សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាមួយឯកអគ្គរដ្ឋទូតផុតអាណត្តិសាធារណរដ្ឋកូរ៉េ

នៅវិមានសន្តិភាព រសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម គីម វ៉ុនជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតផុតអាណត្តិ របស់សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម Kim Weon-jin បានជម្រាបសម្តេចតេជោ ថាបេសកកម្មរបស់ ឯកឧត្តមរយៈពេល៣ឆ្នាំកន្លងមកនេះ គឺឯកឧត្តម​ពិតជាមាន​កិត្តិយសណាស់ ដែលបាន​មកបំពេញបេសកកម្មការ​ទូតនៅកម្ពុជា ក្នុងគោល​ដៅ​ជម្រុញ​ទំនាក់ទំនង កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្តថា នេះគឺជាខួប​២០ឆ្នាំនៃទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ រវាងកម្ពុជានិងសាធារណ​រដ្ឋកូរ៉េ ហើយទំនាក់ទំនង​នេះទៀត​សោត​ បើគ្មានសម្តេច​តេជោនាយក​រដ្ឋមន្ត្រីទេ ទំនាក់​ទំនងនេះ ក៏មិនអាចមាន​មកដល់​ចំណុច​នេះដែរ។ ឯកឧត្តម បានគោរពនិង​វាយតម្លៃខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ដែលបានអភិវឌ្ឍន៍​កម្ពុជាមាន​រការរីកចម្រើ​នមក​ទល់សព្វថ្ងៃ។

ទន្ទឹមនឹងនេះ ឯកឧត្តម Kim Weon-jin បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនៈភាព​ការងា​រពាក់ព័ន្ធនឹងផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ២១ ហើយនឹងការនាំផ្លែស្វាយកម្ពុជា​ចេញទៅ​សាធារណរដ្ឋកូរ៉េ។ នៅឆ្នាំ២០១៨ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុង​ទីផ្សារកូរ៉េហើយ, ហើយកូរ៉េនឹងបន្ត​ជំរុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគក្នុងការធ្វើការកែឆ្នៃលិតផលកសិកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងអាចប្រកាសបានថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាទំនាក់ទំនងដ៏ជោគជ័យដ៏ធំបំផុតមួយដែលបានវិវត្តន៍យ៉ាងឆាប់រហ័ស។ ជាអាទិ៍គឺយើងអាចឃើញតាមរយៈការហោះហើរជាច្រើនជើងពីកម្ពុជាទៅកូរ៉េ និងពីកូរ៉េមកកម្ពុជា ហើយតាមរយៈទំនាក់ទំនងការងារ, ទំនាក់ទំនងប្រជាជននិងប្រជាជន ហើយជាមួយនឹងជំនួយ ដែលកូរ៉េបានជួយដល់កម្ពុជារហូតមកដល់ពេលនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការរីករាយអបអរសាទរចំពោះការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ទីផ្សាររបស់សាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយនេះ។

សម្តេចក៏បានសម្តែងនូវការរីករាយ ចំពោះវឌ្ឍនៈភាពការងារដែលឯកឧត្តម Kim Weon-jin បានរាយការណ៍ជូនសម្តេច។ មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម Kim Weon-jin ទទួលបាន ជោគជ័យនៅក្នុងការងារថ្មីៗជាបន្តទៀតនៅពេលខាងមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ