សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី និយោជិត នៅតំបន់ចំការដូង

ប្រភពនៃការលើកទឹកចិត្ត គឺការស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្មករ/ការិនី និងបងប្អូនដទៃទៀត

ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីសំដែងនូវការរីករាយ និងអរ គុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅពីសំណាក់ក្មួយៗកម្មករ/ការិនី។ ដែលអម្បាញ់មិញនេះ យើងបាន ធ្វើដំណើរប្រមាណមិនដល់ ១០០ ម៉ែត្រ ប៉ុន្តែ យើងបានធ្វើដំណើរយូរបន្ដិច ដោយសារមានការស្វាគមន៍។ នោះជាប្រភពនៃការលើកទឹកចិត្ត ហើយក៏ធ្វើអោយខ្ញុំយល់បានថា ក្មួយៗពិតជាបានស្គាល់ពូយ៉ាងច្បាស់ ជាមួយនឹងអ្វីដែលបានកើតឡើងជាមួយនឹងជីដូនជីតា ឪពុកម្ដាយ រហូតមកដល់ក្មួយៗនៅពេលនេះ។ នេះជាប្រភពនៃការលើកទឹកចិត្ត ដែលក្មួយៗបានផ្ដល់នូវការស្រឡាញ់រាប់អាន (ទុក)ដូចជាសាច់ញាតិ របស់ខ្លួនផងដែរ។ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មី បន្ទាប់ពីយើងធ្វើបុណ្យមួយចំនួន ក្នុងហ្នឹងមានបុណ្យ ភ្ជុំបិណ្ឌ បន្ទាប់ទៅក្នុងប៉ុន្មានថ្ងៃមុននេះ គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះ ខែ។ ថ្ងៃស្អែកនេះ គឺយើងនឹងទៅដល់បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

ជូនពរអ្នកកើតថ្ងៃទី ៨ និង ៩ វិច្ឆិកា សូមអោយទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់គ្នា

នៅក្នុងឱកាសនេះ ក៏ខ្ញុំសុំយកពេលនេះ ដើម្បីជូនពរចំពោះអ្នកដែលកើតថ្ងៃទី ៨ វិច្ឆិកានេះ និងកើតថ្ងៃទី ៩ វិច្ឆិកាស្អែកនេះ សូមអោយអ្នកទាំងអស់នោះទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់គ្នា។ ដោយ សារថ្ងៃនេះ ហើយនិងថ្ងៃស្អែក គឺជាថ្ងៃដែលយើងត្រូវឈប់សម្រាក។ សម្រាប់ខ្ញុំ គឺនៅថ្ងៃស្អែកនេះ គឺជា ថ្ងៃ ខួបគម្រប់មួយខែរបស់ចៅទី ២០។ ប៉ុន្តែបានណាត់គ្នារួចហើយ មិនអាចក្រោកម៉ោង ៤ ភ្លឺរួច ហើយទៅ ពរចៅចេញមើលពន្លឺព្រះអាទិត្យដូចកាលពីពេលមុនបានទេ ប៉ុន្តែសម្រាកអោយបានទល់ភ្លឺ រួចហើយដង្ហែ ព្រះមហាក្សត្រ ដើម្បីដុតភ្លើងជ័យនៅវិមានឯករាជ្យសិន។

កម្មវិធីប្រជុំនៅក្រៅប្រទេស

បន្ទាប់ទៅ នៅថ្ងៃខានស្អែក ក៏ត្រូវធ្វើដំណើរចាក​ចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅចូលរួមប្រជុំកិច្ច សន្ទនារវាងអាស៊ាន APEC ដែលហៅថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាមួយនឹងសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច នៅឯទីក្រុងដាណាំង ប្រទេសវៀតណាម។ ហើយបន្តដំណើរតទៅទៀត គឺឆ្លង កាត់ទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមនៃការប្រជុំអាស៊ាន និងការប្រជុំពាក់ព័ន្ធនានា។ ដល់ម៉ោងនេះ សុន្ទរកថាតែមួយគត់ដែលបានពិនិត្យ ហើយនោះគឺសុន្ទរកថានឹងត្រូវថ្លែងនៅក្នុងជំនួបនៅទីក្រុង នៅប្រ ទេសវៀតណាម ដែលក្នុងនោះ មានការចូលរួមរបស់ប្រធានាធិបតីចិន ប្រធានាធិបតីអាមេរិក ប្រធានាធិប តីរុស្ស៊ី ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីនៃប្រទេសជាច្រើន ដែលបានមកចូលរួមនៅទីនោះផងដែរ។ ឯ សុន្ទរកថាដទៃទៀត គឺមិនទាន់បានពិនិត្យនៅឡើយទេ រាប់ទាំងការប្រជុំជប៉ុន និងមេគង្គ ជាលក្ខណៈ ពិសេស នៅឯម៉ានីល។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្ងៃនេះ ក៏ឆ្លៀតពេលដើម្បីជួបជុំជាមួយក្មួយៗ ដែលមក​ពី​គ្រប់រោងចក្រទាំង ២០ ដែលមានចំនួន ១៥.១៦៧ នាក់ ដែលជាចំនួនមួយដ៏ច្រើន។ ហើយក្នុងនោះ ក៏​មានក្មួយៗដែលមានផ្ទៃពោះ ចំនួន ៣៦៧ នាក់។ សង្ឃឹមថា ចៅតូចៗហ្នឹង វាក៏សម្ងំស្ដាប់ តើជីតាវា​កំពុង​និយាយពីអី។

រៀបចំកម្មវិធីជួបជុំ មួយសប្ដាហ៍មាន បីថ្ងៃ

ខ្ញុំពិតជាមានការរីករាយណាស់ ដែលថ្ងៃនេះ យើងបានជួបគ្នាជាបន្ត ហើយកម្មវិធីដូចដែល​ឯកឧត្តម​រដ្ឋ​មន្រ្តី​ អ៊ិត សំហេង បានជំរាបអម្បាញ់មិញ។ កាលមុននេះ ក្នុងព្រឹកដដែល នៅថ្ងៃដដែល យើងជួប​ជុំ​គ្នា​​ផង និងយើងទៅទស្សនកិច្ចនៅរោងចក្រផង។ ដូច្នេះ ធ្វើអោយកម្មវិធីនៅពេលដែលយើង​ទៅទស្សនកិច្ច​នៅ​ក្នុងរោងចក្រនោះ មានភាពប្រផិតប្រផើយ។ រោងចក្រខ្លះ យើងអាចចូលបានត្រឹមតែមួយម៉ោង ឬមិន​ដល់​មួយម៉ោងផង ហើយក៏ហួសពេលបាយរបស់កម្មករ/ការិនីទៅទៀត។ មានពេលខ្លះ គាប់ជួនពេល​បាយ យើងក៏បាយជាមួយនឹងកម្មករទៅ។ ឥឡូវនេះ យើងរៀបចំកម្មវិធីដាច់ដោយឡែកពីគ្នា ដែលពីមុន​នេះ ប្រើប្រាស់មួយអាទិត្យ យកពីរថ្ងៃ ប៉ុន្តែឥឡូវ យើងអាចយកមួយអាទិត្យ យើងអាចយកបីថ្ងៃតែម្ដង។ មួយថ្ងៃ គឺថ្ងៃអាទិត្យ យើងជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការ ក៏ដូចជា​ម្ចាស់​រោងចក្រ នៅឯកោះពេជ្រ ចំនួនប្រមាណជា ៤.០០០ នាក់ ជារៀងរាល់សប្ដាហ៍ រៀងរាល់ថ្ងៃអាទិត្យ។ ប៉ុន្តែ​អាច​ថា អាទិត្យនេះ អត់មានក្នុងកម្មវិធី។ ដល់ទៅថ្ងៃពុធ គឺយើងជួបជុំគ្នាជាមួយនឹងកម្មករ/ការិនី ដែល​មាន​​ការ​ប្រមូលផ្ដុំ។ ហើយថ្ងៃអង្គារ៍ ឬថ្ងៃសុក្រ បើគ្មានការប្រជុំគណៈរដ្ឋមន្រ្តីទេ គឺយើងយកថ្ងៃសុក្រទៅ​ជា​ថ្ងៃ ដែលយើងទៅសួរសុខទុក្ខកម្មករនៅតាមរោងចក្រតែម្ដង។ ហើយបើសិនជាថ្ងៃសុក្រ មានកម្មវិធីប្រជុំ​គណៈ​រដ្ឋមន្រ្តី យើងយកថ្ងៃអង្គារ៍វិញ (ដើម្បី)ជួប(កម្មករតាមរោងចក្រ) ព្រោះកម្មវិធីនេះវាងាយផ្លាស់ប្ដូរទេ ដោយសាររោងចក្រតែមួយ។ អញ្ចឹង​ទេ យើងមានឱកាសច្រើនជាង ដើម្បីស្វែងយល់អំពីសុខទុក្ខ និង​បញ្ហា​ប្រឈមទាំងឡាយរបស់កម្មករ/ការិនី នៅក្នុងក្របខណ្ឌនៃដំណើរឆ្ពោះទៅមុខ ក្នុងនោះមាន​​ការ​អនុ​វត្ត​នូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ផងដែរ។

សូមកោតសរសើរ និងអរគុណដល់ស្ថាប័នពាក់ព័ន្ធ នៅពេលបុណ្យអុំទូក

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ បន្ទាប់ពីបុណ្យអុំទូក ដែលក្មួយៗកម្មករ/ការិនី ក៏ដូចជាមន្រ្តីរាជការ កង​កម្លាំង​ប្រដាប់អាវុធរបស់យើង។ កងកម្លាំងប្រដាប់អាវុធមានតែមួយភាគខាងក្រោយទេ ហើយមួយភាគ​ខាង​​ក្រោយ​​ហ្នឹង​មិនទាំងបានសម្រាកស្រួលបួលផងទេ បើនិយាយពីកម្លាំងប្រដាប់អាវុធនោះ។ ហើយ​នៅ​តាមព្រំប្រទល់តែង​មាន​ភារកិច្ចរបស់គេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានការសម្រាកក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យ(អុំទូក) ដែលប្រកបទៅដោយសុវត្ថិភាព និងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋរបស់​យើង។ ក្នុងនាមរាជរដ្ឋា​ភិ​បាល ខ្ញុំសុំថ្លែងនូវការកោតសរសើរចំពោះសាលារាជធានីភ្នំពេញ កងកម្លាំង​ប្រដាប់អាវុធ និងស្ថាប័នពាក់​ព័ន្ធ​ទាំងអស់ ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ​នៅក្របខណ្ឌទូទាំងប្រទេស ដែល​បានខិតខំរៀបចំទទួលប្រជាពលរដ្ឋមកកាន់ទីក្រុងភ្នំពេញ និងទៅ​កាន់​រមណីយដ្ឋានទេសចរណ៍​ដទៃ​ទៀត ដែលធ្វើអោយនៅទូទាំងប្រទេសរបស់យើងមានការសប្បាយរីករាយ​យ៉ាងខ្លាំង។

កម្ពុជាពិត គឺសប្បាយរីករាយ មិនដូចកម្ពុជាលើទំព័រកាសែតបរទេស

នោះហើយគឺជាកម្ពុជាពិត កម្ពុជាដែលយើងកំពុងរស់នៅ ហើយក៏មិនមែនជាកម្ពុជាដែលស្ថិតនៅលើ​ទំព័រ​កា​សែតដែលគេនិយាយអំពីវិបត្តិនយោបាយនៅកម្ពុជានោះទេ។ នៅកម្ពុជា សម្រាប់អ្នកដែលគ្មានបញ្ហា​រាប់​លាននាក់ គឺគ្មានបញ្ហាអ្វីចំពោះគេទេ។ ប៉ុន្តែសម្រាប់ឧទ្ទាម មិនថាឧទ្ទាមក្នុងផ្លូវនយោបាយ ឬឧទ្ទាម​គ្រឿង​ញៀន ឧទ្ទាមប្លន់ប្រដាប់អាវុធ ឬបទល្មើសដទៃទៀត សុទ្ធតែមានការភ័យខ្លាច គឺជារឿងរបស់គេ មិន​ថានៅទីណាទេ។

ចូលរួមរំលែកទុក្ខដល់អ្នកបាត់បង់ជីវិតនៅសហរដ្ឋអាមេរិក

យើងសុំយកឱកាសនេះ ដើម្បីថ្លែងនូវការចូលរួមមរណទុក្ខចំពោះអ្នកដែលបាត់បង់ជីវិតនៅសហរដ្ឋអាមេ​រិក ក្នុងការវាយប្រហារភេរវកម្ម នៅឯទីក្រុងញូវយ៉ក ហើយក៏មានការបាញ់ប្រហារនៅរដ្ឋតិចសាស់។ ក្នុង​ពេល​មួយអាទិត្យតែប៉ុណ្ណោះ នៅសហរដ្ឋអាមេរិកមានការសម្លាប់រង្គាល មិនទាន់គិតអំពី ឡាសវេហ្គាស ប៉ុន្មាន​កាលពីជាងមួយខែមុន។ ប៉ុន្តែនៅឯតិចសាស់ គឺការវាយប្រហារបាញ់សម្លាប់មនុស្សដ៏សាហាវ ហើយ​ជាមួយនោះក៏មានការវាយប្រហារភេរវកម្មនៅឯទីក្រុងញូវយ៉ក។ យើងសុំចូលរួមជាមួយរដ្ឋាភិ​បាល​សហ​រដ្ឋអាមេរិករបស់​ប្រធានាធិបតី ដូណាល់ ត្រាំម៍ ជាមួយនឹងការសោកស្ដាយ។

ចូលរួមរំលែកទុក្ខដល់អ្នកបាត់បង់ជីវិតនៅវៀតណាម ដោយព្យុះដំរី

យើងក៏សុំចូលរួមជាមួយនឹងការសោកស្ដាយ ដែលថ្ងៃនោះក៏ជាថ្ងៃដែលបានកើតនៅកម្ពុជា ក៏ប៉ុន្តែកម្ពុជាក៏​បាន​ឆ្លង​​ផុត​(នូវព្យុះដំរី)។ យើងចូលរួមជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​ព្យុះដំរី បានផ្ដាច់ជីវិតប្រជាជនវៀតណាមប្រមាណ ៦១​ នាក់ និងបាត់ខ្លួនជាង ២១ នាក់ផ្សេងទៀត។ ព្យុះ​ដំរី​នេះ គឺជាព្យុះដែលកម្ពុជាជាអ្នកដាក់ឈ្មោះ ហើយល្ងាចថ្ងៃដែលយើងបា្ររព្ធពិធីកាត់ព្រ័ត្រ ខ្ញុំមានការ​ព្រួយ​បារម្ភយ៉ាងខ្លាំងថា ព្យុះដំរីមកដល់។ ភ្លៀងក៏បានមកដល់ខ្លះរួចស្រេចទៅហើយ។ នៅពេលនោះ ការ​ប្រគុំតន្រ្តីមួយចំនួនក៏ត្រូវបានផ្អាក។ ស្ថានភាពអស់ទាំងនេះ គឺសុទ្ធតែបានបង្ហាញអំពីបញ្ហាទាក់ទិនជា​មួយ​នឹងលើពិភពលោកនេះ គ្មានដែនដីសុវត្ថិភាពណាដែលគ្មានកើតបញ្ហានោះទេ។ រាប់ទាំងប្រទេសដែល​មាន​​ការអភិវឌ្ឍ។ ប្រទេសខ្លះ គឺមហន្តរាយកើតដោយមនុស្សជាអ្នកបង្ក ដូចជានៅសហរដ្ឋអាមេរិក គឺការ​ផ្ដាច់ជីវិតមនុស្ស ដោយសារមនុស្សជាអ្នកបង្ក។ ប៉ុន្តែនៅប្រទេសវៀតណាម គឺដោយសារធម្មជាតិជា​អ្នក​បង្ក។

នៅក្នុងពេលជាមួយគ្នានោះដែរ នៅព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យដ៏ធំ ដែលប្រជាជនកម្ពុជា ជាទូទៅ​ក្នុង​មួយឆ្នាំ មានពេលវេលាតែម្ដងគត់ ដែលប្រជាជននៅតាមជនបទមកកាន់ទីក្រុង ដើម្បីចូលរួមការ​សប្បាយ​រីករាយ ជួបជុំចំពោះមុខព្រះភក្រ្តព្រះមហាក្សត្រ ក៏ដូចជាសព្វមុខមន្រ្តីដែលបានចូលរួមនៅក្នុង​ព្រះ​រាជពិធីនេះ ប៉ុន្តែបុណ្យដទៃទៀត ប្រជាពលរដ្ឋរបស់យើងតែងធ្វើដំណើរចេញទៅក្រៅ។ ប៉ុន្តែឆ្នាំនេះ បើទោះបីជាមានព្រះរាជពិធីនៅឯទីក្រុងភ្នំពេញ មនុស្សជាច្រើនក៏បានមកកាន់ទីក្រុងភ្នំពេញ តែមនុស្សជា​ច្រើន​ក៏បានធ្វើដំណើរទៅកាន់ខេត្តនានានៅក្របខណ្ឌទូទាំងប្រទេស គេទៅលេងនៅទីនោះ​ ហើយកន្លែង​ខ្លះ​ក៏មានភ្លៀង កន្លែងខ្លះក៏ធ្លាក់ខ្យល់។

អម្បាញ់មិញ ឃើញក្មួយៗចាប់ផ្ដើមពាក់អាវរងាហើយ។ ខែនេះ គេហៅថា រងាផ្កាគរ។ មានបទចម្រៀង​មួយ​គេថា រងាផ្កាគរ បងឈរអោបដៃ។ ដល់ពេលហើយ ខែនេះគឺខែវិបត្តិអាចារ្យ វិបត្តិខ្វះភ្លេងការ ព្រោះ​ប៉ុន្មាន​ក៏មិនគ្រប់ដែរ។ អញ្ចឹងបានអ្នកខ្លះដេញពេលាការ គឺដេញទៅរកអាចារ្យបានអត់ រកភ្លេងការបានអត់ តែប៉ះកន្លែងដទៃ គឺមិនបានទេ។ វាដល់ខែរបស់វាហើយ តែចេញវស្សាហើយ គឺភ្លេងការចាប់ផ្ដើមហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមការព្យាករអាកាសធាតុ គឺយើងនៅសេសសល់ភ្លៀងមួយចំនួនផ្សេងទៀត។ ឯ​ភាពត្រជាក់នៅឆ្នាំនេះ ក៏មិនទាន់មកដល់។

ឥឡូវនេះ យើងគួរតែពិនិត្យថា ហេតុអ្វីបានជាប្រជាជនកម្ពុជាយើងមានការរីករាយ​នៅក្នុងឱកាសនៃពិធី​បុណ្យ​នីមួយៗ? ទាំងពេលចូលឆ្នាំ ទាំងពេលភ្ជុំបិណ្ឌ ទាំងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំ​បុក និងសំពះព្រះខែ។ ហេតុអ្វីបានជាយើងមានការសប្បាយរីករាយ ហើយនៅពេលចុងឆ្នាំនីមួយៗ បន្ដិច​ទៀត​ដាច់ឆ្នាំហើយ នៅថ្ងៃនេះគឺថ្ងៃទី ៨ យើងនៅសល់តែមួយខែម្ភៃពីរថ្ងៃតែ​ប៉ុណ្ណោះ ក្មួយនឹងចាប់ឡើង​ប្រាក់​​ខែពី​ ១៥៣ ដុល្លារ ទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិកហើយ។ ឥឡូវយើង​ចាប់ផ្ដើមរាប់​ដៃ​បាន​ហើយ ដែលក្មួយៗនឹងផ្ដល់នូវការឡើងប្រាក់បៀវត្ស។ ជាមួយនឹងការឡើងប្រាក់បៀវត្ស ពូសុំបញ្ជាក់បន្តិច តើកត្តាអ្វីខ្លះដែលធ្វើឲ្យប្រជាជនកម្ពុជាយើងមានការសប្បាយរីករាយបែបនេះ? មានកត្តាបួន​ដែលផ្ដល់​ឱ​កាស​ឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ។

កត្តាទី ១ នាំឲ្យប្រជាជនកម្ពុជាសប្បាយពេលបុណ្យទាន គឺសន្តិភាព

កត្តាទី ១ គឺសុខសន្តិភាពដែលគ្របដណ្ដប់ពេញផ្ទៃ​ប្រទេស ដែលទៅណាមកណាគ្មានការភ័យខ្លាចទេ។ ប្រ​ជាពលរដ្ឋរបស់យើងធ្វើដំណើរទាំងថ្ងៃទាំងយប់ដោយ​គ្មានការភ័យខ្លាច ដោយប្រទេសរបស់យើងបាន​ទទួលនូវការឯកភាពក្រោមនយោបាយឈ្នះឈ្នះ។ ចាប់តាំងពី​ឆ្នាំ ១៩៩៨ មក ប្រទេសរបស់យើងគ្មាន​របង​ខណ្ឌនៅផ្ទៃក្នុងទៀតទេ ដែលកាលមុននេះប្រទេសរបស់យើងត្រូវ​បែងចែកជាតំបន់ត្រួតត្រាបួន ឆ្លងពី​តំ​បន់​មួយទៅកាន់តំបន់មួយសុទ្ធតែចម្ការមីន ឬក៏ទទួលរងការបាញ់ប្រហារ​ពីភាគីម្ខាងទៀត។ ប៉ុន្តែចាប់​តាំង​ពី ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសរបស់យើងបានទទួលនូវសុខ​សន្ដិភាព និងការឯកភាព​ទឹក​ដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដរាប់រយឆ្នាំរបស់ខ្លួន ដែលឋិតនៅក្រោម​រដ្ឋធម្មនុញ្ញតែមួយ ព្រះ​មហា​​ក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ដូច្នេះ​ ប្រជាពលរដ្ឋអាចធ្វើ​ដំណើរ​បានទូទាំងប្រទេស។

កត្តាទី ២ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់/ទិញស្ពាន និងស្ពានផ្លូវមួយចំនួនមកវិញ ឆ្លងមិនបាច់បង់ថ្លៃ

កត្តាទី​ ២​ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលរាជរដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជន​បានធ្វើការ​ខិត​ខំ​យ៉ាងខ្លាំងដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលរួមមានផ្លូវ ស្ពាន ដើម្បីតភ្ជាប់សម្រាប់ប្រ​ជា​ជន​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ហើយនៅមុនពេល ដែល​ព្រះរាជពិធីបុណ្យ(អុំទូក)ចាប់ផ្ដើម​តែ​មួយថ្ងៃ​តែ​ប៉ុណ្ណោះ ក្នុងនាមខ្លួនខ្ញុំជានាយករដ្ឋមន្រ្ដីនៃរាជរដ្ឋាភិបាល ក៏បាន​សម្រេចទិញយកនូវស្ពាន ដែលវិនិយោគ​ដោយ​ក្រុមហ៊ុនលីយ៉ុងផាត់មួយទៀត ឆ្លងកាត់ដៃសមុទ្រប្រវែង ១.៩០០ ម៉ែត្រ បានសេចក្ដី​ថាជិត ២ គីឡូ​ម៉ែត្រ តភ្ជាប់ដៃសមុទ្រពីក្រុងខេមរភូមិន្ទរបស់ខេត្តកោះកុង ទៅកាន់ត្រើយម្ខាង​ទៀត​ដើម្បី​ឆ្លង​កាត់ទៅ​ប្រ​ទេស​​ថៃ ឲ្យប្រជាជនបានប្រើប្រាស់(ដោយមិនបង់ថ្លៃ)។ ឆ្នាំនេះ ប្រជាជនដែលធ្វើដំណើរដើរ​លេងគ្រប់ទី​កន្លែង​ទាំងអស់ មិនត្រូវបានបង់ប្រាក់នោះទេ ដែលកាលពីមុនយើងបានបង់ប្រាក់ផ្លូវជាតិលេខ ៤ ផង ហើយ​យើងបានបង់ប្រាក់ផ្លូវវេងស្រេងផង យើងបានបង់ប្រាក់ស្ពានព្រែកព្នៅផង យើងបានបង់​ប្រាក់ស្ពាន​កោះកុងផង។ ប៉ុន្តែ នៅឆ្នាំនេះ ប្រជាពលរដ្ឋមិនត្រូវបានទទួលការបង់ប្រាក់បន្ថែមនោះទេ។ ហេដ្ឋារចនា​សម្ព័​​ន្ធ​តភ្ជាប់នោះហើយ ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរទៅកាន់​គ្រប់ទីកន្លែង​នៅ​ទូទាំង​ប្រទេសតាមដែលគាត់ចង់ទៅ។ ពិតមែនហើយ ផ្លូវខ្លះវាមិនទាន់ល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែមាន​លទ្ធ​ភាពនឹងធ្វើ​ដំណើរទៅបាន។ ដូចជាទៅខាងទិសឦសានមិនចាំបាច់​ដើម្បីវិលត្រឡប់​ថយ​ក្រោយទេ គេអាចធ្វើដំណើរឡើង​ទៅខេត្តក្រចេះ ឬក៏ចូលទៅខេត្តមណ្ឌលគិរី មិនចាំចាច់ថយមកក្រចេះ ឬកំពង់​ចាម​វិញ​ទេ គេអាចឆ្លងកាត់ទៅ​រតនគិរី គេឆ្លងកាត់ទៅស្ទឹងត្រែង ហើយគេមិនចាំបាច់ចុះមក​ក្រចេះ​ក៏បានដែរ គេ​ឡើង​ទៅព្រះវិហារ គេចុះមកសៀមរាប ឬឧត្តរមានជ័យ ធ្វើតាមចិត្តដែលគេចង់។

មិនធ្វើម្ចាស់ផ្ទះស៊ីហ្គេមមុនឆ្នាំ ២០២៣ ទុកលុយកសាងហេដ្ឋារចនាសម្ព័ន្ធ

ស្ថានភាពទាំងអស់នេះ​ គឺជាការអំណោយផល ហើយក៏បានមកពីការខិតខំរបស់រាជរដ្ឋាភិបាល។ ត្រង់​នេះ​ហើយដែលខ្ញុំបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ​មូលហេតុដែលខ្ញុំមិនព្រមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅ​មុន​ឆ្នាំ ២០២៣ មានមូលហេតុរបស់វា។ មូលហេតុនោះ​ក្មួយៗអាចយល់ បើសិនជាយើងយក​លុយ​ទៅ​កសាង​ស្តាដដើម្បីប្រកួត និងការទទួលភ្ញៀវ កន្លែងស្នាក់នៅ​របស់កីឡាករ/ការិនីប្រមាណជា ៧.០០០ នាក់ ដែលមកស្នាក់នៅសម្រាប់ការប្រកួត យើងនឹងប្រើប្រាស់​ទឹកប្រាក់ ៣០០ ឬ ៤០០ លានដុល្លារ​សហ​រដ្ឋ​អាមេរិក។ ដូច្នេះ ៣០០ ឬ ៤០០ លានដុល្លារនេះ អាចធ្វើស្ពាន​ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និង​ផ្លូវ​ជា​ច្រើន។ ប៉ុន្តែសុំកុំភាន់ច្រឡំ ថ្ងៃមុនខ្ញុំនិយាយម្ដង ស្រាប់តែផ្អើលថា​លោក ហ៊ុន សែន បានលុប​ចោល​គម្រោង​ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ រួចស្រេចទៅហើយ។ អត់ទេ! យើងត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ហើយខ្ញុំសង្ឃឹមថាពេលនោះ ខ្ញុំនៅមានឱកាស​ដើម្បីនឹងប្រកាស​បើកនូវកម្មវិធីប្រកួត​ស៊ីហ្គេម​ជា​បន្ត​ទៀត។ ឆ្នាំ ២០២៣ ខ្ញុំមិនទាន់អាយុច្រើនប៉ុន្មានទេ នៅក្មេងនៅឡើយ ហើយអម្បាញ់​មិញនេះ​ក្មួយៗ​កុំ​ឃើញ​អ្នកខ្លះថតឃើញខោពូធ្លាក់ទៅក្រោម ព្រោះអញ្ចេះវាអត់បានចោះ​ខ្សែក្រវ៉ាត់នេះដល់ដាក់ទៅ ចង់ដូរ​ខ្សែ​ក្រ​វ៉ាត់ក្រែងលោក្មួយៗនេះចាំយូរ។ អញ្ចឹងទេ ដោយសារតែឥឡូវនេះ ខិតខំធ្វើយ៉ាងម៉េចដើម្បីធ្វើ​ឲ្យ​ទម្ងន់​ហ្នឹងវាធ្លាក់បន្ដិច។ ធ្លាក់ឯណាធ្លាក់ ១០ គីឡូឯណោះ។ កាលពីមុន ៨៦ គីឡូក្រោម ប៉ុន្តែប្រឹង​ទម្លាក់​មក ៧២ គីឡូក្រោម។ ដូច្នេះធ្លាក់ ១០ គីឡូក្រោម។ អញ្ចឹងខោអាធំៗទាំងប៉ុន្មានយកទៅហើយ យក​ខោ​អាវ​ឆ្នាំ ២០០៦ យកមកពាក់វិញ។ ឥឡូវក៏នៅតែរលុងដែរ។ ប៉ុន្តែ វាងាយនឹងស្ទុះឡើងវិញ ព្រោះនៅ​ពេល​កម្ពស់​របស់យើងប៉ុណ្ណឹង​ ហើយទម្ង​ន់របស់យើងលើសធ្វើឲ្យយើង​មាន​​ការលំបាក​។ អញ្ចឹងបានមិញ​នេះ​ចេះ​តែលើកខោ … ខ្ញុំបញ្ជាក់ឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋរបស់​យើង​បាន​ធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងប្រកបដោយភាពងាយស្រួល។

កត្តាទី ៣ មធ្យោបាយធ្វើដំណើរកើនឡើង

ឯកត្តាទី ៣ គឺមធ្យោបាយធ្វើដំណើរ​របស់ប្រជាពលរដ្ឋរបស់យើងមានការកើនឡើង។ ក្នុងហ្នឹងប្រជា​ពល​រដ្ឋ​មួយចំនួនមានរថយន្ដផ្ទាល់របស់បុគ្គល និងគ្រួសារដែលត្រូវធ្វើដំណើរ។ ឡាននៅទូទាំងប្រទេស​របស់​យើង ដោយឡែកតែឡាននៅទីក្រុងភំ្នពេញ​ប្រមាណជិតកន្លះ​លាន និងម៉ូតូជាងមួយលានគ្រឿង។ បើសិន​ជា​ចេញទាំងអស់នៅទីក្រុងភំ្នពេញ គឺងាប់ហើយ​ ផ្លូវហ្នឹងអត់មានបើករួចទេ អ្នកដែលមានឧទ្ធម្ភាគចក្រ​មិន​ដឹង​ថារកឧទ្ធម្ភាគចក្រមកចុះនៅកន្លែងណាទៀត ព្រោះអត់កន្លែងចុះ …។ អាហ្នឹងសម្រាប់តែអ្នក​មានលទ្ធ​ភាព​ដូចជាបម្រើការ​ដូចជាខ្ញុំអី អាហ្នឹងគឺគេអាចយកឧទ្ធម្ភាគចក្រមករំដោះដើម្បីយកយើងទៅធ្វើការ​មុន​ទៅ ប៉ុន្តែក្រៅពីនោះនៅ​គាំងទាំងអស់។ អញ្ចឹងមានតែវិធីម្យ៉ាងគត់ គឺដាក់ឡានចោលដើរ។​ មធ្យោបាយ​ធ្វើ​ដំ​ណើររបស់​ប្រជាពលរដ្ឋនេះ ក៏បានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានធ្វើដំណើរកំសាន្ដនៅទីនេះ ឬទីនោះ។ ជាមួយនឹង​មធ្យោបាយ​ធ្វើដំណើរផ្ទាល់ខ្លួន នៅមានមធ្យោបាយដឹកជញ្ជូនរបស់វិស័យឯកជន ដែលជា​ឡាន​ក្រុង ឬឡានតាក់ស៊ីដទៃទៀត​ ដែលផ្ដល់ឱកាសធំណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ កុំភ្លេចថា​សម័យមុន បើទោះបីជាមានលុយក៏អត់មានមធ្យោបាយដឹកជញ្ជូនដែរ យើងមានការខ្វះខាត ត្រឹម​ទស​វត្សរ៍ទី ៨០ ឬទសវត្សរ៍ ៩០ ពេលនោះយើងមានការលំបាក។ អញ្ចឹងប្រជាពលរដ្ឋនៅកកកុញ នៅដុំៗ​តាម​ទីកន្លែង ដោយសារសង្រ្គាមផង ដោយសារខ្វះមធ្យោបាយ ដោយសារខ្វះផ្លូវធ្វើដំណើរផង។

កត្តាទី ៤ ប្រាក់ចំណូលកើនឡើង

ឯកត្តាទី ៤ គឺប្រជាពលរដ្ឋ​មានប្រាក់ចំណូល ដើម្បីធ្វើដំណើរលេងកំសាន្ដសប្បាយរបស់ពួកគាត់។ ពិត​ហើយ​មានមួយចំណែកណានោះ ក៏នៅខ្វះខាតប្រាក់កាស ក៏ប៉ុន្តែភាគច្រើននៃប្រជាពលរដ្ឋដែលធ្វើដំណើរ​មក​កាន់ទីក្រុងភ្នំពេញ ឬពីទីក្រុង​ភ្នំពេញ ឬខេត្តនានាទៅកាន់តំបន់ទេសចរណ៍ដទៃទៀត សុទ្ធតែមាន​ប្រាក់​អាច​ធ្វើដំណើរបាន។ សម័យនេះ ប្រជាពលរដ្ឋរបស់យើង អ្នកដែលធ្វើសណ្ឋាគារនៅខេត្តព្រះសីហនុ នៅខេត្តសៀមរាប និងខេត្តដទៃទៀត មិនមែនធ្វើសំដៅតែទទួលតែបរទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែធ្វើ​ដើម្បី​ទទួល​នូវទេសចរក្នុងស្រុកផងដែរ។ ប្រជាពលរដ្ឋរបស់យើងមានសេរីភាព និងមានលទ្ធភាព ដើម្បីនឹង​ដេក​សណ្ឋា​​គារផ្កាយបួន ផ្កាយប្រាំនឹង​គេដែរ។ ខ្ញុំគ្រាន់តែបញ្ជាក់តួលេខ សម្រាប់ទេសចររវាងកម្ពុជាថៃ និងថៃ​កម្ពុជា ឆ្នាំកន្លងផុតទៅនោះ ២០១៦ ទេសចរថៃមកទស្សនកិច្ចនៅកម្ពុជាតែ ៤៥ ម៉ឺននាក់ទេ តែទេស​ចរ​កម្ពុជា​ទៅប្រទេសថៃមាន ៩២ ម៉ឺននាក់។ អញ្ចឹងមានន័យថា ប្រជាជនកម្ពុជាមានលទ្ធភាព​ដើម្បីធ្វើ​ដំ​ណើរ​ទៅលេងប្រទេសជិតខាង ទៅពិនិត្យសុខភាព និងរកទិញទំនិញនៅប្រទេសជិតខាងផងដែរ។ ទៅប្រ​ទេស​វៀតណាមក៏មិនតិចដែរទេ ហើយក៏មានដំណើរទស្សនកិច្ចទៅប្រទេសឆ្ងាយៗ ប៉ុន្តែសម្រាប់នៅក្នុងប្រ​ទេស​មនុស្ស​រាប់លាននាក់ដែលបាន​ធ្វើដំណើរ ហើយយើងក៏មិនត្រូវមើលស្រាលនូវទេសចរក្នុងស្រុកទេ​។ បងប្អូនដែលលក់ដូរនៅតាម​រមណីយដ្ឋានទេសចរណ៍នានា ឬការបើកសណ្ឋាគារ បើកភោជនីយ​ដ្ឋាន​មិន​ត្រូវ​មើលស្រាលទេសចរ​ក្នុងស្រុកទេ ទេសចរក្នុងស្រុកនេះចាយធំណាស់។ ទេសចរក្រៅស្រុកវិញទេ ដែល​ជា​អ្នករិះ គឺថាមួយតឹកមួយផឹងៗនៅហ្នឹងហើយ រួចហើយបើអ្នកឯងស៊ីមួយចានចេញលុយ​មួយចានម្នាក់​ឯង។ បើសិន​ជាខ្មែរចំណាំនៅកន្លែងណា ចំណាំនៅអញ្ចេះ បើថាស៊ីមួយចានជុំគ្នាអញ្ចឹងប្រាំនាក់ ហើយ​ដណ្ដើម​គ្នា​ចេញលុយអាហ្នឹងខ្មែរហើយ។ ព្រោះខែ្មរយើង គឺមិននិយមម្នាក់ចេញលុយមួយចាន​រៀងៗ​ខ្លួន​នោះ​ទេ និយម​ប៉ាវគ្នា ហើយដណ្ដើមគ្នាចេញ​។ ប៉ុន្តែបើជនបរទេស ឬអ្នកដែលរស់នៅបរទេសមួយចំនួន​គឺ​និយម ហ្អែងហៅអី ហ្អែងចេញលុយខ្លូនឯងទៅ។ ប៉ុន្តែអត់ទេ ខ្មែរយើងផ្សេងណា ហើយចាប់ម្ហូបឲ្យគ្នា។

អញ្ចឹងកត្តា ៤ នេះ​ អនុញ្ញាតឲ្យយើងប្រៀបធៀបពីចំណុចចេញដំណើររបស់យើង ដែលពេលនោះ​ជីដូន​ជីតា ឪពុកម្ដាយរបស់ក្មួយៗ ​ជួបការលំបាកខ្លាំងណាស់ ប៉ុន្តែពួកគាត់បានរួមជាមួយពូ រួមជាមួយថ្នាក់ដឹក​នាំ​គណបក្សប្រជាជន ដើម្បីជំនះ​នូវការលំបាកនានា ដែលបន្សល់ទុកដោយរបប ប៉ុល ពត។ ក្រោយ​ពេល​រំដោះ​ក្មួយអើយ គ្មានអ្វីទេ សូម្បីតែពូ​ក្នុងឋានៈជារដ្ឋមន្រ្ដីការបរទេសនៅពេលនោះ របបរបស់ពូមានត្រឹមតែ ១៧ គីឡូក្រាម ជាអង្ករតែប៉ុណ្ណោះ និង ៧ គីឡូក្រាមជាពោត។ នៅពេលដែលជួបប្រពន្ធកូនឡើងវិញ ហើយ​ដែលកូនរបស់ពូបានហៅពូថា ហៅឪពុកថាពូរយៈពេល ២ ខែ ដោយសារតែពេល​ដែលពូ​បាន​ចាក​ចេញ​ទៅដើម្បីដឹកនាំចលនាតស៊ូរំដោះ​ប្រទេស កូននេះនៅក្នុងផ្ទៃម្ដាយនៅឡើយទេ។ គេមិនបានស្គាល់​ថា​នរ​ណាជាឪពុករបស់គេទេ។ នៅពេលជួបកូន​ហៅថាពូ តើបែបណាទៅអារម្មណ៍បែបនេះ? ប្រសិនបើអស់​លោក​​អ្នកជាខ្ញុំ តើមានផលប៉ះពាល់ប៉ះទង្គិច​យ៉ាងណា? សម្រាប់ទឹកចិត្តក្នុងឋានៈជាឪពុក ប៉ុន្តែត្រូវ​ទទួល​ការ​ហៅពីកូនថាជាពូ។

នេះជាភាពកំសត់ ក៏ប៉ុន្តែភាពកំសត់នេះ ក៏បាននាំមកនូវមោទនភាពសម្រាប់ពូនៅថ្ងៃនេះ ដែលនាំប្រទេស​ពី​មួយ​ថ្ងៃៗគេកំពុង​សម្លាប់​រាប់ពាន់រាប់ម៉ឺននាក់ ឲ្យចេញផុតពីការស្លាប់ ហើយក៏បានរួមដំណើរជាមួយជី​ដូន​ជីតា​ ឪពុកម្ដាយរបស់​ក្មួយៗ បានធ្វើដំណើរពីដំណាក់កាលដែលលំបាកបំផុត គឺមកកាន់ដំណាក់​កាល​​មួយ ​ដែលមកដល់នេះ ប្រាក់ឈ្នួលកម្រៃរបស់ក្មួយៗដែលកំពុងធ្វើការនៅតាមរោងចក្រសហ​គ្រាស​បាន​អប្បបរមា ១៥៣ ដុល្លា​រ នៅឆ្នាំនេះ និង ១៧០ ដុល្លារនៅឆ្នាំក្រោយ និងបូករួមដោយ​អត្ថ​ប្រយោជន៍​ដទៃ​ទៀត ក្មួយអាចរកបានលើស ២០០ ដុល្លារសហរដ្ឋអាមេរិក។ វាច្រើនជាងប្រាក់បៀវត្សរ៍​ដែលពូ​ទទួល​បាន​ក្នុង​ឋានៈជានាយករដ្ឋមន្ត្រីនៅក្នុងទសវត្សរ៍ ៨០ ហើយវាកាន់តែច្រើនជាងនៅពេលដែលពូធ្វើការ​គ្រាន់​តែ​ត្រឹម​ដូរអង្ករតែប៉ុណ្ណោះ។ លោកគ្រូ អ្នកគ្រូ មន្ត្រីរដ្ឋការរបស់យើងនៅពេលនោះធ្វើការដោយដូរអង្ករ បន្ទាប់​ទៅយើងផ្លាស់ប្តូរជាមួយទំនិញ ៩ មុខ តែប៉ុណ្ណោះ សម្រាប់ការរស់នៅរបស់យើង។

រួមគ្នាការពារសមិទ្ធផលដែលកើតចេញពីការប្រឹងប្រែងក្នុងគ្រាលំបាក

សមិទ្ធផលដែលកើតឡើងពីការលំបាកលំបិននោះហើយ គឺជាមោទនភាពនៃកិច្ចខិតខំ​ប្រឹង​ប្រែង​របស់​យើង ហើយយើងក៏ត្រូវតែខិតខំការពារវា ព្រោះថា វាបានមកដោយលំបាកខ្លាំងណាស់ ទើបយើងមានការ ខិតខំ។ អ្នកដែលបានមកស្រួលពេក ប្រើប្រាស់ត្រឡប់ទៅវិញ ក៏មិនសូវចេះការពារដែរ មិនសូវចេះ​ការ​ពារ​ទេ។ ស៊ីទាល់តែអស់​ ស៊ីទាល់តែខ្ទេច ស៊ីទាល់តែជំពាក់គេ។ ក៏ប៉ុន្តែ សម្រាប់យើង នៅពេល​ដែល​យើង​ចេញ​ពីការលំបាកបែបនេះ យើងស្គាល់នូវរសជាតិដែលយើងបានជួបប្រទះ ហើយយើងខិតខំការពា​រ​នូវ​សមិទ្ធ​ផល ទាំងសុខសន្តិភាព​ និងការអភិវឌ្ឍអោយខានតែបាន ដើម្បីធានាការរស់រានមានជីវិត ធានាការ​អភិ​វឌ្ឍ និងដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាជាបន្តទៀត។

គ្មានដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណាមួយកើតក្នុងផ្ទៃនៃសង្គ្រាមទេ?

គ្មានដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណាមួយកើតក្នុងផ្ទៃនៃសង្គ្រាមទេ? មានតែសន្តិភាពប៉ុណ្ណោះ ជាផ្ទៃសម្រាប់ផ្តល់នូវកំណើតលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស ​សុំអ្នកទាំងឡាយស្តាប់អោយ​បាន​ច្បាស់។ ខ្ញុំសុំយកឱកាសនេះនិយាយតែម្តងទៅ។ យើងបន្តការខិតខំជាមួយគ្នា ដើម្បីរក្សាសន្តិភាព​និងប្តេជ្ញានៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាបន្តទៀត បើទោះបីជាបក្សនយោបាយខ្លះ​ត្រូវបានរំ​លាយ​ខ្លួន​រួចស្រេចទៅហើយ តាមរយៈការបោះបង់ចោល ដែលគេមិនធ្វើសកម្មភាពក្នុងរយៈកាល ជួនកាលជាង ១០ ​ឆ្នាំ ជួនកាល ២០ ឆ្នាំ។ តាំងពីចាប់ផ្តើមបោះឆ្នោតដំបូង ចុះបញ្ជី(តាំងពី)ដំបូង រហូតដល់ឥឡូវអត់ធ្វើ អីទាំងអស់។ រាយការណ៍ក៏មិនរាយការណ៍ ស្អីក៏មិនរាយការណ៍ ដូច្នេះ​ តុលាការគេរំសាយចោល អាហ្នឹង​វា​ជារឿងរបស់គេ។ (នៅពេល)ខាងមុខវាមិនត្រឹមតែអាចទេ វានឹងត្រូវរំលាយតែម្តង បើយោងទៅលើច្បាប់ បច្ចុប្បន្ន ហើយយោងទៅលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន។ បក្សនយោបាយមួយនឹងត្រូវ​រំលាយ ជាមួយនឹងបទល្មើសដែលគេបានសាងសម្រាប់ប្រជាជនកម្ពុជារបស់យើង។ ប៉ុន្តែ អត់គណបក្ស នយោបាយមួយ នៅមានគណបក្សនយោបាយច្រើនណាស់ យើងប្តូរផ្តាច់ជាមួយនឹងដំណើរ​ការប្រជា​ធិប​តេយ្យ សេរីពហុបក្សបន្តទៀត ដោយត្រូវធ្វើការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី ២៥ កុម្ភៈ ២០១៨ និងធ្វើការ បោះឆ្នោតរដ្ឋសភា នៅថ្ងៃទី​ ២៩ កក្កដា ២០១៨។

អ្នកតាំងខ្លួនស្រឡាញ់ខ្មែរជាងខ្មែរ សុំកុំធ្វើប្រតិកម្មប្រហារជីវិតលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា

ខ្ញុំសុំដាស់តឿនចំពោះអ្នកទាំងឡាយ ដែលស្រឡាញ់ខ្មែរលើសខ្មែរ សុំកុំធ្វើប្រតិកម្មប្រហារជីវិត​លទ្ធិប្រ​ជា​ធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា អ្នកកំពុងធ្វើប្រតិកម្មតាមរបៀបបរទេសស្រឡាញ់ខ្មែរជាងខ្មែរ ជាការ​ខុស​ឆ្គងហើយ។ អ្នកធ្លាប់តាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរ តែអ្នកបានសម្លាប់ខ្មែររាប់លានអ្នករួច ស្រេច​ទៅហើយ អ្នកមិនត្រូវភ្លេចនូវអ្វីដែលជាទង្វើអតីតកាល​ សង្ឃឹមថា អស់លោកអ្នកនឹង​មិនដើរ​ជាន់​ដាន នៃអតីតកាលនោះទេ អ្នកត្រូវស្គាល់អោយច្បាស់នូវអង្គហេតុ និងអង្គច្បាប់ សម្រាប់ប្រទេសមួយ​ដែល​អនុវត្ត​នូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ យើងមិនអាចអនុញ្ញាតអោយមានលទ្ធិប្រជាធិបតេយ្យ​បែប​ឧទ្ទាមទេ ប៉ុន្តែ យើងបន្តដំណើរលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដោយមានការផ្សារភ្ជាប់គ្នា។

ប្រសិនបើអ្នកធ្វើប្រតិកម្មតាមរបៀបប្រហារជីវិតលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បំផ្លាញនូវការបោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ខាងមុខ អ្នកនឹងមានវិប្បដិសារីដូចអតីតកាល។ ខ្ញុំធ្លាប់បានជួប សូម្បីតែអគ្គលេខាធិការ​អង្គ​ការសហប្រជាជាតិបច្ចុប្បន្ន លោក Antonio Guterres គាត់ជាអតីតប្រធាន​បក្ស​សង្គម​និ​យម ព័រ​ទុយ​ហ្គាល់ ដែលជាអ្នកស្គាល់គ្នាជាមួយខ្ញុំតាំងពីដើមមក​ហើយកំពុងតែណាត់ជួបគ្នានៅឯ​ប្រទេសហ្វីលី​ពីន​។ ជំនួបនោះក៏មិនខុសពីជំនួបមុនៗដែរ វាតែអារឿងបញ្ហាលុយកាត់ទោសខ្មែរក្រហមតែប៉ុណ្ណឹងទេ។ លោក Antonio Guterres លោកស្គាល់ច្បាស់ណាស់ អំពីបញ្ហាសភាពការណ៍ស្រុកខ្មែរ កាលពីអតីត​កាល គេដាក់ទណ្ឌកម្ពុជារបៀបម៉េច? អង្គការសហប្រជាជាតិបានទទួលស្គាល់ខ្មែរក្រហមនៅអង្គការ​សហ​ប្រជា​ជាតិ ដាក់ទណ្ឌកម្មយើងជាជនរងគ្រោះ ក៏ប៉ុន្តែឥឡូវគេក៏បានក្លាយទៅជាអ្នក​គាំទ្រ​យ៉ាង​សកម្ម​ទៅ​លើការកាត់ទោសខ្មែរក្រហម។

យើងអរគុណ ប៉ុន្តែ យើងក៏សុំដាស់តឿនចំពោះមិត្តភក្តិទាំងឡាយមួយចំនួនណានោះ ដែលនិយម​ជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងរបស់ប្រទេសក្រៅ រាប់ទាំងកម្ពុជាផង សុំអោយគិតគូរអោយបានហ្មត់ចត់។ ដំណើរការ​ប្រ​ជា​ធិបតេយ្យនៅកម្ពុជានៅតែបន្ត ប្រសិនបើអ្នកចង់បំផ្លាញយើង អ្នកក៏បំផ្លាញលទ្ធិប្រជាធិបតេយ្យ​ដែល​អ្នក​ធ្លាប់តែប្រើជារៀងរាល់ថ្ងៃ អ្នកត្រូវគិតចំណុចនេះអោយបានច្បាស់។ នេះជាសារតូច​តាចផ្តាំទៅអ្នក។

​មិនអនុញ្ញាតអោយជនណាមួយបំផ្លាញកម្ពុជាក្រោមខ្សែញាក់របស់បរទេស

សុំអ្នកកុំតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរលើសខ្មែរយើងខ្ញុំ។ គ្មានអ្នកណាស្គាល់យើងខ្ញុំជាងយើងខ្ញុំទៀតទេ។ យើងខ្ញុំប្រឹងរស់តាំងពីប្រជាជនប្រមាណ ៥ លាននាក់ រកអង្ករស៊ីមិនបាន តែឥឡូវនេះ យើងបានរស់នៅ ក្នុងស្ថានភាពប្រជាជនជាង ១៥ លាននាក់ ប៉ុន្តែ យើងមានអតិរេកស្បៀងរហូតទៅដល់ជាង ៥ លាន​តោន ស្រូវឯណោះ។ យើងបានឆ្លងកាត់ជាមួយនឹងការលំបាកនានា យើងប្តូរផ្តាច់ធានាការពារនូវឯករាជ្យ អធិប​​តេយ្យភាពរបស់យើង យើងមិនទុកអោយជនណាមួយបំផ្លាញប្រទេសយើង ក្រោមខ្សែញាក់របស់​ជន​បរ​ទេស ឬតាម​រយៈទង្វើខុសឆ្គងដែលពួកគេបានប្រព្រឹត្តខុសច្បាប់នៅកម្ពុជាទេ។ សុំអ្នកពិនិត្យ​អង្គ​ហេតុ និងអង្គច្បាប់អោយច្បាស់ នៅទីនេះមិនមែនជាបញ្ហានយោបាយ នៅទីនេះ គឺជាបញ្ហាច្បាប់ ដែល​អ្នក​ត្រូវយល់អោយបានច្បាស់។ យើងមិនអាចគ្រាន់តែចង់រស់ និងចង់មានសេរីភាព ក្រោមខ្សែញាក់​របស់​អ្នក​បានទេ? យើងមិនអាចរស់ និងមិនអាចចង់បានលុយរបស់អ្នក ដើម្បីគ្រាន់តែបម្រើអ្នកនោះទេ? យើង​ធ្លាប់​បានស៊ីពោត ស៊ីដំឡូង ដើម្បីការរស់រានមានជីវិត នៃប្រជាជាតិមួយដ៏កម្សត់នេះ។

គ្មានសន្តិភាព នាំឲ្យគ្មានឱកាសការងារ គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគ្មានការអភិវឌ្ឍ

និយាយមកដល់ទាក់ទងជាមួយក្មួយៗកម្មករ/ការិនី ថ្ងៃនេះ យើងបានជួបជុំគ្នាជាមួយនឹងទឹកមុខរីករាយ អ្វីដែលពូបាននិយាយទាក់ទិនជាមួយនឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏វាជាផ្នែក​មួយ ប្រាប់ក្មួយៗថា ប្រសិនបើអត់មានសន្តិភាព ក្មួយៗក៏អត់មានឱកាសដើម្បីមកធ្វើការនៅទីនេះដែរ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គ្មានមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ ក្រុមហ៊ុនបរទេសគេមិនមក​វិនិយោគ​ទុន​នៅប្រទេសរបស់យើងទេ។ ដូច្នេះ ប្រហែលជាម៉ោងនេះ ពេលនេះ ស្រូវកំពុងតែចាប់ផ្តើមទុំ ក្មួយៗ​កំពុង​តែធ្វើការច្រូតកាត់ជាមួយនឹងឪពុកម្តាយ ឬការប្រមូលផលកសិកម្ម ឬក៏នេសាទ។ ប៉ុន្តែ ដោយសារ​មាន​ការអភិវឌ្ឍ ទើបក្មួយៗមានឱកាសមកធ្វើការនៅទីនេះ។ ហើយសម្រាប់វិស័យកាត់ដេរ និងវិស័យការ​ងារ​របស់យើង ការចាប់ផ្តើមលំបាកណាស់ក្មួយ។ ការកសាងប្រទេសមួយពីបាតដៃទទេ វាលំបាកខ្លាំង​ណាស់ ទម្រាំនឹងបានប៉ុណ្ណេះ។ ខុសពីសម័យ ប៉ុល ពត, ប៉ុល ពត មានចម្រៀងមួយបទថា “កូនអើយ​ទម្រាំ​បានដូចសព្វថ្ងៃ” … ប៉ុន្តែ ប្រជាពលរដ្ឋគាត់បានស្រែកច្រៀងបន្តថា “កូនអើយទម្រាំបានដូចសព្វថ្ងៃ កូន​ខំរំដោះដីយកអោយឪរែក”។ ព្រោះ អាពត ខិតខំរំដោះប្រទេសចេញពី លន់ នល់ ក៏ប៉ុន្តែ ទីចុងបំផុត​យក​ដីនោះអោយប្រជាជនរែកទាំងអស់ …។

ចាប់ផ្តើមពីរោងចក្រតិច កម្មករតិច ប្រាក់ខែតិច មករោងចក្រច្រើន កម្មករច្រើន ប្រាក់ខែច្រើន

ចាប់ផ្តើមពីរោងចក្របន្តិចបន្តួច ដែលយើងមានសេសសល់ពីការបំផ្លិចបំផ្លាញដោយសង្គ្រាម និងដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត យើងបានខំបន្តិចម្តងៗ ហើយសម្រាប់វិស័យកាត់ដេរនេះ ការចាប់ផ្តើម​របស់យើងមានតែប៉ុន្មានសិបរោងចក្រតែប៉ុណ្ណោះ ៦៤ រោងចក្រ ជាមួយនឹងកម្មករ ៨ ម៉ឺន ២​ ពាន់នាក់ តែប៉ុណ្ណោះ ហើយពេលនោះ បៀវត្សរ៍របស់កម្មករ/ការិនីរបស់យើងមានត្រឹមតែប្រមាណជា ៤០ ដុល្លារ​សហ​រដ្ឋ​អាមេរិកទេ ហើយអ្នកធ្វើការមុនឆ្នាំ ១៩៩៧​ ពេលនោះ បៀវត្សរ៍ក៏កាន់តែទាបទៅទៀត គឺខ្លះ​បាន​ត្រឹមតែ ៣៥ ដុល្លារសហរដ្ឋអាមេរិកទេ យើងពិនិត្យនៅក្នុងនេះ ៤០ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ១៩៩៧, ៤៥ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០០០, ៥៥ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០០៧, ៦១ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០០៨, ៦៦ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១០, ៦៨ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១១, ៧៣ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១២, ៨០ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១៣, ១០០ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១៤, ១២០ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១៥, ១៤០ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១៦, ១៥៣ ដុល្លារ(សហរដ្ឋអាមេរិក) នៅឆ្នាំ ២០១៧ ហើយចាប់ពីខែ មករា (២០១៨) ទៅ ក្មួយៗនឹងទទួល​បានរហូត​ទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។

ដើម្បីកម្មករ/ការិនីបានប្រាក់ខែខ្ពស់ រាជរដ្ឋាភិបាលលះបង់ក្នុងមួយឆ្នាំប្រមាណជាង ៤០ លានដុល្លារ

ដើម្បីអោយក្មួយៗបានមកដល់នេះ ពូធ្លាប់បាននិយាយទៅកាន់កម្មករ/ការិនី រដ្ឋត្រូវធ្វើការលះបង់ បើមិន​ដូច្នោះទេ ក្មួយៗបានត្រឹមតែ ​១៦៥ (ដុល្លារសហរដ្ឋអាមេរិក)ទេ។ ប៉ុន្តែ ដើម្បីអោយក្មួយៗបានទទួល ១៧០ (ដុល្លារ​សហរដ្ឋអាមេរិក) រាជរដ្ឋាភិបាលត្រូវលះបង់ក្នុងមួយឆ្នាំប្រមាណជាង ៤០ លានដុល្លារសហ​រដ្ឋ​អា​មេរិក។ ជាង ២០ លានដុល្លារ(សហរដ្ឋអាមេរិក) ដែលចេញមកពីកម្រៃនៃការនាំចេញ ឯជាង ២០ លាន​ដុល្លារ(សហរដ្ឋអាមេរិក)ទៀត គឺបានមកពីពន្ធកាត់ទុកលើប្រាក់ចំណេញរបស់រោងចក្រ។ ដូច្នេះ ហើយ​បាន​​ជា​ស្ថានភាព​ដែលក្មួយៗទទួលបាននេះ យើងសុទ្ធតែមានការប្រឹងប្រែង នៃយន្តការត្រីភាគី ខាងផ្នែក​រដ្ឋ ខាងផ្នែកកម្មករតំណាងដោយសហជីព និងខាងផ្នែកនិយោជក ដែលមានថៅកែរោងចក្រ​សហគ្រាស​នានា​ផងដែរ នេះជាការខិតខំរបស់យើង។ វាមិនបានធ្លាក់ពីលើមេឃទេ។

អ្វីៗដែលកំពុងកើតមានលើទឹកដីដ៏កម្សត់នេះ បានមកពីការដឹកនាំរបស់គណបក្សប្រជាជន

ក្មួយៗត្រូវចងចាំ កិច្ចការដែលក្មួយៗទទួលបាន មិនមែនបានមកដោយអ្នកណាផ្សេងក្រៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនទេ ហើយពូពិតជាមានមោទនភាព ដោយសារពូធ្វើជាឆ្មបបង្កើត នូវអ្វីៗដែលកំពុងមានលើទឹកដីដ៏កម្សត់នេះ។​ ចាត់ទុកថាជាឆ្មបម្នាក់ ក្នុងចំណោមឆ្មបច្រើននាក់ដទៃទៀត ប៉ុន្តែ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលជាអ្នកមានសមត្ថកិច្ចសម្រេចលើបញ្ហាវិស័យសេដ្ឋ​កិច្ចសង្គមជា​ចម្បង​។ ពូពិតជាមានមោទនភាព ដោយបានធ្វើឆ្មបផ្ទាល់ជាមួយនឹងការបង្កើតឡើងនូវស្ថានភាព ដែលកំ​ពុង​មានសព្វថ្ងៃនេះ។

ពីភាពក្រីក្រ ១០០%  ទៅសល់ ១៣% នៅឆ្នាំ ២០១៤ …

ពីប្រទេសដែលមានអត្រា នៃភាពក្រីក្រ ១០០% ទៅជាប្រទេសដែលមានអត្រា នៃភាពក្រីក្រ​ត្រឹម​តែ​ប្រ​មាណ ១៣% តែប៉ុណ្ណោះ នៅឆ្នាំ ២០១៤ យើងមិនទាន់ធ្វើអង្កេតឡើងវិញនោះទេ។ ឥឡូវ យើងក្លាយពី ប្រ​ទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលមក​ដល់​ពេលនេះ ចំណូលសម្រាប់ប្រជាជនម្នាក់ៗ គឺនៅឆ្នាំ ២០១៨ ខាងមុខនេះ កំណត់ថា យើងនឹងមាន ប្រាក់​ចំណូលលើសពី ១.៥០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងសម្រាប់មនុស្សម្នាក់ ប៉ុន្តែយើងមិនស្កប់​ប៉ុណ្ណេះ​ទេ សុបិន្តរបស់យើង ការប្តេជ្ញាចិត្តរបស់យើង យើងនឹងធ្វើឲ្យប្រទេសមួយនេះ ក្លាយទៅជាប្រទេសដែល​មាន​​ប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៣០។ នេះជា​មហិច្ឆតារបស់យើង ហើយសង្ឃឹមថាយើងធ្វើបាន ដើម្បីធ្វើបានកិច្ចការងារនោះ យើងបាន និងកំពុងខិត​ខំ​រួមគ្នា។

សុំឲ្យកម្មការិនីមានផ្ទៃពោះចេញមុនម៉ោង យ៉ាងតិច ១៥ នាទី

ខ្ញុំពិតជាមានការអរគុណណាស់ ចំពោះពេលវេលាដែលបានធ្វើដំណើរជាមួយនឹងកម្មករ/ការិនី ក្នុង​រយៈ​ពេល​ប៉ុន្មានជា ២ ខែ ជិត ៣ ខែនេះ ក៏បានដោះស្រាយបញ្ហាមួយចំនួន ក្នុងហ្នឹងរាប់ទាំងកម្មការិនី​ដែល​មាន​ផ្ទៃពោះ ដែលមុននេះរោងចក្រខ្លះគេឲ្យ(ចេញមុនម៉ោង) ៥ នាទី រោងចក្រខ្លះឲ្យ ១០ នាទី រោងចក្រខ្លះ​ឲ្យ ១៥ នាទី រោងចក្រខ្លះឲ្យលើសជាងនេះ។ ប៉ុន្តែខ្ញុំបានសំណូមពរលើបញ្ហានេះ សម្រាប់រោងចក្រទាំង​អស់​អនុញ្ញាតឲ្យស្ត្រីជាកម្មការិនីមានផ្ទៃពោះបានចេញមុនម៉ោងរយៈពេល ១៥ នាទីយ៉ាងតិច​។ ពាក្យថា ១៥ នាទីយ៉ាងតិចនេះ អ្នកដែលមានចិត្តធម៌ ចិត្តបុណ្យ ឲ្យ ២០ នាទី, ៣០ នាទី ឬមួយម៉ោង ហ៊ុន សែន អត់​ខ្វល់ទេ អបអរសាទរទៀត។

កម្មករ/ការិនីប្រើសេវាឡានក្រុងឥតគិតថ្លៃ យ៉ាងតិច ២ ឆ្នាំ

យើងក៏បានសម្រួលឲ្យកម្មករ/ការិនីរបស់យើងទទួលបានសេវាជិះឡានក្រុង ដោយមិនយកប្រាក់យ៉ាងតិច​ក្នុងរយៈពេល ២ ឆ្នាំ។ ឥឡូវ ខ្ញុំមិនបានដឹងថា តើក្មួយៗប៉ុន្មាននាក់បានជិះឡានក្រុងសាកល្បង? លើក​ដៃ​មើល។ ក្រែលដែរតើ។ អាហ្នឹងគ្រាន់តែជាការចាប់ផ្តើមទេ ជិះទៅក្មួយ សាកល្បង ហើយមិនចាំបាច់តែជិះ ទៅធ្វើការទេ ជិះទៅលេង ជិះទៅស៊ីការគេ ជិះទៅលេងគ្រួសារ ហើយបើត្រូវចុះផ្លូវមានឡានទៅជិះចុះ ប៉ុន្តែ​ជិះឡានឯកជន ចេញលុយខ្លួនឯង។

បៀវត្សអប្បបរមាឡើងដល់ ១៧០ ដុល្លារ ហើយការចំណាយលើសេវាសុខភាព ថ្លៃទឹកភ្លើងផ្ទះជួលទាប

យើងមិនស្កប់ស្កល់ត្រឹមប៉ុណ្ណេះទេ យើងត្រូវប្រឹងឲ្យលើសពីនេះ នៅតែប៉ុន្មានសិបថ្ងៃទៀតប៉ុណ្ណោះ ក្មួយៗ​នឹងបានទៅដល់ប្រាក់បៀវត្សរ៍អប្បបរមា ១៧០ ជាមួយនឹងការចំណាយរបស់ក្មួយៗកាន់តែតិចទៅៗ ដូច​ជា​សេវាសុខាភិបាល ក៏មិនត្រូវទទួលការចំណាយ ការធ្វើដំណើរ ថ្លៃទឹក ថ្លៃភ្លើង ដែលភ្លើងរដ្ឋទៅដល់ ក៏​ទទួល​ការចំណាយតិចជាងមុន។

បក្សនឹងត្រូវរំលាយ/ផ្តល់ឱកាសចូលរួមជាមួយគណបក្សប្រជាជន បន្តបម្រើប្រជាជន

នេះជាការខិតខំមួយ ដើម្បីរួមគ្នាឆ្ពោះ ធ្វើដំណើរឆ្ពោះ។ ឥឡូវនេះយើងនៅមានកិច្ចការដែល​បន្តធ្វើដើម្បី​ធ្វើឲ្យ​ស្ថានភាពប្រសើរជាងនេះ មិនខ្វល់ថាអ្នកណាមានរឿងអ្វី គេត្រូវអនុវត្តតាមច្បាប់របស់ប្រទេសនេះ គ្មាន​ការលើកលែង មិនថាអ្នកនោះនៅក្នុងបក្សកាន់អំណាច មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឲ្យតែធ្វើ​ខុស គេត្រូវទទួលទោស។ ប៉ុន្តែសម្រាប់ប្រជាជនទូទៅដែលមិនបានប្រព្រឹត្តទោសកំហុសណាមួយ គេមិន​ត្រូវ​ទទួលផលកម្មនោះទេ … ខ្ញុំបានអំពាវនាវថាអ្នកទាំងឡាយ ខ្ញុំចង់ផ្តល់ឱកាសឲ្យបន្តធ្វើជាមេឃុំ ចៅ​សង្កាត់ ឬក៏ជំទប់ ឬក្រុមប្រឹក្សាតទៅទៀត។ គេថាអត់ទេ អត់មានរំលាយទេ។ ឥឡូវចាក់ភ្នាល់ បើរំលាយ​ស៊ី​តែ ១ ទេ បើអត់រំលាយសង ១០០។ អ្នកណាចាញ់មកទារពីខ្ញុំ។ យើងផ្តល់ឱកាសឲ្យគេ។ គេមកក៏មក មិនមកទេក៏ហី ព្រោះពេលនោះជាពេលរៀបបញ្ជីហើយ សម្រាប់ចៅសង្កាត់ មេឃុំ ជំទប់ស្អីៗហ្នឹង ព្រោះតែ​គេ​រំលាយហើយ គឺបក្សហ្នឹងអស់ហើយ អត់មានស្អីនៅទេ ចប់ត្រឹមប៉ុណ្ណឹង។ រួចហើយគេថា លោក ហ៊ុន សែន និយាយទាំងក្រៀមក្រំ។ ខ្ញុំអត់គ្រោងចាក់តាមទូរទស្សន៍ទេ ប៉ុន្តែទូរទស្សន៍នានាគេយកទៅចាក់។ ការ​ពិតខ្ញុំនិយាយតាមហ្វេសប៊ុកតើ ប៉ុន្តែដល់តាមទូរទស្សន៍នានាគេឃើញទំនង គេក៏យកទៅចាក់ទៅ រួច​ហើយគេធ្វើ comment ពីក្រៅថា ខ្ញុំនិយាយទាំងក្រៀមក្រំ។

… នៅក្នុងBureauរបស់ខ្លួន ថ្ងៃបុណ្យអុំទូកចុងក្រោយ live បន្តិចទៅ ដើម្បីជូនសារ ដើម្បីកុំឲ្យ​អ្នក​ខាង​ក្រោម គ្នាអត់ដឹងអី វាខូចខាតគេដែរ ចង់បន្តការងារបម្រើប្រជាពលរដ្ឋ ក៏សុំអញ្ជើញមក រួចហើយដាក់ទៅ​ត្រង់​ហ្នឹងវិញទៅ។ (គេ)រកវិធីទប់ស្កាត់។ … ស្គាល់ ហ៊ុន សែន ស្ទើរភ្លើង។ អត់ដឹងថា ហ៊ុន សែន ​សិក្សា​ពី​ផ្លូវច្បាប់ច្បាស់ណាស់។ ម្យ៉ាងទៀត ខ្លួនអត់ដាក់មេធាវីទៅទៀត ដល់អត់ដាក់មេធាវីអញ្ចឹងលឿនតែម្តង … ថ្ងៃ ១៦ ចាំមើលទៅមើល។ … ខ្លះគេថា គេមិនលក់ឧត្តមគតិទេ មានអ្នកណាគេឲ្យលក់ ហើយយើង​ក៏មិន​ត្រូវ​ការ​ទិញដែរ។ អានេះគឺជារឿងស្ម័គ្រចិត្ត ហើយគឺជាការផ្តល់ឱកាសឲ្យអ្នកណាប៉ុណ្ណោះ។ អ្នកមកក៏មក អ្នក​មិន​មកទេក៏ហីទៅ។ មន្ត្រីគណបក្សប្រជាជនច្រើនណាស់ បន្តធ្វើការទៅ វាចប់ហើយ។ គណបក្សដទៃ​ក៏នឹង​ទទួលបានអាសនៈរាប់រយរាប់ពាន់អាសនៈ។ គេនឹងយកកៅអីរបស់គេ បន្ទាប់ពីការបែងចែក​ដោយ​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត។ … សួរគេថា គង់តែរំលាយដែរ ម៉េចក៏ហៅគេ? ដោយសារ​តែរំ​លាយ​ហើយ បានគេហៅ …។

អរគុណខ្មែរក្រហមដែលមិនចូលរួមបោះឆ្នោត/កិច្ចព្រមព្រៀងក្រុងប៉ារីស

និយាយឲ្យច្បាស់ និយាយឲ្យពិតមើល កិច្ចព្រមព្រៀងប៉ារីស ខ្មែរក្រហមមិនអនុវត្ត សួរថាកិច្ចព្រមព្រៀង​ប៉ា​រីស គាំងឬអត់? មិនគាំងឯណា។ គេធ្វើតើ។ រួចហើយអ្នកដែលមិនព្រមធ្វើកាលហ្នឹង បើខ្មែរក្រហម​សម្រេច​​ចិត្តចូលរួមបោះឆ្នោត អ្នកណាទៅកាត់ទោសខ្មែរក្រហម? កាត់ទោស ខៀវ សំផន ព្រោះ ខៀវ សំផន ជាប្រធានបក្សនយោបាយស្របច្បាប់, នួន ជា ជាបក្សនយោបាយស្របច្បាប់ អ្នកណាអ្នកកាត់​ទោស។ មិនហ៊ានទេ។ កិច្ចព្រមព្រៀងប៉ារីសមិនបានតម្រូវឲ្យកាត់ទោសខ្មែរក្រហមឯណា។ អត់ផងហ្នឹង។ … ខ្ញុំក៏អរគុណខ្មែរក្រហមដែរ អរគុណត្រង់ថា អស់លោកសម្រេចចិត្តថាមិនចូលរួមបោះឆ្នោត  គឺជាការ​សម្រេច​ចិត្តខុស ដែលផ្តល់​ឱកាសឲ្យខ្ញុំអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ រំលាយអង្គការ​ចាត់​តាំង និងយោធារបស់ខ្មែរក្រហម នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាលើកដំបូង។ អរគុណលោក ប៉ុល ពត អរគុណទាំងអស់ អរគុណ ខៀវ សំផន, នួន ជា ដែលសម្រេចមិន​ចូល​រួម​បោះឆ្នោត។ អរគុណលោកឯង បើសិនលោកឯងចូលរួមបោះឆ្នោត អ្នកណាហ៊ានទៅកាត់ទោស … បើ​សិនជាមានអភ័យឯកសិទ្ធិក្នុងសភាទៀត។ ចប់។ (ព្រោះ)វាជាបក្សនយោបាយស្របច្បាប់ ដែលចេញពី​កិច្ច​​ព្រមព្រៀងប៉ារីស គ្រាន់តែខ្ញុំដាក់ទារមួយម៉ាត់ឲ្យទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យ​ពូជ​សាសន៍​តែ​ប៉ុណ្ណឹង ចរចាគ្នា ៦ ខែ។ បានជាចេញពាក្យចុងក្រោយថា ទប់ស្កាត់ទង្វើអតីតកាល គ្រាន់តែពាក្យប៉ុណ្ណឹង ប្រទេសធំទាំង ៥ និងអង្គការសហប្រជាជាតិ អត់ហ៊ានប្រើពាក្យទប់ស្កាត់ការវិល​ត្រឡប់របបប្រល័យ​ពូជ​សាសន៍ទេ ត្រឹមតែប្រើពាក្យទប់ស្កាត់ការវិលត្រឡប់នៃអំពើអតីតកាល …។

… ខាងទីក្រុងភ្នំពេញតំណាងឲ្យខ្ញុំ ទាមទារអាហ្នឹង ព្រោះអាហ្នឹងវាសម្លាប់ប្រជាជនរាប់លាន ហើយទៅ​មិន​ឆ្ងាយពីហ្នឹងឯណា ជើងឯក នៅមិនឆ្ងាយពីហ្នឹងប៉ុន្មានទេ។ នៅក្នុងអង្គប្រជុំ ទីកន្លែងសមរម្យរបស់​ខ្មែរ​ក្រហម​មិនមែននៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ ទីកន្លែងសមរម្យ គឺតុលាការកាត់ទោស ខ្ញុំនិយាយនៅ​ក្នុងឆ្នាំ ១៩៨៨ និង ១៩៨៩ ប៉ុន្តែប្រទេសនានាអត់ហ៊ានទេ ឥឡូវទើបនឹងធ្វើជាជើងខ្លាំងតែប៉ុណ្ណឹងទេ។ អញ្ចឹង​បានខ្ញុំសូមផ្តាំទៅ រំលឹកអតីតកាលប្រយ័ត្នសោកស្តាយ​ សូមកុំសម្លាប់សន្តិភាព ហើយសូមកុំ​សម្លាប់​ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាតាមរយៈទង្វើប្រតិកម្ម មិនគិតអំពីអង្គហេតុ និងអង្គច្បាប់​របស់​ខ្លួន។ សូមផ្តាំប៉ុណ្ណឹង។

ឥឡូវនេះ ការងាររបស់យើងត្រូវបន្ត ហើយសង្ឃឹមថា ក្មួយៗដែលមានផ្ទៃពោះសម្រួលឥរិយាបថ ហើយបើ​សិន ជាថាឈឺពោះ អាហ្នឹងសូមប្រាប់គេថាឈឺពោះ ពូទៅតាមដល់មន្ទីរពេទ្យទៀត។ ថ្ងៃមុនទៅតាម​​ដល់​មន្ទីរ​ពេទ្យ ពោធិចិនតុង។ សួនកាណាឌីយ៉ាទី ២ ស្រាប់តែទៅឆ្លងទន្លេមួយទៀត ចេញទៅឆ្លងទន្លេ ប៉ុន្តែ​អត់​បានទៅតាមទេ។

ប្រៀបធៀបបៀវត្សអប្បបរមានៅកម្ពុជា និងប្រទេសនានាក្នុងតំបន់

ឥឡូវ ប្រទេសរបស់យើង​ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ/ការិនីរបស់យើង មានរហូតទៅដល់ ១៧០ ដុល្លារ ក្នុងពេលដែលប្រទេសមានការប្រកួតប្រជែងលើវិស័យកាត់ដេរ និងវាយនភណ្ឌមួយចំនួន​ជាមួយ​គ្នា ។ នៅបង់ក្លាដេស បានតែ ៦៧ ដុល្លារទេ។ នៅស្រីលង្ការ បានតែ ៦៧ ដុល្លារទេ។ នៅឥណ្ឌាបាន ៧៧ ដុល្លារ។ នៅមីយ៉ាន់ម៉ា បានតែ ៧៩ ដុល្លារទេ។ នៅឡាវបានតែ ១១០ ទេ។ នៅវៀតណាមបាន ១៣០ និង ១៦០ មានតំបន់។ ខ្ញុំពិតជាមានការកោតសរសើរខ្លាំងណាស់ជាមួយទឹកដៃ​របស់កម្មករ/កា​រិនី​របស់យើង។ ឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃកិច្ចខិតខំប្រឹងប្រែងប្រើរបស់ខ្មែរ មិនមែនឲ្យ​ផលិត​នៅក្នុងរោងចក្រហ្នឹង រួចហើយលក់ចេញមកក្រៅនោះទេ គេកុំម្មង់បញ្ជាទិញម៉ាករបស់គេ អាហ្នឹង​ម្យ៉ាង។ ប៉ុន្តែខ្ញុំចង់និយាយអំពី ខាងមុខនឹងមានពិពណ៌ជំរុញការប្រើផលិតផលរបស់ខ្មែរ។ ប៉ុន្តែ​ខ្ញុំ​មាន​មោទនភាពណាស់ ដោយសារឥឡូវនេះ សម្លៀកបំពាក់ស្ទើរតែពាក់កណ្តាល សម្លៀកបំពាក់ហាត់​ប្រាណ​របស់ខ្ញុំ ផលិតនៅកម្ពុជា យកចេញទៅបរទេស រួចហើយយើងទៅកុំម្មង់ពីបរទេសត្រឡប់មកវិញ លក់​តាមហាង។ ឯងយកមក ទៅទិញមើលតែស្អាតតើ មើលផលិតនៅណា? ដល់ឥឡូវពាក់រាល់ល្ងាច ផលិតនៅកម្ពុជា(សោះ)។ ADDIDAS សុទ្ធតែម៉ាកល្បី។ អញ្ចឹងទេ ទឹកដៃរបស់កម្មកររបស់យើង(មិន​ធម្មតា) អញ្ចឹងបានខ្ញុំចេះតែឆ្ងល់ថា ហេតុអីបានជាប្រទេសមួយចំនួនមកផលិតនៅកម្ពុជាយើងទៅវិញ។

រក្សាសុខដុមបនីយកម្មរវាងម្ចាស់រោងចក្រ អ្នកគ្រប់គ្រង និងកម្មករ

នោះហើយ វាសំខាន់បញ្ហាអ្នកដែលគេត្រូវការយកទំនិញទៅលក់ គេត្រូវការគុណភាពរបស់វា។ ហើយ​តាម​រយៈ​គុណភាពនោះហើយ ដែលគេអាចលក់ដាច់នូវទំនិញដែលនាំចេញពីកម្ពុជា។ ម្យ៉ាងទៀត កម្ពុជា​ជាប្រទេសឈានមុខមួយ នៅក្នុងការអនុវត្តនូវលក្ខខណ្ឌការងារ ដែលយើងបានធ្វើជាបន្តបន្ទាប់ ហើយខ្ញុំ​សប្បាយ​រីករាយណាស់ ជាមួយនឹងការសាមគ្គីគ្នាកាន់តែល្អទៅៗ រវាងម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រង ជា​មួយ​នឹងកម្មករ/ការិនី។ គ្មានអ្វីល្អប្រសើរជាងនេះទេក្មួយ ម្ចាស់រោងចក្រ ថៅកែរោងចក្រ បើអត់កម្មករ មិន​មាន​ថាជាម្ចាស់ ជាថៅកែទេ។ ឯកម្មករបើអត់ថៅកែ អត់អ្នកដាក់ទុន មកវិនិយោគ ហើយខ្លួន​កំពុង​តែ​កាន់​កណ្តៀវ កាន់ចប កាន់បង្គី កាន់នង្គ័ល គឺខ្លួនមិនមែនជាកម្មករទេ គឺជាកសិករ។ ដូច្នេះ ត្រូវបំពេញឲ្យគ្នានូវ​សុខ​ដុមបនីយកម្មជាមួយគ្នា។ ខ្ញុំមើលឃើញថា យើងកំពុងកែលម្អលក្ខខណ្ឌការងារទាំង​ឡាយ ដែល​កម្មករ​ត្រូវបានទទួល រាប់ទាំងទីកន្លែងការងារ លក្ខខណ្ឌការងារ និងថ្ងៃឈប់សម្រាកផងដែរ។

កិច្ចការទី ១ ខិតខំរួមគ្នា រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម

តែយើងនៅមានកិច្ចការដែលត្រូវបន្ត ដែលខ្ញុំសុំយកឱកាសនេះ លើកឡើងនូវចំណុចមួយ ទី ១ យើងត្រូវ​ខិត​ខំរួមគ្នា រក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធានាការពារ នូវស្ថេរភាពការងាររបស់យើង ​ គ្មានស្ថេ​រភាព គ្មានសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏គ្មានស្ថេរភាពការងារកើតឡើងទេ។ ក្មួយៗក្រឡេកមើល​ទៅ​ក្រោយ​សួរជីដូនជីតា ឪពុកម្តាយ តើឪពុកម្តាយ និងជីដូនជីតារបស់ខ្លួន មានការងារធ្វើ(ប្រកប​ដោយ)​ស្ថេរភាពទេ? នៅក្នុងពេលដែលប្រទេសធ្លាក់ក្នុងសង្រ្គាម និងកលយុគ។ ក្មួយៗក្រលេកមើល​ទៅ​តាម ទូរទស្សន៍នានាដែលចាក់ផ្សាយ ឬទៅតាមប្រព័ន្ធ Facebook ដែលក្មួយៗទទួលព័ត៌មាន នៅប្រ​ទេស​ខ្លះ ដែលកំពុងតែគ្រាប់បែក គ្រាប់ប្លោង បំផ្លាញទីក្រុងស្ទើរតែខ្ទេចទាំងអស់។ ឥឡូវ ក្រុងណា​ដែល​រំដោះ​ពីពួក ISIS មកវិញនៅ Iraq សុទ្ធតែជាទីក្រុងខ្មោច។ រំដោះមកវិញពីពួក ISIS នៅ Syria សុទ្ធតែជាទីក្រុងខ្មោច បែកបាក់ខ្ទេចខ្ទី មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះទេ។ វាលំបាកជាងទី​ក្រុងភ្នំ​ពេញ​សម័យ ១៩៧៩ ទៅទៀត បើយោងទៅលើស្ថានភាពខ្ទេចខ្ទាំ ដែលកើតមាននៅក្នុងដំណាក់កាល​ក្នុងទី​ក្រុង​អស់ទាំងនោះ។ មាន​តែ​សន្តិភាព និងស្ថេរភាពនយោបាយទេ ដែលផ្តល់ឱកាសសម្រាប់​ស្ថេរភាព​ការងារ​របស់យើង ហើយយើង​មិនអាចមាននូវស្ថេរភាពការងារទេ ប្រសិនបើក្នុងរោងចក្រ មានបងតូច​បង​ធំ នៅក្នុងរោងចក្រមានតំបន់​ប្រើប្រាស់គ្រឿងញៀន ហើយដើរបង្កើតនូវអំពើហិង្សា មិនចេះចប់ មិនចេះ​ហើយ​នោះ។ ដូច្នេះ យើងត្រូវរួម​គ្នារក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម។

ក្រសួងការងារចាប់ផ្តើមពិភាក្សាអំពីបញ្ហាកិច្ចសន្យាការងារហើយ

អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានលើកឡើងអំពី ការសហការពិភាក្សា អំពីកិច្ចសន្យា​ការ​ងារ​។ ខ្ញុំពិតជាអរគុណ ហើយសូមឲ្យដំណើរការនៃការពិភាក្សានេះប្រកបដោយជោគជ័យ កិច្ចសន្យា​ការ​ងារខ្លីពេក ក៏បង្កើតនូវអារម្មណ៍មិនល្អសម្រាប់កម្មករ/ការិនីរបស់យើង។ ប៉ុន្តែ ប្រសិនបើការងារនោះវាខ្លី ហើយ​តម្រូវឲ្យមានចុះកិច្ចសន្យាការងាររយៈពេលវែង វាក៏នឹងបង្កើតជាឧបសគ្គទៅវិញដែរ។ ដូច្នេះភាគី​ទាំង​​សង​ខាង ក៏ត្រូវតែមានការយោគយល់គ្នាទទួលបានទាំងអស់គ្នា។

គ្មានសន្តិភាព គ្មានស្ថេរភាពនយោបាយ គ្មានការអភិវឌ្ឍទេ

ត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ការងារទីមួយនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គ្មានសន្តិភាព គ្មាន​ការអភិវឌ្ឍទេ គ្មានសន្តិភាព គ្មានស្ថេ​រភាពនយោបាយ គឺមិនអាចធានានូវការអភិវឌ្ឍបានទេ។ នេះខ្ញុំមិន​ទាន់​និយាយអំពីស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញ នៃប្រាក់រៀល​របស់​យើង​ជាបន្តទៀត ប្រាក់រៀលចេញច្រើនណាស់ ក៏ប៉ុន្តែ អត្រាប្តូរប្រាក់របស់យើងក៏នៅតែល្អ ក៏ប៉ុន្តែ ខ្ញុំសូម​បញ្ជាក់ កម្ពុជាមិនទាន់ធ្វើដំណើរដល់រៀលបនីយកម្ម ដែលតម្រូវឲ្យថៅកែបើកប្រាក់​បៀវត្សជាប្រាក់រៀល​នោះ​ទេ។ នេះក៏ជាចំណុចល្អ ដែលកម្ពុជាងាយទាក់ទាញវិនិយោគ។ រោងចក្រដែលបើកបៀវត្ស​ជាដុល្លារ​ទាំង​អស់។ ប្រទេសដទៃគឺគេប្រើរូបិយប័ណ្ឌប្រទេសរបស់គេ បើយើងធ្វើជាប្រាក់រៀល បើកជាប្រាក់រៀល តម្រូវ​ឲ្យថៅកែ យកលុយទៅដូរនៅធនាគារ រួចហើយបញ្ចេញប្រាក់រៀលមកបើកឲ្យកម្មករ ប៉ុន្តែប្រទេស​យើង អនុញ្ញាតឲ្យថៅកែបើកប្រាក់បៀវត្សឲ្យកម្មករ/ការិនី ជាប្រាក់ដុល្លារ​ទុកឲ្យទីផ្សារនេះកាត់សេចក្តី​។ ចំ​ណុចនេះ ក៏ចំណុចងាយស្រួលក្នុងការទាក់ទាញហើយគេមកដាក់ ហើយគេមកបណ្តាក់ទុននៅកម្ពុជា ជា​មួយនឹងការដែលមិនតម្រូវឲ្យមានភាគហ៊ុននៅក្នុងស្រុកទេ។ អ្នកវិនិយោគមកកាន់ប្រទេសរបស់យើង គឺ​មាន​សិទ្ធិមកវិនិយោគ ១០០ ភាគរយតែម្តង ដោយមិនចាំបាច់មានភាគហ៊ុននៅក្នុងស្រុក ដូចប្រទេសមួយ​ចំ​នួន​មា​នតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុក។

កិច្ចការទី ២ បង្កើតការងារថ្មី រក្សាការងារចាស់

កិច្ចការទី ២ យើងត្រូវរួមគ្នារក្សាការងារ និងបង្កើតការងារថ្មី។ ការងារដែលមានក្នុងដៃរបស់ក្មួយៗ ប្រាក់ចំ​ណូល​ដែលធ្លាប់បានទទួល និងត្រូវបន្តទទួល ត្រូវរក្សាវាឲ្យបាន។ ហើយត្រូវពង្រីកនូវ​សមត្ថភាព​របស់វា​បន្ថែម​ទៀត ដើម្បីឲ្យយើងទទួលប្រាក់កម្រៃ កាន់តែខ្ពស់ទៅៗ ដោយអ្នកបញ្ជាទិញ គេយកទៅលក់បានថ្លៃ ហើយ​តែកាលណាគេលក់បានថ្លៃ គេហ៊ានបញ្ជាទិញ ដោយតម្លៃខ្ពស់ នៅពេលដែលគេបញ្ជាទិញ​តម្លៃ​ខ្ពស់​នោះហើយ ដែលជាឱកាសឲ្យថៅកែចែករំលែក បង្កើននូវប្រាក់បៀវត្សជាបន្តទៀត។ យើងមានតម្រូវ​ការ​បង្កើតការងារថ្មី ព្រោះយុវជនរបស់យើងទៅដល់ពេញវ័យ ចូលទីផ្សារពលកម្ម ក្នុងរង្វង់ជិត ៣០ ​ម៉ឺន​នាក់ ក្នុងមួយឆ្នាំ ក្មួយៗមានការងារធ្វើហើយ ប៉ុន្តែ នៅខ្វះប្អូន នៅខ្វះសាច់ញាតិ ខ្វះមិត្តភក្តិ ដូច្នេះ​យើង​ត្រូវបង្កើតការងារ មិនត្រឹមតែការងារនៅក្នុងវិស័យវាយនភណ្ឌតាមរោងចក្រទេ ក៏ប៉ុន្តែ យើងក៏ត្រូវធ្វើជាមួយ​នឹង​ការងារទាំងឡាយ វិនិយោគទាំងឡាយ ដូចជាតាមវិស័យសេវា មានសណ្ឋាគារ មានភោជនីយដ្ឋាន មាន​ស្អីៗជាដើម។ យើងត្រូវការទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យដាក់ទុនបន្ថែម​ដើម្បី​បង្កើតការងារថ្មី យើងត្រូវការពង្រីកទីផ្សារនៅក្រៅប្រទេស ដើម្បីនាំផលិតផលរបស់កម្ពុជាចេញទៅ បរទេស​។ មកដល់ពេលនេះ អង្កររបស់កម្ពុជាបានទៅកាន់ទីផ្សាររហូតទៅដល់ ៦០ ប្រទេស រួច​ស្រេចទៅហើយ។  យើងត្រូវការនាំទំនិញ មិនមែនគ្រាន់តែសំលៀកបំពាក់ទេ ត្រូវការនាំទំនិញផ្សេងៗ​ដែល​ផលិតនៅកម្ពុជា ដូច្នេះរដ្ឋត្រូវទាក់ទាញការវិនិយោគ ទាក់ទាញ និងខិតខំពង្រីកទីផ្សារនៅខាងក្រៅ។ ដើម្បី​ទាក់​ទាញការវិនិយោគបាន យើងត្រូវធ្វើផ្លូវថ្នល់ឲ្យកាន់តែល្អ យើងត្រូវធ្វើស្ពានឲ្យកាន់តែល្អ ត្រូវធ្វើកំពង់ផែ ព្រ​លានយន្តហោះ ឲ្យកាន់តែល្អ ត្រូវធ្វើឲ្យអគ្គិសនីផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់ និងមានតម្លៃថោក ដើម្បីជា​ការ​ប្រ​កួត​ប្រជែងនៅក្នុងការទាក់ទាញវិនិយោគ។

កិច្ចការទី ៣ រួមគ្នាបង្កើននូវប្រាក់ចំណូល និងបង្កើននូវការចេះដឹង 

ឯផែនការទី ៣ យើងត្រូវរួមគ្នាបង្កើននូវប្រាក់ចំណូល និងបង្កើននូវការចេះដឹង។  ប្រាក់ចំណូលពី​មួយឆ្នាំ​ទៅ​មួយឆ្នាំរបស់ក្មួយៗកើនឡើង តាមរយៈការកើនឡើង មិនមែនត្រឹមតែឆ្នាំ ២០១៨ ឡើង ១៧០(ដុល្លារ) ទេ។ ២០១៩ ឡើងទៀត ២០២០ ឡើងទៀត ឡើងរហូត។ ប៉ុន្តែឡើងប៉ុន្មានអីប៉ុន្មាន វាតម្រូវការនូវការ​ពិភាក្សា​ដែលនឹងត្រូវធ្វើដោយយន្តការត្រីភាគី។ យើងមានរួចមកហើយ។ ដូច្នេះមិនមានតម្រូវការ​កសាង​​ច្បាប់ទាក់ទិនជាមួយនឹងតុលាការ អំពីបញ្ហាវិវាទដោះស្រាយតាមផ្លូវតុលាការ ​យើងដោះស្រាយតាមរយៈ​នៃ​ការ​ស្រុះស្រួល នៃការរកដំណោះស្រាយដោយយន្តការត្រីភាគី រាប់ទាំងការចរ​ចាអំពីថ្លៃឈ្នួលអប្បបរមា​ផង​ដែរ។

កសាងច្បាប់ស្តីពីការប្រើប្រាស់ដីកសិកម្ម ដូចជាមិនចាំបាច់

ព្រឹកមិញ ខ្ញុំបានឃើញកាសែតចុះផ្សាយអំពីការទាមទាររបស់កសិករទៅលើពង្រៀងការកសាងច្បាប់ស្តី​អំពី​ការ​ប្រើប្រាស់ដីរបស់ក្រសួងកសិកម្ម។ អញ្ចឹងបានសេចក្តីថាបង្ខំឲ្យដីហ្នឹងដាំកៅស៊ូជាប់គុកអញ្ចឹង? ខ្ញុំ​ចង់​សួរដូចឆ្ងល់បន្តិចអញ្ចេះ? ច្បាប់ពីការប្រើប្រាស់ដីកសិកម្ម អញ្ចឹងមិនមែនកំណត់ថាតំបន់ដាំដុះទេ? ចាំ​មើល​អោយមែនទែន។ បើវាមិនចាំបាច់កុំធ្វើ។ មានការទាមទារឯណា? ឥឡូវបញ្ហាធំជាងគេរបស់យើង គឺ​បញ្ហាបែងចែកតំបន់ដាំដុះ ដើម្បីឲ្យវាស្របចលនាប្រជាជនធ្វើ។ ពីដើមធ្លាប់តែដាំស្រូវពិបាកអត់ទឹក អញ្ចឹង​បង្វែ​វាទៅដាំអំពៅវិញទៅ ដាំពោតវិញទៅ។ អាហ្នឹងទើបវាចាំបាច់។ រឿងណាដែលវាមិនចាំបាច់កុំ … ឮថា​ម្សិល​មិញមានកសិករមកធ្វើការតវ៉ា។ កសិករពិតប្រាកដគាត់មិនមកទេ។ ពួកអង្គការខ្លះហ្នឹង ស៊ីលុយបរ​ទេស​ហ្នឹង និយាយឲ្យវាត្រង់ៗទៅ។ សួរមើល។ … ហៅសួរពិតប្រាកដ ខ្សិបសួរមើល បើគេឲ្យមក មក​ហើយ គេចេញលុយឲ្យ​ហើយ។ ប៉ុន្តែ យើងក៏ត្រូវស្តាប់ហេតុផលដែរ បើវាមិនជាតម្រូវការទេ គ្មានការចាំ​បាច់​ដើម្បីធ្វើនាំខាតពេល។ … មើលមួយភ្លែត ហើយអត់ដាក់កាសែតតាមឡានមក ឃើញអាហ្នឹង​ដូចជា​ឆ្ងល់​ដែរ។ ខ្ញុំទូរស័ព្ទទៅលោករដ្ឋមន្រ្តីបន្តិច បើថារដ្ឋមន្រ្តីគាត់រពិស អាហ្នឹងប្រាប់ថាប៉ុណ្ណឹងបានហើយ ចាំ​ឆ្នាំ ២០៥០ ព្រោះវាមានដាច់ពោះងាប់ឯណា។ … ផ្តាំទៅរដ្ឋមន្រ្តីកសិកម្ម ហើយរាយការណ៍​ឲ្យល្បឿន​លឿន​បន្តិច បើវាមិនជាការចាំបាច់ទេ ទៅធ្វើអាចាំបាច់មុនទៅ។ និយាយឲ្យត្រង់ៗតែម្តង ដល់និយាយ​អញ្ចឹង​ប្រហែលជាថា ថ្ងៃហ្នឹងដូចអត់ស្ងប់ស្ងៀម។ ជាមួយខ្ញុំមិនថា អ្នកណាជាអ្នកណាទេ​សូម្បីតែ​រដ្ឋ​មន្រ្តី​ធ្វើ​ខុស … គ្មានបណ្តាក់មាត់ទេ។ បើថា រឿងដីកសិកម្ម ច្បាប់នឹងធ្វើមកគោល​ដៅអី? បើកសិករគាត់នៅ​តែដាំ​ដុះដដែល។ គ្រាន់តែគាត់ធ្វើដំឡូងមិន​កើត គាត់ធ្វើពោត គាត់ធ្វើពោតមិន​កើតគាត់ដាំនេះដាំនោះ។ អាហ្នឹងរឿងទីផ្សារកាត់សេចក្តីតើ … ជួនកាល​ចេះតែនាំគ្នាគិត រួចជួនកាលបរទេស​មកចលនា​នាំឲ្យ​ធ្វើ​ទៀត ដើម្បីមាន​ឱកាសមកជួយធ្វើ​សេចក្តីព្រៀង​ច្បាប់ ហើយគេមកចាយលុយ​ដែលផ្តល់ជំនួយ​ឲ្យ​យើង​។ ខ្ញុំចេះណាស់អាហ្នឹង ខ្ញុំមានពិសោធន៍ច្រើន​ហើយ។ មកបង្រៀនយើងអោយធ្វើច្បាប់ហ្នឹង រួចហើយ​បញ្ជូន​អ្នក​ច្បាប់មកជួយព្រៀង រួចយកត្រឡប់ទៅវិញតាមរយៈជំនាញការគេហៅ Technical Assistance  …។

បៀវត្ស ១ លាន ២ សែន ឡើងទៅទើបជាប់ពន្ធ

ហើយ​កិច្ចការមួយទៀត ដែលជាកិច្ចការដែលខ្ញុំគិតថាវាសំខាន់សម្រាប់​ក្មួយៗនោះ ​គឺប្រាក់​បៀ​វត្សដែល​ត្រូវ​ជាប់​ពន្ធ។ គណៈរដ្ឋមន្ត្រីបានឆ្លងរួចហើយកាលពីថ្ងៃទី ២៧ កន្លងទៅ ក្នុងកម្រិត ១ លាន ២ សែនរៀល ស្មើ ៣០០ ដុល្លារអាមេរិក មិនត្រូវបានជាប់ពន្ធទេ នេះក៏ដើម្បីសម្រួលទៅដល់កម្មករ/ការិនី កង​កម្លាំង​ប្រដាប់អាវុធ និងមន្ត្រីរាជការដែលមានប្រាក់ខែទាបបំផុតមួយលានរៀលនៅពេលខាងមុខ មិនត្រូវបាន​ជាប់​ពន្ធទេ ដោយយើងឥឡូវកំពុងអនុវត្តប្រាក់ ១ លានរៀលជាប់ពន្ធ។ ប៉ុន្តែនៅពេលខាងមុខ នៅពេល​ដែល​សភា​ឆ្លងច្បាប់ថវិកា ១ លាន ២ សែនរៀល មិនត្រូវបានជាប់ពន្ធទេ។ ហើយថ្លៃទឹក ថ្លៃភ្លើងក៏ត្រូវ​បានសម្រួលរួចហើយ ដែលក្មួយៗបានដឹងហើយថាមុននេះត្រូវបង់ ១.២០០ រៀល ក្នុងមួយម៉ែត្រ​គូបមក​បង់ត្រឹមតែ ៨០០ រៀល​ មួយម៉ែត្រគូប តែប៉ុណ្ណោះ ដែលជាការកាត់បន្ថយការចំណាយ​របស់​ក្មួយៗ។ ហើយ​​ដើម្បីឲ្យប្រាក់​របស់យើងកាន់តែកើន ក្មួយៗត្រូវបង្កើនចំណេះដឹង ចំណេះធ្វើរបស់ខ្លួន នេះជាផល​ប្រយោជន៍យូរអង្វែងរបស់​ក្មួយៗ។

កិច្ចការទី ៤ យកចិត្តទុកដាក់លើកិច្ចការគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ

សម្រាប់ការងារបន្ដគឺកិច្ចគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ ដែលជាចំណុចគប្បី​យក​ចិត្ត​ទុកដាក់។ ធ្វើការងារនេះអោយស្រុះគ្នា ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្នែក​និយោជក ម្ចាស់រោងចក្រ ក៏ដូចជាការរួមចំណែករបស់កម្មករ/ការិនីរបស់យើង។ ដំបូង ខ្ញុំសូម​បញ្ជាក់​សា​ជា​ថ្មី។ ពិតមែនតែបញ្ជាក់(ច្រើនដងហើយ) ព្រោះមុខសញ្ញាដដែល ត្រូវនិយាយរឿងដដៃល មិន​អាច​ថា​ខ្ញុំ​និយាយច្រំដែលបាន​ទេ។ ប្រាក់សន្តិសុខសង្គមផ្នែកថែទាំសុខភាព កន្លងទៅក្មួយៗ កម្មករ/ការិនី​ចេញ ៥០% ឯនិយោជកចេញ ៥០% ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ តទៅ ក្មួយៗមិនត្រូវបង់ទៀតទេ និយោជក​ជាអ្នក​បង់​ជំនួសតែម្ដង។ ត្រង់អស់នេះហើយបានរាជរដ្ឋាភិបាលសុខចិត្តបង់ខាតជាង ៤០ លានដុល្លារ ព្រោះកុំ​អោយ​ទម្ងន់នេះធ្លាក់ទៅលើម្ចាស់រោងច​ក្រធំពេក។ ត្រូវតំឡើងបៀវត្សផង ត្រូវបង់ ៥០% ជំនួស​កម្ម​ករ ហើយ​បើសិនជាទម្ងន់នេះធ្លាក់ទៅលើនិយោជក​ច្រើនជ្រុល វានឹងបង្កើតហានិភ័យពីការដក​រោងចក្រ​ពី​ប្រទេសកម្ពុជាទៅកាន់ប្រទេសផ្សេង។

ការព្យាបាលនៅពេទ្យរដ្ឋ/ជិះឡានក្រុងឥតបង់ថ្លៃ/ទទួលសាច់ប្រាក់ពេលឆ្លងទន្លេ

ខ្ញុំក៏សូមបញ្ជាក់ចាប់ពីខែមករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅ​ប្រ​ព័ន្ធត្រូវបានទទួលការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃនៅតាមមន្ទីពេទ្យរដ្ឋទាំងអស់។ រដ្ឋជាអ្នក​បង់​ថ្លៃ​ជំនួសក្រោមមូលនិធិសមធម៌។ យើងនឹងដាក់បញ្ចូលទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ប្រមាណជា ៣ លាន​នាក់បន្ថែមទៀត។ អញ្ចឹង ក៏សូមអំពាវនាវអោយអ្នកដែលប្រើប្រាស់កម្មករ សូម្បីនៅតាមភោជនីយ​ដ្ឋាន ក៏សូម​មកចុះបញ្ជី បើមិនដូច្នេះទេកម្មករ/ការិនីនៅតាមភោជនីយដ្ឋាននានា នឹងបាត់បង់អត្ថ​ប្រយោ​ជន៍​​ហើយ។ ក្នុងហ្នឹង អត្ថប្រយោជន៍តាំងពីជិះឡានក្រុងដោយឥតបង់លុយ តាំងពីសម្រាលកូន​ដោយ​ទទួល​បាន​ប្រាក់ពីរាជរដ្ឋាភិបាល ៤០ ម៉ឺនរៀល ក្នុងមួយនាក់ដែរ។ អញ្ចឹងទេ អ្នកដែលប្រើប្រាស់កម្មករ ក្រ​សួងការងារដូច​ដាក់ចាប់ពីម្នាក់ឡើងទៅ សិប្បកម្មតូចតាចក៏ត្រូវមកចុះបញ្ជី ដើម្បីអោយកម្មករ/ការិនី​របស់​យើងទទួលបាន​អត្ថប្រយោជន៍(ដូចជា)ជិះឡានក្រុងមិនយកលុយ ទៅមន្ទីរពេទ្យមិនយកលុយ ពេល​ឆ្លង​ទន្លេ​បានទទួលរបប​ឧបត្ថម្ភពីរាជរដ្ឋាភិបាលស្មើនឹង ១០០ ដុល្លារ ដែរ។ អញ្ចឹងទេ ត្រូវមកចុះ​បញ្ជី​អោយ​បានឆាប់។

កម្មការិនីឆ្លងទន្លេ ឈប់សំរាក ៣ ខែ បៀវត្ស ១២០% និងទទួលបានសាច់ប្រាក់ ៤០ ម៉ឺនរៀល/កូនម្នាក់

សម្រាប់​កម្មការិនីក្នុងប្រព័ន្ធដែលកំពុងអនុវត្ដ​នេះ ពេលដែលក្មួយៗឆ្លងទន្លេ​នឹង​ទទួល​បានការឈប់​សំរាក​រយៈ​ពេល​ ៣ ខែ ដោយមានប្រាក់បៀវត្ស ​១២០% តែម្ដង អញ្ចឹងទេថៅកែត្រូវចេញ ៥០% បេឡា​ជាតិ​សន្តិសុខ​សង្គមត្រូវចេញ ៧០%។ ក្មួយៗសម្រាកបាន ៣ ខែ។ ជាមួយនោះចាប់តាំងពីម៉ោងសូន្យ ថ្ងៃទី ១ មករា ឆ្នាំ ២០១៨ ទៅ កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឆ្លងទន្លេបានកូនមួយទទួលបាន ៤០ ម៉ឺន​រៀល ស្មើ ១០០ ដុល្លារ បានកូនពីរ ៨០ ម៉ឺនរៀល និងបានកូនបី ១២០ ម៉ឺនរៀល។ ហើយកូន ៣ នឹង​ក្លាយ​ជាក្រុមគ្រួសាររបស់ខ្ញុំតែម្ដងឥឡូវមានជាង ៣២០ គ្រួសារ ចៅៗជាប់ ១ ពាន់នាក់ កំពុងរក​ពិធី​ជួប​ជុំ​គ្នា​ម្ដង​ចៅ។ (ឥឡូវ ភ្លោះ ៣ ក៏សំបូរ គិតៗទៅជឿលើជំនឿដែរ ជួនកាលអាពតសម្លាប់ទៅជាមួយគ្នា ហើយ​មិន​ដឹង​ទៅណាចាប់ជាតិមក ៣ មិនចេះតិច ប៉ុន្តែនៅរស់ភាគច្រើន)។

កីឡាករ/ការិនី មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក៏ទទួលបានអត្ថប្រយោជន៍ទាំងនេះដែរ

សូមអំពាវនាវនៅទីនេះសុំអោយម្ចាស់រោងចក្រសហគ្រាស សិប្បកម្ម និងផ្នែកសេវាទាំងអស់ មក​ចុះ​បញ្ជី​អោយបានឆាប់ ប្រយ័ត្នបាត់បង់នូវផលប្រយោជន៍របស់កម្មករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ​ទទួល​បាន​ដូច​គ្នា។ ហើយកីឡាករ/ការិនីក៏ទទួលបានដូចកម្មករ/ការិនីដែរ ទាំងការពិនិត្យព្យាបាល​ដោយ​ឥតគិតថ្លៃ ទាំង​ការសម្រាលកូនទទួលបានប្រាក់ សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជានារីក៏​បាន​ទទួល​នូវការ​ឧបត្ថម្ភ ដែលមុននេះទទួលបានតែ ៦០ ម៉ឺនរៀលទេ ឥឡូវបាន ៨០ ម៉ឺនរៀល សម្រាប់កូនម្នាក់។

អំពាវនាវឲ្យពង្រីកគិលានដ្ឋាន កន្លែងហូបបាយ បំបៅកូន និងទារកដ្ឋាន

​គ្រប់ទីកន្លែងអំពាវនាវឲ្យមានការខិតខំដើម្បីឲ្យមានគិលានដ្ឋាន ដែលមកដល់ពេលនេះ ៨៨% ហើយ​ដែល​​មានកន្លែងហូបបាន ៣៣% កន្លែងបំបៅកូន ២១% ទារកដ្ឋានមាន ២៨% ត្រូវបន្តពង្រីកតទៅទៀត ដើម្បី​ឲ្យកម្មកររបស់យើងកាន់តែមានសុវត្ថិភាព កាន់តែមានកន្លែងសមរម្យសម្រាប់ទទួលទានអាហារ និង​ការ​សំរាកនៅពេលដែលសំរាកទទួលទាន ហើយក៏សម្រាប់ការពិនិត្យបឋមសម្រាប់ផ្តល់ថ្នាំពេទ្យសម្រាប់​កម្មករ​/ការិនីរបស់យើង។

អ្នកបម្រើការនៅវិស័យឯកជននឹងទទួលបានប្រាក់សោធននិវត្ដន៍គិតពីឆ្នាំ ២០១៩

ចាប់ពីឆ្នាំ ២០១៩ តទៅ រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្ដនូវរបបសោធននិវត្ដន៍​ ដែល​​ពេលនោះ​មន្ត្រី​រាជការ កម្មករ និយោជិត ផ្នែកឯកជន នឹងមានរបបសន្ដិសុខសង្គមប្រាក់សោធននិវត្តន៍ ដែល​យើង​និយម​ហៅ​ថាប្រាក់រ៉ឺត្រែត។ អញ្ចឹងទេ ពេលនោះកម្មករ/ការិនីក្នុងវិស័យឯកជន មិនមានអ្វី​ខុស​​ជាមួយ​នឹង​មន្ត្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធទេ។ ប៉ុន្តែក្មួយៗត្រូវចងចាំ ដើម្បីបំពេញលក្ខខណ្ឌ​ដើម្បីទទួលបាន​នូវប្រាក់​ចូល​និវត្តន៍ ក្មួយៗត្រូវប្រឹងធ្វើការពីឥឡូវ ដើម្បីអោយប្រាក់ខែរបស់យើងកើនខ្ពស់​ និងគ្រប់លក្ខ​ខណ្ឌ​សម្រាប់​ការទទួលបាននូវប្រាក់ចូលនិវត្តន៍។ ដូចជាពេលដែលក្មួយៗចាប់ផ្ដើមឆ្នាំក្រោយ ប៉ុន្តែឆ្នាំ​ក្រោយៗ​ក្មួយៗមិនទាំងដល់អាយុចូលនិវត្ដន៍ទេ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រាក់ចូលនិវត្ដន៍មាន​វាលុះត្រា​តែ​យើងធ្វើបានតាមក្របខណ្ឌច្បាប់ ពាក្យខ្មែរថា« ចង់ឆ្ងាញ់អោយរកអន្លក់ ចង់ស្រណុកអោយ​នឿយ​ពី​​ក្មេង‍‍»។

អញ្ចឹងនៅពេលដែលក្មួយមានប្រាក់បៀវត្ស ១៧០ ពេលចូលនិវត្ដន៍គេកាត់ចេញ ២០% ទុកបៀវត្ស ៨០% ហោចណាស់ក្មួយៗមានប្រាក់ចិញ្ចឹមខ្លួន ១៤០ ដុល្លារ ក្មួយៗមានប្រាក់បៀវត្ស​កាន់តែច្រើនពេលចូល​និវត្តន៍នៅ​សល់ប្រាក់បៀវត្សកាន់តែច្រើន ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌ ហើយរឿងនេះក្រសួងការងារ​ត្រូវធ្វើការ​ងារអោយ​ដិតដល់ ព្រោះអញ្ចេះ ត្រូវមានសៀវភៅការងារអោយបានច្បាស់។ ថ្ងៃនេះ ក្មួយៗធ្វើការអោយ​រោង​ចក្រនេះបាន ៥ ឆ្នាំ មានសៀវភៅការងារ ស្រាប់តែរោងចក្រនេះត្រូវបិទ បន្ទាប់ទៅផ្ទេរទៅកាន់រោង​ចក្រ​មួយទៀត។ បន្ទាប់ទៅគេត្រូវ​បន្ដបន្ថែមលើអាប្រាំឆ្នាំ គ្នាធ្វើបាន ៥ ឆ្នាំទៀត (ស្មើ)១០ ឆ្នាំ។ រោងចក្រនោះ​ត្រូវ​បិទ​ទៀត ទៅកន្លែងមួយទៀត ត្រូវកត់​ត្រាចាប់ពី ១០ ឆ្នាំ ឡើងទៅ។ សៀវភៅការ​ងារ(របស់)ក្មួយៗ​ជាអា​យុ​ជីវិត ហើយជាឧបករណ៍ទទួលបានប្រាក់​បៀវត្សពេលក្មួយៗចូលនិវត្ដន៍។ នេះជាផ្នែកដែលមនុស្ស​គ្រប់រូប​គិត​​ថា​ក្រោយពីអញឈប់ពីការងារទៅ តើមានអ្វីជា​សំអាង មានអ្វីចិញ្ចឹមខ្លួន? អញ្ចឹងក្មួយធ្វើការ​មាន​សៀវ​ភៅ​ការងារ។

ក្រសួងការងារត្រូវរៀបចំពីឥឡូវ រៀបចំ​អោយ​ច្បាស់ដើម្បីជាលក្ខខណ្ឌសម្រាប់ឲ្យតម្រូវកត់ត្រាបន្ដ ហើយកំ​ណត់នូវការទទួលបានសោធននិវត្តន៍។ ព្រោះរោងចក្រខ្លះបើកបានត្រឹម ៥ ឆ្នាំ រោចចក្រត្រូវបិទ ខ្លួនទៅ​ធ្វើ​ការ​ងារមួយទៀត គឺត្រូវបន្ត។ មិនអាចកត់ពី ១ ឆ្នាំ ថ្ងៃទី ១ មកវិញទេ កត់ពី ៥ ឆ្នាំ។ ៥ ឆ្នាំ ទៅ​រោង​ចក្រ​ត្រូវ​បិទ បន្ដទៅរោងចក្រមួយទៀតត្រូវកត់ពី ១០ ឆ្នាំទៅ​ មិនមែនកត់ពីអាមួយមកទេ។ ត្រូវធ្វើ​ការ​ងារ​នេះអោយ​បាន​ច្បាស់កុំថាឡើយត្រឹមក្មួយៗ ក៏ពូនេះកំពុង​តែគិត អញ្ចឹងឥឡូវតាំងពីពូនិយាយថា តើពេលចាស់ទៅ នឹង​បានកូនណា ចៅណា មកយកចិត្តទុកដាក់ជាមួយខ្លួន? បញ្ហាចិញ្ចឹមវាអត់ចោទទេ។ ឥឡូវនេះ គឺ​ឃើញ​កូនដូចជាផ្លាស់គ្នា ជួនកាលគេចែកគ្នា ព្រោះគេរវល់ដែរ។ ព្រោះនៅពេលដែលយើងចាស់ ស្រាប់តែ​គេ​ទុកយើងឲ្យ​នៅមួយកន្លែង គឺលំបាកណាស់។ អញ្ចឹងទេ ដើម្បីបានការងារធ្វើ ដើម្បីបានប្រាក់ចូលនិវត្តន៍ ក្មួយៗចាំបាច់ត្រូវខិតខំធ្វើការងារពីឥឡូវ ដើម្បីពេលនោះ ក្មួយមិនចាំបាច់ពឹងពាក់លើកូន ប៉ុន្តែ ផ្ទុយទៅ​វិញ ក្មួយអាចមានលទ្ធភាពដើម្បីផ្តល់ឲ្យកូនបន្តការសិក្សាតាមរយៈប្រាក់ចូលនិវត្តន៍នេះ។

បន្តយកចិត្តទុកដាក់ពលករខ្មែរនៅក្រៅប្រទេស

ឯកិច្ចការចុងក្រោយ ខ្ញុំក៏នៅតែបន្ត​អំពាវនាវឲ្យបន្តការយកចិត្តទុកដាក់ការដោះស្រាយការងារធ្វើ សម្រាប់​ពល​ករ​យើងនៅក្រៅប្រទេស។ កន្លងទៅ លោកជំទាវ ម៉ែន សំអន ឯកឧត្តម អ៊ិត សំហេង ក៏ដូចជា​ថ្នាក់​ដឹក​នាំដទៃទៀត តែងបានទៅសួរសុខទុក្ខកម្មករ/ការិនីធ្វើការនៅប្រទេសថៃ ដែលធ្វើការនៅកូរ៉េ យើងបន្ត​ការ​យកចិត្តទុកដាក់។ ទីផ្សារការងារក្រៅប្រទេស​ ក៏ជាផ្នែកមួយនៃទីផ្សារដែរ។ មិនមែនមានតែ​កម្ពុជា​ដែល​នាំ​ពលករចេញទេ ប្រទេសកម្ពុជាមានពលករចេញទៅក្រៅប្រទេស ប្រទេសដទៃក៏មានដូចយើងដែរ​។ ជាង​នេះទៅទៀត ហ្វីលីពីនមានពលករចេញទៅក្រៅប្រទេសប្រមាណជាង ១២ លាននាក់។ ក្នុងហ្នឹង​កម្ពុជា​មានប្រមាណជា ១ ម៉ឺននាក់ ដែលមានទាំងពលករហ្វីលីពីនធ្វើការនៅកម្ពុជា(ផងដែរ)។ ប្រទេស​ថៃពិតមែនតែយកកម្មករពីកម្ពុជា ពីឡាវ ពីភូមា ប៉ុន្តែ ប្រទេសថៃក៏មានបញ្ជូនកម្មករទៅ​ប្រទេសក្រៅដែល​មាន​ប្រាក់ខែខ្ពស់ជាង។ យើងនៅតែបន្តការយកចិត្តទុកដាក់ទាំងអស់គ្នា ហើយការទៅធ្វើការនៅក្រៅប្រ​ទេស​ក៏បានជាជំនាញត្រឡប់មកវិញ សម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសរបស់ខ្លួន។ អ្នកដែលបានបញ្ជូន​ទៅ​ជប៉ុន ទៅកូរ៉េខាងត្បូង ត្រឡប់មកវិញ គេអាចធ្វើការនៅតាមរោងចក្រជប៉ុន ឬកូរ៉េខាងត្បូងវិនិយោគនៅ​កម្ពុជា​ផងដែរ …។

… ពូនឹងដើរទៅបន្ត បើទោះបីជាមានការលើកលែងទៅក្រៅប្រទេស។ ឯនៅក្នុងប្រទេស គឺឆ្លៀត។ ថ្ងៃនេះ គឺថាអត់បានទៅតាមរោងចក្រទេ យើងនឹងមានឱកាសនឹងបានជួបគ្នានៅតាមរោងចក្រដោយឡែក។​ ប៉ុន្តែ ជំនួបបែបនេះ នឹងធ្វើបន្ត។ យើងយកថ្ងៃអាទិត្យ និងថ្ងៃពុធ ហើយទៅតាមរោងចក្រ ថ្ងៃអង្គារ៍ និងថ្ងៃសុក្រ។ ឥឡូវនេះ នៅសល់ថ្ងៃ ២៩ វិច្ឆិកា សុំដាក់បញ្ចូល ចំថ្ងៃពុធ ដោយសារពេលមុនថាចេញទៅក្រៅ​ប្រទេស​ទៀត។ … ទំនេរថ្ងៃពុធ ដាក់កន្លែងណាមួយទៀតទៅ … ថ្ងៃនេះ បាននាំមកមិនច្រើនទេ ក្មួយអើយ! នេះជា​ការ​ជួបជុំដើម្បីសំណេះសំណាលក្មួយៗ ត្រឹមតែជូនក្មួយៗកំដរដៃម្នាក់ ២​ ម៉ឺនរៀលប៉ុណ្ណោះ។ ក្រុមតន្រ្តី​សម័យ ២ លានរៀល ថ្ងៃហ្នឹងលេងតែភ្លេងការបានហើយ ព្រោះឲ្យអ្នកដែលការមុននេះ ក៏នឹកឃើញភ្លេង​ការ ហើយប្តីក៏កុំបែកចិត្តពេលយើងឆ្លងទន្លេ។ ចាប់ឲ្យជាប់។ សម្រាប់ក្មួយៗឆ្លងទន្លេ ពូក៏មាន​សំ​បុត្រ​មួយ​… បើសិនជាពន្យារដល់ឆ្លងនៅថ្ងៃទី ១ មករា ប្រហែលជាភាគច្រើនដល់ថ្ងៃទី ១ ហើយ ពេលនោះ ក្មួយៗ​នឹង​ទទួលបាននូវប្រាក់ឧបត្ថម្ភដំបូង ៤០ ម៉ឺនរៀល។ ប៉ុន្តែ នៅពេលដែលពូដើរទៅ ក្មួយៗណា​ដែល​មាន​កូន​ភ្លោះ សូមប្រាប់ពូថាមានកូនភ្លោះ ព្រោះបើមានកូនភ្លោះត្រូវបាន ២ ស្រោមសំបុត្រ។ ហើយក្នុង​មួយ​ស្រោម មានប៉ុន្មាន ពូមិនប្រាប់ទេ ចាំមើលខ្លួនឯង។

បន្តដំណើរជាមួយគ្នាទៅមុខទៀត/មិនឲ្យជនអគតិណាមកបំផ្លាញសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ

… សប្បាយណាស់ដែលយើងបានជួបជុំគ្នា ក្នុងទឹកចិត្តការរាប់អាន មិនមែនគ្រាន់តែជាមេដឹកនាំ ជាមួយ​នឹងប្រជាពលរដ្ឋ ដែលជាកម្មករទេ ប៉ុន្តែ នេះក៏បានបង្ហាញពីទឹកចិត្តនៃការស្រឡាញ់រាប់អាន ក្នុងឋានៈពូ​ជា​អ្នក​រួម​ដំណើរជាមួយឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗ។ ពូពិតជាមានមោទនភាពជាមួយនឹងអ្វី​ដែល​បាន​កើតនៅលើទឹកដីរបស់កម្ពុជាយើង ហើយសង្ឃឹមថា ក្មួយ​ៗ ជីដូនជីតា និងឪពុកម្តាយក្មួយៗ ដែល​ពួក​គាត់នៅរស់ នឹងបន្តរួមដំណើរជាមួយពូ បោះឆ្នោតគាំទ្រគណបក្សប្រជាជនជាបន្តទៀត ដើម្បីឲ្យពូ​មាន​​លទ្ធ​​ភាពរួមដំណើរជាមួយគ្នា។ យើងមិនចុះចាញ់ជាមួយនឹងទង្វើអគតិណា ការបំផ្លិចបំផ្លាញណា ទោះបី​អសិរ​ពិសប៉ុណ្ណាក៏ដោយ យើងមិនអនុញ្ញាតឲ្យគេបំផ្លាញនូវសេចក្តីសុខ សន្តិភាព ស្ថេរភាព និងកិច្ចការ​ដែល​យើងកំពុងអភិវឌ្ឍនោះទេ។

យើងមិនផ្តល់ឱកាសទេ។ បើទោះបីដោយតម្លៃណាក៏ដោយ។ យើងបានផ្ញើសារ​អម្បាញ់មិញថា សុំកុំបំ​ផ្លាញ​យើង សុំកុំសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ដែលនឹងត្រូវធ្វើការបោះឆ្នោតនៅថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសសមាជិកសភា ដោយគណបក្សជាច្រើនចូលរួម។ សុំ​កុំ​បំ​ផ្លាញយើង។ សម្លាប់យើង តាមរយៈនៃការបោះឆ្នោតអសកលជ្រើសរើសព្រឹទ្ធសភា តាមរយៈ​អង្គ​បោះ​ឆ្នោត ដែលមានក្រុមប្រឹក្សាឃុំ/សង្កាត់ ជាមួយនឹងគណបក្សនយោបាយមួយចំនួនចូលរួមនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខ។ សុំកុំបំផ្លាញសន្តិភាព និងប្រជាធិបតេយ្យនៅប្រទេសរបស់យើង។ សុំកុំ​ប្រតិ​កម្មដោយខ្វះពិចារណាអំពីអង្គហេតុ និងអង្គច្បាប់នៅក្នុងប្រទេសរបស់យើង។ យើងសូមស្វាគមន៍ជា​មួយ​អ្នកដែលចង់មករួមរស់ជាមួយគណបក្សប្រជាជន មុនពេលដែលគណបក្សមួយត្រូវបានរំលាយចោល ហើយអ្នកនយោបាយមួយចំនួនត្រូវបានកាត់សិទ្ធិនយោ​បាយរយៈពេល ៥ ឆ្នាំ។ យើងស្វាគមន៍ជាមួយ​នឹង​ការខិតខំទាំងអស់ ដើម្បីធានានូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។

ចុងក្រោយ ខ្ញុំសូមជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗ​កម្មករ/​ការិនី ក្នុងនោះ ក្មួយៗដែលមានផ្ទៃពោះ សូមឆ្លងទន្លេដោយសេចក្តីសុខ ទទួលបានកូនគួរឲ្យស្រឡាញ់ ជូនពរឲ្យ​ទាំងអស់គ្នាទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ​កុំបី​ឃ្លៀង​ឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។