សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ និយោជិត នៅ តំបន់អូរដឹម

CNV: 

ចែករំលែកនូវពរជ័យ បានពីការបួងសួង

ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំ សហជីព ក៏ដូចជាម្ចាស់រោងចក្រ។ សូមឆ្លៀតយកឱកាសនេះ តាមរយៈនៃពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ(កាលពី)ប៉ុន្មានថ្ងៃមុននេះ នៅឯអង្គរវត្ត (ខេត្តសៀមរាប) ខ្ញុំសុំ យកឱកាសនេះ ដើម្បីចែករំលែកនូវពរជ័យទាំងឡាយ ដែលទទួលបានពីការបួងសួងនេះ ជូនចំពោះ ក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។

អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ឲ្យកម្មករឈប់សម្រាកក្រោយជំនួប

​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ មិនមានការចាំបាច់ដើម្បីអោយខ្ញុំធ្វើ ការស្នើសុំទៅ ម្ចាស់រោងចក្រទៀតទេ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានធ្វើការទំនាក់ទំ នងជាមួយនឹងម្ចាស់រោងចក្ររួចស្រេចទៅហើយ។ បន្ទាប់ពីជំនួបជាមួយគ្នានេះទៅ ក្មួយៗនឹងទទួលបាន នូវការសម្រាកនៅពេលល្ងាចនេះ ដោយទទួលបានបៀវត្ស(ធម្មតា)។ ការជួបជុំរបស់យើង ក៏អាចចាត់ទុក ថា ជាថ្ងៃនៃការរីករាយមួយ ដោយម្ខាងគឺយើងបានរួមគ្នាមកជួបជុំ ដើម្បីសំណេះសំណាលជាមួយគ្នា និង ម្ខាងទៀត យើងក៏បានទទួលការឈប់សម្រាកនៅក្នុងរយៈពេលមួយព្រឹកដើម្បីមកជួបជុំសំណេះសំណាល នៅទីនេះ និងម្ខាងទៀត នៅពេលល្ងាច យើងក៏បានសម្រាក …។

សុខដុមភាវូបនីយកម្មរវាងរដ្ឋ ម្ចាស់រោងចក្រ និងកម្មករ ជាមុំចង្ក្រាននៃការអភិវឌ្ឍប្រទេស

នេះ គឺជាផ្នែកដ៏សំខាន់មួយនៃសុខដុមភាវូបនីយកម្មរវាងម្ចាស់រោងចក្រ កម្មករ/ការិនី ក៏ដូចជាផ្នែក​រាជ​រដ្ឋា​ភិបាល ដែលអាចចាត់ទុកថា ជាមុំចង្ក្រាននៃការអភិវឌ្ឍសម្រាប់ប្រទេសរបស់យើង។ មុំចង្រ្កាននោះ​មាន៖ ទី ១ គឺផ្នែករដ្ឋ។ ដែលតំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯផ្នែកទី ២ គឺតំណាង​ដោយ​ផ្នែកឯកជន។ ឯទី ៣ គឺមានកម្មករ/ការិនីរបស់យើងនេះតែម្ដង។ ទាំង ៣ ផ្នែកនេះ គឺមិនអាចបាត់​បង់​ផ្នែកណាមួយនោះបានទេ ប៉ុន្តែផ្នែកដែលសំខាន់ជាងគេ គឺទាក់ទងទៅនឹងផ្នែករបស់រដ្ឋតែម្ដង។ បើរដ្ឋ​ដួល​រលំ រដ្ឋអស្ថេរភាពហើយនោះ គឺបានសេចក្ដីថា មុំ ២ ទៀត គឺមុំក្នុងវិស័យកម្មករ និងមុំក្នុងវិស័យ​ឯក​ជន​ដែលធ្វើការវិនិយោគ​ គឺច្បាស់ជាមិនអាចគង់វង្សបាននោះទេ។

ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយជាមួយនឹងការពេញចិត្ត ហើយអរគុណចំពោះក្មួយទាំងឡាយ ដែលផ្ដល់នូវការស្រឡាញ់រាប់អានចំពោះពូ។ អម្បាញ់មិញ ក្នុងការធ្វើដំណើរមកកាន់ទីនេះ គឺប្រមាណជា ១០០ ម៉ែត្រ ប្រើរយៈពេល ១ ម៉ោង ហើយមិនទាន់គ្រប់គ្រាន់សម្រាប់ការថតរូបនោះផងទេ។ ប៉ុន្តែ​សង្ឃឹម​ថា ក្មួយៗអាចនឹងចាំទទួលតាមរយៈនៃការបង្ហោះចេញនៅតាមហ្វេសប៊ុកមួយ ដែលក្មួយៗអាច​នឹង​ទាញ​យក​រូបថតរបស់ក្មួយៗ តាមរយៈហ្វេសប៊ុករបស់លោក ដួង តារា ដែលជា admin ហ្វេសប៊ុក​របស់​ពូ​ផង … ម្យ៉ាងទៀត ក៏មានការផ្សាយបន្តផ្ទាល់ ដែលអាចទាញយករូបថតនោះបាន។

នេះហើយដែលគេហៅថា ពិធីសំណេះសំណាលនោះ ពិធីសំណេះសំណាលវាមានអញ្ចឹង។ វាត្រូវ​មាន​ការ​ជួប​ជុំ ការសួរសុខទុក្ខ។ វាមានរឿងច្រើន ប៉ុន្តែមិនមែនសំណេះសំណាលគ្រាន់តែសំណេះសំណាលទេ។ យើង​ស្វែងយល់ ដើម្បីដោះស្រាយបញ្ហាសម្រាប់ក្មួយៗ ដូចដែលយើងធ្លាប់បានធ្វើកន្លងទៅ ហើយលទ្ធ​ផល​ក៏បានចេញមកហើយ។

ដំឡើងបៀវត្សគោលទៅ ១៧០ ដុល្លារ ចាប់ពីថ្ងៃទី ១ មករា ២០១៨

ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះក្មួយៗ​កម្មករ/​ការិនីទាំងអស់ ដែលនឹងត្រូវដំឡើងបៀវត្សចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ គឺកើនពី ១៥៣ ដុល្លារ ទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាល របស់គណបក្ស​ប្រ​ជា​ជន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងហ្នឹង ក៏មាននៅក្នុងចំណោម​កម្ម​ករ/ការិនីរបស់យើង ដែលកាលពីមុននោះ យើងធ្វើនៅក្នុងឆាំ្ន ១៩៩៧ មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋ​អា​មេរិក(ក្នុងមួយខែ)តែប៉ុណ្ណោះ។ មុនឆ្នាំ ១៩៩៧ តាមដែលខ្ញុំចាំ គឺ(ប្រាក់ខែ)មានក្នុងរង្វង់ ៣៥ ដុល្លារ​សហ​រដ្ឋអាមេរិក ឬលើបន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ បៀវត្សយើងកំពុងតែអនុវត្ត ១៥៣ ដុល្លារ​សហ​រដ្ឋអាមេរិក ហើយនៅសល់តែ ២៥ ថ្ងៃទៀតតែប៉ុណ្ណោះ គឺយើងនឹងឈានទៅអនុវត្តនូវប្រាក់បៀវត្ស ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ក្មួយៗអាចរកក្នុងមួយខែបានទៅដល់ជាង ២០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ថ្នាក់ប្រធានក្រុម តាមដែលខ្ញុំសួរថ្ងៃមុននៅឯកោះពេជ្រ គឺ​បាន ២៥០ ដុល្លារឡើង។ ថ្នាក់ប្រធានផ្នែកបានខ្ពស់ជាងហ្នឹង។ ប្រធានរដ្ឋបាលបានខ្ពស់ជាងហ្នឹង។ អញ្ចឹងទេ បានជាឥឡូវ យើងប្រឹងប្រែងដើម្បីបង្កើនឡើងនូវសមត្ថភាពរបស់យើង ដើម្បីយើងទទួលផល​នៅ​ថ្ងៃក្រោយ។

ទឹកចិត្តស្រឡាញ់រាប់អាន បង្ហាញពីការទទួលស្គាល់នូវអ្វីដែលសម្តេចបានធ្វើសម្រាប់ប្រទេសជាតិ

ពូពិតជាអរគុណជាមួយនឹងទឹកចិត្តស្រឡាញ់រាប់អាន ដែលក្មួយៗបានធ្វើចំពោះពូ។ អារម្មណ៍មួយនេះ ក៏បានឆ្លុះបង្ហាញអោយឃើញថា ក្មួយៗមិនមែនទើបនឹងស្គាល់ពូនៅថ្ងៃនេះទេ។ ក្មួយៗពិតជាបាន​ស្គាល់​ពូ​តាំង​ពីពេលដែលក្មួយៗនៅតូច នោះឆ្លងកាត់ពីដំណាក់កាលដែលជីដូនជីតា និងឪពុកម្ដាយរបស់ក្មួយ​បាន​ស្គាល់ពូ និងរួមចំណែកជាមួយពូតាំងពីដំណាក់កាលដំបូង នៅពេលវេលាដែលយើងលំបាកបំផុត។ ពូ​ពិតជាអាចយល់បានថា មនុស្សបើគ្រាន់តែស្គាល់គ្នាត្រឹមមួយថ្ងៃ ឬឮឈ្មោះត្រឹមតែមួយថ្ងៃ គឺវាមិនគ្រប់​គ្រាន់​ដើម្បីបង្កើតនូវភាពជិតស្និតនោះទេ។ មិនត្រឹមតែមួយថ្ងៃទេ​ មួយឆ្នាំ ឬពីរឆ្នាំ ឬរហូតទៅដល់មួយជីវិត ប្រសិនបើមិនបានធ្វើអ្វីសម្រាប់ប្រទេសជាតិ ប្រហែលជានឹងគ្មានរឿងរាក់ទាក់ ព្រោះភាពសោះអង្គើយ និង​ភាព​រាក់ទាក់ វាបង្ហាញចេញមកខុសគ្នា តាមរយៈការកាយវិការ ទឹកមុខ និងសកម្មភាពផ្សេងៗ។ ចំណុច​នេះ ក៏សុំយកឱកាសនេះ ថ្លែងនូវការអរគុណ តាមរយៈក្មួយៗទៅចំពោះជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ដែលរួមចំណែកជាមួយពូ និងនៅក្នុងថ្នាក់ដឹកនាំគណបក្សប្រជាជនតាំងពីដំណាក់កាលលំ​បាក​បំ​ផុត។

២ ធ្នូ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

ថ្ងៃនេះ គឺថ្ងៃទី ៦ ខែធ្នូ។ បើនិយាយពីខែធ្នូនេះ ពូគ្រាន់តែរំលឹកបន្ដិច មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ច្រើន​ណាស់។ ២ ធ្នូ កាលពី ៣៩ ឆ្នាំមុន ពេលនោះ ពូនៅក្នុងឯកសណ្ឋានជាកងទ័ព ដើម្បីដឹកនាំ​ការប្រ​យុទ្ធ​ផ្ដួល​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បណ្ដាលកងវរសេនាតូច ដែលពូកសាងដោយផ្ទាល់ដៃ ហើយ​ដែលមកឈរមួយចំនួនដើម្បីជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា​នៅស្រុកស្នូល ដែល​គេ​​បានឃើញតាមរូបភាពនៃខ្សែភាពយន្ត និងវីដេអូដែលបន្សល់ទុករហូតមកដល់ពេលនោះ​។ គេបាន​ឃើញ​សម្ដេច ហេង សំរិន, សម្ដេច ជា ស៊ីម និងខ្លួនពូ ទៅសួរសុខទុក្ខបណ្ដាកងទ័ពទាំងនោះ។ កងទ័ព​ទាំង​នោះហើយ ជាកងទ័ពដែលពូកសាងឡើងដោយផ្ទាល់ដៃ។ ពេលនោះ ពូទើបនឹងមានអាយុ ២៦ ឆ្នាំ​តែ​ប៉ុណ្ណោះ​។ នេះគឺជារឿងប្រវត្តិដែលទាក់ទងនឹង ៣៩ ឆ្នាំមុន ដែលជាថ្ងៃបង្កើតរណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា។ ពេលនោះ យើងកំពុងតែតាមដាននូវព្រឹត្តិការណ៍ទាំងឡាយ ដែលកងទ័ពរបស់យើង គឺបាន​កំ​ពុង​ធ្វើសកម្មភាពវាយលុកចូលផ្ទៃក្នុងប្រទេស។

២ ធ្នូ ១៩៨៧ នៃជំនួបចរចារវាង សីហនុ-ហ៊ុន សែន ហ្វែរអង់តាដឺន័រ

ឯ ២ ធ្នូមួយទៀត ប្រហែលជានៅលើវេទិកានេះ មានឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ នៅជាមួយខ្ញុំ។ ឆ្នាំ​នេះ គឺជាខួបលើកទី ៣០ នៃជំនួបចរចារវាង សីហនុ-ហ៊ុន សែន ដែលគេហៅកាត់ថា សីហនុ-ហ៊ុន សែន ហ្វែរអង់តាដឺន័រ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧។ ខ្ញុំនៅចាំបានថា ការចរចាគឺថ្ងៃទី ២ ថ្ងៃទី ៣ គឺចុះហត្ថលេខា​នៅហ្វែ​រអង់តាដឺន័រ។ រួចហើយប្រមាណជាថ្ងៃទី ៥ យើងធ្វើដំណើរចេញមកមូស្គូ។ ពេលនោះយើង​បាត់ខោ​អាវ​ ដោយគេផ្ញើច្រឡំមកសាំងហ្គាពួរ។ អញ្ចឹងទេ ការធ្វើដំណើរពីប៉ារីសដល់មូស្គូ ពីមូស្គូមកដល់ភ្នំពេញ គឺ​ខោ​អាវតែមួយកំប្លេទេ​។ អញ្ចឹងទេ ប្រហែលជាកន្លះខែក្រោយ បានយើងរកឃើញនូវខោអាវ​របស់យើង​វិញ។ ខោអាវនោះក៏ត្រូវបានសម្លាប់មេរោគ ដោយយើងក៏មានកង្វល់អំពីបញ្ហាសុខមាលភាពរបស់យើង តើ​សម្លៀកបំពាក់របស់យើង ត្រូវបានគេដាក់ថ្នាំអ្វីនៅទីនោះ? ដូច្នោះ បានជាពេលនោះ វេជ្ជបណ្ឌិតជា​​ច្រើន​ដែល​ការពារសុខភាពរបស់យើង ក៏យកសម្លៀកបំពាក់នោះទៅស្ងោរ ចៀន អាំង ដើម្បីអោយអស់មេរោគ ព្រោះ​យើងមិនដឹងថា វ៉ាលីសរបស់យើងត្រូវគេបើក ដាក់មេរោគអ្វីចូលទៅក្នុងខោអាវ​ទាំងនោះ​។ នេះគឺ​ជាការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាពរបស់យើងម្នាក់ៗ។

២ ធ្នូនោះ គឺជា ២ ធ្នូ ដើម្បីចរចាស្វែងរកដំណោះស្រាយបញ្ហាកម្ពុជា គឺស្វែងរកសន្ដិភាព​សម្រាប់​ប្រជា​ជាតិ​របស់យើង ហើយក៏សម្រាប់ក្មួយៗនៅពេលនេះ។ ពេលនោះ ពូស្ថិតនៅម្ខាងនៅសមរភូមិផង ដើម្បី​សួរ​សុខទុក្ខកងទ័ព និងដោះស្រាយបញ្ហាលំបាករបស់ប្រជាជន ក៏ដូចជាកងទ័ពនៅឯសមរភូមិ។ ឯម្ខាង​ទៀត គឺត្រូវស្វះស្វែងដើម្បីដំណើរការចរចាស្វែងរកដំណោះស្រាយ ដោយសន្ដិវិធីលើបញ្ហាកម្ពុជា កុំអោយ​កម្ពុជា​មានចម្បាំងរាំងជល់បន្តទៀត។

២ ធ្នូ នៃការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណនៅឆ្នាំ ១៩៩៨

ឯ ២ ធ្នូមួយទៀត គឺជា ២ ធ្នូ នៃការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណនៅឆ្នាំ ១៩៩៨។ បើគិតរហូត​មក​ដល់​ពេលនេះ យុទ្ធសាស្រ្តត្រីកោណរបស់យើងមានអាយុកាល ១៩ ឆ្នាំ។ ១៩ ឆ្នាំមុន គឺជាការដាក់​ចេញ​នូវ​យុទ្ធសាស្រ្តត្រីកោណនៅក្នុងការប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង បន្ទាប់ពីគណបក្សប្រជាជនឈ្នះឆ្នោត។ គណៈរដ្ឋមន្រ្តីមួយត្រូវបានបង្កើតឡើង ហើយការប្រជុំនៅថ្ងៃទី ២ ធ្នូ ១៩៩៨។ យុទ្ធសាស្រ្តត្រី​កោណ​មាន​មុំ​បី៖ មុំទី ១ គឺការធ្វើសន្ដិភាវូបនីយកម្មនៅផ្ទៃក្នុងប្រទេស។ ដែលពេលនោះ ថ្នាក់ដឹកនាំរបស់យើងដែល​មាន​សម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំកងទ័ពដទៃទៀត បានខិតខំយ៉ាងខ្លាំង ដើម្បីបញ្ចប់​នូវ​ដំ​ណាក់កាលចុងក្រោយ សម្រេចទាំងស្រុងនូវការមកដល់ផ្ទះពូនៅពេលនោះ​នៃមេដឹកនាំជាន់ខ្ពស់បំផុត​របស់​ខ្មែរ​ក្រហម រួម​មាន៖ ខៀវ សំផន, នួន ជា និងថ្នាក់ដឹកនាំដទៃទៀត។

ការធ្វើសន្ដិភាវូបនីយកម្មនេះ មិន​មែនគ្រាន់តែជាការចាប់ផ្ដើម នេះជាដំណាក់កាលចុងក្រោយ ដែលយើង​ត្រូវ​ធ្វើ ព្រោះនៅពេលនោះ ក៏​មាននៅសេសសល់កងទ័ពរបស់ខ្មែរក្រហមខ្លះដែរ បន្ទាប់ពីការធ្វើសមាហរ​ណ​កម្មនៅតំបន់ឱរ៉ាល់ ដោយដឹកនាំដោយ កែវ ពង្ស ការធ្វើសមាហរណកម្មនៅតំបន់ប៉ៃលិន ម៉ាឡៃ និង​តំ​បន់​ដទៃទៀត ដែលដឹកនាំដោយ អ៊ី ឈាន និង សុខ ​ភាព។ យើងបន្តធ្វើ​សមាហរណ​កម្ម​នៅ​ឯ​អន្លង់​វែង​នៅ​ដើមឆ្នាំ ១៩៩៨ ក៏ប៉ុន្តែប្រទេសរបស់យើងមិនទាន់មានសន្ដិភាពពេញលេញទេ ដែលតម្រូវអោយខ្លួនខ្ញុំ​ផ្ទាល់​ដាក់​ចេញនូវយុទ្ធសាស្រ្តត្រីកោណនេះ ដើម្បីបញ្ចប់ទាំងស្រុងនូវសង្រ្គាមនេះ នាំមកនូវការឯកភាព​ជាតិ ​ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត។

ឯមុំទី ២ នៃយុទ្ធសាស្រ្តត្រីកោណរបស់យើងនៅក្នុងដំណាក់កាលនោះ គឺការធ្វើសមាហរណកម្មឆាប់​បំផុត​ទៅក្នុងសហគមន៍អន្តរជាតិ។​ ដែលក្នុងហ្នឹង ក្នុងអាណត្តិនោះ យើងទទួលជោគជ័យ ការកាន់​កាប់​ឡើង​វិញនូវអាសនៈកម្ពុជាទាំងអស់នៅឯអង្គការពិភពលោក ដែលអាសនៈអស់ទាំងនេះ ត្រូវបានដណ្ដើម​ប្រ​ញាយ​​គ្នាតាំងពីឆ្នាំ ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទំលាក់សម្ដេចព្រះនរោត្តម សីហនុ។ គ្រាន់តែកៅអី​នៅ​អង្គ​ការសហប្រជាជាតិ ក៏ជួបការលំបាកណាស់ទៅហើយ។

សភាពការណ៍ឆ្នាំ ១៩៩៧ កៅអីនៅអង្គការសហប្រជាជាតិ ត្រូវរង្គោះរង្គើ។ យើងត្រូវប្រញាប់ប្រញាល់​កាន់​កាប់​កៅអីនេះត្រឡប់មកវិញ។ យើងត្រូវប្រឹងប្រែងចូលក្នុងក្របខណ្ឌអាស៊ាន ចូលក្នុងក្របខណ្ឌអាស៊ីអឺរ៉ុប និងចូលបណ្ដាអង្គការអន្តរជាតិដទៃទៀត រាប់ទាំងជោគជ័យរបស់យើង ដែលដឹកនាំដោយឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ចម ប្រសិទ្ធ ដែលរដ្ឋមន្រ្តីពាណិជ្ជកម្មពេលនោះ ចរចាចូលអង្គការពាណិជ្ជកម្មពិភពលោក។ តាម​រយៈ​នោះហើយ ដែលជាឱកាសសម្រាប់កម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ នេះជាយុទ្ធ​សាស្រ្ត​មួយនៅក្នុងចំណោមយុទ្ធសាស្រ្តបី គឺបានសេចក្ដីថា មុំមួយនៅក្នុងមុំបី។ ផ្ទៃក្នុងត្រូវធ្វើ​សន្ដិភា​វូប​នីយ​កម្ម គឹបានសេចក្ដីថា សន្ដិភាពទាំងអស់ ឯខាងក្រៅត្រូវធ្វើសមាហរណកម្មឆាប់បំផុតនៅក្នុងវេទិកា​តំបន់ និងអន្តរជាតិ។

ឯមុំទី ៣ ផ្អែកលើកត្តាអនុគ្រោះនៃសភាពការណ៍ផ្ទៃក្នុង និងសភាពការណ៍អន្តរជាតិ។ កត្តាទី ១ និង​កត្តាទី ២ ដែលរួមមានបញ្ហាផ្ទៃក្នុង និងបញ្ហាអន្តរជាតិ យើងត្រូវប្រមូលផ្ដុំការខិតខំទាំងអស់ ដើម្បី​កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ តើនេះ វាជាចក្ខុវិស័យមួយឬមិនមែន? មិនមែនជាការដឹកនាំ​ដោយ​ចៃ​ដន្យទេ។ ពិតណាស់ ក្មួយៗអាចយល់ អាចដឹងតាមរយៈអ្វីដែលជាជីវភាពផ្ទាល់របស់ជីដូនជីតា ដែល​ជា​ជីវភាពផ្ទាល់របស់ឪពុកម្តាយ ហើយមកដល់ពេល នេះជាជីវភាពផ្ទាល់របស់ក្មួយៗតែម្តង។ មុននឹង​ឈាន​មក​ដល់ដំណាក់កាលយុទ្ធសាស្ត្រចតុកោណ យើងមានជោគជ័យនៃយុទ្ធសាស្ត្រត្រីកោណរួចស្រេច​ ទាំងផ្ទៃក្នុង ទាំងផ្នែកអន្តរជាតិ និងការប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បីឧទ្ទិសចំពោះការកាត់​បន្ថយ​ភាព​ក្រី​ក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

អ្វីៗដែលមានសព្វថ្ងៃ បានមកពី ២ ធ្នូ ទាំង ៣ នេះ

ចំណុចនេះគឺជាចំណុចដែលក្មួយៗអាចមើលឃើញអំពីការខិតខំ មិនមែនមួយថ្ងៃ ឬមួយពេល ឬមួយឆ្នាំ ត្រឹម​តែការស្រែកទេ ប៉ុន្តែនេះជាសកម្មភាពជាក់ស្តែងដែលក្មួយៗបាន និងកំពុងទទួលផលសព្វថ្ងៃនេះ។ ក្មួយៗ ត្រូវយល់ឲ្យបានច្បាស់ថា ប្រទេសរបស់យើងកំសត់ណាស់ វេទនាណាស់ មុននឹងឈានមកដល់​សព្វ​ថ្ងៃនេះ។ ក្មួយៗមិនចាំបាច់ជឿពូទេ ប្រសិនបើចាំបាច់ ក្មួយៗលួចសួរចំពោះឪពុកម្តាយ លួចសួរជី​ដូន​ជី​តា និងអ្នកចាស់ទុំ តើពួកគាត់ជួបប្រទះនូវស្ថានភាពយ៉ាងណាខ្លះ? មិនមែនគ្រាន់តែមានការងារធ្វើទេ​អត់​​ការងារធ្វើហើយ ត្រូវរត់លូនចោលដីស្រែចំការ រោងចក្រត្រូវបានបំផ្លាញក្នុងសម័យសង្គ្រាម និងរបបប្រ​ល័យ​ពូជសាសន៍។ ប្រជាជនត្រូវដកហូតកម្មសិទ្ធិទាំងអស់ កុំថាឡើយការទាមទារនូវប្រាក់ខែ​ដ៏ខ្ពស់មួយ​នោះ ត្រឹមតែទាមទារស៊ីតែមួយរស់ក៏មិនបានផង។

នេះជាសោកនាដកម្មដែលក្មួយៗត្រូវមើលឲ្យឃើញអំពីការឆ្លងកាត់ដ៏លំបាក មិនមែនគ្រាន់តែជាបញ្ហា​ពូ​ដាច់​ដោយឡែកទេ ក៏ប៉ុន្តែវាជាបញ្ហារបស់ជីដូនជីតា វាជាបញ្ហារបស់ឪពុកម្តាយរបស់ក្មួយៗ ដែលខិតខំរួម​ចំ​ណែក​​កសាងប្រទេសពីបាតដៃទទេ ពីភាពខ្ទេចខ្ទាំ។ កម្មសិទ្ធិសមរម្យគឺស្បោងមួយតូច នៅក្នុងដំណាក់​កាល​នៃរបប ប៉ុល ពត តើមានអ្វីខ្លះទៅប​ន្ទាប់ពីការបាយរួមនៅកន្លែងសហករ។ ជីដូនជីតា ឪពុកម្តាយ របស់ក្មួយៗលំបាកណាស់ ប៉ុន្តែ ថ្ងៃនេះអ្វីដែលក្មួយៗបាន និងកំពុងមាន គឺបានមកពីការខិតខំរបស់​អ្នកជំ​នាន់​មុន គឺអ្នកជំនាន់ ២ ធ្នូនោះឯង។ វាមាន ២ ធ្នូ បង្កើតរណសិរ្ស ដើម្បីផ្តួលរំលំរបបប៉ុល​ពត។ ២ ធ្នូ ៣០ ឆ្នាំ​មុន ចរចារកដំណោះស្រាយ និង ២ ធ្នូ ១៩ ឆ្នាំមុន ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ដើម្បី​នាំ​មក​នូវស្ថានភាពនៅថ្ងៃនេះ។ មិនមែនជាការអួតក្អេងក្អាង ឬក៏ការអំពាវនាវ តាមរយៈ​ការឃោសនា​ណា​មួយទេ ក៏ប៉ុន្តែយើងបានធ្វើសកម្មភាពជាក់ស្តែង។ ដូច្នេះហើយ បានជាពូមានអារម្មណ៍ថា នៅពេលដែល​ក្មួយៗបានបង្ហាញនូវភាពស្និទ្ធស្នាលចំពោះពូ ពូពិតជាមានអារម្មណ៍ថា ក្មួយៗបានយល់ដឹងអំពីបញ្ហានេះ នូវ​ទង្វើជាក់ស្តែងដែលពូបាន និងកំពុងធ្វើរយៈពេលកន្លងទៅ។

ខិតខំធ្វើកិច្ចការទាំងឡាយសម្រួលដល់ពលករចំណាកស្រុក

ថ្ងៃនេះខ្ញុំមានការចាំបាច់ ដើម្បីដោយសារតែមានបញ្ហាជនជាតិរបស់យើង ដែលកំពុងរស់នៅសហរដ្ឋអាមេ​រិក។ ខ្ញុំចង់និយាយបញ្ហានេះបន្តិច អម្បាញ់មិញ ខ្ញុំបានហៅទូរស័ព្ទពិគ្រោះជាមួយនឹងសម្តេចក្រឡាហោម ស ខេង។ ជនជាតិខ្មែរយើងបានទៅរស់នៅក្រៅប្រទេសច្រើនណាស់ ប៉ុន្តែ មានពលរដ្ឋកម្ពុជារបស់យើង​ក៏បានធ្វើការនៅក្រៅប្រទេស។ ម្សិលមិញ ខ្ញុំបានជួបជាមួយអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ នៅកូរ៉េមាន​ព័ត៌​មានល្អ ដែលគេបានចាត់ទុកថា កម្មករ/ការិនីរបស់កម្ពុជាមានស្តង់ដាខ្ពស់ណាស់ មានកម្រិតវិន័យ​ខ្ពស់​ណាស់ មានវិជ្ជាជីវៈខ្ពស់ណាស់។ ដូច្នេះ ឆ្នាំក្រោយនេះ ភាគីកូរ៉េនឹងពិគ្រោះយោបល់​ជាមួយ​ភាគី​កម្ពុជា។  ឯកឧត្តម អ៊ិត សំហេង ត្រូវធ្វើកិច្ចការងារនេះ ដើម្បីបង្កើនកូតាដើម្បីយកពលកររបស់​យើងទៅ​ធ្វើការ​នៅកូរ៉េ។ នៅឯប្រទេសថៃ យើងកំពុងខិតខំនឹងធ្វើកិច្ចការទាំងឡាយ ទាក់ទិនជាមួយនឹងកម្មករ​របស់​​យើង​ដែលរស់នៅទីនោះ។ អ្នកដែលស្របច្បាប់ ហើយប្រឹងប្រែងធ្វើការជាមួយនឹងភាគីថៃ ដើម្បីឲ្យ​ពួក​គាត់បានទទួលអត្ថប្រយោជន៍ដូចជាកម្មកររបស់ថៃ។

ឯអ្នកមិនទាន់ស្របច្បាប់ យើងខិតខំធ្វើការដើម្បី​ឲ្យ​ពួកគេមានស្ថានភាពស្របច្បាប់ និងទទួលបានអត្ថ​ប្រ​យោជន៍ពីការខិតខំប្រឹងប្រែង នៃកិច្ចសហប្រតិ​បត្តិ​ការរវាងកម្ពុជា និងថៃ។ នៅម៉ាឡេស៊ីក៏ដូចគ្នា។ ឯនៅ​ជប៉ុន យើងត្រូវបញ្ជូនជនជាតិកម្ពុជារបស់យើងទៅធ្វើការនៅទីនោះ ហើយនេះសុទ្ធមិនមែនគ្រាន់តែជា​បញ្ហា​ថាយើងទៅធ្វើខ្ញុំគេទេ ប៉ុន្តែ ពិភពលោកបច្ចុប្បន្នគឺជាពិភពលោកដែលធ្វើសមាហរណកម្ម។ អាស៊ាន​បាន​ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធជាមួយនឹងការការពារនូវពលករ​ចំ​ណាក​ស្រុក។

កម្ពុជានឹងទទួលយកបងប្អូនដែលជាប់គុកនៅអាមេរិក និងអ្នកដែលទៅរស់នៅក្រោយឆ្នាំ ១៩៩៤

ប៉ុន្តែ ទន្ទឹមនឹងយើងបញ្ជូនពលកររបស់យើងទៅធ្វើការនៅក្រៅប្រទេស ទន្ទឹមនឹងយើងធ្វើការបញ្ជូននិស្សិត​របស់​យើងទៅសិក្សានៅក្រៅប្រទេសកាន់តែច្រើនទៅៗ យើងមានរឿង ដែលអកុសល ប៉ុន្តែយើងត្រូវតែ​ទទួល​ក្នុងឋានៈយើងជាជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិក។ ចំនួនជាង ៦០០ នាក់ហើយ ដែលបាន​បញ្ជូន​ត្រឡប់មកកម្ពុជាវិញ។ យើងមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ យើង​បន្តអនុវត្ត។ ពិតមែនហើយសម្រាប់យើង យើងបានគិតគូរអំពីបញ្ហាទាក់ទងជាមួយនឹងមនុស្សធម៌ ទាក់​ទង​ជាមួយនឹងសិទ្ធិមនុស្ស ប៉ុន្តែយើងក៏មិនទាន់មានការកែប្រែណាមួយពី (ការ)មិនព្រម​អនុវត្ត​នូវកិច្ច​ព្រម​ព្រៀង​នោះទេ។ យើងបានធ្វើសំភាសន៍ជាមួយបងប្អូនជនភៀសខ្លួន បងប្អូនមួយ​ចំនួនដែលជាប់ទោស​នៅ​អា​មេរិក ត្រូវអាមេរិកបញ្ជូនចេញមកហើយ។ យើងបានធ្វើសំភាសន៍មួយចំនួន ឯមួយចំនួន​កំពុង​មាន​ជំ​ងឺ។ យើងស្នើសុំឲ្យរដ្ឋបាលរបស់អាមេរិកជួយព្យាបាលឲ្យជាសិន ចាំវិលត្រឡប់មកកម្ពុជា។ ប៉ុន្តែឥឡូវនេះ ខាងភាគីអាមេរិកក៏បានស្នើសុំឲ្យយើងទទួលយកជនជាតិកម្ពុជាដែលបានទៅរស់នៅអាមេរិក នៅក្រោយ​ឆ្នាំ ១៩៩៤ ថែមទៀត។

ខ្ញុំនិយាយអំពីស្ថានភាពមុន។ ចង់និយាយអំពីជនជាតិកម្ពុជា យើងដែលបានភៀសខ្លួនទៅអាមេរិក ឬក៏​ស្នាក់​នៅ​អាមេរិក នៅក្នុងរយៈកាលទសវត្សរ៍ ៧០ ឬទសវត្សរ៍ ៨០ ដែលរត់ភៀសខ្លួនទៅអាមេរិក នៅពេល​ដែល​ជាប់ទោសហើយនោះ គឺពួកគេត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែក៏មានជនជាតិកម្ពុជាយើង​បាន​ទៅរស់នៅសហរដ្ឋអាមេរិកនៅក្នុងក្រោយឆ្នាំ ១៩៩៤ ឥឡូវអាមេរិកចង់បញ្ជូនអ្នកទាំងនេះ​ត្រឡប់​មក​វិញ​។ ខ្ញុំបានប្រាប់សម្តេចក្រឡាហោម ស ខេង ថា យើងត្រូវពិចារណា ហើយអាចទៅដល់កិច្ចព្រមព្រៀង​មួយ​ជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលយកបងប្អូនរបស់យើងមកកាន់មាតុប្រទេសវិញ។ សូមផ្តាំបងប្អូន​ដែល​រស់នៅអាមេរិក ហើយបងប្អូនដែលមិនទាន់ទៅនៅអាមេរិក សូមកុំប្រថុយប្រថានជាមួយ​នឹងដំណើរ​ដ៏​គ្រោះថ្នាក់ដែលទៅរស់នៅសហរដ្ឋអាមេរិក។

មុននេះមានមួយចំនួនទៅរស់នៅតាមទូក ទៅតាមទូក ទៅ​អូស្ត្រាលី ក៏ត្រូវគេចាប់បញ្ជូនមកវិញ ឬ​អូស្ត្រា​លី​ឲ្យទៅ។ ប៉ុន្តែអូស្ត្រាលីឥឡូវនេះបានមានកិច្ចព្រមព្រៀងជា មួយកម្ពុជា ឲ្យកម្ពុជាជួយ​ទទួល​យក​ជន​ភៀស​ខ្លួននៅ Papua New Guinea។ ឥឡូវហ្នឹងគឺរដ្ឋា​ភិ​បាល​អូស្ត្រាលីកំពុងបង្ខំបិទជំរុំនៅ  Papua New Guinea។ ថ្ងៃមុន នៅពេលស៊ីបាយជាមួយគ្នា នាយករដ្ឋមន្ត្រីអូស្ត្រាលី (Malcolm) Turnbull ខ្ញុំ​បាន​សួរគាត់ថា តើយើងបន្តនូវកិច្ចព្រមព្រៀងអំពីការដែលកម្ពុជាទទួលយកជនភៀសខ្លួនមកកាន់កម្ពុជា​ទេ? គាត់បាននិយាយថា បញ្ហាសំខាន់គ្មានអ្នកណាចង់មកនៅកម្ពុជា។ វាត្រូវហើយ គេចង់មក​នៅ​អូស្រ្តា​លី ហើយឲ្យមកនៅកម្ពុជាម៉េច។ អាហ្នឹងត្រូវ។ ប៉ុន្តែកម្ពុជាបានបង្ហាញកាយវិការ ហើយក៏បានទទួល​យក​ជន​ភៀសខ្លួនមួយចំនួនមកកាន់កម្ពុជា។ គាត់បាននិយាយថា បក្សប្រឆាំងរបស់គាត់បាននិយាយថា នៅ​ពេល​ដែលគេឈ្នះ នៅពេលខាងមុខ គឺអ្នកទាំងនេះនឹងត្រូវអនុញ្ញាតឲ្យទៅនៅអូស្ត្រាលី(វិញ)។

ដូច្នេះ ចំណុចនេះហើយ គឺជាចំណុចដែលយើងត្រូវឃើញ។ យើងក៏ត្រូវគិតមួយជំហានមុនថា ប្រសិនបើ​សហ​រដ្ឋអាមេរិកបណ្តេញប្រជាជនរបស់យើងមកកាន់កម្ពុជាវិញ តើយើងទទួលឬមិនទទួល? ក្នុងឋានៈជា​នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រកាសទទួលយកបងប្អូនត្រឡប់មកកាន់កម្ពុជាវិញ មិន​ឲ្យ​គេធ្វើបាបនោះទេ។ អញ្ចឹងក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា អាចនឹងចាប់​ផ្តើមធ្វើ​ការ​ចរចា​ជា​មួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ ការចរចានោះ អាមេរិកក៏ត្រូវយល់ដឹងអំពីការលំបាករបស់កម្ពុជាដែរ នៅ​ត្រង់ថា កម្ពុជាគ្មានសំបុត្រយន្តហោះឲ្យជិះទេ។ បើចង់បញ្ជូនមក គឺកម្ពុជាអាចទទួលនៅនឹង(ព្រលាន)​ពោធិ៍​ចិនតុង ប៉ុន្តែអាមេរិកក៏ត្រូវធានាថា ពលរដ្ឋកម្ពុជាដែលត្រូវបញ្ជូនត្រឡប់មកវិញ ត្រូវឲ្យគេមាន​ប្រាក់​ទទួល​ទាន ប្រាក់ចិញ្ចឹមស្អី ប៉ុន្មានខែ ឬមួយឆ្នាំស្អីផង។

នេះជាកាយវិការរបស់រាជរដ្ឋាភិបាលដែលនឹកគិតទៅដល់ជនជាតិរបស់ខ្លួន ដែលរស់នៅមិនស្របច្បាប់​នៅ​ក្នុង​ប្រទេសដទៃ។ នេះជាសេរីភាពរបស់បងប្អូនទេ ប៉ុន្តែសេរីភាពនោះមិនអាចទៅបំពាន​ច្បាប់របស់​ប្រ​ទេស​មួយបានទេ។ នៅសហរដ្ឋអាមេរិក (មាន)បញ្ហាអន្តោប្រវេសន៍។ ឥឡូវ សហរដ្ឋអាមេរិកកំពុង​តែ​ដក​ខ្លួន​ចេញទៀត ពីអង្គការអន្តោប្រវេសន៍អន្តរជាតិ។ ដូច្នេះយើងត្រូវយល់អំពីនយោបាយរបស់រដ្ឋាភិ​បាល​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំម៍ យើងក៏ត្រូវគិតអំពីប្រជាពលរដ្ឋរបស់យើង​ដែលអាចនឹងទទួលការ​រង​គ្រោះ(ពីការ)ត្រូវចាប់បញ្ជូនចេញ។ យើងក៏ត្រូវត្រៀមខ្លួននឹងទទួលយកនូវបងប្អូនទាំងនោះត្រឡប់មក​កម្ពុជា​វិញ។ សូមឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងផ្នែកពាក់ព័ន្ធធ្វើការសិក្សា និងពិភាក្សាជា​មួយ​នឹងសហរដ្ឋអាមេរិក ដើម្បីធានាថា អ្នកទាំងនោះមិនត្រូវបញ្ជូនទៅកាន់តំបន់កោះ ដាក់នៅលើកោះនេះ កោះនោះ ដូចដែលប្រជាពលរដ្ឋមួយចំនួន នៅប្រទេសដទៃទេ ទៅនៅកោះដែលមិនស្របច្បាប់ នៅក្នុងជំរុំ Papua New Guinea។ ខ្ញុំមិនចង់ឲ្យជនជាតិកម្ពុជារបស់​យើងមានជោគវាសនាដូចជាប្រជាជននៅប្រ​ទេស​មួយ​ចំនួន ដែលត្រូវទៅ​នៅលើកោះ Papua New Guinea ហើយត្រូវគេបិទជំរុំបណ្តេញចេញ​ថែម​ទៀត។ ហើយបណ្តេញចេញថា គេត្រូវហែលទឹកត្រឡប់ទៅប្រទេស ឬយ៉ាងម៉េច? ប៉ុន្តែសម្រាប់ជនជាតិ​កម្ពុជា យើងមានការទទួលខុសត្រូវចំពោះជនជាតិរបស់យើង។

នេះគឺជាសារដែលខ្ញុំចង់បញ្ជាក់ ទី១ ថាយើងបញ្ជូននិស្សិតកាន់តែច្រើនទៅៗ ជាមួយនឹងពលករ​កាន់តែ​ច្រើន​ទៅៗ ដើម្បីរកការងារធ្វើ និងបង្កើនការចេះដឹង យកជំនាញនោះត្រឡប់មកប្រទេស។ មួយផ្នែកទៀត ប្រជាជនយើងដែលទៅក្រៅមិនស្របច្បាប់ យើងខិតខំធ្វើការឲ្យស្របច្បាប់ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក​គឺអាច​នឹងបណ្តេញបងប្អូនខ្មែរយើងដែលទៅរស់នៅក្រោយឆ្នាំ ១៩៩៤ ដែលអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​បានលើក​ជាមួយនឹងសម្តេចក្រឡាហោម ស ខេង ហើយបានរាយការណ៍មកឲ្យខ្ញុំ។ ខ្ញុំគិតថា បើយើង​បណ្តែត​បណ្តោយ ប្រជាជនរបស់យើង ខ្ញុំគិតថា គេអាចយកទៅដាក់នៅកោះនេះ កោះនោះ ឬបញ្ជូន​ចេញ​ទៅ​ប្រទេសផ្សេងវាមិនល្អទេ។ អញ្ចឹងទេ ជាការល្អ ដែលយើងត្រូវត្រៀមមួយជំហានមុន។ សង្ឃឹមថា ស្ថាន​ទូត​សហរដ្ឋអាមេរិកនឹងបញ្ជូនសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្ត ទី ១ បន្ត​អនុ​វត្ត​នូវកិច្ច​ព្រម​ព្រៀង​ដែលមានរួចមកហើយ ដែលកម្ពុជាទទួលយកនូវបងប្អូនខ្មែរដែលជាប់គុកនៅ​អា​មេ​រិក ហើយត្រូវ​បញ្ជូន​ត្រឡប់មកវិញ។ យើងនឹងបន្តទទួលតាមកិច្ចព្រមព្រៀងនោះដដែល។

ទី ២ អ្នកដែលទៅរស់នៅក្រោយឆ្នាំ ១៩៩៤ យើងត្រៀម ខ្លួនទទួលយកបងប្អូនទាំងនោះ ត្រូវធ្វើការ​ចរចា​គ្នា (អំពី)ការដឹកជញ្ជូនត្រឡប់មកវិញ ការចិញ្ចឹមប៉ុន្មានខែដំបូង រាជរដ្ឋាភិបាលកម្ពុជាគឺ​មានការលំ​បាក​ក្នុង​ការចិញ្ចឹមបងប្អូនទាំងនេះ មានចំណែកទទួលខុសត្រូវ ក៏ប៉ុន្តែសុំឲ្យសហរដ្ឋអាមេរិកពិចារណា​ផ្តល់ជំ​នួយ​ឧបត្ថម្ភសម្រាប់អ្នកទាំងនេះ ដើម្បីពួកគេអាចកវែក កឆ្នាំង សាឡើងវិញ។ តាមរយៈនោះ​ យើងក៏អាច​ពិនិត្យ​ពីលទ្ធភាពទាំងឡាយ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនទាំងនោះ អាចធ្វើសមាហរណកម្មខ្លួន ចូលទៅ​ក្រុម​គ្រួសារវិញ ឬក៏ទៅមានកន្លែងដែលគេអាចស្នាក់អាស្រ័យបាន។

មានរបាយការណ៍ថា កម្ពុជារួចផុតពីភាពក្រីក្រ ត្រូវពិនិត្យមើលថាពិតប្រាកដឬទេ?

ឥឡូវវិលមកការងាររបស់យើង ក្មួយៗការងារដែលក្មួយៗមានសព្វថ្ងៃនេះ មិនមែនបានឡើងដោយ​សារ​ការស្រែករបស់អ្នកណាមួយទេ តែបានមកពីការខិតខំរបស់ជីដូនជីតា របស់ឪពុកម្តាយរបស់ក្មួយៗ ដែល​បាន​គាំ ទ្រគណបក្សប្រជាជន គាំទ្រចំពោះពូក្នុងការដឹកនាំប្រទេសរយៈពេលកន្លងទៅ។ ក្នុងវ័យ ២៥ ឆ្នាំ បាន​ចាប់ ផ្តើមចលនាតស៊ូមួយ នៅក្នុងពេលនេះ ៣៩ ឆ្នាំមុន នៅក្នុងវ័យ ២៦ ឆ្នាំ ពូបាន និងកំពុង​តាម​ដាន​នូវសភាពការណ៍ទាំងឡាយទាក់ទងនឹងការរំដោះប្រទេស ប៉ុន្តែ ៣៩ ឆ្នាំក្រោយ ពូមានឱកាសនឹង​សំ​ណេះ​​សំណាលជាមួយក្មួយៗកម្មករ/ការិនី ដែលកំពុងទទួលបាននូវការងារធ្វើ និងប្រាក់ចំណូលកាន់តែ​ច្រើន។ ខ្ញុំមិនទាន់ប្រាកដទេ ឲ្យឯកឧត្តម ចម ប្រសិទ្ធិ ស្រាវជ្រាវអម្បាញ់មិញ តើវាជារឿងពិតទេ? ព្រោះ​អញ្ចេះ ម្សិលមិញនៅស្ថានីយ៍ទូរទស្សន៍មួយ​ គឺទូរទស្សន៍ CNC ព្រឹកមិញខ្ញុំហៅទូរស័ព្ទទៅឯកឧត្តម​ អូន ព័ន្ធមុន្នីរ័ត្ន ប៉ុន្តែប្រហែលជាហៅព្រឹកពេក គាត់មិនបានលើកទូរស័ព្ទ ហើយខ្ញុំប្រើលេខថ្មីផង។ មានការ​ផ្សាយ​ថា ប្រភពរបស់ធនាគារពិភពលោក កម្ពុជាបានស្ថិតនៅក្នុងចំណោមប្រទេស ដែលរួចចាក​ពីភាព​ក្រី​ក្រ។ តើព័ត៌មាននេះ វាជាព័ត៌មានពិត​ឬទេ? ប្រសិនបើវាជាព័ត៌មានពិត វាជាការចំអក​មួយចំពោះអ្នក​ដែល​ទៅ​បំផុសនៅខាងក្រៅថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលប្រជាជនរកតែបាយច្រកឆ្នាំង​មិន​បាន។​ជាការចំអកមួយម្យ៉ាង។

បើសិនកម្ពុជារួចផុតពីភាពក្រីក្រពិតប្រាកដមែន ក៏សូមកុំតម្លើងការប្រាក់លើកម្ពុជា

តែម្យ៉ាងទៀត ប្រហែលជាមិនទាន់ឆ្លុះបញ្ចាំងនូវការពិតប្រាកដ។ បើសិនវាជារឿងពិត ក៏ខ្ញុំសូមយកឱកាស​នេះ​អំពាវនាវស្ថាប័នអន្តរជាតិនានា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ដូចជា​ធនា​គារ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រទេសដែលឲ្យប្រាក់កម្ចីមកកាន់កម្ពុជា សុំកុំតម្លើងអត្រាការប្រាក់​ឲ្យ​សោះ។ កម្ពុជាមិនទាន់ឆ្លងផុតពីស្ថានភាពលំបាកដែលត្រូវមានអត្រាការប្រាក់ពាណិជ្ជកម្មទេ។ កម្ពុជា​នៅបន្តស្នើសុំឲ្យមានអត្រាការប្រាក់សម្បទាន (ចំពោះទឹកប្រាក់)ដែលយើងខ្ចីពីគេ។ យើងមិនទាន់អាច​មាន​លទ្ធភាពខ្ចីតាមរយៈអត្រាការប្រាក់ពាណិជ្ជកម្ម(ទេ) ព្រោះប្រទេសដែលរួចចាកផុតពីភាពក្រីក្រ គឺត្រូវ​ទទួល​នូវលក្ខខណ្ឌមួយផ្សេង។ អាជំនួយក៏បាត់ អាខ្ចីប្រាក់គេ ពីមុនការប្រាក់មួយភាគរយ វាទៅជាការ​ប្រាក់ ៥ ភាគរយ។ អញ្ចឹងទេ អាហ្នឹងគេហៅថា សុំពិនិត្យមើលអាហ្នឹងបន្តិចមើល។ ទាក់ទងទៅ អូន ព័ន្ធមុន្នីរ័ត្នបន្តិចមើល ឬក៏ វង្សី វិសុទ្ធ។ តើវាជាព័ត៌មានពិត ឬអត់? …

លើកលែងអ្នកខ្លះគេថា វាមានដំណាក់កាលដែលគេនិយាយ ពេលខ្លះគេនិយាយ គេថាខ្មែរអត់​បាយ​រហូត​ដល់ស្លាប់។ ដល់យើងសួរទៅ គាត់អាយុ ៨៦ ឆ្នាំហើយ។ អញ្ចឹងបានសេចក្តីថា មិនថាគេ ថាយើងទេ តែ​ដល់​ឈឺធ្ងន់ជិតងាប់ គឺវាត្រូវតែងាប់ហើយ អត់ស៊ីបាយទេ។ … នៅចាំបានទេ សេរី កុសល ពេល​ដែល​យើង​ទៅជីកប្រឡាយនៅកំពង់ស្ពឺ។ អង្កាលហ្នឹង វិទ្យុអាស៊ីសេរីនេះ ថាខ្មែរអត់បាយ។ ដល់ឲ្យបញ្ជាក់ សួរ​បញ្ជាក់ថា ៨៦ ឆ្នាំ ហើយគាត់ឈឺយូរហើយ … ឥឡូវទូរទស្សន៍ផ្សាយអញ្ចឹង ដាក់រត់អក្សរក្នុង CNC ទៅ​ទៀត។ តើវាច្បាស់ហើយឬនៅ? បើសិនជាវាមិនច្បាស់ គឺត្រូវបញ្ជាក់ឲ្យច្បាស់។ ព្រោះ(រឿង)នេះមាន​តែក្រ​សួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុទេ ដែលអាចយល់អំពីបញ្ហានេះ។ ប៉ុន្តែ បើទោះបីវាច្បាស់ ឬមិនច្បាស់ កម្ពុជា​មិន​ស្ថិត​ក្នុងស្ថានភាពអត់អាហារដូចនៅសូម៉ាលី ម៉ាលី ស៊ូដង់ ឬដូចប្រជាជនរ៉ូហ៊ីនយ៉ា ភៀសខ្លួន​ទៅបង់​ក្លា​ដេស​នោះទេ។ អត់ទេ មិនស្ថិតក្នុងស្ថានភាពបែបនេះនោះទេ។

ការពារសន្តិភាព ការពារស្ថេរភាពនយោបាយ ធានាការអភិវឌ្ឍ ធានាស្ថេរភាព និងសុវត្ថិភាពការងារ

ឥឡូវ រយៈពេលកន្លងទៅនេះ ក្មួយៗទាំងឡាយបានដឹងជាបន្តបន្ទាប់រួចមកហើយ ពូគិតថាគ្រាន់តែជាការ​រំលឹក​ប៉ុណ្ណោះ។ អ្វីដែលមានក្នុងដៃរួចមក ហើយត្រូវការពារវាឲ្យបាន។ ដើម្បីការពារវាឲ្យបាន ​កិច្ចការ​ដំបូង​បំ​ផុត ត្រូវការពារសន្តិភាព ការពារស្ថេរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍប្រទេសជាតិរបស់យើង ដើម្បី​ធានា នូវស្ថេរភាពការងារ និងសុវត្ថិភាពការងារ របស់ក្មួយៗនៅតាមរោងចក្រសហគ្រាសនានា។ កិច្ច​ការនេះ ក្មួយៗប្រជាជនទាំងអស់ត្រូវមានចំណែកការពារនូវសន្តិភាពនេះ។

បើកងទ័ពបះបោរ សង្រ្គាមនឹងផ្ទុះ បាត់បង់ ការងារ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ

ម្សិលមិញ មានការប្រកាសសង្គ្រាមពីជនក្បត់ជាតិ ដែលជាការក្បត់ជាតិតជំនាន់។ ឪពុកក៏ក្បត់ជាតិ ដែល​សម្តេច​ព្រះបិតាជាតិព្រះអង្គទ្រាំមិនបាន​ ហើយទីចុងបំផុតជនក្បត់ជាតិនេះក៏ត្រូវស្លាប់តៃ​ហោង។ ឥឡូវ មក​ដល់កូនក៏បង្កើតឲ្យមានរឿងក្បត់ជាតិនេះបន្តទៀត។ អំពាវនាវឲ្យកងទ័ពធ្វើការបះបោរ។ បើសិន​ជាកង​ទ័ពបះបោរ សួរថាអ្វីនឹងកើតឡើង? សុំផ្តាំទៅជនក្បត់ជាតិឯងថា អ្នកឯងស្គាល់សភាព​ការណ៍​កម្ពុជា​តិច​ពេក​ហើយ។ អ្នកស្គាល់កម្លាំងប្រដាប់អាវុធនៅកម្ពុជាតិចពេកហើយ ហើយអ្នកស្គាល់ប្រជាជន​កម្ពុជា​តិច​ពេក​ហើយ។ ប្រជាជនកម្ពុជាបើទោះបីនៅលំបាក ប៉ុន្តែប្រជាជាតិមួយនេះស្រលាញ់សន្តិភាព មិនលុះ​ដោយ​អំពើញុះញង់អកុសលរបស់អ្នកទេ។ ឥឡូវ សាកល្បងគិតមើល ប្រសិនបើមានការបះបោរ​ដោយ​កង​ទ័ពណាមួយ សង្គ្រាមវានឹងផ្ទុះ តើអ្នកទាំងអស់គ្នាបានទទួលផលអ្វីទៀត។ ខ្ញុំគ្រាន់តែបញ្ជាក់ថា ការងារ ឬ​លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ វាមិនចាប់(កំណើត)ក្នុងផ្ទៃនៃសង្គ្រាមទេ។  វាចាប់តែក្នុងផ្ទៃ ដែលមាន​សន្តិ​ភាពតែប៉ុណ្ណោះ។ សុំមើលអតីតកាលរបស់យើង ជីដូនជីតា ជីទួតរបស់ក្មួយៗ ឪពុកម្តាយរបស់​ក្មួយៗ​បានឆ្លងកាត់របៀបណា? វេទនាណាស់ ទម្រាំមានឱកាសដូចសព្វថ្ងៃនេះ។ អញ្ចឹងទេ រក្សាសន្តិ​ភាព​បាន ទើបរក្សានូវការងាររបស់យើងបាន រក្សាស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមបាន ទើបរក្សាបាននូវសុវត្ថិភាពការងារ ដែលក្មួយៗបានមាន។

រក្សានូវសុខដុមបនីយកម្មក្នុងរោងចក្រ

ហើយក៏មិនត្រូវ ឲ្យកើតមានបងតូច បងធំ នៅតាមរោងចក្រ មានជើងកាងនៅតាមរោងចក្រ ហើយមាន​ក្រុម​គ្រឿង​ញៀននៅតាមរោងចក្រ។ សុំក្មួយៗខិតខំបន្តរួមចំណែក ដើម្បីធ្វើឲ្យមានសុវត្ថិភាពនៅក្នុងរោង​ចក្រ។ ការធ្វើសុខដុមបនីយកម្មរវាងម្ចាស់រោងចក្រ ជាមួយនឹងអ្នកគ្រប់គ្រងគ្រប់កម្រិត ដែលនៅទីនេះ មានជាង ១០០ នាក់ ហើយបានទៅជួបជាមួយពូ រដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម វាជាផ្នែក​មួយ​នៃការសុខសាន្តនៅក្នុងចំណោមរោងចក្រ ដែលយើងបាន និងកំពុងធ្វើការ។ សង្ឃឹមថាក្មួយៗ​នឹង​បន្ត​ការ​ចូលរួមចំណែក។

ញុះញង់ឲ្យកងទ័ពបះបោរ ជាទោសក្បត់ជាតិ

ថ្ងៃនេះ ខ្ញុំដឹងថា អគ្គបញ្ជាការកងទ័ពកម្ពុជា កងយោធពលខេមរភូមិន្ទ រួមនឹងនាយទាហានដទៃទៀត នឹង​ដាក់​ពាក្យបណ្តឹងទៅកាន់តុលាការ ព្រោះនេះជាបទល្មើសក្បត់ជាតិ ជាបទល្មើសញុះញង់ឲ្យកង​ទ័ពមិន​គោរព​បទបញ្ជា។ ប៉ុន្តែ សុំផ្តាំទៅអ្នកឲ្យបានជ្រាបថា នេះហើយដែលខ្ញុំតែងនិយាយថា កម្ពុជានឹងមាន​សង្គ្រាម​។ ឥឡូវវាកាន់តែច្បាស់ហើយ អ្វីដែលយើងបានចាត់វិធានការណ៍កន្លងទៅ គឺដើម្បីការ​បញ្ចៀស​សង្គ្រាម​នេះឯង ព្រោះមនុស្សអស់នេះ គឺជាអ្នកបង្កើតសង្គ្រាមតែម្តង។ យើងកាន់តែមានមូល​ហេតុ​សម​ស្រប ដើម្បីបញ្ជាក់ថា ចំណាត់ការតាមផ្លូវច្បាប់ ឈានទៅដល់ការរំលាយប​ក្សនយោបាយ និងកាត់ទោស​ជន​ក្បត់ជាតិ គឺជាចំណាត់ការត្រឹមត្រូវ។ (ដោយសារ)អំពើក្បត់ជាតិនេះហើយ ដែលយើងតែងនិយាយថា បើពួកនេះនៅគឺវានឹងមានសង្គ្រាម។ ដូច្នេះហើយ បានជាយើងមានការប្រុងប្រយ័ត្ន ឥឡូវនេះការជាក់ស្តែង ឆ្នាំ ២០១១ គេធ្វើអញ្ចឹង ឥឡូវម្សិលមិញ គេធ្វើអញ្ចឹងទៀត។ អញ្ចឹងទេ សុំផ្តាំទៅ ហើយបើខ្លាំង មកខ្លួន​ឯង​មក។ អញ្ជើញមក។ បញ្ចេញទ័ពឲ្យអស់មក។ ទ័ពកន្លែងណាខ្លះ ដែលវាបះ(បោរ) … បើសិនជា​មាន​ជំ​នួយ​បរទេស ក៏សុំបញ្ចេញមកឲ្យអស់មក។

មាន ហ៊ុន សែន នៅ កុំបារម្ភពីសង្គ្រាម

ប៉ុន្តែ ខ្ញុំក៏សុំនិយាយជាមួយប្រជាជនកម្ពុជាទាំងឡាយ នៅពេលដែលមានវត្តមាន ហ៊ុន សែន នៅទីនេះ សុំកុំបារម្ភពីសង្រ្គាមកើតឡើងឲ្យសោះ ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជន គឺជា​អ្នក​ធានាតែមួយគត់ អំពីសន្តិភាព និងការអភិ​វឌ្ឍរបស់ប្រទេសនេះជាបន្ត ព្រោះមនុស្សម្នាក់នេះ បានឈរ​នៅ​ជា​បង្គោល ជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត តាំងពីរំដោះវាយ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់របស់ ប៉ុល ពត ស្វែងរកសន្តិភាព និងទប់ស្កាត់សង្គ្រាមដែលគេបង្កមិនចេះចប់ មិនចេះហើយ។ ជាពិសេស ទប់​ស្កាត់​បដិវដ្តពណ៌នៅឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ និងជាបន្តបន្ទាប់។ ដូច្នេះហើយ បានជាការ​វាយ​ប្រ​ហារ​ចំពោះ ហ៊ុន សែន មិនមែនជារឿងចំឡែកទេ ព្រោះបើ(ហ៊ុន សែន)ម្នាក់នេះគឺជាឧបសគ្គ នៃដំណើរ​ឆ្ពោះទៅ​ដណ្តើមអំណាចរបស់ពួកគេតាមផ្លូវងងឹត។ ដូច្នេះ មានវត្តមានរបស់ ហ៊ុន សែន គឺមានវត្តមាន​សន្តិភាព នេះគឺជារឿងពិត មិនមែនជារឿងក្លែងក្លាយ ហើយលើកខ្លួនឯងនោះទេ។

កម្មករមានសិទ្ធិបញ្ចេញការមិនពេញចិត្តលើការងាររបស់ខ្លួន តែមិនត្រូវធ្វើជាឧបសគ្គដល់ប្រជាជនដទៃ

ក្មួយៗត្រូវបន្តរួមចំណែករក្សាសន្តិភាព។ ថ្ងៃនេះ ពូគួរតែសុំពីក្មួយៗកម្មករ/ការិនី នៅទីនេះ ក៏ដូចជាកម្ម​ករ/ការិ​នីនៅទូទាំងប្រទេសទាំងអស់។ ក្មួយៗអាចមានសិទ្ធិនឹងមិនពេញចិត្តជាមួយរឿងនេះ ឬរឿងនោះ ជា​​ក្រប​ខណ្ឌរួម ឬជាក្របខណ្ឌដោយឡែកនៅតាមរោងចក្រ នៅទីកន្លែងធ្វើការរបស់ក្មួយៗ ក៏ប៉ុន្តែ អ្វីដែល​ក្មួយៗ ត្រូវចៀសវាង ក្មួយៗមិនត្រូវធ្វើជាឧបសគ្គសម្រាប់ប្រជាជននោះទេ។ ដូចជាប៉ុន្មានថ្ងៃមុននោះ គ្រាន់​តែ​ផ្អើលថា ដូរថៅកែនៅរោងចក្រមួយនោះ ស្រាប់តែនាំគ្នាទៅបិទផ្លូវ។ រឿងបិទផ្លូវ គឺជារឿងខុស​ច្បាប់។ រឿងខុសច្បាប់ រឿងមួយហើយ ប៉ុន្តែវាទាស់ជាមួយនឹងទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ ស្រាប់តែមានស្រ្តីមានផ្ទៃពោះ ត្រូវការធ្វើដំណើរប្រញាប់បំផុត ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ឬក៏អ្នកជំងឺ​ត្រូវ​សង្គ្រោះ ប៉ុន្តែ ផ្លូវត្រូវស្ទះ តើនេះវាជាសោកនាដកម្ម ឬទេ? មនុស្ស ២ ឬ ៣ នាក់ ដែលញុះ​ញង់ឲ្យក្មួយទៅបិទផ្លូវ  វាមិនមែនគ្រាន់តែបំផ្លាញថៅកែរោងចក្រទេ តែនេះគឺបំផ្លាញប្រជាពលរដ្ឋ មានការ​ចាំ​បាច់​ធ្វើ​ដំណើរទទួលផលប្រយោជន៍ពីផ្លូវ។ រឿងនេះយើងបានស្នើសុំឲ្យសម្រួលកិច្ចការទាំងឡាយ ក្នុងក្របខណ្ឌនៃលក្ខខណ្ឌការងារ ក៏ប៉ុន្តែ ក្មួយៗ​មិន​ត្រូវលង់ទៅដោយការញុះញង់របស់មនុស្ស ២ ឬ ៣ នាក់ ដែលនាំក្មួយៗ ៤០០ ទៅ ៥០០ នាក់ បិទផ្លូវ។ គ្រាន់តែរឿងពាក់ព័ន្ធជាមួយនឹង ឮថាគេប្តូរថៅកែ ដល់ដូរថៅកែ ទៅសុំបើកប្រាក់ផ្តាច់។ ចុះបើ​សិន​ជាថៅកែគាត់ធ្វើមែន ឧទាហរណ៍ទេ ថៅកែគាត់ធ្វើមែន គាត់សុខចិត្តមួយខែគាត់ខាត គាត់ឲ្យលុយ​តែ​ម្តង ប៉ុន្តែគាត់រើសកម្មករថ្មី អញ្ចឹង ៥០០​ នាក់នេះ គឺអត់ការងារធ្វើ។ បើកប្រាក់ខែហើយចប់។ នេះជា​ការ​ខាតបង់។ ត្រូវរកដំណោះស្រាយ។ អ្នកដែលនៅសម្រុះសម្រួលចុងក្រោយ នឹងផ្តល់នូវសំណង គឺនៅ​មាន មិនមែនគ្រាន់តែថៅកែទេ គឺពាក់ព័ន្ធជាមួយនឹងអាជ្ញាធរ។ ពូធ្លាប់បញ្ចេញប្រាក់រាប់លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក បើកសងទៅឲ្យក្មួយៗកម្មករ/ការិនី នៅឯតាខ្មៅ តាំងពីឆ្នាំ ២០០៧-២០០៨ …។

ក្មួយៗកុំទៅបិទផ្លូវ ទារអាប្រាក់ហ្នឹង។ បិទផ្លូវវាកើតឡើងនូវសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋទៅវិញទេ … នេះជាការស្នើសុំ។ ក្មួយៗត្រូវខិតខំធ្វើយ៉ាងម៉េច រួមចំណែក កុំឲ្យរោងចក្ររបស់យើងមានគ្រឿងញៀន រោងចក្ររបស់យើងមានបងតូច បងធំ ជាពិសេសជើងកាង។ យើងគោរពសិទ្ធិនៃការធ្វើកូដកម្ម ក៏ប៉ុន្តែ អ្នក​ធ្វើ​កូដកម្ម ឧទាហរណ៍រោងចក្រមួយមាន ១ ពាន់នាក់។ ធ្វើកូដកម្ម ៥០ នាក់ យើងត្រូវគោរពសិទ្ធិ ៥០ នាក់ធ្វើកូដកម្ម ប៉ុន្តែ ៥០​ នាក់ ក៏ត្រូវតែគោរពសិទ្ធិ ១ ពាន់នាក់ដែលត្រូវធ្វើការ។ ដូចជារូបភាពបាន​បង្ហាញ​ហើយ ប្រធានបក្សនយោបាយមួយ ចូលទៅក្នុងរោងចក្រ បើកទម្លាយទ្វារដើម្បីអោយគេ​ចេញមកធ្វើ​បាតុ​កម្ម តើនេះជារឿងខុសច្បាប់ ឬត្រូវច្បាប់? ថៅកែឈរឱបដៃ ទៅទាញថៅកែគេទៀត នេះជាទោសមួយ​ដែល​មិនអាចអត់ឱនបានទេ។

វិធានប្រកួតតាមលទ្ធិប្រជាធិបតេយ្យ មិនខុសពីវិធានប្រកួតកីឡា

សុំបញ្ជាក់វិធានប្រកួត តាមលទ្ធិប្រជាធិបតេយ្យ វាមិនខុសពីវិធានប្រកួត នៃកីឡានោះទេ។ សុំស្តាប់​ឲ្យ​ច្បាស់។ ប្រទេសកម្ពុជាអត់ពីអ្នក ប្រទេសកម្ពុជាក៏នៅតែចាត់តាំងការបោះឆ្នោត នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ជ្រើសតាំងព្រឹទ្ធសភា និងនៅតែធ្វើការបោះឆ្នោតរដ្ឋសភា នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ ទោះបីអ្នកចូលរួម ឬមិនចូលរួម វាជារឿងរបស់អ្នក។ ស្ថានភាពនេះវាមិនខុសពីកីឡា កីឡាយើងមើល​ឃើញ​ហើយ មានអ្នកដែលទាត់ខុសរបៀប ត្រូវកាតក្រហម បណ្តេញចេញ ហាមឃាត់មិនឲ្យចូល​ប្រកួត​ប៉ុន្មាន​ប្រកួត។ អ្នកដែលមានទោសធ្ងន់ រហូតគេហាមឃាត់មិនឲ្យលេងកីឡាមួយជីវិត ដូចជាអ្នកប្រើ​ថ្នាំ​ប៉ូវ​កម្លាំង​ជាដើម នៅពេលដែលគេធ្វើតេស្តទឹកនោមឃើញហើយ គេហាមឃាត់ការប្រកួតមួយជីវិតតែម្តង។ កីឡាបាល់ទាត់ ក្រុមកីឡាបាល់ទាត់ ឬក្រុមអត្តពលកម្មស្អីៗគ្រប់ផ្នែកទាំងអស់។ ប៉ុន្តែ សួរថា តើគេរុះ​ស្តាត​ហ្នឹងចោលទេ? គេអត់រុះទេ។ គេមានក្រុមផ្សេងទៅប្រកួតនៅកន្លែងនោះ។ កីឡាវាយ tennis ឬកីឡា​អី​ដ​ទៃទៀត អត្តពលកម្ម ហាមឃាត់កីឡាមួយចំនួន មិនឲ្យចូលប្រកួតមួយជីវិត ឬក៏ ៥ ឆ្នាំ ឬក៏ ៣ ឆ្នាំ សួរ​ថា​តើគេបិទកន្លែងប្រកួតហ្នឹងទេ? អត់ទេ។ វិធាននៃប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រៀបដូច​ជាកី​ឡា​ដូច្នោះឯង។ បាល់ទះ បាល់ទាត់ អត់ពីក្រុមហ្នឹង វាមានក្រុមផ្សេងទៀត ប្រកួត។ បោះឆ្នោតអត់​អាក្រុម​ហ្នឹង អត់អាបក្សហ្នឹង វាមានបក្សផ្សេងចូលប្រកួត។ រឿងវាដូច្នេះ អញ្ចឹងត្រូវមើលព្រៃទាំងមូល​មិនមែនមើល​ឈើ​មួយ​ដើមៗទេ សម្រាប់ប្រទេសយើង។

បន្តតំណែងជានាយករដ្ឋមន្ត្រី មិនតិចជាង ១០ ឆ្នាំ ទៅមុខទៀត

អញ្ចឹងសន្តិភាព វាមានតម្លៃខ្លាំងណាស់ អញ្ចឹងសូមឲ្យក្មួយៗចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយនឹងពូ ដែល​ពូបាន​ប្រកាសហើយថា នឹងបន្ដតំណែងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតក្នុងរយៈពេលមិនតិចជាង ១០ ឆ្នាំទៀត។ វត្តមាន​របស់ពូ ដើម្បីធានាថា ប្រទេសនេះវិវឌ្ឍទៅតាមដំណើរសន្តិភាព និងប្រជាធិប​តេយ្យសេរី​ពហុបក្សជាទៀត​ទាត់។ ហើយមិនមែនគ្រាន់តែជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេ ប៉ុន្តែប្រជាធិប​តេយ្យដោយភ្ជាប់ទៅ​ជាមួយនូវនីតិរដ្ឋ ដែលជាប្រជាធិបតេយ្យមួយមានការគោរពច្បាប់ មានប្រព័ន្ធ​នៃការ​គោរពច្បាប់ត្រឹមត្រូវ។ ​ប្រទេសមួយដែលមានការអភិវឌ្ឍជាបន្ត កំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់។

ប៉ុន្មានថ្ងៃនេះ ក្មួយបានដឹងហើយ ពូទៅ​កាន់ប្រទេសចិន ទៅប្រធានបទចចារផ្អែកលើអីសំខាន់? ប្រទេស​ចិនជាទីផ្សារ​ធំ​ណាស់សម្រាប់យើង ចរចាផ្តោតធំជាងគេលើពាណិជ្ជកម្ម វិនិយោគទេសចរណ៍។ ឥឡូវ បើ​និយាយ​ពី​ទេសចរណ៍ អាចនឹងបន្ដិចទៀតចិន​អាចនឹងក្លាយជាទេសចរទី ១ ខ្ញុំគ្រាន់តែចង់បាន​ទេសចរ​ចិន​ស្មើ ០,០១% ប៉ុណ្ណោះ ដោយសារប្រទេសចិនមាន​ប្រជាជន ៣០០ លាន នាក់ជាង បើយើង​សម្រេច​បាន ០.០១% យើងនឹងបាន(ទេសចរ) ១ លាន ៣ សែន នាក់។ អញ្ចឹង តើយើងដោះ​ស្រាយ​ការងារ​ឲ្យ​កម្ម​ករ​របស់​យើងនៅក្នុងផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងដោះស្រាយ​ការលក់ទំនិញ លក់កសិផល ដើម្បី​បម្រើ​​ឲ្យសណ្ឋា​គារប៉ុណ្ណា សម្រាប់ឲ្យប្រជាជន? ម្សិលមិញ យើងបានទទួល​ព័ត៌មានដ៏ល្អ​ពីអគ្គរដ្ឋទូត​សា​ធារណរដ្ឋកូរ៉េថា ផ្លែស្វាយរបស់កម្ពុជានឹងអាចនាំចូលទៅកាន់ទីផ្សាររបស់កូរ៉េ។ នេះជា​ព័ត៌មានល្អ​សម្រាប់​អ្នក​ដែលដាំស្វាយ។ យើងមិនមែននាំចេញតែសម្លៀកបំពាក់ទេ យើងនាំចេញអង្ករ យើងនាំ​ចេញ​នូវកសិ​ផល​ដទៃទៀត និងនាំចេញនូវអ្វីដែលយើងមាន។ យើងមិនមែនគ្រាន់តែជាប្រទេស​ផលិត​បម្រើ​សេចក្តីត្រូវ​ការ​​ផ្ទាល់នោះទេ តែយើងបង្កើនការនាំចេញទៅក្រៅប្រទេស។

រក្សាការងារចាស់ និងបង្កើតការងារថ្មីលើគ្រប់វិស័យ

ឯកិច្ចការទី ២ ដែលក្មួយត្រូវបន្ដការខិតខំនោះគឺ រក្សាការងារចាស់ និងបង្កើតការងារថ្មី។ ចំណុចនេះ វាសំ​ខាន់​ខ្លាំងណាស់សម្រាប់យើង ក្មួយៗត្រូវរក្សាការងារនេះឲ្យបាន។  ការឆ្កឹះឆ្កៀលណាមួយ ដែលបង្កើត​ឡើង​នូវស្ថាន​ភាពមិនប្រក្រតីសម្រាប់ក្មួយៗ គឺមិនត្រូវស្ដាប់ វង្វេងដោយការញុះញង់នោះទេ ដោយរយៈ​ពេល​​កន្លង​ទៅបង្កើតនូវរឿងសោកស្ដាយនូវការបិទផ្លូវ។ ហើយប្រសិនបើថៅកែគាត់សុខចិត្តខាតមួយខែ កម្មករ ៥០០ នាក់ ដែលធ្វើបាតុកម្មបិទផ្លូវ​ហ្នឹង (ថៅកែ)គាត់សុខចិត្តសងលុយតែម្ដង គាត់លេងមួយចាន គាត់សង។ រួចហើយ​គាត់​ដំណើរ​ការរោងចក្រ ហើយរើសកម្មករថ្មីទាំងអស់។ អញ្ចឹងកម្មករត្រូវបាត់បង់ការ​ងារធ្វើជាស្វ័យប្រវត្តិ ព្រោះយើង​ទទួលប្រាក់ផ្តាច់ចេញពីហ្នឹងទៅហើយ។ អញ្ចឹង ការងារនេះយើងត្រូវរួមគ្នា ទាំងថៅកែរោងចក្រ ទាំងកម្មករ ដើម្បីបង្កើត​ឡើងនូវស្ថានភាពល្អ​ប្រសើរ។

ការងារចាស់មិនគ្រាន់តែ​ត្រូវ​រក្សាឲ្យបានទេ ត្រូវលើកកម្រិត​(គុណភាព)​ផលិតកម្ម​កាន់​តែខ្ពស់​។ កន្លងទៅ ខ្ញុំបានឆ្លៀតពេលកាលពី​អាទិត្យមុន ក្រោយពីជួបកម្មករហើយ ខ្ញុំបានហោះទៅសាំងហ្គាពួរ​មួយភ្លែត។ ពេលនោះ ខ្ញុំទិញសុទ្ធតែ​ខោអាវកីឡា (ខោអាវ)ពាក់កណ្ដាលផលិតនូវកម្ពុជា ព្រោះខ្ញុំត្រូវហាត់​កីឡា។ ទិញ​នៅកម្ពុជាវាមានហើយ ប៉ុន្តែខ្ញុំចង់អាម៉េច ទិញតែខោអាវកីឡាហ្នឹងតែម្តង ចេញពី Adidas មក​កន្លែង​មួយទៀត ពាក់​កណ្ដាល​ផលិតនៅកម្ពុជា។ អញ្ចឹងទឹកដៃជនជាតិកម្ពុជាយើងល្អប្រសើរ អញ្ចឹងក្មួយៗត្រូវ​ប្រឹង ដើម្បីបង្កើននូវ​ផលិត​ភាពការងារឡើង។ តាមរយៈនោះក្មួយៗ នឹងមានឱកាសបង្កើននូវប្រាក់ចំ​ណូល​កាន់​តែ​ច្រើន។ ប្រាក់​ចំណេញ ដែលថៅកែរោងចក្រទទួលបាន នឹងបានជាផលប្រយោជន៍សម្រាប់​ឲ្យកម្ម​ករ/ការិនីរបស់​យើង។

ជាមួយគ្នានឹងការរក្សាការងារចាស់ ត្រូវខិតខំបង្កើនការងារថ្មីទៀត ដែលនោះមិនមែនតែគ្រាន់តែក្នុង​វិស័យ​មួយទេ។ វិស័យ​ និងអនុវិស័យច្រើនណាស់ដែលយើងត្រូវធ្វើ ទាំងក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម កសិ​កម្ម ទាំងក្នុងវិស័យ​សេវា ដែលយើងត្រូវទាក់ទាញវិនិយោគថែមទៀត ដើម្បីដោះស្រាយការងារ​ធ្វើអោយ​ពល​រដ្ឋកម្ពុជារបស់យើង​។ យើងបានដឹងហើយ ក្នុង ១ ឆ្នាំៗ យុវជនកម្ពុជាយើងចូល​ទៅក្នុងទីផ្សារ​ពល​កម្ម​ពី ២៥ ទៅ ៣០ ម៉ឺននាក់។ ដូច្នេះ យើងមានតម្រូវការងារដោះស្រាយ​អោយពួកគេធ្វើនៅក្នុងក្រប​ខណ្ឌ​កសិ​កម្មក្ដី ឧស្សាហកម្មក្តី​ ក្នុងក្របខណ្ឌសេវាក្ដី។ រាជរដ្ឋាភិបាលមានភារកិច្ចសំខាន់ ២ គឺ ១ ទាក់ទាញ​អ្នក​វិនិ​យោគ​មកវិនិយោគបន្ថែម មួយទៀតពង្រីក​ទីផ្សារនៅក្រៅប្រទេសឲ្យបានកាន់តែច្រើន ដើម្បីនាំ​ផលិត​ផល ដែលផលិតនៅកម្ពុជាចេញទៅប្រទេស​ក្រៅ។ សូម្បីតែយើងជាមួយបង់ក្លាដេស ក្នុងការចរចា​ពីម្សិល​ម៉្ងៃ ទោះបីយើងមានទំនិញដូចគ្នា ក៏ប៉ុន្តែ មានទំនិញខ្លះវា​ខុសគ្នា យើងទិញទំនិញខ្លះពីបង់ក្លាដេស បង់ក្លា​ដេស​ក៏ទិញទំនិញខ្លះពីកម្ពុជា។ ដូចជាការចុះហត្ថលេខា លក់​អង្ករទៅបង់ក្លាដេសដោយក្រុមហ៊ុន ហ្រ្គីន​ត្រេដ របស់កម្ពុជា ជាមួយអាជ្ញាធរស្បៀងរបស់បង់ក្លាដេស ដែលនឹង​អាចនាំចេញទៅដល់ ១ លាន​តោន។ នេះរាជរដ្ឋាភិបាលប្រឹងប្រែងធ្វើកិច្ចការនេះ ជាមួយការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ​អោយកាន់​តែ​ល្អ​ប្រ​សើរ ផ្លូវ ស្ពា​ន អាកាសយានដ្ឋាន អគ្គិសនី។

បង្កើនប្រាក់ចំណូល/ចំណេះដឹង, ការចំណាយថយចុះលើថ្លៃភ្លើង ទឹក និងផ្ទះ ជិះឡានក្រុងឥតគិតថ្លៃ

ឯកិច្ចការទៀតបន្តទត្រូវបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹងក្នុងចំណោមកម្មកររបស់យើង។ បៀវត្ស ២០១៨ មិនមែនឡើងត្រឹមតែឆ្នាំ ២០១៨ ទេ។ ឆ្នាំ ២០១៩ ឆ្នាំ ២០២០ ឡើងជារៀងរាល់ឆ្នាំ មិនអាចងាប់​ក្រឡាត្រឹម ១៧០ ដុល្លា នោះទេ។ ជាមួយប្រាក់ចំណូលកាន់តែខ្ពស់ ការចំណាយរបស់ក្មួយៗកាន់តែតិច តម្លៃទឹក តម្លៃភ្លើង ដែលមុននេះក្មួយត្រូវបង់តម្លៃខ្ពស់ ឥឡូវត្រូវបានបន្ថយមកទាបជាងមុន។ អនុញ្ញាតឲ្យ​ខ្ញុំ​សុំទោសមុននេះ ខ្ញុំនិយាយ ៤៨០ រៀល អ្នកប្រើក្រោម ១០ គីឡូវ៉ាត់។ ប៉ុន្តែ អ្នកប្រើក្រោម ៥០ គីឡូ ៦១០ រៀល ដែលមុននេះម្ចាស់ផ្ទះបានឲ្យបង់ថ្លៃខ្ពស់ជាង តែឥឡូវភ្លើងរដ្ឋទៅដល់ តម្លៃអគ្គិសនីត្រូវ​ធ្លាក់​ចុះ។ ទឹករដ្ឋទៅដល់តម្លៃត្រូវធ្លាក់ចុះ ដែលឥឡូវកំពុងតែអនុវត្ដ ៨០០ រៀល ក្នុងមួយម៉ែត្រគូប ដែល​ជា​តម្លៃ​មួយ​កាត់​បន្ថយការចំណាយរបស់ក្មួយផងដែរ។

ខាងមុខ យើងត្រូវស្វែងរកដំណោះស្រាយនានា ដើម្បីធានាថាកម្មករ/ការិនីរបស់យើងមិនត្រូវបាន​ទទួល​នូវការបង់​ថ្លៃខ្ពស់នោះទេ។ ដូចជាកន្លងទៅ យើងបានប្រកាសរួចហើយទាក់ទិនជាមួយនឹងការឲ្យជិះឡាន​ក្រុង​ដោយ​មិនចាំបាច់បង់ថ្លៃ។ បានសេចក្តីថា ជិះសេរីតែម្ដង(សម្រាប់)រយៈពេលមិនតិចជាង ២ ឆ្នាំ។ ខ្ញុំ​មិនដឹងថានៅទីនេះ មានកម្មករ/ការិនីរបស់យើងប៉ុន្មាននាក់ទៅ ដែលបានជិះឡានក្រុង? សូមលើកដៃ​បន្ដិចបានប៉ុន្មានអ្នកហើយ? ក្រែលដែរតើ។ ក្មួយៗឯងជិះទៅ! ហើយអ្នកដែលមិនទាន់បានជិះ​ក៏គួរតែទៅ​សាក​ដែរ។ សាកទៅ មិនចាំបាច់តែជិះមកធ្វើការទេ ជិះទៅលេងម្ដាយក្មេកក៏ជិះទៅ ជិះទៅជួបសង្សារក៏ជិះ​ទៅ។ ថ្ងៃខានស្អែក​ រងាខ្លាំង … អ្នកត្រៀមចូលរោងការសូមលើកដៃ… ខែនេះ គឺខែវិបត្ដិអាចារ្យ វិបត្តិភ្លេង​ការ …។

ប៉ុន្តែគ្រាន់តែដើរមកមិញ ខ្ញុំ​គិត​ថា​យើងមាន ១៥.០០០ នាក់ ចូលរួម​ថ្ងៃនេះ មកពី ១៥ រោងចក្រ។ ខ្ញុំគ្រាន់​តែ​គិតតម្លៃទូរស័ព្ទមួយតែ ២០ ដុល្លារទេ វាស្មើ ២០ ម៉ឺនដុល្លារនោះ។ សូម​អ្នកមានទូរស័ព្ទប្រើលើកដៃ ប៉ុន្មានទៅ? ទាំងអស់ទៅហើយក្មួយអើយ! ជំនាន់ដើម គេហៅជំនាន់វាយខ្សែលួស ហើយបន្តមកទៀត អា​រវៃ។ ប៉ុន្តែ ឥឡូវ អត់អីទេ ទៅដល់​កន្លែងណាមួយ គ្រាន់តែយើង​ចង់ស្ដាប់វិទ្យុ មិនចាំបាច់យក​វិទ្យុទៅ​ជា​មួយ​ទេ ទូរស័ព្ទបើកស្ដាប់ ទៅដល់​ក្រហែងណា ក៏បើកស្ដាប់បានអោយតែមានអ៊ិនធើណែត …។

របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករ/ការិនី រោងចក្រជាអ្នកបង់

យើងក៏មានការងារជាច្រើនត្រូវធ្វើតទៅទៀត ឥឡូវពូគ្រាន់តែរំលឹកឡើងវិញតែប៉ុណ្ណោះ ព្រោះ​ជារឿង​ដែល​បាន​​សម្រេចរួចហើយ។ នោះគឺទាក់ទងរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលជាចំណុច​សំខាន់​ស​ម្រាប់​ក្មួយៗ នៅត្រង់ថា ចាប់ពីខែមករា ឆ្នាំ ២០១៨ តទៅ ប្រាក់ថែទាំសុខភាព​ដែលក្មួយៗ​ធ្លាប់​បង់ ៥០% ថៅ​កែ​រោងចក្របង់ ៥០% ប៉ុន្តែ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ គឺម្ចាស់​រោង​ចក្រជាអ្នក​បង់ជំនួសទាំងអស់។ ការធ្វើបែបនេះគឺធ្វើអោយកម្មករ/ការិនីរបស់យើងចំណេញ​ប្រាក់ក្នុង​រង្វង់​ពី ៨ ពាន់ ទៅ ១ ម៉ឺន ៣ ពាន់ រៀល ក្នុងមួយខែ។ នេះហើយជាការបង្កើនប្រាក់ចំណូល ប៉ុន្តែ​ប្រាក់ចំ​ណាយ​ត្រូវបានថយចុះ ​តាមរយៈនៃការបង់ថ្លៃទឹក ថ្លៃភ្លើង ធ្លាក់ចុះដោយសារឆ្នាំ ២០១៨។ ម្ចាស់ផ្ទះបាន​យល់​ព្រមមិនតម្លើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨។ ពូចង់ដឹងថា ក្មួយៗទទួលបានប្រាក់​ចំណូលបែបណា នៅពេលតម្លៃផ្ទះ តម្លៃទឹក តម្លៃភ្លើង មិនត្រូវបាន​ឡើង បន្ថែមទៅដោយការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋទាំងអស់មិនត្រូវបានបង់ថ្លៃនោះទេ កម្មករទាំងក្នុង​ប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ត្រូវដាក់នៅ​ក្រោមកម្មវិធី​សម​ធម៌ ដែលរដ្ឋត្រូវបង់ថ្លៃជំនួសឲ្យក្មួយៗ ប៉ុន្តែ សូមបញ្ជាក់​គឺ​ត្រឹមមន្ទីរពេទ្យរដ្ឋ។ បើក្មួយៗ​ទៅមន្ទីរពេទ្យ ឬគ្លីនិក​ឯកជនត្រូវបង់ថ្លៃអោយគេ។ ជិះឡានរដ្ឋ ជិះឡានក្រុង គឺមិនចាំបាច់​បង់ថ្លៃទេ ប៉ុន្តែ​បើ​ជិះតាក់ស៊ី​ត្រូវបង់ថ្លៃឲ្យគេ … សេវារបស់រដ្ឋកំពុងត្រូវបានបំពេញបន្ថែម ដើម្បី​ឆ្លើយតប​ជាមួយ​ចំនួនដែលត្រូវកើន​ឡើង​(នឹង)បានទទួល។

កម្មការិនីឆ្លងទន្លេ សម្រាក ៣ ខែ បៀវត្ស ១២០% និងទទួលបានសាច់ប្រាក់ ៤០ ម៉ឺនរៀលក្នុងកូនមួយ

សម្រាប់កម្មការិនី ដែលឆ្លងទន្លេ ក្មួយៗនឹងទទួលបានការសម្រាកចំនួន ៣ ខែ ជាមួយបៀវត្ស ១២០% ត្រូវ​​ធ្វើ​​ឲ្យប្រាកដប្រជារឿងនេះ ដើម្បីធានាអោយបានផលប្រយោជន៍កម្មការិនីរបស់យើង។ កម្មវិធី​សាច់​ប្រាក់​​ក៏ត្រូវបានផ្តល់ចាប់សូន្យម៉ោងថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ។ អម្បាញ់មិញ សួរក្មួយ​ខែណេះ​ថា​ទើប​​បាន ៥ ខែ មួយទៀត ៦ ខែ សល់តែប៉ុន្មានថ្ងៃទៀតទេ។ បើកូនហ្នឹងវានៅចាំ វានឹងទទួលបាន អ្នក​កើតកូនមួយ ទទួលបាន ៤០ ម៉ឺនរៀល ស្មើ ​១០០ ដុល្លារ។ កូន ២ ភ្លោះ បាន ៨០ ម៉ឺនរៀល បានកូនភ្លោះ ៣ ទទួល​បាន​ ១ លាន ២ សែន រៀល ប៉ុន្តែ អ្នកទទួលបានកូនភ្លោះ ៣ នឹងទទួលពីគ្រួសារពូដោយផ្ទាល់ ៥ លាន​រៀលផ្សេងទៀត។ ឯងបានកូនម្ដងមួយៗ ពិបាកចង់ស្លាប់ទៅហើយ គ្រាន់តែកូនវាញឹក ទម្រាំគ្នា​កើត​ម្ដង​ដល់ទៅ ៣ វាគួរតែបានច្រើនអញ្ចឹងហើយ។ (ករណី)ពូនេះ ​១៣ ខែ កូនមួយ ដឹងតែ​អញ្ចឹងតែម្ដង ដោះតែក្រវ៉ាត់​ក​ចេញ ប្រពន្ធមានផ្ទៃពោះបាត់។ អញ្ចឹងបានគេប្រើពាក្យថា បងគង់ដឹងខ្លួនពេល​អត់ពីអូន។

សម័យថ្ងៃមួយ គ្រួសាររបស់ពូទៅវៀងចន្ទន៍ ដឹកនាំគណៈប្រតិភូស្រ្តី ដែលថ្នាក់ដឹកនាំកម្ពុជា​ទៅប្រ​ទេស​ឡាវ ពេលនោះ កូនតូចៗវានៅទាំងអស់។ ពេលព្រលឹមឡើង វានាំគ្នាទៅរៀន យើងមិនបានផ្តល់លុយឲ្យ​វា។ យើងក្រោកវាមិនទាន់។ វាខ្សិបៗ ទៅយកលុយនៅក្នុងកាបូបហ្នឹង។ យកទាំងអស់។ បាត់ទាំង​កាបូប​ដល់​រាល់ថ្ងៃ។ មួយទៀត នាងពៅ វាឃ្លានបៅ ហើយជំនាន់នោះគ្មានមេដោះទេ ទោះបីធ្វើជានាយករដ្ឋមន្រ្តី ធ្វើរដ្ឋមន្រ្តី ធ្វើឧបនាយករដ្ឋមន្រ្តី ប៉ុន្តែ អត់មានមេដោះទេ ខ្លាចទឹកក្តៅរលាកកូន ទៅខំឆុងឯណោះ ទៅចាក់​ទឹក​នៅក្នុងកែវឯណោះ ដល់ងាកមកក្រោយវិញ អាមួយនេះស៊ីខ្ទេចម្សៅទឹកដោះគោ។ ហ្នឹងហើយ កូន​ញឹក​វាអញ្ចឹង … មួយឆ្នាំមួយៗ ខែ ៩ ឆ្នាំ ១៩៨០ កើតមួយ ខែ ១០ ឆ្នាំ ១៩៨១ កើតមួយ ខែ ១១ ឆ្នាំ ១៩៨២ កើតមួយ ខែ ១២ ឆ្នាំ ១៩៨៣ កើតមួយ ហើយរឿងអីវាមិនច្រើន(យ៉ាងម៉េច)។

កម្មករ កីឡាករ សិល្បៈករ ទទួលការពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ

ត្រូវធ្វើឲ្យប្រាកដនៃការធានារ៉ាប់រងលើបញ្ហាសុខភាព។ កម្មករ/ការិនីទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ នៅ​ពេលដែលមានតម្រូវការពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ គឺមិនត្រូវបង់ថ្លៃអ្វីទាំងអស់។ ហើយមិន​ដឹង​ថាវាអស់ប៉ុន្មានទេ ដឹងតែមួយជាតែប៉ុណ្ណឹង។ ជាមួយនោះ នៅផ្នែកដទៃ ក៏នឹងទទួលបាននូវអត្ថ​ប្រយោជ​ន៍នេះដែរ ដូចជា កីឡាករ/ការិនី សិល្បៈករ/ការិនី ដែលមានក្របខណ្ឌ ដែលគាត់បាន​ទទួល​នូវអត្ថ​ប្រយោជន៍ អំពីអ្វីដែលជាផ្នែករបស់រដ្ឋរួចស្រេចទៅហើយ។ មន្រ្តីរាជការ ដែលជាស្រ្តី កងកម្លាំងប្រ​ដាប់​អាវុធដែលជាស្រ្តី​ ក៏នឹងទទួលបាន​អត្ថប្រយោជន៍ពីនយោបាយសាច់ប្រាក់នៅក្នុង​ការផ្តល់ជូន​សំរាប់​ការអនុវត្តនូវនយោបាយគាំពារសង្គម។

ពង្រីក/ពង្រឹងគិលានដ្ឋាន កន្លែងហូបបាយ បំបៅកូនតាមរោងចក្រ, កម្មការិនីមានផ្ទៃពោះចេញមុនម៉ោង

យើងត្រូវខិតខំទាំងអស់គ្នា ហើយសូមអំពាវនាវតាមបណ្តារោងចក្រ សហគ្រាសទាំងអស់ កន្លែងដែល​មាន​គិលានដ្ឋានហើយ ត្រូវពង្រឹងសមត្ថភាពគិលានដ្ឋាននោះ។ កន្លែងដែលមិនទាន់មាន ក៏នឹងត្រូវធ្វើឲ្យ​មាន។ កន្លែងហូបបាយ និងកន្លែងបំបៅកូន ក៏ដូចជាកន្លែងដទៃទៀត ក៏ត្រូវធ្វើឲ្យបានដិតដល់។ សុំ​សួរ​ក្មួយៗ ឥឡូវហ្នឹង បានចេញមុនប៉ុន្មាននាទី? ១៥ នាទី ហើយ។ ចុះកាលពីមុន? តែ ១០ នាទីទេ។ ១៥ នាទី​ទាំងអស់គ្នា? បានទាំងអស់គ្នា។ ហើយកាលពីមុនមាន ៥ នាទីទេ? ១០ នាទីប៉ុន្មាននាក់? ​អញ្ចឹង​ពី​មុន​នេះមាន ៥ នាទី មាន ១០ នាទី មាន ១៥ នាទី មាន ៣០ នាទី។ តែឥឡូវ ខ្ញុំបានសំណូមពររឿងនេះ ឲ្យរោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឲ្យស្រ្តីដែលមានផ្ទៃពោះបានចេញមុន ១៥ នាទី។ ប៉ុន្តែ ក៏សូម​បញ្ជាក់​ដែរ ចេញមុន ១៥ នាទី ត្រូវគោលការណ៍ ហើយបើចេញមុនតិចជាង ១៥ នាទី អាហ្នឹងគឺខុស ប៉ុន្តែ បើឲ្យចេញមុនលើសពី ១៥ នាទី ត្រូវទាំងអស់។ អញ្ចឹងប្រសិនបើម្ចាស់រោងចក្រដឹងពី​សុខទុក្ខ​របស់​កម្មករ អាចផ្តល់ឲ្យលើសពី ១៥ នាទី ខ្ញុំកាន់តែអរ ហើយនិងមានកម្មវិធីប្រឡងប្រណាំងច្រើន​នៅ​ពេល​ក្រោយ កន្លែងណាយកចិត្តទុកដាក់សុខមាលភាពកម្មករយ៉ាងម៉េច ត្រូវមានសៀវភៅតាមដាន។ យើង​មាន​កម្មវិធីប្រឡងប្រណាំងសម្រាប់រោងចក្រ ដែលអនុវត្តល្អទៅលើលក្ខខណ្ឌការងារ ដែលជួយទៅដល់​សុខ​មាល​ភាពរបស់កម្មករ។

របបសោធននិវត្តន៍វិស័យឯកជន ចាប់អនុវត្តពី ២០១៩

ចាប់ពីឆ្នាំ ២០១៩ ទៅ នឹងចាប់អនុវត្តនូវប្រាក់សោធននិវត្តន៍សម្រាប់កម្មករ/ការិនី ក្នុងវិស័យឯកជន។ ចំណុច​នេះ គឺជាចំណុចល្អប្រសើរណាស់ ដែលប្រទេសរបស់យើងត្រូវខិតខំធ្វើឲ្យខានតែបាននូវរឿងនេះ។ ពេលនោះ វានឹងគ្មានការខុសគ្នារវាងកម្មករ/ការិនី ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទៀតទេ​​ដោយសារតែនៅក្នុងជួរកម្មករ/ការិនីមានប្រាក់សោធននិវត្តន៍ដូចគ្នា។ ក្មួយៗតែងតែគិតបារម្ភថាពេល​ដែល​​ឈឺ តើមានអ្វីមកដោះស្រាយ​ បើប្រាក់ខែអញប៉ុណ្ណឹង? កន្លែងខ្លះ ពេលឈឺខ្វះការធានា គឺត្រូវប្រើ​អស់​នូវ​ប្រាក់​សន្សំ រហូតទៅ​ដល់ជំពាក់គេទៀត។ ប៉ុន្តែ ពេលនេះ រាជរដ្ឋាភិបាលយកការទទួលខុស​ត្រូវ​មួយ សម្រាប់កម្មករ/ការិនីរបស់យើង។ ក្មួយៗតែងគិតថា នៅពេលដែលអញចូលនិវត្តន៍ទៅ អត់មាន​ការ​ងារ​ធ្វើ តើបានអ្វីចិញ្ចឹមខ្លួន? នោះជាគោលដៅដែលរាជរដ្ឋាភិបាល នឹងដាក់ឲ្យ​អនុវត្តនៅឆ្នាំ ២០១៩ ដើម្បី​ឲ្យក្មួយៗពេលដែលអស់ការងារធ្វើទៅ គឺមានប្រាក់ដើម្បីចិញ្ចឹមខ្លួន។ ប៉ុន្តែ ដើម្បីឲ្យមានប្រាក់ចិញ្ចឹមខ្លួន ក្មួយៗ​ក៏ត្រូវតែខិតខំធ្វើការងារ ដើម្បីឲ្យគ្រប់លក្ខខណ្ឌតម្រូវ សម្រាប់ពេលដែលចូលនិវត្តន៍ មានប្រាក់បៀ​វត្ស។ មិនមែនធ្វើតែ ២-៣ ឆ្នាំ បានគ្រប់ទេ មន្រ្តីរាជការក៏ដូចគ្នា បើធ្វើមិនគ្រប់លក្ខខណ្ឌទេ ក៏មិនបាន។ ប្រាក់បៀវត្សកាន់តែខ្ពស់ នៅពេលដែលចូលនិវត្តន៍​ នៅសល់ប្រាក់សោធននិវត្តន៍ក៏កាន់តែខ្ពស់ដែរ …។

ក្រសួង និងកម្មករ ត្រូវមានទំនួលខុសត្រូវលើសៀវភៅការងារ

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្នែកការងារគ្រប់ថ្នាក់ ក៏ត្រូវ​មានការ​ទទួល​ខុសត្រូវ ឯក្មួយៗក៏ត្រូវទទួលខុសត្រូវលើសៀវភៅការងារខ្លួនឯង។ មិនអាចឲ្យសៀវភៅការងារខ្លួនឯងនេះ​បាត់​បង់ទេ។ ឧទាហរណ៍ យើងធ្វើកម្មកររោងចក្រនេះ ៥ ឆ្នាំ រោងចក្រនេះត្រូវបិទ ក្មួយៗត្រូវទៅធ្វើការ​នៅ​រោងចក្រមួយទៀត គឺគេមិនគិតពីថ្ងៃទី ១ ទេ គេគិតពី ៥ ឆ្នាំឡើងទៅ។ ធ្វើការរោងចក្រហ្នឹង ៥ ឆ្នាំទៀត រោង​ចក្រហ្នឹងបិទទៀត ទៅធ្វើការរោងចក្រថ្មីមួយទៀត មិនអាចគិតពីថ្ងៃទី ១ ទេ គេគិតពី ១០ ឆ្នាំឡើង​ទៅ។ អញ្ចឹងត្រូវឲ្យមានសុវត្ថិភាព នៃសៀវភៅការងារនេះ ទើបអាចទទួលបាននូវប្រាក់ចូលនិវត្តន៍ ដែល​ខ្មែរ​យើងនិយមហៅថា ប្រាក់រឺត្រែត នោះ។

កម្មការិនីត្រូវតែរើសប្តីបន្តិចហើយ ឯយុវជនត្រូវខំប្រឹងប្រែងទើបគេព្រមយកធ្វើប្តី

ខ្ញុំគិតថាបញ្ចប់ត្រឹមប៉ុណ្ណឹងទៅចុះ ហើយសង្ឃឹមថា អ្នកដែលជិតរៀបការ បន្តិចទៀតនឹងលឺសម្លេងភ្លេងការ ហើយការចំខែរងារនេះល្អណាស់។ ប៉ុន្តែ អ្នកខ្លះ ថ្ងៃមុន សួរ ២ នាក់ សុទ្ធតែលើកទៅឆ្នាំក្រោយទាំងអស់។ ម៉េច​បានលើកយូរម៉េះ? ថាឆុងឆ្នាំ អាចារ្យដេញឆ្នាំទៅវាត្រូវអញ្ចឹង។ ប៉ុន្តែ ក្មួយៗ ឥឡូវហ្នឹង យើងកើត​ឆ្នាំ​អី? បានឥឡូវគេថាប្រពន្ធឆ្នាំខ្លា កើតឆ្នាំអីក៏ដោយ ឲ្យតែមានប្តីហើយ ដឹងតែកើតឆ្នាំខ្លាទាំងអស់។ កុំកាច​ពេក​អីហ្អី! ប៉ុន្តែ ឥឡូវគេថាអញ្ចេះ កម្មការិនីតាមរោងចក្ររើសប្តីណាស់។ ត្រឹមត្រូវ ពូគាំទ្រឲ្យរើសប្តី ព្រោះ​ឥឡូវ​ឧទាហរណ៍ ទៅយកប្តីកើតអេដស៍ យកមកមិនងាប់ខ្លួន? ប្តីអត់មានការងារធ្វើ ផឹកស្រវឹង ខំធ្វើការ​យក​លុយមកឲ្យវាទៅផឹក ត្រឡប់មកវិញ វាវាយទៀត រើសបន្តិចទៅ។ ពាក្យខ្មែរគេថា «ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅ ឲ្យមើលផៅសន្តាន»។ ក្មួយៗជាស្រ្តី ខុសម្តង គឺខុសមួយជីវិតហើយ បុរសៗគឺប៉ុន្មានដង គឺរឿងរបស់បុរស។ ប៉ុន្តែ យើងគឺថា ស្រ្តីខ្មែរខុសពីស្រ្តីបរទេស។ ស្ត្រីបរទេសខ្លះ យើងមិនដឹង​ថាប្រទេស​ណា​ខ្លះទេ គេថា មនុស្សស្រីហ្នឹងទាល់តែមានប្រុសច្រើន ទើបជាស្រ្តីល្អ។ វាទៅជាអញ្ចេះទៅវិញ។

គេថា បើស្រីហ្នឹងអត់មានប្រុសច្រើន គឺជាស្រីមិនល្អ ព្រោះគ្មាននរណាស្រឡាញ់។ ដល់ស្រីដែល​មាន​ប្រុស​ច្រើន គេថាស្រីល្អ ព្រោះមានប្រុសស្រឡាញ់ច្រើន ទៅជាអញ្ចេះ។ តែខ្មែរយើងអត់អញ្ចឹងទេ ស្ថាន​ភាព​នេះ។ អញ្ចឹងទេ ការរើសប្តីគឺជារឿងធម្មតា ហើយបុរសរើសប្រពន្ធក៏ជារឿងធម្មតា។ ហ្នឹងក៏ជាការជូន​សារ​មួយទៅកាន់យុវជនដែរ កសាងខ្លួនឲ្យល្អ ប្រឹងរៀន ប្រឹងសូត្រ ប្រឹងរកការងារធ្វើ​ ហើយកុំស៊ីផឹក កុំ​ញៀន​នឹងល្បែង កុំសេពគ្រឿងញៀន ទើបក្រមុំៗរោងចក្រគេទទួលយកយើងជាប្តី។ ដល់ពេលគេយក​ប្តី​ចោល ខ្លួនឯងមិនកើត គេទៅរកប្តីផ្សេង ធ្លាប់តែដៀងភ្នែកដាក់គេ ដល់គេទៅយកអ្នកផ្សេង ចាប់ផ្តើមច្រៀង «រំដួលដូរដី» រួចហើយ «កម្លោះស្រុកយើងរៀបការអស់ហើយ គេមិនចាំឡើងរំដួលចាកទង»។

… ក៏ផ្ញើសាររំលឹកដល់នារី ក៏រំលឹកដល់យុវជនដែរ ថាធ្វើខ្លួនឲ្យល្អ ទើបស្ត្រីរោងចក្រគេយក ព្រោះក្មួយៗ​មាន​ប្រាក់ចំណូលទាបបំផុតក៏ជាង ២ ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ ក្នុងមួយឆ្នាំ។ មានអ្នករកបាន​រហូតទៅដល់ ១ ម៉ឺនដុល្លារជាង។ ថ្ងៃមួយនោះ គាត់អត់ហ៊ាននិយាយលឺទេ យើងហៅមកសួរ មានត្រឹមតែ ៤៥០ និង ៩០០ ប៉ុន្តែ មានម្នាក់មកខ្សឹបប្រាប់ ១.៦០០ ដុល្លារ។ ដូច្នេះ បានជាង ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ រឿងអីទៅយកប្តីផ្តេសផ្តាស តែគាត់កំពុងមានផ្ទៃពោះ អញ្ចឹងទេ ប្តីក៏ត្រូវថ្នាក់ថ្នមប្រពន្ធ។ ថ្ងៃនេះ ក្មួយៗ ៣០៨ នាក់ ដែលមកចូលរួមនៅទីនេះ សង្ឃឹមថា ក្មួយៗពេលឆ្លងទន្លេ នឹងជួបនូវសេចក្តីសុខ និងបាន​កូន​ប្រុស​ស្រីជាទីស្រឡាញ់ …។

កម្មករ ថៅកែរោងចក្រ និងរាជរដ្ឋាភិបាល ជាមុំចង្រ្កាន តែរាជរដ្ឋាភិបាលជាអ្នកដើរតួគន្លឹះ

ប៉ុន្តែ ក្មួយៗត្រូវចាំ ចង្ក្រានយើងមានមុំ ៣៖ ក្មួយៗជាមុំមួយ ថៅកែជាមុំមួយ ឯរាជរដ្ឋាភិបាលគឺជាមុំមួយ។ ទាំង ៣ នេះ ត្រូវបំពេញឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែ អ្នកដើរតួគន្លឹះ គឺរាជរដ្ឋាភិបាល។ បើរាជរដ្ឋាភិបាល​មិន​សម្រេចទេ មិនផ្តល់ឱកាសទេ គឺគ្មានទេសម្រាប់ការងារ គ្មានទេសម្រាប់អ្នកវិនិយោគ គ្មានទេសម្រាប់​រោង​ចក្រឲ្យកម្មករ/ការិនីធ្វើ។ ដូច្នេះ ភារកិច្ចចំបងរបស់ក្មួយៗ គឺត្រូវរួមចំណែករក្សានូវសន្តិភាព ដើម្បីធានា​នូវការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗ បាន និងកំពុងមាន។ ហើយល្មមដល់ទីបញ្ចប់ហើយ​ ថ្ងៃនេះ ដោយសារកុំតែមាន selfie ទេណា កុំអីមិនដឹងថាខ្លួនឯងពាក់អាវខុសទេ។ ពីល្ងាច ហាត់ប្រាណដល់​ម៉ោង​ជិត ៩ ព្រោះទទួលភ្ញៀវ ទម្រាំបានហាត់ម៉ោង ៥ ហើយ។ ត្រូវដើរ ២ ម៉ោង ជិះកង់ ១ ម៉ោងទៀត អញ្ចឹងម៉ោងជិត ៩។ ដល់ចុះមកវិញ មុជទឹករួចហើយបាយ។ បាយហើយរៀបចំទាញខោមក​ដាក់​ខ្សែ​ក្រ​វាត់​អីទុកមុន បើមិនរៀបចំខ្លួនឯង នរណាទៅរៀបឲ្យ? ទៅទាញអាវមកថាអាវពណ៌ខៀវលាតទេ ដល់ពេល selfie ទៅឃើញអាវហ្នឹងទេ? ប៉ុន្តែ វាមិនអីទេ អត់ទាស់ខុសអីទេ មួយឈុតដែរ …៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...