សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ/ការិនី និយោជិត នៅតំបន់7NG

CNV: 

ស្នើដល់បណ្តាម្ចាស់រោងចក្រអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាកមួយល្ងាចថែមទៀត

មុននឹងខ្ញុំចូលទៅដល់អ្វីដែលខ្ញុំគួរនិយាយ គឺខ្ញុំសូមសំណូមពរចំពោះអស់លោកជាថៅកែរោងចក្រ នូវសំ ណូមពរមួយ។ ខ្ញុំសង្ឃឹមថា សំណូមពរនេះ អស់លោកនឹងទទួលយល់ព្រមតាមសំណូមពរខ្ញុំ។ ដោយ​សារក្មួយៗកម្មករ/ការិនី មួយចំនួនភ្ញាក់តាំងពីម៉ោង ៣ (ទាបភ្លឺ) មួយចំនួនទៀតដេកមិនលក់ទេ ដោយរ​ង់​ចាំ​ថា ជួបពូ ហ៊ុន សែន ថ្ងៃនេះ អញ្ចឹងទេ ខ្ញុំមានសំណូមពរថា សូមស្នើអោយកម្មករ/ការិនីរបស់យើង​បាន​ឈប់​សម្រាកក្នុងមួយល្ងាចនេះទៀត។ សង្ឃឹមថា ម្ចាស់រោងចក្រនានា នឹងមានការយល់ព្រមលើបញ្ហានេះ ហើយប្រសិនបើយ៉ាងដូច្នេះ យើងក៏អាចបង្កើនកម្មវិធីការងារបន្តិច គឺនាំគ្នារាំ “ញីកែងជើង”។ មើលម្ចាស់​រោង​ចក្រ​ឯណា ឯកភាពទេ? មើលនាំគ្នាលើកដៃអរគុណចុះ។ អរគុណម្ចាស់រោងចក្រ(ទៅ) ពូឯណេះគ្រាន់​តែ​ជួយនាំពាក្យក្មួយៗ។ សង្ឃឹមថា ថ្ងៃក្រោយយើងនឹងជួបការធ្វើបែបនេះតទៅទៀត ព្រោះនៅពេលដែលខ្ញុំ​បាន​ដើរជួបក្មួយៗ ថាខ្លះក្រោកតាំងពីម៉ោង ៣ (ទាបភ្លឺ) ខ្លះថាដេកមិនលក់រង់ចាំជួប។ អញ្ចឹងទេ បើសិន​ទៅ​ធ្វើការងារវិញ គឺក៏ដូចជារហេលរហាល។

ជួបជាមួយកម្មករ/កម្មការិនីជាង ១ ម៉ឺន ៨​ ពាន់នាក់

ថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលថ្ងៃនេះ បានមកជួបក្មួយៗកម្មករ/ការិនី របស់យើង ដែលមានរហូតទៅដល់ ១ ម៉ឺន ៨ ពាន់នាក់ជាង នៅក្នុងតំបន់សេដ្ឋកិច្ចមួយដែលយើងមិននឹក​ស្មានថាមានស្ថានភាពបែបនេះកើតឡើង។ ខ្ញុំពិតជាមានការអរគុណ និងមានក្តីមោទនភាព ហើយក៏ដូច​ជា​ផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំង ជាមួយនឹងការស្រឡាញ់រាប់អានពីសំណាក់ក្មួយៗកម្មករ/ការិនីរបស់ យើងនៅទីនេះក្តី នៅទីកន្លែងផ្សេងៗក្តី។

មិនមានការចាំបាច់ពាក់អាវក្រោះ ព្រោះទុកចិត្តចំពោះប្រជាជនកម្ពុជា

ឥឡូវបញ្ហា Free Selfie, Free ឱប, Free ថើប តាមចិត្ត។ ហើយក្មួយដែលបានឱបពូ តើឃើញពូមាន​ពាក់​អាវប្រឆាំងនឹងគ្រាប់ ប្រឆាំងនឹងការចាក់នោះទេ អត់ទេ។ ពូមិនខ្លាចជាមួយនឹងសកម្មភាព ដែលក្មួយ​ៗ និងប្រជាជន បានធ្វើចំពោះពូទេ។ អ្នកខ្លះគេគិតថា ពូពាក់អាវក្រោះប្រឆាំងនឹងគ្រាប់ ប្រឆាំងនឹងការ​ចាក់​ណាមួយ ប៉ុន្តែ ពូទុកចិត្តចំពោះប្រជាជនកម្ពុជា។ រឿងអាវក្រោះ រឿងអាវការពារខ្លួន មិនមែនជាការចាំ​បាច់​សម្រាប់ពូទេ។ ពូក៏ធ្លាប់ទៅទទួលទានអាហារជាមួយកម្មករ/ការិនីរបស់យើង ក៏ធ្លាប់បានទទួល​ទាន​នៅ​កន្លែងនេះ នៅកន្លែងនោះ ដោយមិនចាំបាច់មានអ្នកដែលត្រួតពិនិត្យជាតិពុលនោះទេ។

ការស្រឡាញ់រាប់អាន ជាប្រភពនៃការលើកទឹកចិត្ត សម្រាប់ការបន្តដឹកនាំប្រទេស

ការផ្តល់នូវក្តីស្រលាញ់រាប់អាននេះ ជាប្រភពនៃការលើកទឹកចិត្ត សម្រាប់ការបន្តការដឹកនាំរបស់ខ្ញុំតទៅ​ទៀត ប៉ុន្តែ មានចំណុចពិសេសមួយដែលពូអាចយល់បានអំពីចំណុចនេះ នៅត្រង់ថា ក្មួយៗពិតជាស្គាល់ ហ៊ុន សែន ច្បាស់ណាស់ តាមរយៈខ្លួនឯងផ្ទាល់ផង តាមរយៈជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែល​កាលមុននេះបានរួមដំណើរជាមួយនឹងពូ ក្នុងការរំដោះប្រទេសជាតិ ក្នុងទប់ស្កាត់ការវិលត្រឡប់ នៃ​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងការចូលរួមចំណែកដើម្បីស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជា រួមចំណែកក្នុងការកសាងប្រទេសក្នុងរយៈពេលជិត ៤០ ឆ្នាំ កន្លងផុតទៅ។

គោលនយោបាយ ហ៊ុន សែន ឬគណបក្សប្រជាជន ប្រែអតីតសមរភូមិ ជាទីផ្សារ និងជាតំបន់ផលិតកម្ម

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ។ មកដល់តំបន់នេះ តើយើងគួរនិយាយពីអ្វីនៅក្នុងតំបន់នេះ? ចាប់ផ្តើមពី អ្វីទៅ? ខ្ញុំគួរតែចាប់ផ្តើមថា គោលនយោបាយរបស់ ហ៊ុន សែន ឬអាចនិយាយបានថា ជាចក្ខុវិស័យរបស់​គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាល ហើយដែលក្នុងនោះ តែងប្រកាសចេញតាមរយៈតួអង្គ នាយករដ្ឋមន្ត្រី គឺការប្រែក្លាយអតីតសមរភូមិទាំងអស់អោយក្លាយទៅជាទីផ្សារ និងជាតំបន់ផលិតកម្ម។ អម្បាញ់មិញ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អ៊ិត សំហេង បានលើកឡើងហើយ ថ្ងៃ​នេះ យើងមិនត្រូវភ្លេចអតីតកាលដ៏ឈឺចាប់នៅក្នុងតំបន់ព្រែកតាមាក់ និងវិហារសួគ៌នេះទេ។ នេះជាខ្សែ​ក្រ​វាត់​រាជ​ធានីភ្នំពេញ ហើយក្រោយមកហៅថា រដ្ឋធានីភ្នំពេញ ដោយសារតែរបប លន់ នល់ គេបានប្តូរ​ពី​របបរាជានិយម ទៅជារបបសាធារណរដ្ឋ ដូច្នេះ គេមិនហៅរាជធានីដូចសព្វថ្ងៃទេ គេហៅរដ្ឋធានីភ្នំពេញ។

នៅតំបន់នេះ គឺជាតំបន់ដែលប្រយុទ្ធស្រួចស្រាវបំផុត តាំងពីដំណាក់កាលក្រោយរដ្ឋប្រហារ ១៩៧០ រហូត មកទល់ខែ មេសា ១៩៧៥។ តំបន់ព្រែកតាមាក់ និងវិហារសួគ៌ គឺជាតំបន់មានការ​ប្រយុទ្ធខ្លាំង​ក្លា​ណាស់។ មិនគួរអោយជឿថា ថ្ងៃនេះ តំបន់អតីតសមរភូមិមួយនេះ បានក្លាយទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចមួយ ដែល​ផ្តល់ឱកាសការងារធ្វើរហូតទៅដល់មនុស្សជិត ២ ម៉ឺននាក់ ហើយវានឹងអាចកើនច្រើនជាងនេះ នៅ​ពេលដែលអ្នកវិនិយោគមកកាន់ទីនេះបន្ថែមទៀត។ នេះជាចំណុច ដែលចង្អុលបង្ហាញអោយក្មួយៗ​ទាំង​អស់​គ្នាបានឃើញថា ក្រោយរំដោះ ៧ មករា ១៩៧៥ រដ្ឋាភិបាលជាន់នោះ ហើយក្រោយមក រាជរដ្ឋា​ភិ​បាល​ក៏បានដាក់ចេញចក្ខុវិស័យ ទាក់ទិនជាមួយនឹងការប្រែក្លាយអតីតសមរភូមិទាំងអស់ អោយទៅជាទី​ផ្សារ និងទៅជាតំបន់មានការអភិវឌ្ឍ។

យើងក៏មានគោលបំណង ដើម្បីប្រែក្លាយតំបន់ខ្សែព្រំដែនទាំងអស់ជាមួយប្រទេសជិតខាង អោយទៅជា តំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងទទួលបានជោគជ័យ​ណាស់​ហើយជា​មួយ​នឹងកិច្ចការនេះ។ នេះគ្រាន់តែជាចំណុចមួយ ដែលពូគ្រាន់តែផ្តល់ចក្ខុវិស័យ ផ្តល់នូវ(ការ)រំលឹក (នូវ)​ចក្ខុ​វិស័យពូបានផ្តល់ និងបានលើកទឹកចិត្តអោយអ្នកវិនិយោគមកចូលរួម ដើម្បីដោះស្រាយនូវក្របខណ្ឌ​គោល​នយោបាយទាក់ទិននឹងការប្រែក្លាយអតីតសមរភូមិ អោយទៅជាទីផ្សារ និងទៅជាតំបន់ដែល​មាន​ការ​អភិវឌ្ឍ។

មានចក្ខុវិស័យច្រើន តែការអនុវត្តជាក់ស្តែងមិនទាន់ត្រូវបានធ្វើ

ឯចំណុចទី ២ ដេលគូរនិយាយ បើទោះបីមានចក្ខុវិស័យច្រើនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការអនុវត្តជាក់​ស្តែង​មិន​ត្រូវបានធ្វើទេនោះ វាមិនអាចលេចចេញជារូបរាងសម្រាប់ប្រជាពលរដ្ឋបានទេ។ ឥឡូវនេះ ១៤ ឆ្នាំ​ក្រោយបានលេចចេញជារូបរាងរួចស្រេចទៅហើយ។ ខ្ញុំសូមរំលើកបន្តិចអំពីចំណុចនេះ ដើម្បីអោយ​ក្មួយៗ ​និងប្រជាជនកម្ពុជាអាចយកទៅគិត។ ថ្ងៃមួយ នៅវត្តព្រៃបាំង ដែលទៅហួសពីវិហារសួគ៌បន្តិច ពេលនោះខ្ញុំទៅបើកការដ្ឋានសាងសង់ស្ពាននៅក្នុងអំឡុងខែ មីនា ឆ្នាំ ២០០៣ ពេលនោះ ខ្ញុំក៏របូតមាត់ថា ប្រសិនបើខ្ញុំជាប់ឆ្នោតបន្តកិច្ចការជានាយករដ្ឋមន្ត្រីតទៅទៀត ខ្ញុំនឹងខិតខំកសាងផ្លូវជាតិលេខ ៨ អោយ​បាន។ នេះមិនមែនជាការរបូតមាត់ដោយចៃដន្យទេ ប៉ុន្តែ បញ្ហាវាស្ថិតនៅត្រង់ថា ពេលនោះមុនយុទ្ធនាការ​បោះ​ឆ្នោតមកដល់ ការនិយាយបែបនេះវាអាចជាការបំពានលើការបោះឆ្នោត។ ប៉ុន្តែ យើងក៏ចាប់ផ្តើមនិ​យាយ​ភាសានេះ ពេលនោះ ខ្ញុំជាមួយ ឯកឧត្តម គាត ឈន់ ជាមួយ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែល​ពេលនោះនៅជាជំនួយការ និងជាអគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគិតគូរជា​មួយ​គ្នា​អំពីការប្រើប្រាស់ទុនផ្ទាល់ខ្លួន ធ្វើបន្តិចម្តង​ៗ ហើយយើងក៏បានដាក់ចេញនូវអាទិភាព នូវការកសាង​ស្ពាន​ព្រែកតាមាក់ ដើម្បីតភ្ជាប់។

ទំនាក់ទំនងកម្ពុជា-ចិន លើកកម្ពស់ ​សម្រេច​បាននូវការកសាងផ្លូវជាតិលេខ ៨

វាជាភ័ព្វសំណាង ដោយសារទំនាក់ទំនង រវាងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ យើងក៏​សម្រេច​បាននូវការកសាងផ្លូវជាតិលេខ ៨ ដែលតភ្ជាប់ពីព្រែកតាមាក់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៧ នៅឯ​ខេត្ត​កំពង់ចាម ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងរហូតទៅដល់ខេត្តកំពង់ចាម។ តាមរយៈផ្លូវ​នេះ វាមិនទាន់គ្រប់គ្រាន់ទេ វាត្រូវកសាងនូវស្ពានព្រែកតាមាក់មួយ។ បើសិនជាយើងមិនកសាងស្ពាន​ព្រែកតាមាក់ទេ យើងនៅបន្តប្រើប្រាស់សាឡាងតទៅទៀត តើមានអ្នកណាមកវិនិយោគនៅតំបន់ 7NG នៅទីនេះ? នេះហើយជាចំណុចដែលក្មួយៗត្រូវមើលអោយឃើញ។ មិនមែនកើតឡើងដោយចៃដន្យទេ គឺជាការកើតឡើងតាមរយៈនៃការរៀបចំចក្ខុវិស័យយ៉ាងច្បាស់លាស់។ ផែនទីចង្អុលផ្លូវ សម្រាប់គ្រប​ដណ្តប់​អំពីការប្រែក្លាយអតីតសមរភូមិអោយទៅជាទីផ្សារ និងជាតំបន់មានការអភិវឌ្ឍ ប៉ុន្តែ ក៏ត្រូវរៀបចំនូវ​ផែន​ការទាក់ទងជាមួយនឹងការអភិវឌ្ឍរបស់វា។

តាមរយៈនៃការតភ្ជាប់ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ ៦ និងតភ្ជាប់មកកាន់ផ្លូវជាតិលេខ ៨ ហើយដែល​ឆ្លង​ស្ពានជាង ១ គីឡូម៉ែត្រ ដែលមុននេះ ប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗ ត្រូវបង់​ប្រាក់រាល់ពេលឆ្លង ប៉ុន្តែ​ឥឡូវ​ក្មួយៗចង់ឆ្លងកាត់ពេលណាក៏បានដែរ។ ពេលមុនមិនមែនដូចជាពេលនេះទេ។ ខ្ញុំគួរតែរំលឹកថា ស្ពាន​ព្រះគន្លង ដែលបច្ចុប្បន្ននៅសល់តែចម្រៀង “ចំណងដៃមាសស្ពានព្រះគន្លង” ដែលនិពន្ធនៅក្នុងខែ មេសា ឆ្នាំ ១៩៩០ អាចនិយាយបានថា នៅសល់តែបទចម្រៀង ហើយនៅសល់រូបភាពចាស់ នៃសា​ឡាង​ដែល​ទំនើបជាងគេនៅលើពិភពលោក ដែលឆ្លងនូវស្ពានព្រះគន្លងនេះ មុនពេលស្ពានព្រះគន្លងត្រូវបាន សាងសង់។ ពេលនោះ ទំនាក់ទំនងត្រឹមតែព្រែកតាមាក់ជាមួយនឹងវិហារសួគ៌វាលំបាកណាស់ទៅហើយ។

កញ្ញា ១៩៨៩ ទស្សនកិច្ចវិហារសួគ៍ ខ្សាច់កណ្តាល

នៅក្នុងអំឡុងខែ កញ្ញា ឆ្នាំ ១៩៨៩ ពេលនោះ ដោយ​បាយ​ថ្ងៃ​ត្រង់​ហើយ ខ្ញុំបានធ្វើដំណើរចេញពីព្រែក​តាមាក់។ គេបានប្រាប់ថា បើសិនជាមានភ្លៀង ត្រូវតែចេញក្នុងពេលភ្លៀងតែម្តង បើចេញក្រោយពេលភ្លៀង គឺ​មិនអាចទៅបានទេ ដោយសារពេលនោះវាជាប់ផុង(ភក់) ហើយយើងមិនអាចមានរថយន្តធ្វើដំណើរទេ។ ពូ​ត្រូវធ្វើដំណើរតាមម៉ូតូ។ ពេលនោះ អ្នកមកជាមួយខ្ញុំអាចនឹងឃើញនូវរូបភាព នៃការធ្វើដំណើរដោយម៉ូតូ យើងធ្វើដំណើរពីព្រែកតាមាក់ចេញទៅដល់ស្រីសន្ធរ បានចាក់ពីស្រីសន្ធរចូលទៅរកាជន្លឹង ចូលទៅ​ដេក​នៅ​ភូមិសន្លុង។ ពេលនោះ នៅឯវិហារសួគ៌របស់យើងមិនមានវិទ្យាល័យដូចសព្វថ្ងៃទេ។ ឥឡូវ ទូទាំង​ប្រ​ទេស វិទ្យាល័យដែលល្អស្អាត គឺវិទ្យាល័យនៅវិហារសួគ៌ តាមរយៈ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ខ្លួនខ្ញុំ ក៏ដូច​ជាពី(ប្រទេស)កាតាក៏បានជួយកសាងនូវវិទ្យាល័យនៅព្រែកតាមាក់។

ពេលនោះ ក្មួយម្នាក់ដែលនៅផ្ទះខ្ញុំ មិនចាំឈ្មោះទេ ប៉ុន្តែឥឡូវគាត់មានកូនមានចៅច្រើនណាស់ទៅហើយ គាត់ថា ពូអើយ! ពិបាកណាស់ដើម្បីមករៀនវិទ្យាល័យនៅព្រែកតាមាក់ ព្រោះអញ្ចេះ ពេលនោះវាអត់ទាន់ មានស្ពានព្រះគន្លងទេ គឺមានសាឡាងព្រះគន្លង ហើយសាឡាងគេធ្វើម៉េច? សាឡាងហ្នឹងគេដាក់ទូកពីរ ហើយគេដាក់ក្តារពីលើ រួចហើយម៉ាស៊ីនរបស់វា គឺខ្សែកាប​ គេចងខ្សែដែកអញ្ចឹងទៅ រួចហើយគេទាញ​។ អញ្ចឹង ក្មួយស្រីហ្នឹងគាត់និយាយថា ពូ! ថ្ងៃណាអ្នកទាញខ្សែកាបហ្នឹងគាត់សប្បាយចិត្ត គាត់ចម្លងយើង​អោយ​លឿន កាលណាគាត់មិនសប្បាយចិត្ត គឺគាត់អត់ចម្លង អញ្ចឹងទេ វាលំបាកណាស់។ យប់នោះវិទ្យុ​ទាក់​ទងបើកជាប់។ យើងមិនមានទូរស័ព្ទប្រើដូចសព្វថ្ងៃនេះទេ។ ពេលនោះ ប្រើវិទ្យុទាក់ទង ៧៥១ ដើម្បី​ទាក់​ទង ព្រោះកំពុងវាយគ្នាខ្លាំងណាស់នៅឯសមរភូមិ។ ដូច្នេះ យើងត្រូវយកវិទ្យុទាក់ទងបើក ដើម្បីធ្វើ​ទំ​នាក់​ទំនង និងស្តាប់សភាពការណ៍ដែលគេរាយការណ៍ពីទីកន្លែងផ្សេងៗ។

យប់នោះ ខ្ញុំក៏បានជជែក​លេង​ជាមួយក្រុមគ្រួសារ រួចហើយយើងក៏ស្តាប់ព័ត៌មាន។ បងប្អូនអោយ​យោបល់​ថា ព្រឹកស្អែកគួរតែវិលត្រ​ឡប់​ទៅតាមផ្លូវដើមវិញ គឺវិលត្រឡប់ទៅស្រីសន្ធរ ហើយក៏ត្រូវវិលត្រឡប់មក​កាន់​ព្រែកតាមាក់ ហើយពី​ព្រែក​តាមាក់ទៅត្រូវជិះកាណូតទេ មិនមែនជិះឡានដូចសព្វថ្ងៃទេ ជិះកាណូត ដើម្បីទៅចូលចតនៅកំ​ពង់ផែ​នៅឯទីក្រុងភ្នំពេញ។ សម័យនោះបានមកដេកនៅព្រែកតាមាក់ មិនមែនដេក​នៅផ្ទះ​ភ្ញៀវទេ គឺដេកលើកាណូត មិនមែនព្រែកតា​មាក់​បច្ចុប្បន្នទេ។ នៅចាំទេ មានបងប្អូនខ្លះអាចនៅចាំ សម័យនោះសិល្បៈមាន នាង ៧ ហ៊ុន នោះមក​ច្រៀង​នៅទីហ្នឹង។  ប៉ុន្តែ នាង ៧ ហ៊ុន ថាឥឡូវដូចជាទៅ​នៅ​អា​មេរិកហើយ។ ម៉េចបានគេហៅ នាង ៧ ហ៊ុន? ច្រៀងមួយដងយក ៧ ហ៊ុន …។

ប៉ុន្តែ ខ្ញុំជម្នះធ្វើដំណើរចេញពីសន្លុងទៅកាន់វិហារសួគ៌ ទៅ​ឃើញ​គំនរ​បែកបាក់វិហារបំណន់ អាហ្នឹងគេហៅ វិហារបំណន់។ វិហារបំណន់ពេលនោះ គឺបែកបាក់ទាំងអស់។ អញ្ចឹង បានជាមានគំនិតផ្តួចផ្តើម​កសាង​វិហារ​បំណន់នេះ។ នៅសល់ព្រះវិហារមួយដែលកសាងដោយ សម្តេចព្រះមហាក្សត្រីយានី ព្រះកុសុម នារីរ័ត្ន ព្រះមាតាជាតិ កាលពីជំនាន់នោះ។ ប៉ុន្តែ ព្រះវិហារបំណន់ត្រូវ ប៉ុល ពត វាយបំផ្លាញ អញ្ចឹងយើង​ក៏​ចាប់ផ្ដើមកសាង។ បន្ទាប់ពីចេញពីវិហារសួគ៌ គ្រាន់តែធ្វើដំណើរតាមហ្នឹងអូសម៉ូតូ ហើយជា​ពិសេសគឺ​ស្ពាន​ព្រះ​គន្លង។ ដូច្នេះកាលពីនោះមានឯកឧត្តមអភិបាលខេត្តកណ្ដាល និងមាន​ឯកឧត្តម ឈឹម សេង ដែលជាឧបការីរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពេលនោះ យើងក៏ចាប់ផ្ដើមកសាងស្ពានដែកមួយហៅថា ស្ពានព្រះគន្លង និងមានសាលាឆទានមួយ។ ឥឡូវ​សាលាឆទាន​ដូចជាបាត់ដែរ។ ថ្ងៃនោះគាប់ជួនការរៀបចំហែព្រះអង្គចេកព្រះអង្គចម នៅខេត្ត​សៀម​រាប … ត្រូវឲ្យឯកឧត្តមទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធិ ទៅជាតំណាងដង្ហែព្រះអង្គចេកព្រះអង្គចម ទៅកាន់​ទី​អា​សនៈ​ថ្មី បន្ទាប់ពីត្រូវបានយកចេញដោយពួក ប៉ុល ពត។ ឯខ្ញុំមកសម្ពោធស្ពានព្រះគន្លង ហើយអ្នកដែល​ធ្លាប់​ឃើញថាខ្ញុំជិះម៉ូតូដឹកប្រពន្ធនេះ … គឺជិះពីព្រែកតាមាក់មកព្រះគន្លង រួចហើយជិះត្រឡប់ទៅវិញ។ ក្នុង​ពេលនោះ ខ្ញុំជាមួយលោក ឯល បុណ្ណា ក៏បានរៀបចំភ្លាមៗនូវចំរៀងមួយបទ​គឺចំណងដៃមាសស្ពានព្រះ​គន្លង (អោយ)ច្រៀងយប់ហ្នឹងឯង។

ក្នុងរង្វង់ជាថ្ងៃ ១០ ខែមេសា ឆ្នាំ ១៩៩០ ហើយពេលនោះ​បង​ប្អូន​បាន​ជីក​លេណដ្ឋាននៅ​នឹងជាប់​កន្លែង​សម្ពោធ​ស្ពានព្រះគន្លង។ ថ្ងៃនោះ យើងបញ្ជូនកងជើង​អា​កាស​របស់​យើង​​ដែល​មានយន្ដហោះ Mig ជាង ៣០ គ្រឿង … ពីមូលដ្ឋាន បៀនហ័រ (Bien Hoa) របស់​ប្រ​ទេស​វៀត​ណាម មកកាន់កម្ពុជា។ សម្ដេច ហេង សំរិន ត្រូវទទួល MiG-21bis នៅព្រលានយន្តហោះពោធិចិនតុង ដែលមានជាង ៣០ គ្រឿងកាលពី​ពេល​នោះ។ សម័យនោះកម្ពុជាប្រើ MiG-21bis ប៉ុន្តែ មិនដែលទៅបានវាយជាមួយអ្នកណាទេ​។ ឥឡូវ ទុក​វា​ធ្វើឆ្នាំង។ ដាក់ចោល​នៅហ្នឹង ប៉ុន្តែគ្មានទៅហោះកើតទេ។ ប្រទេសកម្ពុជាមិនបាច់ទៅមាន​កងជើង​អា​កាស​ទេ មានត្រឹមតែកងដឹកជញ្ជូនអីបានហើយ។ ប៉ុន្តែ រកកាំភ្លើងសំរាប់បាញ់ Mig វិញ​។ បើឯង​ឈ្លាន​ពាន​អញដោយយន្ដហោះ (មានតែ)បាញ់ពីក្រោមទម្លាក់តែប៉ុណ្ណឹង។ យើងមិនចាំបាច់ឡើងទៅ​វាយគ្នា​លើ​អា​កាសទេ …។

ពីមុន ពង្រាយសាលាទៅមូលដ្ឋាន ឥឡូវពង្រាយរោងចក្រទៅមូលដ្ឋាន

ខ្ញុំគ្រាន់តែនិយាយអំពីប្រវត្តិរឿងរ៉ាវបន្ដិចពាក់ព័ន្ធនៅតំបន់នេះ។ ម៉្យាងទៀត គោលនយោ​បាយ​ដែល​​យើង​ដាក់​ចេញនៅក្នុងអំឡុងឆ្នាំ ១៩៩៩។ ខ្ញុំនៅចាំ​បានថារហូតមកដល់ពេលនេះ គឺមានរយៈពេល ១៨ ឆ្នាំរួច​ស្រេច​ទៅហើយ។ នៅឆ្នាំ ១៩៩៩ ពេលនោះយើង​បាន​ផ្ដួចផ្ដើមគំនិតទាក់ទិនជាមួយនឹង​បញ្ហាធ្វើវេទិកា​រាជ​រដ្ឋា​ភិបាលជាមួយវិស័យឯកជន យើងក៏បានចាប់ផ្ដើម​ការនិយាយអំពីការពង្រាយនូវបណ្ដារោងចក្រទៅ​កាន់​មូលដ្ឋាន/បណ្តាខេត្ត កុំឲ្យប្រមូលផ្ដុំតែនៅក្នុងទីក្រុងភ្នំពេញ ដើម្បីងាយដោះ​ស្រាយ​កម្លាំងពលកម្ម។ … មុននោះយើងគ្រាន់តែធ្វើកម្មវិធីបញ្ជូននូវសាលារៀន ឲ្យទៅកាន់កៀកបំផុតជាមួយនឹង​កូនសិស្ស​នៅ​តាម​មូលដ្ឋាន ដែលសព្វថ្ងៃ ក្មួយៗទាំងឡាយបានទទួលផលអំពីកម្មវិធីសាលារៀននៅតាមមូលដ្ឋាន ដែល​ក្នុងនោះរាប់ទាំងបញ្ហាឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ហើយវិទ្យាល័យក៏មានច្រើន។ នៅខ្សាច់​កណ្ដាល​បច្ចុប្បន្នថា ​តើមាន​វិទ្យាល័យ​ចំនួន​ប៉ុន្មានទៅ? វិទ្យាល័យមាន ៤ វិទ្យាល័យ ដែលមុននេះយើង​មាន​វិទ្យាល័យព្រែកតាមាក់​តែមួយទេ​។

បន្ទាប់ពីការដែលយើងបញ្ជូនសាលា យើងក៏ចាប់ផ្ដើមមានចក្ខុវិ​ស័យ​ ស្ដីពី​ការផ្ដើមបញ្ជូននូវ​រោងចក្រទៅ​កាន់​តំបន់នានាដែលអាចធ្វើទៅរួច ដើម្បីងាយស្រួលក្នុងការ​ដោះ​ស្រាយពលកម្ម។ ឥឡូវរោងចក្រ​ទាំងនេះ​បានមកកាន់ទីកន្លែងសម្រាប់ក្មួយៗហើយ។ តើនេះបានមក​ពី​អ្នក​ណា? មិនមែនបានមកពីពួកប្រឆាំង​ទេ។ គឺបានមកអំពីការដឹកនាំដ៏ត្រឹមត្រូវ​របស់គណបក្សប្រជាជន​ បានមកពីចក្ខុវិស័យដ៏វែងឆ្ងាយ​របស់​យើង ដែលពូសុំយកឱកាសនេះថ្លែងនូវអំណរគុណ ចំពោះជីដូន​ជីតា​ឪពុក​ម្ដាយ ក៏ដូចជាក្មួយៗ​ដែល​បាន​ផ្ដល់​នូវការគាំទ្រជាបន្តបន្ទាប់មកនូវតំណែងជានាយករដ្ឋមន្រ្ដី​របស់​ពូ។ ពូធ្វើនាយករដ្ឋមន្រ្ដីនេះ​ ខ្លួនរបស់​ពូ​មិន​មែនជា​កម្មសិទ្ធិ​រ​បស់ពូទៀតទេ ហើយរឿងនេះវាមិនមែនគ្រាន់តែថ្ងៃនេះទេ។ ក្មួយៗអាចយល់បាន ប្រ​ហែលជា​ប៉ុន្មាន​ថ្ងៃ​នេះតាមដាននូវសភាពការណ៍ខ្លះ​។

ប្រាក់ឈ្នួលអប្បបរមា ១៧០ ដុល្លារ តើបានពីណា?

ថ្ងៃទីមួយនៅក្នុងការប្រជុំអាស៊ាន (ក្នុង)២៤ ម៉ោង យើងធ្វើការ ២០ ម៉ោង។ យើងសម្រាកតែ ៤ ម៉ោងទេ​​។ បាន​សេចក្ដីថា ក្រោកម៉ោង ៦ ភ្លឺ​ យើងចាប់ផ្ដើមក្រោកដើម្បីធ្វើកិច្ចការងារមួយ​ទាក់ទងជាមួយនឹងការ​ពិគ្រោះ​យោបល់រវាងកម្ពុជា ឡាវ និងវៀតណាមអំពីការអភិវឌ្ឍតំបន់ត្រីកោណ​។ បន្ទាប់ទៅគឺចាប់ផ្ដើមការ​ប្រជុំ​អាស៊ាន និងការប្រជុំជាបន្ដបន្ទាប់រហូតទៅដល់ម៉ោង ១២ និង ១៥ នាទីយប់​ចាប់ផ្ដើមចប់ ទម្រាំ​តែ​ចេញ​ដំណើរមកដល់សណ្ឋាគារម៉ោង ១ កន្លះទើបបានងូតទឹក ងូតទឹកហើយម៉ោង ២ បង្ខំសម្រាក ម៉ោង ៦ ក្រោកទៀត។ អញ្ចឹងមានន័យថា ២៤ ម៉ោង យើងធ្វើការ ២០ ម៉ោង ដើម្បីអ្នកណាទៅ?​ ដើម្បីជាតិ និង​ប្រជា​ជនកម្ពុជា។

ការគាំទ្រដែលជីដូនជីតាឪពុកម្ដាយ ក៏ដូចជាក្មួយៗបានផ្ដល់ គឺនោះហើយគឺ​ជាផលប្រយោជន៍ដែល​ក្មួយៗ​ទទួលបាន​នៅថ្ងៃនេះ។ ពូមិនបានដឹកនាំប្រទេសនេះពីមានទៅក្រទេ គឺពីក្រមក​មាន នេះជារឿងពិត ហើយពេលនេះក្នុងមានរាជរដ្ឋាភិបាល និងក្នុងនាមពូផ្ទាល់ ពូក៏សុំយកឱកាសនេះ​អបអរសាទរ​ជាមួយ​ជោគ​ជ័យទាំងឡាយ ដែលក្មួយៗសម្រេចបាន​ក្នុងកិច្ចការទាក់ទងជាមួយនឹង​ដំណើរការ​ការងារនៅទីនេះ ហើយពេលនេះកំពុងតែអនុវត្តបៀវត្សអប្បបរមា ១៥៣ ដុល្លារសហរដ្ឋអាមេរិក បន្ថែមទាំង​ប្រាក់ដទៃទៀត ខ្ញុំសួរ​ថា​ភាគច្រើនបានទទួលជាង ២០០ (ដុល្លារ) ហើយអ្នកធ្វើការទាំងប្ដីទាំងប្រពន្ធគឺមាន​លទ្ធភាព​ទៅ​ដល់ ៤០០ ជាង ៥០០ (ដុល្លារ)។ តែនេះវាមិនស្កប់ទេ​ ១៥៣ (ដុល្លារ)​ នៅឆ្នាំ ២០១៧ និង ១៧០ (ដុល្លារ) នៅឆ្នាំ ២០១៨ ខាងមុខនេះ សុំអបអរសាទរ។ ​ដើម្បីបានប្រាក់ឈ្នួល ១៧០ (ដុល្លារ) រាជរដ្ឋាភិ​បាល​ក៏​ត្រូវធ្វើការច្រើនណាស់ជាមួយនឹងភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់រោងចក្រ រាជរដ្ឋាភិបាលក៏មិនដាក់​ទំងន់​ទាំង​ស្រុង​ទៅលើម្ចាស់រោងចក្រនោះទេ។ ​បើមិនដូច្នោះ ក្មួយៗនឹងបាត់បង់ការងារធ្វើ​តាមរយៈនៃ​សកម្ម​​ភាពរបស់រដ្ឋាភិបាល​ដែលមិនគួរគប្បីធ្វើនូវរឿងនេះទេ។

ម្ចាស់រោងចក្រហ៊ានត្រឹមតែ ១៦៥ (ដុល្លារ) ទេ ក៏ប៉ុន្តែពូចង់ឲ្យក្មួយៗទទួល​បាន ១៧០ (ដុល្លារ) ដូច្នេះ​តើ​ត្រូវ​ធ្វើដូចម្ដេច? ព្រោះម្ចាស់រោងចក្រត្រូវតម្លើងបៀវត្សឲ្យក្មួយៗ។ ហ្នឹងម្ខាង ម្ខាងទៀតចាប់ពីឆ្នាំ ២០១៨ ទៅ​ត្រូវ​បង់ជំនួសក្មួយៗនូវប្រាក់ថែទាំសុខភាពដែលមុននេះក្មួយៗត្រូវបង់ ៥០% ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ ទៅ ម្ចាស់រោងចក្រជាអ្នកបង់ជួស។ ដូច្នេះម្ចាស់រោងចក្រពិតជាមានទំងន់ធ្ងន់ ម្ចាស់រោង​ចក្រក៏មាន​សំ​ណូមពរ​ត្រ​លប់​មកវិញ ដែលយើងគួរតែត្រូវដោះស្រាយ គឺពន្យារពន្ធកាត់ទុកលើប្រាក់ចំណេញ​រហូតឆ្នាំ ២០២២ និង​ម្ខាងទៀតត្រូវបាត់បង់នូវប្រាក់ដែលធ្លាប់បានទទួលប្រមាណជាជាង ២៤ លានដុល្លារ​សហ​រដ្ឋអាមេរិកថែមទៀត។ រាជរដ្ឋាភិបាលត្រូវរួមចំណែកសម្រាប់បង្កើន ៥ ដុល្លារឲ្យក្មួយៗពី ១៦៥ ដល់ ១៧០ (ដុល្លារ) នេះមិនមែនបានមកពីការទាមទាររបស់បក្សប្រឆាំងទេ តែជាការទាមទាររបស់ ហ៊ុន សែន​ តែម្ដង។

ពិតហើយ អ្នកខ្លះគេថា ពូកំប៉ិកកំប៉ុកខ្លាំងណាស់ ដូចជាក្មួយៗជាស្រ្ដីជាកម្មការិនី ដែលថ្ងៃនេះ​ក្មួយៗមក​រហូត​ទៅដល់ ៧៦៨ នាក់។ បានសេចក្ដីថាចំនួនកម្មការិនីរបស់យើងក៏មានកូនច្រើនដែរ ហើយឥឡូ​វ​នេះ បើតាមដឹងកម្មការិនីរបស់យើងរើសប្ដីណាស់។ រើសហ្នឹងគឺត្រឹមត្រូវ ក្មួយៗរើសបន្តិច កុំលេងមកធ្វើការយក​លុយ​ទៅឲ្យប្ដីសេពគ្រឿងញៀន។ រើសហ្នឹងត្រឹមត្រូវហើយ។ អត់មាន​ការងារធ្វើ ប៉ោឡែ កម្មការិនី​មិន​យក​ទេ។ រូបសម្បត្តិគេប៉ុណ្ណឹងដែរ គេមានប្រាក់ខែមួយខែគេទទួលជាង ២០០ (ដុល្លារ) ដែរ រឿងអីទៅយក​អ្នក​ឯង​អត់មានការងារធ្វើ។ រើសហ្នឹងត្រឹមត្រូវ​។ ធ្លាក់ខ្យល់ពីជើង​ហើយក្មួយៗ សុំសួរបន្តិចបានដែរ? សួរអ្នក​ត្រៀម​ចូលរោងការមានប៉ុន្មានទៅ។ សុំលើកដៃបន្ដិចទៅមើល? លើកឲ្យអស់មក! លើកឲ្យខ្ពស់បន្តិច! បុរសក៏មាន ស្រ្ដីក៏មាន។ មើលអាអាវផ្កាឈូកនេះ! ប្ដីធ្វើការអ្វីនាង? គូដណ្ដឹងធ្វើការអ្វី? ធ្វើការរោងចក្រ​ដែរ។ រោងចក្រនៅភ្នំពេញ។ រោងចក្រប្លាស្ទិច។ គេហ្នឹងប្រាក់ខែប៉ុន្មាន? ២០០ (ដុល្លារ) ជាង បូកជាមួយ​យើង​ក៏ប្រហាក់ប្រហែលគ្នា​។

ដូច្នេះឱកាសនេះធំណាស់ក្មួយ ឆ្នាំងណាគ្របហ្នឹងក៏​វាល្អដែរ។ ចូលរោងខែណា?​ ឆ្នាំក្រោយឯ​ណោះ។ អា​ចារ្យដេញពេលាយូរម្លោះ។ មើលសុំសួរអាមួយទៀត​លើកដៃមិញ។ គូដណ្ដឹងធ្វើអីក្មួយ? រោងចក្រនៅភ្នំ​ពេញ រោងចក្រប្លាស្ទិចដែរ។ គេអាយុប៉ុន្មានហើយ? ២០ ជាង! ហើយយើងហ្នឹងអាយុប៉ុន្មាន? ២២ ឆ្នាំ! ហើយ​ចូលរោងនៅពេលណាទៅ? យីសុទ្ធតែពន្យារពេល​ណោះ។ គេរើសទុកយូរអង្វែង​អញ្ចឹង​ហ្មង​ណោះ? សម័យពូអត់បានទេណា ផ្លាប់! ភ្លែតតែម្ដង។ អរគុណហើយក្មួយណាស់។ អាហ្នឹងគេហៅសំណេះ​សំ​ណាល។ … ចង់ដឹងសុខទុក្ខរបស់កម្មករ ចង់ដឹងសុខទុក្ខគឺរបៀបនេះក៏ជារបៀបមួយដើម្បីសួរ។ អញ្ចឹង​បាន​​សេចក្ដីថាក្មួយសុទ្ធតែជាអ្នកមានការងារធ្វើ ភរិយាក៏មានធ្វើការនៅតាមរោងចក្រ គូដណ្ដឹងដែលជា​អនា​គត​ស្វាមីក៏មានការងារធ្វើនៅរោងចក្រ។

ប្រទេសអាស៊ានទាំង ១០ ព្រមព្រៀងលើការការពារកម្មករចំណាកស្រុក

… ខ្ញុំសុំគូសបញ្ជាក់​សម្រាប់ក្មួយៗឲ្យបានជ្រាប មិនមែនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាទេ កិច្ចប្រជុំអាស៊ាន​លើក​នេះមានចំណុច​ពិសេសមួយ គឺការពារពលករចំណាកស្រុកនៅក្នុងតំបន់អាស៊ាន។ សំខាន់​ណាស់​។ ពេលនេះយើងមិន​ត្រឹមតែ​រកការងារធ្វើក្នុងប្រទេសកម្ពុជាទេ យើងអាចដើររកការងារធ្វើនៅក្នុងប្រទេសដទៃ​ទៀត ប៉ុន្តែសម្រាប់​យើង ត្រូវប្រឹងប្រែងដើម្បីដោះស្រាយពលកម្មក្នុងស្រុកដើម្បីកាត់បន្ថយ ឬក៏ទប់ស្កាត់​ការ​មករកការងារ​ធ្វើនៅក្នុង​ប្រទេសកម្ពុជា។ ផ្ទុយទៅវិញ យើងត្រូវរកទីផ្សារការងារនៅខាងក្រៅ ដូច្នេះពល​ករ​របស់យើង​ដែលកំពុងរស់នៅថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ នៅម៉ាឡេស៊ី ទំាងស្របច្បាប់ និង​មិន​ស្របច្បាប់ សូមមេត្តាសប្បាយរីករាយជាមួយនឹងកិច្ចការដែលបណ្តាប្រទេសអាស៊ានទំាង ១០ ព្រម​ព្រៀង​គ្នាធ្វើនេះ។

ខ្ញុំបានជួបពិគ្រោះពិភាក្សាជាមួយនឹងលោកជំទាវ អោង សានស៊ូឃ្យី គាត់មានពលកររបស់គាត់ជាង ២ លាននាក់ នៅក្នុងប្រទេសថៃ។ ឥឡូវ ពលកររបស់គាត់ពិបាកនឹងវិលត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញ ដោយសារតែប្រាក់ខែរបស់គាត់នៅពេលនេះ មានត្រឹមតែ ៧៩ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ មិន​អាច​ធ្វើអោយកម្មករដែលកំពុងរស់នៅប្រទេសថៃជាង ២ លាននាក់វិលត្រឡប់ ដែលធ្លាប់តែ​ទទួល​ប្រាក់​បៀ​វត្សរ៍ ២៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ទៅយកប្រាក់បៀវត្សរ៍ ៧៩ ដុល្លារ ឬក៏ក្រោម ១០០ ដុល្លារ​នោះ​ទេ។

… មកដល់ពេលនេះ កម្មករ/ការិនីរបស់យើង ជាមួយនឹងការងារកាន់តែកើន ប្រាក់ចំណូលរបស់ក្មួយៗក៏​កាន់​តែកើនដែរ។ កម្មករ/ការិនីរបស់យើងកាន់តែច្រើន។ ការពង្រាយរោងចក្រចេញពីទីក្រុង មកតាមផ្លូវ​ជាតិ​លេខ ៨ មកតាមផ្លូវជាតិលេខ ៦ ទៅតាមផ្លូវជាតិលេខ ៥ ទៅតាមផ្លូវជាតិលេខ ៤ តាមផ្លូវជាតិលេខ ៣ តាមផ្លូវជាតិលេខ ២ តាមផ្លូវជាតិលេខ ១ មិនមែនកើតឡើងដោយចៃដន្យទេ។ តែជាការត្រួសត្រាយផ្លូវ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបង្កើត ទាក់ទាញវិនិយោគទុន ហើយការទាក់ទាញវិនិយោគ​ទុន​នោះគឺជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ឥឡូវនេះ ក្មួយៗបានមកកាន់នៅទីនេះ ការ​ចំណាយប្រាក់ វាមានចំនួនតិចជាង បើប្រៀបធៀបជាមួយនឹងការចំណាយនៅឯទីក្រុងភ្នំពេញ ដោយសារ​ក្មួយៗធ្វើការនៅពេលថ្ងៃ ពេលល្ងាចទៅសម្រាកនៅតាមផ្ទះ។

ចំណុចនេះ តើវាងាយស្រួលទេ សម្រាប់​ក្មួយៗ? វាពិតជាមានការងាយស្រួល ដោយសារតែយើង​បាន​សម្រាក​ទៅជាមួយនឹងគ្រួសារ។ ប៉ុន្តែ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ត្រូវតែរើរោងចក្រចេញ​ពីទី​ក្រុងភ្នំពេញ និងធ្វើអោយកម្មករ ដែលមានចំនួនច្រើននៅទីក្រុងភ្នំពេញបាត់បង់ការងារធ្វើនោះទេ។ តែ​យើង ទន្ទឹមនឹងរក្សារោងចក្រនៅទីក្រុងភ្នំពេញ និងវិនិយោគបន្ថែមនៅទីក្រុងភ្នំពេញ យើងលើកទឹកចិត្ត​អោយ​មានការបង្កើតរោងចក្រនៅតាមបណ្តាខេត្ត ដែលមានលទ្ធភាពងាយស្រួលក្នុងការផ្គត់ផ្គង់ពលកម្ម។ ហើយពលកម្មនេះទៀតសោត សូមបញ្ជាក់ជូន នៅប្រទេសដទៃមានតំបន់ ដូចជានៅវៀតណាម ដូចជា​មានចែកចេញជាបីតំបន់ ក្នុងការផ្តល់ប្រាក់បៀវត្សរ៍ តំបន់ ១៣០ ដុល្លារ តំបន់ ១៥០ ដុល្លារ តំបន់ ១៦០ ដុល្លារ។ នៅឯប្រទេសឥណ្ឌូនេស៊ីចែកជាតំបន់ នៅប្រទេសហ្វីលីពីនចែកជាតំបន់។ ប៉ុន្តែ នៅប្រទេស​របស់​យើង កម្មករ/ការិនីនៅទីក្រុងភ្នំពេញ ១៧០ ដុល្លារ នៅទីនេះក៏ ១៧០ ដុល្លារ ដូចគ្នា នេះជាចំណុច​ល្អ​របស់​កម្ពុជា។

រាជរដ្ឋាភិបាលខិតខំបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរឹង បង្កើតឱកាសវិនិយោគ

រាជរដ្ឋាភិបាលបានប្រឹងណាស់ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធចំាបាច់នោះ រួមមានផ្លូវ មានស្ពាន មាន​អគ្គិស​នី មានកំពង់ផែ មានព្រលានយន្តហោះ។ ចំណុចអស់ទំាងនេះ បង្កើតនូវឱកាសសម្រាប់ការ​វិនិ​យោគ។ ប៉ុន្តែរាជរដ្ឋាភិបាលក៏បានខិតខំបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ទាក់ទងនឹងច្បាប់ ទាក់ទង​នឹង​គោល​នយោបាយ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ដែលពេលនេះ ពូពិតជាមាន​មោទ​ន​ភាព​ក្នុងឋានៈជាខ្មែរ ដែលបានចូលរួមចំណែកជាមួយក្មួយៗ ជាមួយ ជីដូន ជីតា ឪពុក ម្តាយ ក្មួយៗ និង​រហូត​មកដល់ក្មួយៗ ដែលបានរួមដំណើរជាមួយគ្នា បង្កើតឡើងនូវស្ថានភាពអំណោយផល សម្រាប់ការ​អភិ​វឌ្ឍប្រទេស។ ទឹកដៃជនជាតិកម្ពុជា កម្មករ/ការិនីរបស់កម្ពុជាយើងខ្លំាងណាស់។ ពូមិនមែន​និយាយ​សរសើ​លើកខ្លួនឯង ជាតិសាសន៍ខ្លួនឯងទេ ហើយពូក៏មិនមែនមនុស្សជ្រុលនិយមដែរ។

អាវរបស់ពូទំាងអស់ បើនិយាយពីអាវក្នុង មិនដែលទិញអាវពីបរទេសមកពាក់ទេ ព្រោះវាចំឡែកបន្តិច នៅត្រង់ថាពូជាមនុស្សខុសខ្នាត។ ម៉េចបានហៅថា ខុសខ្នាត? ជាធម្មតា អាវដែលដេរពីបរទេស​តែងតែ​ខុស​ពាក់កណ្តាលលេខ។ អញ្ចឹង ទិញពីបរទេសផ្ញើអោយពូ បើពាក់លេងបាន បើពាក់ចងក្រវាត់ក​អត់បាន​ ព្រោះជួនកាលធូរពេក ជួនកាលតឹងពេក …។ ប៉ុន្តែខុសខ្នាតនេះ ១,៧០ ម៉ែត្រ ទំនងដែរ។ ឥឡូវប្រឹង​ហាត់​ប្រាណ គ្រាន់តែទៅធ្វើការយ៉ាប់ប៉ុណ្ណឹងឡើង ២ គីឡូ ម្សិលមិញ … ឥឡូវនេះខិតខំទំលាក់អោយវានៅ ៧០ គក្រ ដល់អញ្ចឹងទៅវាស្រួលដែរ វារហ័សរហែង …។

វត្តមានតាមកាលៈ​ទេសៈ​ផ្សេង​ៗគ្នា គឺដើម្បី​សុខសន្ដិភាព ​និងឯកភាពជាតិ

ឥឡូវនេះ យើងបកក្រោយមើលបន្តិចវិញ។ មុននេះ ក្មួយៗឃើញពូ ឬក៏ថាក្មួយៗកើតអត់ទាន់ ព្រោះមិញ​នេះ មានអ្នកខ្លះថា ចង់ជួបយូរហើយ។ ខ្ញុំអាយុ ៣០ ហើយ អត់ទាន់បានជួប។ ប៉ុន្តែ ជីដូន ជីតា ឪពុក ម្តាយ ក្មួយៗបានរួមចំណែកជាមួយពូ តំាងពីអតីតកាលមក។ កាលពីសម័យសង្គ្រាម គេបានឃើញពូនៅ​ឯ​​​ខ្សែ​ត្រៀមជួរមុខ ជាមួយនឹងកងទ័ព ដើម្បីដោះស្រាយការលំបាករបស់កងទ័ព ដោះស្រាយការលំបាក​របស់​ប្រជាជន ដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាម។ ក្នុងពេលជាមួយគ្នានោះដែរ គេតែងឃើញពូ​មាន​វត្តមាននៅតុចរចានៅក្រៅប្រទេស ដើម្បីស្វែងរកដំណោះស្រាយបញ្ហាកម្ពុជា។ គេក៏បានឃើញពូចូល​ទៅ​ក្នុងតំបន់អតីតកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមត្រួតត្រា ដែលនោះជាការប្រថុយប្រថានគ្រោះថ្នាក់ រហូតទៅដល់ម្តាយរបស់ពូ និងម្តាយធំរបស់ពូថា «ឯងចូលទៅក្នុងតំបន់របស់គេមិនខ្លាចគេសម្លាប់ទេអី?» ពូត្រូវឆ្លើយថា «ម៉ែ! ធំ! បើសិនជាស្លាប់ក៏ស្លាប់តែខ្ញុំម្នាក់ និងអ្នករួមដំណើរតែប៉ុន្មាននាក់តែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបានត្រឡប់មកវិញ គឺយើងបានផែនដីទំាងមូល»។

ពិតណាស់ ការអនុវត្តនយោបាយឈ្នះៗមួយនេះ វាបង្កើតឡើងនូវមេរៀនប្រវត្តិសាស្ត្រសម្រាប់ប្រជាជន​កម្ពុជា​ខ្លួនឯង ហើយវាបានផ្កល់បទពិសោធន៍ចំណែកណាមួយនោះ ទៅប្រទេសដទៃ ដែលមកដល់ម៉ោង​នេះ ពេលនេះ នៅមានការប្រយុទ្ធគ្នានៅឡើយ។ បន្ទាប់ពីអនុវត្តនយោបាយឈ្នះឈ្នះហើយ គេបាន​ឃើញ​វត្ត​មានរបស់ពូ ទោះបីមិនទាន់ចប់សង្គ្រាម ក៏នៅឃើញតាមវាលស្រែ។ ក្រោយចប់សង្គ្រាមពូ ក៏បាន​ធ្វើ​ដំ​ណើរ​ទៅជួបកសិករ ជួបជាមួយសិស្ស ជួបជាមួយនិស្សិតច្រើនជាង។ ពេលនោះយើងកំពុងតែអនុវត្តនូវ​នយោ​បាយកសិកម្មរបស់យើង ដែលក្រោយមកគឺជាគោលនយោបាយផលិតស្បៀង និងការនំាចេញ​អង្ករ។ យើងមានជោគជ័យ ប្រែក្លាយជាប្រទេសមួយដែលខ្វះស្បៀងហូប ទៅជាប្រទេសមួយដែលនៅ​សល់​ស្បៀងជាង ៥ លានតោន គ្រាន់តែនិយាយពីស្រូវ សល់ជាង ៥ លានតោន សម្រាប់ការនំាចេញ។ យើងក៏បាននំាចេញអង្កររបស់យើងទៅកាន់ប្រទេសជាង ៦០ ប្រទេស ដែលបានទទួលទិញ​អង្ករ​របស់​យើង។ ពិតមែនតែនៅមានចំនួនតិចតួចនៅឡើយ តែយើងមានសង្ឃឹមថា ប្រទេសទំាងនោះនឹងទទួលការ​ទិញ​ជាបន្តបន្ទាប់ ហើយចំនួនចេះតែកើន។

ឥឡូវដល់ពេលវេលាដែលពូត្រូវធ្វើដំណើរជាមួយនឹងកម្មករ ព្រោះវាស្ថិតនៅក្នុងដំណាក់កាល នៃការអនុវត្ត​គោល​នយោបាយឧស្សាហកម្ម ២០១៥-២០២៥។ ពូថ្ងៃនេះ សប្បាយរីករាយដែលបានចេញផុត​ពីទី​ក្រុង​ភ្នំ​ពេញ មកកាន់ខេត្តកណ្តាល ហើយពូនឹងបន្តមួយផ្នែកនៅទីក្រុងភ្នំពេញបន្តទៀត មួយផ្នែកចេញមកតាម​បណ្តា​ខេត្ត តែខេត្តនោះប្រហែលជាអាចចាប់ផ្តើមនៅខេត្តកណ្តាល បន្ទាប់ទៅកំពង់ស្ពឺ បន្ទាប់ទៅកំពង់​ឆ្នំាង តាកែវ និងទៅកាន់គ្រប់ទីកន្លែង ដែលពេលនេះយើងមានសហគ្រាសទំាងអស់ជាង ១១.០០០ សហគ្រាស ដែលមានកម្មករជាង ១ លាននាក់។ ដោយឡែកតែរោងចក្រកាត់ដេរយើងមានជាង ១.១០០ រោងចក្រ ដែលមានកម្មករ/ការិនីប្រមាណជាជិត ៨០ ម៉ឺននាក់។

ពីចំនួនរោងចក្រ ចំនួនកម្មករ ការនាំចេញតិចតួច ទៅច្រើន

ប៉ុន្តែ អតីតកាលក្មួយៗ ពេលមុន សំណល់ដែលបន្សល់ទុក បន្ទាប់ពីការបំផ្លាញរបស់សង្គ្រាមក្នុង​ដំណាក់​កាល​សង្គ្រាមឆ្នំា ១៩៧០ ដល់ ១៩៧៥ និងការបំផ្លាញរបស់ពួក ប៉ុល ពត យើងនៅសល់រោង​ចក្រ​តិច​តួចណាស់ ហើយក៏រោងចក្រវាហួសសម័យទៅទៀត។ យើងត្រូវធ្វើការខិតខំទាក់ទាញទុន​វិនិយោគពី​ខាង​ក្រៅ យើងខិតខំ ​នៅមានពេលមួយ ខ្ញុំនៅចំាបានថា ទំហំនៃការនំាចេញនៅក្នុងឆ្នំានោះ បានត្រឹមតែ ៤ លានដុល្លារអាមេរិកទេ ដូចជាឆ្នំា ១៩៩៤ និង ឆ្នំា ១៩៩៥ នេះ បានត្រឹមតែ ៤ លានដុល្លារអាមេរិកទេ។ ឆ្នំា ១៩៩៧ សូមជម្រាបជូនក្មួយៗបន្តិច ឆ្នំា ១៩៩៧ ពេលនោះយើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រ​ជា​មួយនឹងកម្មករ ៨២.០០០ នាក់ តែប៉ុណ្ណោះ។ ប្រាក់បៀវត្សរ៍កាលពីជំនាន់នោះមានតែ ៤០ ដុល្លារ​សហ​រដ្ឋ​អាមេរិកទេ ហើយទំហំនំាចេញរបស់យើងកាលពីពេលនោះ មានត្រឹមតែជាង ២ លានដុល្លារអា​មេរិក​តែ​ប៉ុណ្ណោះ។ ឥឡូវ សភាពការណ៍បានប្រែប្រួល រោងចក្ររបស់យើងមកដល់ពេលនេះ គឺមានចំនួន ១.១០០ រោងចក្រជាង។

មុនឆ្នាំ ១៩៩៧ បៀវត្សកម្មកររបស់យើងមានត្រឹមតែជាង ៣០ ដុល្លារទេ ប៉ុន្តែបន្ទាប់ពីឆ្នាំ ១៩៩៧ មក បានតែ ៤០ ដុល្លារទេ។ ឥឡូវនេះ យើងកំពុងអនុវត្ត ១៥៣ ដុល្លារ(ក្នុងមួយខែ) ហើយនៅឆ្នាំក្រោយ ចាប់​ពី​ខែមករា យើងនៅបាំងតែមួយខែកន្លះទៀតទេ​ ប្រាក់ខែរបស់ក្មួយៗនឹងឡើងហើយ​។ ជាមួយគ្នានេះ ទំហំ​នៃ​ការនាំចេញរបស់យើងមកដល់ពេលនេះ គឺការនាំចេញរបស់យើងបានកើនឡើងរហូតទៅដល់ជាង ៧.៦០០ លានដុល្លារសហរដ្ឋអាមេរិក។ យើងមិនបន្តនិយាយរាប់លានដុល្លារ ឬរាប់សិបលានដុល្លារ​តទៅ​ទៀតទេ ហើយក៏មិននិយាយដល់រាប់រយលានដុល្លារដែរ យើងនិយាយពីរាប់ពាន់លានដុល្លារទៅវិញ។ ទំហំនៃការនាំចេញក្នុងវិស័យកាត់ដេរមានរហូតដល់ជាង ៧.០០០ លានដុល្លារសហរដ្ឋអាមេរិក។

… នេះបានមកពីអ្នកណា? វាពិតណាស់ ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​គណ​បក្ស​ប្រជាជន ផ្ដល់ឱកាសសម្រាប់ក្មួយៗ។ តាមរយៈក្មួយៗ វាក៏បានផ្ដល់ឱកាសសម្រាប់ឪពុកម្ដាយ ក្រុមគ្រួសារដែលទទួលបានប្រាក់ចំណូលពីកន្លែងនេះ។ កាលពីឆ្នាំ ២០១៣ ពេលដែលពូមកសំណេះ​សំ​ណាល​ជាមួយនឹងប្រជាពលរដ្ឋនៅម្ដុំ​នេះ គាត់និយាយអំពីបញ្ហាថា កូនរបស់គាត់ធ្វើការតាមរោងចក្រ។ គាត់បានទទួលប្រាក់ពីកូនរបស់គាត់ ដើម្បីមកជួលគ្រឿងចក្រកសិកម្ម។ ឥឡូវការភ្ជួររាស់របស់យើង ប្រើ​ប្រាស់​គោក្របីត្រឹមតែជាង ៦% ទេ ប៉ុន្តែជាង ៩៣% ប្រើដោយគ្រឿងយន្តទៅហើយ។ ក្រៅពី​ក្មួយៗ​ធ្វើ​ការ​ដោយ​ផ្ទាល់ នៅមានអ្នកទទួលផលប្រយោជន៍ពីវិស័យឧស្សាហកម្ម និងសេវា ប្រមាណជាង ៣ លាន​នាក់​ថែមទៀត។ ដូច្នេះ យើងវិលត្រឡប់មើលទៅក្រោយ ទើបយើងដឹងថា យើងបានធ្វើកិច្ចការរួមគ្នា ដើម្បី​ជោគ​ជ័យនៃប្រទេសនេះ។

បច្ចុប្បន្ននេះ យើងមានសិទ្ធិ និងឱកាសច្រើនជាងពេលអតីតកាល

អត្រានៃភាគក្រីក្រក្រោយពេលរំដោះ ក្មួយៗកុំទាន់ជឿពូ ក្មួយទៅសួរឪពុកម្ដាយ ទៅសួរជីដូនជីតា តើ​ពេល​ដែល​ចាប់ផ្ដើមថា លោកតា! ពេលចាប់ផ្ដើមរំដោះប្រទេសចេញពីរបប ប៉ុល ពត តាមានអីខ្លះ? ឬក៏ជីដូន ឬក៏ញាតិ អ្នកដែលមានអាយុលើសពី ៦០ ឆ្នាំឡើង។ ឥឡូវគេប្រើពាក្យអញ្ចេះ បើនៅប្រទេសខ្លះ គេហៅ U70 ឬក៏ U60។ ឥឡូវភាគច្រើនរបស់យើងនៅទីនេះ គឺ U70។ អ្នកកីឡា គេមាន U18, U19 បានសេចក្ដីថា កីឡាករដែលមានអាយុក្រោម ១៩ ឆ្នាំ។ ឯពួកយើងនៅទីនេះ សុទ្ធតែ U70 បានសេចក្ដីថា ក្រោម ៧០ ឆ្នាំ មានភាគច្រើន។ ទៅសួរ U70 នោះ អ្នកដែលមានអាយុ ៦០ ឡើង ឬអាចថា ៥០ ឆ្នាំឡើង សួរ​ថា ក្រោយពេលរបប ប៉ុល ពត មានអីខ្លះ? អត់ទេ មិនមែនមានទូរស័ព្ទ selfie ដូចសព្វថ្ងៃនេះទេ។ ក្មួយ​​​អើយ! ជំនាន់នោះ បានតែកង់ជិះដូច Mercedes។ ដើរដោយជើងទទេ អត់មានស្បែកជើង​ដូចសព្វ​ថ្ងៃ​ទេ។ លំបាកណាស់​។

រាល់ថ្ងៃនេះ ក្មួយៗមានឱកាស ហើយសម្លេងភ្លេងការក៏ចាប់ផ្តើមហើយឥឡូវនេះ ចូលដល់ដំណាក់កាល​វិបត្តិ​អាចារ្យ វិបត្តិខ្វះភ្លេងការ ព្រោះខ្យល់ធ្លាក់ពីជើងហើយ តែពូហួសដឺឡេហើយ។ កាលពីនៅកំឡោះ នៅ​ពេល​ខ្យល់ធ្លាក់ពីជើង ក៏នឹកស្រមៃចង់បានប្រពន្ធដែរ ប៉ុន្តែក្នុងជីវិតរបស់ពូនេះគ្មានឱកាស​សប្បាយរីក​រាយ​ដូច​ក្មួយៗទេ។ អាយុ ១៨ ឆ្នាំ សង្គ្រាមបានមកដល់ តើមានពេល​ឯណាទៅ? ទោះបីនៅខាងណា ក៏ត្រូវ​ធ្វើ​ទា​ហានទាំងអស់ ព្រោះយើងជាចំណាប់ខ្មាំងនៃសង្គ្រាម គ្មានផ្លូវទីបីសម្រាប់ការជ្រើសរើសទេ។ នៅខាង​តំ​បន់ លន់ នល់ កាន់កាប់ ត្រូវធ្វើទាហាន លន់ នល់ ឬហោចណាស់ គឺត្រូវធ្វើអ្នកកំណែន ទទួលកំណែន គ្រូ​បង្រៀន សាស្ត្រាចារ្យ ឬគ្រូពេទ្យ ត្រូវធ្វើអាស៊ីមីឡេ គេហៅថាផ្ទេរទៅធ្វើជាទាហាន។ កូនសិស្ស និស្សិត​ត្រូវ​ប្រមូលឲ្យធ្វើទាហាន។ នៅខាងតំបន់ដែលរណសិរ្សរួបរួមជាតិ ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង ក៏ត្រូវធ្វើជាទាហានដូចគ្នា គ្មានផ្លូវទីបីសម្រាប់ការជ្រើសរើសទេ។

តែឥឡូវនេះ ក្មួយៗមានសិទ្ធិជ្រើសរើសច្រើនណាស់។ សិទ្ធិជ្រើសរើសក្នុងការរៀន សិទ្ធិជ្រើសរើសក្នុងការ​រក​ការងារធ្វើ។ អ្នកខ្លះគាត់ធ្វើការងារនៅទីនេះ អ្នកខ្លះគាត់ទៅធ្វើការងារនៅកន្លែងផ្សេង អ្នកខ្លះមិនធ្វើ​កម្ម​ករ គឺទៅធ្វើជាកសិករ អ្នកខ្លះទៅធ្វើជាអ្នកលក់ដូរ។ ក្មួយៗមានសិទ្ធិជ្រើសរើសប្តី មានសិទ្ធិជ្រើសរើសប្រ​ពន្ធ តែដំណាក់កាលរបប ប៉ុល ពត គ្មានសិទ្ធិជ្រើសរើសប្តីប្រពន្ធទេ។ ជាភ័ព្វសំណាងរបស់ពូ ក្មួយពិត​មែន​តែពូបានរៀបការ ១៣ គូ ក៏ប៉ុន្តែពូជាអ្នកដែលមានសំណាងជាងគេ ដោយសារតែពូបានរៀបការជា​មួយ​នឹង​ភរិយាដែលពូបានស្រឡាញ់តាំងពីមុនខ្លួនពិការ។ ឯ ១២ គូ ផ្សេងទៀត អង្គការចាប់បង្ខំទាំងអស់ ឲ្យការជាមួយគ្នា។ ប៉ុន្តែថ្ងៃនេះ ក្មួយៗពីរនាក់នេះមានគូដណ្តឹង អាចារ្យគុណគូរដល់ឆ្នាំក្រោយ ចាំបន្តិចទៅ ទ្រាំបន្តិចទៅ  វាគង់តែថ្ងៃដល់ទេ (សម្តេចនិយាយលេង)។ នេះពូគ្រាន់តែចង់បង្ហាញអំពីសេរីភាពដែល​ក្មួយៗ​មានក្នុងដំណាក់កាលនៃប្រទេសដែលមានសន្តិភាព នៃប្រទេស ដែលមានប្រជាធិបតេយ្យ នៃប្រ​ទេស​ដែលមានសេរីភាពក្នុងការជ្រើសរើស វាខុសពីដំណាក់កាលឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗ ជាពិ​សេសដំណាក់កាលជីដូនជីតារបស់ក្មួយៗ ដែលជាដំណាក់កាលត្រូវរៀបការដោយអង្គការចាប់បង្ខំ យើង​គ្មានសិទ្ធិនឹងការជ្រើសរើសទេ។

កម្មករយើងបានឆ្លងកាត់បន្ទាត់នៃភាពក្រីក្រ ដែលកំណត់ដោយ UN ហើយ

ឥឡូវ ការងារដែលក្មួយៗមានជាប់ក្នុងដៃហើយ ត្រូវខិតខំរក្សាវាឲ្យបាន ប្រាក់ចំណូលដែលក្មួយៗរកបាន វា លើសពីការកំណត់របស់អង្គការសហប្រជាជាតិ ដែលគេកំណត់ថា គឺមួយថ្ងៃរកបាន ១,២០ ដុល្លារ គឺ​ជា​អ្នក ដែលបានឆ្លងកាត់បន្ទាត់នៃភាពក្រីក្រ។ ឯមុននោះ គេកំណត់តែ ១ ដុល្លារទេ ឆ្លងផុតបន្ទាត់​នៃ​ភាព​ក្រីក្រ។ ឥឡូវក្មួយៗប្រាក់ខែអប្បបរមា មានឥឡូវ ១៥៣ បន្តិចទៀត ១៧០ បូកនឹង​អត្ថប្រ​យោជន៍​ដទៃ​ទៀត ក្មួយៗរកបានជាង ២០០ ដុល្លារ។ អញ្ចឹងក្នុងមួយថ្ងៃ ក្មួយៗអាចរកបាន ៦ ដុល្លារជាង គឺអ្នក​ដែល​បាន​ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍនេះ។ … ត្រឹមតែមួយ​ឆ្អែត ត្រឹមតែមួយរួចខ្លួន មិនមែនបញ្ហា​សម្រាប់​ពូទេ ប៉ុន្តែអ្វីដែលពូត្រូវគិត គឺពូបាននិយាយតាំងពីដើម ពូបាននិយាយច្បាស់ៗ យើងមិនខ្លាចថៅកែរោង​ចក្រ មិនខ្លាចថៅកែដឹកជញ្ជូន ឬថៅកែដទៃទេ អ្វីដែលគួរឲ្យខ្លាចគឺភាពក្រីក្ររបស់ប្រជាជន។

ខ្ញុំបានដឹងថា និក្ខេបបទថ្នាក់បណ្ឌិតរបស់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏មានមួយផ្នែកបានសិក្សា អំពី​សៀវភៅ ១០ ឆ្នាំនៃដំណើរកម្ពុជា មិនមែនជាចក្ខុវិស័យនៅសតវត្សរ៍ទី ២១ ទេ ក៏ប៉ុន្តែជាចក្ខុវិស័យមាន តាំង​ទសវត្សរ៍ទី ៨០ នៃសតវត្សរ៍ទី ២០ ឯណោះ។ ឥឡូវចក្ខុវិស័យទាំងនោះ កំពុងក្លាយទៅជាការ​ជាក់​ស្តែង សម្រាប់កម្ពុជានៅពេលនេះ។ ពូមិនបានទៅស្នើសុំឲ្យបរទេស មកជួយណែនាំអំពីការធ្វើបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បែបណានោះទេ ពូអាចពិគ្រោះយោបល់ជាមួយបរទេស ដកហូតពិ​សោធន៍​ពី​បរទេស អំពីការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។ ពូពេញចិត្តនឹងការពិភាក្សាទាំងអស់ ទាក់ទង​នឹង​ការអភិវឌ្ឍ ប៉ុន្តែពូមិនដែលបានពិភាក្សាថា តើត្រូវផ្តួលអ្នកនេះតាមរបៀបអញ្ចេះ របៀបអញ្ចុះទេ។

ពូបានផ្តួចផ្តើមគំនិត ដើម្បីដំណើរការរកសន្តិភាពពេញ។ មួយជីវិតរបស់ពូនេះ ជាងពាក់កណ្តាលជីវិត​របស់​ពូ​នេះ ពូបានធ្វើកិច្ចការតាំងពីប្រជាជនដែលនៅសេសសល់ពីការស្លាប់ប៉ុន្មានលាននាក់ អត់អង្ករស៊ី ឥឡូវជាង ១៥ លាននាក់ (ហើយ)សល់អង្ករ។ ដោយក្តីមោទនភាព ដែលពូបានរួមដំណើរជាមួយ​ជីដូន​ជី​តា ឪពុកម្តាយ និងមកដល់ក្មួយៗ ហើយសង្ឃឹមថា ជីដូនជីតា ឪពុកម្តាយក្មួយៗ ក៏ដូចជាក្មួយៗផង​នឹង​បន្ត​​ការបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលផ្តល់ឱកាសឲ្យពូធ្វើនាយករដ្ឋមន្ត្រីបន្ត ១០ ឆ្នាំតទៅមុខ​ទៀត។

ប្រវត្តិនៃហ្លួងព្រះស្តេចកន

តំបន់នេះគេបានដឹងច្បាស់ណាស់ថាជាតំបន់ដែល ហ្លួងព្រះស្តេចកន បានខិតខំប្រឹងប្រែងនៅទីនេះ ដើម្បី​ការ​តស៊ូរបស់វណ្ណៈកាលពីសម័យនោះ។ សង្គ្រាមបានផ្ទុះនៅក្នុងតំបន់នេះ នៅក្នុងឆ្នាំ ១៥០៦ បន្ទាប់ពី​ព្រះ​ស្រី​សុគន្ធបទ ឡើងគ្រងរាជ្យនៅឆ្នាំ ១៥០៤ ហើយមកកាន់ទីលំនៅនៅទីនេះ វត្តព្រៃបាំង ទាក់ទងជា​មួយ​នឹងមហេសីរបស់ព្រះស្រីសុគន្ធបទ ទើបគេហៅ វត្តព្រៃបាំង ដោយសារតែមានជំងឺ ហើយត្រូវទៅបន់​ស្រន់។ ដូច្នេះ កាលពីពេលនោះ គេយកក្រណាត់មកបាំង ដើម្បីកុំឲ្យឃើញប្រពន្ធស្តេច ប៉ុន្តែក្រោយមក​គេដាំ​ដើមឈើ។ មើលក្នុងប្រវត្តិទាក់ទិនជាមួយនឹងមហាបុរសខ្មែរដែលនិទានទៅលើបញ្ហានេះ ហើយ​ក្រោយ​មកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានសរសេរអំពីប្រវត្តិទាក់ទង​នឹងហ្លួង​ព្រះ​ស្តេច​កន។ ពិតមែនហើយ អ្នកខ្លះក៏បាននិយាយ ព្រោះវាគ្រាន់តែជាការគាប់ជួនតែប៉ុណ្ណោះ ដែលថ្ងៃខែកំណើត​របស់​ខ្ញុំ គាប់ជួនត្រូវនឹងថ្ងៃខែរបស់ហ្លួងព្រះស្តេចកន។

អ្វីដែលហ្លួងព្រះស្តេចកនបានធ្វើ ដែលជាការគោរព នោះនៅត្រង់ថា មិនសុខចិត្តស្លាប់ក្រោមសំណាញ់​របស់​ស្តេច ស្រីសុគន្ធបទ ដែលប្រើឲ្យមុជទៅក្នុងទឹក ហើយបង់​សំ​ណាញ់ដើម្បីសម្លាប់នោះទេ។ ប៉ុន្តែអ្វី​ដែល​ជាការគោរពលើសពីនេះ ពេលនោះនៅកម្ពុជាមានវណ្ណៈពលព្រះ ដែលត្រូវបូជាចំពោះព្រះរតនត្រៃ​រយៈ​ពេល ៥ ពាន់ឆ្នាំ ប៉ុន្តែហ្លួងព្រះស្តេចកនបានធ្វើបដិវត្តប្រជាធិបតេយ្យប្រជាជនមុនគេ មុនលេនីន​ មុនកាលម៉ាក្ស មុនអង់ហ្គែល គឺធ្វើតាំងពីឆ្នាំ ១៥០៦ ដោយប្រកាសថា ប្រសិន បើអ្នកទាំងឡាយគាំទ្រខ្ញុំ ខ្ញុំ​នឹងលុបបំបាត់ចោលវណ្ណ

ៈពលព្រះ ឲ្យមានសិទ្ធិស្មើគ្នា។ នេះជាមោទនភាព បើទោះបីជាមាន​រឿង​ម៉េច​ក៏​ដោយ វាអយុត្តិធម៌ណាស់។ … ខ្ញុំមិនមែនជាព្រលឹង ស្តេចកន ចាប់ជាតិទេ។ វាគ្រាន់តែជា​ការគាប់ជួន​តែ​ប៉ុណ្ណោះ។ នៅទីណាទៅ គេហៅ បឹងទទា មានអ្នកស្គាល់ទេ? បឹងទទានោះ នៅត្រង់ហ្នឹង នៅតំបន់ហ្នឹង។

បឹងទទាគឺជាបឹងដែលសង្គ្រោះហ្លួងព្រះស្តេចកន នៅពេលដែលរួចផុតអំពីការបង់សំណាញ់សម្លាប់ តាម​រយៈ​ការផ្តល់ដំណឹងពីបងស្រីបង្កើត ដែលជាមហេសីព្រះស្រីសុគន្ធបទ។ រួចពីហ្នឹងហើយ ត្រូវបន្លំខ្លួននៅ​ក្រោម​សត្វទទា បន្លំក្បាលនៅក្រោមសត្វទទា ទើបរស់បាន។ អញ្ចឹង បានជាមានប្រវត្តិកត់ត្រានៅក្នុង​តំបន់​នេះច្រើនណាស់។ បក្សីចាំក្រុងក៏មាននៅក្នុងតំបន់នេះដែរ។ តំបន់នេះទាក់ទងនឹងប្រវត្តិសាស្ត្រច្រើន ហើយក៏ជាតំបន់នៃការផ្តល់នៃកំណើតបដិវត្តប្រជាធិបតេយ្យប្រជាជន ដែលមិនឲ្យមានវណ្ណ

ៈពលព្រះ ចាប់​ពី​ពេលនោះតទៅទៀត​។ ស្តេចកនធ្វើសង្គ្រាមឈ្នះពិតប្រាកដមែន។

ខ្ញុំមកដល់កន្លែងនេះ ខ្ញុំនិយាយរឿងនេះ ក៏គ្រាន់តែឲ្យដឹងថាតំបន់នេះ វាមិនមែនគ្រាន់តែសង្គ្រាមក្តៅ​នៅ​ក្នុង​ឆ្នាំ ១៩៧០ ទេ ១៩៧៥ ទេ ប៉ុន្តែវាជាកន្លែងសង្គ្រាមក្តៅតាំងពីឆ្នាំ ១៥០៦ វាយគ្នានៅម្តុំនេះ ហើយអ្នក​ទាំង​ឡាយនៅទីនេះ ប្រហែលជាមានជាញាតិសន្តានរបស់ហ្លួងព្រះស្តេចកនផងក៏មិនដឹង ព្រោះហ្លួងព្រះ​ស្តេច​កននៅម្តុំនេះ តភ្ជាប់ទៅខាងស្រីសន្ធរផង ដែលគេហៅថា ស្រីសឈរ គឺមហេសីរបស់ហ្លួងព្រះស្តេច​កន​នេះហើយ។ ពិតមែនតែខ្ញុំមិនមែនជាអ្នកស្រុកខ្សាច់កណ្តាល ប៉ុន្តែពូបានមកទីនេះ​ច្រើន​លើក​ច្រើន​សា។ ហេដ្ឋារចនាសម្ព័ន្ធនៅម្តុំនេះ ក៏ពូបានរួមចំណែកធ្វើច្រើន រកាជន្លឹង គ្រាន់តែជិះម៉ូតូច្រើនលើក​ច្រើន​​សា ព្រោះតំបន់នេះពីដើម អត់មានជិះឡានបានទេ។ យើងត្រូវធ្វើផ្លូវ ស្ពាន តភ្ជាប់។

ប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ ឆ្នាំ ២០៥០

ឥឡូវ កិច្ចការវាមិនចប់ត្រឹមហ្នឹងទេ។ យើងទើបនឹងឈានមកដល់ដំណាក់កាលពីប្រទេស​ដែលមានប្រាក់​ចំ​ណូលទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ពេលនេះប្រជាជនកម្ពុជាទើប​នឹង​មាន​ប្រាក់ចំណូលត្រឹមតែប្រមាណជាង ១.៥០០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ តែនេះមិនមែនជា​កា​រ​ស្កប់ស្កល់របស់យើងទេ។ យើងត្រូវប្រែក្លាយឲ្យប្រទេសរបស់យើង ក្លាយទៅជាប្រទេសដែលមាន​ប្រាក់​ចំ​ណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ ពិតមែនតែ​ពេល​នោះ ឆ្នាំ ២០៣០ គឺប្រហែលជាពូទៅមិនដល់ទេ តែពូមិនទាន់ស្លាប់ទេ។ តែពូបានប្រកាសថា ពូនឹង​បន្ត​តំណែងជានាយករដ្ឋមន្ត្រីយ៉ាងតិច ១០ ឆ្នាំ។ ពាក្យថាយ៉ាងតិច ១០ ឆ្នាំ មានន័យថា អាចទៅ​លើស។ អញ្ចឹងឆ្នាំ ២០២៨ អាចនឹងពូចូលនិវត្តន៍ ពេលនោះពូទើបនឹងមានអាយុ ៧៦ ឆ្នាំដែរ ក៏មិនទាន់ជាចាស់​ប៉ុន្មាន​ទេ ក៏ប៉ុន្តែគួរតែរៀបចំឲ្យក្មេងៗគេបានធ្វើការងារបន្ត។

នៅក្នុងសភាពការណ៍បែបនេះ ពូត្រូវតែរឹងប៉ឹងឈរជាមួយនឹងប្រជាពលរដ្ឋ ដើម្បីងើបឈរឡើង​ប្រឆាំង​នឹង​ការ​ប៉ុនប៉ងទាំងឡាយ ដើម្បីផ្តួលរំលំប្រទេស ហើយធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមកលយុគនេះ។ ពូ​នឹង​បន្តអមដំណើរជាមួយនឹងក្មួយៗ ជាមួយនឹងក្មេងជំនាន់ក្រោយ ដើម្បីរក្សាសន្តិភាព និងស្ថេរភាព ហើយ​ពូ​នឹងបានឃើញនៅពេលនោះ នូវប្រទេសដែលមានការលូតលាស់មួយ ហើយប្រជាជន​ដែល​មាន​ប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់។ ពេលនោះក្មួយៗមិនមានប្រាក់បៀវត្សត្រឹមតែ ១៧០ ដុល្លារទៀតទេ ច្បាស់​ជា​ខ្ពស់ជាងនេះ តែខ្ពស់ប៉ុណ្ណាវាជារឿងមួយទៀត។

រួមគ្នារក្សាសន្តិភាព ដើម្បីមានការអភិវឌ្ឍ

កិច្ចការដែលយើងត្រូវធ្វើ ដំបូងបំផុតពូសុំអំពាវនាវ អោយទាំងអស់គ្នារួមគ្នា ដើម្បីរក្សាឲ្យខានតែ​បាន​នូវ​សន្តិភាព ដែលយើងរកបានដោយទាំងលំបាក គ្មានសន្តិភាព វាគ្មានការអភិវឌ្ឍណាមួយនោះទេ។ បើ​គ្មាន​ការអភិវឌ្ឍ យើងក៏មិនអាចរក្សាទុកនូវសន្តិភាពបានដែរ។ អញ្ចឹងប្រជាជនកម្ពុជា មានកាតព្វកិច្ច ដើម្បី​ការពារនូវសន្តិភាពសម្រាប់ប្រទេសរបស់ខ្លួន មិនមែនគ្រាន់តែសន្តិភាពដើម្បីសន្តិភាពទេ តែត្រូវមាន​ឯក​រាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីផងដែរ។ ប្រហែលជាមនុស្សមួយចំនួនបានស្តាប់សម្លេង​ដែលពូនិយាយទៅ ប្រធានាធិបតីរបស់អាមេរិក Donald Trump។ ខ្ញុំមិនដឹងថានៅលើលោកនេះ មាន​ប្រ​មុខ​រដ្ឋាភិបាលប្រទេសប៉ុន្មានទេ ដែលហ៊ាននិយាយបែបនេះនោះ។ យើងមិនវាយតម្លៃទាបចំពោះប្រទេស​ដទៃ​នោះទេ ប៉ុន្តែពូនិយាយសំដៅការពារប្រទេសជាតិរបស់យើង មិននៅក្រោមការត្រួតត្រារបស់​ប្រទេស​ណាមួយ។  យើងជាកម្ពុជា យើងមិនផ្តល់ឱកាសឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការរបស់យើងនោះទេ។

ខ្ញុំអំពាវនាវជនរួមជាតិលើកកម្ពស់ស្មារតី ជាតិនិយម ស្មារតីឯករាជ្យ ស្មារតីការពារនូវអធិបតេយ្យ និង​បូរណ​ភាពទឹកដី។ យើងមិនត្រូវឱនក្បាលគ្រាន់តែដើម្បីដោះដូរជាមួយនឹងបន្តិចបន្តួចនោះទេ។ យើង​ធ្លាប់​រង​នូវការដាក់ទណ្ឌកម្មអយុត្តិធម៌បំផុត ពីសំណាក់លោកខាងក្រៅ ហើយការមិនឱនក្បាលរបស់យើងវាជា​កិត្តិ​យសជាតិរបស់យើង។ ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី និងគ្រប់ស្រ​ទាប់​វណ្ណៈ នឹងយល់ព្រមជាមួយខ្ញុំ ដើម្បីលើតម្លៃឯករាជ្យអធិបតេយ្យភាពរបស់ខ្លួន។

សុំ Donald Trump បង្វែរបំណុលកម្ពុជាទៅជាជំនួយអភិវឌ្ឍន៍

យើងត្រូវប្រកាន់នូវ(ជំហរថា)ការជ្រៀតជ្រែករបស់បរទេស ជាមូលហេតុចំបង នាំមកនូវអន្តរាយ​សម្រាប់​ប្រ​ទេស​របស់យើង។ ខ្ញុំបានស្នើសុំឲ្យអាមេរិក បង្វែរបំណុលដែលពួក លន់ នល់ ជំពាក់​ទៅជាជំនួយ​អភិ​វឌ្ឍន៍សម្រាប់កម្ពុជាវិញ។ ខ្ញុំបានប្រើពាក្យថា វាប្រៀបដូចជាយកញញួរមកវាយខ្ញុំហើយ ឲ្យយើងខ្ញុំ​សង​ថ្លៃ​ញញួរ​ទៀត។ សង្ឃឹមថា ប្រធានាធិបតី Donal Trump គាត់ស្តាប់លឺភាសានេះច្បាស់ណាស់។ និយាយ​ចប់​ ពេលបិទអង្គប្រជុំ ខ្ញុំបានមកជួបចាប់ដៃគាត់។ ខ្ញុំបាននិយាយថា សុំទោស។ ពាក្យ Sorry គេប្រើ​ថា​មិន​មែនជាការសោកស្តាយទេ។ ប៉ុន្តែ នេះភាសាការទូត។ អង់គ្លេសរបស់ខ្ញុំវាមិនច្បាស់ទេ ខ្ញុំបាន​និយាយ​ថា “Sorry! I raise this issue”។ គាត់បានឆ្លើយជាមួយខ្ញុំថា “No problem, thank you!”។  គាត់​ឆ្លើយ​តបថាគាត់អត់បញ្ហា។ សូមអរគុណ។

មានន័យថា គាត់ស្តាប់យ៉ាងច្បាស់នូវសម្លេងរបស់ប្រទេសក្រីក្រមួយ ប្រទេសតូចតាចមួយ ទោះបីមាន​អ្នក​វិភាគ​ខ្លះថា Donald Trump មិនចាប់អារម្មណ៍ … ចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍ ខ្ញុំបាន​និយាយ​ឲ្យ​ជាតិ​ដ៏​មោទនភាពសម្រាប់ប្រទេសមហាអំណាចមួយនេះ។ យើងមិនមែនគ្រាន់តែចង់បានសន្តិភាព ហើយ​ឱនក្បាល ដើម្បីធ្វើជាអាយ៉ងរបស់អ្នកណាទេ យើងមិនគ្រាន់តែចង់បានជំនួយ ប៉ុន្តែបែរជា​ឱន​ក្បាល​ក្រោម​ខ្សែញាក់របស់អ្នកណាទេ។ យើងត្រូវការស្មើភាព និងស្មើសិទ្ធិ។ … អម្បាញ់​មិញបានដក​(ទូរស័ព្ទ)​ពី​ហោប៉ៅ មកវាយឆ្លើយតប ព្រោះថ្ងៃនេះបន្តិចទៀត វានឹងមានការឆ្លើយតបលើសេចក្តីសម្រេច​មួយទាក់ទិន​ជាមួយ​នឹងបញ្ហានៅមីយ៉ានម៉ា។ នៅឯអង្គការសហប្រជាជាតិ រដ្ឋមន្រ្តីការបរទេសត្រូវវាយមក​សុំយោបល់ យើងក៏ត្រូវតែមើលគ្រប់ពេលវេលាផងដែរ។

យើងវាយឆ្លើយតប ដើម្បីឲ្យការបោះឆ្នោតនៅអង្គការសហប្រជាជាតិត្រូវបោះរបៀបម៉េច។ ថ្ងៃនេះ នឹងមាន​ការ​សម្រេចទាក់ទិនទៅនឹងសភាពការណ៍នៅមីយ៉ាន់ម៉ា សម្រាប់យើងគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង គឺជាគោលការណ៍ធំជាងគេ។ ដូច្នេះ កម្ពុជាសម្រេចបោះឆ្នោតប្រឆាំងការសម្រេចដែលទាក់ទិនជាមួយនឹង​អធិប​តេយ្យភាពរបស់មីយ៉ាន់ម៉ា។ យើងរួមគ្នាដោះស្រាយបញ្ហាវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា ប៉ុន្តែ យើង​មិន​អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាបានទេ។ នេះគឺជាសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដែល​កម្ពុជា​មានកាតព្វកិច្ចនឹងធ្វើបែបនេះ។ នេះក៏បង្ហាញពីរដ្ឋដែលមានឯករាជ្យ និងអធិបតេយ្យភាពទាំង​នយោ​បាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។

ពិចារណា ដើម្បីផ្តល់ជំនួយមនុស្សធម៌ ទៅកាន់ហ្វីលីពីន និងមីយ៉ាន់ម៉ា

សន្តិភាពមានតម្លៃណាស់ អតីតកាលបានសម្លាប់ជីវិតរបស់យើង បំផ្លាញយើងដោយសង្គ្រាម ដោយរបប​ប្រ​ល័យ​ពូជសាសន៍ យើងគ្មានការអភិវឌ្ឍទេ ក្រៅតែពីការបំផ្លាញ។ មើលទៅប្រទេសស៊ីរី មើលទៅប្រ​ទេសលីប៊ី មើលទៅប្រទេសអ៊ីរ៉ាក់ មើលទៅប្រទេសយេមែន ហើយសូម្បីតែក្រុងម៉ារ៉ាវី របស់ហ្វីលីពីន ដែលទើបនឹងរំដោះចេញពីកណ្តាប់ដៃរបស់ពួក ISIS នៅប្រជាពលរដ្ឋដែលភៀសសឹកចេញពីតំបន់នោះ មិន​ទាន់បានវិលត្រឡប់ទៅផ្ទះផងទេ។ យើងកំពុងពិចារណា ដើម្បីផ្តល់ជំនួយមនុស្សធម៌ ទៅកាន់​មួយ​ផ្នែក អាចទៅកាន់ហ្វីលីពីន ដើម្បីស្តារឡើងវិញ ព្រោះត្រូវការស្បៀងអាហារ​សម្រាប់ជនភៀសសឹក​ដែលគ្នា​បាត់​បង់ស្អីៗ។ យើងក៏កំពុងពិចារណាអំពី ការរួមចំណែកផ្តល់ជំនួយមនុស្សធម៌ ទៅកាន់ប្រជាពលរដ្ឋនៅ​រដ្ឋ​រ៉ាក់​ឃីន (Rakhine State) របស់មីយ៉ាន់ម៉ា ដែលមួយផ្នែកកំពុងរស់នៅបង់ក្លាដេស និងមួយផ្នែករស់​នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះក៏ចង្អុលឲ្យឃើញថា ប្រទេសនៅក្នុងតំបន់របស់យើង មានប្រទេសមិន​ទាន់​ចប់​សង្គ្រាមនៅឡើយទេ …។

រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ

កិច្ចការបន្ត ក្មួយៗត្រូវបន្តការខិតខំ ឥឡូវនេះ ក្មួយៗត្រូវបន្តការខិតខំ ដើម្បីចូលរួមចំណែករក្សាសន្តិភាព រក្សា​ស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ។ ក្មួយៗ​ចាំ​ឲ្យ​​ច្បាស់ មិនអាចមានរោងចក្រកើតក្នុងផ្ទៃនៃសង្រ្គាមទេ រោងចក្រសហគ្រាស ឬការអភិវឌ្ឍផ្នែកដទៃទៀត រាប់​ទាំងទេសចរ គេមិនមកលេងប្រទេសយើង គេមិនមកប្រទេសយើងនៅពេលដែលយើងមានសង្រ្គាម​ទេ។ សូម្បីតែលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត ឬសិទ្ធិបញ្ចេញមតិ វាមិនបានកើតក្នុងផ្ទៃនៃសង្គ្រាមទេ តែ​វា​បានកើតក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ។ អ្នកដែលនិយមនិយាយពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយ​ភ្លេចនិយាយពីសន្តិភាព ហើយបែរជាបំផ្លាញសន្តិភាព។ អ្នកកំពុងដើរផ្ទុយនឹងចរន្ត នៃស្ថានភាពពិត គ្មាន​ប្រជាធិបតេយ្យណា ដែលវាកើតនៅក្នុងផ្ទៃនៃសង្រ្គាមទេ វាកើតតែនៅក្នុងផ្ទៃនៃសន្តិភាពតែប៉ុណ្ណោះ ស្ថេ​រភាពខាងនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម វាបង្កនូវភាពងាយស្រួលឲ្យក្មួយៗ សូម្បីឥឡូវនេះ​ក្មួយៗ​ខ្លះ ក្រោកតាំងពីម៉ោងមួយ ម៉ោងបី តែសម័យដើម ដើរមិនបានទេ វាបានមកពីអ្វី? បានមកពី​ស្ថេរ​ភាព​នយោបាយ នៅតាមរោងចក្រសហគ្រាស មិនអាចមានបងតូច បងធំ ហើយផ្តល់ឱកាសឲ្យក្មួយៗ មាន​ស្ថេរភាពដែរ។ គ្មានក្រុមគ្រឿងញៀននោះ បើមានក្រុមគ្រឿងញៀនច្រើននៅក្នុងរោងចក្រ វាក៏មិន​អាច​បង្កើត​នូវភាពងាយស្រួល និងសុវត្ថិភាពការងារសម្រាប់ក្មួយៗដែរ។ ដូច្នេះ ក្មួយៗត្រូវចេះអប់រំគ្នា ដើម្បីកុំ​ឲ្យ​មាន​ការសេពគ្រឿងញៀន ដើម្បីកុំឲ្យមានបងតូច បងធំនៅតាមរោងចក្រ។

រកការព្រមព្រៀងមួយ ផ្នែកកិច្ចសន្យាការងារ

អម្បាញ់មិញ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកហើយ យើងកំពុងពិគ្រោះ​ពិភាក្សា​អំពីកិច្ចសន្យាការងារ ដែលនេះក៏ជាផ្នែកមួយ នៃសុវត្ថិភាពការងារ និងស្ថេរភាពការងារផងដែរ។ កិច្ច​សន្យាខ្លីពេក នឹងបង្កើតការព្រួយបារម្ភសម្រាប់កម្មករ និងកម្មការិនីរបស់យើង ឯកិច្ចសន្យាវែងពេក ក៏វាបង្កើតនូវការលំបាកសម្រាប់ម្ចាស់រោងចក្រ។ អញ្ចឹងត្រូវរកការព្រមព្រៀងគ្នាឲ្យឃើញ ហើយបំផុតគឺអ្វី​ដែលយើង​បាន និងកំពុងមាន ត្រូវរក្សា ហើយត្រូវខិតខំដោះស្រាយបញ្ហា។

រក្សាការងារកំពុងមាន និងបង្កើតការងារថ្មី/ មិនត្រូវទទួលការញុះញង់វាយបំបែកឆ្នាំងបាយទេ

កិច្ចការទី ២ យើងត្រូវរួមគ្នារក្សាការងារ ដែលយើងកំពុងមាន និងបង្កើតការងារថ្មី។ ក្មួយៗត្រូវចងចាំ មិនត្រូវ​ក្រោម​ការញុះញង់របស់អ្នកណាមួយ ហើយវាយបំបែកឆ្នាំងបាយរបស់ក្មួយៗទេ។ ក្មួយៗត្រូវដឹងថា រោង​ចក្រ​គឺជាឆ្នាំបាយរបស់ក្មួយៗហើយ ទាំងម្ចាស់រោងចក្រ ទាំងអ្នកគ្រប់គ្រង ជាប្រធានក្រុម ជាប្រធាន​ផ្នែក ប្រ​ធានរដ្ឋបាល រួមជាមួយកម្មករ រួមជាមួយនឹងម្ចាស់រោងចក្រត្រូវធ្វើការក្នុងភាពជាគ្រួសារ មិនអាច​មាន​ការ​ប្រឈមមុខដាក់គ្នាណាមួយ ដែលធ្វើឲ្យរោងចក្រមិនលូតលាស់ទេ។ ដូច្នេះការយោគយល់ អធ្យាស្រ័យ និង​ដឹងសុខទុក្ខគ្នា គឺជារឿងចាំបាច់។ ពូសប្បាយចិត្ត ដោយឃើញថា បាតុកម្ម និងកូដកម្ម​ខុសច្បាប់ ហើយ​មានជើងកាងគឺវាកាន់តែរសាត់ទៅឆ្ងាយ មុននេះអ្នកធ្វើកូដកម្មត្រឹមតែ ៥០ នាក់ ទៅ​រារាំងអ្នក ១ ពាន់នាក់ មិនឲ្យចូលធ្វើការ។ យើងគោរពសិទ្ធិអ្នកចូលរួមធ្វើកូដកម្ម ៥០ នាក់ តែ ៥០ នាក់ ត្រូវគោរពអ្នក ១ ពាន់នាក់ទៀត ដែលគេចង់ចូលធ្វើការ យើងមិនអនុញ្ញាតឲ្យមានជាបន្តនូវបងធំតាមរោង​ចក្រ ដែលធ្វើ​កូដ​កម្មហើយ ទៅគំរាមអ្នកដែលចង់ធ្វើការ មិនឲ្យចូលធ្វើការ ឲ្យមកចូលរួមធ្វើកូដ​កម្ម​នោះ​ទេ។

លើកទឹកចិត្តឲ្យបន្តការជួបជុំសប្បាយរីករាយរៀងរាល់ថ្ងៃទី ១ ខែឧសភា

ឥឡូវ ការយល់គ្នារវាងម្ចាស់រោងចក្រ ការយល់គ្នារវាង អ្នកគ្រប់គ្រង ជាមួយនឹងកម្មករ និងកម្មការិនី មាន​កាន់​តែល្អ។ រៀងរាល់ថ្ងៃទី ១ ខែឧសភា គឺតែងមានធ្វើពិធីជួបជុំ បើប្រៀបធៀបទៅជាមួយនឹងអ្នកដង្ហែ​ក្បួនដើរ​ដាក់ញ្ញត្តិ គឺមានចំនួនតូចណាស់ ត្រឹមតែ ១ ពាន់នាក់ យើងថាឲ្យអស់ចុះ ជាមួយនឹងកម្មករជាង ១ លាននាក់ គឺវាតូចណាស់។ ឥឡូវ ខ្ញុំលើកទឹកចិត្តឲ្យបន្តការជួបជុំសប្បាយរីករាយរៀងរាល់ថ្ងៃទី ១ ខែ​ឧសភា ម្ចាស់រោងចក្រចេញប្រាក់កាស ដើម្បីប៉ាវកម្មករមួយពេលទៅ បង្កើតការរាំសប្បាយ ឬរហូតប្រឡង​បវរ​កញ្ញារោងចក្រ។ ពូគាំទ្រ។ កន្លងទៅក្រសួងការងារ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើត​នូវ​កម្មវិធីប្រឡង ហើយទៅផ្តាច់ព្រ័ត្រនៅទូរទស្សន៍បាយ័ន ឆ្នាំក្រោយទៅផ្តាច់ព្រ័ត្រនៅកោះពេជ្រតែម្តង ដាក់​ឲ្យច្រើនគ្នា។

ថាកម្មការិនីអន់យ៉ាងម៉េច មិនទាន់ក្រូម៉េស្អាតប៉ុណ្ណឹងទៅហើយ ទម្រាំតែក្រូម៉េទៀត។ អញ្ចឹងបានគេថា​ឥឡូវ​នេះ កម្មការិនីរើសប្តី រើសប្តីឲ្យត្រឹមត្រូវខ្ញុំនិយាយដូចពីដើមអញ្ចឹង ប៉ោឡែអត់មានការងារធ្វើ រៀនក៏​មិន​រៀន ស្អីក៏មិនស្អី ហើយចេះតែចង់បានប្រពន្ធ។ ប្រពន្ធមានប្រាក់ខែ រកតែត្រឹមចិញ្ចឹមប្តី ហើយប្តីយកទៅ​លេង​ល្បែងទៀត ឬសេពគ្រឿងញៀនទៀតកាន់តែវេទនា។ ពាក្យចាស់លោកថា ធ្វើស្រែត្រូវមួយឆ្នាំ ខុស​មួយ​ឆ្នាំ ប៉ុន្តែ ការយកគ្រួសារ យើងជាស្រី ខុសមួយដងគឺខុសមួយជីវិត អញ្ចឹងសម្លឹងមើលឲ្យបានល្អ។ ឯ​ពួក​ប្រុសៗគេចង់យកប៉ុន្មានជារឿងរបស់គេទេ យកលេងៗ ដើររហូតអានោះប្រពន្ធគ្រប់ខេត្ត សរុបបង​ប្អូន​វា​ជួបគ្នាបង្កើត ម្តាយទីទៃវាអត់ស្គាល់គ្នា។ អាហ្នឹងរឿងមិនល្អទេ និយាយអញ្ចឹងប៉ះមនុស្សខ្លះហើយ នៅ​លើនេះ។ ខ្ញុំមិនខ្វល់ថាប៉ះនរណាទេ អាហ្នឹងព្រោះវារឿងពិត គ្រាន់តែគេមិនដឹងឈ្មោះតែប៉ុណ្ណឹង។

ដើម្បី​ការ​បង្កើតការងារថ្មី រក្សាការងារចាស់ក្មួយៗត្រូវរួមចំណែកជាមួយនឹងម្ចាស់រោងចក្រ។ អត់រោងចក្រ យើងអត់មានការងារធ្វើ​ ម្ចាស់រោងចក្រទៀតសោត ត្រូវតែយល់ថាបើអត់កម្មករទេ ខ្លួនក៏មិនមែន​ជាថៅ​កែ​ដែរ។ បើមានតែម្នាក់ឯង មានតែរោងចក្រ អត់កម្មករ អាហ្នឹងម៉េចហៅថៅកែ អាហ្នឹងគេហៅ​ឃ្លាំង។ ឯ​ចំ​ពោះ​កម្មកររបស់យើង បើបែរជាកាន់ចប កាន់កណ្ដៀវ នង្គ័ល រនាស់ ក៏គេមិនហៅ​កម្មករ​ដែរ។

ជាមួយ​គ្នានេះ យើង​ត្រូវបង្កើតការងារថ្មី ក្មួយៗមានការងារហើយ តែប្អូនៗ មិត្តភក្តិ ដែលពេញវ័យ​កំពុង​រក​ការងារធ្វើត្រូវខិតខំ។ អញ្ចឹង​រាជរដ្ឋាភិបាលត្រូវបន្ដការខិតខំ ទាក់ទងវិនិយោគិនមកកាន់ប្រទេសរបស់យើង ទាក់ទងពង្រីកទីផ្សារនៅក្រៅប្រទេស ​ដើម្បីពង្រីកការនាំចេញ។ ពូមិនដែលខានជាមួយការនាំសភាពា​ណិជ្ជ​កម្ម​កម្ពុជា​ទៅកាន់ការប្រជុំនានា APEC ក៏ទៅ ASEAN ក៏ទៅ និងការប្រជុំដទៃទៀត ធុរ​ជន​របស់​កម្ពុជា​ក៏ទៅចូលរួមនៅទីនោះដើម្បីទាក់ទាញ។ ​​ហើយលើកនេះក៏មានជួបធុរកិច្ចនៅក្នុង​ក្របខណ្ឌអាស៊ាន និងអាស៊ីបូព៌ា និងមានការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក យើងក៏បានចូលរួមគ្រប់វេទិកានេះ ដើម្បី​បង្ហាញ​​អំពីអ្វីខ្លះដែលកម្ពុជាត្រូវការ ដើម្បីអោយគេមកវិនិយោគ។

បន្ដការបង្កើនចំណេះដឹង និងជំនាញ

បន្ដទៅទៀតរួមគ្នាបង្កើនប្រាក់ចំណូល ហើយក៏រួមគ្នាបង្កើននូវចំណេះដឹង ជាកិច្ចការទី ៣ ដែលយើងត្រូវ​ខិតខំ។ ប្រាក់​ចំណូលដែលយើងមានបានកើនពី ៤០ ដុល្លារ ដល់ ១៥៣ ដុល្លារ។ ឆ្នាំ ២០១៨ នឹង​ចាប់​ផ្តើម ១៧០ ដុល្លារ ប៉ុន្តែខ្ញុំសូម​បញ្ជាក់ជូនថាមិនមែនត្រឹមតែ ១៧០ ដុល្លារ ចប់ត្រឹមហ្នឹងទេ (ឆ្នាំ)២០១៩ នឹង​​​ឡើង​ប្រាក់ខែសាជាថ្មីទៀត។ ប្រាក់ឈ្នួល​អប្បបរមានឹងត្រូវកើនឡើងជារៀងរាល់ឆ្នាំ ហើយជាមួយ​នោះ​យើងកាត់បន្ថយការចំណាយរបស់កម្មករ/ការិនីរបស់យើង។ តែសម្រាប់នៅទីនេះ ប្រហែលខុសប្លែក​នៅ​ទី​ក្រុងភ្នំពេញ នៅទីនេះប្រហែលផ្ទះឈ្នួលមិនសូវមានប៉ុន្មានទេ ដោយ​សារកម្មករ/ការិនីនៅតំបន់នេះធ្វើការ​(ហើយ)ត្រឡប់ទៅផ្ទះវិញច្រើន។

ការផ្គត់ផ្គង់អគ្គិសនី និងទឹក និងភ្លើងតំបន់នេះ មិនទាន់​មានភ្លើង​របស់​រដ្ឋ​ផងដែរ ប៉ុន្តែនៅទីក្រុងភ្នំពេញការ​ចំណាយ​លើថ្លៃទឹក ថ្លៃភ្លើង ត្រូវបានកាត់បន្ថយ។ មុននោះថ្លៃទឹក​ ថ្លៃ​ភ្លើងត្រូវបានកំណត់ដោយម្ចាស់ផ្ទះ​ជួល ក្រោយមកថ្លៃភ្លើង គឺយើងផ្គត់​ផ្គង់អោយកម្មកររបស់យើងត្រឹមតែ ៤៨០ រៀល ក្នុងមួយគីឡូវ៉ាត់ ដែល​ប្រើ​ក្រោម ៥០ គីឡូ។ ថ្លៃទឹកមុននេះ គឺយើងប្រើរហូតទៅច្រើន ប៉ុន្តែនៅពេលមួយនោះ​គឺយើងបានលក់ទៅ​ឲ្យម្ចាស់ផ្ទះ ១.០៣០ រៀល ម្ចាស់ផ្ទះលក់ទៅឲ្យកម្មករ ១.២០០ រៀល ប៉ុន្តែចាប់តាំងពីខែកញ្ញាមក ឯក​ឧត្តម​​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានទម្លាក់ថ្លៃលក់​អោយម្ចាស់ផ្ទះ ៧០០ រៀល លក់អោយកម្មករត្រឹមតែ ៨០០ រៀល​ទេ​។ ដូច្នេះ កម្មកររបស់យើងក៏​បាន​ចំ​ណេញ ៤០០ រៀល ក្នុងមួយម៉ែត្រ​គូបដែរ។

ពិដានប្រាក់បៀវត្សជាប់ពន្ធនឹងត្រូវតម្លើងដល់ ១ លាន ២ សែនរៀល ឆ្នាំ ២០១៨

ចំនួនប្រាក់បៀវត្សដែលជាប់ពន្ធមុននោះតែ ៥០០.០០០ រៀលទេ ក្រោយមកលើកដល់ ៨០០.០០០រៀល។ ឆ្នាំនេះកំពុង​អនុវត្ដ ១ លាន មិនជាប់ពន្ធ។ តែឆ្នាំក្រោយ ដែលថ្ងៃស្អែកនេះសភានឹងធ្វើការអនុម័ត ហើយ​សង្ឃឹមថាសភានឹងផ្ដល់ការ​គាំទ្រ។ យើងនឹងលើកពិដាននៃប្រាក់ជាប់ពន្ធរហូតដល់ ១ លាន ២ សែន​រៀល ស្មើនឹង ៣០០ ដុល្លារ មិនត្រូវបានជាប់ពន្ធទេ ដើម្បីកុំអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល​មាន​ប្រាក់​បៀវត្សទាបបំផុតជាង ១ លានរៀល ត្រូវបានជាប់ពន្ធ។ ហើយខ្ញុំក៏សូមបញ្ជាក់ មិនដឹងថា ក្មួយៗ​នៅ​ទីនេះបានធ្វើដំណើរនៅទីក្រុងភ្នំពេញហើយ​ឬនៅ? នៅទូទាំងរាជធានីភ្នំពេញ កម្មករ ទាំងក្នុងប្រ​ព័ន្ធ ទាំង​ក្រៅ​ប្រព័ន្ធ ជិះឡានក្រុងដោយមិនចំាបាច់​បង់ប្រាក់រយៈពេលយ៉ាងតិចពីរឆ្នាំ។ កុំភ្លេចក្មួយៗ ពេល​ទៅលេង​គូដណ្ដឹង កាន់អា(កាត)ហ្នឹងទៅ ទៅដល់បង្ហាញ​តែអាហ្នឹង​(ឡាន​ក្រុង)​​គេអត់យកលុយទេ មិន​មែន​ចាំតែ​ជិះ​ទៅ​ធ្វើការទេ ក្មួយៗអាចជិះទៅណាក៏បាន ប៉ុន្តែទៅតាមតែផ្លូវណាគេរត់​ទៅ។ មើលមាន​ប៉ុន្មាន​នាក់បានទៅ​ជិះ​ហើយ? មានប៉ុន្មាននាក់បានទៅជិះលើកដៃមើល! ទៅដល់បង្ហាញកាតគេ? គេអត់​យកលុយ? ថ្ងៃក្រោយយកកាតទៅមិនបាច់ពាក់នៅនឹងកទេ ចាំដល់ឡានក្រុងចាំបង្ហាញគេ គេអត់​យក​លុយ​ទេ។ ជិះទៅមិនមែនគ្រាន់តែជិះធ្វើការទេ ជិះទៅលេងសង្សារក៏ជិះទៅ មិនទាស់ខុសទេ។ ប៉ុន្តែ ក៏សូម​បញ្ជាក់​ទៅជិះតាក់ស៊ីបង់លុយអោយគេ នេះគ្រាន់តែជាឡានក្រុង ដែលសាលាក្រុងភ្នំពេញរៀបចំ​តែ​ប៉ុណ្ណោះ។

​ឆ្នាំ​នេះ អរគុណដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយដែលមិនតម្លើងថ្លៃផ្ទះជួលក្នុងឆ្នាំ ២០១៨ ខ្ញុំបានសុំ​រឿង​នេះហើយក៏បាន​ការឆ្លើយតាមដោយសប្បុរសពីសំណាក់ម្ចាស់ផ្ទះជួលទាំងឡាយ ខ្ញុំចង់ដឹង​មើលថា​កម្ម​ករ/ការិនីដែលជាកូនក្មួយ​របស់ខ្ញុំ ទទួលបានប្រាក់ពិតប្រាកដប៉ុន្មាន? បន្ទាប់ពីយើងទម្លាក់ថ្លៃទឹក ថ្លៃភ្លើង និង​ថ្លៃជួលផ្ទះនេះ ធ្វើដំណើរមិនយក​ប្រាក់ បន្ថែមដោយការពិនិត្យសុខភាព​ការព្យាបាលជំងឺ​ដោយ​មិនបង់​ប្រាក់​តាមមន្ទីរពេទ្យរដ្ឋទាំងអស់ ទីចុងបំផុត តើផល​ប្រយោជន៍ពិតប្រាកដបានដល់កម្រិតណា?

គុណភាពផលិតផលពីកម្ពុជាខ្ពស់ ទើបរោងចក្រនៅបន្ត

​ជាមួយគ្នានេះ ពូអំពាវនាវឲ្យក្មួយៗ ដែលកំពុងធ្វើការ បង្កើននូវចំណេះដឹងថែមទៀត។ កាលដែ​ល​យើង​ចេះ​ដឹងកាន់តែ​ច្រើនយើងនឹងទទួលបានអត្ថប្រយោជន៍​ជាប្រាក់ឈ្នួលកាន់តែខ្ពស់។ ទឹកដៃជនជាតិ​កម្ពុជា​របស់យើងមិនអន់ទេ នៅពេល​ណាមួយពូនឹងបង្ហោះតាមហ្វេសប៊ុកសាជាថ្មីទៀត នូវសម្លៀក​បំពាក់​ដែល​ពូ​ស្លៀក​ហាត់ប្រាណរាល់ថ្ងៃ ដើម្បីឲ្យក្មួយៗបាន​ឃើញ ខោអាវនោះគឺផលិតនៅប្រទេសកម្ពុជា​នេះ​ឯងហើយ​នាំ​ចេញទៅបរទេស។ យើងទៅទិញពីបរទេសយកមក​លក់នៅប្រទេសយើងវិញ Made In Cambodia ស្អាតណាស់។ ឥឡូវមិនមែនអនុវត្ដនយោបាយជាតិនិយម ឬគាំពារ​និយមទេ ក៏ប៉ុន្តែ​ទឹក​ដៃ​របស់កម្ម​ករ/ការិនី​របស់យើងខ្ពស់ណាស់។ អញ្ចឹងបានគេបញ្ជាទិញកាន់តែច្រើន។ យើងដាក់ជា​សំណួរហេតុ​អី​បាន​ជានៅបង់ក្លាដេសប្រាក់ឈ្នួល ៦៧ ដុល្លារ នៅស្រីលង្ការ ៦៧ ដុល្លារ នៅឥណ្ឌា ៧៧ ដុល្លារ នៅភូមា ត្រឹមតែ ៧៩ដុល្លារ នៅឡាវ ១១០ ដុល្លារ ហេតុអ្វីបានជាយើងនៅកម្ពុជា គេហ៊ានបញ្ជាទិញ រោងចក្រ​នៅ​តែនៅ? ដោយសារគុណភាពផលិតរបស់យើងវាខ្ពស់ គេលក់បានប្រាក់ចំណេញ អ្នកយកទៅលក់ វាលក់​ដាច់ ទើបគេបញ្ជាទិញ​បន្ត។ អញ្ចឹងក្មួយៗត្រូវបន្ថែមការចេះដឹង បើមិនចេះដឹងនូវជំនាញ ក៏ត្រូវចេះ​ដឹង​បន្ថែមខាងសមត្ថភាព ដែលយើងអាច​រៀន​បំពេញបន្ថែម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ​ដែលចេះតែ​កើនឡើង ទាមទារសមត្ថភាពកាន់តែខ្ពស់។

គោលនយោបាយគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ

ឯចំណុចទី ៤ ជាចំណុចដែលមានសារៈសំខាន់ខ្លាំងណាស់ នោះវាទាក់ទងនឹងចំណុចគាំពារសង្គម លក្ខ​ខណ្ឌ​ការងារ នឹងសុវត្ថិភាពការងារ។ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព កន្លងទៅនេះកម្មករ/ការិនី​បង់ ៥០% និយោជកបង់ ​៥០% ប៉ុន្តែចាប់ពីខែមករា ២០១៨​ តទៅ ក្មួយៗបញ្ឈប់ការបង់ ៥០% ហ្នឹង ទៅ ទុកឲ្យថៅកែបង់ជំនួស។ នោះហើយជា​បន្ទុកធ្លាក់ទៅលើថៅកែ ប៉ុន្តែសម្រាលបន្ទុក​របស់ក្មួយៗ ដែល​ត្រូវ​ចំណាយពីរង្វង់ ៨.០០០ រៀល ទៅ ១៣.០០០ រៀល ក្នុងមួយខែ។ ក្មួយៗនឹង​ទទួលបាន​ប្រាក់​ចំណេញ​ពីផ្នែកនេះ ប៉ុន្តែរដ្ឋទេជាអ្នកជួយ ដើម្បីអោយម្ចាស់​រោងចក្រមាន​លទ្ធភាព​បង់ជំនួសបែបនេះ។ ហើយចាប់​ពីខែមករា ២០១៨ កម្មករទាំងអស់ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ទទួលបាន​ការពិនិត្យព្យាបាល​ឥត​បង់​ថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។

សូមបញ្ជាក់មិនដឹងថា ថ្លៃប៉ុន្មានទេ ដឹងតែមួយទេ គឺឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម អ៊ិត សំហេង អ្នកចេញលុយ ដឹងតែ​មួយទេ​​ បង្កើន​សមត្ថភាពបណ្ដាមន្ទីរពេទ្យ ហើយនៅតំបន់​នេះ​ប្រសិនបើខ្វះខាតមន្ទីរពេទ្យ ត្រូវការសាងសង់​បន្ថែម​មន្ទីរ​ពេទ្យបង្អែក។ បង្កើនសមត្ថភាពមន្ទីរពេទ្យ​បង្អែក​នៅតំបន់ 7NG។ ឥឡូវមាន ១៨.០០០ នាក់ហើយ បន្ដិច​ទៀត មានច្រើន​លើសហ្នឹង។ បើមាន ត្រូវ​ពង្រីកវា បើមិនទាន់មាន ត្រូវសង់បន្ថែម ដាក់វានៅកន្លែងនេះ ហើយតំបន់នេះ ប្រធានក្រុមការងារ​នៅ​កន្លែង​នេះ គឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្រាប់ហើយ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន គឺជា​ប្រ​ធានក្រុម​ការងារ​​នៅស្រុកខ្សាច់កណ្ដាល និងល្វាឯមស្រាប់។ អញ្ចឹងទេ ដាក់មក មន្ទីរពេទ្យអោយ​វាស្អាត​មួយ​មើល សម្រាប់កម្មករ/ការិនីរបស់យើង។

កម្មការិនីមានផ្ទៃពោះ ឈប់ ៣ ខែ បៀវត្ស ១២០% ទទួលសាច់ប្រាក់ពេលសំរាល ចេញ ១៥ នាទីមុន

សម្រាប់​ក្មួយៗ ដែលជាកម្មការិនីឆ្លងទន្លេត្រូវបានឈប់សម្រាក ៣ ខែ ជាមួយបៀវត្ស ១២០%។ ត្រូវ​ធ្វើ​ឲ្យ​ខាន​តែបាន ធ្វើឲ្យម៉ត់ចត់ ហើយបេឡាជាតិសន្តិសុខសង្គមចេញ ៧០% និយោជកចេញ ៥០%។ អញ្ចឹង នេះ​ជាភាពនឹងនរក្នុងចិត្តមួយ។ បន្ថែមលើនោះ ចាប់ពីសូន្យម៉ោង ថ្ងៃទី ១ មករា ឆ្នាំ ២០១៨ តទៅ កម្ម​ការិនី​ឆ្លងទន្លេបានកូនមួយ គឺផ្ដល់សាច់ប្រាក់ ៤០ ម៉ឺនរៀល បានកូនភ្លោះពីរផ្ដល់សាច់ប្រាក់ ៨០ ម៉ឺន​រៀល បើ​បានកូនភ្លោះ ៣ ទទួលបានសាច់ប្រាក់ ១ លាន ២ សែនរៀល និងក្លាយជាគ្រួសាររ​បស់ខ្ញុំ​តែ​ម្ដង។ ឥឡូវ​ជាង ៣០០ គ្រួសារ ស្មើកូនភ្លោះ ៣ ជិត ១ ពាន់នាក់ អោយតែកើត ៣ មកគឺកូន និងចៅ ហ៊ុន សែន ទាំង​អស់ ខ្ញុំទទួលបន្ទុកអាហ្នឹង។ ហើយឥឡូវ ចង់សួរក្មួយៗមានផ្ទៃពោះ ឥឡូវ ចេញមុនម៉ោង​បាន​ប៉ុន្មាន? (បាន ១៥ នាទី? ប៉ុន្តែកាលមុនបានប៉ុន្មាន? បាន ១០)។ គេថា លោក ហ៊ុន សែន កំប៉ិក​កំប៉ុក​ណាស់។ គ្រាន់​តែស្ត្រីឆ្លងទន្លេ ក៏ចាំបាច់ទៅសុំ​ពីថៅកែដែរ។

ខ្ញុំសូមបញ្ជាក់ បើអ្នកគ្មានបទពិសោធន៍គ្រប់គ្រងប្រទេស​ទេ អ្នកគួរមានបទពិសោធន៍​គ្រប់គ្រង​គ្រួសារ​ដែរ។ ខ្ញុំមិនមែនគ្រាន់តែជាអ្នកមានជោគជ័យក្នុងការគ្រប់​គ្រង​ប្រទេសទេ តែក៏ជាអ្នកមានជោគជ័យលើ​អ្នក​គ្រប់​​គ្រង​គ្រួសារដែរ។ ស្ត្រីមានផ្ទៃពោះពិតជាមានការលំបាក ភរិយាគេ ភរិយាខ្ញុំ កូនគេ កូនខ្ញុំ ពិតជា​មាន​ការលំបាក។ រោងចក្រខ្លះកាលពីពេលមុននេះ  អនុវត្ដ​ត្រឹម​តែ​អោយចេញមុន ៥ នាទី ទេ ឬ ១០ នាទី​ទេ ប៉ុន្តែឥឡូវនេះខ្ញុំ​បានសំណូម​ពរគ្រប់​រោងចក្រ​ហើយឲ្យអនុវត្ដ​តិចបំផុតត្រឹម ១៥ នាទី ហើយរោងចក្រ​ណា​មានចិត្តធម៌អោយចេញមុន ២០ នាទី ឬ ៣០ នាទី ខ្ញុំសូម​អប​អរសាទរ និងលើកទឹកចិត្ត។ រោង​ចក្រ​ណាដែលអោយស្ត្រីមានផ្ទៃពោះ​ចេញមុនម៉ោងកាន់តែច្រើន​ ខ្ញុំនឹង​ពាក់​មេដាយអោយដោយផ្ទាល់។ នេះ​ហើយ​ជាគោលនយោបាយគាំពារសង្គម ដែលខ្ញុំផ្តល់អាទិភាពមុនគេ​អនុវត្តចំពោះស្ដ្រីមាន​ផ្ទៃពោះ ស្ត្រីឆ្លង​ទន្លេ នៅពេលសម្ពោធដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយ​ជាតិគាំ​ពារ​សង្គម។

ពេលនោះ ខ្ញុំបាន​ដាក់រំលឹកឲ្យអនុវត្ដមុនគេទៅលើស្រ្ដីមានផ្ទៃពោះ ប៉ុន្តែយើងចាប់​ផ្តើម​ពី​កម្ម​ការិនីនៅក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយក៏ទៅជា​មួយគ្នាផងដែរជាមួយការផ្ដល់សាច់ប្រាក់សម្រាប់មន្រ្តីរាជការស៊ីវិល និងស្រ្តីដែលបម្រើការក្នុង​កងទ័ព នគរបាល និងអាវុធហត្ថ។ ខ្ញុំគិតថា នេះជាការចាប់ផ្តើមមួយ ដែល​យើង​ត្រូវផ្តល់អាទិភាព មនុស្សម្នាក់ជីវិតពីរ បើទោះបីជាវាតិចតួច ក៏ប៉ុន្តែ វាជាការធានាមួយ។ ៤០ ម៉ឺនរៀល​ស្មើ​នឹង ១០០ ដុល្លារសហរដ្ឋអាមេរិកដែរ ដើម្បីឲ្យក្មួយៗបង្កើននូវអាហារូបត្ថម្ភ អីគេថា ស្ងោរជើងជ្រូក ខជើង​ជ្រូក ដើម្បីឲ្យមានទឹកដោះឲ្យកូនបៅ។ ហោចណាស់ក៏ទិញបានជើងជ្រូក ១០​ ដែរ។

សហគ្រាសចុះបញ្ជីដើម្បីកម្មករទទួលបានប្រយោជន៍/ប្រាក់សោធននិវត្តន៍វិស័យឯកជន ពីឆ្នាំ ២០១៩

… ខ្ញុំក៏សូមអំពាវនាវជាថ្មីម្តងទៀតទៅកាន់សហគ្រាសទាំងឡាយ ដែលប្រើប្រាស់កម្មករ ឲ្យមកចុះ​បញ្ជី​នៅ​ក្រ​​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យកម្មករ/ការិនីបាត់បង់​ផលប្រ​យោជន៍​លើបញ្ហានេះ ទាំងការធ្វើដំណើរ ទាំងស្អីៗហ្នឹង រាប់ទាំងកម្មការិនីដែលបំរើនៅតាមភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ឬនៅតាមកន្លែងនានា គ្នាបាត់បង់ផលប្រយោជន៍។ នេះជាគោលនយោបាយថ្មី​លើ​វិស័យ​សង្គមរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ហើយដឹកនាំដោយ ហ៊ុន សែន តែ​ម្តង។ យើងនឹងបន្តធ្វើ​កិច្ចការងារនេះ ហើយជាមួយនេះ ចាប់ពីឆ្នាំ ២០១៩ ទៅ កម្មករ/ការិនីរបស់យើង ពេលនោះ យើងនឹងត្រូវដាក់ឲ្យអនុវត្តនូវសោធននិវត្តន៍ ដែលខ្មែរយើងនិយមហៅថាឲ្យមានប្រាក់រឺត្រែត។ ឆ្នាំ ២០១៩ នឹងជាការចាប់ផ្តើមធ្វើឲ្យសង្គមកម្ពុជាយើង ក្នុងនោះ រវាងកម្មករ/ការិនី នៅក្នុងវិស័យឯកជន មិន​មាន​ការខុសប្លែកគ្នាខ្លាំងជាមួយនឹងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទេ ដោយសារតែសុទ្ធ​តែ​មាន​ប្រាក់ចូលនិវត្តន៍ដូចគ្នា។

កម្មករ មន្រ្តីរាជការ កងកម្លាំង ត្រូវបំពេញតាមលក្ខខណ្ឌការងារ ដើម្បីបានប្រាក់សោធននិវត្តន៍

នេះជាការធានាអះអាងមួយសម្រាប់ប្រទេសរបស់យើង សម្រាប់កម្មករ/ការិនីរបស់យើង ដែលអ្នកណា​ក៏​ដោយ​ចុះ តែងតែគិតថា តើអញអស់ការងារហ្នឹងទៅ អញនឹងមានអ្វីចិញ្ចឹមខ្លួន? នេះជាសំណួរដែលតែង​តែ​សួរ។ ខ្ញុំបាននិយាយច្រំដែលៗ ព្រោះរឿងវាដដែល គ្រាន់តែទីតាំងខុសគ្នាទេតើ តែកម្មករដូចគ្នា។ ខ្ញុំ​ធ្លាប់​បាននិយាយ។ ក្មួយៗតែងគិតហើយ អស់ការងារទៅ ចាស់ទៅ គេឈប់ឲ្យធ្វើការ ចូលនិវត្តន៍ទៅ បាន​អី​ចិញ្ចឹមខ្លួន? បានប្រាក់ចូលនិវត្តន៍នោះឯង។ ឥឡូវ ចាប់ពីឆ្នាំក្រោយ ១៧០ ដុល្លារ បើសិនជាចូលនិវត្តន៍ វា​នៅសល់ ៨០% វានៅសល់ ១៤០ ប្លាយដែរ។ ប៉ុន្តែ ក្មួយៗត្រូវបំពេញលក្ខខណ្ឌ មិនមែនចូល​ធ្វើការ​មួយ​ឆ្នាំ ហើយមកទារប្រាក់ចូលនិវត្តន៍ទេ។ មន្រ្តីរាជការក៏ដូចគ្នា ត្រូវបំពេញលក្ខខណ្ឌ។ ពាក្យចាស់​លោក​ពោល​ថា «បើចង់ឆ្ងាញ់ឲ្យរកអន្លក់ បើចង់ស្រណុកឲ្យនឿយពីក្មេង»។ ក្មួយៗធ្វើការពីឥឡូវទៅ ប្រឹងពីឥឡូវ បំពេញលក្ខខណ្ឌ ប្រាក់ខែកាន់តែខ្ពស់ ដល់ទៅពេលចូលនិវត្តន៍ព្រឹប នៅសល់ប្រាក់ចូលនិវត្តន៍ខ្ពស់ដែរ​។ ពេលហ្នឹង កូនណាឲ្យស៊ី កូនណាមិនឲ្យស៊ី អញមិនដឹងទេ ពួកឯងកុំតែមកទារពីឯងទៅបានហើយ។ កុំ​ភ្លេច កូនខ្លះក៏គេចិត្តបាន កូនខ្លះក៏ចិត្តមិនបាន។ ម្តាយឪពុក ២ នាក់ ចិញ្ចឹមកូនមួយកន្ទេល ឯកូនមួយ​កន្ទេល​ចិញ្ចឹមម្តាយឪពុក ២ នាក់មិនរស់ទេ។ ព្រោះគេត្រូវចិញ្ចឹមប្រពន្ធ កូនគេដែរ។ ជាភ័ព្វសំ​ណាង​មួយ​របស់​ក្មួយៗ ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលអនុវត្តនូវក្របខណ្ឌនេះ ដើម្បីធានារ៉ាប់រងកិច្ចគាំ​ពារ​សង្គម ទៅថ្ងៃអនាគត ដែលជាផ្នែកមួយនៃកិច្ចគាំពារសង្គមរបស់យើង។

មិនថាគេ មិនថាខ្ញុំ គិតហើយ ឥឡូវចេះតែគិតហើយ។ ថ្ងៃមុន និយាយជាមួយប្រពន្ធ។ ប្រពន្ធ​ស្តាប់មិន​ទាន់​បាន។ ខ្ញុំថា ខ្ញុំត្រូវតែមានសារបណ្តាំ(មរតក)មួយ។ គ្រួសារខ្ញុំថា សារបណ្តាំអី? ខ្ញុំថា ព្រោះខ្ញុំ​មិន​មែន​ថា​មិនទុកចិត្តកូនទេ ក៏ប៉ុន្តែ បើចែកទ្រព្យសម្បត្តិទាំងអស់ឲ្យកូន បានអីនៅ(ខ្លួនឯង)? ត្រូវតែទុក។ ឧទា​ហរណ៍ ផ្ទះខ្លួនកំពុងនៅនេះ បើចែកឲ្យកូន ក្រែងកូនវាដេញឯងចុះ។ កូនខ្ញុំមិនធ្វើដល់ទៅប៉ុននោះទេ។ ប៉ុន្តែ បើមិនមានសារបណ្តាំ(មរតក) ឯងងាប់ទៅ។ កូនវាកាប់ចាក់គ្នា។ វាងាប់។ អញ្ចឹងត្រូវរកមេធាវី​មួយ​ប្រាប់ ផ្ទះនេះ ពេលស្លាប់ទៅឲ្យកូនមួយណា ឬចៅមួយណា? នាឡិកាដៃ ២, ៣ គ្រឿងហ្នឹង អាមួយ​ណា​ទុក​ឲ្យចៅណា ឬកូនណា? គាត់ថាចាំបាច់សរសេរធ្វើអី? ថាទេបើងាប់ទៅក្នុងក្តារម្ឈូស ធ្វើម៉េចចែកកើត? អាហ្នឹងត្រូវមានសារបណ្តាំ(មរតក)ដែរ ជាធម្មតាគេត្រូវធ្វើ កុំឲ្យងាប់ហើយ កូនវាកាប់ចាក់គ្នាដណ្តើម​ទ្រព្យ​សម្បត្តិ។ កំពុងតែគិតថា តើចៅមួយណាមកនៅជាមួយយើង? ហើយកូនមួយណាគេនៅជាមួយយើង? ប៉ុន្តែ ក្មួយៗគិតខុសពីពូ ពេលអត់ការងារធ្វើទៅ តើមានអ្វីចិញ្ចឹមខ្លួន? ត្រង់ហ្នឹងហើយដែល​រាជរដ្ឋា​ភិ​បាល​ដាក់​ចេញនូវការអនុវត្ត​សោធននិវត្តន៍ចាប់ពីឆ្នាំ ២០១៩ ទៅ។

ខ្ញុំនិយាយច្រើនពេកហើយ។ ប៉ុន្តែ​ដោយដឹងថា ក្មួយៗបានទទួលនូវការសម្រាកល្ងាចនេះ អញ្ចឹងយើង​និយាយ​បន្តិចក៏មិនអីដែរ។ ម្យ៉ាងទៀត ការធ្វើដំណើររបស់ខ្ញុំវាវែងជាង ក្មួយៗនៅជិតជាង ប្រឹងក្រោកពី​ព្រឹក ប៉ុន្តែ ត្រូវធ្វើដំណើរមក​ឆ្ងាយដែរ។ ប៉ុន្តែ ការឆ្ងាយមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ ត្រូវតែមកឲ្យដល់ ជួប​គ្នា​នៅទីនេះ។ អរគុណម្ចាស់រោងចក្រ ហើយអម្បាញ់មិញ ខ្ញុំបាននិយាយហើយ ទាក់ទងជាមួយ​នឹង​កម្មករ​ចំណាកស្រុកនោះ ដែលអាស៊ានបានធ្វើ ហើយយើងនឹងបន្តធ្វើកិច្ចការទាំងឡាយជាមួយ​នឹងពលករនៅ​ក្រៅ​ប្រទេសរបស់យើង តាមរយៈនៃការព្រមព្រៀងនៅក្នុងក្របខណ្ឌភាពជាដៃគូនៅក្នុង​អាស៊ាន។ អរគុណ​ចំ​ពោះម្ចាស់រោងចក្រ និងតំបន់ឧស្សាហកម្មទាំងឡាយ ដែលផ្តល់ឱកាសតាមសំណូមពររបស់កម្មករ ឲ្យ​កម្មករបានឈប់សម្រាកមួយល្ងាចនេះទៀត។

ខ្ញុំនឹងបន្តដំណើរតទៅទៀត ហើយម្តងក្តៅ ម្តងត្រជាក់ តែយ៉ាងណាក៏ដោយ ត្រជាក់ច្រើនជាងក្តៅ ឥឡូវ​នៅ​សល់ភ្លៀងខ្លះ។ បន្តិចទៀត ឥឡូវ យើងថ្ងៃនេះដូចជា ១២ រោច ១៣ រោច ហើយ ចាំតែដឹង​តើអ្នក​ទាំង​ឡាយ ដឹងតែ ១៦ ខែវិច្ឆិកា តែប៉ុន្មានរោចមិនដឹងទេ។ មនុស្សជំនាន់ឥឡូវភ្លេចអស់ហើយ ខ្ញុំគិតថា ថ្ងៃ​ក្រោយ​គឺធ្វើអញ្ចេះ ប្រើប្រាស់ ២ តែម្តង គ្រប់ស្ថាប័នរដ្ឋទាំងអស់ រៀនតាមឯកឧត្តម ជា សុផារ៉ា សរសេរ​ទាំង ២ តែម្តង សម្រាប់ទំនាក់ទំនងក្នុងស្រុក លើកលែងតែលិខិតផ្ញើទៅក្រៅប្រទេស។ ដាក់ទាំង ២ តែ​ម្តង​បានៗ បើមិនអញ្ចឹង ខ្មែរនាំគ្នាភ្លេចអស់។ ឥឡូវ ថ្ងៃហ្នឹង ថ្ងៃព្រហស្បត្តិ៍ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រូវនឹងថ្ងៃ ១៣ រោច ខែកត្តិក ឆ្នាំរកា ព.ស ២៥៦១។ យើងដាក់អញ្ចឹង បើមិនអញ្ចឹងនាំគ្នាភ្លេចអស់។ ឥឡូវ អស់កត្តិកចូលមាឃ រងារផ្កាគរ បងឈរអោបដៃ វាមិនទាន់មកដល់ទេ វាមិននៅក្នុងខែកត្តិកទៀត តែវាចូលខែមាឃ វានឹងមកដល់ នៅសល់ភ្លៀងប៉ុន្មានមេទៀត បើយោងទៅលើការព្យាករ។

អ្វីដែលទទួលបាន គឺដោយសាររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយមកកាន់ទីតាំងប្រវត្តិសាស្រ្ត ហើយជាទីតាំងមួយដែលខ្ញុំធ្លាប់មក​កាន់​ទីនេះ​កាលពីទសវត្សរ៍ ៨០ ហើយខិតខំរួមចំណែកប្រជាជននៅក្នុងតំបន់នេះ រៀបចំសាលារៀន រៀប​ចំ​ផ្លូវថ្នល់ រៀបចំប្រឡាយទឹក មានស្ថានីយ ហ៊ុន សែន ទីប៉ុន្មានខ្លះនោះ នៅម្តុំសន្លុង ដើម្បីបូមដាក់ប្រ​ឡាយ​មេ ចម្លងតាមផ្លូវជាតិលេខ ៨ មកខាងនេះថែមទៀត។ ពីមុន យើងប្រើស្ពានដែកនៅតាមនេះ ប៉ុន្តែ ឥឡូវ យើងប្រើផ្លូវកៅស៊ូ។ សង្ឃឹមថា ក្មួយៗមិនភ្លេចនូវអ្វីដែលបានកើតឡើង មិនមែនបាតដៃរបស់អ្នកណាផ្សេង​ក្រៅ​ពី​គណបក្សប្រជាជន ក្រៅពីរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននោះទេ។ អ្នកដទៃ​ទៀត​បានត្រឹមសុំឲ្យបរទេសផ្តាច់ជំនួយ កុំឲ្យបរទេសមកវិនិយោគ និងកុំឲ្យបរទេសទិញទំនិញពី​កម្ពុជា​។​

ខ្ញុំមិននិយាយពីរឿងនយោបាយច្រើនពេកទេ ដោយសារពេលនេះ តុលាការកំពុងដំណើរការក្តី​ដើម្បី​រំលាយ​បក្សនយោបាយមួយនៅថ្ងៃនេះ។ ខ្ញុំមិនធ្វើអន្តរាគមន៍ណាមួយនៅក្នុងកិច្ចការរបស់តុលាការនោះទេ ក៏ប៉ុន្តែ ខ្ញុំចង់និយាយរឿងពិតទាក់ទងជាមួយនឹងអ្វីដែលវាបាន និងកំពុងកើតលើបញ្ហាសន្តិភាព និងការអភិវឌ្ឍ។ សង្ឃឹមថា ក្មួយៗពាំនាំបញ្ហានេះទៅពន្យល់ដល់គ្រួសារ ឪពុកម្តាយ ទៅប្រាប់ដល់ជីដូនជីតា ប៉ុន្តែ ជីដូន​ជី​តា ឪពុកម្តាយរបស់ក្មួយៗសុទ្ធតែជាអ្នករួមដំណើរមកហើយ យល់អស់ហើយ។ យើងមិនទាន់បញ្ចប់នៅ​ត្រឹមអ្វី​ដែលយើងមានត្រឹមនេះទេ យើងត្រូវជឿនលឿនជាងនេះ យើងត្រូវតែមានការផ្លាស់ប្តូរតាំងពីត្រូវ​គេ​សម្លាប់​មួយថ្ងៃៗមិនចេះតិច មកកាន់ប្រទេសដែលមានការរស់រានមានជីវិតឡើងវិញ មកកាន់ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍមួយ ទោះបីវានៅកម្រិតទាប ក៏ប៉ុន្តែ វាជាការទទួលបានសម្រាប់ប្រជាជនកម្ពុជា។

ថ្ងៃនេះ ពូគ្មានអ្វីច្រើនទេ ត្រឹមតែនាំមកសម្រាប់ក្មួយៗ ២ ម៉ឺនរៀលម្នាក់តែប៉ុណ្ណោះ​​ សម្រាប់ ១៨.០៤៤ នាក់ ហើយសម្រាប់ក្រុមតន្ត្រីសម័យ ២ លានរៀល ព្រោះគ្នាក៏ត្រូវលេងច្រើនដែរ ព្រឹកមិញ កំដររោង ប៉ុន្តែ បន្តិច​ទៀតក៏ត្រូវកំដររោង ចាប់ផ្តើមពីកន្សែងក្រហម ហើយលេងភ្លេងការឲ្យបានច្រើនបន្តិចទៅ កុំឲ្យក្មួយៗ​ពន្យារ​យូរពេកអី ទៅសួរអាចារ្យ ម៉ែឪ គូដណ្តឹងឡើងវិញ ថាមួយឆ្នាំទៀតយូរណាស់។ (សួរកម្មការិនី) សម្រាប់ក្មួយៗដែលមានផ្ទៃពោះ ថ្ងៃនេះមាន ៧​៦៨ នាក់ បន្តិចទៀតពូនឹងទៅតាមនោះ(ចែក)។ ទម្រាំចែក​អស់គឺយូរបន្តិច តែពូត្រូវតែចែកផ្ទាល់ដៃ ដើម្បីជាការរំលឹកមួយបង្ហាញនូវការយកចិត្តទុកដាក់ជាមួយ​នឹង​ស្រ្តីមានផ្ទៃពោះ ហើយក៏ជាការរំលឹកទៅដល់ចៅៗដែលវាកើតមកថា កាលពេលម៉ាក់មុនកើតឯងនោះ បាន​ជួបលោកតា សែន ហើយទទួលបានថវិកាហ្នឹង ហើយអ្នកដែលបានកើត និងកើតនៅក្រោយថ្ងៃ ១ ខែ​មករា (២០១៨) នឹងទទួលបានប្រាក់បន្ថែម ឯអ្នកកើតមុនចាត់ទុកថា ចាំកូនក្រោយទៅ … ចុងបញ្ចប់​ហើយ​ ជូនពរចំពោះក្មួយៗដែលមានផ្ទៃពោះ សុំឲ្យក្មួយៗឆ្លងទន្លេសម្រាលទទួលបាននូវសេចក្តីសុខ ហើយទទួលបាននូវកូនជាទីស្រឡាញ់ និងអប់រំពួកគេឲ្យទៅជាពលរដ្ឋល្អ នៅពេលដែលក្មួយឆ្លងទន្លេ ហើយសូមឲ្យស្វាមីទាំងឡាយ ស្រឡាញ់ និងថ្នាក់ថ្នមក្មួយៗឲ្យបានច្រើន កុំឆ្លៀតពេលឆ្លងទន្លេហ្នឹង ទៅ​ដើ​រទៅណាផ្តេសផ្តាស។ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗ​ជា​កម្ម​ករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕​

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ