សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីអបអរសាទរការជ្រើសតាំងសម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងជ័យលាភី «រាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក»

CVN: 

-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគា ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប

-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរទទួលជ័យលាភី «រាជធានីភ្នំពេញ៖ ជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក» អមជាមួយការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព »

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានគាំទ្រកម្ពុជា និងជឿជាក់លើកម្ពុជា ហើយកន្លងមកធ្លាប់បានជ្រើសរើសកម្ពុជាជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦ »។ ថ្ងៃនេះ កម្ពុជាទទួលបានកិត្តិយសបន្ថែមទៀត ដោយក្រុមប្រឹក្សាសម្រេចផ្តល់ជូននូវជ័យលាភីថ្មីមួយទៀតដល់កម្ពុជាគឺ «រាជធានីភ្នំពេញ ជារាជធានី នៃវប្បធម៌ និងទេស​ចរណ៍ពិភពលោក» និងការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគាប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងសហការី ដែលបានពិនិត្យសម្រេចផ្តល់ជូននូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅ ដែលនឹងជួយជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងការអភិ​វឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើងថែមទៀត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

អរគុណដល់សុន្ទរកថាលើកទឹកចិត្ត

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណជាមួយនឹងសុន្ទរកថាដ៏មានតម្លៃ ដែលជាសុន្ទរកថាលើកទឹកចិត្ត ចំពោះខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ពីសំណាក់ឯកឧត្តម បណ្ឌិត ឤនតុន ការ៉ាគា អម្បាញ់មិញនេះ។ ហើយខ្ញុំ នឹងខិតខំធ្វើអ្វីគ្រប់បែបយ៉ាងដូចដែលឯកឧត្តមចង់បាន។

[បញ្ចប់សេចក្តីអធិប្បាយ]

ជាមួយនេះ ខ្ញុំក៏សូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានរៀបចំពិធីអបអរសាទរជ័យលាភីនេះឡើងដោយជោគជ័យ។ ដោយឡែក ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងខិតខំប្រឹងប្រែងអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ ស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ខណៈដែលកម្ពុជាមានសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យ។

-សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ !

ព្រះរាជាណាចក្រកម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែលដូនតាបានកសាងប្រាសាទអង្គរ ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ និងជាអច្ឆរិយវត្ថុពិភពលោក។ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលមានតម្លៃវប្បធម៌ ជាសកល និងពុំឤចកាត់ថ្លៃបានរបស់មនុស្សជាតិ និងប្រាង្គប្រាសាទបុរាណរាប់ពាន់នៅទូទាំងប្រទេស និងធនធានធម្មជាតិដ៏សម្បូរបែប និងប្លែកៗនៅតាមតំបន់ឆ្នេរសមុទ្រ ដងទន្លេ បឹងបួរ ភាពអច្ឆរិយៈ នៃសត្វផ្សោតទន្លេមេគង្គ តំបន់អេកូទេសចរណ៍ទាំងខាងភូមិភាគឦសាន្ត និង​នីរតី បឹងទន្លេសាប ភាពល្អឯក នៃទំនៀមទម្លាប់ វប្បធម៌ប្រពៃណី និងភាពរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជាជាដើម ដែលស័ក្តិសមនឹងការប្រសិទ្ធនាមជាលក្ខណៈអន្តរជាតិ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។ ក្នុងន័យនេះ កម្ពុជាបានកំណត់តម្លៃ នៃវិស័យទេសចរណ៍របស់ខ្លួនជា «ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ហើយបានកំពុងក្លាយជាបេះដូង និងគោលដៅទេសចរណ៍ថ្មីមួយ នៃតំបន់ឤស៊ី និងឤស៊ីឤគ្នេយ៍ ដែលជាតំបន់កំពុងមាននិន្នាការរីកលូតលាស់យ៉ាងខ្លាំងខាងផ្នែកទេសចរណ៍។

ចំពោះមុខការធានាបាននូវសុខសន្តិភាព គឺជាកត្តាកំណត់សំខាន់មួយ ទន្ទឹមនឹងការយកចិត្តទុកដាក់អនុវត្តផែនការយុទ្ធសាស្ត្រ គោលនយោបាយដែលយើងមាន។ ក្នុងន័យនេះ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៣ ក្នុងការបន្តអភិវឌ្ឍទេសចរណ៍ កម្ពុជាឱ្យមានចីរភាព ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ដែលក្នុងនោះមាន៖

ទី ១ សុខសន្តិភាព គឺជាកត្តាកំណត់នៃការបន្តរីកលូតលាស់លើគ្រប់វិស័យ។ ជាការពិត ការទទួលស្គាល់ជាអន្តរជាតិនាពេលនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសមួយដែលធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាច្រើនទស្សវត្សរ៍ ដែលកើតចេញពីការជ្រៀតជ្រែកពីសំណាក់មជ្ឈដ្ឋានខាងក្រៅ មកក្នុងសង្គមកម្ពុជា ពិសេសមនោគមវិជ្ជា នៃនយោបាយសង្គ្រាមត្រជាក់។ ទម្រាំទទួលបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាពេញលេញដូចពេលនេះ ទឹកដី និងប្រជាជាតិដ៏កំសត់មួយនេះបានឆ្លងកាត់នូវពលិកម្ម ការបាត់បង់ ទុក្ខវេទនា និងសោកនាដកម្មដ៏ធំធេង និងច្រើនលើសលុបដែលមិនឤចនឹងពណ៌នាឱ្យអស់សេចក្តីបាន។ រហូតមកទល់ពេលនេះ ថ្វីត្បិតថា ប្រទេស និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិដ៏ពេញលេញ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ ក៏ពិតមែន ក៏ប៉ុន្តែប្រជាជាតិកម្ពុជានៅមិនទាន់ឤចជម្នះរួចផុតទាំងស្រុងនៅឡើយទេ នូវផលវិបាកឤក្រក់នានា ដែលជាស្លាកស្នាម និងកាកសំណល់ទាំងជារូបវន្ត ទាំងជាអរូបវន្ត នៃសង្គ្រាម និងសោកនាដកម្មពីអតីតកាលថ្មីៗកន្លងទៅនេះ។ ដូច្នេះកម្ពុជា ត្រូវប្តេជ្ញាចិត្តប្រឆាំងការប៉ុនប៉ងបង្កអសន្តិសុខ និងធ្វើឱ្យបាត់បង់សន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ពីញ្រេះថា «មានសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបឤចសម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ បាន»

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កើតបានតែក្នុងពេលប្រទេសមានសន្តិភាពតែប៉ុណ្ណោះ

ខ្ញុំសូមបញ្ជាក់ថាអ្វីៗក៏ដោយមិនអាចចាប់ក្នុងផ្ទៃនៃសង្រ្គាមបានទេ ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ ការគោរព សិទ្ធិមនុស្ស និងការអភិវឌ្ឍដទៃទៀត វាចាប់កំណើតតែនៅក្នុងផ្ទៃនៃសន្តិភាពប៉ុណ្ណោះ។ សូមក្រឡេកមើលទៅ អតីតកាលរបស់កម្ពុជា ហើយសូមក្រឡេកមើលទៅប្រទេសអ៊ីរ៉ាក់ ប្រទេសលីប៊ី ប្រទេស៊ីរ៊ី និងប្រទេសយេម៉ែន ព្រមទាំងប្រទេសដទៃទៀតដែលកំពុងមានសង្រ្គាម។ តើទេសចរទាំងឡាយ គេធ្វើដំណើរទៅទីនោះ ឬទេ? កុំភ្លេចថាការបោះឆ្នោត ឬដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សវាកើតបានតែក្នុងពេលប្រទេសមានសន្តិភាពតែប៉ុណ្ណោះ។ នៅពេលមានសង្រ្គាមលទ្ធិប្រជាធិបតេយ្យ កុំថាដល់ទៅដំណើរការប្រជាធិបតេយ្យ សូម្បីតែសិទ្ធិ រស់រានមានជីវិតក៏គ្មានផង។ ដូច្នេះនៅទីនេះ ខ្ញុំចង់សង្កត់ធ្ងន់លើកត្តាសន្តិភាព ហើយរឿងនេះវាបានកើតចេញ មកពីការជាក់ស្តែងដែលបាន និងកំពុងមាននៅលើពិភពលោកសព្វថ្ងៃនេះ។

[បញ្ចប់សេចក្តីអធិប្បាយ]

ទី២ ការបន្តរួមគ្នាដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជារួម យើងចាំបាច់ត្រូវធ្វើការគ្រប់គ្រងវិស័យទេសចរណ៍ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីទាញយកនូវគុណប្រយោជន៍ពីវិស័យទេសចរណ៍ នេះឱ្យបានជាអតិបរមា និងបែងចែកផលពីកំណើនក្នុងវិស័យនេះ ដោយសមធម៌ សំដៅធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងកិច្ចអភិវឌ្ឍ និងការបង្កើនផលប្រយោជន៍ពីវិស័យទេសចរណ៍នេះ។ ក្នុងន័យនេះ ខ្ញុំឯកភាពឱ្យក្រសួងទេសចរណ៍ រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ឆ្នាំ ២០១៨-២០៣០ អមជាមួយការរៀបចំឱ្យមានផែនការមេអភិវឌ្ឍទេសចរណ៍នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា និងឯកភាពពង្រឹងរចនាសម្ព័ន្ធ នៃគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្តឱ្យកាន់តែរឹងមាំថែមទៀត ដោយជំរុញឱ្យមានការចូលរួមពីវិស័យឯកជននៅតាមមូលដ្ឋាន ពីញ្រេះថា អភិបាលកិច្ចក្នុងវិស័យទេសចរណ៍នៅរាជធានី-ខេត្ត គឺជាមូលដ្ឋានដើម្បីទ្រទ្រង់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

ទី៣ យើងបន្តធានាឱ្យបាននូវទំនាក់ទំនងជាវិជ្ជមានរវាងវិស័យទេសចរណ៍ និងភពផែនដីឆ្ពោះទៅឆ្នាំ ២០៣០ ធ្វើឱ្យអនាគតកាន់តែបៃតង។ ក្រសួងទេសចរណ៍ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ បញ្ជ្រៀបការយល់ដឹងអំពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ទំនាក់ទំនងនៃវិស័យទេសចរណ៍នឹងការអភិរក្ស និងថែរក្សាធនធានធម្មជាតិបរិស្ថាន សម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រពៃណីប្រជាជនមូលដ្ឋាន។ ជារួម ត្រូវលើកកម្ពស់ការគោរពធម្មជាតិ គោរពវប្បធម៌ ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃឧស្សាហកម្ម-ទេសចរណ៍ទៅលើសេដ្ឋកិច្ចជាតិ ការជំរុញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយ    ដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាដើម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ធ្វើយ៉ាងណាកុំឲ្យវិស័យទេសចរណ៍ បំពានទៅលើវិស័យវប្បធម៌

ខ្ញុំចង់និយាយបន្ថែមទៅលើចំណុចនេះបន្តិច ធានាធ្វើយ៉ាងណាកុំឲ្យទេសចរណ៍បំពានទៅលើវប្បធម៌ ចំណុចនេះ គឺជាចំណុចដែលយើងតែងតែរំលឹក ដាស់តឿនថា បេតិកភណ្ឌពិភពលោក គឺជាប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងសម្បូរព្រៃគុក មិនត្រូវបានបំពានណាមួយនោះទេ។ យើងត្រូវគោរពលក្ខខណ្ឌទាំងឡាយដែលអង្គការUNESCO កំណត់ឲ្យយើងធ្វើ។ នៅពេលដែលធ្វើពិធីអបអរសាទរក៏ដាក់បញ្ចូលសំបូរព្រៃគុក ទៅជាបេតិក​ភណ្ឌពិភពលោកខ្ញុំបានលើកឡើងថា សុំកុំគ្រាន់តែឆ្ងាញ់មួយពេល សម្លាប់មេមាន់ ត្រូវចិញ្ចឹមទុកមេមាន់នេះដើម្បីយកកូន យកស៊ុតរបស់វា។ ខ្ញុំចង់និយាយថា យើងត្រូវធ្វើកិច្ចការទាំងឡាយ ដើម្បីអភិរក្សនូវកេរ្តិ៍ដំណែលប្រវត្តិសាស្តនេះ ហើយកុំឲ្យបាត់លក្ខខណ្ឌដែលកំណត់ដោយអង្គការ UNESCO។ បើមិនដូច្នោះ អ្វីៗដែលយើងបានដាក់បញ្ចូលជាបេតិកភណ្ឌរបស់ពិភពលោករួចហើយ អាចនឹងបាត់បង់លក្ខណៈសម្បត្តិរបស់វា។ ដូច្នេះ អំពាវនាវប្រជាជនទូទាំងប្រទេស និងការអភិវឌ្ឍវិស័យឯកជនទាំងអស់ សូមគោរពនូវបទដ្ឋានទាក់ទិន ធ្វើយ៉ាងណាកុំឲ្យវិស័យទេសចរណ៍ បំពានទៅលើវិស័យវប្បធម៌។ ផ្ទុយទៅវិញ ត្រូវឲ្យវិស័យទេសចរណ៍រីកចំរើន ដោយយកវិស័យវប្បធម៌ និងធម្មជាតិធ្វើជាគោលដៅ។ នេះទើបយើងមាននិរន្តរភាព និងចីរភាព មិនត្រូវតែឆ្នាំ ២០៣០ ទេ យើងអាចឈានទៅដល់ឆ្នាំ ៣០០០ ក៏អាចថាបាន ប៉ុន្តែ យើងត្រូវប្រឹងប្រែងរួមគ្នា ដើម្បីងើបឈរឡើង ដើម្បីដំណើរការទៅអនាគតទាំងអស់គ្នា។

[បញ្ចប់សេចក្តីអធិប្បាយ]

ចំណុចគន្លឹះទាំង ៣ នេះ នឹងផ្តល់ជាមូលដ្ឋានសម្រាប់លើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត គាំទ្រដល់ការរីកលូតលាស់នៃវិស័យផ្សេងៗ ធានាដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ វប្បធម៌ និងបរិស្ថានប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈជ័យលាភី ដ៏មានតម្លៃនេះ ព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជារាជធានីភ្នំពេញ នឹងក្លាយជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងផ្តល់សុខុមាលភាពល្អជូនដល់ភ្ញៀវទេសចរ និងបងប្អូនជនរួមជាតិ និងជាគោលដៅទេសចរណ៍បៃតង ដ៏ទាក់ទាញជាមួយនឹង ស្នាមញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនខ្មែរ ដែលរួមចំណែកកសាងកេរ្តិ៍ឈ្មោះ និងកិត្យានុភាព «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» លើឆាកអន្តរជាតិ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ចែករំលែកនូវពានរង្វាន់ទាំងអស់នេះជូនចំពោះប្រជាជនកម្ពុជា

ថ្ងៃនេះ ទីក្រុងភ្នំពេញទទួលបានពានរង្វាន់ ជាមួយការជ្រើសតាំងខ្ញុំជាអគ្គរដ្ឋទូតសុច្ឆន្ទៈ។ ទាំងអស់នេះ វាមិនមែនកើតឡើងដោយការឯកឯង ហើយក៏មិនមែនការខិតខំរបស់ខ្ញុំម្នាក់ឯងនោះទេ ក៏ប៉ុន្តែ ខ្ញុំសុំចែករំលែកនូវពានរង្វាន់ទាំងអស់នេះ ជូនចំពោះអ្នកទាំងអស់គ្នានៅទីនេះ ស្ថាប័នរដ្ឋទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលខិតខំប្រឹងប្រែងរួមគ្នាកសាងពីទឹកដីនេះ។ តាំងពីទីក្រុងភ្នំពេញអត់មនុស្សនៅ រហូតដល់ភ្នំពេញក្លាយទៅជាគោលដៅទាក់ទាញមួយ និងទទួលបានពានរង្វាន់។ ខ្ញុំគ្រាន់តែជាផ្នែកមួយនៃការដឹកនាំតែប៉ុណ្ណោះ ក៏ប៉ុន្តែ ដើម្បីទទួលបាននូវជោគជ័យនេះ ការចូលរួម និងការគាំទ្រទាំងឡាយពីអតីតកាលក៏ដូចជាបច្ចុប្បន្ន ហើយឆ្ពោះអនាគតកាល វាកាន់តែមានសារៈសំខាន់។ សូមអរគុណជាមួយនឹងការផ្តល់ការគាំទ្រ។

[បញ្ចប់សេចក្តីអធិប្បាយ]

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរជ័យលាភី «រាជធានីភ្នំពេញ៖ ជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក» ដ៏ត្រចះត្រចង់នេះ និងការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពិភពលោកសម្រាប់វិស័យ​ទេស​ចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព » ខ្ញុំសូមជូនពរដល់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ សហការីទាំងអស់នៃក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងអង្គពិធីទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ