សម្រង់​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលជូនជ័យលាភីមេដាយមាស ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ

CNV:

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា!

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបអ្នកទាំងអស់គ្នាសាជាថ្មីម្តងទៀត ហើយក៏សូមយក​ឱកាស​នេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ គឺគ្រប់កម្រិតនៃ​ការ​ប្រកួត ដែលបាននាំមកនូវកិត្តិយសជាតិថ្ងៃនេះ ដែលខ្ញុំសូមស្នើអោយអង្គពិធីទាំងមូលទះដៃអបអរសាទរ។

កីឡាមិនមែនដើម្បីដូរប្រាក់ ត្រូវរក្សាតម្លៃ និងមានការយោគយល់គ្នាទៅវិញទៅមក

កីឡារបស់យើងពិតជានាំមកនូវវឌ្ឍនភាព ហើយដែលអម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានធ្វើ របាយការណ៍ជូនអង្គប្រជុំរួចហើយ សូម្បីតែឥណទានថវិកាដែលបានត្រៀមបម្រុង គឺមិនគ្រប់គ្រាន់ យើង​បានចាយលើសពី ៣ ពាន់លានរៀល ឡើងទៅដល់ជាង ១២ ពាន់លានរៀល ហើយក៏មិនទាន់គ្រប់ ជាមួយនឹងកីឡាករ/ការិនីថ្មីៗ ដែលទើបនឹងបានទទួល។ ក្នុងពេលដែលខ្ញុំអបអរសាទរ​ជាមួយនឹង​កីឡា​ករ/ការិនី ដែលជាជ័យលាភីនៅទីនេះ ខ្ញុំក៏សូមយកឱកាសនេះ និយាយទៅកាន់ក្មួយៗ ក៏ដូចជា អ្នក​គាំទ្រ​ទាំងឡាយ មេត្តាយោគយល់ អធ្យាស្រ័យ ហើយយើងតាំងខ្លួនជាអ្នកកីឡាស្អាតស្អំ កីឡាមិន​មែន​ដើម្បី​ដូរប្រាក់ ព្រោះរយៈពេលកន្លងទៅ ខ្ញុំក៏បានឃើញនូវការបង្ហោះតាមហ្វេសប៊ុកមួយចំនួន ដែល​នេះ​ជាការ​ទម្លាក់ខ្លួនរបស់ក្មួយៗ ឬក៏អ្នកគាំទ្រក្មួយៗទៅវិញទេ។

ទោះបីជាមេដាយថ្នាក់ណាក៏ដោយ បើសិនជាអង្គុយទាមទារនូវប្រាក់ប្រញាប់ប្រញាល់ហួស ច្បាស់ជានឹង ធ្វើអោយតម្លៃ ដែលយើងប្រកួតប្រកបដោយកិត្តិយសត្រូវធ្លាក់ចុះទៅវិញ។ អារម្មណ៍បែបនេះខ្ញុំយល់ ក៏ប៉ុន្តែ យើងត្រូវយល់នូវអ្វីដែលគេហៅថា ការចាយវាយប្រាក់ ប្រសិនបើយើងកំណត់បានជាមុន យើងមិនខុស បានពីការរៀបចំពិន្ទុទុកជាមុនសម្រាប់ការប្រកួតទេ។ យើងច្បាស់ជាត្រៀមបម្រុងនូវថវិកាគ្រប់គ្រាន់សម្រាប់​ការបើកផ្តល់អោយក្រសួងអប់រំ យុវជន និងកីឡា។ មានពេលមួយ ឯកឧត្តម ថោង ខុន បានស្នើសុំ​រៀបចំ​ពិធីជូនរង្វាន់សម្រាប់កីឡារបស់យើង ក៏ប៉ុន្តែ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាប័កនឹង​ទទួល ខុសត្រូវទៅលើបញ្ហាថវិកា បានជម្រាបស្នើសុំពន្យារពេល ព្រោះអ្នកទាំងពីរមិនបានពិគ្រោះពិភាក្សាគ្នាទេ។ រឿង​នេះ សុំបញ្ជាក់ជូនថា នៅក្នុងក្របខណ្ឌនៃថវិកាជាតិ ការរៀបចំថវិកាគឺមានបែបបទថវិកា។ គ្មាន​អ្នក​​ណាមួយដែលមានសិទ្ធិក្នុងការផ្ទេរថវិកានៅជំពូកនេះ បញ្ជូលទៅក្នុងជំពូកមួយទៀតទេ ហើយបើ​ចង់​ធ្វើ​បែប​នោះ ទាល់តែមានអនុក្រឹត្យ។

ក្រសួងអប់រំ យុវជន និងកីឡា គេបានទទួលនូវថវិកា សម្រាប់ជាប្រាក់រង្វាន់ប្រចាំឆ្នាំមានត្រឹមតែ ៣,២០០ លានរៀល តែប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ដោយសារតែសមត្ថភាពកើនឡើងរបស់កីឡាករ/ការិនីរបស់យើង គឺ​បានកើនឡើងទៅដល់កម្រិតចំណាយមកដល់ពេលនេះ ១២ ពាន់ ៥០០ លានរៀល។ អញ្ចឹង វាខុស​ត្រូវ​​គ្នា​ច្រើនដងណាស់។ អញ្ចឹង ក្រសួងខ្លួនឯងត្រូវធ្វើនិយ័តភាពផ្ទៃក្នុងនៃថវិកា បន្ថែមលើនោះ ត្រូវស្នើសុំរាជ​រដ្ឋាភិបាល (ដែល)ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី តើខ្ញុំចង្អុលទៅយកថវិកានៅកន្លែងណា? ត្រូវអោយ​ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ពិនិត្យមើល តើនៅកន្លែងណាត្រូវបង្វែរចេញ ដើម្បីមកបញ្ចូលអោយខ្ទង់នៃ​ប្រាក់​ចំ​ណាយនេះ? ប្រសិនបើចំពោះមិនទាន់បែងចែក មិនទាន់បានប្រើប្រាស់ទេ វាអាចងាយស្រួល ក៏ប៉ុន្តែ ក្មួយៗ​អើយ ជិតចុងឆ្នាំមិនមែនជាការងាយស្រួលទេ។ ប៉ុន្តែ ជាអកុសល ប្រហែលជាក្មួយៗជាកីឡាករ​/ការិនី ដែល​ជាអ្នកទទួលបានពានរង្វាន់នេះ មិនមែនជាអ្នកបង្ហោះតាមហ្វេសប៊ុកទេ តែយើងអាចសង្កេត​ឃើញនៅក្នុង​បណ្តាញ​សង្គម​នោះ វាទៅជាអ្នកគាំទ្រ ឬអ្នកដទៃទៅវិញ។

ធ្វើយ៉ាងដូច្នេះ វាជាការបន្តុះបង្អាប់មួយសម្រាប់កីឡាករ/ការិនី ដែលយើងជាអ្នកគាំទ្រពួកគាត់។ សម័យ​ថ្ងៃ​មួយ វាជារឿងចៃដន្យប្រញាប់ប្រញាល់ពេក ស៊ន សៀវម៉ី ត្រូវការវះកាត់បន្ទាន់ ត្រូវបញ្ជូនទៅ​សា​ធារ​ណ​រដ្ឋ​កូរ៉េ។ ពេលនោះយើងមិនមានប្រាក់ ចំពោះចំណាយសម្រាប់ផ្នែកនេះទេ ឯកឧត្តម ហង់ ជួនណារ៉ុន បាន​ដោះស្រាយប្រាក់ប្រមាណជាង ២ ពាន់ដុល្លារសហរដ្ឋអាមេរិក ជាប្រាក់គ្រួសាររ​បស់គាត់។ គាត់បាន​ស្នើ​សុំ​មករាជរដ្ឋាភិបាលនូវប្រាក់ ៥ ពាន់ដុល្លារ សម្រាប់ ស៊ន សៀវម៉ី ប៉ុន្តែ ដោយឃើញភាពបន្ទាន់ ខ្ញុំ​មិន​ពឹង​ពាក់ទៅលើថវិកាដែលលើរាជរដ្ឋាភិបាលទេ បើត្រូវការថវិការាជរដ្ឋាភិបាល វាត្រូវការពេលវេលាទៅទៀត ហើយថ្ងៃនោះចំថ្ងៃឈប់សម្រាក ដែលជាថ្ងៃដែលគេមិនអនុញ្ញាតអោយបញ្ចេញសាច់ប្រាក់នោះទេ។ ពូក៏​ត្រូវ​ចេញ​ប្រាក់ ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយជម្រុញបន្ទាន់ ធ្វើទៅម៉េចអោយដល់ ស៊ន សៀវម៉ី នៅ​ក្នុង​ការវះកាត់។

នេះខ្ញុំសូមស្នើដោយទទូច ចំពោះក្មួយៗ ទោះបីថា សាម៉ីខ្លួនក្តី ឬក៏អ្នកគាំទ្រក្តី សូមមេត្តាយោគយល់ ហើយ​តាំងចិត្ត និងតាំងកាយ ផ្លូវចិត្ត ផ្លូវកាយ អោយសមរម្យ ក្លាយទៅជាកីឡា ដែលមិនមែន​ជា​កីឡា​ដូរ​អង្ករ កីឡាដើម្បីដូរជាមួយប្រាក់នោះទេ។ ប្រាក់រង្វាន់ត្រូវទទួលហើយ។ ជ័យលាភីត្រូវបានស្វាគមន៍ និង​លើក​ទឹកចិត្ត ក៏ប៉ុន្តែយើងត្រូវយល់គ្នាទៅវិញទៅមក។ ប្រសិនបើប្រកួតឈ្នះភ្លាម មកដល់ភ្លាម ​​​បើក​លុយ​ភ្លាម នៅពោធិ៍ចិនតុងតែម្តង វាជារឿងមួយដូចជាអាក្រក់មើលខ្លាំងណាស់។ ថ្ងៃនេះ ទើបពូឆ្លៀត​និយាយ​បញ្ហា​នេះបន្តិច ដើម្បីយល់គ្នា បើមិនដូច្នោះ ថ្ងៃក្រោយការប្រកួតណាក៏ដោយ អោយតែចេញពីការប្រកួត ដឹង​តែ​មកដល់លុយៗ … អញ្ចឹង តម្លៃរបស់យើងនៅទីណាទៀត?

ក្រៅពីនោះ ក៏នៅមានបញ្ហាការប្រៀបធៀបនៅមិនទាន់អស់ ប៉ុន្តែ វាបានកាត់បន្ថយ។ មុននេះខ្ញុំធ្លាប់​បាន​និយាយ​​នៅកន្លែងនេះដែរ ពេលដែលខ្ញុំទៅចូលរួមប្រជុំនៅទីក្រុងបាងកក ពេលនោះមានការប្រកួតបាល់​ទាត់ រវាងបាល់ទាត់កម្ពុជា និងបាល់ទាត់ស្រីលង្ការ។ កំពុងតែទាត់នោះ គឺតង់ទី ១ យើងបានស៊ី​ស្រីលង្ការ​ដូចជា ២-០ រួចស្រេចទៅហើយ កាលហ្នឹងដូចជាយើងទាត់យកឈ្នះស្រីលង្ការ ៥-០ ឯណោះ។ ខ្ញុំកំពុង​មើល​ការ​ប្រ​កួត ព្រោះវាមិនមានការលំបាកទេ Download  One TV និង​ CCTV ចូលទៅក្នុងទូរស័ព្ទ។ យើងអាច​មើល​ការផ្សាយបន្តផ្ទាល់បានតាមរយៈទូរស័ព្ទ(របស់)យើង ទោះបីទៅទីណាក៏ដោយ។ ពេល​ដែលខ្ញុំជួប​ប្រ​ធានាធិបតីស្រីលង្ការ ខ្ញុំក៏បាននិយាយលេងជាមួយគាត់ថា ឥឡូវ យើងកំពុងតែមានការ​ប្រកួតជាមួយគ្នា កម្ពុជា​ស៊ី ៣-០ ហើយ ប៉ុន្តែ បើសិនករណីចុងក្រោយនេះ បើសិនជាលទ្ធផលល្អ អាចស្រីលង្ការ​ដណ្តើម​យក​ស្មើក៏អាចថាបាន ហើយបើសិនថាចាញ់ ចាំកម្ពុជាទៅលេងជាមួយស្រីលង្ការ យកឈ្នះស្រីលង្ការវិញ។ បន្ទាប់​ពីការប្រកួត នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភជាប្រាក់ សម្រាប់កីឡាករម្នាក់ៗ​ខាង​បាល់​ទាត់ គឺចំនួន ១ ពាន់ដុល្លារសហរដ្ឋអាមេរិក ទាំងកីឡា ទាំងគ្រូបង្វឹក សរុបទាំងអស់ជាង ៣០ នាក់ ជាង ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីលើកទឹកចិត្ត។ ប៉ុន្តែ ក៏ចាប់​ផ្តើម​មានការផុសចេញ អំពីការថ្នាំងថ្នាក់​ថា ​កី​ឡាប្រដាល់មិនត្រូវបានយកចិត្តទុកដាក់ទេ មានកីឡាដែល​ដណ្តើមបានមេដាយពិភពលោក មកដល់​ហើយ​ក៏​មិន​ព្រមផ្តល់។

យប់នោះ ខ្ញុំខិតខំសរសេរឆ្លើយតបតាម Page Facebook របស់ខ្ញុំ ដើម្បីឆ្លើយអំពីការយកចិត្តទុកដាក់​ទៅ​បញ្ហា​លើវិស័យកីឡាប្រដាល់ មានអ្នកណាយកចិត្តទុកដាក់លើសខ្ញុំទៅទៀតទេ? បើនិយាយពីកីឡា​ប្រដាល់​នោះ តាំងពីគ្មាន Sponsor ហើយពេលនោះ Sponsor មានតិចណាស់ ខុសពីឥឡូវ។ ឥឡូវ​ចាប់ពីល្ងាច​ថ្ងៃ​សុក្រនេះបាយ័នវាយហើយ ចាំមើលបាយ័នយប់នេះ វាយមានខ្មែរផង មានថៃផង ដល់​ថ្ងៃ​សៅរ៍ និងថ្ងៃ​អា​ទិត្យ គ្រប់ប៉ុស្តិ៍ទាំងអស់ គឺវាយ ហើយ Sponsor ពេញៗ។ ភរិយារបស់ខ្ញុំ គ្រាន់តែ​គាត់​មិន​ចេញមុខ មិនប្រកាសតែប៉ុណ្ណោះ គឺកីឡាប៉ុន្មានគាត់ស្គាល់ទាំងអស់ អ្នកណាគេវាយបាក់ដៃ អ្នកណា​គេ​វាយបាក់ជើង សូម្បីតែមួយនោះគ្នាមកពីបន្ទាយមានជ័យ។ ការពិតកំហុសដោយអចេតនាទេ រឿងកីឡា​នេះ គ្នាខំជិះតាក់​ស៊ី​មកវាយនៅប៉ុស្តិ៍បាយ័ន ដល់វាយទៅវាយខុសក្បួន បានសេចក្តីថា វាជ្រុលដៃ គេដួល​ហើយទៅថែម អាទាត់ទៅៗដកជើងយ៉ាងម៉េច? អាប៊ីតបណ្តេញចុះពីសង្វៀនប្រកួត។ ភរិយាខ្ញុំអោយ​ទាក់​ទងភ្លាម ហៅ​មក​ជូន​បាន ៣ ពាន់ដុល្លារ។ ទាត់គេខុសហើយ គាត់លួចជូនគេ ៣ ពាន់ដុល្លារថែមទៀត។ គាត់ចំណាយ​ទៅ​លើ​កីឡា ប៉ុន្តែ គាត់មិនប្រកាសនោះទេ។ កាលពីមុនគាត់មិនចេះមើលកីឡាប្រដាល់ទេ ឥឡូវអត់ទេ នៅជា​មួយ​គាត់មើលព័ត៌មានមិនបាន គាត់មើលតែប្រដាល់។

ខ្ញុំក៏បានបកស្រាយលើចំណុចមួយថា មេដាយពិភពលោកអោយតែបានមក សូមស្ពាយមក មេដាយ​ពិភព​លោក​ទៅបង្កើតត្រឹមតែប្រទេសថៃ អោយយើងទទួលស្គាល់ថាម៉េច? ក្របខណ្ឌនៃការប្រកួត មានចែង​នៅ​ក្នុង​អនុក្រឹត្យ ហើយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកចាត់បញ្ជូន។ នៅក្នុងក្របខណ្ឌអូឡាំពិក ឬក្នុងក្របខណ្ឌ FIFA សហព័ន្ធកីឡាបាល់ទាត់ ក៏ត្រូវមានក្របខណ្ឌរបស់វា មិនអាចទៅរាយប៉ាយ ហើយ​ត្រឡប់មកវិញកាន់ស្អីមួយមក ថាពិភពលោកនោះទេ។ សូមយល់គ្នាអំពីបញ្ហានេះ បើមិនដូច្នោះ វា​ទៅ​ជាបាត់សណ្តាប់ធ្នាប់ក្នុងវិស័យកីឡារបស់យើង ដែលជាការគួរអោយសោកស្តាយ បង្កើតទៅ​ជា​រឿង​អនា​ធិបតេយ្យមួយ។ ហើយចំណុចនេះ គឺជាចំណុចដែលមិនមែនការឈានឡើងរបស់កីឡា ហើយធ្វើអោយ​បាត់​សណ្តាប់ធ្នាប់របស់កីឡាទេ។ យើងមានវិធានការច្រើនណាស់ ដើម្បីជម្រុញវិស័យកីឡានេះ ​រាប់ទាំង​បញ្ហា​ការផ្តល់អាហារូបករណ៍ ផ្តល់នូវប្រាក់បំប៉នក្នុងរយៈពេលនៃការហ្វឹកហាត់ នៅគ្រប់ក្របខណ្ឌនៃ​ជម្រើស​ជាតិ ដែលធានាគ្រប់កាឡូរី សម្រាប់ការហ្វឹកហាត់របស់កីឡាករ/ការិនីជម្រើសជាតិរបស់យើង។

កុំអោយគេថា កីឡាខ្មែរគិតតែរឿងលុយ

អញ្ចឹងទេ យើងត្រូវបន្តការខិតខំទៅជាមួយគ្នា បើទោះបីជាយឺតបន្តិច វាគ្រាន់បើជាងមិនបាន។ ម្យ៉ាងទៀត ក្មួយៗសុទ្ធតែមានតម្រូវការ ទៅលើការជាប់ជួបជាមួយនាយករដ្ឋមន្រ្តី អោយនាយករដ្ឋមន្រ្តីបំពាក់មេដាយ អោយនាយករដ្ឋមន្រ្តីផ្តល់នូវរង្វាន់ជូន។ ប៉ុន្តែ ក្នុងមួយឆ្នាំ វេទិកាបែបនេះវាមានច្រើន ហើយថ្ងៃនេះ មិនដឹង​ថា​ប៉ុ​ន្មានប្រកួតយកមកជុំគ្នាម្តងទេ ច្រើនប្រកួតណាស់ អញ្ចឹងទេ យើងអាចជួបគ្នាម្តងទៅ បើសិនជាចង់​បាន​បែបនោះ។ ប្រសិនបើក្មួយៗមិនចង់​ជួប​មុខ​ពូទេ វាមានតែចាត់តាំងតំណាងប៉ុណ្ណោះ។ បើសិនជា​ចង់​ជួប​មុខពូ ពូមានតែម្នាក់ឯង ឯណាត្រូវការងារនេះផង ការងារនោះផង រកសម្រាកមិនបានទេ។ អញ្ចឹង ការ​រង់​ចាំមិនមែនជាបញ្ហាអាក្រក់ពេកនោះទេ។ សូមអ្នកគាំទ្រទាំងឡាយ ជួនកាលប្រើពាក្យខ្លះគួរអោយក្នាញ់ គួរអោយជ្រេញ។ គេថា “ប្រាក់រង្វាន់ដូចជាប្រាក់សុំទាន”។ តែមិនអីទេ ថ្ងៃក្រោយទៅខ្ចីចិន​នៅផ្សារ​អោយ​តែ​ម្តង​ទៅ ប្រសិនបើបែបនោះទៅហើយៗ ក៏មិនចាំបាច់មានការប្រកួតអីតទៅទៀតដែរ។ ហ្នឹងនិយាយអោយ​ត្រង់ៗ​នឹងគ្នាតែម្តង។ បើយើងមិននិយាយត្រង់ទេ វាទៅជាបាត់សណ្តាប់ធ្នាប់។ បើប្រទេសក្រៅគេចេះខ្មែរ គេ​ថា ពួកកីឡាខ្មែរនេះក៏អាក្រក់អាក្រីម្ល៉េះ គិតតែរឿងលុយសុទ្ធទៅហើយ។​

ពិតហើយ អ្នកណាក៏គិតដែរ សូម្បីតែអាឡឺម៉ង់ប្រកាសពីម្សិល មួយគ្រាប់​ ២៥ ម៉ឺនអឺរ៉ូ សម្រាប់នាំ​អាឡឺ​ម៉ង់​ទៅ World Cup ដល់កាន់ពានរង្វាន់លេខមួយ មួយគ្រាប់ហ្នឹង គឺសម្រាប់ម្នាក់ ២៥ ម៉ឺនអឺរ៉ូ។ គេដាក់​កម្រិត​កំ​ណត់​អញ្ចឹងតែម្តង បើនាំទៅដល់ពានរង្វាន់ គឺក្នុងមួយគ្រាប់បាល់សម្រាប់មនុស្សម្នាក់ ២៥ ម៉ឺន ហើយបើ​សិន​ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១០ ម៉ឺនជាង។ គ្រាន់តែ​ចូលទៅដល់វគ្គ ៨ ក្រុម គឺម្នាក់ ៨ ម៉ឺនអឺរ៉ូ។ គេក៏បានគិតអំពីបញ្ហាហ្នឹងដែរ​ ប៉ុន្តែ ខ្ញុំជឿថា​ កីឡាករអាឡឺម៉ង់នឹងមិនត្រឡប់មកផ្ទះវិញ ទារ​លុយ​ភ្លាមទេ វាត្រូវមានពេលរបស់វា វាត្រូវមានឱកាសរបស់វា ហើយជួនកាលគេទៅបើក​តាមធនាគារនោះ​ទៅ​ទៀត។

នេះពូចង់ឆ្លៀតយកឱកាសជាការដាស់តឿន មិនមែនជាការស្តីបន្ទោសទេ។ ក៏ប៉ុន្តែ យើងធ្វើដំណើររួមគ្នា ហើយកាន់តែបន្តដំណើររួមគ្នាឆ្ពោះទៅកាន់ស៊ីហ្គេម ២០២៣ ដែលវានៅមិនឆ្ងាយប៉ុន្មាននោះទេ មកដល់​ពេល​នេះ គឺនៅសល់រយៈពេល ៦ ឆ្នាំទៀត មិនដល់ផង ស៊ីហ្គេមនឹងបានដើរមកដល់។ ស្តាតរបស់យើង​ដែល​កំ​ពុងសាងសង់ដោយជំនួយរបស់ចិន នឹងត្រូវរួចរាល់នៅឆ្នាំ ២០២២ ជាមួយហេដ្ឋារចនា​សម្ព័ន្ធ​ចាំ​បាច់​មួយចំនួនទៀត។ យើងក៏បានបង្កើតលក្ខខណ្ឌសម្រាប់ការប្រកួតនៅតំបន់នោះ ហើយនៅទីនោះ នឹង​ក្លាយ​ទៅជាតំបន់ ដែលមានការរីកលូតលាស់ថ្មីមួយទៀត នៅពេលដែលយើងកសាងហេដ្ឋារចនា​សម្ព័ន្ធ​ចាំ​បាច់ ដើម្បីឈានឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ ២០២៣។

កោតសរសើរគ្រប់សហព័ន្ធកីឡាសុទ្ធតែប្រឹងប្រែង

ខ្ញុំសូមយកឱកាសនេះ ដើម្បីកោតសរសើរគ្រប់សហព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងក្នុងរយៈ​ពេលកន្លង​ទៅ។ ឥឡូវនេះ កីឡាខ្លះរបស់យើង ក៏បានទៅយកមេដាយនៅលើទឹកដី នៃម្ចាស់ប្រភេទកីឡានោះតែម្តង។ បើ​ប៉េតង់ យើងតែងតែដណ្តើមយកពីម្ចាស់ប៉េតង់​ ម្ចាស់ប៊ូល នរណាទៅ? គឺបារាំង។ អតីតនាយករដ្ឋ​មន្រ្តី​បារាំង ហ្វ្រង់ស្វ័រ ហ្វីយ៉ុង នៅពេលដែលគាត់មកជួបខ្ញុំនៅកម្ពុជា អ្វីដែលគាត់ផ្ញើខ្ញុំ គឺប៊ូល។ ម្យ៉ាងប៊ូល គឺ​ជានិមិត្តរូប ដែលការច្នៃប្រឌិតម្ចាស់ដើមរបស់វា គឺបារាំង ហើយពេលនោះ គាប់ជួនខ្ញុំក៏លេងប៊ូលដែរ អញ្ចឹង គាត់​ផ្ញើ​អាប៊ូលហ្នឹងដែរ។ ឥឡូវនេះ ទៅប្រទេសជប៉ុន នាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ កាដូរបស់​គាត់​(សម្រាប់ខ្ញុំ) គឺអី? គឺ Putters ​សម្រាប់ការវាយកូនហ្គោល ហើយគាត់បានប្រាប់ទៀតថា អា Putter ហ្នឹង ប្រធានា​ធិប​តី ដូណាល់ ត្រាំម៍ ខ្ចី Putter របស់គាត់ ដើម្បី Putt ពីរឡូ។ អញ្ចឹង គាត់គិតថា Putter ហ្នឹង​ល្អ គាត់ក៏​ផ្តល់​អោយខ្ញុំមួយដើម។

​អញ្ចឹង គេស្វែងយល់ណាស់ អំពីចរិតរបស់មនុស្សម្នាក់ៗ ចង់អ្វី? អញ្ចឹង បានជាពេលបំពេញ​ប្រវត្តិរូប​ទៅ​ប្រ​ទេសណាមួយ គេតែងសិក្សាពីយើង ជួនកាលគេតម្រូវអោយយើងបំពេញអោយគេតែម្តង។ ឈាមយើង​Group អី ព្រោះនៅពេលដែលយើងមានជំងឺភ្លាម គឺត្រូវបញ្ចូលឈាម គេមិនត្រូវការធ្វើតេស្ត៍ឈាមទេ គេ​យកឈាម Group ហ្នឹងមកបញ្ចូលឈាមអោយយើង។ ម្ហូបចំណីយើងត្រូវការម្ហូបចំណីអី តមស្អីខ្លះ ហិរ ឬតមស្អី? ជួនកាលយើងត្រូវការម្ហូបបួស ដើម្បីអោយពេលគេដាក់ម្ហូបអោយយើងក្នុងពិធីជប់លៀងផ្សេង។ ចំណង់ចំណូលចិត្តយើងស្អី? ប៉ុន្តែ ភាគច្រើន គឺគេសិក្សាពីយើងទៅវិញទេ។ ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​នេះចូលចិត្តអានសៀវភៅ ចូលចិត្តស្តាប់ភ្លេង ចូលចិត្តហាត់កីឡា ហើយកីឡាហ្នឹងមាន​ប្រភេទ​កី​ឡា​អីទៀត។ អញ្ចឹង បានជាគេកាដូអោយយើងតែងតែត្រូវទៅលើការចង់បានរបស់យើង។ កាដូអោយខ្ញុំ​រ៉ាកែតវាយសី គឺអត់ត្រូវទេ។ ប៉ុន្តែ ឥឡូវហ្នឹង បើជាកាដូប្រដាប់វាយកូនហ្គោល គឺថាមួយណាក៏យកដែរ ព្រោះអាហ្នឹងជារបស់ដែលយើងត្រូវការ។

ទីលានប្រកួតកីឡា មិនខុសពីទីលាននយោបាយ

គ្រប់សហព័ន្ធទាំងអស់ សុទ្ធតែមានការប្រឹងប្រែង។ ប៉ុន្តែ ម្សិលមិញនេះ ​នៅក្នុងទូរទស្សន៍​ណាមួយដូចជា​មាន​ប្រភេទកីឡាអីមួយនោះ ដែលមានទំនាស់ផ្ទៃក្នុង ចាត់តាំងប្រកួតមិនបាននោះ។ ដូចជាក្នុងទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ប្រភេទកីឡា Wushu … (សួរនាំ) …។ ព្យាយាមនឹងរកម៉ែត្រវាស់មួយអោយឃើញ នៅក្នុង​វិស័យ​កីឡា ហើយកីឡានេះសុំចងចាំ ទីលាន​កីឡាមិនខុសពីទីលាននយោបាយទេ។ កីឡា ទោះបីថាកី​ឡា​យើងជំនាន់នេះ នៅសល់តែប៉ុន្មានឆ្នាំទៀត យើងនឹងមានវ័យចាស់ យើងប្រកួតមិនបាន ប៉ុន្តែ ការប្រ​កួត​មិន​បាននោះ មិនមែនមានន័យថា កន្លែងប្រកួតត្រូវបំផ្លាញចោលទេ។ ពេលខ្លះ កីឡានៅលើពិភព​លោក​​នេះមានគេហាមឃាត់ជាក្រុម នៅពេលដែលមានការប្រព្រឹត្តធ្ងន់ធ្ងរ ហើយមានការហាម​ឃាត់ជា​បុគ្គល។ ប៉ុន្តែ ការហាមឃាត់ទាំងនោះ វាមិនពាក់ព័ន្ធ គេមិនបំផ្លាញតារាងបាល់ទាត់ ឬបាល់ទះ​ចោល​នោះ​ទេ។ នៅពេលដែលគេធ្វើតេស្ត៍ឃើញថា អ្នកឯងប្រើសារធាតុលើកកម្លាំង គឺត្រូវពិន័យ ខ្លះគេហាម ២ ឬ ៣ ឆ្នាំ ខ្លះគេហាមមួយជីវិតតែម្តង ប៉ុន្តែ សួរថា ការហាមឃាត់ ចំពោះអ្នកទាំងនោះ វានាំទៅដល់ការ​លុប​ចោល​នូវការ​ប្រកួតកីឡានេះអត់ទេ?

ការបោះឆ្នោតឆ្នាំ ២០១៨ នៅតែបន្តធ្វើធម្មតា

កម្ពុជាក៏ដូចគ្នាដែរ ការបោះឆ្នោតឆ្នាំ ២០១៨ នៅតែបន្តធ្វើធម្មតា បើទោះបីជាមនុស្សដែលប្រព្រឹត្តខុស ត្រូវ​បានហាមឃាត់សម្រាប់ប៉ុន្មាននាក់ ក៏ប៉ុន្តែ ១៥ លាននាក់ ទៀតនៅតែបន្តការបោះឆ្នោតធម្មតា។ រឿង​ធម្មតាខ្លាំងណាស់ សម្រាប់ពិភពលោកមួយនេះ អញ្ចឹងទេ ខ្ញុំមិនចង់និយាយរឿងនយោបាយទេ ក៏ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា​ សូមកុំលួងចិត្តខ្លួនឯងប្រចាំថ្ងៃ ប្រចាំអាទិត្យ ឬប្រចាំខែ។ អ្នកខ្លះសង្ឃឹមទៅលើការបង្កក​ទ្រព្យ​សម្បត្តិរបស់មេដឹកនាំកម្ពុជានៅក្រៅប្រទេស។ សូមអញ្ជើញធ្វើទៅ។ ខ្ញុំរុញអោយអ្នកឯងធ្វើ ដើម្បីរក​អោយ​ឃើញ​ថា មេដឹកនាំកម្ពុជាណាខ្លះមានលុយនៅក្រៅប្រទេស … មេដឹក​នាំណាខ្លះមានលុយនៅ​ក្រៅ​ប្រទេស សូមអញ្ជើញធ្វើទៅ។ វាមិនបានប៉ះក្បាល ហ៊ុន សែន ទេ។ លើកលែងតែអ្នកឯងនាំកងទ័ព ទៅ​វាយទន្រ្ទាន​យកប្រទេសរបស់ខ្ញុំទាំងមូល។ ប៉ុន្តែ បើអ្នកឯងហ៊ានចូល ក៏អ្នកឯងហ៊ានចោលខ្មោច​នៅស្រុក​ខ្មែរដែរ។

ដំណាក់កាលនេះ ​ពិភពលោកគេមិនធ្វើអាធនហ្នឹងទេ គេប្រើគ្នាឯងអោយធ្វើគ្នាឯងតែប៉ុណ្ណោះ ព្រោះគេក៏​ធ្លាប់​ងាប់លើដីយើងរកមិនទាន់អស់ផង។ មិនចាំបាច់គំរាមទេ សុំអំពាវនាវអោយអ្នកទាំងឡាយធ្វើ​អោយ​ស្រូតបន្តិចទៅ ហើយគូសមក មនុស្សណាខ្លះដែលត្រូវហាមឃាត់មិនអោយចូលប្រទេសអ្នកឯង។ បានតើ នៅពេលដែលគេមិនហាមឃាត់ សួរថា មន្រ្តីទាំងអស់ហ្នឹងត្រូវការទៅនៅស្រុកគេឬស្អី? នៅស្រុកឯង​វាងាប់​ឬវា​រស់? នៅស្រុកឯងមួយជីវិតហើយ ម៉េចក៏ចាំបាច់ទៅនៅស្រុកគេធ្វើស្អី? កុំលួងចិត្តខ្លួនឯង​តាមរយៈ​ទៅធ្វើ​កញ្ជះគេ។

អ្វីទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ?

មានអ្នកខ្លះហ៊ាននិយាយដល់ប៉ុណ្ណេះទៅទៀត គេថា បន្តិចទៀតទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហ​ប្រ​ជា​ជាតិ … ​សូមផ្តាំទៅ សូមរៀនសូត្រអោយមានការចេះដឹងបន្តិច អំពីអ្វីទៅដែលហៅថា ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិ ដែលអង់គ្លេសគេហៅកាត់ថា UNSC នោះ? នៅពេលដែលកម្ពុជា​មាន​បញ្ហា រុញបញ្ហាទៅក្រុមប្រឹក្សាសន្តិសុខ។ មិនមែនចេះតែ​ដើរគោះ​ទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រ​ជា​ជាតិ​អោយគេបើកបានទេ? បើអញ្ចឹងក្រុមប្រឹក្សាសន្តិសុខ ជំពាក់លើបញ្ហាគ្រប់យ៉ាង។ ហើយក្រុម​ប្រឹក្សា​សន្តិ​សុខ គ្មានជំនាញពិភាក្សាលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទេ។ នៅក្នុងចំណោមក្រុមប្រឹក្សាសន្តិ​សុខ មានសមាជិកអចិន្រ្តៃយ៍ ៥ រូប ៥ ប្រទេស ដែលរួមមាន៖ ចិន រុស្ស៊ី មានបារាំង មានអាមេរិក និង​មាន​អង់​គ្លេស។ ក្នុង ៥ ប្រទេស មានតែមួយ វេតូ គឺចប់។ សុំផ្តាំទៅ ហើយសុំបញ្ជាក់អ្នក​នៅក្នុង​ស្រុក​ដែល​ចាញ់​បោកអាពួកអ្នកស្រែកពីខាងក្រៅមក សុំកុំសង្ឃឹម រៀនសូត្រអោយចេះដឹង អំពីរចនាសម្ព័ន្ធរបស់​អង្គការ​សហ​ប្រជាជាតិសិន។

សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គ្មានន័យចាប់បង្ខំសម្រាប់ការអនុវត្តទេ

សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គ្មានន័យចាប់បង្ខំ សម្រាប់ការអនុវត្តទេ ផ្ទុយ​ទៅវិញ​សេចក្តី​សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ មានន័យចាប់បង្ខំអោយមានការអនុវត្ត។ ការសម្រេច​របស់សភា​អាមេ​រិក ក៏មិនមែនមានន័យចាប់បង្ខំអោយរដ្ឋាភិបាល Trump អនុវត្តដែរ ការអនុម័តដោយ​សភាអឺរ៉ុប ក៏​មិនមានលក្ខណៈចាប់បង្ខំអោយស្នងការអឺរ៉ុប ប្រធានអឺរ៉ុបអនុវត្តនោះទេ ត្រូវយល់កិច្ចការងារ​នេះអោយបាន។ ចាំមើលទៅ។ កុំលួងចិត្តឯងប្រចាំថ្ងៃ ប្រចាំអាទិត្យ និងប្រចាំខែ លួងមើលទៅ ចាំមើល​ទៅ អស់លោក​ចាំ​មើល​ទៅ មិនមែនអ្វីៗពិភពលោកសុទ្ធតែធ្វើបានតាមចិត្តចង់នោះទេ ហើយចំណុច​អស់​ទាំងនេះ មានទៅ​មានមក។

ផ្អាកសហប្រត្តិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដរាបណាអាមេរិកយល់ព្រមតាមសំណើរបស់កម្ពុជា

យើងនឹងបើកអោយដំណើរការឡើងវិញ នៃការុករកអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលនៅបន្តបាត់ខ្លួន ៤៩ នាក់ ក្នុងលក្ខខណ្ឌដែលអាមេរិកនឹងផ្តល់អោយយើងត្រឡប់មកវិញ នូវអ្វីដែលអាមេរិកយកពីយើង។ យើងមិន​ទាន់​បាននិយាយថាបញ្ចប់កិច្ចព្រមព្រៀងឯណា យើងស្នើពិភាក្សាអំពីការធ្វើវិសោធនកម្ម ទៅលើ​កិច្ចព្រមព្រៀង​នេះ ដោយសារតែយើងបានទទួលពលរដ្ឋយើង ដែលជាប់គុកនៅអាមេរិក ​ហើយ​ត្រូវ​គេ​ដេញ​ចេញ។ អញ្ចឹង ខ្ញុំបានស្នើសុំទៅអាមេរិកថា គួរមានគោលការណ៍មនុស្សធម៌ គួរធ្វើវិសោធនកម្ម ព្រោះអ្នក​ដែលបញ្ជូនមក ៦០០ នាក់ មាន ៤ នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួន។  អញ្ចឹង ក្រោមហេតុផលសិទ្ធិមនុស្ស និងមនុស្សធម៌នេះ យើងបានស្នើទៅអាមេរិក ​ប៉ុន្តែ បែរជាអាមេរិកដាក់យើងជាមួយនឹងប្រទេស​ប៉ុន្មាន​ទៀត​ថា ជាប្រទេសមិនសហការណ៍ទទួលយកពលរដ្ឋខ្មែរត្រឡប់មកវិញ។ ក៏ធ្វើការរិតបន្តឹងទៅលើទិដ្ឋាការ យើងក៏យក​នូវវិធានការណ៍មួយឆ្លើយតប។ បើដូច្នោះ ត្រូវផ្អាកនូវសហប្រតិបត្តិការរុករកអដ្ឋិធាតុសិន។

យើងត្រៀមខ្លួននឹងផ្តល់កិច្ចសហការត្រឡប់ទៅវិញ នៅពេលដែលអ្នកឯងអោយអាហ្នឹងត្រឡប់មកខ្ញុំវិញ ចប់គ្នាហើយ។ ម្យ៉ាងទៀត ឥឡូវនេះយើងកំពុងតែអនុវត្តតើ យើងកំពុងតែធ្វើសម្ភាសន៍ ឥឡូវ ធ្វើសម្ភាសន៍​បាន ៧០ នាក់ទៀត។ ក្នុង ៧០ នាក់ មានប៉ុន្មាននាក់នោះកំពុងឈឺធ្ងន់ សុំអោយអាមេរិកសហការណ៍ ម្យ៉ាងទៀត ឥឡូវនេះ ខ្ញុំបើកច្រកអោយមានការពិភាក្សាលើការទទួលយកប្រជាពលរដ្ឋ ដែលទៅរស់នៅ​អាមេរិកក្រោយឆ្នាំ ១៩៩៤ ខ្ញុំមិនចង់អោយពលរដ្ឋខ្មែរដែលត្រូវទៅនៅអាមេរិក ត្រូវគេបញ្ជូនទៅកាន់​ប្រទេសនេះ ប្រទេសនោះផ្សេងទៀតក្រៅពីត្រឡប់មកកម្ពុជាទេ។

អញ្ចឹង បញ្ហានេះ ដោយសារវាជាប្រធានបទមួយ ខ្ញុំក៏ត្រូវតែនិយាយ ដើម្បីជាសារមួយ។ អ្នកខ្លះរង់ចាំនេះ អ្នកខ្លះរង់ចាំនោះ។ ខ្ញុំស្តាប់អស់លោកនិយាយដែរ មិនមែនថាមិនស្តាប់ទេ អស់លោកសង្ឃឹមណាស់ថា​បន្តិចទៀតរដ្ឋបាលភ្នំពេញ គឺនឹងគាំងតែម្តង។ សុំផ្តាំទៅ សម័យដើម ធ្វើការដូរអង្ករ ឯងហ៊ុំព័ទ្ធ​អញៗ​រស់​បាន រឿងអីមកដល់ប៉ុណ្ណឹងហើយរស់មិនបាន? កន្លងទៅដែលគេអោយទិដ្ឋាការនោះ តើអស់លោកមួយឆ្នាំ​ទៅ​ប៉ុន្មាន​ដង? បើខ្ញុំវិញ ដែនដីអាមេរិក ​ក្រៅពីញូវយ៉កដែលជាទីកន្លែងអង្គការសហប្រជាជាតិ តែមួយ​ដង​គត់​ដែលខ្ញុំទៅ។ ទៅវ៉ាស៊ីនតោន។ ទៅហ្នឹងទៅក្នុងនាមបេសកកម្ម ដែលអ៊ុនតាក់ស្នើអោយខ្ញុំទៅ។  អ៊ុន​តាក់​ អ្នកស្នើអោយខ្ញុំទៅ ដើម្បីទៅបញ្ជាក់ជាមួយនឹងសភាអាមេរិក ក្រៅពីនោះមាន​ហេតុផលអី​ដែល​ខ្ញុំ​ទៅ? ខ្ញុំដើរតែមួយស្រុកខ្មែរ ខ្ញុំដើរមិនទាំងអស់ផង ចាំបាច់ដើរស្រុកគេ? តារាងកូនហ្គោលក្បែរ​ហ្នឹង ដើរមិន​ទាំង​អស់តារាងកូនហ្គោលផង។ និយាយអោយពិតទៅ គិរីរម្យអត់ដែលបានឡើងទេ។ តាំងពីមុនរហូតមក​ដល់​ឥឡូវ អត់ស្គាល់គិរីរម្យយ៉ាងម៉េច។ បូកគោទៅបានតែកន្លែងសម្ពោធ (និង)ទៅប្រជុំ ទៅបាន ២ ដង។ ដើរ​ស្រុកខ្មែរ ដើរមិនទាន់អស់ផង។

វិធានការទណ្ឌកម្ម មិនមែនអ្នកណាចេះតែធ្វើបានទេ

វិធានការទណ្ឌកម្មតាមសំណូមពររបស់អ្នក មិនមែនអ្នកណាចេះតែធ្វើទេ។ កុងត្រាកិច្ចសន្យា នៃការបញ្ជា​ទិញ​ពីស្រុកខ្មែរបានចុះហត្ថលេខារួចហើយ សួរថាវិស័យឯកជនគេព្រមធ្វើតាមទេ? ត្រូវសងគេងាប់នៅ​(ទី)​នេះ។ ហើយអារឿងទិដ្ឋាការ ត្រូវមើលពាក្យ “ទណ្ឌកម្មទិដ្ឋាការ និងរឹតបន្តឹងទិដ្ឋាការ” វាខុសគ្នាណា? មើល​ក្នុងហ្នុង​ មើលក្នុងភាសាដែលគេប្រើ។ គេថា រឹតបន្តឹង មិនមែនទណ្ឌកម្មទិដ្ឋាការទេ។ បើសិនជា​ទណ្ឌ​កម្ម​ទិដ្ឋាការ ក៏វាអត់ងាប់ខ្មែរដែរ។ សុំផ្តាំទៅ។ ហើយ Comment តាម Facebook Page មក ធម្មតាមាន Live ផ្ទាល់ … ស្អីសុទ្ធតែបន្តិចទៀតទៅដល់ក្រុមប្រឹក្សាសន្តិសុខ(អង្គការសហប្រ​ជា​​ជាតិ) ក្រុមប្រឹក្សា​សន្តិ​សុខ​(អង្គ​ការ​សហប្រជាជាតិ)បើកទ្វារស្រួលណាស់អី? នៅក្នុងចំណោមក្រុមប្រឹក្សាសន្តិសុខ​(អង្គការសហ​ប្រជា​ជាតិ) សួរថា តើគេឯកភាពទាំងអស់ទេ? អាអ្នក​ឆ្កួត​នៅ​ខាង​ក្នុងនេះចាំតែឆ្កួតតាម​អាអ្នក(នៅ​ខាង​ក្រៅ) អានោះខ្លាៗហ្នឹងគេដែរ។ សួរថាពលរដ្ឋខ្មែររាល់ថ្ងៃនេះ សួរថាកីឡាគេស្ទះទេ? ក្មួយអើយ! ទោះបីថា អា​លុយ​វាយឺតយ៉ាវបន្តិចក៏ដោយចុះ ក៏ប៉ុន្តែ ក្មួយគង់តែបានទេ។ ថ្ងៃនេះត្រូវយកមកចែកជិត ២ លាន​ដុល្លារ សួរ​ថា ខ្មែរវាងាប់ហើយឬនៅ? អត់ពីពួកឯងប៉ុន្មាននាក់ហ្នឹងវាងាប់ហើយឬនៅ? កាលពីយើង​កសាងប្រទេស ពួកហ្នឹងមិនដឹងនៅឯណាផងទេ? និយាយអោយវាចំៗអញ្ចឹងតែម្តងទៅ ពួកហ្នឹង​ដែល​ជួយ​យើងពីអង្កាល់? ពូកែខាងសម្លាប់យើងហ្នឹង? ប៉ុន្តែ វាមិនងាប់ទេ។ អញ្ចឹង សូមផ្តាំផ្ញើ។

មិនមានលុយផ្ញើនៅធនាគារក្រៅប្រទេស បើរកឃើញយកទាំងអស់ចុះ

សភាអឺរ៉ុបតាំងពីចេញមក សូម្បីតែអាភ្នំពេញប៉ុស្តិ៍ហ្នឹងវាក៏ចុះផ្សាយព្រឹកមិញនេះ ក្នុងពីឆ្នាំ ២០១៤ មក​ដល់​ឥឡូវហ្នឹងវាចេញសេចក្តីសម្រេចដល់ទៅ ៥ ដង លើបញ្ហាខ្មែរ។ ប៉ុន្តែសួរថា រដ្ឋាភិបាលអឺរ៉ុប​វាអនុវត្ត​ទេ? ហើយម្យ៉ាងទៀតអឺរ៉ុបវាត្រូវមានកុងសង់ស៊ីសរបស់វា ហើយតិចៗគេបង្កកទ្រព្យសម្បត្តិ​របស់មេដឹក​នាំ​គណ​បក្សប្រជាជន។ អើ! មេដឹកនាំណាភ្លើយកលុយទៅទុកនៅហ្នឹង ហ្អែងយកចុះ? បន់អោយ​យក​ថែម​ទៀត។ ខ្ញុំស្អប់អាយកលុយទៅទុកនៅខាងក្រៅ អោយគេយកអោយអស់តែម្តងទៅ មន្ត្រីភាគច្រើន និងប្រ​ជា​ជនកម្ពុជាទេ រាប់ទាំង ហ៊ុន សែន អត់មានលុយនៅក្រៅប្រទេសទេ។

មានលុយវានៅមិនសុខក្នុងហោប៉ៅទេ វាមើលឃើញសាលានេះវាខ្វះ ស្រះទឹកនោះវាអត់ អ្នកជំងឺ​នេះខ្វះ​លុយ និយាយអោយវាច្បាស់ទៅ។ យ៉ាងណាត្រូវតែព្យាបាល តាវីតាមីនសេ អោយជា។ តាវីតាមីនសេ មិន​និ​យាយ ខ្ញុំប្រកាសថ្ងៃនេះ។ ថ្ងៃមុន ភរិយាខ្ញុំអោយប្រាក់មួយចំនួនទៅពិនិត្យ ត្រឡប់មកវិញគាត់​សម្ភាសន៍​តាម CNC តម្រូវការនៃការវះកាត់ថ្លើមរបស់គាត់។ ខ្ញុំជូន ៥ ម៉ឺនដុល្លារ ភ្លាមអោយទៅព្យាបាល ហៅទូរស័ព្ទទៅ តាវីតាមីនសេ យំតែម្តង។ អានេះជាតម្រូវការរបស់មនុស្ស គ្រាន់តែខ្ញុំមិនប្រកាសតែប៉ុណ្ណឹង ហើយវាពឹង​ពាក់​អ្នកនេះអោយ ២០ ដុល្លារ អ្នកនោះអោយ ៣០ ដុល្លារ អ្នកនោះអោយ ១០០ ដុល្លារ រង់ចាំប៉ុន្មានឆ្នាំ តាវីតាមីន​សេ ងាប់បាត់។ លុយទៅដល់ តាវីតាមីនសេ ហើយ ទូរស័ព្ទទៅតាមក្រោយ។ តាវីតាមីនសេ យំ​បណ្តោយ។ ថាតាឯងទៅព្យាបាល ទៅវះកាត់ កុំរង់ចាំលុយដែលគេចូល ទៅវះកាត់​អោយ​ឆាប់។ សង្គ្រោះ​ជីវិតមនុស្សវាសំខាន់ជាង។ ខ្ញុំអត់មានលុយយកទៅក្រៅប្រទេសទេ។ ពេលដែលខ្ញុំស្លាប់ សូមដាក់​តែ​ប្រាក់កាក់មួយទៅបានហើយ ខ្ញុំស្ពាយទៅមិនរួចទេ។ ខ្ញុំទុកបន្សល់នូវអ្វីៗនៅលើផែនដីកម្ពុជា។

អាមួយនោះវាថា ហ៊ុន ម៉ាណែត មានប្រាក់ ២ រយលានអឺរ៉ូនៅធនាគារបារាំង ហើយកំពុងដាក់ដេញ​ថ្លៃ​ទី​ស្នាក់ការបក្សសង្គមនិយមបារាំង។ បាន ហ៊ុន ម៉ាណែត ថា បើរកឃើញយកទៅ។ សូមផ្តាំទៅ ខ្ញុំលើក​ទឹក​ចិត្ត​អឺរ៉ុប និងអាមេរិក បង្កកទ្រព្យសម្បត្តិមេដឹកនាំកម្ពុជា ខ្ញុំលើកទឹកចិត្តថែម មិនចាំបាច់គម្រាមទេ ធ្វើទៅ អ្នកឯងពូកែអ្នកឯងធ្វើទៅ។ ខ្ញុំមានសញ្ជាតិតែមួយទេ និយាយអញ្ចឹងវាប៉ះពាល់អ្នកមានសញ្ជាតិច្រើន ខ្ញុំ​មិនចង្អៀតចង្អល់ទេរឿងហ្នឹងនោះ។ មន្ត្រីរាជរដ្ឋាភិបាល (និងមន្ត្រី)គណបក្សប្រជាជនប៉ុន្មាននាក់ទៅ ដែលមាន​ទ្រព្យ​សម្បត្តិនៅក្រៅប្រទេស? អើ! បើភ្លើណាស់យកទៅទុកនៅទីនោះទៅ។ អត់មានទ្រព្យ​សម្បត្តិយកទៅ​ទុក​នៅខាងក្រៅប្រទេសទេ ហើយនៅក្នុងប្រទេសទ្រព្យសម្បត្តិរបស់ខ្ញុំ ដើរទៅមើលទៅ នៅតាមសាលារៀន នៅតាមវត្តអារាម នៅតាមស្រះទឹក នៅតាមប្រឡាយទឹក មានអណ្តូងទឹក។

ផ្តល់ប្រាក់លើកទឹកចិត្តផ្ទាល់ខ្លួនបន្ថែមលើប្រាក់រដ្ឋ ចំពោះជ័យលាភីគ្រប់កម្រិត

ថ្ងៃនេះ ប្រាក់កាក់មួយចំនួនក៏ត្រូវបានផ្តល់អោយក្មួយៗបន្ថែមលើប្រាក់រដ្ឋទៅទៀត អាហ្នឹងស្អីទៅ? ដើម្បី​ជម្រុញ​វិស័យ​កីឡា លើកទឹកចិត្តអាហ្នឹងទៀត បន្តិចទៀតពូនឹងប្រាប់ ព្រោះតែអោយលើកទីមួយហើយ ត្រូវតែអោយ​លើក​ទីពីរ, ទីបី, ទីបួន, ទីប្រាំ ទៅរហូតដល់ពេលណាដែលពូឈប់ធ្វើជានាយករដ្ឋមន្ត្រី។ អាហ្នឹងលុយ​ដោយ​​ឡែករបស់ពូទេ មិនមែនយកលុយរដ្ឋមកធ្វើទេណា។ លុយរដ្ឋផ្សេង លុយពូផ្សឹង។ ថ្ងៃ​នេះ ម្នាក់ៗក្លាយ​ទៅ​ជា​អ្នកមាន។

ពិភពលោកបច្ចុប្បន្ន មានឥរិយាបថនយោបាយការបរទេសឯករាជ្យផ្សេងៗគ្នា

នេះគ្រាន់តែជាសារទេ រឿងធំជាងគេ មិនមែនកត្តាសម្រេចមកពីសម្ពាធនេះ សម្ពាធនោះទេ សុំទោស។ ពិភព​លោកបច្ចុប្បន្ន គឺមានឥរិយាបថនយោបាយការបរទេសឯករាជ្យផ្សេងៗគ្នា កម្រិតខុសៗគ្នា យើងត្រូវ​យល់​អោយបាន។ នៅពេលកូនគេមកលួចយើង ប្លន់យើងនោះ យើង​វាយ​បំបាក់ជើងកូនគេ ច្បាស់ណាស់​ឪ​គេ​ខឹង។ កុំឆ្ងល់ពេកអាហ្នឹងនោះ។ ដឹងហើយអាអ្នកយើងវាយបំបាក់ជើងកូនរបស់អ្នកណា? បើយើងវាយ​បំ​បាក់​ជើងកូនគេម៉េចឪគេមិនខឹង? រឿងធម្មតាណាស់អាហ្នឹងនោះ។ បដិវត្តពណ៌អ្នកណាអ្នកបញ្ជាវា? រឿង​ធម្មតា​ខ្លាំងណាស់អាហ្នឹង។ ឪគេប្រតិកម្មដោយសារតែកូនគេត្រូវវាយបំបាក់ជើង ក្នុងពេលលូនចូល​ផ្ទះ​ដាក់​គ្រាប់បែកក្នុងផ្ទះយើង។ វាយបំបាក់ជើង ឪគេខឹងវាជារឿងធម្មតា។ ប្រតិកម្មនេះ ប្រតិកម្មនោះ អាងឯង​ជា​ប្រទេសធំ អាងឯងជាប្រទេសមាន ប៉ុន្តែ កុំភ្លេចថា ប្រទេសក្រហ្នឹងវាក៏ចេះតស៊ូ​ដើម្បីឯករាជ្យ​ភាព​ដែរ​។

កីឡាករ ត្រូវខិតខំប្រកួត​​ដោយស្មើភាព និងស្មើសិទ្ធ

ក្មួយៗជោគជ័យនេះ នៅពេលដែលទង់ជាតិយើងបង្ហោះឡើង ហើយភ្លេងជាតិរបស់យើងត្រូវបានរោទិ៍ឡើង ក្នុងពេលដែលទទួលមេដាយ​ តើនេះជាអ្វី? យើងទាំងអស់គ្នាប្រឹងការពារអាហ្នឹង។ ស្មើភាព ហើយស្មើសិទ្ធិ​ទៀត។ គ្រាន់តែវ៉ូវីណាមមួយ ថ្ងៃហ្នឹងត្រូវចាយ ១ លានដុល្លារ។ អញ្ចឹង នៅលើពិភពលោក អត់គិតថា ប្រទេសតូច ឬប្រទេសធំ ប្រទេស(អ្នក)មាន ឬប្រទេស(អ្នក)ក្រទេ ត្រូវស្មើភាព ស្មើសិទ្ធិទាំងអស់គ្នា។

គោលនយោបាយគាំពារសង្គម ចំពោះកីឡាករ/ការិនី

ខ្ញុំសូមយកឱកាសនេះសារជាថ្មីម្តងទៀត ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំ​ទាំងអស់របស់​គ្រប់​សហ​ព័ន្ធ ការខិតខំទាំងអស់របស់គ្រូបង្វឹក ហើយជាពិសេសការខិតខំទាំងអស់របស់ក្មួយជាកីឡាករ/ការិនី។ ក្មួយៗ​បានដឹងហើយ អំពីគោលនយោបាយគាំពារសង្គម ដែលអនុវត្តសម្រាប់ចំពោះកីឡាករ/ការិនី ដែល​ទទួល​​បាន​អត្ថប្រយោជន៍ដូចកម្មករ/ការិនីដែរ។ ជិះឡានក្រុងដោយមិនយកប្រាក់រយៈពេល ២ ឆ្នាំ យ៉ាង​តិច។ របបការពារសុខភាព ដែលព្យាបាលមិនបង់ប្រាក់ ហើយដែលស្ថិតនៅក្រោមមូលនិធិសមធម៌។ សម្រាប់កី​ឡា​ករ/កា​រិនី ដែលជាមន្ត្រីរាជការ គឺត្រូវទទួលនូវក្រោមរបបមួយផ្សេងទៀត គឺទទួល​របប​មន្ត្រី​រាជ​ការ។ ការខុសគ្នាវានៅត្រង់នេះ មន្ត្រីរាជការដែលជាស្ត្រីនៅពេលឆ្លងទន្លេ នឹងត្រូវទទួលបានដល់ទៅ ៨០ ម៉ឺនរៀល ប៉ុន្តែ បើយើងជាកីឡាការិនីធម្មតាទទួល ៤០ ម៉ឺនរៀល គឺខុសគ្នាប៉ុណ្ណឹង។

បន្តពង្រីកវិសាលភាពការថែទាំសុខភាព ដែលជាផ្នែកមួយនៃការគាំពារសង្គម

ការគ្របដណ្តប់ទៅលើបញ្ហាទាក់ទិនជាមួយនឹងការថែទាំសុខភាពនេះ ដែលជាផ្នែកមួយ នៃការគាំពារ​សង្គម ត្រូវបានផ្តល់អត្ថប្រយោជន៍កាន់តែធំទៅៗ។ ចាប់ផ្តើមដំបូង គឺអាទិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយ​យើងនឹងបន្តពង្រីកវិសាលភាពវាបន្តទៅទៀត។ ថ្ងៃមុន យើងពង្រីកវិសាលភាពសម្រាប់ថ្នាក់ប្រធាន​ភូមិ អនុ​ប្រ​ធាន​ភូមិ និងជំនួយការភូមិ។ សម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានមនុស្សជាង ៦ ម៉ឺននាក់ ថែមទៀត ដាក់​នៅ​ក្រោមដំបូល នៃមូលនិធិសមធម៌ ទៅលើការពិនិត្យព្យាបាលជំងឺ ហើយក៏នឹងអនុវត្ត​ដូចគ្នាជាមួយនឹង​ការ​ផ្តល់ប្រាក់ជាកម្មវិធីសាច់ប្រាក់ សម្រាប់ស្ត្រីដែលត្រូវឆ្លងទន្លេ។

អនុក្រឹត្យកំណត់ចំនួនប្រាក់រង្វាន់លើកទឹកចិត្ត ចំពោះកីឡាករ/ការិនី និងគ្រូបង្វឹក ដែលទទួលបានមេដាយ

ខ្ញុំសូមអោយអ្នកទាំងអស់គ្នាបន្តការខិតខំបន្តទៅទៀត។ នៅក្នុងនេះគេដាក់អញ្ចេះ អនុក្រឹត្យបានកំណត់ គឺ​​កីឡាកម្រិតពិភពលោក៖ មេដាយមាស​ ១២០ លាន(រៀល)។ មេដាយប្រាក់ ៨០ លាន(រៀល)។ សំរឹទ្ធិ ៦៤ លាន(រៀល)។ ឯកីឡាអាស៊ី៖ មេដាយមាស ៨០ (លានរៀល)។ មេដាយប្រាក់ ៤០ (លានរៀល)។ មេដាយ​សំរឹទ្ធិ ២៤ (លានរៀល)។ កីឡាអាស៊ីអាគ្នេយ៍ ដែលហៅថា ស៊ីហ្គេម៖ មេដាយមាស ៤០ (លាន​រៀល)។ មេដាយប្រាក់ ៣០ (លានរៀល) និងមេដាយសំរឹទ្ធិ ១៦ (លានរៀល)។

អ្នកខ្លះទទួលមេដាយវាច្រើន ប៉ុន្តែ បើយោងទៅលើបទដ្ឋានសម្រាប់បៀវត្សរ៍ គេអោយទទួលបៀវត្សរ៍តែមួយ កន្លែងទេ យើងកាន់មុខនាទីដល់ទៅពីរបី ឧទាហរណ៍៖ ធ្វើប្រធានអគ្គនាយកដ្ឋានផង ហើយធ្វើជាជំនួយ​ការ​របស់ឧបនាយករដ្ឋមន្ត្រីណាមួយផង ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ អញ្ចឹង ក្នុងចំណោមពីរហ្នឹង គេអោយយកបៀវត្សរ៍តែមួយទេ។ យកថ្នាក់អគ្គនាយកដ្ឋាន ឬយកថ្នាក់អនុរដ្ឋលេខាធិការ? អោយយក​តែមួយ​ទេ។ ប៉ុន្តែ ក្មួយៗផ្ទុយពីនេះ មេដាយមួយត្រូវគិតថវិកាមួយដុំ អញ្ចឹង បានជានៅទីនេះ មានអ្នកខ្លះ ទទួលបានដល់ទៅ​ ១០ ម៉ឺនដុល្លារ ឯណោះ។

ឥឡូវ សូមបញ្ជាក់ កីឡាករ ទិន ឌិន ត្រូវទទួលបាន ចំនួន ២០០ លាន(រៀល) បូកជាមួយនឹងថវិកាពូ ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ថែមទៀត ដូច្នេះ ឡើង ២៤០ លាន(រៀល)​ បាត់ទៅហើយ។ កីឡាការិនី ពៅ សុខា (ទទួល)បាន ៤២៤ លាន(រៀល) បូកជាមួយនឹងថវិកាពូ ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ថែមទៀត។ កីឡាការិនី ប៉ាល់ ឆរស្មី (ទទួល)បាន ៤០០ លាន(រៀល) បូកនឹងថិកាពូ ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ថែមទៀត។ កីឡាករ សាន សុជាតិ បាន ៤៧២ លាន(រៀល) បូកជាមួយនឹងថវិកាពូ ១ ម៉ឺនដុល្លារ​សហ​រដ្ឋ​អាមេរិក ថែមទៀត។ កីឡាករ ប្រាក់ សុវណ្ឌី បាន ៣២៨ លាន(រៀល) និងប្រាក់របស់ពូ ១ ម៉ឺនដុល្លារ​(សហរដ្ឋអាមេរិក) ទៀត។ កីឡាករ លី បូរ៉ាមី បាន ៣២០ លាន(រៀល) បូកជាមួយនឹងប្រាក់ពូ ១ ម៉ឺន​ដុល្លារ(សហរដ្ឋអាមេរិក) ទៀត។ កីឡាការិនី សឿ ចាន់លក្ខិណា (បាន) ៣៩២ លាន(រៀល) បូកនឹង ១ ម៉ឺនដុល្លារ(សហរដ្ឋអាមេរិក) ប្រាក់​របស់ពូ។

អញ្ចឹង ពូត្រូវចាយ ៧ ម៉ឺនដុល្លារ(សហរដ្ឋអាមេរិក) សម្រាប់ពួកអ្នកមេដាយកម្រិតពិភពលោក។ សូម​អោយ​អ្នក​ទាំង​ឡាយដែលចង់បង្កកទ្រព្យសម្បត្តិ មកទារពីក្មួយៗទៅ។ អញអត់មានលុយទៅទីនោះទេ។ អញ​មាន​​លុយ​អោយក្មេងៗ។ សុំទោស។ ឌឺអោយបន្តិចហើយ។ ផ្ចាញ់អោយថែមទៀតហើយ កាត់អោយ​រហ័សទៅ។ អា​ហ្នឹងជាការរួមចំណែកមួយដែរណា ១ ម៉ឺនដុល្លារ(សហរដ្ឋអាមេរិក) មិនតិចទេ។

ឥឡូវ ចូលខាងក្រោម មេដាយប្រាក់៖ កីឡាករ ជិន ពិសិដ្ឋ ទទួលបាន ៤៨០ លាន(រៀល) ហើយទទួល ថវិកាពីពូ ៥ ពាន់(ដុល្លារសហរដ្ឋអាមេរិក) ព្រោះអាហ្នឹងយើងចុះកម្រិតហើយ។ កីឡាការិនី ម៉ៅ មុន្និតា (ទទួលបាន) ២២៤ លាន(រៀល) ជាមួយនឹងប្រាក់របស់ពូ ចំនួន ៥ ពាន់ដុល្លារ(សហរដ្ឋអាមេរិក) ថែម​ទៀត។ កីឡាការិនី ចាន់ សីហា (ទទួលបាន) ៨០ លាន(រៀល) ជាមួយនឹងថវិកាពូ ៥ ពាន់​ដុល្លារ​(សហរដ្ឋអាមេរិក)។ កីឡាករ ទិន ភាព ទទួលបាន ៨០ លាន(រៀល) និង ៥ ពាន់ដុល្លារ​(សហ​រដ្ឋ​អាមេ​រិក)។

ឥឡូវ ក្រុមមេដាយសំរឹទ្ធិ៖ កីឡាករ ជ្រិន ប៊ុនឡេង (ទទួលបាន) ៣៨៤ លាន(រៀល) និងបន្ថែមប្រាក់ពូ ចំនួន ៣ ពាន់(ដុល្លារសហរដ្ឋអាមេរិក)។ កីឡាករ កើត សុភ័ក្ត្រិ (ទទួលបាន)​ ១៩២ លាន(រៀល) និង​ថវិកាពូ ចំនួន ៣ ពាន់(ដុល្លារសហដ្ឋអាមេរិក)។ កីឡាករ តាំង ប៊ូហេង (ទទួលបាន) ៧ លានរៀល បូកជាមួយ​ថវិកាពូ ចំនួន ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក។ កីឡាករ សួន កុសល (ទទួលបាន) ៧ លាន(រៀល) បូកជាមួយនឹង ៣ ពាន់ដុល្លារ(អាមេរិក) របស់ពូ។ កីឡាការិនី ម៉ាន់ ស៊ីម៉ា (ទទួលបាន)​ ១៤ លានរៀល ជាមួយនឹង ៣ ពាន់ដុល្លារ(អាមេរិក) របស់ពូថែមទៀត។

ចំពោះគ្រូបង្វឹក និងជំនួយការ ចំនួន ៤ នាក់ ក្នុងនោះ លោក ង្វៀង វ៉ាន់គង់ (ទទួលបាន ចំនួន​) ១២០ លាន(រៀល) បូកនឹង ១ ពាន់ដុល្លារ(អាមេរិក) របស់ខ្ញុំថែមទៀត ឈ្មោះហ្នឹងដូចឈ្មោះវៀតណាម? គ្រូវៀតណាម? គ្រូវ៉ូវីណាម? ហើយគ្រូហ្នឹងវាយឈ្នះសិស្សឬអត់? លោក ទេព ជីវសុខុម (ទទួលបាន ចំនួន) ៨៤ លានរៀល ជាមួយនឹងប្រាក់របស់ខ្ញុំ ១ ពាន់ដុល្លារ(អាមេរិក)។ លោក ឯម សុធារ័ត្ន (ទទួលបាន ចំនួន) ៨៤ លានរៀល ជាមួយនឹង ១ ពាន់ដុល្លារ(អាមេរិក) របស់ខ្ញុំ។ លោក ហ៊ុត វិចិត្រ (ទទួលបាន ចំនួន) ៧ លាន(រៀល) បូកនឹង ១ ពាន់ដុល្លារ(អាមេរិក) របស់ខ្ញុំ។

សូមបន្តការខិតខំ ចំពោះអ្នកដែលមិនទទួលបានមេដាយ

គ្រាន់តែចំណាយថ្ងៃនេះ យើងចំណាយ(ច្រើន) តែការចំណាយនេះវាបានផល។ សង្ឃឹមថា ក្មួយៗដែលមិន​ទទួល​បាននូវមេដាយ នូវជ័យលាភី ក៏នឹងបន្តការខិតខំ។ បើយើងទៅឈ្នះទាំងអស់គ្នា ប្រហែលជាមិន​មែន​​ជាកីឡាទេ។ អញ្ចឹងទេ ដោយសារទំហំលុយនេះវាមានធំហំធំ នៅក្នុងពេលដែលថវិការបស់ក្រសួង​អត់​មាន។ ថវិកាក្រសួងបានជម្រាបហើយថា មានតែ ៣.២០០ លាន(រៀល) នៅពេលដែលយើង តម្រូវការ​ចំណាយ ១២ ពាន់ ៥០០ លាន(រៀល) ហើយឥឡូវនៅប៉ុន្មានទៀតឯណោះ។ នៅប៉ារ៉ាអូឡាំពិកទៀត។ ត្រូវចែកនៅ(ពេល)ខាងមុខនេះ ចំនួន ៣.២០០ លាន(រៀល)ទៀត។

នឹងឡើងបាន ១ ស័ក្តិ ចំពោះកីឡាករ/ការិនីក្នុងក្របខណ្ឌយោធា នៅពេលទទួលបានមេដាយមាស

លោកស្រី កែ ឡេង ឡើងបាន ១ ស័ក្តិទៀតហើយ ព្រោះអាហ្នឹងមានស្តង់ដាមួយ កីឡាករដែលនៅក្នុង​(ក្រប​ខណ្ឌ)​ប៉ូលីស​/ទាហាន/ប៉េអឹម ពេលណាដែលជាប់មេដាយមាសភ្លាម ឡើង(បាន) ១ ស័ក្តិ។ អាហ្នឹង គឺគិតជាស្តង់ដាអញ្ចឹងតែម្តង ដើម្បីលើកទឹកចិត្តក្នុងការប្រកួត។ នេះវាជាការការពារកិត្តិយសក្មួយៗទេ ដែលពូចាប់ផ្តើមនិយាយគឹប និយាយដល់អារឿងបង្ហោះហ្វេសប៊ុក វាជាកិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់​ក្មួយៗ ព្រោះបញ្ហាទាំងអស់យើងត្រូវរួមដំណើរទាំងអស់គ្នា ហើយថ្ងៃនេះ យ៉ាងណាក៏ដោយ ការរង់ចាំវា​បានមកដល់ ជាមួយកិច្ចការទាំងឡាយដែលត្រូវធ្វើ។ ថ្ងៃស្អែកមានការប្រកួតមួយ ដែលពូត្រូវទៅ​បើកការ​ប្រកួតនោះតែម្តង តើស្អីទៅ? ប្រកួតវាយកូនហ្គោល តែខ្ញុំមិនមានសិទ្ធិចូលប្រកួតទេ ហើយក៏មិនបាន​ចុះឈ្មោះចូលប្រកួតដែរ តែនឹងទៅបើកការប្រកួត និងទៅបិទជូនរង្វាន់នៅសណ្ឋាគារកាំបូឌីយ៉ាណាវិញ។ ព្រឹកថ្ងៃសៅរ៍ ចាប់ផ្តើម​បើក​ការប្រកួត ហើយក៏ចាប់ផ្តើមវាយក្រុមមួយផ្សេង កាប់ចាក់ក្រុមមួយផ្សេងទៅ នោះពានរង្វាន់ ហ៊ុន សែន ២០១៧ ខាងផ្នែកកូនហ្គោល តែមិនតម្រូវការថវិកាពីក្រសួងអប់រំទេ។

សុំអភ័យទោសនូវការខ្វះខាត ប្រសិនជាមិនពេញចិត្តជាមួយសំដីណាមួយ ប៉ុន្តែគឺជាការចង់បាន ហើយ​ចង់​អោយកីឡារបស់យើងថ្លៃថ្នូរ ហើយក៏ផ្តាំផ្ញើទៅអ្នកដែលគាំទ្រកីឡាទាំងឡាយ កុំរពឹសខ្លាំងពេក ជាមួយ​នឹង​ការបង្ហោះតាមហ្វេសប៊ុក ទៅលើការទាមទារនេះ ទាមទារនោះ ព្រោះយើងត្រូវមានស្តង់ដាមួយ ជាក់​លាក់ ដែលកំណត់ដោយអនុក្រឹត្យ មិនមែនបំពាន ហើយតាមចិត្តដែលខ្លួនចង់ គាំទ្រកីឡានេះ គាំទ្រកីឡា​នោះ​ទេ យើងគិតគូរទាំងអស់ជាកញ្ចប់បញ្ហាតេម្តង។

ជាថ្មីម្តងទៀត អបអរសាទរ ចំពោះក្មួយៗកីឡាករ/ការិនី ដែលទទួលជោគជ័យ ហើយនឹងអំពាវនាវអោយ មានការខិតខំពីគ្រប់កីឡាករ/ការិនីដទៃទៀត ដែលនឹងត្រូវប្រកួតនៅពេលក្រោយៗទៀត ដើម្បីអនាគត សម្រាប់ខ្លួនយើង សម្រាប់ប្រទេសរបស់យើង ក្រុមគ្រួសាររបស់យើង។ ជូនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗកីឡាក/ការិនី សូមទទួលបានជោគជ័យ និងជួបប្រទះតែ នឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort