សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​​សំណេះ​​សំណាល​​ជាមួយ​ប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍

CNV: 

ខ្ញុំសុំអរគុណលោក​​ គិនីសិ កូម៉ាសាតា ដែលបានធ្វើការចាប់អារម្មណ៍អម្បាញ់មិញនេះ។ អម្បាញ់មិញ​លោក​ក៏​បាន​និយាយថា កាលពីឆ្នាំ ២០០០ លោកក៏បានមកទីនេះកាលពី ១៧ ឆ្នាំមុន ហើយមិន​បាន​ជួបខ្ញុំ ប៉ុន្តែ ថ្ងៃនេះ យើង​មានឱកាសបានជួបជុំគ្នា។ យ៉ាងណាក៏ដោយ កាលពីពេលមុន គឺយើងមាន​អាយុ​តិចជាងនេះ ១៧ ឆ្នាំ​។ តែអាយុ​គ្រាន់​តែ​ជាតួលេខតែប៉ុណ្ណោះ យើងសុទ្ធតែនៅជាអ្នកដែលអាចធ្វើការជាមួយ​គ្នាបាន។ ជាថ្មី​ម្ដង​ទៀត អនុញ្ញាត​អោយខ្ញុំសម្ដែងនូវការស្វាគមន៍ ចំពោះអ្នកទាំងអស់គ្នាដែលបានអញ្ជើញមកកាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលជាមួយគ្នា ខ្ញុំមិនភ្លេចការថ្លែងទៅកាន់យុវជនសាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ដែលបានជួប​ប្រទះ​នូវ​គ្រោះ​មហន្ដរាយដ៏ធំមួយ ដែលបានផ្ដាច់ជីវិតមនុស្ស​ប្រមាណជិត ១០០ នាក់ ហើយ​កំ​ពុងបាត់ខ្លួននូវ​មនុស្ស​មួយ​​ចំនួនទៀត ព្រោះនៅពេល​ដែលប្រទេស​មួយ​នេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចការដ៏ធំ នៃការប្រជុំ APEC និង​បូក​បន្ថែមដោយមានការប្រជុំកិច្ចសន្ទនា រវាង APEC និងអាស៊ានជាលើកដំបូង។

មុនការចាកចេញពីព្រះរាជាណាចក្រកម្ពុជា យុវជនកម្ពុជា ២៩ រូប ត្រូវបានទទួល​ដោយខ្ញុំ។ តាម​​ធម្ម​តា​យុវ​ជន​កម្ពុជាទាំងអស់ ចាប់តាំងពីដំណើរផ្លូវការរបស់ខ្លួននៅឆ្នាំ ២០០០ ខ្ញុំបានទទួលពួក​គេ និងផ្ដល់ឱកាស​អោយ​ពួកគេបានចូលជួប ហើយនិងផ្ដាំផ្ញើពួកគេជាមួយនឹងកិច្ចការទាំងឡាយដែលពួកគេគប្បី​ធ្វើ។ ឥឡូវ​នេះ យុវជនកម្ពុជាមានប្រមាណជា ៥០០ នាក់​​ រួចទៅហើយ ហើយគេក៏បានបង្កើតនូវសមាគម​យុវជននាវា​អាស៊ាន​ជប៉ុនមួយ។

ការដាក់ចេញនូវចក្ខុវិស័យដ៏ត្រឹមត្រូវរបស់មេដឹកនាំជប៉ុន និងមេដឹកនាំអាស៊ានជំនាន់មុន

ខ្ញុំគួរតែនិយាយថា យើងគួរតែគោរពទៅដល់ចក្ខុវិស័យរបស់មេដឹកនាំជប៉ុន​ជំនាន់​មុន ដែលកាលពីជាង ៤០ ឆ្នាំ​មុននោះ គឺជប៉ុនបានដាក់ចក្ខុវិស័យមួយ ស្ដីពីទំនាក់ទំនងក្នុងក្របខណ្ឌ​ការ​ផ្លាស់ប្ដូរយុវជន តាមរយៈ​កា​រ​​បង្កើតឡើងនូវនាវាអាស៊ានជប៉ុន ដែលបានដំណើរការមកដល់ពេលនេះលើក​ទី ៤៤ នេះគឺជាចក្ខុវិស័យវែង​ឆ្ងាយ​មួយ​ ដែលយើងគួរតែ​គោរពនូវចក្ខុវិស័យនោះ ដែលពេលនោះ សភាពការណ៍​ពិភពលោក និងតំបន់​មិន​ទាន់​ច្បាស់លាស់​នៅឡើយទេ។ ប៉ុន្តែ អ្នកដឹកនាំជប៉ុនសម័យនោះ និងជាបន្តបន្ទាប់ ទោះបីជា​ការ​ផ្លាស់​ប្ដូរ​នៅក្នុង​ប្រទេសជប៉ុនពីបក្សនយោបាយខ្លះ ប៉ុន្តែ ជាទូទៅ គឺមិនសូវជាមានការផ្លាស់ប្ដូរបក្ស​នយោបាយ​ប៉ុន្មានទេ តែការផ្លាស់ប្ដូរមេដឹកនាំតាមដំណាក់នីមួយៗ ​នៅតែបន្ដនូវសកម្មភាពតាមចក្ខុវិស័យ​ដើម​រហូត​មក​ដល់​ពេល​នេះ។ យើងក៏សុំផ្ដល់នូវការវាយតម្លៃខ្ពស់ និងការគោរពរបស់យើង ចំពោះចក្ខុវិស័យរបស់​មេដឹកនាំ​អាស៊ានកាលពីសម័យនោះ ដែលនៅក្នុងសម័យនោះ គឺការកកើតអាស៊ានដំបូង គឺមានតែ ៥ ប្រទេស​តែប៉ុណ្ណោះ ដែលរួមមាន៖ ថៃ, ហ្វីលីពីន, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និង​សាំងហ្គាពួរ។

ចក្ខុវិស័យនេះ គឺដំណាក់​កាល​នោះ​ គេ​អាច​មើលឃើញថា នៅក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍​មានដំបូលរហូត​ទៅ​ដល់ពីរ ​ឬអាចថា ពីរបូកផង ក៏​អាច​ថាបានម្ខាង គឺមានអាស៊ាន ៥ និងម្ខាងទៀត គឺមានប្រទេសឥណ្ឌូ​ចិន ចំនួន ៣ ដែលកំពុងចាប់ដៃនៅក្នុង​សង្រ្គាម គឺកម្ពុជា, វៀតណាម និងឡាវ។ ប្រទេសប្រ៊ុយណេមិនទាន់​ទទួល​​បាននូវឯករាជ្យ។ ឯប្រទេសមីយ៉ាន់ម៉ា គឺ​នៅដាច់ដោយឡែកមួយទៀត។ ប៉ុន្តែ មេដឹកនាំអាស៊ានកាលពី​ដំ​ណាក់កាលនោះ បានដាក់ចេញនូវចក្ខុវិស័យ គឺ​សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ យើងមិននឹកដល់​ថា ពីដំណាក់កាលប្រឈមមុខដាក់គ្នា ជា​ពិសេសឥណ្ឌូចិន ជាមួយនឹងបណ្ដាប្រទេសអាស៊ាន នៅក្នុងដំណាក់​កាល​​នៃសង្រ្គាមឥណ្ឌូចិន បន្ទាប់ទៅអាស៊ានមាន​ដំណាក់កាល​មួយ​ហៅថា ដំណាក់កាលប្រឈមមុខផង និងការ​ស្រុះស្រួលផង នៅទសវត្សរ៍ ៨០ ដែល​កម្ពុជាគឺជាចំណុចក្ដៅនៃការប្រឈម​មុខ ជាសមរ​ភូមិចុង​ក្រោយនៃ​សង្រ្គាមនៅក្នុងតំបន់ ឥឡូវនេះ អាស៊ានបានក្លាយទៅជាអាស៊ីអាគ្នេយ៍ក្រោមដំបូលតែមួយ​។

ខ្ញុំពិតជាមានរីករាយ ហើយនិងផ្ដល់នូវការវាយតម្លៃខ្ពស់គោរពទៅដល់ចក្ខុវិស័យ នៃបិតាស្ថាបនិកអាស៊ាន ដែលមកដល់ពេលនេះ​ យើងហាក់ដូចជាមិនទាន់ឃើញមេដឹកនាំណាដែលនៅរស់រានមានជីវិតនោះទេ ប្រ​សិនបើយើងអាចសង្កេត​មើលទៅតាមបណ្ដាមេដឹកនាំ ដែលជាស្ថាបនិកអាស៊ាន កាលពីសម័យនោះ ប្រហែល​ជា​ពួកគាត់​បានទទួលនូវ​មរណកាលអស់ទៅហើយ ប៉ុន្តែ យ៉ាងណាក៏ដោយ ចក្ខុវិស័យនេះគឺច្បាស់​លាស់ ហើយនាំមកនូវ​សុខដុមនីយកម្មនៅក្នុងតំបន់របស់យើង។ ឥឡូវ អាស៊ីអាគ្នេយ៍មិនត្រឹមតែជាតំបន់ដែល​បែង​ចែក​ជាតំបន់ដំបូលពីរ ឬពីរបូកនោះទេ ប៉ុន្តែ អាស៊ានបានក្លាយទៅជាតួអង្គឯកភាពមួយ ហើយក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌលនៃការ​សម្របសម្រួលក្នុងក្របខណ្ឌតំបន់ តួយ៉ាងដូចជាប្រជុំអាស៊ីបូព៌ាជាដើម។

អាស៊ីបូព៌ាគ្មានសហប្រធានទេ តែអាស៊ីបូព៌ានៃការប្រជុំដែលរួមមានពីបណ្ដាប្រទេសផ្សេងៗ គឺប្រធាន​អាស៊ាន​​ក៏ជាប្រធាននៃអង្គប្រជុំ​អាស៊ីបូព៌ាផងដែរ។ នៅក្នុងបន្ទប់ដែលយើងកំពុងអង្គុយនេះ ប្រមុខនៃមេដឹក​នាំ​ទាំង​អស់​របស់អាស៊ា​ន​ធ្លាប់​មក​ទទួលទានអាហារនៅក្នុងនេះ។ បន្ទប់ប្រជុំអាស៊ីបូព៌ានៅម្ខាងខាងនោះ ជា​​​បន្ទប់​សម្រាប់ការប្រជុំ​គណៈរដ្ឋមន្រ្ដី។ ដោយឡែកប្រទេសជប៉ុនមាននាយករដ្ឋមន្រ្ដី ២ ហើយ ដែល​មក​កាន់​ទីនេះ មួយគឺ​អតីតនាយករដ្ឋមន្រ្ដី Yoshihiko Noda កាលដែលគាត់មកចូលរួមប្រជុំអាស៊ាននៅឆ្នាំ ២០១២ ក្នុង​ក្របខណ្ឌប្រជុំអាស៊ានជប៉ុន និងក្របខណ្ឌអាស៊ីបូព៌ា ឯនាយករដ្ឋមន្រ្ដីបច្ចុប្បន្ន Shinzō Abe គឺ​មកទស្សនកិច្ច​ផ្លូវការ ហើយពិធីជប់លៀង គឺធ្វើនៅក្នុងបន្ទប់នេះ។

អរគុណថ្នាក់ដឹកនាំបណ្តាប្រទេសទាំងឡាយ ដែលគោរពតួនាទីស្នូលរបស់អាស៊ាន

ខ្ញុំនៅចងចាំបានថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បូកបន្ថែមដោយមេដឹកនាំចិន, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, រុស្ស៊ី, ឥណ្ឌា សុទ្ធតែធ្លាប់មកកាន់ទីនេះ។ នេះក៏បង្ហាញអោយឃើញ អំពីតួនាទី​ស្នូល​របស់​អាស៊ាន​ដែលបណ្ដាប្រទេសទាំងឡាយផ្តល់នូវការគោរពនូវតួនាទីស្នូលរបស់អាស៊ាននេះ។ យើងសូមអរគុណ ចំ​ពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេស ដែលគោរពទៅដល់តួនាទីរបស់អាស៊ាន។ ឥឡូវនេះ កិច្ចប្រជុំអាស៊ាននៅ​ពេល​​ខាង​មុខនឹងបានជិតមកដល់ គឺចាប់ផ្តើមនៅល្ងាចថ្ងៃទី ១២ នៅហ្វីលីពីន។ កម្ពុជាបានចូលរួមជាមួយ​នឹង​​ចំណែកនៃដំណើរការនេះ។ ពិតមែនតែដោយសារមានបញ្ហាខ្លះនៅសម័យកាលនោះ កម្ពុជាបាន​ចូល​អាស៊ាន​​ក្រោយគេ(អាច)ចាត់ទុកថាកម្ពុជា គឺជាកូនពៅនៅក្នុងចំណោមនៃបណ្តាប្រទេសអាស៊ាន ប៉ុន្តែ កម្ពុជា​ក៏ធ្លាប់ធ្វើជាប្រធានអាស៊ានពីរលើករួចមកហើយ គឺលើកទីមួយនៅឆ្នាំ ២០០២ បន្ទាប់ពីកម្ពុជា​ចូល​រួម​អាស៊ាននៅឆ្នាំ ១៩៩៩ ឯលើកទី ២ នៅឆ្នាំ ២០១២។ យើងច្បាស់ជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២។

ជានាយករដ្ឋមន្ត្រីកាន់ដំណែងយូរជាងគេ

… ខ្ញុំបានធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសនេះជិត ៣៣ ឆ្នាំរួចមកហើយ ក៏ប៉ុន្តែប៉ុន្មានអាទិត្យមុននេះ ខ្ញុំ​ទើប​តែ​ប្រកាសថា ខ្ញុំនឹងឈរឈ្មោះសម្រាប់បេក្ខជននាយករដ្ឋមន្រ្តីនេះរយៈពេល ២ អាណត្តិ គឺ ១០ ឆ្នាំទៀត។ ពេលនោះ ខ្ញុំនឹងក្លាយជានាយករដ្ឋមន្រ្តីដែលនឹងត្រូវធ្វើការរយៈពេលជាង ៤០ ឆ្នាំ។ ឥឡូវនេះ ទោះបីជា​មិន​ទាន់​បន្ថែម ១០ ឆ្នាំទៀតក៏ដោយចុះ ក៏ខ្ញុំបានក្លាយជានាយករដ្ឋមន្រ្តីរយៈពេលយូរ​ជាងគេនៅលើពិភព​លោក​នេះ​រួច​ស្រេចទៅហើយ។ ពីនាយករដ្ឋមន្រ្តីដែលក្មេងជាងគេនៅលើពិភពលោក ទៅជានាយករដ្ឋមន្រ្តីដែលយូរ​ជាង​គេ មិនមែនចាស់ជាងគេទេ គ្រាន់តែយូរជាងគេ។

យុវជនសម័យនេះមានឱកាសច្រើនជាងយុវជនសម័យមុន

ខ្ញុំសូមជម្រាបជូនអ្នកទាំងអស់គ្នាថា ខ្ញុំពិតជាមានមោទនភាពជាមួយនឹងយុវជនសម័យនេះ ​ហើយជឿជាក់ថា យុវជនសម័យនេះនឹងមានឱកាសប្រសើរជាងយុវជនសម័យមុន។ ខ្ញុំតែងតែនិយាយនៅពេលមានជំនួប រវាង​មេដឹកនាំអាស៊ានជាមួយនឹងយុវជន ខ្ញុំតែងតែប្រាប់ពួកគេថា ឱកាសរបស់យុវជននៅសម័យនេះមាន​ឱកាស​(ច្រើន)ណាស់ បើប្រៀបធៀបទៅនឹងយុវជននាសម័យមុន។ ខ្ញុំបានឆ្លងកាត់ចាប់ផ្តើមពីអាយុ ១៨ ឆ្នាំ កម្ពុជាបានបាត់បង់ឱកាសទាំងស្រុង នៅពេលដែលកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្រ្គាម យើងមិនមានឱកាស​ដើម្បីទទួលបាននូវការសិក្សាជាបន្តនោះទេ ជម្រើសរបស់យើងគ្មានជម្រើសទី ៣ សម្រាប់រើសនោះទេ ទោះ​បី​ទៅនៅទីណាក៏ត្រូវតែធ្វើទាហាន។

នេះហើយ គឺជាជីវិតជូរចត់របស់យុវជនកម្ពុជា ហើយមិនមែនគ្រាន់ជាជីវិត​ជូរ​ចត់​របស់យុវជនកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាជាជីវិតជូរចត់របស់ប្រជាជនវៀតណាម ហើយក៏ជាជីវិតជូរចត់​នៃ​យុវជនរបស់ឡាវតាំងពីសម័យនោះ និងក៏ជាជីវិតជូរចត់នៃយុវជនរបស់ប្រទេសមួយចំនួន ក្នុងបណ្តាប្រទេស​អាស៊ាន​ផងដែរ។ ដោយសារតែ​ភាព​ជូរ​ចត់​នេះ យើងបានប្តូរផ្តាច់ដើម្បីងើបឈរឡើងរំដោះប្រទេសនេះ។ សូមជម្រាប​អស់​លោកអ្នកទាំងឡាយ​ដែល​មកកាន់កម្ពុជាលើកដំបូង ហាក់ដូចជាឃើញធម្មតាខ្លាំងណាស់ ពេល​ដែល​ឃើញសភាពការណ៍​ធម្មតា​បែបនេះ។ អ្នកទាំងអស់ប្រហែលជាអាចគិតថា អតីតកាលរបស់កម្ពុជា​គ្មាន​ជួប​រឿងអ្វីនោះទេ។

៣៨ ឆ្នាំមុន ទីក្រុងភ្នំពេញជាទីក្រុងគ្មានមនុស្សនៅ/នឹងបានធ្វើជាប្រធានអាស៊ាន ៣ ដង

ខ្ញុំអាចនិយាយបានថា ៣៨ ឆ្នាំមុន ទីក្រុងភ្នំពេញគ្មានមនុស្សនៅទេ ប្រទេសយើងខ្ញុំគ្មានទីក្រុងទេ។ កម្ពុជាគ្មាន​ទី​ក្រុង គ្មានផ្សារ គ្មានសាលារៀន គ្មានការចាយវាយប្រាក់ទេ សូមចាំអោយច្បាស់លើចំណុចនេះ។ ខ្ញុំចាប់ផ្តើម​ធ្វើ​រដ្ឋមន្រ្តីការបរទេសពីអាយុ ២៦ ឆ្នាំ។ ប្រហែលជាក្នុងចំណោម យុវជនទាំងឡាយនៅទីនេះ អាចខ្លះមាន​អាយុ​លើសពី ២៧ ឆ្នាំរួចស្រេចទៅហើយ។ ប៉ុន្តែ ខ្ញុំបានចាប់ផ្តើមធ្វើជារដ្ឋមន្រ្តីការបរទេសនៅ​ក្នុងវ័យ​មិន​ទាន់​គ្រប់ ២៧ ឆ្នាំ ហើយក៏បានកាន់កាប់តួនាទីជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសនៅក្នុងវ័យ ២៩ ឆ្នាំ និងក៏ចាប់ផ្តើមធ្វើជានាយករដ្ឋមន្រ្តីនៅអាយុ ៣២ ឆ្នាំ តាំងពីឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះ។ អញ្ចឹង មកដល់ពេលនេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីជិត ៣៣ ឆ្នាំហើយ ឥឡូវឆ្នាំ ២០១៧ សល់ត្រឹមតែ ៥ ឆ្នាំទៀត​ប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាប្រធានអាស៊ានសាជាថ្មីម្តងទៀត។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានធ្វើប្រធានអាស៊ាន ៣ ដង​ គឺនៅឆ្នាំ ២០២២ តែម្តង ខ្ញុំមិនទាន់ចាកចេញ ហើយ​ក៏​មិន​ទាន់ចាស់វង្វេងធ្វើការមិនកើតនោះទេ … ខ្ញុំគ្រោងធ្វើដំណើរចេញទៅវៀតណាមពីថ្ងៃទី ៩ ប៉ុន្តែដោយ​សារ​ការត្រូវតម្រូវការជួបនៅទីនេះ គឺខ្ញុំត្រូវលើក​ពេល​មកព្រឹកនេះ។ ហើយព្រឹកនេះក៏ត្រូវលើកពេលចេញដំណើរ ប៉ុន្តែការប្រជុំនៅមាន​ល្ងាច​ឯ​ណោះ។

សោកនាដកម្មថ្ងៃទី ១០ វិច្ឆិកា

យើងអាចប្រើពេលបន្តិច ដើម្បីនឹងការជួបគ្នា ប៉ុន្តែ តាមធម្មតា នៅថ្ងៃ ១០ ខែវិច្ឆិកា ប្រសិនបើអាចចៀសវាង បាន​ខ្ញុំមិនធ្វើការទេ ព្រោះអ្វីទៅ? ថ្ងៃនេះ គឺជាខួប ៤១ ឆ្នាំ នៃសោកនាដកម្ម ដែលខ្ញុំបានជួបប្រទះ នេះជា​រឿង​ខ្លោចផ្សារ ហើយនិយាយទៅដល់បញ្ហានេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ អ្នកទាំងអស់គ្នាអាចយល់បាន អំពី​ជីវិតជូរចត់របស់នាយករដ្ឋមន្រ្តីរូបនេះ ជាមួយនឹងដំណើរជាតិរបស់កម្ពុជា។ ថ្ងៃនេះ គឺជាថ្ងៃ​ដែល​កូន​ប្រុស​របស់ខ្ញុំបានស្លាប់ដោយវេទនាបំផុត។ អ្នកទាំងគ្នាអាចដឹងថា តើអារម្មណ៍របស់ឪពុក​ដែលត្រូវ​បាត់​បង់​កូន ហើយមិនអាចទទួលបានការអនុញ្ញាត គ្រាន់តែត្រឹមយកសពកូនទៅកប់ …។ សុំមើលថែទាំភរិយា ក៏​មិន​ទទួលបាននូវការអនុញ្ញាតនោះដែរ។ ខ្ញុំចង់ចៀសវាងដើម្បីនឹងរំលឹកអំពីសភាពការណ៍នេះ ព្រោះនៅពេល​ដែល​ខ្ញុំ​និយាយដល់រឿងនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបាន សូម្បីនិយាយជាមួយអ្នកណាក៏ដោយ ក៏ប៉ុន្តែ ដោយសារ​តែ​សភាពការណ៍របស់កម្ពុជាវាបានផ្សារភ្ជាប់ជាមួយនឹងជីវិតជូរចត់របស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាល​នៃ​របបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមអ្នកទាំងអស់គ្នាកុំចាត់ទុកថា កម្ពុជាគ្មានរឿងអ្វីកើតឡើងនៅក្នុងអតីតកាល។ កម្ពុជាទទួលការឈឺ​ចាប់​លើស​ប្រទេសណាទាំងអស់ លើពិភពលោកនេះ នៅក្នុងចុងសតវត្សរ៍ទី ២០។ ប្រជាជនជាង ៣ លាននាក់ ត្រូវបានសម្លាប់។ ជីវិតរបស់ខ្ញុំបានផ្សារភ្ជាប់ជាមួយនឹងការឈឺចាប់ ប៉ុន្តែ ការឈឺចាប់ទាំងអស់ហ្នឹងហើយ បានជម្រុញអោយខ្ញុំក្លាយទៅជាមេដឹកនាំដ៏វ័យក្មេងបំផុតនៅលើពិភពលោកយើងនេះ។ ត្រឹមតែអាយុ ២៥ ឆ្នាំ​ប៉ុណ្ណោះ ដែលខ្ញុំបានក្លាយទៅជាមេដឹកនាំ នៃចលនាតស៊ូដ៏ធំបំផុត ដែលមានតួនាទី​កំណត់​ជោគ​វាស​នានៃប្រទេសកម្ពុជា។ កម្ពុជាកាលពីឆ្នាំ ១៩៧៩ ក្រោយពេលដែលយើងបានរំដោះពីរបប ប៉ុល ពត យើងពុំ​មាន​អ្វី​ទាំង​អស់។

ខ្ញុំអាចជម្រាបជូនអស់លោកអ្នកថា ក្នុងឋានៈខ្ញុំជារដ្ឋមន្ត្រីការបរទេស ខ្ញុំមានរបបរបស់ខ្ញុំត្រឹមតែស្បៀង ១៧ គីឡូ​ប៉ុណ្ណោះ អង្ករ ១០ គីឡូ និងពោត ៧ គីឡូ ជាមួយនឹងទណ្ឌកម្មដ៏អយុត្តិធម៌ពីបណ្តាប្រទេសមួយចំនួន រាប់ទាំងអង្គការសហប្រជាជាតិផង មកលើប្រទេសមួយដែលទទួលការសម្លាប់ជាង ៣ លាននាក់ រួចស្រេច​ទៅ​ហើយនោះ។ អង្គការសហប្រជាជាតិនៅទទួលស្គាល់ពួកខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ ទើប​តែពេលនេះទេ ដែលអង្គការសហប្រជាជាតិបានប្តូរផ្តាច់រួមជាមួយយើង ដើម្បីកាត់ទោសខ្មែរក្រហម។ នេះគឺជារឿងដែលអស់លោកអ្នកអាចសិក្សាពីប្រវត្តិរបស់កម្ពុជាពីសម័យដើម និងដំណាក់កាលថ្មី។ ឥឡូវ​កម្ពុជា​មិនស្ថិតនៅឯកោទៀតទេ។ កម្ពុជាក៏បានរួមដំណើរជាមួយនឹងបណ្តាប្រទេសអាស៊ាន ដើម្បី​ឈាន​ឆ្ពោះ​​ទៅ​មុខ នៅក្នុងក្របខណ្ឌនៃសហគមន៍។

ហេតុអ្វីបានជា លោក ហ៊ុន សែន ប្តូរផ្តាច់ជាមួយនឹងការនាំកម្ពុជាចូលទៅក្នុងក្របខណ្ឌអាស៊ាន?

ខ្ញុំពិតជាមានការពេញចិត្ត ហើយខ្ញុំគួរតែជម្រាប សម្រាប់អស់លោកអ្នកទាំងឡាយ ដែលមកកាន់ទីនេះ ខ្ញុំបាន​និ​យាយប្រាប់យុវជនរបស់កម្ពុជា គ្រប់ពេលដែលគេចេញទៅ ខ្ញុំតែងតែប្រាប់ថា ហេតុអ្វីបានជា លោក ហ៊ុន សែន ប្តូរផ្តាច់ជាមួយនឹងការនាំកម្ពុជាចូលទៅក្នុងក្របខណ្ឌអាស៊ាន ហើយប្តូរផ្តាច់រួមចំណែកជាមួយមេដឹកនាំ​ប្រ​ទេស​អាស៊ានដទៃទៀត និងប្រជាជននៃបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីពង្រឹងអង្គការតំបន់មួយនេះ?

ប្រហែលជាអ្នកទាំងអស់អាចសិក្សាពីប្រវតិ្តជិតទីបញ្ចប់ នៃការបញ្ចប់សង្គ្រាមត្រជាក់ និន្នាការដែលធ្លាប់តែ​មាន​ការប្រឈមមុខដាក់គ្នា ប្រែទៅជានិន្នាការសហការផង និងប្រឈមមុខផង ឬការចរចាផង ប្រឈម​មុខ​ដាក់​គ្នាផង បន្ទាប់ទៅឈានទៅរកការសហប្រតិបត្តិការ។ ស្ថានភាពបែបនេះ នៃបណ្តាប្រទេសធំៗ​ដែល​ប្រែប្រួលយុទ្ធសាស្ត្ររបស់ខ្លួន ជាការប្រឈមមុខដាក់គ្នា ទៅកាន់កិច្ចសហប្រតិបត្តិការ ដោះស្រាយ​បញ្ហា​ជាមួយគ្នា តម្រូវអោយបណ្តាប្រទេសនៅតាមតំបន់នានានៅលើពិភពលោកយើងនេះ រកវិធីចងសម្ព័ន្ធភាព​ជាមួយគ្នា។ សូមសម្លឹងមើល … មានអង្គការច្រើនណាស់នៅលើពិភពលោក ហើយសម្រាប់តំបន់របស់​យើងមានអាស៊ី មានអាស៊ាន។ និន្នាការចងសម្ព័ន្ធភាពនេះ មិនមែនចងសម្ព័ន្ធភាពខាងផ្នែកយោធានោះទេ ក៏ប៉ុន្តែ វាផ្តើមពីផលប្រយោជន៍នៃសហប្រតិបត្តិការខាងសេដ្ឋកិច្ច ហើយតាមរយៈកិច្ចសហប្រតិបត្តិការនោះ ជំនឿ​ទុក​​ចិត្តខាងនយោបាយក៏បានកើតឡើង។ កម្ពុជាក៏ស្ថិតនៅក្នុងតំបន់នៃដំណើររួមនៅក្នុងសហគមន៍​…។

កត្តា ៤ យ៉ាង ដែលកម្ពុជាចូលជាសមាជិកអាស៊ាន, កត្តាទី ១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងផងគ្នា

មានកត្តាអ្វីខ្លះ ដែលផ្តល់អោយកម្ពុជាចង់ចូលរួមចំណែកក្លាយទៅជាសមាជិកអាស៊ាន? មានកត្តាអ្វីខ្លះ ទាក់​​​​ទាញកម្ពុជាអោយចូលអាស៊ាន ហើយនឹងប្តេជ្ញានូវពង្រឹងនូវតួអង្គអាស៊ាន? មានកត្តា ៤ យ៉ាងដែលខ្ញុំ​គួរ​តែនិយាយប្រាប់។ សម្រាប់តែកម្ពុជាផ្ទាល់ ខ្ញុំមិននិយាយជួសប្រទេសនានាដែលមាន​ហេតុផល​ផ្សេងៗ។ កម្ពុជាមានហេតុផល ៤ យ៉ាង មានកត្តា ៤៖

កត្តាទី ១ គឺគោលការណ៍​មិនជ្រៀតជ្រែកចូល​កិច្ចការផ្ទៃ​ក្នុង​ផង​គ្នា។ កត្តានេះសំខាន់ខ្លាំងណាស់​សម្រាប់​កម្ពុជា ហើយខ្ញុំគិតថាប្រទេសនានានៅលើពិភពលោក ហើយ​ជា​ពិសេសប្រទេសនៅក្នុងសមាជិកអាស៊ាន​របស់​យើង ពិតជាមានតម្រូវការដូចៗគ្នានៅក្នុងគោលការណ៍មិន​ជ្រៀត​ជ្រែក​ចូលកិច្ចការផ្ទៃក្នុងផងគ្នា។ នេះជា​ចំ​ណុច​ពិ​សេស និងសំខាន់ខ្លាំងណាស់សម្រាប់យើង។

កត្តាទី ២ គឺស្មារតីសហគមន៍។ អ្វីទៅជាស្មារតីសហគមន៍? គឺការធ្វើការតាមកុងសង់ស៊ីស ចំណុចនេះធំណាស់ វាបានផ្តល់ឱកាសអោយយើងអនុវត្តគោលការណ៍ស្មើគ្នា និងស្មើសិទ្ធិ។ អាស៊ានគ្មានបងតូច បងធំទេ ខុសពីតំបន់​ដទៃ​ទៀតដែលមានបងតូចបងធំ។ អាស៊ានមានប្រជាធិបតេយ្យ អាស៊ានខ្ញុំពេញចិត្ត ខ្ញុំសប្បាយរីករាយ ហើយ​ខ្ញុំមានមោទនភាពជាមួយអង្គការតំបន់មួយនេះ ដែលមិនគិតថា ប្រទេសឥណ្ឌូនេស៊ីជាប្រទេសធំជាងគេ មានប្រជាជនច្រើនជាងគេ ត្រូវតែមានសម្លេងច្រើន សម្លេងនាំមុខ។ ប្រទេសសាំងហ្គាពួរ គឺជាប្រទេស​ដែល​មាន​ប្រាក់ចំណូលច្រើនជាងគេ ត្រូវតែមានសម្លេងនាំមុខ មិនដូច្នោះទេ។ អាស៊ានរបស់យើង គឺធ្វើ​ការ​តាម​កុង​សង់ស៊ីស ដែលមានការគោរពគ្នាខ្លាំងណាស់។ អាស៊ានរបស់យើងអត់បានគិតថា ប្រទេសនេះក្រ ប្រ​ទេស​នេះមាន ត្រូវតែមានសិទ្ធិច្រើនជាងប្រទេសក្រ ប្រទេសធំមានសិទ្ធិច្រើនជាងប្រទេសតូចទេ។ ចំណុចល្អ​របស់​អាស៊ាន ភាពរឹងមាំរបស់អាស៊ាន គឺស្ថិតនៅចំណុចនេះឯង។

បើក្លាយជាមេដឹកនាំ សុំកុំកែសម្រួលកថាខណ្ឌ ស្តីអំពីបញ្ហាកិច្ចការសម្រេចនៅក្នុងធម្មនុញ្ញអាស៊ាន

គោលការណ៍នេះ ខ្ញុំសូមផ្តាំទៅអ្នកទាំងអស់ នៅពេលដែលក្លាយខ្លួនទៅជាមេដឹកនាំប្រទេសនេះ ប្រទេសនោះ មិន​ថាតែថ្នាក់ណាទេ ប៉ុន្តែ សូមមេត្តានៅក្នុងធម្មនុញ្ញអាស៊ាន គួរកុំធ្វើការកែអោយសោះ អំពីការអនុវត្ត​ស្មារ​តី​ការ​​សម្រេចតាមកុងសង់ស៊ីសទៅជាការបោះឆ្នោត។ បើសិនទៅជាការបោះឆ្នោត អាស៊ាននឹងបែកបាក់ភ្លាមតែម្តង ព្រោះថា ការបើឆ្នោតតែងមានសម្លេងភាគច្រើន និងសម្លេងភាគតិច បើដូច្នោះអាស៊ាននឹងបែង​ចែកទៅតាម​នោះ​ហើយ។ សុំផ្តាំផ្ញើយុវជនកម្ពុជាខ្ញុំបានផ្តាំផ្ញើហើយថា បើសិនថ្ងៃក្រោយក្លាយទៅជាមេដឹកនាំ សុំកុំកែ​សម្រួល​ត្រង់ចំណុចពាក់ព័ន្ធទៅនឹងកថាខណ្ឌ ស្តីអំពីបញ្ហាកិច្ចការសម្រេចព្រោះក៏មានការគិតគូរកាល​ពេល​ព្រៀងនូវធម្មនុញ្ញអាស៊ានផងដែរ អំពីបញ្ហាថា តើគួរសម្រេចយ៉ាងម៉េច?

យើងសម្រេចធម្មនុញ្ញអាស៊ាននៅសេប៊ូឆ្នាំ ២០០៧ ប្រទេសហ្វីលីពីន (មាន)អតីតប្រធានាធិបតី Benigno S. Aquino គាត់ជាប្រធានអាស៊ានពេលនោះ។ មានការពិភាក្សា ហើយយើងបានរកឃើញ​កុងសង់​ស៊ីស​ថា យើងត្រូវបន្តនូវរបៀបសម្រេចតាមស្មារតីកុងសង់ស៊ីស ធានាថា អាស៊ានមិនមានការបែកបាក់ទេ។ នោះ​ហើយ​ដែលខ្ញុំចង់និយាយ អំពីស្មារតីសហគមន៍ ដែលអនុវត្តបាននូវគោលការណ៍ស្មើភាព​ហើយនឹងស្មើ​សិទ្ធិ។ ស្មើភាពវាមិនទាន់គ្រប់គ្រាន់ទេ វាត្រូវមានស្មើសិទ្ធិទៅជាមួយផងដែរ។ គេមិនអាចគ្រាន់តែនិ​យាយ​ពាក្យ​ស្មើ​ភាព ប៉ុន្តែ ​មិនស្មើសិទ្ធិគ្នានោះទេ។

ឯកត្តាទី ៣ ដែលទាក់ទាញអោយកម្ពុជាចូលអាស៊ាន គឺពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គំនិតផ្តួចផ្តើមរបស់សាំងហ្គាពួរក្នុងពេលដែលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០០០ ​ពេលនោះបានលើកឡើងអំពី គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដើម្បីកាត់បន្ថយគម្លាត រវាងអាស៊ានចាស់ និងអាស៊ានថ្មី។ ឥឡូវ កំ​ពុង​ដល់ដំណាក់កាលទី ៣។ វាបានជួយប្រទេសអាស៊ានថ្មីច្រើនណាស់ ហើយប្រទេសអាស៊ានថ្មី ពេល​នោះគេចាត់ទុកថា វៀតណាមក៏នៅក្នុងក្របខណ្ឌអាស៊ានថ្មីដែរ ប៉ុន្តែ វៀតណាមមានការអភិវឌ្ឍខ្ពស់ ធន​ធាន​មនុស្សក៏ច្រើន។ ឥឡូវ សំខាន់ជាងគេនៅតាមដងទន្លេមេគង្គរបស់យើង គឺមានរវាងកម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា ដែលជាប្រទេសត្រូវទទួលបាននូវជំនួយឧបត្ថម្ភពីបណ្តាប្រទេសអាស៊ានចាស់។ ប្រទេសអាស៊ាន​ចាស់​បាន​ដើរតួនាទីសំខាន់ ក្នុងការចូលរួមចំណែកជួយអាស៊ានថ្មី ដើម្បីកាត់បន្ថយគម្លាត រវាងអាស៊ាន​ចាស់ និងអាស៊ានថ្មី ជាពិសេស ទៅលើការបណ្តុះបណ្តាលធនធានមនុស្សតែម្តង។

ឯកត្តាទី ៤ អ្វីទៅ? នោះជាច្រកចេញការទូតរបស់កម្ពុជា ដែលវាមានសារសំខាន់ខ្លាំងណាស់។ អាស៊ាន មានដៃគូច្រើន ជាសហភាពអឺរ៉ុប ឬក៏ដៃគូដទៃទៀត ទាំងបូកមួយ បូកបី និងជាសហគមន៍។ អញ្ចឹង នៅពេល​ដែល​យើង​ចាប់ផ្តើមចូលអាស៊ាន វាជាស្វ័យប្រវត្តិ យើងមានទំនាក់ទំនងជាដៃគូជាមួយបណ្តាប្រទេសនានា ដែលជា​ដៃ​គូរបស់អាស៊ានផងដែរ។ ដូច្នេះ បានជាកម្ពុជាប្តូរផ្តាច់ជាមួយនឹងដៃគូបែបនេះ។ នៅក្នុងអាស៊ានរបស់យើង ប្រ​ទេសដែលជាសមាជិក G20 មានតែឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ប៉ុន្តែ នៅពេលដំណើរការប្រជុំ នៃ G20 គឺ​តែង​មានប្រធានអាស៊ានទៅចូលរួម ក្នុងឋានៈជាភ្ញៀវរបស់ប្រទេសដែលធ្វើជាម្ចាស់ផ្ទះរបស់ G20 ហ្នឹងតែម្តង។

អំពាវនាវ APEC ទទួលយកសមាសភាពទាំងបីចូលជាសមាជិក

ឥឡូវនេះ វាជាលើកដំបូងដែលវៀតណាមបានផ្តួចផ្តើមគំនិតពិគ្រោះយោបល់ជាមួយសមាជិក​អាស៊ានដទៃ​ទៀត​ បង្កើតឡើងនូវការសន្ទនាអាស៊ាន និង APEC ដោយសារតែនៅក្នុងក្របខណ្ឌអាស៊ានមានប្រទេសបីដែល​មិន​​ទាន់ជាសមាជិក APEC រួមមាន៖ កម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា។ ថ្ងៃនេះ ខ្ញុំនឹងអំពាវនាវ APEC អោយ​ទទួល​យកសមាសភាពទាំងបីនេះ។ ការពិតអ្នកទាំងបីនេះត្រូវបានទទួលយកជាអ្នកសង្កេតការណ៍ទៅ​ហើយ ក៏ប៉ុន្តែដោយមានប្រទេសជាច្រើនចង់ចូលរួម អញ្ចឹង APEC ក៏មានការផ្អាកការទទួលយក​សមា​ជិក​សិន។ យើងចង់អោយមានកិច្ចសន្ទនាពេញលេញ រវាងអាស៊ាន និង APEC តែម្តង។

ឆ្លើយតបទៅនឹងសំណួររបស់សាកលវិទ្យាធិការប្រទេសអង់គ្លេសនៅក្នុងកិច្ចប្រជុំនៅទីក្រុងដាវ៉ូស

ចំណុចទាំងបួននេះហើយ ដែលធ្វើអោយកម្ពុជាប្តូរផ្តាច់ជាមួយនឹងអង្គការតំបន់មួយនេះ ហើយសង្ឃឹមថា អង្គ​ការតំបន់មួយនេះ នឹងក្លាយទៅជាអង្គការដែលមានការសាមគ្គីភាព ហើយរួមគ្នាធ្វើអោយមានវិបុលភាព នៅក្នុងតំបន់។ នៅក្នុងពេលប្រជុំ World Economic Forum នៅឯដាវ៉ូស មានសាកលវិទ្យាធិការនៅប្រ​ទេសអង់គ្លេសម្នាក់បានចោទជាសំណួរថា តើមានប្រទេសណាខ្លះដែលចង់ចាកចេញ​ពី​អា​ស៊ាន? ខ្ញុំ​បានចង្អុលប្រាប់ទៅគាត់ថា លោកសាស្ត្រាចារ្យ គួរតែប្តូរសំណួរវិញថា តើមានប្រទេសអឺរ៉ុបណា​ខ្លះដែល​ចង់​ចាកចេញពី EU បន្ទាប់ពីប្រទេសអង់គ្លេសចាកចេញ? នេះទើបជាសំណួរដែលត្រឹមត្រូវ។

ខ្ញុំមិននឹកស្មានថា សាកលវិទ្យាធិការមួយរូបរបស់សាកលវិទ្យាល័យ នៃប្រទេសអភិវឌ្ឍន៍មួយ ដាក់​សំណួរ​មួយ​មកកាន់យើង នៅពេលដែលសហភាពអឺរ៉ុបកំពុងតែមានចរន្តចាកចេញ ក្រៅពីអង់គ្លេសនៅមានប្រទេសមួយ​ចំ​នួន​ទៀត​ចាកចេញ។ រង់ចាំមើល បើអង់គ្លេសចាកចេញ រួចហើយប្រទេសអង់គ្លេសបែរជាមានសេដ្ឋកិច្ចធូរធារ ចរន្តនៃការចាកចេញនោះ គឺច្បាស់ជានឹងមានបន្ត។ សូម្បីតែប្រទេសអង់គ្លេសមិនទាន់ចាកចេញផុតផង បក្សនយោបាយមួយចំនួនបានធ្វើការឃោសនាថា អោយតែឈ្នះនឹងចាកចេញពីអឺរ៉ុប។

ទុនបម្រុងត្រៀមដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់អាស៊ាន កើនទៅដល់ ២៨០ ពាន់លានដុល្លារ

យើងមិនប្រកែកប្រណាំងអីជាមួយអឺរ៉ុបទេ ក៏ប៉ុន្តែ យើងគ្រាន់តែប្រៀបធៀបតួអង្គទាំងពីរនេះ។ តួអង្គរបស់ពួកយើង គឺជាតួអង្គនៃសាមគ្គីភាព តួអង្គនៃការអនុវត្តនូវស្មារតីកុងសង់ស៊ីស ដែលជាស្មារតីសហគមន៍ដ៏ល្អ។ ម្យ៉ាងទៀត ដៃ​គូក្នុងតំបន់របស់យើងរួមមានអាស៊ានបូកបី និងអាស៊ានបូកមួយ គឺជាតួអង្គសំខាន់ខ្លាំងណាស់។ នៅពេលវិបត្តិ​សេដ្ឋ​កិច្ចចាប់ផ្តើម គំនិតផ្តួចផ្តើមឈៀងម៉ៃក៏មានការចាប់ផ្តើម។ ឥឡូវ ទុនរបស់យើងដែល​ត្រៀមបម្រុង​ដោះ​ស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច កើនទំហំទៅដល់ ២៨០ ពាន់លានដុល្លារ ដែលបានមកអំពីអាស៊ានទាំង ១០ និងបានមកពីប្រទេសបូកបី ដែលមានជប៉ុន មានចិន មានកូរ៉េខាងត្បូង។ អញ្ចឹង សារសំខាន់​របស់​អាស៊ាន​បូកបី និងអាស៊ានបូកមួយ គឺខ្លាំងណាស់។

ក្រៅពីអាស៊ាន ជប៉ុនបានរួមចំណែកដល់ការកាត់បន្ថយគម្លាត

ខ្ញុំក៏គួរតែបញ្ជាក់ផងដែរថា ក្រៅពីអាស៊ាន ជប៉ុននៅបានធ្វើសកម្មភាពមួយចំនួនផ្សេងទៀត ដើម្បីរួមចំណែក​ដល់​ការ​កាត់បន្ថយគម្លាត ក្នុងនោះ គឺកាលពីមុននេះមាន ជប៉ុន-CLV ដែលមានការអភិវឌ្ឍត្រីកោណ រវាងឡាវ, វៀត​ណាម និងកម្ពុជា។ ប៉ុន្តែឥឡូវនេះ​មានយន្តការជប៉ុន-មេគង្គ ដែលមុននេះយើងទៅប្រជុំនៅប្រទេសជប៉ុន​នៅ​ឆ្នាំ ២០១៥។ ឆ្នាំនេះយើងឆ្លៀតប្រជុំ ជប៉ុន និងមេគង្គ នៅម៉ានីឡា (Manila) តែម្តង។ ក្នុងនេះ​ក៏វា​​ផ្តល់​ឱកាស​មួយសម្រាប់អោយប្រទេសកម្ពុជា, ប្រទេសវៀតណាម, (ប្រទេស)មីយ៉ាន់ម៉ា, (ប្រទេស)ឡាវ ហើយក៏រួមមាន​ប្រទេស​ថៃផងដែរ ដើម្បីទទួលបាននូវការអភិវឌ្ឍ។ ប្រទេសថៃមានការជឿនលឿនជាង ហើយប្រទេសវៀត​ណាម​ក៏មានការជឿនលឿនជាង តែសម្រាប់ប្រទេសបី យើងនៅបន្តការខិតខំ។

ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០

កម្ពុជាមកដល់ពេលនេះ មានឋានៈត្រឹមតែជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបប៉ុណ្ណោះ តែខ្ញុំអាច​និយាយដូចអម្បាញ់មិញ។ ពីដើមទីក្រុងភ្នំពេញនេះ ពេលដែលខ្ញុំចូលមកដល់ទីក្រុងភ្នំពេញ ខ្ញុំជួបប្រជាជន​ត្រឹម​តែ ៧០ នាក់ តែប៉ុណ្ណោះ នៅមិនឆ្ងាយពីទីនេះទេ។ (ជា)ទីក្រុងមួយដែលគ្មានមនុស្សនៅ។ យើងមានអត្រា​នៃ​ភាព​ក្រីក្រ សម្រាប់ប្រជាពលរដ្ឋរបស់យើង ១០០%។ យើងគ្មានប្រាក់បៀវត្សរ៍ទេ ដូចដែលខ្ញុំបានបញ្ជាក់ យើង​មានត្រឹមតែរបបអង្កររបបស្បៀង។ អង្ករ ១០ គីឡូក្រាម និងពោត ៧ គីឡូ (ក្រាម) តែប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ កម្ពុជាបានឈានទៅដល់ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមាន​មហិច្ឆតា​ធ្វើអោយប្រទេសនេះ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

ក្នុងទស្សនកិច្ចរបស់ខ្ញុំទៅប្រទេជប៉ុននៅក្នុងខែ សីហា នាយករដ្ឋមន្ត្រី Shinzo Abe ក៏បានប្រកាសថា នឹងចូលរួមចំណែក ដើម្បីអោយកម្ពុជាសម្រេចបាននូវមហិច្ឆតាធ្វើអោយប្រទេស​មានប្រាក់ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០។ យើងមិនស្កប់ស្កល់នូវប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ទេ ក៏ប៉ុន្តែ យើងបានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូល​ខ្ពស់ នៅឆ្នាំ ២០៥០។ ពិតមែនតែពេលនោះ ខ្ញុំប្រហែលជាមិនអាចនៅបានតទៅទៀត … ប៉ុន្តែ ឆ្នាំ ២០៣០ ខ្ញុំ​​ពិត​ជាមិនទាន់ស្លាប់ទេ ក៏ប៉ុន្តែប្រហែលជាមិនមែននាយករដ្ឋមន្ត្រីដែរ។ មិនអាច​ធ្វើ​ទៅ​ដល់ពេលនោះបាន​ទេ … ទុកពេលវេលាខ្លះ សម្រាប់ផ្ទាល់ខ្លួននៅនាទីចុងក្រោយ។

នឹងបង្កើតក្រុមកីឡាបាល់ទាត់ និងបាល់ទះត្រកូល “ហ៊ុន”

ប្រហែលជាខ្ញុំក្លាយទៅជាអ្នកដែលមានចៅច្រើនជាងគេក្នុងចំណោមមេដឹកនាំអាស៊ាន និងជប៉ុន។ ម្សិលមិញនេះ ក៏ជាខួបលើកទី ៦៤ នៃថ្ងៃឯករាជ្យរបស់កម្ពុជា ប៉ុន្តែ ថ្ងៃម្សិលមិញនេះក៏ជាថ្ងៃខួប ១ ខែ នៃចៅទី ២០ របស់ខ្ញុំ។ ខ្ញុំមានចៅ ២០។ ខ្ញុំនឹងបង្កើត(ក្រុម)បាល់ទាត់ត្រកូល “ហ៊ុន” មួយក្រុម និង(ក្រុម)បាល់ទះត្រកូល “ហ៊ុន” មួយក្រុម។ ខ្ញុំនឹងក្លាយទៅជាគ្រូបង្វឹកតែម្តង ដោយសារតែខ្ញុំជាអ្នកដែលធ្លាប់លេងបាល់ទាត់ផង អ្នកដែលធ្លាប់លេងបាល់ទះផង។ ប៉ុន្តែ ខ្ញុំមិនអាចលេងបាល់ទះ និងបាល់ទាត់បានទៅទៀតទេ តែក្លាយទៅជាអ្នកវាយកូនហ្គោលទៅវិញ។ … ខ្ញុំកំពុងតែមានដំណឹងល្អមួយទៀតថា ប្រហែលជាខ្ញុំមានចៅទី ២១ បើដូច្នោះ គឺជាភ័ព្វសំណាងរបស់ខ្ញុំ។
ពីប្រទេសខ្វះស្បៀង ទៅជាប្រទេសសល់ស្បៀងសម្រាប់នាំចេញ

ពីភាពកម្សត់ មកកាន់ដំណាក់កាល នៃគ្រួសារដ៏ធំមួយ ហើយដែលបានរួមចំណែកជាមួយប្រជាជន។ ពីការចាប់ផ្តើមរបស់យើងនៅឆ្នាំ១៩៧៩ ប្រជាជនមានប្រមាណត្រឹមតែ ៥ លាននាក់ប៉ុណ្ណោះ ឥឡូវ យើងមានប្រជាជនជាង ១៥ លាននាក់ រួចស្រេចទៅហើយ។ សុំបញ្ជាក់ ៥ លាននាក់ កាលពីសម័យនោះ ១០ ឆ្នាំ ក្រោយមកយើងក៏នៅតែខ្វះស្បៀងទទួលទាន។ ប៉ុន្តែឥឡូវនេះ យើងមានជាង ១៥ លាននាក់ យើងសល់ស្រូវជាង ៥ លានតោន ដែលយើងកំពុងនាំទៅកាន់ប្រទេសនានាចំនួន ៦០ ប្រទេស នៃការទទួលទិញអង្កររបស់កម្ពុជា ទោះបីមិនទាន់មានចំនួនច្រើនក៏ដោយចុះ។ នេះជាវឌ្ឍនភាពមួយរបស់កម្ពុជា។
ធ្វើជានាយករដ្ឋមន្ត្រីជាង ៣០ ឆ្នាំ ដោយសារការគាំទ្ររបស់ប្រជាជន មិនមែនដោយសារចុងអាវុធ
ខ្ញុំអាចអង្គុយបាននៅទីនេះជាង ៣០ ឆ្នាំ មិនមែនដោយសារចុងកាំភ្លើងទេ ហើយក៏មិនមែនដោយសារអំពើ ផ្តាច់ការណាមួយ។ អ្នកដែលផ្តាច់ការធំបំផុតជាងគេ គឺ ប៉ុល ពត ប៉ុន្តែ ប៉ុល ពត អាចរស់បានត្រឹមតែ(រយៈពេល) ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ ហ៊ុន សែន បូកទាំងតួនាទីរដ្ឋមន្ត្រីការបរទេស និងតួនាទីជា នាយករដ្ឋមន្ត្រី បានធ្វើរយៈពេលជិត ៣៩ ឆ្នាំ មិនមែនដោយសារចុងអាវុធទេ ប៉ុន្តែ ដោយសារការគាំទ្ររបស់ប្រជាជន ហើយយើងប្តេជ្ញាជាមួយនឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសយើង។ ពិតមែនហើយ គ្មានប្រទេសណាមួយនៅលើពិភពលោកនេះគ្មានបញ្ហានោះទេ យើងគ្រាន់តែស្នើសុំអោយប្រទេសនានា គោរពនូវការសម្រេចចិត្តទៅតាមប្រទេសនីមួយៗតែប៉ុណ្ណោះ កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើង ទុកអោយយើងសម្រេចកិច្ចការរបស់យើង គ្មានអ្នកណាស្គាល់យើងជាងយើងទេ។

បរទេសទទួល ឬមិនទទួលស្គាល់ អត់សំខាន់, សំខាន់ប្រជាពលរដ្ឋទទួលស្គាល់លទ្ធផលបោះឆ្នោត

យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី ២៥ កុម្ភៈ ២០១៨ ខាងមុខ។ យើងនឹងចាត់តាំងការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។ ទោះបីអ្នកណាជួយ ឬមិនជួយ ទោះបីអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ វាមិនសំខាន់សម្រាប់យើងទេ។ ច្បាប់យើងខ្ញុំតម្រូវអោយប្រជាជនកម្ពុជាទទួលស្គាល់ គឺចប់សព្វគ្រប់ហើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាស ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយបញ្ហាចុងក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលចុងក្រោយ ព្រះមហាក្សត្រកោះប្រជុំ គឺជារឿងរួចរាល់ មិនចាំបាច់អ្នកណាចោទថា ត្រូវទទួលស្គាល់ ឬមិនទទួលស្គាល់ យើងអត់មានត្រូវការទេ ព្រោះអំណាចប្រទេសយើង មិនមែនត្រូវយករដ្ឋធម្មនុញ្ញ ឬច្បាប់ប្រទេសដទៃយកមកអនុវត្តទេ។

ស្តង់ដាអន្តរជាតិប្រើបានតែក្នុងវិស័យកីឡាមួយគត់

នៅសហរដ្ឋអាមេរិកទើបនឹងចាប់មនុស្សម្នាក់ ហើយចោទថាក្បត់ជាតិទៅទៀត គឺជាប្រធានយុទ្ធនាការ នៃប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ (Donald Trump)។ ម៉េចបានគេចាប់អ្នកនោះបាន? ចោទថាក្បត់ជាតិ ឃុតឃិតជាមួយនឹងរុស្ស៊ីជ្រៀតជ្រែកកិច្ចការរបស់អាមេរិក។ ហេតុអីបានគេធ្វើបាន? ឯចំពោះយើងខ្ញុំ យើងខ្ញុំក៏ត្រូវការអនុវត្តច្បាប់របស់យើងខ្ញុំ។ ប្រធានាធិបតី ឌុយតឺតេ (ហ្វីលីពីន) គាត់ក៏ត្រូវការការអនុវត្តច្បាប់នៅប្រទេសហ្វីលីពីន។ គ្មានអ្នកស្គាល់ប្រជាជនហ្វីលីពីនជាងប្រជាជនហ្វីលីពីន ហើយក៏សូមអបអរសាទរដែរ ដែលបានរំដោះត្រឡប់មកវិញពីពួកក្រុមដែលពាក់ព័ន្ធជាមួយពួក ISIS នៅកោះម៉ាដាវី។ តើអោយគាត់វាយ ឬមិនអោយគាត់វាយ ឬទុកអោយពួក ISIS នៅអញ្ចឹង? ឯពួកគ្រឿងញៀន តើត្រូវទុកអោយវាធ្វើសកម្មភាពសម្លាប់ប្រជាជនហ្វីលីពីនបែបនេះ ឬក៏ត្រូវយកកណ្តាប់ដៃដែករបស់ប្រធានាធិបតី ឌុយតឺតេ ដើម្បីធ្វើ? នេះជាកិច្ចការរបស់ប្រទេសនីមួយៗ មិនដូចគ្នាទេ នៅលើពិភពលោក។ ខ្ញុំសូមចង្អុលបង្ហាញ International Standard អត់មានទេ។ ដែលហៅថា ស្តង់ដាអន្តរជាតិអត់មានទេ។ អ្នកខ្លះប្រើពាក្យឡើងស្តង់ដាអន្តរជាតិ តែខ្ញុំសូមបញ្ជាក់ជូន ស្តង់ដាអន្តរជាតិប្រើបានតែក្នុងវិស័យកីឡាមួយគត់។ សូមចាំរឿងនេះ។

អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាទទួលជោគជ័យលើម្ចាស់ផ្ទះកម្ពុជា

ម្សិលមិញសូមអបអរសាទរ ចំពោះមីយ៉ាន់ម៉ា ដែលម្សិលមិញនេះ ប្រកួតជម្រើសជាតិ រវាងជម្រើសជាតិ មីយ៉ាន់ម៉ា និងជម្រើសជាតិកម្ពុជា។ មីយ៉ាន់ម៉ាបានទទួលជោគជ័យលើម្ចាស់ផ្ទះកម្ពុជា ២-១ អបអរសាទរ។ តែនេះក៏ជាការប៉ះប៉ូវ ដែលមីយ៉ាន់ម៉ាបានចាញ់ គេហៅថា ជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំ ចាញ់កម្ពុជា ចាញ់កម្ពុជា ៣-១ ដល់ឥឡូវជម្រើសជាតិអាយុខ្ពស់មកយកត្រឡប់ទៅវិញ ២-១ វិញ។

ការអនុវត្តច្បាប់របស់ប្រទេសនីមួយៗមានភាពខុសគ្នា

ប្រទេសនីមួយៗខុសគ្នា ស្តង់ដាអន្តរជាតិប្រើបានតែកីឡាទេ។ និយាយរឿងនយោបាយ អត់មានអីដែលថាត្រូវគ្នាបានទេ សម្រេចទៅតាមប្រទេសនីមួយៗ ប្រទេសខ្លះត្រូវប្រកាន់យកវិធានការណ៍តាមបែបនេះ តាមបែបនោះ វាតម្រូវទៅលើស្ថានការណ៍ជាក់ស្តែង មិនអាចយកគម្ពីរអ្នកនេះមកបានទេ។ កម្ពុជាអនុវត្តតាមរបបសភានិយម ក្រោមក្របខណ្ឌរាជានិយមអាស្រ័យធម្មនុញ្ញ។ នេះជារឿងរបស់កម្ពុជា។ ព្រះរាជាណាចក្រថៃ អនុវត្តតាមរបបសភា និងរាជានិយមអាស្រ័យធម្មនុញ្ញ ក៏ប៉ុន្តែ កាលៈទេសៈប្រទេសថៃតម្រូវអោយ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ត្រូវធ្វើបែបនេះ ទើបធានាថា ថៃមានស្ថេរភាព។ ប្រទេសវៀតណាម អនុវត្តតាមរបបសភា ប៉ុន្តែ ប្រធានាធិបតីវៀតណាមត្រូវបោះឆ្នោតដោយសភា ខុសពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ដែលអនុវត្តតាមរបបប្រធានាធិបតី ដែលប្រជាជនបោះឆ្នោតដោយផ្ទាល់ជូនទៅប្រធានាធិបតី។ ម៉ាឡេស៊ី អនុវត្តរបបសភា ដែលប្រជាជនបោះឆ្នោតអោយបក្ស រួចហើយបានបង្កើតរដ្ឋាភិបាល។ នៅមីយ៉ាន់ម៉ា ក៏កាន់តែប្លែកទៅទៀត វាមិនដូចគ្នាទេ។

រឿងកម្ពុជាទុកអោយកម្ពុជាដោះស្រាយ បរទេសកុំលូកដៃ

ហេតុអ្វីបានពួកគេចូលចិត្តមកលូកដៃលូកជើង ចំពោះបញ្ហារបស់យើង? ប្រទេសរបស់យើងទុកអោយយើងដោះស្រាយ។ កម្ពុជានៅតែប្តេជ្ញា ចំពោះលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានការបោះឆ្នោតជាទៀងទាត់ ហើយសូមអ្នកដទៃកុំមកគម្រាមយើង ថាការបោះឆ្នោតនេះគេនឹងមិនទទួលស្គាល់។ ទទួលស្គាល់ ឬមិនទទួលស្គាល់ វាមិនសំខាន់ទេ សំខាន់ត្រង់ថា តើប្រជាជនកម្ពុជាទទួលបានឬអត់? ក្នុងហ្នឹងតំណាងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ទៅព្រះមហាក្សត្រកោះប្រជុំសភា។ គឺជារឿងចប់។ អត់មានរឿងអីផ្សេង ហើយកោះប្រជុំសភាហើយ ព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី ដែលចេញពីបក្សនយោបាយឈ្នះឆ្នោត រួចហើយនាយករដ្ឋមន្ត្រីរៀបចំគណៈរដ្ឋមន្ត្រី យកទៅឆ្លងសុំការអនុម័តពីសភា។ ព្រះរាជក្រឹត្យមួយចាត់តាំងរាជរដ្ឋាភិបាល បង្កើតរាជរដ្ឋាភិបាល គឺវាជារឿងចប់សេចក្តីហើយ វាមានការចាំបាច់ដើម្បីទៅអញ្ជើញបរទេសអោយមកទទួលស្គាល់ពីអង្កាល់? រដ្ឋធម្មនុញ្ញយើងខ្ញុំអត់តម្រូវប្រទេសក្រៅមកទទួលស្គាល់លទ្ធផលបោះឆ្នោតកម្ពុជាទេ។ យើងអញ្ជើញបរទេសអោយមកសង្កេតការណ៍។
ខ្ញុំអរគុណណាស់។ ថ្ងៃនេះខ្ញុំនិយាយត្រង់នេះបន្តិច ត្រង់នោះបន្តិច ក៏ប៉ុន្តែ ដែលហៅថា សំណេះសំណាល គឺវាអញ្ចឹង បើទៅបីថានៅទីនេះ ឬក៏ទៅប្រជុំ ជួនកាលខ្ញុំប្រើប្រាស់នូវសុន្ទរកថា ប៉ុន្តែ ភាគច្រើនខ្ញុំមិនប្រើ ប្រាស់សុន្ទរកថាទេ ទៅតាមប្រធានបទនានា គឺខ្ញុំនឹងនិយាយផ្ទាល់តែម្តង។ អញ្ចឹង បានថ្ងៃនេះ ទីចុងបំផុត ខ្ញុំមិនដឹងថាវាចេញពីត្រង់ណាមកត្រង់ណាទេ ក៏ប៉ុន្តែ យើងក៏អាចនឹងបង្កើតបាននូវសំណុំនៃការសំណេះសំណាលមួយ។ ខ្ញុំសូមអរគុណសាជាថ្មី ចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈឯកឧត្តមអគ្គរដ្ឋទូតជប៉ុននៅទីនេះ ក៏ដូចជា តំណាងខាងនានា ដែលបានអញ្ជើញមកកាន់តែនេះ។ អរគុណចំពោះយុវជនដែលបានមកពីប្រទេសនានា ហើយសូមធ្វើដំណើរកម្សាន្ត និងទស្សនកិច្ចប្រកបសេចក្តីសុខ។
ពិតមែនហើយធាតុអាកាសរៀងរាល់ឆ្នាំ ខែនេះ គឺចាប់ផ្តើមខែល្អណាស់ ធ្លាក់ខ្យល់ពីជើង ប៉ុន្តែ ឆ្នាំនេះ គឺភ្លៀងអូសពេល។ យប់មិញនៅទីក្រុងភ្នំពេញក៏ភ្លៀងដែរ។ ឥឡូវនេះ យោងតាមការព្យាករណ៍ ព្យុះមួយកំពុងកើតនៅហ្វីលីពីន ហើយវានឹងក្លាយទៅជាសម្ពាធនៅលើសមុទ្រចិនខាងត្បូង ហើយបានចូលបន្ត ក៏ប៉ុន្តែ ព្យុះនោះមិនមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ។ ព្យុះដែលមានឥទ្ធិពលខ្លាំងមកកម្ពុជាកន្លងទៅ គឺព្យុះដំរីហ្នឹងតែម្តង ដែលសម្លាប់ប្រជាជនវៀតណាម ហើយបានមកដល់កម្ពុជា ក៏ប៉ុន្តែ ជាភ័ព្វសំណាង ពេលនោះកម្ពុជាបញ្ចប់ពិធីបុណ្យអុំទូកមុនពេលព្យុះមកដល់ក្នុងរយៈពេលខ្លី។

សូមសាករសជាតិប្រហុកខ្មែរ/ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសជិតខាង

ខ្ញុំដឹងថា អ្នកទាំងអស់(គ្នា)អាចស្នាក់នៅតាមផ្ទះរបស់ប្រជាជនកម្ពុជា ទទួលទានប្រហុករបស់កម្ពុជាសាក ល្បងមើល វាជាប្រភេទប៊័ររបស់អឺរ៉ុប ហើយវាអាចមានរសជាតិច្រើនជាង(ប៊័រ)របស់អឺរ៉ុបផង ដោយវាធ្វើពីត្រីសុទ្ធ។ បើនិយាយពីថៃវិញ ទិញប្រហុកពីកម្ពុជាច្រើនណាស់ក្នុងមួយឆ្នាំៗ … ថៃ គឺជាម៉ូយទិញប្រហុក ត្រីងៀត ត្រីឆ្អើរពីកម្ពុជា។ ទំហំពាណិជ្ជកម្មថៃ និងកម្ពុជា ៥.៤០០ លានដុល្លារ ក្នុងហ្នឹងកម្ពុជានាំទៅថៃមិនដល់ ១ ពាន់លានដុល្លារទេ ឯថៃនាំមកកម្ពុជាជាង ៤ ពាន់លានដុល្លារ។ ជាមួយវៀតណាម ៣.៥០០ លានដុល្លារ កម្ពុជានាំទៅវៀតណាមប្រហែលជាជាង ៥០០ លាន(ដុល្លារ) វៀតណាមនាំចូលមកកម្ពុជាជាង ៣ ពាន់លាន(ដុល្លារ)។ យើងមានទំហំពាណិជ្ជកម្មជាមួយគ្នា យើងនឹងបន្តធ្វើកិច្ចការជាមួយគ្នាតទៅទៀតនៅក្នុងដៃគូអាស៊ានរបស់យើង។

ទីក្រុងភ្នំពេញបច្ចុប្បន្នរីកទាំងទំហំ និងជម្រៅ

បន្តិចទៀតយើងនឹងចេញទៅថតរូបនៅខាងក្រៅ។ ឥឡូវម៉ោង ១០:៣០ (នាទី) តាមសេចក្តីព្រៀងដើម គឺម៉ោងថ្មើរនេះនេះខ្ញុំចាប់ផ្តើម(ធ្វើ)ការហោះ(ហើរ) ក៏ប៉ុន្តែ ខ្ញុំគិតថា មិត្តវៀតណាមមិនចង្អៀតចង្អល់នឹងការយឺតយ៉ាវរបស់ខ្ញុំនោះទេ។ ខ្ញុំចេញពីទីនេះទៅព្រលានយន្តហោះ ហើយចាប់ផ្តើមហោះទៅដាណាំងតែម្តង ហើយយើងទៅបាយថ្ងៃត្រង់នៅទីនោះ។ ឯអ្នកទាំងឡាយនឹងបាយថ្ងៃត្រង់នៅទីក្រុងភ្នំពេញ ហើយសូមទស្សនកិច្ចនៅទីក្រុងភ្នំពេញ ដែលមុននេះ យើងមានអគារដែលខ្ពស់បំផុតហើយត្រឹម ៧ ជាន់ ប៉ុន្តែឥឡូវនេះ យើងមានអគារជាង ៤០ ជាន់ ឬ ៥០ ជាន់ដែរ។ ក្លាយទៅជាទីក្រុងមួយ ដែលមុននេះ មានត្រឹមតែប្រមាណ ៣០០ គីឡូម៉ែត្រការ៉េ ឥឡូវ ទីក្រុងភ្នំពេញជិត ៧០០ គីឡូម៉ែត្រការ៉េ ដែលជាការរីកចម្រើនមួយគួរជាទីកត់សម្គាល់។ តែយើងមិនស្កប់ស្កល់ត្រឹមប៉ុណ្ណឹងទេ យើងត្រូវការនូវការជឿនលឿនលើសពីនេះ ហើយត្រូវការកិច្ចសហប្រតិបត្តិការកាន់តែល្អជាងនេះ។

នឹងមានជំនួបជាមួយមេដឹកនាំប្រទេសមួយចំនួន

ខ្ញុំនឹងជួបជាមួយ ឯកឧត្តម ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវនៅម៉ានីល … ព្រឹកស្អែកខ្ញុំនឹងជួបប្រធានាធិបតី ត្រាន់ ដៃក្វាង (Trần Đại Quang) របស់វៀតណាម ហើយនឹងទទួលទានអាហារពេលព្រឹកជាមួយនឹងនាយករដ្ឋមន្ត្រី ង្វៀន ស៊ុនហ្វ៊ុក (Nguyễn Xuân Phúc) របស់វៀតណាម … តាមទម្លាប់ធម្មតាយើងតែងជួបជុំគ្នា ៣ នាក់ ទទួលទានអាហារពេលព្រឹក រវាងនាយករដ្ឋមន្ត្រីឡាវ ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វ៊ុក និងរូបខ្ញុំ។ យើងនឹងមានជំនួបដទៃទៀតច្រើនណាស់ យើងធ្វើកិច្ចការច្រើន ហើយអ្នកដែលហត់ជាងគេ គឺម្ចាស់ផ្ទះហ្វីលីពីនតែម្តង។ ប៉ុន្តែ ប្រធាធិបតី ឌុយតឺតេ ល្បឿនគាត់លឿនខ្លាំងណាស់ … ខ្ញុំមានការគោរពគាត់ខ្លាំងណាស់ ជាមួយនឹងអ្វីដែលគាត់បានធ្វើសកម្មភាពក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យនូវក្នុងទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមអោយចំណងសាមគ្គីភាព រវាងបណ្តាប្រទេសអាស៊ានទាំង ១០ ជាមួយគ្នា និងជាមួយប្រជាជនជប៉ុន សូមអោយចំណងមិត្តភាពនេះ ក្លាយទៅជាចំណងមិត្តភាព ដែលចម្លងប្រជាជនទាំង ១០ ប្រទេសរកគ្នា និង ១០ ប្រទេសទៅរកជប៉ុន, ជប៉ុនមករកអាស៊ាន បានស្ថិតស្ថេរ និងរីកចម្រើន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ