទះទាំងអស់នឹងមានការយោគ​យល់។ (ហើយផ្ទះធារិទ្ធ បើសិនចុះថ្លៃ​បានបន្ដិច អាហ្នឹងកាន់តែល្អ ព្រោះដើមទុនខ្ញុំទេតើ អ្នកឲ្យធ្វើផ្ទះហ្នឹង បើចុះ​បន្ដិច ដើម្បីកាត់បន្ថយការចំណាយហ្នឹង។  យើងធ្វើបុណ្យជាមួយគេៗ ធ្វើបុណ្យជាមួយកម្មករ កាន់តែល្អ។) អាហ្នឹងជាការផ្ដល់នូវការស្រឡាញ់រាប់​អានគ្នាក្នុងទំនាក់ទំនង ដែលផ្ដល់ផលប្រយោជន៍​ទៅវិញទៅមក។ កម្មករត្រូវការផ្ទះជួលដើម្បីនៅ ឯម្ចាស់ផ្ទះ​ត្រូវការកម្មករមកស្នាក់នៅ។ យើងយក​តិច​ តែយកឲ្យបានច្រើន … ក្នុង​ការដោះស្រាយតំលៃទឹក តំលៃភ្លើង ត្រូវដោះស្រាយអោយបានម៉ត់ចត់ទៅលើតំលៃទឹក តំលៃភ្លើង ដែលបានតភ្ជាប់រួចមកហើយ។ ទាំងក្រសួង​ឧស្សា​ហកម្ម និងសិប្បកម្ម ក៏ដូចជា ក្រសួងរ៉ែ និងថាមពល តាមរយៈអគ្គិសនីកម្ពុជា​ត្រូវបន្ដការខិតខំ​តបណ្ដាញទឹក/ភ្លើងតទៅទៀតទៅកាន់ផ្ទះឈ្នួលនានា ដែលនៅឆ្ងាយ។

ប្រាក់សោធននិវត្តកម្មករនឹងត្រូវអនុវត្ដពីឆ្នាំ ២០១៩/រក្សា និងគ្រប់គ្រងសៀវភៅការងារឲ្យច្បាស់

សូមបញ្ជាក់ចំនុច​មួយទៀត។ ចាប់ពីឆ្នាំ ២០១៩ ទៅ រាជរដ្ឋាភិបាល​នឹងដាក់អោយអនុវត្ដនូវ​សោធននិវត្ដន៍ ដែលពេលនោះកម្មករ/ការិនីរបស់យើង នឹងទទួលបានប្រាក់សោធននិវត្តន៍​ដូចមន្ត្រីរាជការ​ស៊ីវិលផង​ដែរ។ ប៉ុន្តែ ចំណុចដែលត្រូវចងចាំ ​មិនអាចចូលធ្វើការមួយឆ្នាំ ឬ ពីរឆ្នាំ ហើយអាចទាមទារ​ប្រាក់​សោធននិវត្តន៍ទេ។ គ្រាន់តែទទួលបាននូវប្រាក់​អត្ថប្រយោជន៍កាត់កងនៅ​ដំណាក់កាលចុង​ក្រោយ​ នៃ​ការឈប់​ពី​ការងារ​តែប៉ុណ្ណោះ។ ក្មួយត្រូវធ្វើការអោយគ្រប់​ឆ្នាំទើបទទួលបានអត្ថប្រយោជន៍នៃប្រាក់សោធន​និវត្តន៍។ ចំណុចនេះ ត្រូវចាំថាសៀវភៅការងារដែលក្មួយៗមាន ​ត្រូវគ្រប់គ្រងវាអោយបានក្នុងដៃ ដើម្បី​ធានាតភ្ជាប់ពីរោងចក្រ​មួយ ទៅ​រោងចក្រមួយទៀត។ សៀវភៅការងារនះ ត្រូវ​ណែនាំធ្វើឲ្យបាន​ច្បាស់​ដើម្បី​ធានាថាឧទាហរណ៍ថា ក្មួយៗ​ធ្វើ​ការនៅរោង​ចក្រនេះបាន ៥​ ឆ្នាំ រោងចក្រនេះត្រូវបិទ​ ក្មួយត្រូវផ្ទេរទៅ​ធ្វើការងារនៅរោងចក្រមួយទៀត។ រោងចក្រមួយទៀតមិនមែនគិតពីមួយថ្ងៃទៅទេ គឺគិត ៥ ឆ្នាំ ១ ថ្ងៃ ទៅ ធ្វើការបាន ៣ ឆ្នាំ រោងចក្រនោះត្រូវបិទទៀត រោងចក្រមួយទៀតមិនមែនគិតពី ១ ថ្ងៃទៅទេ គឺគិតពី​ ៨ ឆ្នាំ ១ ថ្ងៃ ឡើងទៅ។ យើងក៏​ធ្វើការងារដូចគ្នានេះដែរ ចំពោះកម្មកររបស់​យើងដែលធ្វើការនៅក្រៅប្រទេស នឹង​ត្រូវយក​អតីតភាព​នោះ មក​ធ្វើសមាហរណកម្មជាមួយកម្មករនៅក្នុងស្រុក។

មិនមែនតែកម្ពុជាទេ ដែលនាំពលករទៅក្រៅប្រទេស

យើងកំពុងតែពង្រីកទីផ្សារនៅក្រៅប្រទេស។ មិនមែនមានតែកម្ពុជាជាអ្នកនាំពលករ ទៅក្រៅប្រទេសទេ។ ប្រទេសដែលមានពលករកម្ពុជាទៅ ក៏ជាប្រទេសដែលនាំពលករទៅក្រៅប្រទេសដែរ ប៉ុន្តែពួកគេទៅរកទីកន្លែង ដែល​មាន​បៀវត្សខ្ពស់ ព្រោះពួកគេមានជំនាញ។ អញ្ចឹង នៅពេលដែលគេ​ខ្វះពលកម្ម​ដូចជា​ប្រទេស​ថៃ ខ្វះពលកម្មត្រូវនាំពលកម្មពីកម្ពុជាជាង ១ លាននាក់ នាំពីមីយ៉ាន់ម៉ា ជាង ២ លាន នាក់ នាំពីឡាវ ពី ៥០ ទៅ ៦០ ម៉ឺន នាក់។​ ប៉ុន្តែ ថៃខ្លួនឯងនាំពលករចេញទៅក្រៅប្រទេសប្រមាណជាង ៤ លាននាក់។ ប្រ​ទេស​ហ្វីលីពីន នាំពលករទៅ​ក្រៅប្រទេសរហូតទៅដល់ ១២ លាន នាក់ ហើយឥឡូវនេះ ទទួលព័ត៌មាន​ល្អពីអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដែលទើបនឹងលា ​គេបានផ្ដល់ការវាយតម្លៃខ្ពស់ចំពោះកម្មករ/ការិនី​ ដែលទៅពីប្រទេសកម្ពុជា។ ដូច្នេះមានលទ្ធភាពជាច្រើន ដែលយើង​នឹងពង្រីកទីផ្សារ បង្កើនចំនួនពលករ​យើង​នៅ​ប្រទេសកូរ៉េខាងត្បូង ហើយយើងមានឱកាសកាន់តែច្រើន ដើម្បីបញ្ជូន​ពលករយើង ដែលចេះថែទាំមនុស្ស​ចាស់ ទៅកាន់ប្រទេសជប៉ុន។

នេះជាការខិតខំដើម្បីបង្កើតឱកាសការងារ ព្រោះពិភពលោកបច្ចុប្បន្ននេះ ជាពិភពលោក ដែលធ្វើសមាហរណកម្មជាមួយគ្នា តំបន់ដែលធ្វើសមាហរណកម្មជាមួយគ្នា។ សូម្បី​នៅ​ក្នុងក្របខណ្ឌ​អាស៊ាន អាស៊ានទើបនឹងចេញសេចក្តីថ្លែងការណ៍ ដែលមានចរិកជាការគោរពប្រទេសទាំង ១០។ នោះជាការគោរពសិទ្ធិពលករចំណាកស្រុកក្នុងក្របខណ្ឌអាស៊ាន គេមកយើង យើងទៅគេ នេះ​ជា​របៀបរក​ការងារធ្វើ ដែលរឿងនេះ ខ្ញុំគិតថាយើងត្រូវខិតខំទាំងអស់គ្នា។

សូមបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា

ខ្ញុំសង្ឃឹមថា ក្មួយៗនឹងចូលរួមចំណែកឲ្យប្រទេសមួយនេះមានសេចក្តីសុខចំរើន​ គ្មាន​សង្គ្រាម​រាំងជល់។ យើងបានកំចាត់រួចហើយអ្នកបង្កើត​សង្គ្រាមតាមរយៈ​បដិវត្ដពណ៌។ យើងមិន​ផ្តល់ឱកាសឲ្យ​អ្នកណាបំ​ផ្លាញ​ជាតិមួយនេះ ដែលនាំទៅដល់ការស្លាប់​មនុស្សសាជាថ្មីទៀតនៅក្នុងប្រទេសរបស់យើង​ទេ។ បើ​ទោះ​បីជារងក្នុងតម្លៃណាក៏ដោយ ក៏យើងមិនត្រូវអោយ​ប្រទេស​ជាតិ​របស់យើង​​ស្លាប់មនុស្សដែរ។ ជាមួយ​គ្នានេះ ឆ្នាំ ២០១៨ ជាឆ្នាំដែលត្រូវមានការបោះឆ្នោត។ ឥឡូវនេះ  គណៈកម្មាការជាតិ​រៀប​ចំ​ការបោះ​ឆ្នោតកំពុងបិទ​បញ្ជី នៃអ្នកមាន​ឈ្មោះបោះឆ្នោតកន្លងទៅ សូម​ក្មួយៗ​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​ ពិនិត្យឈ្មោះ ដើម្បីប្រើប្រាស់សិទ្ធិ​ក្នុង​ការបោះឆ្នោត​ក្នុងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីជ្រើស​រើស​គណបក្ស​នយោ​បាយ និងមេដឹកនាំ ​តាមចិត្ត តាមសិទ្ធិរបស់យើង។ នោះជាការប្រើសិទ្ធិ ដើម្បីទទួលបានមេដឹកនាំរបស់​ប្រទេសជាតិ។

ពិតមែនហើយ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ យើងនឹងមាន​ការបោះ​ឆ្នោត​ជ្រើស​រើសព្រឹទ្ធសភា ដែលរហូតមកដល់ពេលនេះ មានគណបក្ស ៤ ដែលបានចុះឈ្មោះ​សម្រាប់ការ​ប្រកួត​ប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា។ ក៏ប៉ុន្តែ អង្គ​បោះឆ្នោតមិនមែន​ជាប្រជា​ពល​រដ្ឋ​ទាំង​អស់​នោះទេ ប៉ុន្តែ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ដ្រ​នៅក្នុងតំណែង ដែល​ជាអ្នកបោះ។ ដូច្នេះចំនួនក៏មិនច្រើនពេកនោះដែរ។ នេះគឺជាដំណើរការធម្មតាតាមច្បាប់របស់កម្ពុជា ដែលត្រូវមានការបោះឆ្នោត​ជ្រើសរើសព្រឹទ្ធសភា នៅថ្ងៃទី​ ២៥ កុម្ភៈ ឆ្នាំ ២០១៨។ បន្ទាប់ទៅ យើងនឹងឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសសមាជិករដ្ឋសភា។ តាមរយៈរដ្ឋសភានោះ នឹងបង្កើតនូវ(រាជ)រដ្ឋាភិបាលអាណត្តិថ្មី។ ហើយពូសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗទាំងឡាយដែលជាកម្មករ/ការិនី ជាមួយនិងឪពុកម្តាយ ជីដូនជីតា ក្រុមគ្រួសារ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត។

បន្តធ្វើជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នាំទៀត

ពូបានប្រកាសរួចហើយថា នឹងបន្តកាន់មុខដំណែងជានាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតក្នុងរយៈពេល មិនតិចជាង​ ១០​ ឆ្នាំទៀត។ ពូចង់ឃើញនូវសមិទ្ធផលទាំងឡាយ ដែលពូបានរួមជាមួយជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបង្កើតឡើង តើវាទៅដល់ណា? ពូចង់ឃើញប្រទេសនេះ អត្រានៃភាពក្រីក្រនៅទាបបំផុត ហើយប្រាក់ចំណូលពលរដ្ឋរបស់យើង មិនមែនគ្រាន់តែ ១ ៥០០ ដុល្លារ សម្រាប់មនុស្សម្នាក់ដូចថ្ងៃនេះទេ ក៏ប៉ុន្តែ ពូចង់ឃើញថា នៅពេលពូចាកចេញពីដំណែង ប្រាក់សម្រាប់ពលរដ្ឋម្នាក់ៗ មិនតិចជាង ៣ ០០០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។

កម្មករ/ការិនីគ្រប់ផ្នែកទាំងអស់ រកប្រាក់ចំណូលបានលើសពីការកំណត់របស់អង្គការសហប្រជាជាតិ

តម្រូវការរបស់មនុស្សពិតជាមិនស្កប់ទេ។ ប្រាក់ចំណូលប៉ុណ្ណេះ វាគ្រាន់តែយើងធ្វើការប្រៀបធៀបពីការចាប់ផ្តើម គឺសូន្យ។ មកដល់ឥឡូវនេះ ក្មួយៗសព្វថ្ងៃនេះ​ រកប្រាក់ចំណូលបានច្រើនជាងប្រាក់មធ្យមភាគ សម្រាប់ពលរដ្ឋម្នាក់ៗ ដោយប្រាក់ចំណូលរបស់ក្មួយៗមានជាង ២ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។ នៅក្នុងការគណនារបស់អង្គការសហប្រជាជាតិ ដែលគេកំណត់ថា អ្នកដែលរស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រ គឺអ្នកដែលរកប្រាក់ចំណូលបានទាបជាង ១ ដុល្លារ ២៥ សេន ក្នុងមួយថ្ងៃ។ មុននោះ គេកំណត់ត្រឹមតែ ១ ដុល្លារ តែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ក្មួយៗរកបានលើសពី ៥ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ។ ដូច្នេះ ក្នុងចំណោមកម្មកររបស់យើង មិនថាកម្មករនៅក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធទេ សុទ្ធតែរកប្រាក់បានមិនទាបជាង ៤ ដុល្លារ(សហរដ្ឋអាមេរិក) ទេក្នុងមួយថ្ងៃ។ បើនិយាយពី កម្មករសំណង់ ឥឡូវដូច(រកបាន) ៣-៤ ម៉ឺន(រៀល) (ក្នុងមួយថ្ងៃ) បើ ៣-៤ ម៉ឺន(រៀល) បើ ៤ ម៉ឺន(រៀល) វា​ ១០ ដុល្លារ(សហរដ្ឋអាមេរិក)ហើយ។

បើដូច្នោះ កម្មករ/ការិនីគ្រប់ផ្នែកទាំងអស់ រកប្រាក់ចំណូលបានលើសពីការកំណត់របស់អង្គការសហប្រជាជាតិ ស្តីអំពីបន្ទាត់នៃភាពក្រីក្រ។ តាមរយៈនោះ ធ្វើអោយជីវ​ភាពរបស់ក្មួយៗកាន់តែប្រសើរឡើង។ ជាមួយនឹងការកើនឡើងជីវភាពកាន់តែប្រសើររបស់ឪពុកម្តាយនៅឯទីជនបទ តាមរយៈការធ្វើផ្ទះថ្មី តាមរយៈការទិញនូវមធ្យោបាយបង្កបង្កើនផល ជាគោយន្ត ឬរហូតទៅដល់អ្នកមានត្រាក់ទ័រ ឬប្រើប្រាស់នូវប្រាក់ចំ​ណូល​ទាំងនោះ ដើម្បីជួលនូវគ្រឿងយន្តកសិកម្ម សម្រាប់បម្រើអោយការភ្ជួររាស់ បម្រើអោយការដាំដុះ បម្រើអោយការប្រមូលផល។ យើងត្រូវបន្តនូវកិច្ចការងារនេះតទៅទៀត។

បន្តដំណើរលើលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រៀបចំការបោះឆ្នោតទៀងទាត់

លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវបន្តអនុវត្ត ទោះមាន ឬគ្មានអ្នកណាក៏ដោយ។ អ្នកខ្លះបែរជាមក​ដៀមដាម។ ពូគ្រាន់តែប្រាប់ថា អ្នកដែលមិនត្រូវបានកាត់សិទ្ធិនយោបាយ គួរតែបង្កើតគណបក្សថ្មី ដើម្បី ចូលរួមប្រកួតប្រជែង បែរជាគេឌឺអោយពូៗសូមផ្តាំទៅវិញ បើអ្នកឯងមិនចូល ក៏គេអត់ងាប់ដែរ សូមផ្តាំទៅ។ បើអ្នកឯងមិនចូល ក៏គេនៅតែបោះឆ្នោតដែរ កុំសង្ឃឹមថា អាបក្សដែលគេរំលាយហើយវារស់ឡើងវិញ។ អ្នកឯងចាំមើលទៅ។ កាប់ថ្មចំណាំពីថ្ងៃនេះទៅ។ ខ្ញុំក៏មិនចាំបាច់និយាយតទៅទៀតដែរ។ អ្នកចង់ចូលរួមក៏ជា សិទ្ធិរបស់អ្នក អ្នកចង់មិនចូលរួមក៏ជាសិទ្ធិរបស់អ្នក អ្នកចង់ទៅបោះឆ្នោតក៏ជាសិទ្ធិរបស់អ្នក អ្នកមិនទៅ បោះឆ្នោតក៏ជាសិទ្ធិរបស់អ្នក។ ប្រទេសនេះមិនមែនជាចំណាប់ខ្មាំងរបស់អ្នកទេ ប្រទេសនេះជារបស់ប្រជាជនកម្ពុជា។ តែដល់ពេលគេបោះឆ្នោត ប្រជាជនទៅបោះឆ្នោត បក្សនយោបាយនានាទៅឈរឈ្មោះបោះ ឆ្នោត មិនមែនរង់ចាំអ្នកទេ។ អ្នកត្រូវចាំ។​ ខ្ញុំក៏មិនចាំបាច់លូកមាត់ជាមួយអស់លោកអ្នកទៀតដែរ។ ហើយខ្ញុំ​យល់ថា មន្ត្រីរបស់រាជរដ្ឋាភិបាល មិនគួរនឹងនិយាយបន្តទៀតជាមួយនឹងពួកក្រៅច្បាប់នោះដែរ។

មាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ។ នេះគឺជារឿងពិត។ លើការជាក់ស្តែង បក្សនោះគឺងាប់បាត់ទៅហើយ តើកម្ពុជាកំពុងតែងាប់ឬអី? នេះវាជាការពិតមួយ។ ប្រជាពលរដ្ឋអត់ខ្វល់ទេ ខ្វល់បំផុតរបស់គាត់ គឺតើអញ មានបាយអោយកូនស៊ីគ្រប់គ្រាន់ឬអត់? តើអញមានសម្លៀកបំពាក់អោយកូនចៅគ្រប់គ្រាន់ឬអត់? អញ មានមុងភួយគ្រប់គ្រាន់ឬអត់? រឿងអស់លោកអ្នកបង្កើតនូវកំហុសធ្ងន់ធ្ងរ រហូតទៅដល់ក្បត់ជាតិ ឃុបឃិត ជាមួយបរទេស អស់លោកអ្នកទទួលកំហុសរបស់អស់លោកអ្នក អស់លោកអ្នកកុំទាញគេអោយទទួល កំហុសជាមួយ។ នោះគឺជារឿងអស់លោកអ្នកទេ។ ខ្ញុំក៏មិនចាំបាច់ជ្រលក់មាត់។

ពេលដែលយើងនិយាយថា បង្កើតបក្សទៅ ជាការផ្តល់យោបល់មួយ គេថា ចាំបាច់ផ្តល់យោបល់ … សូមកុំភ័ន្តច្រឡំណា យើងមិនបានដេញអ្នកឯងចេញទេ។ អ្នកឯងចេញទៅក្រៅស្រុកខ្លួនឯង។ អ្នកខ្លះចេញទៅចូលមកវិញហើយ ខ្ញុំក៏ដឹងទេតើ គ្រាន់តែមិនទៅដេកផ្ទះ ដេកផ្ទះអ្នកនេះ ដេកផ្ទះអ្នកនោះតែប៉ុណ្ណឹងតើ។ អ្នកខ្លះចេញទៅត្រឹមបាងកក ថា នៅស្រុកខ្មែរស៊ីស្រួលណាស់ ឥឡូវ នៅទីនោះ ស៊ីពិ​បាកណាស់ ចេញទៅណាក៏លុយ។ ទៅនៅស្រុកគេវាមិនស្រួលទេ អញមកវិញហើយ មកវិញបាត់។ ចាំតែស្រួលតើ។ អ្នកឯងចង់មកវិញមានអ្នកណាហាមឃាត់? សូម្បីតែអ្នកនយោបាយ​ ១១៨ រូប ដែលហាមឃាត់កុំអោយធ្វើនយោបាយ គេហាមឃាត់មិនអោយធ្វើនយោបាយតើ។ គេមិនមែនចាប់អ្នកឯងយកទៅដាក់គុកឯណា។ អ្នកឯងចង់មក​ ក៏មក អ្នកឯងចង់ទៅក៏ទៅ។

សូមផ្តាំត្រឡប់ទៅវិញ មិនបង្កើត … ហើយចង់ទៅណាក៏ទៅៗ។ ប្រទេសមិនមែនជាចំណាប់ខ្មាំង។ អ្នកឯងចាំមើលទៅ។ រង់ចាំមើលៗ អ្នកខ្លះថា ចុងឆ្នាំហ្នឹងគេនិយាយគ្នា លួងចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។ ចុងខែនេះដំណឹងល្អ គណបក្សយើងរស់ឡើងវិញ។ ដើមខែក្រោយ មេបក្សមួយនោះ ចូលមកក្នុងប្រទេស។ បើភូតថ្លុក ភូតត្រពាំង កុំភូតអោយសោះ។ យន្តការរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតកំពុងតែរៀបចំបោះនូវសន្លឹកឆ្នោត សម្រាប់បោះឆ្នោតសមាជិកព្រឹទ្ធសភា ដែលនៅទីនេះ គ្រាន់តែបេក្ខជនសមាជិកព្រឹទ្ធសភាប៉ុន្មាននាក់ឯណោះ។ ឯកឧត្តម អ៊ុក ប៊ុនឈឿន, ម៉ាន់ ឈឿន សុទ្ធតែ ឈឿន ដូចគ្នា អង្គុយក្បែរគ្នា។ ច្រើននាក់ណាស់នៅទីនេះ ដែលឈរឈ្មោះជាសមាជិកព្រឹទ្ធសភានោះ។ គេត្រៀមខ្លួនដើម្បីនឹងចូលរួមប្រកួតប្រជែង។ គណបក្សនានាគេក៏ដាក់ មណ្ឌលភូមិភាគណាគេឈរប៉ុន្មានបក្ស មណ្ឌលណាធ្វើយ៉ាងម៉េច គណៈកម្មាការជាតិរៀបចំការបោះឆ្នោត គេមិនរង់ចាំអ្នកឯងរស់ឡើងវិញទេ ហើយវាមិនរស់ទេ សាលក្រមតុលាការបិទផ្លូវតវ៉ា អ្នកណាមានសិទ្ធិធ្វើអោយរស់? ចេះនិយាយទៅរួច។

… អ្នកខ្លះ(និយាយ)សុទ្ធតែទៅក្រុមប្រឹក្សាសន្តិសុខ(អង្គការសហប្រជាជាតិ)។ អើ! ទ្វារក្រុមប្រឹក្សាសន្តិសុខ(អង្គការសហប្រជាជាតិ)ចាំតែបើកងាយតើ … រឿងរបស់ខ្ញុំ គឺគ្រប់គ្រង យ៉ាងម៉េចអោយប្រទេសកម្ពុជាមានសន្តិភាព និងបន្តលើផ្លូវអភិវឌ្ឍន៍។ ប្រទេសកម្ពុជាមួយដែលនឹងបន្តដំណើរលើលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងរៀបចំការបោះឆ្នោតអោយបានទៀងទាត់ ដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដែលអាចទទួលយកបាន។ នេះគឺជាកិច្ចការដែលខ្ញុំត្រូវត្រូវធ្វើ​។ ឯរឿងពួកក្បត់ជាតិ គឺរឿងរបស់តុ​លាការបានកាត់ក្តីរួចហើយ ខ្ញុំមិនចាំបាច់ឲ្យយោបល់ទៅអ្នកនេះ ទៅអ្នកនោះទេ។ ជួនកាល យើងមានបំណងល្អ តែគេយល់ថា នោះគឺជារឿងដែលយើងបង្ខំគេ។ មិនចាំបាច់ទេ កុំធ្វើតាម ហ៊ុន សែន ទេ  … ថ្ងៃនេះ ស្តាប់កន្សែងក្រហមទៀតហើយ … មានបទថ្មីៗច្រើនណាស់។ មួយវ៉ុលឯណោះ ហើយអ្នកចម្រៀងក៏ថ្មីៗមកចូលរួម ដើម្បីនឹងច្រៀងឲ្យស្តាប់ …។

អានេះគឺជាជីវិតធម្មតា សម្លេងភ្លេងការគឺមានគ្រប់ទីកន្លែង តែដល់ពេលវេលាហើយ ក្រោយពេលចេញវស្សា ឥឡូវថ្ងៃនេះ ៣ កើត ខែបុស្សហើយ កំពុងតែរងារ ព្រោះនៅប្រទេសយើងគេហៅថា រងារផ្ការគមួយទៅ ដល់ដំណាក់កាលរងារផ្កាចារ(មួយទៅ)។ ឥឡូវ មិនដឹង។ ដល់វាច្របូកច្របល់ពេក ភ្លៀងធ្លាក់អូសបន្លាយ មិនដឹងថាពេលហ្នឹងរងារផ្កាគ ឬផ្កាចារ? ប៉ុន្តែ គប្រហែលជាផ្លែទៅហើយទេដឹង? បើគក្តិប អាហ្នឹងរងារផ្កាគ។ តែនៅរងារផ្កាចារទៀតនោះ។ ក្មួយៗដែលមានផ្ទៃពោះ បន្តិចទៀត ពូនឹងដើរទៅតាមនេះ។ តែក៏សូមប្រាប់ អ្នកណាដែលមានផ្ទៃពោះកូនភ្លោះ ប្រាប់ពូថាមានភ្លោះ ព្រោះពូនឹងចែកស្រោមសំបុត្រពីរ …។

ថ្ងៃនេះ ក្មួយៗកម្មករ/ការិនីទាំងអស់​សរុប ១៦ ១១៨ នាក់ ពូមានប្រាក់តិចតួច ២ ម៉ឺនរៀលសម្រាប់ម្នាក់ៗ។ ឯសម្រាប់ស្ត្រីមានផ្ទៃពោះ ពូនឹងដើរចែកផ្ទាល់តែម្តង។ មិនដឹងថាមានប៉ុន្មាននៅក្នុងស្រោមសំបុត្រទេ ចាំមើលខ្លួនឯងទៅចុះ ហើយក៏ជូនក្រុមតន្រ្តីសម័យ ៥ លានរៀលផងដែរ។ សង្ឃឹមថា ច្រៀងឲ្យពិរោះបន្តិចកំដររោង។ ចុងបញ្ចប់ហើយ ក៏សូមជូនពរចំពោះក្មួយៗ ដំបូងបំផុតចំពោះក្មួយៗដែលមានផ្ទៃពោះ សូមឲ្យក្មួយៗទទួលបានសេចក្តីសុខពីនេះ ទៅដល់ពេលឆ្លងទន្លេ និងពេលឆ្លងទន្លេ ទទួលបានសេចក្តីសុខ ហើយទទួលបានកូនប្រុស ឬស្រី ដែលជាទីស្រឡាញ់ និងវ័យឆ្លាត។ ជូនពរចំពោះក្មួយៗ កម្មករ/ការិនី ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា